Friday, July 28, 2023

ចំណីខួរក្បាល

វិលទៅរបបផ្តាច់ការវិញ កម្ពុជាជាប្រទេសមួយក្នុងចំណោមអតីតប្រទេសកុម្មុយនីស្តជាច្រើននៅក្នុងពិភពលោក ដែលបានតស៊ូប្រឹងប្រែអនុវត្តិបែបផែនគ្រុបគ្រងប្រទេសតាមលទ្ធិប្រជាធិបតេយ្យ ។ ក៏ប៉ុន្តែ អ្វីដែលគួរឲ្យសង្វេគនោះ គឺការប្រឹងប្រែងនេះមិនបានទទួលផលជាដុំកំភួនអ្វីឡើយ ។ មុននឹងយើងវាយតម្លៃថា ការអនុវត្តិលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ ទទួលបានជោគជ័យឬបរាជ័យ យើងគួរឆ្លើយនូវសំណួរមួយ ថាតើសិទ្ធិសេរីភាពរបស់យើងនៅគ្រានេះ វាគាប់ប្រសើរជាងសិទ្ធិសេរីភាពរបស់យើងកាលពី ៣០ឆ្នាំមុនដែរឬទេ? ចម្លើយរបស់ខ្ញុំគឺ វាមិនបានគាប់ប្រសើរជាងកាលពី ៣០ឆ្នាំមុននោះទេ ។ ការវិលត្រឡប់ចេញអំពីលទ្ធិប្រជាធិបតេយ្យទៅកាន់របបផ្តាច់ការ មិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាមួយទេ ។ អតីតប្រទេសកុម្មុយនីស្តជាច្រើនផ្សេងទៀតក៏ទទួលរងកម្មដូចគ្នាដែរ ។ អព្ភូតហេតុនេះ អ្នកវិភាគនយោបាយជាច្រើនបានដាក់បន្ទុកបន្ទោស ទៅលើការយល់ដឹងមិនពេញលេញអំពីលទ្ធិប្រជាធិបតេយ្យរបស់ពលរដ្ឋសាមញ្ញ ។ សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញផ្សេង ។ ការវិលត្រឡប់ពីលទ្ធិប្រជាធិបតេយ្យទៅកាន់របបផ្តាច់ការ មិនមែនដោយសារពលរដ្ឋខ្វះចំណេះដឹងទេ ។ គឺដោយសារតែអ្នកនយោបាយក្បាលខូចលួចមាន់ បំផ្លិចបំផ្លាញ ។ អតីតសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយខ្មែរមួយរូបគឺលោកបណ្ឌិត ហ្គាហ្វារ ពាងម៉េត ដែលទើបនឹងទទួលអនិច្ចកម្មជិតមួយឆ្នាំកន្លងទៅនេះ បានប្រៀបធៀបការវិលត្រឡប់ពីលទ្ធិប្រជាធិបតេយ្យទៅកាន់របបផ្តាច់ការ ទៅនឹងវិធីបោចរោមមាន់ទាំងរស់ ។ វាជាវិធីតែមួយគត់ និងមានប្រសិទ្ធភាពបំផុត ដែលជនផ្តាច់ការអាចបង្វិលរដ្ឋាភិបាលប្រជាធិបតេយ្យ ឲ្យក្លាយទៅជារដ្ឋាភិបាលផ្តាច់ការ ។ គួរបញ្ជាក់ជាមុនថា មាន់នៅទីនេះជានិម្មិតរូបដែលតំណាងឲ្យលទ្ធិប្រជាធិបតេយ្យនិងពលរដ្ឋស្លូតត្រង់ ។ ឯរោមមាន់តំណាងឲ្យរូបធាតុនៃលទ្ធិប្រជាធិបតេយ្យមានជាអាទ៍ សិទ្ធិ សេរីភាព និងកិច្ចគាំពារមនុស្សផងគ្នាជាច្រើនផ្សេងទៀត ។ មុននឹងនិយាយអំពីវិធីបោចរោមមាន់ យើងត្រូវយល់ឲ្យបានជាក់លាក់ថា ជនពាលក្តី ជនផ្តាច់ការក្តី មានប្រាជ្ញាឆ្លាតវាងវៃដូចជាបណ្ឌិតសុចរិតដែរ ។ ប្រាជ្ញាអត់រើសអើងពូជសាសន៍ពណ៌សម្បុរ ឬក៏អត្តចរិតមនុស្សទេ ។ មនុស្សសុចរិតនិងទុច្ចរិតមានប្រាជ្ញាដូចគ្នា ។ ប្រការមួយដែលធ្វើឲ្យមនុស្សសុចរិតរងគ្រោះ គឺមើលស្រាលទង្វើរបស់ជនទុច្ចរិត ។ កត្តាមាក់ងាយនេះក៏ជាឱកាសដែលជនផ្តាច់ការប្រើដើម្បីលួចបោចរោមមាន់ដែរ ។ បោចរោមមាន់ទាំងរស់ មិនមែនជាការងាយទេ ។ គេត្រូវការភាពអត់ធ្មត់និងប្រើរយៈពេលយ៉ាងយូរទៀតផង ។ ជាយុទ្ធសាស្ត្រ គេចាប់ផ្តើមពីចំណុចដែលមិនសូវឈឺមុន ។ នៅលើតួខ្លួនមាន់ ចំណុចដែលមិនសូវឈឺនិងចាប់អារម្មណ៍គឺរោមស្លាបនិងកន្ទុយ ។ ចំណុចទាំងពីរនេះ ជ្រើសរើសដកមួយណាមុនក៏បានដែរ ។ បើដករោមស្លាប គេដកពីគល់ស្លាបទៅចុងស្លាប ។ ដករោមស្លាបឆ្វេងម្តងស្តាំម្តងឆ្លាស់គ្នានៅក្នុងថេរវេលាមួយម៉ោងមួយ ឬក៏មួយថ្ងៃមួយ ឬពីរបីថ្ងៃដករោមមួយ អាស្រ័យទៅលើប្រតិកម្មរបស់មាន់ ។ នៅពេលមាន់ត្រូវបានគេដករោមស្លាបនិងកន្ទុយអស់ វាគ្មានលទ្ធភាពនឹងហើរ ឬក៏រត់បានលឿនទេ ។ គឺពេលនេះហើយដែលគេចាប់ផ្តើមដករោមធម្មតានិងរោមសំឡីរបស់វា ។ ដូចគ្នានឹងយុទ្ធសាស្ត្រទីមួយដែរ ដំណាក់កាលទីពីរនេះគឺគេចាប់ផ្តើមដករោមត្រង់ណាដែលមិនធ្វើឲ្យមាន់បាត់បង់ភាពកក់ក្តៅច្រើន ។ ចំណុចដែលល្អបំផុតគឺ ដើមទ្រូងនិងពោះ ។ នៅក្នុងដំណាក់កាលដករោមធម្មតានិងរោមសំឡីនេះ គេដាក់អង្កាមឬកំទេចកំណាត់ឲ្យមាន់ដេកលើដើម្បីកុំឲ្យមាន់មានអារម្មណ៍រងា ។ សូមភ្ជាប់ប្រការនេះទៅនឹងការលុបគម្រោងអភិវឌ្ឍន៍នៅភ្នំតាម៉ៅបន្តិចផងចុះ ដើម្បីបង្កើតរូបារម្មណ៍ឧទាហរណ៍មួយ ។ ក្រៅអំពីអង្កាមនិងកំទេចកំណាត់ គេក៏ប្រើកន្ត្រៃដែលជាជំនួយរបស់មិត្តភក្តិដែលមានចរិតផ្តាច់ការដូចគ្នា ដើម្បីកាត់រោមមាន់ផងដែរ ។ (និយាយឲ្យចំ ជំនួយអភិវឌ្ឃន៍របស់ចិន) ។ នៅទីបំផុត ការដករោមមាន់ទាំងរស់រហូតដល់អស់រោមរលីងពីខ្លួន ក៏ទទួលបានជោគជ័យដោយគ្មានផលរមាស់អ្វីធំដុំឡើយ ។ មាន់ដែលគ្មានស្លាប គ្មានកន្ទុយ និង គ្មានរោម គឺស្មើនឹងមាន់ងាប់ ។ វាគ្មានប្រយោជន៍អ្វីនឹងថែរក្សាមាន់អត់រោមនេះតទៅទៀតទេ ។ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺដើរមកដល់ដំណាក់កាលនេះហើយ ។ បើគិតជាថេរវេលា ក្រុមជនផ្តាច់ការចំណាយពេល ៣០ឆ្នាំគត់ ។ សម្រាប់អ្នកដែលចង់ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ៣០ឆ្នាំគឺជាថេរវេលាយ៉ាងតិចបំផុតដែលត្រូវចំណាយ ។ ឯវិធី ឬយុទ្ធសាស្ត្រណាមួយដែលត្រូវជ្រើសរើសយកមកប្រើ ខ្ញុំសូមទុកឱកាសឲ្យអ្នកដែលមានឆន្ទៈ ជាពិសេសយុវជន គេចាត់ចែងចុះ ។ គំនិតមួយដែលផុសចេញពីខួរក្បាលខ្ញុំជាភាសាអង់គ្លេសគឺ៖ Reverse engineering ។ បន្ទាប់ពីបោះឆ្នោតហើយនាពេលថ្មីៗនេះ ប្រទេសកម្ពុជាគ្រោងនឹងរៀបចំរដ្ឋាភិបាលថ្មីមួយ ដោយមានពិធីស្ងោរមាន់ចែកសាច់គ្នាសុីផង ។ អ្នកដែលបានជួយជ្រោមជ្រែងបោចរោមមាន់ នឹងទទួលបានចំណែកសាច់មាន់ទៅតាមគុណសម្បត្តិតែរៀងៗខ្លួន ។ ខ្លះទទួលបានសាច់ដើមទ្រូង ខ្លះសាច់ភ្លៅ ត្រគៀក កន្ទុយអូង ក ក្បាល ក្រញ៉ាំជើង ។ល។ ទៅតាមអ្វីដែលមេចុងភៅចាត់ចែង ។ មនុស្សមួយចំនួនប្រហែលជាមិនទទួលបានអ្វីដែលខ្លួនចង់បានទេ ដ្បិតកន្លែងណាដែលមាន "ខ្លាញ់" មេចុងភៅប្រមូលឲ្យគ្រួសារគាត់មុនគេ ។ នៅពេលការបែងចែកអំណាចសាច់មាន់មិនបានគាប់ចិត្តមនុស្សគ្រប់គ្នា ការខ្នក់ឃ្នើសនឹងកើតមានជៀសមិនរួចឡើយ ។ វាសនាមាន់អត់រោមមិនចប់ត្រឹមគេយកទៅស្ងោរសុីទេ ។ ព្រះពុទ្ធទ្រង់ទូន្មានថា៖ កាលណាមានកម្ម វារមែងតែងតែមានផល ។ នេះគឺជាសច្ចៈភាព ឬច្បាប់ធម្មជាតិដ៏ប្រាកដប្រជាមួយ ។ ក៏ប៉ុន្តែ នៅមានច្បាប់ធម្មជាតិមួយទៀតដែលជាមាតាបិតានៃកម្មគឺ ជិវិត ។ ជិវិតមនុស្សគ្រប់ៗរូបកើតមកស្ពាយនូវសម្ពាយដ៏ធំមួយមកជាមួយគឺ តណ្ហា (Desire) ឬការចង់បាន ។ ការចង់បាននេះ គ្មានដែនកំណត់ទេ ។ នៅក្នុងតណ្ហាមានរូបធាតុបីផ្សេងទៀតដែលតាមរុកគួនចិត្តមនុស្សគ្មានថ្ងៃលស់ឡើយ ។ រូបធាតុទាំងបីនេះគឺ លោភៈ ទោសៈ និង មោហៈ ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាពោលថា៖ (The) past is prologue (អ្វីដែលកើតមានកាលពីអតីត វានឹងកើតមានជាថ្មីទៀតនៅថ្ងៃអនាគត) ។ បើយើងពិនិត្យមើលពង្សាវតាខ្មែរ ប្រទេសកម្ពុជានៅសម័យបុរាណ ជារឿយៗ ត្រូវបានប្រឈមនឹងភាពវឹកវរនៅពេលដែលស្តេចផ្ទេររាជ្យទៅឲ្យទាយាទ ។ និយាយឲ្យខ្លី ការឈ្លោះប្រកាប់ប្រចាក់គ្នាដណ្តើមអំណាច គឺកើតមានស្ទើរតែជាប្រចាំនៅពេលដែលស្តេចផ្ទេររាជ្យទៅឲ្យទាយាទរបស់ខ្លួន ។ របបរាជានិយមផ្តាច់ការ (Absolute Monarchy) និង របបផ្តាច់ការនិយម ស្ថិតនៅក្នុងប្លុកតែមួយទេ ។ បើស្តេចខ្មែរតាំងតែពីសម័យអង្គរមក គ្មានលទ្ធភាពនឹងរក្សាស្ថេរភាពនយោបាយនៅពេលផ្ទេររាជ្យទៅឲ្យទាយាទ តើយើងជាមនុស្សសម័យក្រោយអាចទៅរួចទេ???នេះគឺជាសំណួរមួយដែលមានតែពេលវេលាប៉ុណ្ណោះទើបអាចផ្តល់ចម្លើយបាន ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...