Friday, July 21, 2023

ចំណីខួរក្បាល

នៅចន្លោះទ្វារគុក និង សេរីភាព កាលបោះឆ្នោតនៅឆ្នាំ ២០១៧ អាជ្ញាធរកម្ពុជាបានបង្កឲ្យមានសេណារីយោមួយ ដែលពលរដ្ឋអ្នកបោះឆ្នោតត្រូវបានគេបង្ខំឲ្យស្ថិតក្នុងស្ថានភាព "នៅចន្លោះញញួរនិងដុំថ្ម" (Between a rock and a hard place) ។ នៅក្នុងឱកាសបោះឆ្នោតឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែ កក្កដា នេះ អ្នកបោះឆ្នោតខ្មែរត្រូវបានគេបង្ខំឲ្យស្ថិតនៅ "ចន្លោះទ្វារគុក និង សេរីភាព" វិញម្តង ។ កាលបោះឆ្នោតឆ្នាំ ២០១៧ ខ្ញុំបានសរសេរអត្ថបទមួយដែលមានចំណងជើងថា៖ "មុននឹងស្លាប់ ត្រូវតស៊ូរស់ឲ្យអស់លទ្ធភាព" ។ នៅក្នុងអត្ថបទនោះ ខ្ញុំបានពន្យល់អំពីវិធីបោះឆ្នោតបាតុកម្ម ឬបោះឆ្នោតអនុបវាទ ដោយគូសក្រវេមក្រវាមនៅលើសន្លឹកឆ្នោត ឬក៏ដាក់សន្លឹកឆ្នោតចូលក្នុងប្រអប់ដោយមិនជ្រើសរើសគណបក្សណាមួយឡើយ ដើម្បីបញ្ជាក់អំពីឆន្ទៈប្រឆាំងទៅនឹងការរៀបចំបោះឆ្នោតដោយអត់សេរីនិងយុត្តិធម៌ និង ដែលមិនសមស្របទៅតាមស្មារតីនៃរដ្ឋធម្មនុញ្ញខ្មែរ ។ នៅក្នុងការបោះឆ្នោតនាអាណតិនេះ ខ្ញុំបង្ខំចិត្តសរសេរអត្ថបទនេះបន្ថែមទៀត ដ្បិតហានិភ័យរបស់ពលរដ្ឋខ្មែរដែលត្រូវតែទៅចូលរួមបោះឆ្នោត ហាក់ដូចជាមានកម្រិតខ្ពស់ហួសពីការស្មាន ។ នៅក្នុងច្បាប់បោះឆ្នោតថ្មីដែលខ្ញុំដាក់ភ្ជាប់នៅខាងក្រោម គ្មានអ្វីដែលមិនច្បាស់លាស់ទេថា៖ អ្នកដែលគូសបំផ្លាញសន្លឹកឆ្នោត ឬធ្វើឲ្យមានកំហុសនៅលើសន្លឹកឆ្នោត (ដោយចេតនាក្តី អចេតនាក្តី) នឹងត្រូវផ្តន្ទាទោសដូចដែលមានចែងនៅក្នុងពាក្យពេចន៍ក្នុងប្រការ ១ និង ២ ។ គួរកត់សម្គាល់ថា ដែលហៅថាបំផ្លាញសន្លឹកឆ្នោតនោះ គឺគូសខុសកន្លែងដែលគេតម្រូវឲ្យយើងគូស ។ ច្បាប់នេះ វាហាក់ដូចជាអយុត្តិធម៌ពេកហើយ សម្រាប់មនុស្សចាស់ពពីមពពើម និងអ្នកដែលមិនចេះអានអក្សរ ។ ក៏ប៉ុន្តែ ច្បាប់គឺច្បាប់! ពាក្យពេចន៍នៃច្បាប់បោះឆ្នោតថ្មីនេះ មានពាក្យមួយម៉ាត់ដែលជាអន្ទាក់ទាក់ក ឬក៏ជាយន្តការផ្តន្ទាទោសដ៏ពិសិដ្ឋមួយ ។ ពាក្យនោះគឺ "ការញុះញង់" ។ សួរថាហេតុអ្វីក៏គេមិនប្រើពាក្យ "អ្នកញុះញង់"??? តស់!វែកញែកទាំងអស់គ្នា ។ "ការ" សំដៅលើសកម្មភាព ។ ឯ "អ្នក" សំដៅលើមនុស្ស ។ សកម្មភាពមិនអាចកើតឡើងដោយឯកឯងបានទេ ។ វាត្រូវការមនុស្សប្រព្រឹត្តិវា ។ ដូច្នេះ នៅពេលអ្នកណាម្នាក់បំផ្លាញសន្លឹកឆ្នោត (សាងកំហុសនៅលើសន្លឹកឆ្នោត) ទោះបីប្រព្រឹត្តិតែម្នាក់ឯងមិនមានពាក់ព័ន្ធនឹងការញុះញង់នរណាផ្សេងក៏ដោយ ក៏អាចមានទោសដែរ ប្រសិនបើអាជ្ញាធរចង់ផ្តន្ទាទោសយើង ។ នេះគឺជាល្បិច "ពងមាន់និងកូនមាន់ តើមួយណាកើតមុន" ។ ការប្រព្រឹត្តិរបស់យើងដែលមានធាតុញុះញង់នៅក្នុងនោះ វាជាកត្តាគោលសម្រាប់វាយបកមកលើរូបយើងវិញ ពីព្រោះមនុស្សដែលទង្វើរបស់យើងញុះញង់មុនគេបំផុត គឺរូបយើងនេះឯង ។ កត្តាដែលត្រូវផ្តន្ទាទោសគឺ ទង្វើ ។ ឯអ្នកធ្វើគឺជាជនរងគ្រោះ ដែលនៅក្នុងភាសាសង្គ្រាមគេហៅថា រងគ្រោះព្រោះចៃដន្យ (Collateral damage) ។ នៅក្នុងភាសាច្បាប់គេហៅថា មានទោសព្រោះពាក់ព័ន្ធ ( Guilty by association) ។ ការតតាំងជាមួយនឹងបទចោទប្រកាន់ដោយផ្អែកលើអង្គហេតុខាងលើនេះ ប្រសិនបើនៅចំពោះមុខតុលាការនៃប្រទេសលោកសេរី ដែលដាក់បន្ទុកឲ្យអាជ្ញាធរជាអ្នកបង្ហាញភស្តុតាង (Burden of Proof) យើងអាចមានលទ្ធភាពដោះកុនរួច ។ ប៉ុន្តែ នៅក្នុងប្រព័ន្ធតុលាការនៃរបបផ្តាច់ការដូចនៅកម្ពុជា ដែលដាក់បន្ទុកឲ្យពិរុទ្ធជនបង្ហាញភស្តុតាង (Burden of Proof) អំពីភាពនិរទោស យើងគ្មានផ្លូវនឹងដោះកុនរួចទេ ។ យកល្អ កុំលេងល្បែងសត្វមមាចប្រឡែងភ្លើង ។ មានចំណុចមួយចំនួនដែលខ្ញុំសូមលើកយកមកនិយាយពាក់ព័ន្ធនឹងទ្វេគ្រោះ (Dilemma) ដ៏គួរឲ្យខ្លាចនេះ ។ ទីមួយ មិនត្រូវតាំងខ្លួនជាត្រីរស់ហែលបញ្ច្រាសទឹកហូរទេ ។ ត្រូវធ្វើជាត្រីងាប់អណ្តែតតាមទឹកហូរ ។ ពេលនេះ មិនមែនជាពេលដែលត្រូវទាមទារស្វែងរកសិទ្ធិសេរីភាព ឬលទ្ធិប្រជាធិបតេយ្យឡើយ ។ ខ្ញុំក៏ស្អប់ខ្ពើមរបបផ្តាច់ការនិងជនផ្តាច់ការដូចជាមនុស្សជាច្រើនទៀតដែរ ។ ក៏ប៉ុន្តែ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ វាកំពុងស្ថិតនៅក្នុងស្ថានភាព "ដង្ហើមចង្រិត" (Coma) រួចទៅហើយ ។ ដូច្នេះ ត្រូវរក្សាសេចក្តីសុខសម្រាប់ខ្លួនយើងឲ្យគត់មត់ ជាជាងព្យាយាមសង្គ្រោះលទ្ធិប្រជាធិបតេយ្យ ។ វាគ្មានប្រយោជន៍អ្វីនឹងទៅបោះឆ្នោតប្រឆាំងនឹងគណៈបក្សប្រជាជនឡើយ ។ ការបោះឆ្នោតនាអាណតិនេះ គឺជាការរៀបចំមួយដែលភាសាអង់គ្លេសគេហៅថា៖ Pre-determined Outcome (ដឹងលទ្ធផលរួចហើយ) ។ នៅក្នុងស្ថានភាពបែបនេះ យើងទៅបោះឆ្នោត មិនមែនដើម្បីជ្រើសរើសគណៈបក្សដែលយើងស្រឡាញ់គាំទ្រទេ ។ យើងទៅបោះឆ្នោតដើម្បីរក្សាសុវត្ថិភាពឲ្យជីវិតរបស់យើង ។ មធ្យោបាយរក្សាសុវត្ថិភាពដ៏ល្អបំផុតគឺគូសលើក្រឡាបួនជ្រុងនៅមុខរូបទេវតា ។ បើជ្រុលជ្រួសខុសឆ្គងយ៉ាងណាក៏អាជ្ញាធរគេមិនចាប់ទោសអូសដំណើរយើងដែរ ។ កុំខ្វល់អំពីគណបក្ស ១៧ផ្សេងទៀត ។ ចុងបញ្ចប់ គណបក្សប្រជាជនឈ្នះដដែលជាដដែលទេ ។ អ្វីដែលសំខាន់នៅក្នុងកាលៈទេសៈនេះ គឺត្រូវជៀសឲ្យផុតអំពីការចោទប្រកាន់នានាពាក់ព័ន្ថនឹងការបោះឆ្នោត ។ សម្រាប់បុគ្គលមួយចំនួនដែលមាននិន្នាការប្រឆាំងនឹងគណបក្សប្រជាជន និងនៅមានស្មារតីចង់តតាំងប្រឆាំង ដើម្បីរក្សាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាព ខ្ញុំសូមជូននូវគំនិតមួយចំនួនដើម្បីយកទៅពិចារណា ។ នៅក្នុងវិស័យនយោបាយក៏ដូចជាវិស័យពាណិជ្ជកម្មដែរ ទាល់តែមានឱកាស (Window of Opportunity) ទើបអាចរកជោគជ័យឃើញ ។ បើគ្មានឱកាសទេ វាគ្មានប្រយោជន៍អ្វីនឹងប្រឹងប្រែងឡើយ ។ ទុកឋាមពលនៅក្នុងខ្លួនប្រសើរជាងយកវាទៅបំផ្លាញចោល ។ គេថា រក្សាព្រៃឈើឲ្យនៅគង់វង់ មិនព្រួយអំពីការខ្វះអុសដុតឡើយ ។ ដំបូន្មានមួយដែលខ្ញុំតែងលើកយកមកនិយាយ៖ បើគ្មានឱកាស ឬក៏ឱកាសមិនទាន់ហុចឲ្យទេ រង់ចាំរហូតដល់ថ្ងៃស្លាប់ក៏មិនថ្វីដែរ ។ ចំណុចមួយទៀតដែលខ្ញុំចង់លើកយកមកនិយាយគឺភាពសម្ងាត់និងសុវត្ថិភាពនៅក្នុងបន្ទប់បោះឆ្នោត ។ ប្រសិនបើអាជ្ញាធរចង់ស្វែករកអត្តសញ្ញាណអ្នកបំផ្លាញសន្លឹកឆ្នោត គឺងាយដូចបកចេក ។ ពេលយើងកាន់សន្លឹកឆ្នោត ក្រយៅម្រាមដៃយើងបានផ្តិតជាប់នៅលើនោះ ។ យើងមើលស្នាមក្រយៅដៃនោះមិនឃើញទេ ។ ក៏ប៉ុន្តែ ម៉ាសុីនស្កែនសម័យទំនើបនេះអាចមើលឃើញនិងយកស្នាមក្រយៅដៃនោះទៅផ្គូផ្គងជាមួយនឹងទិន្នន័យនៅក្នុងអត្តសញ្ញាណកម្មបានដោយងាយ ។ បើមិនសូវយល់អំពីការវិវឌ្ឍនៃបច្ចេកវិជ្ជាទំនើបទេ កុំប្រមាទល្អជាង ។ ទៅបោះឆ្នោតសន្សំសុខ ។ មិនត្រូវទៅបោះឆ្នោតនាំទុក្ខមកដាក់ខ្លួនឡើយ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...