Monday, August 14, 2023

ចំណីខួរក្បាល

ទីក្រុងពីរ (Sister Cities រដ្ឋធានី វ៉ាសុីនតោន និង រាជធានី ភ្នំពេញ ស្ថិតនៅមួយចំហៀងផែនដីម្នាក់ ។ ប៉ុន្តែទីក្រុងទាំងពីរនេះសង់នៅលើសណ្ឋានដី ដែលមានទ្រង់ទ្រាយស្ទើរតែដូចគ្នាបេះបិទ ។ ទីក្រុងទាំងពីរនេះ មានទន្លេពីរហូរមកភពប្រសព្វគ្នាបង្កើតបានជាជ្រោយមួយដែលនៅភ្នំពេញគេហៅ ជ្រោយចង្វា ។ ឯនៅវ៉ាសុីនតោនគេហៅ ជ្រោយហេន (Hane Point) ។ ក្រៅអំពីជ្រោយនេះ ទីក្រុងទាំងពីរក៏មានកូនកោះមួយដូចគ្នាដែរ ។ នៅភ្នំពេញយើងស្គាល់ថា កោះពេជ្រ ។ ឯនៅវ៉ាសុីនតោគេហៅកោះនេះថា កោះរូស្សវ៉ែល (Roosvelt Island) ។ គួរកត់សម្គាល់ថា ផ្ទុយអំពីជ្រោយចង្វា និងកោះពេជ្រនៅភ្នំពេញដែលត្រូវបានអភិវឌ្ឃមានសំណង់អគារច្រើនស្អេកស្កះនោះ ជ្រោយហេននិងកោះរូស្សវ៉ែលនៅវ៉ាសុីនតោន មិនត្រូវបានអនុញាតិឲ្យអភិវឌ្ឃទេ ។ រដ្ឋាភិបាលអាមេរិកាំងរក្សាតំបន់ទាំងពីរនេះជាឧទ្យានធម្មជាតិ (National Parks) ។ ទីក្រុងភ្នំពេញនិងវ៉ាសុីនតោនចាប់ផ្តើមសាងសង់ជារដ្ឋធានីនៅអំឡុងពេលប្រហាក់ប្រហែលគ្នា គឺនៅក្នុងទសវត្សឆ្នាំ ១៨៦០ ។ ឯវិស្វករដែលគូសវាសទ្រង់ទ្រាយទីក្រុងទាំងពីរនេះគឺជាជនជាតិបារាំងដូចគ្នា ។ ខ្ញុំមិនដឹងថាជនជាតិបាំងដែលគូសវាស (Blue Print) សម្រាប់ទីក្រុងភ្នំពេញមានឈ្មោះអ្វីទេ ។ ប៉ុន្តែ វិស្វករបារាំងដែលគូសវាសទ្រង់ទ្រាយទីក្រុង វ៉សុីនតោន ឈ្មោះ ព្យ័រ ឡង់ហ្វង់ (Pierce l'Anfant) ។ ក្រៅអំពីផ្លូវធំៗអមសងខាងឧទ្យាននៅកណ្តាលក្រុង ផ្លូវសំខាន់ៗឆ្លងកាត់ទីក្រុងវ៉ាសុីនតោនមានទម្រង់ជាជំពាស់ថ្នង ឬត្រីកោណ ។ ឯផ្លូវសំខាន់ៗឆ្លងកាត់ទីក្រុងភ្នំពេញមានទម្រង់ជា ដងធ្នូរ ។ បើយើងពិនិត្យមើលនៅលើផែនទីនៃទីក្រុងទាំងពីរ ទម្រង់ដើមនៃទីក្រុងទាំងពីរមានសោភ័ណ្ឌម៉្យាងម្នាក់ ។ ក៏ប៉ុន្តែ មានឧទ្យានមួយដែលខ្ញុំនឹងលើកយកមកប្រៀបធៀបនៅក្នុងអត្ថបទនេះ គឺមានសណ្ឋានដូចគ្នាស្ទើរតែបេះបិទ ។ នៅក្នុងរូបភាពដែលខ្ញុំយកមកដាក់ផ្គូគ្នាខាងក្រោមនេះ មួយគឺជាឧទ្យានឯករាជ្យនៃរដ្ឋធានី វ៉ាសុីនតោន ។ មួយទៀតគឺជាឧទ្យានឯករាជ្យនៃរាជធានី ភ្នំពេញ ។ ខ្ញុំជឿជាក់ថា ឧទ្យានទាំងពីរនេះគឺត្រូវបានរៀបចំជាគម្រោងដោយវិស្វករបារាំង ។ ឯសំណង់ (Landmarks) និងទ្រង់ទ្រាយដែលឧទ្យានទាំងពីរនេះរំលេចចេញមក គឺត្រូវបានរៀបចំបន្ថែមដោយម្ចាស់ស្រុក ។ ខ្ញុំសូមរៀបរាប់អំពីសំណង់នានានៅក្នុងឧទ្យាននៃរដ្ឋធានីវ៉ាសុីនតោនដូចតទៅ ដោយដាក់ចំណុចសង្កេតចេញអំពីមាត់ទន្លេ ។ សម្រាប់អ្នកអាននៅទីក្រុងភ្នំពេញ ចំណុចសង្កេតគឺស្ថិតនៅខាងកើតរង្វង់មូលសម្តេច ជួន ណាត សម្លឹងឆ្ពោះទៅទិសខាងលិច ។ នៅក្នុងឧទ្យានរដ្ឋធានីវ៉ាសុីនតោន មានចំណុចរង្វង់មូលក្រហមចំនួនប្រាំដែលរត់ត្រង់ភ្លឹងពីមាត់ទន្លេឡើងទៅ ។ ទីមួយគឺវិមាន លីងកុន ។ ទីពីរវិមានរំលឹកសង្គ្រាមលោកលើកទីពីរ ។ ទីបីវិមាន ឯករាជ្យ ។ ទីបួនវិហារសារមន្ទី ស្មីតសុន ។ ទីប្រាំ មន្ទីររដ្ឋសភានិងព្រឺទ្ធសភា ។ គេហៅទីនេះថា ទួលរដ្ឋធានី (Capitol Hill) ដែលមានសណ្ឋានដូចវត្តភ្នំនៅភ្នំពេញដែរ ។ ចំណុចរង្វង់មូលក្រហមពីរទៀតដែលនៅពីក្រោយទួលនេះ គឺអគារបណ្ណាល័យជាតិ និង តុលាការកំពូល ។ ឯចំណុចក្រហមដែលនៅខាងឆ្វេងដៃគឺសេតវិមាន ។ ចំណុចក្រហមនៅខាងស្តាំដៃក្បែរមាត់បឹងគឺវិមានលោក ថូម៉ាស់ ហ្សេហ្វឺសុន ដែលជាអ្នកសរសេរសេចក្តីប្រកាសឯករាជ្យអាមេរិកាំង ។ គួរកត់សម្គាល់ថា ទីក្រុងវ៉ាសុីនតោននិងភ្នំពេញគឺសាងសង់នៅក្នុងតំបន់ទំនាបដែលមានព្រែកនិងបឹងស្អេកស្កះដូចគ្នា ។ ក៏ប៉ុន្តែ ទីក្រុងវ៉ាសុីនតោនមិនដែលលិចជំនន់ទឹកភ្លៀងទេ ទោះបីមានភ្លៀងធ្លាក់គំហុកយ៉ាងណាក៏ដោយ ។ ពីដើមមិញ ឧទ្យានដែលមានអគារសំខាន់ៗទាំងប្រាំសង់នៅចំកណ្តាលនោះ គឺជាព្រែកនិងបឹងដ៏ធំមួយ ។ កាលគេចាប់ផ្តើមសង់អគាររដ្ឋសភានៅលើទួលកាពីតូលនោះ ព្រែកនោះត្រូវបានគេប្រើប្រាស់ដើម្បីដឹកជញ្ជូនសម្ភារនានា ។ ចំណេក្រោយមកទើបគេលុបព្រែកនោះបង្កើតជាឧទ្យានដ៏ធំមួយនេះឡើង ។ នៅក្នុងការលុបតំបន់ទំនាបនេះ គេបានរក្សាទុកបឹងតូចៗមួយចំនួនដូចដែលមានឃើញនៅក្នុងរូបភាព ។ បឹងដ៏ធំជាងគេបំផុតដែលស្ថិតនៅខាងស្តាំដៃផ្នែកខាងក្រោមជិតមាត់ទន្លេមានទំហំនឹងទីតាំងស្រដៀងគ្នានឹងអតីត បឹងកក់ នៅភ្នំពេញដែរ ។ គេឲ្យឈ្មោះបឹងនេះថា អាងស្តុកទឹក (Tidal Basin) ដែលមានតួនាទីទទួលទឹកភ្លៀងដែលហូរតាមលូចុះពីទួលអគាររដ្ឋសភាមក ។ គួរកត់សម្គាល់ថា នៅសងខាងឧទ្យានឯករាជ្យនៃរដ្ឋធានីវ៉ាសុីនតោន មានផ្លូវធំៗមួយគូចុះពីទួលរដ្ឋសភាត្រង់មកដល់មាត់ទន្លេតែម្តង ។ ផ្លូវមួយឈ្មោះផ្លូវ ឯករាជ្យ ។ ឯផ្លូវមួយទៀតឈ្មោះ រដ្ឋធម្មនុញ្ញ ។ នៅក្រោមផ្លូវទាំងពីរនេះ គេដាក់លូរំដោះទឹកភ្លៀងបង្ហូរទៅកាន់ទន្លេតែម្តង ។ លូនៅក្រោមផ្លូវឯករាជ្យហូរមកចាក់ចូលក្នុងអាងស្តុកទឹក (Tidal Basin) រួចទើបហូរបន្តតាមរយៈទ្វារទឹកចំនួនពីរចុះទៅកាន់ទន្លេ ។ បើយើងដើរតាមបណ្តោយផ្លូវ ឯករាជ្យ ឬផ្លូវរដ្ឋធម្មនុញ្ញ យើងនឹងសង្កេតឃើញប្រឡោះសម្រាប់ទឹកភ្លៀងហូរចូលទៅលូ មានចម្ងាយប្រហែលជា ១០ម៉ែត្រមួយៗ នៅសងខាងចិញ្ចើមផ្លូវ ។ គឺប្រព័ន្ធលូនៅតាមបណ្តោយដងផ្លូវធំទាំងពីរនេះហើយ ដែលសង្គ្រោះចំណុចទាបបំផុតនៃរដ្ឋធានីវ៉ាសុីនតោន មិនឲ្យលិចជំនន់ទឹកភ្លៀង ៕

No comments:

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...