Saturday, July 8, 2023

ចំណីខួរក្បាល

ប្រឆាំង ឬ ជំទាស់ នៅក្នុងប្រទេសប្រជាធិបតេយ្យអាស្រ័យគំនិតផ្តាច់ការដូចជាប្រទេសកម្ពុជា អ្នកកាន់អំណាចមិនចូលចិត្តឮពាក្យ ប្រឆាំង ឬ ជំទាស់ទេ ។ គេតែងតែលើកយកពាក្យ "ការពារសន្តិភាព និង ការអភិវឌ្ឃ" មកបំបិទមាត់មនុស្សកុំឲ្យនិយាយអ្វីដែលប្រឆាំង ឬជំទាស់ ទៅនឹងទង្វើនានារបស់រដ្ឋាភិបាល ។ ពាក់ព័ន្ធនឹងប្រការនេះ ខ្ញុំតែងតែឆ្ងល់ថាតើនៅលើលោកនេះ មានមនុស្សឆ្កួតរហូតដល់ទៅបំផ្លាញសន្តិភាពដែលខ្លួនកំពុងមានដែរមែនទេ ។ វាពិតជាប្រធានបទមួយគួរឲ្យពិចារណាពន់ពេកណាស់ ។ បើយើងពិចារណាដោយមិនចាំបាច់ពឹងពាក់គ្រូបាអាចារ្យទេសាបាមោឃណាម្នាក់ សន្តិភាព ឬសេចក្តីសុខ គឺមិនខុសអំពីបុណ្យឡើយ ។ វាស្ថិតនៅក្នុងចិត្តរបស់យើង មិនមែនស្ថិតនៅក្នុងមាត់ទេវតា ឬអាចារ្យណាមួយទេ ។ បើសន្តិភាពស្ថិតនៅក្នុងចិត្តមនុស្ស ដូច្នេះ គឺចិត្តគំនិតមនុស្សឯនោះវិញទេដែលត្រូវការពារ ។ ប្រឆាំង ឬជំទាស់ កើតចេញអំពីចិត្តគំនិតមនុស្ស ។ បើយើងពិនិត្យឲ្យបានជាក់លាក់បន្តិច ចិត្តគំនិតប្រឆាំងនិងជំទាស់គឺជាសភាវៈធម្មជាតិរបស់មនុស្ស ។ មានន័យថាការប្រឆាំង គឺជាយន្តការគាំពារ (support mechanism) ដ៏សំខាន់បំផុតមួយនៅក្នុងការលើកស្ទួយជីវិតមនុស្សឆ្ពោះទៅរកវឌ្ឍនភាព ។ បើគ្មានសភាវៈប្រឆាំងនៅក្នុងផ្នត់គំនិតយើងទេ មនុស្សមិនអាចលូតលាស់ឆ្ពោះទៅរកវឌ្ឍនភាពបានឡើយ ។ នៅក្នុងសង្គមគ្រួសារ ប្តីប្រពន្ធប្រឆាំង ឬជំទាស់នឹងការគិត គម្រោង ឬ ទង្វើ របស់គូភាគីទៅវិញទៅមកចាប់ពីថ្ងៃចាប់ដៃគ្នាជាប្តីប្រពន្ធរហូតដល់ថ្ងៃស្លាប់ (អ្នកដែលមិនទាន់មានបទពិសោធប្តីប្រពន្ធ អាចសង្កេតមើលឪពុកម្តាយ) ។ គោលដៅចម្បងនៃការប្រឆាំងគំនិតគ្នាទៅវិញទៅមកនេះ គឺដើម្បីសេចក្តីសុខ សន្តិភាព និង វឌ្ឍនភាព នៅក្នុងគ្រួសារ ។ សេចក្តីសុខនៅក្នុងគ្រួសារនេះក៏មានសេចក្តីសុខរបស់ខ្លួនឯងនៅក្នុងនោះដែរ ។ បើគ្មានការប្រឆាំង ការរិះគន់ដើម្បីស្ថាបនា គ្រួសារនីមួយៗមិនអាចរកវឌ្ឍនភាពឃើញឡើយ ។ ប្រការនេះមិនមែនជាតថភាពទេ ។ វាគឺជាសច្ចភាពដែលមានធម្មជាតិជាសភាវៈទ្រទ្រង់ ។ ឥឡូវយើងបែរមកនិយាយអំពីរដ្ឋាភិបាលវិញម្តង ។ រដ្ឋាភិបាលនិងគ្រួសារ គឺដូចគ្នាគ្រប់រូបភាពទាំងអស់ គ្រាន់តែមួយតូច មួយធំ ។ គោលដៅចម្បងរបស់រដ្ឋាភិបាលក៏ដូចជាគោលដៅចម្បងរបស់គ្រួសារនីមួយៗដែរ គឺស្វែងរកវឌ្ឍនភាព ។ ដើម្បីការលូសលាស់និងវឌ្ឍនភាព គេចាំបាច់ត្រូវតែមានមតិផ្ទុយ ឬប្រឆាំងដើម្បីវែកញែករកចំណុចខ្សោយ ឬចំណុចដែលនាំទៅរកហីនភាព ។ នៅក្នុងដំណើរស្វែងរកវឌ្ឍនភាពនេះលោក ហ្វ្រិដឌឺរីច ហេហ្គេល (Frederich Hegel) បានបន្សល់ទុកនូវគំរូមួយមានឈ្មោះថា សំយោគហេហ្គេល (Hegelian Dialectic) ។ ទម្រង់នៃសំយោគនេះគឺ៖ និក្ខេបបទ => ទំនាស់និក្ខេបបទ => សំយោគ ឬ គំនិត => គំនិតជំទាស់ => គំនិតសំយោគ (Thesis => Anti-Thesis => Synthesis) ។ បើយើងពិនិត្យមើលដំណើរសំយោគ ហេហ្គេល នេះ គំនិតនីមួយៗគឺត្រូវឆ្លងកាត់គំនិតជំទាស់ ឬប្រឆាំងជាមុនសិនមុននឹងឈានទៅដល់ការយកមកអនុវត្តិ ។ ដូច្នេះ អ្វីដែលជាផ្នត់គំនិតប្រឆាំង ដើរតួសំខាន់ណាស់នៅក្នុងការស្វែងរកវឌ្ឍនភាព ឬរក្សាសន្តិភាព ។ និយាយអំពីសន្តិភាព ខ្ញុំសូមងាកទៅបំភ្លឺអ្នកដែលប្តេជ្ញាការពារសន្តិភាព ជាពិសេសយុវជនដែលមិនសូវមានបទពិសោធនៅក្នុងវិស័យនយោបាយ ក៏ដូចជារដ្ឋាភិបាល និង គ្រួសារ ។ សន្តិភាពស្ថិតនៅក្នុងចិត្តរបស់យើង ។ ដូច្នេះ អ្វីដែលយើងត្រូវការពារមុនគេបង្អស់គឺចិត្តរបស់យើង ។ បើចិត្តរបស់យើងបាត់បង់សន្តិភាព យើងគ្មានលទ្ធភាព ឬក៏សមត្ថភាពទៅការពារសន្តិភាពឲ្យអ្នកដទៃបានទេ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...