Friday, December 10, 2021

ចំណីខួរក្បាល

ទុព្វលភាព ខ្ញុំមានអាយុទើបតែហាក្រាស់ ។ ក៏ប៉ុន្តែ ឆ្នាំនេះខ្ញុំមានអារម្មណ៍ថា ភាពស្វាហាប់នៅក្នុងរូបរាងកាយខ្ញុំមានការផ្លាស់ប្តូរ ។ ខ្ញុំដោះអាវចេញហើយទៅឈរមើលសារពាង្គកាយខ្ញុំនៅមុខកញ្ចក់ ក៏សង្កេតឃើញថា សាច់ដុំនានារបស់ខ្ញុំមានភាពស្រកស្រុត ។ នៅពេលបានជួបនឹងមិត្តភក្តិមួយចំនួន បន្ទាប់ពីខានជួបគ្នាមួយរយៈដោយសារវិបត្តិជម្ងឺកូវីដ ១៩ ពួកគេក៏មានសភាពមិនខុសអំពីខ្ញុំប៉ុន្មានដែរ ។ យើងម្នាក់ៗហាក់ដូចជាដឹងថា ជីវិតចាប់ផ្តើមរមៀលចុះទៅកាន់ទីអវសានហើយ ។ យើងត្អូញត្អែរប្រាប់គ្នាអំពីរោគាដែលយើងមាន និងប្រាប់គ្នាអំពីវិធីនានាដែលអាចជួយយឹតយោងដំណើរជីវិតរបស់យើងកុំឲ្យយ៉ាប់ ឬក៏ជួបវិបត្តិច្រើនខណៈដែលយើងចាប់ផ្តើមធ្វើដំណើរទៅកាន់ជរាព្យាធិ ។ កើត ចាស់ ឈឺ ស្លាប់ ជាសច្ចភាពនៃវដ្តសង្ខារា ។ ខ្ញុំចាប់ផ្តើងពិនិត្យនិងរំលឹកឡើងវិញនូវដំណើរវិវត្តន៍នៃជីវិតរបស់ខ្ញុំតាំងតែពីបឋមវ័យរហូតមកដល់សព្វថ្ងៃ ដើម្បីបូកសរុបថាតើខ្ញុំបានជួបនិងបានធ្វើអ្វីខ្លះនៅក្នុងឆាកជីវិតនេះ ។ នៅសល់អ្វីទៀតដែលខ្ញុំប្រាថ្នាចង់ធ្វើ និងអ្វីខ្លះដែលខ្ញុំត្រូវលះបង់ ។ សេចក្តីប្រាថ្នានិងលទ្ធភាពគឺជាអ្វីដែលខ្ញុំត្រូវពិចារណាសម្រាប់ជីវិតដែលនៅសល់ ។ កិច្ចការដែលខ្ញុំចង់ធ្វើមានច្រើន ។ ក៏ប៉ុន្តែ លទ្ធភាពដែលខ្ញុំអាចធ្វើ ហាក់ដូចជាមានមិនច្រើនទេ ។ ដូច្នេះ អាទិភាពជីវិតត្រូវតែកែប្រែឡើងវិញនៅក្នុងដំណាក់កាលនេះ ។ កត្តាទីមួយដែលខ្ញុំគិតមុនគេគឺការលះបង់ ។ របស់ដែលត្រូវលះបង់មុនគេគឺរូប ដ្បិតរូបនេះហើយដែលចងភ្ជាប់ខ្ញុំទៅនឹងមនុស្សនិងរបស់ផងទាំងពួង ។ ខ្ញុំគិតថា នៅពេលខ្ញុំស្លាប់ទៅ ខ្ញុំចង់ឲ្យអ្នកដែលមានកាតព្វកិច្ចរំលាយរូបខ្ញុំ (Survivors) យកសពខ្ញុំទៅដុតឲ្យក្លាយជាផេះកុំឲ្យសេសសល់អ្វីឡើយ ។ កាលខ្ញុំនៅរស់ មនុស្សជុំវិញខ្លួនខ្ញុំអំពល់ទុក្ខនឹងខ្ញុំគ្រប់គ្រាន់ហើយ ។ ដូច្នេះ ខ្ញុំមិនចង់ឲ្យនរណាអំពល់ទុក្ខនឹងខ្ញុំបន្តទៀតទេបន្ទាប់ពីខ្ញុំស្លាប់ទៅ ។ បើពួកគេបំភ្លេចខ្ញុំបានរឹតតែឆាប់ នោះរឹតតែល្អ ។ ការចងចាំមនុស្សដែលយើងស្រឡាញ់ (Love ones) ក៏ជាបន្ទុកផ្លូវចិត្តមួយដែរ ។ យកឋាមពលនិងកម្លាំងចិត្តទៅដោះស្រាយបញ្ហានានានៅក្នុងជីវិត ឬក៏ជួយសម្រាលទុក្ខមនុស្សដទៃវាប្រហែលជាប្រសើរជាងអំពល់ទុក្ខនឹងការចងចាំរូបមនុស្សដែលស្លាប់បាត់បង់ទៅហើយ ។ នេះគឺជាទស្សនបញ្ច្រាសទិសមួយដែលខ្ញុំមាន ។ នៅមានរឿងប្លែកៗមួយចំនួនទៀតដែលជាបំណងប្រាថ្នារបស់ខ្ញុំ ។ ខ្ញុំបានចាប់កំណើតនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៦០ ។ កុមារភាពរបស់ខ្ញុំគឺពោរពេញទៅដោយទុក្ខកង្វល់ ។ គិតចាប់អំពីថ្ងៃដែលខ្ញុំអាចចងចាំព្រឹត្តិការណ៍នានា ខ្ញុំដឹងក្តីនៅខណៈពេលរត់គេចអំពីភ្លើងសង្គ្រាម ។ បន្ទាប់ពីសង្គ្រាម ខ្ញុំត្រូវតស៊ូឆ្លងកាត់វាលពិឃាតរបស់ពួកខ្មែរក្រហមយ៉ាងត្រដាបត្រដួស ។ បន្ទាប់ពីខ្មែរក្រហម ខ្ញុំត្រូវរងគ្រោះដោយសារកងទ័ពយួនត្រួតក្បាលមួយរយៈទៀត ។ ចេញរួចអំពីការគៀបសង្កត់របស់កងទ័ពយួន ខ្ញុំត្រូវធ្លាក់ខ្លួនចូលជ្រកពួននៅក្នុងជំរំជនភៀសខ្លួនដែលស្ថិតនៅតាមបណ្តោយព្រុំដែនខ្មែរ ថៃ ។ សរុបទាំងអស់ រយៈពេល២៥ឆ្នាំដំបូងនៃជីវិតខ្ញុំ គឺស្ទើរតែគ្មានអ្វីរីករាយនឹងរៀបរាប់ឡើយ ។ ខ្ញុំត្រដររស់ គ្រាន់តែដើម្បីរស់តែប៉ុណ្ណោះ ។ នៅពេលមនុស្សនានានិយាយអំពីភាពរីករាយនៃកុមារភាពនិងយុវវ័យ ខ្ញុំហាក់ដូចជាគ្មានអ្វីអួតនឹងគេទេ ។ ២៥ឆ្នាំបន្ទាប់នៃជីវិតខ្ញុំ វាជាការតស៊ូដ៏ស្វិតស្វាញមួយដើម្បីស្វែងរកនិងបំពេញនូវអ្វីៗមួយចំនួនដែលបានបាត់បង់កាលពីកុមារភាពនិងយុវវ័យ ។ ដំណើរជីវិតដែលវិវត្តិទៅមិនប្រក្រតី ពិតជាពិបាករៀបរាប់ឲ្យគេឯងយល់ណាស់ ជាពិសេសសម្រាប់មនុស្សដែលមិនធ្លាប់ឆ្លងកាត់ ។ ខ្ញុំបានបាត់បង់ឱកាសជាច្រើនក្នុងការរៀបចំជីវិតឲ្យគាប់ប្រសើរ នៅរយៈកាល២៥ឆ្នាំដំបូងនៃជីវិត ។ ២៥ឆ្នាំបន្ទាប់ ដំណើរជីវិតរបស់ខ្ញុំជួបឧបស័គ្គធំៗនិងធ្ងន់ធ្ងរមិនចាញ់រយៈពេល២៥ឆ្នាំដំបូងនៃជីវិតខ្ញុំឡើយ ។ វាហាក់ដូចជាជីវិតខ្ញុំនេះ កើតមកតម្រូវឲ្យជួបនឹងបញ្ហាស្មុគ្រស្មាញច្រើនជាងភាពសុខដុមរមនា (ផលនៃកម្មពៀរពីអតីតជាតិ?) ។ ខ្ញុំចាប់ផ្តើមរៀបចំទិសដៅជីវិតប្រាកដប្រជានៅអាយុ ២១ឆ្នាំ ។ ដោយហេតុតែបាត់បង់ឱកាសរៀនសូត្រជាច្រើនឆ្នាំ កម្រិតនៃការចេះដឹងរបស់ខ្ញុំនៅអាយុ២១ គឺស្មើត្រឹមតែក្មេងអាយុ ១១ឆ្នាំប៉ុណ្ណោះ ។ កន្លែងដែលខ្ញុំមានឱកាសរៀបចំគោលដៅសម្លឹងទៅរកអនាគតកាល គឺស្ថិតនៅក្នុងជំរំជនខ្ចាត់ព្រាត់តាមបណ្តោយព្រុំដែន ខ្មែរ-ថៃ ។ ទីនោះ គេវាស់ដីឲ្យយើងដើរ និងរស់ដោយសារការបរិច្ចាគទានអំពីអ្នកដទៃ ។ អ្វីដែលខ្ញុំកត់សម្គាល់នៅទីនោះគឺថា ក្រៅអំពីភាពច្របូកច្របល់ខ្វល់ខ្វាយអំពីភាពមិនទៀងទាត់នៃសុវត្ថិភាពនៃការរស់នៅ មានឱកាសមួយចំនួនដែលខ្ញុំអាចស្តារនិងដោះស្រាយបញ្ហានានានៅក្នុងដំណើរជីវិត ។ អង្គការមនុស្សធម៌បានផ្តល់ឱកាសឲ្យកុមារនិងយុវជនកម្ពុជាសិក្សាជាលក្ខណៈវិសាមញ្ញមួយ ។ ក្រៅអំពីឱកាសសិក្សាដែលគាំទ្រដោយអង្គការមនុស្សធម៌ មានសាលាបង្រៀនភាសាអង់គ្លេសជាលក្ខណៈឯកជនមួយចំនួនដែរ ។ ដែលហៅថាសាលាឯកជននៅទីនេះ គឺគ្មានអ្វីលើសអំពីខ្ទមស្លឹកតូចមួយ ឬក៏ក្រោមដើមឈើនោះទេ ។ គឺសាលាឯកជនប្រភេទនេះហើយ ដែលខ្ញុំរៀនភាសាអង់គ្លេសយកទៅធ្វើជាដើមទុនសម្រាប់ចូលរៀននៅក្នុងមហាវិទ្យាល័យនៅស្រុកអាមេរិក ។ ជំហានទីមួយដែលខ្ញុំជ្រើសរើស ដើម្បីរៀបចំគោលដៅជីវិតឡើងវិញគឺការសិក្សា ។ ខ្ញុំមានអាយុច្រើនជាងកម្រិតដែលខ្ញុំអាចចូលរៀនបន្ត ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហា ខ្ញុំកាត់បន្ថយអាយុ៥ឆ្នាំចោល ។ បន្ទាប់ពីបន្ថយអាយុ៥ឆ្នាំ ខ្ញុំនៅតែជាកូនសិស្សចាស់ជាងគេបំផុតនៅក្នុងថ្នាក់រៀន ។ ជាគោលការណ៍យុទ្ធសាស្ត្រ ខ្ញុំចូលរៀនឡើងវិញនៅក្នុងកម្រិតមួយដែលខ្ពស់ជាងសមត្ថភាពយល់ដឹងរបស់ខ្ញុំបន្តិច ក៏ប៉ុន្តែស្ថិតនៅក្រោមកម្រិតដែលមនុស្សមានអាយុស្រករខ្ញុំកំពុងសិក្សា ។ ដូច្នេះ ការសិក្សារបស់ខ្ញុំគឺស្ថិតក្នុងស្ថានភាពមួយដែលភាសាអង់គ្លេសហៅថា In tandem (ឬក៏ស្របពេលជាមួយគ្នា) ។ ខ្ញុំរៀនបន្តអំពីកម្រិតដែលខ្ញុំយល់ដឹងដោយខ្លួនឯង ។ រៀនផ្លូវការនៅក្នុងសាលាដោយពឹងផ្អែកលើជំនួយអំពីមិត្តភក្តិ ។ និងរៀននៅកម្រិតដែលមនុស្សស្រករខ្ញុំកំពុងសិក្សាពីសំណាក់មិត្តភក្តិ ។ គួរកត់សម្គាល់ថា ការរៀនពីសំណាក់មិត្តភក្តិនេះ មិនអាចបានគ្រប់មុខវិជ្ជាទេ ។ មុខវិជ្ជាមួយចំនួនដូចជា រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា គឺខ្ញុំត្រូវបោះបង់ចោលទាំងស្រុង ។ ខ្ញុំមានបរិញ្ញាប័ត្រចេញពីសាកលវិទ្យាល័យសហរដ្ឋអាមេរិក ក៏ប៉ុន្តែមុខវិជ្ជាទាំងបីនេះ ខ្ញុំយល់ដឹងមិនស្មើក្មេងរៀនថ្នាក់ទី ៦ បច្ចុប្បន្នទេ ។ ល្ងិតដូចយប់! ខ្ញុំចំណាយពេលរៀនជាលក្ខណៈ in tandem នៅក្នុងជំរំជនភៀសខ្លួនអស់រយៈពេល ៤ឆ្នាំគត់ ។ មកដល់សហរដ្ឋអាមេរិក ខ្ញុំប្រមូលចំណេះដឹងសម្លរចាប់ឆាយរបស់ខ្ញុំមកផ្គុំគ្នាហើយរៀបចំយុទ្ធសាស្ត្រមួយថ្មីទៀត ។ ក៏ប៉ុន្តែ ខ្ញុំអត់បោះបង់ចោលយុទ្ធសាស្ត្រ in tandem របស់ខ្ញុំទេ ។ នៅអាយុ២៥ឆ្នាំ ខ្ញុំគឺជានិស្សិតដែលមានវ័យចំណាស់ជាងគេ ។ និយាយមួយបែបទៀត និស្សិតទាំងឡាយគេយកបានម៉ាស្ទ័រ ឬក៏ចាប់ផ្តើមសរសេរសារណាយកមហាបរិញ្ញាទៅហើយ ខ្ញុំទើបនឹងចាប់ផ្តើមឆ្នាំទីមួយនៅមហាវិទ្យាល័យ ។ នៅមហាវិទ្យាល័យ ខ្ញុំរៀននៅក្នុងកម្រិតដែលគេតម្រូវឲ្យយើងរៀនផង និងនៅក្នុងកម្រិតបន្ទាប់ (Advance) ផង ។ ឧទាហរណ៍ បើគេតម្រូវឲ្យយើងរៀនតែងសេចក្តីពីរឆមាសទើបអនុញាតិឲ្យរៀនអក្សរសិល្ប៍ ខ្ញុំសុំគេរៀនអក្សរសិល្ប៍នៅអំឡុងពេលកំពុងរៀនតែងសេចក្តីនៅឆមាសទីពីរ ។ មុខវិជ្ជាផ្សេងទៀត ខ្ញុំអនុវត្តិគោលការណ៍ស្រដៀងគ្នា ។ ស្របពេលជាមួយគ្នា ខ្ញុំភ្ជាប់អ្វីៗដែលខ្ញុំរៀនទៅនឹងភាសាខ្មែរ ដោយប្រើសៀវភៅនិងឯកសារខ្មែរដែលខ្ញុំមាន ។ ចំណុចនេះហើយដែលធ្វើឲ្យខ្ញុំនៅមានលទ្ធភាពអាចសរសេរអត្ថបទជាភាសាខ្មែរបាន ។ សូមបែរទៅនិយាយអំពីប្រធានបទទុព្វលភាពវិញម្តង ។ នៅពេលយើងនិយាយអំពីទុព្វលភាព គឺយើងនិយាយអំពីជរាពាធ ឬភាពចុះទន់ខ្សោយទាំងរូបកាយនិងសតិបញ្ញា ។ នៅក្នុងប្រព័ន្ធសុខភាពក៏ដូចជាកត្តាផ្សេងៗពាក់ព័ន្ធនឹងជីវិតដែរ គឺរមែងមានរូបធាតុភ្លោះដែលភាសាអង់គ្លេសហៅថា Duality នៅក្នុងនោះ ។ សុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត (Physical and Mental Health) គឺជារូបធាតុភ្លោះ ។ ក៏ប៉ុន្តែ មនុស្សទូទៅកម្រនឹកនាទៅដល់សុខភាពផ្លូវចិត្តណាស់ ដ្បិតវាគ្មានរូបរាងអាចឲ្យយើងមើលឃើញ ។ ខ្ញុំទៅឆ្លុះកញ្ចក់មើលឃើញតែសាច់ដុំស្រកស្រុតតែប៉ុណ្ណោះ ។ ឯរឿងឆន្ទៈឬទឹកចិត្តតស៊ូរបស់ខ្ញុំស្រកស្រុតដល់កម្រិតណា ខ្ញុំមើលមិនឃើញឡើយ ។ ខ្ញុំគ្រាន់តែដឹងថា វាមិនសូវរឹងមាំទេ ។ នេះគឺជាការទទួលស្គាល់មួយដែលផ្ទុយអំពីអត្តចរិត Bravado របស់ខ្ញុំ ។ ការថែទាំឬរក្សាសុខភាពផ្លូវកាយ មានច្រើនសណ្ឋាន ។ ក៏ប៉ុន្តែ កត្តាសំខាន់បីដែលមនុស្សទូទៅយល់ដឹងគឺទទួលទានអាហារគ្រប់គ្រាន់ ហាត់ប្រាណ (ធ្វើពលកម្ម ឬសកម្ម) និង សម្រាក ។ ឯការថែទាំសុខភាពផ្លូវចិត្ត មិនសូវមានមនុស្សយល់ដឹងប៉ុន្មានទេ ។ យើងគិតតែពីប្រឹងៗៗៗ! តស៊ូៗៗ! និងយកជ័យជម្នះលើឧបស័គ្គនានាឲ្យបាន ។ ជោគជ័យគឺជាអ្វីដែលយើងត្រូវការ ។ ម៉ែឪជេរស្តីវាយដំបង្ខំកូនឲ្យរៀនឥតឈប់ឈរ ។ បន្ទាប់ពីរៀន យើងប្រឹងរកសុីឥតល្ហែរ ។ យើងខ្លាចតែជីវិតជួបការលំបាក ។ ក៏ប៉ុន្តែ យើងមិនដែលសួរខ្លួនឯងផងទេថា តើជីវិតមួយណាដែលមិនជួបការលំបាកនោះ ។ បើនៅតែជួបការលំបាកដដែលជាដដែល ហេតុអ្វីក៏មិនថែទាំសុខភាព ជាពិសេសសុខភាពផ្លូវចិត្ត (Mental Health) តាំងតែពីដើមទីមក ។ ចិត្តនិងកាយប្រហែលជាមិនខុសគ្នាទេ ។ បើយើងដាក់សម្ពាធខ្លាំងទៅលើវា វានឹងទ្រុឌទ្រោមដូចគ្នា ។ ខ្ញុំចាប់ផ្តើមពិចារណារឿងនេះនៅពេលឃើញជនជាតិអាមេរិកាំងដែលមានអាយុ៨០ជាងហើយ នៅអាចបើកបរយានយន្តដោយខ្លួនឯងបាន ។ ចំណែកខ្ញុំអាយុទើបតែហាក្រាស់ ភាពរហ័សរហួន(Vigor)របស់ខ្ញុំហាក់ដូចជាចាប់ផ្តើមថមថយ ។ រឿងចាស់ៗអាមេរិកាំងអាចគេចវេះអំពីការភ្លេចភ្លាំងបានយូរ (Dementia or Degenerative Diseases) គឺប្រហែលជាមកអំពីអត្តចរិតលម្ហែរ (Take it easy) កាលពីពួកគេនៅក្មេង ។ ខ្ញុំនៅចាំថា កាលរៀនថ្នាក់ទីបញ្ចប់នៅវិទ្យាល័យ កូនសិស្សអាមេរិកាំងម្នាក់ដែលជាដៃគូធ្វើលំហាត់គណិតវិទ្យារបស់ខ្ញុំបានប្រាប់ខ្ញុំកុំឲ្យស្ទុះស្ទារខ្លាំងពេក ។ វាប្រាប់ខ្ញុំថា បើធ្វើលំហាត់មិនហើយក៏ហីទៅ (It is not a big deal) ។ អាកប្បកិរិយាលម្ហែរនេះ (Relax attitude) ប្រហែលជាអ្វីដែលយើងគួរតែគិតគូរតាំងតែពីយុវវ័យមក ។ វាអាចជាកត្តាថែរក្សាសុខភាពផ្លូវចិត្ត (Mental Health) របស់យើងឲ្យរឹងមាំបានយូរផងដែរ ។ ទុព្វលភាពផ្លូវចិត្តគឺជារឿងមួយដែលពិបាកយល់ ។ ខ្ញុំព្យាយាមស្វែងយល់ដោយប្រើ ហ្គូហ្គលស៊ឺច ប៉ុន្តែមិនឃើញមានអត្ថបទសរសេរពាក់ព័ន្ធនឹងប្រការនេះទេ ។ អ្នកស្រាវជ្រាវភាគច្រើនអះអាងថា ខួរក្បាលដែលសកម្មមានសុខភាពល្អ ។ និយាយមួយបែបទៀត បើយើងប្រើខួរក្បាលឲ្យគិតរឹតតែច្រើន វានឹងរឹងមាំរស់រវើកបានយូរ ។ ខ្ញុំហាក់ដូចជាមិនយល់ស្របជាមួយនឹងប្រការនេះទាំងស្រុងទេ ។ ខួរក្បាលក៏ជាសរីរាង្គមួយដែរ ។ រូបមានសាច់ដុំជាអ្នកទ្រទ្រង់ ។ ខួរក្បាលនិងបេះដូង(ចិត្ត)មានសរសៃប្រសាទជាភ្នាក់ងារចាត់ចែងកិច្ចការនានាដែលវិញ្ញាណទាំងប្រាំបញ្ជូនមក ។ បើយើងប្រៀបធៀបសរសៃប្រសាទនៅក្នុងខួរក្បាល (Neurological functions) ទៅនឹងចរន្តអគ្គីសនី វាប្រហែលជាមិនខុសគ្នាប៉ុន្មានឡើយ ។ ក្នុងប្រព័ន្ធចរន្តអគ្គីសនីរមែងមានព្រឹត្តិការណ៍មួយដែលភាសាអង់គ្លេសហៅថា Power Surges ។ នៅពេលព្រឹត្តិការណ៍នេះកើតឡើង យើងដាច់ភ្លើងហើយគ្រឿងអេឡិចត្រូនិកនានាដែលយើងតភ្ជាប់ជាមួយនឹងចរន្តអគ្គីសនីនោះ ត្រូវរងផលប៉ះពាល់ ។ សំណួរមួយដែលយើងអាចលើកយកមកពិចារណាគឺថា តើខួរក្បាលដែលមានតួនាទីទទួលយករឿងរ៉ាវសព្វសារពើដែលវិញ្ញាណទាំងប្រាំនិងបេះដូងបញ្ជូនមកឲ្យដោះស្រាយគ្មានថ្ងៃលស់នោះ អាចរងផលប៉ះពាល់ដែរទេ ។ បើរងផលប៉ះពាល់ តើវាអាចធ្លាក់ចូលក្នុងទុព្វលភាពរបៀបណា ។ នេះគឺជាអាថ៌កំបាំងមួយដែលប្រហែលជាត្រូវការ ការត្រិះរិះពិចារណាច្រើនជាងវិទ្យាសាស្ត្រ ។ អត្ថបទនេះ ខ្ញុំសរសេរសម្រាប់យុវជនយកទៅពិចារណា ។ ការប្រឹងប្រែងឲ្យអស់ពីសមត្ថភាពមិនមានអ្វីខុសទាស់ទេ ។ ក៏ប៉ុន្តែ ការថែទាំសុខភាពផ្លូវចិត្តនិងខួរក្បាលគឺជារឿងមួយដែលមើលមិនឃើញនិងពិបាកយល់ ។ ចំណុចសំខាន់មួយដែលខ្ញុំចង់ឲ្យមិត្តអ្នកអានយកទៅពិចារណាគឺថា ផលប៉ះពាល់ដែលចិត្តនិងខួរក្បាលទទួល ភាគច្រើនមិនស្តែងចេញឲ្យឃើញភ្លាមៗទេ ។ យើងត្រូវរង់ចាំយ៉ាងហោចណាស់ក៏៣០ទៅ៤០ឆ្នាំទៅមុខទៀត ទើបអាចដឹងលទ្ធផល ។ ប្រការមួយទៀតដែលយើងគួរលើកយកមកពិចារណាជាមួយនឹងរឿងទុព្វលភាពនេះ គឺគុណភាពនៃជីវិត ។ នៅពេលយើងនិយាយអំពីគុណភាពជីវិត យើងមិននិយាយអំពីទ្រព្យសម្បត្តិ រូបសម្បត្តិ ចរិយាសម្បត្តិ និងថេរវេលាដែលយើងរស់នៅឡើយ ។ គុណភាពនៃជីវិតគឺសំដៅលើលទ្ធភាពនៃការរស់នៅរហូតដល់ដង្ហើមចុងក្រោយដោយមិនពិបាកពឹងផ្អែកលើអ្នកដទៃ ។ និយាយឲ្យងាយយល់គឺ អាចទទួលទានអាហារដោយខ្លួនឯងបាន អាចដើរបាន (Physical Functions) និង អាចចងចាំមនុស្សដែលយើងធ្លាប់ស្គាល់ (Cognitive Functions) រហូតដល់ថ្ងៃមរណា ។ សូមបញ្ចប់ត្រឹមនេះចុះ ហើយក៏សូមបួងសួងឲ្យមិត្តភក្តិទាំងអស់ រាប់បញ្ចូលទាំងរូបខ្ញុំផងដែរ ដែលកំពុងធ្វើដំណើរឆ្លងកាត់ទុព្វលភាព បានទៅដល់តំណាក់ចុងក្រោយដោយក្តីរីករាយ Age gracefully! ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...