Thursday, December 23, 2021

ចំណីខួរក្បាល

មរតកជីវិត (Life's Legacy) កាលរៀននៅសាកលវិទ្យាល័យនៅស្រុកអាមេរិក ខ្ញុំឧស្សាហ៍ឮនិស្សិតនិងគ្រូលើកយកប្រការមួយមកនិយាយ៖ មនុស្សរស់នៅក្នុងសង្គម គួរតែធ្វើអ្វីមួយដែលជាគុណប្រយោជន៍ដល់សង្គមមុននឹងលាចាកលោកនេះទៅវិញ ។ ខ្ញុំគិតក្នុងចិត្តថា ជីវិតខ្ញុំវេទនាយោងតែអាត្មាមិនចង់រួច តើមានលទ្ធភាពអ្វីនឹងសាងគុណប្រយោជន៍ដល់សង្គមនឹងគេ ។ និយាយតាមត្រង់ ក្នុងនាមជាជនអន្តោប្រវេសតោកយ៉ាកម្នាក់ ខ្ញុំគ្មានចំណាប់អារម្មណ៍នឹងរឿងសាងគុណប្រយោជន៍សម្រាប់សង្គមនោះទេ ។ ខ្ញុំជួយតែខ្លួនឯងមិនចង់រួចផង តើមានឋាមពលឯណាទៅជួយអ្នកដទៃនោះ ។ ជាច្រើនឆ្នាំក្រោយមក ខ្ញុំយករឿងសាងប្រយោជន៍ដល់សង្គមមកគិតហើយសួរខ្លួនឯងថា តើខ្ញុំពិតជាមនុស្សកើតមកនាំតែធ្ងន់ផែនដីមែនឬយ៉ាងណា ។ ខ្ញុំរអៀសខ្លួនហើយខំស្វែងរកទង្វើនានាដែលខ្ញុំបានធ្វើសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ ។ វាពិបាកជាងរាវរកម្ជុលនៅក្នុងបាតសមុទ្រទៅទៀត ដ្បិតខ្ញុំមិនធ្លាប់បានតស៊ូប្តូរជីវិតរត់ចោលម្តាយទៅបង្កើតរណសិរ្សចេញច្បាំងតតាំងដណ្តើមយកសន្តិភាពមកទុកឲ្យមនុស្សផងទាំងពួងអរគុណឡើយ ។ ប៉ុន្តែ ការស្វះស្វែងរបស់ខ្ញុំបានស្តែងចេញនូវទង្វើយ៉ាងហោចណាស់ក៏ពីរដែរ ដែលបញ្ជាក់ថា ខ្ញុំមិនមែនជាមនុស្សចោលម្សៀតដូចដែលខ្ញុំគិតនោះទេ ។ មុននឹងខ្ញុំនិយាយអំពីគុណប្រយោជន៍ដែលខ្ញុំសាងដើម្បីអ្នកដទៃ ខ្ញុំសូមលើកនិយាយអំពីគុណប្រយោជន៍ដែលអ្នកដទៃបានសាងមកលើខ្ញុំសិន ។ វាមិនមែនជាគុណប្រយោជន៍អ្វីធំដុំទេ ។ ក៏ប៉ុន្តែ បើខ្ញុំមិនលើកយកគុណប្រយោជន៍កំបុិកកំប៉ុកនេះ មកធ្វើបទបង្ហាញជាមុន នោះគុណប្រយោជន៍ដែលខ្ញុំបានសាង ប្រាកដជាគ្មានភាពលេចធ្លោឡើយ ។ ឃើញទេ ខ្ញុំពិតជាមនុស្សអត្តទត្ថនិយមណាស់! ក្រៅពីជំនាញសរសេរអត្ថបទ ខ្ញុំមានជំនាញដ៏សំខាន់មួយដែលមិនសូវមាននរណាដឹងឡើយ ។ ជំនាញនោះ គឺការឡើងដើមត្នោតយកទឹក ។ បាទ! ខ្ញុំគឺជាអ្នកជំនាញខាងគៀបផ្កាត្នោតយកទឹកដ៏ចំណានម្នាក់ ។ ខ្ញុំរៀនជំនាញឡើងត្នោតកាលពីកុមារភាពនៅក្នុងជំនាន់ ប៉ុល ពត ។ ខ្ញុំមានគ្រូបង្ហាត់ឡើងត្នោតពីររូប៖ មួយរូបជាអតីតជនពាល និងមួយរូបទៀតជាអតីតព្រះសង្ឃដែលបានបួសរៀនមិនតិចជាង១៥វស្សាឡើយ ។ ការហ្វឹកហ្វឺនវិជ្ជាឡើងត្នោតរបស់ខ្ញុំ ប្រព្រឹត្តិទៅនៅខែកក្តិកនាចុងឆ្នាំ ១៩៧៧ បន្ទាប់ពីឪពុកខ្ញុំចែកឋានទៅ ។ ចាស់ៗមួយក្រុមដែលអាជ្ញាធរមូលដ្ឋានបញ្ជូនឲ្យទៅរស់នៅធ្វើចម្ការក្បែរមាត់ស្ទឹង ស្ទោង បានហៅខ្ញុំឲ្យទៅរស់នៅជាមួយនឹងពួកគាត់ដើម្បីធ្វើកិច្ចការនានា (ក្មេងបម្រើ) ។ កិច្ចការមួយដែលខ្ញុំត្រូវធ្វើគឺ ឡើងគៀបផ្កាត្នោតយកទឹកមកបរិភោគ ។ គួរបញ្ជាក់ថា ការមានទឹកត្នោតបរិភោគប្រចាំថ្ងៃនាសម័យនោះ វាហាក់ដូចជាសេរីបន្តិចហើយ ។ ក៏ប៉ុន្តែ តាៗទាំងនោះជាចាស់ទុំក្នុងភូមិដែលពួកកម្មាភិបាលមូលដ្ឋានគោរពកោតក្រែង ។ អាជ្ញាធរមូលដ្ឋាននៅគ្រានោះមិនសូវហ៊ានរុកគួនពួកគាត់ទេ ។ ក្នុងចំណោមតាចាស់ៗទាំងនោះ តាផ្លោក មានវ័យចំណាស់ជាងគេ ។ បន្ទាប់មក តាជឹម ។ តាផ្លោកនិងតាជឹម ជាបងថ្លៃប្អូនថ្លៃ ហើយក៏មានអនុស្សាវរីយ៍ជូរចត់នឹងគ្នាផងដែរ ។ កាលពីក្មេង តាជឹមជាជើងកាងប្រចាំភូមិ ។ គាត់លួចស្រឡាញ់ប្អូនស្រីពៅរបស់តា ផ្លោក ។ គាត់បានប្រមូុលស្ម័គ្របក្សពួកចូលទៅចាប់ពង្រាត់ប្អូនស្រីតាផ្លោកដល់ផ្ទះ ។ ដើម្បីការពារប្អូនស្រី តាផ្លោកទាញកាំបិតផ្គាក់មកឈរចាំប្រយុទ្ធជាមួយពួកក្មេងពាលនៅក្នុងទីធ្លាមុខផ្ទះ ។ បក្សពួកតាជឹមបានឡោមព័ទ្ធតាផ្លោកជាប់ ដើម្បីឲ្យតាជឹមឡើងទៅលើផ្ទះចាប់ពង្រាត់គូជីវិតរបស់គាត់ ។ នៅក្នុងការតតាំងគ្នានោះ តាផ្លោកត្រូវបានគេកាប់មួយកាំបិតផ្គាក់ត្រូវចំស្មាត្រង់កន្លែងបោះដៃផុត ដែលបន្សល់ទុកសម្លាកស្នាមរហូតដល់ថ្ងៃដែលខ្ញុំបានជួបនឹងគាត់ ។ ឯតាជឹមក៏បានទទួលជោគជ័យក្នុងការចាប់ពង្រាត់ប្អូនស្រីតាផ្លោកដែរ ។ គាត់នាំនាងទៅស្នាក់នៅស្រុក ជាំក្សាន្ត មួយរយៈ ។ រហូតដល់អង្ករក្លាយជាបាយ ទើបតាជឹមនាំប្អូនស្រីតាផ្លោកវិលមកស្រុកវិញ ហើយក៏រៀបការនឹងគ្នាបង្កើតបានជាគ្រួសារមួយ ។ តាជឹមជាអ្នកបង្រៀនខ្ញុំឲ្យចេះស្វែងរកឫស្សីបង្អោងត្នោត និងអំពីរបៀបចងបង្អោងភ្ជាប់នឹងដើមត្នោត ។ ឯការបង្រៀនអំពីរបៀបគៀបផ្កាត្នោតដើម្បីឲ្យវាផ្តល់ទិន្នផលទឹកច្រើន តួនាទីនេះធ្លាក់ទៅលើតា ឆុង ។ តាឆុងធ្លាប់បានបួសរៀនយូរអង្វែង និងមានចំណេះដឹងជ្រៅជ្រះមិនត្រឹមតែផ្នែងព្រះពុទ្ធសាសនាទេ ថែមទាំងព្រហ្មញ្ញសាសនាទៀតផង ។ ក្រៅពីបង្រៀនខ្ញុំអំពីរបៀបគៀបផ្កាត្នោត តាឆុងក៏បានបង្រៀនខ្ញុំនូវអាគមស្តោះផ្លុំរំងាប់ពិសសត្វអសិរពិស និងអំពីរបៀបមើលជើងលេខគូស្រករដោយប្រើបាតដៃនិងម្រាមទាំងប្រាំផងដែរ ។ ក៏ប៉ុន្តែ របៀនស្តោះផ្លុំនិងមើលជើងលេខគូស្រករ ខ្ញុំភ្លេចអស់ហើយ ។ នៅចាំតែវិធីគៀបផ្កាត្នោតយកទឹកតែប៉ុណ្ណោះ ។ ត្នោតមានពីភេទ គឺញីនិងឈ្មោល ។ ត្នោតឈ្មោលមានតែផ្កាអត់ផ្លែទេ ។ ផ្កាត្នោតឈ្មោលមានសណ្ឋានដូចម្រាមដៃ ។ បើយើងបំបែកយកផ្កាមួយៗ វាមានសណ្ឋានដូចអង្គជាតិមនុស្សប្រុស (ក្តត្នោតឈ្មោល) ។ មុននឹងបង្រៀនខ្ញុំអំពីរបៀបគៀបផ្កាត្នោត តាឆុងបានយករឿងនិទានបីដែលពាក់ព័ន្ធនឹង ព្រះពិស្ណុកា មកប្រាប់ខ្ញុំជាមុនសិន ។ ព្រះពិស្ណុកាជាគ្រូបង្រៀនគ្រប់មុខវិជ្ជាទាំងអស់ ។ គាត់ក៏ជាអ្នកផ្តល់ឱវាទដោះស្រាយរាល់បញ្ហានានានៅក្នុងជីវិតផងដែរ ។ រឿងទីមួយដែលតាឆុងនិទានប្រាប់ខ្ញុំអំពីព្រះពិស្ណុកា គឺករណីកំពូលប្រាសាទវៀច ។ តាឆុងប្រាប់ខ្ញុំថា ម្តងនោះអ្នកស្រុកនាំគ្នាកសាងប្រាសាទ ។ ពេលសាងសង់រួច កំពូលប្រាសាទមួយវៀច ។ ពួកគេទៅសួរព្រះពិស្ណុកាដើម្បីរកវិធីកែតម្រូវ ។ ព្រះពិស្ណុកាប្រាប់ពួកគេឲ្យយកខ្សែអំបោះឆៅទៅចងនៅកំពូលប្រាសាទដែលវៀចហើយទាញតម្រង់ដោយយកផ្លែឃ្លោកទុំគោះពីម្ខាង ។ អ្នកស្រុកមិនជឿទេ ។ ពួកគេរុះរើកំពូលប្រាសាទនោះសង់សាឡើងវិញ ។ ប៉ុន្តែធ្វើយ៉ាងណាក៏នៅតែមិនត្រង់ដែរ ។ កំពូលប្រាសាទនោះនៅវៀចរហូតដល់សព្វថ្ងៃ ។ រឿងទីពីរគឺជាងដែកដែលតដែកមិនជាប់ ។ ពេលជាងដែកទៅសួរព្រះពិស្ណុកា ព្រះពិស្ណុកាយកដីខ្សាច់រោយលើក្បាលគាត់ ។ ដូច្នេះហើយបានជាជាងដែកតែងតែយកដីខ្សាច់ទៅរោយលើចំណុចតំណដែកនៅលើភ្លើងចង្រានស្លរដែកជាមុនសិន មុននឹងលើកវាយកមកដំនឹងញញួរឲ្យវារលាយសាច់ចូលគ្នា ។ រឿងទីបីគឺរឿងអ្នកឡើងត្នោតដែលចង់បានទិន្នផលខ្ពស់ ។ គាត់ទៅសួរព្រះពិស្ណុកាថា តើធ្វើដូចម្តេចទើបអាចឲ្យផ្កាត្នោតបញ្ចេញទឹកបានច្រើន ។ ព្រះពិស្ណុកាប្រាប់អ្នកឡើងត្នោតថា៖ ធ្វើដូចព្រលូតក្តឪឯង! ព្រលូតក្តឪឯង! ខ្ញុំមិនដឹងថាពាក្យនេះមានន័យដូចម្តេចទេ ។ ស្តាយណាស់! ម្តាយខ្ញុំចែកឋានបាត់ទៅហើយ ។ បើគាត់នៅរស់ ប្រហែលជាគាត់ដឹង ។ ទោះជាយ៉ាងណាក៏ដោយ បើតាមតាឆុងប្រាប់ខ្ញុំ នៅពេលផ្កាត្នោតឈ្មោលចេញផុតអំពីស្រោម យើងត្រូវយកម្រាមដៃក្តាប់វាថើៗហើយត្រដុសវាចុះឡើងៗ ។ បន្ទាប់មក យកកាំបិតវះគល់ទងវាដើម្បីកុំឲ្យវានៅក្រញាងដូចម្រាមដៃ ។ បន្ទាប់មកទៀត យកគ្នៀបឬដង្គៀបគៀបវាថ្នមៗ ។ គួរបញ្ជាក់ថា ដង្គៀបត្នោតឈ្មោលនិងដង្គៀបត្នោតញីខុសគ្នា ។ ដង្គៀបត្នោតឈ្មោលសំប៉ែតនៅផ្នែកខាងគល់ ។ គេអាចយកដងរែកមកកាត់ជាពីរហើយយកចំណុចសំប៉ែតចំកណ្តាលមកចងផ្គុំគ្នាធ្វើជាគ្នៀបត្នោតឈ្មោល ។ ឯគ្នៀបត្នោតញីមានរាងមូលធ្វើពីចុងឫស្សីពីងពង់ ឬក៏ខ្នែងឫស្សីដែលមានទំហំប៉ុនមេជើង ។ ឫស្សីគឺជាឧបករណ៍ដ៏ល្អបំផុតសម្រាប់ធ្វើជាដង្គៀបគៀបផ្កាត្នោត ។ ការប្រើដៃក្តាប់ត្រដុសផ្កាត្នោតឈ្មោលនិងគៀបវាគឺត្រូវធ្វើរយៈពេលយ៉ាងហោចណាស់ក៏មួយអាទិត្យដែរ ។ ផ្កាត្នោតឈ្មោលខ្លះ មិនចាំបាច់គៀបវាទេ ។ ប្រហែលជាវាខ្លាចឈឺមើលទៅ ។ គ្រាន់តែក្តាប់វានឹងដៃហើយច្បូតចុះឡើងៗក៏ចេញទឹកដែរ ។ ឯផ្កាត្នោតញីក៏យើងត្រូវប្រើវិធីស្រដៀងគ្នានឹងផ្កាត្នោតឈ្មោលដែរ គ្រាន់តែយើងប្តូរវិធីបបោសអង្អែលពី ព្រលូតក្តឪ ទៅ អង្អែលដើមទ្រូងប្រពន្ធវិញម្តង (ដល់ពេលត្រូវទៅសួរឪវិញម្តងហើយ ថាតើគេធ្វើដូចម្តេច) ។ ផ្កាត្នោតញីដែលមានក្តិបតូចៗជុំវិញ មានសណ្ឋានដូចដោះស្រីក្រមុំទើបនឹងឡើងខ្លួន ។ ពេលផ្កាត្នោតញីចេញផុតពីត្របក យើងត្រូវយកដៃទៅលុញច្របាច់ត្រដុសបបោសអង្អែលវាថ្នមៗ ។ រួចហើយ យកដង្គៀបទៅគៀបវានៅចន្លោះក្តឹបនីមួយៗ ។ ត្នោតញីខ្លះ ក្តឹបវាលូតលាស់ធំលឿនណាស់ ។ ដើម្បីរក្សាផ្កាត្នោតញីឲ្យនៅក្រពុំបានយូរ យើងអាចប្រើវិធីម្យ៉ាងដែលហៅថា គៀបសម្លាប់ ។ គឺយើងគៀបលើក្តឹបត្នោតកុំឲ្យវាលូតលាស់ធំកើត ។ ការគៀបនិងលុញត្រដុសបបោសអង្អែលផ្កាត្នោតញី គឺត្រូវចំណាយពេលប្រមាណជាមួយអាទិត្យដូចត្នោតឈ្មោលដែរ ។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំមិនឈប់ត្រឹមមួយអាទិត្យទេ ។ ខ្ញុំនៅតែគៀប ត្រដុសអង្អែល និងចិតចុងផ្កាឲ្យវាស្រក់ទឹករហូតបានទិន្នផលប្រមាណជាកន្លះ ឬកាចបំពង់ទើបឈប់ ។ គួរបញ្ជាក់ដែរថា ការចិតផ្កាត្នោត គឺត្រូវមានកម្រាស់ប្រហាក់ប្រហែលឬស្មើគ្នារៀងរាល់ថ្ងៃ ទើបទិន្នផលទឹកដែលវាផ្តល់ឲ្យយើងប្រចាំថ្ងៃមិនស្រកស្រុត ។ ត្នោតខ្លះ យើងចិតផ្កាវាអស់ទៅដល់ទងហើយ ក៏នៅតែផ្តល់ទឹកមិនស្រកស្រុតដែរ ។ ពេលជួបករណីនេះ យើងត្រូវចាប់អង្គៀកទងផ្កាត្នោតនោះរៀងរាល់ថ្ងៃមុននឹងចិតមុខឲ្យវាសម្រក់ទឹកចេញមក ។ នេះគឺជាបច្ចេកទេសផលិតទឹកត្នោតដែលខ្ញុំបានរៀនផ្ទាល់មាត់ (Oral training) ពីបុព្វបុរសខ្មែរ ។ ខ្ញុំកត់ត្រាចែករំលែកនៅទីនេះ គួរចាត់ទុកថាជាគុណប្រយោជន៍តូចមួយដែលខ្ញុំបញ្ជូនទៅឲ្យអ្នកជំនាន់ក្រោយផងចុះ ។ ឥឡូវ សូមនិយាយអំពីគុណប្រយោជន៍ដែលខ្ញុំបានសាងវិញម្តង ។ ខ្ញុំបានសាងគុណប្រយោជន៍ពីរ ដែលផ្តល់ផលប្រយោជន៍សម្រាប់តែអ្នកដទៃប៉ុណ្ណោះ ។ គុណប្រយោជន៍ទីមួយគឺសរសេរសៀវភៅអានមួយសម្រាប់កុមារកម្ពុជា ។ គុណប្រយោជន៍ទីពីរគឺ ញុះញង់ពលរដ្ឋខ្មែរឲ្យបោះឆ្នោតធ្វើបាតុកម្ម ។ នៅឆ្នាំ ១៩៩៨ ខ្ញុំបានទៅទស្សនកិច្ចនៅស្រុកខ្មែរជាលើកដំបូកបន្ទាប់ពីឃ្លាតឆ្ងាយជាច្រើនឆ្នាំ ។ ខ្ញុំមានអត្តចរិតជាប្រភេទមនុស្សនិយម (Humanist) ។ ដូច្នេះ ដំណើររបស់ខ្ញុំទៅកាន់ទីណាក៏ដោយ រមែងផ្តោតទៅលើទិដ្ឋភាពនៃការរស់នៅរបស់មនុស្សនៅទីនោះ ។ ទិដ្ឋភាពមួយនៅស្រុកខ្មែរនាគ្រានោះដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺការអប់រំកុមារ ។ វាហាក់ដូចជាមានភាពរខេករខាកនិងអន់ខ្សោយ ប្រហាក់ប្រហែលនឹងស្ថានភាពដែលខ្ញុំធ្លាប់ជួប នៅក្នុងជំរំជនភៀសខ្លួនខ្មែរនៅតាមព្រុំដែនខ្មែរ-ថៃ ដែរ ។ ខ្ញុំគ្មានលទ្ធភាពនិងសមត្ថភាពអ្វីទៅដោះស្រាយបញ្ហានដ៏ធំនោះទេ ។ ប៉ុន្តែ ខ្ញុំចិញ្ចឹមចិត្តមួយថា ខ្ញុំអាចជួយ ។ ខ្ញុំយកទិដ្ឋភាពសម្លរមួយឆ្នាំង ដែលមានតែឆ្នាំងនិងទឹកដាំនៅលើចង្ក្រាន ប៉ុន្តែគ្មានបន្លែត្រីសាច់អំបិលប្រហុកនិងគ្រឿងទេសនានាឡើយ មកធ្វើជាគោល ។ សម្លរដែលខ្វះបន្លែត្រីសាច់និងគ្រឿងទេស អាចមានគុណតម្លៃយកមកទទួលទានទ្រទ្រង់ជីវិតបាន ប្រសិនបើមនុស្សដែលមានវត្ថុសម្រាប់ស្លរស្លុកទាំងនោះ យកវាទៅបង់ក្នុងឆ្នាំង ។ គឺចិត្តស្រមើស្រមៃនេះហើយដែលជម្រុញឲ្យខ្ញុំ ផ្តួចផ្តើមគំនិតសរសេរសៀវភៅអានសម្រាប់កុមារ ។ និយាយឲ្យត្រង់ទៅចុះ ខ្ញុំមិនប្រាកដក្នុងចិត្តថាមានសមត្ថភាពអាចសរសេរសៀវភៅកុមារនោះទេ ។ ក៏ប៉ុន្តែ ខ្ញុំចេះលេងប៉ាហុីដើម្បីទាក់ទាញមនុស្សឲ្យទិញថ្នាំយកទៅប្រើ ។ ខ្ញុំមានមិត្តភក្តិស្លាបប៉ាកកា (Pen pales) មួយចំនួនដែលសុទ្ធសឹងតែជាកវីអត់ក្រឹត្យ ។ ខ្ញុំដឹងថា ពួកគេស្រឡាញ់វប្បធម៌និងអក្សរសាស្ត្រខ្មែរ ។ ដូច្នេះ ខ្ញុំក៏សរសេរកូនសៀវភៅកុមារតូចមួយ រួចហើយយកទៅបោះពុម្ពនៅស្រុកខ្មែរដើម្បីផ្តួចផ្តើមយុទ្ធនាការ (Publicity Stunt) ។ ខ្ញុំយកសៀវភៅនោះ ទៅចែកឲ្យកុមារមួយចំនួួននៅតំបន់ដាច់ស្រយាលមួយស្ថិតនៅក្នុងភូមិ ត្មាតពង ក្នុងខេត្តកំពង់ស្ពឺ ។ ខ្ញុំថតរូបភាពកុមារក្រីក្រទាំងនោះបានមួយចំនួន ដើម្បីយកមកបញ្ចុះបញ្ចូលមិត្តភក្តិខ្ញុំឲ្យបរិច្ចាគចំណេះដឹងរបស់ពួកគេ ។ សូមបើករង្វង់ក្រចកថ្លាថ្លែងបន្តិចត្រង់ចំណុចនេះ ។ មិត្តភក្តិស្ម័គ្រចិត្តទាំងនោះ មិនត្រឹមតែបរិច្ចាគចំណេះដឹងទេ ថែមទាំងថវិកាសម្រាប់បោះពុម្ពសៀវភៅទៀតផង ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម ហុង ថែម អតីតរដ្ឋលេខាធិការក្រសួងទំនាក់ទំនងសភាផងដែរ ដែលបានចំណាយពេលជូនខ្ញុំទៅដល់ភូមិ ត្មាតពង ។ លោកអ៊ំ ហុង ថែម ទើបនឹងទទួលអនិច្ចកម្មកន្លះឆ្នាំកន្លងទៅនេះ ។ ខ្ញុំយករូបភាពកុមារក្រីក្រនិងកូនសៀវភៅផ្ញើទៅមិត្តភក្តិខ្ញុំ ដើម្បីសុំទានចំណេះដឹងអំពីពួកគេ ។ នៅក្នុងលិខិតសំណូមពរ ខ្ញុំប្រើពាក្យតែបីម៉ាត់ប៉ុណ្ណោះដែលសរសេរជាភាសាអង់គ្លេសថា៖ We seek no fame, no recognition, and no monetary gains (យើងមិនស្វែងរក កេរ្តិ៍ឈ្មោះ កិត្តិយស និង លុយកាក់ ទេ) ។ បានដូចចិត្ត! ពាក្យបីម៉ាត់នេះចាក់ចំក្រអៅបេះដូង និងលក់គំនិតបង់គ្រឿងទេសក្នុងឆ្នាំងសម្លរបានដោយងាយ ។ នៅសល់វែងឆ្ងាយទៀត ក៏ប៉ុន្តែសូមសង្ខេបថាសៀវភៅរឿងកុមារនេះ មានមួយរយ(100)ចំណងជើងនិងមានមនុស្សចូលរួមសរសេរសរុបទាំងអស់បួននាក់ ។ យើងសរសេរដោយប្រិតព្រៀងនិងសម្រិតសម្រាំងជាទីបំផុត ។ ខ្ញុំសូមដកស្រង់រឿងមួយមកដាក់អមជាមួយនឹងអត្ថបទនេះ ព្រមជាមួយនឹងសំណេរជាភាសាអង់គ្លេស និងភាសាបារំាងរបស់ ហ្សង់ ដេឡា ហ្វុងតែន(La Fontaine) ។ បញ្ជាក់៖ រឿងមួយនេះ សហការីខ្ញុំជាអ្នកសរសេរ ។ ខ្ញុំគ្រាន់តែជាអ្នកកែសម្រួលទេ ។ ញុះញង់ពលរដ្ឋខ្មែរឲ្យបោះឆ្នោតធ្វើបាតុកម្ម មិនគួរជាគុណប្រយោជន៍អ្វីទេ ។ វាគប្បីជាទង្វើឧក្រិដ្ឋទើបត្រឹមត្រូវ ។ ក៏ប៉ុន្តែ ប្រការនេះមិនមែនខ្ញុំ អ្នកនយោបាយ ឬចៅក្រមខ្មែរ ជាអ្នកសម្រេចនោះទេ ។ ខ្ញុំសូមទុកប្រការនេះឲ្យមិត្តអ្នកអានជាអ្នកវិនិច្ឆ័យចុះ ។ ខ្ញុំគ្មានតួនាទីឬក៏ពាក់ព័ន្ធនឹងក្រុមបក្សនយោបាយខ្មែរណាមួយឡើយ ។ សូម្បីតែការគាំទ្រឬក៏បសាទចិត្តក៏ខ្ញុំគ្មានដែរ ។ ការដើរចូលទៅក្នុងរឿងចម្រូងចម្រាស់នយោបាយនៅក្នុងស្រុកខ្មែរ គឺជាទង្វើសាច់មិនបានសុីយកឆ្អឹកព្យួរក ឬក៏យកជ័រភ្នៅមកត្បៀតឃ្លៀក របស់ខ្ញុំ ។ ចំណុចដែលធ្វើឲ្យខ្ញុំនៅមិនសុខគឺស្ថានភាពអយុត្តិធម៌មួយ ដែលអ្នកនយោបាយខ្មែរពីរក្រុមច្រានពលរដ្ឋស្លូតត្រង់ឲ្យធ្លាក់ចូលទៅ ។ អ្នកដែលបានចូលរួមបោះឆ្នោតនៅស្រុកខ្មែរនាអាណតិមុន ប្រហែលជានៅចាំថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានគេរំលាយចោល គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនដែលកំពុងដឹកនាំរដ្ឋាភិបាល មានទំនាស់នឹងគ្នា ។ គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យអ្នកគាំទ្រនាំគ្នាធ្វើពហិការ និងធ្វើយុទ្ធនាការម្រាមដៃស្អាត នៅក្នុងការបោះឆ្នោតនោះ ។ ឯគណបក្សប្រជាជនចោទពលរដ្ឋណា ដែលចូលរួមក្នុងយុទ្ធនាការម្រាមដៃស្អាត ឬមិនចូលរួមបោះឆ្នោត ថាជាឧទាមជនដែលអាចមានទោសត្រូវជាប់ពន្ធនាគារ ។ ទាំងគណបក្សសង្គ្រោះជាតិ ទាំងគណបក្សប្រជាជន សុទ្ធតែអះអាងថា ពួកគេធ្វើដូច្នោះដើម្បីគាំពារលទ្ធិប្រជាធិបតេយ្យ ។ ធាតុពិត ពួកគេរុញពលរដ្ឋខ្មែរស្លូតត្រង់ឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលភាសាអង់គ្លេសហៅថា៖ Between a rock and a hard place (ចុះទឹកក្រពើ ឡើងលើខ្លា) ។ វាជាទង្វើថោកទាបនិងអយុត្តិធម៌ពន់ពេកណាស់ មកលើពលរដ្ឋខ្មែរ ។ ខ្ញុំមិនអាចទូលផែនដីរួចទេ ក៏ប៉ុន្តែខ្ញុំមើលឃើញមធ្យោបាយមួយសម្រាប់ពលរដ្ឋខ្មែរ ដែលមិនគាំទ្រការបោះឆ្នោត ឬក៏គ្មានគណបក្សណាមួយដែលពួកគេពេញចិត្តនឹងគាំទ្រ អាចឆ្លងកាត់ការបោះឆ្នោតដ៏ចម្រូងចម្រាសនោះ ដោយសុវត្ថិភាព ។ មធ្យោបាយនោះ គឺបោះឆ្នោតអនុបវាទ ឬបោះឆ្នោតបាតុកម្ម ។ បោះឆ្នោតអនុបវាទ ឬធ្វើបាតុកម្មសន្លឹកឆ្នោត គឺជាសកម្មភាពនយោបាយប្រកបដោយសុវត្ថិភាពជាទីបំផុត ។ មានតែអ្នកញុះញង់ឲ្យធ្វើដូច្នោះតែម្នាក់គត់ដែលអាចរងគ្រោះ ។ ប្រការនេះ ខ្ញុំចំណាយពេលគិតមិនដល់មួយស្របក់ទេ ។ ប្រសិនបើខ្ញុំអាចជួយមនុស្សបានបួនដប់នាក់ ឲ្យរួចផុតអំពីគុកច្រវាក់ វាគឺជាគុណប្រយោជន៍ដ៏ធំធេងណាស់សម្រាប់ខ្ញុំ ។ ខ្ញុំបានសរសេរអត្ថបទមួយដោយដាក់ចំណងជើងថា៖ មុននឹងស្លាប់ត្រូវតស៊ូរស់ឲ្យអស់លទ្ធភាព ។ បុគ្គលិកវិទ្យុសម្លេងខ្មែរសហរដ្ឋអាមេរិកម្នាក់ មានចំណាប់អារម្មណ៍លើអត្ថបទនោះ ។ គាត់ហៅខ្ញុំទៅសម្ភាសដើម្បីបកស្រាយឲ្យបានពិស្តារអំពីការបោះឆ្នោតអនុបវាទ ឬបោះឆ្នោតបាតុកម្ម ។ ខ្ញុំនៅចាំថា មុននាំខ្ញុំចូលទៅក្នុងស្ទូឌីយោដើម្បីផ្តល់កិច្ចសម្ភាសន៍ បុគ្គលិកវិទ្យុដែលខ្ញុំចាត់ទុកជាមិត្តភក្តិផងដែរនោះ បានចំណាយពេលប្រហែលប្រាំនាទីពិភាក្សាជាមួយខ្ញុំអំពីផលវិបាកដែលខ្ញុំអាចប្រឈម ។ វាជាការឈឺឆ្អាលមួយដែលអ្នកសារពត៌មានប្រកបដោយក្រមសីលធម៌ត្រូវធ្វើ ។ ខ្ញុំអរគុណគាត់ ហើយប្រាប់គាត់មួយម៉ាត់យ៉ាងខ្លីថា៖ ខ្ញុំបានគិតគូររួចរាល់ហើយ (កំណត់ៈ សូមស្តាប់កិច្ចសម្ភាសន៍ដើម្បីស្វែងយល់សាច់រឿងពិស្តារ) ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំគួរបញ្ជាក់ថា គំនិតបោះឆ្នោតអនុបវាទ ឬបាតុកម្មនោះ មិនមែនជារបស់ខ្ញុំទាំងស្រុងទេ ។ វាជាគំនិតរបស់មិត្តខ្ញុំម្នាក់ដែលជាអ្នកសរសេរអត្ថបទវិចារណកថានៅស្រុកខ្មែរ ។ នៅក្នុងការជជែកគ្នាមួយរវាងយើងទាំងពីរអំពីការបោះឆ្នោត មិត្តខ្ញុំប្រាប់ខ្ញុំថាគាត់ដាច់ខាតត្រូវតែចូលរួមបោះឆ្នោត ទោះបីគ្មានគណបក្សណាមួយដែលគាត់គាំទ្រក៏ដោយ ។ គាត់នឹងគូសក្រវេមក្រវាមនៅលើសន្លឹកឆ្នោតរបស់គាត់ឲ្យក្លាយទៅជាសន្លឹកឆ្នោតមិនបានការ ។ គឺគំនិតដ៏សាមញ្ញនេះហើយ ដែលខ្ញុំយកមកពង្រីកឲ្យវាមានន័យទូលំទូលាយ ។ តាមពិត ការដោះស្រាយបញ្ហានៅក្នុងជីវិត មិនថាជារឿងនយោបាយឬក៏រឿងអ្វីផ្សេងទេ យើងមិនចាំបាច់មានអំណាចឬក៏ចំណេះដឹងអ្វីខ្ពង់ខ្ពស់ឡើយ ។ ដំណោះស្រាយងាយៗគឺស្ថិតនៅនឹងមុខយើងនេះឯង ។ រឿង សត្វតោនិងតាកាប់ឧស ក៏បានបង្ហាញប្រាប់យើងអំពីដំណោះស្រាយដ៏ងាយស្រួលនេះដែរ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...