Sunday, March 14, 2021

ចំណីខួរក្បាល

ភូមា នៅពេលឃើញពលរដ្ឋ ងើបបះបោប្រឆាំងនឹងអាជ្ញាធរយោធាផ្តាច់ការនៅក្នុងប្រទេសភូមា ខ្ញុំនឹកទៅដល់ព្រឹត្តិការណ៍ប្រឆាំងតវាជាមួយនឹងអាជ្ញាធរកុម្មុយនីស្តនៅភូមិភាគអឺរ៉ុបខាងកើតកាលពីទសវត្សឆ្នាំ ១៩៩០ ។ វាមានរយៈពេលបីទសវត្សមកហើយ ក៏ប៉ុន្តែព្រឹត្តិការណ៍នោះហាក់ដូចជានៅថ្មីៗនៅឡើយ ដោយហេតុថាបន្ទាប់ពីការបះបោនៅអឺរ៉ុបខាងកើត ព្រឹត្តិការណ៍នោះក៏បានរីករាលដាលទៅដល់តំបន់ដទៃផងដែរ ។ ប្រទេសខ្លះបានទទួលជោគជ័យក្នុងការទាញទម្លាក់ជនផ្តាច់ការកំណាចឃោរឃៅឲ្យរបូតរលូតពីតំណែង ។ ប្រទេសខ្លះទៀត ដូចជាប្រទេស លីប៊ី និង សុីរី ក៏ត្រូវធ្លាក់ចូលក្នុងស្ថានភាពសង្គ្រាមសុីវិលរុំារ៉ៃរហូតដល់សព្វថ្ងៃ ។ ប្រឈមនឹងផលវិបាកនេះ មានសំណួរមួយលើកឡើងថា៖ រស់នៅក្រោមអំណាចជនផ្តាច់ការ និងរស់ជាមួយនឹងសង្គ្រាមសុីវិល តើគួរជ្រើសរើសមួយណា? សម្រាប់អ្នកដែលមិនប្រឈមនឹងផលវិបាក យើងប្រាកដជានិយាយថា៖ យើងមិនអាចទទួលយកទាំងពីរ ។ ប៉ុន្តែ សម្រាប់អ្នកដែលត្រូវយកជីវិតទៅធ្វើដើមទុនដើម្បីជ្រើសរើស វាគឺប្រធានបទដ៏លំបាកឆ្លើយជាទីបំផុត ។ ក្នុងចំណោមប្រទេសនានាដែលរំដោះខ្លួនរួចអំពីកណ្តាប់ដៃនៃជនផ្តាច់ការនៅទសវត្សឆ្នាំ ១៩៩០ និងទសវត្សឆ្នាំ ២០០០ មានប្រទេសមួយដែលពិភពលោកហាក់ដូចជាចាប់អារម្មណ៍ជាងគេ ដ្បិតកម្លាំងស្នូលនៃការតស៊ូគឺបង្កើតឡើងដោយយុវជន ។ នោះគឺប្រទេស យូហ្គោស្លាវី ។ អ្នកដែលតាមដានព្រឹត្តិការណ៍នយោបាយពិភពលោក ប្រហែលជានៅចងចាំថា ប្រទេសយូហ្គោស្លាវី ក៏ដូចជាប្រទេសមួយចំនួននៅក្នុងប្លុកកុម្មុយនីស្តដែរ ត្រូវបានបំបែកជារដ្ឋតូចៗចំនួនបីគឺ ក្រូអេត្យា បុសនៀហឺសុីហ្គូវីណា និង យូហ្គោស្លាវី ។ បន្ទាប់ពីការបំបែករដ្ឋ យុវជនមួយក្រុមបានដឹកនាំការធ្វើបាតុកម្មអហឹង្សាមួយ ទាមទារឲ្យប្រធានាធិបតី ស្លូបូដាន់ មីឡូសូវីច ចាកចេញពីតំណែង ។ បាតុកម្មនោះប្រព្រឹត្តិទៅប្រកបដោយជោគជ័យនិងគ្មានការបង្ហូរឈាមគ្នាធំដុំឡើយ ។ លោក មីឡូសូវីច ក្រោយមកត្រូវបានតុលាការអន្តរជាតិចាប់ខ្លួនពីបទឧក្រិតកម្មប្រឆាំងមនុស្សជាតិ ហើយក៏បានធ្វើអត្តឃាតក្នុងមន្ទីរឃុំឃាំង ។ ប្រហែលជាជិតម្ភៃឆ្នាំមុន (មិនចាំថាឆ្នាំណាទេ) ខ្ញុំធ្លាប់បានជួបនឹងយុវជនមួយរូបដែលជាអ្នកដឹកនាំបាតុកម្មនៅយូហ្គោស្លាវី ។ គ្រានោះ ខ្ញុំជាអ្នកកត់ត្រារបាយការណ៍ឲ្យគណកម្មាធិការមួយ របស់បណ្ឌិតសភាជាតិអាមេរិកាំង ។ មិនចាំថាគណកម្មាធិការនោះ ធ្វើកិច្ចការពាក់ព័ន្ធនឹងអ្វីទេដ្បិតយូរឆ្នាំហើយ ។ វាអាចជាកិច្ចការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ។ អ្វីដែលខ្ញុំនៅចងចាំច្បាស់ គឺថាយុវជនយូហ្គោស្លាវីនោះ និយាយភាសាអង់គ្លេសរអិលប្រៀបដូចជាមនុស្សចម្រើនវ័យនៅសហរដ្ឋអាមេរិក ។ កាលនោះគាត់អាយុប្រហែលជាទើបពាក់កណ្តាលម្ភៃឆ្នាំប៉ុណ្ណោះ ។ ប៉ុន្តែ ភាពឆ្លាតវាងវៃរបស់គាត់ គឺគួរឲ្យស្ញប់ស្ញែង ។ សមាជិកគណកម្មាធិការបណ្ឌិតសភាជាតិអាមេរិកាំង បានសួរគាត់នូវសំណួរជាច្រើនពាក់ព័ន្ធនឹងការតស៊ូដោយដៃទទេ តទល់ជាមួយនឹងកងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរផ្តាច់ការ ដែលមានសព្វាវុធសព្វបែបយ៉ាង ។ យុវជននោះ រៀបរាប់អំពីយុទ្ធសាស្ត្រមួយចំនួនក្នុងការគៀរគរមនុស្សឲ្យចូលរួមធ្វើបាតុកម្ម ប៉ុន្តែពាក្យមួយម៉ាត់ដែលជាកត្តាស្លាប់រស់គឺ Nimble ។ ពាក្យនេះបើបកប្រែជាភាសាខ្មែរអាចមានន័យថា៖ បត់បែនប្រែប្រួលតាមសភាពការណ៍ប្រចាំថ្ងៃឲ្យទាន់ពេលវេលា ។ គាត់ក៏បានគូសបញ្ជាក់ដែរថា សាមគ្គីភាពនិងការចូលរួមពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន គឺជាកត្តាចាំបាច់បំផុត ។ គាត់បានយករូបភាពមួយចំនួន ដែលកសិករយូហ្គោស្លាវី បើកត្រាក់ទ័រនិងឡានកាំមីញ៉ុងធំៗទៅចតឃាំងផ្លូវសំខាន់ៗជាច្រើន ដើម្បីរារាំងទប់ស្កាត់ការចល័តទ័ពពីចំណុចមួយទៅចំណុចមួយ ។ យុវជនដឹកនាំបាតុករនោះថ្លែងថា បើគ្មានជំនួយនិងការចូលរួមរបស់កសិករយូហ្គោស្លាវីទេ បាតុកម្មនៅយូហ្គោស្លាវី ប្រហែលជាមិនបានជោគជ័យឡើយ ។ ឆ្លើយតបទៅនឹងសំណួរមួយដែលសួរថា៖ តើធ្វើដូចម្តេចដើម្បីរក្សាភាពអហឹង្សា បន្ទាប់ពីបាតុករត្រូវបានអាជ្ញាធរវាយប្រហារនិងបាញ់សម្លាប់? មុននឹងគាត់ឆ្លើយសំណួរនេះ យុវជននោះអស់សំណើចបន្តិច ។ គាត់និយាយថា អហឹង្សា គឺជាពាក្យត្រឡប់ធាតុ (a misnomer) ។ បានន័យថា បាតុករប្រឆាំងនឹងរបបផ្តាច់ការ មិនអាចប្រកាន់ខ្ជាប់វិន័យអហឹង្សាទេ នៅពេលដែលអាជ្ញាធរយកអំពើហឹង្សាមកដោះស្រាយបញ្ហា ។ យុទ្ធវិធីនិងតាក់ទិក ត្រូវតែមានដើម្បីទប់ទល់នឹងអំពើហឹង្សារបស់ជនផ្តាច់ការ ។ គាត់មិនបានលើកយកយុទ្ធវិធីនិងតាក់ទិកមកនិយាយទេ ដ្បិតប្រទេសនីមួយៗមានស្ថានភាពនិងវប្បធម៌ខុសៗគ្នា ។ វាត្រូវការការវាយតម្លៃដោយផ្អែកលើស្ថានការណ៍ជាក់ស្តែង និងផ្អែកលើកត្តាជាច្រើនផ្សេងទៀត ។ ត្រឡប់ទៅនិយាយអំពីបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធានៅប្រទេសភូមាវិញម្តង ។ តើពលរដ្ឋភូមា អាចបង្ខំឲ្យអាជ្ញាធរយោធាផ្លាស់ប្តូរឥរិយាបទដែរទេ? វាពិបាកនឹងព្យាករណ៍ណាស់ ។ ក៏ប៉ុន្តែ បើបាតុករភូមាសម្រេចជ្រើសរើសយុទ្ធសាស្ត្រ "មួយចានទឹកមួយចានគោក" (Zero-sum Game) អាជ្ញាធរយោធាភូមាអាចនឹងបះជើង ។ នៅក្នុងសង្គ្រាមគេហៅយុទ្ធសាស្ត្រនេះថា "បំផ្លាញ" ឬ Scorched Earth Tactics ។ កាលសង្គ្រាមលោកលើកទីពីរ អតីតសហភាពសូវៀតបានប្រើយុទ្ធសាស្ត្រនេះ ដើម្បីទប់ទល់នឹងកងទ័ពអាល្លឺម៉ង់ដែលព្យាយាមវាយលុកយកទីក្រុង ឡេនីនក្រាត (បច្ចុប្បន្ន សែនភីថឺស្បឺគ) ។ វាជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធិភាពខ្ពស់ ប៉ុន្តែក៏ត្រូវចំណាយដើមទុនច្រើនណាស់ដែរ ។ បច្ចុប្បន្ននេះ ការប្រឈមមុខគ្នារវាងបាតុករនិងអាជ្ញាធរយោធាភូមា បានឈានដល់តំណាក់កាលដ៏តានតឹងមួយ ។ ពួកយោធាបានចាប់ផ្តើមបាញ់សម្លាប់បាតុករ ដើម្បីស្ទាបស្ទង់មើលប្រតិកម្មរបស់អន្តរជាតិក៏ដូចជារបស់បាតុករ ថាតើពួកគេមានឆន្ទៈតស៊ូកម្រិតណា ។ ឯពួកបាតុករក៏បានព្រលយឲ្យដឹងខ្លះៗដែរថា យុទ្ធសាស្ត្របំផ្លាញអាចនឹងកើតមានប្រសិនបើឈាមបាតុករបន្តហូរស្រក់ ។ ថ្វីដ្បិតតែគេអាចប្រមើលមើលឃើញថា ភាគីដែលបាត់បង់ធ្ងន់ធ្ងរគឺពួកមេយោធារដ្ឋប្រហារ អ្វីដែលជាកត្តាលះបង់រួមគឺប្រទេសភូមាទាំងមូល ។ វាជាដំណើរឆ្ពោះទៅកាន់ការបំផ្លាញខ្លួនឯងមួយ ដែលមានតែក្រុមមេដឹកនាំរដ្ឋប្រហារយោធាភូមាប៉ុណ្ណោះដែលអាចស្រាយចំណងប្រកបដោយគ្រោះមហន្តរាយគួរឲ្យភ័យខ្លាចនេះ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...