Wednesday, February 5, 2020
សៀវភៅ
នៅពីក្រោយមោទនភាពជាតិ
ខ្ញុំទើបនឹងបានអានសៀវភៅថ្មីមួយមានចំណងជើងថា៖ នៅពីក្រោយមោទនភាពជាតិ ។ អ្នកស្រី ប៉ាង វ៉ាន់ថោន ដែលជាអ្នកនិពន្ធសៀវភៅនេះបានមុជយ៉ាងជ្រៅទៅក្នុងភាពអាប់អួរនៃសង្គមខ្មែរដើម្បីស្វែងយល់អំពីកត្តានានាដែលធ្វើឲ្យសង្គមក៏ដូចជាអត្តចរិតរបស់ពលរដ្ឋខ្មែរធ្លាក់ចុះដុនដាបគួរឲ្យសង្វេក ។ នៅក្នុងទសវត្សឆ្នាំ ១៩៧០ ស្មេរសង្គមសាស្ត្រ (Social critics) ខ្មែរមួយចំនួនមានជាអាទ៍៖ លោក គយ សារុន លោក ឃុន ស្រ៊ុន និងលោក ប៊ុនចណ្ណ ម៉ុល ធ្លាប់បានបង្ហូរទឹកប៊ិកនិងទឹកភ្នែកស្រែកដង្ហើយឲ្យខ្មែរភ្ញាក់រលឹកដឹកនាំខ្លួនចេញពីភាពអាប់អួរម្តងរួចមកហើយ ។ ប៉ុន្តែ អ្វីដែលជាកត្តាកត់សម្គាល់គឺថា កន្លងទៅអស់រយៈពេលជាងកន្លះសតវត្ស ជំងឺសង្គមរបស់ខ្មែរមិនត្រឹមតែមិនបានធូស្រាលនោះទេ វាកំពុងតែធ្លាក់ចូលទៅក្នុងសភាពដុនដាបគួរឲ្យភ័យព្រួយ ។ បើគ្មានការទប់ស្កាត់ ឬក៏កែប្រែស្ថានភាពឲ្យទាន់ពេលវេលាទេ សង្គមខ្មែរអាចក្លាយទៅជាសង្គមមួយដែលបាត់សភាវទ្រទ្រង់និងលិចលង់ទៅតាមយថាកម្ម ។
ចំណុចប្រឈមដ៏ធំបំផុតដែលអ្នកនិពន្ធលើកយកមកពិភាក្សាគឺភាពអនាធិបតេយ្យនៃការរស់នៅក៏ដូចជានៅក្នុងផ្នត់គំនិតរបស់ពលរដ្ឋខ្មែរ ។ សភាវពុករលួយ ទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ពលរដ្ឋខ្មែរ ចាប់ពីមន្ត្រីរាជការរហូតដល់អ្នកសុំទាន បានទាញសង្គមខ្មែរឲ្យបាត់បង់គុណធម៌និងសុជីវធម៌គ្រប់ច្រកល្ហកទាំងអស់ ។ (សូមបញ្ជាក់ថា អ្នកសុំទានខ្មែរក៏ពុករលួយដែរ ។ ខ្ញុំធ្លាប់បានពួកគេគោះយកលុយប្រកបដោយសុជីវធម៌ជាទីបំផុត) ។
នៅវគ្គទីមួយនៃសំណេរ នៅពីក្រោយមោទនភាពជាតិ អ្នកនិពន្ធបានលើកយកភាពអនាធិបតេយ្យនៃចរាចរណ៍ផ្លូវគោករបស់កម្ពុជាមកធ្វើជានិទស្សន៍បកស្រាយអំពីអត្តចរិត ឬផ្នត់គំនិតខ្មែរនៅក្នុងការដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការបើកបរ ។ វាគឺជានិមិត្តរូបដ៏សុក្រិតមួយដែលបង្ហាញ ថាតើសង្គមខ្មែរកំពុងតែដើរឆ្ពោះទៅកាន់ទីណា ។ នៅក្នុងការបើកបររបស់ពលរដ្ឋខ្មែរ ការយោគយល់គឺកើតមានដោយកម្រ ។ អត្តទត្ថនិយម អំណាច យសស័ក្តិ និងសម្បត្តិទ្រព្យ គឺជាកត្តាកំណត់ជោគវាសនាក្នុងការធ្វើចរាចរណ៍ ។ ដំណើរជីវិតគឺមិនខុសអំពីដំណើរចរាចរណ៍ឡើយ ។ យើងត្រូវឈប់ បត់ឆ្វេ បត់ស្តាំ ឬក៏ជៀសវាងឧបស័គ្គនានាដើម្បីគាំពារក៏ដូចជាធានាសុវត្ថិភាពសម្រាប់មនុស្សទាំងអស់គ្នាផងដែរ ។ នៅពេលការយោគយល់ ឬក៏ជួយផ្តល់ផាសុខភាពដល់ជីវិតអ្នកដទៃមិនត្រូវបានពលរដ្ឋយកចិត្តទុកដាក់ ដោយសារតែភាពអត្តទត្ថនិយមរបស់បុគ្គលដ៏ច្រើនលើសលុបនៅក្នុងសង្គមខ្មែរ សុភាវធម៌ទ្រទ្រង់សង្គមជាច្រើនត្រូវបានបាត់បង់ ។ ជាលទ្ធផល ខ្មែរបង្កើតបាននិងរស់នៅក្នុងសង្គមមួយដែលខ្សត់គុណធម៌និងក្រ បសាទចិត្ត ។
ក្រៅអំពីលាតត្រដាងការបាត់បង់គុណធម៌និងសុជីវធម៌នៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរ អ្នកអ្នកស្រី ប៉ាង វ៉ាន់ថោន ក៏បានលើកយកមកនិយាយផងដែរអំពីភាពលេលារបស់ពលរដ្ឋខ្មែរដែលលុះនៅក្នុងអំពើអបាយមុខ ។ សេពគ្រឿស្រវឹងនិងគ្រឿងញៀន (ផឹកស្រាជក់បារី) និងជំនឿលើពិធីកម្មសាសនាដោយងងិតងងល់ បាននិងកំពុងតែផ្តល់ឲ្យសង្គមខ្មែរនូវភាពពុករលួយបញ្ញាមួយ ដែលពលរដ្ឋរស់ក្នុងសភាពជាទាសករនៃខួរក្បាលអ្នកដទៃ ។ ការផឹកគ្រឿងស្រវឹងនិងជំនឿលើពិធីកម្មសាសនា មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ពលរដ្ឋខ្មែរទេ ។ ជនជាតិដទៃក៏ប្រព្រឹត្តិដូចគ្នាដែរ ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យខ្មែរលេចធ្លោ គឺប្រព្រឹត្តនូវទង្វើដោយខ្វះការពិចារណាដិតដល់និងផ្ទុយអំពីអ្វីដែលជាក្របខណ្ឌនៃការយល់ដឹងរបស់ខ្លួន ។ ឧទាហរណ៍ដ៏សាមញ្ញមួយគឺជាង ៩០ ភាគរយនៃពលរដ្ឋខ្មែរជាអ្នកបដិបត្តិព្រះពុទ្ធសាសនា ប៉ុន្តែខ្មែរច្រើនលើសលុបប្រព្រឹត្តិផ្ទុយនឹងគោលការណ៍ពុទ្ធសាសនារាល់ថ្ងៃ ។ សេពគ្រឿងស្រវឹងនិងប្រព្រឹត្តិអំពើពុករលួយគឺជាឧទាហរណ៍ជាក់ស្តែង ។
នៅក្នុងវិស័យនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ចងក្រងសង្គមឲ្យរឹងបុឹង ភាពប្រេះឆានិងការប្រកាន់មាំជាមួយនឹងបក្សពួកនិយមកំពុងតែកែប្រែសង្គមខ្មែរឲ្យក្លាយទៅជាសង្គមមួយដែលខ្សត់ភាតរភាព ។ ខ្សត់ភាតរភាពគឺខ្សត់សាមគ្គីភាព ។ ខ្សត់សាមគ្គីភាពគឺខ្សត់ទំនុកចិត្ត ដែលជាកត្តានាំទៅរកមហន្តរាយនៃសេចក្តីរាប់អាននិងឈឺឆ្អាលដល់សុខមាលភាពពលរដ្ឋផងគ្នា ។ ពលរដ្ឋខ្មែរភាគច្រើនរស់ក្នុងសភាព "ក្បាលអ្នកណា សក់អ្នកហ្នឹង" ។ គឺគេមិនសូវខ្វល់អំពីទុក្ខសោករបស់អ្នកដទៃឡើយ ។ សម្បត្តិសាធារណ ឬសម្បត្តិជាតិ ដូចជាធនធានធម្មជាតិនិងកេរអាកររបស់ដូនតា គឺគេឆ្លៀតទាញយកសារប្រយោជន៍តែរៀងខ្លួន ។ ការថែរក្សានិងពង្រីកធនធានសម្រាប់ថ្ងៃអនាគតហាក់ដូចជាមិនសូវមាននរណាខ្វល់ខ្វាយច្រើនឡើយ ។ មិនត្រឹមតែមិនសូវខ្វល់ខ្វាយរឿងថែទាំធនធានជាតិនោះទេ សូម្បីតែចូលរួមក្នុងសកម្មភាពនយោបាយដើម្បីថែរក្សាការពារសិទ្ធិសេរីភាពរបស់ខ្លួនក៏ពលរដ្ឋខ្មែរមិនសូវរវីរវល់ដែរ ។ ចរិតអត្តឃាតនយោបាយមួយដែលដិតជាប់នៅក្នុងគំនិតពលរដ្ឋខ្មែរគឺ៖ ទុករឿងនយោបាយឲ្យអ្នកនយោបាយគេដោះស្រាយ ។ ពួកគេមិនដឹង ឬក៏មិនយល់ទេថាគន្លឹះសម្រាប់ដោះស្រាយបញ្ហាគ្រប់យ៉ាងនៅក្នុងរឿងនយោបាយគឺស្ថិតនៅក្នុងដៃរបស់ពួកគាត់ដែលជាពលរដ្ឋនេះឯង ។
ចាប់ពីដើមរហូតដល់ចុងបញ្ចប់នៃសៀវភៅ នៅពីក្រោយមោទនភាពជាតិ អ្នកនិពន្ធបានលាតត្រដាងឲ្យឃើញនូវស្នាមប្រឡាក់ជាច្រើនដែលពលរដ្ឋខ្មែរចាំបាច់ត្រូវតែដុសខាត់លាងជម្រះ ។ វាប្រៀបដូចជាលើកកញ្ចក់មកឆ្លុះបញ្ចាំងមើលរូបខ្លួនឯងដូច្នោះដែរ ។ ថ្វីត្បិតតែកញ្ចក់ឆ្លុះរូបខ្លួនឯងនេះ មិនអាចឲ្យយើងមើលឃើញនូវអ្វីដែលស្ថិតនៅខាងក្រោយខ្នងក៏ពិតមែន តែយ៉ាងហោចណាស់ក៏យើងអាចមើលឃើញអ្វីដែលកំពុងប្រឡាក់នៅលើរូបយើងផ្នែកខាងមុខដែរ ។ ដំណោះស្រាយបន្ទាន់ដែលពលរដ្ឋខ្មែរត្រូវធ្វើគឺសម្អាតភាពកខ្វក់ដែលអាចមើលឃើញនេះឯង ។ សម្អាតចិត្តនិងកាយវិការគឺជាប្រការចាំបាច់បំផុត មុននឹងឈានទៅដល់ការសម្អាតសភាវកខ្វក់នានាដែលយើងមើលឃើញ ។ ចុងបញ្ចប់យើងត្រូវពឹកពាក់គ្នាទៅវិញទៅមក ដើម្បីត្រួតពិនិត្យបោសសម្អាតសារធាតុអពមង្គលទាំងឡាយ ដែលយើងមិនអាចមើលឃើញឬក៏មើលយល់ដោយខ្លួនឯង ។
ជាការពិតណាស់ សៀវភៅមួយក្បាលមិនអាចលាតត្រដាងឲ្យយើងឃើញ និងយល់អំពីផលវិបាកនៅក្នុងសង្គមខ្មែរគ្រប់ជ្រុងជ្រោយនោះទេ ។ ប៉ុន្តែ នៅពីក្រោយមោទនភាពជាតិ បានបង្ហាញឲ្យឃើញនូវគ្រោះមហន្តរាយដ៏ធំមួយ ដែលកំពុងយាយីសង្គមខ្មែរ ។ ទឹកខ្មៅ ដែលត្រូវបានយកមកផ្តិតលើសៀវភៅនេះ គឺប្រាកដជាដិតដាមដោយតំណក់ទឹកភ្នែករបស់ស្មេរខ្មែរមួយរូប ដែលមានបេះដូងពោរពេញដោយក្តីស្រឡាញ់ លាយឡំនឹងការឈឺចាប់ នៅក្នុងបុព្វហេតុ "មោទនភាពជាតិ" ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment