Tuesday, March 12, 2019

ចំណីខួរក្បាល

ទំនាស់វប្បធម៌ (Culture Shock) ទំនាស់វប្បធម៌ (Culture Shock) កើតមាននៅពេលនរណាម្នាក់ចូលទៅរស់នៅ នៅក្នុងសង្គមឬសហគមមួយដែលខុសប្លែកអំពីសង្គមដែលខ្លួនធ្លាប់រស់នៅ ។ ទំនាស់នេះមានសភាពស្រាលឬធ្ងន់គឺអាស្រ័យលើភាពខុសគ្នារវាងវប្បធម៌ ។ យើងអាចចែកភាពខុសគ្នារវាងវប្បធម៌ជាពីរធំៗគឺ វប្បធម៌បុគ្គលនិយម (Individualism) និង វប្បធម៌សមោហនិយម (Collectivism) ។ បណ្តុំនៃវប្បធម៌បុគ្គលនិយមគឺស្ថិតនៅបស្ចិមប្រទេសមានជាអាទ៍ សហភាពអឺរ៉ុបនិងទ្វីបអាមេរិកខាងជើង ។ ឯវប្បធម៌សមោហនិយមភាគច្រើនមាននៅតំបន់មជ្ឈឹមបូព៌ា និងទ្វីបអាសុី ។ កាលខ្ញុំនិរទេសខ្លួនទៅរស់នៅបស្ចិមប្រទេស កត្តាដ៏ធំមួយដែលបង្កឲ្យខ្ញុំមានទំនាស់វប្បធម៌គួរឲ្យចាប់អារម្មណ៍គឺការប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីដែលខ្ញុំគិតថាគាប់ប្រសើរ ។ នៅពេលខ្ញុំធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកនៅចុងទសវត្សឆ្នាំ ១៩៨០ ទំនាស់វប្បធម៌ដំបូងបំផុតដែលញាំញីអារម្មណ៍ខ្ញុំគឺការខ្វះភាពអោនលំទោនរបស់ក្មេងទៅកាន់មនុស្សចាស់ និងកង្វះការផ្តល់អាទិភាពឲ្យគ្នារវាងយុវជននិងយុវតី ។ កាលរស់នៅស្រុកខ្មែរ ខ្ញុំត្រូវបានបង្រៀនឲ្យចេះឱនលំទោនគោរពចាស់ទុំដោយកាយវាចាចិត្តគ្រប់កាលៈទេសៈទាំងអស់ និងត្រូវចេះឲ្យអាទិភាពដល់មនុស្សស្រីនៅទីដែលចង្អៀត ។ ប្រការនេះបានធ្វើឲ្យខ្ញុំទើសទាល់យ៉ាងខ្លាំងជាមួយនឹងបងថ្លៃខ្ញុំ ដែលជាក្មេងចម្រើនវ័យនៅសហរដ្ឋអាមេរិក ។ ខ្ញុំមើលឃើញកាយវិការនានាដែលបងថ្លៃខ្ញុំប្រព្រឹត្តិនៅចំពោះមុខម្តាយខ្ញុំ គឺហាក់ដូចជាមានភាពឈ្លើយគួរឲ្យធុញទ្រាន់ ។ ដូចគ្នាដែរ នៅពេលដែលខ្ញុំទៅរៀននៅវិទ្យាល័យ ខ្ញុំមើលឃើញកាយវិការដើរប្រជ្រៀតគ្នានៅលើជណ្តើរក្នុងអគារសិក្សារបស់សិស្សប្រុសស្រីអាមេរិកាំង ហាក់ដូចជាខ្វះសុជីវធម៌ពេកណាស់ ។ គួរបញ្ជាក់ថា កូនសិស្សនៅស្រុកអាមេរិកមិនអង្គុយនៅក្នុងបន្ទប់តែមួយរង់ចាំឲ្យគ្រូបង្រៀនមុខវិជ្ជាផ្សេងៗចូលមកបង្រៀនទេ ។ ពួកគេត្រូវចេញពីបន្ទប់មួយទៅបន្ទប់មួយទៀតដើម្បីរៀនមុខវិជ្ជាផ្សេងៗ ។ ដូច្នេះ នៅពេលកណ្តឹងរោទ៍ចុងម៉ោងម្តងៗ កូនសិស្សចេញពីថ្នាក់ដើរប្រជ្រៀតគ្នាប្រសេចប្រសាចគ្មានខ្វល់អំពីការប៉ះពាល់គ្នារវាងស្រីនិងប្រុសឡើយ ។ ខ្ញុំដែលជាយុវជនគោរពប្រពៃណីនិងសុជីវធម៌ខ្ជាប់ខ្ជួននោះ មិនហ៊ានដើរប្រជ្រៀតជាមួយនឹងសិស្សស្រីៗទេ គឺរង់ចាំទាល់តែរយាលមនុស្សបន្តិចទើបចេញដើរទៅកាន់បន្ទប់រៀនរបស់ខ្ញុំ ។ ជាលទ្ធផល ថ្នាក់មួយដែលនៅដាច់ស្រយាលឆ្ងាយបន្តិច ខ្ញុំទៅរៀនមិនដែលទាន់ពេលទេ ។ អ្នកគ្រូដែលបង្រៀននៅក្នុងថ្នាក់នោះក៏មិនដែលសួរនាំអ្វីអំពីប្រការដែលខ្ញុំមកយឺត រហូតទាល់តែដល់ថ្ងៃមួយដែលយើងពិភាក្សាអំពីវប្បធម៌ទើបខ្ញុំយកចំណុចនោះមកនិយាយ ហើយមនុស្សទាំងអស់ក៏នាំគ្នាសើចគិលឡើង ព្រោះមិននឹកស្មានថាខ្ញុំជាមនុស្សរមទម ឬល្ងង់មិនច្រឡំនឹងគេ ។ និយាយអំពីទំនាស់វប្បធម៌នៅក្នុងផ្ទះវិញម្តង ។ រឿងខ្ញុំធុញទ្រាន់នឹងអត្តចរិតរបស់បងថ្លៃខ្ញុំ បានអូសបន្លាយរហូតដល់ផ្ទះទូលាយក្លាយទៅជាផ្ទះចង្អៀត ។ ខ្ញុំបាននាំម្តាយខ្ញុំចាកចេញឲ្យឆ្ងាយពីទីដ៏ចង្អៀតចង្អល់នោះ ដោយធ្វើដំណើរឆ្លងពីរដ្ឋមួយទៅរដ្ឋមួយ ដើម្បីស្វែងរកកន្លែងដែលយើងអាចរស់ជាមួយនឹងវប្បធម៌ដ៏ល្អផូផង់នៅក្នុងចិត្តរបស់យើង ។ ទៅដល់កន្លែងថ្មី អ្វីៗក៏ហាក់ដូចជានៅតែចង្អៀតដដែល ។ ធាតុពិត គឺចិត្តខ្ញុំទេដែលចង្អៀត ។ វប្បធម៌ឬទំនៀមទម្លាប់នៃការរស់នៅក្នុងស្រុកអាមេរិក មិនចង្អៀតដូចចិត្តខ្ញុំឡើយ ។ កន្លងប្រមាណជា ១០ឆ្នាំក្រោយមក ខ្ញុំមានឱកាសទៅទស្សនកិច្ចនៅកម្ពុជា គឺវិលត្រឡប់ទៅជួបនឹងវប្បធម៌ដ៏ល្អផូផង់របស់ខ្ញុំវិញ ។ នៅក្នុងការប្រាស្រ័យទាក់ទងគ្នារវាងខ្ញុំនិងញាតិមិត្តប្អូនបង ជាពិសេសជាមួយអ្នកដែលមានអាយុច្រើនជាងខ្ញុំនាអំឡុងពេលដែលខ្ញុំនៅស្រុកខ្មែរនោះ ខ្ញុំមានអារម្មណ៍ថាមនុស្សជាច្រើនហាក់ដូចជាបញ្ចេញអកប្បកិរិយាឆ្គងៗ ។ តាមពិត ភាពឆ្គងៗនោះគឺមិនមែនអ្វីក្រៅអំពីទំនាស់វប្បធម៌ឡើយ ។ នៅក្នុងកែវភ្នែកខ្ញុំ អកប្បកិរិយារបស់ញាតិមិត្តចាស់ៗទាំងនោះគឺឆ្គងគួរឲ្យធុញទ្រាន់ ។ ប៉ុន្តែបើយើងនិយាយអំពីអកប្បកិរិយាខ្ញុំនៅក្នុងកែវភ្នែករបស់ញាតិមិត្តចាស់ៗទាំងនោះវិញ គឺមានភាពឈ្លើយគួរឲ្យស្អប់ខ្ពើមដែរ ។ នេះគឺជាសច្ចៈភាពមួយនៃទំនាស់វប្បធម៌ ។ អ្នកដែលចាកចេញពីវប្បធម៌មួយទៅរួមរស់នឹងវប្បធម៌មួយទៀត រមែងជួបប្រទះបញ្ហាអស់ទាំងនេះ ។ នៅក្នុងករណីខ្ញុំដែលវិលត្រឡប់ទៅភពប្រសព្វនឹងវប្បធម៌កំណើតរបស់ខ្លួន ហើយនៅជួបនឹងទំនាស់វប្បធម៌ទៀតនោះ ក្នុងភាសាអង់គ្លេសគេហៅថា Reverse Culture Shock ឬទំនាស់ជាមួយនឹងវប្បធម៌កំណើត ។ វប្បធម៌មានន័យថា ការដាំដុះលូតលាស់តាមសភាវធម្មជាតិ ។ ដូច្នេះ ឥទ្ធិពលនៃវប្បធម៌ដែលជ្រាបចូលទៅក្នុងអកប្បកិរិយាមនុស្ស គឺមិនខុសអំពីទឹកដែលជ្រាបចូលក្នុងដីខ្សាច់នោះឡើយ ។ មនុស្សជាទូទៅ មិនចាប់ភ្លឹកឬក៏មានអារម្មណ៍ដឹងថាអកប្បកិរិយារបស់ខ្លួនស្ថិតនៅក្រោមឥទ្ធិពលនៃវប្បធម៌ឡើយ ។ ការមិនចាប់ភ្លឹក ឬមិនមានអារម្មណ៍យល់ដឹងនេះ បានធ្វើឲ្យមានទំនាស់រាប់មិនអស់នៅក្នុងសង្គមមនុស្ស ។ ឧទាហរណ៍ដ៏សាមញ្ញមួយ គឺប្តីប្រពន្ធ ។ នៅពេលយើងរៀបការចាប់ដៃគ្នាជាគូស្រករ យើងចាប់ផ្តើមមានទំនាស់ទើសទាស់អំពីអកប្បកិរិយាគ្នាទៅវិញទៅមករាប់មិនអស់ ។ ទំនាស់នេះបើនិយាយឲ្យលម្អិតទៅគឺជាទំនាស់វប្បធម៌លំដាប់ម៉ៃក្រូ (Micro-culture) ដែលកើតចេញមកអំពីការភពប្រសព្វរវាងគ្រួសារពីរដែលមានរបៀបរបបរស់នៅខុសគ្នា ។ នៅពេលយើងពង្រីកវប្បធម៌ម៉ៃក្រូរហូតទៅដល់អន្តរវប្បធម៌ (Micro-culture to Macro-culture to Inter-culture) ភាពស្មុគស្មាញនៃទំនាស់វប្បធម៌ក៏កើនឡើងតាមនោះដែរ ។ សូមបញ្ចប់ប្រធានបទនេះត្រឹមនេះចុះ ។ ប៉ុន្តែ មុននឹងបញ្ចប់សូមអនុញាតិផ្តល់នូវកូនគំនិតមួយ ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ដោះស្រាយទំនាស់វប្បធម៌គឺការទទួលស្គាល់វប្បធម៌ ទោះចូលចិត្តក្តី មិនចូលចិត្តក្តី ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...