Tuesday, March 26, 2019
ចំណីខួរក្បាល
ធ្លាក់ទឹកចិត្ត (Depression)
ខ្ញុំធ្លាប់បានសរសេរជាញឹកញាប់អំពីជម្ងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធសសៃប្រសាទ ឬខួរក្បាល ។ ដោយឡែកជម្ងឺ ធ្លាក់ទឹកចិត្ត (Depression) ដែលអាចរុកកួនមនុស្សគ្រប់រូបដោយមិនរើសមុខ ហាក់ដូចជាមានភាពច្របូកច្របល់នៅក្នុងការយល់ដឹងរបស់មនុស្សទូទៅ ។ តាមពិត ជម្ងឺនេះមិនពិបាកយល់ទេ ។
ជាបឋមពាក្យ Depression មិនគួរប្រែថា បាក់ទឹកចិត្តទេ ពីព្រោះបើយើងយកពាក្យ "បាក់" មកវិភាគ អ្វីដែលបាក់អាចនាំទៅដល់មរណៈ ។ ឧទាហរណ៍ មែកឈើដែលបាក់មិនអាចរស់រានមានជីវិតតទៅទៀតឡើយ ។ ឯដៃជើងមនុស្សក៏ដូចគ្នាដែរ ។ នៅពេលដែលវាបាក់ដាច់ចេញអំពីដងខ្លួន វានឹងខូចបង់ ថ្វីត្បិតតែបច្ចេកវិជ្ជាបច្ចុប្បន្នអាចយកអវៈយវដែលដាច់ចេញទៅ មកតភ្ជាប់នឹងដងខ្លួនវិញបានក៏ដោយ ក៏ប្រតិបត្តិការណ៍ (Function) នៃអវៈយវនោះមិនល្អដូចដើមដែរ ។ វាមិនខុសអំពីកែវដែលបែកនោះទេ ។ គេអាចយកជ័រកាវមកបិទផ្គុំបំណែកទាំងនោះឲ្យកើតជាកែវឡើងវិញ ប៉ុន្តែវាមិនអាចមានភាពរឹងមាំដូចមុនឡើយ ។ "ធ្លាក់" ខុសអំពី "បាក់" ត្រង់ថា នៅពេលដែលយើងលើកវាមកជួសជុលព្យាបាលជាសះស្បើយ វានឹងមានសភាពល្អដូចដើមវិញ ។
ធ្លាក់ទឹកចិត្ត (Depression) ជាចំណុចកណ្តាលនៃរោគ "ទឹកចិត្ត" ដែលមានប្រភពចេញមកពីកង្វល់ (Stress) ។ កង្វល់និងទុក្ខមានសភាពដូចគ្នា ។ វាមានពីរប្រភេទ គឺកង្វល់ដែលអ្នកដទៃដឹង និងកង្វល់ដែលអ្នកដទៃមិនដឹងមិនយល់ ។ កង្វល់ខ្លះ សូម្បីបុគ្គលខ្លួនឯងដែលកំពុងតែខ្វាយខ្វល់នោះក៏មិនដឹងឬយល់ថាខ្លួនកំពុងមានកង្វល់ដោយសារហេតុផលអ្វីផង ។ នេះគឺជាអាថ៌កំបាំងមួយនៃរោគធ្លាក់ទឹកចិត្ត ។
ដើម្បីងាយស្រួលក្នុងការស្វែងយល់ យើងអាចចែករោគសញ្ញាជំងឺ "ទឹកចិត្ត" ជាបីតំណាក់កាល៖ កង្វល់ => ធ្លាក់ទឹកចិត្ត => បាក់ទឹកចិត្ត (Stress => Depression => Breaking Point) ។ កង្វល់និងទុក្ខវាកើតមកនិងរស់នៅជាមួយនឹងរូបមនុស្សជាធម្មតា ។ យើងដោះស្រាយកង្វល់រាល់តែថ្ងៃហើយក៏មិនសូវកត់សម្គាល់អំពីកង្វល់នានាដែរ ។ យើងចាប់ផ្តើមកត់សម្គាល់កង្វល់នៅពេលដែលអំពល់ណាមួយផ្តល់ឧបស័គ្គដល់ជីវិតយើង ឬក៏នាំយើងទៅដល់ការបរាជ័យ ។ ឧទាហរណ៍ ប្រឡងធ្លាក់ ដណ្តឹងកូនគេមិនបាន ឬបែកបាក់គូសង្សារជាដើម ។ល។ នេះគឺជាការចាប់ផ្តើមនៃជំងឺ ធ្លាក់ទឹកចិត្ត ។ នៅត្រឹមចំណុចនេះ ប្រសិនបើយើងអាចរកដំណោះស្រាយឲ្យការប្រឡងធ្លាក់ ឬក៏បាត់បង់គូសង្សារប្រកបដោយជោគជ័យ ជំងឺធ្លាក់ទឹកចិត្តនឹងជាសះស្បើយហើយជីវិតយើងក៏នឹងវិលទៅរកភាពប្រក្រតីវិញដែរ ។ ប៉ុន្តែ នៅពេលដែលកត្តាដែលធ្វើឲ្យយើងធ្លាក់ទឹកចិត្តនេះ មិនត្រូវបានដោះស្រាយទេ វានឹងញាំញីចិត្តយើងរហូតដល់ដំណាក់កាលមួយដែលភាសាអង់គ្លេសហៅថា៖ Breaking Point ឬ បាក់ទឹកចិត្ត ។ ទឹកចិត្តដែលបាក់ ជាទូទៅមានញាតិមិត្តចង្រៃចំនួនពីរចូលមកស្វាគម ។ ទីមួយគឺ កម្រោលចូល (Bipolar disease) ដែលធ្វើឲ្យអ្នកជម្ងឺបាត់បង់ម្ចាស់ការលើទង្វើរបស់ខ្លួន ។ គឺកម្រោលចូលនេះហើយដែលបណ្តាលឲ្យមនុស្សបាក់ទឹកចិត្តធ្វើអត្តឃាត ។ ទីពីរគឺ ស្រឺត (Stroke) ឬដាច់សសៃឈាមដែលអាចបណ្តាលឲ្យអ្នកជំងឺពិការឬមរណាផងដែរ ។ អ្នកដើរដល់ចំណុចបាក់ទឹកចិត្តខ្លះ អាចគ្មានញាតិមិត្តចង្រៃទាំងពីមកស្វាគមចូលរួមដំណើរនៅក្នុងជីវិតទេ ក៏ប៉ុន្តែ ជីវិតហាក់ដូចជាស្ថិតនៅក្នុងភាពសោះកក្រោះ ។ ខាងក្រោមនេះជាតារាងដែលបង្ហាញអំពីដំណាក់កាលនិមួយៗនៃជំងឺ "ទឹកចិត្ត" ។ គោលបំណងនៃការសរសេរអត្ថបទនេះ គឺចង់វែកញែកឲ្យបានជាក់លាក់អំពីភាពខុសគ្នានៃការប្រើប្រាស់ពាក្យ "ធ្លាក់ទឹកចិត្ត" និង "បាក់ទឹកចិត្ត" ៕
Wednesday, March 20, 2019
ចំណីខួរក្បាល
ចម្រៀង
ខ្ញុំជាមនុស្សចូលចិត្តស្តាប់ចម្រៀង ប៉ុន្តែខ្ញុំអត់ចេះច្រៀងហើយក៏អត់ចេះលេងភ្លេងប្រគុំតន្ត្រីដែរ ។ ចម្រៀងដែលខ្ញុំចូលចិត្តស្តាប់ជាងគេគឺចម្រៀងរបស់លោក សុីន សុីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា ព្រមទាំងសីល្បករនានានៅក្នុងជំនាន់ជាមួយគ្នានោះ ។ បន្ទាប់ពីពួកខ្មែរក្រហមបំផ្លាញជីវិតអ្នកចម្រៀងសម័យនោះស្ទើរតែអស់រលីងទៅ ខ្ញុំបានបែរមកស្តាប់ចម្រៀងដែលផលិតដោយសីល្បករសម័យថ្មីវិញ ។ ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ គឺថា ចម្រៀងសម័យក្រោយនេះ ស្តាប់ទៅហាក់ដូចជាគ្មានទឹកដមពីរោះរណ្តំដូចចម្រៀងសម័យលោកសុីន សុីសាមុត សោះ ។ បើយើងសង្កេតមើលពាក្យពេចន៍កំណាព្យកាព្យឃ្លោងនៅក្នុងបទចម្រៀងបច្ចុប្បន្ន វាហាក់ដូចជាមិនមានភាពខុសគ្នាឆ្ងាយអំពីចម្រៀងសម័យមុនទេ ។ ហើយសម្លេងមនុស្សសម័យនេះក៏មិនអន់ជាងសម្លេងមនុស្សសម័យមុនដែរ ។ ដូច្នេះ អ្វីដែលនៅសល់គឺយុទ្ធវិធីនៃការតាក់តែងរៀបចំបទភ្លេង ។
ខ្ញុំមិនចេះលេងភ្លេងហើយក៏មិនដែលបានរៀនអំពីតន្ត្រីដែ ។ ដូច្នេះ ការស្វែងយល់របស់ខ្ញុំអំពីមូលហេតុដែលធ្វើឲ្យបទចម្រៀងគ្មានទឹកដម ឬមិនពីរោះនោះ គឺមិនខុសអំពីមនុស្សខ្វាក់យកដៃទៅស្ទាបសត្វដំរីដើម្បីស្វែងយល់អំពីរូបរាងវាឡើយ ។ ទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថាការស្រាវជ្រាវឆៅៗមួយនេះអាចផ្តល់សមត្តិកម្មខ្លះៗដល់មនុស្សមួយចំនួនដែលចង់ស្វែងយល់ដូចខ្ញុំដែរ ។
ចម្រៀងត្រូវការបទភ្លេងដើម្បីភ្ជាប់ទំនាក់ទំនងរវាង រូបារម្មណ៍និងសោតារម្មណ៍ ឲ្យស្អិតរមួតជាមួយគ្នា ។ ការសរសេរបទភ្លេងអមជាមួយនឹងបទចម្រៀងនិមួយៗ គឺលំបាកដូចជាការសរសេរកំណាព្យដែលជាទំនុកច្រៀងនោះដែរ ។ អ្នកដែលគ្មានទេពកោសល្យ មិនអាចធ្វើកើតឡើយ ។ នៅក្នុងក្រិត្យក្រមនៃការសរសេរបទភ្លេង គេត្រូវដើរតាមគោលការណ៍មួយចំនួនដូចជា៖ ខ័ត (Cord) ភីត (Pitch) ណោត (Note) អុកតាវ (Octave) កាដង់ (Cadence) តុង (Tone or Tune) ចង្វាក់ (Rhysm) ជាដើម ។ ខ្ញុំសូមលើកយកចំណុចបីគឺ៖ ណោត អុកតាវ និង កាដង់ មកបកស្រាយនៅទីនេះដើម្បីស្វែងយល់ខ្លះៗ ថាតើហេតុអ្វីបានជាបទចម្រៀងសម័យលោក សុីន សុីសាមុត ស្តាប់ទៅពីរោះចូលចិត្តជាងចម្រៀងនៅសម័យនេះ ។
គេចែកណោតភ្លេងនិមួយៗជាបួនគឺៈ 1, 1/2, 1/3, 1/4 ។ ចំណែក អុកតាវ គឺមានទម្រង់ទ្វេគុណ (2X)។ ឧទាហរណ៍៖ 2x2=4; 4x2=8 8x2=16 etc. ។ រីឯ កាដង់ គឺជាការផ្គុំគ្នានៃណោត ដែលមានចំនួន ៨ណោត ក្នុងមួយកាដង់ ។ គេហៅឈ្មោះណោតនីមួយៗថា៖ ដូ រ៉េ មី ហ្វា សុល ឡា សុី ដូ ហើយសរសេរកាត់ជាតួអក្សរឡាតាំង៖ C D E F G A B C ។ កាដង់ ដែលមានចំនួន ៨នោះ ជាមូលដ្ឋានគ្រឹះនៃបទភ្លេងនិងទំនុកច្រៀងផងទាំងពួង ។ ចម្រៀងដែលពីរោះឬមិនពីរោះ គឺអាស្រ័យលើការគោរពតាមគោលការរបស់កាដង់នេះឯង ។ គួរកត់សម្គាល់ដែរថា គេអាចបំភ្លៃចំនួនណោតនៅក្នុងកាដង់នីមួយៗបានដែរ ។ នៅក្នុងការតាក់តែងកំណាព្យខ្មែរ យើងមានមេកាព្យបទពាក្យ ៨ ដែលសីល្បៈករខ្មែរជំនាន់លោក សុីន សុីសាមុត ចូលចិត្តយកមកតែងធ្វើជាទំនុកច្រៀងណាស់ ។ បទចម្រៀងដែលពីរោះៗបំផុត ភាគច្រើនគឺប្រើគោលការណ៍ពាក្យឬចំនួន ៨ នេះឯង ។
ការប្រើគោលការណ៍ កាដង់ នៅក្នុងបទភ្លេងតែឯកឯងមិនទាន់អាចធ្វើឲ្យចម្រៀងពីរោះស្តាប់ឡើយ ។ អ្នកច្រៀងក៏ត្រូវគោរពតាមគោលការណ៍កាដង់នេះដែរ ដោយអនុវត្តតាមសម្លេងណោត ដូ រ៉េ មី ហ្វា ។ សម្លេងនេះគឺមានលក្ខណៈ ពីទាបទៅខ្ពស់ និង ពីខ្ពស់មកទាប ។ ពីទាបទៅខ្ពស់គឺសម្លេងចាប់ផ្តើមចេញពីប្រភព តំបារពោះត្រង់ចំណុចផ្ទឹត ចុងដង្ហើម ដើមទ្រូង បំពង់ក កន្លើត ក្រអូមមាត់ ខ្ទង់ច្រមុះ និង ថ្ងាស ។ ចំណុចទាំង៨នេះគឺសុីសង្វាក់គ្នាជាមួយនឹងកាដង់ ។ ចម្រៀងដែលពីរោះគឺមានភាពសុីសង្វាក់គ្នារវាងអ្នកច្រៀងនិងអ្នកប្រគុំបទភ្លេងដែលមានកាដង់ជានិយាម ដែលភាសាអង់គ្លេសហៅថា ហាម៉ូនី (Harmony) ។ ក្រៅអំពីភាពសុីសង្វាក់គ្នានេះ ការជ្រើសរើសឧបករណ៍ភ្លេងអមជាមួយនឹងសម្លេងអ្នកច្រៀងក៏ជាកត្តាសំខាន់មួយដែរ ។ តាមការសង្កេតរបស់ខ្ញុំ សីល្បករជំនាន់លោកសុីន សុីសាមុត គាត់និយមប្រើឧបករណ៍ប្រភេទ ផ្លុំ (Wind instrument) និងខ្សែកូត ឲ្យអមបទចម្រៀងមនោសញ្ចេតនា (Sentimental songs) ។ ឧបករណ័វាយដោយចង្កឹះដូចជា ស្គរនិងរនាត (Percussion) គេច្រើនប្រើអមជាមួយនឹងបទចម្រៀងប្រភេទរាំវង់និងរ៉ុក ។ ឯឧបករណ៍ខ្សែដេញដូចជា ចាបុី ហ្គីតា គេប្រើជាមួយនឹងចម្រៀងគ្រប់ប្រភេទ ។ រូបធាតុផ្សំទាំងអស់នេះហើយដែលខ្ញុំគិតថាធ្វើឲ្យបទភ្លេងនិងចម្រៀងសម័យលោក សុីន សុីសាមុត មានភាពពីរោះរងំរន្តំជាប់ដួងចិត្ត ស្តាប់មិនចេះជិនណាយ ។ ដើម្បីជាឧទាហរណ៍ ខ្ញុំសូមជូនចម្រៀងមួយបទ ដែលខ្ញុំគិតថាតាក់តែងរៀបចំគោរពតាមគោលការណ៍កាដង់បានសុក្រិតល្អណាស់ ។
មុននឹងបញ្ចប់ ខ្ញុំសូមលើកយកប្រវត្តិនៃចម្រៀងសម័យខ្មែរមករៀបរាប់បន្តិច ។ តាំងពីបុរាណកាលមក ខ្មែរយើងមិនដែលមានចម្រៀងសម័យទេ ។ វាទើបនឹងកើតមាននៅចុងសតវត្សទី ១៩ ក្នុងរជ្ជកាលព្រះបាទ នរោត្តម ។ បន្ទាប់ពីបង្ខំឲ្យស្តេចនរោត្តមចុះហត្ថលេខាដាក់ប្រទេសកម្ពុជាក្រោមអាណានិគមបារាំងនៅឆ្នាំ ១៨៦៣ បារាំងបានរៀបចំឲ្យព្រះអង្គទៅធ្វើទស្សនកិច្ចនៅក្រុង ហុងកុង និង ប្រទេស ហ្វីលីពីន ក្នុងឆ្នាំ ១៨៧២ ។ ប្រទេសហ្វីលីពីនដែលគ្រានោះស្ថិតនៅក្រោមអាណានិគមរបស់ អេស្ប៉ាញ បានរៀបចំប្រគុំតន្ត្រីនិងតង្វាយស្រីស្អាតមួយរូបដល់ស្តេចនរោត្តម ។ ប៉ុន្តែ ដោយសារការកកស្ទះចរាចរតាមផ្លូវ ព្រះនាងនោះមិនអាចមកជួបស្តេចនរោត្តមបានឡើយ ។ បន្ទាប់ពីទ្រង់សណ្តាប់តន្ត្រីរបស់ហ្វីលីពីននោះ ស្តេចនរោត្តមទ្រង់សព្វព្រះរាជហឬទ័យណាស់ ហើយក៏សុំឲ្យប្រទេសហ្វីលីពីនបញ្ជូនតន្ត្រីករមួយក្រុមមកប្រគុំថ្វាយទ្រង់ស្តាប់នៅក្នុងព្រះរាជវាំងកម្ពុជា ។ ប្រទេសហ្វីលីពីនបានបញ្ជូនតន្ត្រីករមួយក្រុមអមដំណើរស្តេចនរោត្តមមកកម្ពុជានាគ្រានោះ ។ ដោយហេតុតែសម័យនោះមិនមានមធ្យោបាយធ្វើដំណើរចុះឡើងងាយស្រួលដូចសព្វថ្ងៃ តន្ត្រីករហ្វីលីពីនទាំងនោះក៏រស់នៅកកូនពូនចៅនៅក្នុងប្រទេសកម្ពុជារហូតមក ។ គឺក្រុមតន្ត្រីករហ្វីលីពីនមួយក្រុមនោះហើយដែលផ្តល់កំណើតឲ្យតន្ត្រីសម័យខ្មែរបច្ចុប្បន្ននេះ ។ សព្វថ្ងៃ យើងមិនដឹងថាសាច់សារលោហិតរបស់តន្ត្រីករហ្វីលីពីនទាំងនោះ នៅមានសេសសល់ដែរឬទេ ។ ចាស់ៗខ្មែរដែលមានអាយុចាប់ពី ៨៥ឆ្នាំឡើងទៅហើយធ្លាប់រស់នៅក្បែរទីក្រុងភ្នំពេញ អាចនៅចងចាំអំពីក្រុមតន្ត្រីហ្វីលីពីននោះ ។ គេហៅក្រុមភ្លេងនោះថា៖ ភ្លេងម្និល (Manila Music)។
Tuesday, March 12, 2019
ចំណីខួរក្បាល
ទំនាស់វប្បធម៌ (Culture Shock)
ទំនាស់វប្បធម៌ (Culture Shock) កើតមាននៅពេលនរណាម្នាក់ចូលទៅរស់នៅ នៅក្នុងសង្គមឬសហគមមួយដែលខុសប្លែកអំពីសង្គមដែលខ្លួនធ្លាប់រស់នៅ ។ ទំនាស់នេះមានសភាពស្រាលឬធ្ងន់គឺអាស្រ័យលើភាពខុសគ្នារវាងវប្បធម៌ ។ យើងអាចចែកភាពខុសគ្នារវាងវប្បធម៌ជាពីរធំៗគឺ វប្បធម៌បុគ្គលនិយម (Individualism) និង វប្បធម៌សមោហនិយម (Collectivism) ។ បណ្តុំនៃវប្បធម៌បុគ្គលនិយមគឺស្ថិតនៅបស្ចិមប្រទេសមានជាអាទ៍ សហភាពអឺរ៉ុបនិងទ្វីបអាមេរិកខាងជើង ។ ឯវប្បធម៌សមោហនិយមភាគច្រើនមាននៅតំបន់មជ្ឈឹមបូព៌ា និងទ្វីបអាសុី ។
កាលខ្ញុំនិរទេសខ្លួនទៅរស់នៅបស្ចិមប្រទេស កត្តាដ៏ធំមួយដែលបង្កឲ្យខ្ញុំមានទំនាស់វប្បធម៌គួរឲ្យចាប់អារម្មណ៍គឺការប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីដែលខ្ញុំគិតថាគាប់ប្រសើរ ។ នៅពេលខ្ញុំធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកនៅចុងទសវត្សឆ្នាំ ១៩៨០ ទំនាស់វប្បធម៌ដំបូងបំផុតដែលញាំញីអារម្មណ៍ខ្ញុំគឺការខ្វះភាពអោនលំទោនរបស់ក្មេងទៅកាន់មនុស្សចាស់ និងកង្វះការផ្តល់អាទិភាពឲ្យគ្នារវាងយុវជននិងយុវតី ។ កាលរស់នៅស្រុកខ្មែរ ខ្ញុំត្រូវបានបង្រៀនឲ្យចេះឱនលំទោនគោរពចាស់ទុំដោយកាយវាចាចិត្តគ្រប់កាលៈទេសៈទាំងអស់ និងត្រូវចេះឲ្យអាទិភាពដល់មនុស្សស្រីនៅទីដែលចង្អៀត ។ ប្រការនេះបានធ្វើឲ្យខ្ញុំទើសទាល់យ៉ាងខ្លាំងជាមួយនឹងបងថ្លៃខ្ញុំ ដែលជាក្មេងចម្រើនវ័យនៅសហរដ្ឋអាមេរិក ។ ខ្ញុំមើលឃើញកាយវិការនានាដែលបងថ្លៃខ្ញុំប្រព្រឹត្តិនៅចំពោះមុខម្តាយខ្ញុំ គឺហាក់ដូចជាមានភាពឈ្លើយគួរឲ្យធុញទ្រាន់ ។ ដូចគ្នាដែរ នៅពេលដែលខ្ញុំទៅរៀននៅវិទ្យាល័យ ខ្ញុំមើលឃើញកាយវិការដើរប្រជ្រៀតគ្នានៅលើជណ្តើរក្នុងអគារសិក្សារបស់សិស្សប្រុសស្រីអាមេរិកាំង ហាក់ដូចជាខ្វះសុជីវធម៌ពេកណាស់ ។ គួរបញ្ជាក់ថា កូនសិស្សនៅស្រុកអាមេរិកមិនអង្គុយនៅក្នុងបន្ទប់តែមួយរង់ចាំឲ្យគ្រូបង្រៀនមុខវិជ្ជាផ្សេងៗចូលមកបង្រៀនទេ ។ ពួកគេត្រូវចេញពីបន្ទប់មួយទៅបន្ទប់មួយទៀតដើម្បីរៀនមុខវិជ្ជាផ្សេងៗ ។ ដូច្នេះ នៅពេលកណ្តឹងរោទ៍ចុងម៉ោងម្តងៗ កូនសិស្សចេញពីថ្នាក់ដើរប្រជ្រៀតគ្នាប្រសេចប្រសាចគ្មានខ្វល់អំពីការប៉ះពាល់គ្នារវាងស្រីនិងប្រុសឡើយ ។ ខ្ញុំដែលជាយុវជនគោរពប្រពៃណីនិងសុជីវធម៌ខ្ជាប់ខ្ជួននោះ មិនហ៊ានដើរប្រជ្រៀតជាមួយនឹងសិស្សស្រីៗទេ គឺរង់ចាំទាល់តែរយាលមនុស្សបន្តិចទើបចេញដើរទៅកាន់បន្ទប់រៀនរបស់ខ្ញុំ ។ ជាលទ្ធផល ថ្នាក់មួយដែលនៅដាច់ស្រយាលឆ្ងាយបន្តិច ខ្ញុំទៅរៀនមិនដែលទាន់ពេលទេ ។ អ្នកគ្រូដែលបង្រៀននៅក្នុងថ្នាក់នោះក៏មិនដែលសួរនាំអ្វីអំពីប្រការដែលខ្ញុំមកយឺត រហូតទាល់តែដល់ថ្ងៃមួយដែលយើងពិភាក្សាអំពីវប្បធម៌ទើបខ្ញុំយកចំណុចនោះមកនិយាយ ហើយមនុស្សទាំងអស់ក៏នាំគ្នាសើចគិលឡើង ព្រោះមិននឹកស្មានថាខ្ញុំជាមនុស្សរមទម ឬល្ងង់មិនច្រឡំនឹងគេ ។
និយាយអំពីទំនាស់វប្បធម៌នៅក្នុងផ្ទះវិញម្តង ។ រឿងខ្ញុំធុញទ្រាន់នឹងអត្តចរិតរបស់បងថ្លៃខ្ញុំ បានអូសបន្លាយរហូតដល់ផ្ទះទូលាយក្លាយទៅជាផ្ទះចង្អៀត ។ ខ្ញុំបាននាំម្តាយខ្ញុំចាកចេញឲ្យឆ្ងាយពីទីដ៏ចង្អៀតចង្អល់នោះ ដោយធ្វើដំណើរឆ្លងពីរដ្ឋមួយទៅរដ្ឋមួយ ដើម្បីស្វែងរកកន្លែងដែលយើងអាចរស់ជាមួយនឹងវប្បធម៌ដ៏ល្អផូផង់នៅក្នុងចិត្តរបស់យើង ។ ទៅដល់កន្លែងថ្មី អ្វីៗក៏ហាក់ដូចជានៅតែចង្អៀតដដែល ។ ធាតុពិត គឺចិត្តខ្ញុំទេដែលចង្អៀត ។ វប្បធម៌ឬទំនៀមទម្លាប់នៃការរស់នៅក្នុងស្រុកអាមេរិក មិនចង្អៀតដូចចិត្តខ្ញុំឡើយ ។
កន្លងប្រមាណជា ១០ឆ្នាំក្រោយមក ខ្ញុំមានឱកាសទៅទស្សនកិច្ចនៅកម្ពុជា គឺវិលត្រឡប់ទៅជួបនឹងវប្បធម៌ដ៏ល្អផូផង់របស់ខ្ញុំវិញ ។ នៅក្នុងការប្រាស្រ័យទាក់ទងគ្នារវាងខ្ញុំនិងញាតិមិត្តប្អូនបង ជាពិសេសជាមួយអ្នកដែលមានអាយុច្រើនជាងខ្ញុំនាអំឡុងពេលដែលខ្ញុំនៅស្រុកខ្មែរនោះ ខ្ញុំមានអារម្មណ៍ថាមនុស្សជាច្រើនហាក់ដូចជាបញ្ចេញអកប្បកិរិយាឆ្គងៗ ។ តាមពិត ភាពឆ្គងៗនោះគឺមិនមែនអ្វីក្រៅអំពីទំនាស់វប្បធម៌ឡើយ ។ នៅក្នុងកែវភ្នែកខ្ញុំ អកប្បកិរិយារបស់ញាតិមិត្តចាស់ៗទាំងនោះគឺឆ្គងគួរឲ្យធុញទ្រាន់ ។ ប៉ុន្តែបើយើងនិយាយអំពីអកប្បកិរិយាខ្ញុំនៅក្នុងកែវភ្នែករបស់ញាតិមិត្តចាស់ៗទាំងនោះវិញ គឺមានភាពឈ្លើយគួរឲ្យស្អប់ខ្ពើមដែរ ។ នេះគឺជាសច្ចៈភាពមួយនៃទំនាស់វប្បធម៌ ។ អ្នកដែលចាកចេញពីវប្បធម៌មួយទៅរួមរស់នឹងវប្បធម៌មួយទៀត រមែងជួបប្រទះបញ្ហាអស់ទាំងនេះ ។ នៅក្នុងករណីខ្ញុំដែលវិលត្រឡប់ទៅភពប្រសព្វនឹងវប្បធម៌កំណើតរបស់ខ្លួន ហើយនៅជួបនឹងទំនាស់វប្បធម៌ទៀតនោះ ក្នុងភាសាអង់គ្លេសគេហៅថា Reverse Culture Shock ឬទំនាស់ជាមួយនឹងវប្បធម៌កំណើត ។
វប្បធម៌មានន័យថា ការដាំដុះលូតលាស់តាមសភាវធម្មជាតិ ។ ដូច្នេះ ឥទ្ធិពលនៃវប្បធម៌ដែលជ្រាបចូលទៅក្នុងអកប្បកិរិយាមនុស្ស គឺមិនខុសអំពីទឹកដែលជ្រាបចូលក្នុងដីខ្សាច់នោះឡើយ ។ មនុស្សជាទូទៅ មិនចាប់ភ្លឹកឬក៏មានអារម្មណ៍ដឹងថាអកប្បកិរិយារបស់ខ្លួនស្ថិតនៅក្រោមឥទ្ធិពលនៃវប្បធម៌ឡើយ ។ ការមិនចាប់ភ្លឹក ឬមិនមានអារម្មណ៍យល់ដឹងនេះ បានធ្វើឲ្យមានទំនាស់រាប់មិនអស់នៅក្នុងសង្គមមនុស្ស ។ ឧទាហរណ៍ដ៏សាមញ្ញមួយ គឺប្តីប្រពន្ធ ។ នៅពេលយើងរៀបការចាប់ដៃគ្នាជាគូស្រករ យើងចាប់ផ្តើមមានទំនាស់ទើសទាស់អំពីអកប្បកិរិយាគ្នាទៅវិញទៅមករាប់មិនអស់ ។ ទំនាស់នេះបើនិយាយឲ្យលម្អិតទៅគឺជាទំនាស់វប្បធម៌លំដាប់ម៉ៃក្រូ (Micro-culture) ដែលកើតចេញមកអំពីការភពប្រសព្វរវាងគ្រួសារពីរដែលមានរបៀបរបបរស់នៅខុសគ្នា ។ នៅពេលយើងពង្រីកវប្បធម៌ម៉ៃក្រូរហូតទៅដល់អន្តរវប្បធម៌ (Micro-culture to Macro-culture to Inter-culture) ភាពស្មុគស្មាញនៃទំនាស់វប្បធម៌ក៏កើនឡើងតាមនោះដែរ ។ សូមបញ្ចប់ប្រធានបទនេះត្រឹមនេះចុះ ។ ប៉ុន្តែ មុននឹងបញ្ចប់សូមអនុញាតិផ្តល់នូវកូនគំនិតមួយ ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ដោះស្រាយទំនាស់វប្បធម៌គឺការទទួលស្គាល់វប្បធម៌ ទោះចូលចិត្តក្តី មិនចូលចិត្តក្តី ៕
Thursday, March 7, 2019
ចំណីខួរក្បាល
ចាប់ចោរត្រូវចាប់មេវា
យុទ្ធសាស្ត្រចាប់ចោរត្រូវចាប់មេវា ត្រូវបានគេប្រើរាប់ពាន់ឆ្នាំមកហើយ ទាំងលើវិស័យសឹកសង្គ្រាម នយោបាយ និងការបំបាត់ចោរខ្មួញនៅក្នុងសង្គម ។ វាមានប្រភពចេញមកអំពីយុទ្ធសាស្ត្រចំនួនសាបសិបប្រាំមួយរបស់ប្រទេសចិនសម័យបុរាណដែលគេបាននិទាននិងកត់ត្រាទុករហូតមកដល់សព្វថ្ងៃ ។ ប្រទេសជាច្រើននៅក្នុងពិភពលោក ដែលមានទំនាស់នឹងគ្នាតែងតែយកយុទ្ធសាស្ត្រខ្លះៗក្នុងចំណោមយុទ្ធសាស្ត្រទាំង ៣៦នេះ មកតតាំងដើម្បីយកប្រៀបលើគ្នាទៅវិញទៅមក ។ ដោយឡែក នៅក្នុងប្រទេសកម្ពុជា ការតតាំងគ្នារវាងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ គឺផ្អែកស្ទើរតែទាំងស្រុងលើយុទ្ធសាស្ត្រទាំង៣៦របស់ចិននេះ ។ សព្វថ្ងៃ គណបក្សប្រជាជនកំពុងប្រើយុទ្ធសាស្ត្រ "ចាប់ចោរត្រូវចាប់មេវា" ដើម្បីស្វែងរកជោគជ័យនៅក្នុងការប្រកួត ។
យុទ្ធសាស្ត្រចាប់ចោរត្រូវចាប់មេវា គឺសំដៅលើការកំចាត់សត្រូវដោយបំផ្លាញមេដឹកនាំនិងរចនាសម្ព័ន្ធដឹកនាំ ។ អ្នកដែលធ្លាប់អានឬមើលរឿង សាមកុក របស់ចិនអាចមើលយល់ប្រការនេះច្បាស់លាស់ណាស់ ។ ប៉ុន្តែ អ្វីដែលអ្នកប្រាជ្ញចិនព្រមានពាក់ព័ន្ធនឹងយុទ្ធសាស្ត្រចាប់ចោរ គឺថា គប្បីពិនិត្យមើលឲ្យបានជាក់លាក់ថាតើកូនចោរមានទំនាក់ទំនងនឹងមេវារបៀបណា ។ បើកូនចោរនិងមេចោរមានទំនាក់ទំនងនឹងគ្នាដោយសារភក្តីភាព នោះគេមិនត្រូវប្រើយុទ្ធសាស្ត្រ "ចាប់ចោរត្រូវចាប់មេ" ឡើយ ព្រោះវាជាទង្វើឆ្ពោះទៅរកការបរាជ័យ ។
ភាពខុសគ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជន មិនមានអ្វីគួរឲ្យកត់សម្គាល់ជាដុំកំភួនទេ ។ គណបក្សទាំងពីរប្រតិបត្តិការណ៍នៅក្រោមរូបភាព គ្រួសារនិយមនិងបក្សពួកនិយម ដូចគ្នា ។ កត្តាតែមួយគត់ដែលផ្តល់សារប្រយោជន៍ឲ្យគណបក្សសង្គ្រោះជាតិគឺ អយុត្តិធម៌សង្គម ។ ពួកគេយកចំណុចនេះមកផ្គុំនឹងពាក្យ "មិនយកខ្មែរណាជាសត្រូវ" ដើម្បីប្រមូលផ្តុំផ្គុំឲ្យមានទំនាក់ទំនងគាំទ្រនៅក្នុងចិត្តគំនិត "កូនចោរ" ។ ចំណងផ្លូវចិត្តនេះក៏ជារបាំងគាំពារដ៏មានប្រសិទ្ធភាពផងដែរ ក្នុងការទប់ទល់ជាមួយនឹងទង្វើ "បំបែកហើយគ្រប់គ្រង" (Divide and Conquer) របស់គណបក្សប្រជាជន ។ មកទល់នឹងថ្ងៃនេះ ការតតាំងគ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនគឹស្ថិតនៅក្នុងសភាព "ទ្រឹង" (Stalemate) ។ មេចោរចាប់បានមួយរត់រួចមួយ ប៉ុន្តែកូនចោរហាក់ដូចជានៅរ៉េរ៉មិនព្រមចុះចូលនៅឡើយ ។ តើអ្វីទៅជាមូលហេតុ?
មូលហេតុដែលគណបក្សប្រជាជនមិនអាចបង្ក្រាបគណបក្សសង្គ្រោះជាតិបាន មានច្រើន ប៉ុន្តែ សូមលើកយកនូវចំណុចសំខាន់ៗមួយចំនួនមករៀបរាប់នៅទីនេះ ។ ជាបឋម ទាំងលោក សម រង្សី និងលោក កឹម សុខា យល់ច្បាស់លាស់ណាស់ថា បើពួកគេបែកសាមគ្គីគ្នា គោលដៅរបស់ពួកគេនឹងបរាជ័យដោយស្វ័យប្រវត្តិ ។ មិនចាំបាច់លោក ហ៊ុន សែន មករុកគួនទេ ។ ឯសកម្មជនដែលជាប់បំរាមធ្វើនយោបាយក៏ដូចគ្នាដែរ ។ បើដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយ គឺស្មើនឹងចុះចូលជាមួយនឹងសត្រូវហើយថែមទាំងត្រូវកូនចោរឈប់រាប់រកទៀតផង ។ អ្នកនយោបាយដែលគ្មានអ្នកគាំទ្រ និងអ្នកដែលគ្មានសិទ្ធិធ្វើនយោបាយ គឺមួយតំបរនិងបួន "ឌៀតែខ្នូច" ទេ ។ ចំណុចនេះហើយដែលគេមិនសូវឃើញមានមនុស្សជាប់បម្រាមទាំងនោះ ទៅដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយ ព្រោះវាជាទង្វើអត់ប្រយោជន៍ ។ នៅមានចំណុចពាក់ព័ន្ធច្រើនទៀត ប៉ុន្តែ ខ្ជិលបរិយាយណាស់ កុំឲ្យគេថាខ្ញុំបោះ ព្រុយយ៉ុង ឲ្យភាគីណាមួយ ។
មុននឹងបញ្ចប់ សូមលើកយកផ្កាយគ្រោះមួយមកបង្ហាញគណបក្សប្រជាជននិងសម្តេច ហ៊ុន សែន ។ ផ្កាយគ្រោះនោះគឺរូបទាហានលើកកាំភ្លើងវាយកញ្ចឹកកបាតុករម្នាក់ដែលកំពុងអង្គុយលុតជង្គង់ជាប់ចំណងស្លាបសេកនៅខេត្ត ព្រះសីហនុ ។ រូបនោះជានិម្មិត្តរូបនៃអំពើសាហាវឃោឃៅមួយដែលសម្តេច ហ៊ុន សែន និងឥស្សរជនជាច្រើនទៀតនៅក្នុងជួរគណបក្សប្រជាជន ធ្លាប់បានយកជីវិតទៅប្តូរតស៊ូកំចាត់វាចោល ។ អ្នកដែលធ្លាប់រងគ្រោះនៅក្នុងជំនាន់ខ្មែរក្រហមគ្រុបគ្រងប្រទេសកម្ពុជា និងមនុស្សដែលធំដឹងក្តីនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សុទ្ធតែស្គាល់និងយល់អំពីអត្ថន័យនៃនិម្មិត្តរូបនេះច្បាស់លាស់ណាស់ ។ វាតំណាងឲ្យរបបគ្រុបគ្រងមួយដែលគួរឲ្យស្អប់ខ្ពើមនិងភ័យខ្លាចជាទីបំផុត ។ សុភាសិតខ្មែរមួយពោលថា៖ "សាងគុណមួយរយសំពៅ ទោសមួយចូលទៅរលាយគុណអស់" ៕
Tuesday, March 5, 2019
ចំណីខួរក្បាល
យុទ្ធសាស្ត្រ សាបសិបប្រាំមួយ ចិនបុរាណ
បកប្រែរៀបរៀងនិពន្ធដោយលោកបណ្ឌិត ហ្គាហ្វា ពាងម៉េត
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩
ជំពូកទី ១ៈ យុទ្ធសាស្ត្រឈ្នះ
ដើម្បីយកជ័យជំនះ មេទ័ពត្រូវអនុវត្តគោលការណ៍៖
ឆ្លងកាត់សមុទ្រដោយមិនឲ្យអធិរាជដឹង
បិទបាំងគោលដៅពិតរបស់អ្នក ។ ប្រើល្បិចបង្ហាញគោលដៅមិនពិតរហូតដល់ពេលគោលដៅពិតត្រូវបានសម្រេច (បញ្ឆោតឆ្វេង វាយស្តាំ) ។
ឡោមព័ទ្ធ ហ្វី ដើម្បីជួយសង្គ្រោះ ហ្សៅ
នៅពេលប្រឈមនឹងបច្ចាមិត្តដែលមានកម្លាំងរឹងមាំ ចៀសវាងការវាយប្រហារចំពីមុខ ។ វាយចំណុចខ្សោយរបស់បច្ចាមិត្ត ឬវាយប្រហារអ្វីមួយដែលសំខាន់សម្រាប់ពួកគេ ។ សត្រូវមិនអាចមានកម្លាំងខ្លាំងក្លានៅក្នុងគ្រប់កិច្ចការនិងគ្រប់ទីកន្លែងទេ ។ សំណាញ់ការពាររមែងមានចន្លោះប្រហោងត្រង់ណាមួយដែលជាចំណុចខ្សោយ ។
ខ្ចីដៃសត្រូវយកមកប្រើ
នៅក្នុងស្ថានភាពដែលអ្នកមិនមានកម្លាំងគ្រប់គ្រាន់ ត្រូវវាយប្រហារដោយប្រើកម្លាំងរបស់អ្នកដទៃ ។ បញ្ឆោតសម្ព័ន្ធមិត្តម្នាក់ឲ្យវាយប្រហារសត្រូវ ។ សូកប៉ាន់មន្ត្រីម្នាក់ឲ្យក្បត់ ។ ប្រើកម្លាំងសត្រូវខ្លួនឯងឲ្យធ្វើការវាយប្រហារ ។ បំផ្លាញកម្លាំងសត្រូវដោយលើកទឹកចិត្តភាគីទីបីឲ្យវាយប្រហារ ។
រង់ចាំនិងសម្រាកយកកម្លាំងខណៈដែលបច្ចាមិត្តបង្ហូរញើសរៀបចំឆាកប្រយុទ្ធ
ជ្រើសរើសពេលវេលានិងទីកន្លែងសម្រាប់ប្រយុទ្ធ ។ គប្បីដឹងថា ពេលណានិងនៅទីណាដែលអ្នកត្រូវប្រយុទ្ធ ខណៈបច្ចាមិត្តរបស់អ្នកមិនដឹង ។ បញ្ឆោតបច្ចាមិត្តឲ្យចំណាយឋាមពលទៅលើកិច្ចការអ្វីមួយដែលគ្មានប្រយោជន៍ នៅពេលដែលអ្នកសន្សំតុកកម្លាំងរបស់អ្នក ។ គោលគំនិតគឺត្រៀមលក្ខណៈទ័ពរបស់អ្នកដើម្បីប្រយុទ្ធ ខណៈបច្ចាមិត្តរបស់អ្នកកំពុងសិវែងរកវិធីប្រយុទ្ធ ។ ល្បិចនេះនឹងផ្តល់ប្រៀបយ៉ាងសម្បើមដល់ទ័ពរបស់អ្នក នៅក្នុងការប្រយុទ្ធមួយនៅគ្រាខាងមុខដែលអ្នកជាអ្នករើសពេលវេលានិងទីកន្លែងប្រយុទ្ធ ។
ឆក់ប្លន់ទ្រព្យពីផ្ទះដែលកំពុងឆេះ
នៅពេលដែលសត្រូវកំពុងមានជម្លោះផ្ទៃក្នុង ប្រជាជនមានជម្ងឺ ឬទុរ្ភិក្ស ហើយអស់ជំនឿលើពួកអាជ្ញាធរ អំពើពុករលួយនិងបទឧក្រិដ្ឋរីករាលដាលពេញប្រទេស នេះគឺជាពេលវេលាដែលអ្នកត្រូវវាយប្រហារ ។ ប្រមូលផ្តុំពត៌មានផ្ទៃក្នុងអំពីសត្រូវ ។ បើសត្រូវស្ថិតនៅក្នុងស្ថានភាពខ្សោយបំផុត ត្រូវវាយប្រហារឲ្យខ្លាំងហើយបំផ្លាញពួកគេឲ្យខ្ទេចតែម្តង ដើម្បីចៀសវាងបញ្ហានៅថ្ងៃអនាគត ។
បញ្ឆោតឆ្វេង វាយស្តាំ
ការវាយឆ្មក់ផ្តល់សារប្រយោជន៍ច្រើន ។ សូម្បីនៅពេលវាយប្រហារទល់មុខគ្នា ការបង្កើតឲ្យមានការភ្ញាក់ផ្អើលអំពីព្រឹត្តិការណ៍វាយឆ្មក់ តែងតែមានសារប្រយោជន៍ ។ អ្នកគប្បីវាយប្រហារកន្លែងណាដែលសត្រូវមិនបានគិតដល់ ។ ត្រូវបញ្ឆោតសត្រូវឲ្យផ្តោតកម្លាំងទៅលើទីតាំងមួយ ខណៈអ្នកវាយប្រហារទីតាំងមួយទៀតដែលមិនសូវមានការការពាររឹងមាំ ។
ជំពូកទី ២ៈ យុទ្ធសាស្ត្រចាក់សត្រូវពីក្រោយខ្នង
របៀបប្រហារគូបដិបក្ខមិនឲ្យដឹងខ្លួន៖
បង្កើតព្រឹត្តិការណ៍ដើម្បីបំភ្លៃស្ថានការណ៍
រកមធ្យោបាយកុហកសត្រូវ ។ ធ្វើឲ្យសត្រូវជឿថាមានអ្វីមួយកើតឡើងខណៈដែលឥតមានអ្វីសោះ ។ វិធីសាស្ត្រមួយគឺបង្កើតព្រឹត្តិការណ៍អំពីអត្ថិភាពអ្វីមួយដែលឥតមានសោះ ។ វិធីសាស្ត្រមួយទៀតគឺឃោសនាបំភ្លៃថាគ្មានអត្ថិភាពអ្វីទេ ខណៈដែលមាន ។
ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង
បញ្ឆោតសត្រូវដោយប្រើវិធីសាស្ត្រជាក់ស្តែងមួយដែលត្រូវការពេលវេលាយូរដើម្បីសម្រេច ខណៈប្រើយុទ្ធសាស្ត្រផ្លូវកាត់លួចឆ្មក់វាយប្រហារទៅលើពួកគេ ។ នៅពេលដែលសត្រូវផ្តោតអារម្មណ៍ទៅលើការបំភាន់មួយ ពួកគេបាត់បង់ការប្រុងប្រយ័ត្ន ។ ផ្គុំល្បិចនេះជាមួយវិធីសាស្ត្រ (បញ្ឆោតឆ្វេង វាយស្តាំ) ។ ផ្សព្វផ្សាយពត៌មានក្លែងក្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍សត្រូវ ។ យករូបវ័ន្តអ្វីមួយមកធ្វើជាធ្នាក់ ដើម្បីបង្កើនជំនឿទៅលើពត៌មានបំភ្លៃនោះ ។ សត្រូវនឹងចាប់អារម្មណ៍នៅពេលមើលឃើញធ្នាក់ច្បាស់និងយល់ថាជារូបភាពពិត ។ បញ្ចេញសកម្មភាពបញ្ឆោតឲ្យសត្រូវមើលឃើញថា ជាសកម្មភាពឆ្ពោះទៅកាន់គោលដៅពិតប្រាកដ ដើម្បីកុំឲ្យពួកគេសង្ស័យ ។
អង្គុយមើលភ្លើងឆេះឲ្យខ្ទេចខ្ទីសិន
ពន្យាពេលចូលប្រឡូកក្នុងសមរភូមិ ។ រង់ចាំទាល់តែសត្រូវនានាប្រយុទ្ធគ្នាទន់ដៃ ។ ឆក់ឱកាសចូលវាយប្រហារសត្រូវទាំងអស់ឲ្យពេញទំហឹង ដើម្បីប្រមូលយកជោគជ័យទាំងមូល ។
ញញឹមលាក់ពិស
លុនតួ លុតក្រាប លិឍពង យកចិត្តសត្រូវ ។ នៅពេលទទួលបានការទុកចិត្តពីសត្រូវហើយ ចាត់ការប្រហារពួកគេដោយស្ងៀមស្ងាត់ ។
បូជាដើមបេងដើម្បីថែរក្សានាងនួន
មានកាលៈទេសៈដែលតម្រូវឲ្យអ្នកលះបង់គោលបំណងរយៈពេលខ្លី ដើម្បីសម្រេចគោលដៅរយៈពេលវែង ។ នេះគឺជាយុទ្ធសាស្ត្រមួយដែលតម្រូវឲ្យមនុស្សម្នាក់ទទួលរងទុក្ខ ដើម្បីរុញបក្ខពួកដទៃឲ្យផុតគ្រោះភ័យ ។
ឆ្លៀតឱកាសលួចយកពពែមួយ (រុញទូកបណ្តោយទឹក)
នៅពេលអ្នកអនុវត្តផែនការណាមួយ ចូរប្រកាន់ឥរិយាបឋទន់ភ្លន់បត់បែនតាមកាលៈទេសៈ ដើម្បីធ្វើសកម្មភាពឆក់យកសារប្រយោជន៍ ។ ឆ្លៀតឱកាសស្វែងរកផលប្រយោជន៍ ទោះតិចក្តីច្រើនក្តី ។
ជំពូកទី ៣ៈ យុទ្ធសាស្ត្រវាយប្រហារ
វាយស្មៅបង្អើលពស់
ធ្វើអ្វីមួយដែលគ្មានគោលដៅតែមានភាពអស្ចារ្យ (វាយស្មៅ) ដើម្បីបង្កឲ្យមានប្រតិកម្មអំពីបច្ចាមិត្ត (ពស់ភ័យផ្អើល) ។ ធ្វើឲ្យពួកគេបញ្ចេញផែនការឬទីតាំងរបស់ខ្លួន ឬធ្វើអ្វីមួយគ្រាន់តែបង្អើលសត្រូវក៏បានដែរ ។ បង្កើតសកម្មភាពមួយដែលមិនធម្មតា ដែលចម្លែក និងដែលមិននឹកស្មានដល់ ដើម្បីឲ្យសត្រូវមានការសង្ស័យនិងភ័យព្រួយនៅក្នុងគំនិតពួកគេ ។ ចូរប្រុងប្រយ័ត្ន "កុំធ្វើឲ្យពស់ភ្ញាក់ផ្អើលដោយការ វាយស្មៅ" ពីព្រោះ បើប្រើយុទ្ធសាស្ត្រនេះដោយធ្វេសប្រហែស អាចបញ្ចេញទីតាំងឬគោលបំណងរបស់អ្នកឲ្យបច្ចាមិត្តដឹងទៅវិញ ។
ជញ្ជត់ព្រលឹង
យកស្ថាប័នមួយ បច្ចេកវិជ្ជាមួយ វិធីសាស្ត្រមួយ ឬមនោគមវិទ្យាមួយដែលត្រូវបានបោះបង់ចោលយូរហើយ មកបម្រើគោលបំណងរបស់អ្នកវិញ ។ ស្តារអ្វីមួយពីអតីតកាលដោយផ្តល់នូវគោលបំណងថ្មី ឬ ប្រស់ឲ្យរស់ឡើងវិញនូវគំនិតបុរាណ ប្រពៃណី ឬទំនៀមទម្លាប់ ហើយបកស្រាយជាថ្មីដោយផ្តល់ន័យថ្មីឲ្យសមស្របនឹងគោលបំណងរបស់អ្នក ។
បញ្ឆោតខ្លាឲ្យចេញពីរូងភ្នំ
មិនត្រូវវាយប្រហារបច្ចាមិត្តនៅក្នុងបន្ទាយដែលមានបណ្តាញការពាររឹងមាំនោះទេ ។ ត្រូវល្បួងគេឲ្យចេញពីទីតាំង ។ ធ្វើដូច្នេះ គឺដើម្បីបំបែកសត្រូវចេញពីមូលដ្ឋាននៃកម្លាំងរបស់ខ្លួន ។
លែងឈ្លូសឲ្យចូលព្រៃ
សត្វព្រៃដែលជាប់ក្នុងការឡោមព័ទ្ធ នឹងធ្វើការប្រយុទ្ធស្លាប់រស់ជាចុងក្រោយ ។ ដើម្បីបង្ការហេតុភេទនេះ អ្នកត្រូវធ្វើឲ្យសត្រូវជឿថា គេនៅមានឱកាសរំដោះខ្លួន ។ ឆន្ទៈសត្រូវនៅក្នុងការប្រយុទ្ធតបត នឹងត្រូវបានកាត់បន្ថយព្រោះតែគេមានបំណងរត់ចេញពីការឡោមព័ទ្ធ ។ នៅពេលសត្រូវមើលឃើញថា មិនអាចរំដោះខ្លួនបានទេ ពួកគេនឹងអស់ទឹកចិត្តតស៊ូ ហើយចុះចាញ់ដោយគ្មានការប្រយុទ្ធ ។
បោះចោលដុំឥដ្ឋដើម្បីប្តូរយកត្បូងមរកត
បញ្ឆោតគូបដិបក្ខដែលកំពុងមានរបស់សំខាន់នៅក្នុងដៃ ឲ្យជឿថាខ្លួនអាចទទួលបានរបស់ដែលមានតម្លៃជាងនេះមួយទៀត ។ បំភ្លៃឲ្យគេជឿនិងមើលឃើញរបស់មានតម្លៃក្លែងក្លាយនោះ ។ ល្បួងឲ្យបច្ចាមិត្តធ្វើប្រតិកម្ម ។ ធ្វើដូច្នេះ របស់ដែលមាននៅក្នុងដៃបច្ចាមិត្ត និងរបស់ដែលមានតម្លៃក្លែងក្លាយត្រូវបានរបូតបាត់ដូចជា៖ "ទន្សាយក៏រួចត្រីរ៉ស់ក៏រួច" ។
ចាប់ចោរត្រូវចាប់មេវា
បើកងទ័ពសត្រូវមានភាពរឹងមាំដោយសារទំនាក់ទំនងជាមួយមេកើយតាមរយៈប្រាក់កាក់ អបិយជំនឿ ឬការគំរាមកំហែង គប្បីផ្តោតសកម្មភាពទៅលើការកំចាត់មេដឹកនាំ ។ នៅពេលមេរលំដួល ទ័ពដែលនៅសេសសល់នឹងបែកខ្ញែក ឬក៏មកចុះចូលនឹងក្រុមយើង ។ ប៉ុន្តែ បើទ័ពសត្រូវរឹងមាំដោយសារមានទំនាក់ទំនងជាមួយមេតាមរយៈភាពស្មោះត្រង់ គប្បីប្រុងប្រយ័ត្ន ព្រោះទ័ពនេះអាចបន្តការប្រយុទ្ធប្រឆាំសងសឹកក្រោយពីមេវិនាសបាត់ទៅ ។
ជំពូកទី ៤ៈ យុទ្ធសាស្ត្របង្កភាពវឹកវរ
ដុតឲ្យខ្លោច រោចឲ្យឆៅ
ញុះញង់ប្រកូកប្រកាសអះអាងបង្ខូចប្រយោជន៍គូបដិបក្ខដោយប្រការផ្សេងៗ ដូចជា ឃោសនាថានឹងរឹបអូសយកទ្រព្យពីមន្ត្រីពុករលួយមកចែកឲ្យប្រជាពលរដ្ឋ ។ នេះជាវិធីសាស្ត្រប្រយោល៖ មិនវាយប្រហារសត្រូវដោយត្រង់ៗទេ តែវាយប្រហារសមត្ថភាពពួកគេនៅក្នុងការប្រកួតគ្នា ឬក៏ធ្វើសឹកសង្គ្រាម ។
កញ្ជ្រោកទឹកឲ្យត្រីពុល
បង្កភាពច្របូកច្របល់ ហើយប្រើភាពច្របូកច្របល់នេះដើម្បីសម្រេចគោលដៅរបស់អ្នក ។
លាបពណ៌ស្លាបរៃ បំភ្លៃជាកំភេម
លាក់បាំងលក្ខណៈពិសេសរបស់អ្នក ដើម្បីកុំឲ្យគេមើលស្គាល់ ។ ប្តូរអត្តសញ្ញាណ ឬក្លែងបន្លំខ្លួនធ្វើជាមនុស្សផ្សេង ។ វិធីសាស្ត្រនេះមានប្រយោជន៍សម្រាប់ការរត់គេចពីបច្ចមិត្ត ។
បិទទ្វារវ៉ៃឆ្កែ
ដើម្បីចាប់បច្ចាមិត្ត ឬនៅក្នុងការវាយប្រហារគ្នាផ្តាច់ព្រ័ត្ត ត្រូវរៀបចំផែនការដោយប្រុងប្រយ័ត្ន ។ មិនត្រូវប្រញាប់ប្រញាលធ្វើសកម្មភាពពេកទេ ។ មុនពេល "ចូលពិឃាត" ចូរកាត់ផ្តាច់ផ្លូវរត់គេចខ្លួនរបស់សត្រូវ និងកាត់ផ្តាច់ផ្លូវដែលអាចនាំជំនួយពីខាងក្រៅទៅឲ្យពួកគេ ។
ជួញជិត ជាជាងជួញឆ្ងាយ
អ្នកមានឱកាសទទួលជោគជ័យច្រើន បើអ្នកឈ្លានពានស្រុកដែលនៅក្បែរអ្នក ។ សមរភូមិដែលនៅជិតអ្នកសម្រួលឲ្យកងទ័ពអ្នកទទួលជំនួយនិងធ្វើការការពារទឹកដីដែលបានសញ្ជ័យ ។ គួរចងសម្ព័ន្ធមិត្តជាមួយប្រជាជាតិដែលនៅឆ្ងាយ ។ កុំឈ្លានពានប្រជាជាតិដែលនៅឆ្ងាយ ។
សុំផ្ទះជ្រក រួចយកតែម្តង
រកមធ្យោបាយខ្ចីធនធានពីសម្ព័ន្ធមិត្ត ដើម្បីវាយប្រហារបច្ចមិត្ត ។ នៅពេលបច្ចាមិត្តត្រូវបានកម្ទេចរួចហើយ យកធនធានកម្ចីទាំងនោះមកវាយប្រហារលើសម្ព័ន្ធមិត្តវិញម្តង ។
ជំពូកទី ៥ៈ យុទ្ធសាស្ត្រសុីរូងផ្ទៃក្នុង
ច្រេះសុីដែក
បញ្ជូនភ្នាក់ងារសម្ងាត់ឲ្យចុះចូលជាមួយនឹងសត្រូវ ដើម្បីរកមធ្យោបាយឆារឆៅនិងរំខានការរៀបចំវិធីសាស្ត្រប្រតិបត្តិការនានា ដូចជា ផ្លាស់ប្តូរច្បាប់ទម្លាប់ ដោយបង្កើតឡើងនូវអ្វីដែលផ្ទុយអំពីរបៀបរបបដែលជាស្តង់ដាររបស់ពួកគេ ។ ធ្វើដូច្នេះ គឺដើម្បីបង្កឲ្យមានភាពរង្គោះរង្គើនៅក្នុងក្បាលម៉ាសុីនដឹកនាំ ដែលជាកត្តាធ្វើឲ្យមនុស្សធម្មតាក្លាយទៅជាកងទ័ពដ៏មានប្រសិទ្ធភាព ។
អារកមាន់បន្លាចស្វា
ក្នុងការដាក់វិន័យ គ្រុបគ្រង ឬព្រមានមនុស្សដែលនៅក្រៅបរិវេណពាក់ព័ន្ធ គប្បីនិយាយវាយប្រហារបញ្ឆិតបញ្ឈៀងដាក់មនុស្សដែលមានខ្លួន ។ ធ្វើដូច្នេះ អ្នកដែលមានខ្លួនពាក់ព័ន្ធក្នុងរឿងអាស្រូវ មិនហ៊ានប្រតិកម្មតបតទេ ព្រោះខ្លាចបែកធ្លាយបទឧក្រិដ្ឋ ឬក៏បែកធ្លាយបេសកកម្មសម្ងាត់របស់ខ្លួន ។
ចេះធ្វើភ្លើ
ធ្វើពុតជាមនុស្សល្ងីល្ងឺ មនុស្សស្រវឹង ឬមនុស្សឆ្កួត ដើម្បីបង្វែងដានពីចំណាប់អារម្មណ៍របស់សត្រូវ ។ ប្រលោមសត្រូវឲ្យមើលស្រាលលើសមត្ថភាពរបស់អ្នករហូតទាល់តែគេបាត់ការប្រុងប្រយ័ត្ន ។ ពេលនោះហើយដែលអ្នកត្រូវបើកការវាយប្រហារ ។
លួចដកជណ្តើរបន្ទាប់ពីគេឡើងដំបូលផ្ទះផុត (បញ្ឆោតខ្លាឲ្យធ្លាក់ជ្រោះ)
បោកបញ្ឆោត ឬលួងលោមអន្ទងបច្ចាមិត្តឲ្យធ្លាក់ខ្លួនចូលទៅក្នុងកន្លែងគ្រោះថ្នាក់ ។ បន្ទាប់មក កាត់ផ្តាច់ទំនាក់ទំនងសត្រូវនិងផ្លូវទៅរកសុវត្ថិភាពរបស់ពួកគេ ។ ដើម្បីរំដោះខ្លួនចេញពីមហន្តរាយ សត្រូវត្រូវប្រយុទ្ធនឹងទ័ពរបស់អ្នកផង និងធម្មជាតិផង ។
យកផ្កាទៅចងលើដើមឈើងាប់
យកផ្កាសិប្បនិម្មិតទៅចងនៅលើដើមឈើងាប់មួយ ដើម្បីបំភាន់ថាដើមឈើនោះនៅលូតលាស់ល្អ ។ តាមរយៈការប្រើសិប្បកោសល្យនិងក្លែងបន្លំ អ្វីមួយដែលគ្មានតម្លៃក៏លេចឡើងជាមានតម្លៃ ។ អ្វីដែលមិនមានគ្រោះថ្នាក់សោះបែរជាមើលទៅហាក់ដូចជាមានគ្រោះថ្នាក់សម្បើមណាស់ ។ និងអ្វីដែលគ្មានប្រយោជន៍ បែរជាមានប្រយោជន៍ទៅវិញ ។
ផ្លាស់ប្តូរតួនាទីរវាងម្ចាស់ផ្ទះនិងភ្ញៀវ (បញ្ញើក្អែក)
នៅក្នុងស្ថានភាពដែលអ្នកជាមនុស្សស្ថិតនៅក្រោមចំណុះគេ ដណ្តើមការដឹកនាំ ដោយជ្រៀតចូលឲ្យដល់ទីដៅ ។ ធ្វើពុតជាភ្ញៀវដើម្បីឲ្យគេទទួលអ្នក ។ បន្ទាប់មក អភិវឌ្ឍខ្លួនអ្នកឲ្យក្លាយទៅជាម្ចាស់ផ្ទះវិញម្តង ។
ជំពូកទី ៦ៈ យុទ្ធសាស្ត្រទាល់ច្រក
ក្រឡទឹកឃ្មុំ (ល្បិចស្រីស្អាត)
បញ្ជូនស្រីស្រស់ស្អាតទៅឲ្យខ្មាំង ដើម្បីបង្កភាពវឹកវរនៅក្នុងជំរំពួកគេ ។ វិធីសាស្ត្រនេះអាចធ្វើឲ្យ៖ ទីមួយ ចៅហ្វាយនាយដែលឈ្លក់នឹងសម្រស់ស្ត្រី លែងយកចិត្តទុកដាក់លើកិច្ចការងារ ហើយបណ្តោយឲ្យការប្រុងប្រយ័ត្នធ្លាក់ចុះក្នុងភាពអនាធិបតេយ្យ ។ ទីពីរ ប្រុសៗនឹងចាប់ផ្តើមមានទំនាស់នឹងគ្នា នៅពេលដែលស្ត្រីដែលគេចង់បានបែរជាទៅស្និទ្ធស្នាលនឹងប្រុសណាម្នាក់ទៀង ។ ទីបី ស្ត្រីឯទៀតនឹងមានការច្រណែន ហើយនាំគ្នាបង្កើតផែនការនិងឧបាយកលផ្សេងៗ ដែលជាហេតុនាំឲ្យស្ថានភាពនៅក្នុងជំរំវឹកវរ ។
យុទ្ធាសាស្ត្របន្ទាយគ្មានទ័ព (សំងំយកពិស)
នៅពេលដែលសត្រូវមានចំនួនទ័ពច្រើនហើយស្ថានភាពបង្ហាញថាពួកគេនឹងវាយប្រហារអ្នកឆាប់ៗ មិនត្រូវបង្ហាញឲ្យគេឃើញថា អ្នកកំពុងតែត្រៀមខ្លួនប្រយុទ្ធនោះទេ ។ គប្បីរក្សាភាពស្ងប់ស្ងៀម ឬធ្វើសកម្មភាពឌឺដាក់គូបដិបក្ខ ដើម្បីឲ្យពួកគេគិតថាអ្នាកកំពុងរៀបចំការវាយឆ្មក់ដ៏ធំមួយ ។ វិធីសាស្ត្រនេះល្អប្រសើរ បើអ្នកអាចរក្សាភាពស្ងប់ស្ងៀមនិងធម្មតា ខណៈគូបដិបក្ខគិតថាអ្នកស្ថានការណ៍ភ័យព្រួយ ។ យុទ្ធសាស្ត្របន្ទាយគ្មានទ័ព គួរប្រើតែនៅក្នុងករណីគូភាគីប្រយុទ្ធមានកម្លាំងប្រហាក់ប្រហែលគ្នា ។ គប្បីប្រើយុទ្ធសាស្ត្រនេះម្តងម្កាលតែប៉ុណ្ណោះ ។
ស្វាសុីបាយរួច លាបមាត់ពពែ
កាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់បច្ចាមិត្ត ដោយលួចបង្កឲ្យមាននូវភាពរកាំរកូសនឹងគ្នារវាងមិត្តភក្តិ សម្ព័ន្ធមិត្ត ទីប្រឹក្សា គ្រួសារ នាយទាហាន ទាហាន និងប្រជាជន ។ ខណៈសត្រូវជាប់រវល់ដោះស្រាយបញ្ហាផ្ទៃក្នុង សមត្ថភាពវាយប្រហារឬការពាររបស់ពួកគេនឹងទន់ខ្សោយ ។
បង្ករបួសលើខ្លួនឯងដើម្បីបញ្ឆោតសត្រូវ
ធ្វើពុតជាត្រូវរបួសមានសារប្រយោជន៍ពីរយ៉ាង៖ ទីមួយ បច្ចាមិត្តគិតថា អ្នកមិនអាចវាយប្រហារគេបានឡើយ ។ ទីពីរ អ្នកអាចបញ្ឆោតឬនិយាយបញ្ចុះបញ្ចូលបច្ចាមិត្តឲ្យជឿថា អ្នកត្រូវរបួសដោយសារជួយគារពារសមិទ្ធិផលរបស់ពួកគេ ។
យុទ្ធសាស្ត្ររត់បណ្តាក់គ្នា
ក្នុងការតតាំងជាមួយសត្រូវដែលខ្លាំង គប្បីប្រើវិធីសាស្ត្ររត់បណ្តាក់គ្នាជាខ្សែសង្វាក់ ។ ត្រូវរក្សាដំណើរប្រតិបត្តិគម្រោងផ្សេងៗឲ្យទៅតាមគម្រោងផែនការធំតែមួយ ។ ក្នុងករណីដែលគម្រោងណាមួយបរាជ័យ គប្បីអនុវត្តិគម្រោងបន្ទាប់ទៀតភ្លាម ។ យុទ្ធសាស្ត្រនេះនឹងជួយឲ្យគម្រោងផែបការធំ នៅតែបន្តដំណើរការទៅមុខដោយឥតរអាក់រអួល ។
ប្រសិនបើអ្វីៗទាំងអស់ត្រូវបរាជ័យ រត់យករួចខ្លួនសិន
ប្រសិនបើស្ថានភាពបង្ហាញជាក់លាក់ថា សកម្មភាពរបស់អ្នកកំពុងធ្លាក់ចូលក្នុងភាពបរាជ័យ អ្នកគប្បីដកថយហើយប្រមូលផ្តុំគ្នាជាថ្មី ។ នៅពេលដែលអ្នកប្រឈមនឹងបរាជ័យ អ្នកមានជម្រើសបីគឺ៖ ចុះចាញ់ សម្រុះសម្រួល (ចចារផ្អាកប្រយុទ្ធ) ឬ រត់គេចខ្លួន ។ ចុះចាញ់គឺជាបរាជ័យទាំងស្រុង ។ ចចារផ្អាកប្រយុទ្ធ (សម្រុះសម្រួល) គឺបរាជ័យពាក់កណ្តាល ។ ក៏ប៉ុន្តែ រត់គេចខ្លួនមិនមែនជាបរាជ័យទេ ។ ដរាបណាអ្នកនៅមិនទាន់បានចាញ់នៅឡើយ អ្នកនៅតែមានឱកាសតតាំងគ្នាទៀត ។ នេះគឺជាយុទ្ធសាស្ត្រដ៏ល្បីល្បាញបំផុតដែលមានលក្ខណៈអមតៈក្នុងទម្រង់ពាក្យស្លោកចិន ពោលគឺ៖ "នៅក្នុងចំណោមយុទ្ធសាស្ត្រទាំងសាមសិបប្រាំមួយ រត់គេចខ្លួនគឺជាជម្រើសដ៏ល្អបំផុត" ។
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...