Thursday, November 15, 2018

ចំណីខួរក្បាល

រោគចិត្ត រោគចិត្ត ឬ ពិការញាណ ដែលខ្មែរយើងបច្ចុប្បន្ននិយមហៅថា៖ ជំងឺសសៃប្រសាទ គឺជាបញ្ហាមួយដែលមនុស្សគ្រប់រូបប្រឈម ។ មនុស្សដែលកើតមកលើលោកនេះ គ្មាននរណាម្នាក់ដែលថា មិនពិការញាណនោះទេ គ្រាន់តែតិចហើយនិងច្រើនប៉ុណ្ណោះ ។ ការភ្នាល់គ្នារវាងអ្នកនយោបាយខ្មែរល្បីឈ្មោះពីររូប ដោយយកសេរីភាពរបស់អ្នកនយោបាយម្នាក់ទៀតមកដាក់ធ្វើជាដើមទុន វាបានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សប្រភេទណាក៏ដោយ មិនអាចចាកផុតអំពីភាពពិការញាណនេះទេ ។ រោគចិត្ត ជំងឺសសៃប្រសាទ ឬឆ្កួត មិនមែនជាជំងឺដែលគួរឲ្យខ្លាច ឬពិបាកយល់នោះទេ ។ ដូចបានលើកឡើងរួចមកហើយ ជំងឺនេះវាស្ថិតនៅនឹងខ្លួនយើងគ្រប់ៗគ្នា ។ នៅពេលដែលយើងយល់អំពីរោគចិត្ត នោះយើងប្រហែលជាឈប់ខ្លាចឬព្រួយបារម្ភអំពីរោគចិត្តទៀតហើយ ។ ដើម្បីស្វែងយល់អំពីរោគចិត្តឲ្យបានសុីជម្រៅ យើងគប្បីឈប់ប្រើពាក្យពេចន៍អវិជ្ជមានមួយចំនួនដូចជាពាក្យ ឆ្កួត រោគចិត្ត សសៃប្រសាទ សតិមិនគ្រប់ ឡប់ ជាដើម ។ល។ យើងអាចប្រើពាក្យ ពិការញាណ ជំនួសឲ្យពាក្យទាំងនេះ ព្រោះវាជាពាក្យមិនរើសអើង ។ ដូចជំងឺដទៃទៀតដែរ ពិការញាណមានអការៈ ធ្ងន់ និង ស្រាល ។ យើងអាចសម្គាល់និងបែងចែកពិការញាណជាបីប្រភេទគឺ៖ ស្រាល មធ្យម និង ធ្ងន់ ។ ពិការញាណប្រភេទស្រាលគឺ កង្វះខាតការត្រងត្រាប់ស្តាប់យល់ ដែលភាសាអង់គ្លេសហៅថា Attention Deficit Hyperactivity Disorder (ADHD) ។ មនុស្សទាំងអស់ក្នុងលោករាប់បញ្ចូលទាំងស្មេរផងដែរ សុទ្ធតែទទូួលរងនូវភាពពិការញាណប្រភេទ ADHD នេះ ។ ពិការញាណកំរិតមធ្យមភាសាអង់គ្លេសហៅថា៖ Autism or Autism Spectrum Disorder (ASD) ដែលញាំញីមនុស្សមិនលើសពី ២ ភាគរយ ។ ឯកំរិតធ្ងន់គេហៅថា៖ Down Syndrome ។ មនុស្សពិការញាណកំរិតធ្ងន់នេះ មិនសូវមានទេ ។ គួរកត់សម្គាល់ដែរថា ពិការញាណកម្រិត ស្រាល មធ្យម និងធ្ងន់ មានចំណុចឬរោគសញ្ញាត្រួតស៊ីគ្នាដែលភាសាអង់គ្លេសហៅថា Overlap ។ ឧទាហរណ៍ អ្នកពិការញាណ ADHD កម្រិតធ្ងន់អាចឈានទៅដល់ ASD កម្រិតស្រាល និងអ្នកដែលមាន Down Syndrome កម្រិតស្រាលអាចធ្លាក់មកនៅត្រឹម ASD កម្រិតធ្ងន់ ។ គេអាចកត់សម្គាល់មនុស្សពិការញាណកម្រិតធ្ងន់ តាមរយៈភាពមិនប្រក្រតីនៅលើទម្រង់មុខនិងអវយវៈជាមួយនឹងអសមត្ថភាពក្នុងការនិយាយស្តី (Physical Deformity) ។ ប៉ុន្តែ សម្រាប់ភាពពិការញាណកម្រិតស្រាលនិងមធ្យម វាពិបាកនឹងមើលយល់ណាស់ ។ អ្វីដែលយើងមើលមិនយល់នេះ បានធ្វើឲ្យមានការភ័ន្តច្រឡំ (Misunderstanding) នៅក្នុងសង្គមមនុស្សរកទីបំផុតគ្មាន ។ កាលពីក្មេង ម្តាយខ្ញុំឧស្សាហ៍ដៀលខ្ញុំថាជាកូន "មិនច្រឡំនឹងគេ" (Misfit) ។ ធាតុពិត ខ្ញុំមិនមែនជាមនុស្សមិនច្រឡំនឹងគេនោះទេ ។ គឺម្តាយខ្ញុំវិញទេដែលមើលមិនយល់អំពីអត្តចរិតរបស់ខ្ញុំ ។ និយាយអំពីរឿងយល់នេះ នឹកឃើញដល់គណៈបក្សមួយដែលនិយមនិយាយថា៖ អ្នកដែលមិនទាន់យល់សម្ព័ន្ធ មិនងាយស្និទ្ធស្នាលជាមួយនឹងសម្ព័ន្ធទេ ។ ហុឹម! និយាយចុះនិយាយឡើងធ្លាយដល់រឿងនយោបាយទៀតហើយខ្ញុំ ។ ជាទូទៅ កង្វះខាតការត្រងត្រាប់ស្តាប់យល់ ADHD ចាប់ផ្តើមសាបរលាបនៅពេលដែលមនុស្សធំដឹងក្តី គឺចាប់ពីអាយុប្រមាណ ៥ឆ្នាំឡើងទៅ ។ ប៉ុន្តែ កត្តាខ្លះនៃកង្វះខាតការត្រងត្រាប់ស្តាប់យល់ រមែងនៅដិតជាប់នឹងខួរក្បាលមនុស្សលុះអស់សង្ខារ ។ ឧទាហរណ៍ នៅពេលដែលយើងធ្វើអ្វីមួយខុស ឬក៏មិនយល់អំពីអ្វីដែលយើងព្យាយាមសិក្សា វាគឺជាការបែកធ្លាយនៃភាពពិការញាណរបស់យើង ។ ខ្ញុំធ្លាប់បានសរសេរអំពី ADHD ផ្សាយម្តងរួចហើយ ។ ដុច្នេះ សុំមិនវែកញែកវែងឆ្ងាយទេ ។ អ្នកដែលចង់អានអត្ថបទនោះ សូមផ្ញើសារមកខ្ញុំ ខ្ញុំនឹងផ្ញើជូន ។ អ្វីដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ គឺពិការញាណកម្រិតមធ្យមដែលភាសាអង់គ្លេសហៅថា Autism or Autism Spectrum Disorder (ASD) ។ អូទីហ្សិម ឬ ASD ញាំញីមនុស្សមិនដល់ពីរភាគរយទេ ។ ក្នុងចំណោមមនុស្ស ៦០នាក់ គឺមានម្នាក់កើតមកជាមួយនឹងរោគនេះ ។ គេមិនដឹងថា វាបណ្តាលមកអំពីអ្វីទេ ។ ប៉ុន្តែ អ្នកស្រាវជ្រាវខ្លះសន្និដ្ឋានថា ៥០% បង្កដោយសារធាតុពុល (Toxin) នៅក្នុងចំណីដែលមាតាទទួលទានអំឡុងពេលពរពោះទារក និង៥០%ទៀតមានប្រភពមកពីការផ្គុំគ្នានៃកោសិកាជីវិត (Genes) របស់ម៉ែឪ ។ មនុស្សពិការញាណមធ្យម (Austistic Person) ភាគច្រើនមិនចំណាប់ក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សផងទាំងពួងទេ ។ ហើយក៏មិនសូវស្តាប់តាមការណែនាំដែរ ។ មនុស្សពិការញាណមធ្យមខ្លះ មិនយល់អំពីហានិភ័យនានានៅក្នុងដំណើរជីវិតទៀតផង ។ ប៉ុន្តែ អ្វីដែលមនុស្សពិការញាណមធ្យមអាចមាន គឺទេពកោសល្យអ្វីមួយដែលមនុស្សផងទាំងពួកមិនអាចធ្វើដូច ។ ឧទាហរណ៍ មនុស្សពិការញាណមធ្យមខ្លះ ពូកែគូររូប ខ្លះពូកែលេងភ្លេង គិតលេខ ឬក៏អាចចងចាំព្រឹត្តិការណ៍និងពេលវេលាប្រៀបបាននឹងកំព្យូទ័រ ។ ថ្មីៗនេះ ពត៌មានសង្គមបានផ្សាយអំពីកុមារខ្មែរមួយរូប ដែលចេះនិយាយភាសាបរទេសជាង ១០ភាសា ដោយគ្មានការហ្វឹកហាត់ផ្លូវការឡើយ ។ ទេពកោសល្យនេះ មិនមែនជារឿងចៃដន្យទេ ។ វាអាចមានប្រភពចេញពីភាពពិកាញាណមធ្យម Autism នេះឯង ។ ប្រការនេះយើងអាចបញ្ជាក់បានដោយយកលំហាត់រោគវិនិច្ឆ័យឈ្មោះ DSM-5 មកធ្វើជាគោលវិភាគ ។ លំហាត់នេះ មានរោគសញ្ញាសំខាន់ៗប្រមាណជា ២០ ។ ប្រសិនបើមនុស្សណាមានរោគសញ្ញា ៥ ក្នុងចំណោម ២០ ទើបអាចចាត់ទុកថាពិការញាណកម្រិតមធ្យម ។ នៅក្នុងប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក កុមារដែលគេវាយតម្លៃឃើញថា ពិការញាណកម្រិតមធ្យមគឺត្រូវបានគាំពារឲ្យមានឱកាសសិក្សារៀនសូត្រដោយឥតបង់ប្រាក់ រហូតដល់អាយុ ១៨ឆ្នាំ ។ រដ្ឋជួយសព្វបែបយ៉ាង ។ ចាប់តាំងពីមធ្យោបាយធ្វើដំណើរទៅសាលា ចំណីអាហារ និងការមើលថែរក្សាប្រចាំថ្ងៃ ។ គេធ្វើរបៀបនេះ មិនមែនដើម្បីបំពេញកាតព្វកិច្ចគាំពារសិទ្ធិមនុស្សប៉ុណ្ណោះទេ គឺគេចង់ឲ្យមនុស្សពិការញាណមធ្យមទាំងនោះមានឱកាសអភិវឌ្ឍទេពកោសល្យនិងបញ្ចេញសក្តានុពលរបស់ខ្លួនឲ្យបានពេញលេញដើម្បីជួយដល់សង្គមជាតិ ។ នេះគឺជាកត្តាសំខាន់ដ៏ធំមួយដែលសង្កមខ្មែរបច្ចុប្បន្ន និងពីដើមរៀងមកមើលរំលង ។ ឲ្យតែសង្ស័យថាអ្នកណាម្នាក់មានរោគចិត្ត គឺមិនចង់នៅជិតតែម្តង ។ កន្លងមក ខ្ញុំឧស្សាហ៍ឃើញឪពុកម្តាយខ្លះវាយប្រដៅកូនក្មេងស្ទើរស្លាប់ស្ទើររស់ នៅពេលដែលកូននោះមិនព្រមស្តាប់ឬក៏ធ្វើតាមការណែនាំរបស់គាត់ ។ ឪពុក ឬម្តាយទាំងនោះប្រហែលជាមិនដឹងទេថា កូនរបស់គាត់ពិការញាណមធ្យម ហើយមានទេពកោសល្យអ្វីមួយដែលអាចក្លាយទៅជាមនុស្សអស្ចារ្យមួយរូប ៕

Wednesday, November 7, 2018

ចំណីខួរក្បាល

ទន្លេនិងមនុស្ស មនុស្សដែលរស់នៅតាមដងទន្លេ ត្រូវតែស្គាល់អត្តចរិតរបស់ទន្លេ បើមិនដូច្នោះទេ ទន្លេនឹងផ្តល់មេរៀនឲ្យមនុស្សមិនឈប់ឈរឡើយ ។ ការបាក់ច្រាំងទន្លេនៅទីក្រុងកំពង់ចាមនាពេលបច្ចុប្បន្ននេះ វាជាមេរៀនមួយដែលមនុស្សចាំបាច់ត្រូវតែស្វែងយល់អំពីទន្លេ ។ ទន្លេនិងស្ទឹង តែងមានប្រភពទឹកចេញមកពីភ្នំណាមួយ ។ នៅពេលទឹកនោះហូរចាកកន្លែងចេញមក វាបង្កើតជាជ្រលងដែលមានថ្មអមសង្ខាង ។ លុះទឹកនោះហូរមកដល់វាលទំនាប ទន្លេតែងតែផ្លាស់ប្តូរផ្លូវហូររបស់វា ដែលភាសាអង់គ្លេសហៅថា៖ Meandering ។ មូលហេតុដែលនាំឲ្យទន្លេផ្លាស់ប្តូរផ្លូវ គឺដោយសារគ្រាប់ខ្សាច់ដែលដាច់ចេញអំពីថ្មភ្នំមកកជាពំនូកនានានៅបាតទន្លេ ។ ពំនូកខ្សាច់ខ្លះអាចកធំឡើងៗរហូតក្លាយទៅជាកោះ ។ ការបង្កើតជាកោះ ឬផ្លាស់ប្តូរផ្លូវទឹកហូរ អាចប្រើថេរវេលារាប់រយ ឬក៏រាប់ពាន់ឆ្នាំ ។ ប៉ុន្តែ ទឹកទន្លេហូរមិនចេះហត់ទេ ។ ដរាបណាភពផែនដីនៅជាធរមាន ទន្លេនៅតំបន់វាលទំនាប នឹងបង្កើត និងបំផ្លាញនូវអ្វីៗដែលវាហូរកាត់ ។ សូមបង្វែអារម្មណ៍មកនិយាយអំពីរឿងបាក់ច្រាំងនៅទីក្រុងកំពង់ចាមវិញម្តង ។ កាលពីក្មេង ខ្ញុំធ្លាប់រស់នៅក្បែរកន្លែងបាក់ច្រាំងនោះ ។ ខ្ញុំស្គាល់សណ្ឋានដីនិងច្រាំងទន្លេម្តុំនោះ ដូចបាតដៃខ្ញុំអញ្ចឹង ។ បើយើងសង្កេតមើលទីក្រុងកំពង់ចាមទាំងមូល វាជាអតីតកោះមួយ ។ ទន្លេមេគង្គកាលពីបុរាណហូរកាត់ខាងលិចទីក្រុងតាមចន្លោះទំនាបវត្ត បឹងកុកនិងភូមិមេម៉ាយ ចាក់ទៅទន្លេអុំ ធ្លុះទៅបឹងស្នាយ ធ្លាយតាមព្រែកដើមមច័ន្ទ រួចទៅជួបនឹងតួទន្លេធំវិញនៅម្តុំខាងលិចកោះប៉ែននិងកោះកំពង់ត្រុំសព្វថ្ងៃ ។ នៅចន្លោះផ្លូវដែលទន្លេបុរាណនេះហូរមានថ្មបាយគ្រៀមធំៗពីរពំនូកដែលស្ថិតនៅមុខវត្ត ជ្រោយថ្មមួយកន្លែង និងមួយកន្លែងទៀតនៅក្បែរវត្តនគរបាជ័យ ។ ចាស់ៗតំណាលតៗគ្នាថា៖ ពំនូកថ្មទាំងពីរនោះ គឺតាព្រហ្មណ៍គាត់រែកមកដាច់សង្រែកធ្លាក់នៅទីនោះ ។ តែធាតុពិត វាគឺជាសំណល់កម្អែភ្នំភ្លើងដែលបានផ្ទុះរាប់ពាន់ឬលានឆ្នាំមកហើយ ។ ដើម្បីសម្រួលដល់ការរស់នៅរបស់ពលរដ្ឋដែលរស់នៅក្បែរមាត់ទន្លេ គេតែងសង់ទំនប់ដែលភាសាអង់គ្លេសហៅថាលីវី Levee តាមបណ្តោដងទន្លេ ។ នៅពេលដែលទន្លេបុរាណដែលហូរតាមផ្លូវទឹកខាងលិចក្រុងកំពង់ចាមចាប់ផ្តើមគោក គេក៏សង់ទំនប់មួយចាប់ពីភូមិ ចុងថ្នល់ ដែលស្ថិតនៅខាងជើងវត្តជ្រោយថ្មបន្តិច ទៅកាន់ភូមិ គៀនជ្រៃ ហើយហួសទៅដល់ភ្នំហាន់ជ័យ និងបន្តទៅតំបន់មួយចំនួនទៀតនៅក្នុងស្រុកស្ទឹងត្រង់ ។ បន្ទាប់ពីទំនប់នេះសង់រួច ទំនាបទន្លេបុរាណនោះក៏បានក្លាយទៅជាបឹងកុក ទន្លេអុំ និង បឹងស្នាយ ។ អ្នកកើតជំនាន់ក្រោយប្រហែលមិនអាចរកបឹងទាំងនោះឃើញទេ ត្បិតបឹងខ្លះត្រូវបានគេលុបជិតអស់ហើយ ។ ពំនូកថ្មនៅមុខវត្តជ្រោយថ្មមានដើមអញ្ជែញពីរដើមដុះពីលើ ហើយវាក៏ជារបាំងមួយ ដែលធ្វើឲ្យមានទឹកហូរគួចយ៉ាងខ្លាំងត្រង់ចំណុចនោះ ។ គំនួចទឹកហូរបានបង្កឲ្យមានកូនឈូងតូចមួយស្តិតនៅត្រង់ចំណុចដែលដីកំពុងបាក់ស្រុតសព្វថ្ងៃនេះ ។ នៅដើមទសវត្សឆ្នាំ ១៩៧០ ឈូងនោះមានឆ្នេរខ្សាច់ល្អស្អាត ដែលជាកន្លែងងូតទឹកកម្សាន្តដ៏មានប្រជាប្រិយ ។ ឆ្នាំ ១៩៧៣ ឈូងនោះត្រូវបានទាហានម៉ារីនយកធ្វើជាមូលដ្ឋានដើម្បីចតនាវាតូចៗ ។ ពំនូកថ្មនៅមុខវត្តជ្រោយថ្ម និងឈូងទន្លេដែលស្ថិតនៅក្បែរនោះ គង់វង្សនៅរហូតដល់ចុងទសវត្សឆ្នាំ ១៩៩០ ។ វាទើបតែនឹងវិនាសបាត់បង់ទៅនៅដើមទសវត្សឆ្នាំ ២០០០ នេះទេ ។ មូលហេតុមួយដែលអាចធ្វើឲ្យគំនរថ្មកម្អែភ្នំភ្លើងបុរាណដែលមានអាយុកាលរាប់សតវត្សដ៏ធំនេះរំលំរលាយទៅបាន គឺការបូមខ្សាច់ចេញអំពីបាតទន្លេនៅក្បែរៗនោះ (River bed disturbances) ។ បើយើងសង្កេតមើលតាមសណ្ឋានដីដែលទីក្រុង កំពង់ចាម កំពុងស្ថិតលើសព្វថ្ងៃ វាត្រូវបានបង្កើតឡើងដោយពំនូកថ្មបុរាណនៅមុខវត្តជ្រោយថ្មនេះឯង ។ ទឹកទន្លេដែលហូរមកបុកនឹងពំនូកថ្មនេះ បានបង្កឲ្យមានដីដុះនៅថ្នែកខាងក្រោម ។ ដីដុះនិងពំនូកថ្មគឺជាកត្តាគាំពារគ្នាទៅវិញទៅមក ។ នៅពេលដែលពំនូកថ្មដែលជាកត្តាបង្កឲ្យមានដីដុះ ត្រូវបានវិនាសបាត់បង់ ដីដែលដុះដោយសាពំនូកថ្មក៏ពិបាកនឹងគង់វង្សនៅដែរ ។ ចំណុចនេះហើយដែលធ្វើឲ្យទីក្រុងកំពង់ចាមជួបហានិភ័យ ។ ពីដើមមិញយើងរំពឹងលើរបាំងថ្មធម្មជាតិជួយគាំពារ ។ នៅពេលរបាំងនោះបាត់បង់ទៅ អ្វីដែលនៅសល់សម្រាប់គាំពារទីក្រុងគឺការសាងសង់របាំងថ្មី ។ ការបាក់ស្រុតនៅក្បែរសំណង់ដែលសង់នៅលើអតីតឈូងទន្លេនេះ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ។ បើគ្មានរបាំងគាំពារទេ ទឹកទន្លេនឹងបន្តវាយលុករុកទន្ទ្រានគ្មានឈប់ឈរឡើយ ៕

Sunday, November 4, 2018

ចំណីខួរក្បាល

ជ័យជម្នះដែលខ្វះអត្ថន័យ នៅក្នុងការប្រកួតកីឡា គេរមែងឃើញទស្សនិកជនក៏ដូចជាអ្នកប្រកួត មានចិត្តរំភើបរីករាយនិងមោទកភាពជាទីបំផុត នៅពេលដែលការប្រកួត មានភាពស្វិតស្វាញនិងប្រព្រឹត្តិទៅប្រកបដោយយុត្តិធម៌ ។ និយាយឲ្យចំ គឺការប្រកួតគ្នាដោយអនុលោមតាមក្រិតក្រម ។ នៅពេលអ្នកកីឡាណាម្នាក់ ឬក្រុមកីឡាណាមួយ យកឈ្នះលើគូបដិបក្សរបស់ខ្លួនដោយប្រើល្បិចកលទុច្ចរិត គេរមែងឃើញមហាជនស្អប់ខ្ពើមក្រុមអ្នកកីឡាទុច្ចរិតទាំងនោះ ជាងអាចម៍ទៅទៀត ។ កាលពីទសវត្សឆ្នាំ ១៩៩០ កីឡាការនីរាំលើទឹកកក(Skating)អាមេរិកាំងមួយរូបឈ្មោះ តុណយ៉ា ហាឌីង (Tonya Harding) បានរួមគំនិតជាមួយនឹងសហការីរបស់នាង ដោយអោយពួកគេទៅលួចវាយក្បាលជង្គង់គូបដិបក្សរបស់នាងឈ្មោះ ណាន់សុី ឃារីហ្គាន (Nancy Kerrigan) ដើម្បីឲ្យនាង ឃារីហ្គាន បាត់បង់លទ្ធភាពក្នុងការប្រកួត ។ នៅពេលរឿងនេះបែកធ្លាយ នាងតុណយ៉ា ហាឌីង ត្រូវបានសាធារណជនស្អប់ខ្ពើមរហូតដល់សព្វថ្ងៃ ។ ថ្វីត្បិតតែនាង ហាឌីង នៅរស់រានមានជីវិតនៅឡើយ កិត្តិយស កេរ្ត៍ឈ្មោះ និងអាជីពជាកីឡាការនីរាំលើទឹកកករបស់នាង បានស្លាប់វិនាសសន្តិតាំងតែពីថ្ងៃដែលអំពើទុច្ចរិតរបស់នាងត្រូវបានលាតត្រដាង ។ រឿងអាស្រូវកីឡា មិនខុសគ្នាអំពីរឿងអាស្រូវនយោបាយទេ ។ នៅពេលក្រុមបក្សណាមួយប្រើអំពើទុច្ចរិត ដើម្បីកំចាយគូបដិបក្សរបស់ខ្លួន គេរមែងឃើញមហាជន ទាំងនៅក្នុងប្រទេស ទាំងនៅលើឆាកអន្តរជាតិ ថ្កោលទោសនិងស្អប់ខ្ពើមអ្នកប្រព្រឹត្តិអំពើទុច្ចរិតយ៉ាងខ្លាំង ។ មិនតែប៉ុណ្ណោះ គេឈប់រាប់រកនិងស្អប់មុខទៀតផង ។ ប្រការនេះ វាហាក់ដូចជាកំពុងកើតមានមកលើគណបក្សប្រជាជនកម្ពុជា ដែលប្រើយុទ្ធសាស្ត្រស្រដៀងនឹងនាង តុណយ៉ា ហាឌីង ដើម្បីស្វែករកជ័យជម្នះ ។ សហគមអន្តរជាតិ ជាពិសេសប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ ហាក់ដូចជាកំពុងមានភាពសោះអង្គើយជាមួយនឹងថ្នាក់ដឹកនាំនិងរដ្ឋាភិបាលឯកបក្សកម្ពុជាសព្វថ្ងៃ ។ ចំណែកពលរដ្ឋខ្មែរក៏ហាក់ដូចជាសោះអង្គើយដែរ ។ ថ្វីត្បិតតែពលរដ្ឋជាច្រើន ជាពិសេសកម្មករកាត់ដេរ មើលទៅហាក់ដូចជារីករាយណាស់ពេលបានជួបថតសែលហ្វីជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងៗ យើងមិនដឹងទេថា តើទឹកមុខញញឹមរបស់កម្មករទាំងនោះ មានប៉ុន្មានភាគរយដែលជាការញញឹមចេញមកដោយសុទ្ធចិត្ត ។ កាលជំនាន់ខ្មែរក្រហម ប៉ុល ពត ដឹកនាំប្រទេសកម្ពុជា ខ្ញុំក៏ធ្លាប់ញញឹមសម្តែងការរីករាយដូចកម្មករកាត់ដេរទាំងនោះដែរ នៅពេលគេបង្ខំឲ្យទៅចូលរួមប្រជុំជាមួយនឹងកម្មាភិបាលថ្នាក់លើម្តងៗ ។ ប៉ុន្តែ នៅក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបន់ឲ្យតែរបបអន្យតេរ្ថីយ៍ និងមេដឹកនាំចង្រៃអន្ធពាលទាំងនោះវិនាសអន្តរាយចេញអំពីទឹកដីខ្មែរ ។ សព្វថ្ងៃ ប៉ុល ពត និងរបបខ្មែរក្រហមបានវិនាសអន្តរាយចេញពីពិភពលោកនេះជិតកន្លះសតវត្សហើយ ប៉ុន្តែ កេរ្ត៍ឈ្មោះរបស់មនុស្សដែលដឹកនាំរបបនេះ នៅតែស្អុយគគ្រុកនៅឡើយ ៕ (អាចម៍ជាប់ជើងអាចលាងជ្រះក្លិន កេរ្ត៍ឈ្មោះដែលអសោចហោចហិនចោលក្លិនស្អុយដល់ឋានបាតាល ។)

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...