Saturday, May 25, 2013

ចំណីខួរក្បាល (ប្រចាំសប្តាហ៍)

ឱវាទ ឬ អនុសាសន៍ដែលមានសារប្រយោជន៍បំផុត
តើអនុសាសន៍ប្រភេទណាដែលមានសារប្រយោជន៍បំផុតនោះ ?
ចម្លើយដែលខ្លីនិងងាយចងចាំ គឺអនុសាសន៍ណាដែលមានខ្លឹម
សារផ្ទុយអំពីការចង់បាននិងទង្វើរបស់យើង ។ មូលហេតុដែល
យើងហ៊ានអះអាងដូច្នេះ ព្រោះថាអ្វីដែលផ្ទុយអំពីបំណងនិងទង្វើ
របស់យើង គឺជាសច្ចភាពមួយដែលចង្អុលបង្ហាញនូវគុណវិបត្តិ
និងចំណុចអវិជ្ជមាននានាដែលជាបច្ច័យនាំទៅរកការបរាជ័យ ។
ប្រទេសជាច្រើននៅក្នុងពិភពលោកយើងនេះ (រាប់បញ្ចូលទាំង
ប្រទេសខ្មែរផង) បាននាំគ្នាបង្កើតនូវស្ថាប័ណមួយដែលគេដាក់
ឈ្មោះថា បណ្ឌិតសភាជាតិ (National Academy) ។ តួនាទីនៃស្ថា
ប័នបណ្ឌិតសភាជាតិទាំងនេះ ជាទូទៅ គឺផ្តល់អនុសាសន៍ដល់
រដ្ឋាភិបាល ដើម្បីលើកតម្កើងការដឹកនាំប្រទេសឲ្យមានភាពរីក
ចម្រើនលើគ្រប់វិស័យ ។
នៅសហរដ្ឋអាមេរិក លោកអតីតប្រធានាធិបតី អាប្រាហាំ លីង
កុន បានបង្កើតបណ្ឌិតសភាជាតិនៅឆ្នាំ១៨៦៣ ដើម្បីឲ្យស្ថាប័ន
នេះ ជួយផ្តល់អនុសាសន៍ដល់ក្រសួងមន្ទីរនានានៅក្នុងរដ្ឋាភិបាល
នៃសហរដ្ឋអាមេរិក ។ បើតាមស្ថិតិដែលយើងទទួលបាន បណ្ឌិត
សភាអាមេរិកផ្តល់អនុសាសន៍ ដែលមានរូបភាពជាសៀវភៅ
ឲ្យរដ្ឋាភិបាលអាមេរិក ក្នុង ១ថ្ងៃ ១ក្បាល (គិតជាអត្រាមធ្យម) ។
ចំណុចដែលធ្វើឲ្យយើងចាប់អារម្មណ៍ គឺថា អនុសាសន៍របស់
បណ្ឌិតសភាជាតិអាមេរិកាំងស្ទើរតែទាំងអស់ មានលក្ខណៈជា
ការទិតៀនរដ្ឋាភិបាលអាមេរិកាំងចាប់តាំងពី សេត្តវិមាន រហូត
ដល់ក្រសួងតូចតាច ។ ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលហួស
ពីការស្មាននោះ គឺស្ថិតនៅលើចំណុចដែលថា ថវិកាមួយចំនួនធំ
របស់បណ្ឌិតសភាជាតិអាមេរិកាំង មានប្រភពចេញមកពីរដ្ឋាភិ
បាល ។ តើហេតុអ្វីបានជារដ្ឋាភិបាលអាមេរិក ផ្តល់ថវិកាឲ្យស្ថាប័ន
មួយដែលចេញរបាយការណ៍រិះគន់ទិតៀនខ្លួនជាប្រចាំនោះ ?
យើងបានផ្តល់ចម្លើយនៅខាងដើមអត្ថបទរួចហើយ ។ តែយើង
សូមសង្កត់បន្ថែមថា អនុសាសន៍ដែលយើងមិនចូលចិត្ត គឺជាអនុ
សាសន៍ដ៏ល្អបំផុត ព្រោះវាបានលាតត្រដាងអំពីកំហុសរបស់
យើង ។
នៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញមានទំនាស់ដ៏ស្រួច
ស្រាវមួយរវាងអ្នកធ្វើរបាយការណ៍សិទ្ធិមនុស្សរបស់អង្គការ
សហប្រជាជាតិ ជាមួយនឹងរដ្ឋាភិបាលខ្មែរ ។ កត្តាចម្បងនៅក្នុង
ទំនាស់នេះ គឺការលាតត្រដាងអំពីការរំលោភបំពានសិទ្ធិរបស់
ពលរដ្ឋខ្មែរ ពីសំណាក់អជ្ញាធរនិងពួកអ្នកមានឥទ្ធិពលមួយចំនួន
ដែលគេហៅថា ឧកញ៉ា ។ ដើម្បីកែតម្រូវកំហុសរបស់មេដឹកនាំ
ខ្មែរដែលតែងតែប្រកាន់យកចរិតជិះជាន់សង្កត់សង្កិតពលរដ្ឋ
របស់ខ្លួននោះ ដំណាងអង្គការសហប្រជាជាតិបានផ្តល់អនុ
សាសន៍ល្អៗយ៉ាងច្រើនដល់ថ្នាក់ដឹកនាំខ្មែរ ។ ប៉ុន្តែ ថ្នាក់ដឹក
នាំខ្មែរមិនត្រឹមតែមិនខិតខំប្រឹងប្រែងអនុវត្តអនុសាសន៍ទាំងនោះ
ដើម្បីកែតម្រូវរាល់កំហុសនានាទេ ពួកគេថែមទាំងព្យាយាម
ដេញដំណាងអង្គការសហប្រជាជាតិ និងព្យាយាមបិទការិយា
ល័យអង្គការសហប្រជាជាតិនៅកម្ពុជាទៀត ។ ទង្វើនេះគឺមិន
ខុសអ្វីពីពាក្យស្លោកមួយឃ្លាដែលពោលថា៖ "ចាក់ចោលអង្ករ
យកអង្កាម" នោះទេ ។ យើងស្តាយណាស់ ដែលថ្នាក់ដឹកនាំខ្មែរ
បច្ចុប្បន្ន មើលមិនយល់អំពី អ្វីដែលមានប្រយោជន៍ និងអ្វីដែល
គ្មានប្រយោជន៍ សម្រាប់ការកសាងជាតិឲ្យបាន រឹតតែរុងរឿង ។
ផ្អែកលើការរីកចម្រើនៃសហរដ្ឋអាមេរិក និងការចំណាយប្រាក់
រាប់លានដុល្លារ (របាយការណ៍អនុសាសន៍របស់បណ្ឌិតសភា
ជាតិអាមេរិកាំង ១លេខ ក្រូវចំណាយពេលសិក្សាប្រមាណ ២ឆ្នាំ
និងថវិកាប្រមាណ ១លានដុល្លារ)  វាបញ្ជាក់ឲ្យឃើញច្បាស់
ណាស់ថា អនុសាសន៍ដែលយើងមិនពេញចិត្ត គឺជាអនុសាសន៍
ដែលល្អបំផុត ។ វាផ្ទុយស្រឡះពីថ្នាក់ដឹកនាំខ្មែរ ដែលមិនត្រឹមតែ
មើលមិនយល់ ថាអនុសាសន៍របស់អ្នកដំណាងអង្គការសហប្រជា
ជាតិ គឺជាអង្ករសម្រឹតដែលគេសម្រាំងយ៉ាងយកចិត្តទុកដាក់ និង
យកមកផ្តល់ឲ្យដោយឥតគិតថ្លៃនោះទេ ពួកគេបែរជាយល់ថា
អង្ករសម្រឹតនោះ ស៊ីមិនកើតទៅវិញ ។ អ្វីដែលល្អសម្រាប់ថ្នាក់
ដឹកនាំខ្មែរ គឺអនុសាសន៍ណាដែលអួតសសើរអំពីភាពភ្លឺស្វាងនៃ
ការដឹកនាំប្រទេស ទោះបីជាការដឹកនាំនោះកំពុងតែនាំជាតិឆ្ពោះ
ទៅរកគ្រោះមហន្តរាយក៏ដោយ ។ នយោបាយ "ចាក់ចោលអង្ករ
យកអង្កាម" នេះ គួរណាស់តែបញ្ចប់ត្រឹមនេះហើយ ប្រសិនបើ
យើងមិនចង់ឃើញប្រទេសខ្មែរ នៅតែស្ថិតក្នុងយុគងងិតតទៅ
ទៀត ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...