Tuesday, June 19, 2012

រឿងល្បើកនិងរឿងនិទាន

រឿង ដៃ ជើង និង មាត់ ច្រណែននឹងក្រពះ


(បទពាក្យ ៧)

ថ្ងៃមួយដៃជើងនិយាយថា      ពួកយើងធ្វើការហត់នឿយក្រៃ

បែរមើលទៅមាត់មិនធ្វើអ្វី       រង់ចាំតែឆីអត់ជួយសោះ ។

ជើងថាពីព្រឹកទល់ព្រលប់       ខ្ញុំដើរចរច្រប់គ្មានពេលលស់

ធ្វើការរាល់ថ្ងៃ មិនឲ្យខ្ចោះ       ទៅនេះទៅនោះឥតស្រាកស្រាន្ត ។

ដៃថ្លែងថាខ្ញុំក៏មិនស្ងៀម           ភ្ញាក់ពីព្រហាមលុបលាងប្រាណ

សម្អាតរូបកាយរួចហើយបាន   ចាប់កាន់ចំណីបញ្ចុកមាត់ ។

មាត់ឮដូច្នោះក៏ឆាប់ឆ្លើយ          អ្នកយល់ខុសហើយខ្ញុំក៏ហត់

រាល់ថ្ងៃហាស្តីយ៉ាងទៀងទាត់    ចំណីគ្រប់ម៉ាត់ខំទំពា ។

បើថាដូច្នេះចុះអាហារ                 បានទៅនរណាទទួលវា

ដៃហើយនិងជើងសួរព្រមគ្នា      មាត់ថាវាធ្លាក់ទៅក្រពះ ។

ក្រពះនេះមិនដែលធ្វើអ្វី               ខ្ជិលច្រអូសក្រៃឥតអៀនខ្មាស់

ចាំតែទទួលផលដល់ផ្ទះ              គ្មានចិត្តជួយខ្នះខ្នែងយើងទេ ។

ជើងក៏និយាយដោយកំហឹង         យើងប្រឹងធ្វើការឥតទំនេរ

ដៃថាខ្ញុំក៏ធ្វើឥតល្ហែ                      តែបែរផលបានទៅក្រពះ ។

ពីថ្ងៃនេះទៅឈប់ធ្វើការ              មាត់ក៏ឈប់ហាលៃយកឈ្នះ

ដៃជើងមាត់ខឹងនឹងក្រពះ             នាំគ្នារូតរះផ្អាកការងារ ។

ពេលដៃជើងមាត់ឈប់កម្រើក     លទ្ធផលកក្រើកដល់កាយា

ក្រពះរួមស្វិតឥតអាហារ                នាំឲ្យកាយាខ្សោយស្គមស្គាំង ។

រីឯដៃជើងក៏ខ្សោយដែរ                  កើតទុក្ខឥតល្ហែគ្មានកម្លាំង

នាំគ្នាប្រឈមមុខតតាំង                បែរជាប្រឆាំងនឹងខ្លួនឯង ។

ដ្បិតអីក្រពះទទួលផល                 យកមកចែកផ្តល់គ្រប់កន្លែង

ផ្គត់ផ្គង់រូបរាងកាយនេះឯង           ឲ្យផុតចំបែងផងនានា ។

ពេលនោះដៃជើងហើយនិងមាត់ បានយល់ប្រាកដពីហេតុការណ៍

ទាល់តែពួកគេរួបរួមគ្នា                 ប្រឹងធ្វើការងារទើបប្រាណបាន ។

ទទួលក្តីសុខផុតអំពល់                  ជួយផ្តល់ឋាមពលទាំងប៉ុន្មាន

ឲ្យអវយវៈទូទាំងប្រាណ                 មានសុខមាលភាពល្អប្រពៃ ៕

យើងមិនអាចកាត់ផ្តាច់សុខមាលភាពរបស់យើង ចេញពីសុខមាលភាពសង្គមបានទេ


No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...