Thursday, August 15, 2024

ចំណីខួរក្បាល

ដាំបន្លែដោយខ្លួនឯង ពេលមករស់នៅក្នុងផ្ទះបុរី (Townhome) កាលពីបីឆ្នាំមុន យើងមានដីប្រហែល ១០ម៉ែត្របួនជ្រុងនៅខាងក្រោយផ្ទះ ។ យើងសម្រេចច្នៃដីនោះ ដោយកាត់យកប្រមាណជា ៥ម៉ែត្របួនជ្រុងក្រាលឥដ្ឋធ្វើជាកន្លែងអង្គុយលម្ហែ ។ ដីដែលនៅសល់ជុំវិញប្រហែលជា ២ម៉ែត្រកន្លះនៅផ្នែកខាងឆ្វេងដៃនិងខាងក្រោយ និង១ម៉ែត្រកន្លះនៅខាងស្តាំដៃ យើងច្នៃធ្វើជាសួនដាំបន្លែនានា ។ ដីមួយម៉ែត្រកន្លះផ្នែកខាងស្តាំដៃ ខ្ញុំច្នៃធ្វើថ្នាលសម្រាប់ដាំត្រកួន ស្ពៃ និង សាឡាដ ។ ផ្នែកខាងក្រោយខ្ញុំធ្វើទ្រើងពីរជាន់សម្រាប់ដាំ ម្រះ និង ត្រឡាច ។ នៅក្រោមទ្រើងត្រឡាច ខ្ញុំដាំខ្ទឹមសនៅរដូវត្រជាក់ធ្លាក់ទឹកកក ។ ឯដី២ម៉ែត្រកន្លះនៅផ្នែកខាងឆ្វេងដៃ ខ្ញុំលៃដាំម្ទេស ៥ប្រភេទបានប្រហែលជា ៣០ដើម ។ ត្រប់បួនដប់ដើម ។ ប៉េងបោះ ២០ដើម ។ ត្រសក់ពីរជន្លង់ ។ និង សណ្តែកគួពីរជន្លង់ ។ នៅតាមចន្លោះកៀនកោះ ខ្ញុំដាំស្លឹកគ្រៃ ៥គុម្ព ជីរបួនប្រាំមុខ ម្អមពីរកូនកាធុន និងដំណាំខ្លះទៀតដូចជា ក្រូចសើច កន្ទ្រោប ទៀប ស្រកានាគ តាង៉ែន និង ផ្កានានា ដែលខ្ញុំដាំដាក់ក្នុងផើង ។ ដំណាំដូចជាស្រកានាគ ទៀប និង តាង៉ែន ខ្ញុំដាំក្រាន់តែលម្អភ្នែកតែប៉ុណ្ណោះ ។ មិនរំពឹងអាស្រ័យផលទេ ។ ក្រៅអំពីនេះ ខ្ញុំដាំទន្លាប់ពីរដើម និង កន្ទឹម មួយដើមនៅត្រង់ចំណុចកាច់ជ្រុងកម្រាលឥដ្ឋ ដើម្បីផ្តល់ម្លប់ដល់កន្លែងយើងអង្គុយលម្ហែ ។ បើគិតជាថេរវេលា វាទើបតែបានបីឆ្នាំ ។ ដូច្នេះអ្វីៗស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយ ។ ប៉ុន្តែ បើគិតជាភោគផលបន្លែបង្កា ដីតិចតួចនេះអាចផ្គត់ផ្គង់តម្រូវការបានមួយផ្នែកដែរ ដោយមិនចាំបាច់ទៅទិញអំពីផ្សារឡើយ ។ អត្ថបទនេះ ខ្ញុំចង់និយាយអំពីរបៀបដាំនិងថែទាំបន្លែ ។ បច្ចុប្បន្ន ការដាំបន្លែដោយខ្លួនឯងនៅតាមផ្ទះ ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង ។ ហើយក៏មានមនុស្សមួយចំនួន ត្អូញត្អែអំពីការដាំដំណាំមិនសូវទទួលបានលទ្ធផលល្អដែរ ។ ថ្វីដ្បិតតែការដាំដំណាំមិនត្រូវការ ការចំណេះជំនាញជ្រៅជ្រះក៏ដោយ ក៏យើងត្រូវយល់ដឹងអំពីរបៀបដាំនិងថែទាំដំណាំដែរ ទើបរកជោគជ័យឃើញ ។ ក្នុងនាមជាកូនអ្នកចម្ការម្នាក់ ដែលប្រកបរបរដាំបន្លែនៅតាមដងទន្លេមេគង្គជាច្រើនជំនាន់ ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗដល់មនុស្សមួយចំនួន ដែលព្យាយាមដាំបន្លែដោយខ្លួនឯង ។ របៀបដាំដំណាំនេះ ខ្ញុំរៀនអំពីម្តាយខ្ញុំ ។ ម្តាយខ្ញុំក៏រៀនអំពីឪពុកម្តាយគាត់ដែរ ។ វាជាចំណេះដឹងតគ្នា ។ មិនមែនជាចំណេះដឹងដែលខ្ញុំរៀនចេញអំពីសាលាឡើយ ។ ជាបឋម យើងត្រូវស្គាល់ប្រភេទដី ។ នៅអារ្យប្រទេស គេវាស់កម្រិត PH នៃដីដាំដំណាំ ។ ខ្ញុំមិនដែលខ្វល់រឿង ភីអេច ភីអាំងអ្វីទេ ។ ម្តាយខ្ញុំប្រាប់ថា ដីដាំដំណាំអាចមានបីប្រភេទគឺ៖ ដីល្បាយខ្សាច់ ដីកណ្តេង និង ដីច្រេះអាចម៍ដែក ។ ដីល្បាយខ្សាច់គីដីនៅតាមមាត់ទន្លេ ចន្លោះពី ៥០ ទៅ ២០០ម៉ែត្រ ។ ដីកណ្តេងគឺដីបឹង ដែលស្ថិតនៅលើសពី ២០០ម៉ែត្រពីមាត់ទន្លេ ។ អ្នកស្រុកខ្លះហៅដីបឹងថា ដីប្រាំង ។ ឯដីច្រេះអាចម៍ដែកគឺប្រភេទដីឥដ្ឋដែលមានល្បាយគ្រួសថ្មបាយក្រៀមច្រើន ។ ដីប្រភេទនេះសម្បូរនៅខាងខេត្ត កំពង់ធំ និង សៀមរាប ហើយមិនសូវល្អសម្រាប់ដាំបន្លែទេ ។ យើងភ្ជួរតែមួយផាលនង័្គល ទៅដល់ដីច្រេះអាចម៍ដែកហើយ ។ បើជីកឲ្យជ្រៅថែមទៀត យើងនឹងជួបថ្មបាយក្រៀម ។ គឺថ្មនេះហើយដែលបុព្វបុរសខ្មែរយកទៅធ្វើរបងប្រាសាទនានា ។ ការដាំបន្លែនៅតាមបណ្តោយមាត់ទន្លេ មិនជាលំបាកថែទាំណាស់ណាទេ ។ កាលពី ៣០ ឬ ៤០ឆ្នាំកន្លងទៅ យើងគ្មានម៉ាសុីនបូមទឹកនិងបច្ចេកទេសតទុយយោស្រោចស្រព្វដំណាំឡើយ ។ យើងដាំបន្លែដោយពឹងលើរដូវកាលនិងអាកាសធាតុ ហើយទុកឲ្យដំណាំលូតលាស់ទៅតាមសម្មាជីវោរបស់វា ។ គួរកត់សម្គាល់ថា មុនពេលមនុស្សយកវាមកដាំធ្វើជាបន្លែបង្កា រុក្ខជាតិនានាដូចជាត្រឡាច ល្ពៅ ត្រប់ ម្ទេស ជាដើម សុទ្ធសឹងតែជារុក្ខជាតិដុះដោយព្រៃ ។ គ្មាននរណាពូនគុម្ពជ្រុំគល់វាទេ ។ ពីដើមមិញ ដំណាំបន្លែនៅតាមមាត់ទន្លេគឺយើងដាំនៅរដូវទឹកស្រក ឬរដូវរាំងស្ងួត ។ ដោយហេតុតែទឹកទន្លេហូរលិចច្រាំងរៀងរាល់ឆ្នាំ ការដាំបន្លែក៏ត្រូវជ្រើសរើសប្រភេទឲ្យត្រូវទៅនឹងសណ្ឋានដីដែរ ។ កន្លែងខ្លះ មានពំនូកខ្សាច់ ។ កន្លែងខ្លះមានល្បាយខ្សាច់ ។ កន្លែងខ្លះមានដីល្បប់គ្របលើល្បាយខ្សាច់ ។ កន្លែងដែលមានពំនូកខ្សាច់ យើងអាចដាំល្ពៅ ឬ ឃ្លោកនិងត្រឡាចនៅជុំវិញនោះ ដ្បិតដំណាំទាំងបីប្រភេទនេះអាចវារគ្របលើពំនូកខ្សាច់ដែលជាហេតុមិនឲ្យកំដៅជះចេញពីដីខ្សាច់រុកគួនវាបានឡើយ ។ ដីល្បាយខ្សាច់យើងអាចដាំ ត្រសក់ស្រូវនិងឪឡឹក ។ ឯដីដែលមានល្បប់គ្របពីលើ យើងអាចដាំត្រសក់ផ្អ ប៉េងប៉ោះ ម្ទេស និង ត្រប់ ។ ពេលវេលានៃការដាំដុះគឺយើងប្រើទម្ងន់មនុស្ស ។ ចំណុចណាដែលយើងអាចដើរលើបាន គឺអាចដាំបានហើយ ។ យើងត្រូវត្រាំគ្រាប់ត្រសក់និងត្រឡាចឲ្យវាប្រេះមាត់ចាប ឬចេញពន្លកឫសបន្តិចមុននឹងយកទៅដាំ ។ របៀបដាំគឺយើងជីកដោយចបជីកក្នុងទម្រង់ត្រីកោណ ឬបួនជ្រុង ឆ្កឹះយកដីល្បប់ផ្នែកខាងលើចេញ ។ ដាក់គ្រាប់ត្រសក់ ឬត្រឡាច បីឬបួនគ្រាប់ក្នុងមួយរណ្តៅ ។ រួចហើយយកដីល្បាយខ្សាច់លាយអាចម៍គោមួយទូកដៃលប់រណ្តៅ ។ ឯការដាំ ត្រប់ ម្ទេស និង ប៉េងប៉ោះ ក៏មានសណ្ឋានស្រដៀងគ្នាដែរ គ្រាន់តែយើងបណ្តុះកូនត្រប់ ម្ទេស និងប៉េងប៉ោះនៅក្នុងថ្នាល ប្រមាណជាមួយខែមុន ។ កូនត្រប់ម្ទេសនិងប៉េងប៉ោះ ពេលដកចេញពីថ្នាលត្រូវរលាស់ដីចេញពីឫសរបស់វា ។ បន្ទាប់ពីជីករណ្តៅហើយ យើងប្រើឈើបុសបុកក្នុងរណ្តៅនោះជម្រៅប្រមាណពីរថ្នាំងដៃទៀត ។ រូចហើយ យកកូនប៉េងប៉ោះ ត្រប់ ឬម្ទេសមួយដើមដាក់ក្នុងរណ្តៅឈើបុសនោះ ។ បន្ទាប់មក យកដី ឬឆ្កឹះដីល្បាយខ្សាច់នៅមាត់រណ្តៅឈើបុសលប់ឫសកូនដំណាំឲ្យជិត ។ ចុងបញ្ចប់ យកកំសៀវដងទឹកដើរស្រោចកូនដំណាំទាំងនោះមួយច្រូចៗ ។ ការស្រោចទឹកនេះគឹមិនត្រូវឲ្យទឹកប៉ះត្រួយវាទេ ។ កាលពីក្មេង ខ្ញុំធ្លាប់ធ្វើកិច្ចការនេះ ។ ម្តាយខ្ញុំស្រែកទូន្មានខ្ញុំជាប្រចាំ ទោះស្លាប់១០ជាតិក៏នៅតែចាំដែរ ។ យើងដាំកូន ត្រប់ ម្ទេស ប៉េងប៉ោះ នៅពេលល្ងាចហើយស្រោចទឹកវាតែម្តងនេះគត់ ។ ស្អែកឡើង ពេលត្រូវកំដៅថ្ងៃវាស្រឡប់ស្តូក ប៉ុន្តែអត់ងាប់ទេ ។ ពេលកូន ត្រសក់ ត្រឡាច ឃ្លោក ល្ពៅ ប៉េងប៉ោះ ត្រប់ ម្ទេស លាស់ស្លឹកបានពីរឬបី យើងយកចបជីកជ្រុំគល់ ឬគុម្ពវា មួយឬពីរថ្ងៃក្រោយមក យើជម្រះស្មៅ ឬជ្រោយដីតាមបណ្តោយរងរបស់វា ។ ការជ្រោយដីតាមបណ្តោយរងនេះ មានសារសំខាន់ណាស់ ។ វាបំបែកផ្ទាំងដីល្បប់ជាបំណែកតូចៗហើយនិងធ្វើឲ្យវាស្ងួត ។ ដីស្ងួតនៅផ្នែកខាងលើនេះ គឺជាយន្តការទាញទឹកសន្សើមនៅពេលយប់យកទៅផ្គត់ផ្គង់ដីល្បាយខ្សាច់ដែលនៅផ្នែកខាងក្រោម ។ នេះហើយគឺជាវិធីដាំដំណាំបន្លែ ដោយមិនចាំបាច់ស្រោចទឹក ។ ឯការដាំបន្លែនៅលើដីកណ្តេង ឬ ដីបឹង ឬ ដីប្រាំង គេធ្វើតាមវិធីផ្សេង ។ ជាទូទៅ យើងរង់ចាំទាល់តែដីចម្ការរឹងល្មមឲ្យគោដើរលើបាន ទើបភ្ជួរដីនោះហាលឲ្យស្ងួតបន្តិច ។ បន្ទាប់មក យើងយករនាស់ចាក់ដែលមានធ្មេញដែកដូចចម្រូង រាស់លើដីបំណាស់ឲ្យទាល់តែបែកជាដុំៗប៉ុនៗកដៃ ។ ជាមួយគ្នានោះដែរ យើងរាស់នឹងរនាស់ខ្វារចុះឡើងៗ ដើម្បីឲ្យកម្ទេចដីតូចៗធ្លាក់ចុះទៅផ្នែកខាងក្រោម ។ យើងរាស់នឹងរនាស់ចាក់និងរនាស់ខ្វារជាច្រើនដង ដើម្បីបំបែកដីអាចម៍បំណាស់ឲ្យមានល្បាយល្អិតនៅផ្នែកខាងក្រោម ។ មុននឹងចាប់ផ្តើមដាំកូន ម្ទេស ឬ ត្រប់ ដែលជាប្រភេទដំណាំធន់នឹងកំដៅថ្ងៃ យើងភ្ជួរដីនោះត្រឡប់ម្តងទៀត រួចហើយរាស់វាដូចលើកទីមួយដែរ ។ ពេលល្ងាចទើបយើងយកកូនម្ទេសនិងត្រប់ទៅដាំ ដោយវែកដីដុំនៅផ្នែកខាងលើជាទម្រង់សំបុកមាន់ រួចហើយជាន់នឹងថ្លើមជើងឲ្យហាប់បន្តិចទើបយកឈើបុសបុកជារណ្តៅ ដូចជាយើងដាំនៅលើដីល្បាយខ្សាច់តាមមាត់ទន្លេដែរ ។ ការស្រោចទឹកគឺដូចគ្នា ដោយជៀសវាងមិនឲ្យប៉ះត្រួយកូនដំណាំឡើយ ។ យើងអាចស្រោចទឹកកូនដំណាំម្តងទៀតនៅពេលព្រឹកព្រហាម រួចហើយទុកឲ្យវាចាប់ឫសរស់តាមសម្មាជីវោរបស់វា ។ ពេលកូនដំណាំលាស់ខ្ពស់បន្តិច យើងអាចយកចប ឬខ្វែវ ជម្រះពូនគល់ដើម្បីជួយឲ្យសំណើមនៅក្រោមគល់ដំណាំនៅថេរបានយូរ ក៏ដូចជាជួយទាញយកទឹកសន្សើមនៅពេលយប់ មកផ្គត់ផ្គង់កូនដំណាំដែរ ។ ជាទូទៅ ទម្រាំដីបឹងស្ងួតអាចភ្ជួររាស់ដាំដំណាំបាន គឺយើងត្រូវរង់ចាំដល់ខែ មាឃធំ ឬផល្គុន ។ ដូច្នេះ បើមានភ្លៀងកក់ខែម្តងពីរនៅខែចែត្រ យើងអាចរំពឹងទទួលបានផលច្រើន ។ និយាយអំពីការដាំដំណាំនៅក្រោយផ្ទះ ជាពិសេសផ្ទះបុរីនៅក្នុងក្រុង គឺយើងមិនមានជម្រើសច្រើនទេ ។ ដីនៅក្រោយផ្ទះ ដែលភាគច្រើនជាដីដែលគេដឹកយកមកចាក់បំពេញ ជាទូទៅមិនសូវសមប្រកបសម្រាប់ដាំបន្លែបង្កាឡើយ ។ ប៉ុន្តែ យើងអាចច្នៃវាដាំបន្លែបាន ដោយប្រើវិធីលាយល្បាយ ។ បើដីក្រោយផ្ទះយើងសម្បូរខ្សាច់ យើងរកដីកណ្តេងយកមកលាយ ។ បើដីនោះសម្បូរទៅដោយដីកណ្តេងនិងដីឥដ្ឋ យើងរកដីល្បាយខ្សាច់យកមកលាយ ។ ដីនៅក្រោយផ្ទះខ្ញុំជាប្រភេទដីកណ្តេងលាយដីឥដ្ឋ ។ ដាំបន្លែអ្វីក៏មិនសូវល្អដែរ ដ្បិតវាជាំទឹកខ្លាំងពេក ។ ដោយហេតុតែខ្ញុំមិនដឹងជាទៅរកដីល្បាយខ្សាច់ឯណាយកមកលាយបាន ខ្ញុំក៏សម្រេចចិត្តទៅទិញដីជីកំប៉ុស ដែលគេធ្វើអំពីកម្ទេចស្លឹកនិងមែកឈើលក់នៅផ្សារ យកមកលាយ ។ វាមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ប៉ុន្តែខ្ញុំអាចប្រើវិធីឆ្នៃប្រតិដ្ឋនិងចំណេះដឹងរៀនពីដូនតា ដាំបន្លែបានផលគួរសមដែរជាមួយនឹងដីដែលមិនសូវសមប្រកបនេះ ។ អ្វីដែលខ្ញុំអនុវត្តិគឺ បង្អត់ទឹកដំណាំ ។ ខ្ញុំមិនស្រោចទឹកដំណាំខ្ញុំរាល់ថ្ងៃទេ សូម្បីតែត្រកួននិងម្អមដែលជាដំណាំដុះក្នុងស្រែឬក៏បឹង ក៏ខ្ញុំអត់ស្រោចទឹកវារាល់ថ្ងៃដែរ ។ គួរកត់សម្គាល់ថា ដីកណ្តេងឬដីឥដ្ឋពេលត្រូវទឹក វានឹងរលាយជាប់គ្នានៅផ្នែកខាងលើ (on the surface) ដូចនំក្រៀបឬគ្របឆ្នាំ ។ នៅពេលប្រការនេះកើតឡើង សំណើមនៅផ្នែកខាងក្រោមនឹងបង្កឲ្យមានចំហាយក្តៅពេលត្រូវកម្តៅព្រះអាទិត្យ ដែលញាំញីឫសដំណាំនិងធ្វើឲ្យវាក្រិន ។ ដូច្នេះ ត្រូវជ្រុំជ្រោយដីនៅក្បែរគល់ឬចន្លោះរងបន្លែ ជាមួយនឹងកូនរនាស់ផ្លែមួយ ផ្លែពីរ ឬផ្លែបួន ដូចដែលខ្ញុំបង្ហាញនៅក្នុងរូប ជាប្រចាំបន្ទាប់ពីមានភ្លៀងធ្លាក់ ឬក៏សង្កេតឃើញមានដីក្រាំងខ្លាំង ។ តាមចន្លោះជួរត្រកួនក៏ដូចគ្នា ។ គប្បីយកច្បូកម្រាមដៃ ឬក៏ដែកឬឈើប៉ុនម្រាមដៃ ទៅចាក់ឲ្យមានប្រហោងដើម្បីឲ្យចំហាយទឹកហួតឡើងលើផងដែរ ។ ដូចដែលខ្ញុំបានជម្រាបនៅផ្នែកខាងលើរួចហើយ បន្លែបង្កាភាគច្រើនវាដុះតាមព្រៃគ្មាននរណាស្រោចទឹកថែធួនពូនគល់វាទេ ។ បើយើងបារម្ភខ្លាចដំណាំងាប់ យើងអាចកាយដីនៅចន្លោះជួរដើម្បីពិនិត្យមើលថាតើវាស្ងួតដល់កម្រិតណា ។ បើស្ងួតខ្លាំង យើងអាចស្រោចទឹកដោយបង្ហូរទឹកយឺតៗឲ្យចំគល់ដំណាំនីមួយៗ ។ មិនត្រូវបាញ់ទឹកបាចសាចពាលវាលពាសកាលឡើយ លើកលែងតែត្រកួននឹងស្ពៃ ។ កាលពីក្មេង ខ្ញុំធ្លាប់ឮចាស់ៗប្រាប់ថា បើចង់ឲ្យដំណាំលាស់ស្ទុះ ត្រូវបង្អត់ទឹកវាបួនប្រាំថ្ងៃសឹមស្រោចម្តង ។ និយាយអំពីបទពិសោធមួយដែលខ្ញុំធ្វើនៅឆ្នាំនេះ ។ ខ្ញុំដាំកូនម្ទេសចំនួន ៩ដើម ។ កូនម្ទេស ៣ដើមខ្ញុំស្រោចទឹករាល់ថ្ងៃ ។ បីដើមទៀតខ្ញុំអត់ស្រោចទឹកទេ ។ ឯបីដើមចុងក្រោយ ខ្ញុំស្រោចទឹកប្រាំថ្ងៃម្តង ។ នៅតំបន់ខ្ញុំរស់នៅមានការរាំងស្ងួតប្រហែលមួយខែកន្លះ និងមានសុីតណ្ហភាពចន្លោះពី ៣៧ទៅ៤២ អង្សាសេ ជាប្រចាំ ។ ខ្ញុំសង្កេតឃើញថា កូនម្ទេសដែលខ្ញុំស្រោចទឹករាល់ថ្ងៃ វាមានស្លឹកពណ៌បៃតងខ្ចីនិងមានដើមខ្ពស់ល្វន់ល្វត ។ កូនម្ទេសដែលខ្ញុំអត់ស្រោចទឹកសោះ វាមានស្លឹកពណ៌ខៀវចាស់ ដើមទាបតែរឹងបុឹង ។ ឯកូនម្ទេសដែលខ្ញុំស្រោចទឹក ៥ថ្ងៃម្តង វាមានសណ្ឋាននៅចន្លោះកូនម្ទេសទាំងពីរក្រុមខាងលើ ។ កូនម្ទេសទាំងអស់ អត់មានងាប់មួយដើមទេ ។ នេះគឺជាបទពិសោធន៍មួយដែលខ្ញុំរកឃើញសម្រាប់ការដាំដំណាំនៅក្រោយផ្ទះ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...