Friday, August 30, 2024
ចំណីខួរក្បាល
CLV (Clever Long-term Vision)
"អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុងតំបន់ដល់កម្រិតណាហើយ ។ យើងមានផ្លូវ មានភ្លើងអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដែលមិនធ្លាប់មានពីមុនមក ។ ការលើកឡើងថា ខ្មែរបាត់បង់ទឹកដីនោះវាទៅមិនរួចទេ ដ្បិតយើងមានពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនជាច្រើន ដែលជារបងការពារបូរណភាពទឹកដី មិនអាចឲ្យគេឈ្លានពានបានងាយៗនោះឡើយ" ។
"ដីរបស់យើង វាមិនបាត់បង់ទៅណាទេបង ។ វាគ្រាន់តែដូរម្ចាស់ ដូចនៅកម្ពុជាក្រោមអ៊ីចឹង" ។
ខាងលើនេះ ជាសម្រង់កិច្ចសន្ទនារបស់ជនជាតិខ្មែរពីររូប ម្នាក់រស់នៅក្នុងប្រទេសកម្ពុជា និង ម្នាក់ទៀតរស់នៅឯបរទេស ពាក់ព័ន្ធនឹងការអភិវឌ្ឍរួមគ្នារវាងកម្ពុជា ឡាវ និង វៀតណាម នៅតំបន់ព្រំប្រទល់មុំបី ។ អ្នកទាំងពីរហាក់ដូចជាមានចំណេះដឹងប្រហាក់ប្រហែលគ្នា គ្រាន់តែម្នាក់ជាចាបរស់នៅក្នុងទ្រុង និង ម្នាក់ទៀតជាចាបរស់នៅក្នុងព្រៃ ។ និយាយឲ្យងាយយល់ ម្នាក់រស់នៅក្នុងប្រទេសដែលអាជ្ញាធរវាស់ម៉ែត្រឲ្យគិត និង ម្នាក់ទៀតរស់នៅក្នុងប្រទេសដែលមានសេរីភាពគិតឥតព្រំដែន ។ ថ្វីដ្បិតតែគ្មាននរណាអាចគ្រប់គ្រងការគិតរបស់មនុស្សក៏ពិតមែន ប៉ុន្តែនៅពេលសង្គមមួយគៀបសង្កត់សេរីភាពពលរដ្ឋធ្ងន់ធ្ងរ ពលរដ្ឋមិនអាចគិតឲ្យបានឆ្ងាយហួសពីជើងមុងឡើយ នៅពេលដែលមនុស្សដែលរស់នៅក្នុងសង្គមប្រកបទៅដោយសេរីភាពបរិបូណ៌ គេអាចគិតរហូតដល់ជើងមេឃ ។ នៅពេលប្រជាជាតិមួយ ដែលមានពូជអម្បូរវប្បធម៌និងភក្តីភាពមកលើមាតុភូមិដូចគ្នា គិតខុសគ្នាដូច្នេះ តើប្រជាជាតិពីរ ឬបី ដែលមានវប្បធម៌ទីទៃពីគ្នា ចូលរួមរកសុីអភិវឌ្ឍទឹកដីហ៊ុនគ្នា គិតអំពីការទាញយកសារប្រយោជន៍អំពីការអភិវឌ្ឍនោះ ខុសគ្នាកម្រិតណាទៅ ។ នេះគឺជាប្រធានបទ ដែលខ្មែរយើងគួរលើកយកមកត្រិះរិះគិតទាំងអស់គ្នា មិនថាអ្នកនោះមាននិន្នាការនយោបាយទោរទន់ទៅខាងណាឡើយ ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និង វៀណាម (CLV) វាស្ទើរតែមិនចាំបាច់នរណានិយាយទេថា វៀតណាម ជាអ្នកតាក់តែង ឬបំភ្លឺផ្លូវ (Initiator) ។ ក្រៅអំពីរៀបចំគម្រោង វៀតណាមក៏ជាអ្នកដាក់ដើមទុនច្រើនជាងគេដែរ (Lead Investor) ។ នៅក្នុងគោលការណ៍រកសុីចូលគ្នា អ្នកដែលដាក់ភាគហ៊ុនខ្ពស់ជាងគេ ក៏ជាអ្នកមានឥទ្ធិពលខ្ពស់ ឬទូលំទូលាយជាងគេនៅក្នុងការសម្រេចចិត្តនានា ។ ទុករឿងបច្ចេកទេសនេះមួយឡែក និយាយអំពីការគិតរបស់ខ្មែរនិងយួនដែលជាភាគី ឬក៏ភាគហ៊ុនិក នៃការរកសុីអភិវឌ្ឍន៍ទឹកដីរួមគ្នានេះវិញម្តង ។
ផ្អែកលើការបកស្រាយនានាស្រដៀងគ្នានឹងអ្វីដែលខ្ញុំបានដកស្រង់ដាក់នៅខាងដើមអត្ថបទ ជនជាតិខ្មែរជាច្រើនចាប់ពីនាយករដ្ឋមន្ត្រី រហូតដល់ជនជាតិភាគតិចរស់នៅក្នុងព្រៃមិនដែលស្គាល់អ្វីថាជាការអភិវឌ្ឍផងនោះ គិតថា ការអភិវឌ្ឍនៅតំបន់កន្ទុយនាគរាប់បញ្ចូលខេត្តទាំងបួនរបស់ខ្មែរនៅភាគឦសាន វានឹងធ្វើឲ្យតំបន់នោះរីកចម្រើន ។ អ្វីដែលសំខាន់លើសលប់បំផុត គឺយើងនឹងមានផ្លូវគមនាគមន៍គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ។ នៅពេលដែលយើងមានហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះហើយ វានឹងសម្រួលដល់ការចូលទៅតាំងទីលំនៅរបស់ពលរដ្ឋខ្មែរ នៅក្នុងតំបន់ដាច់ស្រយាលតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីធ្វើជាខែលការពារបូរណភាពទឹកដីកម្ពុជា ។ នៅពេលបានឃើញមន្ត្រីរាជការខ្មែរ រាប់បញ្ចូលទាំងបញ្ញាជននានាផងដែរ បកស្រាយការអភិវឌ្ឍរួមគ្នារវាងកម្ពុជា ឡាវ និង វៀតណាម តាមលម្អានទិដ្ឋិខាងលើនេះ ខ្ញុំស្ទើរតែស្រែកយំ ។ ខ្ញុំលួចសួរខ្លួនឯងថា តើខ្ញុំសិក្សាប្រវត្តិសាស្ត្រខ្មែររហូតដល់ឡប់សតិហើយឬ ។ ប្រភពឯកសារសិក្សាប្រវត្តិសាស្ត្រខ្មែរដែលពួកយើងរៀន គឺចេញមកអំពីកំណត់ត្រារបស់បុព្វបុរសខ្មែរដូចគ្នា ។ ចុះហេតុអ្វីក៏ខ្ញុំមើលឃើញទិដ្ឋភាពផ្ទុយអំពីអ្នកដទៃ ។
ជាបឋម ពលរដ្ឋខ្មែរតាំងតែពីកកើតទឹកដីកម្ពុជាមក មិនដែលមានចំណូលចិត្តទៅរស់នៅក្នុងតំបន់ព្រៃភ្នំទេ ។ បើមិនដូច្នោះទេ តំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា មិនមែនខ្សត់មនុស្សរស់នៅរហូតដល់សព្វថ្ងៃឡើយ ។ ឯរឿងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដើម្បីសម្រួលឲ្យពលរដ្ឋចូលទៅតាំងទីលំនៅ នៅក្នុងតំបន់ដាច់ស្រយាលតាមបន្ទាត់ព្រុំដែន វាគឺជាគំនិតបញ្ច្រាសទិសមួយ ដែលលើកស្ទួយអត្ថប្រយោជន៍វៀតណាមច្រើនជាងខ្មែរ ។ បើពលរដ្ឋខ្មែរគ្មានចំណង់ចំណូលចិត្តនឹងទៅរស់នៅក្នុងតំបន់ព្រៃភ្នំទាំងនោះទេ អ្នកដទៃគេនឹងទៅរស់នៅជំនួសយើងជាក់ជាមិនខាន ។
ក្នុងនាមជាមិត្តមុឺនឆ្នាំ ទំនាក់ទំនងប្រវត្តិសាស្ត្ររវាងខ្មែរនិងយួន មានព្រឹត្តិការណ៍ពីរករណីដែលលេចធ្លោជាងគេ ។ ព្រឹត្តិការណ៍ទាំងពីរនេះ សព្វថ្ងៃមិនមានបង្រៀននៅក្នុងកម្មវិធីសិក្សារបស់ខ្មែរឡើយ ។ ហើយក៏ប្រហែលជាមិនមានមនុស្សច្រើនដែរ ដែលនៅចងចាំ ។ ទីមួយគឺវៀតណាមសុំខ្ចីទឹកដីខ្មែរនៅតំបន់ កំពុបស្រកាត្រីនិងព្រៃនគរ ដើម្បីហ្វឹកហ្វឺនទ័ពទប់ទល់នឹងក្រុមបះបោរ តៃសឺន (The Tyson Rebellion) ។ ទីពីរគឺវៀតណាមសុំឲ្យពលរដ្ឋគេចូលមកធ្វើជំនួញជួញដូរនៅតំបន់ព្រៃនគរ ។ អ្វីៗដែលកើតឡើងបន្តអំពីព្រឹត្តិការណ៍ទាំងពីរនោះមក ខ្មែរយើងមានកម្ពុជាក្រោមជាតឹកតាងស្រាប់ហើយ ។ មិនចាំបាច់ខ្ញុំពណ៌នាវែងឆ្ងាយទេ ។
ប្រវត្តិសាស្ត្រ នៅពេលដែលវាដើរជាន់ដានចាស់ វាអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជាតិមួយ ហើយវាក៏អាចបង្កលាភឲ្យប្រជាជាតិមួយទៀតដែរ ។ វាគឺជាអ្វីដែលភាសាអង់គ្លេសហៅថា៖ Zero sum game (អាមួយចាញ់ អាមួយឈ្នះ) ។ នៅក្នុងករណី CLV ថ្វីដ្បិតតែយើងមិនអាចដឹងអំពីអ្វីដែលនៅពីក្រោយការគិត របស់រដ្ឋាភិបាលវៀតណាមក៏ពិតមែន តែយើងអាចមើលឃើញគោលដៅរបស់គេច្បាស់ក្រឡែត ប្រសិនបើយើងព្យាយាមមើលឲ្យហួសពីជើងមុង ។ វៀតណាមគេយកគោលការណ៍ "ធ្វើជំនួញជួញដូរនៅតំបន់ព្រៃនគរ" មកអនុវត្តិម្តងទៀត ។ ផ្គុំជាមួយនឹងគោលការណ៍នេះ គេក៏យកគំរូរបស់បារាំងដាំកៅស៊ូនៅស្រុកខ្មែរមកអនុវត្តិផងដែរ ។ អ្នកដែលយល់ដឹងប្រវត្តិសាស្ត្រខ្មែរច្បាស់លាស់ អានអត្ថបទដល់ត្រឹមតែចំណុចនេះ ក៏ប្រហែលជាយល់ដល់ចុងបញ្ចប់រួចទៅហើយ មិនចាំបាច់អានរហូតដល់ចប់ទេ ។
យោងតាមលិខិតស្នាមនៃកិច្ចព្រមព្រៀងនិងសេចក្តីថ្លែងនានា ពាក់ព័ន្ធនឹងការរចនាស្ថាបនាដំណើរការនៃការអភិវឌ្ឍទឹកដីរួមគ្នា វាបានបង្ហាញយ៉ាងច្បាស់ថា ខ្មែរផ្តោតទស្សនវិស័យ (Vision) ក្នុងទម្រង់ភូមិសាស្ត្រ (Geography) ។ ឯវៀតណាមគេផ្តោតទស្សនវិស័យក្នុងទម្រង់ប្រជាសាស្ត្រ (Demography) ។ គួរកត់សម្គាល់ថា ខ្ញុំឲ្យនិយមន័យលើពាក្យ "ប្រជាសាស្ត្រ" ដោយផ្អែកលើពាក្យបីម៉ាត់នៅក្នុងភាសាអង់គ្លេស៖ Migration, Settlement, and Integration (ចំណាកស្រុក ជ្រកកោន និង សមាហរណកម្ម) ។ បើយើងប្រៀបធៀបទស្សនវិស័យទាំងពីរ (Visions) នៅក្នុងគម្រោងនេះវិញ រដ្ឋាភិបាលខ្មែរសម្លឹងត្រឹមជើងមុង ។ ឯរដ្ឋាភិបាលវៀតណាម សម្លឹងរហូតដល់ជើងមេឃ ។ នេះគឺភាពខុសគ្នាមួយដែលយើងអាចមើលឃើញ ពាក់ព័ន្ធនឹងគម្រោង CLV ។ តើយើងមើលយល់ដោយរបៀបណា ។ សកម្មភាព! នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាដែលនិយាយថា៖ Action speaks louder than word (សកម្មភាព បង្ហាញអំពីចេតនា) ។
ឧត្តមសេនីយ៍ចក្រភពរ៉ូម៉ាំងមួយរូបនិយាយថា៖ Slow, but sure! (យឺត! ក៏ប៉ុន្តែប្រាកដប្រជា ឬជោគជ័យ) ។ នេះគឺជាវិន័យមួយដែលមេដឹកនាំវៀតណាមបានអនុវត្តិជាច្រើនជំនាន់មកហើយ ។ គួបផ្សំវិន័យនេះជាមួយនឹងវប្បធម៌តស៊ូអត់ធ្មត់ប្រឈមនឹងភាពលំបាកវេទនា វាបានក្លាយទៅជាកត្តាជម្រុញមួយ ជួយឲ្យពលរដ្ឋវៀតណាមជម្នះបាននូវឧបស័គ្គជាច្រើន ដែលរារាំងដំណើរប្រជាសាស្ត្ររបស់ពួកគេចាប់ពីឈូងសមុទ្រតុងកឹង រហូតដល់ចុងជ្រោយខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ។
ប្រជាសាស្ត្រ (Demographic Assimilation) មានទ្រង់ទ្រាយស្រដៀងគ្នានឹងលំហូរទឹក ។ ធម្មជាតិនៃទឹកគឺហូរពីទីខ្ពស់ទៅទីទាប ។ ឯមនុស្សគឺហូរពីទីចង្អៀតទៅទីទូលាយ ។ ចង្អៀតនៅទីនេះគឺយើងសំដៅដល់ ចង្អៀតសេរីភាព ចង្អៀតសេដ្ឋកិច្ច ចង្អៀតទឹកដីសម្រាប់រស់នៅ និង ចង្អៀតចិត្ត (យើងអាចបន្ថែមកត្តាចង្អៀតជាច្រើនផ្សេងទៀត) ។ ធម្មជាតិនៃមនុស្ស នៅពេលប្រឈមនឹងកត្តាចង្អៀត មិនថាចង្អៀតចិត្ត ឬចង្អៀតស្អីផ្សេងទៀតឡើយ តែងតែសម្លឹងប្រមើលមើលទៅឆ្ងាយ ។ គឺឆ្ងាយរហូតដល់ជើងមេឃ ។ មេដឹកនាំវៀតណាមក៏ជាមនុស្សដែរ ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាចង្អៀតដែលពលរដ្ឋខ្លួនប្រឈម គម្រោង CLV គឺជាដំណោះស្រាយមួយដែលចាំបាច់ជាទីបំផុត ។
បើយើងសង្កេតមើលគោលនយោបាយរបស់ប្រទេសវៀតណាមជាមួយនឹងកម្ពុជា វៀតណាមបានចាប់ផ្តើមគម្រោង CLV តាំងតែពី CLV មិនទាន់កើតចេញជារូបរាងម្លេះ ។ ជំហានទីមួយគឺដីសម្បទានសម្រាប់ដាំដំណាំកៅស៊ូដែលមានរយៈពេល ៩៩ឆ្នាំ នៅភាគឦសាននៃប្រទេសកម្ពុជា ។ ការវិនិយោគលើដំណាំកៅស៊ូនេះ វៀតណាមយកគំរូតាមអាណានិគមបារាំងស្ទើរតែទាំងស្រុង ។ គេសាងសង់ភូមិកម្មករស្រដៀងគ្នានឹងភូមិកម្មកររបស់បារាំងនៅចំការកៅស៊ូ ជប់ កាលពីអតីតកាលដែរ ។ អ្នកដែលរស់នៅក្នុងភូមិកម្មករទាំងនោះគឺជាគ្រួសារនៃកម្មករជនជាតិវៀតណាម ។ នៅក្នុងទស្សនវិស័យរបស់រដ្ឋាភិបាលវៀតណាម កម្មករចម្ការកៅស៊ូដែលចូលមកជ្រកកោនក្នុងទឹកដីខ្មែរពីដើមទីនេះ គឺគ្រាន់តែជាបញ្ញើក្អែកតែប៉ុណ្ណោះ ។ អ្វីដែលជាបំណងធំ គឺកូននិងចៅរបស់កម្មករទាំងនោះ ។ រយៈពេល ៩៩ឆ្នាំ មនុស្សអាចបង្កើតកូនបានយ៉ាងហោចណាស់ក៏បីជំនាន់ដែរ ។ ជាគោលការណ៍អន្តរជាតិ យើងកើតនៅទីណាឬក្នុងប្រទេសណា ប្រទេសនោះគឺជា "ភូមិកំណើត" របស់យើង ។ កម្មករ ១០០០គ្រួសារ បើយើងគិតជាមធ្យមក្នុងមួយគ្រួសារអាចបង្កើតកូនបានបីនាក់ យើងយកចំនួននេះគុននឹង ១០០០ រួចគុននឹង ៣ជំនាន់ យើងអាចនឹងរកឃើញអត្រានៃកំណើនពលរដ្ឋខ្មែរដើមកំណើតវៀតណាមជាក់ជាមិនខានឡើយ ។ គួរកត់សម្គាល់ថា កាលជំនាន់សន្ធិសញ្ញាក្រុងប៉ារីស និង អ៊ុនតាក់ គ្រប់គ្រងប្រទេសកម្ពុជា អន្តោប្រវេសជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជានាគ្រានោះ បានយកកត្តាដូនតាពួកគេដែលអាណានិគមបារាំងយកមកធ្វើការងារនៅស្រុកខ្មែរ ជាមូលដ្ឋានដើម្បីបញ្ជាក់អំពីភាវស្របច្បាប់របស់ពលរដ្ឋ ។
ការបង្កើតតំបន់អភិវឌ្ឃ CLV គឺដើម្បីសម្រួលដល់ការចេញចូលរកសុីនិងបោះទុនវិនិយោគនៅក្នុងតំបន់ ។ សម្រាប់ប្រទេសខ្មែរ យើងមិនចាំបាច់ព្រួយទេ ។ កាប់ព្រៃឈូសឆាយធ្វើផ្លូវគមនាគមន៍ឲ្យតែស្អាតទៅ ពាណិជ្ជករវៀតណាមនឹងចូលមកបោះទុន អភិវឌ្ឍនៅក្នុងតំបន់ដាច់ស្រយាលរបស់យើងភ្លូកទឹកភ្លូកដី ។ យ៉ាងយូរ២០ឆ្នាំទៅមុខទៀត ខេត្តរតនគីរី និង មណ្ឌលគីរី នឹងមានអ្វីដែលភាសាអង់គ្លេសហៅថា Skyscraper (អគារខ្ពស់ៗ) ។ ជាថ្មីម្តងទៀត ប្រជាសាស្ត្រក្នុងទម្រង់កម្មករចម្ការកៅស៊ូគឺជាគំរូ គ្រាន់តែមួយដើរតាមបែបបទ កម្មករ មួយទៀតដើរតាមបែបបទ ពាណិជ្ជករ ឬ មួយយកគំរូតាមបារាំង និង មួយទៀតយកគំរូតាមបុព្វការីជនវៀតណាម ដែលធ្លាប់បានអនុវត្តិនៅតំបន់ព្រៃនគរបានជោគជ័យរួចម្តងហើយ ។ ផ្លូវពីរផ្សេងគ្នា ក៏ប៉ុន្តែវាទៅជួបគ្នានៅក្នុងចំណុចតែមួយ ។ ក្រៅអំពីប្រជាសាស្ត្រចូលមកពីខាងក្រៅ យើងនៅមានប្រជាសាស្ត្រចេញពីក្នុងប្រទេសមួយផ្នែកទៀត ។ អន្តោប្រវេសជន ជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ស្របច្បាប់ក្តី មិនស្របច្បាប់ក្តី ភាគច្រើនគឺរស់នៅលើផ្ទះបណ្តែតទឹក និងនៅក្នុងសហគមន៍ដែលមានស្ថានភាពចង្អៀតណែនណាន់តាន់តាប់ ដូចជានៅច្បារអំពៅជាដើម ។ នៅពេល CLV មានហេដ្ឋារចនាសម្ព័ន្ធនិងវិស័យពាណិជ្ជកម្មរីកចម្រើនសមរម្យ ហើយត្រូវការធនធានមនុស្សដើម្បីបម្រើការងារ គួបផ្សំជាមួយនឹងការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលកម្ពុជា ឲ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងតំបន់នោះផង យើងអាចរំពឹងនឹងឃើញកំណើនអន្តោប្រវេសជនវៀតណាម ចូលទៅរស់នៅទីនោះច្រើនជាងខ្មែរ ដ្បិតអី បើវិនិយោគិននៅទីនោះភាគច្រើនមកពីវៀតណាម រឿងអីដែលគេមិនត្រូវការមនុស្សដែលមានពូជអម្បូរនិងវប្បធម៌ដូចគ្នា មកបម្រើកិច្ចការងារពាណិជ្ជកម្មរបស់គេ ។ អំណឹះទៅមុខ តំបន់អភិវឌ្ឍ CLV នៅក្នុងខេត្តទាំងបួននៃភាគឦសានប្រទេសខ្មែរ នឹងកែប្រែមុខមាត់ (Literally!) ។
សម្រាប់ពលរដ្ឋខ្មែរដែលព្រួយបារម្ភអំពីការបាត់បង់ទឹកដី ដោយសារការអភិវឌ្ឍរួមគ្នានេះ វាគ្មានអ្វីដែលត្រូវព្រួយបារម្ភទេ ។ ខ្ញុំហ៊ានអះអាងថា ទឹកដីខ្មែរនៅក្នុងតំបន់នោះ មិនបាត់បង់ទៅណាឡើយ ។ ដូរម្ចាស់ដូចការអះអាងរបស់ខ្មែរម្នាក់ដែលខ្ញុំស្រង់សម្តីនៅដើមអត្ថបទ ក៏អត់ដូរដែរ ។ អ្វីដែលផ្លាស់ប្តូរគឺ ពូជអម្បូរមនុស្សដែលចូលទៅរស់នៅក្នុងតំបន់នោះ ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្តែងមួយអំពីប្រជាសាស្ត្រ មកលាតត្រដាងដើម្បីឲ្យឃើញច្បាស់ដូចពន្លឺថ្ឌៃ ។ សារភាពតាមត្រង់ នៅពេលសរសេរអត្ថបទរិះគន់យុទ្ធវិធីប្រជាសាស្ត្ររបស់វៀតណាមនេះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាកំពុងតែស្តោះទឹកមាត់ដាក់លើបាតដៃខ្លួនឯង ពីព្រោះខ្ញុំគឺជាមនុស្សកើតចេញអំពីប្រជាសាស្ត្រទាំងសាច់ទាំងឆ្អឹង ។ ខ្ញុំកើតមកមានស្លាកប្រជាសាស្ត្របិទនៅលើក្បាលតាំងតែពីនៅក្នុងផ្ទៃម្តាយ គ្រាន់តែគ្មាននរណាមើលស្គាល់ ។
កាលពីឆ្នាំប្រហែលជា ១៩០០ បុព្វការីជនរបស់ខ្ញុំបានចាកចេញពីប្រទេសចិន មកជ្រកកោននៅតំបន់ព្រៃនគរ ដែលជាទឹកដីខ្មែរប្រែក្លាយជាតំបន់ស្វ័យតរបស់អាណានិគមបារាំង ។ ព្រឹត្តិការណ៍ ឬកត្តាដែលញ៉ាំងឲ្យបុព្វការីជនរបស់ខ្ញុំមកជ្រកកោននៅក្នុងស្រុកខ្មែរ ប្រហែលជាកើតចេញអំពីបដិវត្តិន៍អ្នកគុននិយម (Boxer Rebellion) នៅប្រទេសចិន ។ វាជាការបះបោរមួយប្រឆាំងនឹងការរុករានទន្ទ្រានកាន់កាប់ទឹកដីចិន ពីសំណាក់ជនបរទេស ។ ដើមឡើយ រាជនីមេម៉ាយ សុីសុី (Empress Dowager Cixi) ដែលជាអ្នកដឹកនាំប្រទេសចិននាគ្រានោះ គាំទ្រការបះបោររបស់ក្រុមអ្នកបដិវត្ត ។ ប៉ុន្តែ ដើម្បីរក្សាសុវត្ថិភាពរាជបាល្ល័ង្គ គាត់ក៏ដូរចិត្តចូលដៃជាមួយពួកបរទេសថ្កោលទោសជនរួមជាតិខ្លួនទៅវិញ ។ មិនដឹងថាបុព្វការីជនរបស់ខ្ញុំពាក់ព័ន្ធនឹងបដិវត្តិន៍នោះដែរ ឬក៏យ៉ាងណាទេ ។ ប៉ុន្តែ ដំណើរចូលមកជ្រកកោនក្នុងប្រទេសខ្មែររបស់គាត់ គាប់ជួនជាមួយនឹងព្រឹត្តិការណ៍នោះ ។
នៅពេលបុព្វការីជនរបស់ខ្ញុំចាប់ផ្តើមកសាងគ្រួសារនៅតំបន់ ព្រៃនគរ យើងមិនដឹងថា តើគាត់មានភរិយាជាជនជាតិចិន ចាម យួន ឬក៏ខ្មែរទេ ។ យើងគ្រាន់តែដឹងថា កូនប្រុសរបស់គាត់ម្នាក់ដែលត្រូវជាជីតាទួតរបស់ខ្ញុំ បានក្លាយជា អុងប៉ាង ហើយមកតាំងទីលំនៅនៅក្នុងស្រុក ត្បួងឃ្មុំ ។ បន្ទាប់មក កូនប្រុសម្នាក់របស់អុងប៉ាងនោះ ដែលត្រូវជាជីតាខ្ញុំ បានមកតាំងទីលំនៅនៅភូមិ ជប់ ។ ផ្ទះរបស់គាត់ស្ថិតនៅនឹងផ្លូវកែងចំពីមុខខ្លោងទ្វារចូលទៅកាន់បរិវេណរោងចក្រកៅស៊ូរបស់បារាំង ។ គឺទីនោះហើយដែលឪពុកខ្ញុំបានចាប់កំណើត ។ បន្តមកទៀត ឪពុកខ្ញុំបានមកភពប្រសព្វជាមួយនឹងម្តាយខ្ញុំនៅភូមិ ជីរោទិ៍ ដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទល់មុខទីក្រុងកំពង់ចាម ។ ឪពុកខ្ញុំមានតួនាទីជាចៅសង្កាត់ជីរោទិ៍ នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ។ ភូមិ ជីរោទិ៍ គឺជាទីកំណើតរបស់ខ្ញុំ ។ បើគិតជាថេរវេលា ដំណើរលីលាប្រជាសាស្ត្ររបស់សាច់សាលោហិតខ្ញុំចំនួន ៤ ជំនាន់ ពីព្រៃនគរមកដល់ត្រើយខាងកើតនៃទីក្រុង កំពង់ចាម ត្រូវការពេលវេលាប្រមាណជា ៩០ឆ្នាំ ។
ជីវិតរបស់ប្រជាជាតិមួយ គឺមិនខុសអំពីជីវិតមនុស្សម្នាក់ឡើយ ។ យើងរមែងជួបនឹងបញ្ហាគ្មានទីបញ្ចប់ ។ បញ្ហាប្រជាសាស្ត្រជនជាតិវៀតណាមចូលមកក្នុងទឹកដីខ្មែរ មិនមែនជារឿងដែលយើងមិនអាចដោះស្រាយបាននោះទេ ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងយើងដោះស្រាយបញ្ហា យើងត្រូវស្គាល់ទ្រង់ទ្រាយរបស់វា ហើយរិះរករូបមន្តសមប្រកបណាមួយមកធ្វើជាគោល ។ នៅផ្នែកខាងលើនៃអត្ថបទនេះ ខ្ញុំបានប្រៀបធៀបប្រជាសាស្ត្រទៅនឹងលំហូរទឹក ។ ធម្មជាតិនៃទឹក គឺវាមានសមត្ថភាព ជ្រាប ជ្រៀតជ្រែក និង ជ្រកកោន ។ គេមិនអាចធ្វើរបងទប់ ឬឃាំងទឹកជាប់ទេ (អត្ថប្បដិរូបសង្កត់ន័យ) ។ ទឹកដែលហូរខ្លាំង វាមានលទ្ធភាពច្រោះកាត់ផ្តាច់ដីទៅជាមួយ (អត្ថប្បដិរូបសង្កត់ន័យ) ។ ក៏ប៉ុន្តែ បើយើងមានអ្វីដែលភាសាអង់គ្លេសហៅថា Ingenuity (ភាពបុិនប្រសប់) យើងអាចទាញយកសារប្រយោជន៍អំពីទឹកបានច្រើនឥតគណនា ។ ពាក់ព័ន្ធនឹងទឹកនៅក្នុងន័យប្រជាសាស្ត្រ វិធីតែមួយគត់ដែលយើងអាចទាញយកសារប្រយោជន៍អំពីទឹក គឺធ្វើឲ្យវាហូរបាចសាចដើម្បីឲ្យលំហូរចុះខ្សោយងាយស្រួលគ្រប់គ្រង ។ មធ្យោបាយមួយដែលអាចធ្វើឲ្យលំហូរទឹកចុះខ្សោយ គឺឧបស័គ្គ (Obstacles) ដូចជាដាក់ដុំថ្មតម្រៀបគ្នាជាច្រើនស្រទាប់ ។ ចំណុចណាអំណោយផល យើងសង់រហាត់ទឹកដើម្បីដងយកទឹកបង្ហូរទៅប្រើប្រាស់តាមសេចក្តីត្រូវ ឬក៏ដាក់កង្ហារឲ្យលំហូរទឹកទាញឌីណាម៉ូបង្កើតឋាមពលអគ្គិសនី (អត្ថប្បដិរូបសង្កត់ន័យ) ។ និយាយឲ្យចំ អនុវត្តិច្បាប់ទម្លាប់ឲ្យបានមធ្យត និង ពង្រឹងវិស័យអប់រំ ជាពិសេសទាក់ទងនឹងវប្បធម៌ អរិយធម៌ និងអក្សាសាស្ត្រ ឲ្យបានរឹងមាំ ។
លំហូរប្រជាសាស្ត្រនៃជនជាតិវៀតណាមមកក្នុងទឹកដីកម្ពុជា គឺជាកត្តាជៀសមិនរួច (Inevitable) ។ សំណួរតែមួយគត់ដែលពលរដ្ឋ ជាពិសេសមេដឹកនាំប្រទេសខ្មែរ ត្រូវលើកយកមកគិតពិចារណាគឺថា តើយើងត្រូវទាញយកសារប្រយោជន៍ អំពីកំណើនពលរដ្ឋប្រជាសាស្ត្រនេះ ដោយរបៀបណា ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយម៉ាត់ដែលគេនិយាយថា៖ Social Fabric (សសៃសូត្រសង្គម) ។ ដើម្បីត្បាញសំពត់ហូលមួយ ដែលមានក្បូរក្បាច់រចនាល្អប្រណិត ដូចជាអ្វីដែលបុព្វបុរសខ្មែរបន្សល់ទុកនៅលើរូបចម្លាក់អប្សរា យើងត្រូវចេះច្នៃយកសសៃសូត្រដែលមានពណ៌ទីទៃពីគ្នា មកផ្គុំឲ្យចេញជាគោម (អត្ថប្បដិរូបសង្កត់ន័យ) ។ កិច្ចការនេះធ្វើទៅបានជោគជ័យឬមិនជោគជ័យ គឺអាស្រ័យលើចំណេះដឹងនិងភាពបុិនប្រសប់ (Knowledge and Ingenuity) ។ នៅក្នុងន័យប្រជាសាស្ត្រក៏ដូចគ្នាដែរ គឺយើងត្រូវការចំណេះដឹងនិងភាពបុិនប្រសប់ ដើម្បីទប់ទល់នឹងបាតុភូត ដ៏គួរឲ្យខ្លាចនេះ ។ បើមិនដូច្នោះទេ វាសនានៃអត្តសញ្ញាណពលរដ្ឋ ក៏ដូចជាប្រទេសខ្មែរ គឺមិនខុសអំពីជនជាតិម្ចាស់ស្រុកនៅទ្វីបអាមេរិកឡើយ ។
ទ្វីបអាមេរិក ជាពិសេសសហរដ្ឋអាមេរិក គឺជាផ្ទាំងទស្សនីយភាពប្រជាសាស្ត្រ ដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ។ វាក៏ជាគំរូដ៏វិសេសវិសាលមួយសម្រាប់សិក្សាអំពីប្រជាសាស្ត្រដែរ ។ នៅក្នុងដំណើរធម្មជាតិនៃប្រជាសាស្ត្រ វប្បធម៌ដែលមិនសូវរឹងមាំ រមែងត្រូវបានស្រូបចូលទៅក្នុងវប្បធម៌ដែលរឹងមាំ (Being absorbed) ។ វប្បធម៌នៅទីនេះគឺសំដៅលើការតស៊ូស្រវាស្រទេញរបស់មនុស្ស នៅក្នុងទម្រង់សសៃសូត្រសង្គម មិនមែនសំណង់ប្រាសាទសីលា ឬក៏សិលាចារឹកឡើយ ។ បើនិយាយអំពីប្រជាសាស្ត្រវិញ វាមានបីទម្រង់ ។ ទីមួយគឺ វប្បធម៌ជនចំណូលថ្មីរលាយចូលទៅក្នុងវប្បធម៌ម្ចាស់ស្រុក ។ ទីពីរគឺ វប្បធម៌ម្ចាស់ស្រុករលាយចូលទៅក្នុងវប្បធម៌ជនចំណូលថ្មី ។ និងទីបីគឺ វប្បធម៌ជនចំណូលថ្មីនិងម្ចាស់ស្រុករស់នៅទន្ទឹមគ្នា (Co-exist side-by-side) ស្រដៀងគ្នានឹងអ្វីដែលយើងអាចមើលឃើញនៅកម្ពុជាក្រោមសព្វថ្ងៃ ។ ត្រង់រស់នៅទន្ទឹមគ្នារបៀបនេះអាចមានរយៈពេលយូរអង្វែងសែងជាតិ ឬក៏យ៉ាងណា គឺអាស្រ័យលើភាពរឹងបុឹងនៃវប្បធម៌នីមួយៗ ។ ប្រជាសាស្ត្រនៅសហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងទម្រង់ទីពីរ ដែលវប្បធម៌ម្ចាស់ស្រុករលាយចូលទៅក្នុងវប្បធម៌ជនចំណូលថ្មីផង និង រលាយបាត់បង់ផង ។ នៅក្នុងករណីប្រទេសកម្ពុជា ជាមួយនឹងប្រជាសាស្ត្រជនជាតិវៀតណាមនាពេលអនាគត បើយើងសង្កេតមើលទម្រង់នានាដែលត្រូវបានអនុវត្តិតាំងតែពីអតីតកាលមក វាជាដំណើរ "ទាត់សំបកកំប៉ុង" តាមបណ្តោយផ្លូវ ។ វៀតណាមអត់រូតរះទេ ក៏ប៉ុន្តែអនុវត្តិគោលការណ៍ប្រជាសាស្ត្រគ្រប់ទម្រង់ រង់ចាំឱកាសអាស្រ័យផល ។ ឆ្មាសក៏ដោយ ឆ្មាខ្មៅក៏ដោយ ឲ្យតែវាចាប់បានកណ្តុរ សម្បុររបស់វាមិនសំខាន់ឡើយ ។ នេះគឺជាអ្វីដែលប្រទេសកម្ពុជាប្រឈមនៅថ្ងៃអនាគត ជាមួយនឹងបញ្ហាប្រជាសាស្ត្រ ។ អរគុណជាអនេកកប្បការ ដែលអានអត្ថបទដ៏វែងអន្លាយនេះ រហូតដល់ចប់ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment