Friday, August 30, 2024
ចំណីខួរក្បាល
CLV (Clever Long-term Vision)
"អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុងតំបន់ដល់កម្រិតណាហើយ ។ យើងមានផ្លូវ មានភ្លើងអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដែលមិនធ្លាប់មានពីមុនមក ។ ការលើកឡើងថា ខ្មែរបាត់បង់ទឹកដីនោះវាទៅមិនរួចទេ ដ្បិតយើងមានពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនជាច្រើន ដែលជារបងការពារបូរណភាពទឹកដី មិនអាចឲ្យគេឈ្លានពានបានងាយៗនោះឡើយ" ។
"ដីរបស់យើង វាមិនបាត់បង់ទៅណាទេបង ។ វាគ្រាន់តែដូរម្ចាស់ ដូចនៅកម្ពុជាក្រោមអ៊ីចឹង" ។
ខាងលើនេះ ជាសម្រង់កិច្ចសន្ទនារបស់ជនជាតិខ្មែរពីររូប ម្នាក់រស់នៅក្នុងប្រទេសកម្ពុជា និង ម្នាក់ទៀតរស់នៅឯបរទេស ពាក់ព័ន្ធនឹងការអភិវឌ្ឍរួមគ្នារវាងកម្ពុជា ឡាវ និង វៀតណាម នៅតំបន់ព្រំប្រទល់មុំបី ។ អ្នកទាំងពីរហាក់ដូចជាមានចំណេះដឹងប្រហាក់ប្រហែលគ្នា គ្រាន់តែម្នាក់ជាចាបរស់នៅក្នុងទ្រុង និង ម្នាក់ទៀតជាចាបរស់នៅក្នុងព្រៃ ។ និយាយឲ្យងាយយល់ ម្នាក់រស់នៅក្នុងប្រទេសដែលអាជ្ញាធរវាស់ម៉ែត្រឲ្យគិត និង ម្នាក់ទៀតរស់នៅក្នុងប្រទេសដែលមានសេរីភាពគិតឥតព្រំដែន ។ ថ្វីដ្បិតតែគ្មាននរណាអាចគ្រប់គ្រងការគិតរបស់មនុស្សក៏ពិតមែន ប៉ុន្តែនៅពេលសង្គមមួយគៀបសង្កត់សេរីភាពពលរដ្ឋធ្ងន់ធ្ងរ ពលរដ្ឋមិនអាចគិតឲ្យបានឆ្ងាយហួសពីជើងមុងឡើយ នៅពេលដែលមនុស្សដែលរស់នៅក្នុងសង្គមប្រកបទៅដោយសេរីភាពបរិបូណ៌ គេអាចគិតរហូតដល់ជើងមេឃ ។ នៅពេលប្រជាជាតិមួយ ដែលមានពូជអម្បូរវប្បធម៌និងភក្តីភាពមកលើមាតុភូមិដូចគ្នា គិតខុសគ្នាដូច្នេះ តើប្រជាជាតិពីរ ឬបី ដែលមានវប្បធម៌ទីទៃពីគ្នា ចូលរួមរកសុីអភិវឌ្ឍទឹកដីហ៊ុនគ្នា គិតអំពីការទាញយកសារប្រយោជន៍អំពីការអភិវឌ្ឍនោះ ខុសគ្នាកម្រិតណាទៅ ។ នេះគឺជាប្រធានបទ ដែលខ្មែរយើងគួរលើកយកមកត្រិះរិះគិតទាំងអស់គ្នា មិនថាអ្នកនោះមាននិន្នាការនយោបាយទោរទន់ទៅខាងណាឡើយ ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និង វៀណាម (CLV) វាស្ទើរតែមិនចាំបាច់នរណានិយាយទេថា វៀតណាម ជាអ្នកតាក់តែង ឬបំភ្លឺផ្លូវ (Initiator) ។ ក្រៅអំពីរៀបចំគម្រោង វៀតណាមក៏ជាអ្នកដាក់ដើមទុនច្រើនជាងគេដែរ (Lead Investor) ។ នៅក្នុងគោលការណ៍រកសុីចូលគ្នា អ្នកដែលដាក់ភាគហ៊ុនខ្ពស់ជាងគេ ក៏ជាអ្នកមានឥទ្ធិពលខ្ពស់ ឬទូលំទូលាយជាងគេនៅក្នុងការសម្រេចចិត្តនានា ។ ទុករឿងបច្ចេកទេសនេះមួយឡែក និយាយអំពីការគិតរបស់ខ្មែរនិងយួនដែលជាភាគី ឬក៏ភាគហ៊ុនិក នៃការរកសុីអភិវឌ្ឍន៍ទឹកដីរួមគ្នានេះវិញម្តង ។
ផ្អែកលើការបកស្រាយនានាស្រដៀងគ្នានឹងអ្វីដែលខ្ញុំបានដកស្រង់ដាក់នៅខាងដើមអត្ថបទ ជនជាតិខ្មែរជាច្រើនចាប់ពីនាយករដ្ឋមន្ត្រី រហូតដល់ជនជាតិភាគតិចរស់នៅក្នុងព្រៃមិនដែលស្គាល់អ្វីថាជាការអភិវឌ្ឍផងនោះ គិតថា ការអភិវឌ្ឍនៅតំបន់កន្ទុយនាគរាប់បញ្ចូលខេត្តទាំងបួនរបស់ខ្មែរនៅភាគឦសាន វានឹងធ្វើឲ្យតំបន់នោះរីកចម្រើន ។ អ្វីដែលសំខាន់លើសលប់បំផុត គឺយើងនឹងមានផ្លូវគមនាគមន៍គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ។ នៅពេលដែលយើងមានហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះហើយ វានឹងសម្រួលដល់ការចូលទៅតាំងទីលំនៅរបស់ពលរដ្ឋខ្មែរ នៅក្នុងតំបន់ដាច់ស្រយាលតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីធ្វើជាខែលការពារបូរណភាពទឹកដីកម្ពុជា ។ នៅពេលបានឃើញមន្ត្រីរាជការខ្មែរ រាប់បញ្ចូលទាំងបញ្ញាជននានាផងដែរ បកស្រាយការអភិវឌ្ឍរួមគ្នារវាងកម្ពុជា ឡាវ និង វៀតណាម តាមលម្អានទិដ្ឋិខាងលើនេះ ខ្ញុំស្ទើរតែស្រែកយំ ។ ខ្ញុំលួចសួរខ្លួនឯងថា តើខ្ញុំសិក្សាប្រវត្តិសាស្ត្រខ្មែររហូតដល់ឡប់សតិហើយឬ ។ ប្រភពឯកសារសិក្សាប្រវត្តិសាស្ត្រខ្មែរដែលពួកយើងរៀន គឺចេញមកអំពីកំណត់ត្រារបស់បុព្វបុរសខ្មែរដូចគ្នា ។ ចុះហេតុអ្វីក៏ខ្ញុំមើលឃើញទិដ្ឋភាពផ្ទុយអំពីអ្នកដទៃ ។
ជាបឋម ពលរដ្ឋខ្មែរតាំងតែពីកកើតទឹកដីកម្ពុជាមក មិនដែលមានចំណូលចិត្តទៅរស់នៅក្នុងតំបន់ព្រៃភ្នំទេ ។ បើមិនដូច្នោះទេ តំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា មិនមែនខ្សត់មនុស្សរស់នៅរហូតដល់សព្វថ្ងៃឡើយ ។ ឯរឿងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដើម្បីសម្រួលឲ្យពលរដ្ឋចូលទៅតាំងទីលំនៅ នៅក្នុងតំបន់ដាច់ស្រយាលតាមបន្ទាត់ព្រុំដែន វាគឺជាគំនិតបញ្ច្រាសទិសមួយ ដែលលើកស្ទួយអត្ថប្រយោជន៍វៀតណាមច្រើនជាងខ្មែរ ។ បើពលរដ្ឋខ្មែរគ្មានចំណង់ចំណូលចិត្តនឹងទៅរស់នៅក្នុងតំបន់ព្រៃភ្នំទាំងនោះទេ អ្នកដទៃគេនឹងទៅរស់នៅជំនួសយើងជាក់ជាមិនខាន ។
ក្នុងនាមជាមិត្តមុឺនឆ្នាំ ទំនាក់ទំនងប្រវត្តិសាស្ត្ររវាងខ្មែរនិងយួន មានព្រឹត្តិការណ៍ពីរករណីដែលលេចធ្លោជាងគេ ។ ព្រឹត្តិការណ៍ទាំងពីរនេះ សព្វថ្ងៃមិនមានបង្រៀននៅក្នុងកម្មវិធីសិក្សារបស់ខ្មែរឡើយ ។ ហើយក៏ប្រហែលជាមិនមានមនុស្សច្រើនដែរ ដែលនៅចងចាំ ។ ទីមួយគឺវៀតណាមសុំខ្ចីទឹកដីខ្មែរនៅតំបន់ កំពុបស្រកាត្រីនិងព្រៃនគរ ដើម្បីហ្វឹកហ្វឺនទ័ពទប់ទល់នឹងក្រុមបះបោរ តៃសឺន (The Tyson Rebellion) ។ ទីពីរគឺវៀតណាមសុំឲ្យពលរដ្ឋគេចូលមកធ្វើជំនួញជួញដូរនៅតំបន់ព្រៃនគរ ។ អ្វីៗដែលកើតឡើងបន្តអំពីព្រឹត្តិការណ៍ទាំងពីរនោះមក ខ្មែរយើងមានកម្ពុជាក្រោមជាតឹកតាងស្រាប់ហើយ ។ មិនចាំបាច់ខ្ញុំពណ៌នាវែងឆ្ងាយទេ ។
ប្រវត្តិសាស្ត្រ នៅពេលដែលវាដើរជាន់ដានចាស់ វាអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជាតិមួយ ហើយវាក៏អាចបង្កលាភឲ្យប្រជាជាតិមួយទៀតដែរ ។ វាគឺជាអ្វីដែលភាសាអង់គ្លេសហៅថា៖ Zero sum game (អាមួយចាញ់ អាមួយឈ្នះ) ។ នៅក្នុងករណី CLV ថ្វីដ្បិតតែយើងមិនអាចដឹងអំពីអ្វីដែលនៅពីក្រោយការគិត របស់រដ្ឋាភិបាលវៀតណាមក៏ពិតមែន តែយើងអាចមើលឃើញគោលដៅរបស់គេច្បាស់ក្រឡែត ប្រសិនបើយើងព្យាយាមមើលឲ្យហួសពីជើងមុង ។ វៀតណាមគេយកគោលការណ៍ "ធ្វើជំនួញជួញដូរនៅតំបន់ព្រៃនគរ" មកអនុវត្តិម្តងទៀត ។ ផ្គុំជាមួយនឹងគោលការណ៍នេះ គេក៏យកគំរូរបស់បារាំងដាំកៅស៊ូនៅស្រុកខ្មែរមកអនុវត្តិផងដែរ ។ អ្នកដែលយល់ដឹងប្រវត្តិសាស្ត្រខ្មែរច្បាស់លាស់ អានអត្ថបទដល់ត្រឹមតែចំណុចនេះ ក៏ប្រហែលជាយល់ដល់ចុងបញ្ចប់រួចទៅហើយ មិនចាំបាច់អានរហូតដល់ចប់ទេ ។
យោងតាមលិខិតស្នាមនៃកិច្ចព្រមព្រៀងនិងសេចក្តីថ្លែងនានា ពាក់ព័ន្ធនឹងការរចនាស្ថាបនាដំណើរការនៃការអភិវឌ្ឍទឹកដីរួមគ្នា វាបានបង្ហាញយ៉ាងច្បាស់ថា ខ្មែរផ្តោតទស្សនវិស័យ (Vision) ក្នុងទម្រង់ភូមិសាស្ត្រ (Geography) ។ ឯវៀតណាមគេផ្តោតទស្សនវិស័យក្នុងទម្រង់ប្រជាសាស្ត្រ (Demography) ។ គួរកត់សម្គាល់ថា ខ្ញុំឲ្យនិយមន័យលើពាក្យ "ប្រជាសាស្ត្រ" ដោយផ្អែកលើពាក្យបីម៉ាត់នៅក្នុងភាសាអង់គ្លេស៖ Migration, Settlement, and Integration (ចំណាកស្រុក ជ្រកកោន និង សមាហរណកម្ម) ។ បើយើងប្រៀបធៀបទស្សនវិស័យទាំងពីរ (Visions) នៅក្នុងគម្រោងនេះវិញ រដ្ឋាភិបាលខ្មែរសម្លឹងត្រឹមជើងមុង ។ ឯរដ្ឋាភិបាលវៀតណាម សម្លឹងរហូតដល់ជើងមេឃ ។ នេះគឺភាពខុសគ្នាមួយដែលយើងអាចមើលឃើញ ពាក់ព័ន្ធនឹងគម្រោង CLV ។ តើយើងមើលយល់ដោយរបៀបណា ។ សកម្មភាព! នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាដែលនិយាយថា៖ Action speaks louder than word (សកម្មភាព បង្ហាញអំពីចេតនា) ។
ឧត្តមសេនីយ៍ចក្រភពរ៉ូម៉ាំងមួយរូបនិយាយថា៖ Slow, but sure! (យឺត! ក៏ប៉ុន្តែប្រាកដប្រជា ឬជោគជ័យ) ។ នេះគឺជាវិន័យមួយដែលមេដឹកនាំវៀតណាមបានអនុវត្តិជាច្រើនជំនាន់មកហើយ ។ គួបផ្សំវិន័យនេះជាមួយនឹងវប្បធម៌តស៊ូអត់ធ្មត់ប្រឈមនឹងភាពលំបាកវេទនា វាបានក្លាយទៅជាកត្តាជម្រុញមួយ ជួយឲ្យពលរដ្ឋវៀតណាមជម្នះបាននូវឧបស័គ្គជាច្រើន ដែលរារាំងដំណើរប្រជាសាស្ត្ររបស់ពួកគេចាប់ពីឈូងសមុទ្រតុងកឹង រហូតដល់ចុងជ្រោយខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ។
ប្រជាសាស្ត្រ (Demographic Assimilation) មានទ្រង់ទ្រាយស្រដៀងគ្នានឹងលំហូរទឹក ។ ធម្មជាតិនៃទឹកគឺហូរពីទីខ្ពស់ទៅទីទាប ។ ឯមនុស្សគឺហូរពីទីចង្អៀតទៅទីទូលាយ ។ ចង្អៀតនៅទីនេះគឺយើងសំដៅដល់ ចង្អៀតសេរីភាព ចង្អៀតសេដ្ឋកិច្ច ចង្អៀតទឹកដីសម្រាប់រស់នៅ និង ចង្អៀតចិត្ត (យើងអាចបន្ថែមកត្តាចង្អៀតជាច្រើនផ្សេងទៀត) ។ ធម្មជាតិនៃមនុស្ស នៅពេលប្រឈមនឹងកត្តាចង្អៀត មិនថាចង្អៀតចិត្ត ឬចង្អៀតស្អីផ្សេងទៀតឡើយ តែងតែសម្លឹងប្រមើលមើលទៅឆ្ងាយ ។ គឺឆ្ងាយរហូតដល់ជើងមេឃ ។ មេដឹកនាំវៀតណាមក៏ជាមនុស្សដែរ ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាចង្អៀតដែលពលរដ្ឋខ្លួនប្រឈម គម្រោង CLV គឺជាដំណោះស្រាយមួយដែលចាំបាច់ជាទីបំផុត ។
បើយើងសង្កេតមើលគោលនយោបាយរបស់ប្រទេសវៀតណាមជាមួយនឹងកម្ពុជា វៀតណាមបានចាប់ផ្តើមគម្រោង CLV តាំងតែពី CLV មិនទាន់កើតចេញជារូបរាងម្លេះ ។ ជំហានទីមួយគឺដីសម្បទានសម្រាប់ដាំដំណាំកៅស៊ូដែលមានរយៈពេល ៩៩ឆ្នាំ នៅភាគឦសាននៃប្រទេសកម្ពុជា ។ ការវិនិយោគលើដំណាំកៅស៊ូនេះ វៀតណាមយកគំរូតាមអាណានិគមបារាំងស្ទើរតែទាំងស្រុង ។ គេសាងសង់ភូមិកម្មករស្រដៀងគ្នានឹងភូមិកម្មកររបស់បារាំងនៅចំការកៅស៊ូ ជប់ កាលពីអតីតកាលដែរ ។ អ្នកដែលរស់នៅក្នុងភូមិកម្មករទាំងនោះគឺជាគ្រួសារនៃកម្មករជនជាតិវៀតណាម ។ នៅក្នុងទស្សនវិស័យរបស់រដ្ឋាភិបាលវៀតណាម កម្មករចម្ការកៅស៊ូដែលចូលមកជ្រកកោនក្នុងទឹកដីខ្មែរពីដើមទីនេះ គឺគ្រាន់តែជាបញ្ញើក្អែកតែប៉ុណ្ណោះ ។ អ្វីដែលជាបំណងធំ គឺកូននិងចៅរបស់កម្មករទាំងនោះ ។ រយៈពេល ៩៩ឆ្នាំ មនុស្សអាចបង្កើតកូនបានយ៉ាងហោចណាស់ក៏បីជំនាន់ដែរ ។ ជាគោលការណ៍អន្តរជាតិ យើងកើតនៅទីណាឬក្នុងប្រទេសណា ប្រទេសនោះគឺជា "ភូមិកំណើត" របស់យើង ។ កម្មករ ១០០០គ្រួសារ បើយើងគិតជាមធ្យមក្នុងមួយគ្រួសារអាចបង្កើតកូនបានបីនាក់ យើងយកចំនួននេះគុននឹង ១០០០ រួចគុននឹង ៣ជំនាន់ យើងអាចនឹងរកឃើញអត្រានៃកំណើនពលរដ្ឋខ្មែរដើមកំណើតវៀតណាមជាក់ជាមិនខានឡើយ ។ គួរកត់សម្គាល់ថា កាលជំនាន់សន្ធិសញ្ញាក្រុងប៉ារីស និង អ៊ុនតាក់ គ្រប់គ្រងប្រទេសកម្ពុជា អន្តោប្រវេសជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជានាគ្រានោះ បានយកកត្តាដូនតាពួកគេដែលអាណានិគមបារាំងយកមកធ្វើការងារនៅស្រុកខ្មែរ ជាមូលដ្ឋានដើម្បីបញ្ជាក់អំពីភាវស្របច្បាប់របស់ពលរដ្ឋ ។
ការបង្កើតតំបន់អភិវឌ្ឃ CLV គឺដើម្បីសម្រួលដល់ការចេញចូលរកសុីនិងបោះទុនវិនិយោគនៅក្នុងតំបន់ ។ សម្រាប់ប្រទេសខ្មែរ យើងមិនចាំបាច់ព្រួយទេ ។ កាប់ព្រៃឈូសឆាយធ្វើផ្លូវគមនាគមន៍ឲ្យតែស្អាតទៅ ពាណិជ្ជករវៀតណាមនឹងចូលមកបោះទុន អភិវឌ្ឍនៅក្នុងតំបន់ដាច់ស្រយាលរបស់យើងភ្លូកទឹកភ្លូកដី ។ យ៉ាងយូរ២០ឆ្នាំទៅមុខទៀត ខេត្តរតនគីរី និង មណ្ឌលគីរី នឹងមានអ្វីដែលភាសាអង់គ្លេសហៅថា Skyscraper (អគារខ្ពស់ៗ) ។ ជាថ្មីម្តងទៀត ប្រជាសាស្ត្រក្នុងទម្រង់កម្មករចម្ការកៅស៊ូគឺជាគំរូ គ្រាន់តែមួយដើរតាមបែបបទ កម្មករ មួយទៀតដើរតាមបែបបទ ពាណិជ្ជករ ឬ មួយយកគំរូតាមបារាំង និង មួយទៀតយកគំរូតាមបុព្វការីជនវៀតណាម ដែលធ្លាប់បានអនុវត្តិនៅតំបន់ព្រៃនគរបានជោគជ័យរួចម្តងហើយ ។ ផ្លូវពីរផ្សេងគ្នា ក៏ប៉ុន្តែវាទៅជួបគ្នានៅក្នុងចំណុចតែមួយ ។ ក្រៅអំពីប្រជាសាស្ត្រចូលមកពីខាងក្រៅ យើងនៅមានប្រជាសាស្ត្រចេញពីក្នុងប្រទេសមួយផ្នែកទៀត ។ អន្តោប្រវេសជន ជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ស្របច្បាប់ក្តី មិនស្របច្បាប់ក្តី ភាគច្រើនគឺរស់នៅលើផ្ទះបណ្តែតទឹក និងនៅក្នុងសហគមន៍ដែលមានស្ថានភាពចង្អៀតណែនណាន់តាន់តាប់ ដូចជានៅច្បារអំពៅជាដើម ។ នៅពេល CLV មានហេដ្ឋារចនាសម្ព័ន្ធនិងវិស័យពាណិជ្ជកម្មរីកចម្រើនសមរម្យ ហើយត្រូវការធនធានមនុស្សដើម្បីបម្រើការងារ គួបផ្សំជាមួយនឹងការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលកម្ពុជា ឲ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងតំបន់នោះផង យើងអាចរំពឹងនឹងឃើញកំណើនអន្តោប្រវេសជនវៀតណាម ចូលទៅរស់នៅទីនោះច្រើនជាងខ្មែរ ដ្បិតអី បើវិនិយោគិននៅទីនោះភាគច្រើនមកពីវៀតណាម រឿងអីដែលគេមិនត្រូវការមនុស្សដែលមានពូជអម្បូរនិងវប្បធម៌ដូចគ្នា មកបម្រើកិច្ចការងារពាណិជ្ជកម្មរបស់គេ ។ អំណឹះទៅមុខ តំបន់អភិវឌ្ឍ CLV នៅក្នុងខេត្តទាំងបួននៃភាគឦសានប្រទេសខ្មែរ នឹងកែប្រែមុខមាត់ (Literally!) ។
សម្រាប់ពលរដ្ឋខ្មែរដែលព្រួយបារម្ភអំពីការបាត់បង់ទឹកដី ដោយសារការអភិវឌ្ឍរួមគ្នានេះ វាគ្មានអ្វីដែលត្រូវព្រួយបារម្ភទេ ។ ខ្ញុំហ៊ានអះអាងថា ទឹកដីខ្មែរនៅក្នុងតំបន់នោះ មិនបាត់បង់ទៅណាឡើយ ។ ដូរម្ចាស់ដូចការអះអាងរបស់ខ្មែរម្នាក់ដែលខ្ញុំស្រង់សម្តីនៅដើមអត្ថបទ ក៏អត់ដូរដែរ ។ អ្វីដែលផ្លាស់ប្តូរគឺ ពូជអម្បូរមនុស្សដែលចូលទៅរស់នៅក្នុងតំបន់នោះ ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្តែងមួយអំពីប្រជាសាស្ត្រ មកលាតត្រដាងដើម្បីឲ្យឃើញច្បាស់ដូចពន្លឺថ្ឌៃ ។ សារភាពតាមត្រង់ នៅពេលសរសេរអត្ថបទរិះគន់យុទ្ធវិធីប្រជាសាស្ត្ររបស់វៀតណាមនេះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាកំពុងតែស្តោះទឹកមាត់ដាក់លើបាតដៃខ្លួនឯង ពីព្រោះខ្ញុំគឺជាមនុស្សកើតចេញអំពីប្រជាសាស្ត្រទាំងសាច់ទាំងឆ្អឹង ។ ខ្ញុំកើតមកមានស្លាកប្រជាសាស្ត្របិទនៅលើក្បាលតាំងតែពីនៅក្នុងផ្ទៃម្តាយ គ្រាន់តែគ្មាននរណាមើលស្គាល់ ។
កាលពីឆ្នាំប្រហែលជា ១៩០០ បុព្វការីជនរបស់ខ្ញុំបានចាកចេញពីប្រទេសចិន មកជ្រកកោននៅតំបន់ព្រៃនគរ ដែលជាទឹកដីខ្មែរប្រែក្លាយជាតំបន់ស្វ័យតរបស់អាណានិគមបារាំង ។ ព្រឹត្តិការណ៍ ឬកត្តាដែលញ៉ាំងឲ្យបុព្វការីជនរបស់ខ្ញុំមកជ្រកកោននៅក្នុងស្រុកខ្មែរ ប្រហែលជាកើតចេញអំពីបដិវត្តិន៍អ្នកគុននិយម (Boxer Rebellion) នៅប្រទេសចិន ។ វាជាការបះបោរមួយប្រឆាំងនឹងការរុករានទន្ទ្រានកាន់កាប់ទឹកដីចិន ពីសំណាក់ជនបរទេស ។ ដើមឡើយ រាជនីមេម៉ាយ សុីសុី (Empress Dowager Cixi) ដែលជាអ្នកដឹកនាំប្រទេសចិននាគ្រានោះ គាំទ្រការបះបោររបស់ក្រុមអ្នកបដិវត្ត ។ ប៉ុន្តែ ដើម្បីរក្សាសុវត្ថិភាពរាជបាល្ល័ង្គ គាត់ក៏ដូរចិត្តចូលដៃជាមួយពួកបរទេសថ្កោលទោសជនរួមជាតិខ្លួនទៅវិញ ។ មិនដឹងថាបុព្វការីជនរបស់ខ្ញុំពាក់ព័ន្ធនឹងបដិវត្តិន៍នោះដែរ ឬក៏យ៉ាងណាទេ ។ ប៉ុន្តែ ដំណើរចូលមកជ្រកកោនក្នុងប្រទេសខ្មែររបស់គាត់ គាប់ជួនជាមួយនឹងព្រឹត្តិការណ៍នោះ ។
នៅពេលបុព្វការីជនរបស់ខ្ញុំចាប់ផ្តើមកសាងគ្រួសារនៅតំបន់ ព្រៃនគរ យើងមិនដឹងថា តើគាត់មានភរិយាជាជនជាតិចិន ចាម យួន ឬក៏ខ្មែរទេ ។ យើងគ្រាន់តែដឹងថា កូនប្រុសរបស់គាត់ម្នាក់ដែលត្រូវជាជីតាទួតរបស់ខ្ញុំ បានក្លាយជា អុងប៉ាង ហើយមកតាំងទីលំនៅនៅក្នុងស្រុក ត្បួងឃ្មុំ ។ បន្ទាប់មក កូនប្រុសម្នាក់របស់អុងប៉ាងនោះ ដែលត្រូវជាជីតាខ្ញុំ បានមកតាំងទីលំនៅនៅភូមិ ជប់ ។ ផ្ទះរបស់គាត់ស្ថិតនៅនឹងផ្លូវកែងចំពីមុខខ្លោងទ្វារចូលទៅកាន់បរិវេណរោងចក្រកៅស៊ូរបស់បារាំង ។ គឺទីនោះហើយដែលឪពុកខ្ញុំបានចាប់កំណើត ។ បន្តមកទៀត ឪពុកខ្ញុំបានមកភពប្រសព្វជាមួយនឹងម្តាយខ្ញុំនៅភូមិ ជីរោទិ៍ ដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទល់មុខទីក្រុងកំពង់ចាម ។ ឪពុកខ្ញុំមានតួនាទីជាចៅសង្កាត់ជីរោទិ៍ នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ។ ភូមិ ជីរោទិ៍ គឺជាទីកំណើតរបស់ខ្ញុំ ។ បើគិតជាថេរវេលា ដំណើរលីលាប្រជាសាស្ត្ររបស់សាច់សាលោហិតខ្ញុំចំនួន ៤ ជំនាន់ ពីព្រៃនគរមកដល់ត្រើយខាងកើតនៃទីក្រុង កំពង់ចាម ត្រូវការពេលវេលាប្រមាណជា ៩០ឆ្នាំ ។
ជីវិតរបស់ប្រជាជាតិមួយ គឺមិនខុសអំពីជីវិតមនុស្សម្នាក់ឡើយ ។ យើងរមែងជួបនឹងបញ្ហាគ្មានទីបញ្ចប់ ។ បញ្ហាប្រជាសាស្ត្រជនជាតិវៀតណាមចូលមកក្នុងទឹកដីខ្មែរ មិនមែនជារឿងដែលយើងមិនអាចដោះស្រាយបាននោះទេ ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងយើងដោះស្រាយបញ្ហា យើងត្រូវស្គាល់ទ្រង់ទ្រាយរបស់វា ហើយរិះរករូបមន្តសមប្រកបណាមួយមកធ្វើជាគោល ។ នៅផ្នែកខាងលើនៃអត្ថបទនេះ ខ្ញុំបានប្រៀបធៀបប្រជាសាស្ត្រទៅនឹងលំហូរទឹក ។ ធម្មជាតិនៃទឹក គឺវាមានសមត្ថភាព ជ្រាប ជ្រៀតជ្រែក និង ជ្រកកោន ។ គេមិនអាចធ្វើរបងទប់ ឬឃាំងទឹកជាប់ទេ (អត្ថប្បដិរូបសង្កត់ន័យ) ។ ទឹកដែលហូរខ្លាំង វាមានលទ្ធភាពច្រោះកាត់ផ្តាច់ដីទៅជាមួយ (អត្ថប្បដិរូបសង្កត់ន័យ) ។ ក៏ប៉ុន្តែ បើយើងមានអ្វីដែលភាសាអង់គ្លេសហៅថា Ingenuity (ភាពបុិនប្រសប់) យើងអាចទាញយកសារប្រយោជន៍អំពីទឹកបានច្រើនឥតគណនា ។ ពាក់ព័ន្ធនឹងទឹកនៅក្នុងន័យប្រជាសាស្ត្រ វិធីតែមួយគត់ដែលយើងអាចទាញយកសារប្រយោជន៍អំពីទឹក គឺធ្វើឲ្យវាហូរបាចសាចដើម្បីឲ្យលំហូរចុះខ្សោយងាយស្រួលគ្រប់គ្រង ។ មធ្យោបាយមួយដែលអាចធ្វើឲ្យលំហូរទឹកចុះខ្សោយ គឺឧបស័គ្គ (Obstacles) ដូចជាដាក់ដុំថ្មតម្រៀបគ្នាជាច្រើនស្រទាប់ ។ ចំណុចណាអំណោយផល យើងសង់រហាត់ទឹកដើម្បីដងយកទឹកបង្ហូរទៅប្រើប្រាស់តាមសេចក្តីត្រូវ ឬក៏ដាក់កង្ហារឲ្យលំហូរទឹកទាញឌីណាម៉ូបង្កើតឋាមពលអគ្គិសនី (អត្ថប្បដិរូបសង្កត់ន័យ) ។ និយាយឲ្យចំ អនុវត្តិច្បាប់ទម្លាប់ឲ្យបានមធ្យត និង ពង្រឹងវិស័យអប់រំ ជាពិសេសទាក់ទងនឹងវប្បធម៌ អរិយធម៌ និងអក្សាសាស្ត្រ ឲ្យបានរឹងមាំ ។
លំហូរប្រជាសាស្ត្រនៃជនជាតិវៀតណាមមកក្នុងទឹកដីកម្ពុជា គឺជាកត្តាជៀសមិនរួច (Inevitable) ។ សំណួរតែមួយគត់ដែលពលរដ្ឋ ជាពិសេសមេដឹកនាំប្រទេសខ្មែរ ត្រូវលើកយកមកគិតពិចារណាគឺថា តើយើងត្រូវទាញយកសារប្រយោជន៍ អំពីកំណើនពលរដ្ឋប្រជាសាស្ត្រនេះ ដោយរបៀបណា ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយម៉ាត់ដែលគេនិយាយថា៖ Social Fabric (សសៃសូត្រសង្គម) ។ ដើម្បីត្បាញសំពត់ហូលមួយ ដែលមានក្បូរក្បាច់រចនាល្អប្រណិត ដូចជាអ្វីដែលបុព្វបុរសខ្មែរបន្សល់ទុកនៅលើរូបចម្លាក់អប្សរា យើងត្រូវចេះច្នៃយកសសៃសូត្រដែលមានពណ៌ទីទៃពីគ្នា មកផ្គុំឲ្យចេញជាគោម (អត្ថប្បដិរូបសង្កត់ន័យ) ។ កិច្ចការនេះធ្វើទៅបានជោគជ័យឬមិនជោគជ័យ គឺអាស្រ័យលើចំណេះដឹងនិងភាពបុិនប្រសប់ (Knowledge and Ingenuity) ។ នៅក្នុងន័យប្រជាសាស្ត្រក៏ដូចគ្នាដែរ គឺយើងត្រូវការចំណេះដឹងនិងភាពបុិនប្រសប់ ដើម្បីទប់ទល់នឹងបាតុភូត ដ៏គួរឲ្យខ្លាចនេះ ។ បើមិនដូច្នោះទេ វាសនានៃអត្តសញ្ញាណពលរដ្ឋ ក៏ដូចជាប្រទេសខ្មែរ គឺមិនខុសអំពីជនជាតិម្ចាស់ស្រុកនៅទ្វីបអាមេរិកឡើយ ។
ទ្វីបអាមេរិក ជាពិសេសសហរដ្ឋអាមេរិក គឺជាផ្ទាំងទស្សនីយភាពប្រជាសាស្ត្រ ដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ។ វាក៏ជាគំរូដ៏វិសេសវិសាលមួយសម្រាប់សិក្សាអំពីប្រជាសាស្ត្រដែរ ។ នៅក្នុងដំណើរធម្មជាតិនៃប្រជាសាស្ត្រ វប្បធម៌ដែលមិនសូវរឹងមាំ រមែងត្រូវបានស្រូបចូលទៅក្នុងវប្បធម៌ដែលរឹងមាំ (Being absorbed) ។ វប្បធម៌នៅទីនេះគឺសំដៅលើការតស៊ូស្រវាស្រទេញរបស់មនុស្ស នៅក្នុងទម្រង់សសៃសូត្រសង្គម មិនមែនសំណង់ប្រាសាទសីលា ឬក៏សិលាចារឹកឡើយ ។ បើនិយាយអំពីប្រជាសាស្ត្រវិញ វាមានបីទម្រង់ ។ ទីមួយគឺ វប្បធម៌ជនចំណូលថ្មីរលាយចូលទៅក្នុងវប្បធម៌ម្ចាស់ស្រុក ។ ទីពីរគឺ វប្បធម៌ម្ចាស់ស្រុករលាយចូលទៅក្នុងវប្បធម៌ជនចំណូលថ្មី ។ និងទីបីគឺ វប្បធម៌ជនចំណូលថ្មីនិងម្ចាស់ស្រុករស់នៅទន្ទឹមគ្នា (Co-exist side-by-side) ស្រដៀងគ្នានឹងអ្វីដែលយើងអាចមើលឃើញនៅកម្ពុជាក្រោមសព្វថ្ងៃ ។ ត្រង់រស់នៅទន្ទឹមគ្នារបៀបនេះអាចមានរយៈពេលយូរអង្វែងសែងជាតិ ឬក៏យ៉ាងណា គឺអាស្រ័យលើភាពរឹងបុឹងនៃវប្បធម៌នីមួយៗ ។ ប្រជាសាស្ត្រនៅសហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងទម្រង់ទីពីរ ដែលវប្បធម៌ម្ចាស់ស្រុករលាយចូលទៅក្នុងវប្បធម៌ជនចំណូលថ្មីផង និង រលាយបាត់បង់ផង ។ នៅក្នុងករណីប្រទេសកម្ពុជា ជាមួយនឹងប្រជាសាស្ត្រជនជាតិវៀតណាមនាពេលអនាគត បើយើងសង្កេតមើលទម្រង់នានាដែលត្រូវបានអនុវត្តិតាំងតែពីអតីតកាលមក វាជាដំណើរ "ទាត់សំបកកំប៉ុង" តាមបណ្តោយផ្លូវ ។ វៀតណាមអត់រូតរះទេ ក៏ប៉ុន្តែអនុវត្តិគោលការណ៍ប្រជាសាស្ត្រគ្រប់ទម្រង់ រង់ចាំឱកាសអាស្រ័យផល ។ ឆ្មាសក៏ដោយ ឆ្មាខ្មៅក៏ដោយ ឲ្យតែវាចាប់បានកណ្តុរ សម្បុររបស់វាមិនសំខាន់ឡើយ ។ នេះគឺជាអ្វីដែលប្រទេសកម្ពុជាប្រឈមនៅថ្ងៃអនាគត ជាមួយនឹងបញ្ហាប្រជាសាស្ត្រ ។ អរគុណជាអនេកកប្បការ ដែលអានអត្ថបទដ៏វែងអន្លាយនេះ រហូតដល់ចប់ ៕
Thursday, August 15, 2024
ចំណីខួរក្បាល
ដាំបន្លែដោយខ្លួនឯង
ពេលមករស់នៅក្នុងផ្ទះបុរី (Townhome) កាលពីបីឆ្នាំមុន យើងមានដីប្រហែល ១០ម៉ែត្របួនជ្រុងនៅខាងក្រោយផ្ទះ ។ យើងសម្រេចច្នៃដីនោះ ដោយកាត់យកប្រមាណជា ៥ម៉ែត្របួនជ្រុងក្រាលឥដ្ឋធ្វើជាកន្លែងអង្គុយលម្ហែ ។ ដីដែលនៅសល់ជុំវិញប្រហែលជា ២ម៉ែត្រកន្លះនៅផ្នែកខាងឆ្វេងដៃនិងខាងក្រោយ និង១ម៉ែត្រកន្លះនៅខាងស្តាំដៃ យើងច្នៃធ្វើជាសួនដាំបន្លែនានា ។ ដីមួយម៉ែត្រកន្លះផ្នែកខាងស្តាំដៃ ខ្ញុំច្នៃធ្វើថ្នាលសម្រាប់ដាំត្រកួន ស្ពៃ និង សាឡាដ ។ ផ្នែកខាងក្រោយខ្ញុំធ្វើទ្រើងពីរជាន់សម្រាប់ដាំ ម្រះ និង ត្រឡាច ។ នៅក្រោមទ្រើងត្រឡាច ខ្ញុំដាំខ្ទឹមសនៅរដូវត្រជាក់ធ្លាក់ទឹកកក ។ ឯដី២ម៉ែត្រកន្លះនៅផ្នែកខាងឆ្វេងដៃ ខ្ញុំលៃដាំម្ទេស ៥ប្រភេទបានប្រហែលជា ៣០ដើម ។ ត្រប់បួនដប់ដើម ។ ប៉េងបោះ ២០ដើម ។ ត្រសក់ពីរជន្លង់ ។ និង សណ្តែកគួពីរជន្លង់ ។ នៅតាមចន្លោះកៀនកោះ ខ្ញុំដាំស្លឹកគ្រៃ ៥គុម្ព ជីរបួនប្រាំមុខ ម្អមពីរកូនកាធុន និងដំណាំខ្លះទៀតដូចជា ក្រូចសើច កន្ទ្រោប ទៀប ស្រកានាគ តាង៉ែន និង ផ្កានានា ដែលខ្ញុំដាំដាក់ក្នុងផើង ។ ដំណាំដូចជាស្រកានាគ ទៀប និង តាង៉ែន ខ្ញុំដាំក្រាន់តែលម្អភ្នែកតែប៉ុណ្ណោះ ។ មិនរំពឹងអាស្រ័យផលទេ ។ ក្រៅអំពីនេះ ខ្ញុំដាំទន្លាប់ពីរដើម និង កន្ទឹម មួយដើមនៅត្រង់ចំណុចកាច់ជ្រុងកម្រាលឥដ្ឋ ដើម្បីផ្តល់ម្លប់ដល់កន្លែងយើងអង្គុយលម្ហែ ។ បើគិតជាថេរវេលា វាទើបតែបានបីឆ្នាំ ។ ដូច្នេះអ្វីៗស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយ ។ ប៉ុន្តែ បើគិតជាភោគផលបន្លែបង្កា ដីតិចតួចនេះអាចផ្គត់ផ្គង់តម្រូវការបានមួយផ្នែកដែរ ដោយមិនចាំបាច់ទៅទិញអំពីផ្សារឡើយ ។
អត្ថបទនេះ ខ្ញុំចង់និយាយអំពីរបៀបដាំនិងថែទាំបន្លែ ។ បច្ចុប្បន្ន ការដាំបន្លែដោយខ្លួនឯងនៅតាមផ្ទះ ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង ។ ហើយក៏មានមនុស្សមួយចំនួន ត្អូញត្អែអំពីការដាំដំណាំមិនសូវទទួលបានលទ្ធផលល្អដែរ ។ ថ្វីដ្បិតតែការដាំដំណាំមិនត្រូវការ ការចំណេះជំនាញជ្រៅជ្រះក៏ដោយ ក៏យើងត្រូវយល់ដឹងអំពីរបៀបដាំនិងថែទាំដំណាំដែរ ទើបរកជោគជ័យឃើញ ។ ក្នុងនាមជាកូនអ្នកចម្ការម្នាក់ ដែលប្រកបរបរដាំបន្លែនៅតាមដងទន្លេមេគង្គជាច្រើនជំនាន់ ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗដល់មនុស្សមួយចំនួន ដែលព្យាយាមដាំបន្លែដោយខ្លួនឯង ។ របៀបដាំដំណាំនេះ ខ្ញុំរៀនអំពីម្តាយខ្ញុំ ។ ម្តាយខ្ញុំក៏រៀនអំពីឪពុកម្តាយគាត់ដែរ ។ វាជាចំណេះដឹងតគ្នា ។ មិនមែនជាចំណេះដឹងដែលខ្ញុំរៀនចេញអំពីសាលាឡើយ ។
ជាបឋម យើងត្រូវស្គាល់ប្រភេទដី ។ នៅអារ្យប្រទេស គេវាស់កម្រិត PH នៃដីដាំដំណាំ ។ ខ្ញុំមិនដែលខ្វល់រឿង ភីអេច ភីអាំងអ្វីទេ ។ ម្តាយខ្ញុំប្រាប់ថា ដីដាំដំណាំអាចមានបីប្រភេទគឺ៖ ដីល្បាយខ្សាច់ ដីកណ្តេង និង ដីច្រេះអាចម៍ដែក ។ ដីល្បាយខ្សាច់គីដីនៅតាមមាត់ទន្លេ ចន្លោះពី ៥០ ទៅ ២០០ម៉ែត្រ ។ ដីកណ្តេងគឺដីបឹង ដែលស្ថិតនៅលើសពី ២០០ម៉ែត្រពីមាត់ទន្លេ ។ អ្នកស្រុកខ្លះហៅដីបឹងថា ដីប្រាំង ។ ឯដីច្រេះអាចម៍ដែកគឺប្រភេទដីឥដ្ឋដែលមានល្បាយគ្រួសថ្មបាយក្រៀមច្រើន ។ ដីប្រភេទនេះសម្បូរនៅខាងខេត្ត កំពង់ធំ និង សៀមរាប ហើយមិនសូវល្អសម្រាប់ដាំបន្លែទេ ។ យើងភ្ជួរតែមួយផាលនង័្គល ទៅដល់ដីច្រេះអាចម៍ដែកហើយ ។ បើជីកឲ្យជ្រៅថែមទៀត យើងនឹងជួបថ្មបាយក្រៀម ។ គឺថ្មនេះហើយដែលបុព្វបុរសខ្មែរយកទៅធ្វើរបងប្រាសាទនានា ។
ការដាំបន្លែនៅតាមបណ្តោយមាត់ទន្លេ មិនជាលំបាកថែទាំណាស់ណាទេ ។ កាលពី ៣០ ឬ ៤០ឆ្នាំកន្លងទៅ យើងគ្មានម៉ាសុីនបូមទឹកនិងបច្ចេកទេសតទុយយោស្រោចស្រព្វដំណាំឡើយ ។ យើងដាំបន្លែដោយពឹងលើរដូវកាលនិងអាកាសធាតុ ហើយទុកឲ្យដំណាំលូតលាស់ទៅតាមសម្មាជីវោរបស់វា ។ គួរកត់សម្គាល់ថា មុនពេលមនុស្សយកវាមកដាំធ្វើជាបន្លែបង្កា រុក្ខជាតិនានាដូចជាត្រឡាច ល្ពៅ ត្រប់ ម្ទេស ជាដើម សុទ្ធសឹងតែជារុក្ខជាតិដុះដោយព្រៃ ។ គ្មាននរណាពូនគុម្ពជ្រុំគល់វាទេ ។ ពីដើមមិញ ដំណាំបន្លែនៅតាមមាត់ទន្លេគឺយើងដាំនៅរដូវទឹកស្រក ឬរដូវរាំងស្ងួត ។ ដោយហេតុតែទឹកទន្លេហូរលិចច្រាំងរៀងរាល់ឆ្នាំ ការដាំបន្លែក៏ត្រូវជ្រើសរើសប្រភេទឲ្យត្រូវទៅនឹងសណ្ឋានដីដែរ ។ កន្លែងខ្លះ មានពំនូកខ្សាច់ ។ កន្លែងខ្លះមានល្បាយខ្សាច់ ។ កន្លែងខ្លះមានដីល្បប់គ្របលើល្បាយខ្សាច់ ។ កន្លែងដែលមានពំនូកខ្សាច់ យើងអាចដាំល្ពៅ ឬ ឃ្លោកនិងត្រឡាចនៅជុំវិញនោះ ដ្បិតដំណាំទាំងបីប្រភេទនេះអាចវារគ្របលើពំនូកខ្សាច់ដែលជាហេតុមិនឲ្យកំដៅជះចេញពីដីខ្សាច់រុកគួនវាបានឡើយ ។ ដីល្បាយខ្សាច់យើងអាចដាំ ត្រសក់ស្រូវនិងឪឡឹក ។ ឯដីដែលមានល្បប់គ្របពីលើ យើងអាចដាំត្រសក់ផ្អ ប៉េងប៉ោះ ម្ទេស និង ត្រប់ ។ ពេលវេលានៃការដាំដុះគឺយើងប្រើទម្ងន់មនុស្ស ។ ចំណុចណាដែលយើងអាចដើរលើបាន គឺអាចដាំបានហើយ ។ យើងត្រូវត្រាំគ្រាប់ត្រសក់និងត្រឡាចឲ្យវាប្រេះមាត់ចាប ឬចេញពន្លកឫសបន្តិចមុននឹងយកទៅដាំ ។ របៀបដាំគឺយើងជីកដោយចបជីកក្នុងទម្រង់ត្រីកោណ ឬបួនជ្រុង ឆ្កឹះយកដីល្បប់ផ្នែកខាងលើចេញ ។ ដាក់គ្រាប់ត្រសក់ ឬត្រឡាច បីឬបួនគ្រាប់ក្នុងមួយរណ្តៅ ។ រួចហើយយកដីល្បាយខ្សាច់លាយអាចម៍គោមួយទូកដៃលប់រណ្តៅ ។ ឯការដាំ ត្រប់ ម្ទេស និង ប៉េងប៉ោះ ក៏មានសណ្ឋានស្រដៀងគ្នាដែរ គ្រាន់តែយើងបណ្តុះកូនត្រប់ ម្ទេស និងប៉េងប៉ោះនៅក្នុងថ្នាល ប្រមាណជាមួយខែមុន ។ កូនត្រប់ម្ទេសនិងប៉េងប៉ោះ ពេលដកចេញពីថ្នាលត្រូវរលាស់ដីចេញពីឫសរបស់វា ។ បន្ទាប់ពីជីករណ្តៅហើយ យើងប្រើឈើបុសបុកក្នុងរណ្តៅនោះជម្រៅប្រមាណពីរថ្នាំងដៃទៀត ។ រូចហើយ យកកូនប៉េងប៉ោះ ត្រប់ ឬម្ទេសមួយដើមដាក់ក្នុងរណ្តៅឈើបុសនោះ ។ បន្ទាប់មក យកដី ឬឆ្កឹះដីល្បាយខ្សាច់នៅមាត់រណ្តៅឈើបុសលប់ឫសកូនដំណាំឲ្យជិត ។ ចុងបញ្ចប់ យកកំសៀវដងទឹកដើរស្រោចកូនដំណាំទាំងនោះមួយច្រូចៗ ។ ការស្រោចទឹកនេះគឹមិនត្រូវឲ្យទឹកប៉ះត្រួយវាទេ ។ កាលពីក្មេង ខ្ញុំធ្លាប់ធ្វើកិច្ចការនេះ ។ ម្តាយខ្ញុំស្រែកទូន្មានខ្ញុំជាប្រចាំ ទោះស្លាប់១០ជាតិក៏នៅតែចាំដែរ ។ យើងដាំកូន ត្រប់ ម្ទេស ប៉េងប៉ោះ នៅពេលល្ងាចហើយស្រោចទឹកវាតែម្តងនេះគត់ ។ ស្អែកឡើង ពេលត្រូវកំដៅថ្ងៃវាស្រឡប់ស្តូក ប៉ុន្តែអត់ងាប់ទេ ។ ពេលកូន ត្រសក់ ត្រឡាច ឃ្លោក ល្ពៅ ប៉េងប៉ោះ ត្រប់ ម្ទេស លាស់ស្លឹកបានពីរឬបី យើងយកចបជីកជ្រុំគល់ ឬគុម្ពវា មួយឬពីរថ្ងៃក្រោយមក យើជម្រះស្មៅ ឬជ្រោយដីតាមបណ្តោយរងរបស់វា ។ ការជ្រោយដីតាមបណ្តោយរងនេះ មានសារសំខាន់ណាស់ ។ វាបំបែកផ្ទាំងដីល្បប់ជាបំណែកតូចៗហើយនិងធ្វើឲ្យវាស្ងួត ។ ដីស្ងួតនៅផ្នែកខាងលើនេះ គឺជាយន្តការទាញទឹកសន្សើមនៅពេលយប់យកទៅផ្គត់ផ្គង់ដីល្បាយខ្សាច់ដែលនៅផ្នែកខាងក្រោម ។ នេះហើយគឺជាវិធីដាំដំណាំបន្លែ ដោយមិនចាំបាច់ស្រោចទឹក ។
ឯការដាំបន្លែនៅលើដីកណ្តេង ឬ ដីបឹង ឬ ដីប្រាំង គេធ្វើតាមវិធីផ្សេង ។ ជាទូទៅ យើងរង់ចាំទាល់តែដីចម្ការរឹងល្មមឲ្យគោដើរលើបាន ទើបភ្ជួរដីនោះហាលឲ្យស្ងួតបន្តិច ។ បន្ទាប់មក យើងយករនាស់ចាក់ដែលមានធ្មេញដែកដូចចម្រូង រាស់លើដីបំណាស់ឲ្យទាល់តែបែកជាដុំៗប៉ុនៗកដៃ ។ ជាមួយគ្នានោះដែរ យើងរាស់នឹងរនាស់ខ្វារចុះឡើងៗ ដើម្បីឲ្យកម្ទេចដីតូចៗធ្លាក់ចុះទៅផ្នែកខាងក្រោម ។ យើងរាស់នឹងរនាស់ចាក់និងរនាស់ខ្វារជាច្រើនដង ដើម្បីបំបែកដីអាចម៍បំណាស់ឲ្យមានល្បាយល្អិតនៅផ្នែកខាងក្រោម ។ មុននឹងចាប់ផ្តើមដាំកូន ម្ទេស ឬ ត្រប់ ដែលជាប្រភេទដំណាំធន់នឹងកំដៅថ្ងៃ យើងភ្ជួរដីនោះត្រឡប់ម្តងទៀត រួចហើយរាស់វាដូចលើកទីមួយដែរ ។ ពេលល្ងាចទើបយើងយកកូនម្ទេសនិងត្រប់ទៅដាំ ដោយវែកដីដុំនៅផ្នែកខាងលើជាទម្រង់សំបុកមាន់ រួចហើយជាន់នឹងថ្លើមជើងឲ្យហាប់បន្តិចទើបយកឈើបុសបុកជារណ្តៅ ដូចជាយើងដាំនៅលើដីល្បាយខ្សាច់តាមមាត់ទន្លេដែរ ។ ការស្រោចទឹកគឺដូចគ្នា ដោយជៀសវាងមិនឲ្យប៉ះត្រួយកូនដំណាំឡើយ ។ យើងអាចស្រោចទឹកកូនដំណាំម្តងទៀតនៅពេលព្រឹកព្រហាម រួចហើយទុកឲ្យវាចាប់ឫសរស់តាមសម្មាជីវោរបស់វា ។ ពេលកូនដំណាំលាស់ខ្ពស់បន្តិច យើងអាចយកចប ឬខ្វែវ ជម្រះពូនគល់ដើម្បីជួយឲ្យសំណើមនៅក្រោមគល់ដំណាំនៅថេរបានយូរ ក៏ដូចជាជួយទាញយកទឹកសន្សើមនៅពេលយប់ មកផ្គត់ផ្គង់កូនដំណាំដែរ ។ ជាទូទៅ ទម្រាំដីបឹងស្ងួតអាចភ្ជួររាស់ដាំដំណាំបាន គឺយើងត្រូវរង់ចាំដល់ខែ មាឃធំ ឬផល្គុន ។ ដូច្នេះ បើមានភ្លៀងកក់ខែម្តងពីរនៅខែចែត្រ យើងអាចរំពឹងទទួលបានផលច្រើន ។
និយាយអំពីការដាំដំណាំនៅក្រោយផ្ទះ ជាពិសេសផ្ទះបុរីនៅក្នុងក្រុង គឺយើងមិនមានជម្រើសច្រើនទេ ។ ដីនៅក្រោយផ្ទះ ដែលភាគច្រើនជាដីដែលគេដឹកយកមកចាក់បំពេញ ជាទូទៅមិនសូវសមប្រកបសម្រាប់ដាំបន្លែបង្កាឡើយ ។ ប៉ុន្តែ យើងអាចច្នៃវាដាំបន្លែបាន ដោយប្រើវិធីលាយល្បាយ ។ បើដីក្រោយផ្ទះយើងសម្បូរខ្សាច់ យើងរកដីកណ្តេងយកមកលាយ ។ បើដីនោះសម្បូរទៅដោយដីកណ្តេងនិងដីឥដ្ឋ យើងរកដីល្បាយខ្សាច់យកមកលាយ ។ ដីនៅក្រោយផ្ទះខ្ញុំជាប្រភេទដីកណ្តេងលាយដីឥដ្ឋ ។ ដាំបន្លែអ្វីក៏មិនសូវល្អដែរ ដ្បិតវាជាំទឹកខ្លាំងពេក ។ ដោយហេតុតែខ្ញុំមិនដឹងជាទៅរកដីល្បាយខ្សាច់ឯណាយកមកលាយបាន ខ្ញុំក៏សម្រេចចិត្តទៅទិញដីជីកំប៉ុស ដែលគេធ្វើអំពីកម្ទេចស្លឹកនិងមែកឈើលក់នៅផ្សារ យកមកលាយ ។ វាមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ប៉ុន្តែខ្ញុំអាចប្រើវិធីឆ្នៃប្រតិដ្ឋនិងចំណេះដឹងរៀនពីដូនតា ដាំបន្លែបានផលគួរសមដែរជាមួយនឹងដីដែលមិនសូវសមប្រកបនេះ ។ អ្វីដែលខ្ញុំអនុវត្តិគឺ បង្អត់ទឹកដំណាំ ។ ខ្ញុំមិនស្រោចទឹកដំណាំខ្ញុំរាល់ថ្ងៃទេ សូម្បីតែត្រកួននិងម្អមដែលជាដំណាំដុះក្នុងស្រែឬក៏បឹង ក៏ខ្ញុំអត់ស្រោចទឹកវារាល់ថ្ងៃដែរ ។ គួរកត់សម្គាល់ថា ដីកណ្តេងឬដីឥដ្ឋពេលត្រូវទឹក វានឹងរលាយជាប់គ្នានៅផ្នែកខាងលើ (on the surface) ដូចនំក្រៀបឬគ្របឆ្នាំ ។ នៅពេលប្រការនេះកើតឡើង សំណើមនៅផ្នែកខាងក្រោមនឹងបង្កឲ្យមានចំហាយក្តៅពេលត្រូវកម្តៅព្រះអាទិត្យ ដែលញាំញីឫសដំណាំនិងធ្វើឲ្យវាក្រិន ។ ដូច្នេះ ត្រូវជ្រុំជ្រោយដីនៅក្បែរគល់ឬចន្លោះរងបន្លែ ជាមួយនឹងកូនរនាស់ផ្លែមួយ ផ្លែពីរ ឬផ្លែបួន ដូចដែលខ្ញុំបង្ហាញនៅក្នុងរូប ជាប្រចាំបន្ទាប់ពីមានភ្លៀងធ្លាក់ ឬក៏សង្កេតឃើញមានដីក្រាំងខ្លាំង ។ តាមចន្លោះជួរត្រកួនក៏ដូចគ្នា ។ គប្បីយកច្បូកម្រាមដៃ ឬក៏ដែកឬឈើប៉ុនម្រាមដៃ ទៅចាក់ឲ្យមានប្រហោងដើម្បីឲ្យចំហាយទឹកហួតឡើងលើផងដែរ ។ ដូចដែលខ្ញុំបានជម្រាបនៅផ្នែកខាងលើរួចហើយ បន្លែបង្កាភាគច្រើនវាដុះតាមព្រៃគ្មាននរណាស្រោចទឹកថែធួនពូនគល់វាទេ ។ បើយើងបារម្ភខ្លាចដំណាំងាប់ យើងអាចកាយដីនៅចន្លោះជួរដើម្បីពិនិត្យមើលថាតើវាស្ងួតដល់កម្រិតណា ។ បើស្ងួតខ្លាំង យើងអាចស្រោចទឹកដោយបង្ហូរទឹកយឺតៗឲ្យចំគល់ដំណាំនីមួយៗ ។ មិនត្រូវបាញ់ទឹកបាចសាចពាលវាលពាសកាលឡើយ លើកលែងតែត្រកួននឹងស្ពៃ ។ កាលពីក្មេង ខ្ញុំធ្លាប់ឮចាស់ៗប្រាប់ថា បើចង់ឲ្យដំណាំលាស់ស្ទុះ ត្រូវបង្អត់ទឹកវាបួនប្រាំថ្ងៃសឹមស្រោចម្តង ។
និយាយអំពីបទពិសោធមួយដែលខ្ញុំធ្វើនៅឆ្នាំនេះ ។ ខ្ញុំដាំកូនម្ទេសចំនួន ៩ដើម ។ កូនម្ទេស ៣ដើមខ្ញុំស្រោចទឹករាល់ថ្ងៃ ។ បីដើមទៀតខ្ញុំអត់ស្រោចទឹកទេ ។ ឯបីដើមចុងក្រោយ ខ្ញុំស្រោចទឹកប្រាំថ្ងៃម្តង ។ នៅតំបន់ខ្ញុំរស់នៅមានការរាំងស្ងួតប្រហែលមួយខែកន្លះ និងមានសុីតណ្ហភាពចន្លោះពី ៣៧ទៅ៤២ អង្សាសេ ជាប្រចាំ ។ ខ្ញុំសង្កេតឃើញថា កូនម្ទេសដែលខ្ញុំស្រោចទឹករាល់ថ្ងៃ វាមានស្លឹកពណ៌បៃតងខ្ចីនិងមានដើមខ្ពស់ល្វន់ល្វត ។ កូនម្ទេសដែលខ្ញុំអត់ស្រោចទឹកសោះ វាមានស្លឹកពណ៌ខៀវចាស់ ដើមទាបតែរឹងបុឹង ។ ឯកូនម្ទេសដែលខ្ញុំស្រោចទឹក ៥ថ្ងៃម្តង វាមានសណ្ឋាននៅចន្លោះកូនម្ទេសទាំងពីរក្រុមខាងលើ ។ កូនម្ទេសទាំងអស់ អត់មានងាប់មួយដើមទេ ។ នេះគឺជាបទពិសោធន៍មួយដែលខ្ញុំរកឃើញសម្រាប់ការដាំដំណាំនៅក្រោយផ្ទះ ៕
Saturday, August 3, 2024
ចំណីខួរក្បាល
យួនធ្វើបាន!
កំណត់៖ អត្ថបទនេះ ស្មេរសរសេរជាទម្រង់ផ្គុំផ្ទាំងចំណោទ (Putting together pieces of the puzzle) ។ វាជារឿងរ៉ាវមួយពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសវៀតណាម និង សហរដ្ឋអាមេរិក បន្ទាប់ពីអតីតលោកប្រធានាធិបតី ប៊ីល គ្លីនតុន ទៅធ្វើទស្សនកិច្ចនៅវៀតណាម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញ នៅក្នុងឆ្នាំ ២០០០ ។ មុននឹងសរសេរអត្ថបទនេះ ខ្ញុំសូមនិយាយពាក្យក្នុងចិត្តមួយម៉ាត់ថា៖ យួនឆ្លាត! ត្រង់ឆ្លាតជាងខ្មែរឬមិនជាងខ្មែរ សូមទុកប្រការនេះឲ្យមិត្តអ្នកអានវិនិច្ឆ័យតាមការគួរ ។
នៅដើមទសវត្សឆ្នាំ ២០០០ ខ្ញុំបានទៅកត់ត្រាសរសេររបាយការណ៍ឲ្យគណកម្មាធិការមួយ ដែលទទួលបន្ទុកបំពេញបេសកកម្មឲ្យមូលនិធិអប់រំវៀតណាម (Vietnam Education Foundation, VEF) ។ បច្ចុប្បន្ន មូលនិធីនេះគ្មានអត្ថិភាពទៀតទេ ។ ខ្ញុំបានទៅកត់ត្រារបាយការណ៍ចុងក្រោយឲ្យមូលនិធីនេះនៅឆ្នាំ ២០១៨ ។
មូលនិធិអប់រំវៀតណាម ចាប់ផ្តើមដំណើរការនៅឆ្នាំ ២០០៣ បន្ទាប់ពីរដ្ឋសភាអាមេរិកាំងអនុម័តច្បាប់បង្កើតមូលនិធិនេះឡើង ។ មូលនិធិនេះផ្តល់អាហារូបករណ៍ឲ្យតែនិស្សិតនិងបុគ្គលិកសិក្សានៅក្នុងប្រទេសវៀតណាមមករៀន ឬមកធ្វើកម្មសិក្សានៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ ជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសដទៃ គ្មានសិទ្ធិទទួលអាហារូបករណ៍នេះទេ ។ និស្សិតវៀតណាមកម្រិតអនុបណ្ឌិតនិងមហាបរិញ្ញាប្រមាណជា ៦០០នាក់ និង បុគ្គលិកសិក្សាប្រហែល ៥០នាក់ បានមកសិក្សានៅសហរដ្ឋអាមេរិកនៅក្នុងកម្មវិធីនេះ ។ ឯសហរដ្ឋអាមេរិកក៏បានបញ្ជូនសាស្ត្រាចារ្យប្រមាណ ៤០រូប ទៅបង្រៀននិស្សិតនៅក្នុងប្រទេសវៀតណាមផងដែរ ។ សម្រាប់អ្នកដែលយល់ដឹងអំពីប្រព័ន្ធរដ្ឋបាលអាមេរិកាំង ទំនាក់ទំនងទ្វេភាគីដែលតម្រូវឲ្យរដ្ឋសភាអនុមតិច្បាប់ទទួលស្គាល់ គឺច្រើនតែពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអ្វីមួយ ។ ដូច្នេះ ការបង្កើតមូលនិធីអប់រំវៀតណាម ប្រាកដជាបង្កើតឡើងដើម្បីផ្សះផ្សារអ្វីមួយនៅក្នុងដំណើរនិយាយរកគ្នាវិញរវាងសត្រូវសុីសាច់ហុតឈាមគ្នាកាលពីអតីត ។
នៅពេលយើងនិយាយអំពីអតីតកាលរបស់វៀតណាម ពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិក ប្រទេសទាំងពីរមានសង្គ្រាមវៀតណាមជាចំណង ដែលបានចាប់ផ្តើមនៅចុងទសវត្សឆ្នាំ ១៩៥០ រហូតដល់ដើមទសវត្សឆ្នាំ ១៩៧០ ។ បន្ទាប់ពីបញ្ចប់សង្គ្រាមនៅក្នុងទសវត្សឆ្នាំ ១៩៧០ អាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើវៀតណាមរហូតដល់ឆ្នាំ ២០០០ ។ បើនិយាយអំពីគ្រោះមហន្តរាយនៃសង្គ្រាមមកលើពលរដ្ឋវៀតណាម វាមានវិសាលភាពធំគួរសមដែរ ។ រឿងមួយដែលមិនសូវមាននរណានិយាយពាក់ព័ន្ធនឹងសង្គ្រាមរវាងវៀតណាមនិងសហរដ្ឋអាមេរិក គឺការប្រើសារធាតុគីមីពណ៌ទឹកក្រូច (Agent Orange) ។ សង្គ្រាមបានចប់ទៅយូរហើយ ។ ក៏ប៉ុន្តែឥទ្ធិពលនៃសារធាតុគីមីពណ៌ទឹកក្រូច បានបន្តរុកគួនជិវិតជនសុីវិលស្លូតត្រង់ក្នុងទម្រង់ទារកកើតមកពិការខ្វិនខ្វង់ រហូតដល់សព្វថ្ងៃ ។
នៅក្នុងសង្គ្រាម ខុសនិងត្រូវគឺអាស្រ័យនៅលើទិដ្ឋិរបស់ភាគីទាំងសងខាង ។ កម្រមានភាគីណាមួយទទួលស្គាល់ថាខ្លួនខុសណាស់ ។ ដូច្នេះ ដើម្បីផ្សះផ្សារគ្នាឡើងវិញ ភាគីពាក់ព័ន្ធចាំបាច់ត្រូវតែរកកត្តា ឈ្នះ-ឈ្នះ ណាមួយមកធ្វើជាស្ពាន ។ មូលនិធិអប់រំវៀតណាម អាចជាស្ពាននៃការផ្សះផ្សារនោះ ។
សមាជិកគណកម្មាធិការចាត់ចែងកិច្ចការនៅក្នុងមូលនិធីអប់រំវៀតណាម មានគ្នាប្រមាណជា ១០នាក់ ។ ពួកគេមកប្រជុំធ្វើកិច្ចការងារ ម្តងទៅបីដងក្នុងមួយឆ្នាំ អាស្រ័យលើតម្រូវការនៃបេសកកម្ម ។ ដោយហេតុតែការិយាល័យរបស់ពួកគេនៅក្បែរផ្ទះខ្ញុំ ខ្ញុំត្រូវបានអង្គភាពបញ្ជូនឲ្យទៅធ្វើកិច្ចការជាមួយនឹងគណកម្មាធិការនោះស្ទើរតែជាប្រចាំ ។ នៅក្នុងចំណោមសមាជិកគណកម្មាធិការ គ្មានតំណាងមកពីរដ្ឋាភិបាលវៀតណាមទេ ។ និយាយឲ្យខ្លី រដ្ឋាភិបាលវៀតណាមគ្មានសិទ្ធិលូកដៃនៅក្នុងបេសកកម្មអប់រំនិស្សិតវៀតណាមនេះឡើយ ។ ក្នុងចំណោមសមាសភាពសមាជិកគណកម្មាធិការ ប្រាំឬប្រាំមួយនាក់ជាជនជាតិអាមេរិកាំងដែលមានដើមកំណើតវៀតណាម ។ ក្រៅពីនោះជាជនជាតិអាមេរិកាំងសុទ្ធសាធទាំងអស់ ដែលមានមួយរូបអាចជាតំណាងមកពីបណ្ឌិតសភាជាតិ ។ មួយរូបទៀតជាសាស្ត្រាចារ្យសាកលវិទ្យាល័យ ។ ក្នុងចំណោមអ្នកដែលមានដើមកំណើតវៀតណាម មានម្នាក់ជាបញ្ញាជនកម្រិមហាបរិញ្ញា ម្នាក់តំណាងឲ្យសហគ្រិន និងអ្នកដទៃអាចតំណាងឲ្យអាជីពផ្សេងទៀត ។ គួរកត់សម្គាល់ថា ខ្ញុំប្រើពាក្យ "អាច" ដ្បិតមិនមានលទ្ធភាពស្វែងយល់អំពីកិច្ចការផ្ទៃក្នុងនៃការរៀបចំសមាសភាពគណកម្មាធិការទេ ។ អគ្គលេខាធិការនៃគណកម្មាធិការដែលមានអាយុប្រហាក់ប្រហែលនឹងខ្ញុំដែរ មានដើមកំណើតពីវៀតណាម ។ គាត់ជាមនុស្សម៉េតប្រាយ និងមានឆន្ទៈមោះមុតណាស់នៅក្នុងកិច្ចការងារ ។ ពេលខ្លះ គាត់និងខ្ញុំនិយាយគ្នាលេងពីនេះពីនោះ ប៉ុន្តែមិនពាក់ព័ន្ធនឹងកិច្ចការរបស់គណកម្មាធិការទេ ។ សមាជិកគណកម្មាធិការទាំងអស់គឺធ្វើការដោយស្ម័គ្រចិត្ត មិនទទួលបានប្រាក់កម្រៃសូម្បីតែមួយសេនឡើយ ។ ក្រៅអំពីសមាជិករៀបរាប់ខាងលើ នៅមានសមាជិកសង្កេតការណ៍ពីរក្រុមទៀត ដែលមកពីក្រសួងការបរទេស និង រតនាគារជាតិ ។ ឯរបៀបរៀបចំគណកម្មាធិការនិងធ្វើកិច្ចការងារ គឺគេយកគំរូតាមគណកម្មាធិការរបស់បណ្ឌិតសភាជាតិអាមេរិកាំងស្ទើរតែទាំងស្រុង ។ មូលហេតុដែលខ្ញុំមើលយល់អំពីប្រការនេះ ព្រោះខ្ញុំធ្លាប់បានអង្គុយកត់ត្រារបាយការណ៍ឲ្យបណ្ឌិតសភាជាតិអាមេរិកាំងជិត ៣០ឆ្នាំ ។
ប្រការមួយដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំង ជាមួយនឹងបេសកកម្មរបស់មូលនិធិអប់រំវៀតណាម គឺបញ្ហាអធិបតេយ្យភាព ឬដែនសមត្ថកិច្ចរបស់ប្រទេសវៀតណាម ។ សំណួរមួយចំនួនដែលយើងអាចលើកយកមកពិចារណាគឺថា ហេតុអ្វីបានជាប្រទេសវៀតណាមអនុញ្ញាតិឲ្យសហរដ្ឋអាមេរិក ជាពិសេសជនជាតិអាមេរិកាំងកំណើតវៀតណាម ដែលភាគច្រើនស្អប់និងរិះគន់របបគ្រប់គ្រងរបស់ខ្លួនឥតសំចៃមាត់ ចាត់ចែងមូលនិធិរបស់ខ្លួន ? បើមូលនិធិជាមូលនិធិផ្តាច់មុខសម្រាប់តែនិស្សិតវៀតណាម ថវិកាក៏ជាថវិការបស់វៀតណាមដែរ ។ ប្រការមួយទៀតគឺថា ហេតុអ្វីក៏ជនជាតិអាមេរិកាំងកំណើតវៀតណាម ដែលភាគច្រើនត្រូវបានរដ្ឋាភិបាលក្រុងហាណូយ ធ្វើទុក្ខបុកម្នេញរហូតដល់រត់ចោលស្រុក ស្ម័គ្រចិត្តធ្វើការងារបម្រើផលប្រយោជន៍ឲ្យរដ្ឋាភិបាលអប្រិយនោះ ?
នៅឆ្នាំ ១៩៩៧ ឬ៩៨ ខ្ញុំធ្លាប់ទៅកត់ត្រារបាយការណ៍ឲ្យគណកម្មាធិការមួយរបស់បណ្ឌិតសភាជាតិអាមេរិកាំង ដែលសិក្សាស្រាវជ្រាវអំពីផលវិបាកនៃសារធាតុគីមីពណ៌ទឹកក្រូច (Agent Orange) មកលើពលរដ្ឋវៀតណាម ។ កាលនោះគណកម្មាធិការបានអញ្ជើញវេជ្ជបណ្ឌិតវៀតណាមមួយឬពីររូប ដែលធ្វើការងារពាក់ព័ន្ធនឹងការថែទាំគាំពារកុមារពិការខ្វិនខ្វង់ មកផ្តល់សក្ខីកម្មអំពីទ្រង់ទ្រាយនិងលក្ខណៈនៃភាវពិការទាំងនោះ ។ គួរកត់សម្គាល់ថា គេដាក់បន្ទុកសង្ស័យភាវពិការរបស់ទារកនិងកុមារទាំងនោះ ទៅលើសារធាតុគីមីពណ៌ទឹកក្រូច ។ ទុករឿងវេជ្ជសាស្ត្រនយោបាយនេះដោយឡែក ។ បើនិយាយអំពីការសិក្សាស្រាវជ្រាវអំពីសារធាតុគីមីពណ៌ទឹកក្រូច ការភ្ជាប់ទំនាក់ទំនងការទូតរវាងវៀតណាមនិងអាមេរិក និងការបង្កើតមូលនិធិអប់រំវៀតណាម ប្រការទាំងបីនេះហាក់ដូចជាមានទំនាក់ទំនងនឹងគ្នា ។ នៅក្នុងកិច្ចការការទូតអន្តរជាតិរវាងអតីតសត្រូវ មុននឹងគេអាចផ្សះផ្សារគ្នាបាន គឺត្រូវមានការពិភាក្សាក្រោយឆាក (Behind the scene) ច្រើនណាស់ ។ កិច្ចការទាំងនោះ យើងមិនអាចដឹងបានទេ ។ ក៏ប៉ុន្តែ ពាក់ព័ន្ធនឹងបេសកកម្មមូលនិធិអប់រំវៀតណាម បើយើងយកកត្តាទាំងអស់មកផ្គុំគ្នា យើងអាចបង្រួមសមត្តកម្ម (Narrow the hypothesis) មកនៅត្រឹមបីករណី ។ ករណីទីមួយគឺប្រាក់បំណុលដែលអតីតរដ្ឋាភិបាលវៀតណាមខាងត្បូង អាចជំពាក់សហរដ្ឋអាមេរិក ។ ថ្វីដ្បិតតែរដ្ឋាភិបាលវៀតណាមខាងត្បូងបានរលាយបាត់រូបទៅហើយក្តី ប៉ុន្តែបំណុលនោះនៅតែជាបន្ទុករបស់រដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ។ ដើម្បីដោះស្រាយបញ្ហានេះ ដំណើរដើមទងអាចមានដូចតទៅ៖ រដ្ឋាភិបាលវៀតណាមសងបំណុលមកឲ្យរតនាគារជាតិអាមេរិកាំង ។ រតនាគារជាតិអាមេរិកាំងរក្សាថវិកានេះក្នុងមូលនិធិអប់រំវៀតណាម ។ មូលធិនិអប់រំវៀតណាមប្រើថវិកានេះសម្រាប់តែការអប់រំនិស្សិតវៀមណាម ដែលតម្រូវឲ្យមករៀននៅក្នុងសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក ។ គ្មានភាគីណាមួយទទួលបានសារប្រយោជន៍ដោយផ្ទាល់ (Direct benefits) អំពីប្រាក់បំណុលនេះទេ ។ សាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក ដែលភាគច្រើនដំណើរការក្នុងទម្រង់មូលនិធិដែរនោះ យកថវិកាទៅផ្តល់ឲ្យសាស្ត្រាចារ្យជាទម្រងបៀវត្សរ៍ ។ សាស្ត្រាចារ្យយកប្រាក់បៀវត្សរ៍ផ្ទេរទៅឲ្យនិស្សិតវៀតណាមក្នុងទម្រង់ពុទ្ធិ ។ ឯនិស្សិតវៀតណាមយកពុទ្ធិទៅសម្រួលដល់ការរស់នៅរបស់ជនជាតិវៀតណាម នៅក្នុងទម្រង់កិច្ចការងារនិងអាជីពចិញ្ចឹមជីវិតនានា ។ វាជាដំណើរបត់បែនដ៏វែងអន្លាយមួយ ។ ករណីទីពីរអាចជាការទទួលស្គាល់ផលវិបាកនៃសារធាតុគីមីពណ៌ទឹកក្រូច ។ ក៏ប៉ុន្តែ នៅក្នុងវិស័យសង្គ្រាម គ្មានទេភាគីខុសនិងត្រូវ ។ ដូច្នេះ កាយវិការរបស់ភាគីណាមួយ វាគឺជាសុឆន្ទៈរបស់ភាគីនោះ ។ ឯករណីទីបីអាចនឹងចេញអំពីកត្តាបំណុលនិងកត្តាសារធាតុគីមីពណ៌ទឹកក្រូចរួមគ្នា (The money trail in international politics is not always in a straight line) ។
នៅក្នុងកិច្ចប្រជុំនាឆ្នាំចុងក្រោយ មុននឹងបេសកកម្មមូលនិធិអប់រំវៀតណាមត្រូវបានបិទ គណកម្មាធិការបានលើកយកសមិទ្ធិផលនិងផលវិបាកនានាមកពិភាក្សា ។ និស្សិតណាខ្លះជោគជ័យ ។ និស្សិតណាខ្លះបរាជ័យ ។ និងនិស្សិតណាខ្លះគៀចមិនត្រឡប់ទៅស្រុកវិញ (Missing in action) ។ ខ្ញុំធ្លាប់បានជួបនឹងនិស្សិតអាហារូបករណ៍មូលនិធិអប់រំវៀតណាមម្នាក់ ដែលបានរៀបការនឹងជនជាតិអាមេរិកាំង ដើម្បីបានសិទ្ធិរស់នៅក្នុងសហរដ្ឋអាមេរិក ។ នាងជាសហការីធ្វើការងារជាមួយនឹងអ្នកផ្ទះខ្ញុំ ។ កាលនោះនាងមានផ្ទៃពោះប្រហែលប្រាំខែ ។ ដោយហេតុតែពួកយើងទើបនឹងបិទរោងចក្រផលិតទារក ហើយនៅសល់សម្ភារៈថ្មីៗជាច្រើនសម្រាប់ទារក យើងក៏ផ្តល់សម្ភារៈទាំងនោះទៅឲ្យនាងប្រើប្រាស់ជាជាងបោះវាចោល ។ យើងបានជជែកគ្នាលេងមួយស្របក់ដែរ ប៉ុន្តែខ្ញុំមិនបានប្រាប់នាងអំពីករណីពាក់ព័ន្ធរបស់ខ្ញុំជាមួយនឹងមូលនិធិអប់រំវៀតណាមទេ ។ ទុករឿងនេះមួយឡែក ។ និយាយអំពីនិស្សិតម្នាក់ដែលត្រឡប់ទៅវៀតណាមវិញ ហើយទទួលបានកិច្ចការជាអ្នកគ្រប់គ្រងទឹកកខ្វក់នៅទីក្រុងហូជីមិញវិញម្តង ។ ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានឃើញគាត់នៅក្នុងកម្មវិធីភាពយន្តឯកសារវិទ្យាសាស្ត្ររបស់ទូរទស្សន៍សាធារណៈនៃសហរដ្ឋអាមេរិក ។ គាត់និយាយអំពីវិធីចម្រោះទឹកកខ្វក់ ឬទឹកស្អុយ ដោយប្រើចលនា (Process) ដែលភាសាអង់គ្លេសហៅថា Phytoplankton ។ ខ្ញុំមិនយល់អំពីវិទ្យាសាស្ត្រទេ ប៉ុន្តែយោងតាមអ្វីដែលអតីតនិស្សិតមូលនិធិអប់រំវៀតណាមនោះរៀបរាប់គឺ បន្ទាប់ពីសម្អាតទឹកកខ្វក់តាមរបៀប Phytoplankton រួចហើយ គាត់បង្វែទឹកនោះឲ្យអ្នកស្រែប្រើប្រាស់សិន រួចហើយបង្ហូរវាទៅឲ្យអ្នកចិញ្ចឹមត្រី បង្គា ឬ លៀសគ្រុមមួយតំណាក់ទៀត ទើបឲ្យវាហូរចូលទៅក្នុងសមុទ្រ ។ នៅក្នុងកម្មវិធីទូរទស្សន៍នោះ ខ្ញុំឃើញគាត់និយាយជាមួយនឹងអតីតអ្នកហ្វឹកហ្វឺន ឬសហការីរបស់គាត់នៅសហរដ្ឋអាមេរិក ។ ពួកគេហាក់ដូចជាមានមោទនភាពខ្លាំងអំពីអ្វីដែលកើតចេញអំពីវិធី Phytoplankton នោះ ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមនិយាយអំពីពាក្យ "យួនឆ្លាត!" បន្តិច ។ មនុស្សយើងគ្រប់ជាតិសាសន៍ទាំងអស់ កើតមកមានទំហំនិងទម្ងន់ខួរក្បាលប្រហាក់ប្រហែលគ្នា ។ ដូច្នេះ សមត្ថភាពនៃការគិតពិចារណាក៏ប្រហាក់ប្រហែលគ្នាដែរ ។ អ្វីដែលធ្វើឲ្យយើងមានប្រៀបជាងគ្នាគឺបរិយាការសង្គម (Social environment) និងទំនៀមទម្លាប់វប្បធម៌ ។ មនុស្សគ្រប់ជាតិសាសន៍សុទ្ធតែមានភាវស្អប់និងស្រឡាញ់នៅក្នុងផ្នត់គំនិត ។ អ្នកដែលអាចធ្វើកិច្ចការដែលមិនគួរឲ្យជឿ (Extra+ordinary task) បាន គឺអាស្រ័យលើការគ្រប់គ្រងភាវស្អប់និងស្រឡាញ់នៅក្នុងផ្នត់គំនិតនេះឯង ។ នៅក្នុងករណីមូលនិធិអប់រំវៀតណាម មនុស្សមើលមុខគ្នាមិនត្រង់ (Antagonists) បីភាគីជម្នះឧបស័គ្គធ្វើកិច្ចការមួយដែលភាគីនីមួយៗអត់ទទួលបានសារប្រយោជន៍ប៉ុនចុងក្រចក ។ ពួកគេជ្រើសយកមនុស្សធម៌ និងការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកជាធំ ។ ខ្ញុំមិនមែនជាអ្នកជំនាញមើលអត្តចរិតមនុស្ស ឬក៏អត្តចរិតអ្នកនយោបាយទេ ។ ប៉ុន្តែ តាមការសង្កេតអំពីចរិតដឹកនាំរបស់អ្នកនយោបាយវៀតណាម គេមានចរិតបត់បែនខ្ពស់ (Highly flexible) ។ ជាមួយនឹងចិន គេប្រកាន់យកឥរិយាបថមួយ ។ ជាមួយនឹងអាមេរិកាំង គេប្រកាន់យកឥរិយាបថមួយ ។ ជាមួយនឹងខ្មែរ ឬលាវ គេប្រកាន់យកឥរិយាបថមួយផ្សេងទៀត ។ នៅក្នុងឥរិយាបទដាច់ដោយឡែកពីគ្នាទាំងនេះ គេដាក់ឲ្យវាស្ថិតនៅក្រោមឆ័តតែមួយទេគឺ៖ ភាវទន់ភ្លន់ (Non-confrontational or Humble) ។ នៅក្នុងភាសាខ្មែរ យើងហៅភាវទន់ភ្លន់នេះថា៖ "ក្តៅសុីរាក់ ត្រជាក់សុីជ្រៅ" ។ ពាក្យនេះ មិនមានអ្វីគួរឲ្យស្អប់ឡើយ ។ នៅក្នុងវិស័យនយោបាយអន្តរជាតិ បើយើងយល់អំពីចរិតនយោបាយរបស់បដិភាគីយើង យើងមិនសូវលំបាកនឹងត្រួសត្រាយផ្លូវទេ ។ និយាយអំពីនយោបាយអន្តរជាតិ សូមភ្ជាប់ប្រការនេះទៅនឹងរឿង CLV ដែលកំពុងតែធ្វើឲ្យពលរដ្ឋខ្មែររំជើបរំជួលបន្តិចផងចុះ ។ សន្ធិសញ្ញាសហប្រតិបត្តិការអភិវឌ្ឃតំបន់ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ត្រូវបានចុះហត្ថលេខាបង្កើតឡើងតាំងតែពីនាយករដ្ឋមន្ត្រីខ្មែរបច្ចុប្បន្ន មិនទាន់ជ្រុះពន្លៃអស់ពីក្បាលម្លេះ ។ ដូច្នេះ ការលើកយកវាមកត្រួតពិនិត្យសាឡើងវិញ គឺគ្មានអ្វីទាស់ខុសឡើយ ។ គួរជម្រាបពលរដ្ឋខ្មែរឲ្យយល់ច្បាស់លាស់ថា គ្មាននរណាអាចកាត់ទឹកដីដូចកាត់នំឲ្យអ្នកដទៃកើតទេ ។ ហើយក៏គ្មាននរណាអាចលេបទឹកដីដូចលេបគ្រាប់ថ្នាំពេទ្យកើតដែរ ។ មេដឹកនាំខ្មែររាប់សិបជំនាន់មកហើយ រាប់បញ្ចូលទាំងស្តេចជ័យជេដ្ឋាទី ២ មិនដែលមាននរណាកាត់ទឹកដីឲ្យប្រទេសជិតខាងទេ ។ អ្វីដែលធ្វើឲ្យខ្មែរបាត់បង់ទឹកដី គឺការគិតនិងសម្រេចចិត្តខុស ។ ដូច្នេះ ការលើកយកសន្ធិសញ្ញា CLV មកត្រួតពិនិត្យសាឡើងវិញ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រទេសជាតិ ក៏ដូចជាបង្កើនទំនុកចិត្តរបស់ពលរដ្ឋ មកលើការដឹកនាំរបស់យើងដែរ ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...