Friday, July 19, 2024
ចំណីខួរក្បាល
ពាក្យពិត
ខ្ញុំជាមនុស្សនិយមនិយាយពាក្យពិត ជាពិសេសជាមួយនឹងមនុស្សជិតស្និទ្ធនឹងគ្នា ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺថា ពាក្យពិតរមែងនាំទុក្ខដល់ជីវិតខ្ញុំឥតល្ហែរឡើយ ។ មកដល់តំណាក់កាលនេះនៃជីវិតខ្ញុំ ខ្ញុំនៅមិនទាន់រកឃើញគន្លឹះសម្រាប់និយាយពាក្យពិត ប្រកបដោយសុវត្ថិភាពនៅឡើយទេ ។ ចាប់តាំងពីរឿងនយោបាយរហូតដល់រឿងក្នុងចង្ក្រានបាយ ពាក្យពិតកម្រនឹងនាំសុខផ្លូវចិត្តដល់ខ្ញុំណាស់ ។ មិនតែប៉ុណ្ណោះ សម្រាប់ខ្ញុំ ពាក្យពិតគឺជាកត្តាគំរាមកំហែងមួយ ប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ។ ទោះជាយ៉ាងណាក៏ដោយ ផ្អែកលើបទពិសោធន៍របស់ខ្ញុំក្នុងជីវិតនេះ ពាក្យពិតមានឱជារសជាងពាក្យមិនពិត ។
នៅលើលោកនេះ ប្រហែលជាមិនមែនមានតែខ្ញុំទេដែលរងកម្មជាមួយនឹងពាក្យពិត ។ តើមានប្តីប្រពន្ធប៉ុន្មាននាក់ដែលធ្លាប់ទាស់គ្នាដោយសារតែពាក្យពិតជាមួយនឹងម្ហូបអាហារ ។ "សម្លហ្នឹងសុីកើតទេឯង?" ។ "សុីមិនកើតទេ!" ។ រឿងរ៉ាវបន្តមកទៀតយើងមិនចាំបាច់និយាយឡើយ ។ ភ្នំភ្លើងដែលស្ងប់រាប់រយឆ្នាំក៏ស្រាប់តែផ្ទុះចេញមក ។ សមុទ្រដែលអត់មានរលកសោះក៏ស្រាប់តែមាន ស៊ូណាមី ។ រឿងមួយដែលជាទ្វេគ្រោះ (Dilemma) សម្រាប់ខ្ញុំនៅក្នុងករណីនេះគឺថា តើត្រូវជ្រើសរើសផ្លូវមួយណា៖ និយាយពាក្យពិត ឬ ក៏និយាយកុហក ។ បើនិយាយពាក្យពិត នឹងត្រូវប្រពន្ធខ្ញាល់ ។ បើនិយាយកុហក គាត់រីករាយ ។ ប៉ុន្តែ បើទៅថ្ងៃមុខគាត់ដឹងថាយើងនិយាយកុហក គាត់អាចនឹងខ្ញាល់ទ្វេដង ។ ប្រការមួយទៀតគឺថា នៅពេលយើងកុហកប្រពន្ធ យើងនឹងរស់នៅជាមួយនឹងវិបដិសារី នឹងត្រូវសតិសម្បជញ្ញជេរស្តីគ្មានថ្ងៃល្ហែរ ។ ព្រះពុទ្ធទ្រង់មានពុទ្ធិដីការថា៖ ពាក្យកុហកមិនអាចបាំងបិទជិតជារៀងរហូតទេ ។ ដូច្នេះ និយាយពាក្យមិនពិត ជាទង្វើបរាជ័យតាំងតែពីដើមទី ។ អូនបងៗ ភ្លេចខ្លួនរបូតពាក្យពិតចេញមកប្រុយ ។ ម៉្យាងទៀត នៅពេលយើងកុហកប្រពន្ធអំពីសម្លសុីមិនកើតថា ឆ្ងាញ់ណាស់ យើងត្រូវតែទទួលទានសម្លប្រភេទនោះឲ្យអស់ជាប្រចាំ ព្រោះមិនអាចទុកតម្រុយឲ្យគាត់ដឹងថាយើងកុហកបោកប្រាស់គាត់ឡើយ ។
អ្នកផ្ទះខ្ញុំគាត់ឧស្សាហ៍ព្រមានខ្ញុំអំពីពាក្យពិតនៅក្នុងករណីខាងលើនេះណាស់ ។ គាត់ថា បានតែអត់អីលិឍទេ ទើបសមមុខ ។ មកដល់ពេលនេះ គាត់មិនដែលអនុវត្តិការព្រមានរបស់គាត់មកលើខ្ញុំនៅឡើយទេ ។ ពេលខ្លះគាត់ថា ចាំមើលពេលខ្ញុំចាស់ពពីមពើមធ្វើអីលែងកើត ដឹងគ្នាហើយ ។ សព្វថ្ងៃនេះ ខ្ញុំធ្វើបុណ្យសម្លមួយវែកសណ្តែកមួយចង្កោម សូមឲ្យទេវតាលោកជួយលៃយ៉ាងណាកុំឲ្យខ្ញុំចាស់ពពីមពពើម ។
វិបត្តិពាក្យពិតនៅក្នុងគ្រួសារ ជាពិសេសជាមួយនឹងប្តីប្រពន្ធ ជាហានិភ័យគួរឲ្យខ្លាច ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏វាមិនសូវនាំគ្រោះធ្ងន់ធ្ងរដល់ខ្លួនឯង អ្នកដទៃ និងសង្គមជាតិ ដូចវិបត្តិពាក្យពិតនៅក្នុងវិស័យនយោបាយដែរ ។ នៅក្នុងប្រទេសដែលប្រកាន់យករបបផ្តាច់ការ និងពោរពេញទៅដោយអំពើពុករលួយ ដូចជាប្រទេសកម្ពុជាជាដើម ការនិយាយពាក្យពិតគឺជាវិបត្តិស្លាប់រស់ ។ មន្ត្រីរាជការ ឬក៏សកម្មជនសង្គមដែលហ៊ាននិយាយពាក្យពិត បើមិនបាត់ខ្លួនក៏បាត់តួនាទីដែរ ។ ជាមួយនឹងការបាត់បង់តួនាទី ឱកាសក្នុងការប្រកបរបររកសុីក៏រួមតូចទៅៗជាលំដាប់ ។ ដូច្នេះហើយ យើងកម្រឃើញមនុស្សនិយាយពាក្យពិតនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋរបស់កម្ពុជាណាស់ ។ អ្វីៗគឺសុទ្ធតែល្អទាំងអស់ ។
នៅក្នុងសង្គមខ្មែរដែលមានប្រព័ន្ធដឹកនាំរបៀបអាមីអាថោងនិយម (Patronage system) រាប់រយឆ្នាំកន្លងមកហើយនោះ យើងរងកម្មជាមួយការភ័យខ្លាចនិយាយពាក្យពិតរាប់សិបជំនាន់ ។ ការពោលពាក្យមិនពិតដោយសារការភ័យខ្លាចពាក្យពិតនាំទុក្ខដល់ខ្លួននិងក្រុមគ្រួសារ គឺជាកត្តាតែមួយគត់ដែលបង្កគ្រោះមហន្តរាយដល់សង្គមខ្មែរ តាំងតែពីពេលខ្ញុំដឹងក្តីមករហូតដល់ថ្ងៃនេះ ។ ហើយក៏ប្រហែលជានឹងត្រូវបន្តទៅមុខទៀត ជាច្រើនជំនាន់ផងដែរ ។ ឧទាហរណ៍មួយដែលខ្ញុំនៅចាំច្បាស់ជាងគេគឺរបាយការណ៍មិនពិតរបស់កម្មាភិបាលខ្មែរក្រហម ។ ពលរដ្ឋធ្វើការលើសកម្លាំង អត់បាយក្រហាយទឹក ស្លាប់ពេញប្រទេស ។ ប៉ុន្តែ គ្មាននរណាប្រាប់ប្រមុខរដ្ឋអំពីភាពធ្ងន់ធ្ងរនៃវិបត្តិនោះទេ ។ ជាលទ្ធផល មនុស្សស្លាប់រាប់សែន ឬ រាប់លាននាក់ ។ រឿងមួយទៀតគឺនៅអំឡុងពេលសង្គ្រាម ជាមួយនឹងពួកយួនយៀកកុងនិងខ្មែរក្រហម ។ មេបញ្ជាការខ្លះបំប៉ោងតួលេខកូនទាហានដើម្បីកិបកេងប្រាក់បៀរវត្សទាហានខ្មោច (Ghost soldiers) ។ ជាលទ្ធផល សមរភូមិនិងជីវិតទាហានជាច្រើន ត្រូវបានសត្រូវយកឈ្នះ និងបំផ្លាញចោល ។
សរុបសេចក្តីមក ពាក្យពិតនាំទុក្ខនិងអាចនាំគ្រោះមហន្តរាយដល់ខ្លួន ។ ប៉ុន្តែ យើងមិនត្រូវខ្លាចវាពេកទេ ។ បើមិនហ៊ាននិយាយពាក្យពិតជាមួយនឹងអ្នកដទៃ ជាពិសេសមេដឹកនាំប្រទេសជាតិ យ៉ាងហោចណាស់ ក៏យើងគួរតែមានសេចក្តីក្លាហានគ្រប់គ្រាន់ ក្នុងការនិយាយពាក្យពិតជាមួយនឹងប្រពន្ធកូនដែរ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment