Friday, July 26, 2024

ចំណីខួរក្បាល

តស៊ូ! កាលពីពីរបីឆ្នាំមុន ខ្ញុំបានប្រាប់មិត្តក្នុងហ្វេសប៊ុកម្នាក់ ឲ្យឈប់ ឬផ្អាកការតស៊ូរបស់គាត់ ។ ពួកយើងជាមនុស្សចម្លែកមិនដែលស្គាល់គ្នាទេពីមុនមក ។ គាត់ផ្ញើសារមកជជែកលេងនិងប្តូរយោបល់គ្នាជាមួយនឹងខ្ញុំ ដោយយល់ថាខ្ញុំជាមនុស្សមានទិដ្ឋិនិងទស្សនវិស័យគួរឲ្យរាប់អានម្នាក់ ។ ឯខ្ញុំក៏យល់ឃើញដូចគ្នា ។ ពេលឭខ្ញុំប្រាប់គាត់ឲ្យឈប់ ឬផ្អាកធ្វើអ្វីដែលគាត់កំពុងធ្វើ គាត់ហាក់ដូចជាស្រងាកចិត្ត ។ មួយរយៈក្រោយមក គាត់ផ្ញើសារមកប្រាប់ខ្ញុំវិញថា អ្វីដែលខ្ញុំប្រាប់គាត់ គឺជាពាក្យបរិសុទ្ធចេញពីក្រអៅបេះដូង ។ ខ្ញុំមិនចាំពិស្តារអំពីយោបល់របស់ខ្ញុំនាគ្រានោះទេ ។ ប៉ុន្តែនៅចាំថា ខ្ញុំប្រាប់គាត់ឲ្យរក្សាសុវត្ថិភាពជីវិតនិងសុខភាពជាចម្បង ហើយលះបង់សកម្មភាពជួយអ្នកដទៃនិងជួយជាតិចោលឲ្យអស់ ។ ពាក្យមួយឃ្លាដែលខ្ញុំសង្កត់ធ្ងន់គឺថា៖ រក្សាព្រៃឲ្យនៅគង់វង្ស មិនព្រួយរឿងខ្វះឧសដុតទេ ។ ត្រូវរង់ចាំឱកាសនឹងតស៊ូឡើងវិញ ។ បើឱកាសមិនទាន់ហុចឲ្យទេ ទោះរង់ចាំរហូតដល់ស្លាប់ ក៏មិនថ្វីដែរ ។ គឺពាក្យមួយឃ្លាចុងក្រោយនេះហើយ ដែលធ្វើឲ្យគាត់ស្រងាកចិត្តនឹងយោបល់ខ្ញុំ ។ សម្រាប់មនុស្ស ដែលពោរពេញទៅដោយឆន្ទៈស្វែងរកសេរីភាពនិងយុត្តិធម៌ជូនសង្គមជាតិ នៅពេលឮនរណាម្នាក់ប្រាប់ឲ្យរង់ចាំឱកាសរហូតដល់ថ្ងៃស្លាប់ក៏មិនថ្វី វាគឺជាពាក្យសម្តីដែលពិបាកលេបជាទីបំផុត ។ ជិវិតគឺជាការតស៊ូ ទោះនៅក្នុងកាលៈទេសណាក៏ដោយ ។ នៅពេលយើងប្រាប់នរណាម្នាក់ឲ្យលះបង់ការតស៊ូ វាគឺជាដំណើរបញ្ច្រាសទិសមួយ ។ បន្ទាប់ពីបានជជែកជាមួយនឹងមិត្តក្នុងហ្វេសប៊ុកនោះមួយរយៈ ខ្ញុំអាចសន្ឋិដ្ឋានបានថា គាត់គឺជាសមាជិកបក្សប្រឆាំង ឬសកម្មជនសង្គមដែលត្រូវបានអាជ្ញាធរខ្មែរតាមធ្វើទុក្ខបុកម្នេញ ។ គាត់កំពុងលាក់ខ្លួនពួនអាត្មានៅស្រុក ថៃ ក្រោមការគាំពាររបស់អង្គការសហប្រជាជាតិ ប៉ុន្តែមិនទាន់ទទួលបានសិទ្ធិជាជនភៀសខ្លួននៅឡើយទេ ។ ក្នុងនាមជាអតីតមនុស្សរត់ចោលស្រុកម្នាក់ ដែលធ្លាប់ទៅជ្រកពួននៅក្នុងស្រុកថៃ ត្រូវអាជ្ញាធរតាមប្រមាញ់ជាប្រចាំ ធ្លាប់រង់ចាំការទទួលស្គាល់ជាជនភៀសខ្លួនពីសំណាក់អង្គការសហប្រជាជាតិ និង ធ្លាប់ជាប់គុកនៅស្រុកថៃ ខ្ញុំយល់ច្បាស់ដូចពន្លឺថ្ងៃអំពីអ្វីដែលមិត្តម្នាក់នោះប្រឈម ។ ការនឹករលឹកញាតិសន្តាននៅឯស្រុកកំណើត និង ដេកសម្រក់ទឹកភ្នែកជូតនឹងដៃអាវដោយស្ងៀមស្ងាត់តែម្នាក់ឯងនាពេលរាត្រី គឺជាអ្វីដែលខ្ញុំនឹកឃើញមុនគេ ។ ដូច្នេះ ការផ្តល់យោបល់ឲ្យគាត់ផ្អាកការតស៊ូ គឺជាប្រតិកម្មចេញពីក្នុងពោះ រួមផ្សំជាមួយនឹងដំណើររឿង សុីសុីហ្វុស (Sisyphus) ដែលជាតួអង្គមួយនៅក្នុងទេវកថាអក្សរសិល្បក្រិច ។ សុីសុីហ្វុស ត្រូវបានព្រះអាទិទេពដាក់ទណ្ឌកម្មឲ្យលីថ្មឡើងភ្នំ ។ នៅពេលគាត់លីដុំថ្មទៅដាក់នៅលើកំពូលភ្នំ ថ្មនោះវារមៀលធ្លាក់មកវិញជាប្រចាំ ដែលជាហេតុនាំឲ្យការតស៊ូលីដុំថ្មរបស់សុីសុីហ្វុស ជាទង្វើគ្មានប្រយោជន៍ ។ ចំណែកយើង ដែលគ្រាន់តែរងកម្មដោយសារការរុកកួនរបស់អាជ្ញាធរអន្យតិរ្ថិយ យើងមានជម្រើសនៅក្នុងការតស៊ូរបស់យើង ។ ការតស៊ូមានពីរប្រភេទគឺ ការតស៊ូដើម្បីរក្សាជីវិត និង ការតស៊ូដើម្បីរក្សាប្រទេសជាតិ ។ ការតស៊ូទាំងពីរនេះមានន័យដូចគ្នា ប៉ុន្តែមានសារសំខាន់មិនដូចគ្នាទេ ។ ដូច្នេះ យើងត្រូវចែកវាឲ្យដាច់ពីគ្នា ។ ជីវិតយើងត្រូវការវត្ថុបីយ៉ាងជាចាំបាច់ដើម្បីរស់គឺ៖ ចំណី ជម្រក និង កំណាត់ដណ្តប់ខ្លួន ។ នៅពេលយើងខ្វះខាតអ្វីមួយនៅក្នុងចំណោមរបស់ទាំងបីនេះ យើងដាច់ខាតត្រូវតែតស៊ូរកវាយកមកគាំពារជីវិត ។ ចំណែកឯការតស៊ូប្រភេទទីពីរគឺជាការតស៊ូស្វែករករបស់មកលម្អជីវិត ចាប់ពីរបស់តូចតាចមាន នាឡិការដៃ ម៉ូតូ ឡាន វីឡា រហូតដល់សេរីភាពនិងការពារប្រទេសជាតិ ។ ការតស៊ូប្រភេទទីពីរនេះ គឺជាការតស៊ូដែលយើងត្រូវជ្រើសរើសពេលវេលា កាលៈទេស និងជាពិសេស ឱកាស ។ គោលការណ៍តែមួយគត់ដែលយើងត្រូវចងចាំនៅក្នុងការតស៊ូប្រភេទទីពីរនេះគឺថា ពេលណាជីវិតស្ថិតនៅក្នុងស្ថានភាព សុីសុីហ្វុស មិនត្រូវចំណាយឋាមពលតស៊ូស្វែងរកជោគជ័យឡើយ ។ យូរនិងឆាប់ យើងគង់តែនឹងធ្លាក់ចូលក្នុងគ្រោះមហន្តរាយ ឬបរាជ័យដូច សុីសុីហ្វុស ដែរ ។ នៅក្នុងភាសាអង់គ្លេសគេនិយាយថា៖ Damn if you do; damn if you don't (តស៊ូក៏ងាប់ ។ មិនតស៊ូក៏ងាប់) ។ នៅក្នុងស្ថានភាពនេះ មនុស្សភាគច្រើនជ្រើសរើសការតស៊ូ ដ្បិតយ៉ាងហោចណាស់ក៏យើងបានបង្ហាញវីរភាពរបស់យើងទុកឲ្យខ្មោចមើលដែរ ។ សំណួរមួយដែលយើងត្រូវពិចារណាគឺថា នៅក្នុងដំណើរឆ្ពោះទៅកាន់ភាពរលត់រលាយ តស៊ូនៅក្នុងស្ថានភាពបរាជ័យ និង រង់ចាំឱកាសតស៊ូដើម្បីជោគជ័យ តើគួរជ្រើសរើសយកមួយណា ។ មិនខុសអ្វីអំពី សុីសុីហ្វុស លីដុំថ្មទៅដាក់លើកំពូលភ្នំ ។ រាល់ពេលដែលដុំថ្មរមៀលចុះមកវិញ គឺវាស្មើនឹងពលីកម្មនៃការតស៊ូមួយ ។ ទង់ជ្វាលានៃពលីកម្មនេះ នឹងបន្តដោតម្តងមួយៗរហូតដល់ថ្ងៃ សុីសុីហ្វុស អស់ជីវិត ។ សម្រាប់អ្នកដែលមិនចាប់អារម្មណ៍ថាខ្ញុំប្រើអត្ថប្បដិរូប សុីសុីហ្វុស នៅទីនេះគឺសំដៅលើប្រទេសជាតិ ។ តើមានកត្តាអ្វីសម្រាប់សម្គាល់ថាយើងស្ថិតនៅក្នុងស្ថានភាព សុីសុីហ្វុស ។ កត្តាដែលងាយសម្គាល់ជាងគេបំផុតគឺនៅពេលណាដែលអជ្ញាធរ ប្រើមធ្យោបាយងើបមួយវាយមួយ ងើបពីរវាយពីរ ឬក៏ គ្រាន់តែនិយាយក៏មិនបាន ។ គឺនៅក្នុងស្ថានភាពនេះហើយដែលយើងត្រូវផ្អាក ឬលះបង់ការតស៊ូ ។ ត្រង់ចំណុចនេះ យើងអាចពិចារណាថា បើយើងមិនតស៊ូអ្វីៗនឹងរឹតតែអាក្រក់ឡើងៗ ។ នៅទីបំផុត ជាតិយើងនឹងស្លាប់ ។ នៅពេលដែលជាតិស្លាប់ គឺស្មើនឹងយើងស្លាប់ ។ តើយើងរក្សាជីវិតរង់ចាំឱកាសបានប្រយោជន៍អ្វី ។ សព្វថ្ងៃ ខ្ញុំជឿថាមានពលរដ្ឋខ្មែរជាច្រើនដែលកំពុងអង្គុយខាំមាត់សង្កត់ចិត្តមិនធ្វើអ្វីឡើយ ពាក់ព័ន្ធនឹងបញ្ហាសង្គមជាតិ ។ សូម្បីតែនិយាយក៏មិននិយាយដែរ ។ មិនមែនអ្នកទាំងនោះមើលមិនយល់អំពីហានិភ័យនានាពាក់ព័ន្ធនឹងសុខុមាលភាពប្រទេសជាតិឡើយ ។ ក៏ប៉ុន្តែ មនុស្សមួយចំនួនស៊ូស្លាប់ដោយមិនបានធ្វើអ្វីមួយដើម្បីទ្រទ្រង់ជាតិ ជាជាងយកជីវិតទៅបង់ម្សៀតជាមួយនឹងកិច្ចការដែលបរាជ័យ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...