Friday, May 17, 2024
ចំណីខួរក្បាល
វិបាកព្រែកជីក ហ្វូណន (២)
កាលពីពេលថ្មីៗនេះ ខ្ញុំបានសរសេរវិចារណកថាអំពីវិបាកព្រែកជីក ហ្វូណន ដោយមិននិយាយអំពីរឿងនយោបាយរវាងប្រទេសកម្ពុជានិងវៀតណាម ដែលជាប្រទេសពាក់ព័ន្ធ ឬរងផលប៉ះពាល់ដោយសារការជីកព្រែកជីកនេះទេ ។ ដោយហេតុតែមានមិត្តអ្នកអានខ្លះលើកយកប្រការនេះមកនិយាយ និងមើលឃើញដំណើរដើមទងមួយចំនួន ដែលអាចផ្ទុយអំពីការមើលយល់របស់មនុស្សដទៃ ខ្ញុំសូមលើកយកទំនាក់ទំនង ឬទំនាស់នយោបាយរវាងរដ្ឋាភិបាលខ្មែរនិងវៀតណាម ពាក់ព័ន្ធនឹងការជីកព្រែកជីក ហ្វូណន មកវែកញែកចែកជាធម្មទានម្តងទៀត ។ គួរកត់សម្គាល់ថា ខ្ញុំជាមនុស្សរត់ចោលស្រុក និងបានសម្រេចចិត្តមិនត្រឡប់ទៅរស់នៅក្នុងស្រុកខ្មែរទៀតទេ ។ អ្វីៗដែលកើតឡើងនៅក្នុងស្រុកខ្មែរ ក្នុងវិស័យសេដ្ឋកិច្ចក្តី នយោបាយក្តី មិនមែនជាអ្វីដែលខ្ញុំត្រូវឈឺក្បាលវិលមុខឡើយ ។ ក៏ប៉ុន្តែ ក្នុងនាមជាមនុស្សម្នាក់ដែលបានចាប់កំណើតនៅក្នុងស្រុកខ្មែរ ខ្ញុំនៅសល់សតិសម្បជញ្ញ និងបសាទចិត្តខ្លះៗជំពាក់នៅទីនោះ ជាពិសេសជាមួយនឹងពលរដ្ឋខ្មែរ ដែលមានអម្បូរទៀងត្រង់នឹងពូជពង្ស រាប់បញ្ចូលទាំងជាតិសាសន៍ដទៃដែលរស់នៅក្បែរខាងគ្នាផងដែរ ។
មុននឹងខ្ញុំអភិប្រាយវិចារណកថានេះ ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ជាទីបំផុតថា អត្ថបទនេះគ្មានគោលដៅបម្រើផលប្រយោជន៍នយោបាយឲ្យប្រទេស កម្ពុជា ឬ វៀតណាម ឡើយ ។ វាជាធម្មទានទិដ្ឋិ សរសេរផ្អែកលើគោលគំនិតរបស់ទស្សនវិទូជនជាតិអង់គ្លេសឈ្មោះ ចនស្ទូអាត មៀល ដែលពោលថា៖ ក្នុងចំណោមមនុស្ស ១០០នាក់ បើមានមនុស្សម្នាក់មានទិដ្ឋិផ្ទុយអំពីអ្វីដែលមនុស្ស ៩៩នាក់យល់ថាត្រឹមត្រូវ យើងមិនត្រូវចាត់ទុកទិដ្ឋិដែលផ្ទុយនោះ ថាមិនបានការឡើយ ។ មូលហេតុគឺវាអាចមានសច្ចភាពប៉ុនចុងក្រចក (a grain of truth) នៅក្នុងទិដ្ឋិផ្ទុយនោះដែលយើងគិតមិនដល់ ។ ទោះបីជាទិដ្ឋិផ្ទុយនោះ គ្មានសច្ចភាពប៉ុនចុងក្រចកក៏ដោយ ក៏វាអាចជាហ្វ្រាំងជួយទប់កុំឲ្យអ្វីដែលលោក មៀល ហៅថា Majority tyranny (សភាវផ្តាច់ការនៅក្នុងផ្នត់គំនិត) ដឹកនាំយើងឲ្យរមៀលធ្លាក់ជ្រោះទាំងអស់គ្នាលឿនពេកដែរ ។
ពាក់ព័ន្ធនឹងព្រែកជីក ហ្វូណន គ្មាននរណារីករាយត្រេកត្រអាលក្នុងចិត្ត នឹងឃើញព្រែកជីកនេះកសាងបានសម្រេច ជាងរដ្ឋាភិបាលវៀតណាមទេ ។ ខ្ញុំនិយាយម្តងទៀត (Repeat:) គ្មាននរណារីករាយនឹងឃើញព្រែកជីក ហ្វូណន កសាងបានសម្រេចជាងប្រទេសវៀតណាមឡើយ (Nobody is more happy than Vietnam) ។ បើរីករាយនឹងឃើញព្រែកជីកនេះកសាងឡើង ហេតុអ្វីក៏ប្រទេសវៀតណាមជំទាស់និងបង្កឧបស័គ្គដល់កម្ពុជា?? វាគឺជាយុទ្ធសាស្ត្រមួយដែលភាសាអង់គ្លេសហៅថា៖ Reverse Psychology (ចិត្តសាស្ត្របញ្ច្រាសជើង) ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមរំលឹកគុណអ្នកគ្រូ វ៉ា័រ (Ms. Ware) ដែលបានបង្រៀនខ្ញុំអំពីគោលការណ៍ ឬ កលល្បិច "ចិត្តសាស្ត្របញ្ច្រាសជើង" នេះ នៅក្នុងការសិក្សាអក្សរសិល្បអង់គ្លេសនាដើមឆ្នាំ ១៩៨៩ ខណៈខ្ញុំទើបនឹងមកដល់សហរដ្ឋអាមេរិកបានបីអាទិត្យ ។ អ្នកគ្រូបានចែកឋានទៅហើយ ។ ឯគោលការណ៍អក្សរសិល្បដែលគាត់បានបង្រៀនខ្ញុំ ក៏ខ្ញុំភ្លេចស្ទើរតែអស់ហើយដែរ ។ នៅសល់តែគោលការណ៍ "ចិត្តសាស្ត្របញ្ច្រាសជើង" នេះប៉ុណ្ណោះដែលខ្ញុំនៅចងចាំ ។ Reverse Psychology ឬ ចិត្តសាស្ត្របញ្ច្រាសជើង គឺជាល្បិចម៉ែឪបោកប្រាស់កូនក្មេងឲ្យធ្វើអ្វីមួយ ដែលត្រូវជាមួយនឹងគោលបំណងរបស់ពួកគាត់ ដោយធ្វើពុតជាជំទាស់នឹងបំណងរបស់វា ដើម្បីឲ្យវាខឹងនិងជម្នះធ្វើកិច្ចការនោះ ប្រកបដោយឆន្ទៈមោះមុតជាទីបំផុត ។ គ្មានអ្វីដុតឆន្ទៈពលរដ្ឋខ្មែរ ឲ្យគាំទ្រការជីកព្រែក ហ្វូណន ស្មើនឹងការបង្កឧបស័គ្គចេញពីសំណាក់វៀតណាម ដែលជាមិត្តម៉ឺនឆ្នាំផង និងជាសត្រូវសួពូជផងនោះទេ ។
ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាមសព្វថ្ងៃ គឺប្រៀបបាននឹងដៃឆ្វេងហើយនិងដៃស្តាំ ។ អ្វីដែលដៃឆ្វេងធ្វើ ដៃស្តាំដឹងឮមុននរណាៗទាំងអស់ ។ ពេលខ្លះដៃឆ្វេងនិងដៃស្តាំសហការគ្នាដើម្បីធ្វើកិច្ចការអ្វីមួយផងដែរ ។ អត្ថប្បដិរូបរវាងដៃឆ្វេងនិងដៃស្តាំនេះ ហាក់ដូចជាមិនពិបាកយល់ទេ ។ មិនចាំបាច់ខ្ញុំបកស្រាយពិស្តារឡើយ ។ មុនពេលទ្រង់ចូលទីវង្គត ស្តេច សីហនុ បានបន្សល់នូវពាក្យមួយឃ្លា ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងរដ្ឋាភិបាលវៀតណាម៖ "យួនគឺជាសត្វក្រពើ" ។ ថ្វីដ្បិតតែវាជាពាក្យក្រោធគ្រាត វាបានបង្ហាញនូវភាវខកចិត្តដ៏ឈឺចាប់របស់ប្រមុខរដ្ឋមួយរូប ដែលត្រូវបានសម្ព័ន្ធមិត្តដើរខ្សែលើ ឬ បោកប្រាស់ ។ បើគេអាចបោកប្រាស់ស្តេចខ្មែរបាន រឿងអីដែលគេមិនអាចបោកប្រាស់ពលរដ្ឋខ្មែរបាននោះ ។ សំណួរតែមួយគត់ដែលពលរដ្ឋខ្មែរគ្រប់រូប គួរលើកយកមកសួរខ្លួនឯង ពាក់ព័ន្ធនឹងប្រការខាងលើនេះគឺ៖ "តើដល់ថ្ងៃណា ទើបយើងភ្ញាក់ខ្លួន???"
តើរដ្ឋាភិបាលវៀតណាមទទួលបានសារប្រយោជន៍អ្វីខ្លះ បន្ទាប់ពីធ្វើបាវខ្សាច់ឲ្យពលរដ្ឋខ្មែរដាល់រំសាយកំហឹង ? ធំធេងណាស់! (Huge!) ។ ទីមួយ បើព្រែកជីក ហ្វូណន អាចកសាងបានជោគជ័យ វៀតណាមចងកម្ពុជាឲ្យក្លាយទៅគូប្រជែងដឹកទំនិញតាមផ្លូវទឹកមួយ ដែលស្ថិតនៅក្នុងស្ថានភាពចាញ់ប្រៀបខ្លួនអង្វែងសែងជាតិ ។ នៅក្នុងករណីដៃឆ្វេងនិងដៃស្តាំ វៀតណាមនឹងទទួលបានអ្នកដឹកនាំនៅស្រុកខ្មែរ ដែលនឹងបន្តដឹងគុណខ្លួនជាច្រើនឆ្នាំទៅមុខទៀត ។ វាជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានចាបពីរដោយមិនបាច់ប្រឹង ។
នៅក្នុងវិស័យគមនាគមន៍ដឹងជញ្ជូន ចាប់ពីការផ្ញើស្រោមសំបុត្រមួយ រហូតដល់ការផ្ញើទំនិញមួយកុងតឹណឺ តម្លៃរបស់វាគឺពាក់ព័ន្ធនឹងកត្តាបី៖ ទម្ងន់ ចម្ងាយ និងថេរវេលាដែលទំនិញទៅដល់គោលដៅ (Weight, Distance, and Time of delivery) ។ ទម្ងន់ ចម្ងាយ និង តម្លៃស្មើគ្នា អ្នកណាបញ្ជូនទំនិញបានឆាប់ជាង នឹងទទួលបានសេវាច្រើនជាង (Preferences) ។ ដឹកជញ្ជូនទំនិញតាមផ្លូវទឹកក៏ដូចគ្នា ។ ផ្លូវណាដែលមានចម្ងាយជិតជាង (ផ្លូវកាត់) អ្នកដឹងជញ្ជូននិងអតិថិជននឹងប្រើផ្លូវនោះ ដ្បិតវាជួយកាត់បន្ថយការចំណាយលើឋាមពល ក៏ដូចជាពេលវេលា ព្រមទាំងតម្លៃដឹកជញ្ជូនផងដែរ ។
ឧបមាថា ព្រែកជីក ហ្វូណន ត្រូវបានកសាងនិងនិងប្រើប្រាស់ ចម្ងាយពីកំពង់ផែ ភ្នំពេញ ទៅកំពង់ផែ ព្រៃនគរ ឬសៃហ្គន និង ពីភ្នំពេញទៅកំពង់ផែ កំពង់សោម តាមរយៈព្រែកជីក ហ្វូណន គឺខុសគ្នាប្រហែលជាមួយភាគបី (ពីភ្នំពេញទៅកំពង់ផែព្រៃនគរ មានចម្ងាយឆ្ងាយជាងពីភ្នំពេញទៅកំពង់ផែកំពង់សោមបន្តិច) ។ ចម្ងាយពីកំពង់ផែព្រៃនគរតាមផ្លូវសមុទ្រវាងក្បាលជ្រោយទឹកខ្មៅ (Ca Mau) ទៅកំពង់ផែកំពង់សោម មានប្រវែងប្រហែលជាបីដងនៃចម្ងាយពីភ្នំពេញទៅព្រៃនគរ ។ បើយើងគូសបន្ទាត់ផ្លូវទឹកតភ្ជាប់ចំណុចកំពង់ផែទាំងបី យើងនឹងបានចម្ងាយផ្លូវទឹកមួយដែលមានទម្រង់ជា ការ៉េ ។ កំពង់ផែព្រៃនគរនៅខាងកើតឈៀងខាងជើង ។ ជ្រោយទឹកខ្មៅនៅខាងត្បូង ។ និងកំពង់ផែកំពង់សោមនៅខាងត្បូងឈៀងខាងលិចភ្នំពេញ ។ ដូច្នេះ ទំនិញដែលត្រូវដឹកចេញពីភ្នំពេញទៅកាន់ទ្វីបអឺរ៉ុប ចុះតាមព្រែកជីហ្វូណនឆ្ពោះទៅកាន់កំពង់ផែកំពង់សោម ជិតជាង ។ ទំនិញដែលត្រូវដឹកចេញពីភ្នំពេញទៅកាន់ប្រទេសចិន កោះតៃវ៉ាន់ កូរ៉េ ជប៉ុន និង សហរដ្ឋអាមេរិក ចុះតាមដងទន្លេមេគង្គឆ្ពោះទៅកាន់កំពង់ផែព្រៃនគរ ជិតជាង ។ នេះគឺជាសំណួរស្លាប់រស់មួយ៖ តើទីផ្សារដឹកជញ្ជូនដ៏ធំបំផុតរបស់កម្ពុជា ស្ថិតនៅទិសខាងជើង ឬខាងត្បូង??? គឺនៅទិសខាងជើងដែលមានប្រទេស ចិន កោះតៃវ៉ាន់ កូរ៉េ ជប៉ុន និង សហរដ្ឋអាមេរិក ស្ថិតនៅក្នុងទិសដៅនោះ ។ និយាយឲ្យចំទៅ វិនិយោគិនអន្តរជាតិភាគច្រើនដែលចូលមកធ្វើពាណិជ្ជកម្មនៅក្នុងស្រុកខ្មែរ គឺមកពីប្រទេស ចិន កោះតៃវ៉ាន់ កូរ៉េ និង ជប៉ុន ។ ទីផ្សារសម្រាប់ផលិតផលដែលពួកគេផលិតនៅស្រុកខ្មែរ ភាគច្រើនគឺដឹកយកទៅលក់នៅស្រុកអាមេរិក ។ យើងមានទំនាក់ទំនងដឹកជញ្ជូនទំនិញទៅកាន់ទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា ឬក៏ឧបទ្វីបឥណ្ឌាតិចតួចទេ ។ ប្រសិនបើទៅថ្ងៃអនាគត ប្រទេសខ្មែរក្លាយទៅជាកូនខ្លាអាសុីផ្នែកខាងនាំភោគផលកសិកម្ម ជាពិសេសស្រូវអង្ករទៅលក់នៅក្រៅប្រទេស ទីផ្សារដ៏ធំជាងគេគឺនៅប្រទេស ចិន កោះតៃវ៉ាន់ កូរ៉េ ជប៉ុន និង តំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិកឯនោះ មិនមែននៅអឺរ៉ុបទេ ។ ឯការដឹកជញ្ជូនទំនិញពីកំពង់ផែភ្នំពេញ គឺជៀសប្រើប្រាស់ដងផ្លូវទឹកទន្លេមេគង្គទៅកាន់កំពង់ផែព្រៃនគរមិនរួចទេ ។ គ្មានពាណិជ្ជករណា ឡប់សតិដឹកអីវ៉ាន់ទាំងទៅទាំងមក វាងមួយចំហៀងមេឃពីចំណុចកំពង់ផែព្រៃនគរ ទៅដល់កំពង់ផែកំពង់សោម ហើយវិលត្រឡប់តាមព្រែកជីក ហ្វូណន មកកាន់កំពង់ផែក្រុងភ្នំពេញវិញឡើយ ។ នៅក្នុងភាសាអង់គ្លេសគេហៅថា Untendable (ធ្វើទៅមិនរួច) ។ ប្រការមួយទៀតដែលត្រូវលើកយកមកគិតគឺ វៀតណាមប្រើផ្លូវទឹកធម្មជាតិ ។ ឯខ្មែរចំណាយថវិកាជិតពីរកោដលានដុល្លារ ដើម្បីបង្កើតផ្លូវទឹកដឹកទំនិញដែលមានតម្រូវការតិចតួច ហើយស្ថិតនៅក្នុងស្ថានភាពចាញ់ប្រៀបគេថែមទៀត ។ ខ្ញុំសូមបញ្ចប់បទបង្ហាញ ត្រឹមនេះចុះ ។ តែមុននឹងបញ្ចប់ សូមលើកយកដំបូន្មានមួយដែលខ្ញុំធ្លាប់ឮចេញពីមាត់របស់គ្រូបង្រៀនម្នាក់៖ នៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជានយោបាយអន្តរជាតិដែរ យើងអាចមានមិត្តតែមួយប្រភេទគត់ គឺមិត្តដែលស្វែករកតែផលប្រយោជន៍រៀងៗខ្លួន ៕
Friday, May 10, 2024
ចំណីខួរក្បាល
វិបាកព្រែកជីក ហ្វូណន
ទស្សនវិទូជនជាតិអង់គ្លេស ចនស្ទូអាត មៀល (John Stuart Mill) ពោលថា "មនុស្សម្នាក់ដែលមានជំនឿ មានសារសំខាន់ស្មើនឹងមនុស្ស ៩៩នាក់ ដែលមានត្រឹមតែចំណង់ ឬ ចំណាប់អារម្មណ៍" (One person with a belief is a SOCIAL POWER equal to ninety-nine who have only interests) ។ ការជីកព្រែក ហ្វូណន តភ្ជាប់ផ្លូវទឹកពីទន្លេមេគង្គទៅកាន់សមុទ្រនៅក្នុងប្រទេសកម្ពុជា គឺជាកិច្ចការមួយដែលពលរដ្ឋខ្មែរគ្រប់ៗរូបគួរលើកយកមកត្រិះរិះពិចារណា ។ ប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលិករដ្ឋាភិបាលទេ ។ ការត្រិះរិះពិចារណាក៏មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់រដ្ឋាភិបាលដែរ ។ វាជាបុព្វសិទ្ធិ (Privilege) របស់ពលរដ្ឋគ្រប់ៗរូប ។ ទោះបីការគិតពិចារណានោះ មិនអាចផ្លាស់ប្តូរប្រការណាមួយនៅក្នុងគោលដៅជីកព្រែក ហ្វូណន ក្តី វាក៏ជាកំណត់ត្រាសម្រាប់មនុស្សនានាទុកធ្វើជាការកត់សម្គាល់នៅថ្ងៃអនាគតដែរ ។
មុននឹងខ្ញុំអភិប្រាយសំណេរនេះ ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ដូចពន្លឺថ្ងៃថា អត្ថបទនេះមិនពាក់ព័ន្ធនឹងរឿងនយោបាយ ជាមួយនឹងបរទេសក្តី ជាមួយនឹងខ្មែរគ្នាឯងក្តី ។ ហើយក៏មិនមានន័យទិតៀនដែរ ។ វាគ្រាន់តែជាការគិតពិចារណារបស់មនុស្សម្នាក់ប៉ុណ្ណោះ ។ គោលដៅចម្បងរបស់ស្មេរគឺ ចែករំលែកការគិតពិចារណា ដើម្បីពង្រីកវិសាលភាពនៃការយល់ដឹង ។
ជាបឋម ព្រែកជីកខ្នាតកូនយក្សដូចជាព្រែកជីក ហ្វូណន គឺជាការវិនិយោគសេដ្ឋកិច្ចរយៈពេលវែង (Long-term Strategic Investment) ។ ដូច្នេះ ទិដ្ឋិនៅក្នុងសំណេរនេះគឺផ្តោតលើវិបាក ដែលនឹងកើតចេញនៅថេរវេលាចាប់ពី៣០ឆ្នាំ ឬកន្លះសតវត្ស (៥០ឆ្នាំ) ឡើងទៅ បន្ទាប់ពីព្រែកជីកនេះកសាងរួចរាល់ ។
១) គមនាគមន៍៖ គោលដៅចម្បងនៃការវិនិយោគលើព្រែកជីក ហ្វូណន គឺគមនាគមន៍ ។ គមនាគមន៍មានបីប្រភេទគឺ ផ្លូវទឹក ផ្លូវគោក និង ផ្លូវអាកាស ។ បច្ចុប្បន្ន មនុស្សក្នុងពិភពលោករាប់បញ្ចូលទាំងពលរដ្ឋខ្មែរផងដែរ មិននិយមធ្វើដំណើរតាមផ្លូវទឹកទៀតទេ ។ យើងមានកាណូតល្បឿនលឿនដែលបម្រើសេវាដឹកមនុស្សពី ភ្នំពេញ ទៅ សៀមរាប និង ភ្នំពេញ ទៅ ក្រចេះ ជាតឹកតាង ។ មូលហេតុតែមួយគត់ដែលធ្វើឲ្យគមនាគមន៍ដឹកមនុស្សតាមផ្លូវទឹក ដួលដោយមិនបាច់ច្រាន គឺពេលវេលានៃការធ្វើដំណើរ ។ គ្មាននរណាចង់ចំណាយពេលពេញមួយថ្ងៃ ធ្វើដំណើរតាមផ្លូវទឹកពីចំណុច ក ទៅចំណុច ខ នៅពេលដែលគេអាចចំណាយពេលត្រឹមតែ កន្លះថ្ងៃ ឬ កន្លះម៉ោង ធ្វើដំណើរតាមផ្លូវគោក ឬផ្លូវអាកាសនោះទេ ។ ដូច្នេះ សារប្រយោជន៍របស់ព្រែកជីក ហ្វូណន គឺសម្រាប់គមនាគមន៍ដឹកទំនិញតែមួយមុខគត់ ។ ការដឹកទំនិញនេះទៀតសោតក៏មិនប្រាកដថា ឈ្មួញនាវាដែលបម្រើសេវាដឹកទំនិញឆ្លងសមុទ្រពីប្រទេសមួយទៅប្រទេសមួយ ចូលតាមព្រែកជីកហ្វូណនយកអីវ៉ាន់មកទម្លាក់នៅភ្នំពេញ និងដឹកទំនិញពីភ្នំពេញចេញទៅក្រៅវិញដែរ ។ មូលហេតុគឺការលំបាកនិងហានិភ័យ ក្នុងការបើកបរនាវាធំៗនៅក្នុងព្រែកជីក ។ កាលពីក្មេង ខ្ញុំធ្លាប់ចែវទូកក្នុងដងអូរនិងដងព្រែក ។ វាលំបាកវេទនាជាងចែវទូកក្នុងបឹង ឬក្នុងដងទន្លេឆ្ងាយណាស់ ។ ប្រការមួយទៀតគឺទំហំសេដ្ឋកិច្ចរបស់ខ្មែរ ។ តើវាមានទំហំសមល្មមនឹងនាវាធំៗដឹកទំនិញពីក្រៅប្រទេសមកកាន់ក្រុងភ្នំពេញ និងពីក្រុងភ្នំពេញចេញទៅក្រៅប្រទេសដែរទេ ។ ជាទូទៅ នាវាដឹកទំនិញតាមសមុទ្រ មិនចូលទៅក្នុងដៃសមុទ្រ ឬព្រែកជីករាប់រយគីឡូម៉ែត្រទេ ។ គេទម្លាក់ទំនិញតែនៅតាមកំពង់ផែក្នុងឈូងសមុទ្រតែប៉ុណ្ណោះ ។ មានដៃសមុទ្រតែមួយគត់នៅក្នុងពិភពលោក ដែលនាវាដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រប្រើ គឺឈូងសមុទ្រ ឆេសាភីក (Chesapeake Bay) ដែលមានកំពង់ផែ បាល់ទីម័រ (Baltimore Port, U.S.A.) ស្ថិតនៅចុងដៃសមុទ្រនោះ ។ នាវាខូចម៉ាសុីនបុកស្ពានមួយបាក់ខ្ជេចកាលពីពេលថ្មីៗនេះ គឺចេញមកពីកំពង់ផែនោះ ។ សារសំខាន់តែមួយគត់ដែលញ៉ាំងឲ្យនាវាដឹកជញ្ជូន ធ្វើដំណើររាប់រយគីឡូម៉ែត្រចូលមកក្នុងដៃសមុទ្រយ៉ាងឆ្ងាយនេះ គឺវាបម្រើតម្រូវការសេដ្ឋកិច្ចរបស់រដ្ឋចំនួនប្រាំគឺ ម៉ារីឡេន វឺជីញៀ ភេនសុីលវ៉េនញៀ ដែលឡាវ៉័រ និង ញូជឺហ៊្សី (Maryland, Virginia, Pennsylvania, Delaware, New Jersey, U.S.A.) ។ ប្រការមួយទៀតដែលអាចជាផលវិបាកសម្រាប់ព្រែកជីកហ្វូណន គឺសង្វាក់ផលិតកម្មនិងសេវាកម្ម ដែលភាសាអង់គ្លេសហៅថា (Just in Time) ។ វាជាកត្តា "ពេលវេលា" ។ អ្វីៗ រាប់បញ្ចូលទាំងការដឹកជញ្ជូនផងដែរ គឺតភ្ជាប់គ្នាជាប្រព័ន្ធ ។ ដូចដែលយើងបានលើកហេតុផលខាងលើរួចហើយ គ្មាននរណាចំណាយពេលពេញមួយថ្ងៃធ្វើដំណើរពីចំណុច ក ទៅ ខ នៅពេលដែលគេអាចធ្វើដំណើរតាមវិធីផ្សេង ដោយប្រើពេលត្រឹមកន្លះថ្ងៃនោះទេ ។ ការដឹកជញ្ជូនក៏ដូចគ្នា ។ គួរកត់សម្គាល់ថា សេវាកម្មដឹកជញ្ជូននិងគមនាគមន៍នៅក្នុងទីផ្សារសេរី យើងមិនអាចបង្ខំ ឬក៏តម្រូវឲ្យនរណាម្នាក់ប្រើព្រែកជីកយើងបានទេ ។ បើវាមិនរហ័សទាន់ចិត្ត ឬក៏បំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានគាប់ប្រសើរ គ្មាននរណាប្រើប្រាស់វាឡើយ ។ នៅក្នុងជីវិតពិត វាខុសអំពីរឿងកុន Field of Dream (តារាងនៃក្តីសង្ឃឹម) ។ If you build it, they will come (ប្រសិនបើយើងកសាងវា ពួកគេនឹងមក) ។ នៅក្នុងវិស័យសេដ្ឋកិច្ច គ្មានរឿងរវើរវាយដូច្នេះឡើយ ។ គេមិនអាចជ្រៀកក្បាលមនុស្សតម្រូវមួកទេ ។ គឺចាំបាច់ត្រូវដេរមួយតម្រូវក្បាលមនុស្ស ។
២) ថែរក្សា៖ ព្រែកជីកនិងប្រឡាយ ត្រូវការការថែទាំ (Mentainance) ជាប្រចាំ ។ ប្រការនេះ យើងអាចទៅសួរអ្នកស្រែថាតើហេតុអ្វីបានជាគាត់ យកចបទៅកាយដីបាតប្រឡាយបង្ហូរទឹកចូលស្រែជារឿយៗ ។ គាត់នឹងឆ្លើយថា ពីព្រោះកំទេចដីហូរពីទីខ្ពស់មក ធ្វើឲ្យប្រឡាយគាត់រាក់ដែលជាហេតុនាំឲ្យស្ទះលំហូរទឹក ។ នៅក្នុងភាសាអង់គ្លេសគេហៅប្រការនេះថា Silting (កំណរ ឬកករកំទេចដី) ។ ដីសណ្តទន្លេមេគង្គ និង ដីសណ្តនៅតាមបាងទន្លេនានានៅជុំវិញពិភពលោក គឺកើតចេញអំពីអព្ភូតហេតុនេះ ។ ព្រែកជីកក៏ដូចគ្នាដែរ ។ ក៏ប៉ុន្តែ កំណរកំទេចដីនៅបាតព្រែកជីកគមនាគមន៍ ខុសអំពីកំណរកំទេចដីនៅបាតប្រឡាយបង្ហូរទឹកចូលស្រែ ។ គេមិនអាចយកចបទៅកាយកំណរដីនៅបាតព្រែកជីកបានឡើយ ។ ថ្វីត្បិតតែយើងអាចធ្វើទ្វារទឹកទប់ស្កាត់កំណរដីតាមរយៈលំហូរទឹកទន្លេបាន តែយើងមិនអាចធ្វើទ្វារទឹកទប់ស្កាត់ទឹកភ្លៀងដែលធ្លាក់ពីលើមេឃមកបានទេ ។ កំណរដីភាគច្រើនបំផុត គឺកើតចេញពីលំហូរទឹកភ្លៀងនេះឯង ។ ការថែរក្សាព្រែកជីក បើយើងទុករហូតដល់កំណរដីកើនច្រើន គឺមិនខុសអំពីជីព្រែកសាជាថ្មីឡើងវិញឡើយ ។
៣) ដង្ហើមទឹក៖ ខុសអំពីព្រែកជីក ស៊ុយអេ និង ព្រែកជី ប៉ាណាម៉ា (Suez and Panama Canals) ដែលប្រើទឹកសមុទ្រជាមធ្យោបាយគមនាគមន៍នៅក្នុងព្រែក ព្រែកជីក ហ្វូណន ប្រើទឹកទន្លេមេគង្គ ។ ទន្លេមេគង្គមានទំនប់ទប់ស្កាត់ ទាំងនៅក្នុងគម្រោង ទាំងធ្វើរួចរាល់ មិនតិចជាង ១០ ទេ ។ ទំនប់ផ្នែកខាងក្រោមបំផុតគឺស្ថិតនៅក្នុងប្រទេស លាវ ខាងលើព្រំដែនខ្មែរបន្តិច ។ មាត់ច្រកទទួលទឹករបស់ព្រែកជីក ហ្វូណន គឺស្ថិតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ ។ សំណួរមួយដែលយើងត្រូវផ្គុំក្បាលគ្នាពិចារណាគឺថា តើទន្លេមេគង្គដែលមានទំនប់បួនដប់ទប់ស្កាត់ អាចមានទឹកគ្រប់គ្រាន់ហូរចាក់មកសមុទ្រទេ ។ សំណួរមួយទៀតដែលយើងត្រូវសួរផងដែរគឺថា នៅក្នុងករណីរាំងស្ងួត (Drought) តើម្ចាស់ទំនប់គេមានចិត្តសម្បុរសគ្រប់គ្រាន់នឹងចែករំលែកទឹក មកបំពេញសេចក្តីត្រូវការរបស់យើងទេ ។ ទឹក សម្រាប់ជីវិតមនុស្ស គឺមានសារសំខាន់ស្មើនឹងខ្យល់អុកសុីហ៊្សេន ។ វាជាបញ្ហាស្លាប់រស់ ។ នៅពេលមនុស្សប្រឈមនឹងបញ្ហានេះ កុំថាឡើយមិត្តដែកថែប ឬមិត្តមុឺនឆ្នាំ សូម្បីតែម៉ែឪ ឬក៏បងប្អូនបង្កើត ក៏ត្រូវតែដណ្តើមគ្នារស់មួយគ្រាសិនដែរ ។ បើមិនជឿខ្ញុំអំពីប្រការនេះទេ សូមទៅសួរមនុស្សដែលធ្លាប់រស់នៅក្នុងជំនាន់ ប៉ុល ពត ។ ពួកគាត់មិនទាន់ស្លាប់អស់នៅឡើយទេ ។ ប្រការមួយទៀតដែលយើងត្រូវលើកយកមកពិចារណា គឺការប្រែប្រួលសីតុណ្ហភាពលើភពផែនដី ។ វាជាកត្តាចក្រវាឡ៍ពាក់ព័ន្ធនឹងប្រព័ន្ធព្រះអាទិត្យ (Solar System) ដែលគ្មានអាទិទេពណាទប់ស្កាត់បានឡើយ ។ កំណើនត្រឹមតែ ២ ឬ ៣ ដឺក្រេ នៅលើភពផែនដី វានឹងបង្កឲ្យមានគ្រោះធម្មជាតិរាប់មិនអស់ឡើយ ។ ចំណុចចុងក្រោយ ដែលយើងគួរលើកយកមកពិចារណាឲ្យបានល្អិតម៉ត់ដូចអាចម៍ទីទុយ គឺ "ទន្លេគ្មានទឹក" ។ ទន្លេ ដែលត្រូវបានគេទប់ គឺមិនសូវមានទឹកហូរនៅក្នុងតំបន់ដីសណ្តទេ ។ ទន្លេ កូឡូរ៉ាដូ ដែលអាមេរិកទប់យកទឹកប្រើប្រាស់សម្រាប់រដ្ឋដែលសម្បូរវាលរហោស្ថាននោះ ស្ទើរតែក្លាយទៅជាអូរទៅហើយ ។ ទឹកដែលហូរធ្លាក់ទៅដល់សមុទ្រ គឹមានបរិមាណតិចតួចស្តួចស្តើងបំផុត ។ ឯទន្លេ លឿង នៃប្រទេសចិនក៏ត្រូវបានគេទប់យកទឹកប្រើប្រាស់ស្រដៀងគ្នាដែរ ។ នៅបាងទន្លេលឿងក្បែរមាត់សមុទ្រគឺរីងស្ងួតតែម្តង ។ នៅទីបំផុត ចិនក៏សម្រេចបំផ្លាញទំនប់នោះចោល ដើម្បីឲ្យទឹកហូរជាប្រក្រតីឡើងវិញ ។ ករណីទន្លេមេគង្គ យើងគ្មានផ្លូវនឹងបញ្ចុះបញ្ចូលឲ្យម្ចាស់ទំនប់បំផ្លាញវាចោល ឬក៏បើកទឹកផ្តល់ឲ្យយើងប្រើប្រាស់ទៅតាមតម្រូវការទេ ដរាបណាគេត្រូវការវាដែរ ។ ទំនប់អស់ទាំងនោះ គេចំណាយប្រាក់វិនិយោគដូចជាព្រែកជីក ហ្វូណន ដែរ ។ គ្មានពេលដែលគេត្រូវលះបង់ផលប្រយោជន៍របស់គេ ដើម្បីផលប្រយោជន៍របស់យើងឡើយ ។ ដូច្នេះ វិបាកធំៗរបស់ព្រែកជីក ហ្វូណន មានពីរ ។ ទីមួយ ខ្សត់អតិថិជន ។ ទីពីរ ខ្សត់ទឹក ។ អរគុណ ដែលចំណាយពេលអានអត្ថបទវិចារណកថានេះ ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...