Friday, May 10, 2024

ចំណីខួរក្បាល

វិបាកព្រែកជីក ហ្វូណន ទស្សនវិទូជនជាតិអង់គ្លេស ចនស្ទូអាត មៀល (John Stuart Mill) ពោលថា "មនុស្សម្នាក់ដែលមានជំនឿ មានសារសំខាន់ស្មើនឹងមនុស្ស ៩៩នាក់ ដែលមានត្រឹមតែចំណង់ ឬ ចំណាប់អារម្មណ៍" (One person with a belief is a SOCIAL POWER equal to ninety-nine who have only interests) ។ ការជីកព្រែក ហ្វូណន តភ្ជាប់ផ្លូវទឹកពីទន្លេមេគង្គទៅកាន់សមុទ្រនៅក្នុងប្រទេសកម្ពុជា គឺជាកិច្ចការមួយដែលពលរដ្ឋខ្មែរគ្រប់ៗរូបគួរលើកយកមកត្រិះរិះពិចារណា ។ ប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលិករដ្ឋាភិបាលទេ ។ ការត្រិះរិះពិចារណាក៏មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់រដ្ឋាភិបាលដែរ ។ វាជាបុព្វសិទ្ធិ (Privilege) របស់ពលរដ្ឋគ្រប់ៗរូប ។ ទោះបីការគិតពិចារណានោះ មិនអាចផ្លាស់ប្តូរប្រការណាមួយនៅក្នុងគោលដៅជីកព្រែក ហ្វូណន ក្តី វាក៏ជាកំណត់ត្រាសម្រាប់មនុស្សនានាទុកធ្វើជាការកត់សម្គាល់នៅថ្ងៃអនាគតដែរ ។ មុននឹងខ្ញុំអភិប្រាយសំណេរនេះ ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ដូចពន្លឺថ្ងៃថា អត្ថបទនេះមិនពាក់ព័ន្ធនឹងរឿងនយោបាយ ជាមួយនឹងបរទេសក្តី ជាមួយនឹងខ្មែរគ្នាឯងក្តី ។ ហើយក៏មិនមានន័យទិតៀនដែរ ។ វាគ្រាន់តែជាការគិតពិចារណារបស់មនុស្សម្នាក់ប៉ុណ្ណោះ ។ គោលដៅចម្បងរបស់ស្មេរគឺ ចែករំលែកការគិតពិចារណា ដើម្បីពង្រីកវិសាលភាពនៃការយល់ដឹង ។ ជាបឋម ព្រែកជីកខ្នាតកូនយក្សដូចជាព្រែកជីក ហ្វូណន គឺជាការវិនិយោគសេដ្ឋកិច្ចរយៈពេលវែង (Long-term Strategic Investment) ។ ដូច្នេះ ទិដ្ឋិនៅក្នុងសំណេរនេះគឺផ្តោតលើវិបាក ដែលនឹងកើតចេញនៅថេរវេលាចាប់ពី៣០ឆ្នាំ ឬកន្លះសតវត្ស (៥០ឆ្នាំ) ឡើងទៅ បន្ទាប់ពីព្រែកជីកនេះកសាងរួចរាល់ ។ ១) គមនាគមន៍៖ គោលដៅចម្បងនៃការវិនិយោគលើព្រែកជីក ហ្វូណន គឺគមនាគមន៍ ។ គមនាគមន៍មានបីប្រភេទគឺ ផ្លូវទឹក ផ្លូវគោក និង ផ្លូវអាកាស ។ បច្ចុប្បន្ន មនុស្សក្នុងពិភពលោករាប់បញ្ចូលទាំងពលរដ្ឋខ្មែរផងដែរ មិននិយមធ្វើដំណើរតាមផ្លូវទឹកទៀតទេ ។ យើងមានកាណូតល្បឿនលឿនដែលបម្រើសេវាដឹកមនុស្សពី ភ្នំពេញ ទៅ សៀមរាប និង ភ្នំពេញ ទៅ ក្រចេះ ជាតឹកតាង ។ មូលហេតុតែមួយគត់ដែលធ្វើឲ្យគមនាគមន៍ដឹកមនុស្សតាមផ្លូវទឹក ដួលដោយមិនបាច់ច្រាន គឺពេលវេលានៃការធ្វើដំណើរ ។ គ្មាននរណាចង់ចំណាយពេលពេញមួយថ្ងៃ ធ្វើដំណើរតាមផ្លូវទឹកពីចំណុច ក ទៅចំណុច ខ នៅពេលដែលគេអាចចំណាយពេលត្រឹមតែ កន្លះថ្ងៃ ឬ កន្លះម៉ោង ធ្វើដំណើរតាមផ្លូវគោក ឬផ្លូវអាកាសនោះទេ ។ ដូច្នេះ សារប្រយោជន៍របស់ព្រែកជីក ហ្វូណន គឺសម្រាប់គមនាគមន៍ដឹកទំនិញតែមួយមុខគត់ ។ ការដឹកទំនិញនេះទៀតសោតក៏មិនប្រាកដថា ឈ្មួញនាវាដែលបម្រើសេវាដឹកទំនិញឆ្លងសមុទ្រពីប្រទេសមួយទៅប្រទេសមួយ ចូលតាមព្រែកជីកហ្វូណនយកអីវ៉ាន់មកទម្លាក់នៅភ្នំពេញ និងដឹកទំនិញពីភ្នំពេញចេញទៅក្រៅវិញដែរ ។ មូលហេតុគឺការលំបាកនិងហានិភ័យ ក្នុងការបើកបរនាវាធំៗនៅក្នុងព្រែកជីក ។ កាលពីក្មេង ខ្ញុំធ្លាប់ចែវទូកក្នុងដងអូរនិងដងព្រែក ។ វាលំបាកវេទនាជាងចែវទូកក្នុងបឹង ឬក្នុងដងទន្លេឆ្ងាយណាស់ ។ ប្រការមួយទៀតគឺទំហំសេដ្ឋកិច្ចរបស់ខ្មែរ ។ តើវាមានទំហំសមល្មមនឹងនាវាធំៗដឹកទំនិញពីក្រៅប្រទេសមកកាន់ក្រុងភ្នំពេញ និងពីក្រុងភ្នំពេញចេញទៅក្រៅប្រទេសដែរទេ ។ ជាទូទៅ នាវាដឹកទំនិញតាមសមុទ្រ មិនចូលទៅក្នុងដៃសមុទ្រ ឬព្រែកជីករាប់រយគីឡូម៉ែត្រទេ ។ គេទម្លាក់ទំនិញតែនៅតាមកំពង់ផែក្នុងឈូងសមុទ្រតែប៉ុណ្ណោះ ។ មានដៃសមុទ្រតែមួយគត់នៅក្នុងពិភពលោក ដែលនាវាដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រប្រើ គឺឈូងសមុទ្រ ឆេសាភីក (Chesapeake Bay) ដែលមានកំពង់ផែ បាល់ទីម័រ (Baltimore Port, U.S.A.) ស្ថិតនៅចុងដៃសមុទ្រនោះ ។ នាវាខូចម៉ាសុីនបុកស្ពានមួយបាក់ខ្ជេចកាលពីពេលថ្មីៗនេះ គឺចេញមកពីកំពង់ផែនោះ ។ សារសំខាន់តែមួយគត់ដែលញ៉ាំងឲ្យនាវាដឹកជញ្ជូន ធ្វើដំណើររាប់រយគីឡូម៉ែត្រចូលមកក្នុងដៃសមុទ្រយ៉ាងឆ្ងាយនេះ គឺវាបម្រើតម្រូវការសេដ្ឋកិច្ចរបស់រដ្ឋចំនួនប្រាំគឺ ម៉ារីឡេន វឺជីញៀ ភេនសុីលវ៉េនញៀ ដែលឡាវ៉័រ និង ញូជឺហ៊្សី (Maryland, Virginia, Pennsylvania, Delaware, New Jersey, U.S.A.) ។ ប្រការមួយទៀតដែលអាចជាផលវិបាកសម្រាប់ព្រែកជីកហ្វូណន គឺសង្វាក់ផលិតកម្មនិងសេវាកម្ម ដែលភាសាអង់គ្លេសហៅថា (Just in Time) ។ វាជាកត្តា "ពេលវេលា" ។ អ្វីៗ រាប់បញ្ចូលទាំងការដឹកជញ្ជូនផងដែរ គឺតភ្ជាប់គ្នាជាប្រព័ន្ធ ។ ដូចដែលយើងបានលើកហេតុផលខាងលើរួចហើយ គ្មាននរណាចំណាយពេលពេញមួយថ្ងៃធ្វើដំណើរពីចំណុច ក ទៅ ខ នៅពេលដែលគេអាចធ្វើដំណើរតាមវិធីផ្សេង ដោយប្រើពេលត្រឹមកន្លះថ្ងៃនោះទេ ។ ការដឹកជញ្ជូនក៏ដូចគ្នា ។ គួរកត់សម្គាល់ថា សេវាកម្មដឹកជញ្ជូននិងគមនាគមន៍នៅក្នុងទីផ្សារសេរី យើងមិនអាចបង្ខំ ឬក៏តម្រូវឲ្យនរណាម្នាក់ប្រើព្រែកជីកយើងបានទេ ។ បើវាមិនរហ័សទាន់ចិត្ត ឬក៏បំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានគាប់ប្រសើរ គ្មាននរណាប្រើប្រាស់វាឡើយ ។ នៅក្នុងជីវិតពិត វាខុសអំពីរឿងកុន Field of Dream (តារាងនៃក្តីសង្ឃឹម) ។ If you build it, they will come (ប្រសិនបើយើងកសាងវា ពួកគេនឹងមក) ។ នៅក្នុងវិស័យសេដ្ឋកិច្ច គ្មានរឿងរវើរវាយដូច្នេះឡើយ ។ គេមិនអាចជ្រៀកក្បាលមនុស្សតម្រូវមួកទេ ។ គឺចាំបាច់ត្រូវដេរមួយតម្រូវក្បាលមនុស្ស ។ ២) ថែរក្សា៖ ព្រែកជីកនិងប្រឡាយ ត្រូវការការថែទាំ (Mentainance) ជាប្រចាំ ។ ប្រការនេះ យើងអាចទៅសួរអ្នកស្រែថាតើហេតុអ្វីបានជាគាត់ យកចបទៅកាយដីបាតប្រឡាយបង្ហូរទឹកចូលស្រែជារឿយៗ ។ គាត់នឹងឆ្លើយថា ពីព្រោះកំទេចដីហូរពីទីខ្ពស់មក ធ្វើឲ្យប្រឡាយគាត់រាក់ដែលជាហេតុនាំឲ្យស្ទះលំហូរទឹក ។ នៅក្នុងភាសាអង់គ្លេសគេហៅប្រការនេះថា Silting (កំណរ ឬកករកំទេចដី) ។ ដីសណ្តទន្លេមេគង្គ និង ដីសណ្តនៅតាមបាងទន្លេនានានៅជុំវិញពិភពលោក គឺកើតចេញអំពីអព្ភូតហេតុនេះ ។ ព្រែកជីកក៏ដូចគ្នាដែរ ។ ក៏ប៉ុន្តែ កំណរកំទេចដីនៅបាតព្រែកជីកគមនាគមន៍ ខុសអំពីកំណរកំទេចដីនៅបាតប្រឡាយបង្ហូរទឹកចូលស្រែ ។ គេមិនអាចយកចបទៅកាយកំណរដីនៅបាតព្រែកជីកបានឡើយ ។ ថ្វីត្បិតតែយើងអាចធ្វើទ្វារទឹកទប់ស្កាត់កំណរដីតាមរយៈលំហូរទឹកទន្លេបាន តែយើងមិនអាចធ្វើទ្វារទឹកទប់ស្កាត់ទឹកភ្លៀងដែលធ្លាក់ពីលើមេឃមកបានទេ ។ កំណរដីភាគច្រើនបំផុត គឺកើតចេញពីលំហូរទឹកភ្លៀងនេះឯង ។ ការថែរក្សាព្រែកជីក បើយើងទុករហូតដល់កំណរដីកើនច្រើន គឺមិនខុសអំពីជីព្រែកសាជាថ្មីឡើងវិញឡើយ ។ ៣) ដង្ហើមទឹក៖ ខុសអំពីព្រែកជីក ស៊ុយអេ និង ព្រែកជី ប៉ាណាម៉ា (Suez and Panama Canals) ដែលប្រើទឹកសមុទ្រជាមធ្យោបាយគមនាគមន៍នៅក្នុងព្រែក ព្រែកជីក ហ្វូណន ប្រើទឹកទន្លេមេគង្គ ។ ទន្លេមេគង្គមានទំនប់ទប់ស្កាត់ ទាំងនៅក្នុងគម្រោង ទាំងធ្វើរួចរាល់ មិនតិចជាង ១០ ទេ ។ ទំនប់ផ្នែកខាងក្រោមបំផុតគឺស្ថិតនៅក្នុងប្រទេស លាវ ខាងលើព្រំដែនខ្មែរបន្តិច ។ មាត់ច្រកទទួលទឹករបស់ព្រែកជីក ហ្វូណន គឺស្ថិតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ ។ សំណួរមួយដែលយើងត្រូវផ្គុំក្បាលគ្នាពិចារណាគឺថា តើទន្លេមេគង្គដែលមានទំនប់បួនដប់ទប់ស្កាត់ អាចមានទឹកគ្រប់គ្រាន់ហូរចាក់មកសមុទ្រទេ ។ សំណួរមួយទៀតដែលយើងត្រូវសួរផងដែរគឺថា នៅក្នុងករណីរាំងស្ងួត (Drought) តើម្ចាស់ទំនប់គេមានចិត្តសម្បុរសគ្រប់គ្រាន់នឹងចែករំលែកទឹក មកបំពេញសេចក្តីត្រូវការរបស់យើងទេ ។ ទឹក សម្រាប់ជីវិតមនុស្ស គឺមានសារសំខាន់ស្មើនឹងខ្យល់អុកសុីហ៊្សេន ។ វាជាបញ្ហាស្លាប់រស់ ។ នៅពេលមនុស្សប្រឈមនឹងបញ្ហានេះ កុំថាឡើយមិត្តដែកថែប ឬមិត្តមុឺនឆ្នាំ សូម្បីតែម៉ែឪ ឬក៏បងប្អូនបង្កើត ក៏ត្រូវតែដណ្តើមគ្នារស់មួយគ្រាសិនដែរ ។ បើមិនជឿខ្ញុំអំពីប្រការនេះទេ សូមទៅសួរមនុស្សដែលធ្លាប់រស់នៅក្នុងជំនាន់ ប៉ុល ពត ។ ពួកគាត់មិនទាន់ស្លាប់អស់នៅឡើយទេ ។ ប្រការមួយទៀតដែលយើងត្រូវលើកយកមកពិចារណា គឺការប្រែប្រួលសីតុណ្ហភាពលើភពផែនដី ។ វាជាកត្តាចក្រវាឡ៍ពាក់ព័ន្ធនឹងប្រព័ន្ធព្រះអាទិត្យ (Solar System) ដែលគ្មានអាទិទេពណាទប់ស្កាត់បានឡើយ ។ កំណើនត្រឹមតែ ២ ឬ ៣ ដឺក្រេ នៅលើភពផែនដី វានឹងបង្កឲ្យមានគ្រោះធម្មជាតិរាប់មិនអស់ឡើយ ។ ចំណុចចុងក្រោយ ដែលយើងគួរលើកយកមកពិចារណាឲ្យបានល្អិតម៉ត់ដូចអាចម៍ទីទុយ គឺ "ទន្លេគ្មានទឹក" ។ ទន្លេ ដែលត្រូវបានគេទប់ គឺមិនសូវមានទឹកហូរនៅក្នុងតំបន់ដីសណ្តទេ ។ ទន្លេ កូឡូរ៉ាដូ ដែលអាមេរិកទប់យកទឹកប្រើប្រាស់សម្រាប់រដ្ឋដែលសម្បូរវាលរហោស្ថាននោះ ស្ទើរតែក្លាយទៅជាអូរទៅហើយ ។ ទឹកដែលហូរធ្លាក់ទៅដល់សមុទ្រ គឹមានបរិមាណតិចតួចស្តួចស្តើងបំផុត ។ ឯទន្លេ លឿង នៃប្រទេសចិនក៏ត្រូវបានគេទប់យកទឹកប្រើប្រាស់ស្រដៀងគ្នាដែរ ។ នៅបាងទន្លេលឿងក្បែរមាត់សមុទ្រគឺរីងស្ងួតតែម្តង ។ នៅទីបំផុត ចិនក៏សម្រេចបំផ្លាញទំនប់នោះចោល ដើម្បីឲ្យទឹកហូរជាប្រក្រតីឡើងវិញ ។ ករណីទន្លេមេគង្គ យើងគ្មានផ្លូវនឹងបញ្ចុះបញ្ចូលឲ្យម្ចាស់ទំនប់បំផ្លាញវាចោល ឬក៏បើកទឹកផ្តល់ឲ្យយើងប្រើប្រាស់ទៅតាមតម្រូវការទេ ដរាបណាគេត្រូវការវាដែរ ។ ទំនប់អស់ទាំងនោះ គេចំណាយប្រាក់វិនិយោគដូចជាព្រែកជីក ហ្វូណន ដែរ ។ គ្មានពេលដែលគេត្រូវលះបង់ផលប្រយោជន៍របស់គេ ដើម្បីផលប្រយោជន៍របស់យើងឡើយ ។ ដូច្នេះ វិបាកធំៗរបស់ព្រែកជីក ហ្វូណន មានពីរ ។ ទីមួយ ខ្សត់អតិថិជន ។ ទីពីរ ខ្សត់ទឹក ។ អរគុណ ដែលចំណាយពេលអានអត្ថបទវិចារណកថានេះ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...