Saturday, October 16, 2021
ចំណីខួរក្បាល
អាទិភាពជីវិត
អ្នកផ្ទះខ្ញុំតែងតែរិះគន់ខ្ញុំថា ជាមនុស្សឯកោក្រញាតិមិត្ត ។ មួយឆ្នាំទល់មួយឆ្នាំកម្រឃើញនរណាហៅខ្ញុំទៅចូលរួមក្នុងកម្មវិធីអ្វីមួយណាស់ ។ ខ្ញុំតបទៅគាត់របៀបឌឺវិញថា៖ គ្មាននរណារាប់រកហ្នឹងហើយ វាមិនសូវអំពល់ទុក្ខ ។ មែន! ខ្ញុំចូលចិត្តរស់របៀបឯកោ ។ មិនមែនខ្ញុំមិនឲ្យតម្លៃការរាប់អានគ្នា ឬក៏ភាពល្អូកល្អើននៅក្នុងសង្គមគ្រួសារនោះទេ ។ ខ្ញុំគ្រាន់តែចង់រស់នៅក្នុងស្ថានភាពមួយដែលមានសេរីភាពទូលំទូលាយជាទីបំផុត ។ គួរកត់សម្គាល់ថា ខ្ញូំមានមិត្តភក្តិនិងបងប្អូនជេរទៅហៅមកដូចមនុស្សដទៃដែរ គ្រាន់តែមិត្តភក្តិនិងបងប្អូនទាំងនោះត្រូវការគ្នាតែនៅពេលដែលយើងមានបញ្ហាដោះស្រាយម្នាក់ឯងមិនកើតតែប៉ុណ្ណោះ ។ ឱទាហរណ៍ ខ្ញុំត្រូវការមនុស្សម្នាក់ទៀតដើម្បីជួយសែងតុទូឡើងលើផ្ទះជាដើម ។ ករណីដទៃផ្សេងទៀតក៏ដូចគ្នាដែរ ។ ខ្ញុំត្រូវការគេ ខ្ញុំហៅគេ ។ គេត្រូវការខ្ញុំ គេហៅខ្ញុំ ។ ជួយគ្នាក្នុងគ្រាក្រ ។ បើមានអ្វីល្អគួរឲ្យ ក៏យកទៅឲ្យទៅ ។ អ្វីក្រៅពីនេះ ដូចជាមិនសូវសំខាន់សោះឡើយ ។ ដូច្នេះហើយបានជាខ្ញុំមិនសូវមានទំនាក់ទំនងច្រើនជាមួយនឹងមនុស្សដទៃ ដ្បិតពេលខ្លះមិត្តភក្តិខ្ញុំមិនអំពល់ទុក្ខហៅខ្ញុំឲ្យទៅជួយគេវិញផងទេ ។
អ្នកដែលធ្លាប់រៀនចិត្តវិជ្ជាកម្រិតបឋម រមែងជួបនឹងទ្រឹស្តី ពីរ៉ាមីដ របស់លោក អាប្រាហាម ម៉ាស្លូ (Abraham Maslow's Pyramid of Needs) ។ លោកម៉ាស្លូគាត់ចែកសេចក្តីត្រូវការរបស់មនុស្សជាបីដំណាក់កាលធំៗគឺ តម្រូវការមូលដ្ឋាន តម្រូវការមជ្ឈឹម និង តម្រូវការកំពូល ស្រដៀងគ្នានឹងគោលការណ៍ Id, Ego, and Superego របស់លោក សុីកមុន ហ្វ្រយ (Sigmund Freud) ដែរ ។ នៅចំណុចកំពូលនៃតម្រូវការរបស់មនុស្ស លោក ម៉ាស្លូ ឲ្យឈ្មោះថា Self-Actualization ។ ពាក្យនេះខ្ញុំសូមបកប្រែថា៖ បរមសុខ ឬឧត្តមសុខដុមរមនានៃជីវិត (Supreme Satisfaction) ។
ជីវិតមនុស្សគ្រប់ៗរូបដែលកើតនៅលើលោកនេះ មិនថាជាជនជាតិអ្វី រស់នៅក្នុងសង្គមប្រភេទណាឡើយ រមែងចង់បានការរស់នៅមួយដែលយើងហៅថា បរមសុខ ។ យើងតស៊ូអស់មួយជីវិតគ្រប់ៗគ្នា ដើម្បីស្វែងរកបរមសុខ ។ ទោះជាយ៉ាងណាក៏ដោយ បរមសុខហាក់ដូចជានៅជាមួយនឹងជីវិតមនុស្សតាំងតែពីដើមទីរួចមកហើយ គ្រាន់តែយើងមិនបានស្វែងយល់អំពីវាតែប៉ុណ្ណោះ ។
ព្រះពុទ្ធទ្រង់មានបន្ទូលថា អត្តាហិ អត្តានោ នាថោ ។ មានន័យថា គឺខ្លួនឯងនេះហើយ ជាទីពឹងរបស់ខ្លួន ។ យើងអាចនិយាយឲ្យទូលាយជាងនេះបន្តិចថា ឥស្សរភាពនៅនឹងខ្លួនរបស់យើង ឬជីវិតរបស់យើងគ្មាននរណាអាចគ្រប់គ្រងក្រៅអំពីខ្លួនយើងទេ ។ នៅក្នុងអារ្យធម៌បស្ចឹមប្រទេស គេក៏ឲ្យតម្លៃទៅលើឥស្សរភាពនៃជីវិតមនុស្សនេះដែរ ។ តើអ្វីទៅជាសារសំខាន់នៃឥស្សរភាពជីវិត ទើបវិញ្ញូជនជាច្រើនជំនាន់នៅតែបន្តឲ្យតម្លៃវាជាសាកលដូច្នេះ?
នៅក្នុងពុទ្ធោវាទ មានពាក្យមួយម៉ាត់ដែលមនុស្សបានស្តាប់ហើយច្រើនតែបំភ្លេចចោល ។ ពាក្យនោះគឺ៖ ជាប់ជំពាក់ ។ ព្រះពុទ្ធទូន្មានថា បើចង់ឲ្យជីវិតមានបរមសុខ គប្បីកាត់បន្ថយ ឬទម្លាក់ចោលឲ្យអស់នូវភាពជាប់ជំពាក់ ។ វាជាគោលគំនិតដ៏សាមញ្ញនិងងាយយល់ជាទីបំផុត ។
មនុស្សគ្រប់ៗរូប កើតមកស្ពាយភាពជាប់ជំពាក់មកជាមួយ ។ ភាពជាប់ជំពាក់គ្រប់រូបភាព ផ្គុំនៅក្នុងពាក្យតែមួយម៉ាត់ទេគឺ តណ្ហា (Desires) ។ តណ្ហាធំជាងគេបំផុតគឺចង់រក្សាជីវិតឲ្យគង់វង្សដើម្បីតតាំងជាមួយនឹងព្រហ្មលិខិត ។ បន្ទាប់ពីរក្សាបានអត្ថិភាពជីវិតហើយ យើងស្វែងរកទ្រព្យដើម្បីផ្គាប់ចិត្តខ្លួនឯង ។ មិនត្រឹមតែផ្គាប់ចិត្តខ្លួនឯងទេ យើងព្យាយាមផ្គាប់ចិត្តអ្នកដទៃថែមទៀត ដ្បិតសង្គមវិនិច្ឆ័យថាធ្វើដូច្នេះត្រឹមត្រូវ ធ្វើដូច្នោះមិនត្រឹមត្រូវ ។ យើងអាចបន្តលាតបន្លាយតណ្ហារបស់យើង រាប់រយជំពូកថែមទៀត ។ ក៏ប៉ុន្តែ ការលាតត្រដាងត្រឹមតែពីរបីកត្តាខាងលើក៏ល្មមយល់បានហើយ ។
តណ្ហាជាកត្តាជម្រុញឲ្យមនុស្សនិងសង្គមអភិវឌ្ឃ ។ បើគ្មានតណ្ហាទេមនុស្សនិងសង្គមក៏មិនអាចអភិវឌ្ឃនិងមានអ្វីៗដូចដែលយើងបានឃើញសព្វថ្ងៃនេះដែរ ។ ប៉ុន្តែ នៅក្នុងការអភិវឌ្ឃន៍របស់មនុស្សនិងសង្គម រមែងមានធម្មធាតុភ្លោះដែលភាសាអង់គ្លេសហៅថា Dichotomy នៅក្នុងនោះ ។ ធម្មធាតុភ្លោះនេះ បើនិយាយឲ្យងាយយល់ គឺសភាវល្អនិងសភាវអាក្រក់ ដែលកើតចេញមកអំពីកម្ម (Action) ។ វាស្ទើរតែជាលក្ខណៈសាកលទៅហើយគឺថា កម្មដែលយើងសាងរមែងហុចផលវិជ្ជមានផងនិងអវិជ្ជមានផង ។ ឧទាហរណ៍ ទិញដំឡូងស្ងោរមួយចង្កាក់បរិច្ចាគឲ្យស្មូមយាចកទទួលទាន ។ គាត់បាត់ស្រេកឃ្លានបានមួយគ្រា ។ ឯយើងក៏រលោះប្រាក់បន្តិចដែរ ។ កម្មធំតូចផ្សេងៗទៀត បើយើងពិនិត្យទៅហុចផលវិជ្ជមាននិងអវិជ្ជមានស្រដៀងគ្នា ។
សូមងាកមកនិយាយអំពីអាទិភាពជីវិតនិងបរមសុខ ឬចំណុចកំពូលនៃតម្រូវការមនុស្សវិញម្តង ។ លោកអាប្រាហាម ម៉ាស្លូ និយាយអំពីតម្រូវការរបស់មនុស្សជាលក្ខណៈពីរ៉ាមីដ ។ នៅបាតពីរ៉ាមីដ ដែលមានទំហំធំជាងគេនិងចាំបាច់បំផុតនោះគឺតម្រូវការលើចំណីអាហារនិងជម្រក ។ បន្ទាប់មកគឺញាតិមិត្តព្រៀងលាននិងទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅ ។ ចំណុចកំពូលគឺបរមសុខឬការលម្ហែ ដែលយើងអាចនិយាយថាជីវិតលែងជំពាក់នរណាមួយរៀលហើយ ។ លម្ហែឬល្ហែ គឺជាពាក្យគន្លឹះនៅទីនេះ ។ យើងស្ទើរតែមិនចាំបាច់គិតឬក៏ស្វែងយល់អំពីអត្ថន័យនៃពាក្យល្ហែផងទេ ដែលថាជីវិតដែលល្ហែនោះគឺជាជីវិតដែលពោរពេញទៅដោយឥស្សរភាពឬក៏ឯករាជភាព ។ និយាយអំពីឯករាជ ខ្ញុំសូមបង្វិលគោលគំនិតនេះទៅបកស្រាយអំពីទំនាក់ទំនងរបស់មនុស្សដោយបង្វិលគោលការណ៍របស់លោកអាប្រាហាម ម៉ាស្លូ ពីលើចុះមកក្រោមវិញ ។
មិនមានគោលការណ៍ជាសាកលថាតើពេលណាមនុស្សចាត់ទុកជីវិតខ្លួនថាឯករាជនោះទេ ។ ឯករាជនៅទីនេះគឺសំដៅដល់ការរស់ដោយពឹងលើសមត្ថភាពខ្លួនឯង ប្រៀបដូចជាកូនចាបដែលអាចហើរចាកសំបុកស្វែងរកចំណីមកទ្រទ្រង់ជីវិតដោយមិនចាំបាច់ពឹងផ្អែកលើមេបាវាទៀតឡើយ ។ បើផ្អែកលើផ្លូវច្បាប់ នៅសហរដ្ឋអាមេរិកគេកំណត់ភាពឯករាជរបស់បុគ្គល នៅអាយុ២១ឆ្នាំ ។ ប៉ុន្តែ បើយើងយកទំនាក់ទំនងគ្រួសារមកគិតជំនួសវិញ យើងអាចកំណត់យកត្រឹមពេលវេលាដែលយើងឈប់ពឹងពាក់លើម៉ែឪដើម្បីរស់នៅ ។ អាយុមិនសំខាន់ទេ ។ សម្រាប់ខ្ញុំ ខ្ញុំគិតថាថ្ងៃដែលយើងមានគូស្រករគឺជាថ្ងៃជោគថ្ងៃជ័យនិងជាថ្ងៃដែលយើងទទួលឯករាជនៅក្នុងដំណើរជីវិត ។ អ្នកដែលគ្មានបំណងយកគ្រួសារនិងសម្រេចរស់ដោយឯកឯង គឺអាចយកត្រឹមថ្ងៃដែលឈប់រស់ដោយសារការគាំពាររបស់ឪពុកម្តាយ ។
អាទិភាព ឥស្សរភាព និង ឯករាជភាពនៃជីវិត បានដល់សភាវមួយដែលមនុស្សគិតអំពីសុខុមាលភាពរបស់ខ្លួន (Self-Comfort) មុនសុខុមាលភាពរបស់នរណាៗទាំងអស់ ។ បើគិតជាទំនាក់ទំនងនៅក្នុងគោលការណ៍ពីរ៉ាមីដ បុគ្គលមនុស្សម្នាក់ៗគឺឈរនៅលើកំពូលពីរ៉ាមីដ ។ មនុស្សដទៃដែលសំខាន់នៅក្នុងជីវិតរបស់បុគ្គលនោះ (Significant Others) យើងអាចរៀបជាលំដាប់ថ្នាក់ (Stratification) ដូចតទៅ៖
១) ឪពុកម្តាយ
២) បងប្អូនបង្កើត
៣) ជីដូនជីតាអុំមីងមានិងបងប្អូនជីដូនមួយ
៤) ជីទួតមួយនិងមិត្តភក្តិ
យើងអាចពង្រីកទំនាក់ទំនងនេះឲ្យធំទៅៗថែមទៀត ។ អ្វីដែលខ្ញុំចង់បង្ហាញនៅទីនេះ គឺទំហំឬចំនួនមនុស្សដែលជាប់ជំពាក់វាក់វ័ន្ធនៅក្នុងជីវិតយើង ។ វាស្ទើរតែមិនបាច់ថ្លាថ្លែងទេថា ចំនួនមនុស្សដែលពាក់ព័ន្ធនៅក្នុងជីវិតយើងកាន់តែច្រើន សម្ពាធក៏កាន់តែធ្ងន់ បន្ទុកក៏ច្រើន ឯរឿងក៏ច្រើនដែរ ។ មិត្តអ្នកអានអាចបន្ថែមរាប់រយជំពូកថែមទៀត ។ ឥឡូវយើងយករូបភាពនេះ ទៅផ្គុំជាមួយនឹងពីរ៉ាមីដមួយទៀតដែលជារបស់គូស្រករយើង ។ យើងឃើញថា យើងបង្កើតបានពីរ៉ាមីដនៃទំនាក់ទំនងមនុស្សនៅក្នុងជីវិតយើងចំនួនបី ។ ពីរ៉ាមីដដែលកើតចេញពីចំនុចត្រួតសុីគ្នានៅកណ្តាល តំណាងឲ្យមនុស្សសំខាន់បំផុតនៅក្នុងជីវិតយើង មានឪពុកម្តាយទាំងសងខាង បងប្អូនដែលជិតស្និទ្ធជាងគេ និងមិត្តចិត្តមួយថ្លើមមួយ ។ បើយើងមានកូន យើងទាំងពីរនាក់មិនត្រឹមតែរែកនូវអម្រែកជាប់ជំពាក់របស់ជីវិតនេះទេ គឺទូលថែមទៀត ។ តើនេះហើយឬជាដំណើរជីវិតដែលប្រកបទៅដោយអត្ថន័យនិងបរមសុខនោះ? ខ្ញុំទុកឲ្យមិត្តអ្នកអានរកចម្លើយមកឆ្លើយដោយខ្លួនឯងចុះ ។ សម្រាប់ខ្ញុំ ខ្ញុំគិតថា ព្រះពុទ្ធលោកទូន្មានត្រូវ នៅពេលដែលព្រះអង្គប្រាប់យើងឲ្យជម្រុះនូវភាពជាប់ជំពាក់ឲ្យបានច្រើនដើម្បីស្វែងរកបរមសុខ ៕
Worthwhile Quote:
MiaRuddy
28 March, 2012
Life's greatest dichotomy is that of Passion and Logic. To live robustly and purposefully, you must have Passion or deep emotions for those you love. To live wisely, compassionately, and deeply you must have Logic to understand the deep connections that bind us all. It is truly a gift to see every moment, every relationship, and everything that crosses our path with Life's Dichotomy. To do so, is what make your soul content.
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
No comments:
Post a Comment