Monday, October 4, 2021
ចំណីខួរក្បាល
ស្អប់ជំពប់លើ
ពាក្យស្អប់ជំពប់លើ ខ្មែរយើងច្រើនប្រើសំដៅលើនរណាម្នាក់ដែលស្អប់បុគ្គលណាមួយ តែបែរជាបានបុគ្គលនោះមកធ្វើជាគូស្រករទៅវិញ ។ ខ្ញុំសូមពង្រីកអត្ថន័យនៃពាក្យស្អប់ជំពប់លើបន្តិចទៀត ដោយរាប់បញ្ចូលទាំងការធ្វើអ្វីមួយបម្រើផលប្រយោជន៍ឲ្យបុគ្គល ឬកិរិយាមារយាទដែលខ្លួនស្អប់ ។
នៅក្នុងយុគពត៌មាននេះ (Information Age) ការបញ្ឆោតឲ្យសាធារណជនធ្វើអ្វីមួយដើម្បីស្វែងរកផលប្រយោជន៍ គឺជារឿងដែលវិវឌ្ឍបត់បែនលឿនប្រហែលនឹងការបង្ហោះសារនៅលើវេទិការហ្វេសប៊ុកដែរ ។ ប៉ុន្តែ កម្រមានមនុស្សស្វែងយល់ (Pay attention) អំពីប្រការនេះណាស់ ។ យើងចូលចិត្ត យើងចែករំលែក យើងផ្តល់មតិ (Like, Share, Comment) ស្ទើរតែមិនចាំបាច់ត្រិះរិះពិចារណាអំពីផលវិបាកផងទេ ។ ចំណុចនេះហើយ ដែលធ្វើឲ្យយើងធ្លាក់ចូលទៅក្នុង "ស៊ង" នៃការបោកបញ្ឆោតរបស់គេ ។
ការផ្សព្វផ្សាយប្រាស្រ័យទាក់ទង (Media) គឺជាអាជីពមួយដែលចាស់ជាងគេជាទីបំផុតនៅក្នុងពិភពលោក ។ បើគិតជាលំដាប់ថ្នាក់ វាមានលំដាប់ទីពីរបន្ទាប់ពីពេស្យាចារ ។ នៅក្នុងអាជីពពេស្យាចារ គេមានពាក្យមួយសម្រាប់ប្រើនៅក្នុងរបរនេះគឺ បញ្ឆោត ដែលភាសាអង់គ្លេសហៅថា Trick ។ អាជីពផ្សព្វផ្សាយប្រាស្រ័យទាក់ទងក៏គេប្រើយុទ្ធសាស្ត្របញ្ឆោតនេះដែរ ។
មុននឹងនិយាយអំពីការបោកបញ្ឆោត ខ្ញុំសូមនិយាយអំពីដង្ហើមរស់នៃការផ្សព្វផ្សាយបន្តិចសិន ។ ពត៌មានឬការផ្សាយដំណឹងល្អក្តី អាក្រក់ក្តី អាចរស់រានមានជីវិតទៅបានគឺអាស្រ័យលើចំនួនអ្នកមើល ស្តាប់ ឬ អាន ដែលភាសាអង់គ្លេសហៅថា Audience (អតិថិជន) ។ បើគ្មានអតិថិជនទេ វានឹងវិនាសសន្តិទៅវិញលឿនជាងការគិតរបស់យើងទៅទៀត ។ នេះគឺជាកត្តាតែមួយគត់និងសំខាន់បំផុត ដែលតម្រូវឲ្យប្រព័ន្ធប្រាស្រ័យទាក់ទង (Media) ប្រើយុទ្ធសាស្ត្របញ្ឆោត ដើម្បីស្វែងរកក៏ដូចជារក្សាអតិថិជន ។ គួរកត់សម្គាល់ថា អតិថិជនមិនមែនជាអ្នកផ្តល់ដង្ហើមរស់ឲ្យប្រព័ន្ធផ្សព្វផ្សាយដោយផ្ទាល់ទេ ។ នៅមានមនុស្សនៅក្រោយវាំងននមួយក្រុមទៀត ដែលភាសាអង់គ្លេសហៅថា Sponsors (អ្នកឧបត្ថម្ភ) ។ ហើយក៏គួរកត់សម្គាល់ដែរថា ខ្ញុំប្រើពាក្យបញ្ឆោតនៅទីនេះ មិនមែនក្នុងន័យអាក្រក់ទាំងស្រុងនោះទេ ។
ការផ្សព្វផ្សាយប្រាស្រ័យទាក់ទង មានបីប្រភេទគឺតាមរយៈ អាន ស្តាប់ និង ទស្សនា ។ ទម្រង់ផ្សព្វផ្សាយខ្លះ គេផ្គុំកត្តាទាំងបីចូលគ្នាតែម្តង ។ អ្វីដែលជាមូលដ្ឋានគ្រឹះគឺ ការទាក់ទាញចំណាប់អារម្មណ៍ ។ ដើម្បីទទួលបានការទាក់ទាញចំណាប់អារម្មណ៍ គេត្រូវប្រើយុទ្ធវិធីបញ្ឆោត ។ ខ្ញុំបាននិយាយខាងលើអំពីពេស្យាចារ ។ តើស្រីពេស្យាគាត់ធ្វើដូចម្តេចដើម្បីទាក់ទាញអតិថិជនបាន? គឺលាបក្រេមផាត់ផ្សៅនិងស្លៀកពាក់កែទម្រង់គ្រឿងគ្រៅដើម្បីឲ្យគេមើលទៅឃើញហំ ។ ឯប្រព័ន្ធផ្សព្វផ្សាយក៏គេប្រើយុទ្ធវិធីដូចគ្នាដែរ ។ ក្នុងនាមជាអតីតនិស្សិតសារពត៌មានមួយរូប ខ្ញុំសូមលើកយកវិធីបញ្ឆោតអ្នកអានមួយមកធ្វើជាឧទាហរណ៍ ។ ការសរសេរអត្ថបទកាសែត គេប្រើយុទ្ធវិធីមួយដែលភាសាអង់គ្លេសហៅថា Inverted Pyramid ។ គឺគេសរសេរចំណុចដែលសំខាន់បំផុតនៅបន្ទាត់ទីមួយនិងទីពីរនៃអត្ថបទ ។ នៅពីលើចំណុចសំខាន់នោះគឺ ចំណងជើង ដែលត្រូវប្រើពាក្យពេចន៍សម្រិតសម្រាំងខ្លាំង ។ បើមានរូបភាពដែលរន្ធត់ញាប់ញ័រ គេដាក់រូបភាពនោះពីលើចំណងជើងមួយជាន់ទៀត ។ បច្ចុប្បន្ន យុទ្ធសាស្ត្រនេះបានវិវឌ្ឍមកនៅត្រឹមពាក្យមួយម៉ាត់ដែលអ្នកប្រើហ្វេសប៊ុកហៅថា Caption or Status (សង្ខេបរៀបរាប់) ។ ដោយហេតុតែមនុស្សទូទៅ ចូលចិត្តតាមដានអ្វីដែលអវិជ្ជមានឬអាក្រក់ ដើម្បីកែតម្រូវឬក៏រិះគន់ ឬក៏ចែករំលែកបន្តដើម្បីឲ្យអាជ្ញាធរចាត់វិធានការ ក្រុមអ្នកប្រើបណ្តាញសង្គមក្នុងគោលដៅបញ្ឆោតរកសារប្រយោជន៍ បានប្រើយុទ្ធវិធីអវិជ្ជមាននេះប្រកបដោយប្រសិទ្ធិភាពគួរឲ្យកត់សម្គាល់ ។ ការសុីធាងដំបងយក្ស សុីដង្កូវនាងឆៅ ឆាន់ពោតស្រូតដំណើរទៅកាន់និព្វាន ឬក៏ទង្វើឡប់ៗជាច្រើនផ្សេងទៀត គឺគ្មានអ្វីក្រៅអំពីការបញ្ឆោតឲ្យអ្នកទស្សនាចូលទៅក្នុងស៊ងរបស់គេនោះឡើយ ។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក យើងសង្កេតឃើញមានការផ្សព្វផ្សាយគ្រប់រូបភាពទាំងអស់ ។ រឿងមានប្រយោជន៍និងអត់ប្រយោជន៍នៅលាយឡំផ្គុំគ្នាពាសវាលពាសកាល ។ ប្រហែលមិនមែនមានតែខ្ញុំទេដែលឆ្ងល់ ថាតើហេតុអ្វីក៏រឿងអត់ប្រយោជន៍ជាច្រើនបន្តអត្ថិភាពរបស់វាបានយូរជាងរឿងដែលមានប្រយោជន៍ ។ ប្រការនេះ យើងអានបន្ទោសខ្លួនយើងគ្រប់ៗគ្នាដែលព្យាយាមលុបបំបាត់វាដោយការចែករំលែកនិងសរសេរមតិរិះគន់នានា ។ វាគឺជាសកម្មភាពដែលយើងធ្វើបម្រើផលប្រយោជន៍ ឲ្យបុគ្គលឬក៏ទង្វើដែលយើងស្អប់ ដោយមិនដឹងខ្លួន ។ គោលការណ៍តែមួយគត់ដែលយើងអាចអនុវត្ត ដើម្បីលុបបំបាត់រឿងរ៉ាវដែលយើងស្អប់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺកុំធ្វើអ្វីទាំងអស់ ។ កុំប្រតិកម្ម កុំចែករំលែក និង កុំសរសេរមតិ (Don't Like or dislike, Don't Share, and Don't Comment) ។ វាគឺជាសកម្មភាពមួយដែលផ្ទុយអំពីទ្រឹស្តី កម្មផល របស់ព្រះពុទ្ធ ។ ក៏ប៉ុន្តែ ដើម្បីលុបបំបាត់ការផ្សព្វផ្សាយអត់ប្រយោជន៍នានា គ្មានមធ្យោបាយអ្វីប្រសើរជាងការមិនធ្វើអ្វីសោះនេះឡើយ ។
កាលពីកុមារភាព ខ្ញុំឧស្សាហ៍ទៅមើលគេសម្តែងល្ខោនជាមួយនឹងក្មេងជិតខាង ។ ចាស់ៗជំនាន់នោះរិះគន់ពួកយើងដោយប្រើពាក្យមួយឃ្លាថា៖ អាឆ្កួតនៅពីលើ អាភ្លើនៅពីក្រោម ។ ពាក្យនេះចាស់ៗទាំងនោះចង់មានន័យថា ការចំណាយពេលរបស់ពួកយើងទៅសំកុកមើលល្ខោននោះ គឺជាភាពភ្លីភ្លើ ។ កាលនោះ ខ្ញុំគិតថាចាស់ៗទាំងនោះជាមនុស្សចិត្តចង្អៀត ។ តាមពិតពួកគាត់មិនមែនជាមនុស្សចិត្តចង្អៀតទេ ។ សម័យគាត់នៅពីក្មេង មិនទាន់មានអគ្គីសនីឬម៉ាសុីនភ្លើងនៅតាមទីជនបទឡើយ ។ ដូច្នេះ ល្ខោនគេសម្តែងនៅពេលថ្ងៃ ។ អ្នកទៅមើលល្ខោនត្រូវចងគោក្របីទុកចោល ឬក៏ផ្អាកការងារស្រែចម្ការ ឬក៏ខកខានមិនបានទៅរកត្រីសាច់បន្លែបង្កានានាយកមកផ្គត់ផ្គង់គ្រួសារជាដើម ។ល។ ទាំងអស់នេះគឺជាជ្រុងមួយទៀតនៃផលវិបាករបស់អ្នកដែលធ្លាក់ចូលទៅក្នុងស៊ងបញ្ឆោត ឬក៏វក់នឹងការសម្តែងរបស់អ្នកដទៃ ។ សរុបសេចក្តីមក បើស្អប់កុំជំពប់លើ បើឃើញពួកមនុស្សឆ្កួតនៅពីលើ យើងកុំភ្លើដើរចូលទៅក្នុងការបញ្ឆោតរបស់អ្នកទាំងនោះ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment