Thursday, January 16, 2020

ចំណីខួរក្បាល

ផែនទីបង្ហាញផ្លូវ ឬ ផែនទីផ្លូវ ខ្ញុំធ្លាប់បានសរសេរបកស្រាយអំពីពាក្យ ផែនទីផ្លូវ នេះម្តងរួចហើយ ។ ប៉ុន្តែ នៅពេលដែលខ្ញុំឃើញគេយកពាក្យនេះមកបកប្រែប្រើក្នុងន័យមិនសូវត្រឹមត្រូវ វាធ្វើឲ្យខ្ញុំនៅមិនសុខ ។ ខ្ញុំដឹងច្បាស់លាស់ថា ពាក្យផែនទីផ្លូវ ឬ Roadmap or Road Map មានប្រភពចេញមកពីទីណា ហើយគេបង្កើតវាឡើងនៅក្នុងក្នុងគោលដៅអ្វី ។ មុននឹងខ្ញុំបកស្រាយពិស្តារ ខ្ញុំសូមបញ្ជាក់ថាពាក្យផែនទីផ្លូវ ឬផែនទីបង្ហាញផ្លូវ មិនពាក់ព័ន្ធនឹង ផែនទី ឬក៏ ផ្លូវ ឡើយ ។ ពាក្យ Roadmap នេះ បើបកប្រែឲ្យត្រឹមត្រូវទៅតាមអត្ថន័យដើមរបស់វា Original Intention គឺមានន័យថា៖ គោលការណ៍កំណត់គោលដៅ ។ នៅទសវត្សឆ្នាំ ១៩៩០ ខ្ញុំបានទៅសរសេរកំណត់ត្រារបាយការណ៍ឲ្យគណកម្មាធិការមួយរបស់វិជ្ជាស្ថានសុខភាពជាតិ National Institute of Health (NIH) របស់សហរដ្ឋអាមេរិក ។ គណកម្មាធិការនោះមានតួនាទីចែកចាយថវិការបស់ NIH ដែលមានចំនួនប្រមាណជា ៤៥ កោដដុល្លារ ($45 Billion) ទៅឲ្យស្ថាប័ននានានៅទូទាំងប្រទេសដើម្បីស្រាវជ្រាវនិងស្វែងរកដំណោះស្រាយគាំពារសុខមាលភាពពលរដ្ឋ ។ ស្ថាប័នសំខាន់ដែលពាក់ព័ន្ធនៅក្នុងយុទ្ធនាការនោះគឺ សាកលវិទ្យាល័យនិងមន្ទីរពេទ្យដែលភាគច្រើនជាប្រតិបត្តិករ(Operators)មន្ទីរពិសោធ ។ ដោយហេតុតែកិច្ចការនោះពាក់ព័ន្ធនឹងស្ថាប័នចម្រុះហើយតម្រូវឲ្យមានការបន់បែនទៅតាមស្ថានភាពនៃស្ថាប័ននីមួយៗ គណកម្មាធិការសម្រេចមិនប្រើពាក្យយុទ្ធសាស្ត្រទេ ដោយយកពាក្យ Roadmap ឬ គោលការណ៍កំណត់គោលដៅ នេះមកជំនួសវិញ ។ មូលហេតុដែលគេប្រើពាក្យ គោលការណ៍កំណត់គោលដៅ ត្បិតវាមិនសូវតឹងរឹងដូចយុទ្ធសាស្ត្រ ។ វាអនុញាតិឲ្យអ្នកអនុវត្តបត់បែនទៅតាមកាលៈទេសៈ ។ អ្វីដែលជាកត្តាកត់សម្គាល់គឺថា គោលការណ៍កំណត់គោលដៅ មានសណ្ឋានស្រដៀងគ្នានឹងយុទ្ធសាស្ត្រដែរ ។ នៅដើមទសវត្សឆ្នាំ ២០០០ ពាក្យ Roadmap ត្រូវបានប្រធានាធិតីអាមេរិកយកមកប្រើក្នុងវិស័យនយោបាយនិងអភិបាលកិច្ច ហើយក៏ត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅក្នុងពិភពលោករហូតលេចឮដល់ប្រទេសកម្ពុជាដែលយកពាក្យនេះមកធ្វើជាចំណងជើងនៅក្នុងកម្មវិធីយុទ្ធនាការអប់រំ ។ អ្វីដែលធ្វើឲ្យខ្ញុំនៅមិនសុខពាក់ព័ន្ធនឹងពាក្យ Roadmap ឬផែនទីបង្ហាញផ្លូវនេះ គឺថា ក្រសួងអប់រំខ្មែរគួរណាស់តែធ្វើកិច្ចការនេះឲ្យបានមធ្យ័តបន្តិច ។ មុននឹងបកប្រែពាក្យនេះយកជាផ្លូវការ គេមិនចាំបាច់បញ្ជូនបុគ្គលិកទៅសិក្សាស្វែងយល់ដល់ វិជ្ជាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិកទេ គេគ្រាន់តែស្រាវជ្រាវនៅក្នុង ហ្គូហ្គល Google ក៏អាចដឹងថាពាក្យនេះមិនពាក់ព័ន្ធនឹងផែនទី ឬក៏ផ្លូវដែរ (Tongue in cheek) ។ សម្រាប់អ្នកដែលចេះភាសាអង់គ្លេសហើយចង់ដឹងអត្ថន័យពិស្តារនៃពាក្យនេះ អ្នកអាចសរសេរពាក្យ៖ roadmap in education នៅក្នុងប្រព័ន្ធ Search របស់ Google ហើយអានការពណ៌នានានានៅក្នុងនោះ ៕

No comments:

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...