Thursday, November 28, 2019
ចំណីខួរក្បាល
កម្ម ឬ សកម្មភាព (Action)
ខ្ញុំមិនធ្លាប់បានបួសក្នុងព្រះពុទ្ធសាសនាឬក៏សិក្សាពុទ្ធវចនបានជ្រៅជ្រះទេ ។ ក៏ប៉ុន្តែជាមនុស្សដែលជាប់ចិត្តនិងការទូន្មានរបស់ព្រះពុទ្ធ ។ តាមការយល់ដឹងរបស់ខ្ញុំ កម្ម ឬសកម្មភាពមានបីប្រភេទគឺកម្មដែលប្រព្រឹត្តិដោយ កាយ វាចា និង ចិត្ត ។ បើនិយាយអំពីកម្មនេះទៀត វាផ្តល់ផល (លទ្ធផល or Results) ពីរយ៉ាងគឺ កុសល និង អកុសល ។ កុសលបានដល់នូវសេចក្តីត្រេកត្រអាលនៃអ្នកប្រព្រឹត្តិនិងអ្នកដែលមិនបានប្រព្រឹត្តិ ។ អកុសលបានដល់កម្មណាដែលធ្វើឲ្យអ្នកដទៃឬក៏ខ្លួនឯងរងទុក្ខ ។ អ្នកដែលបង្កឲ្យមានសេចក្តីទុក្ខនេះកើតឡើង ដោយផ្លូវកាយក្តី វាចាក្តី ចិត្តក្តី គឺត្រូវបានសន្មត់ថា បានសាងបាបកម្ម ។ បើពិនិត្យអំពីទំនាក់ទំនងរវាង កម្ម ផល និង បាប នេះ យើងឃើញថាវាមានសភាពត្រង់ភ្លឹងមិនពិបាកយល់ទេ ។ ក៏ប៉ុន្តែ ខ្ញុំហាក់ដូចជាមិនអាចទទួលយកបាននូវចំនុចបាបកម្មមួយដែលពាក់ព័ន្ធនឹងការប្រព្រឹត្តិដោយចិត្ត ។
កម្មដែលប្រព្រឹត្តិដោយចិត្តបានដល់ទង្វើណាដែលស្ថិតនៅក្នុងការគិតពិចារណារបស់បុគ្គល ។ កម្ម ឬសកម្មភាពដែលចាប់បដិសន្ធិនៅក្នុងចិត្តឬគំនិតនេះមិនមានរូបរាងជាក់លាក់ហើយក៏មិនអាចបង្កឲ្យមានផល (លទ្ធផល) ដែរ ប្រសិនបើបុគ្គលអ្នកគិតមិនបាននិយាយឬធ្វើសកម្មភាពអ្វីមួយដើម្បីបង្ហាញអំពីកម្មដែលស្តិតនៅក្នុងចិត្តនោះ ។ តើចិត្តកម្មដែលមិនបង្ហាញរូបរាងព្រមទាំងមិនបង្កឲ្យមានផលអាចចាត់ទុកថាជាកុសលកម្មឬអកុសលកម្មបានដែរទេ? និយាយមួយបែបទៀត តើមនុស្សដែលគិតនៅលើគន្លងផ្លូវអកុសលកម្ម អាចមានបាបដែរទេ? សម្រាប់ខ្ញុំ ខ្ញុំយល់ថា មិនអាចមានបាបទេ ត្បិតកម្មនៅក្នុងចិត្តនេះជាប្រភេទកម្មអរូបិយ (Non-manifested action) ។ ឧទាហរណ៍ ដោយសារតែអំណាចនៃកាមដែលជាបាតុភូតធម្មជាតិ ព្រះសង្ឃមួយអង្គគិតចង់សេពមេថុន ប៉ុន្តែព្រះអង្គមិនបានប្រព្រឹត្តិហើយក៏មិនបាននិយាយឬក៏បញ្ចេញកាយវិការឲ្យនរណាម្នាក់ដឹងទេ ។ ដូចគ្នាដែរ ខ្ញុំចង់ប្រលោមលួងលោមភរិយារបស់មិត្តភក្តិខ្ញុំ ប៉ុន្តែមិនប្រព្រឹត្តិទេ ត្បិតវាជាអំពើថោកទាប ។ ទាំងខ្ញុំ ទាំងព្រះសង្ឃលុះក្នុងកាម សុទ្ធតែអាចគ្រប់គ្រងនិងបង្ក្រាបអកុសលកម្មក្នុងចិត្តបានជាប់លាប់ដូចគ្នា ប្រៀបដូចជាអាជ្ញាធរចាប់ឧក្រិតជនដាក់ច្រវាក់ហើយឃុំក្នុងគុកដូច្នោះដែរ ។ ឧក្រិតជនដែលជាប់ច្រវាក់នៅក្នុងគុក មិនអាចមានសេរីភាពប្រព្រឹត្តិបទល្មើសនៅក្រៅគុកបានទេ ។ ដូចគ្នាដែរ ចិត្តដែលត្រូវបានឃុំគ្រងដោយបុគ្គលជាប់លាប់ មិនអាចសាងបាបកម្មក្រៅខ្លួនបុគ្គលបានឡើយ ។ នេះជាការយល់ឃើញរបស់ខ្ញុំ ។ ខ្ញុំអាចយល់ខុស ។ ប៉ុន្តែ ដើម្បីឲ្យខ្ញុំខុសអស់ចិត្ត មិត្តអ្នកអានអាចជួយកែតម្រូវបំភ្លឺខ្ញុំនៅក្នុងទំព័របញ្ចេញមតិ ៕
Monday, November 25, 2019
ចំណីខួរក្បាល
សមត្ថភាព (Capability)
កូនប្រុសខ្ញុំ សរសេរអក្សរក្រវេមក្រវាមអាក្រក់ជាងក្តាមវារ ហើយមិនត្រង់បន្ទាត់ទៀតផង ។ យើងខ្វល់ខ្វាយណាស់ថា វាប្រហែលជាគ្មានសមត្ថភាពសរសេរអក្សរបានល្អត្រឹមត្រូវដូចគេទេ ។ តើអ្វីទៅជាកត្តាវាស់វែងសមត្ថភាពរបស់មនុស្ស? អាចធ្វើអ្វីមួយបានដូចគេឯងឬប្រសើរជាងអ្នកដទៃ ឬក៏អាចបត់បែនតាមរបត់ជីវិត? នៅពេលមនុស្សទូទៅនិយាយអំពីសមត្ថភាព យើងតែងភ្ជាប់ប្រការនេះទៅនឹងជោគជ័យក្នុងការធ្វើអ្វីមួយ ។ នៅពេលសិស្សនិស្សិតប្រឡងធ្លាក់ ឬរៀនមិនដល់គោលដៅ យើងនិងបុគ្គលទាំងនោះជាទូទៅទទួលស្គាល់ថា អសមត្ថភាព ។ នៅពេលប្រធានស្តីទីគណបក្សសង្គ្រោះជាតិព្យាយាមចូលស្រុកខ្មែរមិនបានសម្រេចនៅថ្ងៃទី ៩ វិច្ឆិកា យើងក៏ចាត់ទុកថា គាត់អសមត្ថភាព ។ ប៉ុន្តែ បើយើងពិនិត្យមើលឲ្យជាក់លាក់ ករណីបរាជ័យទាំងនេះ គឺពាក់ព័ន្ធនឹងកត្តាខាងក្រៅផងដែរ មិនមែនអាស្រ័យនៅលើសមត្ថភាពរបស់បុគ្គលមនុស្សទាំងស្រុងឡើយ ។
សម្រាប់ខ្ញុំ សមត្ថភាព គឺជាសភាវដែលមិនអាចយកអ្វីទៅកំណត់បានឡើយ ។ មូលហេតុដែលខ្ញុំអះអាងដូច្នេះ ពីព្រោះមនុស្សគ្រប់ៗរូបកើតមកមានភាពពិការញាណ (Learning Disability) ។ យើងមិនអាចដឹងទេ ថាតើយើងមានសមត្ថភាពឬគ្មានសមត្ថភាពដរាបណាមិនទាន់បានឆ្លងកាត់ទង្វើអ្វីមួយ ។ បន្ទាប់ពីបានធ្វើអ្វីមួយហើយបរាជ័យ ប្រការនេះក៏មិនអាចសន្មត់ថាអសមត្ថភាពដែរ ដរាបណាជីវិតមិនទាន់ផុតរលត់ ។ និយាយរួម សមត្ថភាពនិងជីវិតគឺវាស្ថិតនៅជាមួយគ្នា ។ បើយើងគិតថា សមត្ថភាពនិងជីវិតស្ថិតនៅជាមួយគ្នា តើយើងអាចសន្មត់ថាអ្នកសុំទានតាមចិញ្ចើមផ្លូវដែលអាចរកចំណីមកផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃបាន ជាមនុស្សមានសមត្ថភាពដូចមហាសេដ្ឋីដែលមានលុយវាល់លានដែរទេ? ដូចគ្នាដែរ ជនផ្តាច់ការដែលប្រើល្បិចពិសពុលនិងទង្វើគម្រក់ថោកទាបគ្រប់បែបយ៉ាងដើម្បីបំផ្លាញអ្នកដទៃកុំឲ្យមានឱកាសផ្លាស់ប្តូរតំណែងរបស់ខ្លួនបាន តើយើងអាចចាត់ទុកមនុស្សប្រភេទនេះ ថាមានសមត្ថភាពដែរទេ? អ្នកអានប្រហែលជាឆ្ងល់ថាតើហេតុអ្វីក៏ខ្ញុំលើកយកសំណួរប្រៀបធៀបរបៀបឡប់ៗនេះមកសួរ ។ តាមពិតខ្ញុំចង់បង្ហាញនូវរូបភាពមួយពាក់ព័ន្ធនឹងសមត្ថភាព ។ រូបភាពនោះគឺ ឈ្នះ ។ អ្នកសុំទានគាត់មានសមត្ថភាពយកឈ្នះការស្រេកឃ្លាន ។ មហាសេដ្ឋីមានលុយវាល់លានឈ្នះភាពក្រីក្រ ។ ឯជនផ្តាច់ការឈ្នះការខ្សត់អំណាច ។ ថ្វីត្បិតតែការឈ្នះទាំងបីនេះមិនដូចគ្នាមែន ប៉ុន្តែវាបានបង្ហាញអំពីអត្ថន័យខ្លឹមសារនៃសមត្ថភាព ។ នេះមិនមែនមានន័យថា ឈ្នះ ជាកត្តាបញ្ជាក់អំពីសមត្ថភាពនោះទេ ។ វាគ្រាន់តែជាផ្នែកមួយនៃសមត្ថភាពប៉ុណ្ណោះ ។ និយាយរួម យើងប្រហែលជាមិនអាចរកអ្វីមកធ្វើជាតឹកតាងជាក់លាក់ដើម្បីបញ្ជាក់អំពី សមត្ថភាព បានឡើយ ។ ប៉ុន្តែ ប្រសិនបើយើងយក ឈ្នះ មកធ្វើជាគោល នោះយើងអាចសន្មត់ថា សមត្ថភាព គឺសំដៅដល់ជ័យជម្នះដែលមានការឈ្នះខ្លួនឯងជានិយាម ឬ ស្តង់ដារ (Standard) ។
សមត្ថភាព = ឈ្នះ
ឈ្នះខ្លះបវរ ឈ្នះខ្លះមិនល្អ គម្រក់ថោកទាប
តែឈ្នះទាំងអស់ មិនអាចប្រៀបធៀប ឈ្នះឥតគូប្រៀប
គឺឈ្នះខ្លួនឯង ៕
Thursday, November 21, 2019
ចំណីខួរក្បាល
ធានារ៉ាប់រង (Insurance)
មនុស្សរស់នៅក្នុងប្រទេសជឿនលឿនជាច្រើនទិញធានារ៉ាប់រង (Insurance) ដើម្បីការពារគ្រោះមហន្តរាយដែលអាចកើតមានជាយថាហេតុ ។ ធានារ៉ាប់រងដែលលេចធ្លោជាងគេចំនួនបីគឺ សុខភាព រថយន្ត និង ជីវិត ។ នៅសហរដ្ឋអាមេរិក ក្នុងចំណោមធានារ៉ាប់រងទាំងបីនេះ ធានារ៉ាប់រងរថយន្តត្រូវបានកំហិតដោយច្បាប់ ។ ឯសុខភាពនិងជីវិតគឺជាជម្រើសផ្ទាល់ខ្លួន (ទិញក៏បានមិនទិញក៏បាន) បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ ត្រាំ អនុញាតឲ្យពលរដ្ឋដកខ្លួនចេញពីកាតព្វកិច្ចទិញធានារ៉ាប់រងសុខភាព (Opt-out) ។ តាមយោបល់របស់អ្នកឯកទេសខាងអាយុជីវិត ធានារ៉ាប់រងជីវិតគឺមិនគួរទិញទាល់តែសោះ ព្រោះថាការស្លាប់មុនអាយុកាលនោះកម្រនឹងកើតមានណាស់ ។ ដូច្នេះ នៅពេលដែលយើងទិញធានារ៉ាប់រងជីវិត គឺយើងយកលុយទៅឲ្យគេច្រើនលើសពីអ្វីដែលយើងត្រូវការសម្រាប់ទិញដីកប់ខ្មោចឬក៏ជួលប៉ាឆាដុតសព្វរាប់សិបដងប្រសិនបើយើងរស់ដល់ចាស់ព្រេងចាស់ព្រឹទ្ធិ ។ ចំណែកធានារ៉ាប់រង រថយន្តនិងសុខភាព យើងគួរសង្កេតមើលថាតើវាផ្តល់កំហាតនិងចំណេញដល់យើងរបៀបណា ។
បើយើងសង្កេតមើលឲ្យល្អិតល្អន់បន្តិច ធានារ៉ាប់រងរថយន្តនិងសុខភាពផ្តល់ផលចំណេញឲ្យអ្នកវិនិយោគ (Return on Investment, ROI) តិចតួចស្តួចស្តើងណាស់ ។ មនុស្សទូទៅមិនសូវមានបញ្ហាសុខភាពទេ ប្រសិនបើយើងកើតមកគ្មានរោគរ៉ាំរ៉ៃពីកំណើតហើយចេះថែរក្សាសុខភាពតាមក្រិតក្រម ។ ដូច្នេះ ចាប់ពីថ្ងៃដែលមនុស្សកើតមករហូតដល់អាយុ៦០ឆ្នាំ (រយៈពេល៦០ឆ្នាំ) យើងហាក់ដូចជាមិនត្រូវការព្យាបាលរោគអ្វីធំដុំឡើយ ។ ជាការពិតណាស់ ស្ត្រីភេទដែលមានផ្ទៃពោះត្រូវការការគាំពារនិងទារកត្រូវការចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺផងដែរ ។ ប៉ុន្តែ ករណីនេះជារឿងបន្ទាប់បន្សំ នៅពេលដែលយើងយកការចំណាយទាំងនេះទៅប្រៀបធៀបនឹងការចំណាយលើធានារ៉ាប់រងសុខភាព ។
នៅសហរដ្ឋអាមេរិក មនុស្សដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅអាចទិញធានារ៉ាប់រងសុខភាពអំពីរដ្ឋដែលជាកម្មវិធីធូថ្លៃជាងគេ ។ ខ្ទង់ចំណាយសម្រាប់មនុស្សម្នាក់គឺចន្លោះពី ១៥០ដុល្លារទៅ ៣០០ដុល្លារក្នុងមួយខែ ។ បើទិញជាកញ្ចប់លក្ខណៈគ្រួសារដែលមានគ្នា៤នាក់ (ប្តីប្រពន្ធនិងកូនពីរនាក់) គឺត្រូវចំណាយចន្លោះពី ៥០០ទៅ៧០០ដុល្លារ ក្នុងមួយខែ ។ (សម្រាប់អ្នកដែលទិញតាមរយៈនិយោជក Employer វាជារឿងមួយផ្សេងទៀត) ។ ដូច្នេះ ក្នុងមួយឆ្នាំគ្រួសារមួយត្រូវចំណាយយ៉ាងហោចណាស់ ៦០០០ដុល្លារ ។ រយៈពេល២០ឆ្នាំត្រូវចំណាយ ១២០០០០ដុល្លារ ។
ក្រឡេកមើលមកតម្រូវការសុខភាពរបស់មនុស្សម្នាក់ៗវិញម្តង ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំដែលជាមនុស្សមានសុខភាពធម្មតាដូចមនុស្សទូទៅ រយៈពេល៣០ឆ្នាំកន្លងទៅនេះ ខ្ញុំហាក់ដូចជាអត់ត្រូវការប្រើសេវាសុខភាពជាដុំកំភួនឡើយ ។ ខ្ញុំកម្រនឹងទៅពិនិត្យសុខភាពណាស់ ទោះបីជាខ្ញុំបានទិញធានារ៉ាប់រងសុខភាពនិងបង់ប្រាក់ជាប្រចាំក៏ដោយ ។ មូលហេតុគឺខ្ញុំអត់មានរោគសញ្ញាជំងឺតម្កាត់អ្វីកើតឡើង ។ នៅពេលខ្ញុំមានអាយុ៤០ឆ្នាំ ខ្ញុំចាប់ផ្តើទៅពិនិត្យសុខភាពមួយឆ្នាំ ឬក៏ពីរបីឆ្នាំម្តង ។ លទ្ធផលគឺសុខភាពខ្ញុំគ្មានអ្វីប្រែប្រួលជាដុំកំភួនឡើយ ក្រៅតែអំពីការវិវត្តន៍ពីយុវវ័យ ទៅមជ្ឈឹមវ័យ ។ បច្ចុប្បន្ន ខ្ញុំអាយុជាង៥០ហើយ ។ ក្រៅអំពីចំណាយពេលទៅជួបពេទ្យ១ឆ្នាំម្តង ខ្លួនខ្ញុំហាក់ដូចជាគ្មានអ្វីត្រូវជួសជុលទេ ។ ដើម្បីថែទាំសុខភាព គ្រូពេទ្យបានណែនាំខ្ញុំឲ្យហាត់ប្រាណជាប្រចាំនិងកុំជក់បារីនិងទទួលទានសុរា ។ ចំណុចទាំងនេះ ខ្ញុំដឹងមុនពេទ្យប្រាប់ខ្ញុំទៅទៀត ហើយក៏បានអនុវត្តិតាំងតែពីយុវវ័យមក ។ រយៈពេលជាង ៣០ឆ្នាំនេះ ខ្ញុំបានបង់ប្រាក់ទិញធានារ៉ាប់រងសុខភាពអស់ច្រើនគួរសមដែរ ។ នៅពេលយើងពិនិត្យឲ្យល្អិតបន្តិច ទិញធានារ៉ាប់រងជីវិតនិងសុខភាពគឺចំណាយលុយឥតប្រយោយជន៍ស្ទើរតែដូចគ្នា ។ នេះមិនមែនមានន័យថាយើងមិនខ្វល់អំពីសុខភាពនោះទេ ។ បើយើងមានសុខភាពមាំទាំធម្មតា យើងអាចទៅគ្លីនីកពិនិត្យសុខភាព ៥ឆ្នាំ ឬក៏១០ឆ្នាំម្តងក៏ល្មមការពារខ្លួនបានហើយ ។ អាយុ ៦០ឆ្នាំឡើងទៅ យើងអាចទៅពិនិត្យសុខភាព ១ឬ៣ឆ្នាំម្តងក៏ល្មមសមគួរដែរ ។ នៅពេលយើងមានអាយុចាប់ពី ៧៥ឆ្នាំឡើងទៅជរាពាធនិងមច្ចុរាជមកសួរសុខទុក្ខយើងរឿយៗហើយ ទោះខំរកពេទ្យហ្មមកជួយយ៉ាងណាក៏អត់ប្រយោជន៍ដែរ ។ កើត ចាស់ ជរា ស្លាប់ ព្រះពុទ្ធប្រាប់តាំងតែពីជាង ២៥០០ឆ្នាំមុនម្លេះ ។
ចំណែកធានារ៉ាប់រងរថយន្ត ការចំណាយក៏មានសណ្ឋានស្រដៀងគ្នាដែរ ។ រថយន្តប្រភេទ SUV ធម្មតាមួយគ្រឿង (Excluding Lexus, Audi, BMW, or Mercedes) គឺត្រូវចំណាយ ១០០ដុល្លារក្នុងមួយខែ ។ ដូច្នេះក្នុង១ឆ្នាំត្រូវចំណាយ ១២០០ដុល្លារ ។ ១០ឆ្នាំ ១២០០០ដុល្លារ ។ យោងបទពិសោធផ្ទាល់ខ្លួន រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ខ្ញុំបើកបរមិនដែលមានគ្រោះថ្នាក់អ្វីជាដុំកំភួនឡើយ ។ ជាទូទៅ អ្នកបើកបររថយន្តប្រុងប្រយ័ត្នណាស់ ។ ទោះបីអ្នកបើកបរឈ្លើយ (Aggressive drivers) ក៏ព្យាយាមការពារមិនឲ្យមានគ្រោះថ្នាក់ដែរ ។ គ្រួសារដែលមានឡានពីរឬបីគ្រឿង អាចគុណចំនួនឡាននឹងខ្ទង់ចំណាយប្រចាំឆ្នាំ ហើយគុណនឹងចំនួនឆ្នាំដែលបានប្រើ យើងអាចមើលឃើញនូវទំហំទឹកប្រាក់ដែលត្រូវបានចំណាយដោយគ្មានបានទទួលសារប្រយោជន៍មកវិញនេះ ។
សព្វថ្ងៃនេះ ប្រទេសកម្ពុជាកំពុងតែដើរឆ្ពោះទៅរកការប្រើប្រាស់សេវាធានារ៉ាប់រងជាបណ្តើៗហើយ ។ ពលរដ្ឋខ្មែរមួយចំនួនចាប់ផ្តើមប្រើប្រាស់សេវាធានារ៉ាប់រងដើម្បីការពារហានិភ័យនានាដែលអាចកើតមានជាយថាហេតុ ។ ប្រការនេះ សម្រាប់អ្នកដែលមានចំណូលប្រាក់កាក់ចាយមិនអស់ វាមិនថ្វីទេ ។ ប៉ុន្តែ សម្រាប់អ្នកដែលមិនសូវសម្បូរប្រាក់ អត្ថបទនេះអាចជាចំណុចបំភ្លឺខ្លះៗមុននឹងធ្វើការសម្រេចចិត្តថាតើគួរទិញធានារ៉ាប់រង ឬពុំគួរ ៕
Friday, November 15, 2019
ចំណីខួរក្បាល
សច្ចភាពរបស់របបផ្តាច់ការ (The Truth about Tyrannical Regime)
ខ្ញុំមានមិត្តម្នាក់ដែលជាកូនរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ។ កាលគាត់មករៀនកម្រិតមហាបរិញ្ញា (PhD) នៅសហរដ្ឋអាមេរិក ខ្ញុំនិងគាត់រស់នៅជាមួយគ្នា ញ៉ាំបាយជាមួយគ្នា និងដាក់វេនគ្នាលាងចានឆ្នាំងជាប្រចាំ ។ ក្នុងនាមជាអ្នកសិក្សានិងជាកុមារដែលចម្រើនវ័យនៅក្នុងសម័យ ប៉ុល ពត យើងតែងតែជជែកគ្នាជារឿយៗអំពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្នត់គំនិតកុម្មុយនិស្តដែលជាកត្តាបំផ្លាញប្រទេសខ្មែរ និង សង្គមខ្មែរ ឲ្យហិនហោចខ្លោចផ្សារហូតដល់សព្វថ្ងៃ ។ ខ្ញុំនិងមិត្តខ្ញុំសុទ្ធតែជាអ្នកធ្លាប់បានសិក្សាលទ្ធិកុម្មុយនិស្តសុីជម្រៅ ។ មិត្តខ្ញុំសិក្សាលទ្ធិកុម្មុនិស្តនៅក្នុងប្រទេសកុម្មុយនិស្ត ។ ឯខ្ញុំសិក្សាលទ្ធិកុម្មុយនិស្តនៅក្នុងប្រទេសលោកសេរីគឺ សហរដ្ឋអាមេរិក ។ គួរកត់សម្គាល់ថា សាលានៅសហរដ្ឋអាមេរិកដូចជាគ្មានកម្មវិធីសិក្សា (Course) អំពីលទ្ធិកុម្មុយនិស្តទេ ។ ប៉ុន្តែ នៅក្នុងកម្មវិធីសិក្សាមួយឈ្មោះ មនោគមវិទ្យានយោបាយ លោកគ្រូខ្ញុំបានយកលទ្ធិកម្មុយនិស្តមកពន្យល់យ៉ាងល្អិតល្អន់ ។
នៅក្នុងការជជែកគ្នាមួយរវាងមិត្តខ្ញុំនិងខ្ញុំ មិត្តខ្ញុំបានប្រាប់ខ្ញុំអំពីចំណុចដ៏សំខាន់មួយរបស់រដ្ឋាភិបាល ឬរបបគ្រុបគ្រងដែលបណ្តុះបណ្តាល ឬក៏លូតលាស់ចេញមកពីលទ្ធិកុម្មុយនិស្ត ។ ជាទូទៅ ជនផ្តាច់ការដែលអនុវត្តិតាមគោលការណ៍កុម្មុយនិស្ត យុទ្ធសាស្ត្រនយោបាយជាក់លាក់ដែលយើងអាចកត់សម្គាល់បានគឺ៖
១) នៅក្នុងការចរចារកដំណោះស្រាយនយោបាយណាមួយ មិនថាជាមួយគូបដិបក្សបរទេស ឬក៏ខ្មែរគ្នាឯងឡើយ គឺត្រូវដាក់លក្ខខណ្ឌឬការទាមទារឲ្យច្រើនលើសលុប ។ នៅពេលលទ្ធផលចេញជារូបរាង វានឹងបង្ហាញថា ភាគីដែលជាសាវ័កកុម្មុយនិស្តនោះ បានបរិច្ចាគឬក៏លះបង់ការទាមទាររបស់ខ្លួនអស់ច្រើនសន្ធឹកសន្ធាប់ណាស់ ។ ប៉ុន្តែធាតុពិត ពួកគេគ្មានបាត់បង់អ្វីជាដុំកំភួនឡើយ ។
២) នៅពេលប្រឈមនឹងទណ្ឌកម្មអ្វីមួយ ក្នុងវិស័យសឹកសង្គ្រាមក្តី សេដ្ឋកិច្ចក្តី ជាមួយនឹងគូបដិបក្សបរទេសក្តី ខ្មែរគ្នាឯងក្តី គឺត្រូវរក្សាជំហររឹងបុឹងដាច់ខាត រហូតដល់វិនាទីចុងក្រោយ ។ បើមើលទៅស្ថានការណ៍មិនអំណោយផល និងដើរដល់ចំណុចទាល់ច្រកហើយ ធ្វើសម្បទានឬក៏បំពេញបំណងឲ្យអ្នកទាមទារ បន្តិចម្តងៗជាជំហានៗយឺតដូចអណ្តើកវារអញ្ចឹង ។ អូសក្រឡាទៅដល់ត្រឹមណាដែលអ្នកទាមទារស្ងាត់មាត់ (Minimal satisfaction) គឺត្រូវឈប់ត្រឹមនោះ ។ បន្ទាប់មក រកមធ្យោបាយគេចពីកាតព្វកិច្ច ឬក៏ការសន្យា ។
ក្រឡេកមើលមកព្រឹត្តិការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន កំណត់សម្គាល់របស់មិត្តខ្ញុំកំពុងស្តែងចេញមកច្បាស់ដូចពន្លឺថ្ងៃ ។ ជំហានទីមួយរបស់គណបក្សប្រជាជនគឺដោះលែងលោក កឹម សុខា ឲ្យដើរក្រៅរបងផ្ទះបាន ប៉ុន្តែមិនឲ្យដើរចេញក្រៅរបងព្រុំដែនខ្មែរទេ ។ កឹម សុខា អាចជួបអ្នកគាំទ្រនិងសមាជីកបក្ស ប៉ុន្តែមិនអាចធ្វើនយោបាយទេ ។ បន្ទាប់ពីឈានដើរពីរជំហានអណ្តើកនេះ គេនឹងរង់ចាំប្រតិកម្មចេញអំពីសហគមអឺរ៉ុបនិងសហរដ្ឋអាមេរិក ជាពិសេសរឿងដែលពាក់ព័ន្ធនឹងពន្ធទំនិញ (EBA and GSP) ។ ករណីនេះ សហគមអឺរ៉ុបអាចពន្យាពេលសម្រេចចិត្ត ឬក៏ព្យួរការអនុគ្រោះពន្ធមួយរយៈដើម្បីទុកឱកាសឲ្យរដ្ឋាភិបាលកម្ពុជាបន្តជំហានបើកលម្ហនយោបាយទៅមុខទៀត ។ ជំហានបន្តគឺផ្តល់សិទ្ធិឲ្យ កឹម សុខាធ្វើនយោបាយ ប៉ុន្តែមិនផ្តល់សិទ្ធិឲ្យ សម រង្សីនិងបក្សពួកទេ ។ បើដើរដល់ចំណុចនេះហើយ នៅមិនទាន់ទទួលបានការយល់ព្រមពីភាគីដែលទាមទារ គេអាចនឹងបន្តផ្តល់សិទ្ធិធ្វើនយោបាយឲ្យសមាជិកបក្សសង្គ្រោះជាតិដទៃទៀត ប៉ុន្តែមិនអាចទៅដល់ចំណុចដែល កឹម សុខា និង សម រង្សី អាចរួបរួមគ្នាជាធ្លុងមួយវិញបានឡើយ ។ ការធ្វើសម្បទាននេះ នឹងបន្តអូសក្រឡាទៅមុខយឺតៗទៀតប្រសិនបើភាគីពាក់ព័ន្ធនៅមិនទាន់ឈានដល់ចំណុចដែលអាចទទួលយកបាន ។ តស់! រង់ចាំមើលទាំងអស់គ្នា ៕
Friday, November 1, 2019
ចំណីខួរក្បាល
វិញ្ញាណសិប្បនិម្មិត (AI, Artificial Intelligence)
រ៉ូបូត ឬមនុស្សយន្ត ត្រូវបានគេបង្កើតឲ្យធ្វើកិច្ចការជាច្រើនជំនួសមនុស្ស ។ បច្ចុប្បន្ន អ្នកប្រាជ្ញនិងអ្នកជំនួញក្នុងវិស័យបច្ចេកវិជ្ជានៅក្នុងប្រទេសជឿនលឿនជាច្រើនហាក់ដូចជាកំពុងប្រកួតប្រជែញគ្នាបង្កើតខួរក្បាលសិប្បនិម្មិតសម្រាប់គិតជំនួសមនុស្ស ។ វាជាកិច្ចការមួយដែលគេកំពុងធ្វើនិងលេចចេញជារូបភាពបណ្តើរៗហើយ ។ យន្តហោះដែលមនុស្សធ្វើដំណើរឆ្លងទ្វីបសព្វថ្ងៃនេះ វាហោះហើរដោយខ្លួនវាទេ ។ ឯអ្នកបើកបរ (Pilots) គ្រាន់តែអង្គុយមើលប្រក្រតីភាពដំណើរការនៃគ្រឿងចក្រនិងកាច់ចង្កូតបញ្ជានាពេលឡើងនិងចុះចតតែប៉ុណ្ណោះ ។ ចំណែករថយន្តមួយចំនួនក៏វាអាចបើកបរដោយខ្លួនវាបានដែរ បន្ទាប់ពីមនុស្សបញ្ឆេះម៉ាសុីននិងដាក់លេខបញ្ជាវា ។
អ្វីដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ មិនមែនយានយន្តទេ គឺខួរក្បាលដែលត្រូវបានមាសុីនចូលមកដើរតួនាទីជំនួស ។ យើងមិនដឹងថាវាជារឿងល្អឬអាក្រក់សម្រាប់មនុស្សលោកទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះ យើងកំពុងតែដើរទៅកាន់យុគមួយ ។ នៅតាមស្ថាប័នមួយចំនួនក្នុងប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក គេឈប់ប្រើក្រដាសនិងប៊ិកសម្រាប់ចុះឈ្មោះឬបំពេញបែបបទទៀតហើយ ។ ដូច្នេះ ការសរសេរអក្សរដៃក៏ប្រហែលជាត្រូវផុតរលត់នៅគ្រាដ៏ខ្លីខាងមុខនេះ ។ ឧប្បករណ៍មួយដែលគេកំពុងប្រើជំនួសក្រដាសនិងប៊ិកសព្វថ្ងៃនេះគឺ ថេបឡិត (Tablet) ដែលមានសណ្ឋានស្រដៀងគ្នានឹងទូរសព្ទដៃដែរ គ្រាន់តែធំជាងបន្តិច ។ គឺថេបឡិតនេះហើយដែលនឹងចូលមកគិតនិងដើរតួជំនួសខួរក្បាលមនុស្ស ។
នៅក្នុងដំណើរប្រកបការងារគាំពារជីវិតរបស់ខ្ញុំ ខ្ញុំតែងបានជួបនិងអង្គុយស្តាប់ការវិភាគរបស់អ្នកប្រាជ្ញផ្នែកខាងវិញ្ញាណសិប្បនិម្មិតជារឿយៗ ។ ខ្ញុំសង្កេតឃើញថា វិញ្ញាណសិប្បនិម្មិតកំពុងតែត្រូវបានអភិវឌ្ឃលឿនជាងអ្វីដែលយើងអាចគិត ។ មនុស្សទូទៅប្រហែលជាគិតមិនដល់ទេថា នៅក្នុងរយៈពេល ១៥ ឬ ៣០ ឆ្នាំទៀត ថេបឡិតនឹងចូលមកគិតនិងធ្វើកិច្ចការជំនួសមនុស្សរាប់រយជំពូក ។ ឧទាហរណ៍មួយនៃកិច្ចការនេះគឺវិស័យសិក្សា ។ ខ្ញុំសូមទាយទុក (Predict) ជាមុនថា នាគ្រាអនាគត និស្សិតដែលរៀននៅវិទ្យាល័យនិងមហាវិទ្យាល័យមិនអំពល់ទុក្ខនឹងកិច្ចការសាលាដូចនិស្សិតសម័យមុនទេ ។ បើគេត្រូវការតែងសេចក្តី ឬសរសេរសារណាអំពីមុខវិជ្ជាអ្វីមួយនៅក្នុងភាសាណាឬក៏ប្រទេសណាក៏ដោយ គេគ្រាន់តែសរសេរ ចំណងជើង ដាក់គោលគំនិតដែលគេចង់បាន (Outlines) រួចហើយបញ្ជូនទៅឲ្យកម្មវិធីសរសេរ (Software) នៅក្នុងថេបឡិត វានឹងសរសេរឲ្យដោយស្វ័យប្រវត្តិ ។ កម្មវិធីនឹងរុករកឯកសារពាក់ព័ន្ធគ្រប់ច្រកល្ហកក្នុងប្រពន្ធ័ អុីនថឺណិត បកប្រែទៅជាភាសាដែលយើងចង់បាន រួចហើយចងក្រងជាអត្ថបទដែលមានឯកសារយោងឲ្យយើងមួយកំផ្លេតែម្តង ។ ឯមុខវិជ្ជាដទៃទៀតក៏ស្រដៀងគ្នាដែរ ។ យើងគ្រាន់តែបញ្ជូននូវអ្វីដែលជាសំណួរ ឬបញ្ហា (Problems) ទៅឲ្យកម្មវិធី វានឹងស្វែងរកចម្លើយ ឬដំណោះស្រាយឲ្យយើងដោយងាយ ។ ទោះជាយ៉ាងណាក៏ដោយ តួនាទីចុងក្រោយរបស់និស្សិតគឺត្រួតពិនិត្យសំណេរ ដើម្បីលុបឬដកនូវពាក្យពេចន៍ណាដែលអាជ្ញាធរហាមឃាត់ ប្រសិនបើយើងរស់នៅក្នុងប្រទេសដែលគ្មានសិទ្ធិសេរីភាពទូលំទូលាយ ។
នៅក្នុងកំរិតសិក្សាបឋម (K-12) យើងក៏ប្រហែលជាលែងត្រូវការ ក្រដាស ប៊ិក ខ្មៅដៃ ទៀតដែរ ។ កូនសិស្សម្នាក់ៗនឹងមានថេបឡិតរៀងខ្លួន ហើយអ្វីដែលពួកគេសិក្សាប្រចាំថ្ងៃនឹងត្រូវបានសន្សំទុក (Save) ដោយបែងចែកតាមថ្ងៃ ខែ និង ឆ្នាំ ។ ទាំងគ្រូ ទាំងអាណាព្យាបាលសិស្សអាចត្រួតពិនិត្យតាមដានការអភិវឌ្ឃន៍របស់សិស្សម្នាក់ៗនៅក្នុងថេបឡិតជាប្រចាំ ។ សម្រាប់ស្រុកខ្មែរដែលជាប្រទេសក្រីក្រមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិជ្ជាខ្ពង់ខ្ពស់នៅឡើយ យើងប្រហែលជាត្រូវការពេលវេលារាប់សិបឆ្នាំទៀត ដើម្បីឈោងចាប់ប្រព័ន្ធសិក្សាប្រភេទនេះ ។ ប៉ុន្តែ សម្រាប់ប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិក គេអាចនឹងរំកិលទៅកាន់ប្រព័ន្ធនោះបណ្តើរៗនៅពេលកម្មវិធីប្រើប្រាស់ (Software Development) ត្រូវបានបង្កើតរួចរាល់ ។
ថ្មីៗនេះ ខ្ញុំបានទៅកត់ត្រារបាយការណ៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្ឌិតសភាជាតិផ្នែកវិស្វកម្មរបស់សហរដ្ឋអាមេរិក ។ នៅក្នុងកិច្ចប្រជុំនោះ វាគ្មិនមួយរូបបានធ្វើបទបង្ហាញអំពីសាលាជំនាន់ថ្មី (មិនមែនសាលាជំនាន់ថ្មីដូចក្នុងស្រុកខ្មែរទេ) ។ និស្សិតនៅក្នុងសាលាជំនាន់ថ្មីនេះ សិក្សាដោយខ្លួនឯងជាក្រុមដែលមានគ្នាពីពីរទៅបួននាក់ ។ ការសិក្សាគ្មានលំដាប់លំដោយទេ ។ ក្រុមនិស្សិតជ្រើសរើសយកបញ្ហា ឬអ្វីដែលពួកគេចង់លើកយកមកពិភាក្សាចេញអំពីសៀវភៅមេរៀន (Textbook) ។ តួនាទីរបស់គ្រូនិងគ្រូជំនួយ (Upper classmates) គឺអង្គុយនៅមួយកន្លែងរង់ចាំទាល់តែមានក្រុមណាមួយហៅទៅពិគ្រោះយោបល់ទើបចូលទៅអង្គុយពិភាក្សាជាមួយក្រុមនោះ ។ បើគ្មានទេ ក៏គ្មានអ្វីដែលត្រូវទេសនា (Lecture) ដែរ ។ សាលាជំនាន់ថ្មីនេះ គ្មានការប្រឡង (Tests, Exams) ប្រចាំខែ ឬឆ្នាំទេ ។ គេជឿថា ការប្រឡងមិនមែនជារង្វាស់សម្រាប់វាស់សមត្ថភាពសិស្សឡើយ ។ ផ្ទុយមកវិញ វាធ្វើឲ្យសិស្សធ្លាក់ទឹកចិត្តនិងបាត់បង់សក្តានុពលនៅពេលដែលលទ្ធផលនៃការប្រឡងមិនសមប្រកប ។ បន្ទាប់ពីបានស្តាប់បទបង្ហាញនេះ ខ្ញុំនឹកទៅដល់អនុស្សាវរីយ៍សិក្សាកាលពីជាង ២៥ឆ្នាំមុន ។ ចាប់ពីពេលនោះមកដល់គ្រានេះ គំនិតនិងឧប្បករណ៍ទ្រទ្រង់ជីវិតជាច្រើន បានប្រែប្រួលឬរលត់រលាយ (Obsolete) ។ នៅពេលខ្ញុំចាប់ផ្តើមធ្វើការជាអ្នកកត់ត្រារបាយការណ៍នៅឆ្នាំ ១៩៩៦ ខ្ញុំប្រើប៊ិចនិងក្រដាសដើម្បីបំពេញការងារ ។ ពីរឆ្នាំបន្ទាប់មក ខ្ញុំចាប់ផ្តើមប្រើកំព្យូទ័រជំនួសប៊ិចនិងក្រដាសរហូតដល់ពេលបច្ចុប្បន្ន ។ ប្រសិនបើខ្ញុំអាចធ្វើកិច្ចការនេះនៅក្នុងរយៈពេល ១៥ទៅ២០ឆ្នាំទៀត ខ្ញុំជឿជាក់ថា ថេបឡិត នឹងចូលខ្លួនមកវាយអង្គុលីលេខជំនួសខ្ញុំជាក់ជាមិនខាន ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...