Friday, November 15, 2019

ចំណីខួរក្បាល

សច្ចភាពរបស់របបផ្តាច់ការ (The Truth about Tyrannical Regime) ខ្ញុំមានមិត្តម្នាក់ដែលជាកូនរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ។ កាលគាត់មករៀនកម្រិតមហាបរិញ្ញា (PhD) នៅសហរដ្ឋអាមេរិក ខ្ញុំនិងគាត់រស់នៅជាមួយគ្នា ញ៉ាំបាយជាមួយគ្នា និងដាក់វេនគ្នាលាងចានឆ្នាំងជាប្រចាំ ។ ក្នុងនាមជាអ្នកសិក្សានិងជាកុមារដែលចម្រើនវ័យនៅក្នុងសម័យ ប៉ុល ពត យើងតែងតែជជែកគ្នាជារឿយៗអំពីព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្នត់គំនិតកុម្មុយនិស្តដែលជាកត្តាបំផ្លាញប្រទេសខ្មែរ និង សង្គមខ្មែរ ឲ្យហិនហោចខ្លោចផ្សារហូតដល់សព្វថ្ងៃ ។ ខ្ញុំនិងមិត្តខ្ញុំសុទ្ធតែជាអ្នកធ្លាប់បានសិក្សាលទ្ធិកុម្មុយនិស្តសុីជម្រៅ ។ មិត្តខ្ញុំសិក្សាលទ្ធិកុម្មុនិស្តនៅក្នុងប្រទេសកុម្មុយនិស្ត ។ ឯខ្ញុំសិក្សាលទ្ធិកុម្មុយនិស្តនៅក្នុងប្រទេសលោកសេរីគឺ សហរដ្ឋអាមេរិក ។ គួរកត់សម្គាល់ថា សាលានៅសហរដ្ឋអាមេរិកដូចជាគ្មានកម្មវិធីសិក្សា (Course) អំពីលទ្ធិកុម្មុយនិស្តទេ ។ ប៉ុន្តែ នៅក្នុងកម្មវិធីសិក្សាមួយឈ្មោះ មនោគមវិទ្យានយោបាយ លោកគ្រូខ្ញុំបានយកលទ្ធិកម្មុយនិស្តមកពន្យល់យ៉ាងល្អិតល្អន់ ។ នៅក្នុងការជជែកគ្នាមួយរវាងមិត្តខ្ញុំនិងខ្ញុំ មិត្តខ្ញុំបានប្រាប់ខ្ញុំអំពីចំណុចដ៏សំខាន់មួយរបស់រដ្ឋាភិបាល ឬរបបគ្រុបគ្រងដែលបណ្តុះបណ្តាល ឬក៏លូតលាស់ចេញមកពីលទ្ធិកុម្មុយនិស្ត ។ ជាទូទៅ ជនផ្តាច់ការដែលអនុវត្តិតាមគោលការណ៍កុម្មុយនិស្ត យុទ្ធសាស្ត្រនយោបាយជាក់លាក់ដែលយើងអាចកត់សម្គាល់បានគឺ៖ ១) នៅក្នុងការចរចារកដំណោះស្រាយនយោបាយណាមួយ មិនថាជាមួយគូបដិបក្សបរទេស ឬក៏ខ្មែរគ្នាឯងឡើយ គឺត្រូវដាក់លក្ខខណ្ឌឬការទាមទារឲ្យច្រើនលើសលុប ។ នៅពេលលទ្ធផលចេញជារូបរាង វានឹងបង្ហាញថា ភាគីដែលជាសាវ័កកុម្មុយនិស្តនោះ បានបរិច្ចាគឬក៏លះបង់ការទាមទាររបស់ខ្លួនអស់ច្រើនសន្ធឹកសន្ធាប់ណាស់ ។ ប៉ុន្តែធាតុពិត ពួកគេគ្មានបាត់បង់អ្វីជាដុំកំភួនឡើយ ។ ២) នៅពេលប្រឈមនឹងទណ្ឌកម្មអ្វីមួយ ក្នុងវិស័យសឹកសង្គ្រាមក្តី សេដ្ឋកិច្ចក្តី ជាមួយនឹងគូបដិបក្សបរទេសក្តី ខ្មែរគ្នាឯងក្តី គឺត្រូវរក្សាជំហររឹងបុឹងដាច់ខាត រហូតដល់វិនាទីចុងក្រោយ ។ បើមើលទៅស្ថានការណ៍មិនអំណោយផល និងដើរដល់ចំណុចទាល់ច្រកហើយ ធ្វើសម្បទានឬក៏បំពេញបំណងឲ្យអ្នកទាមទារ បន្តិចម្តងៗជាជំហានៗយឺតដូចអណ្តើកវារអញ្ចឹង ។ អូសក្រឡាទៅដល់ត្រឹមណាដែលអ្នកទាមទារស្ងាត់មាត់ (Minimal satisfaction) គឺត្រូវឈប់ត្រឹមនោះ ។ បន្ទាប់មក រកមធ្យោបាយគេចពីកាតព្វកិច្ច ឬក៏ការសន្យា ។ ក្រឡេកមើលមកព្រឹត្តិការណ៍នយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន កំណត់សម្គាល់របស់មិត្តខ្ញុំកំពុងស្តែងចេញមកច្បាស់ដូចពន្លឺថ្ងៃ ។ ជំហានទីមួយរបស់គណបក្សប្រជាជនគឺដោះលែងលោក កឹម សុខា ឲ្យដើរក្រៅរបងផ្ទះបាន ប៉ុន្តែមិនឲ្យដើរចេញក្រៅរបងព្រុំដែនខ្មែរទេ ។ កឹម សុខា អាចជួបអ្នកគាំទ្រនិងសមាជីកបក្ស ប៉ុន្តែមិនអាចធ្វើនយោបាយទេ ។ បន្ទាប់ពីឈានដើរពីរជំហានអណ្តើកនេះ គេនឹងរង់ចាំប្រតិកម្មចេញអំពីសហគមអឺរ៉ុបនិងសហរដ្ឋអាមេរិក ជាពិសេសរឿងដែលពាក់ព័ន្ធនឹងពន្ធទំនិញ (EBA and GSP) ។ ករណីនេះ សហគមអឺរ៉ុបអាចពន្យាពេលសម្រេចចិត្ត ឬក៏ព្យួរការអនុគ្រោះពន្ធមួយរយៈដើម្បីទុកឱកាសឲ្យរដ្ឋាភិបាលកម្ពុជាបន្តជំហានបើកលម្ហនយោបាយទៅមុខទៀត ។ ជំហានបន្តគឺផ្តល់សិទ្ធិឲ្យ កឹម សុខាធ្វើនយោបាយ ប៉ុន្តែមិនផ្តល់សិទ្ធិឲ្យ សម រង្សីនិងបក្សពួកទេ ។ បើដើរដល់ចំណុចនេះហើយ នៅមិនទាន់ទទួលបានការយល់ព្រមពីភាគីដែលទាមទារ គេអាចនឹងបន្តផ្តល់សិទ្ធិធ្វើនយោបាយឲ្យសមាជិកបក្សសង្គ្រោះជាតិដទៃទៀត ប៉ុន្តែមិនអាចទៅដល់ចំណុចដែល កឹម សុខា និង សម រង្សី អាចរួបរួមគ្នាជាធ្លុងមួយវិញបានឡើយ ។ ការធ្វើសម្បទាននេះ នឹងបន្តអូសក្រឡាទៅមុខយឺតៗទៀតប្រសិនបើភាគីពាក់ព័ន្ធនៅមិនទាន់ឈានដល់ចំណុចដែលអាចទទួលយកបាន ។ តស់! រង់ចាំមើលទាំងអស់គ្នា ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...