Wednesday, September 18, 2019

ចំណីខួរក្បាល

ខុស និង ត្រូវ កាលពីជាង ២០ឆ្នាំមុន ខ្ញុំនឹងម្តាយខ្ញុំធ្លាប់មានទំនាស់ទស្សនៈដ៏ស្រួចស្រាល់មួយ ។ ទំនាស់នោះគឺពាក់ព័ន្ធនឹងទង្វើដែលមិនត្រឹមត្រូវ (នៅក្នុងគំនិតខ្ញុំ) ។ ម្តាយខ្ញុំបានសុំឲ្យខ្ញុំទៅរៀបការលើក្រដាសជាមួយនឹងក្មួយស្រីខ្ញុំនៅស្រុកខ្មែរ ដើម្បីអាចធានាយកនាងមករស់នៅសហរដ្ឋអាមេរិក ។ ខ្ញុំបានបដិសេធសំណើរគាត់ម្តងហើយម្តងទៀត ។ ប៉ុន្តែម្តាយខ្ញុំនៅតែព្យាយាមអង្វរកខ្ញុំជាច្រើនលើកច្រើនសា ។ ដោយធុញនឹងការព្យាយាមរបស់ម្តាយខ្ញុំខ្លាំងពេក ខ្ញុំបានរកឱកាសនិយាយជាមួយនឹងគាត់មួយទល់នឹងមួយដោយមិនឲ្យអ្នកណាម្នាក់ដឹងឮឡើយ ។ ខ្ញុំនិយាយមួយៗប្រកបដោយទឹកមុខមាំទៅកាន់ម្តាយខ្ញុំថា៖ ពេលម៉ែឲ្យខ្ញុំទៅរៀនតាំងតែពីតូចរហូតដល់ពេលនេះ គោលបំណងដ៏ធំបំផុតរបស់ម៉ែគឺចង់ឲ្យខ្ញុំស្គាល់ ខុស និង ត្រូវ ។ ទង្វើដែលម៉ែព្យាយាមឲ្យខ្ញុំធ្វើជាទង្វើខុស ។ ម៉ែក៏ដឹងខ្ញុំក៏ដឹង ។ បើយើងទាំងពីរនាក់ដឹងថាខុសដែរ ហេតុអ្វីក៏ម៉ែនៅតែបង្ខំខ្ញុំឲ្យប្រព្រឹត្តទង្វើនេះទៀត!! ម្តាយខ្ញុំមិននិយាយស្តីអ្វីឡើយ ។ ហើយគាត់ក៏ឈប់ជម្រុញខ្ញុំឲ្យរៀបការលើក្រដាសជាមួយនឹងក្មួយស្រីខ្ញុំដែរ ។ បន្ទាប់ពីទទួលការរិះគន់របស់ខ្ញុំ ម្តាយខ្ញុំហាក់ដូចជាផ្លាស់ប្តូរឥរិយាបថនៅក្នុងទំនាក់ទំនងជាមួយនឹងខ្ញុំ ។ គាត់មិនសូវនិយាយរកខ្ញុំទេ ប៉ុន្តែហាក់ដូចជាមានភាពជឿជាក់និងមោទកភាពលើខ្ញុំច្រើនជាងមុន ។ ម្តាយខ្ញុំតែងតែយករឿងរ៉ាវនិងបញ្ហាសំខាន់ៗជាច្រើនមកពិគ្រោះយោបល់ជាមួយខ្ញុំមុននឹងសម្រេចថាតើត្រូវធ្វើដូចម្តេច ។ ខ្ញុំមិនដឹងថាតើមានកត្តាអ្វីដែលជម្រុញឲ្យម្តាយមួយរូបដែលត្រូវបានកូនរិះគន់និងបដិសេធន៍មិនព្រមដើរតាមគំនិតរបស់ខ្លួនហើយ នៅមានចិត្តចង់ពិគ្រោះយោបល់ជាមួយនឹងកូននោះទៀត ។ វាប្រហែលជាស្ថិតនៅលើជម្លោះរបស់យើងដែលពាក់ព័ន្ធនឹងពាក្យ ខុស និង ត្រូវ នេះឯង ។ ខុស និង ត្រូវ ជាពាក្យ ឬគំនិតសាមញ្ញនិងងាយយល់ជាទីបំផុត ។ ប៉ុន្តែ នៅពេលដែលយើងយកវាមកអនុវត្តនៅក្នុងជីវិតជាក់ស្តែង វាបានក្លាយទៅជាប្រធានបទមួយដែលចាក់ដោតឆ្កិះឆ្កៀលសតិសម្បជញ្ញៈរបស់មនុស្សជាច្រើនឥតឈប់ឈរ ។ នៅក្នុងសង្គមខ្មែរសព្វថ្ងៃ យើងអាចនិយាយឲ្យខ្លីថាជាសង្គមមួយដែលពុករលួយ ។ ពុករលួយនៅទីនេះគឺយើងសំដៅដល់ការបាត់បង់សុភាវធម៌ផងដែរ (Moral Corruption) ។ នៅពេលដែលយើងរស់នៅក្នុងសង្គមប្រភេទនេះ ខុសនិងត្រូវ ត្រូវបានក្លាយទៅជាទស្សនៈ រឺឡាទីហ្វ (Relative Concept) ដែលគ្មានតម្លៃនិងខ្លឹមសារជាក់លាក់ឡើយ ។ វាប្រៀបដូចជាពាក្យអងគ្លេសមួយឃ្លាដែលនិយាយថា៖ Beauty is in the eye of the beholder (ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ) ។ សុភាវធម៌និងសង្គមខ្មែរបច្ចុប្បន្នគឺជាប្រធានបទដ៏រសើបមួយនៅក្នុងការពិភាក្សារក ខុស និង ត្រូវ ។ វាមិនខុសអំពីរឿងខ្ញុំនិងម្តាយខ្ញុំឡើយ ។ សំណួរតែមួយគត់ដែលយើងត្រូវរកចម្លើយគឺថា៖ តើអ្នកណាជាអ្នកសម្រេចថាទង្វើណាខុស និងទង្វើណាត្រូវ ។ សម្រាប់អ្នកដែលមិនចង់ប្រឈមនឹងភាពឈឺចាប់ ចម្លើយដ៏សមរម្យមួយគឺ៖ គប្បីទុករឿងនេះឲ្យបុគ្គលម្នាក់ៗជាអ្នកសម្រេច ។ ក៏ប៉ុន្តែ បុគ្គលទាំងអស់ (រាប់បញ្ចូលទាំងរូបខ្ញុំផង) ស្ថិតនៅក្រោមឥទ្ធិពលនៃតម្រូវការផ្ទាល់ខ្លួននិងគ្រួសារខ្លួន (Self-Interests) ។ គឺតម្រូវការផ្ទាល់ខ្លួននេះហើយដែលជម្រុញឲ្យបុគ្គលប្រព្រឹត្តិទង្វើនានារាប់បញ្ចូលទាំងទង្វើដែលខ្លួនដឹងដោយឥតមន្ទិលថា ខុស ផងដែរ ។ កាលពីជិតមួយទសវត្សកន្លងទៅ ខ្ញុំបានប្រឈមជាមួយនឹងបញ្ហា ខុស និង ត្រូវ ស្រដៀងគ្នានឹងរឿងដែលធ្វើឲ្យខ្ញុំនិងម្តាយខ្ញុំមានទំនាស់ទស្សនៈនឹងគ្នាដែរ ។ ប៉ុន្តែ គ្រានេះម្តាយខ្ញុំបានលាចាកលោកទៅហើយ ។ គាត់មិនមានវត្តមានសម្រាប់ឲ្យខ្ញុំយកបញ្ហានេះទៅពិគ្រោះជាមួយនឹងគាត់ទេ ។ រីឯអ្នកដែលបង្កឲ្យមាននិងត្រូវដោះស្រាយបញ្ហាគឺខ្ញុំខ្លួនឯង ។ បញ្ហា ខុស និង ត្រូវ ដែលខ្ញុំត្រូវដោះស្រាយនាគ្រានេះគឺការរៀបអាពាហ៍ពិពាហ៍រវាងអនិកជនខ្មែរនៅបរទេសនិងនារីខ្មែរនៅកម្ពុជា ។ ក្នុងនាមជាអនិកជនខ្មែរដែលរស់នៅបរទេស អជ្ញាធរខ្មែរតម្រូវឲ្យខ្ញុំបំពេញបែបបទជាច្រើនដើម្បីទទួលបានការអនុញាតរៀបការជាមួយនឹងនារីខ្មែរ ។ គូដណ្តឹងខ្ញុំជាមនុស្សមួយរូបដែលមានបទពិសោធជាក់លាក់ជាមួយនឹងប្រព័ន្ធការិយាធិបតេយ្យនៅស្រុកខ្មែរ ។ នាងបានគូសបញ្ជាក់ប្រាប់ខ្ញុំអំពីដំណាក់កាលនានាដែលយើងត្រូវឆ្លងកាត់មុននឹងអាចរៀបអាពាហ៍ពិពាហ៍បាន ។ វាមានភាពស្មុគស្មាញនិងប្រទាក់ក្រឡាគ្នាដូចមងជំពាក់ ។ នៅចុងបញ្ចប់គូដណ្តឹងខ្ញុំប្រាប់ខ្ញុំថា ដើម្បីទទួលបានលិខិតអនុញាតចេញពីគ្រប់ក្រសួងពាក់ព័ន្ធ យើងត្រូវបង់ប្រាក់ទាំងក្នុងផ្លូវការនិងក្រៅផ្លូវការចំនួន ១២០០ដុល្លារ ។ យើងមានជម្រើសពីរ៖ ទីមួយគឺយកប្រាក់ ១២០០ដុល្លារទៅឲ្យមន្ត្រីមួយរូបនៅក្នុងក្រសួងមហាផ្ទៃឲ្យជួយសម្រួលកិច្ចការមួយចំនួនធំ ។ ទីពីរគឺយើងបង់ប្រាក់តាមក្រសួងនិមួយៗដោយខ្លួនឯង ។ ជម្រើសទីមួយគឺជាជម្រើសដ៏ល្អនិងមានប្រសិទ្ធិភាពជាងគេ ។ សម្រាប់ខ្ញុំជម្រើសមួយណាក៏មិនល្អដែរ ព្រោះការបង់ប្រាក់ក្រៅផ្លូវការ ឬប្រព្រឹត្តិអំពើពុករលួយពាក់ព័ន្ធនឹងរឿង ខុស និង ត្រូវ ដែលខ្ញុំធ្លាប់ទាស់ជាមួយនឹងម្តាយខ្ញុំកាលពីអតីតកាល ។ លទ្ធផលនៃទំនាស់នេះបានធ្វើឲ្យម្តាយខ្ញុំមានមោទនភាពលើភាពរឹងបុឹងរបស់ខ្ញុំយ៉ាងខ្លាំង ។ ប៉ុន្តែ ពេលនេះ ភាពរឹងបុឹងរបស់ខ្ញុំកំពុងប្រឈមនឹងវិបត្តិដ៏ឃោរឃៅមួយ ។ ខ្ញុំចំណាយពេលពិភាក្សាជាមួយគូដណ្តឹងខ្ញុំជាច្រើនម៉ោងដើម្បីស្វែងរកមធ្យោបាយជៀសវាងការបង់លុយក្រៅផ្លូវការ ឬប្រព្រឹត្តិអំពើពុករលួយ ។ គូដណ្តឹងខ្ញុំ ប្រាប់ខ្ញុំយ៉ាងខ្លីហើយច្បាស់លាស់ជាទីបំផុតថា រឿងបង់លុយក្រៅផ្លូវការឲ្យមន្ត្រីខ្មែរដើម្បីធ្វើឯកសារផ្សេងៗគឺជៀសមិនរួចឡើយ លើកលែងតែយើងមិនធ្វើ ។ ពេលនោះ ខ្ញុំនឹកឃើញមធ្យោបាយមួយ ដែលអាចលុបលាងទោសកំហុសសម្បជញ្ញៈខ្ញុំបានខ្លះនិងអាចជួយបំបាត់អំពើពុករលួយនៅស្រុកខ្មែរខ្លះផង ។ គំនិតខ្ញុំគឺសុខចិត្តបង់ប្រាក់ឲ្យមន្ត្រីពុករលួយ រួចហើយយកឈ្មោះមន្ត្រីនោះទៅប្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ ។ គូដណ្តឹងខ្ញុំដាស់តឿនខ្ញុំថា ច្បាប់ប្រឆាំងអំពើពុករលួយរបស់ខ្មែរគឺតម្រូវឲ្យអ្នកប្រព្រឹត្តិអំពើពុករលួយ (ទាំងអ្នកសូកទាំងអ្នកទទួលសំណូក) ជាប់គុកទាំងអស់គ្នា ។ ខ្ញុំត្រូវគិតឲ្យបានល្អិតល្អន់ថា មន្ត្រីដែលប្រព្រឹត្តិអំពើពុករលួយភាគច្រើនជាសាច់ញាតិរបស់ថ្នាក់ដឹកនាំជាតិ ។ គេមានមធ្យោបាយដោះស្រាយរំដោះគ្នាគេឲ្យនៅក្រៅឃុំ ។ ចំណែកអ្នកដែលត្រូវជាប់ឃុំ គឺអ្នកសូក ។ ខ្ញុំលួចជេរច្បាប់ប្រឆាំងអំពើពុករលួយក្នុងពោះ ព្រោះធាតុពិតនៃច្បាប់នេះគឺ ការពារអំពើពុករលួយ ។ ប្រឈមមុខនឹងឧបស័គ្គដ៏គួរឲ្យស្អប់ខ្ពើមនេះ ខ្ញុំសម្រេចចិត្តធ្វើតាមការណែនាំរបស់គូដណ្តឹងខ្ញុំ ដោយមិនប្រាប់នាងអំពីផលវិបាកនៅក្នុងសតិសម្បជញ្ញៈខ្ញុំឡើយ ។ ការិយាល័យទីមួយដែលខ្ញុំឆ្លងកាត់គឺ ស្ថានទូតអាមេរិក ។ នៅទីនោះ គេតម្រូវឲ្យខ្ញុំបង់ប្រាក់ ១០០ដុល្លារសម្រាប់ការប្រថាប់ត្រាលើឯកសារ (Notarization) ។ កិច្ចការស្រដៀងគ្នានោះ នៅតាមធនាគារនានានៅសហរដ្ឋអាមេរិកគេធ្វើឲ្យយើងដោយមិនចាំបាច់បង់ប្រាក់ទេ ប្រសិនបើយើងមានលេខកុងជាមួយនឹងធនាគារ ។ បន្ទាប់មក យើងទៅជួបមន្ត្រីមួយរូបនៅក្រសួងមហាផ្ទៃ ។ ខ្ញុំអង្គុយធ្មឹងដូចរូបចម្លាក់នៅពេលដែលគូដណ្តឹងខ្ញុំហុចស្រោមសំបុត្រដែលមានប្រាក់ ១២០០ដុល្លារទៅឲ្យមន្ត្រីនោះ ។ មន្ត្រីនោះ មិនបើកស្រោមសំបុត្រមើលឬក៏រាប់លុយនៅក្នុងនោះទេ ព្រោះគាត់ដឹងថាបើលុយមិនគ្រប់ យើងក៏គ្មានវាសនានឹងទទួលបានឯកសារដែលយើងត្រូវការនោះដែរ ។ ចេញពីក្រសួងមហាផ្ទៃ យើងទៅធ្វើឯកសារនៅក្រសួងការបរទេស ។ នៅទីនោះមន្ត្រីត្រួតពិនិត្យឯកសារទារប្រាក់អំពីយើង ២០០ដុល្លារថែមទៀត ។ គូដណ្តឹងខ្ញុំបានវាយទូរសព្ទទៅមន្ត្រីដែលយកលុយអំពីយើងនៅក្រសួងមហាផ្ទៃដើម្បីឲ្យពួកគេជជែកគ្នាអំពីរឿងលុកកាក់នេះដោយផ្ទាល់ ។ ពួកគេសម្របសម្រួលគ្នាដោយគ្មានរអាក់រអួល ។ បន្ទាប់មក យើងត្រូវទៅកាន់ក្រសួងអន្តោប្រវេសន៍ដើម្បីសុំ ឬក៏ឲ្យគេពិនិត្យឯកសារមួយចំនួនទៀត ។ នៅទីនោះ យើងត្រូវឆ្លងកាត់ការត្រួតពិនិត្យបីឬបួនដំណាក់ ។ នៅតាមដំណាក់និមួយៗ យើត្រូវបង់ប្រាក់ឲ្យអ្នកត្រួតពិនិត្យ ពី ៥ ទៅ ១០ដុល្លារ ។ ក្រៅអំពីការបង់ប្រាក់នៅមន្ទីរក្រសួងថ្នាក់ជាតិនោះ ក៏នៅមានការបង់ប្រាក់ទៅឲ្យមន្ត្រីថ្នាក់មូលដ្ឋានផងដែរ ។ និយាយរួម ការបង់ប្រាក់ក្រៅផ្លូវការ ឬអំពើពុករលួយនៅស្រុកខ្មែរវាហាក់ដូចជាទំនៀមទម្លាប់មួយដែលមនុស្សស្ទើរគ្រប់រូបប្រព្រឹត្តិជាទូទៅ ។ បន្ទាប់ពីរៀបការហើយ ខ្ញុំធ្វើដំណើរទៅកាន់វត្ត ដីដុះ ហើយចូលទៅដុតធូបលុតជង្គង់សុំខមាទោសម្តាយខ្ញុំនៅមុខចេតីយ៍ផ្នូររបស់គាត់ដោយស្ងៀមស្ងាត់ ។ វាជារឿងដ៏ឈឺចាប់ជាទីបំផុតនៅពេលដែលយើងយកមោទនភាពរបស់ម៉ែឪទៅជាន់ឈ្លីទោះបីជាទង្វើនោះធ្វើឡើងដោយបង្ខំចិត្តក៏ដោយ ។ អ្វីដែលធ្វើឲ្យខ្ញុំរឹតតែឈឺចាប់ទ្វេរដង គឺប្រការដែលខ្ញុំមិនអាចស្អប់អំពើពុករលួយ ព្រោះថា បើខ្ញុំស្អប់អំពើពុករលួយ ខ្ញុំត្រូវស្អប់ប្រទេសខ្មែរ សង្គមខ្មែរ ហើយក៏ត្រូវស្អប់ខ្លួនឯងដែលមានកំណើតជាជនជាតិខ្មែរផងដែរ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...