Monday, May 6, 2019

ចំណីខួរក្បាល

លទ្ធិប្រជាធិបតេយ្យ កាលសម័យប្រើប៊ិកនិងក្រដាស លទ្ធិប្រជាធិបតេយ្យត្រូវបានគេសរសេរបកស្រាយសឹកចុងប៊ិករាប់ភ្លេច ។ លុះដល់សម័យកំព្យូទ័រ វាក៏ត្រូវបានគេសរសេរសឹកក្តាចុចកំព្យូទ័ររាប់មិនអស់ដែរ ។ មនុស្សខ្លះអះអាងថា លទ្ធិប្រជាធិបតេយ្យគួរអនុវត្តដូច្នេះ ។ ខ្លះថាដូច្នោះ ទៅតាមការយល់ឃើញតែរៀងខ្លួន ។ ខ្ញុំគ្មានបំណងរិះគន់នរណាទេនៅក្នុងប្រការនេះ គ្រាន់តែចង់បង្ហាញថា លទ្ធិប្រជាធិបតេយ្យ ក៏មិនខុសអ្វីអំពីព្រះពុទ្ធសាសនាដែរ ។ វាមានគោលដៅជាក់លាក់ពិតប្រាកដ ។ ប៉ុន្តែ មនុស្សដែលមិនយល់អំពីប្រជាធិបតេយ្យ ចេះតែអនុវត្តប៉ាតណាប៉ាតណីទៅ ។ នៅក្នុងព្រះពុទ្ធសាសនា គោលដៅស្នូលគឺ កាត់បន្ថយឬលុបបំបាត់សេចក្តីទុក្ខចេញអំពីជីវិត ។ ឯគោលដៅស្នូលរបស់លទ្ធិប្រជាធិបតេយ្យក៏ដូចគ្នាដែរគឺ កាត់បន្ថយនិងលុបបំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គមមនុស្ស ។ និយាយឲ្យងាយយល់គឺបង្កើតនិងបង្កើនសុភមង្គលនៅក្នុងសង្គម ។ ប្រទេសជាច្រើននៅក្នុងពិភពលោក រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ អនុវត្តលទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែ បើយើងសង្កេតឲ្យដិតដល់ទៅ មានប្រទេសមិនច្រើនទេដែលអនុវត្តលទ្ធិប្រជាធិបតេយ្យបានសុក្រិត ឬក៏ជិតដល់កម្រិតនៃគោលការណ៍ស្នូលរបស់វា ។ តើអ្វីទៅជាគោលការណ៍ស្នូលនៃលទ្ធិប្រជាធិបតេយ្យ?? វាស្ថិតនៅក្នុងពាក្យ៖ Demos + kratio or Democracy ដែលមានន័យថា៖ អំណាចរបស់ពលរដ្ឋ ។ គោលការណ៍ស្នូលនេះត្រូវបានសម្រួលឲ្យងាយយល់ដោយអតីតប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក អាប្រាហាម លីងកុន នៅឆ្នាំ ១៨៦៣ ដោយថ្លែងយ៉ាងខ្លីថា៖ "រដ្ឋាភិបាលរបស់ពលរដ្ឋ ដើម្បីពលរដ្ឋ និង បង្កើតឡើងដោយពលរដ្ឋ" (Government of the people, for the people, by the people) ។ ខ្ញុំសូមបកស្រាយត្រួសៗអំពីគោលការណ៍និងស្មារតីនៃ "រដ្ឋាភិបាលរបស់ពលរដ្ឋ ដើម្បីពលរដ្ឋ និងបង្កើតឡើងដោយពលរដ្ឋ" ។ ដើម្បីឲ្យពលរដ្ឋអាចបង្កើត គ្រប់គ្រង និង បង្គាប់បញ្ជារដ្ឋាភិបាលបាន លុះត្រាតែពលរដ្ឋមានអំណាច (Power) ។ វាជារឿងមួយស្មុគស្មាញណាស់នៅពេលយើងនិយាយអំពីអំណាច ត្បិតអីរដ្ឋាភិបាលជាស្ថាប័នដែលកាន់អំណាច មិនមែនពលរដ្ឋទេ ។ ដូច្នេះ ដើម្បីរក្សាអំណាចពលរដ្ឋ គេត្រូវមានយន្តការគាំពារជាច្រើន ។ យន្តការគាំពារដ៏ធំនិងចាំបាច់ជាទីបំផុតគឺ សិទ្ធិនិងសេរីភាព ។ សិទ្ធិនិងសេរីភាពខ្លះមិនអាចប៉ះពាល់បានទេ ។ មានន័យថា វាមានតម្លៃស្មើនឹងជីវិតមនុស្ស ។ ឧទាហរណ៍ សិទ្ធិផ្សព្វផ្សាយនិងនិយាយស្តីនៅសហរដ្ឋអាមេរិកត្រូវបានការពារនិងគោរពដូចព្រះអាទិទេព ។ រដ្ឋធម្មនុញ្ញហាមមិនឲ្យសរសេរច្បាប់ប៉ះពាល់ដល់សិទ្ធិនេះឡើយ ។ នៅពេលយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យ គឺយើងនិយាយអំពីការបោះឆ្នោតនិងសន្លឹកឆ្នោតដែលតំណាងឲ្យអំណាចរបស់ពលរដ្ឋ ។ សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលអនុវត្តលទ្ធិប្រជាធិបតេយ្យបានសុក្រិតជាងគេ ។ ខ្ញុំប្រើពាក្យសុក្រិតនៅទីនេះ គឺសំដៅលើការផ្តល់និងរក្សាអំណាចឲ្យពលរដ្ឋ ។ អំណាចដែលបុគ្គលពលរដ្ឋអាមេរិកាំងគ្រប់ៗរូបមាន គឺសន្លឹកឆ្នោតមួយសន្លឹក ។ យើងអាចសួរថា ពលរដ្ឋប្រទេសដទៃដែលបោះឆ្នោតជ្រើសរើសតំណាងខ្លួន ក៏មានសន្លឹកឆ្នោតមួយសន្លឹកដូចគ្នា តើមានអ្វីខុសគ្នាទៅ? ប្រការនេះគឺស្ថិតនៅត្រង់ចំណុចពិសេសមួយដែលគេហៅថា៖ អ្នកឈ្នះយកទាំងអស់ (Winner takes all) ផ្គួបជាមួយនឹងគោលការណ៍បោះឆ្នោតឯកត្តនាម ។ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកហាក់ដូចជាមានភាពស្មុគស្មាញពិបាកយល់សម្រាប់អ្នកដែលមិនធ្លាប់រៀនអំពីប្រវត្តិសាស្ត្រអាមេរិកាំង ។ ប៉ុន្តែ បើយើងសង្កេតមើលឲ្យជិតដិតបន្តិច វាជាព្រឹត្តិការណ៍ងាយយល់ជាទីបំផុត ។ ជាបឋម គណបក្សនានានៅស្រុកអាមេរិកគ្រាន់តែជាផ្លាកយីហោតែប៉ុណ្ណោះ ។ ប្រធានបក្សប្រៀបដូចជាទីងមោងចាំស្រែ ។ គាត់គ្មានតួនាទីឬក៏ឥទ្ធិពលក្នុងការតែងតាំងបេក្ខជនឲ្យទៅឈរឈ្មោះបោះឆ្នោតទេ ។ អ្វីៗគឺអាស្រ័យលើពលរដ្ឋជាអ្នកសម្រេច ។ ដើម្បីជ្រើសរើសបេក្ខជន គណបក្សនីមួយៗត្រូវរៀបចំការប្រកួតបោះឆ្នោតក្នុងបក្ស (Intra-Party Competition) ជាមុនសិន ។ អ្នកដែលទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេគឺទទួលបានសិទ្ធិទៅប្រកួតជាមួយនឹងគណបក្សដទៃដោយស្វ័យប្រវត្តិ ។ គួរបញ្ជាក់ថា ការប្រកួតនេះគឺបែងចែកតាមមណ្ឌលនីមួយៗ ។ នៅក្នុងមណ្ឌលមួយអាចមានបេក្ខជន ១០ ឬ ២០នាក់ប្រកួតគ្នា ។ អ្នកឈ្នះគឺមានតែម្នាក់ទេដែលត្រូវទៅប្រកួតជាមួយនឹងបក្សដទៃ (Inter-Parties Competition) ។ សម្រាប់ការប្រកួតជ្រើសរើសប្រធានាធិបតីក៏ដូចគ្នាដែរ គ្រាន់តែមណ្ឌលប្រកួតគឺសហរដ្ឋអាមេរិកទាំងមូល ឬទូទាំងប្រទេស ។ គេអនុញាតឲ្យមានការប្រកួតក្នុងបក្សរយៈពេលមួយឆ្នាំ ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីចេញពីបក្សនីមួយៗ ។ បច្ចុប្បន្ន គណបក្សប្រជាធិបតេយ្យមានមនុស្សប្រមាណជា ២០រូបបានប្រកាសបេក្ខភាពប្រធានាធិបតីរបស់ខ្លួនរួចហើយ ។ គេនឹងចាប់ផ្តើមប្រកួតក្នុងបក្សនៅចុងឆ្នាំនេះ ដើម្បីជ្រើសរើសយកបេក្ខជនម្នាក់ទៅប្រកួតជាមួយនឹងបក្សដទៃ ។ គួរកត់សម្គាល់ថា ទាំងការប្រកួតក្នុងបក្ស និងអន្តរបក្ស គឺគេអនុវត្តតាមរូបមន្តអ្នកឈ្នះយកទាំងអស់ ។ ដូច្នេះ សន្លឹកឆ្នោតមួយសន្លឹកអាចផ្តល់ឱកាសឲ្យមនុស្សម្នាក់ធ្វើជាបេក្ខជននិងឈានទៅដល់ការកាន់កិច្ចការនៅក្នុងតួនាទីមួយ ។ ចំណុចនេះហើយដែលជាលក្ខណៈពិសេសរបស់លទ្ធិប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិក ។ ជោគវាសនាឬជោគជ័យរបស់បេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិកក្តី តំណាងរាស្ត្រក្តី អភិបាលរដ្ឋក្តី ក្រុមប្រឹក្សាឃុំសង្កាត់ក្តី គឺអាចអាស្រ័យលើសន្លឹកឆ្នោតតែមួយសន្លឹកគត់ ។ ថ្វីត្បិតតែការឈ្នះឆ្នោតដោយសម្លេងត្រឹមមួយសន្លឹកកម្រកើតមានក៏ដោយ ក៏កត្តានេះបានធ្វើឲ្យមានតុល្យភាពអំណាចរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងអ្នកបោះឆ្នោតម្នាក់ៗ ។ តើគេបង្កើតតុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងអ្នកផ្តល់អំណាចឲ្យគេកាន់ដោយរបៀបណា? ប្រការនេះត្រូវការការបកស្រាយវែងឆ្ងាយ ប៉ុន្តែសូមលើកយកចំណុចសំខាន់ៗមួយចំនួនមកធ្វើបទបង្ហាញ ។ ចំណុចសំខាន់ដ៏ធំបំផុតដែលក្រុមអ្នកស្ថាបនិកសហរដ្ឋអាមេរិកបានធ្វើ គឺការលះបង់អំណាច ឬយកចំណងមកចងតណ្ហាឬឥទ្ធិពលរបស់ខ្លួន ។ នៅពេលដែលសហរដ្ឋអាមេរិករើបម្រាស់រួចនិងទទួលបានឯករាជ្យពីចក្រភពអង់គ្លេស រដ្ឋដែលមានចំនួន ១៣ នាគ្រានោះបានបញ្ជូនអ្នកមុខអ្នកការដែលសុទ្ធសឹងជាអ្នកមានឥទ្ធិពល មានទ្រព្យ មានទាសកររាប់មិនអស់ ទៅប្រជុំគ្នាសរសេររដ្ឋធម្មនុញ្ញថ្មីមួយ ។ ក្នុងចំណោមអ្នកសរសេររដ្ឋធម្មនុញ្ញទាំងនោះ មាននិន្នាការពីរផុសចេញមក គឺក្រុមអ្នកចង់ឲ្យមានអំណាចរដ្ឋាភិបាលទូលំទូលាយ និងក្រុមអ្នកចង់ឲ្យពលរដ្ឋមានអំណាចទូលំទូលាយ ។ ពាក្យស្លោករបស់ក្រុមអ្នកចង់ឲ្យពលរដ្ឋមានអំណាចទូលំទូលាយគឺ៖ រដ្ឋាភិបាលដែលគ្រុបគ្រងតិច គឺជារដ្ឋាភិបាលដែលល្អបំផុត (Government that governs least is government that governs best.) ។ រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិកគឺប្រសូត្រចេញមកអំពីការតតាំងគ្នារវាងក្រុមទាំងពីរនេះឯង ។ កាលពួកគេសរសេររដ្ឋធម្មនុញ្ញដំបូង វាមាន២៧មាត្រា ។ បន្ទាប់ពីធ្វើការសម្រិតសម្រាំងមួយរយៈ ពួកគេកាត់បន្ថយវាមកនៅត្រឹម ៧មាត្រាតែប៉ុណ្ណោះ ។ វាជារដ្ឋធម្មនុញ្ញដ៏ខ្លីជាទីបំផុត ត្បិតអីមាត្រាទី ៤ ដល់ទី៧ មានប្រវែងមិនដល់មួយទំព័រទេ ។ មាត្រាទី ១ ដល់ទី ៣ ដែលមានប្រវែងលើសពីមួយទំព័រនោះ ភាគច្រើនគឺគេសរសេរចងដៃចងជើងអ្នកកាន់អំណាចមិនឲ្យប្រព្រឹត្តិអ្វីលើសពីដែនសមត្ថកិច្ចរបស់ខ្លួនឡើយ ។ គំនិតសាមញ្ញនៅទីនេះគឺ៖ រដ្ឋធម្មនុញ្ញខ្លី ច្បាប់នឹងមានតិច ។ មានច្បាប់តិច សិទ្ធិសេរីភាពរបស់ពលរដ្ឋនឹងសល់ច្រើន ។ សល់សិទ្ធិច្រើន វិសាលភាពនៃអំណាចក៏ទូលំទូលាយដែរ ។ ក្រៅអំពីដាក់កម្រិតឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ (Limited Government) ក៏នៅមានតួនាទីរបស់ស្ថាប័នផងដែរ ។ នៅក្នុងជួររដ្ឋបាលនៃសហរដ្ឋអាមេរិក ស្ថាប័នដើរតួសំខាន់ក្នុងការការពារកុំឲ្យជនផ្តាច់ការមានឱកាសងើបមុខរួច ។ ខ្ញុំសូមមិននិយាយអំពីតុល្យភាពនៃអំណាច (Check and Balance) រវាងនិតិបញ្ញតិ និតិប្រតិបត្តិ និង តុលាការ ទេត្បិតអីប្រការនេះត្រូវបានគេសរសេរបកស្រាយទូលំទូលាយហើយ ។ អ្វីដែលខ្ញុំចង់បកស្រាយនៅទីនេះ គឺភាពឯករាជ្យឬក្លាហាននៃស្ថាប័ននៅក្រោមសាខាមួយនៃរដ្ឋាភិបាល ។ មនុស្សជាច្រើន ជាពិសេសពលរដ្ឋខ្មែរ ដែលរស់នៅក្រោមលទ្ធិប្រជាធិបតេយ្យដូចគ្នា ប្រហែលជាឆ្ងល់ថាតើហេតុអ្វីក៏ក្រសួងយុត្តិធម៌សហរដ្ឋមេរិកហ៊ានតែងតាំងចៅក្រមពិសេសលោក រូបឺត មុល្លឺ ឲ្យទៅស៊ើបអង្កេតលោក ដូណាល់ ត្រាំ ដែលជាចៅហ្វាយនាយរបស់ពួកគេ ។ ដូចគ្នាដែរ ហេតុអ្វីក៏លោក ត្រាំ មិនបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ឈប់ការស៊ើបអង្កេតនោះ? ប្រការនេះពាក់ព័ន្ធនឹងច្បាប់រក្សានិរន្តរភាពស្ថាប័ននិងការពារបុគ្គលនៅក្នុងស្ថាប័ន ។ នៅក្នុងជួររដ្ឋាភិបាលអាមេរិក ប្រធានាធិបតីតែងតាំងរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងឧបអនុរដ្ឋមន្ត្រី ។ តំណែងក្រោមឧបអនុរដ្ឋមន្ត្រីភាគច្រើនគឺជ្រើសរើសចេញពីមហាជនផ្អែកលើចំណេះជំនាញនានា ។ គេហៅបុគ្គលិកទាំងនេះថា ក្រុមការិយាធិបតេយ្យ ។ ពួកគេធ្វើការតាមតួនាទីដោយមិនភ័យអំពីការបាត់បង់តំណែងទេ ត្បិតតំណែងរបស់ពួកគេមិនមកតាមរយៈជើងខោមេឡើយ ។ ប្រធានាធិបតីអាចដកឬបញ្ឈប់តំណែងរដ្ឋមន្ត្រី ឬ អនុរដ្ឋមន្ត្រី ប៉ុន្តែមិនអាចដកតំណែងពីពួកការិយាធិបតេយ្យឡើយ ដរាបណាពួកគេមិនបានប្រព្រឹត្តិអ្វីខុសច្បាប់ ។ ជាទូទៅ រដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីតែងតែសួរយោបល់ពួកការិយាធិបតេយ្យមុននឹងធ្វើកិច្ចការអ្វីមួយ ទោះបីកិច្ចការនោះបញ្ជាចេញមកពីប្រធានាធិបតីដែលជាចៅហ្វាយនាយរបស់ពួកគេក៏ដោយ ។ ផ្អែកលើឯកសារស៊ើបអង្កេតរបស់លោក មុល្លឺ លោក ត្រាំ បានព្យាយាមបញ្ជាឲ្យបញ្ឈប់ការស៊ើបអង្កេតមកលើរូបគាត់ដែរ ប៉ុន្តែមិនត្រូវបានមន្ត្រីក្រោមឱវាទអនុវត្តិតាម ត្បិតខ្លាចមានទោសជាមួយលោក ត្រាំ ប្រសិនបើការសង្ស័យក្លាយជាការពិត ។ នេះក៏ជាប្រការមួយដែរដែលជាកត្តារក្សាអំណាចទុកឲ្យពលរដ្ឋ ។ គំនិតគោលគឺ អំណាចដែលបុគ្គលដឹកនាំរដ្ឋមិនអាចប្រើ វានឹងស្ថិតនៅជាមួយពលរដ្ឋ ។ យន្តការគាំពារអំណាចពលរដ្ឋសំខាន់មួយទៀតរបស់សហរដ្ឋអាមេរិក គឺរូបមន្តអាណតិបោះឆ្នោត ២ ៤ និង ៦ ។ អាណតិរបស់សមាជិករដ្ឋសភាឬតំណាងរាស្ត្រអាមេរិកាំងមានរយៈពេល ២ឆ្នាំ ។ ប្រធានាធិបតី ៤ឆ្នាំ ។ ព្រឹទ្ធសភា ៦ឆ្នាំ ។ រូបមន្តនេះមិនមែនធ្វើឡើងតាមនឹកឃើញនោះទេ ។ មានការជជែកវែកញែកហេតុផលយ៉ាងយូរទម្រាំប្រតិភូសរសេររដ្ឋធម្មនុញ្ញសម្រេចជ្រើសរើសយករូបមន្តនេះ ។ មូលហេតុដែលគេដាក់អាណតិតំណាងរាស្ត្រត្រឹម ២ឆ្នាំ គឺដើម្បីឲ្យពលរដ្ឋអាចសម្តែងឆន្ទៈរបស់ពួកគេបានភ្លាមៗ ដោយមិនចាំបាច់រង់ចាំដល់ចប់អាណតិប្រធានាធិបតី នៅពេលដែលពួកគេចង់តម្រង់ផ្លូវគោលនយោបាយរបស់រដ្ឋាភិបាល ។ ឧទាហរណ៍ថ្មីៗនេះ គឺនៅពេលដែលលោក ដូណាល់ ត្រាំ ឡើងធ្វើជាប្រធានាធិបតីហើយមានបំណងលុបបំបាត់គោលនយោបាយធានារ៉ាប់រងសុខភាពរបស់រដ្ឋព្រមទាំងសាងសង់របងតាមបណ្តោយព្រំដែនភាគខាងត្បូង ដែលជាកិច្ចការពលរដ្ឋភាគច្រើនមិនចង់ឲ្យគាត់អនុវត្តិ គណបក្សរបស់គាត់ដែលកាន់អំណាចទាំងនិតិប្រតិបត្តិនិងនិតិបញ្ញតិ ត្រូវបានពលរដ្ឋបោះឆ្នោតប្តូរឲ្យនៅមានឥទ្ធិពលត្រឹមតែនិតិប្រតិបត្តិតែប៉ុណ្ណោះ ។ ប្រការដែលសមាជិករដ្ឋសភានិងព្រឹទ្ធសភាមានរយៈពេលខុសគ្នាដល់ទៅបីដង គឺដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋបញ្ចេញកំហឹងរបស់ខ្លួនតាមរយៈរដ្ឋសភា ហើយព្រឹទ្ធសភាជាអ្នករំងាប់កំហឹងនោះ ។ ស្ថាប័នមួយទៀតដែលមានបន្ទុករំងាប់កំហឹងនិងតម្រង់ផ្លូវគិតរបស់ ពលរដ្ឋនិងអ្នកនយោបាយ គឺចៅក្រមសហព័ន្ធ (Federal Court judges) ។ ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកភាគច្រើនត្រូវបានតែងតាំងដោយប្រធានាធិបតីនិងផ្តល់សច្ចានុម័តឲ្យដោយព្រឹទ្ធសភា ។ នៅពេលទទួលបានការទទួលស្គាល់ឲ្យចូលកាន់ការងារ ចៅក្រមទាំងនោះអាចកាន់តួនាទីអស់មួយជីវិតដោយមិនភ័យអំពីនរណាដកតំណែងអំពីគាត់ឡើយ ដរាបណាគាត់មិនបានប្រព្រឹត្តិអ្វីខុសច្បាប់ ។ សារសំខាន់ក្នុងការផ្តល់ឱកាសឲ្យសមាជិកបម្រើការងាររដ្ឋខ្លះមានអាណតិយូរអង្វែង គឺដើម្បីជៀសវាងកំហុសធ្ងន់ធ្ងរ ត្បិតអីការសម្រេចចិត្តធ្វើអ្វីមួយនៅពេលកំពុងមានកំហឹងឬចំណង់នោះ អាចខ្វះការពិចារណាឲ្យបានសព្វជ្រុងជ្រោយ ។ ពាក់ព័ន្ធនឹងប្រការនេះ មានការនិទានតៗគ្នាថា ប្រតិភូសរសេររដ្ឋធម្មនុញ្ញពីររូបបានប្រកែកគ្នាតឹងសសៃក ។ ម្នាក់សួរថា ហេតុអ្វីចាំបាច់មានរយៈពេលអាណតិខុសគ្នា ។ ប្រតិភូដែលគាំទ្រឲ្យមានអាណតិខុសគ្នាសួរបកទៅវិញថា ហេតុអ្វីក៏ឯងចាក់ទឹកត្រជាក់ចូលក្នុងចានទ្រនាប់ពែងតែរបស់ឯង? បុរសទីមួយឆ្លើយផូងមកវិញថា៖ ដើម្បីធ្វើឲ្យកំដៅទឹកតែវាធ្លាក់ចុះ (To cool it down!) ។ ប្រតិភូដែលគាំទ្រឲ្យមានអាណតិខុសគ្នាក៏ពន្យល់ថា៖ យើងបង្កើតឲ្យមានអាណតិខុសគ្នាគឺនៅក្នុងគោលបំណងដែលឯងចាក់ទឹកត្រជាក់ចូលក្នុងចានទ្រនាប់ពែងតែនោះឯង (Your point is precisely what we want!) ។ ចាប់តាំងពីសហរដ្ឋអាមិរិកអនុវត្តលទ្ធិប្រជាធិបតេយ្យជាង៣០០ឆ្នាំកន្លងទៅនេះ មិនមានការកែប្រែឬក៏ផ្លាស់ប្តូររបៀបគ្រុបគ្រងជាដុំកំភួនទេ ទាំងរដ្ឋធម្មនុញ្ញ ទាំងរចនាសម្ព័ន្ធដឹកនាំ ។ បានន័យថា វាជាគោលការណ៍អនុវត្តន៍លទ្ធិប្រជាធិបតេយ្យប្រកបដោយជោគជ័យជាទីបំផុត ។ តាមពិតទៅ សហរដ្ឋអាមេរិកមិនដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទាំងស្រុងទេ ។ គេយកគោលការណ៍នេះមកកែច្នៃឲ្យទៅជារបបមួយដែលពិភពលោកហៅថា៖ សាធារណរដ្ឋ ឬ រដ្ឋសាធារណៈ (Republic) ។ រដ្ឋសាធារណៈប្រៀបដូចជាសួនសាធារណៈដែរ ។ ពលរដ្ឋទាំងអស់ ទាំងអ្នកក្រ អ្នកមាន និងអ្នកសុំទាន មានសិទ្ធិប្រើនិងទទួលអត្ថប្រយោជន៍ដូចៗគ្នា ។ មុននឹងបញ្ចប់អត្ថបទនេះ សូមលើកយកការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមកលាតត្រដាងបន្តិច ។ ផ្អែកលើការសង្កេតរបស់ស្មេរ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគ្មានសង្ឃឹមនឹងលូតលាស់ឡើយ ។ មូលហេតុដ៏ធំបំផុតដែលខ្មែរអនុវត្តន៍លិទ្ធិប្រជាធិបតេយ្យមិនបានជោគជ័យ គឺទំនៀមទម្លាប់ដែលដិតដាមជាប់ក្នុងខួរក្បាលពលរដ្ឋខ្មែរអស់រយៈពេលរាប់រយឆ្នាំមកហើយ ។ អត្តចរិតទ្រពងតោងក្បិន វាបានសង្កត់សង្កិនពលរដ្ឋខ្មែរឲ្យលុះនៅក្នុងការគោរពបូជាបុគ្គល ជាជាងគោលគំនិត ។ វាថែមទាំងធ្វើឲ្យពលរដ្ឋខ្មែរជាច្រើន ទាំងអ្នកចេះទាំងអ្នកល្ងង់ បាត់បង់ការគោរពនិងឲ្យតម្លៃខ្លួនឯងទៀងផង ។ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ យើងរមែងឃើញសារថ្លាថ្លែងគោរពកោតសរសើរបុគ្គលដឹកនាំជាតិក៏ដូចជាដឹកនាំគណបក្សនិងស្ថាប័ន ថាប្រកបដោយគតិបណ្ឌិតដូច្នេះឬដូច្នោះ ។ ខ្ញុំមានសំណួរតែមួយគត់សម្រាប់អ្នកដែលចូលចិត្តលើកតម្កើងអ្នកដទៃជាជាងខ្លួនឯង៖ តើបុគ្គលទាំងនោះ គេប្រសើរជាងរូបអ្នកប៉ុណ្ណាទៅ??? លទ្ធិប្រជាធិបតេយ្យត្រូវការការទទួលស្គាល់អធិបតេយ្យភាពនិងសមត្ថភាពរបស់ខ្លួនឯង មុនទទួលស្គាល់អធិបតេយ្យភាពរបស់អ្នកដទៃ ។ ដរាបណាផ្នត់គំនិតនេះមិនត្រូវបានផ្លាស់ប្តូរ ពលរដ្ឋខ្មែរគ្មានវាសនានឹងភ្លក្សរសជាតិលទ្ធិប្រជាធិបតេយ្យពិតប្រាកដនិងយុត្តិធម៌សង្គមសមរម្យមួយឡើយ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...