Saturday, April 20, 2013

ចំណីខួរក្បាល (ប្រចាំសប្តាហ៍)

ប្រទេសខ្មែរមិនជឿនលឿន ហេតុអ្វី ?
ទម្លាប់ដ៏អាក្រក់មួយរបស់អ្នកដឹកនាំផ្តាច់ការ គឺការធ្វើទុក្ខបុកម្នេញ
និងការនិរទេសបុគ្គលណាដែលហ៊ានទិតៀនឬក៏មានមតិផ្ទុយអំពី
គំនិតរបស់ខ្លួន ។ ជាលទ្ធផល ការប្រើនយោបាយគៀបសង្កត់និង
បំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ ក្នុងការទិតៀនឬក៏រិះគន់អ្នកដឹកនាំ
រដ្ឋដើម្បីកែតម្រូវកំហុសនានា គឺត្រូវបានផ្តល់មកវិញនូវការបាត់បង់
ធនធានគំនិតបញ្ញាញាណដ៏ច្រើនលើសលុប ។ មូលហេតុដែល
យើងហ៊ានអះអាងដូច្នេះ គឺផ្អែកលើកត្តាពីរយ៉ាង ៖ ទីមួយ អ្នក
ដែលមើលឃើញកំហុសឬក៏យល់ថាអ្វីដែលមេដឹកនាំកំពុងធ្វើគឺ
ខុស មិនហ៊ានហាមាត់រិះគន់កែតម្រូវទេ ព្រោះមិនចង់ប្រឈមនឹង
ការធ្វើទុក្ខបុកម្នេញពីសំណាក់ថ្នាក់ដឹកនាំ ។ ទីពីរ អ្នកដែលហ៊ាន
រិះគន់ឬក៏ធ្វើអ្វីមួយដែលផ្ទុយអំពីគំនិតរបស់ថ្នាក់ដឹកនាំរដ្ឋដែល
មានចរិតផ្តាច់ការ ភាគច្រើន ច្រើនតែត្រូវបានគេចាប់ដាក់គុក
ឬក៏និរទេសខ្លួន ។
នៅក្នុងប្រទេសជឿនលឿនមួយចំនួន ដូចជា សហរដ្ឋអាមេរិក
អាល្លឺម៉ង់ និង ហូឡង់ ជាដើម ។ល។ យើងសង្កេតឃើញថា
នយោបាយបើកទ្វារទទួលយកអ្នកប្រាជ្ញរបស់ប្រទេសដទៃ ដែល
ត្រូវបានគេធ្វើទុក្ខបុកម្នេញ គឺជាទំនៀមទម្លាប់មួយ ដែលកើតមាន
ជាច្រើនសតវត្សមកហើយ ។ ដោយឡែក នៅសហរដ្ឋអាមេរិក គេ
មិនត្រឹមតែទទួលមនុស្សដែលមានទេពកោសល្យ​ប៉ុណ្ណោះទេ សូម្បី
តែមនុស្សសាមញ្ញ ក៏គេស្វាគមន៍ឲ្យចូលមករស់នៅនិងក្លាយទៅជា
ពលរដ្ឋរបស់គេផងដែរ ។
"Give me your tired, your poor,
Your huddled masses yearning to breathe free,
The wretched refuse of your teeming shore.
Send these, the homeless, tempest-tost to me,
I lift my lamp beside the golden door!"
ខាងលើនេះជាផ្នែកមួយនៃកំណាព្យរបស់អ្នកស្រី អេម៉ា ឡាហ្សា
រុស  ដែលត្រូវបានគេយកមកចារនៅលើអាសនៈរបស់បដិមាករ
នារីសេរីភាព (Ms. Liberty) ស្ថិតនៅលើកោះ អេលីស ក្បែរទីក្រុង
ញូវយ៉ក ។ ខ្លឹមសារសង្ខេបនៃកំណាព្យនេះ គឺមានន័យថា "សហ
រដ្ឋអាមេរិក ស្ម័គ្រយកអាសាមនុស្សទាំងឡាយណាដែលស្រេក
ឃ្លានសេរីភាព" ។
ការប្រមូលផ្តុំមនុស្ស ដែលមានដើមកំណើតនិងកោសល្យចម្រុះ
បានធ្វើឲ្យសហរដ្ឋអាមេរិកក្លាយទៅជាប្រទេសមួយដែលសម្បូរ
ទៅដោយធនធានគំនិតបញ្ញាញាណ ដ៏ច្រើនលើសលុប ។ ជាការ
ពិតណាស់ សម្រាប់ការអភិវឌ្ឃន៍ប្រទេសនិមួយៗ គ្មានធនធានអ្វី
ប្រសើរជាងធនធានគំនិតបញ្ញាញាណនោះទេ ។ បើយើងប្រៀប
ធៀបធនធានធម្មជាតិដែលសហរដ្ឋអាមេរិកមាន ទៅនិងប្រទេស
ដទៃ យើងឃើញថាសហរដ្ឋអាមេរិកមិនសូវសម្បូរធនធានធម្មជាតិ
ទេ ។ ប៉ុន្តែ អ្វីដែលសហរដ្ឋអាមេរិកសម្បូរនោះ គឺធនធានគំនិត
បញ្ញាញាណនេះឯង ។ ធនធានគំនិតបញ្ញាញាណ គឺជាកត្តាចម្បង
បំផុត ដែលជម្រុញឲ្យសហរដ្ឋអាមេរិកក្លាយទៅជាប្រទេសមហា
អំណាចទាំងផ្នែកបច្ចេកវិជ្ជា និងទាំងផ្នែកសេដ្ឋកិច្ច ។
ការស្វែងរកនិងរក្សាទុកពលរដ្ឋដែលមានទេពកោលស្យ គឺជា
ភារកិច្ចមួយដែលមេដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ននិងនាពេលអនា
គត ចាំបាច់ត្រូវតែត្រិះរិះឲ្យបានល្អិតល្អន់ និងអនុវត្តជាបន្ទាន់ ប្រ
សិនបើយើងចង់ឲ្យប្រទេសកម្ពុជាជឿនលឿនដូចអារ្យប្រទេស
ដទៃ ។ នៅក្នុងរយៈពេលជាង៤០ ឆ្នាំ កន្លងមកនេះ មេដឹកនាំខ្មែរ
បានបំផ្លិចបំផ្លាញធនធានគំនិតបញ្ញាញាណជាតិស្ទើរតែរលាយ
ហិនហោចអស់ទៅហើយ ។ នៅក្នុងសម័យពួកកុម្មុយនីស្តគ្រប់
គ្រងប្រទេសកម្ពុជា ពួកមេដឹកនាំកម្លៅមួយចំនួន មិនត្រឹមតែ
សម្លាប់និងចាត់ទុកមនុស្សដែលមានចំណេះដឹងនិងបញ្ញាញាណ
ថាជាខ្មាំងប៉ុណ្ណោះទេ សូម្បីតែកូនសិស្ស និស្សិត និងប្រព័ន្ធអប់រំ
ក៏ពួកគេសម្លាប់និងបំផ្លិចបំផ្លាញចោល យ៉ាងចាស់ដៃផងដែរ ។
ធនធានគំនិតនិងបញ្ញាញាណ ដែលនៅសេសសល់ក្នុងស្រុកខ្មែរ
សព្វថ្ងៃ គឺវាតិចតួចស្តួចស្តើងពេកណាស់ ។ យើងមិនចាំបាច់ទៅ
ធ្វើជំរឿនឬក៏ស្រង់ស្ថិតិនៅក្នុងស្រុកខ្មែរ ដើម្បីស្វែងយល់ថាតើ
ប្រទេសកម្ពុជាមានធនធានគំនិតបញ្ញាញាណកំរិតណានោះទេ គ្រាន់តែមើលស្ថិតិសេដ្ឋកិច្ចនិងប្រៀបធៀបចំណាត់ថ្នាក់ប្រចាំឆ្នាំ
របស់ប្រទេសនិមួយៗ នៅក្នុងពិភពលោកទៅ ក៏អាចស្វែងយល់
បានដែរ ។ មូលហេតុដែលប្រទេសកម្ពុជា មានចំណាត់ថ្នាក់ទាប និងស្ថិតនៅក្នុងចំណោមប្រទេសដែលក្រីក្រជាងគេបំផុតនោះ គឺដោយសារតែខ្សត់ធន់ធានគំនិតបញ្ញាញាណនេះឯង ។
ដំណោះស្រាយចំពោះបញ្ហាខ្សត់ខ្សោយនេះ គឺគ្មានអ្វីពិបាកទេ ។
កត្តាចម្បង គឺមេដឹកនាំខ្មែរគ្រប់រូបត្រូវមានឆន្ទៈមោះមុតក្នុងការ
ស្វែងរកធនធានគំនិតបញ្ញាញាណ ។ មធ្យោបាយ គឺមានពីរយ៉ាង ។
ទីមួយ គេអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឬក៏វិទ្យាស្ថានផ្សេងៗ
រួចហើយ អញ្ជើញឬក៏ជួលអ្នកឯកទេសមកពីគ្រប់មជ្ឈដ្ឋានមកធ្វើ
ការនៅក្នុងស្រុកគេ ដូចជាប្រទេស សិង្ហបូរី ដែលកំពុងតែអនុវត្ត
យ៉ាងសស្រាក់សស្រាំនាពេលបច្ចុប្បន្ន ។ រីឯមធ្យោបាយទីពីរ គឺ
យើងអាចយកអារ្យប្រទេសនានា ដូចជា សហរដ្ឋអាមេរិក ហូឡង់
និង អាល្លឺម៉ង់ជាដើម ។ល។ មកធ្វើជាគំរូ ដោយទទួលស្វាគមន៍
យកគំនិត និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ពលរដ្ឋគ្រប់ៗរូប
ក្នុងការនិយាយរិះគន់វែកញែកកំហុសរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ។
សម្រាប់ប្រទេសក្រីក្រដូចកម្ពុជា មានតែជម្រើសទីពីរនេះទេ ដែល
អាចស្តារបញ្ញាខ្វះខាតធនធានគំនិតបញ្ញាញាណនេះបាន ។ ព្រោះ
យើងអាចទាក់ទាញមនុស្សដែលមានទេពកោសល្យឲ្យចូលមករួម
រស់និងធ្វើកិច្ទការនៅក្នុងសង្គមរបស់យើង ដោយមិនចាំបាច់
ចំណាយប្រាក់កាក់អ្វីឡើយ គឺផ្តល់ឲ្យពួកគេត្រឹមតែសេរីភាពតែ
ប៉ុណ្ណោះ ។ សេរីភាពគឺជាវត្ថុមួយ ដែលងាយស្រួលក្នុងការបរិចាក
ជាទីបំផុត ។ អ្នកដឹកនាំប្រភេទណាក៏អាចធ្វីបានដែរ ឲ្យតែមាន
ឆន្ទៈ ។ ប៉ុន្តែ បើមេដឹកនាំខ្មែរនៅតែបន្ត ប៉ះដៃយកដៃ ប៉ះជើងយក
ជើង ពលរដ្ឋណាដែលហ៊ាននិយាយរិះគន់លាតត្រដាងកំហុស
របស់មេដឹកនាំរដ្ឋាភិបាលនឹងត្រូវបានគេចាប់ទោសអូសដំណើរ
ជាប្រចាំនោះ ប្រទេសខ្មែរច្បាស់ជាគ្មានវាសនានឹងរកធនធាន
គំនិតបញ្ញាញាណមកបំពេញសេចក្តីត្រូវការរបស់ខ្លួនបានឡើយ ។
ហើយពលរដ្ឋខ្មែរគ្រប់រូប ប្រហែលជាបានឃើញភាពជឿនលឿន
របស់ប្រទេសខ្លួនត្រឹមតែនៅក្នុងការយល់សប្តិតែប៉ុណ្ណោះ ។ រីឯ
ធាតុពិតវិញ គឺយើងស្ថិតនៅក្នុងចំណោមប្រទេសក្រីក្របំផុតជា
ប្រចាំ ។ វាជារឿងមួយគួរឲ្យសង្វេកណាស់ ដែលប្រទេសខ្មែរមិន
ជឿនលឿន ដោយសារតែអ្នកដឹកនាំរដ្ឋខ្វះទស្សនវិស័យ ជាពិ
សេសគឺការឆ្កួតវង្វេងនឹងអំណាច និងលទ្ធិផ្តាច់ការ ដែលជាកត្តា
នាំទៅរកការបរាជ័យនៃភាពថ្កុំថ្កើង ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...