Thursday, December 19, 2024

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃវិស័យជីវវិជ្ជាជាតិពន្ធុ (Genetic Biology) ។ ប៉ុន្តែ សម្រាប់មនុស្សទូទៅ មិនសូវមាននរណាដឹងអំពីកេរ្តិ៍ឈ្មោះរបស់លោក មិនដែល ឡើយ ។ លោក មិនដែល ជាមនុស្សឆ្លាត ប៉ុន្តែមិនសូវចំណាប់ ។ គាត់ទៅរៀននៅសាលាហ្វឹកហាត់អាចារ្យសាសនាគ្រីស្តមួយ ដើម្បីស្វែងរកអាជីពជាគ្រូបង្រៀន ។ គាត់ចូលចិត្តគណិតវិជ្ជា ជាពិសេសការស្វែងយល់អំពីទ្រឹស្តីនានា ។ ក៏ប៉ុន្តែ ពេលគាត់ព្យាយាមប្រឡងធ្វើជាគ្រូបង្រៀន គាត់ប្រឡងធ្លាក់ពីរបីដង ។ មូលហេតុដែលគាត់ប្រឡងធ្លាក់គឺដោយសារតែនៅសម័យនោះ គេតម្រូវឲ្យបេក្ខជនឆ្លើយនូវសំណួរផ្ទាល់មាត់ (Oral Exam) ។ គឺសំណួរផ្ទាល់មាត់នោះហើយ ដែលធ្វើឲ្យគាត់បាត់បង់ឱកាសធ្វើជាគ្រូបង្រៀន ។ បន្ទាប់ពីបរាជ័យជាមួយនឹងការស្វែងរកអាជីពជាគ្រូបង្រៀន លោក មិនដែល ក៏វិលទៅសំណាក់សិក្សាសាសនាគ្រីស្តនៅក្នុងវិហារសិក្សាមួយ (Monastery or Seminary School) ។ សង្គ្រាជនៅទីនោះ បានឲ្យលោក មិនដែល រស់នៅក្នុងអាគារមួយដែលមានក្រោលសេះនៅខាងក្រោមនិងសួនដំណាំនៅខាងមុខ ។ គឺនៅទីនោះហើយដែលលោក មិនដែល រកឃើញនិងបង្ហាញផ្លូវដល់អ្នកសិក្សាជំនាន់ក្រោយអំពីវិស័យជីវសាស្ត្រជាតិពន្ធុ (Genetic Biology) ។ ក្រៅអំពីសិក្សាស្រាវជ្រាវផ្នែកគណិតសាស្ត្រ លោក មិនដែល ក៏ចូលចិត្តដាំដំណាំបន្លែបង្កាដែរ ។ គាត់បានចំណាយពេលយ៉ាងច្រើន ដើម្បីបង្កាត់ពូជដំណាំនិងសង្កេតមើលលទ្ធផលនៃការ បង្កាត់ពូជដំណាំទាំងនោះ ។ នៅក្នុងចំណោមពូជធញ្ញជាតិដែលគាត់យកមកសិក្សា លោក មិនដែល សង្កេតឃើញភាវមិនប្រក្រតីមួយនៅក្នុងគ្រាប់សណ្តែក បារាំង (Peas) ។ គាត់បានយកគ្រាប់ពូជសណ្តែកពណ៌បៃតង និងពណ៌លឿងមកបង្កាត់គ្នា ហើយសង្កេតឃើញថា ផ្លែនៃសណ្តែកកូនកាត់នោះមានគ្រាប់ពណ៌បៃតងទាំអស់ ឬក៏ពណ៌លឿងទាំងអស់ ។ លុះគាត់យកគ្រាប់សណ្តែកពណ៌បៃតងទៅដាំបន្តទៅទៀត ផ្លែនៃសណ្តែកពណ៌បៃតងនោះស្រាប់តែមានគ្រាប់ពណ៌លឿងលាយឡំគ្នា ។ គាត់ជ្រើសយកតែគ្រាប់ពណ៌បៃតងយកទៅដាំបន្តទៅទៀតជាច្រើនជំនាន់ ដើម្បីជម្រុះពូជពណ៌លឿងចេញអំពីគ្រាប់សណ្តែកកូនកាត់នោះ ។ ក៏ប៉ុន្តែ ទោះបីជាគាត់ខំសម្រិតសម្រាំងដាំវាប៉ុន្មានតំណក៏ដោយ ក៏គ្រាប់ពណ៌លឿងនៅតែមានអត្ថិភាព ។ និយាយឲ្យខ្លី គ្រាប់សណ្តែកកូនកាត់ដែលលោក មិនដែល ដាំនោះ វាសុទ្ធមួយជំនាន់ មិនសុទ្ធមួយជំនាន់ ហើយបន្តអព្ភូតហេតុនោះជារៀងរហូតទៅ ។ បើយើងប្រៀបធៀបប្រការនេះទៅនឹងមនុស្សប្តីប្រពន្ធ ដែលមានពណ៌សម្បុរស្បែក មួយស មួយខ្មៅ កូនរបស់ពួកគេអាចមានសម្សុរស ឬខ្មៅ ។ ក៏ប៉ុន្តែ នៅពេលកូនសម្បុរសរៀបការជាមួយនឹងមនុស្សសម្បុរដូចគ្នា ស្រាប់តែបង្កើតកូនមកមានសម្បុរខ្មៅទៅវិញ ដ្បិតហ្សែន ជីដូនឬជីតាដែលមានសម្បុរខ្មៅនោះ បានវិលមកវិញ ។ គេហៅភាវឆ្លាស់គ្នានេះជាភាសាអង់គ្លេសថា៖ Dominant and Recessive Genes ។ អ្នកដែលចង់យល់ពិស្តារអំពីអព្ភូតហេតុនេះ អាចមើលវីឌីអូនៅក្នុង យូធ្យូប ដោយសរសេរពាក្យថា៖ Mendel's Peas ។ ផ្អែកលើអព្ភូតហេតុនៃគ្រាប់សណ្តែក មិនដែល យើងអាចសន្និដ្ឋានថា ជំងឺតពូជ (Hereditary Diseases) ក៏ប្រហែលជាមានទម្រង់ដូចជាគ្រាប់សណ្តែក មិនដែល ដែរ ។ ឧទាហរណ៍ បើម្តាយមានរោគមហារីកសុដន់ កូនអាចនឹងគ្មានទេ ។ ក៏ប៉ុន្តែ ចៅរបស់គាត់អាចមាន ហើយបន្តរំលងជំនាន់តរៀងទៅ ។ ចំណុចនេះ គ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានធាតុពិតខ្លះៗនៅក្នុងការសន្និដ្ឋាននេះ ។ នៅក្នុងដំណើរប្រកបការងារចិញ្ចឹមជីវិតរបស់ខ្ញុំប្រមាណជាជិត ៣០ឆ្នាំកន្លងទៅនេះ ខ្ញុំធ្លាប់បានអង្គុយសង្កេតអ្នកស្រាវជ្រាវផ្នែកជំងឺតពូជ ធ្វើបទបង្ហាញជារឿយៗ ។ ពេលខ្លះគេយករបកគំហើញតាមរយៈ ឌីអិនអេ (Deoxyribronucleic acid) មកធ្វើជាបទបង្ហាញ ។ ម្តងនោះខ្ញុំឃើញគេនិយាយអំពី អាការរោគឆ្លាស់ជំនាន់ស្រដៀងគ្នានឹងអព្ភូតហេតុគ្រាប់សណ្តែក មិនដែល ដែរ ។ ប្រសិនបើការចងចាំរបស់ខ្ញុំមិនច្រឡំបល់ទេ អាការរោគឆ្លាស់ជំនាន់នោះគឺ ពិការញាណអូទីហ្សឹម (Autism Spectrum Disorders, Or ASD) ។ យោងតាមរបកគំហើញនោះ ពិការញាណអូទីហ្សឹម ជាជំងឺបញ្ញាញាណតពូជឆ្លាស់ជំនាន់ដូចគ្រាប់សណ្តែក មិនដែល ដែរ ។ ឧទាហរណ៍ បើខ្ញុំជាមនុស្សពិការញាណអូទីហ្សឹម កូនរបស់ខ្ញុំមិនមានអាការរោគនេះនៅក្នុងជីវិតទេ ។ ក៏ប៉ុន្តែ ចៅរបស់ខ្ញុំអាចមាន ។ វានឹងបន្តឆ្លាស់ជំនាន់ដូច្នេះតរៀងទៅ ។ សំណួរមួយពាក់ព័ន្ធនឹងអូទីហ្សឹមគឺថា តើយើងអាចគេចអំពីអាការរោគពិការញាណតជំនាន់នេះរួចទេ ។ ចម្លើយគឺគេចមិនរួចទេ ដ្បិតមនុស្សមានអត្ថិភាពលើភពផែនដីនេះរាប់រយជំនាន់មកហើយ ។ ឯភាវពិការញាណអូទីហ្សឹមចាប់បដិសន្ធិនៅក្នុងជាតិពន្ធុមនុស្ស (Human genes) ចាប់ពីពេលណាមក ក៏គ្មាននរណាដឹងដែរ ។ សូម្បីតែភាវពិការញាណអូទីហ្សឹមនៅក្នុងជីវិតមនុស្សផងគ្នា ក៏យើងមើលមិនដឹងដែរ លើកលែងតែពិការញាណកម្រិតធ្ងន់ ដែលមានរោគសញ្ញាសុខភាពផ្លូវកាយខ្លះៗ (Physical or characteristic anomaly) ដែលអាចឲ្យយើងមើលយល់ ។ ម៉្យាងទៀត អូទីហ្សឹមកម្រិតមធ្យមនិងស្រាលនៅក្នុងខ្លួនមនុស្សស្រី គ្មាននរណាអាចមើលយល់ឡើយ ដ្បិតវាស្តែងចេញមកក្នុងសភាវទន់ជ្រាយ ដូចជាឆាប់យំ ឆាប់ខឹង ឆាប់ក្និកក្នក់ក្នាញ់ ជាដើម ដែលសង្គមទូទៅចាត់ទុកថាជាភាវៈធម្មជាតិរបស់មនុស្សស្រី (Natural characteristic traits) ។ ក៏ប៉ុន្តែ បើយើងយកគ្រាប់សណ្តែក មិនដែល មកធ្វើជាតឹតតាង ពិការញាណអូទីហ្សឹម អាចកើតមានលើមនុស្សប្រុសនិងស្រីស្មើភាពគ្នា ។ និយាយអំពីការគេចវេះអំពីជំងឺតពូជ មានបុគ្គលមួយរូបឈ្មោះ ហ្វ្រានសុីស ហ្គាលតុន (Francis Galton) យល់ឃើញថា មនុស្សអាចបន្សុទ្ធជាតិពន្ធុ ដើម្បីទ្រទ្រង់ឧត្តមភាពអម្បូររបស់ខ្លួន ក៏ដូចជាលុបបំបាត់នូវជំងឺតពូជផងទាំងពួង ។ លោក ហ្គាលតុន ជាបងប្អូនជីដូនពីរនឹងលោក ឆាល ដាវិន (Charles Darwin) ដែលជាជីវវិទូដ៏ល្បីល្បាញនៅក្នុងពិភពលោក ។ ផ្ទុយអំពីលោក ដាវិន ដែលគ្រាន់តែលើកយកសមតិកម្ម ឬ រូបមន្ត ភាវៈគង់វង្សនៃពូជពង្សសត្តនិករឆ្លាតជាងគេ (Survival of the fittest theory) លោក ហ្គាលតុន បានរុញសមតិកម្មនេះមួយជំហានទៅមុខទៀត ដោយអះអាងថាគេអាចបន្សុទ្ធជាតិពន្ធុមនុស្ស ឬក៏សម្រិតសម្រាំងឲ្យមានតែមនុស្សឆ្លាតវាងវៃ ដោយលុបបំបាត់ប្រភេទមនុស្សខ្សោយៗចេញអំពីរង្វង់នៃអម្បូររបស់ខ្លួន ។ គេហៅការអនុវត្តិនេះថា យូជីនិក (Eugenics) ។ ពេលវាលេចកន្ទុយចេញមក ទិដ្ឋិលេលាអមនុស្សធម៌នេះ មិនសូវមានមនុស្សស្វាគមច្រើនទេ ។ ក៏ប៉ុន្តែ សេដ្ឋីអាមេរិកាំងមួយរូបឈ្មោះ ចន ហាវី ឃេលឡុក (សមាជិកគ្រួសារ Kellogg ដែលផលិតអំបុកឲ្យកូនគេកូនខ្ញុំទទួលទានជាអាហារពេលព្រឹកសព្វថ្ងៃនេះ) បានបង្កើតមូលនិធិមួយ ដើម្បីជម្រុញឲ្យមានចលនាបន្សុទ្ធពូជនៅសហរដ្ឋអាមេរិក ។ នៅចន្លោះឆ្នាំ ១៩០៩ ដល់ឆ្នាំ ១៩៧៩ មនុស្សពិការញាណប្រមាណជាពីរមុឺននាក់នៅក្នុងរដ្ឋកាលីហ្វ័នីញា ត្រូវបានគេក្រៀវដើម្បីផ្តាច់ពូជចេញពីចំណោមពលរដ្ឋអាមេរិកាំង ។ នៅអំឡុងពេលនោះដែរ រដ្ឋចំនួន ៣៣ នៃសហរដ្ឋអាមេរិកបានបង្កើតច្បាប់ អនុញាតិឲ្យយកមនុស្សពិការញាណទៅក្រៀវ ដើម្បីលុបបំបាត់ប្រភេទមនុស្សខ្សោយៗ ចេញអំពីចំណោមពលរដ្ឋអាមេរិកាំង ។ បើនិយាយអំពីជនជាតិដើមអាមេរិកាំងវិញ សម្រង់ស្ថិតិមួយរកឃើញថា មនុស្សចន្លោះពី ២៥% ទៅ ៥០% ត្រូវបានគេក្រៀវ ។ វាគឺជាទង្វើមនុស្សឃាដប្រយោលមួយ ដែលមិនសូវមាននរណាដឹង ។ មិនមានស្ថិតិច្បាស់លាស់ ថាតើមនុស្សប៉ុន្មាននាក់ដែលរងកម្ម ដោយសារតែទិដ្ឋិឆ្កួតៗនេះទេ ។ ក៏ប៉ុន្តែ យើងអាចសន្និដ្ឋានថា ជនរងគ្រោះនៅសហរដ្ឋអាមេរិក ដោយសារគំនិតលោក ហ្គាលតុន នេះ បើមិនដល់រាប់លាន ក៏រាប់សែននាក់ដែរ ។ អ្វីដែលធ្វើឲ្យគំនិតលោក ហ្គាលតុន សាបរលាបគឺទង្វើរបស់ អាដុល ហុីត្លែរ (Adolf Hitler) នៅអំឡុងសង្គ្រាមលោកលើកទី ២ ។ ហុីត្លែរ ចាត់ទុកជនជាតិអាល្លឺម៉ង់ដែលពិការកាយនិងពិការញាណ រាប់បញ្ចូលទាំងជនជាតិ ជីហ្វ និង ជីបសុី (Jews and Gypsy) ថាជាកត្តាដែលបន្ទុចបង្អាក់ភាវៈខ្ពង់ខ្ពស់នៃអម្បូរអារីយាន (Aryan) នៃជនជាតិអាល្លឺម៉ង់ ។ គាត់បានបង្កើតគោលនយោបាយ សម្លាប់មនុស្សអស់ទាំងនោះចោល ។ ទម្រាំតែសង្គ្រាមលោកលើកទី ២ ចប់ និងលោក ហុីត្លែរ ងាប់អន្តរធានទៅ មនុស្សប្រមាណជា ១១លាន់នាក់ ត្រូវបានគេយកទៅសម្លាប់ ដោយផ្ទាល់ផងនិងដោយប្រយោលផង ។ បើយើងពិនិត្យមើល ឬក៏ភ្ជាប់ព្រឹត្តិការណ៍នានា ដែលពាក់ព័ន្ធនឹងសោកនាដកម្មដ៏វែងអន្លាយនេះ ត្រឡប់ទៅក្រោយវិញ ឫសកែវរបស់វាគឺកើតចេញមកអំពីគ្រាប់សណ្តែក ឬ របកគំហើញរបស់លោក មិនដែល នេះឯង ។ ការរកឃើញអ្វីមួយជាលក្ខណៈវិទ្យាសាស្ត្រ វាគឺជាកាំបិតមុខពីរ ។ នៅពេលដែលយើងយករបកគំហើញ ទៅអនុវត្តិដោយគ្មានការពិចារណាល្អិតល្អន់ វានឹងបង្កឲ្យមានគ្រោះមហន្តរាយ ។ ប៉ុន្តែ បើយើងយករបកគំហើញដដែលនោះ ទៅអនុវត្តិដោយមានការពិចារណាល្អិតល្អន់ វាអាចផ្តល់សារប្រយោជន៍ដល់មនុស្សជាតិច្រើនជាងគ្រោះកាច ។ បច្ចុប្បន្ន គោលការណ៍ យូជីនីក មិនទាន់បាត់បង់ប្រជាប្រិយភាពនៅឡើយទេ ។ នៅពេលរាជវង្សានុវង្ស រៀបការជាមួយនឹងរាជវង្ស ឬក៏អ្នកដែលមានអាជីពជាគ្រូពេទ្យរៀបការជាមួយនឹងគ្រូពេទ្យដូចគ្នា ទង្វើនេះគឺជាការអនុវត្តិតាមគោលការណ៍ យូជីនីក ដោយប្រយោល ។ ក៏ប៉ុន្តែ អ្វីដែលជាសារប្រយោជន៍សំខាន់បំផុតនៃ យូជីនីកនិយម គឺការប្រើគោលការណ៍នេះនៅក្នុងការសិក្សាស្រាវជ្រាវអំពី ហ្សែន (Genetic studies) ។ សព្វថ្ងៃ គេមិនយកមនុស្សខ្សោយបញ្ញា ពិការកាយពិការញាណ ខ្វៀនខ្វង់ខ្វិន ឬក៏មានជំងឺប្រចាំត្រកូល ទៅក្រៀវ ឬក៏សម្លាប់ចោលដូចសម័យមុនទៀតទេ ។ គេយកត្រឹមតែ ហ្សែន (Genes) នៃមនុស្សទាំងនេះទៅសិក្សាស្វែងរកប្រភេទ ម៉ូលិគុលមិនប្រក្រតី (Melecular defects) ដែលបង្កឲ្យមានជំងឺពិបាកព្យាបាលនានា ដើម្បីសម្លាប់ហ្សែនចង្រៃនោះចោល ឬក៏ដកហូតវាចេញអំពីជាតិពន្ធុរបស់មនុស្សជាតិ ។ រឿងគ្រាប់សណ្តែក មិនដែល សន្មត់ថាចប់ត្រឹមនេះ ៕

Friday, December 6, 2024

ចំណីខួរក្បាល

ស្មន់ (Inbreeding) នៅពេលមនុស្សព្យាយាមសង្គ្រោះសត្វព្រៃដែលមានហានិភ័យដាច់ពូជ មនុស្សរមែងស្វែងរកសត្វដែលមានអម្បូរដូចគ្នានោះ យកមកអំពីទីឆ្ងាយដាច់អាល័យ ដើម្បីបង្កាត់ពូជវា ។ មូលហេតុតែមួយគត់ដែលគេធ្វើដូច្នោះ ពីព្រោះមនុស្សបានស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្ររកឃើញថា តំណក្រោយនៃសត្វដែលមានឈាមជ័រដាច់ឆ្ងាយអំពីគ្នា រមែងមានសមត្ថភាពនិងភាវឆ្លាតវាងវៃខ្ពស់ជាងសត្វ ដែលមានមេបាជាសាច់ញាតិនឹងគ្នា ។ នៅក្នុងភាសាអង់គ្លេសគេហៅថា៖ Resilience (ភាវបុិនប្រសប់ក្នុងការថែទាំគាំពារជីវិត) ។ ក៏ប៉ុន្តែ មនុស្សខ្លួនឯងបែរជាខ្ជីខ្ជាក្នុងការអនុវត្តិ នូវអ្វីដែលខ្លួនបានរកឃើញជាលក្ខណៈវិទ្យាសាស្ត្រនេះទៅវិញ ។ ពួកគេមិនសូវរៀបការជាមួយនឹងមនុស្ស ដែលមានឈាមជ័រឆ្ងាយអំពីពូជអម្បូរខ្លួនឡើយ ។ មិនតែប៉ុណ្ណោះ មនុស្សមួយចំនួនថែមទាំងរៀបការជាមួយនឹងសាច់ញាតិរបស់ខ្លួន ដូចជាបងប្អូនជីដូនមួយ ឬជីទួតមួយជាដើម ។ នៅក្នុងសង្គមខ្មែរ ដោយហេតុតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេច ដែលនិយមរៀបការតែនឹងសាច់ញាតិឯង ពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេស ក៏និយមរៀបការតែនឹងសាច់ញាតិឯងដែរ ។ ក្នុងចំណោមសាច់ញាតិខាងឪពុងនិងម្តាយរបស់ខ្ញុំ យើងមានគ្រួសារដែលឪពុកម្តាយជាជីដូនមួយនឹងគ្នា មិនតិចជាង ១០គូឡើយ ។ ផលវិបាកចម្បងនៃស្មន់ (Inbreeding) គឺជំងឺនានាទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ដោយហេតុតែឈាមជ័ររបស់យើង (Gentic blueprint) ចេញមកពីប្រភពតែមួយ ដូច្នេះបើប្រភពនៃជាតិពន្ធុ ឬហ្សែនរបស់យើងនោះ (Gene) មានផ្ទុកជំងឺប្រចាំត្រកូល ដូចជាមហារីកអ្វីមួយ អ្នកតំណក្រោយនឹងបន្តរងគ្រោះដោយសាររោគនោះ ស្ទើរតែជៀសមិនរួចឡើយ ។ ប៉ុន្តែ អ្វីដែលជាកត្តាធ្ងន់ធ្ងរជាងជំងឺផ្លូវកាយ គឺហានិភ័យជាមួយនឹងជំងឺផ្លូវចិត្ត ។ វាពាក់ព័ន្ធនឹងអាកប្បកិរិយា (Character) និងភាពឆ្លាតវាងវៃ (Resilience) របស់មនុស្សគ្រប់ៗរូប ។ ដោយហេតុតែជំងឺផ្លូវចិត្ត ត្រូវបានគាំពារដោយច្បាប់យ៉ាងតឹងរឹង មិនមានការសិក្សាស្រាវជ្រាវទូលំទូលាយអំពីអាកប្បកិរិយា និង ភាពឆ្លាតវាងវៃរបស់មនុស្ស ដែលមានបុព្វការីជនជាស្មន់នឹងគ្នាទេ ។ ក៏ប៉ុន្តែ បើយើងសង្កេតដោយផ្អែកលើប្រវត្តិសាស្ត្រ យើងប្រហែលជាអាចយកកត្តាមួយមកធ្វើជាមូលដ្ឋានដើម្បីស្វែងយល់ ។ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ អម្បូរស្តេចកម្រនឹងនឹងរៀបការជាមួយនឹងអ្នកដទៃក្រៅអំពីពូជពង្សវង្សត្រកូលខ្លួនណាស់ ។ ជាលទ្ធផល ជាតិពន្ធុ ឬហ្សែន របស់រាជវង្សានុវង្ស មិនមានវិសាលភាពធំទូលាយឡើយ ។ បើយើងយកភាវនេះទៅភ្ជាប់ជាមួយនឹងភាពឆ្លាតវាងវៃ (Resilience) យើងប្រហែលជាមើលឃើញថា ហេតុអ្វីបានជារបបរាជានិយមអស់ឥទ្ធិពល និង វិនាសហិនហោចស្ទើរតែអស់ពីពិភពលោក ។ ស្តេចស្ទើរតែទាំងអស់ដែលនៅសេសសល់សព្វថ្ងៃ មិនមានតួនាទីដឹកនាំប្រទេសជាតិដោយផ្ទាល់ទៀតទេ ។ ត្រង់ចំណុចនេះ យើងអាចសួរថា តើកម្រិតឆ្លាតវាងវៃរបស់ស្តេចធ្លាក់ចុះ ឬមួយយ៉ាងណា ទើបបានជាមិនមានលទ្ធភាពដឹកនាំប្រទេសដោយផ្ទាល់ ។ បើធ្លាក់ចុះ តើមកពីមូលហេតុអ្វី ។ ការសិក្សាស្វែងយល់ ទោះបីត្រឹមតែឆ្ងល់អំពីភាពឆ្លាតវាងវៃរបស់មនុស្ស គឺជាប្រធានបទដ៏រសើបផង និង ឈឺចាប់ផង ។ ទាំងគេទាំងខ្ញុំ យើងមិនដឹងថាប្រភពនៃជាតិពន្ធុ ឬ ហ្សែន (Genes) របស់យើង មានពាក់ព័ន្ធនឹងស្មន់ដែរឬយ៉ាងណាទេ ។ ផ្អែកលើតឹកតាងនៅក្នុងរង្វង់ញាតិសន្តានខ្ញុំ ខ្ញុំគិតថា មនុស្សភាគច្រើនប្រហែលជាគេចមិនផុត អំពីប្រការដែលមានបុព្វការីជន ជាស្មន់នឹងគ្នាទេ ។ នៅក្នុងដំណើរផ្ទុយអំពីស្មន់ យើងមានមនុស្សមួយក្រុមដែលជាកូនកាត់ (Hybrid) ។ មនុស្សពាសពេញពិភពលោក ឲ្យតម្លៃមនុស្សប្រភេទកូនកាត់ខុសស្ទើរតែគ្រប់ៗគ្នា ។ យើងហៅពួកគេថា ពាក់កណ្តាល ៗ ។ ឧទាហរណ៍ ពាក់កណ្តាលបារាំង ពាក់កណ្តាលខ្មែរ ។ តាមពិតមនុស្សដែលពូជពង្សឪពុកម្តាយ មានអម្បូរពីរដាច់ដោយឡែកពីគ្នា ពួកគេមានវិសាលភាពជាតិពន្ធុ ឬហ្សែន ពីរដងនៃមនុស្សដែលមិនមែនជាកូនកាត់ ។ ឯភាពឆ្លាតវាងវៃ (Resilience) នៃមនុស្សប្រភេទនេះ យ៉ាងណាៗនោះ ខ្ញុំមិនហ៊ានសន្និដ្ឋានទេ ។ មានរឿងពិតមួយពាន់ព័ន្ធនឹងមនុស្សកូនកាត់ ។ ស្ត្រីជនជាតិជប៉ុនមួយរូបរៀបការជាមួយនឹងជនជាតិអាមេរិកាំងអម្បូរស្បែកស ។ ពេលកូនស្រីគាត់ចម្រើនវ័យទៅរៀននៅបឋមសិក្សា ក្មេងដទៃហៅនាងក្នុងន័យចំអកចំអន់ថា ពាក់កណ្តាល (Half-breed) ។ នាងតូចចិត្តយ៉ាងខ្លាំងដោយហេតុតែកើតមកមានឪពុកម្តាយមិនពេញលេញដូចក្មេងដទៃ ហើយក៏យករឿងដែលក្មេងដទៃហៅនាងចូច្នោះមកប្រាប់ម្តាយនាង ។ ស្ត្រីជប៉ុននោះបានពន្យល់កូនគាត់ថា៖ កូនមិនមែនជាមនុស្សពាក់កណ្តាលទេ (You are not half-breed) ។ កូនគឺជាមនុស្ស ទ្វេភាគ (You are a double-breed) ។ កូនមានអ្វីៗពីរដងនៃក្មេងដទៃ ។ នៅក្នុងរូប ឬ ខ្លួនរបស់កូន កូនមានឈាមជ័រជាជប៉ុនផង និង អាមេរិកាំងផង ។ កូនទទួលផលអំពីវប្បធម៌ជប៉ុនផង និង អាមេរិកាំងផង ។ កូនមានលទ្ធភាពទទួលទានម្ហូបអាហាររបស់ជប៉ុនផង និង អាមេរិកាំងផង ។ ឯភាពឆ្លាតវាងវៃ ក៏កូនមានទ្វេដងដែរ ។ នៅមានប្រការទ្វេដងនេះ ជាច្រើនរាប់មិនអស់ថែមទៀត ។ ស្ត្រីជប៉ុននោះ ប្រហែលជាមិនមែនជាអ្នកវិទ្យាសាស្ត្រទេ ។ គាត់លើកយកប្រការទ្វេដងមកនិយាយប្រាប់កូន គឺដើម្បីកុំឲ្យកូនស្រីគាត់តូចចិត្តនៅក្នុងដំណើរជីវិតរបស់ខ្លួន ដោយសារតែពាក្យ ពាក់កណ្តាល ឬ កូនកាត់ (Half-breed or Hybrid) ។ ក៏ប៉ុន្តែ ប្រសិនបើយើងលើកយកហេតុផលមកពិចារណា ការអះអាងប្រាប់កូនស្រីគាត់របស់ស្ត្រីជប៉ុននោះ ប្រហែលជាមិនខុសទេ ៕

Saturday, November 23, 2024

ចំណីខួរក្បាល

ពុទ្ធសាសនាមជ្ឈឹមមគ្គ (Madhyamaka Buddhism) ពុទ្ធសាសនាមជ្ឈឹមមគ្គ គឺជាផ្នែកមួយនៃពុទ្ធសាសនាមហាយាន ។ ប៉ុន្តែ និកាយនេះមិនសូវមានមនុស្សយល់ដឹងច្រើនទេ ដ្បិតគម្ពីរដីការទាំងអម្បាលម៉ានពាក់ព័ន្ធនឹងនិកាយនេះ បានបាត់បង់ស្ទើរតែអស់ទៅហើយ ។ ឯកសារដែលសេសសល់ ត្រូវបានអ្នកស្រាវជ្រាវផ្នែកទស្សនវិជ្ជា យកមកវិភាគនិងចងក្រងផ្សាយនៅក្នុងគេហទំព័រមួយ ។ ខ្ញុំសរសេរអត្ថបទនេះ ដោយផ្អែកលើឯកសារនៅក្នុងគេហទំព័រនោះ ។ មជ្ឈឹមមគ្គគឺសំដៅដល់ការបដិបត្តិទិដ្ឋិពុទ្ធសាសនាតាមមាគ៌ាកណ្តាល មិនសេរីនិយមដូចមហាយាន ហើយក៏មិនអភិរក្សនិយមដូចហិនយាន ឬថេរវាទ ដែរ ។ គំរូនៃទស្សននេះគឺកើតចេញអំពីដំណើរជីវិតរបស់ព្រះពុទ្ធ រវាងការរស់នៅក្នុងវាំង និង ការធ្វើទុក្ខរកិរិយា (ព្រះសំរួម) ។ ព្រះពុទ្ធទ្រង់ជ្រើសយកផ្លូវកណ្តាលនៃភាវផ្ទុយគ្នានេះ ទើបស្វែករកការត្រាស់ដឹងឃើញ ។ ថ្វីដ្បិតតែមើលទៅហាក់ដូចជាសាមញ្ញ ក៏ប៉ុន្តែ ទិដ្ឋិមួយចំនួននៅក្នុងមជ្ឈឹមមគ្គមិនសុីសង្វាក់ជាមួយនឹងអ្វីដែលពុទ្ធបរិស័ទ ទទួលស្គាល់ថាជាសច្ចភាពនោះទេ ។ ឧទាហរណ៍ រូប ឬអាត្ម័ន ដែលធ្លាយខ័ន្ធរលាយកាយក្លាយជាផេះផង់ល្អងធូលីទៅហើយនោះ មិនបាត់បង់សូន្យសុងទេ ។ វាទៅស្នាក់នៅក្នុងទីមួយដែលគេហៅថា សុញ្ញាតា ឬ ភពទទេ (Emptiness) ។ បើរូបយើងទៅនៅក្នុងភពទទេ នោះវាគួរតែមានន័យថា គ្មានអត្ថិភាពនៃរូបនៅលើលោកនេះទៀតឡើយ ។ ត្រង់នេះ គេពន្យល់ថា រូបដែលមានអត្ថិភាពក្នុងភពទទេនេះ គឺប្រៀបបាននឹងភ្លើងដែលរលត់ទៅ ។ វាបាត់ពីភ្នែក ច្រមុះ ត្រចៀក ឬ ឥន្ទ្រីយារម្មណ៍ទាំងប្រាំរបស់យើងអស់រលីងហើយ ។ ក៏ប៉ុន្តែ ពេលមានអភូតហេតុអ្វីមួយមកបង្ក (Cause) ភ្លើងនឹងលេចចេញមកភ្លាម ។ ឧទាហរណ៍ ចរន្តអគ្គិសនីនៃកាំរន្ទះដែលបាញ់មកប៉ះនឹងថ្មភ្នំបង្កឲ្យមានផ្កាភ្លើងកើតឡើង ។ នៅពេលផ្កាភ្លើងនោះហោះទៅប៉ះនឹងកំទេចស្លឹកឈើក្រៀម វានឹងបង្កឲ្យមានចំហេះនៃភ្លើងដែលយើងអាចមើលយល់ពាល់ត្រូវនៅក្នុងឥទ្ទ្រីយារម្មណ៍ ។ ដូច្នេះ នៅក្នុងសុញ្ញាតា ឬភពទទេគឺមានអត្ថិភាពនៃភ្លើង ។ ឯរូប ឬអាត្ម័នរបស់មនុស្សដែលបែកធ្លាយរលាយខ័ន្ធទៅក៏ដូចគ្នាដែរ ។ វាអត់បាត់បង់ទៅណាឡើយ ដោយនៅតែរក្សាអត្ថិភាពរបស់វានៅក្នុងភពទទេ ឬ សុញ្ញាតា ។ ពាក់ព័ន្ធនឹងទិដ្ឋិ សុញ្ញាតា ឬភពទទេ មានពាក្យមួយឃ្លាដែលត្រូវបានគេលើកយកមកធ្វើជាគោល៖ "There do not exist, anywhere at all, any existents whatsoever, arisen either from themselves or from something else, either from both or altogether without a cause." (នៅក្នុងចក្រវាឡ៍ គ្មានអ្វីទាល់តែសោះ ដែលអាចមានអត្ថិភាពដោយការផ្គុំរូបធាតុខ្លួនឯងក្តី ជាមួយរូបធាតុដទៃក្តី ឬក៏ទាំងព្រមក្តី ប្រសិនបើមិនមានហេតុបច័យ ឬ ផស្សៈ) ។ ចូរកត់សម្គាល់ពាក្យ without a cause (ដោយគ្មានហេតុបច័យ ឬការភពប្រសព្វ) ។ នៅក្នុងវដ្តនៃបដិច្ចសមុប្បាទ យើងមានពាក្យមួយហៅថា៖ ផស្សៈ (ភពប្រសព្វ) ។ គឺការភពប្រសព្វនេះហើយដែលជាឫសគល់នៃអត្ថិភាពនៅក្នុងភពទទេ ឬនៅក្នុងសុញ្ញាតា ។ គេហៅអត្ថិភាពភពប្រសព្វនេះថា Dependent Origination (ឬ អត្ថិភាពផស្សៈ) ។ អត្ថិភាពផស្សៈ មិនស្ថិតនៅក្នុងច្បាប់ធម្មជាតិទេ (Natural law) ។ វាស្ថិតនៅក្នុងច្បាប់អភិធម្មជាតិ (Metanatural law) ។ ដូច្នេះ ដើម្បីស្វែងយល់អំពីសច្ចភាពនៃអត្ថិភាពផស្សៈ គេចាំបាច់ត្រូវតែបែកចែកសច្ចភាពជាពីរស្រទាប់ ដែលយើងអាចហៅថា៖ សច្ចធម្មជាតិ និង សច្ចអភិធម្មជាតិ (Two layers of truth Or Natural truth and Metanatural truth) ។ មានរូបមានទុក្ខគឺជាសច្ចធម្មជាតិ ។ ឯរូបដែលគ្មានទុក្ខគឺស្ថិតនៅក្នុងសច្ចអភិធម្មជាតិ ។ តើរូបដែលគ្មានទុក្ខមានសណ្ឋានដូចម្តេច ។ យើងមិនអាចមើលយល់ពាល់ត្រូវឡើយ ដ្បិតអីវាជារូបដែលស្ថិតនៅក្នុងរូប ។ និយាយឲ្យងាយយល់ វាគឺជាវិញ្ញាណក្ខ័ន្ធ ។ នៅពេលជីវិតមនុស្សសត្វផុតរលត់ទៅ វិញ្ញាណក្ខ័ន្ធ ដែលជាសច្ចអភិធម្មជាតិ វារសាត់អណ្តែតទៅនៅក្នុងសុញ្ញាតា ឬភពទទេ ។ រូបនៅក្នុងភពទទេ គឺគ្មានទុក្ខឡើយ ។ នៅត្រង់ចំណុចនេះ វាប្រហែលជាមិនពិបាកយល់ទេ ប្រសិនបើយើងភ្ជាប់វាទៅនឹងពាក្យមួយឃ្លាដែលខ្មែរយើងតែងតែនិយាយបន្ទាប់ពីមាននរណាម្នាក់ស្លាប់៖ "កាត់ផុតទុក្ខហើយ!" ។ នៅក្នុងទិដ្ឋិអភិធម្មសច្ចៈ យើងអាចនិយាយបានថា ការពិតគឺគ្មានការពិតទេ (The truth is: There is no truth) ។ ការអះអាងនេះ បើយើងពិចារណាក្នុងន័យធម្មសច្ចៈ វាហាក់ដូចជាសភាវឡប់ៗ គ្មានហេតុផលជាមូលដ្ឋានឡើយ ។ ក៏ប៉ុន្តែ បើយើងយកចំណុចនេះទៅពិចារណាដោយផ្អែកលើទិដ្ឋិអភិធម្មសច្ចៈ យើងប្រហែលជាអាចមើលឃើញថា អ្វីដែលពិតនៅក្នុងធម្មសច្ចៈ អាចមានភាវប្រែប្រួលនៅក្នុងអភិធម្មសច្ចៈ ។ ឧទាហរណ៍ មានរូបមានទុក្ខនៅក្នុងភពធម្មជាតិ ឬធម្មសច្ចៈ ។ ប៉ុន្តែ រូបដែលនៅក្នុងសុញ្ញាតា ឬអភិធម្មសច្ចៈ (Emptiness) មិនមានទុក្ខទេ ។ សម្រួលឲ្យសាមញ្ញបន្តិច មានរូបមានទុក្ខ គឺត្រឹមត្រូវនៅក្នុងច្បាប់ធម្មជាតិ (Natural law) ។ ក៏ប៉ុន្តែនៅក្នុងច្បាប់អភិធម្មជាតិ (Metanatural law) យើងមិនអាចចាត់ទុក្ខរូបទាំងអស់ថា សុទ្ធតែមានទុក្ខឡើយ ។ ត្រង់ចំណុចនេះ យើងអាចនិយាយថា សច្ចភាពគ្មានភាវដាច់ខាតទេ (There is no absolute truth)។ បើយើងមិនអាចចាត់ទុករូបទាំងអស់ថា សុទ្ធតែមានទុក្ខ តើយើងអាចមានរូបដែលគ្មានទុក្ខដែរឬទេ ។ សំណួរនេះ យើងប្រហែលជាអាចរកចម្លើយឃើញដោយយកពាក្យមួយម៉ាត់មកធ្វើជាបង្អែក៖ កុសលកម្ម ។ រូប ឬជីវិតដែលដិតដាមដោយកុសលកម្ម មិនមានទុក្ខដើរតាមជាមួយឡើយ ។ ប្រការនេះមនុស្សគ្រប់ៗរូបយល់ច្បាស់ណាស់ថា នៅពេលដែលយើងសាងកុសលកម្មទៅលើញាតិសន្តានក្តី អ្នកដទៃក្តី យើងជម្រុះទុក្ខចោលអស់ច្រើនពេកក្តាត់ ។ ចុះអ្នកដែលសាងកុសលកម្មជាប្រចាំរហូតអស់មួយជីវិត តើអាចមានទុក្ខជាប់នៅនឹងខ្លួនដែរទេ ។ ចម្លើយគឺប្រាកដជាគ្មានទេ ។ តែថាឲ្យរលត់ទុក្ខអស់រលីងពីខ្លួននោះ គឺមិនអស់ទេ ។ ទាល់តែជីវិតរលត់ទៅនៅក្នុងសុញ្ញាតា ទើបទុក្ខរលាយអស់រលីញ ។ អ្នកដែលធ្លាប់សិក្សាមហាវេសន្តរជាតត សុទ្ធតែយល់អំពីកុសលកម្មរបស់ព្រះវេសន្តរ នៅក្នុងដំណើរឆ្ពោះទៅរកការត្រាស់ដឹងនិងបរិនិព្វាន ដែលស្ថិតក្នុងជំហានចុងក្រោយនៃការរំលត់ទុក្ខឲ្យអស់ចេញអំពីរូប ។ នៅក្នុងដំណើរត្រាស់ដឹងរបស់ព្រះពុទ្ធ បន្ទាប់ពីបានត្រាស់ដឹងនិងផ្តល់កុសលកម្ម (បង្រៀនអំពីវិធីរំលត់ទុក្ខ) ដល់មនុស្សជាតិអស់កាលជាច្រើនឆ្នាំ ព្រះពុទ្ធក៏នៅតែមានទុក្ខអន្ទោលតាមប្រាណដែរ ។ ទុក្ខចុងក្រោយរបស់ព្រះអង្គគឺឆាន់ចង្ហាន់ដែលមានជាតិពុល (ផ្អូម) ហើយបង្កឲ្យមានអាពាធរហូតដល់រលត់សង្ខារ ។ ដូច្នេះ រូបរបស់ព្រះអរហន្តក្តី ព្រះពោធិសត្វក្តី ព្រះពុទ្ធក្តី មិនអាចរំលាយទុក្ខឲ្យរលត់អស់បានទេ ។ ទាល់តែរូបរលត់ ទើបទុក្ខរលត់អស់ដែរ ។ សុញ្ញាតាគឺជាភពដែលមានរូប ព្រះពុទ្ធ ព្រះពោធិសត្វ ព្រះអរហន្ត និង មនុស្សទូទៅនៅក្នុងនោះ ។ បើនៅក្នុងភពសុញ្ញាតា មានរូបព្រះពុទ្ធ ព្រះពោធិសត្វ ព្រះអរហន្ត និង មនុស្សទូទៅនៅក្នុងនោះ នៅលើភពផែនដីនេះ ក៏គួរតែមានអត្ថិភាពនៃរូបទាំងអស់នេះដូចគ្នា ពីព្រោះរូបដែលនៅក្នុងសុញ្ញាតានោះ រមែងវិលមកកើតនៅលើភពផែនដីនេះជាប្រចាំ ប្រៀបដូចជាភ្លើងដែលឆេះរលត់ៗដូច្នោះដែរ ។ នៅក្នុងភាសាអង់គ្លេសគេហៅសមតិកម្មនេះថា៖ Corollary (បច្ច័យសង្ខារ) ។ ដោយហេតុតែយើងមិនអាចដឹងថា រូបមួយណានៅលើភពផែនដីនេះ មានធម្មធាតុរបស់ព្រះពុទ្ធ ព្រះពោធិសត្វ ឬព្រះអរហន្តនៅក្នុងនោះ ដូច្នេះរូបនីមួយៗសុទ្ធតែមានសក្តានុពលត្រាស់ដឹងបាន ប្រសិនបើរូបនោះលុះនៅក្នុងគន្លងកុសលកម្ម ។ គន្លងកុសលកម្មចាប់ផ្តើមពីការ ភ្ញាក់រលឹក (Awakening) ។ មិនថាអ្នកមាន អ្នកក្រ ឃាតករ ជនពាល ឬក៏ម្នាលមេផ្តាច់ការណាឡើយ ដើម្បីអាចដើរចូលក្នុងគន្លងកុសលកម្មបាន គឺត្រូវភ្ញាក់រលឹកជាមុនសិន ។ ជំហានបន្ទាប់គឺទាន ។ ទានដែលសំខាន់ជាងគេជាទីបំផុតគឺចិត្ត មិនមែនទ្រព្យធនឬបញ្ញាញាណឡើយ ។ ទានដែលចេញពីក្នុងចិត្តនេះមានបួនគឺ៖ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ ការភ្ញាក់រលឹកនិងចិត្ត មេតា ករុណា មុទិតា ឧបេក្ខា គឺជាប្រទីបបំភ្លឺផ្លូវ ឬក៏យន្តការដឹកនាំបុគ្គលឆ្ពោះទៅរកការត្រាស់ដឹង និង ភាវជាអ្នកខ្សត់ទុក្ខ ។ គោលដៅនៃការដាក់ទាន ឬបរិច្ចាគនៅក្នុងគន្លងកុសលកម្មគឺដើម្បីស្រាយចំណងផងទាំងពួងដែលភ្ជាប់រូបយើងទៅនិងទុក្ខរបស់ខ្លួនឯងផង និងរបស់អ្នកដទៃផង ។ គេហៅការបរិច្ចាគ ឬទានប្រភេទនេះថា៖ លះបង់ចោល ឬលះបង់ដោយចិត្តបរិសុទ្ធ (Giving up) ។ លះបង់ចោលនៅទីនេះផ្ទុយអំពី លះបង់ឈប់ធ្វើ ។ គឺយើងលះបង់ដោយគ្មានរំពឹងផលអ្វីឡើយ ។ ដូចនៅក្នុងកំណាព្យខ្មែរមួយល្បះដែលពោលថា៖ "ឱយទានតាំងចិត្តស្មោះ កុំអាឡោះអាល័យស្ងួន ទ្រព្យនេះនឹងនាំខ្លួន ទៅបរលោកពុំសោះសូន្យ" ។ ដំណើរនៅក្នុងគន្លងកុសលកម្មនេះ មិនផ្អែកតែទៅលើការដាក់ទាន ឬបរិច្ចាគតែមួយមុខទេ គេក៏ត្រូវថែរក្សាការពារទ្រព្យដែលខ្លួនសន្សំបានផងដែរ ។ ទ្រព្យដែលត្រូវរក្សាការពារនៅទីនេះ គឺគេសំដៅលើកុសលដែលជាផលចេញអំពីទាន ។ មិនមែនសម្ភារៈឬបញ្ញាញាណដែលនៅជាប់នឹងរូបយើងនោះទេ ។ ខាងក្រោមនេះគឺជាឱវាទរបស់មហាគរុ សន្តិទេវ (Santideva, 8 CE) ពាក់ព័ន្ធនឹងកុសលទាន៖ What is given must no longer be guarded; what is at home must be guarded. What is given is [the cause] for the reduction of craving (triṣṇā); what is at home is the increase of craving. What is given is nonattachment (aparigraha); what is at home is with attachment (saparigraha). What is given is safe; what is at home is dangerous. What is given is [the cause] for supporting the path of awakening; what is at home is [the cause] for supporting Māra [the demonic tempter]. What is given is imperishable; what is at home is perishable. From what is given [comes] happiness; having obtained what is at home, [there is] suffering. (ŚS 19) (អ្វីដែលបានបរិច្ចាគ មិនត្រូវឲ្យនៅជាប់ជំពាក់ទៀតទេ ។ អ្វីដែលជាផលនៃការបរិច្ចាគ គប្បីថែរក្សាឲ្យគត់មត់ ។ អ្វីដែលត្រូវបានបរិច្ចាគ គឺជាហេតុដែលនាំឲ្យរលស់តណ្ហា ។ អ្វីដែលនៅជាប់នឹងខ្លួន គឺជាបច្ច័យនាំឲ្យកើនតណ្ហា ។ អ្វីដែលត្រូវបានបរិច្ចាគ នាំឲ្យចិត្តជ្រះថ្លា ។ អ្វីដែលនៅជាប់ខ្លួន គឺជាចំណងច្រើនប្រការ ។ អ្វីដែលត្រូវបានបរិច្ចាគ គឺសេចក្តីសុខសុវត្ថិភាព ។ អ្វីដែលនៅជាប់ខ្លួន គឺជាទុក្ខសោកអសុវត្ថិភាព ។ អ្វីដែលត្រូវបានបរិច្ចាគ គឺជាហេតុនាំរូបឆ្ពោះទៅរកការភ្ញាក់រលឹក ។ អ្វីដែលនៅជាប់នឹងខ្លួន គឺជាហេតុនាំឲ្យមានពៀរជាមួយនឹងសេចក្តីក្រោធ ។ អ្វីដែលត្រូវបានបរិច្ចាគ មិនអាចរលេះរលួយបាត់បង់ឡើយ ។ អ្វីដែលនៅជាប់នឹងខ្លួន គឺត្រូវរលេះរលួយរលាយទៅនៅថ្ងៃមួយ ។ ចេញអំពីអ្វីដែលត្រូវបានបរិច្ចាគ គឺសុភមង្គល ។ ហួងហែងក្តោបក្តាប់អំណាច បំពានគេឯងពេញមួយនគរ ដើម្បីប្រមូលយកទ្រព្យមកស្រោចស្រពគ្រសារខ្លួន លើគំនរទុក្ខរបស់អ្នកដទៃ គឺជាអពមង្គលដែលមានសេចក្តីទុក្ខ រង់ចាំស្វាគមន៍នៅចុងបញ្ចប់នៃជីវិត) ៕

Friday, October 25, 2024

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដែលអន់ និង បេក្ខជនដែលអន់ជាង (Bad and Worse) ។ ដូច្នេះ ការរង់ចាំមើលគោលនយោបាយអន្តេអន្តាយអ្វីៗនោះ វាហាក់ដូចជាមិនចាំបាច់ឡើយ ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅស្រុកអាមេរិក គឺជាការបោះឆ្នោតដោយមិនចំពោះ (Indirect election) ។ ប្រការនេះប្រហែលជាមិនសូវមានមនុស្ស ជាពិសេសអ្នកស្រុកក្រៅ យល់ដឹងច្បាស់លាស់ទេ ។ សូម្បីតែពលរដ្ឋអាមេរិកាំងខ្លួនឯង ដែលទៅចូលរួមបោះឆ្នោតនោះ ក៏មិនប្រាកដថាយល់អំពីរបៀបរបបបោះឆ្នោតត្រឹមត្រូវដែរ ។ ដូច្នេះ ខ្ញុំសូមឆ្លៀតឱកាសនេះ លើកយកគោលការណ៍សំខាន់ៗមួយចំនួនមកចែកជូនជាធម្មទាន ។ ជាបឋម ប្រព័ន្ធបោះឆ្នោតអាមេរិកាំងគឺផ្អែកលើគោលការណ៍ "អ្នកឈ្នះយកទាំងអស់" (Winner takes all) ។ មានន័យថា បេក្ខជនឬគណបក្សដែលឈ្នះឆ្នោត សូម្បីត្រឹមតែមួយសន្លឹក គឺទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋនីមួយៗ លើកលែងតែរដ្ឋ ម៉េន និង នេវ៉ាដា ។ ដើម្បីជៀសវាងការស៊ុមគ្រលំគ្នា រដ្ឋនីមួយៗរៀបចំការបោះឆ្នោតដាច់ដោយឡែកពីគ្នា ដោយយោងតាមគោលការណ៍និងបទដ្ឋាននានាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ គ្មានគណកម្មការរៀបចំការបោះឆ្នោតជាតិទេ (National Election Commissioners) ។ មុននឹងការបោះឆ្នោតឈានចូលមកដល់ គណបក្សដែលមានឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ត្រូវជ្រើសរើសតំណាងសន្លឹកឆ្នោត ឬតែងតាំងអង្គបោះឆ្នោតដែលគេហៅថា Electoral colleges or Electors ប្រចាំរដ្ឋនីមួយៗដោយយោងទៅតាមចំនួនសមាជិករដ្ឋសភានិងព្រឹទ្ធសភាប្រចាំរដ្ឋទាំងនោះ ។ ឧទាហរណ៍ រដ្ឋមួយមានសមាជិករដ្ឋសភានិងព្រឹទ្ធសភាចំនួន ១០ គឺមានសន្លឹកឆ្នោត ឬអង្គបោះឆ្នោតចំនួន ១០នាក់ដែរ ។ រដ្ឋនីមួយៗមានសមាជិកព្រឹទ្ធសភា ២រូបស្មើៗគ្នា និងមានសមាជិករដ្ឋសភាយ៉ាងហោចណាស់ក៏ម្នាក់ដែរ ទោះបីមានពលរដ្ឋរស់នៅក្នុងរដ្ឋនោះតែមួយតំបស្វាក៏ដោយ ។ ចំនួនអាសនៈសមាជិករដ្ឋសភាគឺគេបែងចែកដោយយោងតាមចំនួនពលរដ្ឋ ។ រដ្ឋដែលមានពលរដ្ឋរស់នៅច្រើនដូចជារដ្ឋ កាលីហ្វ័នីញ៉ា មានអាសនៈរហូតដល់ទៅ ៥៥ ខណៈរដ្ឋខ្លះមានត្រឹមបួនដប់ ។ ចំនួនសន្លឹកឆ្នោតតំណាង ឬអាសនៈអង្គបោះឆ្នោតសរុបទាំងអស់មាន ៥៣៨ សន្លឹក ។ ដូច្នេះ បេក្ខជនប្រធានាធិបតីណាដែលទទួលបានសន្លឹកឆ្នោតតំណាងចំនួន ២៧០សន្លឹកឡើងទៅ គឺចាត់ទុកថាឈ្នះការប្រកួត ។ នរណាជាតំណាងអង្គបោះឆ្នោត ឬដើរតួនាទីជាអ្នកបោះឆ្នោតតំណាង (Electors)??? រដ្ឋធម្មនុញ្ញអាមេរិកាំងហាមមិនឲ្យសមាជិករដ្ឋសភានិងព្រឹទ្ធសភា រាប់បញ្ចូលទាំងបុគ្គលិករដ្ឋាភិបាលសហព័ន្ធ ដើរតួនាទីជាអ្នកបោះឆ្នោតតំណាងទេ ។ បុគ្គលក្រៅពីនេះ អាចកាន់តួនាទីនេះបាន ។ ជាទូទៅគេតែងតាំងមនុស្សដែលមានភក្តីភាពជាមួយនឹងបក្សជាទីបំផុតនៅក្នុងរដ្ឋនីមួយៗ ឲ្យកាន់តួនាទីជាអ្នកបោះឆ្នោតតំណាង ។ បន្ទាប់ពីទទួលបានការតែងតាំង អ្នកបោះឆ្នោតតំណាងគ្រប់គណបក្សទាំងអស់ ត្រូវទៅចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សាបោះឆ្នោតនៅក្នុងរដ្ឋនីមួយៗ ដើម្បីទទួលបានការទទួលស្គាល់ (Credential) ពីសំណាក់អគ្គលេខាធិការនៃរដ្ឋដែលមានតួនាទីចាត់ចែង និងទទួលស្គាល់លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋរបស់ខ្លួន ។ នេះគឺជាដំណាក់កាលទីមួយនៃអំណាចរបស់អ្នកបោះឆ្នោតតំណាង ។ តំណាក់កាលទីពីរគឺបន្ទាប់ពីការបោះឆ្នោតប្រព្រឹត្តិទៅរួចរាល់ អ្នកបោះឆ្នោតតំណាងទៅប្រជុំគ្នាម្តងទៀត ដើម្បីទទួលស្គាល់គណបក្សដែលឈ្នះឆ្នោត នឹងទទួលបានសន្លឹកឆ្នោតតំណាងពីសំណាក់អគ្គលេខាធិការរដ្ឋ យោងតាមចំនួនអាសនៈនៅក្នុងរដ្ឋនីមួយៗ ។ នៅចុងបញ្ចប់ អ្នកកាន់សន្លឹកឆ្នោតតំណាងទាំងនោះយកសន្លឹកឆ្នោតរបស់ខ្លួន ទៅបោះឲ្យបេក្ខជនប្រធានាធិបតីរបស់បក្សដែលខ្លួនតំណាងឲ្យ ។ គួរកត់សម្គាល់ថា អ្នកកាន់សន្លឹកឆ្នោតតំណាង អាចយកសន្លឹកឆ្នោតដែលខ្លួនកាន់ ទៅបោះឆ្នោតឲ្យបេក្ខជនបក្សផ្សេងក៏បានដែរ ។ គេហៅអ្នកបោះឆ្នោតក្បត់ទំនុកចិត្តប្រភេទនេះថា Faithless electors ។ ប្រការនេះ យើងអាចមើលឃើញថាបេក្ខជនដែលមានលុយរាប់រយលានដុល្លារ អាចយកលុយទៅសូក ឬក៏ សន្យាផ្តល់តួនាទីក្នុងជួររដ្ឋាភិបាលឲ្យពួកអ្នកកាន់សន្លឹកឆ្នោតតំណាង បោះឆ្នោតឲ្យខ្លួនបានដោយងាយ ។ ដើម្បីទប់ទល់បញ្ហានេះ គេមានយន្តការមួយ ដោយផ្តល់សិទ្ធិឲ្យគណបក្សដែលឈ្នះឆ្នោត ដកឬផ្លាស់ប្តូរឈ្មោះអ្នកបោះឆ្នោតតំណាងដែលមិនគោរពតាមឆន្ទៈពលរដ្ឋទាំងនោះ ដោយមិនចាំបាច់មានបែបបទអ្វីឡើយ (Replace at will) ។ មានរដ្ឋចំនួន ៣៨ បានបង្កើតច្បាប់ផ្តន្ទាទោស យ៉ាងហោចណាស់ក៏ពិន័យជាប្រាក់ដែរ ដល់អ្នកកាន់សន្លឹកឆ្នោតតំណាងណា ដែលមិនគោរពតាមឆន្ទៈសន្លឹកឆ្នោតរបស់ពលរដ្ឋ ។ ដូច្នេះ ការសូកប៉ាន់ជាប្រាក់ក្តី ការសន្យាផ្តល់តួនាទីឲ្យអ្នកកាន់សន្លឹកឆ្នោតតំណាងក្តី គឺជាទង្វើឥតប្រយោជន៍ ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានអ្នកកាន់សន្លឹកឆ្នោតតំណាងមួយចំនួន ឆ្កួតគ្រប់គ្រាន់យកសន្លឹកឆ្នោតតំណាងរបស់ខ្លួន ទៅបោះឲ្យអ្នកដទៃទាំងបំពានដែរ ។ នៅពេលពលរដ្ឋអាមេរិកាំងបោះឆ្នោតជ្រើសរើសប្រធានាធិបតី សម្លេងឆ្នោតរបស់ពលរដ្ឋម្នាក់ៗនៅតាមរដ្ឋនីមួយៗ ត្រូវបានគេប្រមូលដាក់មួកណ្តុបហើយរាប់មើលសិន ។ បន្ទាប់ពីរាប់ឃើញថា បេក្ខជន ឬបក្សណាទទួលបានសន្លឹកឆ្នោតច្រើនជាងគេ អគ្គលេខាធិការរបស់រដ្ឋចេញសេចក្តីប្រកាសទទួលស្គាល់លទ្ធផលនិងបេក្ខជនឈ្នះឆ្នោត ។ ជ័យជម្នះនេះជាជ័យជម្នះអន្តរកាល មិនទាន់ផ្លូវការនៅឡើយទេ ។ បន្ទាប់មក អ្នកបោះឆ្នោតតំណាងរបស់បក្ស ឬ របស់បេក្ខជនដែលឈ្នះឆ្នោត ទៅទទួលយកសន្លឹកឆ្នោតតំណាងពីសំណាក់អាជ្ញាធររដ្ឋ ។ ប្រមាណជាពីរខែក្រោយមកទៀតគឺនៅថ្ងៃទី ៦ មករា ទើបអ្នកបោះឆ្នោតតំណាងយកសន្លឹកឆ្នោតតំណាងរបស់ខ្លួន មកបោះម្តងទៀតនៅក្នុងមន្ទីររដ្ឋសភា ដើម្បីទទួលស្គាល់បេក្ខជនឈ្នះឆ្នោត ជាផ្លូវការ ។ នៅចុងបញ្ចប់ ប្រធានាធិបតីដែលឈ្នះឆ្នោត ឡើងស្បថចូលកាន់តំណែងនៅថ្ងៃទី ២១ ខែមករា ។ គួរកត់សម្គាល់ដែរថា បេក្ខជនប្រធានាធិបតីដែលទទួលបានសម្លេងឆ្នោតទូទាំងប្រទេស (Popular votes) ច្រើនជាងគេ មិនប្រាកដថាអាចឈ្នះតំណែងជាប្រធានាធិបតីឡើយ ។ ប្រការនេះគឺដោយសារតែមណ្ឌលបោះឆ្នោតខ្លះ ពលរដ្ឋបោះឆ្នោតឲ្យបក្សណាមួយភ្លូកទឹកភ្លូកដី ។ មណ្ឌលខ្លះទៀត សន្លឹកឆ្នោតមានចំនួនខុសគ្នាត្រឹមបួនប្រាំរយសន្លឹកប៉ុណ្ណោះ ។ ដូច្នេះ សន្លឹកឆ្នោតតំណាងត្រូវបានទៅអ្នកឈ្នះទាំងអស់ ទោះឈ្នះត្រឹមមួយសន្លឹកក្តី ។ ប្រការមួយទៀតគឺករណីរដ្ឋ ម៉េន និង នេវ៉ាដា ដែលខ្ញុំលើកជាករណីលើកលែងនៅខាងលើ ។ រដ្ឋទាំងពីរនេះ ផ្តល់សន្លឹកឆ្នោតតំណាងបេក្ខជន ឬបក្សដែលទទួលបានសម្លេងឆ្នោតគាំទ្រច្រើនបំផុតពីពលរដ្ឋ តែពីរសន្លឹកទេ ។ សន្លឹកឆ្នោតតំណាងដែលនៅសល់ គឺគេផ្តល់ឲ្យដោយយោងតាមលទ្ធផលនៅក្នុងមណ្ឌលនីមួយៗ ។ បេក្ខជនឬបក្សណាឈ្នះ គឺគេប្រគល់សន្លឹកឆ្នោតតំណាងឲ្យបក្សនោះ ។ ដូច្នេះហើយបានជាមានករណី អ្នកដែលទទួលបានសន្លឹកឆ្នោតប្រជាប្រិយ (Popular votes) ច្រើនជាងគេនៅទូទាំងប្រទេស មិនទទួលបានតំណែងជាប្រធានាធិបតី ៕

Monday, October 14, 2024

ចំណីខួរក្បាល

ប្រព័ន្ធអប់រំ (Educational Systems) ប៉ុន្មានថ្ងៃមុន ខ្ញុំបានជជែកវែកញែកនឹងមិត្តក្នុងហ្វេសប៊ុកម្នាក់ ស្តីអំពីសញ្ញាប័ត្រ បាក់កាឡូរ៉េអា (Baccalaureate) ដែលខ្មែរយើងនិយមហៅថា បាក់អង និង បាក់ឌុប នោះ ឃើញថាមានភាពច្រឡំបល់ទល់ពុទ្ធោជាមួយនឹងសញ្ញាប័ត្រមួយនេះ ។ គាត់យល់ផ្សេង ខ្ញុំយល់ផ្សឹង ។ ភាពច្របូកច្របល់នេះកើតចេញអំពីកម្រិតសិក្សានៅសហរដ្ឋអាមេរិក និង នៅស្រុកខ្មែរ ។ នៅសហរដ្ឋអាមេរិក សញ្ញាប័ត្រ បាក់កាឡូរ៉េអា ជាសញ្ញាប័ត្រកម្រិតឧត្តមសិក្សា ដែលត្រូវចំណាយពេលសិក្សាយ៉ាងតិចបំផុត ១៤ឆ្នាំ ។ ឯបាក់កាឡូរ៉េអា នៅស្រុកខ្មែរគឺជាសញ្ញាប័ត្រកម្រិតមធ្យមសិក្សាដែលត្រូវចំណាយពេលសិក្សា ១២ឆ្នាំ ។ មុននឹងខ្ញុំបរិយាយអំពីប្រព័ន្ធអប់រំរបស់ខ្មែរ ខ្ញុំសូមលើកយកប្រព័ន្ធអប់រំអាមេរិកាំងមកបង្ហាញជាគំរូសិន ។ អាមេរិកាំងចែកការអប់រំជាពីរកម្រិតធំៗគឺ មធ្យមសិក្សា និង ឧត្តមសិក្សា ។ នៅកម្រិតមធ្យមសិក្សាគេមា៖ Elemetary, Middle, and High Schools [បឋមសិក្សា មធ្យមសិក្សា (ឬអនុវិទ្យាល័យ) និង មធ្យមសិក្សាជាន់ខ្ពស់ (ឬវិទ្យាល័យ)] ដែលមានរយៈពេលសិក្សាសរុប ១២ឆ្នាំ គឺ៥ឆ្នាំនៅបឋម ៣ឆ្នាំនៅមធ្យម និង ៤ឆ្នាំនៅមធ្យមជាន់ខ្ពស់ ។ គេរៀនអត់ប្រឡងឆ្លងកម្រិតយកសញ្ញាប័ត្រទេ ។ នៅមធ្យមសិក្សាជាន់ខ្ពស់ សិស្សត្រូវសន្សំ ក្រេឌីត តាមរយៈពិន្ទុប្រចាំឆមាសនៃមុខវិជ្ជានីមួយៗឲ្យបានគ្រប់ចំនួនអប្បារមា ។ នៅដំណាច់ឆ្នាំនៃថ្នាក់ទី ១២ ពួកគេទទួលបានសញ្ញាប័ត្រមួយដែលគេហៅថា High School Diploma ។ សិស្សដែលចង់បន្តចូលទៅសិក្សានៅឧត្តមសិក្សា ត្រូវប្រឡងនៅក្នុងកម្មវិធីសាកលមួយ (Entrance Exam) ដែលគេហៅថា SAT (Scholastic Aptitude Test, Or Standardized Test) សម្រាប់សិស្សដែលមានភាសាអង់គ្លេសជាភាសាកំណើត និង TOEFL (Test Of English as a Foreign Language) សម្រាប់សិស្សដែលមានភាសាដទៃជាភាសាកំណើត ឬអ្នកអាណាព្យាបាលប្រើភាសាដទៃនៅក្នុងផ្ទះ ។ ចំណែកនៅឧត្តមសិក្សា គេចែកជាពីរឋានានុក្រមគឺ ឧត្តមសិក្សាថ្នាក់ទាប (Undergraduate School) និងឧត្តមសិក្សាថ្នាក់ខ្ពស់ (Graduate School) ។ និស្សិតឧត្តមសិក្សាដែលចង់រៀនបន្តពីឧត្តមសិក្សាថ្នាក់ទាបទៅឧត្តមសិក្សាថ្នាក់ខ្ពស់ ត្រូវឆ្លងកាត់ការប្រឡងមួយទៀតដែលគេហៅថា GRE (Graduate Record Examinations) ទៅតាមមុខជំនាញនីមួយៗ ។ នៅឧត្តមសិក្សាថ្នាក់ទាបមានសញ្ញាប័ត្រពីរកម្រិតគឺ Associte's Degree (បរិញ្ញាប័ត្រចត្វា) ដែលត្រូវចំណាយពេលសិក្សាបន្ទាប់ពីមធ្យមសិក្សាជាន់ខ្ពស់រយៈពេល ២ឆ្នាំ និង Bachelor's Degree (បរិញ្ញាប័ត្រត្រីយ៍) ដែលត្រូវចំណាយពេល ៤ឆ្នាំ ។ គួរកត់សម្គាល់ថា ប្រព័ទ្ធអប់រំអាមេរិកាំងឲ្យតម្លៃសញ្ញាប័ត្រ បាក់កាឡូរ៉េអា (Baccalaureate) ស្មើនឹង (Bachelor's Degree) ឬយ៉ាងហោចណាស់ក៏ស្មើនឹង (Associte's Degree) ដែរ ។ នៅឧត្តមសិក្សាថ្នាក់ខ្ពស់ មានសញ្ញាប័ត្រពីរកម្រិតទៀតគឺ Master's Degree (បរិញ្ញាប័ត្រទោ) និង Doctoral or PhD Degree (បរិញ្ញាប័ត្រឯក) ដែលមានថេរវេលាសិក្សាបន្ថែមរយៈពេល ពីរ និង បួនឆ្នាំបន្តពីបរិញ្ញាប័ត្រត្រីយ៍ទៅ ។ បើគិតជាចំនួនឆ្នាំ ការសិក្សានៅឧត្តមសិក្សាមានថេរវេលា ៨ឆ្នាំ និងមានសញ្ញាប័ត្រថ្នាក់ឧត្តមសិក្សាចំនួន ៤ កម្រិត ។ សរុបទាំងអស់ ការសិក្សាពីបឋមសិក្សារហូតដល់ចុងបញ្ចប់នៃឧត្តសិក្សាមានថេរវេលា ២០ឆ្នាំគត់ ។ ខ្ញុំមិនដែលបានសិក្សានៅក្នុងប្រព័ន្ធអប់រំខ្មែរ ពីបឋមសិក្សាទៅដល់ឧត្តមសិក្សាទេ ។ ប៉ុន្តែ ផ្អែកលើបទពិសោធខ្លះៗដែលខ្ញុំបានជួប ប្រព័ន្ធអប់រំខ្មែរមានភាពច្របូកច្របល់ច្រើន ។ នៅមុនឆ្នាំ ១៩៧៥ យើងកម្រិតការសិក្សាពីថ្នាក់ទី ១២ ទៅថ្នាក់ទី ១ ដោយបែកចែកវាជាបីកម្រិតគឺ បឋមសិក្សា ថ្នាក់ទី ១២ដល់ទី៧ ។ មធ្យមសិក្សា ថ្នាក់ទី ៦ដល់ថ្នាក់ទី៣ ។ និង មធ្យមសិក្សាជាន់ខ្ពស់ ថ្នាក់ទី ២ដល់ថ្នាក់ទី១ ។ នៅចុងបញ្ចប់នៃកម្រិតនីមួយៗកូនសិស្សត្រូវប្រឡងម្តងដើម្បីទទួលបានសញ្ញាប័ត្រ សឺទីហ្វីកា ឌីប្លូម និង បាក់កាឡូរ៉េអា (Baccalaureate) ។ គួរកត់សម្គាល់ថា មុនឆ្នាំ ១៩៧៥ កូនសិស្សខ្មែរត្រូវប្រឡងសញ្ញាប័ត្រនៅដំណាច់ឆ្នាំថ្នាក់ទី២ម្តង និងថ្នាក់ទីមួយម្តងទៀត ។ គេហៅការប្រឡងនេះថា បាក់អង និង បាក់ឌឺ (Baccalaureate I, and Baccalaureate II) ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ ១៩៧៩ ប្រព័ន្ធអបរំខ្មែរក៏បានត្រឡប់ធាតុដោយចាប់ផ្តើមពីថ្នាកទី ១ ទៅថ្នាក់ទី ១២ វិញ ។ ប៉ុន្តែសម័យនោះដូចជាមិនមានកម្មវិធីបង្រៀនដល់ថ្នាក់ទី ១២ទេ ។ កូនសិស្សរៀនដល់ថ្នាក់ទី ៨ ក៏ប្រឡងឌីប្លូម ហើយចេញទៅរៀនវិជ្ជាជីវផ្សេងៗ ។ ខ្ញុំដឹងមិនសូវច្បាស់លាស់ទេអំពីប្រការនេះ ដ្បិតចាកចេញពីស្រុកខ្មែរហើយនាគ្រានោះ ។ កូនសិស្សដែលមករស់នៅតាមជំរំជនភៀសខ្លួននៅតាមព្រំដែនខ្មែរ ថៃ ក៏ទទួលបានការអប់រំតាមផ្លូវកាត់ដូចគ្នាដែរ ។ យើងរៀនពីថ្នាក់ទី ១ ដល់ទី ៥ ហើយប្រឡងចូលមធ្យមសិក្សាដែលមានកម្មវិធីសិក្សារយៈពេល ៤ឆ្នាំ ។ នៅជំរំជនភៀសខ្លួនខ្មែរ ខៅអ៊ីដាង យើងហៅកម្រិតមធ្យមសិក្សានេះថា Form 1, 2, 3, and Form 4 ។ ឯនៅជំរំជនភៀសខ្លួនខ្មែរនៅតាមព្រំដែន ខ្មែរ ថៃ យើងហៅកម្រិតនេះថា មធ្យមសិក្សាទី១ ទី២ ទី៣ និង ទី៤ ។ បន្ទាប់ពីរៀនដល់មធ្យមសិក្សាថ្នាក់ទី ៤ យើងប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ។ ខ្ញុំធ្លាប់បានរៀនកម្រិត Form 4 កន្លះឆ្នាំនៅខៅអ៊ីដាង ហើយក៏ធ្លាប់ប្រឡងយកសញ្ញាប័ត្រមធ្យសិក្សាបឋមភូមិនៅជំរំជនភៀសខ្លួនខ្មែរនៅ សាយធូ ដែរ ។ នៅខៅអ៊ីដាង យើងបញ្ចប់ការសិក្សាត្រឹម Form 4 ។ ឯនៅជំរំសាយធូ មានការសិក្សាក្រៅផ្លូវការ (Informal learning) បន្តពីមធ្យមសិក្សាបឋមភូមិមួយឆ្នាំពីរទៀត ។ បើគិតពីឆ្នាំ ១៩៩៣ មកដល់បច្ចប្បន្នវិស័យអប់រំខ្មែរសម័យទំនើបបានចាប់បដិសន្ធិឡើងជាង ៣០ឆ្នាំហើយ ។ ប៉ុន្តែ យើងហាក់ដូចជានៅជាប់ (Stuck) ជាមួយនឹងកម្មវិធីសិក្សាដែលត្រូវបានរៀបចំឡើងកាលពី ១០០ឆ្នាំកន្លងទៅ ។ វាប្រហែលជាដល់ពេលដែលមន្ត្រីអប់រំសម័យនេះ កែទម្រង់ប្រព័ន្ធអប់រំខ្មែរឲ្យសុីសង្វាក់ជាមួយនឹងពិភពលោកហើយ ដើម្បីជួយសម្រួលដល់និស្សិតខ្មែរដែលមានឱកាស ឬក៏ត្រូវចេញទៅសិក្សានៅឯបរទេស ។ បើយើងមិនអាចធ្វើកើតនៅក្នុងជីវិតយើងទេ យើងគួររៀបចំជាទម្រង់ដើម្បីឲ្យមនុស្សជំនាន់ក្រោយគេចាត់ចែងបង្កើតជានិយាម (Standards) ប្រាកដប្រជាមួយ ។ បន្ទាប់ពីបានឆ្លងកាត់និងសង្កេតមើលវិស័យអប់រំខ្មែរអស់រយៈពេលជាងកន្លះសតវត្សមកនេះ ខ្ញុំគិតថាយើងគួរលប់បំបាត់ការប្រឡងឆ្លងកម្រិតនៅបឋមនិងមធ្យមសិក្សាចោលឲ្យអស់ ។ នៅរយៈពេល ៤ឆ្នាំចុងក្រោយនៃមធ្យមសិក្សា យកពិន្ទុប្រចាំឆមាសធ្វើជាគោល ហើយឲ្យនិស្សិតប្រឡងយកសញ្ញាប័ត្រដែលមានឈ្មោះថា មធ្យមសិក្សាជាន់ខ្ពស់ (High School Diploma) ។ គ្មាន ឌីប្លូម គ្មានបាក់ឌុបបាក់ដួលអ្វីទៀតទេ ។ និស្សិតដែលប្រឡងធ្លាក់ អាចចូលប្រឡងជាបេក្ខជនក្រៅប្រព័ន្ធ (Former student candidates) នៅឆ្នាំបន្ទាប់ៗទៅមុខទៀតបាន ។ សញ្ញាប័ត្រនិងចំនួនពិន្ទុដែលចេញពីការប្រឡងនេះ គឺជាមូលដ្ឋានសម្រាប់ទទួលអាហារូបករណ៍ ក៏ដូចជាបណ្ណអនុញ្ញាតសម្រាប់ចូលរៀនបន្តនៅកម្រិតឧត្តមសិក្សា ។ សម្រាប់ការសិក្សានៅឧត្តមសិក្សា យើងជ្រើសយកប្រព័ន្ធអប់រំអាមេរិកាំងដែលខ្ញុំរៀបរាប់ខាងលើ យកមកធ្វើជាគំរូតែម្តងទៅ ដ្បិតវាសាមញ្ញ ងាយយល់ ។ មានរឿងពិតមួយដែលខ្ញុំគួរលើកយកមកនិយាយនៅទីនេះ ។ បន្ទាប់ពីប្រឡងជាប់សញ្ញប័ត្រមធ្យមសិក្សាបឋមភូមិនៅក្នុងជំរំសាយធូ ខ្ញុំបានមកបន្តការសិក្សានៅសហរដ្ឋអាមេរិក ។ ខ្ញុំមានឱកាសបានរៀននៅមធ្យមសិក្សាជាន់ខ្ពស់ (High School) ចំនួនមួយឆ្នាំកន្លះ ។ ដោយហេតុតែពេលវេលាខ្លីពេក ខ្ញុំមិនអាចសន្សំក្រេឌីតបានគ្រប់គ្រាន់ដើម្បីទទួលបានសញ្ញាប័ត្រឡើយ ។ នៅឆ្នាំចុងក្រោយនៃការសិក្សា ខ្ញុំបានទៅប្រឡង TOEFL ដើម្បីត្រៀមចូលរៀននៅឧត្តមសិក្សារួចហើយ ។ ប៉ុន្តែ បើគ្មានសញ្ញាប័ត្រមធ្យមសិក្សាជាន់ខ្ពស់ ខ្ញុំមិនអាចចូលរៀននៅឧត្តមសិក្សាដោយយកពិន្ទុ TOEFL ជាគោលបានឡើយ ។ ដោយយល់ច្រឡំថា សញ្ញាប័ត្រ "ឌីប្លូម" នៅមធ្យមសិក្សារបស់ខ្មែរ ស្មើនឹងសញ្ញាប័ត្រ "ឌីប្លូម" មធ្យមសិក្សាអាមេរិកាំង ខ្ញុំបានយកប្រការប្រឡងជាប់សញ្ញាប័ត្រឌីប្លូមនៅស្រុកខ្មែរ ទៅប្រាប់អ្នកគ្រូម្នាក់ ។ គាត់បានជួយអន្តរាគមឲ្យខ្ញុំទៅជួបនាយកសាលា ដើម្បីស្វែងរកមធ្យោបាយដោះស្រាយឧបស័គ្គ ។ បន្ទាប់ពីសួរនាំអំពីមុខវិជ្ជានានាដែលខ្ញុំបានសិក្សានៅឯសាលាក្នុងជំរំជនភៀសខ្លួន លោកនាយកសាលាបានសម្រេចចិត្តផ្តល់សញ្ញាប័ត្រមធ្យមសិក្សាជាន់ខ្ពស់មកឲ្យខ្ញុំ ដើម្បីបានទៅបន្តការសិក្សានៅឧត្តមសិក្សា ។ ថ្វីដ្បិតតែខ្ញុំទទួលបានជោគជ័យជាមួយការយល់ច្រឡំនោះ ខ្ញុំទៅរងកម្មហានិភ័យដូចក្របីជាប់ភក់នៅឯឧត្តមសិក្សា ។ មុននឹងគេអនុញាតិឲ្យយើងរៀននូវមុខវិជ្ជាមួយចំនួន គេតម្រូវឲ្យយើងប្រឡងកម្រិតសិក្សា (Take placement test) ជាមុនសិន ។ បើពិន្ទុយើងមិនដល់កម្រិត គេតម្រូវឲ្យយើងរៀននៅក្នុងកម្មវិធីដែលមិនទទួលបានក្រេឌីតជាមុន (Non-credit courses) ដើម្បីឆ្លងទៅកាន់ការសិក្សាយកសញ្ញាប័ត្រ ។ ថ្នាក់អត់ក្រេឌីតទាំងនេះ យើងត្រូវចំណាយទាំងប្រាក់ ទាំងពេលវេលាដើម្បីសិក្សា ហើយមិនទទួលបានសារប្រយោជន៍អ្វីធំដុំទេ ដ្បិតគេអត់រាប់បញ្ចូលវានៅក្នុងកម្មវិធីសញ្ញាប័ត្រអ្វីមួយឡើយ ។ អ្នកអាចស្រមៃមើលថា និស្សិតរៀនត្រឹម ៨ ឬ ៩ឆ្នាំ ទៅប្រឡងប្រជែងជាមួយនឹងគេរៀនអស់កាល ១២ឆ្នាំ តើយើងអាចឈរជើងបានកម្ពស់ណា ។ បើកុំតែខ្ញុំបានបន្តការសិក្សាមួយឆ្នាំកន្លះនៅមធ្យមសិក្សាជាន់ខ្ពស់អាមេរិកាំង ខ្ញុំមិនដឹងជាទៅភ្លឺនៅឯណាទេ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវប្រឈមជាមួយនឹងការរៀនដោយមិនទទួលបានក្រេឌីតមួយរយៈដែរ ។ ដើម្បីដោះស្រាយបញ្ហាវៃឆ្លាតខុសក្បួនរបស់ខ្ញុំ ខ្ញុំបានទៅរុកគួនទីប្រឹក្សាសិក្សារបស់ខ្ញុំ (College advisor) សុំរៀននៅក្នុងស្ថានភាពមួយដែលភាសាអង់គ្លេសហៅថា៖ In tandum ។ គឺយើងរៀននៅក្នុងមុខវិជ្ជាអត់ក្រេឌីតដែលគេតម្រូវឲ្យយើងរៀនជាមុនផង និងរៀនមុខវិជ្ជាបន្ទាប់ដែលមានក្រេឌីតផង នៅក្នុងពេលតែមួយ ។ ធ្វើដូច្នេះ ខ្ញុំខាតតែប្រាក់ ប៉ុន្តែអាចសន្សំពេលវេលាបានខ្លះ ។ បើខ្ញុំរៀនធ្លាក់ថ្នាក់ណាមួយ ខ្ញុំនឹងខាតប្រាក់និងពេលវេលាទ្វេដង ។ វាជាការប្រថុយប្រថានប្រភេទពូថៅឆែប ។ ជារួម ការប្រឈមនឹងឧបស័គ្គក្នុងស្ថានភាពល្ហល្ហេវដូចជាអ្វីដែលខ្ញុំបានឆ្លងកាត់ គឺជាកត្តាដ៏ធំបំផុតដែលធ្វើឲ្យនិស្សិតលះបង់ការសិក្សានៅឧត្តមសិក្សា (Drop out) ។ វាជាការយកឆន្ទៈទៅប្រយុទ្ធជាមួយនឹងចំណេះដឹង (Will versus knowledge) ។ ការសិក្សានៅក្នុងស្ថានភាពនេះ ផុយស្រួយណាស់ (Very precarious) ។ ពេលយើងសិក្សាដោយផ្អែកលើឆន្ទៈច្រើនជាងចំណេះដឹង យើងងាយនឹងធ្លាក់ទឹកចិត្តជាមួយនឹង ការទុញទាល់ខ្វល់ខ្វាយណាយនឿយនឹងមេរៀននានា ។ នៅក្នុងភាសាខ្មែរ យើងមានពាក្យមួយឃ្លារៀបរាប់អំពីប្រការនេះគឺ៖ "រៀនមិនចេះ" ។ ក៏ប៉ុន្តែ បើយើងពិនិត្យឲ្យបានល្អិតល្អន់បន្តិច វាគឺជាកត្តា៖ "មិនចេះរៀន" ច្រើនជាង ៕

Friday, August 30, 2024

ចំណីខួរក្បាល

CLV (Clever Long-term Vision) "អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុងតំបន់ដល់កម្រិតណាហើយ ។ យើងមានផ្លូវ មានភ្លើងអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដែលមិនធ្លាប់មានពីមុនមក ។ ការលើកឡើងថា ខ្មែរបាត់បង់ទឹកដីនោះវាទៅមិនរួចទេ ដ្បិតយើងមានពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនជាច្រើន ដែលជារបងការពារបូរណភាពទឹកដី មិនអាចឲ្យគេឈ្លានពានបានងាយៗនោះឡើយ" ។ "ដីរបស់យើង វាមិនបាត់បង់ទៅណាទេបង ។ វាគ្រាន់តែដូរម្ចាស់ ដូចនៅកម្ពុជាក្រោមអ៊ីចឹង" ។ ខាងលើនេះ ជាសម្រង់កិច្ចសន្ទនារបស់ជនជាតិខ្មែរពីររូប ម្នាក់រស់នៅក្នុងប្រទេសកម្ពុជា និង ម្នាក់ទៀតរស់នៅឯបរទេស ពាក់ព័ន្ធនឹងការអភិវឌ្ឍរួមគ្នារវាងកម្ពុជា ឡាវ និង វៀតណាម នៅតំបន់ព្រំប្រទល់មុំបី ។ អ្នកទាំងពីរហាក់ដូចជាមានចំណេះដឹងប្រហាក់ប្រហែលគ្នា គ្រាន់តែម្នាក់ជាចាបរស់នៅក្នុងទ្រុង និង ម្នាក់ទៀតជាចាបរស់នៅក្នុងព្រៃ ។ និយាយឲ្យងាយយល់ ម្នាក់រស់នៅក្នុងប្រទេសដែលអាជ្ញាធរវាស់ម៉ែត្រឲ្យគិត និង ម្នាក់ទៀតរស់នៅក្នុងប្រទេសដែលមានសេរីភាពគិតឥតព្រំដែន ។ ថ្វីដ្បិតតែគ្មាននរណាអាចគ្រប់គ្រងការគិតរបស់មនុស្សក៏ពិតមែន ប៉ុន្តែនៅពេលសង្គមមួយគៀបសង្កត់សេរីភាពពលរដ្ឋធ្ងន់ធ្ងរ ពលរដ្ឋមិនអាចគិតឲ្យបានឆ្ងាយហួសពីជើងមុងឡើយ នៅពេលដែលមនុស្សដែលរស់នៅក្នុងសង្គមប្រកបទៅដោយសេរីភាពបរិបូណ៌ គេអាចគិតរហូតដល់ជើងមេឃ ។ នៅពេលប្រជាជាតិមួយ ដែលមានពូជអម្បូរវប្បធម៌និងភក្តីភាពមកលើមាតុភូមិដូចគ្នា គិតខុសគ្នាដូច្នេះ តើប្រជាជាតិពីរ ឬបី ដែលមានវប្បធម៌ទីទៃពីគ្នា ចូលរួមរកសុីអភិវឌ្ឍទឹកដីហ៊ុនគ្នា គិតអំពីការទាញយកសារប្រយោជន៍អំពីការអភិវឌ្ឍនោះ ខុសគ្នាកម្រិតណាទៅ ។ នេះគឺជាប្រធានបទ ដែលខ្មែរយើងគួរលើកយកមកត្រិះរិះគិតទាំងអស់គ្នា មិនថាអ្នកនោះមាននិន្នាការនយោបាយទោរទន់ទៅខាងណាឡើយ ។ ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និង វៀណាម (CLV) វាស្ទើរតែមិនចាំបាច់នរណានិយាយទេថា វៀតណាម ជាអ្នកតាក់តែង ឬបំភ្លឺផ្លូវ (Initiator) ។ ក្រៅអំពីរៀបចំគម្រោង វៀតណាមក៏ជាអ្នកដាក់ដើមទុនច្រើនជាងគេដែរ (Lead Investor) ។ នៅក្នុងគោលការណ៍រកសុីចូលគ្នា អ្នកដែលដាក់ភាគហ៊ុនខ្ពស់ជាងគេ ក៏ជាអ្នកមានឥទ្ធិពលខ្ពស់ ឬទូលំទូលាយជាងគេនៅក្នុងការសម្រេចចិត្តនានា ។ ទុករឿងបច្ចេកទេសនេះមួយឡែក និយាយអំពីការគិតរបស់ខ្មែរនិងយួនដែលជាភាគី ឬក៏ភាគហ៊ុនិក នៃការរកសុីអភិវឌ្ឍន៍ទឹកដីរួមគ្នានេះវិញម្តង ។ ផ្អែកលើការបកស្រាយនានាស្រដៀងគ្នានឹងអ្វីដែលខ្ញុំបានដកស្រង់ដាក់នៅខាងដើមអត្ថបទ ជនជាតិខ្មែរជាច្រើនចាប់ពីនាយករដ្ឋមន្ត្រី រហូតដល់ជនជាតិភាគតិចរស់នៅក្នុងព្រៃមិនដែលស្គាល់អ្វីថាជាការអភិវឌ្ឍផងនោះ គិតថា ការអភិវឌ្ឍនៅតំបន់កន្ទុយនាគរាប់បញ្ចូលខេត្តទាំងបួនរបស់ខ្មែរនៅភាគឦសាន វានឹងធ្វើឲ្យតំបន់នោះរីកចម្រើន ។ អ្វីដែលសំខាន់លើសលប់បំផុត គឺយើងនឹងមានផ្លូវគមនាគមន៍គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ។ នៅពេលដែលយើងមានហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះហើយ វានឹងសម្រួលដល់ការចូលទៅតាំងទីលំនៅរបស់ពលរដ្ឋខ្មែរ នៅក្នុងតំបន់ដាច់ស្រយាលតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីធ្វើជាខែលការពារបូរណភាពទឹកដីកម្ពុជា ។ នៅពេលបានឃើញមន្ត្រីរាជការខ្មែរ រាប់បញ្ចូលទាំងបញ្ញាជននានាផងដែរ បកស្រាយការអភិវឌ្ឍរួមគ្នារវាងកម្ពុជា ឡាវ និង វៀតណាម តាមលម្អានទិដ្ឋិខាងលើនេះ ខ្ញុំស្ទើរតែស្រែកយំ ។ ខ្ញុំលួចសួរខ្លួនឯងថា តើខ្ញុំសិក្សាប្រវត្តិសាស្ត្រខ្មែររហូតដល់ឡប់សតិហើយឬ ។ ប្រភពឯកសារសិក្សាប្រវត្តិសាស្ត្រខ្មែរដែលពួកយើងរៀន គឺចេញមកអំពីកំណត់ត្រារបស់បុព្វបុរសខ្មែរដូចគ្នា ។ ចុះហេតុអ្វីក៏ខ្ញុំមើលឃើញទិដ្ឋភាពផ្ទុយអំពីអ្នកដទៃ ។ ជាបឋម ពលរដ្ឋខ្មែរតាំងតែពីកកើតទឹកដីកម្ពុជាមក មិនដែលមានចំណូលចិត្តទៅរស់នៅក្នុងតំបន់ព្រៃភ្នំទេ ។ បើមិនដូច្នោះទេ តំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា មិនមែនខ្សត់មនុស្សរស់នៅរហូតដល់សព្វថ្ងៃឡើយ ។ ឯរឿងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដើម្បីសម្រួលឲ្យពលរដ្ឋចូលទៅតាំងទីលំនៅ នៅក្នុងតំបន់ដាច់ស្រយាលតាមបន្ទាត់ព្រុំដែន វាគឺជាគំនិតបញ្ច្រាសទិសមួយ ដែលលើកស្ទួយអត្ថប្រយោជន៍វៀតណាមច្រើនជាងខ្មែរ ។ បើពលរដ្ឋខ្មែរគ្មានចំណង់ចំណូលចិត្តនឹងទៅរស់នៅក្នុងតំបន់ព្រៃភ្នំទាំងនោះទេ អ្នកដទៃគេនឹងទៅរស់នៅជំនួសយើងជាក់ជាមិនខាន ។ ក្នុងនាមជាមិត្តមុឺនឆ្នាំ ទំនាក់ទំនងប្រវត្តិសាស្ត្ររវាងខ្មែរនិងយួន មានព្រឹត្តិការណ៍ពីរករណីដែលលេចធ្លោជាងគេ ។ ព្រឹត្តិការណ៍ទាំងពីរនេះ សព្វថ្ងៃមិនមានបង្រៀននៅក្នុងកម្មវិធីសិក្សារបស់ខ្មែរឡើយ ។ ហើយក៏ប្រហែលជាមិនមានមនុស្សច្រើនដែរ ដែលនៅចងចាំ ។ ទីមួយគឺវៀតណាមសុំខ្ចីទឹកដីខ្មែរនៅតំបន់ កំពុបស្រកាត្រីនិងព្រៃនគរ ដើម្បីហ្វឹកហ្វឺនទ័ពទប់ទល់នឹងក្រុមបះបោរ តៃសឺន (The Tyson Rebellion) ។ ទីពីរគឺវៀតណាមសុំឲ្យពលរដ្ឋគេចូលមកធ្វើជំនួញជួញដូរនៅតំបន់ព្រៃនគរ ។ អ្វីៗដែលកើតឡើងបន្តអំពីព្រឹត្តិការណ៍ទាំងពីរនោះមក ខ្មែរយើងមានកម្ពុជាក្រោមជាតឹកតាងស្រាប់ហើយ ។ មិនចាំបាច់ខ្ញុំពណ៌នាវែងឆ្ងាយទេ ។ ប្រវត្តិសាស្ត្រ នៅពេលដែលវាដើរជាន់ដានចាស់ វាអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជាតិមួយ ហើយវាក៏អាចបង្កលាភឲ្យប្រជាជាតិមួយទៀតដែរ ។ វាគឺជាអ្វីដែលភាសាអង់គ្លេសហៅថា៖ Zero sum game (អាមួយចាញ់ អាមួយឈ្នះ) ។ នៅក្នុងករណី CLV ថ្វីដ្បិតតែយើងមិនអាចដឹងអំពីអ្វីដែលនៅពីក្រោយការគិត របស់រដ្ឋាភិបាលវៀតណាមក៏ពិតមែន តែយើងអាចមើលឃើញគោលដៅរបស់គេច្បាស់ក្រឡែត ប្រសិនបើយើងព្យាយាមមើលឲ្យហួសពីជើងមុង ។ វៀតណាមគេយកគោលការណ៍ "ធ្វើជំនួញជួញដូរនៅតំបន់ព្រៃនគរ" មកអនុវត្តិម្តងទៀត ។ ផ្គុំជាមួយនឹងគោលការណ៍នេះ គេក៏យកគំរូរបស់បារាំងដាំកៅស៊ូនៅស្រុកខ្មែរមកអនុវត្តិផងដែរ ។ អ្នកដែលយល់ដឹងប្រវត្តិសាស្ត្រខ្មែរច្បាស់លាស់ អានអត្ថបទដល់ត្រឹមតែចំណុចនេះ ក៏ប្រហែលជាយល់ដល់ចុងបញ្ចប់រួចទៅហើយ មិនចាំបាច់អានរហូតដល់ចប់ទេ ។ យោងតាមលិខិតស្នាមនៃកិច្ចព្រមព្រៀងនិងសេចក្តីថ្លែងនានា ពាក់ព័ន្ធនឹងការរចនាស្ថាបនាដំណើរការនៃការអភិវឌ្ឍទឹកដីរួមគ្នា វាបានបង្ហាញយ៉ាងច្បាស់ថា ខ្មែរផ្តោតទស្សនវិស័យ (Vision) ក្នុងទម្រង់ភូមិសាស្ត្រ (Geography) ។ ឯវៀតណាមគេផ្តោតទស្សនវិស័យក្នុងទម្រង់ប្រជាសាស្ត្រ (Demography) ។ គួរកត់សម្គាល់ថា ខ្ញុំឲ្យនិយមន័យលើពាក្យ "ប្រជាសាស្ត្រ" ដោយផ្អែកលើពាក្យបីម៉ាត់នៅក្នុងភាសាអង់គ្លេស៖ Migration, Settlement, and Integration (ចំណាកស្រុក ជ្រកកោន និង សមាហរណកម្ម) ។ បើយើងប្រៀបធៀបទស្សនវិស័យទាំងពីរ (Visions) នៅក្នុងគម្រោងនេះវិញ រដ្ឋាភិបាលខ្មែរសម្លឹងត្រឹមជើងមុង ។ ឯរដ្ឋាភិបាលវៀតណាម សម្លឹងរហូតដល់ជើងមេឃ ។ នេះគឺភាពខុសគ្នាមួយដែលយើងអាចមើលឃើញ ពាក់ព័ន្ធនឹងគម្រោង CLV ។ តើយើងមើលយល់ដោយរបៀបណា ។ សកម្មភាព! នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាដែលនិយាយថា៖ Action speaks louder than word (សកម្មភាព បង្ហាញអំពីចេតនា) ។ ឧត្តមសេនីយ៍ចក្រភពរ៉ូម៉ាំងមួយរូបនិយាយថា៖ Slow, but sure! (យឺត! ក៏ប៉ុន្តែប្រាកដប្រជា ឬជោគជ័យ) ។ នេះគឺជាវិន័យមួយដែលមេដឹកនាំវៀតណាមបានអនុវត្តិជាច្រើនជំនាន់មកហើយ ។ គួបផ្សំវិន័យនេះជាមួយនឹងវប្បធម៌តស៊ូអត់ធ្មត់ប្រឈមនឹងភាពលំបាកវេទនា វាបានក្លាយទៅជាកត្តាជម្រុញមួយ ជួយឲ្យពលរដ្ឋវៀតណាមជម្នះបាននូវឧបស័គ្គជាច្រើន ដែលរារាំងដំណើរប្រជាសាស្ត្ររបស់ពួកគេចាប់ពីឈូងសមុទ្រតុងកឹង រហូតដល់ចុងជ្រោយខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ។ ប្រជាសាស្ត្រ (Demographic Assimilation) មានទ្រង់ទ្រាយស្រដៀងគ្នានឹងលំហូរទឹក ។ ធម្មជាតិនៃទឹកគឺហូរពីទីខ្ពស់ទៅទីទាប ។ ឯមនុស្សគឺហូរពីទីចង្អៀតទៅទីទូលាយ ។ ចង្អៀតនៅទីនេះគឺយើងសំដៅដល់ ចង្អៀតសេរីភាព ចង្អៀតសេដ្ឋកិច្ច ចង្អៀតទឹកដីសម្រាប់រស់នៅ និង ចង្អៀតចិត្ត (យើងអាចបន្ថែមកត្តាចង្អៀតជាច្រើនផ្សេងទៀត) ។ ធម្មជាតិនៃមនុស្ស នៅពេលប្រឈមនឹងកត្តាចង្អៀត មិនថាចង្អៀតចិត្ត ឬចង្អៀតស្អីផ្សេងទៀតឡើយ តែងតែសម្លឹងប្រមើលមើលទៅឆ្ងាយ ។ គឺឆ្ងាយរហូតដល់ជើងមេឃ ។ មេដឹកនាំវៀតណាមក៏ជាមនុស្សដែរ ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាចង្អៀតដែលពលរដ្ឋខ្លួនប្រឈម គម្រោង CLV គឺជាដំណោះស្រាយមួយដែលចាំបាច់ជាទីបំផុត ។ បើយើងសង្កេតមើលគោលនយោបាយរបស់ប្រទេសវៀតណាមជាមួយនឹងកម្ពុជា វៀតណាមបានចាប់ផ្តើមគម្រោង CLV តាំងតែពី CLV មិនទាន់កើតចេញជារូបរាងម្លេះ ។ ជំហានទីមួយគឺដីសម្បទានសម្រាប់ដាំដំណាំកៅស៊ូដែលមានរយៈពេល ៩៩ឆ្នាំ នៅភាគឦសាននៃប្រទេសកម្ពុជា ។ ការវិនិយោគលើដំណាំកៅស៊ូនេះ វៀតណាមយកគំរូតាមអាណានិគមបារាំងស្ទើរតែទាំងស្រុង ។ គេសាងសង់ភូមិកម្មករស្រដៀងគ្នានឹងភូមិកម្មកររបស់បារាំងនៅចំការកៅស៊ូ ជប់ កាលពីអតីតកាលដែរ ។ អ្នកដែលរស់នៅក្នុងភូមិកម្មករទាំងនោះគឺជាគ្រួសារនៃកម្មករជនជាតិវៀតណាម ។ នៅក្នុងទស្សនវិស័យរបស់រដ្ឋាភិបាលវៀតណាម កម្មករចម្ការកៅស៊ូដែលចូលមកជ្រកកោនក្នុងទឹកដីខ្មែរពីដើមទីនេះ គឺគ្រាន់តែជាបញ្ញើក្អែកតែប៉ុណ្ណោះ ។ អ្វីដែលជាបំណងធំ គឺកូននិងចៅរបស់កម្មករទាំងនោះ ។ រយៈពេល ៩៩ឆ្នាំ មនុស្សអាចបង្កើតកូនបានយ៉ាងហោចណាស់ក៏បីជំនាន់ដែរ ។ ជាគោលការណ៍អន្តរជាតិ យើងកើតនៅទីណាឬក្នុងប្រទេសណា ប្រទេសនោះគឺជា "ភូមិកំណើត" របស់យើង ។ កម្មករ ១០០០គ្រួសារ បើយើងគិតជាមធ្យមក្នុងមួយគ្រួសារអាចបង្កើតកូនបានបីនាក់ យើងយកចំនួននេះគុននឹង ១០០០ រួចគុននឹង ៣ជំនាន់ យើងអាចនឹងរកឃើញអត្រានៃកំណើនពលរដ្ឋខ្មែរដើមកំណើតវៀតណាមជាក់ជាមិនខានឡើយ ។ គួរកត់សម្គាល់ថា កាលជំនាន់សន្ធិសញ្ញាក្រុងប៉ារីស និង អ៊ុនតាក់ គ្រប់គ្រងប្រទេសកម្ពុជា អន្តោប្រវេសជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជានាគ្រានោះ បានយកកត្តាដូនតាពួកគេដែលអាណានិគមបារាំងយកមកធ្វើការងារនៅស្រុកខ្មែរ ជាមូលដ្ឋានដើម្បីបញ្ជាក់អំពីភាវស្របច្បាប់របស់ពលរដ្ឋ ។ ការបង្កើតតំបន់អភិវឌ្ឃ CLV គឺដើម្បីសម្រួលដល់ការចេញចូលរកសុីនិងបោះទុនវិនិយោគនៅក្នុងតំបន់ ។ សម្រាប់ប្រទេសខ្មែរ យើងមិនចាំបាច់ព្រួយទេ ។ កាប់ព្រៃឈូសឆាយធ្វើផ្លូវគមនាគមន៍ឲ្យតែស្អាតទៅ ពាណិជ្ជករវៀតណាមនឹងចូលមកបោះទុន អភិវឌ្ឍនៅក្នុងតំបន់ដាច់ស្រយាលរបស់យើងភ្លូកទឹកភ្លូកដី ។ យ៉ាងយូរ២០ឆ្នាំទៅមុខទៀត ខេត្តរតនគីរី និង មណ្ឌលគីរី នឹងមានអ្វីដែលភាសាអង់គ្លេសហៅថា Skyscraper (អគារខ្ពស់ៗ) ។ ជាថ្មីម្តងទៀត ប្រជាសាស្ត្រក្នុងទម្រង់កម្មករចម្ការកៅស៊ូគឺជាគំរូ គ្រាន់តែមួយដើរតាមបែបបទ កម្មករ មួយទៀតដើរតាមបែបបទ ពាណិជ្ជករ ឬ មួយយកគំរូតាមបារាំង និង មួយទៀតយកគំរូតាមបុព្វការីជនវៀតណាម ដែលធ្លាប់បានអនុវត្តិនៅតំបន់ព្រៃនគរបានជោគជ័យរួចម្តងហើយ ។ ផ្លូវពីរផ្សេងគ្នា ក៏ប៉ុន្តែវាទៅជួបគ្នានៅក្នុងចំណុចតែមួយ ។ ក្រៅអំពីប្រជាសាស្ត្រចូលមកពីខាងក្រៅ យើងនៅមានប្រជាសាស្ត្រចេញពីក្នុងប្រទេសមួយផ្នែកទៀត ។ អន្តោប្រវេសជន ជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ស្របច្បាប់ក្តី មិនស្របច្បាប់ក្តី ភាគច្រើនគឺរស់នៅលើផ្ទះបណ្តែតទឹក និងនៅក្នុងសហគមន៍ដែលមានស្ថានភាពចង្អៀតណែនណាន់តាន់តាប់ ដូចជានៅច្បារអំពៅជាដើម ។ នៅពេល CLV មានហេដ្ឋារចនាសម្ព័ន្ធនិងវិស័យពាណិជ្ជកម្មរីកចម្រើនសមរម្យ ហើយត្រូវការធនធានមនុស្សដើម្បីបម្រើការងារ គួបផ្សំជាមួយនឹងការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលកម្ពុជា ឲ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងតំបន់នោះផង យើងអាចរំពឹងនឹងឃើញកំណើនអន្តោប្រវេសជនវៀតណាម ចូលទៅរស់នៅទីនោះច្រើនជាងខ្មែរ ដ្បិតអី បើវិនិយោគិននៅទីនោះភាគច្រើនមកពីវៀតណាម រឿងអីដែលគេមិនត្រូវការមនុស្សដែលមានពូជអម្បូរនិងវប្បធម៌ដូចគ្នា មកបម្រើកិច្ចការងារពាណិជ្ជកម្មរបស់គេ ។ អំណឹះទៅមុខ តំបន់អភិវឌ្ឍ CLV នៅក្នុងខេត្តទាំងបួននៃភាគឦសានប្រទេសខ្មែរ នឹងកែប្រែមុខមាត់ (Literally!) ។ សម្រាប់ពលរដ្ឋខ្មែរដែលព្រួយបារម្ភអំពីការបាត់បង់ទឹកដី ដោយសារការអភិវឌ្ឍរួមគ្នានេះ វាគ្មានអ្វីដែលត្រូវព្រួយបារម្ភទេ ។ ខ្ញុំហ៊ានអះអាងថា ទឹកដីខ្មែរនៅក្នុងតំបន់នោះ មិនបាត់បង់ទៅណាឡើយ ។ ដូរម្ចាស់ដូចការអះអាងរបស់ខ្មែរម្នាក់ដែលខ្ញុំស្រង់សម្តីនៅដើមអត្ថបទ ក៏អត់ដូរដែរ ។ អ្វីដែលផ្លាស់ប្តូរគឺ ពូជអម្បូរមនុស្សដែលចូលទៅរស់នៅក្នុងតំបន់នោះ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្តែងមួយអំពីប្រជាសាស្ត្រ មកលាតត្រដាងដើម្បីឲ្យឃើញច្បាស់ដូចពន្លឺថ្ឌៃ ។ សារភាពតាមត្រង់ នៅពេលសរសេរអត្ថបទរិះគន់យុទ្ធវិធីប្រជាសាស្ត្ររបស់វៀតណាមនេះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាកំពុងតែស្តោះទឹកមាត់ដាក់លើបាតដៃខ្លួនឯង ពីព្រោះខ្ញុំគឺជាមនុស្សកើតចេញអំពីប្រជាសាស្ត្រទាំងសាច់ទាំងឆ្អឹង ។ ខ្ញុំកើតមកមានស្លាកប្រជាសាស្ត្របិទនៅលើក្បាលតាំងតែពីនៅក្នុងផ្ទៃម្តាយ គ្រាន់តែគ្មាននរណាមើលស្គាល់ ។ កាលពីឆ្នាំប្រហែលជា ១៩០០ បុព្វការីជនរបស់ខ្ញុំបានចាកចេញពីប្រទេសចិន មកជ្រកកោននៅតំបន់ព្រៃនគរ ដែលជាទឹកដីខ្មែរប្រែក្លាយជាតំបន់ស្វ័យតរបស់អាណានិគមបារាំង ។ ព្រឹត្តិការណ៍ ឬកត្តាដែលញ៉ាំងឲ្យបុព្វការីជនរបស់ខ្ញុំមកជ្រកកោននៅក្នុងស្រុកខ្មែរ ប្រហែលជាកើតចេញអំពីបដិវត្តិន៍អ្នកគុននិយម (Boxer Rebellion) នៅប្រទេសចិន ។ វាជាការបះបោរមួយប្រឆាំងនឹងការរុករានទន្ទ្រានកាន់កាប់ទឹកដីចិន ពីសំណាក់ជនបរទេស ។ ដើមឡើយ រាជនីមេម៉ាយ សុីសុី (Empress Dowager Cixi) ដែលជាអ្នកដឹកនាំប្រទេសចិននាគ្រានោះ គាំទ្រការបះបោររបស់ក្រុមអ្នកបដិវត្ត ។ ប៉ុន្តែ ដើម្បីរក្សាសុវត្ថិភាពរាជបាល្ល័ង្គ គាត់ក៏ដូរចិត្តចូលដៃជាមួយពួកបរទេសថ្កោលទោសជនរួមជាតិខ្លួនទៅវិញ ។ មិនដឹងថាបុព្វការីជនរបស់ខ្ញុំពាក់ព័ន្ធនឹងបដិវត្តិន៍នោះដែរ ឬក៏យ៉ាងណាទេ ។ ប៉ុន្តែ ដំណើរចូលមកជ្រកកោនក្នុងប្រទេសខ្មែររបស់គាត់ គាប់ជួនជាមួយនឹងព្រឹត្តិការណ៍នោះ ។ នៅពេលបុព្វការីជនរបស់ខ្ញុំចាប់ផ្តើមកសាងគ្រួសារនៅតំបន់ ព្រៃនគរ យើងមិនដឹងថា តើគាត់មានភរិយាជាជនជាតិចិន ចាម យួន ឬក៏ខ្មែរទេ ។ យើងគ្រាន់តែដឹងថា កូនប្រុសរបស់គាត់ម្នាក់ដែលត្រូវជាជីតាទួតរបស់ខ្ញុំ បានក្លាយជា អុងប៉ាង ហើយមកតាំងទីលំនៅនៅក្នុងស្រុក ត្បួងឃ្មុំ ។ បន្ទាប់មក កូនប្រុសម្នាក់របស់អុងប៉ាងនោះ ដែលត្រូវជាជីតាខ្ញុំ បានមកតាំងទីលំនៅនៅភូមិ ជប់ ។ ផ្ទះរបស់គាត់ស្ថិតនៅនឹងផ្លូវកែងចំពីមុខខ្លោងទ្វារចូលទៅកាន់បរិវេណរោងចក្រកៅស៊ូរបស់បារាំង ។ គឺទីនោះហើយដែលឪពុកខ្ញុំបានចាប់កំណើត ។ បន្តមកទៀត ឪពុកខ្ញុំបានមកភពប្រសព្វជាមួយនឹងម្តាយខ្ញុំនៅភូមិ ជីរោទិ៍ ដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទល់មុខទីក្រុងកំពង់ចាម ។ ឪពុកខ្ញុំមានតួនាទីជាចៅសង្កាត់ជីរោទិ៍ នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ។ ភូមិ ជីរោទិ៍ គឺជាទីកំណើតរបស់ខ្ញុំ ។ បើគិតជាថេរវេលា ដំណើរលីលាប្រជាសាស្ត្ររបស់សាច់សាលោហិតខ្ញុំចំនួន ៤ ជំនាន់ ពីព្រៃនគរមកដល់ត្រើយខាងកើតនៃទីក្រុង កំពង់ចាម ត្រូវការពេលវេលាប្រមាណជា ៩០ឆ្នាំ ។ ជីវិតរបស់ប្រជាជាតិមួយ គឺមិនខុសអំពីជីវិតមនុស្សម្នាក់ឡើយ ។ យើងរមែងជួបនឹងបញ្ហាគ្មានទីបញ្ចប់ ។ បញ្ហាប្រជាសាស្ត្រជនជាតិវៀតណាមចូលមកក្នុងទឹកដីខ្មែរ មិនមែនជារឿងដែលយើងមិនអាចដោះស្រាយបាននោះទេ ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងយើងដោះស្រាយបញ្ហា យើងត្រូវស្គាល់ទ្រង់ទ្រាយរបស់វា ហើយរិះរករូបមន្តសមប្រកបណាមួយមកធ្វើជាគោល ។ នៅផ្នែកខាងលើនៃអត្ថបទនេះ ខ្ញុំបានប្រៀបធៀបប្រជាសាស្ត្រទៅនឹងលំហូរទឹក ។ ធម្មជាតិនៃទឹក គឺវាមានសមត្ថភាព ជ្រាប ជ្រៀតជ្រែក និង ជ្រកកោន ។ គេមិនអាចធ្វើរបងទប់ ឬឃាំងទឹកជាប់ទេ (អត្ថប្បដិរូបសង្កត់ន័យ) ។ ទឹកដែលហូរខ្លាំង វាមានលទ្ធភាពច្រោះកាត់ផ្តាច់ដីទៅជាមួយ (អត្ថប្បដិរូបសង្កត់ន័យ) ។ ក៏ប៉ុន្តែ បើយើងមានអ្វីដែលភាសាអង់គ្លេសហៅថា Ingenuity (ភាពបុិនប្រសប់) យើងអាចទាញយកសារប្រយោជន៍អំពីទឹកបានច្រើនឥតគណនា ។ ពាក់ព័ន្ធនឹងទឹកនៅក្នុងន័យប្រជាសាស្ត្រ វិធីតែមួយគត់ដែលយើងអាចទាញយកសារប្រយោជន៍អំពីទឹក គឺធ្វើឲ្យវាហូរបាចសាចដើម្បីឲ្យលំហូរចុះខ្សោយងាយស្រួលគ្រប់គ្រង ។ មធ្យោបាយមួយដែលអាចធ្វើឲ្យលំហូរទឹកចុះខ្សោយ គឺឧបស័គ្គ (Obstacles) ដូចជាដាក់ដុំថ្មតម្រៀបគ្នាជាច្រើនស្រទាប់ ។ ចំណុចណាអំណោយផល យើងសង់រហាត់ទឹកដើម្បីដងយកទឹកបង្ហូរទៅប្រើប្រាស់តាមសេចក្តីត្រូវ ឬក៏ដាក់កង្ហារឲ្យលំហូរទឹកទាញឌីណាម៉ូបង្កើតឋាមពលអគ្គិសនី (អត្ថប្បដិរូបសង្កត់ន័យ) ។ និយាយឲ្យចំ អនុវត្តិច្បាប់ទម្លាប់ឲ្យបានមធ្យត និង ពង្រឹងវិស័យអប់រំ ជាពិសេសទាក់ទងនឹងវប្បធម៌ អរិយធម៌ និងអក្សាសាស្ត្រ ឲ្យបានរឹងមាំ ។ លំហូរប្រជាសាស្ត្រនៃជនជាតិវៀតណាមមកក្នុងទឹកដីកម្ពុជា គឺជាកត្តាជៀសមិនរួច (Inevitable) ។ សំណួរតែមួយគត់ដែលពលរដ្ឋ ជាពិសេសមេដឹកនាំប្រទេសខ្មែរ ត្រូវលើកយកមកគិតពិចារណាគឺថា តើយើងត្រូវទាញយកសារប្រយោជន៍ អំពីកំណើនពលរដ្ឋប្រជាសាស្ត្រនេះ ដោយរបៀបណា ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយម៉ាត់ដែលគេនិយាយថា៖ Social Fabric (សសៃសូត្រសង្គម) ។ ដើម្បីត្បាញសំពត់ហូលមួយ ដែលមានក្បូរក្បាច់រចនាល្អប្រណិត ដូចជាអ្វីដែលបុព្វបុរសខ្មែរបន្សល់ទុកនៅលើរូបចម្លាក់អប្សរា យើងត្រូវចេះច្នៃយកសសៃសូត្រដែលមានពណ៌ទីទៃពីគ្នា មកផ្គុំឲ្យចេញជាគោម (អត្ថប្បដិរូបសង្កត់ន័យ) ។ កិច្ចការនេះធ្វើទៅបានជោគជ័យឬមិនជោគជ័យ គឺអាស្រ័យលើចំណេះដឹងនិងភាពបុិនប្រសប់ (Knowledge and Ingenuity) ។ នៅក្នុងន័យប្រជាសាស្ត្រក៏ដូចគ្នាដែរ គឺយើងត្រូវការចំណេះដឹងនិងភាពបុិនប្រសប់ ដើម្បីទប់ទល់នឹងបាតុភូត ដ៏គួរឲ្យខ្លាចនេះ ។ បើមិនដូច្នោះទេ វាសនានៃអត្តសញ្ញាណពលរដ្ឋ ក៏ដូចជាប្រទេសខ្មែរ គឺមិនខុសអំពីជនជាតិម្ចាស់ស្រុកនៅទ្វីបអាមេរិកឡើយ ។ ទ្វីបអាមេរិក ជាពិសេសសហរដ្ឋអាមេរិក គឺជាផ្ទាំងទស្សនីយភាពប្រជាសាស្ត្រ ដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ។ វាក៏ជាគំរូដ៏វិសេសវិសាលមួយសម្រាប់សិក្សាអំពីប្រជាសាស្ត្រដែរ ។ នៅក្នុងដំណើរធម្មជាតិនៃប្រជាសាស្ត្រ វប្បធម៌ដែលមិនសូវរឹងមាំ រមែងត្រូវបានស្រូបចូលទៅក្នុងវប្បធម៌ដែលរឹងមាំ (Being absorbed) ។ វប្បធម៌នៅទីនេះគឺសំដៅលើការតស៊ូស្រវាស្រទេញរបស់មនុស្ស នៅក្នុងទម្រង់សសៃសូត្រសង្គម មិនមែនសំណង់ប្រាសាទសីលា ឬក៏សិលាចារឹកឡើយ ។ បើនិយាយអំពីប្រជាសាស្ត្រវិញ វាមានបីទម្រង់ ។ ទីមួយគឺ វប្បធម៌ជនចំណូលថ្មីរលាយចូលទៅក្នុងវប្បធម៌ម្ចាស់ស្រុក ។ ទីពីរគឺ វប្បធម៌ម្ចាស់ស្រុករលាយចូលទៅក្នុងវប្បធម៌ជនចំណូលថ្មី ។ និងទីបីគឺ វប្បធម៌ជនចំណូលថ្មីនិងម្ចាស់ស្រុករស់នៅទន្ទឹមគ្នា (Co-exist side-by-side) ស្រដៀងគ្នានឹងអ្វីដែលយើងអាចមើលឃើញនៅកម្ពុជាក្រោមសព្វថ្ងៃ ។ ត្រង់រស់នៅទន្ទឹមគ្នារបៀបនេះអាចមានរយៈពេលយូរអង្វែងសែងជាតិ ឬក៏យ៉ាងណា គឺអាស្រ័យលើភាពរឹងបុឹងនៃវប្បធម៌នីមួយៗ ។ ប្រជាសាស្ត្រនៅសហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងទម្រង់ទីពីរ ដែលវប្បធម៌ម្ចាស់ស្រុករលាយចូលទៅក្នុងវប្បធម៌ជនចំណូលថ្មីផង និង រលាយបាត់បង់ផង ។ នៅក្នុងករណីប្រទេសកម្ពុជា ជាមួយនឹងប្រជាសាស្ត្រជនជាតិវៀតណាមនាពេលអនាគត បើយើងសង្កេតមើលទម្រង់នានាដែលត្រូវបានអនុវត្តិតាំងតែពីអតីតកាលមក វាជាដំណើរ "ទាត់សំបកកំប៉ុង" តាមបណ្តោយផ្លូវ ។ វៀតណាមអត់រូតរះទេ ក៏ប៉ុន្តែអនុវត្តិគោលការណ៍ប្រជាសាស្ត្រគ្រប់ទម្រង់ រង់ចាំឱកាសអាស្រ័យផល ។ ឆ្មាសក៏ដោយ ឆ្មាខ្មៅក៏ដោយ ឲ្យតែវាចាប់បានកណ្តុរ សម្បុររបស់វាមិនសំខាន់ឡើយ ។ នេះគឺជាអ្វីដែលប្រទេសកម្ពុជាប្រឈមនៅថ្ងៃអនាគត ជាមួយនឹងបញ្ហាប្រជាសាស្ត្រ ។ អរគុណជាអនេកកប្បការ ដែលអានអត្ថបទដ៏វែងអន្លាយនេះ រហូតដល់ចប់ ៕

Thursday, August 15, 2024

ចំណីខួរក្បាល

ដាំបន្លែដោយខ្លួនឯង ពេលមករស់នៅក្នុងផ្ទះបុរី (Townhome) កាលពីបីឆ្នាំមុន យើងមានដីប្រហែល ១០ម៉ែត្របួនជ្រុងនៅខាងក្រោយផ្ទះ ។ យើងសម្រេចច្នៃដីនោះ ដោយកាត់យកប្រមាណជា ៥ម៉ែត្របួនជ្រុងក្រាលឥដ្ឋធ្វើជាកន្លែងអង្គុយលម្ហែ ។ ដីដែលនៅសល់ជុំវិញប្រហែលជា ២ម៉ែត្រកន្លះនៅផ្នែកខាងឆ្វេងដៃនិងខាងក្រោយ និង១ម៉ែត្រកន្លះនៅខាងស្តាំដៃ យើងច្នៃធ្វើជាសួនដាំបន្លែនានា ។ ដីមួយម៉ែត្រកន្លះផ្នែកខាងស្តាំដៃ ខ្ញុំច្នៃធ្វើថ្នាលសម្រាប់ដាំត្រកួន ស្ពៃ និង សាឡាដ ។ ផ្នែកខាងក្រោយខ្ញុំធ្វើទ្រើងពីរជាន់សម្រាប់ដាំ ម្រះ និង ត្រឡាច ។ នៅក្រោមទ្រើងត្រឡាច ខ្ញុំដាំខ្ទឹមសនៅរដូវត្រជាក់ធ្លាក់ទឹកកក ។ ឯដី២ម៉ែត្រកន្លះនៅផ្នែកខាងឆ្វេងដៃ ខ្ញុំលៃដាំម្ទេស ៥ប្រភេទបានប្រហែលជា ៣០ដើម ។ ត្រប់បួនដប់ដើម ។ ប៉េងបោះ ២០ដើម ។ ត្រសក់ពីរជន្លង់ ។ និង សណ្តែកគួពីរជន្លង់ ។ នៅតាមចន្លោះកៀនកោះ ខ្ញុំដាំស្លឹកគ្រៃ ៥គុម្ព ជីរបួនប្រាំមុខ ម្អមពីរកូនកាធុន និងដំណាំខ្លះទៀតដូចជា ក្រូចសើច កន្ទ្រោប ទៀប ស្រកានាគ តាង៉ែន និង ផ្កានានា ដែលខ្ញុំដាំដាក់ក្នុងផើង ។ ដំណាំដូចជាស្រកានាគ ទៀប និង តាង៉ែន ខ្ញុំដាំក្រាន់តែលម្អភ្នែកតែប៉ុណ្ណោះ ។ មិនរំពឹងអាស្រ័យផលទេ ។ ក្រៅអំពីនេះ ខ្ញុំដាំទន្លាប់ពីរដើម និង កន្ទឹម មួយដើមនៅត្រង់ចំណុចកាច់ជ្រុងកម្រាលឥដ្ឋ ដើម្បីផ្តល់ម្លប់ដល់កន្លែងយើងអង្គុយលម្ហែ ។ បើគិតជាថេរវេលា វាទើបតែបានបីឆ្នាំ ។ ដូច្នេះអ្វីៗស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយ ។ ប៉ុន្តែ បើគិតជាភោគផលបន្លែបង្កា ដីតិចតួចនេះអាចផ្គត់ផ្គង់តម្រូវការបានមួយផ្នែកដែរ ដោយមិនចាំបាច់ទៅទិញអំពីផ្សារឡើយ ។ អត្ថបទនេះ ខ្ញុំចង់និយាយអំពីរបៀបដាំនិងថែទាំបន្លែ ។ បច្ចុប្បន្ន ការដាំបន្លែដោយខ្លួនឯងនៅតាមផ្ទះ ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង ។ ហើយក៏មានមនុស្សមួយចំនួន ត្អូញត្អែអំពីការដាំដំណាំមិនសូវទទួលបានលទ្ធផលល្អដែរ ។ ថ្វីដ្បិតតែការដាំដំណាំមិនត្រូវការ ការចំណេះជំនាញជ្រៅជ្រះក៏ដោយ ក៏យើងត្រូវយល់ដឹងអំពីរបៀបដាំនិងថែទាំដំណាំដែរ ទើបរកជោគជ័យឃើញ ។ ក្នុងនាមជាកូនអ្នកចម្ការម្នាក់ ដែលប្រកបរបរដាំបន្លែនៅតាមដងទន្លេមេគង្គជាច្រើនជំនាន់ ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗដល់មនុស្សមួយចំនួន ដែលព្យាយាមដាំបន្លែដោយខ្លួនឯង ។ របៀបដាំដំណាំនេះ ខ្ញុំរៀនអំពីម្តាយខ្ញុំ ។ ម្តាយខ្ញុំក៏រៀនអំពីឪពុកម្តាយគាត់ដែរ ។ វាជាចំណេះដឹងតគ្នា ។ មិនមែនជាចំណេះដឹងដែលខ្ញុំរៀនចេញអំពីសាលាឡើយ ។ ជាបឋម យើងត្រូវស្គាល់ប្រភេទដី ។ នៅអារ្យប្រទេស គេវាស់កម្រិត PH នៃដីដាំដំណាំ ។ ខ្ញុំមិនដែលខ្វល់រឿង ភីអេច ភីអាំងអ្វីទេ ។ ម្តាយខ្ញុំប្រាប់ថា ដីដាំដំណាំអាចមានបីប្រភេទគឺ៖ ដីល្បាយខ្សាច់ ដីកណ្តេង និង ដីច្រេះអាចម៍ដែក ។ ដីល្បាយខ្សាច់គីដីនៅតាមមាត់ទន្លេ ចន្លោះពី ៥០ ទៅ ២០០ម៉ែត្រ ។ ដីកណ្តេងគឺដីបឹង ដែលស្ថិតនៅលើសពី ២០០ម៉ែត្រពីមាត់ទន្លេ ។ អ្នកស្រុកខ្លះហៅដីបឹងថា ដីប្រាំង ។ ឯដីច្រេះអាចម៍ដែកគឺប្រភេទដីឥដ្ឋដែលមានល្បាយគ្រួសថ្មបាយក្រៀមច្រើន ។ ដីប្រភេទនេះសម្បូរនៅខាងខេត្ត កំពង់ធំ និង សៀមរាប ហើយមិនសូវល្អសម្រាប់ដាំបន្លែទេ ។ យើងភ្ជួរតែមួយផាលនង័្គល ទៅដល់ដីច្រេះអាចម៍ដែកហើយ ។ បើជីកឲ្យជ្រៅថែមទៀត យើងនឹងជួបថ្មបាយក្រៀម ។ គឺថ្មនេះហើយដែលបុព្វបុរសខ្មែរយកទៅធ្វើរបងប្រាសាទនានា ។ ការដាំបន្លែនៅតាមបណ្តោយមាត់ទន្លេ មិនជាលំបាកថែទាំណាស់ណាទេ ។ កាលពី ៣០ ឬ ៤០ឆ្នាំកន្លងទៅ យើងគ្មានម៉ាសុីនបូមទឹកនិងបច្ចេកទេសតទុយយោស្រោចស្រព្វដំណាំឡើយ ។ យើងដាំបន្លែដោយពឹងលើរដូវកាលនិងអាកាសធាតុ ហើយទុកឲ្យដំណាំលូតលាស់ទៅតាមសម្មាជីវោរបស់វា ។ គួរកត់សម្គាល់ថា មុនពេលមនុស្សយកវាមកដាំធ្វើជាបន្លែបង្កា រុក្ខជាតិនានាដូចជាត្រឡាច ល្ពៅ ត្រប់ ម្ទេស ជាដើម សុទ្ធសឹងតែជារុក្ខជាតិដុះដោយព្រៃ ។ គ្មាននរណាពូនគុម្ពជ្រុំគល់វាទេ ។ ពីដើមមិញ ដំណាំបន្លែនៅតាមមាត់ទន្លេគឺយើងដាំនៅរដូវទឹកស្រក ឬរដូវរាំងស្ងួត ។ ដោយហេតុតែទឹកទន្លេហូរលិចច្រាំងរៀងរាល់ឆ្នាំ ការដាំបន្លែក៏ត្រូវជ្រើសរើសប្រភេទឲ្យត្រូវទៅនឹងសណ្ឋានដីដែរ ។ កន្លែងខ្លះ មានពំនូកខ្សាច់ ។ កន្លែងខ្លះមានល្បាយខ្សាច់ ។ កន្លែងខ្លះមានដីល្បប់គ្របលើល្បាយខ្សាច់ ។ កន្លែងដែលមានពំនូកខ្សាច់ យើងអាចដាំល្ពៅ ឬ ឃ្លោកនិងត្រឡាចនៅជុំវិញនោះ ដ្បិតដំណាំទាំងបីប្រភេទនេះអាចវារគ្របលើពំនូកខ្សាច់ដែលជាហេតុមិនឲ្យកំដៅជះចេញពីដីខ្សាច់រុកគួនវាបានឡើយ ។ ដីល្បាយខ្សាច់យើងអាចដាំ ត្រសក់ស្រូវនិងឪឡឹក ។ ឯដីដែលមានល្បប់គ្របពីលើ យើងអាចដាំត្រសក់ផ្អ ប៉េងប៉ោះ ម្ទេស និង ត្រប់ ។ ពេលវេលានៃការដាំដុះគឺយើងប្រើទម្ងន់មនុស្ស ។ ចំណុចណាដែលយើងអាចដើរលើបាន គឺអាចដាំបានហើយ ។ យើងត្រូវត្រាំគ្រាប់ត្រសក់និងត្រឡាចឲ្យវាប្រេះមាត់ចាប ឬចេញពន្លកឫសបន្តិចមុននឹងយកទៅដាំ ។ របៀបដាំគឺយើងជីកដោយចបជីកក្នុងទម្រង់ត្រីកោណ ឬបួនជ្រុង ឆ្កឹះយកដីល្បប់ផ្នែកខាងលើចេញ ។ ដាក់គ្រាប់ត្រសក់ ឬត្រឡាច បីឬបួនគ្រាប់ក្នុងមួយរណ្តៅ ។ រួចហើយយកដីល្បាយខ្សាច់លាយអាចម៍គោមួយទូកដៃលប់រណ្តៅ ។ ឯការដាំ ត្រប់ ម្ទេស និង ប៉េងប៉ោះ ក៏មានសណ្ឋានស្រដៀងគ្នាដែរ គ្រាន់តែយើងបណ្តុះកូនត្រប់ ម្ទេស និងប៉េងប៉ោះនៅក្នុងថ្នាល ប្រមាណជាមួយខែមុន ។ កូនត្រប់ម្ទេសនិងប៉េងប៉ោះ ពេលដកចេញពីថ្នាលត្រូវរលាស់ដីចេញពីឫសរបស់វា ។ បន្ទាប់ពីជីករណ្តៅហើយ យើងប្រើឈើបុសបុកក្នុងរណ្តៅនោះជម្រៅប្រមាណពីរថ្នាំងដៃទៀត ។ រូចហើយ យកកូនប៉េងប៉ោះ ត្រប់ ឬម្ទេសមួយដើមដាក់ក្នុងរណ្តៅឈើបុសនោះ ។ បន្ទាប់មក យកដី ឬឆ្កឹះដីល្បាយខ្សាច់នៅមាត់រណ្តៅឈើបុសលប់ឫសកូនដំណាំឲ្យជិត ។ ចុងបញ្ចប់ យកកំសៀវដងទឹកដើរស្រោចកូនដំណាំទាំងនោះមួយច្រូចៗ ។ ការស្រោចទឹកនេះគឹមិនត្រូវឲ្យទឹកប៉ះត្រួយវាទេ ។ កាលពីក្មេង ខ្ញុំធ្លាប់ធ្វើកិច្ចការនេះ ។ ម្តាយខ្ញុំស្រែកទូន្មានខ្ញុំជាប្រចាំ ទោះស្លាប់១០ជាតិក៏នៅតែចាំដែរ ។ យើងដាំកូន ត្រប់ ម្ទេស ប៉េងប៉ោះ នៅពេលល្ងាចហើយស្រោចទឹកវាតែម្តងនេះគត់ ។ ស្អែកឡើង ពេលត្រូវកំដៅថ្ងៃវាស្រឡប់ស្តូក ប៉ុន្តែអត់ងាប់ទេ ។ ពេលកូន ត្រសក់ ត្រឡាច ឃ្លោក ល្ពៅ ប៉េងប៉ោះ ត្រប់ ម្ទេស លាស់ស្លឹកបានពីរឬបី យើងយកចបជីកជ្រុំគល់ ឬគុម្ពវា មួយឬពីរថ្ងៃក្រោយមក យើជម្រះស្មៅ ឬជ្រោយដីតាមបណ្តោយរងរបស់វា ។ ការជ្រោយដីតាមបណ្តោយរងនេះ មានសារសំខាន់ណាស់ ។ វាបំបែកផ្ទាំងដីល្បប់ជាបំណែកតូចៗហើយនិងធ្វើឲ្យវាស្ងួត ។ ដីស្ងួតនៅផ្នែកខាងលើនេះ គឺជាយន្តការទាញទឹកសន្សើមនៅពេលយប់យកទៅផ្គត់ផ្គង់ដីល្បាយខ្សាច់ដែលនៅផ្នែកខាងក្រោម ។ នេះហើយគឺជាវិធីដាំដំណាំបន្លែ ដោយមិនចាំបាច់ស្រោចទឹក ។ ឯការដាំបន្លែនៅលើដីកណ្តេង ឬ ដីបឹង ឬ ដីប្រាំង គេធ្វើតាមវិធីផ្សេង ។ ជាទូទៅ យើងរង់ចាំទាល់តែដីចម្ការរឹងល្មមឲ្យគោដើរលើបាន ទើបភ្ជួរដីនោះហាលឲ្យស្ងួតបន្តិច ។ បន្ទាប់មក យើងយករនាស់ចាក់ដែលមានធ្មេញដែកដូចចម្រូង រាស់លើដីបំណាស់ឲ្យទាល់តែបែកជាដុំៗប៉ុនៗកដៃ ។ ជាមួយគ្នានោះដែរ យើងរាស់នឹងរនាស់ខ្វារចុះឡើងៗ ដើម្បីឲ្យកម្ទេចដីតូចៗធ្លាក់ចុះទៅផ្នែកខាងក្រោម ។ យើងរាស់នឹងរនាស់ចាក់និងរនាស់ខ្វារជាច្រើនដង ដើម្បីបំបែកដីអាចម៍បំណាស់ឲ្យមានល្បាយល្អិតនៅផ្នែកខាងក្រោម ។ មុននឹងចាប់ផ្តើមដាំកូន ម្ទេស ឬ ត្រប់ ដែលជាប្រភេទដំណាំធន់នឹងកំដៅថ្ងៃ យើងភ្ជួរដីនោះត្រឡប់ម្តងទៀត រួចហើយរាស់វាដូចលើកទីមួយដែរ ។ ពេលល្ងាចទើបយើងយកកូនម្ទេសនិងត្រប់ទៅដាំ ដោយវែកដីដុំនៅផ្នែកខាងលើជាទម្រង់សំបុកមាន់ រួចហើយជាន់នឹងថ្លើមជើងឲ្យហាប់បន្តិចទើបយកឈើបុសបុកជារណ្តៅ ដូចជាយើងដាំនៅលើដីល្បាយខ្សាច់តាមមាត់ទន្លេដែរ ។ ការស្រោចទឹកគឺដូចគ្នា ដោយជៀសវាងមិនឲ្យប៉ះត្រួយកូនដំណាំឡើយ ។ យើងអាចស្រោចទឹកកូនដំណាំម្តងទៀតនៅពេលព្រឹកព្រហាម រួចហើយទុកឲ្យវាចាប់ឫសរស់តាមសម្មាជីវោរបស់វា ។ ពេលកូនដំណាំលាស់ខ្ពស់បន្តិច យើងអាចយកចប ឬខ្វែវ ជម្រះពូនគល់ដើម្បីជួយឲ្យសំណើមនៅក្រោមគល់ដំណាំនៅថេរបានយូរ ក៏ដូចជាជួយទាញយកទឹកសន្សើមនៅពេលយប់ មកផ្គត់ផ្គង់កូនដំណាំដែរ ។ ជាទូទៅ ទម្រាំដីបឹងស្ងួតអាចភ្ជួររាស់ដាំដំណាំបាន គឺយើងត្រូវរង់ចាំដល់ខែ មាឃធំ ឬផល្គុន ។ ដូច្នេះ បើមានភ្លៀងកក់ខែម្តងពីរនៅខែចែត្រ យើងអាចរំពឹងទទួលបានផលច្រើន ។ និយាយអំពីការដាំដំណាំនៅក្រោយផ្ទះ ជាពិសេសផ្ទះបុរីនៅក្នុងក្រុង គឺយើងមិនមានជម្រើសច្រើនទេ ។ ដីនៅក្រោយផ្ទះ ដែលភាគច្រើនជាដីដែលគេដឹកយកមកចាក់បំពេញ ជាទូទៅមិនសូវសមប្រកបសម្រាប់ដាំបន្លែបង្កាឡើយ ។ ប៉ុន្តែ យើងអាចច្នៃវាដាំបន្លែបាន ដោយប្រើវិធីលាយល្បាយ ។ បើដីក្រោយផ្ទះយើងសម្បូរខ្សាច់ យើងរកដីកណ្តេងយកមកលាយ ។ បើដីនោះសម្បូរទៅដោយដីកណ្តេងនិងដីឥដ្ឋ យើងរកដីល្បាយខ្សាច់យកមកលាយ ។ ដីនៅក្រោយផ្ទះខ្ញុំជាប្រភេទដីកណ្តេងលាយដីឥដ្ឋ ។ ដាំបន្លែអ្វីក៏មិនសូវល្អដែរ ដ្បិតវាជាំទឹកខ្លាំងពេក ។ ដោយហេតុតែខ្ញុំមិនដឹងជាទៅរកដីល្បាយខ្សាច់ឯណាយកមកលាយបាន ខ្ញុំក៏សម្រេចចិត្តទៅទិញដីជីកំប៉ុស ដែលគេធ្វើអំពីកម្ទេចស្លឹកនិងមែកឈើលក់នៅផ្សារ យកមកលាយ ។ វាមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ប៉ុន្តែខ្ញុំអាចប្រើវិធីឆ្នៃប្រតិដ្ឋនិងចំណេះដឹងរៀនពីដូនតា ដាំបន្លែបានផលគួរសមដែរជាមួយនឹងដីដែលមិនសូវសមប្រកបនេះ ។ អ្វីដែលខ្ញុំអនុវត្តិគឺ បង្អត់ទឹកដំណាំ ។ ខ្ញុំមិនស្រោចទឹកដំណាំខ្ញុំរាល់ថ្ងៃទេ សូម្បីតែត្រកួននិងម្អមដែលជាដំណាំដុះក្នុងស្រែឬក៏បឹង ក៏ខ្ញុំអត់ស្រោចទឹកវារាល់ថ្ងៃដែរ ។ គួរកត់សម្គាល់ថា ដីកណ្តេងឬដីឥដ្ឋពេលត្រូវទឹក វានឹងរលាយជាប់គ្នានៅផ្នែកខាងលើ (on the surface) ដូចនំក្រៀបឬគ្របឆ្នាំ ។ នៅពេលប្រការនេះកើតឡើង សំណើមនៅផ្នែកខាងក្រោមនឹងបង្កឲ្យមានចំហាយក្តៅពេលត្រូវកម្តៅព្រះអាទិត្យ ដែលញាំញីឫសដំណាំនិងធ្វើឲ្យវាក្រិន ។ ដូច្នេះ ត្រូវជ្រុំជ្រោយដីនៅក្បែរគល់ឬចន្លោះរងបន្លែ ជាមួយនឹងកូនរនាស់ផ្លែមួយ ផ្លែពីរ ឬផ្លែបួន ដូចដែលខ្ញុំបង្ហាញនៅក្នុងរូប ជាប្រចាំបន្ទាប់ពីមានភ្លៀងធ្លាក់ ឬក៏សង្កេតឃើញមានដីក្រាំងខ្លាំង ។ តាមចន្លោះជួរត្រកួនក៏ដូចគ្នា ។ គប្បីយកច្បូកម្រាមដៃ ឬក៏ដែកឬឈើប៉ុនម្រាមដៃ ទៅចាក់ឲ្យមានប្រហោងដើម្បីឲ្យចំហាយទឹកហួតឡើងលើផងដែរ ។ ដូចដែលខ្ញុំបានជម្រាបនៅផ្នែកខាងលើរួចហើយ បន្លែបង្កាភាគច្រើនវាដុះតាមព្រៃគ្មាននរណាស្រោចទឹកថែធួនពូនគល់វាទេ ។ បើយើងបារម្ភខ្លាចដំណាំងាប់ យើងអាចកាយដីនៅចន្លោះជួរដើម្បីពិនិត្យមើលថាតើវាស្ងួតដល់កម្រិតណា ។ បើស្ងួតខ្លាំង យើងអាចស្រោចទឹកដោយបង្ហូរទឹកយឺតៗឲ្យចំគល់ដំណាំនីមួយៗ ។ មិនត្រូវបាញ់ទឹកបាចសាចពាលវាលពាសកាលឡើយ លើកលែងតែត្រកួននឹងស្ពៃ ។ កាលពីក្មេង ខ្ញុំធ្លាប់ឮចាស់ៗប្រាប់ថា បើចង់ឲ្យដំណាំលាស់ស្ទុះ ត្រូវបង្អត់ទឹកវាបួនប្រាំថ្ងៃសឹមស្រោចម្តង ។ និយាយអំពីបទពិសោធមួយដែលខ្ញុំធ្វើនៅឆ្នាំនេះ ។ ខ្ញុំដាំកូនម្ទេសចំនួន ៩ដើម ។ កូនម្ទេស ៣ដើមខ្ញុំស្រោចទឹករាល់ថ្ងៃ ។ បីដើមទៀតខ្ញុំអត់ស្រោចទឹកទេ ។ ឯបីដើមចុងក្រោយ ខ្ញុំស្រោចទឹកប្រាំថ្ងៃម្តង ។ នៅតំបន់ខ្ញុំរស់នៅមានការរាំងស្ងួតប្រហែលមួយខែកន្លះ និងមានសុីតណ្ហភាពចន្លោះពី ៣៧ទៅ៤២ អង្សាសេ ជាប្រចាំ ។ ខ្ញុំសង្កេតឃើញថា កូនម្ទេសដែលខ្ញុំស្រោចទឹករាល់ថ្ងៃ វាមានស្លឹកពណ៌បៃតងខ្ចីនិងមានដើមខ្ពស់ល្វន់ល្វត ។ កូនម្ទេសដែលខ្ញុំអត់ស្រោចទឹកសោះ វាមានស្លឹកពណ៌ខៀវចាស់ ដើមទាបតែរឹងបុឹង ។ ឯកូនម្ទេសដែលខ្ញុំស្រោចទឹក ៥ថ្ងៃម្តង វាមានសណ្ឋាននៅចន្លោះកូនម្ទេសទាំងពីរក្រុមខាងលើ ។ កូនម្ទេសទាំងអស់ អត់មានងាប់មួយដើមទេ ។ នេះគឺជាបទពិសោធន៍មួយដែលខ្ញុំរកឃើញសម្រាប់ការដាំដំណាំនៅក្រោយផ្ទះ ៕

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...