Friday, March 7, 2025
ចំណីខួរក្បាល
ដូណាល់ ត្រាំ វិលវិញ (Donald Trump, Revisit)
កាលលោក ដូណាល់ ត្រាំ ឡើងកាន់កិច្ចការជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកលើកទី ១ ខ្ញុំបានសរសេរអត្ថបទរិះគន់មួយចំនួនពាក់ព័ន្ធនឹងគោលនយោបាយ និង សកម្មភាពរបស់គាត់ ជាពិសេសគឺសង្គ្រាមពាណិជ្ជកម្ម (សូមមើលអត្ថបទនៅក្នុងរូបភាពខាងក្រោម) ។ នៅក្នុងសង្គ្រាមពាណិជ្ជកម្មនៅគ្រាទី ១ សេដ្ឋវិទូអាមេរិកាំងបានវាយតម្លៃផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋអាមេរិកាំងទូទៅ គឺត្រូវចំណាយថវិកាប្រមាណជា ៨០០ដុល្លារ បន្ថែមលើការចំណាយប្រចាំឆ្នាំរបស់ខ្លួន ។ ឯសង្គ្រាមពាណិជ្ជកម្មលើកទី ២នេះ ពលរដ្ឋអាមេរិកាំងត្រូវចំណាយប្រមាណជា ២០០០ដុល្លារ បន្ថែមលើការចំណាយប្រចាំឆ្នាំរបស់ខ្លួន ដោយហេតុតែនៅពេលដែលយើងច្របាច់កគេ គេក៏ច្របាច់កយើងវិញដែរ ។ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម គ្មានទេភាគីចាញ់ ឬឈ្នះ ។ គឺមានតែជនរងគ្រោះ ។ អ្នកដែលទទួលផលអំពីសង្គ្រាមនេះ គឺភាគីដែលមិនពាក់ព័ន្ធនៅក្នុងជម្លោះ ។ វាមិនខុសអំពីសត្វភេពីរក្បាលចែកត្រីគ្នាសុីមិនដាច់ស្រេច យកទំនាស់ទៅពឹងខ្លាត្រីឲ្យជួយដោះស្រាយឡើយ ។
អត្ថបទនេះ ខ្ញុំសូមមិនផ្តោតលើសង្គ្រាមពាណិជ្ជកម្ម និងផលកម្មដែលពលរដ្ឋអាមេរិកាំង និងពលរដ្ឋដទៃនៅក្នុងពិភពលោក កំពុងប្រឈមទេ ។ ខ្ញុំសូមលើកយកបញ្ហាខ្លះៗ ពាក់ព័ន្ធនឹងគោលនយោបាយរបស់ ដូណាល់ ត្រាំ មកវែកញែកចែកជាធម្មទានដល់មិត្តអ្នកអាន ។ តែមុននឹងវែកញែករឿងនយោបាយ ខ្ញុំសូមជម្រាបថា ពាក្យ Tariff គឺមានន័យថាពន្ធ (Tax) ដែលពលរដ្ឋទូទៅត្រូវបង់ មិនមែនសហគ្រាស ឬក៏ប្រទេសដែលលោក ដូណាល់ ត្រាំ កៀបសង្កត់ឲ្យបង់ Tariff នាំចេញទិញចូលនោះទេ ។ វាជាយុទ្ធសាស្ត្របោកប្រាស់ ប្រជាភិថុតិ ឬក៏ល្បែងលេងប៉ាហ៊ី ដែលអ្នកនយោបាយរមែងប្រព្រឹត្តិ ។
មុននឹងខ្ញុំនិយាយរឿងនយោបាយ ខ្ញុំសូមអធ្យាស្រ័យណែនាំខ្លួននិងអត្តចរិតនយោបាយរបស់ខ្ញុំ ឲ្យមិត្តអ្នកអានបានស្គាល់ជាមុន ជៀសវាងការភាន់ច្រឡំនានា (Misunderstanding) ។ ក្នុងនាមជាពលរដ្ឋអាមេរិកាំងមួយរូប ខ្ញុំមិនមែនជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ ហើយក៏មិនមែនជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដែរ ។ ខ្ញុំគោរពមតិភាគច្រើន និង គាំពារមតិភាគតិច ។ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតតាមបែបបទប្រជាធិតេយ្យ ខ្ញុំតែងតែព្យាយាមបោះឆ្នោតបំបែកអំណាចប្រមូលផ្តុំ ដោយមិនប្រកាន់បក្សពួកឡើយ ។ នៅក្នុងរដ្ឋាភិបាលប្រជាធិតេយ្យ យើងមាននីតិប្រតិបត្តិ នីតិបញ្ញតិ និង ប្រព័ន្ធតុលាការ (Executive, Legislative, and Judiciary) ។ ស្ថាប័ននីតិប្រតិបត្តិ និង នីតិបញ្ញតិ កើតឡើងដោយការបោះឆ្នោត ។ ពេលខ្លះ ស្ថាប័នទាំងពីរធ្លាក់ក្រោមការត្រួតត្រារបស់គណបក្សតែមួយ ។ គឺស្ថានភាពនេះហើយដែលតម្រូវឲ្យខ្ញុំទៅបោះឆ្នោតពាក់កណ្តាលអាណតិ ដើម្បីបង្កើតឲ្យមានតុល្យភាពក្នុងការដឹកនាំប្រទេសជាតិ ក៏ដូចជាដឹកនាំរូបខ្ញុំដែលជាពលរដ្ឋម្នាក់ដែរ ។ ឯរឿងគោរពបូជា ខ្ញុំអត់គោរពបូជាអាទិទេព ឬក៏ បុគ្គលមនុស្សណាមួយឡើយ ។ ខ្ញុំគោរពបូជាគុណធម៌ ។ តើយើងយកអ្វីមកសម្គាល់គុណធម៌ ។ ប្រការនេះមិនពិបាកយល់ទេ ។ ទង្វើ ឬ ជំនឿ ណាដែលមិនបង្កទុក្ខវេទនាដល់ខ្លួនឯង និង អ្នកដទៃ គឺជាគុណធម៌ ។ អាទិទេពក្តី មនុស្សក្តី ដែលប្រកបទៅដោយគុណធម៌ គឺជាវត្ថុសក្ការៈរបស់ខ្ញុំ ។
ខ្ញុំចាប់ផ្តើមសិក្សាអំពីប្រវត្តិសាស្ត្រអាមេរិកាំង តាំងតែពីមិនទាន់ឈានជើងជាន់ទឹកដីនៃសហរដ្ឋអាមេរិកម្លេះ ។ ពេលមកដល់សហរដ្ឋអាមេរិកនៅដើមឆ្នាំ ១៩៨៩ ខ្ញុំមានឱកាសបានចូលទៅសិក្សានៅក្នុងប្រព័ន្ធអប់រំអាមេរិកាំង ហើយក៏បានបន្តសិក្សាចាប់ពីពេលនោះរហូតមកដល់ថ្ងៃនេះ ។ នៅសាកលវិទ្យាល័យ ជំនាញសិក្សារបស់ខ្ញុំគឺ សារពត៌មាន និង វិទ្យាសាស្ត្រនយោបាយ ដោយផ្តោតទៅលើអភិបាលកិច្ចសាធារណរបស់រដ្ឋាភិបាលអាមេរិកាំង ។ ខ្ញុំចាប់ផ្តើមសង្តេតអំពីដំណើរបត់បែននៃអភិបាលកិច្ចរបស់សហរដ្ឋអាមេរិក តាំងតែពីអាណតិទីមួយរបស់លោកប្រធានាធិបតី ប៊ីល គ្លីនតុន រៀងរហូតមកដល់គ្រានេះ ។ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏ជាអ្នកធ្វើការងារឲ្យស្ថាប័នមួយចំនួន ដែលពាក់ព័ន្ធនឹងការធ្វើគោលនរយោបាយរបស់សហរដ្ឋអាមេរិក ។ បើគិតជាថេរវេលា វាមានរយៈពេលប្រមាណជា ៣០ឆ្នាំហើយ ។ សួរថា តើខ្ញូំយល់ដឹងអ្វីៗសព្វជ្រុងជ្រោយទេ ? ចម្លើយគឺ អត់ទេ ។ តែខ្ញុំនឹងព្យាយាមបកស្រាយបំភ្លឺទៅតាមសមត្ថភាពដែលខ្ញុំមាន ។
ដំណើរដឹកនាំប្រទេសអាមេរិកាំងនាគ្រានេះ គឺមានហានិភ័យខ្ពស់ មិនមែនសម្រាប់តែជនជាតិអាមេរិកាំងទេ គឺពិភពលោកទាំងមូល ។ អ្វីដែលខ្ញុំព្រួយបារម្ភជាងគេគឺប្រការដែលអាចមានការព្យាយាមរបស់ ដូណាល់ ត្រាំ ដើម្បីក្រាញអំណាច (The possibility of trying to make the U.S.A. a dictatorship) ។ នៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំជឿជាក់ថាគាត់មិនអាចធ្វើទៅរួចទេ ។ ក៏ប៉ុន្តែ ទោះបីជាលទ្ធភាពរបស់គាត់អាចមានត្រឹមតែ ០.០០១ ភាគរយក៏ដោយ ក៏ខ្ញុំនៅតែព្រួយបារម្ភដែរ ។ ជាមួយនរណាខ្ញុំមិនអាចសន្និដ្ឋានទេ ។ តែជាមួយ ដូណាល់ ត្រាំ អ្វីដែលយើងគិតថាមិនអាចទៅរួច គឺអាច ។ គាត់គឺជាមនុស្សក្រអើតក្រទមតាំងតែពីដើមរៀងមក ។ និយាយអំពីភាពក្រអើតក្រទម សូមបង្ហាញអំពីប្រការមួយ (Fact) ស្តីអំពីជោគជ័យនៅក្នុងដំណើរជីវិតពាណិជ្ជកររបស់គាត់បន្តិចផងចុះ ។ ផ្ទុយអំពីរូបភាពជោគជ័យដែលប្រព័ន្ធផ្សព្វផ្សាយអនាធិបតេយ្យ (Fake or Manipulated news) លើកតម្កើង លោក ដូណាល់ ត្រាំ បរាជ័យនៅក្នុងមុខជំនួញរបស់គាត់ច្រើនលើកច្រើនគ្រាមកហើយ ។ វាគ្មានអ្វីភ្ញាក់ផ្អើលទេ ប្រសិនបើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដាំក្បាលចុះនៅក្នុងអាណតិរបស់គាត់ ។
វិលទៅនិយាយអំពីប្រការដែលខ្ញុំព្រួយបារម្ភវិញម្តង ។ ផ្អែកលើទង្វើរបស់ ដូណាល់ ត្រាំ រយៈពេលជិតពីរខែកន្លងទៅនេះ អ្វីៗគឺស្រដៀងគ្នាទៅនឹងទង្វើរបស់ អាដុល ហុីត្លែរ នៅប្រទេសអាល្លឺម៉ងកាលពីឆ្នាំ ១៩៣៩ ពន់ពេកណាស់ ។ គួរកត់សម្គាល់ថា ប្រទេសអាល្លឺម៉ង់នាគ្រានោះ ក៏ជាប្រទេសប្រជាធិបតេយ្យដ៏រឹងមាំមួយដែរ ។ នៅសតវត្សទី ១៩ ជប៉ុនបានបញ្ជូននិស្សិតទៅរៀនអំពីបែបផែនដឹកនាំប្រទេសពីអាល្លឺម៉ង់ ហើយនៅប្រើទម្រង់នោះរហូតដល់សព្វថ្ងៃ ។ បើហុីត្លែរអាចបំផ្លាញរចនាសម្ព័ន្ធប្រជាធិបតេយ្យនៅអាល្លឺម៉ង់បាន រឿងអីដែលយើងហ៊ានទុកចិត្តថា ដូណាល់ ត្រាំ មិនអាចធ្វើបាននៅសហរដ្ឋអាមេរិក ។ ហុីត្លែរ ប្រើពេលមិនដល់មួយឆ្នាំទេ នៅក្នុងការកាច់បំបាក់ស្ថាប័នរដ្ឋនានាឲ្យជ្រកនៅក្រោមឥទ្ធិពលរបស់គាត់ ។ ដូណាល់ ត្រាំ ទម្រាំដល់ពេលបោះឆ្នោតពាក់កណ្តាលអាណតិ មានពេលរហូតដល់ទៅពីរឆ្នាំ ដើម្បីរុះរើស្ថាប័នជាតិនៃសហរដ្ឋអាមេរិក ឲ្យសមប្រកបទៅនឹងតម្រូវការរបស់គាត់ ។ ដូច្នេះ គាត់មានពេលគ្រប់គ្រាន់នៅក្នុងការផ្សងព្រេងរបស់គាត់ ។
អ្វីដែលជាភាពខុសគ្នារវាងអាល្លឺម៉ង់និងសហរដ្ឋអាមេរិក គឺស្ថិតត្រង់ថាពលរដ្ឋអាមេរិកាំងមានសិទ្ធិកាន់កាំភ្លើងគ្រប់ៗគ្នា ជាមួយនឹងពាក្យស្លោកមួយឃ្លាដែលមានន័យថា៖ កុំជាន់ឈ្លីខ្ញុំ (Don't Tread on Me!) ។ វាអាចនឹងល្មេញល្មើបន្តិច សម្រាប់ប្រធានាធិបតី ឬក៏អ្នកនយោបាយណាម្នាក់ ដែលព្យាយាមក្លាយខ្លួនជាជនផ្តាច់ការ ហើយជាន់ឈ្លីសិទ្ធិសេរីភាពរបស់ពលរដ្ឋអាមេរិកាំង ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សល្មេញល្មើអត់ប្រើហេតុផលដូចមនុស្សជាឡើយ (It would be foolish for any president or politician to try to become a tyrant and take away Freedom from the American people. However, a foolish person does not have the same rational thinking like a sane one) ។
ជនផ្តាច់ការ ឬ ដំណើរឆ្ពោះទៅកាន់របបផ្តាច់ការ គេប្រើយុទ្ធសាស្ត្រតែមួយទេគឺ បោចរោមមាន់ម្តងមួយៗ ឬស្ងោរកង្កែបទាំងរស់ដោយដុតភ្លើងថែមអុសម្តងមួយ ។ ខ្ញុំធ្លាប់សរសេរបកស្រាយរឿងនេះរួចម្តងហើយ ។ ដូច្នេះ ជាកិច្ចសង្ខេប ខ្ញុំសូមលើកយកតែកត្តាមួយចំនួនមកបង្ហាញនៅទីនេះ ។ កត្តាបឋមគឺបង្កភាពច្របូកច្របល់និងព្រួយបារម្ភ ។ បន្ទាប់មក គេចាប់ផ្តើមប្រឡេះចំណុចណាដែលមិនសូវរសើប ឬ ឈឺ ។ ល្បឿននៃការប្រឡេះនេះគឺអាស្រ័យលើប្រត្តិកម្មរបស់មហាជន (Reaction of victims) ។ នៅតាមផ្លូវប្រតិបត្តិការណ៍ (Along the way) គេដើរតួជាជនរងគ្រោះ ហើយប្រើប្រព័ន្ធតុលាការកម្ចាត់ជនណាដែលបង្កឧបស័គ្គ ឬនៅទើសផ្លូវគេដើរ ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើររបស់គាត់ហើយ ។ អ្នកដែលមើលយល់ គួរតែប្រុងប្រៀបរៀបជើងព្រួល ។ អ្នកដែលមើលមិនទាន់យល់ សូមមេត្តាមើលនិងត្រិះរិះពិចារណាតាមការគួរ ។ លទ្ធភាពរបស់ខ្ញុំ គឺបានត្រឹមតែបង្ហាញទិដ្ឋភាពនិងហានិភ័យ ។ ឯដំណោះស្រាយយ៉ាងណាៗ គឺអាស្រ័យលើឆន្ទៈនិងភាពឆ្លាតវាងវៃរបស់យើងម្នាក់ៗ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិក ប្រៀបបាននឹងភ្នំភ្លើងដ៏ធំមួយ ។ នៅពេលវាផ្ទុះ វានឹងប៉ះពាល់ (Affect) ដល់មនុស្សជាច្រើននៅជុំវិញពិភពលោក ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមនិយាយអំពីទំនាក់ទំនងនយោបាយបរទេសរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេស អ៊ុយក្រេន និង ប្រទេសដទៃនៅក្នុងពិភពលោកបន្តិចផងចុះ ។ ប្រហែលជាមិនមានតែខ្ញុំម្នាក់ទេ ដែលឈឺចាប់ក្នុងចិត្តនៅពេលដែលឃើញលោក ហ៊្សេឡិនស្គី ត្រូវបានប្រធានាធិបតីនៃសហរដ្ឋអាមេរិកនិងសហការី បង្ខំឲ្យចុះហត្ថលេខាដោះដូរធនធានរ៉ែជាមួយនឹងជំនួយយុទ្ធោបករណ៍ ដើម្បីយកទៅតតាំងជាមួយនឹងសត្រូវដែលកំពុងតែព្យាយាមលេបត្របាក់ប្រទេសរបស់ខ្លួន ។ ទង្វើនេះ គេមិនហៅថាជំនួយទេ ។ វាគឺជាការលក់សព្វាវុធ ។ ក្នុងនាមជាមនុស្សគោរពបូជាគុណធម៌មួយរូប គ្មានអ្វីឈឺចាប់ជាងឃើញប្រមុខដឹកនាំរដ្ឋរបស់ខ្លួន ទៅជាន់កដកស្លាបជនរងគ្រោះដែលកំពុងតែត្រដរខ្យល់ ដើម្បីទាញយកផលប្រយោជន៍ឡើយ ។ ក្រៅអំពីពាក្យខ្ពើម (Despicable) ខ្ញុំហាក់ដូចជាមិនអាចរកពាក្យអ្វី មកបរិយាយឲ្យសក្តិសមនឹងទង្វើនេះទេ ។
ក្រៅអំពីការជាន់កដកស្លាប អ៊ុយក្រេន នៅមានរឿងបោះឆ្នោតប្រឆាំងនឹងការថ្កោលទោសប្រទេស រុស៊្សី ពីបទឈ្លានពាន អ៊ុយក្រេន នៅឯអង្គការសហប្រជាជាតិមួយទៀត ។ វាគ្មានអ្វីថោកទាបជាងឃើញប្រទេសដែលជាបិតា ឬជានិមិត្តរូបនៃការតស៊ូដើម្បីសេរីភាព និង អធិបតេយ្យភាព យកស្មារតីនៃបុព្វបុរសរបស់ខ្លួន ដែលបានតស៊ូបូជាជីវិតអល់កាលរាប់រយឆ្នាំកន្លងមកហើយ ក្នុងបុព្វហេតុ សិទ្ធិ សេរីភាព និង អធិបតេយ្យភាព មកជាន់ឈ្លីឲ្យរលាយហិនហោចនៅចំពោះមុខពិភពលោក តែក្នុងរយៈពេលប៉ុន្មានថ្ងៃ ។
នៅក្នុងបទភ្លេងជាតិនៃសហរដ្ឋអាមេរិក មានពាក្យមួយឃ្លាដែលពោលថា៖ ទឹកដីរបស់ជនដែលមានសេរី ភូមិឋានរបស់អ្នកក្លាហាន (Land of the free; home of the brave) ។ ថ្វីដ្បិតតែទង្វើរបស់អ្នកដឹកនាំបច្ចុប្បន្ន ហាក់ដូចជាបានកែប្រែប្រទេសដ៏ពិសិដ្ឋមួយនេះឲ្យក្លាយទៅជា៖ ទឹកដីរបស់ជនពាល ភូមិឋានរបស់ជនកំសាក ក៏ពិតមែន តែទង្វើទាំងនេះមិនឆ្លុះបញ្ចាំងអំពីទឹកចិត្ត និង អត្តចរិតប្រកបដោយគុណធម៌របស់ជនជាតិអាមេរិកាំងឡើយ មិនថាអ្នកនោះជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋ ឬក៏ជាជនជាតិដើម ។ ទង្វើអគុណធម៌ និង ផ្ទុួយអំពីស្មារតីនៃបុព្វបុរសយើង គឺគ្រាន់តែជាភាពឆ្កួតលលារបស់បុគ្គលមួយចំនួន និងការវង្វេងវង្វាន់របស់ពួកយើងក្នុងការជ្រើសរើសអ្នកដឹងនាំប្រទេសតែប៉ុណ្ណោះ ។ ប្រសិនបើសហរដ្ឋអាមេរិកមិនបាក់បែកក្រោមស្នាដៃរបស់ ដូណាល់ ត្រាំ ទេ ពួកយើងប្រាកដជាស្តារកិតិ្តយសនិងកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិកឡើងវិញ ។ We will rebuild our dignity and integrity, once this storm of stupidity moves over!
កំណត់៖ ដើម្បីកុំឲ្យអត្ថបទនេះវែងពេក ខ្ញុំសម្រេចមិនសរសេរអំពីហានិភ័យនៃសង្គ្រាមលោកលើកទី ៣ និង បច្ចេកទេស ឬតិចនិចនានាដែលលោក ដូណាល់ ត្រាំ ប្រើដើម្បីរុះរើ ឬ បំផ្លាញរចនាសម្ព័ន្ធរដ្ឋាភិបាលនៃសហរដ្ឋមេរិកទេ ។ ប្រធានបទទាំងនេះ យើងអាចលើកយកមកជជែកវែកញែកដើម្បីសិក្សានិងប្តូរទស្សនគ្នានៅលើទំព័របញ្ចេញមតិ ឬ ខំមិន ។
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
ដូណាល់ ត្រាំ វិលវិញ (Donald Trump, Revisit) កាលលោក ដូណាល់ ត្រាំ ឡើងកាន់កិច្ចការជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកលើកទី ១ ខ្ញុំបានសរសេរអត្ថបទរិះ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
CLV (Clever Long-term Vision) "អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុ...
No comments:
Post a Comment