Friday, September 17, 2021
ចំណីខួរក្បាល
រស់ជាមួយបរាជ័យ (Living with Failure)
ដំណើរជីវិតរបស់មនុស្សម្នាក់ៗ មិនសូវសមប្រកបទៅតាមសេចក្តីប្រាថ្នារបស់ខ្លួនឡើយ ។ វាតែងតែខ្វះនេះខ្វះនោះ ឬក៏បង្កឲ្យយើងខកខូចចិត្តជារឿយៗ ។ អ្វីដែលមនុស្សទូទៅមិនសូវលើកយកមកនិយាយ គឺការបរាជ័យ ។ វាស្ទើរតែជាលក្ខណៈសាកលទៅហើយ ដែលមនុស្សភាគច្រើននិយាយតែពីរឿងជោគជ័យ ។ ឯរឿងបរាជ័យនាំគ្នាគ្រវាត់ចោលទៅគៀនជញ្ជាំង ដ្បិតបើនិយាយចេញមក ខ្លាចគេថាយើងអន់ ។ តាមពិត បរាជ័យក៏ជាបទពិសោធន៍ដែរ ។ ហើយវាប្រហែលជាអាចជួយឲ្យអ្នកដទៃមើលឃើញនូវចំណុចល្អនានា សម្រាប់យកទៅស្តារបញ្ហារបស់មនុស្សដែលត្រូវរស់ជាមួយនឹងការបរាជ័យ ។
ខ្ញុំគ្មានអ្វីអួតនឹងគេទេ ។ ប៉ុន្តែ បើរឿងបរាជ័យក្នុងជិវិត ប្រហែលជាមាន ។ មនុស្សស្ទើរតែគ្រប់រូប កើតមកមានគោលដៅពីរនៅក្នុងដំណើរជីវិត ។ ទីមួយស្វែងរកពុទ្ធិ ឬចំណេះដឹងមិនថារៀននៅក្នុងសាលាឬរៀនអំពីញាតិមិត្តចាស់ទុំនៅក្នុងភូមិឡើយ ។ ទីពីរគឺស្វែងរកគូស្រករដើម្បីបន្តពូជពង្សវង្សផៅ ។ កត្តាទាំងពីរនេះជាមូលដ្ឋានគ្រឹះនៃការបង្កបង្កើតទ្រព្យក៏ដូចជាសុភមង្គល ។ យើងចំណាយពេលអស់មួយជីវិតគឺដើម្បីបំណងចម្បងពីរនេះឯង ។ ប៉ុន្តែ វត្ថុបំណងទាំងពីរនេះ ក៏ហុចលទ្ធផលពីរផងដែរៈ ជោគជ័យនិងបរាជ័យលាយឡំគ្នា ។ ជីវិតដែលទទួលបានជោគជ័យច្រើនជាងបរាជ័យ អាចចាត់ទុកថាជោគជ័យ ។ ក៏ប៉ុន្តែ សម្រាប់ជីវិតដែលទទួលបានការបរាជ័យច្រើនជាងជោគជ័យ តើបានអ្វីអួតនឹងគេ? ដើម្បីផ្លាស់ប្តូរបរិយាកាស ខ្ញុំសូមលើកយកការបរាជ័យនៅក្នុងជីវិតមកអួត "ក្នុងចម្ការ" សារណានេះបន្តិចទៅចុះ ។
បើនិយាយអំពីការស្វែងរកពុទ្ធិបញ្ញា ខ្ញុំអាចនិយាយថាទទួលបានជោគជ័យបានដូចបំណង ។ ក៏ប៉ុន្តែ បើនិយាយអំពីការយកពុទ្ធិបញ្ញាទៅប្រកបការងារគាំពារការរស់នៅវិញ ខ្ញុំមិនទទួលបានជោគជ័យទៅតាមអ្វីដែលខ្ញុំប៉ងប្រាថ្នានោះទេ ។ បើនិយាយអំពីរឿងស្នេហ៍ដើម្បីកែប្រែជីវិតរកសុភមង្គល ខ្ញុំក៏រងគ្រោះខ្វល់ខ្វាយចំណាយចិត្តស្ទើរតែអស់មួយជីវិតដែរ ។ ការបរាជ័យទាំងពីរគោលដៅរបស់ខ្ញុំនេះ វាមិនដល់ថ្នាក់បំផ្លាញជីវិតខ្ញុំទេ ដ្បិតខ្ញុំនៅរស់នៅឡើយ ។ ក៏ប៉ុន្តែ វាបានបំផ្លាញពេលវេលារបស់ជីវិតខ្ញុំអស់ច្រើនគួរសម ។
កាលខ្ញុំចេញដំណើរទៅសិក្សានៅមហាវិទ្យាល័យដើម្បីស្វែងរកពុទ្ធិមកទ្រទ្រង់ជីវិត ខ្ញុំបានរៀបគម្រោងជាក់លាក់និងច្បាស់លាស់ជាទីបំផុត ។ ខ្ញុំមាននិស្ស័យខាងតាក់តែងអត្ថបទតាំងតែពីដឹងក្តីមក ហើយក៏មានចំណង់ចំណូលចិត្តខាងការសរសេរពត៌មានតាំងតែពីតូចក្រូចឆ្មារមកដែរ ។ ដូច្នេះ គ្មានអ្វីលំបាកសម្រាប់ខ្ញុំឡើយក្នុងការរៀនសូត្រឲ្យក្លាយជាអ្នកសរសេរសារពត៌មាន ។ ដើម្បីជាសំណាញ់សុវត្ថិភាព (Safety Net) ខ្ញុំបន្ថែមការសិក្សាផ្នែកអភិបាលកិច្ចសាធារណៈ (Public Administration) មួយមុខទៀត ។ ជាមួយនឹងចំណេះដឹងដ៏ទូលំទូលាយនេះ លំហការងាររបស់ខ្ញុំហាក់ដូចជាគ្មានអ្វីត្រូវព្រួយឡើយ ។ ខ្ញុំចំណាយពេលប្រាំឆ្នាំ ដើម្បីបញ្ចប់ការសិក្សានៅក្នុងដំណាក់កាលទីមួយរបស់ខ្ញុំ ហើយក៏ចេញស្វែងរកការងារធ្វើ ដើម្បីទ្រទ្រង់ជីវិតក៏ដូចជាប្រមើលមើល ថាតើគួរស្វែងរកពុទ្ធិបន្ថែមទៀតឬក៏លាចាកសិក្ខាបទ ។ ការងារអាជីពដំបូងបំផុតដែលខ្ញុំប្រាថ្នានឹងប្រកបគឺអ្នកសារពត៌មានជាមួយនឹងស្ថាប័នវិទ្យុសម្លេងខ្មែរនៃសហរដ្ឋអាមេរិក (VOA) ។ ខ្ញុំបានទៅធ្វើកម្មសិក្សានៅទីនោះរយៈពេល ៦ខែ មុននឹងខ្ញុំបង្ហាញអំពីបំណងប្រាថ្នារបស់ខ្ញុំប្រាប់ប្រធានគ្រប់គ្រងដែលមានដើមកំណើតជាខ្មែរដែរ ។ ជាមួយនឹងការហ្វឹកហ្វឺនផ្នែកសារពត៌មានចេញពីសាកលវិទ្យាល័យរបស់អាមេរិកាំង ផ្គួបជាមួយនឹងចំណេះដឹងទាំងភាសាខ្មែរនិងអង់គ្លេសស្ទើរតែឥតខ្ចោះ ខ្ញុំគិតថាគ្មានឧបស័គ្គអ្វីដែលជារបាំងនោះឡើយ ។ ខុសស្រឡះ! ប្រធានផ្នែកផ្សព្វផ្សាយភាសាខ្មែរបានប្រាប់ខ្ញុំមួយឃ្លាយ៉ាងខ្លីថា គាត់គ្មានសិទ្ធិយកខ្ញុំឲ្យចូលធ្វើការងារនៅទីនោះទេ ។ គាត់ឲ្យខ្ញុំទៅសួរនាំនៅកន្លែងគ្រប់គ្រងបុគ្គលិក (Human Resources) ។ ខ្ញុំទៅសួរនាំនៅកន្លែងគ្រប់គ្រងបុគ្គលិក គេប្រាប់ថាត្រូវធ្វើតេស្ត ។ ខ្ញុំសុំគេធ្វើតេស្ត គេថាត្រូវមានបទពីសោធការងារពាក់ព័ន្ធនិងពត៌មានមួយឆ្នាំទើបគេអនុញាតឲ្យខ្ញុំប្រឡង ។ ខ្ញុំដើរចេញហើយគ្រវីក្បាលដោយហួសចិត្ត ។ បន្ទាប់ពីនោះ ខ្ញុំចំណាយពេលជិតមួយឆ្នាំស្វែងរកការងារអាជីពជាអ្នកសារពត៌មាន ប៉ុន្តែមិនសមប្រកបឡើយ ។ ខ្ញុំក៏សម្រេចស្វែងរកការងារក្នុងអាជីពអភិបាលកិច្ចសាធារណវិញម្តង ។ ដំណាក់កាលទីមួយនៃការចាប់ផ្តើមគឺស្ថាប័នស្ម័គចិត្តភីសខ័រ (Peace Corps Volunteer) ។ ជាថ្មីម្តងទៀត Peace Corps អនុញាតិឲ្យចូលរួមក្នុងការងារស្ម័គចិត្តរបស់គេតែអ្នកមានសញ្ជាតិអាមេរិកាំងប៉ុណ្ណោះ ។ ខ្ញុំមិនទាន់មានសញ្ជាតិអាមេរិកាំងនៅឡើយ ។ ដូច្នេះ ជំហានទីមួយនៃការងារផ្នែករដ្ឋបាលរបស់ខ្ញុំក៏ត្រូវអាក់ខានផងដែរ ។ ខ្ញុំស្វែងរកការងាររដ្ឋបាលនៅក្នុងស្ថាប័នជាច្រើនផ្សេងទៀត នៅក្នុងជួររដ្ឋាភិបាលអាមេរិកាំង ក៏ប៉ុន្តែ ភាគច្រើនគេតម្រូវឲ្យបេក្ខជនមានសញ្ជាតិអាមេរិកាំង ។ ងាកមកមើលលទ្ធភាពនៃការសុំចូលសញ្ជាតិអាមេរិកាំងរបស់ខ្ញុំ ក៏មិនដឹងជានៅភ្លឺឯណាដែរ ។ ខ្ញុំចូលមករស់នៅក្នុងសហរដ្ឋអាមេរិកជាលក្ខណៈ Parole ស្រដៀងគ្នានឹងអ្នកសុំសិទ្ធិជ្រកកោននយោបាយ ។ ខ្ញុំត្រូវរស់នៅជាជនអន្តោប្រវេសន៍ប្រភេទនេះពី ៤ទៅ៥ឆ្នាំ ទម្រាំអាចសុំប្តូរទៅជាពលរដ្ឋអចិន្ត្រៃយ៍ (Permanent Resident) ។ ពីពលរដ្ឋអចិន្ត្រៃយ៍ទៅដល់ការអាចសុំចូលសញ្ជាតិ ត្រូវរង់ចាំ៥ឆ្នាំទៀត ។ ដោយហេតុតែការយឺតយ៉ាវផ្នែកអភិបាលកិច្ច ខ្ញុំមិនទាន់មានសិទ្ធិក្លាយខ្លូនជាពលរដ្ឋអចិន្ត្រៃយ៍នៅឡើយទេ ។ ដូច្នេះ បំណងប្រាថ្នារបស់ខ្ញុំបានមកជួបនឹងឧបស័គ្គដ៏ធំមួយ ។ ក៏ប៉ុន្តែ ខ្ញុំនៅសល់ច្រកចេញមួយទៀតដែរ គឺស្រុកខ្មែរ ។ ខ្ញុំមានមិត្តភក្តិជិតស្និទ្ធមួយចំនួនដែលជាមន្ត្រីរាជការនៅស្រុកខ្មែរ ។ ពួកគេអាចយឹតយោងយកខ្ញុំឲ្យចូលក្នុងក្របខ័ណ្ឌមន្ត្រីបាន ។ ប៉ុន្តែ មានចំណុចខ្លះៗដែលធ្វើឲ្យខ្ញុំរារែក ។ ចំណុចធំបំផុតគឺអំពើពុករលួយ ។ ខ្ញុំទទួលបានការអប់រំតាមរបៀបទំនើបនៅបស្ចឹមប្រទេស ។ ដូច្នេះ បើខ្ញុំធ្លាក់ចូលក្នុងអបាយមុខពុករលួយ ខ្ញុំប្រាកដជាអាចប្រព្រឹត្តិវាបានប្រសើរជាងអ្នកដទៃ ។ ទីបំផុត ខ្ញុំសម្រេចលះបង់នូវអ្វីដែលខ្ញុំប្រាថ្នាក្នុងជីវិត រាប់បញ្ចូលទាំងពេលវេលាដែលបានចំណាយ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំទទួលស្គាល់ការបរាជ័យនៅក្នុងសង្គ្រាមស្វែងរកការងារអាជីពរបស់ខ្ញុំ ក៏ប៉ុន្តែខ្ញុំមិនទាន់ចុះចាញ់នៅក្នុងសមរភូមិនៅឡើយទេ ។ ទាញយកយុទ្ធសាស្ត្រទី ៣៦ របស់ ស៊ុន ស៊ូ (Tsun Tsu) មកប្រើ ខ្ញុំសម្រេចដកថយឬដកឃ្លាចេញអំពីការតស៊ូមួយរយៈ ដើម្បីស្វែងរកមធ្យោបាយស្តារការបរាជ័យរបស់ខ្ញុំ ។
បន្ទាប់ពីយកសញ្ញាប័ត្រទាំងពីររបស់ខ្ញុំទៅទុកនៅក្នុងឡាំងក្រដាសកញ្ចាស់មួយជាមួយនឹងសៀវភៅរៀនរបស់ខ្ញុំ (មកដល់ថ្ងៃនេះខ្ញុំមិនដឹងថាសញ្ញាប័ត្ររបស់ខ្ញុំនៅក្នុងឡាំងមួយណាទេ) ខ្ញុំទៅបន្តធ្វើការងារជាអ្នកលក់ដូរសម្លៀកបំពាក់នៅក្នុងហាងតូចមួយដើម្បីរកកម្រៃមកទ្រទ្រង់ជីវិត ។ សល់ពេលទំនេរខ្លះៗ ខ្ញុំបន្តរៀនពីចម្ងាយ (Correspondence) ។ គឺនៅទីនោះហើយដែលខ្ញុំបានភពប្រសព្វនឹងការងារអាជីពរបស់ខ្ញុំ ។ ការងារដែលខ្ញុំមិនបានហ្វឹកហាត់ជាមុន ហើយក៏គ្មានចំណេះជំនាញអ្វីដែរ ។ វាជារឿងចៃដន្យ និងជាចៃដន្យដែលផ្តល់ឲ្យខ្ញុំនូវអ្វីៗលើសអំពីក្តីរំពឹងរបស់ខ្ញុំ ។
នៅកន្លែងផ្តល់សេវាជូនអតិថិជន (Customer Services) ក្នុងហាងលក់សម្លៀកបំពាក់ បុគ្គលិកប្រៃសនីយ៍តែងតែយកកាសែតសហគមដែលគ្មាននរណាអានតូចមួយ មកដាក់លើតុរៀងរាល់ថ្ងៃ ។ គ្មាននរណាជាវកាសែតនោះទេ ។ វាជាប្រភេទ Junk mails (ក្រដាសស្នាមអត់បានការ) ដែលខ្ញុំគ្រវាត់ចោលក្នុងធុងសំរាមរាល់ថ្ងៃគួរឲ្យធុញជាទីបំផុត ។ ចៃដន្យអ្វី ថ្ងៃមួយនោះខ្ញុំឃើញរូបថតឡានចេញថ្មីនៅលើទំព័រកាសែតអត់បានការ ក៏យកមកមើលបន្តិចសិនមុននឹងគ្រវាត់វាចោលក្នុងធុងសំរាម ។ នៅក្បែររូបឡាននោះ មានប្រកាសស្វែងរកបុគ្គលិកសរសេររបាយការណ៍តូចមួយ ។ ពាក្យពីបីម៉ាត់ដែលគេសរសេរលើនោះគឺ៖ បេក្ខជនត្រូវមានចំណាប់អារម្មណ៍អំពីសង្គមនិងនយោបាយ (Candidate must be interested in social and political issues) ។ សរសេររបាយការណ៍! មិនដឹងថាគេមានបែបបទធ្វើកិច្ចការនេះដូចម្តេចទេ ក៏ប៉ុន្តែហាក់ដូចជាមានអ្វីមួយជម្រុញចិត្តខ្ញុំឲ្យទាក់ទងទៅកាន់កន្លែងនោះ ។ ខ្ញុំហែកសេចក្តីប្រកាសរកបុគ្គលិកទុកក្នុងហោប៉ៅមុននឹងគ្រវាត់ក្រដាសកាសែតនោះចោល ។ ពីរថ្ងៃក្រោយមក ខ្ញុំសរសេរសំបុត្រភ្ជាប់ជាមួយនឹងរ៉េហ្សូមេផ្ញើទៅឲ្យស្ថាប័ននោះ ទាំងមិនដឹងថាតើកិច្ចការដែលខ្ញុំសុំខ្លួនធ្វើបុគ្គលិកនោះមានសណ្ឋានដូចម្តេចផងទេ ។ មេក្លោងនៅទីនោះ ជ្រើសរើសយកខ្ញុំឲ្យចូលធ្វើការទាំងទើសទាល់ ដ្បិតគាត់មិនប្រាកដក្នុងចិត្តថាខ្ញុំអាចធ្វើកិច្ចការនោះកើតឡើយ ។ ថ្ងៃទីមួយ គេឲ្យនារីរមទមម្នាក់ទៅហ្វឹកហ្វឺនខ្ញុំដល់កន្លែងធ្វើការតែម្តង ។ វាជាកិច្ចប្រជុំរបស់គណកម្មាធិការគ្រប់គ្រងឱសថនិងបរិក្ខាពេទ្យរបស់សហរដ្ឋអាមេរិក (Food and Drug Administration) ។ គេដាក់តុមួយឲ្យយើងអង្គុយទល់មុខប្រធានគណកម្មាធិការ ហើយស្ថិតនៅក្រោមក្រសែភ្នែករបស់សមាជិកគណកម្មាធិការគ្រប់ៗរូប ។ ខ្ញុំបុកពោះតិចៗ នៅពេលបានយល់កន្លែងដែលខ្ញុំត្រូវធ្វើការងារ ។ មុនកិច្ចប្រជុំចាប់ផ្តើម អ្នកហ្វឹកហ្វឺនខ្ញុំទាញកៅអីមកឲ្យខ្ញុំអង្គុយហើយឆ្លៀតពន្យល់ខ្ញុំអំពីពិធីការ (Protocol) ខ្លះៗ ។ ពាក្យទីមួយដែលចេញពីមាត់គាត់គឺ៖ ការងារនេះមិនអាចមានកំហុសទេ ។ គាត់ឲ្យខ្ញុំអង្គុយមើលគាត់ធ្វើការងាររហូតដល់ពេលសម្រាកអាហារថ្ងៃត្រង់ ។ កិច្ចការពេលរសៀលរហូតដល់ល្ងាច គាត់អង្គុយមើលខ្ញុំធ្វើវិញម្តង ។ ល្ងាចនោះ មុនពេលយើងបែកគ្នាត្រឡប់ទៅផ្ទះរៀងខ្លួន អ្នកហ្វឹកហ្វឺនខ្ញុំកត់លេខទូរសព្ទទុកឲ្យខ្ញុំហើយប្រាប់ថា បើមានបញ្ហាអ្វីហៅគាត់ឲ្យមកជួយដ្បិតស្អែកនេះ ខ្ញុំមកធ្វើកិច្ចការបន្តតែម្នាក់ឯងទេ ។
ការសរសេររបាការណ៍ឲ្យគណកម្មាធិការដែលមានទម្រង់ខុសៗគ្នា មានភាពលំបាកគួរសមដែរ ។ ខ្ញុំចំណាយពេលជាច្រើនឆ្នាំទម្រាំសម្របខ្លួនបាន ។ វាជាការងារដែលខ្ញុំធ្វើប្រៀបបាននឹងកម្មករម្នាក់ប៉ុណ្ណោះ ដ្បិតសមាជិកគណកម្មាធិការភាគច្រើន ជាឥស្សរជន ។ ខ្ញុំមិនដែលគិតអ្វីក្រៅតែអំពីធ្វើកិច្ចការហើយត្រឡប់មកផ្ទះ ដេកឲ្យឆ្អែតដើម្បីយកកម្លាំងទៅធ្វើកិច្ចការនៅថ្ងៃស្អែកទៀត ។ ថ្ងៃមួយនោះ ប្រធានគណកម្មាធិការសួរមកខ្ញុំថាតើខ្ញុំរៀបចំខ្លួនហើយឬនៅមុននឹងគាត់ចាប់ផ្តើមកិច្ចប្រជុំ (Are you ready?) ។ ខ្ញុំងក់ក្បាលជាសញ្ញាហើយគិតក្នុងចិត្តថា តើខ្ញុំធំជាងគាត់ឬក៏គាត់ធំជាងខ្ញុំ? វាមិនមែនជារឿងធំតូចអ្វីទេ ។ វាជាសុជីវធម៌ដែលខ្ញុំមិនបានចាប់ភ្លឹក ដ្បិតការសួរនាំនេះកើតមានជារឿយៗរាប់ឆ្នាំមកហើយ ។ សុជីវធម៌និងសារសំខាន់នៃការងារ បានដាស់សតិខ្ញុំឲ្យពិចារណាសាឡើងវិញនូវកិច្ចការផងទាំងពួងដែលខ្ញុំបានជួបប្រទះ (Encountered) ជាច្រើនឆ្នាំកន្លងមកនេះ ។ ខ្ញុំបានរៀននិងយល់ដឹងយ៉ាងច្រើនអនេកកប្បការអំពីការវិវត្តន៍នានា ទាំងផ្នែកវេជ្ជសាស្ត្រ វិទ្យាសាស្ត្រ សេដ្ឋកិច្ច នយោបាយ យោធា និងវិស័យផ្សេងៗទៀតដែលមនុស្សលោកកំពុងអភិវឌ្ឃ ។ "Are you ready (to realize what had been under your nose)? (តើអ្នកដឹងទេថាអ្នកកំពុងអង្គុយនៅលើពំនូកចំណេះដឹងដ៏ច្រើនសន្ធឹកសន្ធាប់?)" ។ នេះជារឿងចៃដន្យមួយទៀតដែលធ្វើឲ្យខ្ញុំភ្ញាក់រលឹកថា ខ្ញុំគឺជាមេមាន់ដែលកំពុងក្រាបពងនៅក្នុងជង្រុកស្រូវ ។ បរាជ័យលើវិស័យការងារអាជីពរបស់ខ្ញុំចប់ដោយសង្ខេប ។
ស្នេហាបរាជ័យ ។ បើគិតជាអត្រាអាពាហ៍ពិពាហ៍ដែលបរាជ័យនៅសហរដ្ឋអាមេរិក មានចំនួនប្រមាណជា៤០ភាគរយ ។ នេះមិនបូកបញ្ចូលការបែកបាក់គ្នាក្នុងនាមជាសង្សារឬគូដណ្តឹងផងទេ ។ នៅក្នុងសម័យទំនើបនេះ មានមនុស្សតិចតួចណាស់ដែលមិនរងផលប៉ះពាល់ស្នេហាមិនសមប្រកប ។ ខ្ញុំមានវាសនារាងយ៉ាប់ជាងគេបន្តិច បើនិយាយអំពីប្រការនេះ ។
នៅក្នុងរឿងស្វែងរកគូស្រករ ខ្ញុំមានជំនឿមួយគឺថា គូស្នេហ៍គួរតែជួបពិភាក្សាគ្នា(ដោយគ្មានការជ្រៀតជ្រែកពីសំណាក់ម៉ែឪ)អំពីគម្រោងជីវិតឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចិត្តចាប់ដៃគ្នាជាប្តីប្រពន្ធ ។ មិនដឹងថាគំនិតនេះកើតមានពីថ្ងៃណាមកទេ ប៉ុន្តែខ្ញុំដឹងថាវាមាននៅក្នុងផ្នត់គំនិតខ្ញុំមុនពេលដែលខ្ញុំមករស់នៅសហរដ្ឋអាមេរិក ។ ដូច្នេះ ខ្ញុំជាយុវជនខ្មែរមួយរូបដែលឃ្លាតចេញ (Stray) អំពីទំនៀមទម្លាប់ខ្មែរ ។ គឺការឃ្លាតចេញនេះហើយ ដែលធ្វើឲ្យខ្ញុំរងគ្រោះព្រោះរឿងស្នេហា ។ ខ្ញុំចាប់ផ្តើមស្វែងរកគូស្រករនៅអាយុ ៣៤ឆ្នាំ ។ តាមពិតនៅពេលសិក្សានៅសាកលវិទ្យាល័យ ប្រសិនបើខ្ញុំភ្ជាប់ទំនាក់ទំនងសង្ខារជាមួយនឹងមិត្តភក្តិបដិភេទរបស់ខ្ញុំ ខ្ញុំប្រហែលជាមិនលំបាកជាមួយនឹងការស្វែងរកគូស្រករទេ ។ ក៏ប៉ុន្តែ ខ្ញុំដាក់វិន័យខ្លួនឯងយ៉ាងតឹងរឹងមិនឲ្យមានទំនាក់ទំនងស្នេហានៅអំឡុងពេលសិក្សាឡើយ ។ ម៉្យាងទៀត ខ្ញុំទៅរៀននៅសាលារយៈពេលពីរឆ្នាំចុងក្រោយ មិនដែលបានជួបនារីខ្មែរម្នាក់ផង ។
ការស្វែងរកនារីខ្មែរនៅក្រៅសាលា មិនជាលំបាកណាស់ណាទេ ។ អ្វីដែលជាកត្តាលំបាកនោះ គឺការជួបពិភាក្សាគ្នាអំពីគោលដៅជីវិតតែពីរនាក់តតួ ។ ទម្រាំតែទទួលបានការអនុញាតអំពីភាគីពាក់ព័ន្ធ ខ្ញុំត្រូវធ្វើមុខឆ្កែស្រែជម្រៅប្រកបដោយភាពអត់ធ្មត់ខ្លាំង ។ ពេលខ្លះការប្រឹងប្រែងរបស់ខ្ញុំបានទទួលត្រឹមតែការខ្ពើមរអើម ដ្បិតមនុស្សដែលដើរខុសទំនៀមទម្លាប់គ្មាននរណាគេចង់មើលមុខឡើយ ។ ខ្ញុំព្យាយាមភ្ជាប់និស្ស័យជាមួយនឹងនារីខ្មែរនៅសហរដ្ឋអាមេរិកចំនួនបីលើក ។ ប៉ុន្តែ ទទួលបរាជ័យទាំងបីលើក ។ បន្ទាប់ពីបានទៅទស្សនកិច្ចនៅស្រុកខ្មែរពីរបីដង ខ្ញុំក៏បែកគំនិតទៅរកគូស្រករនៅទីនោះវិញម្តង ។ បន្ទាប់ពីនារីម្នាក់បដិសេធការប៉ុនប៉ងភ្ជាប់និស្ស័យរបស់ខ្ញុំ ខ្ញុំបានទៅភពប្រសព្វនឹងនារីពីររូបផ្សេងទៀត ម្នាក់ជាមិត្តភក្តិរបស់ក្មួយជីដូនមួយខ្ញុំ និងម្នាក់ទៀតជាមិត្តរបស់មិត្តភក្តិខ្ញុំ ។ យើងគ្មានពេលនឹងពិភាក្សាគ្នាទេ ដ្បិតពេលវេលានិងស្ថានភាពគ្រួសារមិនអនុញាតិ ។ ខ្ញុំសម្រេចលះបង់គោលគំនិតខ្ញុំចោល ហើយក៏លះបង់មិត្តភក្តិរបស់ក្មួយស្រីខ្ញុំដែរ ដោយជ្រើសយកមនុស្សម្នាក់ដែលខ្ញុំមិនសូវស្គាល់សាវតា ។ វាជាការធ្វើដំណើរផ្សងព្រេង From one extreme to another ។ ការផ្សងព្រេងជាមួយនឹងបុព្វេសន្និវាស (Life Destiny) នោះ មិនបានសមប្រកបទេ ។ ដប់ឆ្នាំក្រោយមក យើងក៏ចែកផ្លូវគ្នា ។ នេះគឺជាបរាជ័យនៅក្នុងដំណាក់កាលទីមួយនៃជីវិតស្នេហារបស់ខ្ញុំ ។ ក៏ប៉ុន្តែ ខ្ញុំចាញ់តែសង្គ្រាមទេ ។ នៅលើសមរភូមិ ខ្ញូំមិនទាន់ចុះចាញ់ឡើយ ។
បន្ទាប់ពីអង្គុយសមាធិមួយរយៈ ខ្ញុំសម្រេចចេញធ្វើសកម្មភាពសាជាថ្មី ។ សម្រាប់ខ្ញុំរឿងរកគ្រួសារមិនអាចប្រើយុទ្ធសាស្ត្រ "ដេកផ្ទះឈ្នះឯង" បានទេ ។ បើគ្មានកម្ម គឺដឹងតែពីអត់ផលហើយ! ខ្ញុំសរសេរសេចក្តីប្រកាសស្វែងរកគូស្រករមួយ ហើយផ្ញើទៅឲ្យមិត្តម្នាក់ដែលជាអ្នកបង្កើតវេបសាយ (Blog) នយោបាយខ្មែរដ៏មានប្រជាប្រីយ៍ជួយផ្សព្វផ្សាយឲ្យ ។ វាជារឿងមិនធម្មតាសម្រាប់យើងជាខ្មែរ ដែលហ៊ានផ្សាយរកគូស្រករជាសាធារណនាគ្រានោះ ។ ដើម្បីជៀសវាងញាតិមិត្តទូរសព្ទមកតេះដៀលខ្ញុំ ខ្ញុំទិញសំបុត្រយន្តហោះទុករួចស្រេច ។ ថ្ងៃមិត្តខ្ញុំផ្សាយប្រកាសនោះ ក៏ជាថ្ងៃដែលខ្ញុំចាកចេញទៅទស្សកិច្ចនៅស្រុកខ្មែរដែរ ។ មានអ្នកមេម៉ាយតែម្នាក់គត់ ឆ្លើយតបនឹងសេចក្តីប្រកាសនោះ ។ គាត់មិនហ៊ានសរសេរសារមកខ្ញុំដោយផ្ទាល់ទេ ។ គឺឲ្យមិត្តភក្តិជិតស្និទ្ធម្នាក់សរសេរមកខ្ញុំ ។
ទៅដល់ស្រុកខ្មែរ ខ្ញុំបានជួបនឹងឱកាសដ៏កម្រមួយ ។ ប្អូនជីដូនមួយខ្ញុំដែលជាសវនកត្រួតពិនិត្យរោងចក្រកាត់ដេរនានា បានណែនាំឲ្យខ្ញុំស្គាល់នារីធ្វើការនៅក្នុងរោងចក្រមួយចំនួន ។ យើងទាំងពីរនាក់ក៏បង្កើតគម្រោងស្វែងរកសង្សារឲ្យខ្ញុំ ។ អំឡុងពេលខ្ញុំស្នាក់នៅស្រុកខ្មែរ ខ្ញុំមានឱកាសជួបប្រាស្រ័យទាក់ទងជាមួយនឹងគោលដៅបេះដូងចំនួនបួននាក់ ។ បរាជ័យទាំងបួនដង ។ ជិះយន្តហោះត្រឡប់មកផ្ទះវិញ គ្មានអ្វីនៅក្នុងចិត្តដែលបង្កឲ្យអារម្មណ៍ត្រេកត្រអាលឡើយ ។ មកដល់សហរដ្ឋអាមេរិក ខ្ញុំបានណាត់ជួបនឹងអ្នកមេម៉ាយចាយពាក្យពេចន៍ ។ មុននឹងយើងជួបគ្នា ខ្ញុំបានទៅដកធ្មេញមុខមួយចោល ព្រោះវាឈឺខ្លាំងពេក ។ បុរសគ្រហុបធ្មេញនិងអ្នកមេម៉ាយ នាំគ្នាទៅទទួលទានអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានមួយក្បែរដងស្ទឹង ។ យើងជជែកគ្នាពីនេះពីនោះប្រកបដោយភាតរភាព ។ ពីរថ្ងៃក្រោយជំនួបនោះ គាត់សរសេរលិខិតមកប្រាប់ខ្ញុំថាមិនមានចំណាប់អារម្មណ៍ទេ (There is no spark or chemistry between us) ។ ខ្ញុំថ្លែងអំណរគុណគាត់ដែលបានចំណាយពេលវេលាជួបជាមួយខ្ញុំដោយសុទ្ធចិត្ត ។ សរុបទាំងអស់ ដំណាក់កាលទីពីរនៃបុព្វេសន្និវាសក្នុងជីវិតខ្ញុំនេះ ទទួលបរាជ័យប្រាំដងទៀតហើយ ។
នៅក្នុងអគារខុនដូដែលខ្ញុំរស់នៅ មានប្តីប្រពន្ធចាស់ទុំខ្មែរមួយគូរស់នៅក្បែរបន្ទប់ខ្ញុំ ។ គាត់គ្មានកូនទេហើយរាប់អានខ្ញុំដូចជាកូនក្មួយ ។ គាត់តែងតែហៅខ្ញុំឲ្យទៅជួយចាក់បញ្ចាំងវីឌីអូថេប ឬក៏ឌីវីឌី ជាប្រចាំនៅពេលវាមិនឮសម្លេងឬមិនចេញរូប ។ ថ្ងៃមួយ នៅពេលគាត់ហៅខ្ញុំឲ្យទៅជួយកែកុនម៉ាសុីនវីឌីអូរបស់គាត់ អ្នកមីងគាត់យកកូនខ្សែរកពាត (Pearls) តូចមួយមកកាន់ក្នុងដៃហើយនិយាយរអ៊ុសៗថា៖ "ឯងថាផ្ញើខ្សែរកនេះទៅចងដៃវា មិនទាន់បានផ្ញើផងគេផ្តាច់ពាក្យបាត់" ។ ខ្ញុំកំពុងតែរុះរើខ្សែវីឌីអូ មិនសូវជាចាប់អារម្មណ៍ទេ ។ ប៉ុន្តែ ពាក្យពេចន៍គាត់ហាក់ដូចជាមានអ្វីមកទាក់អារម្មណ៍ខ្ញុំ ។ ខ្ញុំក៏សួរទៅគាត់ដោយមិនបាច់ងាកទៅរកគាត់ថា៖ "អ្នកណាគេមីង"? ក្មួយជីដូនមួយមីងនៅស្រុកខ្មែរ ។ នៅមិនដល់មួយខែទៀតផងចូលរោងការ ស្រាប់តែឮថាផ្តាច់ពាក្យនឹងគ្នាហើយ ។ "អាណិតណាស់ហ្ន!" ខ្ញុំឧទានរួចហើយក៏ហីទៅ ។ ប្រហែលមួយអាទិត្យក្រោយមក ខ្ញុំក៏នឹកឃើញរឿងចម្លែកមួយ ។ មនុស្សបរាជ័យនៅក្នុងរឿងស្នេហា តើអាចមានទឹកចិត្តច្នៃប្រតិស្តកែប្រែរឿងអភ័ព្វនៅក្នុងជីវិតឲ្យក្លាយទៅជាប្រយោជន៍បានទេ ។ ខ្ញុំយករឿងក្នុងចិត្តខ្ញុំទៅពិគ្រោះជាមួយនឹងអ្នកមីងជិតខាងនោះ ។ គាត់ក៏យល់ព្រមធ្វើជាអ្នកនាំពាក្យឲ្យខ្ញុំ ។ បន្ទាប់ពីទទួលបានការយល់ព្រមពីមនុស្សពាក់ព័ន្ធ គាត់ផ្តល់លេខទូរសព្ទរបស់នាងមកឲ្យខ្ញុំទាំងមិនអស់ចិត្ត ។ គាត់ថា ខ្ញុំមិនដែលស្គាល់នាង សូម្បីតែរូបនាងដូចម្តេចក៏មិនដែលឃើញ តើឲ្យខ្ញុំទៅស្រឡាញ់មនុស្សដែលមិនដែលឃើញរូបដូចម្តេចទៅ ។ គាត់ខំរើមើលរូបថតចាស់ៗ ថតពេលគាត់ទៅលេងស្រុកខ្មែរកាលពីជិត១០ឆ្នាំមុនក្រែងលោមានរូបនាង ។ ខ្ញុំថាមិនចាំបាច់ទេ ខ្ញុំមានមធ្យោបាយនឹងស្វែងយល់អំពីនាងហើយ ប្រសិនបើនាងព្រមសន្ទនាជាមួយនឹងខ្ញុំ ។
ទូរសព្ទភ្ជាប់និស្ស័យបានធ្វើឡើងនារាត្រីមួយវេលាម៉ោងប្រមាណជា ៨កន្លះល្ងាច ត្រូវនឹងម៉ោង៨កន្លះព្រឹកនៅស្រុកខ្មែរ ។ នាងលើកទូរសព្ទហើយប្រាប់ខ្ញុំថាកំពុងធ្វើដំណើរចុះបេសកកម្មទៅកាន់ទីក្រុងកំពង់សោម ។ ជៀសវាងការរំខាន ខ្ញុំសុំអុីម៉ែលរបស់នាងដើម្បីផ្ញើសារណែនាំវិញ ។ មុនចូលគេញ ខ្ញុំសរសេរសារមួយទំព័រផ្ញើទៅឲ្យនាង ដោយប្រាប់នាងថាខ្ញុំមាន Skype សម្រាប់សន្ទនាគ្នាដោយងាយស្រួល (សម័យនោះមិនទាន់មានហ្វេសប៊ុកទេ ។ Skype ផ្តល់លទ្ធភាពឲ្យយើងជជែកគ្នាដូចហ្វេសប៊ុកមេសេងហ្ជ័រដែរ) ។ ស្អែកឡើង នាងសរសេរសារឆ្លើយមកខ្ញុំវិញ ។ ខ្ញុំបើកទំព័រ ស្កែប របស់ខ្ញុំឃើញមានមនុស្សចម្លែកព្យាយាមអែតហ្វ្រេនមកខ្ញុំ ។ ខ្ញុំរៀបនឹងលុបវាចោល តែមានអ្វីមកទប់ចិត្តខ្ញុំកុំឲ្យលុប ។ ខ្ញុំទទួលយករីក្វេសពីមនុស្សចម្លែកនោះ ។ ដឹងអី មនុស្សចម្លែកដែលខ្ញុំប្រុងទាត់ចោលនោះ ជាមនុស្សដែលខ្ញុំព្យាយាមតាមញ៉ែ ។ ខ្ញុំសួរនាងថាហេតុអ្វីក៏ប្រើឈ្មោះខុសគ្នា ។ នាងថា ទៅបន្ទោសមេឃុំទៅ ព្រោះសរសេរអក្សរ ថ និង ផ មិនច្បាស់លាស់បានជាវាច្រឡំបល់ដូច្នេះ ។ ឈ្មោះពិតរបស់នាងគឺ ថានី ឯឈ្មោះផ្លូវការក្នុងបញ្ជីជាតិបែរជាសរសេរថា ផានី ទៅវិញ ។ ប៊ីសឡុងចុងរហូតដល់ខ្ញុំ ។
ការផ្តួចផ្តើមភ្ជាប់ទំនាក់ទំនងសង្ខាររបស់ពួកយើង មិនជាសាំញ៉ាំណាស់ណាទេ ។ បន្ទាប់ពីសាសងគ្នាតាមសារបានរយៈពេលមួយអាទិត្យ យើងក៏សម្រេចនិយាយគ្នាដោយផ្ទាល់មាត់តាមរយៈតេលេខន់ហ្វឺរិនដែលអាចបង្ហាញរូបភាព ។ លក្ខខ័ណ្ឌរបស់យើងគឺមិននិយាយអំពីមនុស្សទីបី ហើយក៏មិននិយាយអំពីជីវិតកាលពីអតីតកាលដែរ ។ យើងផ្តោតតែទៅលើបច្ចុប្បន្ននិងអនាគតតែប៉ុណ្ណោះ ។ រឿងដទៃអំពីនេះ គឺជាសិទ្ធិរបស់បុគ្គលទាំងសងខាងជាអ្នកសម្រេចនៅក្នុងការចែលរំលែក (Self-disclosure) ។ នៅគ្រាទីមួយដែលយើងជួបមុខគ្នាតាមរយៈទូរសាសព្ទនោះ (Teleconference) នាងបានបង្វិលរូបនាងឲ្យដាំក្បាលចុះក្រោម ។ ខ្ញុំសុំឲ្យនាងបង្វិលរូបនាងឲ្យបញ្ឃរត្រង់ឡើងវិញ ដ្បិតពិបាកមើលណាស់ ។ នាងថានាងមិនដឹងធ្វើដូចម្តេចទេទើបបង្វិលកើត ព្រោះវាជាកំព្យូទ័ររបស់ស្ថាប័ន ។ កុហក! ។ ខ្ញុំចំណាយពេលនិយាយជាមួយនឹងក្មេងច្រឡឺមនោះ Upsidedown រហូតដល់ចប់ការសន្ទនាគ្នា ។ មុននឹងបញ្ចប់ ខ្ញុំបានលួចថតរូបនាងពីរបីប៉ុស្ត ដើម្បីបង្វិលមើលឲ្យបានច្បាស់លាស់បន្តិច ។
ខ្ញុំបានព្យាយាមស្វែងរកនារីខ្មែរដែលក្លាហានហ៊ាននិយាយជាមួយនឹងប្រុសស្មើមុខគ្នា ។ ឥឡូវបានជួបហើយ ។ មិនត្រឹមតែក្លាហានទេ ឯករាជទៀតផង ។ ការដាក់រូបនាងនិយាយជាមួយខ្ញុំដាំក្បាលចុះក្រោមដូច្នោះ បានន័យថានាងគឺនាង ខ្ញុំគឺខ្ញុំ ។ សំពត់នៅក្នុងផ្នត់ ។ បើចង់ស្គាល់ជាក់លាក់ ចូលឲ្យជិតហើយលាតត្រដាងមើល ។ យើងសេរសរសារសន្ទនាគ្នាគ្មានលស់ថ្ងៃឡើយ ។ ថ្វីដ្បិតតែយើងមិនបានសន្សំសារនោះទុក វាប្រហែលជាមិនតិចជាង ៥០០ទំព័រទេ ។ ក្នុងមួយអាទិត្យ យើងជួបនិយាយគ្នាតាមទូរសាសព្ទម្តង ។ ដោយហេតុតែយើងមានអាយុខុសគ្នាមួយជំនាន់ ពាក្យពេចន៍ដែលខ្ញុំប្រើធ្វើឲ្យនាងខឹងម្តងម្កាល ។ ដើម្បីជៀសវាងការភាន់ច្រឡំផ្តាច់ចំណងមេត្រីជាយថាហេតុ ខ្ញុំសំណូមពរនាងអនុញាតិឲ្យខ្ញុំធ្វើការបកស្រាយពន្យល់ (Clarify) ជាមុនសិនមុននឹងសម្រេចផ្តាច់ទំនាក់ទំនងសង្ខារ ។ ខ្ញុំបានសម្រាំងបទចម្រៀងរបស់លោក សុីន សុីសាមុត ប្រហែលជាម្ភៃបទទាក់ទងនឹងរឿងស្នេហា ទុកផ្ញើលួងចិត្តនាងពេលនាងខឹង ។ ខ្ញុំថែមទាំងសម្រាំងបទចម្រៀងពិសេសពីរបទផងដែរគឺបទ ប្រឡងជាប់ហើយ និងបទ អុចធូបទៅអូន ទុកសម្រាប់អបអរដំណឹងអំពីនាងយល់ព្រមទទួលយកខ្ញុំ និងថ្ងៃចូលរោងការ ។ វាជាក្តីរំពឹងដែលនៅឆ្ងាយដូចជើងមេឃ ។ ក៏ប៉ុន្តែ សុទិដ្ឋិត្រូវតែមាន ។ ក្រៅអំពីនេះ ខ្ញុំក៏ចាប់ផ្តើមសរសេរកំណាព្យមនោសច្ចេតនាប្រភេទប្រលោមលោកខ្នាតខ្លីមួយ រៀបរាប់អំពីអ្វីៗដែលយើងលើកយកមកពិភាក្សាគ្នា ។ ខ្ញុំប្រាប់នាងឲ្យដឹងអំពីការសរសេរប្រលោមលោកផ្ទាល់ខ្លួនរបស់យើង ព្រោះនាងជាតួអង្គម្នាក់ដែរនៅក្នុងរឿងស្នេហាចៃដន្យនេះ ។ វាជារឿងដែលគ្មានអ្នកណាធ្លាប់ធ្វើសោះឡើយ ។ ប្រលោមលោកនៅក្នុងអក្សរសិល្ប៍ខ្មែរ ច្រើនតែបញ្ចប់ជាមួយនឹងសោកនាដកម្ម ។ ឯរឿងខ្ញុំនិងនាងត្រូវបញ្ចប់ដោយរបៀបណានោះ គ្មាននរណាអាចព្យាករណ៍បានទេ ។ មានតែយថាកម្មប៉ុណ្ណោះ (Eventuality) ដែលអាចសម្រេចជោគវាសនានៃប្រលោមលោកស្នេហាជីវិតពិតនេះ ។
កម្ម អាចនាំសុខឬនាំទុក្ខគ្រប់ពេលវេលា ។ យើងចំណាយពេលប្រហែលមួយខែប៉ុណ្ណោះ នៅក្នុងការស្វែងរកបុព្វេសន្និវាសរបស់យើង ។ ដោយហេតុតែយើងដឹងជាក់លាក់អំពីគោលដៅរបស់យើង យើងដើរត្រង់ភ្លឹងតែម្តងប្រៀបដូចជាមនុស្សពីរនាក់ចរចាគ្នាអំពីជំនួញមួយ (Business Deal) ។ មុននឹងសម្រេចចិត្តថាតើគួរបន្តទំនាក់ទំនងសង្ខាររបស់យើងឬយ៉ាងណា នាងបានសុំជួបខ្ញុំនិយាយអំពីរឿងសំខាន់ៗមួយចំនួន ។ ស្អែកឡើង នៅពេលខ្ញុំកំពុងធ្វើការងារនៅក្នុងកិច្ចប្រជុំមួយ នាងផ្ញើសារមកប្រាប់ខ្ញុំថានាងយល់ព្រមភ្ជាប់និស្ស័យស្នេហាជាមួយនឹងខ្ញុំ ។ ខ្ញុំត្រេកអរប្រៀបដូចជាក្មេងប្រឡងឌីប្លូមជាប់លេខ ១ ។ ចង់ងើបរាំចាក់ត្លុកដែរ តែទីកន្លែងមិនអំណោយទាន ។ ខ្ញុំផ្ញើបទចម្រៀង ប្រឡងជាប់ហើយ ទៅឲ្យនាងជាមួយនឹងពាក្យអរគុណមួយម៉ាត់យ៉ាងខ្លី ។ ប្រការដែលខ្ញុំត្រេកអរនោះ មិនមែនត្រេកអរដោយសារទទួលបានជោគជ័យនៅក្នុងការតស៊ូដ៏វែងអន្លាយមួយនេះទេ ។ វាគ្រាន់តែជាជោគជ័យអន្តរកាលប៉ុណ្ណោះ (Transitional success) ។ កត្តាដែលធ្វើឲ្យខ្ញុំត្រេកអរនោះគឺទីមួយ ខ្ញុំបានធ្វើអ្វីដែលជាគោលគំនិតរបស់ខ្ញុំនៅក្នុងការស្វែងរកគូស្រករ ។ និងទីពីរ ខ្ញុំអាចបញ្ចប់ប្រលោមលោកស្នេហា actual របស់ខ្ញុំជាមួយនឹងពាក្យពេចន៍ដែលបរិយាយភាពរីករាយ ។ នៅថ្ងៃដែលខ្ញុំស្លាប់ ប្រសិនបើភរិយានិងកូនៗរបស់ខ្ញុំស្ថិតនៅក្បែរខ្លួនខ្ញុំនៅឡើយ នោះអាចសន្មត់ថាជីវិតស្នេហារបស់ខ្ញុំ ទទួលបានជោគជ័យនៅទីបំផុត បន្ទាប់ពីបរាជ័យច្រើនអន្លើ ៕
អរគុណដែលបានចំណាយពេលអានរឿងរ៉ាវជីវិតដ៏វែងអន្លាយនេះ!
Saturday, September 4, 2021
ចំណីខួរក្បាល
ពិការញាណ (៣)
ម៉្ងៃនោះ ញាតិជិតខាងចាស់ទុំខ្ញុំម្នាក់បានលើកសំណួរមួយសួរខ្ញុំថា៖ ហេតុអ្វីក៏កុមារសម័យនេះសម្បូរកើតជំងឺ អូទីហ្សឹម (Autism) ម្លេះ? មីងឧស្សាហ៍ឮមនុស្សនិយាយអំពីបញ្ហានេះណាស់ ។ ខ្ញុំជម្រាបគាត់ថា អូទីហ្សឹមនេះ វាកើតមានជាមួយមនុស្សយើងយូរយាណាស់មកហើយ គ្រាន់តែសម័យមុនផ្នែកវេជ្ជាសាស្ត្រមិនសូវជឿនលឿន ។ ដូច្នេះ យើងក៏មិនសូវដឹងឮអំពីបញ្ហានេះ ។ ប៉ុន្តែ បច្ចុប្បន្ន យើងមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ ហើយមនុស្សភាគច្រើនក៏មិនសូវខ្មាសអៀនក្នុងការចែករំលែកបញ្ហាសតិបញ្ញានេះដែរ ។
នេះជាលើកទីបីហើយដែលខ្ញុំសរសេរអត្ថបទពាក់ព័ន្ធនឹងរឿងពិការញាណ ។ គួរកត់សម្កាល់ថា ខ្ញុំប្រើពាក្យ ពិការញាណ សម្រាប់ជំងឹពាក់ព័ន្ធនឹងសតិបញ្ញាចំនួនបីផ្សេងគ្នាដែលភាសាអង់គ្លេសហៅថា៖ Attention Deficit Hyperactivity Disorder (ADHD), Autism Spectrum Disorder (ASD), and Down Syndrome ។ មូលហេតុដែលខ្ញុំប្រើពាក្យ ពិការញាណ (Learning Disability) សម្រាប់ជំងឺទាំងបីនេះដ្បិតវាជាពាក្យមិនរើសអើងនិងមិនបន្ទាបបន្ថោកអ្នកជំងឺ ។
នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកតែអូទីហ្សឹមមកពិភាក្សា ។ ហើយខ្ញុំក៏សូមជម្រាបផងដែរថា ខ្ញុំមិនមែនជាវេជ្ជបណ្ឌិតឬក៏ជាអ្នកសិក្សាស្រាវជ្រាវអំពីជំងឺប្រសាទទេ ។ គោលដៅនៃការសរសេរអត្ថបទនេះ គឺគ្រាន់តែចង់ចែករំលែកពត៌មានដែលខ្ញុំបានជួបប្រទះប៉ុណ្ណោះ ។
ខ្ញុំបានចំណាយពេលប្រមាណជាជាង២៥ឆ្នាំ ក្នុងតួនាទីជាអ្នកកត់ត្រាកិច្ចប្រជុំនៃគណកម្មាធិការវិទ្យាសាស្ត្ររបស់ស្ថាប័នជាតិមួយចំនួននៃសហរដ្ឋអាមេរិក ។ នៅក្នុងការប្រកបកិច្ចការងារនេះ ខ្ញុំបានជួបនឹងប្រធានបទនិងរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតមនុស្សរាប់មិនអស់ ។ ពិការញាណគឺជារឿងមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេ ដ្បិតវាពាក់ព័ន្ធនឹងការតស៊ូរបស់មនុស្ស ។ និយាយរួម មនុស្សទាំងអស់កើតមកសុទ្ធតែពិការញាណ គ្រាន់តែតិចហើយនិងច្រើន ។ បើនិយាយអំពី ADHD យើងមានគ្រប់ៗគ្នា ។ អូទីហ្សឹម យើងទទួលរងផលប៉ះពាល់មិនដល់ពីរភាគរយទេ ។ ក៏ប៉ុន្តែ បើគិតជាអត្រា វាច្រើនគួរសមដែរ ។ ក្នុងចំណោមមនុស្ស១០០នាក់ យ៉ាងហោចណាស់ក៏មានម្នាក់ដែលត្រូវរស់ជាមួយនឹងបញ្ហាសុខភាពសតិបញ្ញាអូទីហ្សឹមនេះ ។ គួរកត់សម្គាល់ថា អូទីហ្សឹម មានកម្រិតស្រាល មធ្យម និង ធ្ងន់ (Light, Mild, and Severe) ។ ខ្ញុំសូមលើកយកអូទីហ្សឹមកម្រិតមធ្យមមកពិភាក្សានៅទីនេះ ដ្បិតវាជាកម្រិតដែលមិនទាន់ដល់ថ្នាក់រកគ្រូពេទ្យឲ្យជួយ ក៏ប៉ុន្តែ វាត្រូវការការបីបាច់ថែទាំពិសេសពីសំណាក់ក្រុមគ្រួសារនិងញាតិមិត្ត ។
អូទីហ្សឹម មានរោគសញ្ញាសាមញ្ញមួយចំនួនដែលយើងអាចកត់សម្គាល់បានដោយមិនចាំបាច់ស្វែងរកជំនួយពីអ្នកជំនាញផ្នែកចិត្តសាស្ត្រ ។ បើជាកុមារ ជាទូទៅច្រើនតែក្រចេះនិយាយ (Delay speech) រពឹសឬសកម្មដូចចាប់ក្តាមដាក់ចង្អេរ និងមិនសូវស្តាប់បង្គាប់ដែលភាសាអង់គ្លេសហៅថា Non-conforming or Anti-social ។ ភាពមិនចុះសម្រុងនឹងសង្គម (Anti-social) គឺជាប្រធានបទមួយដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ ។
ខ្ញុំធ្លាប់ជួបនារីពីររូបដែលរស់ជាមួយនឹងអាការអូទីហ្សឹមកម្រិតមធ្យម ។ អ្នកទាំងពីរបានបញ្ចប់ការសិក្សាកម្រិតសាកលវិទ្យាល័យនិងទទួលបានសញ្ញាប័ត្រប្រហាក់ប្រហែលគ្នា ។ ម្នាក់ជាអគ្គលេខាធិការនៃគណកម្មាធិការរបស់ស្ថាប័នរដ្ឋមួយ ។ ឯម្នាក់ទៀតមិនអាចរក្សាការងាររបស់ខ្លួនបានឡើយ ពីព្រោះនាងមិនអាចសម្របខ្លួនចូលទៅក្នុងសង្គមឲ្យបានដូចគេឯង ។ មនុស្សពីររូបមានសមត្ថភាពប្រហាក់ប្រហែលគ្នា មានអាការអូទីហ្សឹមដូចគ្នា ហេតុអ្វីក៏មានជោគវាសនាខុសគ្នាដូច្នេះ? ខ្ញុំបានយករឿងនេះមកពិចារណាក្នុងចិត្តជាច្រើនឆ្នាំ ។ នារីដែលបរាជ័យនៅក្នុងការស្វែងរកនិងរក្សាការងារដើម្បីទ្រទ្រង់ជីវិត បានមកចូលរួមនៅក្នុងកិច្ចពិភាក្សាមួយជាមួយនឹងគណកម្មាធិការស្រាវជ្រាវស្វែងយល់អំពីអូទីហ្សឹម ។ ឆ្លើយតបនឹងសំណួរមួយដែលថា តើមនុស្សទូទៅ "Normal people" គួរធ្វើដូចម្តេចដើម្បីជួយសម្រួលដល់ការរស់នៅរបស់មនុស្សដែលមានអូទីហ្សឹម? នាងឆ្លើយមួយប្រយោគដ៏ខ្លីថា៖ ខ្ញុំប្រាថ្នាឲ្យមនុស្សជុំវិញខ្ញុំ យល់អំពីអត្តចរិតខ្ញុំ (I wish people around me understand me better) ។ ក្តីប្រាថ្នាដ៏តូចនេះ ហាក់ដូចជាមិនលំបាកណាស់ណាទេ ។ ក៏ប៉ុន្តែ វាជារឿងមួយដែលមនុស្សរស់ជាមួយនឹងអាការអូទីហ្សឹមប្រឈមនៅក្នុងជីវិត ។
ការវិវត្តន៍របស់ជំងឺអូទីហ្សឹមគឺមិនដូចគ្នាទេ ។ When you see one autism, you see one autism (ករណីអូទីហ្សឹមនីមួយៗ មានទ្រង់ទ្រាយដាច់ដោយឡែកពីគ្នា) ។ នេះគឺជាការអះអាងរបស់អ្នកជំនាញម្នាក់ ។ ក៏ប៉ុន្តែ ខ្ញុំគិតថា ក្តីប្រាថ្នាឲ្យមនុស្សជុំវិញខ្លួន យល់អំពីអត្តចរិតរបស់ខ្លួន គឺជាចំណុចដូចគ្នាមួយដែលមនុស្សមានជំងឺអូទីហ្សឹមត្រូវការ ។ វាក៏ជាកត្តាជោគជ័យនិងបរាជ័យនៅក្នុងជីវិតផងដែរ ។
ការស្វែងយល់អំពីអត្តចរិតរបស់មនុស្សដែលមានអាការអូទីហ្សឹមពឹងផ្អែកលើការសង្កេតនិងពិចារណាបែបតក្កវិជ្ជា ។ វាមិនសូវជាស្មុគស្មាញប៉ុន្មានទេនៅក្នុងការស្វែងយល់អំពីមនុស្សប្រភេទនេះ ប្រសិនបើយើងព្យាយាមសង្កេតដោយប្រើយុទ្ធវិធី យោង ព្យួរ ត ភ្ជាប់ ។ ឧទាហរណ៍ មនុស្សពិការសរីរាង្គដូចជាខ្វាក់ភ្នែក រមែងពឹងផ្អែកឬយកត្រចៀកមកប្រើដើម្បីជាជំនួយដល់ការបាត់បង់ចក្ខុវិញ្ញាណ ។ ពិការជើង យកដៃមកប្រើជំនួសជើង ។ ឯមនុស្សពិការញាណក៏ប្រើយុទ្ធវិធីស្រដៀងគ្នានេះដែរ ។ ពិការញាណគឺពិការប្រាជ្ញា (មិនមែនទាំងស្រុងទេ) ។ មនុស្សពិការញាណដោយសារជំងឺអូទីហ្សឹមគឺបាត់បង់ ឬក៏ខ្វះខាតអ្វីមួយនៅក្នុងវិចារណញ្ញាណ ដែលភាសាអង់គ្លេសហៅថា Anomaly (ខុសប្រក្រតី) ។ វិចារណញ្ញាណ មកពីពាក្យពិចារណា បូកនឹង ញាណ ឬវិញ្ញាណ ។ មនុស្សពិការញាណអូទីហ្សឹម នៅក្នុងករណីខ្លះមិនអាចពិចារណាទៅតាមគោលការណ៍ក្របខ័ណ្ឌរបស់មនុស្សទូទៅទេ ។ ស្រដៀងគ្នានឹងមនុស្សពិការភ្នែកនិងជើងដែរ គឺចាំបាច់ត្រូវតែប្រើអវៈយវដទៃជំនួសឲ្យអ្វីដែលបាត់បង់ ។ ញាណ ឬវិញ្ញាណនៅក្នុងភាសាអង់គ្លេសហៅថា Conscience ។ នៅក្នុងវិញ្ញាណមាន ភវង្គវិញ្ញាណ ដែលភាសាអង់គ្លេសហៅថា sub-conscience ។ មនុស្សពិការញាណអូទីហ្សឹមពឹងលើភវង្គវិញ្ញាណច្រើន នៅក្នុងការប្រាស្រ័យទាក់ជាមួយនឹងពិភពខាងក្រៅដើម្បីទ្រទ្រង់ការរស់នៅរបស់ខ្លួន ។ មូលហេតុដែលយើងហ៊ានសន្និដ្ឋានដូច្នេះ គឺផ្អែកលើករណីមនុស្សដែលពិការភ្នែកនិងជើងដែលប្រើអវៈយវដទៃដើម្បីជាជំនួយដល់ការរស់នៅ ។
ភវង្គវិញ្ញាណ ឬ Sub-conscience គឺជាសភាវដែលយើងមើលមិនយល់ ស្មានមិនដល់ ពាល់មិនត្រូវ ។ ដូច្នេះ នៅពេលដែលមនុស្សអូទីហ្សឹមប្រើវិធីនេះដើម្បីប្រាស្រ័យទាក់ទង (Interact) ជាមួយនឹងមនុស្សទូទៅឬពិភពខាងក្រៅ វាធ្វើឲ្យមានរឿងភ្ញាក់ផ្អើល (Surprises) មិនចេះអស់មិនចេះហើយ ។ តើយើងគួរធ្វើដូចម្តេចទើបអាចយល់ ឬក៏អាចរួមរស់ក៏ដូចជាធ្វើការងារជាមួយនឹងមនុស្សដែលមានអាការអូទីហ្សឹម? ចម្លើយអាចនឹងមានច្រើន ក៏ប៉ុន្តែយើងអាចចាប់ផ្តើមអំពីការទទួលស្គាល់បុគ្គលិកលក្ខណៈរបស់បុគ្គលដោយមិនយកនិយាមរបស់សង្គមទៅធ្វើជាមូលដ្ឋានអនុវត្តន៍ ។
មុននឹងនិយាយអំពីស្ថានភាពជីវិតរបស់មនុស្សដែលរស់ជាមួយនឹងអាការអូទីហ្សឹម ខ្ញុំសូមលើកយកយុទ្ធវិធីខ្លះៗដែលអាចមានសារប្រយោជន៍ក្នុងការថែរទាំគាំពារកុមារដែលមានជំងឺអូទីហ្សឹម ។ ខ្ញុំធ្លាប់បានជួបមាតាបិតាជាច្រើនរូប ដែលបានលះបង់ការងារមកគាំពារកុមារអូទីហ្សឹម ។ ស្ទើរតែគ្រប់គ្នា ពួកគេនិយាយថា មិនត្រូវប្រៀបធៀបការអភិវឌ្ឍន៍របស់កុមារដែលមានអាការអូទីហ្សឹមជាមួយនឹងកុមារដទៃឡើយ ។ មានន័យថា ក្មេងអាយុ៦ឆ្នាំដូចគ្នា បើកូនគេអាចរាប់លេខដល់ចំនួន១០០ កូនឯងដែលមានអាការអូទីហ្សឹមមិនអាចរាប់ដល់១០ គ្មានអ្វីត្រូវទោមនស្សទេ ។ នេះគឺជាចំណុចដ៏សំខាន់បំផុតសម្រាប់មាតាបិតាឬអាណាព្យាបាល ដែលមានកុមារអូទីហ្សឹមនៅក្នុងបន្ទុក ។ ត្រូវចាំថា រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញមួយចំនួននៃក្មេងអូទីហ្សឹមគឺ ក្រចេះនិយាយ ។ ជាទូទៅកុមារអូទីហ្សឹមជាពិសេសក្មេងប្រុស ចាប់ផ្តើមរៀននិយាយនៅអាយុ៣ឆ្នាំ ។ បានសេចក្តីថាការអភិវឌ្ឃន៍សតិបញ្ញារបស់កុមារនោះ អាចនឹងយឺតជាងកុមារដទៃ៣ឆ្នាំ ។ ដូច្នេះ យើងមិនអាចដើរតាមនិយាមសាលាឬនិយាមសង្គមនៅក្នុងការអប់រំថែរទាំគាំពារកុមារអូទីហ្សឹមឡើយ ។ បើវារៀនមិនទាន់គេ ឲ្យគេទៅមុនចុះ ។ មនុស្សពិការជើង និងមនុស្សមិនពិការជើង មិនអាចដើរនៅក្នុងល្បឿនស្មើរគ្នាបានទេ ។ ប៉ុន្តែ ដរាបណាយើងមិនឈប់ដើរ យើងគង់តែនឹងទៅដល់គោលដៅដូចគ្នា ។
នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាដែលនិយាយថា៖ The late bloomer (ផ្ការីកក្រោយគេ) ។ ពាក្យនេះមានន័យថាមនុស្សមានទេពកោសល្យក្នុងវ័យចម្រើន ។ កុមារអូទីហ្សឹមគឺមានសណ្ឋានជាផ្ការីកក្រោយគេ ។ ទេពកោសល្យរបស់ពួកគេអាចនឹងស្តែងចេញនៅក្រោយកុមារភាព ។ សំណួរមួយគឺថា តើកុមារអូទីហ្សឹមអាចវិវឌ្ឃស្មើគេឯងដែរទេនៅពេលចម្រើនវ័យ ។ វាអាស្រ័យលើកាសាបរលាបនៃសញ្ញាណមួយចំនួន ដែលញាំញីកុមារអូទីហ្សឹម ។ អាការអូទីហ្សឹមខ្លះអត់សាបរលាបទេ ។ វាគ្រាន់តែប្តូររូបភាពប៉ុណ្ណោះ ។ ឧទាហរណ៍ ការខ្លាចទីងងឹត ឬក៏មិនចូលចិត្តភាពកកកុញ (Afraid of crowd) ។ កត្តានេះ មនុស្សអូទីហ្សឹមច្រើនតែរកមធ្យោបាយគេច ឬក៏ស្វែងរកជំនួយពីសំណាក់ញាតិមិត្តជិតស្ឋិទ្ធ នៅពេលប្រឈមនឹងបញ្ហាដែលខ្លួនខ្លាច ។
ខ្ញុំសូមវិលទៅនិយាយអំពីយុវនារីដែលរៀនបានជោគជ័យហើយ តែមិនអាចយកចំណេះដឹងមកគាំពារការរស់នៅរបស់ខ្លួនបន្តិច ។ យើងមិនអាចដឹងបានទេថា តើហេតុអ្វីបានជានាងមិនអាចសម្របខ្លួនចូលក្នុងសង្គមការងារដូចគេដូចឯង ។ នៅពេលដែលខ្ញុំគិតអំពីប្រការនេះ ខ្ញុំគិតទៅដល់ពលិកម្មជាងម្ភៃឆ្នាំរបស់ឪពុកម្តាយនាងក៏ដូចជារូបនាង ដែលអសារបង់ ។ តើខំប្រឹងប្រែងបានប្រយោជន៍អី បើនៅទីបំផុតយើងមិនទទួលបានសារប្រយោជន៍អំពីការប្រឹងប្រែងនោះ? ខណៈដែលនាងមកថ្លែងសន្ទរកថាអំពីជីវិតនាងឲ្យគណកម្មាធិការស្តាប់ ខ្ញុំព្យាយាមសង្កេតមើលអាកប្បកិរិយា (Demeanor) របស់នាងយ៉ាងយកចិត្តទុកដាក់ ។ នាងមានរូបស្អាតបាត ឫកពារស្លូតបូត និងអាកប្បកិរិយាដូចមនុស្សផងទាំងពួងដែរ ។ បើនាងមិនប្រាប់ថានាងមានអាការអូទីហ្សឹម និងមានបញ្ហានៅក្នុងដំណើរជីវិត គ្មាននរណាម្នាក់អាចមើលដឹងថានាងមានជំងឺអូទីហ្សឹមឡើយ ។ ការសង្ស័យរបស់ខ្ញុំអំពីកត្តាដែលនាំឲ្យនាងធ្លាក់ចូលទៅក្នុងសភាពដែលគួរឲ្យអស់សង្ឃឹមក្នុងជីវិតនោះ គឺការខំប្រឹងប្រែងឲ្យទាន់គេឯង ទាំងការសិក្សា ទាំងការអភិវឌ្ឃន៍នានា ។ សំពាធនៃការខំប្រឹងប្រែងនោះ វាធ្ងន់ហួសកម្រិតដែលនាងអាចទ្រាំទ្របាន ។ អ្នកដែលធ្លាប់សិក្សាអំពីចិត្តវិទ្យា (Psychology) អាចយល់អំពីកត្តាមួយចំនួនដែលនាំទៅកាន់ការបាក់ទឹកចិត្ត ។ ករណីរបស់នាងគឺអាចបណ្តាលមកពីការបាក់ទឹកចិត្តនេះឯង ។ ទឹកចិត្តដែលបាក់ គឺពិបាកនឹងតភ្ជាប់វិញណាស់ ។ សូមមិនបកស្រាយរឿងបាក់ទឹកចិត្តទេ ព្រោះវាវែងឆ្ងាយហួសអំពីប្រធានបទនេះ ។ ចំណុចសំខាន់បំផុតដែលយើងគួរយល់ដឹងគឺភាពទន់ជ្រាយផ្នែកសតិអារម្មណ៍របស់មនុស្ស ជាពិសេសកុមារដែលមានអាការអូទីហ្សឹម (Emotional Weakness) ។ ជាញឹកញាប់ យើងតែងតែឃើញពត៌មាននិយាយអំពីយុវជនប៉ុនប៉ងធ្វើអត្តឃាតដោយលោតចុះពីលើស្ពាន ឬក៏អារសាច់ខ្លួនឯងជាដើម ។ សាធារណជនខ្លះពេបជ្រាយឬក៏រិះគន់ទង្វើទាំងនោះថាឆ្កួតៗ ។ ករណីអត្តឃាតប្រភេទនេះ ភាគច្រើនមិនមែនជាទង្វើឆ្កួតៗទេ ។ វាគឺជាការបរាជ័យនោក្នុងការតតាំងជាមួយនឹងភាពពិការញាណ ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយករឿងវិជ្ជមានខ្លះៗមកពណ៌នា ។ ការសិក្សាអំពីអូទីហ្សឹមទើបតែនឹងចាប់ផ្តើមនៅទសវត្សឆ្នាំ ១៩៤០ ។ ផ្អែកលើការសន្និដ្ឋានរបស់អ្នកសិក្សាផ្នែកនេះ បុគ្គលល្បីៗមួយចំនួនអាចជាមនុស្សរស់ជាមួយនឹងអាការអូទីហ្សឹម ។ ខ្ញុំសូមលើកយកបុគ្គលបីរូបដែលអ្នកស្រាវជ្រាវយល់ថា ជាមនុស្សមានអាការអូទីហ្សឹម ។ ទីមួយគឺលោក បេថូវិន (Beethowen) អ្នកសរសេរបទភ្លេងបុរាណរបស់អាល្លឺម៉ងដ៏ល្បីល្បាញ ។ ទីពីរលោក ថូម៉ាស់ អេឌីសុន (Thomas Edison) ជនជាតិអាមេរិកាំងដែលរកឃើញវិធីប្រើអំពូលភ្លើងអគ្គិសនីបំភ្លឺពិភពលោករហូតដល់សព្វថ្ងៃនេះ ។ និងទីបីលោក អាលបឺត អានស្តាញ រូបវិទូអាមេរិកាំងអម្បូរ ជីហ្វ ដ៏ល្បីល្បាញមួយរូបផងដែរ ។ ផ្អែកលើសាវតារបស់មនុស្សដ៏ល្បីល្បាញទាំងបីរូបនេះ ការកើតមកជាមួយនឹងអាការអូទីហ្សឹម ជាពិសេសអូទីហ្សឹមកម្រិតមធ្យម មិនមែនជាកត្តាដែលត្រូវឆាចោលជីវិតមួយនោះទេ ។ ថ្វីត្បិតតែកត្តាប្រឈមនិងភាពលំបាកមានច្រើនរាប់មិនអស់ សក្តានុពលដែលអាចទាញយកពីពិការភាពអូទីហ្សឹមនេះក៏មានវិសាលភាពធំដែរ ។ ចំណុចមួយទៀតគឺនិយាយអំពីវង្សត្រកូលនៃភាពពិការញាណអូទីហ្សឹម ។ តើវាអាចជាជំងឺតពូជដែរទេ? ឫសគល់នៃអូទីហ្សឹមគេមិនទាន់អាចបញ្ជាក់ឲ្យបានជាក់លាក់នៅឡើយទេ ។ ប៉ុន្តែ ផ្អែកលើការសង្កេត វាហាក់ដូចជារំលងមួយជំនាន់ៗ ។ ឧទាហរណ៍ កូនរបស់មនុស្សមានអាការអូទីហ្សឹម ជាទូទៅមិនមានអាការអូទីហ្សឹមទេ ។ ក៏ប៉ុន្តែ ចៅរបស់គាត់អាចមាន ។ ហើយវាបន្តរំលងមួយជំនាន់ៗដូច្នេះតរៀងទៅ ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...