Saturday, September 4, 2021

ចំណីខួរក្បាល

ពិការញាណ (៣) ម៉្ងៃនោះ ញាតិជិតខាងចាស់ទុំខ្ញុំម្នាក់បានលើកសំណួរមួយសួរខ្ញុំថា៖ ហេតុអ្វីក៏កុមារសម័យនេះសម្បូរកើតជំងឺ អូទីហ្សឹម (Autism) ម្លេះ? មីងឧស្សាហ៍ឮមនុស្សនិយាយអំពីបញ្ហានេះណាស់ ។ ខ្ញុំជម្រាបគាត់ថា អូទីហ្សឹមនេះ វាកើតមានជាមួយមនុស្សយើងយូរយាណាស់មកហើយ គ្រាន់តែសម័យមុនផ្នែកវេជ្ជាសាស្ត្រមិនសូវជឿនលឿន ។ ដូច្នេះ យើងក៏មិនសូវដឹងឮអំពីបញ្ហានេះ ។ ប៉ុន្តែ បច្ចុប្បន្ន យើងមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ ហើយមនុស្សភាគច្រើនក៏មិនសូវខ្មាសអៀនក្នុងការចែករំលែកបញ្ហាសតិបញ្ញានេះដែរ ។ នេះជាលើកទីបីហើយដែលខ្ញុំសរសេរអត្ថបទពាក់ព័ន្ធនឹងរឿងពិការញាណ ។ គួរកត់សម្កាល់ថា ខ្ញុំប្រើពាក្យ ពិការញាណ សម្រាប់ជំងឹពាក់ព័ន្ធនឹងសតិបញ្ញាចំនួនបីផ្សេងគ្នាដែលភាសាអង់គ្លេសហៅថា៖ Attention Deficit Hyperactivity Disorder (ADHD), Autism Spectrum Disorder (ASD), and Down Syndrome ។ មូលហេតុដែលខ្ញុំប្រើពាក្យ ពិការញាណ (Learning Disability) សម្រាប់ជំងឺទាំងបីនេះដ្បិតវាជាពាក្យមិនរើសអើងនិងមិនបន្ទាបបន្ថោកអ្នកជំងឺ ។ នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកតែអូទីហ្សឹមមកពិភាក្សា ។ ហើយខ្ញុំក៏សូមជម្រាបផងដែរថា ខ្ញុំមិនមែនជាវេជ្ជបណ្ឌិតឬក៏ជាអ្នកសិក្សាស្រាវជ្រាវអំពីជំងឺប្រសាទទេ ។ គោលដៅនៃការសរសេរអត្ថបទនេះ គឺគ្រាន់តែចង់ចែករំលែកពត៌មានដែលខ្ញុំបានជួបប្រទះប៉ុណ្ណោះ ។ ខ្ញុំបានចំណាយពេលប្រមាណជាជាង២៥ឆ្នាំ ក្នុងតួនាទីជាអ្នកកត់ត្រាកិច្ចប្រជុំនៃគណកម្មាធិការវិទ្យាសាស្ត្ររបស់ស្ថាប័នជាតិមួយចំនួននៃសហរដ្ឋអាមេរិក ។ នៅក្នុងការប្រកបកិច្ចការងារនេះ ខ្ញុំបានជួបនឹងប្រធានបទនិងរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតមនុស្សរាប់មិនអស់ ។ ពិការញាណគឺជារឿងមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេ ដ្បិតវាពាក់ព័ន្ធនឹងការតស៊ូរបស់មនុស្ស ។ និយាយរួម មនុស្សទាំងអស់កើតមកសុទ្ធតែពិការញាណ គ្រាន់តែតិចហើយនិងច្រើន ។ បើនិយាយអំពី ADHD យើងមានគ្រប់ៗគ្នា ។ អូទីហ្សឹម យើងទទួលរងផលប៉ះពាល់មិនដល់ពីរភាគរយទេ ។ ក៏ប៉ុន្តែ បើគិតជាអត្រា វាច្រើនគួរសមដែរ ។ ក្នុងចំណោមមនុស្ស១០០នាក់ យ៉ាងហោចណាស់ក៏មានម្នាក់ដែលត្រូវរស់ជាមួយនឹងបញ្ហាសុខភាពសតិបញ្ញាអូទីហ្សឹមនេះ ។ គួរកត់សម្គាល់ថា អូទីហ្សឹម មានកម្រិតស្រាល មធ្យម និង ធ្ងន់ (Light, Mild, and Severe) ។ ខ្ញុំសូមលើកយកអូទីហ្សឹមកម្រិតមធ្យមមកពិភាក្សានៅទីនេះ ដ្បិតវាជាកម្រិតដែលមិនទាន់ដល់ថ្នាក់រកគ្រូពេទ្យឲ្យជួយ ក៏ប៉ុន្តែ វាត្រូវការការបីបាច់ថែទាំពិសេសពីសំណាក់ក្រុមគ្រួសារនិងញាតិមិត្ត ។ អូទីហ្សឹម មានរោគសញ្ញាសាមញ្ញមួយចំនួនដែលយើងអាចកត់សម្គាល់បានដោយមិនចាំបាច់ស្វែងរកជំនួយពីអ្នកជំនាញផ្នែកចិត្តសាស្ត្រ ។ បើជាកុមារ ជាទូទៅច្រើនតែក្រចេះនិយាយ (Delay speech) រពឹសឬសកម្មដូចចាប់ក្តាមដាក់ចង្អេរ និងមិនសូវស្តាប់បង្គាប់ដែលភាសាអង់គ្លេសហៅថា Non-conforming or Anti-social ។ ភាពមិនចុះសម្រុងនឹងសង្គម (Anti-social) គឺជាប្រធានបទមួយដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ ។ ខ្ញុំធ្លាប់ជួបនារីពីររូបដែលរស់ជាមួយនឹងអាការអូទីហ្សឹមកម្រិតមធ្យម ។ អ្នកទាំងពីរបានបញ្ចប់ការសិក្សាកម្រិតសាកលវិទ្យាល័យនិងទទួលបានសញ្ញាប័ត្រប្រហាក់ប្រហែលគ្នា ។ ម្នាក់ជាអគ្គលេខាធិការនៃគណកម្មាធិការរបស់ស្ថាប័នរដ្ឋមួយ ។ ឯម្នាក់ទៀតមិនអាចរក្សាការងាររបស់ខ្លួនបានឡើយ ពីព្រោះនាងមិនអាចសម្របខ្លួនចូលទៅក្នុងសង្គមឲ្យបានដូចគេឯង ។ មនុស្សពីររូបមានសមត្ថភាពប្រហាក់ប្រហែលគ្នា មានអាការអូទីហ្សឹមដូចគ្នា ហេតុអ្វីក៏មានជោគវាសនាខុសគ្នាដូច្នេះ? ខ្ញុំបានយករឿងនេះមកពិចារណាក្នុងចិត្តជាច្រើនឆ្នាំ ។ នារីដែលបរាជ័យនៅក្នុងការស្វែងរកនិងរក្សាការងារដើម្បីទ្រទ្រង់ជីវិត បានមកចូលរួមនៅក្នុងកិច្ចពិភាក្សាមួយជាមួយនឹងគណកម្មាធិការស្រាវជ្រាវស្វែងយល់អំពីអូទីហ្សឹម ។ ឆ្លើយតបនឹងសំណួរមួយដែលថា តើមនុស្សទូទៅ "Normal people" គួរធ្វើដូចម្តេចដើម្បីជួយសម្រួលដល់ការរស់នៅរបស់មនុស្សដែលមានអូទីហ្សឹម? នាងឆ្លើយមួយប្រយោគដ៏ខ្លីថា៖ ខ្ញុំប្រាថ្នាឲ្យមនុស្សជុំវិញខ្ញុំ យល់អំពីអត្តចរិតខ្ញុំ (I wish people around me understand me better) ។ ក្តីប្រាថ្នាដ៏តូចនេះ ហាក់ដូចជាមិនលំបាកណាស់ណាទេ ។ ក៏ប៉ុន្តែ វាជារឿងមួយដែលមនុស្សរស់ជាមួយនឹងអាការអូទីហ្សឹមប្រឈមនៅក្នុងជីវិត ។ ការវិវត្តន៍របស់ជំងឺអូទីហ្សឹមគឺមិនដូចគ្នាទេ ។ When you see one autism, you see one autism (ករណីអូទីហ្សឹមនីមួយៗ មានទ្រង់ទ្រាយដាច់ដោយឡែកពីគ្នា) ។ នេះគឺជាការអះអាងរបស់អ្នកជំនាញម្នាក់ ។ ក៏ប៉ុន្តែ ខ្ញុំគិតថា ក្តីប្រាថ្នាឲ្យមនុស្សជុំវិញខ្លួន យល់អំពីអត្តចរិតរបស់ខ្លួន គឺជាចំណុចដូចគ្នាមួយដែលមនុស្សមានជំងឺអូទីហ្សឹមត្រូវការ ។ វាក៏ជាកត្តាជោគជ័យនិងបរាជ័យនៅក្នុងជីវិតផងដែរ ។ ការស្វែងយល់អំពីអត្តចរិតរបស់មនុស្សដែលមានអាការអូទីហ្សឹមពឹងផ្អែកលើការសង្កេតនិងពិចារណាបែបតក្កវិជ្ជា ។ វាមិនសូវជាស្មុគស្មាញប៉ុន្មានទេនៅក្នុងការស្វែងយល់អំពីមនុស្សប្រភេទនេះ ប្រសិនបើយើងព្យាយាមសង្កេតដោយប្រើយុទ្ធវិធី យោង ព្យួរ ត ភ្ជាប់ ។ ឧទាហរណ៍ មនុស្សពិការសរីរាង្គដូចជាខ្វាក់ភ្នែក រមែងពឹងផ្អែកឬយកត្រចៀកមកប្រើដើម្បីជាជំនួយដល់ការបាត់បង់ចក្ខុវិញ្ញាណ ។ ពិការជើង យកដៃមកប្រើជំនួសជើង ។ ឯមនុស្សពិការញាណក៏ប្រើយុទ្ធវិធីស្រដៀងគ្នានេះដែរ ។ ពិការញាណគឺពិការប្រាជ្ញា (មិនមែនទាំងស្រុងទេ) ។ មនុស្សពិការញាណដោយសារជំងឺអូទីហ្សឹមគឺបាត់បង់ ឬក៏ខ្វះខាតអ្វីមួយនៅក្នុងវិចារណញ្ញាណ ដែលភាសាអង់គ្លេសហៅថា Anomaly (ខុសប្រក្រតី) ។ វិចារណញ្ញាណ មកពីពាក្យពិចារណា បូកនឹង ញាណ ឬវិញ្ញាណ ។ មនុស្សពិការញាណអូទីហ្សឹម នៅក្នុងករណីខ្លះមិនអាចពិចារណាទៅតាមគោលការណ៍ក្របខ័ណ្ឌរបស់មនុស្សទូទៅទេ ។ ស្រដៀងគ្នានឹងមនុស្សពិការភ្នែកនិងជើងដែរ គឺចាំបាច់ត្រូវតែប្រើអវៈយវដទៃជំនួសឲ្យអ្វីដែលបាត់បង់ ។ ញាណ ឬវិញ្ញាណនៅក្នុងភាសាអង់គ្លេសហៅថា Conscience ។ នៅក្នុងវិញ្ញាណមាន ភវង្គវិញ្ញាណ ដែលភាសាអង់គ្លេសហៅថា sub-conscience ។ មនុស្សពិការញាណអូទីហ្សឹមពឹងលើភវង្គវិញ្ញាណច្រើន នៅក្នុងការប្រាស្រ័យទាក់ជាមួយនឹងពិភពខាងក្រៅដើម្បីទ្រទ្រង់ការរស់នៅរបស់ខ្លួន ។ មូលហេតុដែលយើងហ៊ានសន្និដ្ឋានដូច្នេះ គឺផ្អែកលើករណីមនុស្សដែលពិការភ្នែកនិងជើងដែលប្រើអវៈយវដទៃដើម្បីជាជំនួយដល់ការរស់នៅ ។ ភវង្គវិញ្ញាណ ឬ Sub-conscience គឺជាសភាវដែលយើងមើលមិនយល់ ស្មានមិនដល់ ពាល់មិនត្រូវ ។ ដូច្នេះ នៅពេលដែលមនុស្សអូទីហ្សឹមប្រើវិធីនេះដើម្បីប្រាស្រ័យទាក់ទង (Interact) ជាមួយនឹងមនុស្សទូទៅឬពិភពខាងក្រៅ វាធ្វើឲ្យមានរឿងភ្ញាក់ផ្អើល (Surprises) មិនចេះអស់មិនចេះហើយ ។ តើយើងគួរធ្វើដូចម្តេចទើបអាចយល់ ឬក៏អាចរួមរស់ក៏ដូចជាធ្វើការងារជាមួយនឹងមនុស្សដែលមានអាការអូទីហ្សឹម? ចម្លើយអាចនឹងមានច្រើន ក៏ប៉ុន្តែយើងអាចចាប់ផ្តើមអំពីការទទួលស្គាល់បុគ្គលិកលក្ខណៈរបស់បុគ្គលដោយមិនយកនិយាមរបស់សង្គមទៅធ្វើជាមូលដ្ឋានអនុវត្តន៍ ។ មុននឹងនិយាយអំពីស្ថានភាពជីវិតរបស់មនុស្សដែលរស់ជាមួយនឹងអាការអូទីហ្សឹម ខ្ញុំសូមលើកយកយុទ្ធវិធីខ្លះៗដែលអាចមានសារប្រយោជន៍ក្នុងការថែរទាំគាំពារកុមារដែលមានជំងឺអូទីហ្សឹម ។ ខ្ញុំធ្លាប់បានជួបមាតាបិតាជាច្រើនរូប ដែលបានលះបង់ការងារមកគាំពារកុមារអូទីហ្សឹម ។ ស្ទើរតែគ្រប់គ្នា ពួកគេនិយាយថា មិនត្រូវប្រៀបធៀបការអភិវឌ្ឍន៍របស់កុមារដែលមានអាការអូទីហ្សឹមជាមួយនឹងកុមារដទៃឡើយ ។ មានន័យថា ក្មេងអាយុ៦ឆ្នាំដូចគ្នា បើកូនគេអាចរាប់លេខដល់ចំនួន១០០ កូនឯងដែលមានអាការអូទីហ្សឹមមិនអាចរាប់ដល់១០ គ្មានអ្វីត្រូវទោមនស្សទេ ។ នេះគឺជាចំណុចដ៏សំខាន់បំផុតសម្រាប់មាតាបិតាឬអាណាព្យាបាល ដែលមានកុមារអូទីហ្សឹមនៅក្នុងបន្ទុក ។ ត្រូវចាំថា រោគសញ្ញាមួយក្នុងចំណោមរោគសញ្ញមួយចំនួននៃក្មេងអូទីហ្សឹមគឺ ក្រចេះនិយាយ ។ ជាទូទៅកុមារអូទីហ្សឹមជាពិសេសក្មេងប្រុស ចាប់ផ្តើមរៀននិយាយនៅអាយុ៣ឆ្នាំ ។ បានសេចក្តីថាការអភិវឌ្ឃន៍សតិបញ្ញារបស់កុមារនោះ អាចនឹងយឺតជាងកុមារដទៃ៣ឆ្នាំ ។ ដូច្នេះ យើងមិនអាចដើរតាមនិយាមសាលាឬនិយាមសង្គមនៅក្នុងការអប់រំថែរទាំគាំពារកុមារអូទីហ្សឹមឡើយ ។ បើវារៀនមិនទាន់គេ ឲ្យគេទៅមុនចុះ ។ មនុស្សពិការជើង និងមនុស្សមិនពិការជើង មិនអាចដើរនៅក្នុងល្បឿនស្មើរគ្នាបានទេ ។ ប៉ុន្តែ ដរាបណាយើងមិនឈប់ដើរ យើងគង់តែនឹងទៅដល់គោលដៅដូចគ្នា ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយឃ្លាដែលនិយាយថា៖ The late bloomer (ផ្ការីកក្រោយគេ) ។ ពាក្យនេះមានន័យថាមនុស្សមានទេពកោសល្យក្នុងវ័យចម្រើន ។ កុមារអូទីហ្សឹមគឺមានសណ្ឋានជាផ្ការីកក្រោយគេ ។ ទេពកោសល្យរបស់ពួកគេអាចនឹងស្តែងចេញនៅក្រោយកុមារភាព ។ សំណួរមួយគឺថា តើកុមារអូទីហ្សឹមអាចវិវឌ្ឃស្មើគេឯងដែរទេនៅពេលចម្រើនវ័យ ។ វាអាស្រ័យលើកាសាបរលាបនៃសញ្ញាណមួយចំនួន ដែលញាំញីកុមារអូទីហ្សឹម ។ អាការអូទីហ្សឹមខ្លះអត់សាបរលាបទេ ។ វាគ្រាន់តែប្តូររូបភាពប៉ុណ្ណោះ ។ ឧទាហរណ៍ ការខ្លាចទីងងឹត ឬក៏មិនចូលចិត្តភាពកកកុញ (Afraid of crowd) ។ កត្តានេះ មនុស្សអូទីហ្សឹមច្រើនតែរកមធ្យោបាយគេច ឬក៏ស្វែងរកជំនួយពីសំណាក់ញាតិមិត្តជិតស្ឋិទ្ធ នៅពេលប្រឈមនឹងបញ្ហាដែលខ្លួនខ្លាច ។ ខ្ញុំសូមវិលទៅនិយាយអំពីយុវនារីដែលរៀនបានជោគជ័យហើយ តែមិនអាចយកចំណេះដឹងមកគាំពារការរស់នៅរបស់ខ្លួនបន្តិច ។ យើងមិនអាចដឹងបានទេថា តើហេតុអ្វីបានជានាងមិនអាចសម្របខ្លួនចូលក្នុងសង្គមការងារដូចគេដូចឯង ។ នៅពេលដែលខ្ញុំគិតអំពីប្រការនេះ ខ្ញុំគិតទៅដល់ពលិកម្មជាងម្ភៃឆ្នាំរបស់ឪពុកម្តាយនាងក៏ដូចជារូបនាង ដែលអសារបង់ ។ តើខំប្រឹងប្រែងបានប្រយោជន៍អី បើនៅទីបំផុតយើងមិនទទួលបានសារប្រយោជន៍អំពីការប្រឹងប្រែងនោះ? ខណៈដែលនាងមកថ្លែងសន្ទរកថាអំពីជីវិតនាងឲ្យគណកម្មាធិការស្តាប់ ខ្ញុំព្យាយាមសង្កេតមើលអាកប្បកិរិយា (Demeanor) របស់នាងយ៉ាងយកចិត្តទុកដាក់ ។ នាងមានរូបស្អាតបាត ឫកពារស្លូតបូត និងអាកប្បកិរិយាដូចមនុស្សផងទាំងពួងដែរ ។ បើនាងមិនប្រាប់ថានាងមានអាការអូទីហ្សឹម និងមានបញ្ហានៅក្នុងដំណើរជីវិត គ្មាននរណាម្នាក់អាចមើលដឹងថានាងមានជំងឺអូទីហ្សឹមឡើយ ។ ការសង្ស័យរបស់ខ្ញុំអំពីកត្តាដែលនាំឲ្យនាងធ្លាក់ចូលទៅក្នុងសភាពដែលគួរឲ្យអស់សង្ឃឹមក្នុងជីវិតនោះ គឺការខំប្រឹងប្រែងឲ្យទាន់គេឯង ទាំងការសិក្សា ទាំងការអភិវឌ្ឃន៍នានា ។ សំពាធនៃការខំប្រឹងប្រែងនោះ វាធ្ងន់ហួសកម្រិតដែលនាងអាចទ្រាំទ្របាន ។ អ្នកដែលធ្លាប់សិក្សាអំពីចិត្តវិទ្យា (Psychology) អាចយល់អំពីកត្តាមួយចំនួនដែលនាំទៅកាន់ការបាក់ទឹកចិត្ត ។ ករណីរបស់នាងគឺអាចបណ្តាលមកពីការបាក់ទឹកចិត្តនេះឯង ។ ទឹកចិត្តដែលបាក់ គឺពិបាកនឹងតភ្ជាប់វិញណាស់ ។ សូមមិនបកស្រាយរឿងបាក់ទឹកចិត្តទេ ព្រោះវាវែងឆ្ងាយហួសអំពីប្រធានបទនេះ ។ ចំណុចសំខាន់បំផុតដែលយើងគួរយល់ដឹងគឺភាពទន់ជ្រាយផ្នែកសតិអារម្មណ៍របស់មនុស្ស ជាពិសេសកុមារដែលមានអាការអូទីហ្សឹម (Emotional Weakness) ។ ជាញឹកញាប់ យើងតែងតែឃើញពត៌មាននិយាយអំពីយុវជនប៉ុនប៉ងធ្វើអត្តឃាតដោយលោតចុះពីលើស្ពាន ឬក៏អារសាច់ខ្លួនឯងជាដើម ។ សាធារណជនខ្លះពេបជ្រាយឬក៏រិះគន់ទង្វើទាំងនោះថាឆ្កួតៗ ។ ករណីអត្តឃាតប្រភេទនេះ ភាគច្រើនមិនមែនជាទង្វើឆ្កួតៗទេ ។ វាគឺជាការបរាជ័យនោក្នុងការតតាំងជាមួយនឹងភាពពិការញាណ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយករឿងវិជ្ជមានខ្លះៗមកពណ៌នា ។ ការសិក្សាអំពីអូទីហ្សឹមទើបតែនឹងចាប់ផ្តើមនៅទសវត្សឆ្នាំ ១៩៤០ ។ ផ្អែកលើការសន្និដ្ឋានរបស់អ្នកសិក្សាផ្នែកនេះ បុគ្គលល្បីៗមួយចំនួនអាចជាមនុស្សរស់ជាមួយនឹងអាការអូទីហ្សឹម ។ ខ្ញុំសូមលើកយកបុគ្គលបីរូបដែលអ្នកស្រាវជ្រាវយល់ថា ជាមនុស្សមានអាការអូទីហ្សឹម ។ ទីមួយគឺលោក បេថូវិន (Beethowen) អ្នកសរសេរបទភ្លេងបុរាណរបស់អាល្លឺម៉ងដ៏ល្បីល្បាញ ។ ទីពីរលោក ថូម៉ាស់ អេឌីសុន (Thomas Edison) ជនជាតិអាមេរិកាំងដែលរកឃើញវិធីប្រើអំពូលភ្លើងអគ្គិសនីបំភ្លឺពិភពលោករហូតដល់សព្វថ្ងៃនេះ ។ និងទីបីលោក អាលបឺត អានស្តាញ រូបវិទូអាមេរិកាំងអម្បូរ ជីហ្វ ដ៏ល្បីល្បាញមួយរូបផងដែរ ។ ផ្អែកលើសាវតារបស់មនុស្សដ៏ល្បីល្បាញទាំងបីរូបនេះ ការកើតមកជាមួយនឹងអាការអូទីហ្សឹម ជាពិសេសអូទីហ្សឹមកម្រិតមធ្យម មិនមែនជាកត្តាដែលត្រូវឆាចោលជីវិតមួយនោះទេ ។ ថ្វីត្បិតតែកត្តាប្រឈមនិងភាពលំបាកមានច្រើនរាប់មិនអស់ សក្តានុពលដែលអាចទាញយកពីពិការភាពអូទីហ្សឹមនេះក៏មានវិសាលភាពធំដែរ ។ ចំណុចមួយទៀតគឺនិយាយអំពីវង្សត្រកូលនៃភាពពិការញាណអូទីហ្សឹម ។ តើវាអាចជាជំងឺតពូជដែរទេ? ឫសគល់នៃអូទីហ្សឹមគេមិនទាន់អាចបញ្ជាក់ឲ្យបានជាក់លាក់នៅឡើយទេ ។ ប៉ុន្តែ ផ្អែកលើការសង្កេត វាហាក់ដូចជារំលងមួយជំនាន់ៗ ។ ឧទាហរណ៍ កូនរបស់មនុស្សមានអាការអូទីហ្សឹម ជាទូទៅមិនមានអាការអូទីហ្សឹមទេ ។ ក៏ប៉ុន្តែ ចៅរបស់គាត់អាចមាន ។ ហើយវាបន្តរំលងមួយជំនាន់ៗដូច្នេះតរៀងទៅ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...