Friday, February 28, 2020
ចំណីខួរក្បាល
របៀបរបបរស់នៅរបស់ពលរដ្ឋអាមេរិកាំង (Lifestyle)
កាលពីទសវត្សឆ្នាំ ១៩៨០ ជនភៀសខ្លួនខ្មែរជាច្រើនដែលទទួលបានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិក ត្រូវបានគេតម្រូវឲ្យសិក្សាអំពីរបៀបរបបរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេល ៣ទៅ ៦ខែ ឬក៏យូរជាងនេះទៀតផង ។ ការសិក្សាភាគច្រើនផ្តោតលើរបៀបប្រស្រ័យទាក់ទងគ្នា និងបែបបទនានាដែលពលរដ្ឋអាមេរិកាំងអនុវត្តិ ។ ផ្អែកលើបទពិសោធជាក់ស្តែងរបស់ខ្ញុំ ការហ្វឹងហ្វឺនរយៈពេលខ្លីនោះ វាគ្រាន់តែជាអ្វីដែលភាសាអង់គ្លេសហៅថា៖ (The tip of the iceberg) ឬ ចំណុចតូចមួយ ។ របៀបរបបរស់នៅរបស់ពលរដ្ឋអាមេរិកមានសភាពខុសឆ្ងាយអំពីអ្វីដែលយើងអាចរៀននិងស្វែងយល់តាមរយៈសៀវភៅ ។
នៅក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកចំណុចដែលគេមិននិយាយ (Unwritten Rules) ចំនួនពីរ(២)មកពិភាក្សា ។ ចំណុចពីរនេះគឺ លំនៅដ្ឋាន និងទំនៀមទម្លាប់ចាកចេញពីលំនៅដ្ឋានទៅសិក្សាឲ្យឆ្ងាយពីផ្ទះរបស់និស្សិតអាមេរិកាំង ។ លំនៅដ្ឋាននៅសហរដ្ឋអាមេរិកមានច្រើនសណ្ឋាន ប៉ុន្តែយើងអាចចែកចេញជាបីប្រភេទធំៗគឺ អាផាតមិន/ខុនដូ (Apartment/Condo) ថោនហោម (Townhome) និង សុីងហ្គលហ្វាមីលីហោម (Single Family Home) ។ (សូមមេត្តាកត់សម្គាល់ពាក្យ សុីងហ្គលហ្វាមីលីហោម ឬផ្ទះសម្រាប់តែគ្រួសារមួយ) ។ នៅក្នុងទម្រង់លំនៅដ្ឋានប្រភេទអាផាតមិននិងថោនហោម ល្វែងនីមួយៗគេចែកចេញជា ១ បន្ទប់ ២ បន្ទប់ និង ៣ បន្ទប់ ។ បីបន្ទប់ជាទំហំធំបំផុត ។ ចំណែកផ្ទះសម្រាប់តែគ្រួសារមួយ (Single Family Home) ជាទូទៅគេសង់ឲ្យមានត្រឹមតែបី(៣)បន្ទប់ប៉ុណ្ណោះ ។ វាជារឿងមួយគួរឲ្យឆ្ងល់ថាតើហេតុអ្វីបានជាអាមេរិកាំងគេនិយមសង់ផ្ទះរបៀបនេះ ។ រឿងនេះ វាពាក់ព័ន្ធនឹងប្រការដែលគ្មាននរណានិយាយ (Unwritten Rules) ។
សង្គមគ្រួសារនៅក្នុងពិភពលោកគឺចែកចេញជាពីរទម្រង់ដែលភាសាអង់គ្លេសហៅថា៖ Collectivism and Individualism ឬ សមោហនិយម និង បុគ្គលនិយម ។ នៅទ្វីបអាសុី មជ្ឈិមបូពា និង អាហ្វ្រិក មនុស្សរស់នៅតាមបែបផែនសមោហនិយម ។ ឯនៅបស្ចិមប្រទេស ជាពិសេសទ្វីបអាមេរិកខាងជើង មនុស្សរស់នៅតាមបែបផែន បុគ្គលនិយម ។ សហរដ្ឋអាមេរិកជាប្រទេសដើរតាមគោលការណ៍បុគ្គលនិយមតឹងរឹងជាងគេ ។ គេកម្រឃើញពលរដ្ឋអាមេរិកាំងរស់នៅជុំជាមួយគ្នាបីជំនាន់ណាស់ ។ គ្រួសារនីមួយៗគឺមានត្រឹមតែឪពុកម្តាយ និងកូនៗតែប៉ុណ្ណោះ(ពីរជំនាន់) ។ ឯផ្ទះដែលគេនិយមសង់ត្រឹមបីបន្ទប់នេះគឺតម្រូវតាមរបៀបរបបរស់នៅប្រភេទបុគ្គលនិយមនេះឯង ។ បន្ទប់ធំជាងគេសម្រាប់ឪពុកម្តាយ ។ បន្ទប់បន្ទាប់សម្រាប់កូនទីមួយ ។ បន្ទប់តូចជាងគេសម្រាប់កូនទីពីរ ។ បើគ្រួសារមួយមានកូនភ្លោះ ឬកូនពីរនាក់ដំបូងមានភេទដូចគ្នា គេឲ្យកូនភ្លោះឬកូនពីនាក់ដែលមានភេទដូចគ្នារស់នៅក្នុងបន្ទប់កណ្តាលជាមួយគ្នា ឯបន្ទប់តូចបំផុតទុកសម្រាប់កូនទីបី ។ គួរបញ្ជាក់ថា គ្រួសារអាមេរិកាំងនិយមមានកូនតែពីរនាក់ទេ ។ កូនដែលមានភេទខុសគ្នា គេមិនឲ្យរស់នៅក្នុងបន្ទប់ជាមួយគ្នាឡើយ ទោះបីកូនទាំងនោះមិនទាន់ពេញរូបរាងក៏ដោយ ។ នេះគឺជាទិដ្ឋភាពមួយនៃលក្ខណៈបុគ្គលនិយមរបស់ពលរដ្ឋអាមេរិកាំង ។
សូមនិយាយអំពីផលវិបាកនិងផាសុខភាពរបស់គ្រួសារបីជំនាន់បន្តិច ។ គ្រួសារបីជំនាន់សំដៅលើគ្រួសារដែលមានជីដូនជីតា ឬសាច់ញាតិចាស់ទុំរស់នៅជាមួយ ។ ផាសុខភាពរបស់គ្រួសារប្រភេទនេះគឺមានជីដូនជីតាមើលថែរក្សាកូនក្មេងនៅពេលឪពុកម្តាយក្មេងចេញទៅប្រកបការងារ និងមានម្ហូបអាហារឆ្អិនស្រេចនៅពេលត្រឡប់ពីធ្វើការងារវិញ ។ វាជាជីវិតស្រណុក ណាស់ ។ ប៉ុន្តែ ពលរដ្ឋអាមេរិកាំងភាគច្រើនហាក់ដូចជាមើលមិនឃើញផាសុខភាពនេះទេ ។ មិនមែនជនជាតិអាមេរិកាំងគ្មានម៉ែឪចាស់ៗដែលចូលនិវត្តន៍អាចជួយមើលថែទាំចៅនោះទេ ។ អ្វីដែលជាកត្តាបែងចែកគឺ "ទំនាស់" ។ គម្លាតពេលវេលារវាងជំនាន់ទី១និងទី៣ មានរយៈពេលប្រមាណជា ៦០ឆ្នាំ ។ ចំណង់ចំណូលចិត្តក៏ខុសគ្នាដូចមេឃនិងដីដែរ ។ ប្រការនេះហើយដែលគ្រួសារមេរិកាំងភាគច្រើនមិនរស់ជុំគ្នាជាលក្ខណៈសមោហនិយម ត្បិតគេមិនចង់ឲ្យជំនាន់ទី៣រងសម្ពាធនិងឥទ្ធិពលច្រើនស្រទាប់ ។ នៅមានប្រការពាក់ព័ន្ធនឹង Unwritten Rules នេះច្រើនទៀត ប៉ុន្តែសុំមិនបកស្រាយនៅទីនេះទេ ។
ការចាកចេញពីលំនៅដ្ឋានទៅសិក្សានៅទីឆ្ងាយជាទំនៀមទម្លាប់មួយរបស់និស្សិតអាមេរិកាំង ។ ទំនៀមទម្លាប់នេះមិនមែនកើតចេញមកដោយគ្មានហេតុផលនោះទេ ។ វាពាក់ព័ន្ធនឹង "ទំនាស់" នៅក្នុងដំណើរជីវិត ។ កាលពី៣០ឆ្នាំមុន ខ្ញុំក៏ជានិស្សិតចំណាកលំនៅដ្ឋានម្នាក់ដែរ ។ ដូច្នេះ ខ្ញុំប្រមូលបានទិន្នន័យច្រើនគួរសមពាក់ព័ន្ធនឹងរឿងចំណាកលំនៅដ្ឋាននេះ ។ ផ្អែកលើការស្វែងយល់អំពីនិស្សិតចំណាកលំនៅដ្ឋានដទៃ ហេតុផលចម្បងដែលនាំឲ្យយើងចាកចេញពីផ្ទះទៅរៀននៅទីឆ្ងាយគឺ សេរីភាព ។ កត្តាបន្ទាប់គឺ ធុញទ្រាន់ ។ ចំណុចមួយទៀតដែលជាកត្តាបន្ទាប់បន្សំគឺយើងចង់ស្ទាបស្ទង់សមត្ថភាពរបស់យើងថាតើអាចរស់ដោយខ្លួនឯងបានហើយឬនៅ ។
សេរីភាពនិងភាពធុញទ្រាន់គឺជាកត្តាចម្បងនាំទៅរកការចាកចេញពីលំនៅដ្ឋានរបស់និស្សិតអាមេរិកាំង ។ យើងអាចស្រមៃមើលថា បន្ទាប់ពីរងការដុកដាន់ពីសំណាក់ឪពុកម្តាយឲ្យធ្វើលំហាត់ Homeworks រយៈពេល១២ឆ្នាំ ចាប់តាំងពីមតេយ្យសាលាដល់ថ្នាក់ទី ១២ យុវជនគ្រប់រូបបើមិនទ្រាន់ ក៏ធុញដែរ ។ ដូច្នេះហើយបានជាម្នាក់ៗបន់ឲ្យតែចប់ High School នឹងអាលបានចាកចេញពីសំបុកដ៏ធុញថប់នោះ ។ ម៉្យាងទៀត ការសិក្សានៅមហាវិទ្យាល័យ ត្រូវការសេរីភាពច្រើនដើម្បីស្វែងយល់អំពីចំណុចស្មុគស្មាញនានាពាក់ព័ន្ធនឹងជីវិត ។ បើមានមែឪនៅតាមដឹកកន្លុះជាប្រចាំនោះ លទ្ធផលប្រាកដជាពិបាកថ្លែងណាស់ ។ (រស់នៅក្នុងផ្ទះគាត់ ស៊ីបាយគាត់ រឿងអីមិនត្រូវធ្វើតាមគាត់? No way Jose!) ។
ការចាកចេញពីលំនៅដ្ឋានទៅសិក្សាឆ្ងាយពីផ្ទះ មិនត្រឹមតែផ្តល់ឲ្យយើងនូវសេរីភាពពេញលេញនោះទេ វាផ្តល់ឱកាសឲ្យយើងស្វែងយល់អំពីភាពរឹងមាំឬទន់ខ្សោយរបស់យើងផងដែរ ។ យុវជននៅស្រុកខ្មែរសព្វថ្ងៃគេនិយមហៅប្រការនេះថា៖ "ស្វែងរកខ្លួនឯង" ។ ការស្វែករកខ្លួនឯងនេះបាននាំទៅដល់របត់មួយថ្មីទៀតសម្រាប់សង្គមគ្រួសារអាមេរិកាំង ក៏ដូចជាគ្រួសារខ្មែរជាច្រើននៅសហរដ្ឋអាមេរិកដែរ ។ និស្សិតចំណាកលំនៅដ្ឋានជាច្រើន មិនវិលត្រឡប់ទៅទ្រនំចាស់វិញទេ ។ បន្ទាប់ពីបញ្ចប់ការសិក្សា (ឬមិនបានបញ្ចប់ក្តី) និស្សិតភាគច្រើនទៅរស់នៅទីណាដែលជាកន្លែងផ្តល់ការងារឲ្យពួកគេ ។ អ្នកដែលត្រឡប់ទៅផ្ទះវិញនោះមានតិចតួចណាស់ ។ ជាលទ្ធផល ផ្ទះដែលឪពុកម្តាយទិញបំពេញតម្រូវការកាលពួកគេនៅតូចៗនោះ ក៏ក្លាយទៅជាផ្ទះដែលខ្វះមនុស្សរស់នៅ ។ ថ្មីៗនេះ ចៅហ្វាយខ្ញុំបានលក់ផ្ទះរបស់គាត់ចោល ហើយទៅទិញខុនដូដែលមានតែមួយបន្ទប់រស់នៅវិញ បន្ទាប់ពីកូនៗរបស់គាត់សម្រេចមិនវិលត្រឡប់មករស់នៅជាមួយគាត់ ។ គួរកត់សម្គាល់ថា ខ្ញុំស្គាល់កូនរបស់ចៅហ្វាយខ្ញុំតាំងតែពីពួកគេរៀននៅថ្នាក់ទី ១ និង ទី ៣ ម្លេះ ។ យើងមានទំនាក់ទំនងនឹងគ្នាជាងម្ភៃឆ្នាំហើយ ។ ឯមិត្តភក្តិនិងសាច់ញាតិខ្ញុំជាច្រើនទៀតក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដែរ ។ នេះគឺជាតថភាពមួយដែលសង្គមគ្រួសារបុគ្គលនិយមកំពុងជួបប្រទះ ។ នៅថ្ងៃអនាគត គេប្រហែលជាត្រូវរកមធ្យោបាយសង់ផ្ទះដែលម្ចាស់អាចពង្រីកនិងបង្រួមបានដោយខ្លួនឯងហើយមើលទៅ ដើម្បីដោះស្រាយបញ្ហាចំណាកលំនៅដ្ឋាននេះ ៕
Thursday, February 20, 2020
ចំណីខួរក្បាល
មេរោគកូរូណា ឬ COVID-19
ខ្ញុំមិនមែនជាអ្នកវិទ្យាសាស្ត្រផ្នែកខាងមេរោគ Micrologist ទេ ។ ការសរសេរអត្ថបទនេះ គឺគ្រាន់តែជាការប្រមូលផ្តុំពត៌មាននានាដែលយើងអាចស្រាវជ្រាវដោយខ្លួនឯង ដើម្បីជួយបំភ្លឺនិងផ្តល់ចម្លើយខ្លះៗសម្រាប់ចម្ងល់មួយចំនួនពាក់ព័ន្ធនឹងមេរោគប្រភេទ វីរ៉ុស (Virus) ។
មេរោគដែលរុកគួនបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ និង រុក្ខជាតិ ជាប្រចាំមានពីរប្រភេទធំៗគឺ៖ បាក់តេរី និង វីរ៉ុស (Bacteria and Virus) ។ ពួកវាជាអង្គជាតិតូចមែនទែន ។ បើប្រៀបធៀបទៅនឹងសសៃសក់គឺស្មើនឹងសក់មួយជ្រៀកជា ១០ ១០០ ឬ ១០០០ ឯណោះ ។ កត្តាសំខាន់មួយរបស់មេរោគដែលអ្នកវិទ្យាសាស្ត្រទទួលស្គាល់គឺវាមានភាពឆ្លាតវាងវៃនិងសមត្ថភាពខ្ពស់ ។ គួរចងចាំដែរថា៖ មេរោគវីរ៉ុសជាច្រើន គ្មានថ្នាំសម្រាប់សម្លាប់ពួកវាទេ ។
មុននឹងស្វែងយល់អំពីមេរោគ យើងគួរស្វែងយល់អំពីទំនាក់ទំនងរវាងមេរោគនិងរូបយើងសិន ។ នៅលើនិងក្នុងខ្លួនមនុស្សគ្រប់ៗរូបមានមេរោគប្រភេទបាក់តេរីនិងវីរ៉ុសរស់នៅរាប់លាន ។ បើប្រៀបធៀបទៅនឹងកោសិការបស់មនុស្ស វាមានចំនួនច្រើនជាងកោសិការបស់យើងពី ៣ទៅ១០ដង ។ អ្នកប្រាជ្ញហៅមេរោគដែលរស់នៅលើនិងក្នុងខ្លួនយើងនេះថា ជាញាតិសន្តាន (Friendly microbes) ។ តួនាទីរបស់មេរោគទាំងនេះគឺទ្រទ្រង់និងការពាររូបរបស់យើង ។ វាប្រៀបដូចជាកងទ័ពដូច្នោះដែរ ។ ពាក្យវិទ្យាសាស្ត្រដែលគេប្រើពាក់ព័ន្ធនឹងប្រការនេះគឺ អត្តិសុខុមប្រាណ (Immuniy/Antibody) ។
មេរោគវីរ៉ុសសាហាវៗដូចជា កូរ៉ូណាវីរ៉ុស ឬ COVID-19 ភាគច្រើនមានប្រភពចេញមកអំពីសត្វ ។ នៅពេលវាឆ្លងចូលមកក្នុងខ្លួនមនុស្សតាមរយៈ ផស្សៈ (Contact) វានឹងពើបប្រយុទ្ធជាមួយនឹងអត្តិសុខុមប្រាណរបស់មនុស្ស ។ បើវាមានប្រៀបជាង មនុស្សនឹងឈឺហើយអាចឈានទៅដល់ក្តីស្លាប់ ។ នៅពេលយើងឈឺដោយប្រការនេះ គឺយើងស្វែងរកថ្នាំមកព្យាបាល ។ ការព្យាបាលនេះមិនមែនយកថ្នាំទៅសម្លាប់វីរ៉ុសឡើយ ។ គឺគេដាក់ថ្នាំដើម្បីជួយពង្រឹងអត្តិសុខុមប្រាណរបស់មនុស្សដើម្បីឲ្យអត្តិសុខុមប្រាណទាំងនោះវាយកំចាត់វីរ៉ុសដែលមកបង្កជម្ងឺដល់យើងនោះចេញ ។ គេមិនដឹងជាក់លាក់ថាអត្តិសុខុមប្រាណរបស់មនុស្សកំចាត់វីរ៉ុសដែលមករុកគួនយើងនោះដោយវិធីណាទេ ។ វាអាចកំចាត់វីរ៉ុសចង្រៃនោះ ឬក៏ទទួលស្គាល់គ្នាជាមិត្តភក្តិឲ្យរស់នៅក្នុងខ្លួនមនុស្សដោយមិនបង្កទុក្ខទោស ។ គួរកត់សម្គាល់ថា នៅពេលដែលវីរ៉ុសឆ្លងពីសត្វមកមនុស្ស វាមិនទាន់បង្កឲ្យមានហានិភ័យជាអាសន្នរោគធំដុំទេ ។ វាបង្កឲ្យមានអាសន្នរោគ (Pandemic) នៅពេលដែលវាអាចបំប្លែង(Transform)ខ្លួនវាដើម្បីឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ជម្ងឺកូរ៉ូណាដែលកំពុងរាតត្បាតប្រទេសចិននិងពិភពលោកសព្វថ្ងៃនេះ គឺឈានដល់ដំណាក់កាលនេះហើយ ។
ពូជពង្សវង្សត្រកូលរបស់វីរ៉ុសដែលរុកគួនមនុស្សតាមរយៈផ្លូវដង្ហើម ត្រូវបានគេឲ្យឈ្មោះជាទូទៅថា Influenza (Flu) ។ ពីដើមមិញ គេតែងភ្ជាប់ពាក្យ Flu ទៅនឹងសត្វដែលជាប្រភពនៃជម្ងឺ ។ ឧទាហរណ៍៖ Bird Flu, Swine Flu ឬ គ្រុនបក្សី គ្រុនជ្រូក ។ នៅពេលដែលគេរកឃើញអត្តសញ្ញាណវាជាក់លាក់ គេនឹងឲ្យឈ្មោះផ្លូវការដោយអក្សរ HN សម្រាប់សម្គាល់ ។ ឧទាហរណ៍៖ H1N1, H2N2, H5N1 etc. ។
អ្នកវិទ្យាសាស្ត្រហៅវីរ៉ុសដែលបង្កបញ្ហាផ្លូវដង្ហើមថា Airborne Disease ឬ មេរោគដែលអាចបណ្តែតខ្លួននៅក្នុងលម្ហ ។ ប៉ុន្តែការឆ្លងរបស់វាក៏អាចចូលមកតាមរយៈផស្សៈផងដែរ ។ ដូច្នេះហើយបានជាគេទូន្មានឲ្យមនុស្សពាក់ម៉ាសនិងលាងដៃជាប្រចាំដើម្បីការពារខ្លួន ។ យើងអាចសន្មត់ថា វីរ៉ុសមិនអាចរស់ដោយឯកឯងបានទេ ។ វាត្រូវការម្ចាស់ផ្ទះ (Host) និងភ្នាក់ងារដឹកជញ្ជូន (Transport Agents) ដើម្បីរស់នៅនិងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ យើងអាចប្រៀបធៀបប្រការនេះទៅនឹងមនុស្សដែលត្រូវការផ្ទះដើម្បីរស់នៅ និងយន្តហោះឬនាវាទេសចរណ៍ដើម្បីធ្វើដំណើរពីទ្វីបមួយទៅទ្វីបមួយទៀត ។ ខ្លួនមនុស្សឬសត្វជាផ្ទះរបស់វីរ៉ុស ។ ឯតំណក់តូចៗនៃសារធាតុសំណើមគឺជាភ្នាក់ងារដឹងជញ្ជូនរបស់វីរ៉ុស ។ លម្អងសំណើមតូចៗនេះហើយដែលជួយការពារវីរ៉ុសកុំឲ្យស្លាប់ នៅពេលវាធ្វើដំណើរពីប្រភពមួយទៅប្រភពមួយទៀត ។ ចំណុចសំខាន់មួយដែលយើងត្រូវដឹងគឺវីរ៉ុសអាចសំងំក្នុងខ្លួនមនុស្សដោយមិនបង្ហាញរោគសញ្ញាឡើយ ។ ជាគោលការណ៍ គេកំណត់រយៈពេល១៤ថ្ងៃ សម្រាប់ការពួនសំងំនេះ ។ ប៉ុន្តែ គោលការណ៍គឺគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ ។ សមត្ថភាពលាក់ខ្លួនរបស់វីរ៉ុសអាចមានរយៈពេលយូរជាង១៤ថ្ងៃ ។
ការផលិតវ៉ាក់សាំងដើម្បីទប់ទល់ជាមួយនឹងវីរ៉ុសរាតត្បាតដូចជា កូរ៉ូណា គឺជាដំណើរស្មុគស្មាញនិងវែងឆ្ងាយ ។ ដើម្បីផលិតវ៉ាក់សាំងដែលមានប្រសិទ្ធិភាព គេត្រូវស្វែងរកប្រភពដើមដំបូងបំផុតដែលវីរ៉ុសនេះចេញមក ។ និយាយឲ្យខ្លីគឺស្វែងរកមនុស្សទីមួយដែលស្លាប់ដោយសារវីរ៉ុសនេះ ហើយសួរនាំអ្នកដែលនៅជំវិញគាត់អំពីសកម្មភាពនានាដែលគាត់បានធ្វើមុនពេលគាត់ស្លាប់ ។ បន្ទាប់ពីកំណត់អត្តសញ្ញាណនៃប្រភពដែលផ្តល់កំណើតឲ្យវីរ៉ុសហើយ គេយកសំណាក (Samples) មកធ្វើវិភាគ RNA ដើម្បីស្វែករក Genetic Blueprint ឬអត្តសញ្ញាណជាក់លាក់របស់វីរ៉ុសនិងម្ចាស់ផ្ទះ (Host) របស់វា ។ គឺតុល្យភាពឬភាពសុខដុមរម្យនារវាងវីរ៉ុសនិងម្ចាស់ផ្ទះនេះហើយ ដែលអាចឲ្យមនុស្សរកមធ្យោបាយធ្វើវ៉ាក់សាំងការពារខ្លួនបាន ។ និយាយឲ្យងាយយល់ វ៉ាក់សាំងគឺការចិញ្ចឹមវីរ៉ុសដោយដកពិសវាចេញ ហើយចាក់បញ្ចូលទៅក្នុងខ្លួនមនុស្សដើម្បីបង្កើតឲ្យមានអត្តិសុខុមប្រាណ (Immunity/Antibody) ។ និយាយមួយបែបទៀត គឺយើងយករីរ៉ុសទៅកំចាត់វីរ៉ុស ឬខ្ចីដៃសត្រូវទៅកំចាត់សត្រូវ ។
ប្រការមួយទៀតដែលគួរយល់ដឹងគឺមនុស្សស្លាប់នៅក្នុងប្រទេសចិនប្រមាណ១០០នាក់ក្នុងមួយថ្ងៃដោយសារកូរូណាវីរ៉ុសបច្ចុប្បន្ន ។ មូលហេតុចម្បងដែលបង្កឲ្យមានការស្លាប់ច្រើនដូច្នេះ គឺដោយសារមនុស្សមិនទាន់មានអត្តិសុខុមប្រាណ (Immunity) ដើម្បីទប់ទល់ជាមួយនឹងវីរ៉ុសប្រភេទថ្មីនេះនៅឡើយ ។ ដូចដែលបានលើកឡើងខាងលើ ។ ដើម្បីទប់ទល់ជាមួយវីរ៉ុស គេត្រូវស្គាល់អត្តសញ្ញាណជាក់លាក់របស់វា ហើយរកវិធីកំចាត់វាតាមរយៈការពង្រឹងអត្តិសុខុមប្រាណរបស់មនុស្ស ។ នៅក្នុងករណីដែលគេមិនទាន់រកឃើញប្រភពដើមនិងអត្តសញ្ញាណជាក់លាក់របស់វីរ៉ុសនៅឡើយទេ មធ្យោបាយតែមួយគត់ដើម្បីរាំងខ្ទប់វាកុំឲ្យរីកសាយភាយចេញមកក្រៅគឺបិទតំបន់ដែលវីរ៉ុសផុសចេញមក (Closed off center of outbreak) ។ ប្រទេសចិនដែលបិទមិនឲ្យពលរដ្ឋនៅក្រុងវូហានចាកចេញពីក្នុងតំបន់ ឬប្រទេសជប៉ុនបដិសេធមិនឲ្យនាវាទេសចរណ៍ វ៉េសទឺដាម ចូលសំចត មិនមែនជាទង្វើអមនុស្សធម៌ឬរើសអើងទេ ។ វាជាការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ហេតុផលគុណធម៌នៅមានច្រើនទៀត ប៉ុន្តែ សូមមិនបរិយាយបន្តទេគ្រាន់តែចង់ពិចារណាអំពីនាវា វ៉េសទឺដាម មកសំចតនៅកំពង់ផែព្រះសីហនុបន្តិច ។
ការមកដល់នៃនាវាទេសចេណ៍ Westerdam នៅក្នុងទឹកដីកម្ពុជាគឺជារឿងគួរឲ្យសោកស្តាយបំផុត ។ បន្ទាប់ពីត្រូវបានបដិសេធដោយប្រទេសជប៉ុននិងហ្វីលីពីនមិនឲ្យចូលសំចត នាវានេះមិនគួរបន្តដំណើរមកកាន់ឈូងសមុទ្រថៃទេ ។ គោលដៅសមស្របគឺត្រូវធ្វើដំណើរទៅកាន់ទីក្រុង ហុងកុង ដែលជាប្រភពដើម (Point of Departure) នោះវិញ ត្បិតនាវា ដាយាម៉ុន ព្រិនសេស (Diamond Princess) ដែលចាកចេញពីប្រភពជាមួយគ្នានោះត្រូវបានប្រទេសជប៉ុនរកឃើញថាមានផ្ទុកកូរ៉ូណាវីរ៉ុស ។ បច្ចុប្បន្ន មនុស្សម្នាក់ដែលចាកចេញពីនាវា វ៉េសទឺដាម ដោយឆ្លងកាត់តាមប្រទេសខ្មែរត្រូវបានអាជ្ញាធរមាឡេសុីរកឃើញថា មានផ្ទុកវីរ៉ុសកូរូណា ។ ប្រសិនបើករណីនេះមានតែមួយគត់ហើយអាចគ្រុបគ្រងបាន យើងអាចចាត់ទុកថាជាសំណាងដ៏ធំមួយ ។ ប៉ុន្តែ បើមានករណីផ្សេងទៀតលេចចេញមក វានឹងបង្កឲ្យមានគ្រោះអាសន្នដ៏ស្មុគស្មាញ ។
ហេតុផលដែលប្រទេសកម្ពុជាអនុញាតឲ្យនាវាវ៉េសទឺដាមចូលសំចតនៅកំពង់ផែព្រះសីហនុអាចមានច្រើនលើសអំពីមនុស្សធម៌និងបំបាត់ការរើសអើង ។ បើយើងនិយាយថា យកពត៌មានកំចាត់ពត៌មាន ដូចគេយកវីរ៉ុសទៅកំចាត់វីរ៉ុស ក៏សមម៉្យាងដែរ ។ ពត៌មានក្តៅអំពីកម្ពុជានៅដើមខែកុម្ភៈគឺរឿងបាត់បង់ការអនុគ្រោះពន្ធ (EBA) ។ ប៉ុន្តែ នៅពេលដែលនាវា វ៉េសទឺដាម មកដល់កំពង់សោម ពត៌មានអំពី (EBA) ត្រូវបានរលាយខ្សុរដូចអំបិលត្រូវទឹក ។ វាជាយុទ្ធសាស្ត្របាញ់ព្រួញមួយត្រូវចាប ពីរបី ។ ពលរដ្ឋខ្មែរលែងខ្វល់ពីរឿងឆ្នាំបាយ ហើយបែរមកខ្វល់ពីរឿងជំងឺរាតត្បាតវិញម្តង ។ ឯមនុស្សនៅក្នុងពិភពលោកក៏ស្គាល់ប្រទេសកម្ពុជារឹតតែច្រើនថែមទៀតដែរ ជាពិសេសគឺការថ្លែងអំណរគុណកម្ពុជារបស់ប្រធានាធិបតីដូណាល់ ត្រាំ តាមរយៈធ្វីទឺ (Twitter) ។ គួរកត់សម្គាល់ថា ប្រមុខរដ្ឋដែលសាទរកម្ពុជាក្នុងការអនុញាតឲ្យនាវាវ៉េសទឺដាមចូលសំចត ដើម្បីឲ្យអ្នកដំណើរមានលទ្ធភាពជិះយន្តហោះបន្តដំណើរទៅកាន់ប្រទេសកំណើតរបស់ខ្លួន ភាគច្រើនមានពលរដ្ឋរបស់ខ្លួនស្ថិតនៅក្នុងនាវានោះ ។ ប្រមុខរដ្ឋដទៃដែលគ្មានពលរដ្ឋនៅក្នុងនាវាវ៉េសទឺដាម ជាពិសេសប្រមុខរដ្ឋដែលជាសម្ព័ន្ធមិត្តរបស់កម្ពុជានៅអាស៊ាន ហាក់ដូចជាគ្មាននរណាថ្លែងសារសាទរទង្វើមនុស្សធម៌ដ៏មហោឡារឹកនោះឡើយ ។ សច្ចៈភាពនៅពីក្រោយទង្វើផ្ទុយគ្នានេះ ប្រហែលជាមានតែទេវតាទេទើបដឹង ៕
Friday, February 7, 2020
ចំណាប់អារម្មណ៍
ទស្សនកិច្ច
កាលពីថ្ងៃមុន ខ្ញុំបានសរសេរអំពីភាពស្រដៀងគ្នារវាងរដ្ឋបាលឥណ្ឌាសម័យបុរាណនិងរដ្ឋបាលអាមេរិកាំងសម័យបច្ចុប្បន្ន ដែលយកពួកព្រាហ្មណ៍និងអ្នកវិទ្យាសាស្ត្រ មកធ្វើជាក្បាលម៉ាសុីនក្នុងការគ្រុបគ្រងដឹកនាំប្រទេស ។ ក្រុមអ្នកវិទ្យាសាស្ត្រដែលរៀបចំគោលនយោបាយបច្ចេកវិជ្ជាឲ្យប្រធានាធិបតីនៃសហរដ្ឋអាមេរិកមានឈ្មោះថា ក្រុមប្រឹក្សាគណកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា ។ នៅដើមសប្តាហ៍នេះ ខ្ញុំមានឱកាសបានចូលទៅអង្គុយស្តាប់ក្រុមប្រឹក្សានេះពិភាក្សាគ្នានៅក្នុងអគារការិយាល័យសេតវិមានដែលគេហៅជាទូទៅថា Old Executive Building (វ៉ាំងចាស់) ។
មុននឹងបរិយាយបទពិសោធរបស់ខ្ញុំក្នុងការអង្គុយស្តាប់គេជជែកគ្នា ខ្ញុំសូមរៀបរាប់អំពីសាវតារនិងសម្ផស្សរបស់អគារ វ៉ាំងចាស់នេះបន្តិច ។ លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកឈ្មោះ អុយលីស អេស ហ្គ្រេន Ulysses S. Grant (រូបគាត់នៅលើក្រដាសប្រាក់ ៥០ដុល្លារ) បានចាត់ចែងសង់អគារនេះនៅចុងទសវត្សឆ្នាំ ១៨៦០ ។ សហរដ្ឋអាមេរិកចំណាយពេល ១៩ឆ្នាំ និងទឹកប្រាក់ជាង ១០លានដុល្លារដើម្បីកសាងអគារបុរាណមួយនេះ ។ នៅពេលអគារនេះត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាទីស្នាក់ការរបស់ក្រសួងការបរទេសនិងក្រសួងការពារជាតិនៅឆ្នាំ ១៨៨៨ មនុស្សជាច្រើនរួមទាំងប្រធានាធិបតីមួយចំនួនផង មិនចូលចិត្តអគារនេះទេ ។ មូលហេតុដែលគេមិនចូលចិត្តអគារនេះ ព្រោះវាមានសណ្ឋានដូចរាជវ៉ាំងនៅអឺរ៉ុប ដែលជានិមិត្តរូបនៃជនផ្តាច់ការនិងរបបផ្តាច់ការ ។ ប៉ុន្មានឆ្នាំក្រោយមក ស្ថាបត្យករដែលរចនាអគារនេះបានធ្វើអត្តឃាត ហើយក្រសួងការបរទេសក៏សង់ទីស្នាក់ការថ្មីរបស់ខ្លួននៅភាគខាងលិចចម្ងាយប្រមាណជាមួយគីឡូម៉ែត្រពីទីនេះ ។ ឯក្រសួងការពារជាតិក៏បានលើកទីស្នាក់ការរបស់ខ្លួងទៅដាក់នៅត្រើយម្ខាងស្ទឹងដែលយើងស្គាល់ថាជាមន្ទីរ ប៉ង់តាហ្គូន សព្វថ្ងៃនេះ ។ បន្ទាប់ពីក្រសួងទាំងពីរចាកចេញទៅ អគារនេះត្រូវបានបុគ្គលិកសេតវិមានយកមកធ្វើជាការិយាល័យ ។ អនុប្រធានាធិបតីភាគច្រើនមានការិយាល័យមួយនៅទីនេះ ដើម្បីងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងប្រធានាធិបតី ។
នៅឆ្នាំ ១៩៥៥ លោកប្រធានាធិបតី អៃសិនហោវឺ (Eisenhower) បានធ្វើសន្និសិតកាសែតផ្សាយតាមទូរទស្សដំបូងបំផុតចេញពីបន្ទប់មួយនៅក្នុងអគារនេះ ។ បន្ទប់ដែលមានរូបកិន្នរ (Deity) និងក្បូរក្បាច់រចនានៅក្នុងរូបភាពខាងក្រោម គឺជាកន្លែងដែលគេថតផ្សាយតាមទូរទស្សនាគ្រានោះ ។ នៅឆ្នាំ ១៩៥៩ ដោយរងសម្ពាធពីសំណាក់មជ្ឈឋានជាច្រើន រដ្ឋាភិបាលអាមេរិកគ្រោងវាយអគារនេះចោល ប៉ុន្តែមិនទាន់ដាច់ចិត្តវាយវាចោលនៅឡើយ ។ ១០ឆ្នាំក្រោយមក ក្រុមអ្នកអភិរក្សអគារបុរាណបានបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យរក្សាអគារនេះទុកជាសម្បត្តិបេតិកភណ្ឌជាតិ ។ នៅឆ្នាំ ១៩៧០ អគារនេះត្រូវបានគេចុះបញ្ជីជាបេតិកភណ្ឌជាតិ ហើយក៏រស់រានមានអត្ថិភាពរហូតដល់សព្វថ្ងៃ ។ ផ្នែកខាងក្នុងនៃអគារបុរាណនេះ គេរក្សាទុកឥដ្ឋការូពណ៌ស្រដៀងគ្នានឹងឥដ្ឋពណ៌នៅតាមព្រះវិហារចាស់ៗរបស់ខ្មែរដែរ ។ បន្ទប់សាលប្រជុំខ្លះ គេយកឈើពណ៌ផ្សេងៗគ្នាមករៀបផ្គុំឲ្យមានសណ្ឋានដូចឥដ្ឋការ៉ូដែរ ។ បើយើងមិនចាប់ភ្លឹកយើងមិនដឹងថា កម្រាលការ៉ូដែលយើងកំពុងឈរលើនោះជាឈើទេ ។
សូមនិយាយអំពីកិច្ចការប្រទេសជាតិវិញម្តង ។ អ្នកប្រាជ្ញអាមេរិកដែលមានតួនាទីរៀបចំគោលនយោបាយពាក់ព័ន្ធនឹងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជនោះ គេហាក់ដូចជាផ្តោតគំនិតលើគោលការណ៍ធំៗពីរ ។ ទីមួយគឺ វិទ្យាសាស្ត្រក្វាន់តូម (Quantum Science) ។ ទីពីរគឺ វិញ្ញាណសិប្បនិមិត្ត (Artificial Intelligence, AI) ។ គេក៏និយាយអំពី ស្តឹម (STEM: Science, Technology, Engineering, and Math) ផងដែរ ។
Quantum Science គឺជាអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ ត្បិតខ្ញុំមិនដែលបានរៀនហើយក៏មិនយល់ថា ក្វាន់តូម ជាអ្វីទេ ។ សម្រាប់ខ្ញុំវាប្រៀបដូចជា និព្វាន ដែលខ្ញុំមិនដឹងថាមានរូបរាងនិងសណ្ឋានដូចម្តេច ។ ប៉ុន្តែ ខ្ញុំដឹងថា មានអ្នកប្រាជ្ញមួយរូបឈ្មោះ អាលបឺត អាញស្តាញ (Albert Einstein) ដែលជាបុគ្គលមានឈ្មោះបោះសម្លេងនៅក្នុងរឿង ក្វាន់តូម នេះ ។ អាញស្តាញ បានទទួលអនិច្ចកម្មជិតមួយសតវត្សហើយ ។ កាលគាត់យកទ្រឹស្តីក្វាន់តូមនេះមកបកស្រាយ មិនសូវមានមនុស្សយល់ទេ ។ ឥឡូវនេះមិនត្រឹមតែមានមនុស្សជាច្រើនកំពុងស្វែងយល់ គេថែមទាំងយករបកគំហើញរបស់គាត់មកត្រួសត្រាយផ្លូវ ដើម្បីស្វែងរកសារប្រយោជន៍ទ្រទ្រង់មនុស្សជាតិទៀតផង ។ នៅអនាគតដ៏ខ្លីខាងមុខនេះ មនុស្សជាតិអាចនឹងទទួលបានសមិទ្ធិផលមួយចំនួនទៀតដែលអស្ចារ្យលើសអំពីកំព្យូទ័រនិងអាយហ្វូន ។ យើងមិនអាចដឹងថា សមិទ្ធិផលនោះមានសណ្ឋានដូចម្តេចនៅឡើយទេ ។ ប៉ុន្តែ វានឹងប្រាកដខ្លួនឡើងនៅក្នុងកាលៈទេសៈសមស្របមួយ ។
រឿងចម្លែកមួយទៀតដែលខ្ញុំបានរៀនចេញអំពីទស្សនកិច្ចអង្គុយស្តាប់គេនោះគឺ សញ្ញាប័ត្រដោយមិនចាំបាច់ចូលសាលា ។ សញ្ញាប័ត្រប្រភេទនេះគឺសំដៅដល់ការសិក្សាដោយខ្លួនឯង ។ និស្សិតមហាវិទ្យាល័យនិងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកប្រមាណជា ៥០% សិក្សាតាមអនឡាញ (Online Courses) ។ ការសិក្សាប្រភេទនេះគឺអនុលោមទៅតាមឆន្ទៈនិងការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗ ។ ការទទួលស្គាល់ចំណេះដឹងនិងសមត្ថភាពរបស់បុគ្គលដែលចេញអំពីប្រភពក្រៅសាលានេះ គឺជាគោលដៅមួយដែលគេត្រូវធ្វើ ។ វាក៏ជាកត្តាជៀសមិនរួចផងដែរ (Trends) ។ នៅស្រុកខ្មែរបច្ចុប្បន្ន ខ្ញុំសង្កេតឃើញយុវជនមួយចំនួនបានអនុវត្តគោលការណ៍សិក្សាដោយខ្លួនឯងនេះ យូរក្រែលដែរហើយ ។ ប៉ុន្តែ ពួកគេភាគច្រើនអនុវត្តកិច្ចការនេះដោយសារកត្តាខាងក្រៅជម្រុញ ដូចជាភាពក្រីក្រ និងកង្វះខាតមធ្យោបាយនានា ។ល។ លោក ឡាំ លីម ដែលជាអ្នកនិពន្ធសៀវភៅ អំណានជាអំណាច ជាបុគ្គលឈានមុខគេនៅក្នុងប្រការនេះ ។ គាត់ហាក់ដូចជារកឃើញផ្លូវទៅកាន់ឋានសួគ៌រួចទៅហើយ ។ សម្រាប់អ្នកដែលមានកូនកំពុងរៀន រាប់បញ្ចូលទាំងខ្លួនខ្ញុំផងដែរ ការលើកទឹកចិត្តកូនឲ្យរៀនដោយខ្លួនឯងប្រហែលជាទីប្រកួតដែលមិនអាចជៀសផុតឡើយ ។ គួរកត់សម្គាល់ថា រៀនដោយខ្លួនឯងមិនមែនម៉ែឪបង្រៀនទេ ។ គប្បីចែកប្រការនេះឲ្យដាច់ដោយឡែកពីគ្នា ជៀសវាងបង្កឲ្យមានផលវិបាកនានា ។
មុននឹងបញ្ចប់ ខ្ញុំសូមធ្វើការចាប់អារម្មណ៍លើសមត្ថភាពរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជារបស់ប្រធានាធិបតីអាមេរិកបន្តិច ។ ទស្សនវិទូនិងអ្នកប្រាជ្ញឈានមុខទាំងនេះ គ្មានគោរម្យងារសម្រាប់សម្គាល់ទេ ។ បើពួកគេដើរតាមផ្លូវនៅក្រៅបរិវេណសេតវិមាន សូម្បីតែឆ្កែក៏មិនព្រុសដែរ ។ ប៉ុន្តែ នៅពេលបានឃើញការជជែកពិភាក្សារបស់ពួកគេ ខ្ញុំសង្កេតឃើញថា វាមានស្តង់ដារនិងភាពមធ្យ័តខ្ពស់ជាងក្រុមអ្នកប្រាជ្ញដទៃដែលខ្ញុំធ្លាប់ជួប ។ ថ្វីត្បិតតែការពិភាក្សាខ្លះមានកម្រិតខ្ពស់ហួសពីការយល់ដឹងរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានទទួលនូវចំណីខួរក្បាលដ៏វិសេសវិសាលមួយដែលខ្ញុំមិនធ្លាប់បានភ្លក្សពីមុនមក ៕
Wednesday, February 5, 2020
សៀវភៅ
នៅពីក្រោយមោទនភាពជាតិ
ខ្ញុំទើបនឹងបានអានសៀវភៅថ្មីមួយមានចំណងជើងថា៖ នៅពីក្រោយមោទនភាពជាតិ ។ អ្នកស្រី ប៉ាង វ៉ាន់ថោន ដែលជាអ្នកនិពន្ធសៀវភៅនេះបានមុជយ៉ាងជ្រៅទៅក្នុងភាពអាប់អួរនៃសង្គមខ្មែរដើម្បីស្វែងយល់អំពីកត្តានានាដែលធ្វើឲ្យសង្គមក៏ដូចជាអត្តចរិតរបស់ពលរដ្ឋខ្មែរធ្លាក់ចុះដុនដាបគួរឲ្យសង្វេក ។ នៅក្នុងទសវត្សឆ្នាំ ១៩៧០ ស្មេរសង្គមសាស្ត្រ (Social critics) ខ្មែរមួយចំនួនមានជាអាទ៍៖ លោក គយ សារុន លោក ឃុន ស្រ៊ុន និងលោក ប៊ុនចណ្ណ ម៉ុល ធ្លាប់បានបង្ហូរទឹកប៊ិកនិងទឹកភ្នែកស្រែកដង្ហើយឲ្យខ្មែរភ្ញាក់រលឹកដឹកនាំខ្លួនចេញពីភាពអាប់អួរម្តងរួចមកហើយ ។ ប៉ុន្តែ អ្វីដែលជាកត្តាកត់សម្គាល់គឺថា កន្លងទៅអស់រយៈពេលជាងកន្លះសតវត្ស ជំងឺសង្គមរបស់ខ្មែរមិនត្រឹមតែមិនបានធូស្រាលនោះទេ វាកំពុងតែធ្លាក់ចូលទៅក្នុងសភាពដុនដាបគួរឲ្យភ័យព្រួយ ។ បើគ្មានការទប់ស្កាត់ ឬក៏កែប្រែស្ថានភាពឲ្យទាន់ពេលវេលាទេ សង្គមខ្មែរអាចក្លាយទៅជាសង្គមមួយដែលបាត់សភាវទ្រទ្រង់និងលិចលង់ទៅតាមយថាកម្ម ។
ចំណុចប្រឈមដ៏ធំបំផុតដែលអ្នកនិពន្ធលើកយកមកពិភាក្សាគឺភាពអនាធិបតេយ្យនៃការរស់នៅក៏ដូចជានៅក្នុងផ្នត់គំនិតរបស់ពលរដ្ឋខ្មែរ ។ សភាវពុករលួយ ទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ពលរដ្ឋខ្មែរ ចាប់ពីមន្ត្រីរាជការរហូតដល់អ្នកសុំទាន បានទាញសង្គមខ្មែរឲ្យបាត់បង់គុណធម៌និងសុជីវធម៌គ្រប់ច្រកល្ហកទាំងអស់ ។ (សូមបញ្ជាក់ថា អ្នកសុំទានខ្មែរក៏ពុករលួយដែរ ។ ខ្ញុំធ្លាប់បានពួកគេគោះយកលុយប្រកបដោយសុជីវធម៌ជាទីបំផុត) ។
នៅវគ្គទីមួយនៃសំណេរ នៅពីក្រោយមោទនភាពជាតិ អ្នកនិពន្ធបានលើកយកភាពអនាធិបតេយ្យនៃចរាចរណ៍ផ្លូវគោករបស់កម្ពុជាមកធ្វើជានិទស្សន៍បកស្រាយអំពីអត្តចរិត ឬផ្នត់គំនិតខ្មែរនៅក្នុងការដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការបើកបរ ។ វាគឺជានិមិត្តរូបដ៏សុក្រិតមួយដែលបង្ហាញ ថាតើសង្គមខ្មែរកំពុងតែដើរឆ្ពោះទៅកាន់ទីណា ។ នៅក្នុងការបើកបររបស់ពលរដ្ឋខ្មែរ ការយោគយល់គឺកើតមានដោយកម្រ ។ អត្តទត្ថនិយម អំណាច យសស័ក្តិ និងសម្បត្តិទ្រព្យ គឺជាកត្តាកំណត់ជោគវាសនាក្នុងការធ្វើចរាចរណ៍ ។ ដំណើរជីវិតគឺមិនខុសអំពីដំណើរចរាចរណ៍ឡើយ ។ យើងត្រូវឈប់ បត់ឆ្វេ បត់ស្តាំ ឬក៏ជៀសវាងឧបស័គ្គនានាដើម្បីគាំពារក៏ដូចជាធានាសុវត្ថិភាពសម្រាប់មនុស្សទាំងអស់គ្នាផងដែរ ។ នៅពេលការយោគយល់ ឬក៏ជួយផ្តល់ផាសុខភាពដល់ជីវិតអ្នកដទៃមិនត្រូវបានពលរដ្ឋយកចិត្តទុកដាក់ ដោយសារតែភាពអត្តទត្ថនិយមរបស់បុគ្គលដ៏ច្រើនលើសលុបនៅក្នុងសង្គមខ្មែរ សុភាវធម៌ទ្រទ្រង់សង្គមជាច្រើនត្រូវបានបាត់បង់ ។ ជាលទ្ធផល ខ្មែរបង្កើតបាននិងរស់នៅក្នុងសង្គមមួយដែលខ្សត់គុណធម៌និងក្រ បសាទចិត្ត ។
ក្រៅអំពីលាតត្រដាងការបាត់បង់គុណធម៌និងសុជីវធម៌នៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរ អ្នកអ្នកស្រី ប៉ាង វ៉ាន់ថោន ក៏បានលើកយកមកនិយាយផងដែរអំពីភាពលេលារបស់ពលរដ្ឋខ្មែរដែលលុះនៅក្នុងអំពើអបាយមុខ ។ សេពគ្រឿស្រវឹងនិងគ្រឿងញៀន (ផឹកស្រាជក់បារី) និងជំនឿលើពិធីកម្មសាសនាដោយងងិតងងល់ បាននិងកំពុងតែផ្តល់ឲ្យសង្គមខ្មែរនូវភាពពុករលួយបញ្ញាមួយ ដែលពលរដ្ឋរស់ក្នុងសភាពជាទាសករនៃខួរក្បាលអ្នកដទៃ ។ ការផឹកគ្រឿងស្រវឹងនិងជំនឿលើពិធីកម្មសាសនា មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ពលរដ្ឋខ្មែរទេ ។ ជនជាតិដទៃក៏ប្រព្រឹត្តិដូចគ្នាដែរ ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យខ្មែរលេចធ្លោ គឺប្រព្រឹត្តនូវទង្វើដោយខ្វះការពិចារណាដិតដល់និងផ្ទុយអំពីអ្វីដែលជាក្របខណ្ឌនៃការយល់ដឹងរបស់ខ្លួន ។ ឧទាហរណ៍ដ៏សាមញ្ញមួយគឺជាង ៩០ ភាគរយនៃពលរដ្ឋខ្មែរជាអ្នកបដិបត្តិព្រះពុទ្ធសាសនា ប៉ុន្តែខ្មែរច្រើនលើសលុបប្រព្រឹត្តិផ្ទុយនឹងគោលការណ៍ពុទ្ធសាសនារាល់ថ្ងៃ ។ សេពគ្រឿងស្រវឹងនិងប្រព្រឹត្តិអំពើពុករលួយគឺជាឧទាហរណ៍ជាក់ស្តែង ។
នៅក្នុងវិស័យនយោបាយដែលជាមូលដ្ឋានគ្រឹះសម្រាប់ចងក្រងសង្គមឲ្យរឹងបុឹង ភាពប្រេះឆានិងការប្រកាន់មាំជាមួយនឹងបក្សពួកនិយមកំពុងតែកែប្រែសង្គមខ្មែរឲ្យក្លាយទៅជាសង្គមមួយដែលខ្សត់ភាតរភាព ។ ខ្សត់ភាតរភាពគឺខ្សត់សាមគ្គីភាព ។ ខ្សត់សាមគ្គីភាពគឺខ្សត់ទំនុកចិត្ត ដែលជាកត្តានាំទៅរកមហន្តរាយនៃសេចក្តីរាប់អាននិងឈឺឆ្អាលដល់សុខមាលភាពពលរដ្ឋផងគ្នា ។ ពលរដ្ឋខ្មែរភាគច្រើនរស់ក្នុងសភាព "ក្បាលអ្នកណា សក់អ្នកហ្នឹង" ។ គឺគេមិនសូវខ្វល់អំពីទុក្ខសោករបស់អ្នកដទៃឡើយ ។ សម្បត្តិសាធារណ ឬសម្បត្តិជាតិ ដូចជាធនធានធម្មជាតិនិងកេរអាកររបស់ដូនតា គឺគេឆ្លៀតទាញយកសារប្រយោជន៍តែរៀងខ្លួន ។ ការថែរក្សានិងពង្រីកធនធានសម្រាប់ថ្ងៃអនាគតហាក់ដូចជាមិនសូវមាននរណាខ្វល់ខ្វាយច្រើនឡើយ ។ មិនត្រឹមតែមិនសូវខ្វល់ខ្វាយរឿងថែទាំធនធានជាតិនោះទេ សូម្បីតែចូលរួមក្នុងសកម្មភាពនយោបាយដើម្បីថែរក្សាការពារសិទ្ធិសេរីភាពរបស់ខ្លួនក៏ពលរដ្ឋខ្មែរមិនសូវរវីរវល់ដែរ ។ ចរិតអត្តឃាតនយោបាយមួយដែលដិតជាប់នៅក្នុងគំនិតពលរដ្ឋខ្មែរគឺ៖ ទុករឿងនយោបាយឲ្យអ្នកនយោបាយគេដោះស្រាយ ។ ពួកគេមិនដឹង ឬក៏មិនយល់ទេថាគន្លឹះសម្រាប់ដោះស្រាយបញ្ហាគ្រប់យ៉ាងនៅក្នុងរឿងនយោបាយគឺស្ថិតនៅក្នុងដៃរបស់ពួកគាត់ដែលជាពលរដ្ឋនេះឯង ។
ចាប់ពីដើមរហូតដល់ចុងបញ្ចប់នៃសៀវភៅ នៅពីក្រោយមោទនភាពជាតិ អ្នកនិពន្ធបានលាតត្រដាងឲ្យឃើញនូវស្នាមប្រឡាក់ជាច្រើនដែលពលរដ្ឋខ្មែរចាំបាច់ត្រូវតែដុសខាត់លាងជម្រះ ។ វាប្រៀបដូចជាលើកកញ្ចក់មកឆ្លុះបញ្ចាំងមើលរូបខ្លួនឯងដូច្នោះដែរ ។ ថ្វីត្បិតតែកញ្ចក់ឆ្លុះរូបខ្លួនឯងនេះ មិនអាចឲ្យយើងមើលឃើញនូវអ្វីដែលស្ថិតនៅខាងក្រោយខ្នងក៏ពិតមែន តែយ៉ាងហោចណាស់ក៏យើងអាចមើលឃើញអ្វីដែលកំពុងប្រឡាក់នៅលើរូបយើងផ្នែកខាងមុខដែរ ។ ដំណោះស្រាយបន្ទាន់ដែលពលរដ្ឋខ្មែរត្រូវធ្វើគឺសម្អាតភាពកខ្វក់ដែលអាចមើលឃើញនេះឯង ។ សម្អាតចិត្តនិងកាយវិការគឺជាប្រការចាំបាច់បំផុត មុននឹងឈានទៅដល់ការសម្អាតសភាវកខ្វក់នានាដែលយើងមើលឃើញ ។ ចុងបញ្ចប់យើងត្រូវពឹកពាក់គ្នាទៅវិញទៅមក ដើម្បីត្រួតពិនិត្យបោសសម្អាតសារធាតុអពមង្គលទាំងឡាយ ដែលយើងមិនអាចមើលឃើញឬក៏មើលយល់ដោយខ្លួនឯង ។
ជាការពិតណាស់ សៀវភៅមួយក្បាលមិនអាចលាតត្រដាងឲ្យយើងឃើញ និងយល់អំពីផលវិបាកនៅក្នុងសង្គមខ្មែរគ្រប់ជ្រុងជ្រោយនោះទេ ។ ប៉ុន្តែ នៅពីក្រោយមោទនភាពជាតិ បានបង្ហាញឲ្យឃើញនូវគ្រោះមហន្តរាយដ៏ធំមួយ ដែលកំពុងយាយីសង្គមខ្មែរ ។ ទឹកខ្មៅ ដែលត្រូវបានយកមកផ្តិតលើសៀវភៅនេះ គឺប្រាកដជាដិតដាមដោយតំណក់ទឹកភ្នែករបស់ស្មេរខ្មែរមួយរូប ដែលមានបេះដូងពោរពេញដោយក្តីស្រឡាញ់ លាយឡំនឹងការឈឺចាប់ នៅក្នុងបុព្វហេតុ "មោទនភាពជាតិ" ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...