Thursday, December 5, 2019

ពិចារណា

អាពាហ៍ពិពាហ៍ផាសុខភាព (A Marriage of Convenience) នៅក្នុងការប្រកួតប្រជែងគ្នាដើម្បីស្វែងរកឱកាសដឹកនាំប្រទេសជាតិ គណបក្សនយោបាយដែលចូលរួមបោះឆ្នោតក្នុងប្រព័ន្ធសមាមាត្រជៀសសហការគ្នាមិនរួចឡើយ ។ ការរួបរួមគ្នារវាងគណបក្សនយោបាយដើម្បីស្វែងរកជ័យជម្នះនេះ នៅក្នុងភាសាអង់គ្លេសគេហៅថា Marriages of Convenience ឬអាពាហ៍ពិពាហ៍ផាសុខភាព ។ អាពាហ៍ពិពាហ៍ប្រភេទនេះ ប្រៀបដូចជាបុរសពោះម៉ាយនិងស្ត្រីមេម៉ាយដែលមានកូនក្នុងបន្ទុករៀងខ្លួនចាប់ដៃគ្នាសាងអនាគតមួយដូច្នោះដែរ ។ ម៉ែនិងឪអាចត្រូវរ៉ូវគ្នាលើគោលការណ៍មួយចំនួន ប៉ុន្តែកូនៗមិនប្រាកដថាចុះសម្រុងនឹងគ្នាឡើយ ។ ករណីលោក សម រង្សី និង លោក កឹម សុខា រួបរួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិគឺជាអាពាហ៍ពិពាហ៍ផាសុខភាពដ៏បរិសុទ្ធបំផុតមួយ (In its purest form) ។ ទាំងលោក សម រង្សី ទាំងលោក កឹម សុខា ប្រហែលជាដឹងជាក់លាក់ណាស់ថា អាពាហ៍ពិពាហ៍ផាសុខភាពនេះ ជាមធ្យោបាយតែមួយគត់ក្នុងការស្វែងរកជោគជ័យនយោបាយនៅកម្ពុជា ។ លោកទាំងពីរលែងលះគ្នានៅថ្ងៃណា បរាជ័យនឹងមកដល់នៅថ្ងៃនោះ ។ តួនាទីនាយករដ្ឋមន្ត្រីនិងប្រធានរដ្ឋសភានឹងជម្រាបលាចេញអំពីក្តីប្រាថ្នារបស់ពួកគាត់គ្មានថ្ងៃវិលវិញឡើយ ។ គណបក្សប្រជាជនក៏យល់អំពីចំណុចនេះច្បាស់លាស់ណាស់ដែរ ។ ដូច្នេះហើយបានជាយើងឃើញមានការរុកគួនគ្នានៅក្នុងវិស័យនយោបាយកម្ពុជានាំឲ្យសង្គមប្រេះឆាគួរឲ្យព្រួយបារម្ភ ។ ផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ អាពាហ៍ពិពាហ៍ផាសុខភាពនៅក្នុងការតតាំងគ្នាលើវិស័យនយោបាយនៅក្នុងប្រទេសដែលខ្វះគោលការណ៍ប្រជាធិបតេយ្យ មិនមែនជាយុទ្ធសាស្ត្រល្អប្រសើរឡើយ ។ វាច្រើនតែនាំគ្រោះមហន្តរាយដល់ពលរដ្ឋស្លូតត្រង់ ដែលជាអ្នកគាំទ្របុគ្គលនយោបាយ ។ កាលសម្តេច សីហនុ បង្កើតរដ្ឋាភិបាលនិរទេសនៅក្នុងប្រទេសចិនដើម្បីតតាំងជាមួយនិងរដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ ដែលគ្រុបគ្រងប្រទេសកម្ពុជានៅទសវត្សឆ្នាំ ១៩៧០ ព្រះអង្គបានរៀបអាពាហ៍ពិពាហ៍ផាសុខភាពជាមួយនិងពួកខ្មែរក្រហម ប៉ុល ពត ។ នៅក្នុងអាពាហ៍ពិពាហ៍នោះ ពួកខ្មែរក្រហមមិនបានចាត់ទុកសម្តេចសីហនុថាជាដៃគូស្មើសិទ្ធិឡើយ (សូមអានសៀវភៅ ស្រណោះព្រលឹងខ្មែរ របស់លោក អុិត សារិន) ។ សម្តេច សីហនុ ក៏ដឹងអំពីប្រការនេះជាក់លាក់ដែរ ។ ព្រះអង្គបានប្រាប់អ្នកកាសែតថា៖​ ពួកខ្មែរក្រហមនឹងស្តោះព្រះអង្គចោលដូចគ្រាប់ព្រីង នៅពេលដែលពួកគេបានទៅដល់គោលដៅ (They will spit me out like a cherry pit.) ។ ព្រឹត្តិការណ៍បន្តបន្ទាប់បានបង្ហាញថា ពួកខ្មែរក្រហមមិនត្រឹមតែស្តោះសម្តេចសីហនុចោលទេ ពួកគេបានកំចាត់មនុស្សជំនិតនិងពលរដ្ឋស្លូតត្រង់ដែលគាំទ្រទ្រង់អស់រាប់មុឺននាក់ថែមទៀត ។ អាពាហ៍ពិពាហ៍ផាសុខភាពជាអាវុធមុខពីរ ។ វាអាចបំផ្លាញគូបដិបក្សផង និងបំផ្លាញខ្លួនឯងផង ។ នៅក្នុងករណីលោក សម រង្សី និងលោក កឹម សុខា យើងមិនទាន់ដឹងថាអ្នកណាប្រុងប្រៀបស្តោះអ្នកណាចោលនៅឡើយទេ ត្បិតអីពួកគេមិនទាន់ដើរទៅដល់គោលដៅ ។ អ្វីដែលជាកត្តាគួរឲ្យចាប់អារម្មណ៍គឺ អាពាហ៍ពិពាហ៍ផាសុខភាពរបស់ពួកគេ កំពុងប្រឈមនឹងការរុកគួនបំបែកបំបាក់ពីសំណាក់គណបក្សប្រជាជន ។ ការធ្វើទុក្ខបុកម្នេញនេះនឹងបញ្ជាក់អំពីភក្តីភាពរវាងពួកគេផង និងកំណត់ជោគវាសនានយោបាយរបស់ពួកគេផង ។ ទាំងគណបក្សប្រជាជន ទាំងពលរដ្ឋខ្មែរដែលតាមដានព្រឹត្តិការណ៍នយោបាយ កំពុងរង់ចាំមើលថាតើពាក្យស្លោក "សម រង្សី និង កឹម សុខា ជាមនុស្សតែមួយ" អាចមានភាពអមតៈដែរទេ ។ ពេលវេលានឹងលាតត្រដាងប្រាប់យើងនាគ្រាដ៏ខ្លីខាងមុខនេះ ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...