Friday, August 9, 2019

ចំណីខួរក្បាល

ប្រាថ្នាខ្ពស់ (Big Dream) កុមារតូចៗស្ទើរតែគ្រប់រូប មិនថាជាកូនអ្នកមាន ឬអ្នកក្រ តែងតែមានសេចក្តីប្រាថ្នាចង់ធ្វើ ឬក៏ក្លាយទៅជាអ្នកប្រកបរបរអ្វីមួយនៅក្នុងជីវិតអនាគតរបស់ខ្លួន ។ ក្នុងនាមជាកុមារកាលពីអតីតកាល ខ្ញុំក៏មានសេចក្តីប្រាថ្នាមួយដែរ ។ សេចក្តីប្រាថ្នារបស់ខ្ញុំគឺចង់ក្លាយជាអ្នកបើកបរយន្តហោះ ។ កាលនោះស្ថិតនៅក្នុងទសវត្សឆ្នាំ ១៩៧០ ដែលជាវេលាស្រុកខ្មែរកំពុងស្ថិតនៅក្រោមសឹកសង្គ្រាម ។ មូលហេតុដែលខ្ញុំចង់ក្លាយជាអ្នកបើកយន្តហោះ មិនមែនដើម្បីទម្លាក់គ្រាប់បែកលើពួកបច្ចាមិត្តទេ គឺដើម្បីបានផ្សងព្រេងទៅទស្សនាទឹកដីនៅស្រុកឆ្ងាយៗ ព្រោះខ្ញុំជាក្មេងដែលចូលចិត្តស្វែងយល់ថាតើមានអ្វីប្លែកៗខ្លះដែលស្ថិតនៅឆ្ងាយអំពីភូមិរបស់ខ្ញុំ ។ ដើម្បីរៀនបើកបរយន្តហោះ គេត្រូវការចំណេះដឹងផ្នែក រូបវិទ្យា គណិតវិទ្យា ភូមិវិទ្យា និងវិទ្យាសាស្ត្រមួយចំនួនទៀតដែលពាក់ព័ន្ធនឹងលំហ ។ ហេតុតែខ្ញុំនៅក្មេង ខ្ញុំមិនដឹងអំពីលក្ខខណ្ឌអស់ទាំងនេះទេ ។ ថែមទាំងមិនដឹងថា ស្រុកខ្មែរសម័យនោះគ្មានកន្លែងសម្រាប់ហ្វឹកហាត់បើបរយន្តហោះទៀតផង ។ ដូច្នេះ ខ្ញុំក៏បន្តក្តីប្រាថ្នារបស់ខ្ញុំទាំងងងិតងងល់ ។ បន្ទាប់ពីឆ្លងកាត់កលិយុគនៅស្រុកខ្មែរចាប់ពីទសវត្សឆ្នាំ ១៩៧០ រហូតដល់ពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ ជាពិសេសបន្ទាប់ពីឆ្លងកាត់សម័យកាលពួកកម្មុនីស្តខ្មែរក្រហមបំផ្លាញប្រទេសកម្ពុជានៅចុងទសវត្សឆ្នាំ ១៩៧០ ខ្ញុំចាប់ផ្តើមប្រាកដក្នុងចិត្តថា ក្តីប្រាថ្នារបស់ខ្ញុំមិនអាចក្លាយជាការពិតបានឡើយ ។ នៅចុងទសវត្សឆ្នាំ ១៩៨០ ខ្ញុំមានឱកាសបានស្តារកាសិក្សារបស់ខ្ញុំឡើងវិញបន្ទាប់ពីខកខានអស់រយៈពេល ១០ឆ្នាំ ។ ខ្ញុំមានអាយុ ២១ឆ្នាំគត់ហើយកំពុងរស់នៅក្នុងជំរំជនខ្ចាត់ព្រាត់មួយ (Camp for Displaced Persons) នៅតាមបណ្តោយព្រំដែនខ្មែរ-ថៃ ។ បួនឆ្នាំក្រោយមក ខ្ញុំមានវាសនាបានទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ។ បន្ទាប់ពីប្រឡងជាប់បានចូលរៀននៅមហាវិទ្យាល័យ ក្តីប្រាថ្នាកុមារភាពរបស់ខ្ញុំបានត្រឡប់មកលងខ្ញុំសាជាថ្មី ។ ខ្ញុំគ្មានសមត្ថភាព ឬលទ្ធភាពក្លាយជាអ្នកបើកបរយន្តហោះឡើយ ប៉ុន្តែអាជីពមួយដែលអាចឲ្យខ្ញុំដើរផ្សងព្រេងបានគឺ អ្នកកាសែត ។ ដូច្នេះ ខ្ញុំក៏សម្រេចបន្តក្តីប្រាថ្នាកុមារភាពនោះទាំងងងិតងងល់ម្តងទៀត ។ ប្រាំមួយឆ្នាំក្រោយមក ខ្ញុំរៀនយកអាជីពជាអ្នកកាសែតបានដូចបំណង ។ ប៉ុន្តែ អ្វីៗហាក់ដូចជាមិនដំណើរការទៅតាមការគ្រោងទុកឡើយ ។ នៅក្នុងដំណើរស្វែងរកការងារជាអ្នកកាសែត ខ្ញុំជួបនឹងឧបសគ្គជាច្រើន ។ ទីមួយ ស្ថាប័នពត៌មានធំៗដែលអាចផ្តល់ឱកាសឲ្យខ្ញុំដើរផ្សងព្រេងបាននៅក្នុងការបំពេញការងារ តម្រូវឲ្យខ្ញុំមានបទពិសោធការងារ ១ឆ្នាំ ឬក៏២ឆ្នាំសិន មុននឹងគេផ្តល់ឱកាសការងារឲ្យខ្ញុំ ។ ទីពីរ ឱកាសការងារខ្លះ តម្រូវឲ្យខ្ញុំវេចសម្ពាយ ស្ពាយបង្វេចទៅរស់នៅទីក្រុងផ្សេង ។ អ្នកកាសែតនិងគ្រូបង្រៀនមិនខុសគ្នាប៉ុន្មានទេ ។ ការហ្វឹកហ្វឺនមានលក្ខណៈជាអាជីពតែម្តង ។ ដូច្នេះ នៅពេលដែលស្ថាប័នពត៌មានតម្រូវឲ្យអ្នកកាសែតទើបបញ្ចប់ការសិក្សាស្វែងរកបទពិសោធការងារជាមុន មុននឹងផ្តល់ឱកាសឲ្យចូលបំពេញការងារ វាហាក់ដូចជាមិនសមហេតុផលទាល់តែសោះ (Oxymoron) ។ ខ្ញុំសម្រេចចិត្តមិនដេញតាមក្តីប្រាថ្នាកុមារភាពនោះទៀតទេ ត្បិតគិតថាសច្ចភាពនៃដំណើរជីវិតនិងក្តីប្រាថ្នាកុមារភាព មិនប្រាកដថាអាចជួបគ្នាបានឡើយ ។ ប៉ុន្តែ កម្មដែលយើងសាង ដោយផ្លូវចិត្តក្តី ដោយផ្លូវកាយក្តី វាមិនអាចបញ្ចប់ទៅដោយងាយៗឡើយ ។ ល្ងាចមួយ នៅពេលដែលខ្ញុំរៀបចំបោសសម្អាតកន្លែងធ្វើការនៅក្នុងហាងលក់សម្លៀកបំពាក់មួយ ខ្ញុំប្រទះកាសែតសហគមតូចមួយដែលបុគ្គលិកប្រៃសនីយ៍យកមកដាក់ចោលនៅក្នុងកន្លែងខ្ញុំធ្វើការរាល់ថ្ងៃ ។ កាសែតនោះគេចែកផ្សាយដោយឥតគិតថ្លៃ ។ ខ្ញុំមិនដែលអានកាសែតនោះទេ ថែមទាំងបោះវាចោលក្នុងធុងសម្រាមរាល់ថ្ងៃឡើងធុញទៅហើយ ។ ប៉ុន្តែ ល្ងាចនោះខណៈដែលខ្ញុំហៀបនឹងបោះកាសែតចូលក្នុងធុងសម្រាម ភ្នែកខ្ញុំទាក់នឹងរូបឡានស៊េរីថ្មីមួយដែលគេចុះផ្សាយ ។ ខ្ញុំមើលអត្ថបទត្រួសៗ ។ នៅចុងអត្ថបទ មានភ្ជាប់កាផ្សាយស្វែងរកបុគ្គលិកប្រភេទ ក្លាស៊ីហ្វាយ មួយដែលសរសេរថា៖ CONFERENCE REPORTER ។ លក្ខខណ្ឌការងារគឺគេតម្រូវឲ្យបេក្ខជនមានបរិញ្ញាប័តនិងចំណូលចិត្តផ្នែកនយោបាយនិងសង្គមកិច្ច ។ មិនមានតម្រូវការបទពិសោធការងារទេ ។ ខ្ញុំមិនដឹងថាការងារនោះមានសណ្ឋានដូចម្តេចទេ ប៉ុន្តែពាក្យ Reporter ឬ អ្នកយកពត៌មានបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ ។ ស្អែកឡើង ខ្ញុំសម្រេចផ្ញើ Resume ទៅកន្លែងដែលត្រូវការបុគ្គលិកនោះ ។ មួយអាទិត្យក្រោយមកគេក៏ហៅខ្ញុំទៅសម្ភាសការងាររួចហើយសម្រេចទទួលយកខ្ញុំឲ្យធ្វើជាបុគ្គលិកនៅថ្ងៃនោះតែម្តង ។ ពាក្យមួយម៉ាត់ដែលគេសួរខ្ញុំគឺថា តើអាចធ្វើការងារនេះកើតទេ? ខ្ញុំឆ្លើយថា អាច ទាំងមិនដឹងថាតើការងារនោះវាតម្រូវឲ្យខ្ញុំមានសមត្ថភាពត្រឹមណាផង ។ អ្នកយកពត៌មាននៅក្នុងសន្និសិទ ជាមុខងារស្ថិតនៅចន្លោះអ្នកកាសែតនិងអ្នកនយោបាយ ។ វាជាកិច្ចការស្ថិតនៅពីក្រោយឆាក ហើយមិនមានមនុស្សច្រើនទេដែលដឹងអំពីមុខងារនេះ ។ កិច្ចការនេះមានបីដំណាល់កាល គឺអ្នកកត់ត្រា អ្នកសរសេររបាយការណ៍ និងអ្នកសម្រិតសម្រាំងរបាយការណ៍ ។ វាពាក់ព័ន្ធនឹងច្បាប់តម្លាភាពរបស់សហរដ្ឋអាមេរិក ។ ក្រៅពីសហរដ្ឋអាមេរិក ប្រហែលជាគ្មានប្រទេសណាមានការងារប្រភេទនេះឡើយ ។ តួនាទីរបស់ខ្ញុំគឺជាអ្នកកត់ត្រានៅក្នុងកិច្ចប្រជុំរបស់គណកម្មាធិការវិទ្យាសាស្ត្រនិងរៀបចំគោលនយោបាយសាធារណៈ ។ កាតព្វកិច្ចការងាររបស់ខ្ញុំគឺ មួយភាគបីនៃការងារទាំងមូល ។ កម្រិតទីពីរ និងកម្រិតទីបីខ្ញុំធ្វើមិនកើតទេ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំខិតខំធ្វើកិច្ចការរបស់ខ្ញុំដោយយកចិត្តទុកដាក់ជាទីបំផុត ។ សារភាពតាមត្រង់ទៅចុះ កន្លះឆ្នាំដំបូង ខ្ញុំមានអារម្មណ៍ហាក់ដូចជាស្វាចូលក្រុង ។ ប៉ុន្តែ ខ្ញុំវាយឬកហាក់ដូចជាខ្ញុំនឹងយល់ដឹងអំពីអ្វីដែលខ្ញុំធ្វើច្បាស់លាស់ណាស់ ។ ទំនុកចិត្តលើខ្លួនឯងនិងការខិតខំរៀនសូត្រអំពីការងារបានធ្វើឲ្យខ្ញុំក្លាយជាបុគ្គលិកមួយរូបដែលទទួលបានការទុកចិត្តខ្ពស់ ។ ជាលទ្ធផល ខ្ញុំត្រូវបានស្ថាប័នបញ្ជូនឲ្យចុះបេសកកម្មញឹកញាប់ជាងគេ ។ រយៈពេលប្រមាណជា ១០ឆ្នាំ ក្នុងនាមជាអ្នកយកពត៌មាននៅក្នុងសន្និសិទ ខ្ញុំបានចុះបេសកកម្មការងារនៅទីឆ្ងាយៗក្នុងមួយខែម្តងឬក៏ពីរដង ។ នៅក្នុងសហរដ្ឋអាមេរិក ខ្ញុំបានទៅបំពេញការងារជាង ៣០រដ្ឋ ហើយក៏មានឱកាសបានទស្សនាទីក្រុងនិងទីប្រជុំជនប្រមាណជាជាង ២០០ដែរ ។ បេសកកម្មខ្លះតម្រូវឲ្យខ្ញុំចេញទៅក្រៅប្រទេស ប៉ុន្តែមានមិនច្រើទេ ។ ក្នុងចំណោមទីក្រុងនិងទីប្រជុំជននានានៅសហរដ្ឋអាមេរិកដែលខ្ញុំធ្លាប់ទៅឃើញ មានតំបន់ឬទីប្រជុំជនចំនួន ៤ ដែលខ្ញុំចូលចិត្តជាងគេ ។ នៅតំបន់សមុទ្រនារដូវក្តៅ ទីប្រជុំជន Cape Cod, Massachussets ជាកន្លែងល្អប្រណិតមួយសម្រាប់ខ្ញុំ ។ នៅតំបន់ភ្នំនារដូវក្តៅគឺទីក្រុង Aspen, Colorado ។ ឯនៅតំបន់វាលខ្សាច់និងវាស្មៅនៅរដូវត្រជាក់ ខ្ញុំចូលចិត្តទីក្រុង Tucson, Arizona និង Santa Fe, New Mexico ។ គួរកត់សម្គាល់ថា ខ្ញុំឲ្យតម្លៃទីក្រុងនិងទីប្រជុំជនទាំងនេះគឺផ្អែកលើសោភ័ណ្ឌនៃធម្មជាតិដែលមនុស្សរក្សាទុកឬក៏ឆ្នៃប្រឌិតភ្ជាប់ភ្ជិតទៅនឹងជីវិតប្រចាំថ្ងៃ (Harmony living with nature) ។ មុននឹងបញ្ចប់អត្ថបទនេះ សូមភ្ជាប់នូវបទពិសោធមួយដែលអង្រន់ចិត្តខ្ញុំរហូតដល់ស្រក់ទឹកភ្នែក ។ ថ្ងៃមួយ ខ្ញុំឃើញលិខិតមួយនៅលើតុក្នុងការិយាល័យដែលមានត្រារបស់សេតវិមាន ។ នៅលើក្បាលលិខិតនោះគេសរសេរថា៖ Executive Office of the President ។ ខ្ញុំសួរប្រធានការិយាល័យថា៖ លិខិតនេះមានន័យថាមេច ។ គាត់ប្រាប់ខ្ញុំថា វាជាសំណើររបស់គណកម្មាធិការប្រឹក្សាវិទ្យាសាស្ត្ររបស់ប្រធានាធិបតី សុំឲ្យយើងទៅធ្វើកិច្ចការឲ្យគេ ។ ខ្ញុំភ្ញាក់ព្រើតព្រោះកន្លងមកយើងមិនដែលធ្វើកិច្ចការឲ្យគណកម្មាធិការរបស់រដ្ឋសភាឬក៏ប្រធានាធិបតីទេ ។ យើងធ្វើកិច្ចការឲ្យតែស្ថាប័នរដ្ឋមន្ត្រីនិងមន្ទីរក្រសួងនានាតែប៉ុណ្ណោះ ។ ប្រធានការិយាល័យប្រាប់ខ្ញុំថា គាត់នឹងបញ្ជូនខ្ញុំឲ្យទៅធ្វើការងារជាមួយនឹងគណកម្មាធិការរបស់ប្រធានាធិបតីនៅពេលកាលវិភាគមកដល់ ។ កន្លែងប្រជុំរបស់គណកម្មាធិការប្រឹក្សាវិទ្យាសាស្ត្ររបស់ប្រធានាធិបតីស្ថិតនៅទល់មុខអគារសេតវិមានចាស់ ក្បែរអគារស្នាក់នៅរបស់ភ្ញៀវបរទេស ។ ខ្ញុំដើរចូលទៅក្នុងបរិវេណសេតវិមានជាមួយនឹងអ្នកកាសែតមួយចំនួនដោយចោលភ្នែកមើលទៅសេតវិមានមួយភ្លែតមុននឹងឆ្លងផ្លូវទៅកាន់សាលប្រជុំ Jackson Square ដែលជាទីកន្លែងខ្ញុំត្រូវចូលទៅបំពេញការងារ ។ ពេលនោះ ទឹកភ្នែកខ្ញុំស្រាប់តែហូរធ្លាក់មកដោយមិនដឹងខ្លួន ។ ខ្ញុំមានអារម្មណ៍ស្រងេះស្រងោចនឹកទៅដល់គ្រាដែលខ្ញុំកំពុងបររទេះគោដឹកពោតឡើងមកអំពីចម្ការ ។ វាជាអារម្មណ៍មួយដែលពិបាកនិងបរិយាយ ។ អ្នកដែលធ្លាប់ឆ្លងកាត់ឆាកជីវិតកំសត់ទុគ៌តប្រហែលជាយល់អំពីអារម្មណ៍មួយនេះ ។ ក្តីប្រាថ្នាកុមារភាពរបស់ខ្ញុំ សន្មត់ថាចប់ជាស្ថាពរ ៕

Monday, August 5, 2019

ចំណីខួរក្បាល

ស្នេហា (Love) មនុស្សជាច្រើនយល់ច្រឡំថា ស្នេហាគឺជាការលះបង់ធ្វើអ្វីៗដើម្បីមនុស្សដែលខ្លួនស្រឡាញ់ដោយសុទ្ធចិត្ត ហើយមិនរំពឹងចង់បានអ្វីដែលជាការតបស្នងឡើយ ។ ប្រៀបដូចជាម្តាយស្រឡាញ់ថែរក្សាកូនង៉ានៅក្នុងរង្វង់ដៃដូច្នោះដែរ ។ ចំណុចនេះហាក់ដូចជារាក់ពេកណាស់ ។ យើងគប្បីស្វែងយល់ឲ្យបានជ្រៅជាងនេះបន្តិច ។ ស្រឡាញ់មនុស្សម្នាក់ ក្នុងនាមជាប្តីប្រពន្ធក្តី ជាកូនក្តី ជាបងប្អូនក្តី ពាក់ព័ន្ធនឹងបញ្ចក្ខ័ន្ធ ឬខន្ធប្រាំ រួមមាន៖ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ ។ ខន្ធទាំងប្រាំនេះប្រមូលចូលគ្នាទៅបង្កើតបានជា តណ្ហា (Desire) ដែលជាឬសគល់នៃ ស្នេហា (Love) ។ ស្នេហាឬសេចក្តីស្រឡាញ់មានពីរប្រភេទ គឺស្រឡាញ់មានលក្ខខណ្ឌ និងស្រឡាញ់ឥតលក្ខខណ្ឌ (Conditional Love and Unconditional Love) ។ ខ្ញុំលើកយកប្រធានបទ "ស្រឡាញ់ឥតលក្ខខណ្ឌ" មកវែកញែកនៅទីនេះ ដើម្បីស្វែងយល់ថាតើសេចក្តីស្រឡាញ់ដែលឥតលក្ខខណ្ឌអាចមានផលវិបាកដែរទេ ។ ការលះបង់និងធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីផ្គាប់ផ្គុនឬក៏ជួយយកអាសាមនុស្សដែលខ្លួនស្រឡាញ់ដោយមិនរំពឹងចង់បានអ្វីតបស្នង គឺជាទង្វើប្រពៃបំផុត ។ ក៏ប៉ុន្តែ ទង្វើដ៏ប្រពៃនេះ វាប្រពៃសម្រាប់តែមនុស្សដែលទទួលបាននូវក្តីស្រឡាញ់នេះតែប៉ុណ្ណោះ ។ សម្រាប់អ្នកដែលផ្តល់សេចក្តីស្រឡាញ់ឲ្យគេ វាមិនប្រាកដថាប្រពៃឡើយ ។ ឱវាទមួយនៅក្នុងព្រះពុទ្ធសានាស្តីអំពីការធ្វើបុណ្យគឺថា បុគ្គលគប្បីធ្វើបុណ្យប្រកបដោយបញ្ញា ។ សេចក្តីស្រឡាញ់និងធ្វើបុណ្យគឺមិនខុសគ្នាប៉ុន្មានទេ ។ បើយើងចេះតែអនុវត្តវាដោយគ្មានការពិចារណា វានឹងនាំទៅកាន់ក្តីវិនាស ។ ស្នេហាឬសេចក្តីស្រឡាញ់ជាសកម្មភាពបដិការ (Reciprocal Action) ។ ដើម្បីឲ្យស្នេហាមានភាពរឹងមាំ ភាគីពាក់ព័ន្ធគប្បីទទួលបានការស្រឡាញ់តបស្នងសមរម្យផងដែរ ។ ការតបស្នងនោះ មិនចាំបាច់មានភាពស្មើគ្នាទេ ។ ឧទាហរណ៍ មនុស្សពិការដែលមិនអាចកម្រើកឬនិយាយកើត កែវភ្នែកដែលសម្លឹងប្រកបដោយអំណរគុណ (Acknowledgment) ចំពោះអ្នកដែលបញ្ចុកចំណីខ្លួននោះក៏ចាត់ទុកថាជាទង្វើបដិការដែរ ។ ភាពមានទៅមានមកនេះ វាជាលក្ខខណ្ឌដ៏ចាំបាច់មួយសម្រាប់សុខភាពស្នេហា ។ បើគ្មានវាទេស្នេហាក៏មិនអាចរឹងមាំ ឬក៏មានជីវិតរស់នៅយូរអង្វែងបានដែរ ។ យើងអាចប្រៀបធៀបស្នេហាលះបង់ទៅនឹងដើមឈើមួយដើម ។ នៅពេលដែលយើងលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីមនុស្សដែលយើងស្រឡាញ់ដោយមិនទទួលបាននូវអ្វីដែលជាក្តីស្រឡាញ់បដិការ វាប្រៀបដូចជាដើមឈើដែលត្រូវបានគេលះមែកចេញម្តងមួយៗអស់មួយចំហៀងដើមដូច្នោះដែរ ។ វាបាត់បង់តុល្យភាពជីវិតហើយអាចដួលរលំដោយងាយ នៅពេលមានកត្តាអ្វីមួយមកប៉ះពាល់ ។ ឧទាហរណ៍ ប្រពន្ធឬប្តីដែលលះបង់អ្វីៗសព្វបែបយ៉ាង (Concession) ដើម្បីតម្រូវចិត្តភាគីម្ខាងទៀតដោយមិនទទួលបាននូវបដិការកម្ម (សកម្មភាពឆ្លើយតបវិជ្ជមាន) រមែងស្ថិតនៅក្នុងស្ថានភាពអាប់អួរ ។ ភាពអាប់អួរនេះហើយដែលទាញសេចក្តីស្នេហាលះបង់ឲ្យធ្លាក់ចុះទៅក្នុងជ្រោះអហោសិកម្ម ។ បើយើងពិនិត្យមើលឲ្យបានសុីជម្រៅបន្តិច ស្រឡាញ់ឥតលក្ខខណ្ឌអាចចែកចេញជាពីរផ្នែកថែមទៀតគឺ ស្រឡាញ់ផ្អែកលើមនោសញ្ចេតនា និងស្រឡាញ់ផ្អែកលើឧត្តមគតិ ។ ស្រឡាញ់ផ្អែកលើឧត្តមគតិគឺជាសេចក្តីស្រឡាញ់ដែលខ្ពស់បំផុត រហូតដល់មនុស្សខ្លះហ៊ានលះបង់សេរីភាពឬអាយុជីវិតទៀតផង ។ យុត្តិធម៌គឺជាកត្តាមួយដែលអាចជម្រុញមនុស្សឲ្យលុះក្នុងក្តីស្រឡាញ់ប្រភេទនេះ ។ មនុស្សមួយចំនួនដែលយើងអាចលើកយកមកធ្វើជាឧទាហរណ៍នៃក្តីស្រឡាញ់ផ្អែកលើឧត្តមគតិមានជាអាទ៍៖ លោក មហាត្ម័ក គន្ធី (Mohandas Gandhi) លោក ម៉ាទីន លូហ្សឺឃីង (Martin Luther King, Jr.) លោក នេលសុន ម៉ែនដែលឡា (Nelson Mandela) និង លោក កែម ឡី (Kem Ley) ។ បុគ្គលខាងលើនេះជានិម្មិតរូបនៃក្តីស្រឡាញ់ផ្អែកលើឧត្តមគតិដែលមានយុត្តិធម៌ជាសង្សារ ៕

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...