Monday, December 23, 2013
ចំណីខួរក្បាល
ពាក្យខ្មែរប្រែពីពាក្យបរទេស
នៅពេលដែលខ្ញុំអានពត៌មានជាភាសាខ្មែរ ខ្ញុំតែងប្រទះឃើញពាក្យប្លែកៗ
ដែលគេបកប្រែចេញពីពាក្យបរទេសមក ។ ពាក្យខ្លះ មិនត្រឹមតែឆ្គងទេ វា
ថែមទាំងគ្មានន័យត្រឹមត្រូវទៀតផង ។ ខ្ញុំសូមលើកយកពាក្យមួយចំនួន
មកវែកញែកដើម្បីទុកជាចំណីខួរក្បាលដូចតទៅ៖
ប្លង់មេៈ ពាក្យនេះប្រហែលជាប្រែមកពីពាក្យ (Master Plan)
។ ពាក្យ (Master Plan) នេះ ជាទូទៅគេប្រើនៅក្នុងកិច្ចការសំណង់ ។
យើងដឹងហើយថា មុននឹងសាងសង់អ្វីមួយ គេត្រូវមានគម្រោងមូលដ្ឋាន ។
ដូច្នេះ យើងគួរនិយាយថាគម្រោងមូលដ្ឋានវិញត្រឹមត្រូវជាង ។
បច្ចុប្បន្នភាពៈ ពាក្យនេះ ប្រហែលជាបកប្រែចេញមកពីពាក្យ
(Update) ។ ពាក្យបច្ចុប្បន្ន គឺសំដៅលើពេលវេលា មិនមែនជាភាវៈទេ ។
ដូច្នេះ យកភាពដែលជាភាវៈមកប្រើជាមួយនឹងកាលនោះ គឺខុសហើយ ។
ពាក្យ (Update) នេះ បើយើងប្រើសំដៅទៅលើការបន្ថែមកម្មវិធីថ្មីចូល
ក្នុងប្រព័ន្ធកំព្យូទ័រ យើងគួរនិយាយថាដាក់បន្ថែមកម្មវិធីថ្មី ។ ប៉ុន្តែ បើយើង
និយាយសំដៅទៅលើតួលេខដូចជាបញ្ជីបោះឆ្នោត យើងគួរនិយាយថា
បញ្ជីចុះឈ្មោះចុងក្រោយបំផុត ទើបត្រឹមត្រូវជាង ។
យេនឌឺៈ ពាក្យនេះគឺនិយាយតាមសំនៀងភាសាអង់គ្លេស
(Gender) ដែលមានន័យថា ភេទ ។ សូមបញ្ជាក់ថា នៅក្នុងភាសា
អង់គ្លេស ពាក្យ (Gender) និង (Sex) គឺសំដៅទៅលើអត្ថន័យតែ
មួយ ។ ដូច្នេះ ហេតុអ្វីក៏យើងមិនយកពាក្យ ភេទ ដែលជាភាសាខ្មែរចំ
តួនោះ មកប្រើតែម្តងទៅ ចាំបាច់យកពាក្យគេមកប្រើ នាំឲ្យពិបាកយល់
ធ្វើអ្វី ? បើយើងចង់និយាយអំពី (Gender Equality) នោះ យើង
យកពាក្យ សមភាពភេទ មកប្រើទៅ វាមានន័យពេញលេញណាស់ទៅ
ហើយ ។
តស៊ូមតិៈ ពាក្យនេះ ប្រហែលជាគេបកប្រែចេញពីពាក្យអង់គ្លេស
(Debate) ។ ពាក្យ (Debate) នេះ គឺគេប្រើសំដៅទៅលើការជជែក
វែកញែករកខុសត្រូវ ដោយប្រើតក្កវិជ្ជាដើម្បីគាំទ្រនូវគោលគំនិតអ្វីមួយ ។
ដូច្នេះ ពាក្យ (Debate) គួរប្រែថា ជជែករកខុសត្រូវវិញ ។
ពន្លឿនៈ ពាក្យនេះ អាចមានប្រភពចេញពីពាក្យអង់គ្លេស
(Expedite) ។ ខ្ញុំបានមើលក្នុងវចនានុក្រមខ្មែរដើម្បីស្វែងរកពាក្យ
ពន្លឿននេះ ប៉ុន្តែ រកមិនឃើញទេ គឺមានតែពាក្យ ពន្យា ពន្យឺត និង ពន្យឺន ។
ថ្វីត្បិតតែពាក្យ ពន្លឿន អាចធ្វើជាពាក្យផ្ទុយជាមួយនឹងពាក្យ ពន្យឺត ក៏ដោយ
ក៏យើងមិនគួរបង្កើតពាក្យថ្មីមកប្រើតាមតែអំពើចិត្តនោះទេ ។ ពាក្យ
(Expedite) គឺគេសំដៅទៅលើការធ្វើកិច្ចការអ្វីមួយឲ្យបានឆាប់រហ័ស ។
ដូច្នេះ យើងអាចយកពាក្យ រហ័ស ឬ ធ្វើឲ្យលឿន មកប្រើក៏បានដែរ ។
ជីវចម្រុះៈ ពាក្យនេះមានដើមកំណើតចេញមកពីពាក្យ
(Bio-Diversity) ។ យើងមិនអាចបកប្រែពាក្យ (Bio) ថា ជីវ គ្រប់
តែកាលទេសនោះទេ ។ ឧទាហរណ៍ (Bio Fuel) ដែលជាប្រេងម៉្យាង
ផលិតចេញពីរុក្ខជាតិ ឬគ្រាប់ធញ្ញជាតិនោះ គេមិនប្រែថា ប្រេងជីវ ទេ ។
គេហៅប្រេងប្រភេទនេះថា ប្រេងធម្មជាតិ ។ ដូច្នេះ ពាក្យ (Bio-
Diversity) គួរប្រែថា ធម្មជាតិចម្រុះវិញ ប្រហែលត្រឹមត្រូវជាង ។
បុណ្យសមុទ្រៈ ពាក្យនេះខ្ញុំឃើញគេសរសេរជាភាសាអង់គ្លេស
ថា (Sea Festival) ។ បើយើងសង្កេតមើលតាមភាពជាក់ស្តែង អ្វី
ដែលជា បុណ្យសមុទ្រ នៅទីនេះ វាគឺជា ទិវាឆ្នេរសមុទ្រ ដែលភាសាអង់
គ្លេសគេសរសេរថា (Beach Festival or Beach Carnival) ។
ដូច្នេះ គួរកែ បុណ្យសមុទ្រ ទៅជា ទិវាឆ្នេរសមុទ្រ វិញ ត្រឹមត្រូវជាង ។
ចែករំលែកចំណេះដឹង ឬបទពិសោធៈ ពាក្យនេះប្រហែលជា
គេបកប្រែមកពីពាក្យថា (Share knowledge or experience) ។
សូមបញ្ជាក់ថា ចំណេះដឹងក្តី បទពិសោធក្តី ជាវត្ថុ អរូបី ។ ដូច្នេះ គេមិន
អាចយកទៅចែករំលែក ដូចជាផ្លែឈឺ ឬនំចំណីនោះទេ ។ ពាក្យ (Share)
នៅទីនេះគួរប្រែថា ប្រាប់ ឬរៀបរាប់ទើបត្រឹមត្រូវ ។ បើគេនិយាយសំដៅ
ទៅលើអ្វីៗដែលក្រៅអំពី វត្ថុអរូបីទើបគេប្រែថា ចែករំលែក ឬចូលរួមជា
មួយ ។ ឧទាហរណ៍ ចែករំលែកនំ (Share a cake) ជិះតាក់ស៊ីជាមួយ
គ្នា (Share a cab) ។
ស្ពានអាកាសៈ ធម្មតា កាលណាយើងនិយាយអំពីស្ពាន គឺយើង
សំដៅលើសំណង់ដែលគេសង់ឆ្លងកាត់ ប្រឡាយ អូរ ស្ទឹង ទន្លេ ឬក៏ដៃសមុទ្រ ។
មិនដែលមាននរណាសង់ស្ពានឆ្លងកាត់អាកាសនោះទេ ព្រោះអាកាសគ្មានកោះ
គ្មានត្រើយដូចជា ស្ទឹង ឬទន្លេឡើយ ។ អ្វីដែលខ្មែរហៅថាស្ពានអាកាសនោះ
គឺគ្រាន់តែជាផ្លូវដែលគេសង់ក្នុងលម្ហពីលើផ្លូវមួយទៀត ដើម្បីកុំឲ្យចរាចរកក
ស្ទះ ។ ភាសាអង់គ្លេស គេហៅផ្លូវប្រភេទនេះថា (Overpass) ដែលយើងគួរ
សរសេរជាភាសាខ្មែរថា ផ្លូវលម្ហ ឬ ផ្លូវរំលង។
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment