Monday, January 31, 2011

រឿងល្បើកនិងរឿងនិទាន

រឿង ទន្សាយមានមិត្តសម្លាញ់ច្រើន
ទន្សាយមួយមានសត្វជាច្រើន រាប់អានវាជាមិត្ត ។ ថ្ងៃមួយ
វាបានឮសម្លេងចចកមួយហ្វូងលូហៅគ្នា ដើម្បីដើរស្វែងរកចំណី នៅ
ក្បែរកន្លែងដែលវារស់នៅ ។ ដោយយល់ថា គ្រោះអាសន្ននឹងអាច
កើតមាន ដល់ជីវិតរបស់វា ទន្សាយក៏បានទៅសុំជិះលើខ្នងសេះ
ដើម្បីគេចពីហ្វូងចចកកំណាច ។ នៅពេលបានដឹងថា ទន្សាយសុំជិះ
លើខ្នងវា ដើម្បីគេចពីហ្វូងចចក សេះក៏ឆ្លើយដោះខ្លួនថាៈ វាជាប់រវល់
ជួយធ្វើកិច្ចការឲ្យម្ចាស់វា មិនអាចជួយដោះទុក្ខធុរៈទន្សាយបានទេ ។
“យើងជឿថា” សេះនិយាយទៅកាន់ទន្សាយ “មិត្តដទៃប្រាកដជាអាច ជួយដោះទុក្ខធុរៈឯងបានជាមិនខាន” ។ បន្ទាប់មក ទន្សាយក៏ទៅពឹង
គោ ព្រោះគោមានស្នែងមុតស្រួច អាចធ្វើឲ្យចចកខ្លាចបាន ។ ប៉ុន្តែ
គោឆ្លើយដោះសាថាៈ វារវល់មានការណាត់ជួបសង្សារ ។ ឮដូច្នោះ
ទន្សាយក៏ទៅពឹងពពែ ព្រោះពពែធ្លាប់រត់លេងជាមួយវា និងជាមិត្ត
ជិតស្និទ្ធនឹងវាជាងគេ ។ នៅពេលដែលពពែ បានឮទន្សាយសុំជិះ
លើខ្នងវា ដើម្បីគេចពីហ្វូងចចក វាក៏សម្តែងនូវការព្រួយបារម្ភថាៈ
រោមវាខ្លីណាស់ បើនឹងឲ្យទន្សាយជិះលើខ្នងវានោះ ក្រែងលោរអិល
ជើងធ្លាក់មក នាំឲ្យបាក់ដៃបាក់ជើង ។ “សម្លាញ់គួរទៅសុំជិះលើខ្នង
ចៀមវិញ” ពពែប្រាប់ទន្សាយ “ព្រោះចៀមមានរោមក្រាស់ ហើយ
វែងទៀត” ។ លុះឮពពែប្រាប់ដូច្នោះ ទន្សាយក៏ទៅពឹងចៀមឲ្យជួយ
សង្គ្រោះវា ។ ពេលនោះ ចៀមបានប្រាប់ទន្សាយថា៖ “សុំទោស
សម្លាញ់ យើងមិនចង់លូកដៃចូលក្នុងរឿងនេះទេ ព្រោះនរណាក៏ដឹង
ដែរថា ចចកចូលចិត្តស៊ីសាច់ចៀម ក៏ដូចជាសាច់ទន្សាយដែរ” ។
ខណៈនោះ សម្លេងលូនៃហ្វូងចចក ក៏បានខិតកាន់តែជិតមក ។
ដោយអស់ជំនឿ ទៅលើទឹកចិត្តសប្បុរសរបស់មិត្តភក្តិវា ទន្សាយ
ក៏ដាក់មេផាយយ៉ាងលឿន រហូតដល់ទីបំផុត វាបានគេចផុតពីគ្រោះ
មហន្តរាយ ៕


អ្នកមានមិត្តដែលគ្មានចិត្ត តាមពិតគ្មានមិត្តពិតប្រាកដទេ

(ដកស្រង់ចេញពីសៀវភៅ រឿងល្បើកនិងរឿងនិទាន ភាគទី២)

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...