Friday, January 21, 2011

រឿងល្បើកនិងរឿងនិទាន

រឿង ទន្សាយនិងអណ្តើក

ទន្សាយមួយបានឃើញអណ្តើកវារគើមៗ នៅលើវាលស្មៅក្បែរមាត់បឹង។
វាក៏ដើរទៅជិត ហើយនិយាយចំអកឡកឡាយឲ្យអណ្តើកថា៖ “នែ៎ ! បង
អណ្តើក នៅលើលោកនេះ ប្រហែលជាគ្មានសត្វជើងបួនណា ដើរយឺត
ជាងបងឯងទេ” ។ អណ្តើកឮទន្សាយនិយាយបង្អាប់វាដូច្នោះ វាក៏ឆ្លើយ
ឌឺដងដាក់ទន្សាយវិញថា៖ “ប្រាកដជាមាន ! សត្វនោះគឺទន្សាយ” ។
ទន្សាយឮអណ្តើកនិយាយដូច្នោះ វាអស់សំណើចយ៉ាងខ្លាំង ហើយក៏
តបទៅវិញថា៖ “បើអញ្ចឹង យើងគួរតែប្រកួតគ្នារត់ប្រណាំងសាកមើល
តើអ្នកណាលឿនជាងអ្នកណា ?” ។ “ល្អ !” អណ្តើកឆ្លើយតប “យើង
នឹងរត់ប្រណាំងគ្នា ឲ្យឃើញសខ្មៅម្តង ព្រោះខ្ញុំចង់ដឹងថា តើសត្វទន្សាយ

ដែលល្បីថារត់លឿន ដូចផ្លេកបន្ទោរនោះ អាចយកជ័យជម្នះលើខ្ញុំ

បានដែរឬទេ ?” ។
លុះព្រមព្រៀងគ្នាហើយ ទន្សាយនិងអណ្តើកក៏ទៅពឹងខ្លែង ឲ្យជួយ
ធ្វើជាអាជ្ញាកណ្តាល ។ បន្ទាប់ពីបានជ្រើសរើសទិសដៅ និងទីកំណត់
ក្នុងការរត់ប្រណាំងរួច ខ្លែងក៏បានពាំស្លឹកឈើក្រៀម យកមកតម្រៀប
គ្នាជាជួរ ដើម្បីធ្វើជាខ្សែបន្ទាត់សម្រាប់ចាប់ផ្តើម ។ លុះរៀបចំរួចរាល់
ហើយ ខ្លែងប្រាប់ទន្សាយនិងអណ្តើកថា៖ “នៅពេលដែលខ្ញុំរាប់ដល់បី
អ្នកទាំងពីរត្រូវចាប់ផ្តើមរត់ភ្លាម” ។ ប្រាប់រួច ខ្លែងក៏ចាប់ផ្តើមរាប់ៈ
“មួយ ! ពីរ ! បី !” ។
បន្ទាប់ពីខ្លែងរាប់ដល់បី ទន្សាយនិងអណ្តើកក៏ចាប់ផ្តើម រត់ប្រណាំងគ្នា
យ៉ាងលឿន ។ គ្រាន់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ទន្សាយបានរត់ទៅមុន
អណ្តើក ឆ្ងាយផុតកន្ទុយភ្នែក ។ ដល់ពាក់កណ្តាលទី ទន្សាយក៏ឈប់
ហើយក្រឡេកមើលមកក្រោយ ដើម្បីរកមើលថាតើអណ្តើក បានរត់មក
ដល់ត្រឹមណាហើយ ។ ប៉ុន្តែ វារកមើលមិនឃើញស្រមោលអណ្តើក
ឡើយ ។ ពេលនោះ ទន្សាយគិតក្នុងចិត្តថាៈ ទោះជាអណ្តើករត់មួយថ្ងៃ
ទល់ល្ងាច ក៏មិនអាចមកទាន់វាដែរ ។ លុះគិតឃើញដូច្នោះហើយ
ទន្សាយក៏ចូលទៅដេក នៅក្រោមម្លប់ឈើមួយដើម ។ ភ្លេចៗខ្លួន
ទន្សាយក៏ដេកលក់យ៉ាងស្កប់ស្កល់ ។ ពេលភ្ញាក់ដឹងខ្លួនឡើង វាក៏រត់
សំដៅទៅកាន់ទីកំណត់ ។ លុះទៅដល់ទីកំណត់ ទន្សាយស្រាប់តែ

ឃើញអណ្តើក នៅអង្គុយចាំវានៅទីនោះធ្វើព្រងើយ ៕

មិនត្រូវប្រមាទមាក់ងាយ គូបដិបក្ខរបស់ខ្លួនឡើយ

(ដកស្រង់ចេញពីសៀវភៅ រឿងល្បើកនិងរឿងនិទាន ភាគទី ១)

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...