Monday, November 1, 2010

រឿងល្បើកនិងរឿងនិទាន

រឿង ស្រមោចនិងរៃ
(បទ ពាក្យ៧)

នៅលើវាលស្មៅស្រស់ខៀវខ្ចី ​​ក្រោមពន្លឺថ្ងៃចាំងភ្លឺថ្លា
ស្រមោចមួយហ្វូងប្រឹងធ្វើការ ​​រកភោជនាហារមកស្តុកទុក ។
ខ្នះខ្នែងអូសទាញញាប់ជើងដៃ ​​ខំប្រឹងឃ្មាតខ្មីដើរតត្រុក
ស្វែងរកស្បៀងមកដាក់ជង្រុក ​​សន្សំគរទុកខែវស្សា ។
ទោះក្តៅលំបាកក៏ស៊ូទ្រាំ ​​​​ស្រមោចខំពាំនាំអាហារ
ត្រៀមទុកធ្វើស្បៀងក្នុងគ្រួសារ​​នៅខែវស្សានាថ្ងៃមុខ ។
មានសត្វរៃមួយនៅមិនឆ្ងាយ ​​​ច្រៀងរាំសប្បាយឥតកើតទុក្ខ
អត់បារម្ភព្រួយទៅថ្ងៃមុខ ​​​​មិនរកស្បៀងទុកផ្គត់ផ្គង់ខ្លួន ។
ពេលឃើញស្រមោចប្រឹងធ្វើការ ​រៃក៏វាចាថាមិត្តស្ងួន
ខំប្រឹងអ្វីម្ល៉េះធ្វើបាបខ្លួន ​​​​កម្លាំងមាំមួនមករាំលេង ។
ស្រមោចឆ្លើយប្រាប់រៃវិញថា ​​ខ្ញុំជាប់កិច្ចការច្រើនធំធេង
ប្រមូលស្បៀងទុកដាក់កន្លែង ​​គួរបងរៃឯងពិចារណា ។
រៃឆ្លើយតបវិញឥតខ្វល់ភ័យ ​​​ទៅបារម្ភថ្វីខែវស្សា
សម្បូរមិនខ្វះម្ហូបអាហារ ​​​​ឥឡូវនេះណាយើងរាំច្រៀង ។
វស្សាភ្លៀងធ្លាក់ត្រជាក់ខ្យល់ ​​រៃមានកង្វល់ព្រោះដាច់ស្បៀង
បែរមើលស្រមោចមានស៊ីលៀង ​ដ្បិតអីបានព្រាងប្រឹងឧស្សាហ៍ ។
ឥឡូវទើបរៃដឹងខ្លួនខុស ​​​​សប្បាយជ្រុលហួសភ្លេចកិច្ចការ
លុះពេលអត់ឃ្លានទើបដឹងថា ​​គួរប្រឹងធ្វើការពេលទំនេរ ៕

កុំសប្បាយខុសក្បួន ប្រយ័ត្នផុងខ្លួនអត់អ្វីឆី

(ដកស្រង់ចេញពី រឿងល្បើកនិងរឿងនិទាន ភាគទី៣)

No comments:

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...