Wednesday, July 13, 2022

ចំណីខួរក្បាល

ឈឺក្តិត នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាដែលនិយាយថា៖ It's a pain in the ass ដែលយើងអាចបកប្រែយ៉ាងខ្លីថា ឈឺក្តិត ។ តាមពិត ពាក្យនេះជាមេតាហ្វ័រ ដែលគេសំដៅលើកត្តាអ្វីមួយដែលលំបាកខ្លាំង ។ បើគេសំដៅទៅលើមនុស្ស មនុស្សនោះគឺមានអាកប្បកិរិយានិងចរិយាមារយាទមិនចុះសម្រុងនឹងគេឯងឡើយ ។ បើសំដៅលើសត្វគោក្របីវិញ គោឬក្របីនោះវាមិនព្រមអូសរទេះឬនង្គ័លទៅមុខទេ ។ វាតែងតែត្រឡប់បង្វិលខ្លួនវាបញ្ច្រាស់រទេះឬនង្គ័លជានិច្ច ។ ដើម្បីស្វែងយល់អត្ថន័យនៃពាក្យ ឈឺក្តិត ឲ្យបានច្បាស់លាស់ជាទីបំផុត ខ្ញុំសម្រេចចិត្តទៅជួបគ្រូពេទ្យវះកាត់រោគក្តិត ដើម្បីឲ្យគាត់កាត់ក្តិតខ្ញុំសាកល្បងមើល ។ រឿងឈឺក្តិតជារឿងមួយ ។ ក៏ប៉ុន្តែ អ្វីដែលខ្ញុំនឹងលើកយកមកនិយាយពិស្តារនៅក្នុងអត្ថបទនេះ គឺអាការរោគឫសដូងបាត ។ ឫសដូងបាតមានពីរប្រភេទគឺ ឫសដូងបាតផ្នែកខាងក្រៅ និង ឫសដូងបាតផ្នែកខាងក្នុង ដែលភាសាអង់គ្លេសហៅថា External Hemoroid and Internal Hemoroid ។ ប្រហោងក្តិតមនុស្សនិងសត្វមានសរសៃកងសាច់ដុំដ៏មាំមួយ ដែលអាចរីករួមដូចកៅស៊ូកង ។ នៅជុំវិញសរសៃកងនេះ ទាំងផ្នែងខាងក្នុងនិងផ្នែកខាងក្រៅគឺជាសាច់ដុំដែលរីកហើយរួមនៅពេលលាមករបស់យើងធ្វើដំណើរឆ្លងកាត់ម្តងៗ ។ នៅពេលយើងចម្រើនវ័យ ឬទទួលទានអាហារមិនសូវសម្បូរសារធាតុសរសៃដែលភាសាអង់គ្លេសហៅថា Fibers (ហ្វាយប៊ើ) នោះ យើងពិបាកបត់ជើង ឬក៏ក្តៀនអាចម៍ ។ ដូច្នេះ ពេលបត់ជើងធំម្តងៗ យើងប្រឹងសឹងតែលៀនភ្នែក ។ ការប្រឹងបត់ជើងធំជាមួយនឹងលាមករឹង ឬក្តៀនជារឿយៗនឹងធ្វើឲ្យសាច់ដុំនៅជុំវិញរន្ធគូថរបស់យើងយារ ។ នៅទីបំផុត អាការរោគឫសដូងបាតចាប់ផ្តើមកកើត ។ លាមករឹងនិងអាចម៍ក្តៀន មិនមែនជាកត្តាតែមួយដែលនាំឲ្យកើតមានឫសដូងបាតទេ ។ មនុស្សស្រីដែលមានផ្ទៃពោះ ក៏រងផលប៉ះពាល់នៃឫសដូងបាតដែរ ជាពិសេសឫសដូងបាតផ្នែកខាងក្រៅ ដោយហេតុតែទម្ងន់ទារកក្នុងផ្ទៃសង្កត់ ។ ខ្ញុំរស់ជាមួយនឹងអាការរោគឫសដូងបាតប្រមាណជា ៣២ឆ្នាំ ។ ករណីឫសដូងបាតខ្ញុំគឺជាឫសដូងបាតផ្នែកខាងក្នុង ។ នៅឆ្នាំ ១៩៩០ ខ្ញុំសង្កេតឃើញក្រសាល់គូថខ្ញុំលៀនចេញមកជាប្រចាំបន្ទាប់ពីបត់ជើងធំរួច ។ សាច់ដុំដែលលៀនចេញមកនោះ មានទំហំប្រហែលជាប៉ុនចុងចង្កឹះ ។ ប៉ុន្តែ ដោយហេតុតែសាច់ដុំនោះជាសាច់ផ្នែកខាងក្នុងនៃរន្ធគូថរបស់ខ្ញុំ វាធ្វើឲ្យខ្ញុំឈឺក្រហល់ក្រហាយយ៉ាងខ្លាំង ប្រសិនបើខ្ញុំមិនរកវិធីរុញវាឲ្យចូលទៅក្នុងវិញ ។ ជាលទ្ធផល ខ្ញុំតែងតែបត់ជើងធំនៅផ្ទះជានិច្ច ដ្បិតមានបន្ទប់ទឹកសម្រាប់លាងសម្អាតគូថ និងរុញសាច់ដុំដែលលៀនចេញមកឲ្យចូលទៅក្នុងវិញ ។ ខ្ញុំកម្របត់ជើងធំនៅទីសាធារណៈណាស់ លើកលែងតែពេលមានអាសន្នម្តងម្កាល ។ នៅឆ្នាំ ១៩៩៦ ខ្ញុំបានលើកយកអាការរោគឫសដូងបាតរបស់ខ្ញុំទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតម្តង ។ វេជ្ជបណ្ឌិតនោះមានដើមកំណើតមកពីវៀតណាម ប៉ុន្តែគាត់មានឈ្មោះបោះសម្លេងនៅក្នុងមណ្ឌលដែលខ្ញុំរស់នៅ ។ សំណួរតែពីរគត់ដែលគាត់សួរខ្ញុំគឺ ១) បត់ជើងធំមកមានហូរឈាមទេ និង ២) តើមានការឈឺចាប់ខ្លាំងទេបន្ទាប់ពីបត់ជើងធំម្តងៗ ។ ខ្ញុំរៀបរាប់ប្រាប់គាត់អំពីអ្វីដែលខ្ញុំអាចមើលឃើញគឺ គ្មានឈាម និង អត់មានឈឺចាប់ខ្លាំងទេបន្ទាប់ពីខ្ញុំរុញសាច់ដុំដែលលៀនចេញមកឲ្យចូលទៅក្នុងវិញ ។ លោកវេជ្ជបណ្ឌិតគាត់យកស្រោមដៃមកពាក់ ហើយរុកម្រាមដៃចូលទៅក្នុងរន្ធគូថរបស់ខ្ញុំដើម្បីស្ទាបស្ទង់បញ្ជាក់ថា ខ្ញុំមិនមានដំបៅឬក៏បញ្ហាអ្វីផ្សេងនៅទីនោះ ។ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យរួច គាត់ណែនាំឲ្យខ្ញុំទទួលទានអាហារដែលមានសារធាតុសរសៃច្រើន និងកាត់បន្ថយម្ហូបមួយចំនួនដែលធ្វើឲ្យលាមកខ្ញុំរឹង ។ នៅឆ្នាំ ២០១៥ ខ្ញុំសម្រេចចិត្តលើកយកបញ្ហាឫសដូងបាតរបស់ខ្ញុំ ទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតមួយរូបផ្សេងទៀត ដ្បិតអាការរោគរបស់ខ្ញុំហាក់ដូចជាធ្ងន់ធ្ងរជាងមុន ។ ជាថ្មីម្តងទៀត លោកវេជ្ជបណ្ឌិតសួរខ្ញុំនូវសំណួរពីរដូចវេជ្ជបណ្ឌិតមុនដែរ រួចហើយណែនាំខ្ញុំឲ្យទទួលទានម្ហូបអាហារដូចដែលវេជ្ជបណ្ឌិតមុនប្រាប់ខ្ញុំ ។ គាត់ចេញថ្នាំមួយចំនួនឲ្យខ្ញុំប្រើដើម្បីសម្រួលដល់ការបត់ដៃបត់ជើង ។ ឫសដូងបាត ថ្វីដ្បិតតែមិនធ្ងន់ធ្ងរដូចអាការរោគមហារីក ក៏ប៉ុន្តែ វាបន្តរីកទំហំមិនស្រកស្រុតមកវិញទេ ។ ដូច្នេះ ដល់តំណាក់កាលមួយ យើងត្រូវតែវះកាត់ផ្តាច់វាចេញអំពីសរីរាង្គរបស់យើងជៀសមិនរួចឡើយ ។ នៅដើមឆ្នាំ ២០២២ នេះ ខ្ញុំសង្កេតឃើញថាអាការរោគឫសដូងបាតរបស់ខ្ញុំបានមកដល់ដំណាក់កាលមួយ ដែលបង្កទុក្ខលំបាកដល់ខ្ញុំយ៉ាងខ្លាំង ។ ខ្ញុំសម្រេចលើកយកបញ្ហានេះមកពិគ្រោះជាមួយនឹងគ្រូពេទ្យម្តងទៀត ។ គ្រូពេទ្យចុងក្រោយនេះ មិនមែនជាវេជ្ជបណ្ឌិតទេ ។ នាងជាគិលានុបដ្ឋាយិការ (Nurse Practitioner) វ័យក្មេងមួយរូបដែលមធ្យ័ត ។ ដើម្បីជៀសវាងការណែនាំដដែលជាដដែល ខ្ញុំប្រាប់អ្នកគ្រូពេទ្យវ័យក្មេងថា ខ្ញុំបានពិគ្រោះបញ្ហាឫសដូងបាតនេះជាមួយនឹងវេជ្ជបណ្ឌិត ចំនួនពីរដងហើយ ព្រមទាំងបានអនុវត្តនូវអ្វីៗសព្វបែបយ៉ាងរាប់បញ្ចូលទាំងការប្រើថ្នាំពេទ្យផងដែរ ។ ប៉ុន្តែ វាមិនបានធ្វើឲ្យស្ថានភាពឫសដូងបាតរបស់ខ្ញុំធូរស្រាលទេ ។ ដូច្នេះ ខ្ញុំសុំឲ្យនាងបញ្ជូនខ្ញុំឲ្យទៅជួបគ្រូពេទ្យឯកទេស (Specialist) ខាងវះកាត់ឫសដូងបាតនេះតែម្តង ។ នៅពេលខ្ញុំទៅជួបគ្រូពេទ្យជំនាញខាងវះកាត់ឫសដូងបាតនិងមហារីកចុងពោះវៀនធំ (Colon Cancer) គាត់បានសួរខ្ញុំនូវសំណួរដដែលដូចដែលគ្រូពេទ្យមុនៗសួរខ្ញុំដែរ ។ បន្ទាប់ពីទទួលបានចម្លើយអំពីខ្ញុំថា គ្មានឈាមហូរនៅពេលបត់ជើងធំ លោកគ្រូពេទ្យគាត់ហាក់ដូចជាអល់អែកក្នុងការអនុញាតិឲ្យខ្ញុំព្យាបាលតាមរយៈវះកាត់ ដ្បិតជាទូទៅគេមិនវះកាត់អាការឫសដូងបាតដែលគ្មានដំបៅ ឬក៏មានការដាច់ភ្នាសនៅក្នុងរន្ធគូថទេ (ដំបៅមិនឈឺគេមិនយកឈើចាក់ឡើយ) ។ ខ្ញុំទទូចឲ្យគាត់ពិចារណារឿងវះកាត់ ដ្បិតខ្ញុំឈឺនិងលំបាកខ្លាំងណាស់ពេលបត់ជើងធំម្តងៗ ។ លោកគ្រូពេទ្យប្រាប់ឲ្យខ្ញុំរង់ចាំគាត់មួយភ្លេត ដើម្បីឲ្យគាត់ទៅហៅសហការីម្នាក់ទៀតមកជួយពិនិត្យ និងយកឧបករណ៍មួយមានសណ្ឋានដូចស្នឹងគោ មកធ្វើរោគវិនិច្ឆ័យ ។ គាត់ឲ្យខ្ញុំលុតជង្គង់ហើយស្រាតខោចុះរួចហើយក្រាបលើកៅអីដែលអាចបត់នៅត្រង់ចង្កេះរបស់ខ្ញុំ ។ បន្ទាប់ពីធ្វើឲ្យគូទខ្ញុំចំតិតឡើងលើខ្ពស់ល្មម លោកគ្រូពេទ្យម្នាក់ចាប់ហែកគូទខ្ញុំ និងម្នាក់ទៀតយកឧបករណ៍ស្នឹងគោរុកឆ្កឹះមើលក្រសាល់គូថខ្ញុំ ទាល់តែវាលៀនចេញមកដូចផ្កាត្រកួនរីក ។ រំពេចនោះ គាត់លាន់មាត់ថា៖ អាហ៍! ខ្ញុំយល់ហើយ (Aha! I see the problem) ។ បន្ទាប់ពីយកក្រដាសជូតសំបោរមួយប្រអប់មកឲ្យខ្ញុំជូតសម្អាតគូថ និងប្រាប់ខ្ញុំឲ្យស្លៀកខោវិញ លោកគ្រូពេទ្យគាត់ដើរទៅយកក្រដាសពីរសន្លឹក ដែលមានពត៌មានពាក់ព័ន្ធនឹងឫសដូងបាតសរសេរលើនោះមកឲ្យខ្ញុំមួយសន្លឹក និងមួយសន្លឹកទៀតគាត់លាតបង្ហាញខ្ញុំអំពីវិធីព្យាបាលឫសដូងបាត ដែលមានជម្រើសចំនួនបួន ។ ជម្រើសចំនួនបី ជាជម្រើសព្យាបាលឫសដូងបាតប្រភេទស្រាល ដែលមិនសូវឈឺខ្លាំងឬបង្កទុក្ខដល់អ្នកជម្ងឺច្រើន (Less Invasive) ។ ប៉ុន្តែ ជម្រើសទាំងបីនេះមិនសូវមានប្រសិទ្ធិភាពក្នុងការទប់ស្កាត់កុំឲ្យឫសដូងបាតរីកលូតលាស់ឡើងវិញទេ ។ ជម្រើសទីបួនដែលពាក់ព័ន្ធនឹងការវះកាត់និងឈឺចាប់ខ្លាំង គឺជាជម្រើសល្អជាងគេ ។ នៅក្នុងករណីខ្ញុំ ជម្រើសមានតែមួយគត់គឺការវះកាត់ ដ្បិតឫសដូងបាតខ្ញុំមាន ២៥ភាគរយផ្នែកខាងក្រៅ និង៧៥ភាគរយផ្នែកខាងក្នុង ហើយវារីកធំមិនអាចទុកតទៅទៀតបានឡើយ ។ ក្រោយពីកំណត់ពេលវេលាវះកាត់រួច ខ្ញុំទៅដល់បន្ទីរពេទ្យវះកាត់នៅម៉ោង ៥កន្លះព្រឹកដើម្បីពិនិត្យសុខភាពនិងរៀបចំខ្លួនវះកាត់នៅម៉ោង ៧កន្លះ ។ ដោយហេតុតែលោកគ្រូពេទ្យគាត់មកមិនទាន់ពេលវេលា ខ្ញុំត្រូវដេកលើគ្រែពេទ្យចាំគាត់រហូតដល់ម៉ោងជិតប្រាំបី ទើបគេរុញខ្ញុំទៅកាន់បន្ទប់វះកាត់ ។ នៅទីនោះ ក្រៅអំពីគិលានុដ្ឋាយិការវ័យជ្រេពីររូបដែលជាជំនួយការវះកាត់ មាននារីវ័យក្មេងមួយរូបស្ថិតក្នុងសំលៀកបំពាក់គ្រូពេទ្យនៅទីនោះដែរ ។ នាងណែនាំខ្លួនថាជានិសិ្សតពេទ្យចូលមកសង្កេតការងារ ។ គ្រាន់តែឃើញនាងភ្លាម ខ្ញុំដឹងមួយរំពេចថានាងគឺជាវេជ្ជបណ្ឌិតទើបនឹងចេញមកបំពេញការងារ ។ កូនស្រីខ្ញុំវាប្រាប់ខ្ញុំថា ខ្ញុំមានរាងដូចសត្វកង្កែប ។ នឹកដល់ប្រការនេះ ខ្ញុំគឺមិនខុសអំពីសត្វកង្កែបដែលគេព្រលាត់ស្បែកអស់នោះទេ នៅពេលដែលគេលើកខ្ញុំដាក់លើគ្រែវះកាត់ ។ កំពុងតែមានអារម្មណ៍ខ្មាសអៀនអ្នកគ្រូពេទ្យវ័យក្មេងនោះ ខ្ញុំក៏សន្លប់បាត់ស្មារតីទៅ ។ មិនដឹងជាលោកគ្រូពេទ្យផ្នែកខាងដាក់ថ្នាំសន្លប់ គាត់លួចចាក់ដាក់ថ្នាំសន្លប់ខ្ញុំតាមទុយយោសេរ៉ូមពីពេលណាមកទេ ។ ខ្ញុំភ្ញាក់ដឹងខ្លួននៅម៉ោងជាងដប់ ជាមួយនឹងការក្អកយ៉ាងញាប់រន្ថើន ដ្បិតបំពង់កខ្ញុំស្ងួតដោយសារតែបំពង់ខ្យល់អុកសុីហ្សែន ដែលគេដាក់គ្របលើច្រមុះនិងមាត់ខ្ញុំអំឡុងពេលវះកាត់ ។ លោកគ្រូពេទ្យដែលដាក់ថ្នាំសន្លប់ឲ្យខ្ញុំនោះ បានហុចដុំទឹកកកតូចៗមួយកូនកែវមកឲ្យខ្ញុំបៀម ។ មួយសន្ទុះ ខ្ញុំក៏បាត់ក្អក ។ គាត់សួរឈ្មោះនិងថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំ ដើម្បីបញ្ជាក់ថាព្រលឹងខ្ញុំវាត្រឡប់ចូលមកក្នុងខ្លួនវិញហើយ ។ បន្ទាប់មក គាត់ក៏ហៅគិលានុបដ្ឋាយិការឲ្យមកយកខ្ញុំទៅសម្រាកនៅក្នុងបន្ទប់វិញ ។ Recovery បន្ទាប់ពីយកខ្ញុំមកដល់បន្ទប់សម្រាក គិលានុបដ្ឋាយិការប្រាប់ខ្ញុំឲ្យវាយទូរសព្ទហៅភរិយាខ្ញុំ ឲ្យមកទទួលយកខ្ញុំទៅផ្ទះវិញ ប៉ុន្តែត្រូវរង់ចាំរហូតទាល់តែខ្ញុំបត់ជើងតូចជាមុនសិន ។ ពុទ្ធោអើយ! ខ្ញុំអត់ទទួលទានចំណីឬក៏ទឹកតាំងតែពីម៉ោ៦ល្ងាចម្សិលមិញ តើមានទឹកឯណានៅក្នុងខ្លួនសម្រាប់បន្ទោបង់ទៅ ។ គិលានុបដ្ឋាយិកាឲ្យទឹកខ្ញីមកខ្ញុំមួយកូនកំប៉ុង ទឹកធម្មតាមួយកូនកែវ និងនំប៊ីស្គីផ្អែមពីរចំណិតប្រៃពីរចំណិត ដើម្បីបរិភោគ ។ បញ្ហារបស់ខ្ញុំគឺថា ទឹកនោមត្រូវតែកើនរហូតជិតដល់មួយលីត្រ ទើបអាចបន្ទោបង់ចេញបាន ។ ខ្ញុំសុំគិលានុបដ្ឋាយិការឲ្យយកទឹកមកឲ្យខ្ញុំឲ្យច្រើនថែមទៀត ព្រមទាំងពន្យល់គាត់អំពីបញ្ហារបស់ខ្ញុំជាមួយនឹងការបង្ហូរទឹកម៉ូត ។ គាត់ផ្តល់ទឹកឲ្យខ្ញុំពីរកូនកែវទៀត និងកាហ្វេមួយកូនកែវជាមួយនឹងនំប៊ីស្គីពីរចំណិត ។ បន្ទាប់ពីរង់ចាំជាងកន្លះម៉ោងមិនមានប្រតិកម្ម ខ្ញុំក៏សុំទឹកអំពីគាត់ថែម តែគាត់មិអនុញាតិឲ្យខ្ញុំទទួលទានទឹកច្រើនពេកទេ ដ្បិតសេរ៉ូមដែលគេចាក់បញ្ចូលក្នុងខ្លួនខ្ញុំអំឡុងពេលវះកាត់នោះក៏ជាទឹកដែរ ។ គាត់សម្រេចនាំខ្ញុំដើរចុះឡើងនៅក្នុង Hall Way ប្រៀបដូចជាស្ត្រីសម្រាលកូនដែលកំពុងជួបបញ្ហាសម្រាលកូនមិនរួច ។ ដើរបានពីរបីជុំ ខ្ញុំក៏សុំឲ្យគិលានុដ្ឋាយិការនាំខ្ញុំមកបន្ទប់វិញ ដ្បិតស្ត្រីមានផ្ទៃពោះគេដើរចុះឡើងដើម្បីឲ្យខ្យល់កម្មវិជ្ជវាទបក់ក្បាលទារកឲ្យវិលចុះទៅក្រោម ។ ឯខ្ញុំដើរយោលប្លោកដូចត្រដោកក្របីនោះ ដូចជាគ្មានបានផលប្រយោជន៍អ្វីទេ ។ ខ្ញុំអង្គុយធ្វើមុខស្មឿកនៅក្នុងបន្ទប់សម្រាក រង់ចាំឲ្យទឹកនោមវាចេញមក ។ ខ្ញុំបានរង់ចាំជាងមួយម៉ោងហើយមិនទាន់ឃើញមានសញ្ញាអ្វីឡើយ ។ គិលានុដ្ឋាយិការវ័យចំណាស់មួយរូបទៀតបានចូលមកសួរសុខទុក្ខខ្ញុំ ខ្ញុំក៏ប្រាប់គាត់អំពីបញ្ហានោមមិនចេញ ។ គាត់ពោលថាប្រុសៗតែអ៊ីចឹងឯង មិនពូកែដូចមនុស្សស្រីទេ ។ គាត់ប្រាប់ខ្ញុំ កុំឲ្យផ្តោតអារម្មណ៍លើការបត់ជើងតូចអី ។ ខ្ញុំត្រូវគិតមមៃអំពីរឿងត្រេកត្រអាល ដូចជាមើលស្រីស្អាតស្លៀកម៉ៃយោដើរលើឆ្នេរសមុទ្រជាដើម ។ វានឹងធ្វើឲ្យខ្ញុំមានអារម្មណ៍បត់ជើងតូចមិនយូរមិនឆាប់ឡើយ (It will come in no time) ។ ធ្វើតាមយោបល់គិលានុបដ្ឋាយិការជើងចាស់ ខ្ញុំឡើងដេកលើគ្រែពេទ្យយកដៃគងថ្ងាស់គិតអំពីអនុស្សាវរីយ៍ទៅដើរលេងនៅមាត់សមុទ្រ ហើយក៏បង្ហួសទៅដល់រឿងលើគ្រែខ្លះៗផងដែរ ។ ប្រហែលកន្លះម៉ោងក្រោយមក ខ្ញុំឈឺបត់ជើងតូចហើយក៏ទទួលបានផ្លែផ្កាដូចបំណង ។ សរុបទាំងអស់ប្រហែលជាពីរម៉ោង ដែលខ្ញុំត្រូវនៅរ៉ែរ៉ក្នុងមន្ទីរពេទ្យបន្ទាប់ពីវះកាត់រួច ។ មុនចាកចេញពីមន្ទីរពេទ្យ គិលានុបដ្ឋាយិការយកកាធុនជ័រតូចមួយមកឲ្យខ្ញុំ សម្រាប់ដាក់ទឹងក្តៅឧណ្ហៗហើយដាក់នៅលើចានបង្គន់ ដើម្បីឲ្យខ្ញុំអង្គុយត្រាំគូថក្នុងមួយថ្ងៃបីទៅបួនដង ។ គាត់ប្រាប់ខ្ញុំថា ការអង្គុយត្រាំគូថក្នុងទឹកក្តៅឧណ្ហៗនេះ វាជួយឲ្យមុខរបួសវះកាត់របស់ខ្ញុំឆាប់សះ និងជាមធ្យោបាយសម្អាតមុខរបួសផងដែរ ។ បន្ទាប់មក លោកវេជ្ជបណ្ឌិតបានយកខ្សែដៃប្លាស្ទីកពណ៌ខៀវមួយមកបំពាក់លើ កដៃខ្ញុំហើយប្រាប់ខ្ញុំថាត្រូវរក្សាវាចំនួនបីថ្ងៃដ្បិតខ្សែដៃនេះបញ្ជាក់ថា ខ្ញុំមានសារធាតុថ្នាំស្ពឹកបំបាត់ការឈឺចាប់នៅក្នុងខ្លួនរយៈពេលបីថ្ងៃ ។ ខ្ញុំភ្ញាក់ព្រើត ដ្បិតធ្លាប់តែគិតថាថ្នាំស្ពឹកបំបាត់ការចុកចាប់អំឡុងពេលវះកាត់ ពេលវះកាត់រួចវាសាបរលាបអស់ទៅវិញហើយ ។ លោកគ្រូពេទ្យហុចក្រដាសបីបួនសន្លឹកដែលរៀបរាប់អំពីការវះកាត់មកឲ្យខ្ញុំ ហើយក៏ជូនពឲ្យខ្ញុំបានជាសះស្បើយដោយសុខសប្បាយ ។ ខ្ញុំចាកចេញពីមន្ទីរពេទ្យនៅម៉ោង ១២កន្លះគត់បន្ទាប់ចំណាយពេលកន្លះថ្ងៃ ។ រយៈពេលបីថ្ងៃដំបូងដែលថ្នាំស្ពឹកនៅមានអានុភាព ខ្ញុំមិនមានការឈឺចាប់អ្វីធំដុំទេ ប៉ុន្តែហាក់ដូចជាមានការឈឺនោមនិងបត់ជើងធំជាប្រចាំ ។ ការបត់ជើងតូចរបស់ខ្ញុំមានអាការដូចជានោមទាស់ ដ្បិតពេលខ្ញុំចូលបត់ជើងតូចម្តងៗ ទឹកនោមចេញមកប្រហែលជាមួយពែងតែតែប៉ុណ្ណោះ ទោះបីជាខ្ញុំមានអារម្មណ៍ថាឈឺនោមខ្លាំងយ៉ាងណាក៏ដោយ ។ ជាលទ្ធផលតំបារពោះទឹករបស់ខ្ញុំរឹងដូចបាល់ដែលគេសប់តឹង ។ ឯការបត់ជើងធំក៏ខ្ញុំបត់ជើងមិនចេញដែរ ។ ខ្ញុំលំបាកក្នុងខ្លួនយ៉ាងខ្លាំង ហើយក៏សម្រេចវាយទូរសព្ទទៅបន្ទីរពេទ្យសួរយោបល់គ្រូពេទ្យ ។ គិលានុបដ្ឋាយិការប្រាប់ខ្ញុំឲ្យបន្តលេបថ្នាំធ្វើឲ្យលាមកទន់ដូចដែលខ្ញុំបានអនុវត្តិកន្លងមក ។ គាត់បានណែនាំខ្ញុំឲ្យទិញថ្នាំប្រភេទសសៃរ (Fiber) មកទទួលទានបន្ថែម ។ ក៏ប៉ុន្តែ អ្វីៗហាក់ដូចជាដំណើរការមិនប្រក្រតីសោះឡើយ ។ នៅយប់ថ្ងៃទីប្រាំបន្ទាប់ពីការវះកាត់ ខ្ញុំវេទនាក្នុងខ្លួនខ្លាំងយកតែមែនទែន ។ រៀងរាល់មួយម៉ោងម្តង ខ្ញុំត្រូវងើបទៅបត់ជើងតូចឬបត់ជើងធំ ។ អ្វីដែលជាបញ្ហាសម្រាប់ខ្ញុំគឺ ទាំងលាមកទាំងទឹកនោម វាមិនព្រមចេញមកច្រើនទេ ។ ទឹកនោមប្រហែលមួយពែងតែ ។ ឯលាមកប្រហែលប៉ុនកូនដៃ ។ ដូច្នេះ ខ្ញុំឈឺបត់ជើងជាប្រចាំ មិនអាចទ្រាំឲ្យលើសពីមួយម៉ោងឡើយ ។ ស្អែកឡើងខ្ញុំឲ្យភរិយាទៅរកទិញកន្ទប (Diaper) មនុស្សចាស់មួយកញ្ចប់និងថ្នាំសុលបំបែកលាមកមួយកូនប្រអប់ ។ ខ្ញុំឲ្យភរិយាសុលថ្នាំមួយគ្រាប់ឲ្យខ្ញុំ រួចហើយដេកផ្កាប់មុខប្រហែលកន្លះម៉ោងដើម្បីឲ្យថ្នាំវាជ្រាបចូលទៅរំលាយលាមកខ្ញុំឲ្យខ្ទេចខ្ទី ។ ខ្ញុំមានអារម្មណ៍ថា អ្វីៗនឹងរបូតរលូតមកគ្មានសល់ទេនៅគ្រានេះ ។ ប៉ុន្តែ ពេលខ្ញុំរត់ទៅអង្គុយលើចានបង្គន់ លទ្ធផលគឺបានត្រឹមលាមកប៉ុនម្រាមដៃប៉ុណ្ណោះ ។ ខ្ញុំឆ្ងល់ពន់ពេកណាស់ ។ បើតាមកម្រិតថ្នាំបញ្ចុះលាមកដែលខ្ញុំបានប្រើ អ្វីៗនៅក្នុងពោះវៀនធំខ្ញុំវាគួរតែក្លាយទៅជាវត្ថុរាវដូចបបរបាយជ្រូក ។ ផ្ទុយទៅវិញ លាមកខ្ញុំវានៅតែក្រាញក្តៀននៅក្នុងគូថខ្ញុំដដែល ។ ក្តៀនអាចម៍រយៈពេល ៦ថ្ងៃពិតជាលំបាកក្នុងខ្លួនពន់ពេកណាស់ ។ ខ្ញុំស្ទើរតែស្រែកយំម្តងៗ ។ និយាយអ៊ីចឹង នៅក្នុងភាសាអង់គ្លេសក៏មានគ្រាមភាសានៃពាក្យក្តៀនអាចម៍នេះដែរ ។ នៅពេលនរណាម្នាក់និយាយថា៖ It is a constepation គឺមានន័យថាការងារ ឬគម្រោងអ្វីមួយជាប់គាំងចេញមិនរួចឡើយ ។ បើនិយាយអំពីការចចារគ្នាដើម្បីដោះស្រាយជម្លោះដូចជាសង្គ្រាមរវាងរុស៊ីនិងអ៊ុយក្រេនវិញ វាមានន័យថាការចរចានោះ ស្ថិតនៅក្នុងស្ថានភាពទាល់ច្រក ។ រស់នៅស្រុកអាមេរិកជាង ៣០ឆ្នាំ ខ្ញុំធ្លាប់ឮនិស្សិតអាមេរិកាំងប្រើពាក្យនេះតែម្តងគត់ ។ នារីម្នាក់សួរមិត្តនាងថា តើលំហាត់គណិតវិទ្យាដែលលោកគ្រូដាក់ឲ្យធ្វើនោះ ដោះស្រាយចេញទេ ។ ចម្លើយគឺ៖ It's a constepation! គាំងដូចអាចម៍ក្តៀន! ត្រឡប់មកនិយាយអំពីរឿងឈឺក្តិតរបស់ខ្ញុំបន្តទៅទៀត ។ ល្ងាចនោះ ខ្ញុំសម្រេចចិត្តវាយទូរសព្ទទៅមន្ទីរពេទ្យម្តងទៀត ។ គាប់ជួនពេលនោះ លោកវេជ្ជបណ្ឌិតដែលវះកាត់ខ្ញុំមិនទាន់ទៅផ្ទះ ខ្ញុំក៏មានឱកាសជួបគាត់ដោយផ្ទាល់ ។ ខ្ញុំព្យាយាមសុំគាត់ទៅមន្ទីរពេទ្យនៅគ្រានោះ ដើម្បីឲ្យគ្រូពេទ្យរកមធ្យោបាយបូមលាមកខ្ញុំចេញ ដ្បិតខ្ញុំលំបាកក្នុងខ្លួនខ្លាំងណាស់ ។ លោកគ្រូពេទ្យសុំឲ្យខ្ញុំទ្រាំមួយយប់ទៀត ព្រមទាំងប្រាប់ខ្ញុំឲ្យទៅរកទិញថ្នាំម៉្យាងដែលមានឥទ្ធិពលខ្លាំងក្នុងការបញ្ចុះលាមកមកផឹក ។ ខ្ញុំកត់ឈ្មោះថ្នាំទុកដើម្បីទៅរកទិញនៅព្រឹកស្អែក ។ នៅយប់ថ្ងៃទី ៦នោះ ខ្ញុំរងកម្មមួយយប់ទល់ភ្លឺ គ្មានបានដេកពួនអ្វីឡើយដោយសារការក្តៀនអាចម៍និងទល់នោម វាធ្វើទុក្ខបុកម្នេញខ្ញុំឥតឈប់ឈរ ។ ព្រឹកឡើង ម៉ោងប្រហែលជា ៩កន្លះ បន្ទាប់ពីអង្គុយត្រាំគូថក្នុងកាធន់ទឹកក្តៅឧណ្ហៗរួច ខ្ញុំក៏ចូលទៅដេកងូតទឹកនៅក្នុង Bathtub ដោយយកកូនកៅអីជ័រទាបមួយមកកើយ ហើយសណ្តូកជើងបណ្តោយជញ្ជាំងឡើងលើ ៩០ដឺក្រេ និងបើកទឹកក្តៅឧណ្ហៗចេញពីផ្កាឈូកឲ្យធ្លាក់ចំលើតំបារពោះខ្ញុំ ។ ខ្ញុំធ្វើដូច្នេះ ដ្បិតធ្លាប់ឃើញបងជីដូនមួយខ្ញុំដែលមានផ្ទៃពោះ គាត់ឧស្សាហ៍ដេកដាក់ជើងឡើងលើជញ្ជាំង ដោយយកចំណុចចង្កេះរបស់គាត់ជាផ្នត់៩០ដឺក្រេជារឿយៗ ដើម្បីកុំឲ្យទម្ងន់ទារកសង្កត់ទៅលើទ្វារធំនិងទ្វារតូចរបស់គាត់ខ្លាំងពេក ។ ខ្ញុំអនុវត្តិតាមគាត់ដូច្នេះ ឃើញថាសម្ពាធអាចម៍ក្តៀននិងទឹកនោមទាស់ដែលសង្កត់ទៅលើរន្ធគូថកំពុងហើមស្ពុលរបស់ខ្ញុំ បានស្រាកស្រាន្តយ៉ាងហោចណាស់ក៏នៅក្នុងអំឡុងពេលងូតទឹក ២០ឬ៣០នាទីនោះដែរ ។ កំពុងតែដេកងូតទឹកយ៉ាងសុខស្រួល ខ្ញុំស្រាប់តែមានអារម្មណ៍ឈឺបត់ជើងធំ ។ ដោយគិតថា ប្រហែលជាមានលាមកប៉ុនម្រាមដៃចេញមកដូចសព្វមួយដង និងមិនចង់កាត់ផ្តាច់ការងូតទឹកពាក់កណ្តាលទី ខ្ញុំក៏ងើបលុតជង្គង់ដើម្បីឲ្យលាមកធ្លាក់មករួចហើយហែកក្រដាស់កិតអាចម៍នៅក្បែរនោះមកខ្ចប់វាបោះចូលក្នុងបង្គន់ ។ ប៉ុន្តែ ម្តងនេះ អ្វីៗហាក់ដូចជាខុសអំពីគ្រាមុន ។ ខ្ញុំមានអារម្មណ៍មិនសុខមិនសាប់ប្រៀបដូចជាមេគោកំពុងកើតកូន ។ ខ្ញុំលុតជង្គង់ម្ខាង រូចហើយលុតជង្គង់ទាំងពីរ ។ បន្ទាប់មក ខ្ញុំដាក់ដៃច្រត់ចុះប្រៀបដូចជាមនុស្សវារ ។ លាមកក៏នៅតែមិនព្រមចេញមក ។ ខ្ញុំក៏ងើបឈរឡើងហើយយកដៃច្រត់លើក្បាលជង្គង់ដោយបន្ទាបគូទចុះក្រោមបន្តិច ។ រំពេចនោះ លាមកខ្ញុំស្រាប់តែហូរមកឯកឯងដោយមិនចាំបាច់ប្រឹង ។ ការចាកចេញរបស់លាមកខ្ញុំនេះ គឺប្រៀបដូចជាគេបោសសម្អាតឃ្លាំង ។ វាមានសណ្ឋានដូចបបរចេកខ្ទិះបេះបិទ ។ ខ្ញុំលួចជេរក្នុងពោះថា បើវារាវដូច្នឹង ហេតុអ្វីក៏ខ្ញុំប្រឹងជុះស្ទើរដាច់ខ្យល់កាលពីពីរបីថ្ងៃមុន វាមិនព្រមចេញមក ។ ខ្ញុំបណ្តោយឲ្យធម្មជាតិវាលេងសើចតាមសម្រួល រួចហើយពឹងភរិយាឲ្យគាត់ចុះទៅយកកូនប៉ែលតូចមួយដែលមានសណ្ឋានដូចចបជីក នៅក្នុងសួនដំណាំក្រោយផ្ទះ ដើម្បីយកមកចូកលាមកដាក់ក្នុងកាធន់ ឬកន្ថោជ័រដែលមន្ទីរពេទ្យឲ្យមកខ្ញុំ ចាក់ចូលទៅក្នុងបង្គន់ដែលស្ថិតនៅក្នុងបន្ទប់ងូតទឹកនោះដែរ ។ បន្ទាប់ពីបាញ់ទឹកសាប៊ូសម្លាប់មេរោគ លាងបន្ទប់ទឹកស្អាតបាត ខ្ញុំងូតទឹកម្តងទៀតរួចហើយក៏ឡើងទៅសម្រាកលើគ្រែ ដេកលង់លក់អស់រយៈពេលជាងពីរម៉ោង ។ គ្មានពេលណាដែលខ្ញុំមានផាសុកភាពដូចពេលនោះឡើយ ។ ឯរឿងលាងលាមកស្ទើរតែពេញមួយកន្ថោចេញពីបន្ទប់ងូតទឹកនោះ ខ្ញុំក៏មិនតូចចិត្តដែរ ដ្បិតពេលដែលខ្ញុំក្តៀនអាចម៍ខ្លាំង ខ្ញុំបានពឹងភរិយាឲ្យអុចធូបបន់ស្រន់ដល់ព្រលឹងមាតាបិតាធ្វើយ៉ាងណាឲ្យលាមកខ្ញុំចេញមក ទោះរាគដាក់ខោឬពូកភួយកន្ទេលក៏ខ្ញុំសុខចិត្តដែរ ។ សបញ្ជាក់ថា ក្តៀនអាចម៍មួយអាទិត្យ វាមិនមែនជារឿងធម្មតាឡើយ ។ នេះមិនទាន់និយាយអំពីរឿងឈឺក្តិតដែលកើតចេញពីការវះកាត់ផង ។ សង្ខេបឡើងវិញ បើអ្នកចាំបាច់ត្រូវតែវះកាត់រន្ធគូថ ដើម្បីព្យាបាលឫសដូងបាតក្តី មហារីកចុងពោះវៀនធំក្តី (Colon Cancer) គប្បីត្រៀមវត្ថុបីយ៉ាងមិនអាចខ្វះបានទេ ។ វត្ថុទាំងបីនោះគឺ កន្ទប កន្ថោ និង កាធន់ជ័រ ។ ក្រៅអំពីនេះ គឺការដេកងូតទឹកក្នុង Bathtub ដើម្បីកាត់បន្ថយការឈឺចាប់នៅលើតំបារពោះដោយសារការនោមទាស់និងក្តៀនលាមក ។ ផ្អែកលើពត៌មានពិស្តារ នោមទាស់គឺជៀសមិនរួចទេ សម្រាប់ការវះកាត់ឫសដូងបាតនិងមហារីកចុងពោះវៀនធំ ដ្បិតថ្នាំស្ពឹកបំបាត់ការឈឺចាប់វាធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃបំពង់បង្ហូរទឹកម៉ូត ។ ចុងក្រោយបំផុត គឺការធ្វើចលនា ឬហាត់ប្រាណ ។ របៀបធ្វើចលនានេះ គឺត្រូវដេកផ្កាប់មុខដាក់ជើងផ្គុំគ្នាសណ្តូកឲ្យត្រង់ ។ លើកជើងបត់ត្រង់កន្លាក់អាចម៍ម្ខាងម្តង ។ ធ្វើចលនាបត់ចុះបត់ឡើង ១០ដង រួចហើយសណ្តូកចុះដើម្បីធ្វើចលនាលើជើងម្ខាងទៀត ។ ចលនាទីពីរគឺ កន្ធែកក្បាលជង្គង់ឲ្យឃ្លាតគ្នាបន្តិច រួចហើយបត់ជើងទាំងពីរ ៩០ដឺក្រេត្រង់ចំណុចកន្លាក់អាចម៍ ។ ធ្វើចលនាលើជើងទាំងពីររបៀបហែលទឹក ។ ចលនាទីបី គឺដូចចលនាទីពីរដែរ តែយកប្រអប់ជើងគោះគ្នាទៅវិញទៅមកនៅក្នុងទម្រង់បញ្ឈរ ៩០ដឺក្រេ ។ អត្ថបទនេះសន្មតថាចប់ត្រឹមនេះ ។ ក៏ប៉ុន្តែ ពត៌មានសំខាន់បំផុតដែលខ្ញុំចង់ឲ្យមិត្តអ្នកអានយល់ដឹង ខ្ញុំមិនទាន់បានសរសេរមួយពាក្យនៅឡើយទេ ។ អ្នកដែលមិនចូលចិត្តអានអត្ថបទវែង ប្រាកដជាលួចជេរខ្ញុំក្នុងពោះហើយ ដ្បិតចំណាយពេលអានរឿងអាចម៍និងនោមមកដល់ចំណុចនេះ ស្រាប់តែពោលថារឿងសំខាន់បំផុត មិនទាន់បានសរសេរមួយពាក្យទៅវិញ ។ ខ្ញុំសូមអធ្យាស្រ័យផងចុះ ដ្បិតការសរសេរអត្ថបទនេះ ខ្ញុំក៏ត្រូវរង់ចាំប្រហែលជាដប់ឆ្នាំផងដែរ ។ អ្នកដែលធ្លាប់សិក្សាផ្នែកខាងវេជ្ជសាស្ត្រ ប្រហែលជាមើលដឹងថាខ្ញុំសរសេរអត្ថបទនេះជាលក្ខណៈលាតត្រដាងជំហឺ (Epidemiological description) ។ រយៈពេលជាង ២០ឆ្នាំកន្លងទៅនេះ ខ្ញុំតែងតែធ្វើដំណើរទៅសួរសុខទុក្ខញាតិមិត្តនៅស្រុកខ្មែរជារឿយៗ ។ ប្រការមួយដែលខ្ញុំឧស្សាហ៍ឃើញគេយកមកផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងអានាធិបតេយ្យ គឺការវះកាត់ឫសដូងបាត ។ មិនមានពត៌មាននិយាយអំពីការព្យាបាលដោយវិធីផ្សេងឡើយ (Alternative treatment) ។ ប្រការនេះគឺផ្ទុយអំពីអ្វីដែលវេជ្ជបណ្ឌិតនៅបស្ចឹមប្រទេសណែនាំអ្នកជម្ងឺ ។ វេជ្ជបណ្ឌិតនៅបស្ចឹមប្រទេសគឺ ១០០% មិនលើកទឹកចិត្តឲ្យមនុស្សមានឫសដូងបាតវះកាត់ទេ ប្រសិនបើបត់ជើងធំមកមិនមានឈាម ។ គេណែនាំឲ្យយើងទទួលទានចំណីអាហារ ដើម្បីកាត់បន្ថយការរុកគួនរំខាននៃឫសដូងបាត ។ គោលដៅតែមួយគត់សម្រាប់មនុស្សដែលមានឫសដូងបាត គឺធ្វើយ៉ាងណាបត់ជើងធំក្នុងមួយថ្ងៃម្តង ។ បើធ្វើដូច្នេះបាន ឫសដូងបាតលែងជាបញ្ហានៅក្នុងជីវិតហើយ ។ សម្រាប់ពលរដ្ឋដែលរស់នៅក្នុងស្រុកខ្មែរ ក៏ដូចជាប្រទេសនានានៅអាសុីអគ្នេយ៍ ការទទួលទានម្ហូបអាហារដែលអាចធ្វើឲ្យយើងបត់ជើងធំរៀងរាល់ថ្ងៃនោះ គឺងាយដូចបកចេក ដោយគ្រាន់តែបន្ថែមអាហារបន្តិចបន្តួច អមជាមួយនឹងម្ហូបចំណីដែលយើងទទួលទានប្រចាំថ្ងៃ ។ ខ្ញុំហ៊ានអះអាងដូច្នេះ ពីព្រោះខ្ញុំធ្លាប់យករូបខ្ញុំទៅធ្វើបទពិសោធចំនួនបីលើក ។ លទ្ធផលគឺជោគជ័យឥតមានឆកល្វែងទេ (Consistantly successful) ។ នៅស្រុកខ្មែរនិងអាសុីភាគអគ្នេយ៍ មានម្ហូបអាហារនិងផ្លែឈើមួយចំនួនដែលបរិភោគទៅធ្វើឲ្យយើងបត់ជើងធំរៀងរាល់ថ្ងៃ ។ ផ្នែកម្ហូបគឺ ១) ជ្រក់មមាញ ២) ជ្រក់ស្ពៃ ៣) ជ្រក់ល្ហុង ៤) តាសក់ត្រាំ និង ៥) តាសក់និងល្ហុងម៉ាំ ។ គួរកត់សម្គាល់ថា ម្ហូបទាំងនេះជាប្រភេទម្ហូបផ្អាប់ដែលមានបាក់តេរីនៅក្នុងនោះ ។ ហើយម្ហូបមួយចំនួនគេច្រកក្នុងកូនថង់ប្លាស្ទីកតូចៗសម្រាប់លក់ ។ យើងត្រូវការតែមួយកូនថង់តូចនោះទេ ក្នុងមួយថ្ងៃ ។ បើតាសក់ត្រាំនិងតាសក់ម៉ាំ កន្លះកូនចានចង្កឹះគឺគ្រប់គ្រាន់ ។ ឯផ្លែឈើគឺ ក្រូចថ្លុង និង ល្ហុងទំ ។ ញ៉ាំផ្លែឈើនេះមួយកូនចានចង្កឹះមុនចូលគេង ក៏គ្រប់គ្រាន់ដែរ ។ ក្រៅអំពីម្ហូបអមដែលជួយឲ្យយើងបត់ជើងធំប្រចាំថ្ងៃនេះ យើងអាចទទួលទានបន្លែដែលសម្បូរសារធាតុសសៃរ (Fibers) ផងដែរ ។ បន្លែដែលសម្បូរសារធាតុសសៃរ និងអាចរកបានគ្រប់រដូវគឺ ត្រកួន ព្រលឹត ក្រអៅឈូក និង កូនចេកណាំវ៉ា ។ ក្រៅអំពីនេះ សាឡាដ ស្ពៃ ខាត់ណា នៅស្រុកយើងក៏សម្បូរណាស់ដែរ ។ គួរកត់សម្គាល់ថា ត្រកួន ព្រលឹត ក្រអៅឈូក និង កូនចេកណាំវ៉ា គឺត្រូវដងត្រូវផ្លែតែជាមួយនឹងសម្លម្ជូរ ។ ហើយក៏ត្រូវដឹងដែរថា ខ្មែរក៏មានសម្លម្ជូរខ្មែរដែរ មិនមែនមានតែយួនទេ ។ អ្នកដែលមិនស្គាល់សម្លម្ជូរខ្មែរ គួរតែទៅថ្វាយបង្គំភ្នំនាងកង្រីឲ្យបានបីដង ។ សម្លម្ជូរខ្មែរ មានបន្លែតែពីរមុខគត់គឺ ត្រកួន និង មមីសនាងកង្រី ។ គេមិននិយមស្លម្ជូរខ្មែរជាមួយនឹងសាច់ទេ ។ វត្ថុផ្សំដែលមានប្រជាប្រិយបំផុតគឺ ត្រីកញ្ចុះ ត្រីឆ្លាំង ត្រីផ្ទក់ និង ត្រីចង្វាភ្លៀង ។ ត្រីផ្សេងក៏អាចយកមកស្លបានដែរ ប៉ុន្តែមិនសូវឆ្ងាញ់ដូចត្រីប៉ុន្មានមុខខាងលើទេ ។ ក្រៅអំពីត្រី គេក៏អាចស្លម្ជូរខ្មែរជាមួយនឹង ខ្ចៅ ខ្ចង កំពឹស និងក្តាមផងដែរ ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមនិយាយអំពីរបៀបស្លម្ជូរខ្មែរបន្តិចផងចុះ ដ្បិតកន្លងមកឃើញប្រពន្ធខ្ញុំនិងប្រពន្ធគេ ស្លម្ជូរខ្មែរត្របីត្របាគ្មានដឹងក្បួនខ្នាតអ្វីឡើយ ។ ខ្ញុំដឹងអំពីរបៀបស្លម្ជូខ្មែរ ដោយសារជីដូនខ្ញុំប្រាប់ ។ ការស្លម្ជូរខ្មែរក៏ងាយស្រួលដូចបកចេកដែរ ដ្បិតវាមានបន្លែស្នូលតែមួយមុខគត់គឺ ត្រកួន ។ ត្រកួនមានគល់និងត្រួយ ។ ពីរភាគបីនៃផ្នែកខាងគល់ គេកាត់វាជាកង់ៗប្រវែងប្រហែលពីរថ្នាំងដៃដាក់ដោយឡែកអំពីផ្នែកខាងត្រួយ ។ រួចហើយ យើងយកកូនកាំបិតពុះជ្រៀកកំណាត់ដើមត្រកួននេះដាក់ត្រាំទឹក ដើម្បីឲ្យវារីកចេញសោភ័ណដូចផ្កា ។ បើយើងខ្ជិលក្បាច់ក្បូរ យកបន្ទះកាំបិតប៉ាំងតោដំដើមត្រកួនឲ្យបែក ហើយកាត់វាជាកង់ៗក៏បានដែរ ។ ជំហាននីមួយៗនៃការស្លម្ជូរខ្មែរគឺ ដាំទឹកឲ្យពុះ ជ្រុំប្រហុកចូលដោយប្រើកន្ត្រង ។ រួចហើយបង់ត្រកួនផ្នែកខាងគល់ចូល ។ បន្ទាប់ពីទឹកសម្លពុះ បង់ត្រីកញ្ចុះ ត្រីឆ្លាំង ឬត្រីផ្ទក់ ដែលកាត់ជាកង់ៗ ចូលទៅ ។ ទុកឲ្យទឹកសម្លពុះម្តងទៀត ទើបបង់ត្រកួនផ្នែកខាងចុងចូល ។ បន្ទាប់មកជ្រុំផ្លែអំពិលទុំ អំពិលខ្ចី ឬសណ្តាន់ ដើម្បីឲ្យសម្លជូរ ។ គប្បីជ្រុំប្រភេទម្ជូរទាំងនេះនៅក្នុងកន្ត្រងប្រហុក ។ មិនត្រូវបង់វាចូលដោយផ្ទាល់ទេ ។ វាអាចធ្វើឲ្យសម្លជូរជ្រេញ ។ បើមានត្រួយអំពិល អាចបង់វាចូលជាមួយនឹងត្រួយត្រកួនតែម្តង ។ ឯមមីសនាងកង្រី បើដាក់វាទាំងវែងៗ ក៏ត្រូវបង់វាជាមួយនឹងត្រួយត្រកួនដែរ ។ ប៉ុន្តែ បើយើងហាន់វាខ្លីៗដូចស្លឹកជីបន្លា គឺត្រូវរង់ចាំទាល់តែសម្លពុះម្តងទៀតបន្ទាប់ពីបង់ត្រួយត្រកួន ទើបបង់វាចូលហើយបិទភ្លើងលើកឆ្នាំងចេញពីជើងក្រាន ។ សម្លសន្មត់ថាឆ្អិនហើយ ។ គួរកត់សម្គាល់ថា គប្បីភ្លក្សនិងថែមស្ករអំបិល ឬផ្លែម្ទេសក្តឆ្មារដើម្បីតម្រូវមាត់អ្នកទទួលទាន មុននឹងលើកសម្លចេញពីជើងក្រាន ។ សម្រាប់ការស្លជាមួយនឹង ខ្ចៅ ខ្ចង ក្តាម កំពឹស ឬ ត្រីចង្វាភ្លៀង គប្បីបង់គ្រឿងទាំងនេះចូលបន្ទាប់ពីត្រួយត្រកួន ។ បកទៅនិយាយអំពីឫសដូងបាតវិញ ។ ចំណីអាហារ និងបន្លែផ្លែឈើដ៏សម្បូរបែបដែលពលរដ្ឋខ្មែរអាចរកបាន មិនថាអ្នកមានឬអ្នកក្រឡើយ គឺអាចយកមកដោះស្រាយបញ្ហាអាការរោគឫសដូងបាតបានដោយងាយ ។ មិនត្រូវចំណាយប្រាក់ទៅលើការវះកាត់ ចំណាយពេលវេលាព្យាបាលរបួស និង ស៊ូទ្រាំឈឺក្តិតឥតប្រយោជន៍ទេ ។ គ្រាន់តែកែប្រែការទទួលទានអាហារបន្តិចបន្តួច អាចព្យាបាលអាការរោគបាន គ្មានអ្វីប្រសើរជាងនេះទេនៅលើលោកនេះ ។ កាលខ្ញុំរកឃើញរបៀបកាត់បន្ថយអាការរោគឫសដូងបាត ដោយការទទួលទានចំណីអាហារកាលពីដប់ឆ្នាំមុន ខ្ញុំបម្រុងនឹងសរសេរផ្សព្វផ្សាយនៅគ្រានោះ ។ ក៏ប៉ុន្តែ ដោយខ្ញុំដឹងថា ខ្ញុំត្រូវវះកាត់ឫសដូងបាតរបស់ខ្ញុំនៅថ្ងៃណាមួយ ព្រោះខ្ញុំមិនអាចស្វែងរកម្ហូបអាហារមកទទួលទានដូចមនុស្សរស់នៅក្នុងស្រុកខ្មែរបាន ខ្ញុំក៏សម្រេចចិត្តរង់ចាំរហូតដល់ការវះកាត់ឫសដូងបាតរបស់ខ្ញុំប្រព្រឹត្តិទៅរួចរាល់ ទើបផ្គុំកត្តានៃអត្ថបទទាំងពីរជាមួយគ្នា ។ មុននឹងបញ្ចប់អត្ថបទដ៏វែងអន្លាយនេះ ខ្ញុំសូមឆ្លៀតនិយាយអំពីមហារីចុងពោះវៀនធំ (Colon Cancer) បន្តិច ។ ចំណុចសំខាន់បំផុតនៃអត្ថបទនេះ គឺនៅចុងបញ្ចប់នេះឯង ។ បើមិត្តអ្នកអានមានឪពុកម្តាយ ឬជីដូនជីតាដែលមានអាយុចន្លោះពី ៥០ ទៅ ៧០ ឆ្នាំ ដែលមិនធ្លាប់បានទៅឆ្លុះមើលអាការរោគមហារីកចុងពោះវៀនធំ សូមណែនាំឬក៏យកពួកគាត់ទៅពិនិត្យរោគសញ្ញាមហារីកចុងពោះវៀនធំ យ៉ាងហោចណាស់ក៏ម្តងដែរ ។ បើអាច គួរពិនិត្យនៅពេលដែលយើងមានអាយុក្នុងចន្លោះពី ៥០ទៅ៦០ឆ្នាំ ម្តង និងនៅក្នុងចន្លោះ ៦០ទៅ៧០ឆ្នាំ ម្តងទៀត ។ ខ្ញុំដឹងថាមនុស្សទូទៅ ជាពិសេសមនុស្សស្រី មានការអៀនប្រៀននៅក្នុងការពិភាក្សាឬក៏ឲ្យពេទ្យពិនិត្យរន្ធគូថ ។ សម័យនេះ វិទ្យាសាស្ត្រជឿនលឿនមានកូនម៉ាសុីនថតតូចៗដែលគ្រូពេទ្យរុកចូលក្នុងរន្ធគូថយើង ដើម្បីពិនិត្យតាមរយៈកំព្យូទ័រ ។ មិនមានអ្វីដែលគួរឲ្យខ្មាសអៀនឡើយ ។ ចាស់ៗប្រហែលជានៅមានចិត្តខ្លាចរអារ ។ ប៉ុន្តែ យើងជាកូនឬចៅអាចពន្យល់គាត់ដោយស្ងាត់កំបាំង អំពីសារសំខាន់នៃការពិនិត្យរោគវិនិច្ឆ័យមហារីកចុងពោះវៀនធំនេះ ។ ខ្ញុំទើបនឹងបាត់បង់បងស្រីជីដូនមួយមួយរូប ដែលមានអាយុទើបតែ ៦០ឆ្នាំក្រាស់ ដោយសារមហារីកចុងពោះវៀនធំកាលពីពីរសប្តាហ៍មុន ។ ដោយហេតុតែសង្គ្រាមនិងកលិយុគនៅស្រុកខ្មែរ យើងទាំងពីរមិនដែលស្គាល់ឬក៏ជួបមុខគ្នាទេ តាំងតែពីខ្ញុំដឹងក្តីមក ។ យើងទើបតែបានជួបមុខគ្នាម្តងនៅក្នុងរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក កាលពីឆ្នាំទៅ ។ វាជាជំនួបលើកទីមួយ ហើយក៏ជាជំនួបចុងក្រោយរបស់ពួកយើងដែរ ។ អត្ថបទនេះ ចាត់ទុកថាជាការជូនដំណើរវិញ្ញាណក្ខន្ធបងទៅកាន់បរលោក ។ ហើយក៏សូមឲ្យការស្លាប់របស់បង ក្លាយទៅជាកត្តាលើកទឹកចិត្ត ដល់មនុស្សផងទាំងពួងដែលបានអានអត្ថបទនេះ ឲ្យឈប់អៀនប្រៀនជាមួយនឹងការពិនិត្យអាការរោគនៅក្នុងរន្ធគូថ ៕

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...