Tuesday, April 23, 2019

ចំណីខួរក្បាល

រត់តាមគេ ឬរត់ឲ្យទាន់គេ នៅឆ្នាំ ១៩៨៩ ខ្ញុំបានចុះឈ្មោះរៀនវាយអង្គុលីលេខនៅក្នុងវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក ។ គ្រានោះ កូនសិស្សជាច្រើនរាប់បញ្ចូលទាំងរូបខ្ញុំផង មិនដែលស្គាល់ម៉ាសុីនកំព្យូទ័រទេ ។ ដើម្បីរៀនវាយអង្គុលីលេខបាន សិស្សទាំងអស់ត្រូវឆ្លងកាត់ការសិក្សាអំពីរបៀបប្រើកំព្យូទ័រសិន ។ ខ្ញុំនៅចាំថា សិស្សទាំងអស់ត្រូវបានណែនាំឲ្យបង្កើតអត្តសញ្ញាណ (ID) និងពាក្យសម្ងាត់ (Password) រៀងៗខ្លួនដើម្បីអាចរៀនវាយអង្គុលីលេខនៅលើម៉ាសុីនកំព្យូទ័រទាំងនោះ ។ ខ្ញុំរៀនវាយពាក្យនៅលើកំព្យូទ័រមិនដែលបានគ្រប់ចំនួន ឬក៏ទាន់ពេលវេលាកំណត់នោះទេ ។ ឧទាហរណ៍ គេតម្រូវឲ្យវាយយ៉ាងហោចណាស់ ៤៥ពាក្យក្នុងមួយនាទី ខ្ញុំវាយបានតែត្រឹមតែ ៣០ទៅ៣៥ពាក្យប៉ុណ្ណោះ ។ ប៉ុន្តែ អ្វីដែលខ្ញុំកត់សម្គាល់គឺ ម៉ាសុីនកំព្យូទ័រជាម៉ាសុីនដែលមានសក្តានុពលខ្ពស់បំផុតក្នុងចំណោមម៉ាសុីននានាដែលមនុស្សធ្លាប់បានបង្កើត ។ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ខ្ញុំបានភពប្រសព្វនឹងកំព្យូទ័រម្តងទៀតក្នុងនាមជា បុគ្គលិកបណ្ណាល័យកំព្យូទ័រនៅក្នុងមហាវិទ្យាល័យដែលខ្ញុំកំពុងសិក្សា ។ ម្តងនេះ ខ្ញុំមានឱកាសច្រើនក្នុងការប្រើប្រាស់ម៉ាសុីនកំព្យូទ័រ ហើយក៏មានឱកាសបានរៀនផ្ញើសារអេឡិចត្រូនិក (អុីម៉ែល) មុនគេបំផុតនៅក្នុងចំណោមនិស្សិតរៀននៅមហាវិទ្យាល័យ ។ វាជាបទពិសោធដ៏អស្ចារ្យមួយនៅក្នុងជីវិតខ្ញុំ ។ ថ្វីត្បិតតែខ្ញុំមិនបានរៀនជំនាញខាងកំព្យូទ័រមែនពិត តែកំព្យូទ័រ បានក្លាយជាមិត្តជិតស្និទ្ធរបស់ខ្ញុំចាប់ពីឆ្នាំ ១៩៨៩ មក ។ រត់តាមគេ ឬរត់ឲ្យទាន់គេ គឺខ្ញុំចង់និយាយអំពីសក្តានុពលរបស់កំព្យូទ័រ ។ បច្ចុប្បន្ន ខ្ញុំឃើញនិស្សិតខ្មែរជាច្រើនហាក់ដូចជាស្រវាស្រទេញក្នុងការប្រមូលសៀវភៅយកមកទុកជាឯកសារសិក្សា ។ ខ្ញុំក៏ជាមនុស្សមួយរូបដែលចូលចិត្តរក្សាសៀវភៅដែរ ។ ប៉ុន្តែ ផ្អែកលើបទពិសោធផ្ទាល់ខ្លួន វាគឺជាកំហុសដ៏ធំមួយ ។ សៀវភៅដែលខ្ញុំរក្សាទុកមួយចំនួនមានអាយុប្រមាណជាជាង ៥០ឆ្នាំហើយ ។ ហើយវាក៏ចាប់ផ្តើមរលេះរលួយបណ្តើរៗដែរ ។ ដូច្នេះ ធនធានពលកម្មនិងប្រាក់កាក់ដែលខ្ញុំបានចំណាយទាំងអម្បាលម៉ានក៏ចាប់ផ្តើមបាត់បង់ជាមួយនឹងទំព័រសៀវភៅទាំងនោះដែរ ។ ដើម្បីជៀសវាងការខាតបង់ ទាំងពេលវេលាទាំងប្រាក់កាក់ និស្សិតសម័យនេះគួរសហការគ្នារក្សាឯកសារដែលមានទ្រង់ទ្រាយជា អេឡិចត្រូនិក ឬ ឌីជីថល ។ បើយើងសង្កេតមើលបណ្ណាល័យនៅបស្ចឹមប្រទេស គេបានចាប់ផ្តើមកាត់បន្ថយការរក្សាសៀវភៅជាទម្រង់ក្រដាសតាំងតែពីឆ្នាំ ១៩៩០ មកម្លេះ ។ អ្វីៗគឺត្រូវបានគេបំផ្លែង (Converted) ឲ្យទៅជាសៀវភៅអេឡិចត្រូនិកស្ទើរតែអស់ទៅហើយ ។ បើនិយាយអំពីការប្រើប្រាស់បណ្ណាល័យដើម្បីខ្ចីសៀវភៅយកមកអាននោះ មនុស្សភាគច្រើនមិនទៅបណ្ណាល័យទៀតទេ ត្បិតអីគេអាចខ្ចីឬជួលសៀវភៅ អេឡិចត្រូនិកយកមកអាននៅក្នុងកំព្យូទ័រ ឬក៏ថេបឡេត ដោយមិនចាំបាច់ចេញពីផ្ទះឡើយ ។ ដូច្នេះ វាគ្មានហេតុផលអ្វីដែលយើងគួរប្រមូលសៀវភៅយកមករក្សាទុកនាំឲ្យចង្អៀតផ្ទះនោះទេ ។ ការរក្សាសៀវភៅនៅក្នុងទម្រង់ អេឡិចត្រូនិក គឺត្រូវការពេលវេលាដើម្បីសរសេរចម្លងពាក្យពេចន៍ឡើងវិញនៅក្នុងកំព្យូទ័រ ។ ប្រការនេះ យើងអាចសហការគ្នាចម្លងមួយវគ្គម្នាក់ៗ រួចហើយយកវគ្គទាំងអស់មកផ្គុំគ្នាតាមលេខរៀងឲ្យក្លាយជាសៀវភៅឡើងវិញ ។ បន្ទាប់មក សន្សំវាជា ភីឌីអេហ្វ (Save in PDF, Portable Document File) ។ យើងអាចរក្សាទុកសៀវភៅ ភីឌីអេហ្វ បានរាប់សតវត្សទៅមុខដោយងាយស្រួល ។ ចំណុចមួយដែលយើងត្រូវលើកយកមកពិចារណាគឺ កម្មសិទ្ធិបញ្ញា (Copyrighted) ។ គួរកត់សម្គាល់ថា ច្បាប់កម្មសិទ្ធិបញ្ញា មានមុនការបង្កើតកម្មវិធី ភីឌីអេហ្វ ។ ដូច្នេះ អ្វីៗហាក់ដូចជាស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ។ ជាទូទៅ ការចម្លងឬរក្សាទុកឯកសារណាមួយជាទម្រង់ ភីឌីអេហ្វ សម្រាប់សិក្សាដោយមិនពាក់ព័ន្ធការស្វែងរកកម្រៃ វាហាក់ដូចជាគ្មានការហាមប្រាមទេ ។ ប្រៀបដូចជាយើងទិញសៀវភៅ ហើយឲ្យសៀវភៅនោះទៅមិត្តភក្តិខ្ចីអានដូច្នោះដែរ ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួន ដែលធ្លាប់ចុះបញ្ជីកម្មសិទ្ធិបញ្ញាសៀវភៅរបស់ខ្ញុំជាមួយនឹងបណ្ណាល័យជាតិសហរដ្ឋអាមេរិក (Library of Congress) គេអនុញាតិឲ្យខ្ញុំរក្សាសិទ្ធិសៀវភៅរយៈពេល ៥០ឆ្នាំ ។ ប្រសិនបើខ្ញុំស្លាប់មុខរយៈពេល៥០ឆ្នាំនោះ កម្មសិទ្ធិបញ្ញារបស់ខ្ញុំនឹងអស់សុពលភាពត្រឹមថ្ងៃដែលខ្ញុំស្លាប់ ។ ភរិយាឬកូនរបស់ខ្ញុំអាចដាក់លិខិតស្នើបន្តសុពលភាពក្នុងនាមជាអ្នកស្នងមរតក ។ ប៉ុន្តែ បើគ្មានអ្នកស្នើបន្តសុពលភាពទេ សៀវភៅនោះនឹងក្លាយជាសម្បត្តិសាធារណៈ ដែលគេអាចបកប្រែ ឬចម្លងបោះពុម្ពសាឡើងវិញដោយមិនចាំបាច់សុំសិទ្ធិពីអ្នកនិពន្ធឡើយ ។ ដូច្នេះ យើងអាចយកសៀវភៅដែលមានអាយុកាលលើសពី ៥០ឆ្នាំ ឬសៀវភៅដែលអ្នកនិពន្ធបានទទួលអនិច្ចកម្មទៅហើយ មកចម្លងបោះពុម្ពជា PDF ដើម្បីរក្សាទុកនិងចែកចាយជាសាធារណៈ ។ និយាយឲ្យខ្លី សៀវភៅ ឌីជីថល ឬ ភីឌីអេហ្វ គឺប្រៀបដូចជាចំណេះដឹកដែរ ។ របស់ទាំងពីរនេះ ងាយថែរក្សាទុកដាក់ដូចគ្នា ។ មួយស្ថិតនៅក្នុងអង្គចងចាំកំព្យូទ័រ មួយទៀតស្ថិតនៅក្នុងខួរក្បាល ។ ដើម្បីបង្កើតឬបំផ្លែងឯកសារ (Convert File into PDF) ឲ្យទៅជាសៀវភៅ ឌីជីថល ឬ អេឡិចត្រូនិក កំព្យូទ័រអេប៉ល ម៉ាក់ប៊ុក មានកម្មវិធីធ្វើដូចតទៅ៖ File => Print. On the bottom left of Print Box, Press on Downward arrow next to PDF. Select Save as PDF. The File or Book as PDF digital format is made! គួរកត់សម្គាល់ថា សៀវភៅល្បីៗជាច្រើនត្រូវបានគេចម្លងនិងបង្កើតជា ឌីជីថលប៊ុករួចហើយ ។ ដូច្នេះ ដើម្បីជៀសវាងធ្វើកិច្ចការត្រួតលើគ្នា គប្បីស្រាវជ្រាវនៅក្នុងប្រព័ន្ធ អុីនថឺណិត ពិនិត្យមើលថាតើសៀវភៅដែលយើងចង់ចម្លងធ្វើជាសៀវភៅ ឌីជីថលនោះ មានគេធ្វើរួចហើយឬនៅ ៕

Saturday, April 13, 2019

ចំណីខួរក្បាល

បដិវត្តន៍អត់ពណ៌ ១៧ មេសាកម្ពុជារំដោះ សម្រែកជ័យឃោស កក្រើកមេឃា ដុំពពកខ្មៅរលាយហើយណា រស្មីភ្លឺថ្លា បដិវត្តន៍ចាំងចែង ។ នេះគឺជាវគ្គមួយនៃចម្រៀងបដិវត្តន៍ខ្មែរក្រហមដែលខ្ញុំបានឮដំបូងបំផុតកាលពី ៤៤ឆ្នាំមុន ។ វាបានដក់ជាប់នៅក្នុងការចងចាំរបស់ខ្ញុំរហូតដល់ថ្ងៃនេះ ដោយហេតុតែចម្រៀងនេះផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ជម្លៀសប្រជាជនចេញអំពីទីក្រុងទៅកាន់ជនបទ ។ បដិវត្តន៍និងការធ្វើទុក្ខបុកម្នេញកាប់សម្លាប់ពលរដ្ឋខ្មែរយ៉ាងព្រៃផ្សៃពីសំណាក់ពួកខ្មែរក្រហម ត្រូវបានគេសរសេរកត់ត្រាទុកជាច្រើនមកហើយ ប៉ុន្តែចំណុចសំខាន់មួយចំនួនហាក់ដូចជានៅស្រពិចស្រពិលនៅឡើយ ។ ដើម្បីរំលឹកអំពីអនុស្សាវរីយ៍ដ៏ជូចត់មួយនេះ ខ្ញុំសូមលើកយកកត្តាពាក់ព័ន្ធជាប្រវត្តិសាស្ត្រមួយចំនួនមកលាតត្រដាងនៅក្នុងអត្ថបទនេះ ។ ដើមកំណើតនៃសោកនាដកម្មខ្មែរនៅក្នុងសម័យខ្មែរក្រហម មានប្រភពចេញមកពីវីរជនវៀតណាមមួយរូបឈ្មោះ ហូ ជីមីញ ។ នៅដើមទសវត្សឆ្នាំ ១៩៣០ ហូ ជីមីញ និងឥស្សរជនចិនមួយរូបឈ្មោះ តេង ស៊ាវពីង បានជួបគ្នានាគ្រាដែលពួកគេទៅសិក្សានៅក្នុងប្រទេសបារាំង ។ នៅទីនោះ ពួកគេបានចូលជាសមាជិករបស់អង្គការ ខំមីនថឺន (Comintern OR Communist International) ។ គួរបញ្ជាក់ថា សហភាពសូវៀតដែលទើបនឹងទទួលបានជ័យជម្នះនៅក្នុងបដិវត្តន៍បង្កើតលទ្ធិកុម្មុយនីស្តប្រមាណជាជាងមួយទសវត្សកន្លងទៅ បានបង្កើតអង្គការខំមីនថឺនឡើងដើម្បីផ្សព្វផ្សាយលទ្ធិកុម្មុយនីស្តឲ្យបានទូលំទូលាយ ។ បន្ទាប់ពីទទួលការហ្វឹកហាត់វគ្គនយោបាយនិងបានចូលរួមមហាសន្និបាតនៅទីក្រុងមូស្គូរួច ហូ ជីមិញ បានធ្វើដំណើរទៅដល់ប្រទេសចិន ។ នៅទីនោះ គាត់បានទៅចូលរួមនៅក្នុងមហាសន្និបាតខំមីនថឺនមួយទៀតដែលរៀបចំឡើងនៅតំបន់កង់តុង (Guangdung) នៅក្នុងឆ្នាំ ១៩៣៩ ។ អំឡុងពេលស្នាក់នៅតំបន់កង់តុង ហូ ជីមិញ បានជួបនឹងសកម្មជនវៀតណាមមួយចំនួន ។ ពួកគេបានលបលួចនាំហូ ជីមិញ មកកាន់ទីក្រុងហាណូយហើយក៏បានបង្កើតចលនារំដោះជាតិវៀតណាមចេញពីនឹមអាណានិគមបារាំង ។ គេហៅចលនានោះថា វៀតមិញ (Viet Minh) ដែលមាន ហូ ជីមិញ ឡេ យន់ ផាំ វ៉ាន់ដុង ឡេ ដឹកថូ និង វ៉ូ ង្វៀងយ៉ាប់ ជាស្ថានិកសំខាន់ ។ ក្រោយមក ឡេ ដឹកថូ បានជួបនឹងយុវនិស្សិតវៀតណាមនៅភាគខាងត្បូងមួយរូបឈ្មោះ ផាំ ស៊ុនហួន ដែលជាអ្នកស៊ើបការណ៍ដ៏ចំណានបំផុតនៅក្នុងប្រវត្តិសាស្ត្រវៀតណាម ។ ផាំ ស៊ុនហួនត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសហរដ្ឋអាមេរិកហើយរកឱកាសធ្វើការជាមួយភ្នាក់ងារសារពត៌មានអាមេរិកាំងដើម្បីស៊ើបយកពត៌មាននៅពេលដែលគាត់វិលត្រឡប់មកវៀតណាមវិញ ។ គាត់បានក្លាយជាបុគ្គលសំខាន់មួយរូបនៅក្នុងសង្គ្រាមរវាងវៀតណាមនិងអាមេរិក ។ នៅក្នុងអំឡុងពេលស្របាលគ្នានោះ ប្រទេសខ្មែរក៏មានការរំជើបរំជួលនយោបាយផងដែរ ។ គួរកត់សម្គាល់ថា ឆ្នាំ១៩៣៩ជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី ២ ហើយប្រទេសបារាំងដែលជាអាណានិគមគ្រុបគ្រងប្រទេសយួន លាវ កម្ពុជា និងតំបន់កម្ពុជាក្រោមនោះត្រូវបានយោធាអាល្លឺម៉ង់វាយប្រហារយ៉ាងដំណំ ។ ឆ្លៀតឱកាសនោះ ខ្មែរមួយក្រុមដឹកនាំដោយលោក សឺន ង៉ុកថាញ់ ប៉ាច ឈឺន ប៊ុណ្ណចន្ទ ម៉ុល និងអាចារ្យ ហែម ជៀវ បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យបារាំងផ្តល់សិទ្ធិសេរីភាពឲ្យខ្មែរក្នុងការសម្រេចជោគវាសនារបស់ខ្លួន ។ បារាំងបានចាប់មេបាតុករមួយចំនួន លើកលែងតែលោក សឺន ង៉ុកថាញ់ដែលរត់គេចខ្លួនរួច យកទៅដាក់គុកនៅកោះ ត្រឡាច ។ អាចារ្យ ហែម ជៀវបានស្លាប់នៅទីនោះ ឯអ្នកដទៃទៀតត្រូវបានដោះលែងវិញបន្ទាប់ពី ជប៉ុនវាយលុកយកបានតំបន់អាសុីអគ្នេយ៍ ។ លុះជប៉ុនចាញ់សង្គ្រាមលោកលើកទី ២ បារាំងបានវិលត្រឡប់មកត្រួតត្រាតំបន់ឥណ្ឌូចិនវិញ ហើយអតីតអ្នកទោសដែលជប៉ុនបានដោះលែងពីគុកនៅកោះត្រឡាច មានលោកប៊ុណ្ណចន្ទ ម៉ុល ជាអាទ៍ បាននាំគ្នារត់គេចខ្លួនទៅកទ័ពប្រឆាំងនឹងបារាំងនៅតាមបណ្តោយជួរភ្នំដងរែក ។ ពួកគេហៅចលនានោះថា ខ្មែរឥស្សរៈ ។ នៅឯស្រុកយួនឯនោះវិញ ពួកវៀតមិញបានពង្រីកឥទ្ធិពលរបស់គេនៅអំឡុងពេលបារាំងចាញ់ដៃជប៉ុន ដោយបង្កើតឲ្យមានក្រុមវៀតមិញនៅក្នុងប្រទេសខ្មែរភាគខាងកើតនិងនៅប្រទេសឡាវ ។ នៅក្នុងប្រទេសខ្មែរ គេហៅចលនានោះថា៖ ខ្មែរវៀតមិញ ។ ឯនៅប្រទេសឡាវគេហៅថា៖ ឡាវឥស្សរា ។ ចលនាខ្មែរវៀតមិញនិងខ្មែរឥស្សរៈបានជួបពិភាក្សាគ្នាម្តងពីរដែរដើម្បីសហការគ្នាវាយប្រហារបារាំង ប៉ុន្តែមិនចុះសម្រុងនឹងគ្នាទេ ។ ដល់ចំណុចនេះ ខ្ញុំសូមបើករង្វង់ក្រចកនិយាយអំពីខ្មែរមួយក្រុមដែលទៅសិក្សានៅស្រុកបារាំង ។ ក្រោយសង្គ្រាមលោកលើកទី ២ មូលនិធិរ៉ុកហ្វែល្លឺ (Rockfeller Foundation) បានផ្តល់ថវិកាឲ្យសាកលវិទ្យាល័យប៉ារីស ដើម្បីសាងសង់អគារស្នាក់នៅនិងផ្តល់អាហារូបករណ៍ដល់និស្សិតនៅជុំវិញពិភពលោកមកសិក្សានៅស្រុកបារាំង ។ គេធ្វើរបៀបនេះក្នុងគោលបំណងឲ្យយុវជនដែលមានពូជអម្បូរខុសគ្នាមានឱកាសជួបប្រាស្រ័យទាក់ទងគ្នាដើម្បីកសាងមិត្តភាពនិងបញ្ជៀសកុំឲ្យសង្គ្រាមលោកកើតឡើងទៀត ។ គេដាក់ឈ្មោះអគារស្នាក់នៅទាំងនោះថា៖ ផ្ទះខ្មែរ ផ្ទះវៀតណាម ផ្ទះអាល់ហ្សឺរី ជាដើម ។ល។ នៅឆ្នាំ ១៩៤៩ និស្សិតខ្មែរមួយក្រុមត្រូវបានអនុញាតិឲ្យទៅសិក្សានៅស្រុកបារាំងនាគ្រានោះ ។ ក្នុងចំណោមនិស្សិតទាំងនោះមានជាអាទ៍លោក៖ សាឡុត ស (ហៅ ប៉ុល ពត) អៀង សារី ខៀវ សំផន គាត ឆុន ខៀវ បុណ្ណារី និង អៀង ធីរិទ្ធ ជាដើម ។ល។ បងប្អូនត្រកូល ជួន ដែលជាក្មួយរបស់លោក ប៊ុណ្ណចន្ទ ម៉ុល និងមនុស្សសំខាន់ៗជាច្រើនទៀតនៅក្នុងជួរខ្មែរក្រហមក៏មានមុខនៅទីនោះដែរ ។ និស្សិតខ្មែរទាំងនោះបានបង្កើតក្រុមសកម្មភាពនយោបាយមួយដែលពួកគេហៅថា៖ វង្សម៉ាក្សសុីស (Marxist Circle) ។ លោក កេង វ៉ាន់សាក់ ក៏ធ្លាប់ចូលរួមពិភាក្សាជាមួយនឹងសកម្មជននយោបាយទាំងនោះដែរ ។ គួរកត់សម្គាល់ដែរថា ឆ្នាំ១៩៤៩នេះ ក៏ជាឆ្នាំដែលបារាំងធ្វើស្ថិតិជំរឿនចំនួនពលរដ្ឋនៅកម្ពុជាក្រោមហើយសម្រេចភ្ជាប់ទឹកដីតំបន់នោះឲ្យទៅប្រទេសវៀតណាម ត្បិតជនជាតិវៀតណាមដែលរស់នៅក្នុងតំបន់នោះមានចំនួនច្រើនជាងជនជាតិខ្មែរ ។ នៅឯប្រទេសចិន ពួកកុម្មុយនីស្តក៏ទទួលបានជ័យជម្នះហើយប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោកប្រធាន ម៉ៅ សេទុង ជាអ្នកដឹកនាំ ។ កត្តាចម្បងដែលធ្វើឲ្យអាណានិគមបារាំងនៅឥណ្ឌូចិនក្រឡាប់ចាក់ គឺបរាជ័យនៅសមរភូមិ ឌៀនបៀនភូ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម ។ នៅឆ្នាំ ១៩៥៣ ហូ ជីមិញ និងយុទ្ធមិត្តរបស់គាត់អមដោយជំនួយសម្ភារៈសឹកពីសំណាក់មហាមិត្តចិន បានឡោមព័ទ្ធវាយកំទេចមូលដ្ឋានទ័ពដ៏រឹងមាំមួយរបស់បារាំងនៅតំបន់ឌៀនបៀនភូ ។ បន្ទាប់ពីបរាជ័យនៅឌៀនបៀនភូ បារាំងក៏សម្រេចចិត្តកោះប្រជុំសន្និសិទមួយនៅទីក្រុងហ្សឺណែវ ដើម្បីផ្តល់ឯករាជ្យឲ្យប្រទេស យួន ឡាវ និង ខ្មែរ ។ ក្រុមអ្នកតស៊ូប្រឆាំងនឹងបារាំងទាំងប៉ុន្មាន ដែលមានទឹកដីខ្លះស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន អាចមានកៅអីអង្គុយនៅតុចចារ ។ ក្រុម ហូ ជីមិញ តំណាងឲ្យវៀតណាមនៅភាគខាងជើង ។ ឯភាគខាងត្បូងនិងតំបន់កម្ពុជាក្រោមតំណាងដោយក្រុមលោក ង៉ោ ឌិញយៀម បន្ទាប់ពីស្តេច បៅ ដាយ បានដាក់រាជ ។ ចំណែកឯប្រទេសខ្មែរ ពួកឥស្សរៈ ជាពិសេសខ្មែរវៀតមិញ បានទាមទារអង្គុយក្នុងតុចចារដែរ ប៉ុន្តែត្រូវបានរារាំងដោយគណប្រតិភូខ្មែរដឹកនាំដោយលោក សម សារី ឪពុកលោក សម រង្សី សព្វថ្ងៃនេះ ។ បន្ទាប់ពីការចចារគ្នានៅទីក្រុងហ្សឺណែវ ឧបទ្វីបឥណ្ឌូចិនត្រូវបានបែងចែកជាបួនប្រទេសគឺ៖ វៀតណាមខាងជើង វៀតណាមខាងត្បូង (ដែលមានកម្ពុជាក្រោមនៅក្នុងនោះ) ខ្មែរ និង ឡាវ ។ គួរកត់សម្គាល់ថា អំឡុងពេលដែល ហូ ជីមិញ បង្កើតចលនាវៀតមិញនោះ ពួកគេបានរៀបចំបណ្តាញទូទាំងប្រទេសវៀតណាមទាំងមូល រាប់បញ្ចូលទាំងក្រុមខ្មែរវៀតមិញនៅក្នុងស្រុកខ្មែរផងដែរ ។ ដូច្នេះ សន្និសិទហ្សឺណែវតម្រូវឲ្យសកម្មជនវៀតមិញទាំងនោះទៅរួមរស់ជាមួយនឹងម្ចាស់របស់ពួកគេនៅក្នុងប្រទេសវៀតណាមភាគខាងជើង ។ អ្វីដែលជាមេរៀនចេញអំពីសន្និសិទហ្សឺណែវនោះ គឺថាពួកកុម្មុយនីស្តមិនបានគោរពតាមគោលការណ៍កិច្ចព្រមព្រៀងទេ ។ ភ្នាក់ងារសម្ងាត់របស់ពួកគេនៅតែបន្តសកម្មភាពនៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពប្រទេសដទៃ ដូចជានៅស្រុកខ្មែរជាដើម ។ និយាយអំពីក្រុមនិស្សិតខ្មែរម៉ាក្សសុីសនៅស្រុកបារាំងវិញម្តង ។ បន្ទាប់ពីសិក្សាអំពីការធ្វើបដិវត្តន៍និងពង្រឹងគោលជំហរបានល្អគួរសម ពួកគេបានសម្រេចនាំគ្នាវិលមកស្រុកខ្មែរដើម្បីកែប្រែសង្គមឲ្យបានល្អរុងរឿង ។ ដើមឡើយ គោលដៅរបស់ពួកគេគឺកំចាត់អាណានិគមបារាំងឲ្យវិនាសពីស្រុកខ្មែរ ។ ប៉ុន្តែ ដោយហេតុតែបារាំងបានប្រគល់ឯករាជ្យមកឲ្យខ្មែររួចហើយ ពួកគេក៏សម្រេចផ្តោតការវាយប្រហារទៅលើពួកសក្តិភូមិ នាយទុន ប្រត្តិកិរិយាវិញម្តង ។ និយាយឲ្យចំគឺផ្តួលរំលំរំលាយរាជានិយមចោល ។ អ្នកដែលត្រឡប់មកស្រុកខ្មែរមុនគេនៅដើមទសវត្សឆ្នាំ ១៩៥០ គឺ ប៉ុល ពត ។ អំឡុងពេលនោះ ប្រទេសខ្មែរទើបទទួលបានឯករាជ្យពីបារាំង ហើយស្តេច នរោត្តម សីហនុ ដែលជាប្រមុខរដ្ឋបានអំពាវនាវឲ្យក្រុមខ្មែរតស៊ូប្រឆាំងបារាំងទាំងអស់ដាក់អាវុធចុះចូលជាមួយរដ្ឋាភិបាល ។ ខ្មែរឥស្សរៈនៅភ្នំដងរែកមួយចំនួនដូចជាលោក ដាប ឈួន ប៊ុណ្ណចន្ទ ម៉ុល និង ធម្មបាល ខៀវ ជុំ បានបញ្ឈប់សកម្មភាពហើយវិលមករួមរស់ក្នុងសង្គមខ្មែរវិញ ប៉ុន្តែក្រុមខ្មែរវៀតមិញដែលបង្កើតឡើងដោយ ហូ ជីមិញ នោះ មិនបញ្ឈប់គំនិតតស៊ូរបស់ខ្លួនទេ ។ គួរកត់សម្គាល់ថា នៅពេលដែល ហូ ជីមិញ បញ្ជូន ឡេ យន់ និង ឡេ ដឹកថូ ឲ្យមករៀបចំបណ្តាញវៀតមិញនៅស្រុកខ្មែរ ពួកគេបានជ្រើសយកតំបន់ខេត្ត តាកែវ កំពត និង កំពង់ស្ពឺ ធ្វើជាចំណុចកណ្តាល (Headquarters) ហើយជ្រើសរើសមនុស្សម្នាក់ឲ្យធ្វើជាស្នងការ ។ គេមិនទាន់មានលេខាបក្សទេនៅគ្រានោះ ព្រោះក្រុមខ្មែរវៀតមិញជាបុត្រសម្ព័ន្ធរបស់ ចលនាវៀតមិញដែលមានវៀតណាមនិង ហូ ជីមិញ ជាអ្នកចាត់ចែងការងារ ។ មនុស្សទីមួយដែលកាន់កិច្ចការស្នងការនៃក្រុមខ្មែរវៀតមិញគឺ អាចារ្យ មៀន ដែលយួនអោយដូរឈ្មោះជា សឺន ង៉ុងមិញ ដើម្បីបោកប្រាស់អ្នកតស៊ូដទៃឲ្យទៅចូលរួមជាមួយត្បិតគិតថា សឺន ង៉ុងមិញ និង សឺន ង៉ុងថាញ់ ជាបងប្អូននឹងគ្នា ។ មុខងារជាស្នងការ គ្រោះថ្នាក់ខ្លាំងណាស់ ។ គុកនិងសេចក្តីស្លាប់ស្ថិតនៅក្បែរខ្លួនប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ។ ដើម្បីកាត់បន្ថយហានិភ័យ ខ្មែរវៀតមិញបានបង្កើតតួនាទីមួយហៅថា នីរសារ ដែលជាអ្នកនាំសារពីស្នងការទៅកាន់សមាជិកនានា និងពីសមាជិកនានាមកឲ្យស្នងការ ។ អតីតកម្មាភិបាលខ្មែរក្រហមជាច្រើន រាប់បញ្ចូលទាំងអ្នកដែលមានវាសនាបានមកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ គឺសុទ្ធតែធ្លាប់បានកាន់តួនាទីជា នីរសារ នេះ ។ ស្នងការនិងនីរសារ ជាគន្លឹះស្លាប់រស់របស់ការតស៊ូនៃពួកខ្មែរវៀតមិញ ឬខ្មែរក្រហម ហើយក៏ជាមុខសញ្ញានៃការវាយប្រហាររបស់អាជ្ញាធរដែរ ។ ដោយហេតុតែសកម្មភាពនៃក្រុមខ្មែរវៀតមិញ ជាសកម្មភាពលួចលាក់ ការស្លាប់របស់ស្នងការនិងនីរសារមួយចំនួនក៏ស្ថិតនៅក្នុងភាពអាថ៌កំបាំងដែរ ។ អាចារ្យ មៀន ត្រូវបានគេលួចសម្លាប់បន្ទាប់ពីកាន់កិច្ចការបានមួយរយៈ ។ នៅអំឡុងឆ្នាំ ១៩៥៥ លោក ទូ សាមុត ត្រូវបានតែងតាំងឲ្យធ្វើជាស្នងការ ។ ឯទីតាំងប្រតិបត្តិការណ៍ក៏ត្រូវបានរំកិលមកកាន់ទីក្រុងភ្នំពេញដែរ ។ នៅក្នុងកំឡុងពេលនេះ ប៉ុល ពត និង សុីវ ហេង ដែលត្រូវជាឪពុកមារបស់លោក នួន ជា បានមកចូលរួមជាមួយនឹង ទូ សាមុត ដើម្បីរៀបចំឲ្យមានអង្គការបក្សកុម្មុយនីស្តនៅកម្ពុជា ។ ទូ សាមុត បានក្លាយជាលេខាបក្សនាគ្រានោះ ប៉ុន្តែត្រូវបានគេលួចសម្លាប់យ៉ាងអាថ៌កំបាំងទៀត ។ បន្ទាប់ពី ទូ សាមុត ស្លាប់ សុីវ ហេង ក៏សុំចាកចេញពីចលនាតស៊ូ ។ តំណែងលេខាបក្សក៏ធ្លាក់មកដល់ ប៉ុល ពត ដែលមាន នួន ជា ជាជំនួយការជំនិត ។ នួន ជា ដែលមានភក្តីភាពជាមួយនឹង ប៉ុល ពត ជាងឪពុកមាខ្លួនបានដាក់ការសង្ស័យលើ សុីវ ហេង នៅក្នុងការស្លាប់របស់ ទូ សាមុត និងសកម្មជនដទៃ ។ កិច្ចប្រជុំសម្ងាត់មួយត្រូវបានរៀបចំឡើងនៅក្បែរចំណតរថភ្លើងភ្នំពេញ ដោយមានការជួយជ្រោមជ្រែងពីបងប្អូនត្រកូល ជួន ។ បន្ទាប់ពីកិច្ចប្រជុំនោះ គេក៏សម្រេចឲ្យ ប៉ុល ពត គេចខ្លួនទៅនៅក្នុងព្រៃ ហើយបង្កើតឲ្យមានស្នងការក្រុងភ្នំពេញ ដើម្បីគៀងគរនិស្សិតបញ្ញវ័ន្ត និងមន្ត្រីរាជការឲ្យចូលរួមនៅក្នុងចលនាតស៊ូ ។ លោក កេង វ៉ាន់សាក់ បានជូនដំណើរ ប៉ុល ពត ដោយសម្ងាត់ ។ ពួកគេជិះកាណូតឆ្លងពីខេត្តកំពង់ចាមទៅកាន់ស្រុក ក្រូចឆ្មារ ហើយដាក់ ប៉ុល ពត នៅទីនោះដើម្បីឲ្យពួកនីរសារនាំគាត់ទៅកាន់ការិយាល័យលេខ ១០០ ដែលជាមូលដ្ឋានសម្ងាត់របស់ចលនាយួនវៀតមិញស្ថិតនៅក្នុងស្រុក ស្នួល ។ បន្ទាប់មក ប៉ុល ពត បានទៅជួប ហូ ជីមិញ នៅប្រទេសវៀតណាមភាគខាងជើង ។ ចលនាយួនវៀតមិញ និងខ្មែរវៀតមិញដែលដឹកនាំដោយ ប៉ុល ពត បានសហការគ្នាតស៊ូរហូតដល់ឆ្នាំ ១៩៧៣ ទើបបែកបាក់គ្នា ។ បន្ទាប់ពី ប៉ុល ពត ភៀសខ្លួនទៅនៅក្នុងព្រៃ កិច្ចការនានានៅក្នុងក្រុងត្រូវបានចាត់ចែងដោយ ស្នងការក្រុងភ្នំពេញ ។ មនុស្សទីមួយដែលធ្វើកិច្ចការនេះគឺលោក ដាំ ផេង ។ នៅទសវត្សឆ្នាំ ១៩៦០ ដាំ ផេង ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់បានហើយធ្វើទណ្ឌកម្មយ៉ាងទម្ងន់ដើម្បីស្វែងរកបក្សពួកដទៃ ។ គាត់បានស្លាប់នៅក្នុងគុក ។ លុះ ដាំ ផេង ស្លាប់ទៅ លោក វន វ៉េត ត្រូវបានចាត់តាំងឲ្យធ្វើជាស្នងការក្រុងភ្នំពេញ បន្តទៅទៀត ។ វន វ៉េត ធ្វើជាស្នងការក្រុងភ្នំពេញរហូតដល់ក្រុមខ្មែរក្រហមវាយលុកយកទីក្រុងភ្នំពេញបាននៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ គាត់ជាមនុស្សមានសមត្ថភាពខ្ពស់ក្នុងការបញ្ចុះបញ្ចូលមន្ត្រីរាជការនៅសម័យនោះ ឲ្យទៅចូលរួមក្នុងចលនាតស៊ូខ្មែរក្រហម ។ លោក អុិត សារិន អធិការបឋមសិក្សានិងជាអ្នកសរសេរសៀវភៅ ស្រណោះព្រលឹងខ្មែរ ជាមន្ត្រីមួយរូបក្នុងចំណោមមន្ត្រីជាច្រើននាក់ដែលជឿលើការឃោសនារបស់ វន វ៉េត ។ នៅឆ្នាំ ១៩៧៧ វន វ៉េត ត្រូវបាន ប៉ុល ពត ចោទថាក្បត់បក្សហើយក៏ត្រូវគេចាប់យកទៅធ្វើទណ្ឌកម្មនៅក្នុងគុក ទួលស្លែង ។ គាត់ស្លាប់នៅទីនោះ ។ គួរកត់សម្គាល់ថា វន វ៉េត និង ប៉ុល ពត មានទម្រង់មុខដូចគ្នាស្ទើរតែចាប់ច្រឡំ ។ ពួកគាត់ជាមនុស្សពីររូបដែលយកជីវិតទៅប្រឈមនឹងគ្រោះថ្នាក់ដ៏ធំធេងបំផុតដើម្បីធ្វើបដិវត្តន៍លុបបំបាត់អំពើព្រៃផ្សៃនៅក្នុងសង្គមខ្មែរ ។ នៅទីបំផុត របបគ្រុបគ្រងរបស់ពួកគាត់បានក្លាយទៅជានិមិត្តរូប នៃភាពព្រៃផ្សៃសូម្បីតែយុទ្ធមិត្តដែលធ្លាប់យកជីវិតទៅប្តូរស្លាប់រស់ជាមួយគ្នាក៏មិនអត់អោនឲ្យដែរ ។ សំណួរមួយដែលខ្ញុំធ្លាប់លើកយកមកសួរមនុស្សជំនាន់លោក ប៉ុល ពត ថាតើហេតុអ្វីបានជាមនុស្សសម័យនោះជ្រើសរើសយកលទ្ធិកុម្មុយនីស្តមកធ្វើជាបង្អែកដើម្បីស្វែងរកវឌ្ឃនភាពឲ្យសង្គមខ្មែរ ។ ចម្លើយដ៏សាមញ្ញបំផុតគឺថា លទ្ធិកុម្មុយនីស្តសម័យនោះមានប្រជាប្រីយ៍និងផ្តល់ក្តីសង្ឃឹមដល់អ្នកតស៊ូដូចលទ្ធិប្រជាធិបតេយ្យនាសម័យនេះដែរ ។ ទ្រឹស្តីនិងគោលគំនិតមានភាពល្អឥតខ្ចោះក្នុងការស្វែងរកនិងបង្កើតសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ និង "ធម្ម" ល្អៗដទៃទៀតដែលមនុស្សចង់បាន ។ អ្វីដែលជាកត្តាធ្វើឲ្យការប្រឹងប្រែងបរាជ័យនិងរងគ្រោះមហន្តរាយ គឺសេចក្តីលោភលន់និងភាពវង្វេងវង្វាន់ក្នុងអំណាច ។ ប៉ុល ពតក្តី អ្នកដទៃក្តី យកលទ្ធិកុម្មុយនីស្តមកធ្វើជាគោលការណ៍ក្តី លទ្ធិប្រជាធិបតេយ្យក្តី នៅពេលដែលអំណាចធ្លាក់មកដល់កណ្តាប់ដៃ គឺប្រឈមនឹងភាពឆ្កួតលេលាដូចគ្នា ។ សូម្បីតែស្មេរដែលសរសេរអត្ថបទនេះ ក៏មិនប្រាកដថាអាចគេចរួចអំពីបណ្តាសារនៃអំណាចដែរ នៅពេលដែលអំណាចធ្លាក់មកដល់ដៃខ្លួន ។ លោក ជក អ័រវ៉ែល ដែលជាស្មេរនៃរឿង កាលនោះបដិវត្តន៍មួយ (Animal Farm) បានបង្ហាញច្បាស់លាស់ណាស់អំពីសច្ចៈភាពដ៏គួរឲ្យខ្លាចនេះ ៕

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...