Sunday, October 6, 2013

ចំណីខួរក្បាល​ (ប្រចាំសប្តាហ៍)

ពាក្យខ្មែរប្រែពីពាក្យបរទេស
យូរៗម្តង នៅពេលដែលខ្ញុំអាន ឬស្តាប់ពត៌មានជាភាសាខ្មែរ ខ្ញុំបានប្រទះ
ឬឮពាក្យខ្មែរខ្លះ ដែលគេបកប្រែ ចេញពីពាក្យអង់គ្លេសមក ហើយយកមក
ប្រើខុសអំពីអត្ថន័យរបស់វាទាំងស្រុង ។ ខ្ញុំសូមលើយកពាក្យមួយ ចំនួន
ដែលខ្ញុំ ធ្លាប់ជួបមកលាតត្រដាងដូចតទៅ៖
គណនេយ្យភាពៈ ពាក្យនេះគេបកប្រែពីពាក្យអង់គ្លេស​(Accountability)
ដែលមាន ន័យថា៖ ទទួលខុសត្រូវ ។ សូមបញ្ជាក់ថា ពាក្យទទួលខុសត្រូវ នៅក្នុងភាសាអង់គ្លេសមានពីរ គឺ (Accountability) និង (Responsibility) ។
(Accountability)សំដៅលើតួនាទីឬភារកិច្ច និង (Responsibility) សំដៅលើ
សកម្មភាព ។ ឧទាហរណ៍៖ យើងទាមទារឲ្យមានការទទួលខុសត្រូវ នៅ
ក្នុងជួររដ្ឋាភិបាល (We demand accountability in the government) និង មន្ត្រី
រាជការជាអ្នក ទទួលខុសត្រូវនូវរាល់ទុក្ខកង្វល់របស់រាស្ត្រ (Public servants
are responsible for people's suffering) ។ ការយកពាក្យគណនេយ្យភាព មក
ជំនួសឲ្យពាក្យ ទទួលខុសត្រូវនោះ គឺពិតជាខ្ជីខ្ជាពេកណាស់ ។
មហាអនុតំបន់ទន្លេមេគង្គៈ ពាក្យនេះគេបកប្រែពីពាក្យអង់គ្លេស
(Greater Mekong Subregion) ។ មុននឹងខ្ញុំវែកញែកលម្អិតពាក្យនេះ ខ្ញុំសូម
អនុញ្ញាតិមើលពាក្យខ្មែរបន្តិច ។ ពាក្យ មហា មានន័យថា ធំ ។ ឯពាក្យ អនុ
មានន័យថា តូច ឬបន្ទាប់ ។ នៅពេលដែលយើងយកពាក្យទាំងពីរនេះ
មកផ្គុំគ្នា វាក៏ក្លាយទៅជាពាក្យមួយដែលគ្មាន ន័យពីតប្រាកដ ។ មហា​ផង
អនុផង ពាក្យពីរផ្ទុយគ្នា តើយើងគួរឲ្យអាទិភាពលើពាក្យមួយណា?
ពាក្យមហាអនុតំបន់ទន្លេមេគង្គ គួរសរសេរថា៖ តំបន់ជុំវិញទន្លេរមេគង្គ
ផ្នែកខាងក្រោមវិញ ទើបត្រឹមត្រូវ ។ ព្រោះថា ពាក្យ (Greater) នៅទីនេះ
គឺមានន័យថា ជុំវិញ (ដូចជាៈ Greater Boston, Greater Philadelphia, etc.) ។
ឯពាក្យ (Sub) មានន័យថា ផ្នែកខាងក្រោម ឬខាងក្រោយ(Subregion: តំបន់
ផ្នែកខាងក្រោម) ។
អាងទន្លេមេគង្គៈ ពាក្យនេះប្រហែលជាគេបកប្រែមកពីពាក្យអង់គ្លេស
(Mekong River Basin or Reservoir) ។ ខ្ញុំមិនដឹងថាទន្លេមេគង្គក្លាយទៅជា
អាងពីពេលណាមកទេ ។ ដែលហៅថាអាងនោះ គឺជា កន្លែងដែលគេ
លើកជាទំនប់ ឬក៏ជីកដី ដើម្បីឲ្យទឹកដក់នៅ ។ ឧទាហរណ៍ អាងទឹក
កំពីងពួយ (នៅបាត់ដំបង) អាងទឹងត្រពាំងថ្ម (នៅបន្ទាយមានជ័យ)
និង បារាយខាងលិច (នៅសៀមរាប) ។ល។ ពាក្យ (Basin or Reservoir)
នៅទីនេះ គេមិនប្រែថា អាងទេ វាឆ្គងណាស់ ។ គួរយកពាក្យ តំបន់
ទំនាបទន្លេមេគង្គ ឬក៏ ទំនាបមេគង្គ មកប្រើវិញត្រឹមត្រូវជាង ។
បញ្ជាទិញៈ ពាក្យនេះប្រែមកពីពាក្យអង់គ្លេស (Order) ។ ពាក្យ​ (Order)
នេះអាចមានន័យពីរយ៉ាង​ ។ បើគេប្រើនៅក្នុងទំនាកទំនងរវាងចៅហ្វាយ
នាយនិងអ្នកនៅក្រោមបង្គាប់ គេប្រែថា បញ្ជា ។ ប៉ុន្តែ បើគេប្រើ ពាក្យ
នេះនៅក្នុងទំនាក់ទំនងជំនួញ គេប្រែថា ជាវ ឬទិញ មិនមែន បញ្ជាទិញ
នោះទេ ។
រលូនៈ ពាក្យនេះប្រែមកពីពាក្យអងគ្លេស (Smoothly) ។ ថ្វីត្បិតពាក្យនេះ
អាចប្រែថារលូនក៏ពិតមែន ប៉ុន្តែ បើយើងនិយាយសំដៅទៅលើសកម្មភាព
អ្វីមួយ យើងគួរប្រែថា ឥតរអាក់រអួល ឬក៏ ដោយគ្មានរអាក់រអួលវិញ
ទើបស្តាប់ទៅមិនសូវឆ្គង ។ ឧទាហរណ៍ (Everything went smoothly) ប្រែថា
អ្វីៗ បានប្រព្រឹត្តិទៅ ដោយគ្មានរអាក់រអួល ។
ចក្ខុវិស័យៈ ពាក្យនេះប្រែមកពីពាក្យអង់គ្លេស (Vision) ។ ពាក្យ (Vision)
នេះអាចប្រែថាចក្ខុវិស័យ នៅពេលដែលយើងសំដៅលើអ្វីៗដែលមើល
ឃើញដោយភ្នែក ។ ប៉ុន្តែ ប្រសិនបើយើងប្រើវានៅក្នុងន័យរៀបចំទិស
ដៅនយោបាយ ដែលទាក់ទិននឹងការត្រិះរិះពិចារណា ដោយប្រើតក្កវីជ្ជា
ព្យាករណ៍ការវិវត្តន៍នៃកត្តាអ្វីមួយ នៅក្នុងពេលអានាគត យើងគួរប្រែថា
ទស្សនវិស័យវិញ ត្រឹមត្រូវជាង ។ ខ្ញុំសូមផ្អាកការវែកញែកពាក្យខ្មែរប្រែ
មកពីពាក្យអង់គ្លេស ត្រឹមនេះសិនចុះ ។ ពេលក្រោយ ខ្ញុំនឹងលើកយក
ពាក្យផ្សេងទៀតមកវែកញែកដើម្បីទុកជាចំណីខួរក្បាល ។ សូមស្វាគមន៍
ជានិច្ច នូវរាល់ការទិតៀនដើម្បីស្ថាបនា ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...