ប្រជាធិបតេយ្យ ឬ គ្រោះចង្រៃ ?
នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនា មានពាក្យបាលីមួយឃ្លាចែងថា៖
រូបំ អនិច្ចំ អនត្តា ដែលមានន័យថា រូប ឬ ជីវិតនៃអ្វីៗគ្រប់យ៉ាង
រមែងប្រែប្រួល និងមិនអាចស្ថិតនៅជាអមតៈបានឡើយ ។ ការ
ប្រែប្រួលនេះ គឺមិនចំពោះតែសត្វលោកដែលមានវិញ្ញាណនោះទេ
សូម្បីតែគណបក្សនយោបាយ ដែលគ្រាន់តែជារចនាសម្ព័ន្ធនោះ
ក៏ត្រូវតែទទួលរងនូវឥទ្ធិពលនៃអរិយសច្ចៈទ្រឹស្តីនេះដែរ ។ ពោល
គឺគ្មានអ្វីអាចឋិតថេរជាអមតៈបានឡើយ ។ ដោយហេតុថា វេលា
នេះជាពេលដែលគណបក្សនយោបាយមួយចំនួននៅក្នុងប្រទេស
កម្ពុជាកំពុងតែធ្វើយុទ្ធនាការឃោសនាស្វែងរកការគាំទ្រពីសំណាក់
មហាជនដើម្បីពង្រីក ឬក៏ពង្រឹងអំណាចរបស់ខ្លួន យើងសូមលើក
យកគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកំពុងគ្រប់គ្រងអំណាច
នៅក្នុងប្រទេសកម្ពុជា ជាច្រើទសវត្សរ៍មកហើយនោះ មកវិភាគ ថា
តើអំណាចនៃគណបក្សនេះ អាចនឹងមានការប្រែប្រួលដែរឬទេ ។
គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយមួយ ដែលបានករ
កើតឡើងនៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៨ និងទទួលបានជ័យជម្នះ
គ្រប់គ្រងលើប្រទេសកម្ពុជានៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ។
សមាជិកស្នូលជាច្រើនរូបនៃគណបក្សប្រជាជនកម្ពុជា គឺជាជន
កុម្មុយនិស្ត ដែលត្រូវបានហ្វឹកហាត់ដោយបក្សកុម្មុយនិស្ត វៀត
ណាម ។ ឯការរៀបចំរចនាសម្ព័ន្ធនិងគ្រប់គ្រងប្រទេសរបស់គណ
បក្សប្រជាជនកម្ពុជា ក៏ត្រូវបានជ្រោមជ្រែងដោយប្រទេស វៀត
ណាមផងដែរ ។ យើងមិនដឹងថា តើនៅមានជំនាញការវៀតណាម
ប៉ុន្មាននាក់ ជួយជ្រោមជ្រែងគណបក្សប្រជាជននៅពេលបច្ចុប្បន្ន
នេះទេ ។ ប៉ុន្តែ ទោះបីមានឬគ្មាន វាជារឿងធម្មតា ព្រោះសម័យ
នេះ គេអាចជួលមនុស្សមកជួយធ្វើការងារបានដោយសេរី មិនថា
មនុស្សនោះ ជាជនជាតិវៀតណាម ឬអាមេរិកាំង ។ រដ្ឋធម្មនុញ្ញ
ខ្មែរ មិនបានហាមប្រាមប្រការនេះទេ ។ អ្វីដែលយើងចង់លើក
យកមកវិភាគនៅទីនេះ គឺថា តើគណបក្សប្រជាជនកម្ពុជា ដែល
កំពុងតែក្តោបក្តាប់អំណាចនៅក្នុងប្រទេសកម្ពុជា អាចរក្សាអំណាច
របស់ខ្លួន បានយូរអង្វែងដល់ណា ។
ផ្អែកលើមេរៀនប្រវត្តិសាស្ត្រ កម្លាំងចលករ ឬចលនាដែលតែងតែ
នាំមកនូវការផ្លាស់ប្តូររបបនយោបាយ ឬរដ្ឋាភិបាល នៅក្នុងពិភព
លោកយើងនេះ គឺយុវជននិងរាស្ត្រសាមញ្ញ ដែលយើងសូមហៅ
ឲ្យខ្លីថា មហាជន ។ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន គេសង្កេត
ឃើញថា ចលនាមហាជនទាមទាឲ្យមានការផ្លាស់ប្តូររបបគ្រប់
គ្រង ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនៅក្នុងការបោះឆ្នោតជ្រើសរើស
សមាជិករដ្ឋសភានិងប្រមុខរដ្ឋាភិបាលអាណតិ្តនេះ ហាក់ដូចជា
មានភាពពុះកញ្ជ្រោលគួរឲ្យកត់សម្គាល់ ។តើកត្តាអ្វីខ្លះ ដែលធ្វើ
ឲ្យមហាជនខ្មែរជាច្រើនមានការនឿយណាយនឹងគណបក្សប្រជា
ជន ? បើនិយាយអំពីកត្តាដែលធ្វើឲ្យមហាជនជាច្រើន មានការ
នឿយណាយនឹងគណបក្សប្រជាជននោះ គឺមានរាប់មិនអស់ទេ ។
ប៉ុន្តែ យើងសូមលើកយកកត្តាសំខាន់ៗចំនួនបីមកបង្ហាញនៅ
ក្នុងអត្ថបទនេះ ៖
១) អនុវត្តគោលការប្រជាធិបតេយ្យមិនបានពេញលេញ ឬ
ក៏មិនត្រឹមត្រូវ
យើងដឹងហើយថា ដើម្បីធ្វើកិច្ចការអ្វីមួយបានជោគជ័យ គេចាំបាច់
ត្រូវតែរៀននូវរបៀបធ្វើកិច្ចការនោះឲ្យបានចេះ ចាំ និងយល់ជាក់
លាក់ ។ ប៉ុន្តែ នៅពេលដែលប្រទេសកម្ពុជាជ្រើសរើសយកលទ្ធិ
ប្រជាធិបតេយ្យសេរីពហុបក្សមកអនុវត្ត គណៈបក្សប្រជាជនកម្ពុជា
ដែលធ្លាប់តែអនុវត្តលទ្ធិកុម្មុយនិស្តក្នុងការដឹកនាំរដ្ឋនោះ មិនបាន
គិតគូរៀនសូត្រស្វែងយល់អំពីគោលការនៃលទ្ធិប្រជាធិបតេយ្យឲ្យ
បានមធ្យ័តទេ ។ អ្នកណាក៏ដឹងដែរថា កាលគណបក្សប្រជាជន
កម្ពុជា ដឹកនាំរដ្ឋតាមលទ្ធិកុម្មុយនិស្ត គេតែងតែបញ្ជូនសមាជិកបក្ស
ឲ្យទៅរៀន ឬក៏ហ្វឹកហាត់ទ្រឹស្តីកុម្មុយនិស្តយ៉ាងល្អិតល្អន់សិន មុន
នឹងប្រគល់តួនាទីអ្វីមួយឲ្យសមាជិកទាំងនោះធ្វើ ។ ប៉ុន្តែ អ្វីដែលជា
កត្តាគួរឲ្យចាប់អារម្មណ៍នាពេលបច្ចុប្បន្ននេះ គឺថា គណបក្សប្រជា
ជនមិនបានអើពើក្នុងការហ្វឹកហាត់សមាជិករបស់ខ្លួនអំពីគោលការ
សំខាន់ៗនៃលទ្ធិប្រជាធិបតេយ្យទេ ។ ជាលទ្ធផល ថ្នាក់ដឹកនាំនៅ
ក្នុងជួរគណបក្សប្រជាជនស្ទើរតែទាំងអស់ខ្វះការយល់ដឹងអំពីការ
គ្រប់គ្រងតាមរបៀបប្រជាធិបតេយ្យ ។
២) មិនរៀនមេរៀនថ្មី ភ្លេចមេរៀនចាស់
ការធ្វើបដិវត្តន៍ដើម្បីផ្លាស់ប្តូររបបគ្រប់គ្រងរដ្ឋ មិនថានៅក្នុងបរិបទ
កុម្មុយនិស្ត ឬប្រជាធិបតេយ្យទេ គឺមានប្រភពចេញមកពីមហាជន ។
ចំណុចនេះ អតីតជនកុម្មុនិស្តដែលកំពុងកាន់តួនាទីធំៗនៅក្នុងជូរ
គណបក្សប្រជាជនសព្វថ្ងៃ គួរតែយល់ច្បាស់ណាស់ ព្រោះវាជា
មេរៀនចាស់ដែលពួកគេធ្លាប់បានរៀន ។ ក៏ប៉ុន្តែ មេរៀនចាស់នេះ
ហាក់ដូចជាត្រូវបានគេបំភ្លេចចោលយូណាស់មកហើយ ។ បើយើង
សង្កេតមើលបញ្ហានៅក្នុងសង្គមខ្មែរសព្វថ្ងៃ អ្វីដែលជាកត្តាធ្វើឲ្យ
មហាជនមិនសប្បាយចិត្តនឹងអភិបាលកិច្ចរបស់ថ្នាក់ដឹកនាំរដ្ឋ
ដែលគ្រប់គ្រងដោយគណៈបក្សប្រជាជននោះ គឺការខ្វះដំណោះ
ស្រាយច្បាស់លាស់ត្រឹមត្រូវ នូវរាល់ទុក្ខកង្វល់របស់មហាជន មាន
ជាអាទ៍៖ ទំនាស់ដីធ្លី កង្វះការងារដែលញ៉ាំងឲ្យពលរដ្ឋខ្មែរបង្ខំចិត្ត
ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសដទៃ និងកម្មករកាត់
ដេរត្រូវបាននិយោជកឲ្យប្រាក់ខែទាប ជាដើម ។ល។ ការមិនអើពើ
ឬក៏ដោះស្រាយឲ្យតែរួចពីដៃ នូវបញ្ហានានាដែលមហាជនចាត់ទុក
ថា ជាបញ្ហាអាយុជីវិតរបស់ពួកគាត់នោះ គឺមិនខុសអ្វីពីបង្ខំពួកគាត់
ឲ្យធ្វើបដិវត្តដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំនោះទេ ។ សូមកុំភ្លេចថា
សម្រាប់ប្រទេសដែលប្រើយន្តការប្រជាធិបតេយ្យដើម្បីផ្លាស់ប្តូរ
ឬរៀបចំរដ្ឋាភិបាល សន្លឹកឆ្នោតគឺជាអាវុធដ៏មានប្រសិទ្ធភាពបំ
ផុត សម្រាប់ផ្តួលរំលំឬប្តូរថ្នាក់ដឹកនាំណាមួយ ។
៣) ការអប់រំនិងចំណេះដឹង
ការអប់រំនិងចំណេះដឹងគឺជាទ្វេគ្រោះដ៏ធំបំផុតសម្រាប់ថ្នាក់ដឹកនាំ
រដ្ឋ ព្រោះថា គេអាចអប់រំមនុស្សឲ្យដើរតាមគោលនយោបាយ ឬ
មនោគមវិជ្ជាណាមួយ ក៏ប៉ុន្តែ គេមិនអាចបង្ខាំងមនុស្សមិនឲ្យត្រិះ
រិះពិចារណាអំពីបញ្ហាអយុត្តិធម៌នានា នៅក្នុងសង្គមបានឡើយ ។
ចំណុចនេះ យើងសូមលើកយកករណីសិស្សនិស្សិត ដែលនាំគ្នា
ទៅគាំទ្រគណបក្សសង្គ្រោះជាតិមកពិចារណា ថាតើហេតុអ្វីបាន
ជាពួកគេធ្វើដូច្នេះ ។
នៅក្នុងប្រទេសកម្ពុជា សាលារៀនស្ទើរតែទាំងអស់សុទ្ធតែមាន
ឈ្មោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឈ្មោះថ្នាក់
ដឹកនាំកំពូលៗនៃគណបក្សប្រជាជនកម្ពុជា សរសេរនៅលើ
ជញ្ជាំងឬក៏ខ្លោងទ្វារ ។ មានន័យថា សាលារៀនទាំងនោះ គឺជា
សមិទ្ធផល ឬជាអំណោយរបស់អ្នកគាំទ្រគណបក្សប្រជាជន
កម្ពុជា ។ សម្រាប់សិស្សានុសិស្សខ្មែរ ថ្នាក់ដឹកនាំ ឬក៏គណបក្ស
ប្រជាជនកម្ពុជាគឺប្រៀបដូចជាឪពុកម្តាយទីពីរអញ្ចឹង ព្រោះថាពួក
គេឃើញឈ្មោះថ្នាក់ដឹកនាំទាំងនោះស្ថិតនៅលើខ្លោងទ្វារនិង
ជញ្ជាំងអាគារសិក្សារបស់ពួកគេស្ទើរតែរាល់ថ្ងៃ ។ កត្តាដែលក្រុម
សិស្សានុសិស្សទាំងនោះ ទៅគាំទ្រគណបក្សសង្គ្រោះជាតិ គឺមិន
ខុសអ្វីអំពីកូនដែលមិនដើរតាមការអប់រំរបស់ឧឪពុកម្តាយឡើយ ។
តើហេតុអ្វីបានជាសិស្សានុសិស្សទាំងនោះនាំគ្នាទៅគាំទ្រគណបក្ស
សង្គ្រោះជាតិទៅវិញ ? ចម្លើយប្រហែលជាមានច្រើនណាស់ ប៉ុន្តែ
យើងអាចសន្និដ្ឋានបានថា ចំណុចដែលសំខាន់បំផុតនោះ គឺបញ្ហា
អយុត្តិធម៌នៅក្នុងសង្គមតែម្តង ។
សរុបសេចក្តីមក គ្រោះចង្រៃដែលនឹងចូលមកយាយីអំណាចនៃ
គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាង
រាស្ត្រនិងប្រមុខរដ្ឋាភិបាលសម្រាប់អាណតិ្តទី ៥នេះ គឺប្រហែលជា
មិនអាចចៀសផុតទេ ។ ផ្អែកលើសន្ទុះនៃការគាំទ្ររបស់មហាជន
មកលើគណបក្សសង្គ្រោះជាតិ យើងអាចសន្និដ្ឋានបានថា អំណាច
នៃគណបក្សប្រជាជន ប្រាកដជាត្រូវថមថយនៅក្នុងអាណតិ្តទី ៥
នេះ ។ ចំណែកឯកត្តាដែលថា តើអំណាចនៃគណៈបក្សប្រជាជន
កម្ពុជានឹងត្រូវធ្លាក់ចុះដល់កម្រិតណា នោះគឺអាស្រ័យទាំងស្រុងទៅ
លើការវិនិច្ឆ័យរបស់ពលរដ្ឋខ្មែរ ដែលជាអ្នកសម្រេចនៅក្នុងការបោះ
ឆ្នោតជ្រើសរើសថ្នាក់ដឹកនាំនាអាណតិ្តទី ៥នេះ ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment