Tuesday, June 11, 2013

ចំណីខួរក្បាល (ប្រចាំសប្តាហ៍)

"ព្រុសខុសដើមឈើ"
នៅក្នុងភាសាអង់គ្លេស មានពាក្យអត្ថប្បដិរូបមួយឃ្លាពោលថា៖
"Barking up the wrong tree." ពាក្យនេះមានន័យថា "រកខុសកន្លែង"
ឬក៏ ធ្វើកិច្ចការខុសគោលដៅ ។ ប៉ុន្តែ បើយើងបកប្រែពាក្យនេះ
តាមន័យត្រង់ យើងអាចប្រៀបធៀបពាក្យនេះទៅនឹងសត្វឆ្កែ
ប្រមាញ់ដែលព្រុសកោះរកសត្វមិនត្រូវចំដើមឈើដែលសត្វព្រៃ
កំពុងពួន ។ ឆ្កែប្រមាញ់គឺជាឆ្កែដែលគេចិញ្ចឹមសម្រាប់ស្វែងរក
និងដេញខាំសត្វព្រៃ ។ កាលខ្ញុំរស់នៅក្នុងតំបន់ចុងកាត់មាត់ញក
មួយនាសម័យខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជានៅអំឡុងចុង
ទសវត្សរ៍ឆ្នាំ ១៩៧០ ខ្ញុំធ្លាប់ឃើញក្មេងៗដែលជាកូនកម្មាភិបាល
ខ្មែរក្រហមនាំឆ្កែដើរម្រមាញ់សត្វព្រៃ ។ ជារឿយៗ ខ្ញុំសង្កេតឃើញ
ថា នៅពេលដែលហ្វូងឆ្កែប្រមាញ់ហិតប្រទះក្លិនសត្វសំពោចក្រអូប
ពួកវាហាក់ដូចជាវង្វេងវង្វាន់ ហើយនាំគ្នាទៅព្រុសសំដៅដើមឈើ
ឬគុម្ពោតព្រៃ ដែលមិនមែនជាទីដែលសត្វសំពោចកំពុងលាក់ខ្លួន
ទៅវិញ ។ ជាលទ្ធផល ទាំងឆ្កែទាំងម្ចាស់ គឺបានត្រឹមតែរុករកហត់
អត់អំពើ ។
ថ្មីៗនេះ រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើច្បាប់មួយ
ដើម្បីផ្តន្ទាទោសដល់បុគ្គលណាដែលនិយាយថា គ្មានអំពើប្រល័យ
ពូជសាសន៍នៅក្នុងសម័យខ្មែរក្រហម ឬថាគុកទួលស្លែងជាគុក
សិប្បនិម្មិត ។ ក្នុងនាមយើងជាអតីតជនរងគ្រោះនៃរបបខ្មែរ
ក្រហម យើងសូមស្វាគមនិងគាំទ្រច្បាប់នេះយ៉ាងពេញទំហឹង ។
ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយ គឺថា ការធ្វើច្បាប់សម្រាប់ដាក់
ទណ្ឌកម្មអ្នកនិយាយមិនពិតអំពីរបបប្រល័យពូជសាសន៍ខ្មែរ
ក្រហមនោះ គឺមិនខុសអ្វីអំពីសត្វឆ្កែប្រមាញ់ ដែលព្រុសខុសដើម
ឈើឡើយ ។ និយាយឲ្យងាយគិត ទោសនិយាយមិនពិត គឺមាន
ស្ថានទម្ងន់មិនដូចទោសដែលបានប្រព្រឹត្តិនោះទេ ។ ដូច្នេះ រដ្ឋ
សភាកម្ពុជាគួរណាស់តែយកពេលវេលាដ៏មានតម្លៃរបស់ខ្លួន ទៅ
ធ្វើច្បាប់បញ្ជាក់វែកញែកឲ្យបានច្បាស់ នូវទម្ងន់ទោសឧក្រិដ្ឋ
សម្រាប់អ្នកដែលបានប្រព្រឹត្តិអំពើឧក្រិដ្ឋ មកលើពលរដ្ឋខ្មែរនៅក្នុង
សម័យខ្មែរក្រហមគ្រប់គ្រងរដ្ឋអំណាចនោះវិញ ទើបប្រសើរ ។
បច្ចុប្បន្ន តុលាការកូនកាត់មួយដែលមនុស្សទូទៅហៅកាត់ថា "តុលាការខ្មែរក្រហម" ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសហការជា
មួយនឹងអង្គការសហប្រជាជាតិបង្កើតឡើង ដើម្បីកាត់ទោសអតីត
មេដឹកនាំខ្មែរក្រហម ។ មកទល់នឹងថ្ងៃនេះ ដំណើរការកាត់ទោស
អតីតមេដឹកនាំខ្មែរក្រហម បាននិងកំពុងតែប្រឈមនឹងភាពចម្រូង
ចម្រាសយ៉ាងខ្លាំង រហូតដល់ចៅក្រមអន្តរជាតិមួយចំនួនលាឈប់
ពីដំណែង ដោយសារតែការខ្វែងគំនិតគ្នារវាងសហចៅក្រមជាតិ
ខ្មែរនិងអន្តរជាតិ ។ យោងតាមពត៌មានចេញមកពីតុលាការខ្មែរ
ក្រហម ចំណុចចម្រូងចម្រាសដែលនាំឲ្យមានការខ្វែងមតិគ្នារវាង
ចៅក្រមខ្មែរនិងចៅក្រមអន្តរជាតិនោះ គឺស្ថិតនៅត្រង់មាត្រាមួយ
នៃច្បាប់កាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដែលតម្រូវឲ្យផ្តន្ទា
ទោសតែបុគ្គលណាដែលទទួលខុសត្រូវខ្ពស់បំផុត (Most Responsible
Persons) ។
សម្រាប់អ្នកដែលធ្លាប់បានសិក្សា​ ឬក៏ធ្លាប់រស់នៅក្នុងរបបខ្មែរក្រហម
បុគ្គលដែលទទួលខុសត្រូវខ្ពស់បំផុតនោះ គឺគ្មាននរណាដឹងឬអាច
សន្មត់បានទេ ។ យើងគ្រាន់តែដឹងថា អង្គការជាអ្នកទទួលខុសត្រូវ
ខ្ពស់បំផុត ក្នុងការកាប់សម្លាប់ពលរដ្ឋខ្មែរទូទាំងប្រទេសនាសម័យ
នោះ ។ ហើយនៅពីក្រោយអង្គការគឺថ្នាក់ដឹកនាំខ្មែរក្រហម ដែល
គេហៅថា៖ គណមជ្ឈឹម គណភូមិភាគ គណតំបន់ គណស្រុក
គណឃុំ គណសហករណ៍ និង​ ពួកឈ្លបនិងយោធា ដែលទទួល
ខុសត្រូវផ្នែកសន្តិសុខជាតិ ។ នៅក្នុងចំណោមថ្នាក់ដឹកនាំខ្មែរក្រ
ហមទាំងនេះ មានបុគ្គលមួយចំនួនធំបានប្រព្រឹត្តិឧក្រិដ្ឋកម្មយ៉ាង
ធ្ងន់ធ្ងរ ។ ដូច្នេះ បុគ្គលដែលធ្លាប់ធ្វើជាតំណាងអង្គការខ្មែរក្រហម
ទាំងនេះវិញទេ ដែលរដ្ឋសភាខ្មែរគួរតែធ្វើច្បាប់ដាក់ស្ថានទម្ងន់
ទោសឲ្យបានច្បាស់សាល់ និងឲ្យបានឆាប់ ដើម្បីជួយសម្រួល
ដល់តុលាការខ្មែរក្រហម ចាត់វិធានការទៅតាមនិតិវិធីរបស់ខ្លួន
ក្នុងការវិនិច្ឆ័យទោសឧក្រិដ្ឋជនទាំងនេះ ឲ្យបានសមរម្យ ។ ចំ
ណែកឯអ្នកដែលនិយាយមិនពិត ឬក៏បដិសេធថា គ្មានអំពើប្រ
ល័យពូជសាសន៍នៅក្នុងសម័យខ្មែរក្រហមនោះ វាមិនចាំបាច់អ្វី
នឹងតម្រូវឲ្យរដ្ឋសភាជាតិខ្មែរ ធ្វើច្បាប់ដើម្បីដាក់ទោសទណ្ឌនោះ
ទេ ព្រោះថា ពាក្យសម្តីដែលមិនពិត មិនអាចកែប្រែរឿងពិតបាន
ឡើយ ។ មូលហេតុដែលយើងហ៊ានអះអាងដូច្នេះ ព្រោះយើងធ្លាប់
បានឮលោក ខៀវ សំផន ដែលជាអតីតប្រមុខរដ្ឋខ្មែរក្រហមនោះ និយាយបដិសេធថាគ្មានអំពើប្រល័យពូជសាសន៍នៅក្នុងសម័យ
ខ្មែរក្រហម អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ។ ប៉ុន្តែ សម្តី
ប្រាសចាកការពិតរបស់គាត់ មិនបានធ្វើឲ្យប្រវិត្តិសាស្ត្រខ្មែរក្រហម
កែប្រែទេ ។ ផ្ទុយទៅវិញ វាបានធ្វើឲ្យសាធារណមតិនៅលើសកល
លោក រឹតតែមានជំនឿនិងឆន្ទៈ ក្នុងការសិក្សា និងរក្សាប្រវត្តិ
សាស្ត្រ នៃអំពើប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម យ៉ាងមុត
មាំថែមទៀត ។ ការអូសក្បាលលោក ខៀវ សំផន មកកាត់ទោស
នៅក្នុងតុលាការខ្មែរក្រហម គឺជាតឹកតាងដ៏ប្រត្យក្សមួយ ។
ការធ្វើច្បាប់ផ្តន្ទាទោសអ្នកនិយាយប្រឌិត ជាជាងធ្វើច្បាប់បញ្ជាក់
លម្អិត ក្នុងការវិនិច្ឆ័យទោសឧក្រិដ្ឋដែលត្រូវបានប្រព្រឹត្តិដោយអតីត
ថ្នាក់ដឹកនាំខ្មែរក្រហមនោះ គឺមិនខុសអ្វីអំពីឆ្កែប្រមាញ់ ដែលទៅ
ព្រុសកោះខុសដើមឈើដែលសត្វសំពោចក្រអូប កំពុងតែលាក់
ខ្លួនពួនអាត្មានោះទេ ។ បើយើងធ្វើការប្រៀបធៀបវិភាគឲ្យបាន
ល្អិតល្អន់ យើងនឹងមើលឃើញថា អ្នកដែលនិយាយប្រាសចាកការ
ពិតអំពីអំពើប្រល័យពូជសាសន៍នៅក្នុងរបបខ្មែរក្រហម គឺគ្រាន់តែ
ជាខ្លិនសត្វសំពោចក្រអូបតែប៉ុណ្ណោះ ។ វាគ្មានប្រយោជន៍អ្វីនឹងទៅ
រុករកចាប់សត្វសំពោចនៅក្នុងទីកន្លែងដែលយើងគ្រាន់តែធំខ្លិន
របស់វានោះទេ ។ បើបំណាច់នឹងចំណាយពេលវេលា ដើម្បីរុករក
ចាប់សត្វសំពោចក្រអូបនោះ យើងគួរតែទៅរុករក នៅក្នុងគុម្ពោត
ឈើណា ដែលវាកំពុងពួន ៕

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...