Saturday, December 4, 2010

រឿងល្បើកនិងរឿងនិទាន

រឿង បុរសមានប្រពន្ធពីរ
(បទ ពាក្យ៧)
សម័យកាលមួយមានបុរស​​​​ រូបរាងស្អាតស្រស់សង្ហាក្រៃ
មានទ្រព្យប្រាក់កាក់មិនខ្វះចាយ ​​និងប្រពន្ធពីរស្រីស្នេហា ។
ប្រពន្ធទីមួយវ័យចំណាស់ ​​​​​ចរិតល្អល្អះកាយវាចា
ស្រឡាញ់ថ្នមប្តីឥតមុសា ​​​​​សមជាភរិយាមានមន្តស្នេហ៌ ។
ប្រពន្ធទីពីរស្រីវ័យក្មេង ​​​​​​ចេះបន្លែងលេងច្រៀងបំពេរ
ប្រលោមចិត្តប្តីឲ្យនៅក្បែរ ​​​​​ស្រឡាញ់ថ្នមថែស្នេហ៌យប់ថ្ងៃ ។
ភរិយាទាំងពីរតែងយកចិត្ត ​​​​​លួងលោមនែបនិត្យជិតស្វាមី
មិនដែលឲ្យថ្នាំងថ្នាក់ហឫទ័យ ​​​បម្រើយប់ថ្ងៃយ៉ាងដិតដល់ ។
លុះសក់ក្បាលប្តីផ្តើមប្រែពណ៌ ​​​មានស្កូវដុះសចុងដល់គល់
ប្រពន្ធវ័យក្មេងកើតអំពល់ ​​​​​ខ្លាចអ្នកផងយល់ថាប្តីចាស់ ។
មិនសមនឹងខ្លួននាងនៅក្មេង ​​​​ខិតខំខ្នះខ្នែងយ៉ាងរហ័ស
ប្រឹងដកសក់ស្កូវច្រើនដេរដាស ​​​ចេញអស់ស្រឡះពីក្បាលប្តី ។
រីឯភរិយាវ័យចំណាស់ ​​​​​​​ពេលឃើញស្កូវចាស់ដុះរញ៉ី
សប្បាយក្នុងចិត្តពិតពេកក្រៃ ​​​​ថាសមនឹងស្រីវ័យដូចគ្នា ។
នាងខំដកចេញសក់ណាខ្មៅ ​​​​ទុកតែសក់ស្កូវលើលលាដ៍
រៀងរាល់តែថ្ងៃស្រីភរិយា ​​​​​​ខំប្រឹងផ្លាស់គ្នាដកសក់ប្តី ។
មិនយូរប៉ុន្មានក៏អស់សក់ ​​​​​​ក្បាលបុរសឆកគ្មានសល់អ្វី
សល់តែលលាដ៍ស្បែកចាំងថ្ងៃ ​​​​ព្រោះផ្គាប់ចិត្តស្រីជាភរិយា ៕

បើអ្នកគិតតែពីបរិចាក ដើម្បីបំពេញបំណងមនុស្សគ្រប់រូបនោះ នៅទីបំផុត អ្នកប្រាកដជាគ្មានអ្វីសល់ សម្រាប់បរិចាកទៀតឡើយ ។
(ដកស្រង់ចេញពីសៀវភៅ រឿងល្បើកនិងរឿងនិទាន ភាគទី ៣)

No comments:

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃ...