Friday, March 10, 2023

ចំណីខួរក្បាល

ហាត់ប្រាណ និង ហាត់ប្រាជ្ញ ខ្ញុំមិនមែនជាអ្នកសិក្សាផ្នែកវេជ្ជសាស្ត្រទេ ។ ក៏ប៉ុន្តែ ខ្ញុំមានមិត្តភក្តិជាច្រើនដែលមានជំនាញផ្នែកវេជ្ជសាស្ត្រ ។ ផ្អែកលើអ្វីដែលមិត្តភក្តិខ្ញុំប្រាប់ រាប់បញ្ចូលទាំងដំបូន្មានរបស់វេជ្ជបណ្ឌិតត្រួតពិនិត្យសុខភាពរូបកាយខ្ញុំប្រចាំឆ្នាំផង កត្តាដ៏សំខាន់មួយដែលមនុស្សគ្រប់រូបត្រូវផ្តោតការអនុវត្តិ ដើម្បីថែរក្សាគាំពារសុខុមាលភាពនៃរូបកាយគឺ ហាត់ប្រាណ ។ វាជាមធ្យោបាយតែមួយគត់ ប្រសើរបំផុត និង ងាយបំផុត ក្នុងការអនុវត្តិដើម្បីថែទាំគាំពាររូប ក៏ដូចជាជីវិតរបស់យើងម្នាក់ៗដែរ ។ នៅពេលយើងនិយាយអំពីសុខភាព គឺយើងនិយាយអំពីភាវភ្លោះមួយ ដែលភាសាអង់គ្លេសហៅថា Physical Health and Mental Health (សុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្ត) ។ ដូច្នេះ នៅពេលយើងនិយាយអំពីការ ហាត់ប្រាណ (Physical Exercise) ដើម្បីថែទាំគាំពាររូប យើងក៏ត្រូវនិយាយអំពីការ ហាត់ប្រាជ្ញ (Mental Exercise) ដើម្បីថែទាំគាំពារចិត្តដែរ ។ គួរបញ្ជាក់ថា ខ្ញុំបកប្រែពាក្យ Mental Exercise ថា៖ ហាត់ប្រាជ្ញ ដ្បិតវាមានសំនៀងពីរោះចុងចួនជាមួយនឹង ហាត់ប្រាណ ហើយក៏មានអត្ថន័យគាប់ប្រសើរជាងគេដែរ ។ យើងអាចប្រើពាក្យ ហាត់សតិអារម្មណ៍ ក៏បាន ។ ស្មេរខ្លះប្រើពាក្យ ហាត់ប្រាណផ្លូវចិត្ត ឬ លាងសម្អាតចិត្ត ជាដើម ។ល។ ទោះជាយ៉ាងណាក៏ដោយ ប្រធានបទដែលខ្ញុំនឹងបរិយាយនៅក្នុងអត្ថបទនេះ គឺពាក់ព័ន្ធនឹងសុខុមាលភាពសតិរបស់មនុស្ស ។ ខ្ញុំចាប់ផ្តើមហាត់ប្រាណ និងហាត់ប្រាជ្ញ ដើម្បីគាំពារសុខភាពរូបកាយនិងចិត្តជាង ២៥ឆ្នាំកន្លងមកហើយ បន្ទាប់ពីយល់ដឹងជាក់លាក់ថាសុខភាពរបស់មនុស្សយើង ជាសភាវភ្លោះដែលមាន កាយនិងចិត្ត ជាគ្នា ។ ផ្នែកគាំពារសុខភាពផ្លូវកាយ ឬហាត់ប្រាណ ខ្ញុំជ្រើសរើសយកវិធី ជិះកង់ ។ ឯផ្នែកគាំពារសុខភាពផ្លូវចិត្ត ឬហាត់ប្រាជ្ញ ខ្ញុំជ្រើសយកវិធី ស្តាប់ចម្រៀង ។ កាលនោះ ខ្ញុំមិនប្រាកដក្នុងចិត្តថា អ្វីទៅជាការហាត់ប្រាជ្ញទេ ។ ខ្ញុំគ្រាន់តែយល់ឃើញថា បើយើងធ្វើឲ្យចិត្តយើង "ល្ហែ" នោះគឺជាការគាំពារផ្លូវចិត្ត ឬហាត់ប្រាជ្ញហើយ ។ វីធីហាត់ប្រាជ្ញរបស់ខ្ញុំគឺរៀងរាល់យប់ពេលចូលគេង ខ្ញុំចាក់បទចម្រៀងស្តាប់ ។ បទចម្រៀងទៀតសោត គឺខ្ញុំជ្រើសរើសយកតែបទចម្រៀងសាសងផ្តោះផ្តងមនោសច្ចេតនាលែបខាយស្នេហា ដែលមានភាពរីករាយបង្កប់នៅក្នុងនោះ ។ ខ្ញុំអនុវត្តិការហាត់ប្រាជ្ញនេះ តាំងតែពីសម័យប្រើម៉ាញ៉េនិងកាសែតម្លេះ ។ សព្វថ្ងៃ ខ្ញុំប្រើអាយហ្វូននិងចម្រៀងឌីជីថល ។ បន្ទាប់ពីហាត់ប្រាជ្ញ ជិត៣០ឆ្នាំកន្លងមកនេះ មានប្រការមួយដែលខ្ញុំអាចកត់សម្គាល់គឺថា ចិត្តខ្ញុំមិនសូវស្មុគទេនៅក្នុងដំណើររស់នៅប្រចាំថ្ងៃ ។ (គួរកត់សម្គាល់ថា ជីវិតខ្ញុំជួបបញ្ហានិងឧបស័គ្គជាប្រចាំដូចមនុស្សដទៃដែរ) ។ ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយស្តីអំពីការហាត់ប្រាណផ្លូវចិត្ត ឬហាត់ប្រាជ្ញ ដែលអ្នកគ្រូ ប៉ែន សេដ្ឋារិន បកប្រែពីភាសាជប៉ុនមកជាភាសាខ្មែរ (សូមមើលខ្លឹមសារពិស្តារនៃអត្ថបទនោះដែលខ្ញុំ ស៊ារផ្សាយបន្ត នៅខាងក្រោម) ។ ខ្លឹមសារសង្ខេបនៅក្នុងអត្ថបទនោះគឺថា ដើម្បីហាត់ប្រាជ្ញគឺយើងត្រូវធ្វើដូចម្តេចឲ្យចិត្តមានភាព "រំភើបរីករាយ" ជាប្រចាំ ។ ជាប្រចាំនៅទីនេះគឺអាច រៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍ ឬរៀងរាល់ខែ ។ ខ្ញុំយកដំបូន្មានឬការអះអាងនេះមកពិចារណាជាមួយនឹងវិធី "ហាត់ប្រាជ្ញ" របស់ខ្ញុំដែលផ្តោតលើការតម្កល់ចិត្តឲ្យ "ល្ហែ" ជាប្រចាំ ។ បើយើងពិនិត្យឲ្យល្អិតបន្តិច ល្ហែ គឺជាបុរេភាវៈទៅកាន់ភាពរំភើបរីករាយ (Precondition toward the state of excitement and happiness) ។ ដូច្នេះ ការហាត់ប្រាជ្ញដោយតម្កល់ចិត្តឲ្យល្ហែ គឺមិនទាន់ពេញលេញ ឬត្រឹមត្រូវទេ ។ វាហាក់ដូចជាគ្មានអ្វីពិបាកយល់ឡើយ ។ ដែលហៅថាហាត់ប្រាណ និង ហាត់ប្រាជ្ញ គឺចាំបាច់ត្រូវតែមានស្វ័យសកម្មភាពនៅក្នុងនោះ (Self-activity) ។ យើងមិនអាចទៅឈរមើលគេហាត់ប្រាណហើយចាត់ទុកថា យើងបានហាត់ប្រាណដែរនោះទេ ។ ដូចគ្នាដែរ យើងមិនអាចអង្គុយស្តាប់ចម្រៀង ឬមើលគេច្រៀង ហើយចាត់ទុកថាយើងបានច្រៀងនឹងគេដែរនោះទេ ។ ចំណុចមួយទៀតដែលមនុស្សជាច្រើនយល់ខុសគឺថា ការងារដោយប្រើឋាមពលផ្លូវកាយក្តី ផ្លូវចិត្តក្តី គឺអាចយកមកជំនួសឲ្យការហាត់ប្រាណនិងហាត់ប្រាជ្ញ ។ ខុសទាំងស្រុង! រែកទឹកស្រោចស្ពៃ ឬជញ្ជូនឥដ្ឋធ្វើសំណង់ មិនមែនជាការហាត់ប្រាណឡើយ ។ រៀបចំមេរៀនបង្រៀនសិស្ស និងច្រៀងអាយៃធ្វើឲ្យគេសើចក្អាកក្អាយក្នុងពិធីកាត់សក់មង្គលការ ក៏មិនមែនជាការហាត់ប្រាជ្ញដែរ ។ និយាយឲ្យខ្លី សកម្មភាពដែលស្ថិតក្រោមសម្ពាធពីកត្តាខាងក្រៅ គឺមិនមែនជាការហាត់ប្រាណឬហាត់ប្រាជ្ញទេ ។ ហាត់ប្រាណនិងហាត់ប្រាជ្ញ ក្នុងភាវៈដ៏បរិសុទ្ធបំផុត (In its purest form) គឺត្រូវមានកត្តាលំហែ ឬល្ហែ ជាគោល ។ កម្ម ឬសកម្មភាពមានបីដែលប្រព្រឹត្តិទៅដោយ៖ កាយ វាចា និង ចិត្ត ។ ហាត់ប្រាជ្ញគឺជាសកម្មភាពពាក់ព័ន្ធនឹងចិត្ត ។ ឯវាចាគឺជាសកម្មភាពមួយដែលបម្រើផលប្រយោជន៍ឲ្យកាយផង ឲ្យចិត្តផង ។ ចិត្តគឺជាសភាវមួយដែលភាសាអង់គ្លេសហៅថា Abstract ។ វាគ្មានរូបរាងឲ្យយើងមើលយល់ពាល់ត្រូវទេ ។ ឥឡូវយើងងាកទៅពិចារណាអំពីការអះអាងថា ភាវៈរំភើបរីករាយ គឺជាការហាត់ប្រាជ្ញ ឬហាត់ប្រាណផ្លូវចិត្តវិញម្តង ។ តើវាសមហេតុផលឬត្រឹមត្រូវទេ ។ បើត្រឹមត្រូវ តើយើងត្រូវហាត់ប្រាជ្ញដោយវិធីឬរបៀបណា ។ តាមការយល់ឃើញរបស់ខ្ញុំ វិធីហាត់ប្រាជ្ញគឺស្ថិតនៅលើគោក ហើយងាយស្រួលជាងហាត់ប្រាណទៅទៀត ។ នរណាក៏មានសមត្ថភាពអាចហាត់ប្រាជ្ញបានដែរ បើត្រឹមតែធ្វើឲ្យចិត្តរំភើបរីករាយនោះ ។ ឯចិត្តដែលរំភើបរីករាយ នរណាក៏ធ្លាប់ចួបប្រទះ ឬមានបទពិសោធដែរ ។ អ្វីជាកត្តាដែលយើងត្រូវធ្វើ គឺបង្កឲ្យមានចិត្តរីករាយជាប្រចាំ ។ មនុស្សគ្រប់ៗរូបកើតមក មានទេពកោសល្យឬឧបនិស្ស័យពីរមកជាមួយ ។ ទីមួយគឺយើងចេះ យំ ។ ទីពីរគឺយើងចេះ សើច ។ វាជាបដិភាវៈភ្លោះដែលយើងហៅដោយសាមញ្ញថា សុខ និង ទុក្ខ ។ ការហាត់ប្រាជ្ញដែលផ្តោតលើភាពរំភើបរីករាយ គឺស្ថិតនៅក្នុងភាវៈ សុខ ឬ សើច ។ ដូច្នេះ ជំហានទីមួយគឺយើងត្រូវប្តូរផ្នត់គំនិតពី "មានរូបមានទុក្ខ" ឲ្យទៅជា "មានរូបមានសុខ" (គិតវិជ្ជមាន, Positive thinking) ។ ត្រឹមតែការគិតវិជ្ជមាននេះ ក៏នាំយើងឲ្យធ្លាក់ចូលទៅក្នុងគន្លងផ្លូវហាត់ប្រាជ្ញរួចទៅហើយ ។ អ្វីដែលនៅសល់គឺសកម្មភាព ។ សកម្មភាពដែលអាចញ៉ាំងឲ្យចិត្តរីករាយមានច្រើន ។ ប៉ុន្តែ សកម្មភាពដ៏ល្អបរិសុទ្ធនិងមានសុខសុវត្ថិភាពបំផុតសម្រាប់ញ៉ាំងឲ្យចិត្តរីករាយគឺ ច្រៀង ។ ច្រៀងក៏ជាឧបនិស្ស័យកើតមកជាមួយនឹងជីវិតមនុស្សដែរ គ្រាន់តែភាពខ្មាសអៀនបានបង្ខំឲ្យយើងកប់វាចោលទៅ លើកលែងតែមនុស្សមួយចំនួនដែលយកឧបនិស្ស័យនេះមកធ្វើជាមុខរបរចិញ្ចឹមជីវិត ។ ហាត់ប្រាជ្ញតាមវិធីច្រៀងកំសាន្ត គឺជាអ្វីដែលខ្ញុំនឹងពណ៌នានៅទីនេះ ។ ខ្ញុំបានស្រាវជ្រាវស្វែងយល់និងអនុវត្តិអស់កាលបួនប្រាំខែកន្លងមកហើយ ។ អ្វីៗមិនលំបាកណាស់ណាទេ ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ជាមួយនឹងការហាត់ប្រាជ្ញប្រភេទនេះ ខ្ញុំនឹងពន្យល់លម្អិតនៅផ្នែកខាងក្រោម ។ នៅក្នុងវិស័យសិល្បៈចម្រៀង មានទម្រង់មួយដែលដែលមនុស្សទូទាំងពិភពលោកស្គាល់គឺ ការ៉ាអូឃេ ។ ចម្រៀងការ៉ាអូឃេនេះ ត្រូវបានបង្កើតឡើងជាងកន្លះសតវត្សរ៍មកហើយ ។ សព្វថ្ងៃវាបានវិវត្តិទៅរស់នៅក្នុងប្រព័ន្ធភាពយន្តអុីនថឺណិត ដែលយើងស្គាល់គ្រប់គ្នាថា យូធ្យូប (Youtube) ។ វាជាទម្រង់សិល្បៈចម្រៀងមួយបែប ដែលអនុញាតិឲ្យមនុស្សច្រៀងឆ្លើយឆ្លងគ្នា ដោយមិនចាំបាច់មានដៃគូផ្ទាល់ឡើយ (No real physical partner) ។ ហាត់ប្រាជ្ញដោយវិធីច្រៀងកំសាន្តនៅក្នុងយូធ្យូប គឺត្រូវមានឧបករណ៍និងសម្ភារៈ ។ ឧបករណ៍ហាត់ប្រាជ្ញដែលជាទម្រង់ចម្រៀងការ៉ាអូឃេនោះ យើងមានហើយនៅក្នុងប្រព័ន្ធអុីនថឺណិត យូធ្យូប ។ អ្វីដែលយើងត្រូវការគឺម៉ាសុីនច្រៀងការ៉ាអូឃេ ។ បច្ចុប្បន្ន ម៉ាសុីនទាំងនេះមានលក់នៅលើទីផ្សារមិនខ្វះទេ ។ ម៉ាសុីនច្រៀងការ៉ាអូឃេខ្លះមានប្រព័ន្ធ ប៊្លូធូត (Bluetooth) ដែលយើងអាចស្ពាយតាមខ្លួនយកទៅប្រើនៅទីណាក៏បានដែរ មិនចាំបាច់មានខ្សែរតរណេងរណោងឡើយ ។ សម្រាប់ខ្ញុំដែលជាមនុស្សបុរាណហើយមិនសូវធូរធា ខ្ញុំទៅរកទិញសម្ភារៈច្រៀងការ៉ាអូឃេអំពីហាងលក់អីវ៉ាន់ជជុះមួយ ។ ខាងក្រោមគឺជារូបភាពសម្ភារៈច្រៀងការ៉ាអូឃេរបស់ខ្ញុំ ។ ខ្ញុំចំណាយប្រាក់ ៣០ដុល្លារលើទូរទស្សន៍ ។ ១០ដុល្លារ សម្រាប់ម៉ាសុីនច្រៀងការ៉ាអូឃេ ។ ១៥ដុល្លារ សម្រាប់មេក្រូហ្វូនមួយគូ និង ៤០ដុល្លារទៅលើអង់តែន ហ្វាយអឺស្ទីក (Firestick) សម្រាប់តភ្ជាប់ទូរទស្សន៍ទៅនឹងប្រព័ន្ធអុីនថឺណិត ។ សរុបទាំងអស់មិនដល់ ១០០ដុល្លារទេដើម្បីមានសម្ភារៈហាត់ប្រាជ្ញ ។ ចំណែកឧបករណ៍បទចម្រៀងនៅក្នុងយូធ្យូប គឺយើងប្រើដោយសេរី ។ គ្មានចាំបាច់បង់លុយកាក់អ្វីទេ ។ គួរកត់សម្គាល់ថា ផលិតករដែលផលិតបទចម្រៀងដាក់នៅក្នុងយូធ្យូបនោះ គេបន់ឲ្យតែយើងចូលទៅប្រើវេបសាយ ឬ ឆាណែល (Channel) របស់គេទេដើម្បីទទួលបានទិន្នន័យ ។ វាប្រៀបបាននឹងប៉ុស្តិ៍ទូរទស្សន៍ដែរ ។ កាលណាមានមនុស្សទស្សនាច្រើន ម្ចាស់ប៉ុស្តិ៍នឹងទទួលបានកម្រៃច្រើនតាមរយៈការផ្សាយពាណិជ្ជកម្ម ។ ច្រៀងកំសាន្ត ។ ថ្វីដ្បិតតែយើងគ្រប់គ្នាមានឧបនិស្ស័យនេះពីកំណើត យើងមិនអាចយកវាមកប្រើប្រាស់ដោយគ្មានការហ្វឹកហាត់បានទេ ។ ហេតុផលគឺដោយសារតែភាពខ្មាសអៀនបានញ៉ាំងឲ្យយើង កប់ចំណេះជំនាញពីកំណើតនេះទុកចោលរាប់សិបឆ្នាំមកហើយ ។ ប៉ុន្តែ សមត្ថភាពច្រៀងរបស់យើងម្នាក់ៗអត់រលុបរលាយទៅណាទេ ។ យើងឆ្កឹះតែឧបសគ្គខ្មាសអៀនចេញ វានឹងលូតលាស់ចេញមកវិញដោយឯកឯង ។ នៅក្នុងវិស័យសិល្បៈចម្រៀងនិងតន្ត្រីសម័យ (Modern Music) មានគោលការណ៍សាកលមួយដែលភាសាអង់គ្លេសហៅថា Cadence ឬ កាដង់ ។ ខ្មែរយើងហៅកាដង់ភ្លេង ឬណោតភ្លេង ។ ក្នុងមួយកាដង់គេកំណត់ជាចំនួនមាន ៨ ដែលតំណាងដោយតួអក្សរ A B C D E F G (A) ។ អក្សរទាំង ៨ នេះបន្លឺជាសូរថា៖ ដូ រ៉េ មី ហ្វា សុល ឡា សុី ដូ ។ គួរកត់សម្គាល់ថា សម្លេង ដូ មានពីរដង ។ គេហៅ ដូ ទាំងពីរនេះថា ដូ ទាប និង ដូ ខ្ពស់ ឬ សម្លេងធូរ និង សម្លេងតឹង ។ ដូ ទាបមានប្រភពសម្លេងចេញពីតម្បារពោះផ្នែកខាងក្រោម ។ ដូ ខ្ពស់មានប្រភពសម្លេងនៅលើថ្ងាស ។ សម្លេងពីដូទាបទៅដូខ្ពស់ មានសណ្ឋានដូចឡើងកាំជណ្តើរ ។ ឯការច្រៀងក៏មានសណ្ឋានដូចឡើងចុះកាំជណ្តើរដែរ ។ សម្លេងយើងត្រូវស្ថិតក្នុងស្ថានភាព ពីទាបទៅខ្ពស់ ឬពីធូរទៅតឹង និង ពីតឹងមកធូរ ចុះឡើងៗ ។ គួរកត់សម្គាល់ថា តួអក្សរភ្លេងនីមួយៗ គេអាចបំបែកវាជាផ្នែកតូចៗមានចំនួន ២ ឬ ៤ ថែមទៀត ។ គេរាប់កាដង់ភ្លេងដោយ ខណៈចិត្ត និងប្រើត្រចៀកសម្រាប់រាប់ ។ ចំណុចដកឃ្លាឬបង្អូសនៅក្នុងសម្លេងច្រៀងនិងសម្លេងឧបករណ៍ភ្លេង ក៏គេរាប់បញ្ចូលនៅក្នុងចំនួននៃកាដង់ដែរ ។ ខ្ញុំមិនដឹងថា ១ ខណៈចិត្ត មានប្រវែងប៉ុន្មានទេ ។ ប៉ុន្តែ វាហាក់ដូចជាមានទំនាក់ទំនងជាមួយនឹងដង្ហើមចេញចូលរបស់យើង ។ ខ្ញុំធ្លាប់សួរមិត្តម្នាក់ដែលជាអ្នកលេងហ្គីតានៅក្នុងក្រុមតន្ត្រីអង្កាច់អង្កោចមួយអំពីប្រការ ថាតើធ្វើដូចម្តេចទើបដឹងថាវេលាណាដល់វេនយើង និងពេលណាត្រូវផ្ទេរតួនាទីទៅឲ្យអ្នកផ្សេង ។ គាត់ប្រាប់ខ្ញុំថា ពេលប្រគុំតន្ត្រីយើងអត់ចាំបាច់ងាកមើលមុខគ្នាដើម្បីបញ្ជាក់ថា ដល់វេនយើងឬដល់វេនគេនោះទេ ។ យើងអាចស្តាប់ដឹងថា នេះជាវេនរបស់យើង ។ នោះជាវេនរបស់គេ ។ ដូច្នេះ នៅក្នុងការច្រៀងក៏ដូចជាប្រគុំតន្ត្រីដែរ គឺយើងនិយាយនឹងត្រចៀក ឬ ប្រើត្រចៀកសម្រាប់ប្រាស្រ័យទាក់ទងគ្នា ។ ចំណុចណោតនិងកាដង់ភ្លេងខាងលើនេះ គ្រាន់តែជាលក្ខណៈបច្ចេកទេសតែប៉ុណ្ណោះ ។ សម្រាប់យើងដែលជាអ្នកច្រៀងកំសាន្តដើម្បីហាត់ប្រាជ្ញ ទោះមិនយល់សុីជម្រៅក៏មិនថ្វីដែរ ដ្បិតយើងអាចសុីពែសម្លេងឧបករណ៍ភ្លេង ។ សម្លេងឧបករណ៍មួយដែលយើងអាចយកមកធ្វើជាបង្អែកដើម្បីច្រៀងហាត់ប្រាជ្ញគឺ ស្គរ ។ វាស្ទើរតែមិនបាច់មាននរណាប្រាប់យើងទេថា ស្គរគឺជាសសរទ្រូងឬឆ្អឹងខ្នងនៃការប្រគុំតន្ត្រី ។ យើងរាំកំសាន្ត ក៏រាំតាមចង្វាក់ស្គរដែរ ដ្បិតសម្លេងស្គរនេះហើយជាអ្នកចាត់ចែងកាដង់ភ្លេង ។ ដូច្នេះ សម្រាប់មនុស្សដំឡូងមូលដែលរៀនច្រៀង ឬរាំ យើងអាចយកសម្លេងស្គរមកធ្វើជាគោលដើម្បីអនុវត្តិបានយ៉ាងងាយ ។ នៅក្នុងការស្តាប់កាដង់ភ្លេង ដែលមានសម្លេងឧបករណ៍ជាច្រើនប្រគុំចម្រុះគ្នានោះ យើងគួរផ្តោតទៅលើសម្លេងពីរដែលមានសូរ ទូងក្លក់ៗ ។ វាជាសម្លេងស្គរនិងត្រដោក ដែលអ្នកប្រគុំឧបករណ៍នេះផ្តល់ជាសញ្ញាកាដង់ឲ្យយើងច្រៀង ។ នៅដើមឃ្លានៃបទចម្រៀងនីមួយៗ ជាទូទៅគឺមានសម្លេងស្គរជាអ្នកផ្តល់សញ្ញាឲ្យយើងចាប់ផ្តើមច្រៀង ។ ខ្ញុំនិយាយអំពីកាដង់ភ្លេងនេះច្រើនបន្តិចហើយ ដ្បិតវាជាកត្តាសំខាន់បំផុតនៅក្នុងការហាត់ប្រាជ្ញ ។ បើយើងមិនអាចច្រៀងឲ្យត្រូវកាដង់ភ្លេងទេ យើងគ្មានលទ្ធភាពនឹងហាត់ប្រាជ្ញដោយវិធីច្រៀងកំសាន្តឡើយ ។ និយាយអំពីឧបករណ៍ហាត់ប្រាជ្ញវិញម្តង ។ នៅក្នុងយូធ្យូប មានចម្រៀងការ៉ាអូឃេឆ្លងឆ្លើយស្រីប្រុសរាប់រយ ដែលផលិតដោយសិល្បៈករជាច្រើនក្រុម ។ យើងគ្រាន់តែសរសេរពាក្យ៖ khmer karaoke songs sing along នៅក្នុងប្រព័ន្ធយូធ្យូប វានឹងលោតចេញមករាប់មិនអស់ទេ ។ មានឆាណែលចម្រៀងការ៉ាអូឃេចំនួនបីដែលខ្ញុំពេញចិត្តជាងគេ ដ្បិតវាងាយស្រួលក្នុងការហាត់ច្រៀងក៏ដូចជាច្រៀងកំសាន្តដែរ ។ ទីមួយគឺឆាណែលរបស់លោក Kim Darem ដែលមានអ្នកចម្រៀងស្រីឈ្មោះ ស្រីឡឹង ជាអ្នកច្រៀងឆ្លងឆ្លើយ ។ ស្ត្រីដែលមានសម្លេងស្រួយស្រែះ ច្រៀងឆ្លងឆ្លើយជាមួយនឹងខ្ញុំក្នុងវីឌីអូខាងក្រោមគឺជាស្រីឡឹងហើយនុង ។ សម្លេងគាត់មិនត្រឹមតែច្បាស់ល្អទេ ថែមទាំងដូចសំនៀងដើមរបស់ម្ចាស់ចម្រៀងនានាទៀតផង ។ នៅក្នុងភាសាអង់គ្លេសមានពាក្យមួយហៅថា៖ Familiarity (ធ្លាប់ឮ ឬ ឃើញ) ។ កត្តាធ្លាប់ឮនេះហើយដែលជួយឲ្យយើងហាត់ច្រៀងបានលទ្ធផលល្អ ។ ទីពីរគឺឆាណែលឈ្មោះ ភូមិរីករាយ ដែលសម្បូរទៅដោយបទចម្រៀងរបស់លោក សុីន សុីសាមុត ។ ទីបីគឺឆាណែលរបស់ Mrr. Sokha ។ នៅមានឆាណែលជាច្រើនផ្សេងទៀតសម្រាប់បម្រើតម្រូវការចម្រៀងការ៉ាអូឃេ ។ មុននឹងយើងហាត់ប្រាជ្ញ ឬហាត់ប្រាណផ្លូវចិត្ត គប្បីយល់អំពីសភាវនៃចិត្តជាមុនសិន ។ ចំណុចសំខាន់បំផុតដែលយើងត្រូវដឹងគឺថា គ្មានអ្វីពិបាកផ្គាប់ជាង "ចិត្ត" នោះទេ ។ សូម្បីតែបុគ្គលដែលជាម្ចាស់ចិត្ត ក៏ពេលខ្លះផ្គាប់ចិត្តខ្លួនឯងមិនត្រូវដែរ ។ ដូច្នេះ ការហាត់ប្រាជ្ញ ថ្វីដ្បិតតែងាយស្រួលជាងហាត់ប្រាណ យើងមិនគួរប្រមាទឬធ្វេសប្រហែសឡើយ ។ ហាត់ប្រាជ្ញក៏ដូចជាហាត់ប្រាណដែរ វាជាការអនុវត្តិអស់មួយជីវិត ឬរហូតដល់ដង្ហើមចុងក្រោយ ។ ដូច្នេះ ដើម្បីជៀសវាងការនឿយណាយចិត្តជាមួយនឹងសកម្មភាពច្រៀងហាត់ប្រាជ្ញ យើងគប្បីប្រើយុទ្ធសាស្ត្រខ្លះៗដើម្បីគ្រុបគ្រងចិត្ត ។ សម្រាប់ខ្ញុំ ខ្ញុំច្រៀងហាត់ប្រាជ្ញតែពីរដងទេ ក្នុងមួយអាទិត្យ គឺនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ។ ខ្ញុំភ្ជាប់សកម្មភាពនេះជាមួយនឹងកិច្ចការផ្ទះរបស់ខ្ញុំ ។ ក្នុងមួយអាទិត្យយើងមានខោអាវត្រូវបោកគក់ពីពីរទៅបួនម៉ាសុីន ។ គក់ខោអាវមួយម៉ាសុីនត្រូវចំណាយពេល ៣៣នាទី ។ ហាលខោអាវក្នុងម៉ាសុីនសម្ងួតត្រូវចំណាយពេលមួយម៉ោងក្នុងមួយម៉ាសុីន ។ ដូច្នេះ អំឡុងពេលបោកគក់ខោអាវនេះ យើងអាចច្រៀងកំសាន្តហាត់ប្រាជ្ញបានយ៉ាងហោចណាស់ក៏ ៤ ឬ ៥ ម៉ោងដែរ ។ ថ្ងៃខ្លះទំនេរនិងមិនសូវធុញទ្រាន់ ខ្ញុំច្រៀងមួយថ្ងៃទល់ល្ងាច ។ ទោះជាយ៉ាងក៏ដោយ ខ្ញុំកំណល់កាលវិភាគហាត់ប្រាណនិងហាត់ប្រាជ្ញរបស់ខ្ញុំនៅក្នុងរង្វង់អប្បរមា ៥ម៉ោងក្នុងមួយអាទិត្យ ។ ខ្ញុំធ្វើដូច្នេះដើម្បីជៀសវាងភាពធុញទ្រាន់ចិត្តផង និងរក្សាតុល្យភាពពេលវេលាហាត់ប្រាណនិងហាត់ប្រាជ្ញផង ។ រៀងរាល់ថ្ងៃ ខ្ញុំធាក់កង់នៅមួយកន្លែងចន្លោះពី ៤០នាទីទៅ១ម៉ោង ។ អំឡុងពេលហាត់ប្រាណនេះ ខ្ញុំឆ្លៀតមើលឬស្តាប់បទចម្រៀងនានានៅក្នុងយូធ្យូបដើម្បីចំណាំទំនុកច្រៀងផ្សេងៗ ។ យើងគួរចាប់ផ្តើមច្រៀងហាត់ប្រាជ្ញជាមួយនឹងបទចម្រៀងណាដែលយើងចេះចាំស្ទាត់ ចូលចិត្ត នឹងធ្លាប់លួចច្រៀងលេងកំសាន្តពីមុនមក ។ ជ្រើសយកបទចម្រៀងណាដែលងាយស្រួលមកច្រៀងមុនគេ ។ បន្ទាប់មក ច្រៀងបទដែលមានភាពស្មុគស្មាញខ្ពស់បន្តិចម្តងៗ ។ ត្រូវរៀននិងចងចាំទំនុកច្រៀងឲ្យបានយ៉ាងហោចណាស់ក៏ ១០០ បទដែរ ។ ធ្វើដូច្នេះ យើងអាចច្រៀងវិលជុំ ចៀងវាងច្រៀងបទច្រំដែលៗ ដែលនាំឲ្យចិត្តឆាប់ធុញទ្រាន់ ។ មិនត្រូវខ្វាយខ្វល់នឹងសម្លេងមិនពីរោះរបស់យើងពេកទេ ។ ធ្វើម្តេចច្រៀងឲ្យត្រូវកាដង់ទៅបានហើយ ។ ត្រូវចាំថា យើងហ្វឹកហាត់ច្រៀងដើម្បីហាត់ប្រាជ្ញ ។ មិនមែនត្រៀមខ្លួនទៅប្រឡងក្នុងកម្មវិធី Cambodia Idol ឡើយ ។ ទោះមិនប្រឡងក៏ដោយ ក៏ត្រូវធ្វើតេស្តខ្លួនឯងដែរ ។ បន្ទាប់ពីហ្វឹកហាត់បានមួយរយៈ គប្បីជ្រើសរើសបទចម្រៀងណាមួយដែលយើងចងចាំស្ទាត់ ហើយបិទភ្នែកច្រៀងដោយប្រើតែត្រចៀកស្តាប់កាដង់ភ្លេង ។ ដាក់ម៉ាសុីនថតសម្លេង ឬអាយហ្វូន ថតការច្រៀងធ្វើតេស្តនោះដើម្បីស្តាប់សាឡើងវិញ ។ បើស្តាប់ទៅឃើញថា យើងច្រៀងបានត្រឹមត្រូវគួរសមតាមកាដង់ភ្លេងហើយ យើងនឹងអាចហាត់ប្រាជ្ញអស់មួយជីវិតចាប់ពីពេលនេះតទៅ ។ បទ ចិត្តបងរំពឹង ឬ រៀនរាំ ឆា ឆា ឆា ខាងក្រោមគឺជាការធ្វើតេស្តរបស់ខ្ញុំ ។ ខ្ញុំបិទភ្នែកច្រៀងឆ្លងឆ្លើយជាមួយនឹង ស្រីឡឹង ចំនួនបីដងទម្រាំទទួលបានលទ្ធផលដូចនៅក្នុងវីឌីអូគ្លីបនេះ ។ ក្រៅអំពីសម្លេងច្រៀងឆ្លងឆ្លើយគ្នាខ្លីៗ ដែលខ្ញុំដាក់នៅខាងក្រោមអត្ថបទនេះ ខ្ញុំក៏បានបង្ហាញនូវរូបភាពខ្ញុំច្រៀងការ៉ាអូឃេដែរ ។ គ្មានអ្វីល្អមើលទេ សម្រាប់មនុស្សវ័យជ្រេរ សក់ស្កូវព្រោង ស្បែកជ្រីវជ្រួញ មុខស្រួចដូចសត្វបង្កួយ បបូមាត់ស្ពេះដូចត្រីកំពត មកឈរច្រៀងការ៉ាអូឃេនោះ ។ ប្រការនេះ គ្មាននរណាអាចដឹងបានឡើយ ដរាបណាយើងមិនថតបង្ហោះវានៅក្នុងហ្វេសប៊ុក ។ សូម្បីតែមនុស្សដែលយើងច្រៀងឆ្លើយឆ្លងជាមួយនោះ ក៏មិនអាចដឹងបានដែរ ។ សម្លេងយើង មិនអាចធ្វើដំណើរបញ្ច្រាសទិសទៅកាន់ប្រភពដែលយើងឆ្លើយឆ្លងជាមួយនោះទេ ។ ក្រៅអំពីប្តីប្រពន្ធកូន ឬមនុស្សដែលរស់នៅក្នុងផ្ទះជាមួយយើង គ្មាននរណាអាចដឹងអំពីប្រការដែលយើងច្រៀងការ៉ាអូឃេដើម្បីហាត់ប្រាជ្ញឡើយ ។ អ្វីដែលជាផាសុកភាពវិសេសបំផុតនោះ គឺយើងអាចហាត់ប្រាជ្ញនៅពេលណាក៏បានដែរ មិនចាំបាច់ចេញពីផ្ទះទេ ។ មុននឹងបញ្ចប់អត្ថបទដ៏វែងអន្លាយនេះ ខ្ញុំសូមលើកយកសំណួរមួយមកចោទ និងផ្តល់ជាចម្លើយ ។ តើយើងហាត់ប្រាណនិងហាត់ប្រាជ្ញ ដើម្បីអ្វី? ចម្លើយតែមួយគត់គឺ៖ គុណភាពជីវិត (Quality of Life) ។ ដែលហៅថាគុណភាពជីវិត គឺសំដៅដល់លទ្ធភាពរស់នៅរហូតដល់ដង្ហើមចុងក្រោយ ដោយមិនចាំបាច់អំពល់ទុក្ខដល់អ្នកដទៃ ។ និយាយឲ្យងាយយល់គឺយើងអាចដើរ និង ធ្វើកិច្ចការនានាដោយខ្លួនឯងបានរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិត ។ មនុស្សគ្រប់រូបដែលកំពុងអានអត្ថបទនេះ សុទ្ធតែធ្លាប់ឃើញ ឬដឹង អំពីកត្តាពីរយ៉ាងដែលមនុស្សចាស់ភាគច្រើនជួបប្រទះ នៅដំណាក់កាលចុងក្រោយនៃជីវិត ។ ទីមួយគឺដើរលែងរួច (Disable) ។ ទីពីរគឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ (Dementia) ។ ទម្រង់វង្វេងវង្វាន់ដ៏ល្បីល្បាញជាងគេគឺ Alzheimer's disease ។ ដូច្នេះ ការហាត់ប្រាណនិងហាត់ប្រាជ្ញ គឺដើម្បីជៀសវាង ឬកាត់បន្ថយវិបត្តិទាំងពីរនេះឯងនៅក្នុងដំណើរជីវិត ។ មួយពាក់ព័ន្ធនឹងសុខភាពផ្លូវកាយ ។ មួយទៀតពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត ។ ចុងក្រោយបំផុតគឺភាពខ្មាសអៀន ។ ខ្ញុំសូមនិយាយដោយត្រង់ជាទីបំផុតថា ខ្ញុំខ្មាសប្រពន្ធកូនខ្ញុំដូចជាអ្នកដទៃដែរ ។ នៅលើលោកនេះប្រហែលជាគ្មាននរណាអៀនប្រៀនដូចខ្ញុំទេ ។ កាលពីក្មេង ខ្ញុំមិនដែលហ៊ានញ៉ាំនំចំណីនៅក្នុងផ្សារ ឬទីសាធារណៈឡើយ ដ្បិតបើមាននរណាម្នាក់មើលមកខ្ញុំ ខ្ញុំអៀនមាត់លេបចំណីលែងចូលហើយ ។ អ្វីដែលខ្ញុំរៀនចេញអំពីចំណុចខ្សោយនៅក្នុងជីវិតខ្ញុំនេះគឺថា ភាពខ្មាសអៀនក៏ដូចជាភ័យខ្លាចដែរ វាមិនមែនជាឧបស័គ្គដែលយើងមិនអាចជម្នះបានឡើយ ៕

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដ...