Friday, March 7, 2025

ចំណីខួរក្បាល

ដូណាល់ ត្រាំ វិលវិញ (Donald Trump, Revisit) កាលលោក ដូណាល់ ត្រាំ ឡើងកាន់កិច្ចការជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកលើកទី ១ ខ្ញុំបានសរសេរអត្ថបទរិះគន់មួយចំនួនពាក់ព័ន្ធនឹងគោលនយោបាយ និង សកម្មភាពរបស់គាត់ ជាពិសេសគឺសង្គ្រាមពាណិជ្ជកម្ម (សូមមើលអត្ថបទនៅក្នុងរូបភាពខាងក្រោម) ។ នៅក្នុងសង្គ្រាមពាណិជ្ជកម្មនៅគ្រាទី ១ សេដ្ឋវិទូអាមេរិកាំងបានវាយតម្លៃផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋអាមេរិកាំងទូទៅ គឺត្រូវចំណាយថវិកាប្រមាណជា ៨០០ដុល្លារ បន្ថែមលើការចំណាយប្រចាំឆ្នាំរបស់ខ្លួន ។ ឯសង្គ្រាមពាណិជ្ជកម្មលើកទី ២នេះ ពលរដ្ឋអាមេរិកាំងត្រូវចំណាយប្រមាណជា ២០០០ដុល្លារ បន្ថែមលើការចំណាយប្រចាំឆ្នាំរបស់ខ្លួន ដោយហេតុតែនៅពេលដែលយើងច្របាច់កគេ គេក៏ច្របាច់កយើងវិញដែរ ។ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម គ្មានទេភាគីចាញ់ ឬឈ្នះ ។ គឺមានតែជនរងគ្រោះ ។ អ្នកដែលទទួលផលអំពីសង្គ្រាមនេះ គឺភាគីដែលមិនពាក់ព័ន្ធនៅក្នុងជម្លោះ ។ វាមិនខុសអំពីសត្វភេពីរក្បាលចែកត្រីគ្នាសុីមិនដាច់ស្រេច យកទំនាស់ទៅពឹងខ្លាត្រីឲ្យជួយដោះស្រាយឡើយ ។ អត្ថបទនេះ ខ្ញុំសូមមិនផ្តោតលើសង្គ្រាមពាណិជ្ជកម្ម និងផលកម្មដែលពលរដ្ឋអាមេរិកាំង និងពលរដ្ឋដទៃនៅក្នុងពិភពលោក កំពុងប្រឈមទេ ។ ខ្ញុំសូមលើកយកបញ្ហាខ្លះៗ ពាក់ព័ន្ធនឹងគោលនយោបាយរបស់ ដូណាល់ ត្រាំ មកវែកញែកចែកជាធម្មទានដល់មិត្តអ្នកអាន ។ តែមុននឹងវែកញែករឿងនយោបាយ ខ្ញុំសូមជម្រាបថា ពាក្យ Tariff គឺមានន័យថាពន្ធ (Tax) ដែលពលរដ្ឋទូទៅត្រូវបង់ មិនមែនសហគ្រាស ឬក៏ប្រទេសដែលលោក ដូណាល់ ត្រាំ កៀបសង្កត់ឲ្យបង់ Tariff នាំចេញទិញចូលនោះទេ ។ វាជាយុទ្ធសាស្ត្របោកប្រាស់ ប្រជាភិថុតិ ឬក៏ល្បែងលេងប៉ាហ៊ី ដែលអ្នកនយោបាយរមែងប្រព្រឹត្តិ ។ មុននឹងខ្ញុំនិយាយរឿងនយោបាយ ខ្ញុំសូមអធ្យាស្រ័យណែនាំខ្លួននិងអត្តចរិតនយោបាយរបស់ខ្ញុំ ឲ្យមិត្តអ្នកអានបានស្គាល់ជាមុន ជៀសវាងការភាន់ច្រឡំនានា (Misunderstanding) ។ ក្នុងនាមជាពលរដ្ឋអាមេរិកាំងមួយរូប ខ្ញុំមិនមែនជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ ហើយក៏មិនមែនជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដែរ ។ ខ្ញុំគោរពមតិភាគច្រើន និង គាំពារមតិភាគតិច ។ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតតាមបែបបទប្រជាធិតេយ្យ ខ្ញុំតែងតែព្យាយាមបោះឆ្នោតបំបែកអំណាចប្រមូលផ្តុំ ដោយមិនប្រកាន់បក្សពួកឡើយ ។ នៅក្នុងរដ្ឋាភិបាលប្រជាធិតេយ្យ យើងមាននីតិប្រតិបត្តិ នីតិបញ្ញតិ និង ប្រព័ន្ធតុលាការ (Executive, Legislative, and Judiciary) ។ ស្ថាប័ននីតិប្រតិបត្តិ និង នីតិបញ្ញតិ កើតឡើងដោយការបោះឆ្នោត ។ ពេលខ្លះ ស្ថាប័នទាំងពីរធ្លាក់ក្រោមការត្រួតត្រារបស់គណបក្សតែមួយ ។ គឺស្ថានភាពនេះហើយដែលតម្រូវឲ្យខ្ញុំទៅបោះឆ្នោតពាក់កណ្តាលអាណតិ ដើម្បីបង្កើតឲ្យមានតុល្យភាពក្នុងការដឹកនាំប្រទេសជាតិ ក៏ដូចជាដឹកនាំរូបខ្ញុំដែលជាពលរដ្ឋម្នាក់ដែរ ។ ឯរឿងគោរពបូជា ខ្ញុំអត់គោរពបូជាអាទិទេព ឬក៏ បុគ្គលមនុស្សណាមួយឡើយ ។ ខ្ញុំគោរពបូជាគុណធម៌ ។ តើយើងយកអ្វីមកសម្គាល់គុណធម៌ ។ ប្រការនេះមិនពិបាកយល់ទេ ។ ទង្វើ ឬ ជំនឿ ណាដែលមិនបង្កទុក្ខវេទនាដល់ខ្លួនឯង និង អ្នកដទៃ គឺជាគុណធម៌ ។ អាទិទេពក្តី មនុស្សក្តី ដែលប្រកបទៅដោយគុណធម៌ គឺជាវត្ថុសក្ការៈរបស់ខ្ញុំ ។ ខ្ញុំចាប់ផ្តើមសិក្សាអំពីប្រវត្តិសាស្ត្រអាមេរិកាំង តាំងតែពីមិនទាន់ឈានជើងជាន់ទឹកដីនៃសហរដ្ឋអាមេរិកម្លេះ ។ ពេលមកដល់សហរដ្ឋអាមេរិកនៅដើមឆ្នាំ ១៩៨៩ ខ្ញុំមានឱកាសបានចូលទៅសិក្សានៅក្នុងប្រព័ន្ធអប់រំអាមេរិកាំង ហើយក៏បានបន្តសិក្សាចាប់ពីពេលនោះរហូតមកដល់ថ្ងៃនេះ ។ នៅសាកលវិទ្យាល័យ ជំនាញសិក្សារបស់ខ្ញុំគឺ សារពត៌មាន និង វិទ្យាសាស្ត្រនយោបាយ ដោយផ្តោតទៅលើអភិបាលកិច្ចសាធារណរបស់រដ្ឋាភិបាលអាមេរិកាំង ។ ខ្ញុំចាប់ផ្តើមសង្តេតអំពីដំណើរបត់បែននៃអភិបាលកិច្ចរបស់សហរដ្ឋអាមេរិក តាំងតែពីអាណតិទីមួយរបស់លោកប្រធានាធិបតី ប៊ីល គ្លីនតុន រៀងរហូតមកដល់គ្រានេះ ។ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏ជាអ្នកធ្វើការងារឲ្យស្ថាប័នមួយចំនួន ដែលពាក់ព័ន្ធនឹងការធ្វើគោលនរយោបាយរបស់សហរដ្ឋអាមេរិក ។ បើគិតជាថេរវេលា វាមានរយៈពេលប្រមាណជា ៣០ឆ្នាំហើយ ។ សួរថា តើខ្ញូំយល់ដឹងអ្វីៗសព្វជ្រុងជ្រោយទេ ? ចម្លើយគឺ អត់ទេ ។ តែខ្ញុំនឹងព្យាយាមបកស្រាយបំភ្លឺទៅតាមសមត្ថភាពដែលខ្ញុំមាន ។ ដំណើរដឹកនាំប្រទេសអាមេរិកាំងនាគ្រានេះ គឺមានហានិភ័យខ្ពស់ មិនមែនសម្រាប់តែជនជាតិអាមេរិកាំងទេ គឺពិភពលោកទាំងមូល ។ អ្វីដែលខ្ញុំព្រួយបារម្ភជាងគេគឺប្រការដែលអាចមានការព្យាយាមរបស់ ដូណាល់ ត្រាំ ដើម្បីក្រាញអំណាច (The possibility of trying to make the U.S.A. a dictatorship) ។ នៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំជឿជាក់ថាគាត់មិនអាចធ្វើទៅរួចទេ ។ ក៏ប៉ុន្តែ ទោះបីជាលទ្ធភាពរបស់គាត់អាចមានត្រឹមតែ ០.០០១ ភាគរយក៏ដោយ ក៏ខ្ញុំនៅតែព្រួយបារម្ភដែរ ។ ជាមួយនរណាខ្ញុំមិនអាចសន្និដ្ឋានទេ ។ តែជាមួយ ដូណាល់ ត្រាំ អ្វីដែលយើងគិតថាមិនអាចទៅរួច គឺអាច ។ គាត់គឺជាមនុស្សក្រអើតក្រទមតាំងតែពីដើមរៀងមក ។ និយាយអំពីភាពក្រអើតក្រទម សូមបង្ហាញអំពីប្រការមួយ (Fact) ស្តីអំពីជោគជ័យនៅក្នុងដំណើរជីវិតពាណិជ្ជកររបស់គាត់បន្តិចផងចុះ ។ ផ្ទុយអំពីរូបភាពជោគជ័យដែលប្រព័ន្ធផ្សព្វផ្សាយអនាធិបតេយ្យ (Fake or Manipulated news) លើកតម្កើង លោក ដូណាល់ ត្រាំ បរាជ័យនៅក្នុងមុខជំនួញរបស់គាត់ច្រើនលើកច្រើនគ្រាមកហើយ ។ វាគ្មានអ្វីភ្ញាក់ផ្អើលទេ ប្រសិនបើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដាំក្បាលចុះនៅក្នុងអាណតិរបស់គាត់ ។ វិលទៅនិយាយអំពីប្រការដែលខ្ញុំព្រួយបារម្ភវិញម្តង ។ ផ្អែកលើទង្វើរបស់ ដូណាល់ ត្រាំ រយៈពេលជិតពីរខែកន្លងទៅនេះ អ្វីៗគឺស្រដៀងគ្នាទៅនឹងទង្វើរបស់ អាដុល ហុីត្លែរ នៅប្រទេសអាល្លឺម៉ងកាលពីឆ្នាំ ១៩៣៩ ពន់ពេកណាស់ ។ គួរកត់សម្គាល់ថា ប្រទេសអាល្លឺម៉ង់នាគ្រានោះ ក៏ជាប្រទេសប្រជាធិបតេយ្យដ៏រឹងមាំមួយដែរ ។ នៅសតវត្សទី ១៩ ជប៉ុនបានបញ្ជូននិស្សិតទៅរៀនអំពីបែបផែនដឹកនាំប្រទេសពីអាល្លឺម៉ង់ ហើយនៅប្រើទម្រង់នោះរហូតដល់សព្វថ្ងៃ ។ បើហុីត្លែរអាចបំផ្លាញរចនាសម្ព័ន្ធប្រជាធិបតេយ្យនៅអាល្លឺម៉ង់បាន រឿងអីដែលយើងហ៊ានទុកចិត្តថា ដូណាល់ ត្រាំ មិនអាចធ្វើបាននៅសហរដ្ឋអាមេរិក ។ ហុីត្លែរ ប្រើពេលមិនដល់មួយឆ្នាំទេ នៅក្នុងការកាច់បំបាក់ស្ថាប័នរដ្ឋនានាឲ្យជ្រកនៅក្រោមឥទ្ធិពលរបស់គាត់ ។ ដូណាល់ ត្រាំ ទម្រាំដល់ពេលបោះឆ្នោតពាក់កណ្តាលអាណតិ មានពេលរហូតដល់ទៅពីរឆ្នាំ ដើម្បីរុះរើស្ថាប័នជាតិនៃសហរដ្ឋអាមេរិក ឲ្យសមប្រកបទៅនឹងតម្រូវការរបស់គាត់ ។ ដូច្នេះ គាត់មានពេលគ្រប់គ្រាន់នៅក្នុងការផ្សងព្រេងរបស់គាត់ ។ អ្វីដែលជាភាពខុសគ្នារវាងអាល្លឺម៉ង់និងសហរដ្ឋអាមេរិក គឺស្ថិតត្រង់ថាពលរដ្ឋអាមេរិកាំងមានសិទ្ធិកាន់កាំភ្លើងគ្រប់ៗគ្នា ជាមួយនឹងពាក្យស្លោកមួយឃ្លាដែលមានន័យថា៖ កុំជាន់ឈ្លីខ្ញុំ (Don't Tread on Me!) ។ វាអាចនឹងល្មេញល្មើបន្តិច សម្រាប់ប្រធានាធិបតី ឬក៏អ្នកនយោបាយណាម្នាក់ ដែលព្យាយាមក្លាយខ្លួនជាជនផ្តាច់ការ ហើយជាន់ឈ្លីសិទ្ធិសេរីភាពរបស់ពលរដ្ឋអាមេរិកាំង ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សល្មេញល្មើអត់ប្រើហេតុផលដូចមនុស្សជាឡើយ (It would be foolish for any president or politician to try to become a tyrant and take away Freedom from the American people. However, a foolish person does not have the same rational thinking like a sane one) ។ ជនផ្តាច់ការ ឬ ដំណើរឆ្ពោះទៅកាន់របបផ្តាច់ការ គេប្រើយុទ្ធសាស្ត្រតែមួយទេគឺ បោចរោមមាន់ម្តងមួយៗ ឬស្ងោរកង្កែបទាំងរស់ដោយដុតភ្លើងថែមអុសម្តងមួយ ។ ខ្ញុំធ្លាប់សរសេរបកស្រាយរឿងនេះរួចម្តងហើយ ។ ដូច្នេះ ជាកិច្ចសង្ខេប ខ្ញុំសូមលើកយកតែកត្តាមួយចំនួនមកបង្ហាញនៅទីនេះ ។ កត្តាបឋមគឺបង្កភាពច្របូកច្របល់និងព្រួយបារម្ភ ។ បន្ទាប់មក គេចាប់ផ្តើមប្រឡេះចំណុចណាដែលមិនសូវរសើប ឬ ឈឺ ។ ល្បឿននៃការប្រឡេះនេះគឺអាស្រ័យលើប្រត្តិកម្មរបស់មហាជន (Reaction of victims) ។ នៅតាមផ្លូវប្រតិបត្តិការណ៍ (Along the way) គេដើរតួជាជនរងគ្រោះ ហើយប្រើប្រព័ន្ធតុលាការកម្ចាត់ជនណាដែលបង្កឧបស័គ្គ ឬនៅទើសផ្លូវគេដើរ ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើររបស់គាត់ហើយ ។ អ្នកដែលមើលយល់ គួរតែប្រុងប្រៀបរៀបជើងព្រួល ។ អ្នកដែលមើលមិនទាន់យល់ សូមមេត្តាមើលនិងត្រិះរិះពិចារណាតាមការគួរ ។ លទ្ធភាពរបស់ខ្ញុំ គឺបានត្រឹមតែបង្ហាញទិដ្ឋភាពនិងហានិភ័យ ។ ឯដំណោះស្រាយយ៉ាងណាៗ គឺអាស្រ័យលើឆន្ទៈនិងភាពឆ្លាតវាងវៃរបស់យើងម្នាក់ៗ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិក ប្រៀបបាននឹងភ្នំភ្លើងដ៏ធំមួយ ។ នៅពេលវាផ្ទុះ វានឹងប៉ះពាល់ (Affect) ដល់មនុស្សជាច្រើននៅជុំវិញពិភពលោក ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមនិយាយអំពីទំនាក់ទំនងនយោបាយបរទេសរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេស អ៊ុយក្រេន និង ប្រទេសដទៃនៅក្នុងពិភពលោកបន្តិចផងចុះ ។ ប្រហែលជាមិនមានតែខ្ញុំម្នាក់ទេ ដែលឈឺចាប់ក្នុងចិត្តនៅពេលដែលឃើញលោក ហ៊្សេឡិនស្គី ត្រូវបានប្រធានាធិបតីនៃសហរដ្ឋអាមេរិកនិងសហការី បង្ខំឲ្យចុះហត្ថលេខាដោះដូរធនធានរ៉ែជាមួយនឹងជំនួយយុទ្ធោបករណ៍ ដើម្បីយកទៅតតាំងជាមួយនឹងសត្រូវដែលកំពុងតែព្យាយាមលេបត្របាក់ប្រទេសរបស់ខ្លួន ។ ទង្វើនេះ គេមិនហៅថាជំនួយទេ ។ វាគឺជាការលក់សព្វាវុធ ។ ក្នុងនាមជាមនុស្សគោរពបូជាគុណធម៌មួយរូប គ្មានអ្វីឈឺចាប់ជាងឃើញប្រមុខដឹកនាំរដ្ឋរបស់ខ្លួន ទៅជាន់កដកស្លាបជនរងគ្រោះដែលកំពុងតែត្រដរខ្យល់ ដើម្បីទាញយកផលប្រយោជន៍ឡើយ ។ ក្រៅអំពីពាក្យខ្ពើម (Despicable) ខ្ញុំហាក់ដូចជាមិនអាចរកពាក្យអ្វី មកបរិយាយឲ្យសក្តិសមនឹងទង្វើនេះទេ ។ ក្រៅអំពីការជាន់កដកស្លាប អ៊ុយក្រេន នៅមានរឿងបោះឆ្នោតប្រឆាំងនឹងការថ្កោលទោសប្រទេស រុស៊្សី ពីបទឈ្លានពាន អ៊ុយក្រេន នៅឯអង្គការសហប្រជាជាតិមួយទៀត ។ វាគ្មានអ្វីថោកទាបជាងឃើញប្រទេសដែលជាបិតា ឬជានិមិត្តរូបនៃការតស៊ូដើម្បីសេរីភាព និង អធិបតេយ្យភាព យកស្មារតីនៃបុព្វបុរសរបស់ខ្លួន ដែលបានតស៊ូបូជាជីវិតអល់កាលរាប់រយឆ្នាំកន្លងមកហើយ ក្នុងបុព្វហេតុ សិទ្ធិ សេរីភាព និង អធិបតេយ្យភាព មកជាន់ឈ្លីឲ្យរលាយហិនហោចនៅចំពោះមុខពិភពលោក តែក្នុងរយៈពេលប៉ុន្មានថ្ងៃ ។ នៅក្នុងបទភ្លេងជាតិនៃសហរដ្ឋអាមេរិក មានពាក្យមួយឃ្លាដែលពោលថា៖ ទឹកដីរបស់ជនដែលមានសេរី ភូមិឋានរបស់អ្នកក្លាហាន (Land of the free; home of the brave) ។ ថ្វីដ្បិតតែទង្វើរបស់អ្នកដឹកនាំបច្ចុប្បន្ន ហាក់ដូចជាបានកែប្រែប្រទេសដ៏ពិសិដ្ឋមួយនេះឲ្យក្លាយទៅជា៖ ទឹកដីរបស់ជនពាល ភូមិឋានរបស់ជនកំសាក ក៏ពិតមែន តែទង្វើទាំងនេះមិនឆ្លុះបញ្ចាំងអំពីទឹកចិត្ត និង អត្តចរិតប្រកបដោយគុណធម៌របស់ជនជាតិអាមេរិកាំងឡើយ មិនថាអ្នកនោះជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋ ឬក៏ជាជនជាតិដើម ។ ទង្វើអគុណធម៌ និង ផ្ទុួយអំពីស្មារតីនៃបុព្វបុរសយើង គឺគ្រាន់តែជាភាពឆ្កួតលលារបស់បុគ្គលមួយចំនួន និងការវង្វេងវង្វាន់របស់ពួកយើងក្នុងការជ្រើសរើសអ្នកដឹងនាំប្រទេសតែប៉ុណ្ណោះ ។ ប្រសិនបើសហរដ្ឋអាមេរិកមិនបាក់បែកក្រោមស្នាដៃរបស់ ដូណាល់ ត្រាំ ទេ ពួកយើងប្រាកដជាស្តារកិតិ្តយសនិងកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិកឡើងវិញ ។ We will rebuild our dignity and integrity, once this storm of stupidity moves over! កំណត់៖ ដើម្បីកុំឲ្យអត្ថបទនេះវែងពេក ខ្ញុំសម្រេចមិនសរសេរអំពីហានិភ័យនៃសង្គ្រាមលោកលើកទី ៣ និង បច្ចេកទេស ឬតិចនិចនានាដែលលោក ដូណាល់ ត្រាំ ប្រើដើម្បីរុះរើ ឬ បំផ្លាញរចនាសម្ព័ន្ធរដ្ឋាភិបាលនៃសហរដ្ឋមេរិកទេ ។ ប្រធានបទទាំងនេះ យើងអាចលើកយកមកជជែកវែកញែកដើម្បីសិក្សានិងប្តូរទស្សនគ្នានៅលើទំព័របញ្ចេញមតិ ឬ ខំមិន ។

Thursday, January 9, 2025

ចំណីខួរក្បាល

ប្តូរតួនាទី (Role Reversal) សព្វថ្ងៃ ខ្ញុំរស់ពឹងលើកម្លាំងញើសរបស់ភរិយាស្ទើរតែទាំងស្រុង ។ ក្រៅតែអំពីមនុស្សជិតដិតពីរបីនាក់ គ្មាននរណាដឹងថាខ្ញុំសុំលុយប្រពន្ធចាយជាប្រចាំទេ ។ សន្តានញាតិនិងមិត្តភក្តិទូទៅ តែងតែគិតថា ខ្ញុំគឺជាអ្នករ៉ាប់រងបន្ទុកគ្រួសារ (Breadwinner) ។ ធាតុពិត សំបកប៉ោតសម្បើមតែសំបកក្រៅប៉ុណ្ណោះ ។ ឯផ្នែកខាងក្នុង គឺទទេស្អាតដូចហោប៉ៅអត់លុយដូច្នោះដែរ ។ នៅពេលប្តីប្រពន្ធចាប់ផ្តើមមានបុត្រធីតា ដើម្បីបង្កើតពូជពង្សវង្សត្រកូលមួយឡើង បញ្ហាប្រឈមមួយដែលយើងលើកយកមកគិតមុខគេបំផុតគឺថា តើយើងថែទាំគាំពារបុត្រធីតា ដោយរបៀបណា ។ ខ្ញុំជឿថាមនុស្សគ្រប់គ្នា ឆ្លងកាត់ថេរវេលានេះមិនដូចគ្នាឡើយ ។ វាអាស្រ័យទៅលើស្ថានភាពគ្រួសារនីមួយៗ ។ មុនពេលបុត្រទីមួយរបស់ពួកយើងកើតមក យើងបានលើកយកកត្តានានាមកពិភាក្សា ហើយសម្រេចចិត្តថា នឹងមើលថែទាំគាំពារកូនដោយខ្លួនឯង ។ យើងពឹងពាក់អ្នកដទៃតែនៅក្នុងករណីចាំបាច់ខ្លាំងតែប៉ុណ្ណោះ ។ សម្រាប់មនុស្សទូទៅដែលមិនមែនជាសេដ្ឋី ការថែទាំគាំពារកូនដោយឯកឯង គឺជារឿងស្មុគស្មាញជាងត្បាញសំពត់ហូល ។ បញ្ហាចម្បងគឺថវិកាសម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ ។ ចំណុចមួយដែលយើងយកមកធ្វើជាគោលការណ៍អនុវត្តិគឺ អ្នកណាមានប្រាក់ចំណូលទាប ត្រូវនៅផ្ទះថែរក្សាកូន ។ កូនប្រុសច្បងរបស់ពួកយើងចាប់កំណើតនៅស្រុកខ្មែរ ហើយមកប្រសូត្រនៅស្រុកអាមេរិក ។ ពេលភរិយាខ្ញុំពរពោះនាយ គាត់មិនមានការងារធ្វើទេ ។ ដូច្នេះ បន្ទាប់ពីកូនប្រសូត្រមក ភរិយាខ្ញុំនៅផ្ទះបំបៅថែកូនអស់រយៈកាលមួយឆ្នាំគត់ ទម្រាំតែគាត់មានឱកាសបានចេញទៅប្រកបការងារ ។ គ្រានោះ ការងាររបស់ខ្ញុំត្រូវបានកាត់បន្ថយមកនៅប្រហែលជា ៣ភាគ៤ នៃថេរវេលាប្រចាំឆ្នាំ ។ ដូច្នេះ ខ្ញុំអាចដកឃ្លាមកមើលថែកូនដោយខ្លួនឯងខ្លះ និងផ្ញើកូនជាមួយនឹងអ្នកជិតខាងម្នាក់ដែលមានកូនតូចដែរ ឲ្យជួយមើលថែនាយពេលខ្ញុំរវល់ ។ យើងធ្វើដូច្នេះបានប្រហែល ៥ខែ អ្នកផ្ទះខ្ញុំក៏ពរពោះកូនមួយទៀត ចំពេលដែលកន្លែងធ្វើការរបស់គាត់ផ្អាកការងារគាត់មួយរយៈ ដោយហេតុតែមិនសូវមានតម្រូវការបុគ្គលិកច្រើន ។ អំឡុងពេលពរពោះកូនទីពីរ អ្នកផ្ទះខ្ញុំបានដាក់ពាក្យរកការងារធ្វើនៅស្ថាប័ននានា ។ មុនពេលកូនទីពីរប្រសូត្រប្រហែលមួយអាទិត្យ មានស្ថាប័នមួយហៅអ្នកផ្ទះខ្ញុំឲ្យចូលទៅសម្ភាសទទួលការងារ ។ មុនថ្ងៃណាត់ទៅសម្ភាសមួយថ្ងៃ កូនទីពីររបស់ពួកយើងក៏ប្រសូត្រមុនថ្ងៃកំណត់ ដែលបង្កឲ្យមានភាពរអាក់រអួលជាមួយកិច្ចសម្ភាសការងារនោះ ។ សំណាងដែរ ស្ថាប័ននោះបានពន្យាពេលសម្ភាសការងារឲ្យអ្នកផ្ទះខ្ញុំចំនួនមួយអាទិត្យ ។ ក្នុងចំណោមបេក្ខជនចំនួនបីនាក់ អ្នកផ្ទះខ្ញុំត្រូវបានគេជ្រើសរើសឲ្យទទួលបានការងារ ។ អ្វីដែលជារឿងរីករាយបំផុតសម្រាប់ពួកយើង ជាពិសេសរូបខ្ញុំ គឺភរិយាខ្ញុំទទួលបានប្រាក់បៀវត្សរ៍ប្រមាណជាពីរដងនៃប្រាក់បៀវត្សត៍របស់ខ្ញុំ ។ ខ្ញុំលួចញញឹមក្នុងចិត្ត ហើយដាក់ឈ្មោះឲ្យកូនស្រីដែលទើបនឹងកើតថា លក្ស្មីកិន្នរី ដ្បិតអីនាងកើតមកនាំយកសំណាងដ៏ធំមួយមកឲ្យឪពុកនាង ។ សំណាង ឬ សំណោក អាស្រ័យលើការវិនិច្ឆ័យរបស់មនុស្សម្នាក់ៗ ។ បន្ទាប់ពីភរិយាអាចរកប្រាក់ចំណូលលើសខ្ញុំទ្វេដង ខ្ញុំចំណាយពេលនៅផ្ទះមើលថែទាំកូនច្រើនជាងចេញទៅប្រកបការងារ ។ រៀងរាល់អាទិត្យ យើងនៅផ្ញើកូនជាមួយនឹងអ្នកដទៃពីរឬបីថ្ងៃដែរ អាស្រ័យលើតម្រូវការនៃការងាររបស់ខ្ញុំ ។ លុះដល់អាសន្នរោគ កូវីដ១៩ រាតត្បាត ខ្ញុំចាប់ផ្តើមធ្វើការងារពីផ្ទះទៅតាមរយៈកម្មវិធី ហ៊្សូម (Zoom) ។ នៅទីបំផុត ខ្ញុំក៏សម្រេចចិត្តជូនដំណឹងទៅស្ថាប័នការងាររបស់ខ្ញុំ សុំសម្រាកអំពីការងារដោយទទួលយកត្រឹមតែការងារណា ដែលខ្ញុំអាចធ្វើតាមរយៈកម្មវិធី ហ៊្សូម នៅក្នុងផ្ទះរបស់ខ្ញុំតែប៉ុណ្ណោះ ។ ធ្វើដូច្នេះ ខ្ញុំអាចនៅមើលថែទាំកូនរបស់ខ្ញុំជាប្រចាំ ដោយមិនចាំបាច់ពឹងពាក់អ្នកដទៃឡើយ ។ ការងារមេផ្ទះ ថាស្រួល ក៏ដូចជាមិនស្រួលណាស់ណាទេ ។ បើនឹងថាលំបាក ក៏ដូចជាមិនលំបាកណាស់ណាដែរ ។ ពេលខ្លះ យើងប្រឈមនឹងសភាព "វិលក្បុង" ម្តងម្កាល ។ កាលវិភាគរបស់ខ្ញុំគឺម៉ោង ៦និង១៥នាទីព្រឹក ដាស់កូនទីមួយឲ្យងើបពីគេង ដុសធ្មេញលាងមុខញ៉ាំអាហារពេលព្រឹកហើយ ជូនវាទៅរៀននៅម៉ោង ៧កន្លះ ។ ដល់ម៉ោង ៨ ចាប់ផ្តើមរៀបចំខ្លួនឲ្យកូនទីពីរទៅរៀន ។ ម៉ោង ៩ ដឹកកូនទីពីរទៅដាក់នៅសាលា ហើយក៏បន្តដឹកភរិយាទៅកាន់ការិយាល័យធ្វើការរបស់គាត់នៅក្នុងក្រុងតែម្តង ។ ខ្ញុំចំណាយពេលប្រហែលមួយម៉ោងនៅក្នុងបេសកកម្មចុងក្រោយនាពេលព្រឹកនេះ ។ នៅម៉ោង ២និង១៥នាទីរសៀល ខ្ញុំទៅយកកូនទីមួយចេញពីសាលាមកផ្ទះវិញ ។ ម៉ោង ៤ល្ងាច ទៅយកកូនទីពីរចេញពីសាលា ។ ម៉ោង ៤កន្លះ ចាប់ផ្តើមភ្ងូតទឹកឲ្យពួកគេ ។ ម៉ោង ៥ល្ងាច ទៅទទួលភរិយាពីចំណតរថយន្តក្រុង ឬ ចំណតរទេះភ្លើងមកផ្ទះវិញ ។ បេសកកម្មចុងក្រោយនេះក៏ត្រូវចំណាយពេលបរឡានមួយម៉ោងដែរ ។ ខាងលើនេះគឺជាការងារចម្បងរបស់បុរសមេផ្ទះនៅក្នុងរយៈពេល ១២ម៉ោង ។ ពេលវេលាដែលនៅសេលសល់ចន្លោះម៉ោង ខ្ញុំដេកអេះពោះ ឬក៏ អេះអីផ្សេង ។ បើកូនមានលំហាត់នៅផ្ទះ (Homeworks) ជួយពន្យល់ពួកគេឲ្យធ្វើកិច្ចការសាលាព្រមទាំងដាំបាយល្ងាយទុកឲ្យភរិយា ។ ពេលខ្លះក៏ភ្លេចដាំបាយដែរ ។ ត្រូវមាត់តែញយ ។ ក្រៅអំពីសភាព "វិលក្បុង" ក៏មានករណី "រត់ខ្វែងដៃខ្វែងជើង" ម្តងម្កាលដែរ ។ នៅថ្ងៃដែលខ្ញុំត្រូវធ្វើការងារតាមរយៈ ហ៊្សូម កាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំគឺថា រត់ខ្វែងដៃខ្វែងជើងមិនចាញ់អ្នកលក់គុយទាវនៅផ្សារ ឌុយមុិច ឡើយ ។ ឧទាហរណ៍ បើខ្ញុំត្រូវធ្វើការចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៥ល្ងាច ខ្ញុំត្រូវធ្វើការងារពេលព្រឹកដូលកាលវិភាគខាងលើ ។ ឯពេលរសៀល ខ្ញុំត្រូវពឹង អាយហ្វូន ឲ្យវាថតរូបនិងសម្លេងចេញអំពីអេក្រង់កំព្យូទ័រទុកឲ្យខ្ញុំ នៅពេលដែលខ្ញុំត្រូវចេញទៅយកកូនពីសាលារៀននៅចន្លោះម៉ោង ២ និង ម៉ោង ៤ ។ បន្ទាប់ពីបញ្ចប់កិច្ចការនៅម៉ោង ៥ ខ្ញុំចេញទៅទទួលភរិយាពីចំណតរថភ្លើង ។ មកដល់ផ្ទះនៅម៉ោងប្រហែលជា ៦ប្លាយ អ្នកផ្ទះខ្ញុំភ្ងូតទឹកឲ្យកូននិងរៀបចំឲ្យពួកគេទទួលទានអាហារពេលល្ងាច ។ ឯខ្ញុំត្រូវបើកមើលសកម្មភាពការងារដែលខ្ញុំថតនៅក្នុង អាយហ្វូន ដើម្បីបំពេញចំណុចចន្លោះដែលខ្ញុំទៅយកកូនពីសាលានោះ ឲ្យបានពេញលេញ ។ ទម្រាំតែធ្វើកិច្ចការផងទាំងពួងចប់ គឺម៉ោងប្រហែល ៨ល្ងាច ។ នេះហើយគឺជាជីវិតការងាររបស់ "បុរស" ឬ "ស្ត្រី" មេផ្ទះ ។ គួរកត់សម្គាល់ថា ការងារ "រត់ខ្វែងដៃខ្វែងជើង" នេះ ក្នុងមួយខែ ខ្ញុំពើបប្រទះតែពីរ ឬ បីដងអីទេ ។ បើធ្វើរាល់ថ្ងៃ ខ្ញុំប្រហែលជាដួលដូចគោដឹកសៀងយូរហើយ ។ ដំណើរជីវិតមនុស្សគ្រប់ៗរូបរមែងបត់បែនតាមកាលៈទេស ។ ក្រៅអំពីភាវ យប់ និង ថ្ងៃ គ្មានអ្វីប្រាកដប្រជា ឬក៏ទៀតទាត់ឡើយ ។ បច្ចុប្បន្ន ការប្រកាន់តួនាទីរបស់ប្តីប្រពន្ធនៅក្នុងរង្វង់គ្រួសារ មិនថាជាជនជាតិខ្មែរ ឬក៏ជនជាតិណាទេ នៅរឹងត្អឹងច្រើន ។ នៅពេលបុរសណាម្នាក់និយាយថា ខ្ញុំនៅផ្ទះមើលថែកូន ហើយឲ្យប្រពន្ធទៅប្រកបការងារចិញ្ចឹមគ្រួសារ មនុស្សភាគច្រើននឹងវាយតម្លៃថា បុរសនោះជាសត្វ ប្លាំងកាស (Horseshoe Crab) ។ តាមពិតជីវិតជាមេផ្ទះ មិនជាស្រណុកសុខស្រួលប៉ុន្មានទេ ។ អ្វីដែលជាសារប្រយោជន៍សម្រាប់ខ្ញុំ នៅក្នុងការប្តូរតួនាទីគ្នានេះ គឺខ្ញុំមានលទ្ធភាពអាចស្វែងយល់ដឹងបានច្រើន អំពីទុក្ខលំបាករបស់បដិភាគីនៃខ្ញុំ ។ ចេញអំពីបទពិសោធនេះ យើងអាចរៀបចំតាក់តែងដំណើរជិវិតនៃគ្រួសារ ប្រកបដោយការយល់ដឹងច្បាស់លាស់ មានតុល្យភាព និង មិនមាននរណាម្នាក់រងបន្ទុកធ្ងន់ធ្ងរពេកឡើយ (We are able to find a fair and proper balance for the life of husband and wife) ៕

Thursday, December 19, 2024

ចំណីខួរក្បាល

គ្រាប់សណ្តែក មិនដែល អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃវិស័យជីវវិជ្ជាជាតិពន្ធុ (Genetic Biology) ។ ប៉ុន្តែ សម្រាប់មនុស្សទូទៅ មិនសូវមាននរណាដឹងអំពីកេរ្តិ៍ឈ្មោះរបស់លោក មិនដែល ឡើយ ។ លោក មិនដែល ជាមនុស្សឆ្លាត ប៉ុន្តែមិនសូវចំណាប់ ។ គាត់ទៅរៀននៅសាលាហ្វឹកហាត់អាចារ្យសាសនាគ្រីស្តមួយ ដើម្បីស្វែងរកអាជីពជាគ្រូបង្រៀន ។ គាត់ចូលចិត្តគណិតវិជ្ជា ជាពិសេសការស្វែងយល់អំពីទ្រឹស្តីនានា ។ ក៏ប៉ុន្តែ ពេលគាត់ព្យាយាមប្រឡងធ្វើជាគ្រូបង្រៀន គាត់ប្រឡងធ្លាក់ពីរបីដង ។ មូលហេតុដែលគាត់ប្រឡងធ្លាក់គឺដោយសារតែនៅសម័យនោះ គេតម្រូវឲ្យបេក្ខជនឆ្លើយនូវសំណួរផ្ទាល់មាត់ (Oral Exam) ។ គឺសំណួរផ្ទាល់មាត់នោះហើយ ដែលធ្វើឲ្យគាត់បាត់បង់ឱកាសធ្វើជាគ្រូបង្រៀន ។ បន្ទាប់ពីបរាជ័យជាមួយនឹងការស្វែងរកអាជីពជាគ្រូបង្រៀន លោក មិនដែល ក៏វិលទៅសំណាក់សិក្សាសាសនាគ្រីស្តនៅក្នុងវិហារសិក្សាមួយ (Monastery or Seminary School) ។ សង្គ្រាជនៅទីនោះ បានឲ្យលោក មិនដែល រស់នៅក្នុងអាគារមួយដែលមានក្រោលសេះនៅខាងក្រោមនិងសួនដំណាំនៅខាងមុខ ។ គឺនៅទីនោះហើយដែលលោក មិនដែល រកឃើញនិងបង្ហាញផ្លូវដល់អ្នកសិក្សាជំនាន់ក្រោយអំពីវិស័យជីវសាស្ត្រជាតិពន្ធុ (Genetic Biology) ។ ក្រៅអំពីសិក្សាស្រាវជ្រាវផ្នែកគណិតសាស្ត្រ លោក មិនដែល ក៏ចូលចិត្តដាំដំណាំបន្លែបង្កាដែរ ។ គាត់បានចំណាយពេលយ៉ាងច្រើន ដើម្បីបង្កាត់ពូជដំណាំនិងសង្កេតមើលលទ្ធផលនៃការ បង្កាត់ពូជដំណាំទាំងនោះ ។ នៅក្នុងចំណោមពូជធញ្ញជាតិដែលគាត់យកមកសិក្សា លោក មិនដែល សង្កេតឃើញភាវមិនប្រក្រតីមួយនៅក្នុងគ្រាប់សណ្តែក បារាំង (Peas) ។ គាត់បានយកគ្រាប់ពូជសណ្តែកពណ៌បៃតង និងពណ៌លឿងមកបង្កាត់គ្នា ហើយសង្កេតឃើញថា ផ្លែនៃសណ្តែកកូនកាត់នោះមានគ្រាប់ពណ៌បៃតងទាំអស់ ឬក៏ពណ៌លឿងទាំងអស់ ។ លុះគាត់យកគ្រាប់សណ្តែកពណ៌បៃតងទៅដាំបន្តទៅទៀត ផ្លែនៃសណ្តែកពណ៌បៃតងនោះស្រាប់តែមានគ្រាប់ពណ៌លឿងលាយឡំគ្នា ។ គាត់ជ្រើសយកតែគ្រាប់ពណ៌បៃតងយកទៅដាំបន្តទៅទៀតជាច្រើនជំនាន់ ដើម្បីជម្រុះពូជពណ៌លឿងចេញអំពីគ្រាប់សណ្តែកកូនកាត់នោះ ។ ក៏ប៉ុន្តែ ទោះបីជាគាត់ខំសម្រិតសម្រាំងដាំវាប៉ុន្មានតំណក៏ដោយ ក៏គ្រាប់ពណ៌លឿងនៅតែមានអត្ថិភាព ។ និយាយឲ្យខ្លី គ្រាប់សណ្តែកកូនកាត់ដែលលោក មិនដែល ដាំនោះ វាសុទ្ធមួយជំនាន់ មិនសុទ្ធមួយជំនាន់ ហើយបន្តអព្ភូតហេតុនោះជារៀងរហូតទៅ ។ បើយើងប្រៀបធៀបប្រការនេះទៅនឹងមនុស្សប្តីប្រពន្ធ ដែលមានពណ៌សម្បុរស្បែក មួយស មួយខ្មៅ កូនរបស់ពួកគេអាចមានសម្សុរស ឬខ្មៅ ។ ក៏ប៉ុន្តែ នៅពេលកូនសម្បុរសរៀបការជាមួយនឹងមនុស្សសម្បុរដូចគ្នា ស្រាប់តែបង្កើតកូនមកមានសម្បុរខ្មៅទៅវិញ ដ្បិតហ្សែន ជីដូនឬជីតាដែលមានសម្បុរខ្មៅនោះ បានវិលមកវិញ ។ គេហៅភាវឆ្លាស់គ្នានេះជាភាសាអង់គ្លេសថា៖ Dominant and Recessive Genes ។ អ្នកដែលចង់យល់ពិស្តារអំពីអព្ភូតហេតុនេះ អាចមើលវីឌីអូនៅក្នុង យូធ្យូប ដោយសរសេរពាក្យថា៖ Mendel's Peas ។ ផ្អែកលើអព្ភូតហេតុនៃគ្រាប់សណ្តែក មិនដែល យើងអាចសន្និដ្ឋានថា ជំងឺតពូជ (Hereditary Diseases) ក៏ប្រហែលជាមានទម្រង់ដូចជាគ្រាប់សណ្តែក មិនដែល ដែរ ។ ឧទាហរណ៍ បើម្តាយមានរោគមហារីកសុដន់ កូនអាចនឹងគ្មានទេ ។ ក៏ប៉ុន្តែ ចៅរបស់គាត់អាចមាន ហើយបន្តរំលងជំនាន់តរៀងទៅ ។ ចំណុចនេះ គ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានធាតុពិតខ្លះៗនៅក្នុងការសន្និដ្ឋាននេះ ។ នៅក្នុងដំណើរប្រកបការងារចិញ្ចឹមជីវិតរបស់ខ្ញុំប្រមាណជាជិត ៣០ឆ្នាំកន្លងទៅនេះ ខ្ញុំធ្លាប់បានអង្គុយសង្កេតអ្នកស្រាវជ្រាវផ្នែកជំងឺតពូជ ធ្វើបទបង្ហាញជារឿយៗ ។ ពេលខ្លះគេយករបកគំហើញតាមរយៈ ឌីអិនអេ (Deoxyribronucleic acid) មកធ្វើជាបទបង្ហាញ ។ ម្តងនោះខ្ញុំឃើញគេនិយាយអំពី អាការរោគឆ្លាស់ជំនាន់ស្រដៀងគ្នានឹងអព្ភូតហេតុគ្រាប់សណ្តែក មិនដែល ដែរ ។ ប្រសិនបើការចងចាំរបស់ខ្ញុំមិនច្រឡំបល់ទេ អាការរោគឆ្លាស់ជំនាន់នោះគឺ ពិការញាណអូទីហ្សឹម (Autism Spectrum Disorders, Or ASD) ។ យោងតាមរបកគំហើញនោះ ពិការញាណអូទីហ្សឹម ជាជំងឺបញ្ញាញាណតពូជឆ្លាស់ជំនាន់ដូចគ្រាប់សណ្តែក មិនដែល ដែរ ។ ឧទាហរណ៍ បើខ្ញុំជាមនុស្សពិការញាណអូទីហ្សឹម កូនរបស់ខ្ញុំមិនមានអាការរោគនេះនៅក្នុងជីវិតទេ ។ ក៏ប៉ុន្តែ ចៅរបស់ខ្ញុំអាចមាន ។ វានឹងបន្តឆ្លាស់ជំនាន់ដូច្នេះតរៀងទៅ ។ សំណួរមួយពាក់ព័ន្ធនឹងអូទីហ្សឹមគឺថា តើយើងអាចគេចអំពីអាការរោគពិការញាណតជំនាន់នេះរួចទេ ។ ចម្លើយគឺគេចមិនរួចទេ ដ្បិតមនុស្សមានអត្ថិភាពលើភពផែនដីនេះរាប់រយជំនាន់មកហើយ ។ ឯភាវពិការញាណអូទីហ្សឹមចាប់បដិសន្ធិនៅក្នុងជាតិពន្ធុមនុស្ស (Human genes) ចាប់ពីពេលណាមក ក៏គ្មាននរណាដឹងដែរ ។ សូម្បីតែភាវពិការញាណអូទីហ្សឹមនៅក្នុងជីវិតមនុស្សផងគ្នា ក៏យើងមើលមិនដឹងដែរ លើកលែងតែពិការញាណកម្រិតធ្ងន់ ដែលមានរោគសញ្ញាសុខភាពផ្លូវកាយខ្លះៗ (Physical or characteristic anomaly) ដែលអាចឲ្យយើងមើលយល់ ។ ម៉្យាងទៀត អូទីហ្សឹមកម្រិតមធ្យមនិងស្រាលនៅក្នុងខ្លួនមនុស្សស្រី គ្មាននរណាអាចមើលយល់ឡើយ ដ្បិតវាស្តែងចេញមកក្នុងសភាវទន់ជ្រាយ ដូចជាឆាប់យំ ឆាប់ខឹង ឆាប់ក្និកក្នក់ក្នាញ់ ជាដើម ដែលសង្គមទូទៅចាត់ទុកថាជាភាវៈធម្មជាតិរបស់មនុស្សស្រី (Natural characteristic traits) ។ ក៏ប៉ុន្តែ បើយើងយកគ្រាប់សណ្តែក មិនដែល មកធ្វើជាតឹតតាង ពិការញាណអូទីហ្សឹម អាចកើតមានលើមនុស្សប្រុសនិងស្រីស្មើភាពគ្នា ។ និយាយអំពីការគេចវេះអំពីជំងឺតពូជ មានបុគ្គលមួយរូបឈ្មោះ ហ្វ្រានសុីស ហ្គាលតុន (Francis Galton) យល់ឃើញថា មនុស្សអាចបន្សុទ្ធជាតិពន្ធុ ដើម្បីទ្រទ្រង់ឧត្តមភាពអម្បូររបស់ខ្លួន ក៏ដូចជាលុបបំបាត់នូវជំងឺតពូជផងទាំងពួង ។ លោក ហ្គាលតុន ជាបងប្អូនជីដូនពីរនឹងលោក ឆាល ដាវិន (Charles Darwin) ដែលជាជីវវិទូដ៏ល្បីល្បាញនៅក្នុងពិភពលោក ។ ផ្ទុយអំពីលោក ដាវិន ដែលគ្រាន់តែលើកយកសមតិកម្ម ឬ រូបមន្ត ភាវៈគង់វង្សនៃពូជពង្សសត្តនិករឆ្លាតជាងគេ (Survival of the fittest theory) លោក ហ្គាលតុន បានរុញសមតិកម្មនេះមួយជំហានទៅមុខទៀត ដោយអះអាងថាគេអាចបន្សុទ្ធជាតិពន្ធុមនុស្ស ឬក៏សម្រិតសម្រាំងឲ្យមានតែមនុស្សឆ្លាតវាងវៃ ដោយលុបបំបាត់ប្រភេទមនុស្សខ្សោយៗចេញអំពីរង្វង់នៃអម្បូររបស់ខ្លួន ។ គេហៅការអនុវត្តិនេះថា យូជីនិក (Eugenics) ។ ពេលវាលេចកន្ទុយចេញមក ទិដ្ឋិលេលាអមនុស្សធម៌នេះ មិនសូវមានមនុស្សស្វាគមច្រើនទេ ។ ក៏ប៉ុន្តែ សេដ្ឋីអាមេរិកាំងមួយរូបឈ្មោះ ចន ហាវី ឃេលឡុក (សមាជិកគ្រួសារ Kellogg ដែលផលិតអំបុកឲ្យកូនគេកូនខ្ញុំទទួលទានជាអាហារពេលព្រឹកសព្វថ្ងៃនេះ) បានបង្កើតមូលនិធិមួយ ដើម្បីជម្រុញឲ្យមានចលនាបន្សុទ្ធពូជនៅសហរដ្ឋអាមេរិក ។ នៅចន្លោះឆ្នាំ ១៩០៩ ដល់ឆ្នាំ ១៩៧៩ មនុស្សពិការញាណប្រមាណជាពីរមុឺននាក់នៅក្នុងរដ្ឋកាលីហ្វ័នីញា ត្រូវបានគេក្រៀវដើម្បីផ្តាច់ពូជចេញពីចំណោមពលរដ្ឋអាមេរិកាំង ។ នៅអំឡុងពេលនោះដែរ រដ្ឋចំនួន ៣៣ នៃសហរដ្ឋអាមេរិកបានបង្កើតច្បាប់ អនុញាតិឲ្យយកមនុស្សពិការញាណទៅក្រៀវ ដើម្បីលុបបំបាត់ប្រភេទមនុស្សខ្សោយៗ ចេញអំពីចំណោមពលរដ្ឋអាមេរិកាំង ។ បើនិយាយអំពីជនជាតិដើមអាមេរិកាំងវិញ សម្រង់ស្ថិតិមួយរកឃើញថា មនុស្សចន្លោះពី ២៥% ទៅ ៥០% ត្រូវបានគេក្រៀវ ។ វាគឺជាទង្វើមនុស្សឃាដប្រយោលមួយ ដែលមិនសូវមាននរណាដឹង ។ មិនមានស្ថិតិច្បាស់លាស់ ថាតើមនុស្សប៉ុន្មាននាក់ដែលរងកម្ម ដោយសារតែទិដ្ឋិឆ្កួតៗនេះទេ ។ ក៏ប៉ុន្តែ យើងអាចសន្និដ្ឋានថា ជនរងគ្រោះនៅសហរដ្ឋអាមេរិក ដោយសារគំនិតលោក ហ្គាលតុន នេះ បើមិនដល់រាប់លាន ក៏រាប់សែននាក់ដែរ ។ អ្វីដែលធ្វើឲ្យគំនិតលោក ហ្គាលតុន សាបរលាបគឺទង្វើរបស់ អាដុល ហុីត្លែរ (Adolf Hitler) នៅអំឡុងសង្គ្រាមលោកលើកទី ២ ។ ហុីត្លែរ ចាត់ទុកជនជាតិអាល្លឺម៉ង់ដែលពិការកាយនិងពិការញាណ រាប់បញ្ចូលទាំងជនជាតិ ជីហ្វ និង ជីបសុី (Jews and Gypsy) ថាជាកត្តាដែលបន្ទុចបង្អាក់ភាវៈខ្ពង់ខ្ពស់នៃអម្បូរអារីយាន (Aryan) នៃជនជាតិអាល្លឺម៉ង់ ។ គាត់បានបង្កើតគោលនយោបាយ សម្លាប់មនុស្សអស់ទាំងនោះចោល ។ ទម្រាំតែសង្គ្រាមលោកលើកទី ២ ចប់ និងលោក ហុីត្លែរ ងាប់អន្តរធានទៅ មនុស្សប្រមាណជា ១១លាន់នាក់ ត្រូវបានគេយកទៅសម្លាប់ ដោយផ្ទាល់ផងនិងដោយប្រយោលផង ។ បើយើងពិនិត្យមើល ឬក៏ភ្ជាប់ព្រឹត្តិការណ៍នានា ដែលពាក់ព័ន្ធនឹងសោកនាដកម្មដ៏វែងអន្លាយនេះ ត្រឡប់ទៅក្រោយវិញ ឫសកែវរបស់វាគឺកើតចេញមកអំពីគ្រាប់សណ្តែក ឬ របកគំហើញរបស់លោក មិនដែល នេះឯង ។ ការរកឃើញអ្វីមួយជាលក្ខណៈវិទ្យាសាស្ត្រ វាគឺជាកាំបិតមុខពីរ ។ នៅពេលដែលយើងយករបកគំហើញ ទៅអនុវត្តិដោយគ្មានការពិចារណាល្អិតល្អន់ វានឹងបង្កឲ្យមានគ្រោះមហន្តរាយ ។ ប៉ុន្តែ បើយើងយករបកគំហើញដដែលនោះ ទៅអនុវត្តិដោយមានការពិចារណាល្អិតល្អន់ វាអាចផ្តល់សារប្រយោជន៍ដល់មនុស្សជាតិច្រើនជាងគ្រោះកាច ។ បច្ចុប្បន្ន គោលការណ៍ យូជីនីក មិនទាន់បាត់បង់ប្រជាប្រិយភាពនៅឡើយទេ ។ នៅពេលរាជវង្សានុវង្ស រៀបការជាមួយនឹងរាជវង្ស ឬក៏អ្នកដែលមានអាជីពជាគ្រូពេទ្យរៀបការជាមួយនឹងគ្រូពេទ្យដូចគ្នា ទង្វើនេះគឺជាការអនុវត្តិតាមគោលការណ៍ យូជីនីក ដោយប្រយោល ។ ក៏ប៉ុន្តែ អ្វីដែលជាសារប្រយោជន៍សំខាន់បំផុតនៃ យូជីនីកនិយម គឺការប្រើគោលការណ៍នេះនៅក្នុងការសិក្សាស្រាវជ្រាវអំពី ហ្សែន (Genetic studies) ។ សព្វថ្ងៃ គេមិនយកមនុស្សខ្សោយបញ្ញា ពិការកាយពិការញាណ ខ្វៀនខ្វង់ខ្វិន ឬក៏មានជំងឺប្រចាំត្រកូល ទៅក្រៀវ ឬក៏សម្លាប់ចោលដូចសម័យមុនទៀតទេ ។ គេយកត្រឹមតែ ហ្សែន (Genes) នៃមនុស្សទាំងនេះទៅសិក្សាស្វែងរកប្រភេទ ម៉ូលិគុលមិនប្រក្រតី (Melecular defects) ដែលបង្កឲ្យមានជំងឺពិបាកព្យាបាលនានា ដើម្បីសម្លាប់ហ្សែនចង្រៃនោះចោល ឬក៏ដកហូតវាចេញអំពីជាតិពន្ធុរបស់មនុស្សជាតិ ។ រឿងគ្រាប់សណ្តែក មិនដែល សន្មត់ថាចប់ត្រឹមនេះ ៕

Friday, December 6, 2024

ចំណីខួរក្បាល

ស្មន់ (Inbreeding) នៅពេលមនុស្សព្យាយាមសង្គ្រោះសត្វព្រៃដែលមានហានិភ័យដាច់ពូជ មនុស្សរមែងស្វែងរកសត្វដែលមានអម្បូរដូចគ្នានោះ យកមកអំពីទីឆ្ងាយដាច់អាល័យ ដើម្បីបង្កាត់ពូជវា ។ មូលហេតុតែមួយគត់ដែលគេធ្វើដូច្នោះ ពីព្រោះមនុស្សបានស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្ររកឃើញថា តំណក្រោយនៃសត្វដែលមានឈាមជ័រដាច់ឆ្ងាយអំពីគ្នា រមែងមានសមត្ថភាពនិងភាវឆ្លាតវាងវៃខ្ពស់ជាងសត្វ ដែលមានមេបាជាសាច់ញាតិនឹងគ្នា ។ នៅក្នុងភាសាអង់គ្លេសគេហៅថា៖ Resilience (ភាវបុិនប្រសប់ក្នុងការថែទាំគាំពារជីវិត) ។ ក៏ប៉ុន្តែ មនុស្សខ្លួនឯងបែរជាខ្ជីខ្ជាក្នុងការអនុវត្តិ នូវអ្វីដែលខ្លួនបានរកឃើញជាលក្ខណៈវិទ្យាសាស្ត្រនេះទៅវិញ ។ ពួកគេមិនសូវរៀបការជាមួយនឹងមនុស្ស ដែលមានឈាមជ័រឆ្ងាយអំពីពូជអម្បូរខ្លួនឡើយ ។ មិនតែប៉ុណ្ណោះ មនុស្សមួយចំនួនថែមទាំងរៀបការជាមួយនឹងសាច់ញាតិរបស់ខ្លួន ដូចជាបងប្អូនជីដូនមួយ ឬជីទួតមួយជាដើម ។ នៅក្នុងសង្គមខ្មែរ ដោយហេតុតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេច ដែលនិយមរៀបការតែនឹងសាច់ញាតិឯង ពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេស ក៏និយមរៀបការតែនឹងសាច់ញាតិឯងដែរ ។ ក្នុងចំណោមសាច់ញាតិខាងឪពុងនិងម្តាយរបស់ខ្ញុំ យើងមានគ្រួសារដែលឪពុកម្តាយជាជីដូនមួយនឹងគ្នា មិនតិចជាង ១០គូឡើយ ។ ផលវិបាកចម្បងនៃស្មន់ (Inbreeding) គឺជំងឺនានាទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ដោយហេតុតែឈាមជ័ររបស់យើង (Gentic blueprint) ចេញមកពីប្រភពតែមួយ ដូច្នេះបើប្រភពនៃជាតិពន្ធុ ឬហ្សែនរបស់យើងនោះ (Gene) មានផ្ទុកជំងឺប្រចាំត្រកូល ដូចជាមហារីកអ្វីមួយ អ្នកតំណក្រោយនឹងបន្តរងគ្រោះដោយសាររោគនោះ ស្ទើរតែជៀសមិនរួចឡើយ ។ ប៉ុន្តែ អ្វីដែលជាកត្តាធ្ងន់ធ្ងរជាងជំងឺផ្លូវកាយ គឺហានិភ័យជាមួយនឹងជំងឺផ្លូវចិត្ត ។ វាពាក់ព័ន្ធនឹងអាកប្បកិរិយា (Character) និងភាពឆ្លាតវាងវៃ (Resilience) របស់មនុស្សគ្រប់ៗរូប ។ ដោយហេតុតែជំងឺផ្លូវចិត្ត ត្រូវបានគាំពារដោយច្បាប់យ៉ាងតឹងរឹង មិនមានការសិក្សាស្រាវជ្រាវទូលំទូលាយអំពីអាកប្បកិរិយា និង ភាពឆ្លាតវាងវៃរបស់មនុស្ស ដែលមានបុព្វការីជនជាស្មន់នឹងគ្នាទេ ។ ក៏ប៉ុន្តែ បើយើងសង្កេតដោយផ្អែកលើប្រវត្តិសាស្ត្រ យើងប្រហែលជាអាចយកកត្តាមួយមកធ្វើជាមូលដ្ឋានដើម្បីស្វែងយល់ ។ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ អម្បូរស្តេចកម្រនឹងនឹងរៀបការជាមួយនឹងអ្នកដទៃក្រៅអំពីពូជពង្សវង្សត្រកូលខ្លួនណាស់ ។ ជាលទ្ធផល ជាតិពន្ធុ ឬហ្សែន របស់រាជវង្សានុវង្ស មិនមានវិសាលភាពធំទូលាយឡើយ ។ បើយើងយកភាវនេះទៅភ្ជាប់ជាមួយនឹងភាពឆ្លាតវាងវៃ (Resilience) យើងប្រហែលជាមើលឃើញថា ហេតុអ្វីបានជារបបរាជានិយមអស់ឥទ្ធិពល និង វិនាសហិនហោចស្ទើរតែអស់ពីពិភពលោក ។ ស្តេចស្ទើរតែទាំងអស់ដែលនៅសេសសល់សព្វថ្ងៃ មិនមានតួនាទីដឹកនាំប្រទេសជាតិដោយផ្ទាល់ទៀតទេ ។ ត្រង់ចំណុចនេះ យើងអាចសួរថា តើកម្រិតឆ្លាតវាងវៃរបស់ស្តេចធ្លាក់ចុះ ឬមួយយ៉ាងណា ទើបបានជាមិនមានលទ្ធភាពដឹកនាំប្រទេសដោយផ្ទាល់ ។ បើធ្លាក់ចុះ តើមកពីមូលហេតុអ្វី ។ ការសិក្សាស្វែងយល់ ទោះបីត្រឹមតែឆ្ងល់អំពីភាពឆ្លាតវាងវៃរបស់មនុស្ស គឺជាប្រធានបទដ៏រសើបផង និង ឈឺចាប់ផង ។ ទាំងគេទាំងខ្ញុំ យើងមិនដឹងថាប្រភពនៃជាតិពន្ធុ ឬ ហ្សែន (Genes) របស់យើង មានពាក់ព័ន្ធនឹងស្មន់ដែរឬយ៉ាងណាទេ ។ ផ្អែកលើតឹកតាងនៅក្នុងរង្វង់ញាតិសន្តានខ្ញុំ ខ្ញុំគិតថា មនុស្សភាគច្រើនប្រហែលជាគេចមិនផុត អំពីប្រការដែលមានបុព្វការីជន ជាស្មន់នឹងគ្នាទេ ។ នៅក្នុងដំណើរផ្ទុយអំពីស្មន់ យើងមានមនុស្សមួយក្រុមដែលជាកូនកាត់ (Hybrid) ។ មនុស្សពាសពេញពិភពលោក ឲ្យតម្លៃមនុស្សប្រភេទកូនកាត់ខុសស្ទើរតែគ្រប់ៗគ្នា ។ យើងហៅពួកគេថា ពាក់កណ្តាល ៗ ។ ឧទាហរណ៍ ពាក់កណ្តាលបារាំង ពាក់កណ្តាលខ្មែរ ។ តាមពិតមនុស្សដែលពូជពង្សឪពុកម្តាយ មានអម្បូរពីរដាច់ដោយឡែកពីគ្នា ពួកគេមានវិសាលភាពជាតិពន្ធុ ឬហ្សែន ពីរដងនៃមនុស្សដែលមិនមែនជាកូនកាត់ ។ ឯភាពឆ្លាតវាងវៃ (Resilience) នៃមនុស្សប្រភេទនេះ យ៉ាងណាៗនោះ ខ្ញុំមិនហ៊ានសន្និដ្ឋានទេ ។ មានរឿងពិតមួយពាន់ព័ន្ធនឹងមនុស្សកូនកាត់ ។ ស្ត្រីជនជាតិជប៉ុនមួយរូបរៀបការជាមួយនឹងជនជាតិអាមេរិកាំងអម្បូរស្បែកស ។ ពេលកូនស្រីគាត់ចម្រើនវ័យទៅរៀននៅបឋមសិក្សា ក្មេងដទៃហៅនាងក្នុងន័យចំអកចំអន់ថា ពាក់កណ្តាល (Half-breed) ។ នាងតូចចិត្តយ៉ាងខ្លាំងដោយហេតុតែកើតមកមានឪពុកម្តាយមិនពេញលេញដូចក្មេងដទៃ ហើយក៏យករឿងដែលក្មេងដទៃហៅនាងចូច្នោះមកប្រាប់ម្តាយនាង ។ ស្ត្រីជប៉ុននោះបានពន្យល់កូនគាត់ថា៖ កូនមិនមែនជាមនុស្សពាក់កណ្តាលទេ (You are not half-breed) ។ កូនគឺជាមនុស្ស ទ្វេភាគ (You are a double-breed) ។ កូនមានអ្វីៗពីរដងនៃក្មេងដទៃ ។ នៅក្នុងរូប ឬ ខ្លួនរបស់កូន កូនមានឈាមជ័រជាជប៉ុនផង និង អាមេរិកាំងផង ។ កូនទទួលផលអំពីវប្បធម៌ជប៉ុនផង និង អាមេរិកាំងផង ។ កូនមានលទ្ធភាពទទួលទានម្ហូបអាហាររបស់ជប៉ុនផង និង អាមេរិកាំងផង ។ ឯភាពឆ្លាតវាងវៃ ក៏កូនមានទ្វេដងដែរ ។ នៅមានប្រការទ្វេដងនេះ ជាច្រើនរាប់មិនអស់ថែមទៀត ។ ស្ត្រីជប៉ុននោះ ប្រហែលជាមិនមែនជាអ្នកវិទ្យាសាស្ត្រទេ ។ គាត់លើកយកប្រការទ្វេដងមកនិយាយប្រាប់កូន គឺដើម្បីកុំឲ្យកូនស្រីគាត់តូចចិត្តនៅក្នុងដំណើរជីវិតរបស់ខ្លួន ដោយសារតែពាក្យ ពាក់កណ្តាល ឬ កូនកាត់ (Half-breed or Hybrid) ។ ក៏ប៉ុន្តែ ប្រសិនបើយើងលើកយកហេតុផលមកពិចារណា ការអះអាងប្រាប់កូនស្រីគាត់របស់ស្ត្រីជប៉ុននោះ ប្រហែលជាមិនខុសទេ ៕

Saturday, November 23, 2024

ចំណីខួរក្បាល

ពុទ្ធសាសនាមជ្ឈឹមមគ្គ (Madhyamaka Buddhism) ពុទ្ធសាសនាមជ្ឈឹមមគ្គ គឺជាផ្នែកមួយនៃពុទ្ធសាសនាមហាយាន ។ ប៉ុន្តែ និកាយនេះមិនសូវមានមនុស្សយល់ដឹងច្រើនទេ ដ្បិតគម្ពីរដីការទាំងអម្បាលម៉ានពាក់ព័ន្ធនឹងនិកាយនេះ បានបាត់បង់ស្ទើរតែអស់ទៅហើយ ។ ឯកសារដែលសេសសល់ ត្រូវបានអ្នកស្រាវជ្រាវផ្នែកទស្សនវិជ្ជា យកមកវិភាគនិងចងក្រងផ្សាយនៅក្នុងគេហទំព័រមួយ ។ ខ្ញុំសរសេរអត្ថបទនេះ ដោយផ្អែកលើឯកសារនៅក្នុងគេហទំព័រនោះ ។ មជ្ឈឹមមគ្គគឺសំដៅដល់ការបដិបត្តិទិដ្ឋិពុទ្ធសាសនាតាមមាគ៌ាកណ្តាល មិនសេរីនិយមដូចមហាយាន ហើយក៏មិនអភិរក្សនិយមដូចហិនយាន ឬថេរវាទ ដែរ ។ គំរូនៃទស្សននេះគឺកើតចេញអំពីដំណើរជីវិតរបស់ព្រះពុទ្ធ រវាងការរស់នៅក្នុងវាំង និង ការធ្វើទុក្ខរកិរិយា (ព្រះសំរួម) ។ ព្រះពុទ្ធទ្រង់ជ្រើសយកផ្លូវកណ្តាលនៃភាវផ្ទុយគ្នានេះ ទើបស្វែករកការត្រាស់ដឹងឃើញ ។ ថ្វីដ្បិតតែមើលទៅហាក់ដូចជាសាមញ្ញ ក៏ប៉ុន្តែ ទិដ្ឋិមួយចំនួននៅក្នុងមជ្ឈឹមមគ្គមិនសុីសង្វាក់ជាមួយនឹងអ្វីដែលពុទ្ធបរិស័ទ ទទួលស្គាល់ថាជាសច្ចភាពនោះទេ ។ ឧទាហរណ៍ រូប ឬអាត្ម័ន ដែលធ្លាយខ័ន្ធរលាយកាយក្លាយជាផេះផង់ល្អងធូលីទៅហើយនោះ មិនបាត់បង់សូន្យសុងទេ ។ វាទៅស្នាក់នៅក្នុងទីមួយដែលគេហៅថា សុញ្ញាតា ឬ ភពទទេ (Emptiness) ។ បើរូបយើងទៅនៅក្នុងភពទទេ នោះវាគួរតែមានន័យថា គ្មានអត្ថិភាពនៃរូបនៅលើលោកនេះទៀតឡើយ ។ ត្រង់នេះ គេពន្យល់ថា រូបដែលមានអត្ថិភាពក្នុងភពទទេនេះ គឺប្រៀបបាននឹងភ្លើងដែលរលត់ទៅ ។ វាបាត់ពីភ្នែក ច្រមុះ ត្រចៀក ឬ ឥន្ទ្រីយារម្មណ៍ទាំងប្រាំរបស់យើងអស់រលីងហើយ ។ ក៏ប៉ុន្តែ ពេលមានអភូតហេតុអ្វីមួយមកបង្ក (Cause) ភ្លើងនឹងលេចចេញមកភ្លាម ។ ឧទាហរណ៍ ចរន្តអគ្គិសនីនៃកាំរន្ទះដែលបាញ់មកប៉ះនឹងថ្មភ្នំបង្កឲ្យមានផ្កាភ្លើងកើតឡើង ។ នៅពេលផ្កាភ្លើងនោះហោះទៅប៉ះនឹងកំទេចស្លឹកឈើក្រៀម វានឹងបង្កឲ្យមានចំហេះនៃភ្លើងដែលយើងអាចមើលយល់ពាល់ត្រូវនៅក្នុងឥទ្ទ្រីយារម្មណ៍ ។ ដូច្នេះ នៅក្នុងសុញ្ញាតា ឬភពទទេគឺមានអត្ថិភាពនៃភ្លើង ។ ឯរូប ឬអាត្ម័នរបស់មនុស្សដែលបែកធ្លាយរលាយខ័ន្ធទៅក៏ដូចគ្នាដែរ ។ វាអត់បាត់បង់ទៅណាឡើយ ដោយនៅតែរក្សាអត្ថិភាពរបស់វានៅក្នុងភពទទេ ឬ សុញ្ញាតា ។ ពាក់ព័ន្ធនឹងទិដ្ឋិ សុញ្ញាតា ឬភពទទេ មានពាក្យមួយឃ្លាដែលត្រូវបានគេលើកយកមកធ្វើជាគោល៖ "There do not exist, anywhere at all, any existents whatsoever, arisen either from themselves or from something else, either from both or altogether without a cause." (នៅក្នុងចក្រវាឡ៍ គ្មានអ្វីទាល់តែសោះ ដែលអាចមានអត្ថិភាពដោយការផ្គុំរូបធាតុខ្លួនឯងក្តី ជាមួយរូបធាតុដទៃក្តី ឬក៏ទាំងព្រមក្តី ប្រសិនបើមិនមានហេតុបច័យ ឬ ផស្សៈ) ។ ចូរកត់សម្គាល់ពាក្យ without a cause (ដោយគ្មានហេតុបច័យ ឬការភពប្រសព្វ) ។ នៅក្នុងវដ្តនៃបដិច្ចសមុប្បាទ យើងមានពាក្យមួយហៅថា៖ ផស្សៈ (ភពប្រសព្វ) ។ គឺការភពប្រសព្វនេះហើយដែលជាឫសគល់នៃអត្ថិភាពនៅក្នុងភពទទេ ឬនៅក្នុងសុញ្ញាតា ។ គេហៅអត្ថិភាពភពប្រសព្វនេះថា Dependent Origination (ឬ អត្ថិភាពផស្សៈ) ។ អត្ថិភាពផស្សៈ មិនស្ថិតនៅក្នុងច្បាប់ធម្មជាតិទេ (Natural law) ។ វាស្ថិតនៅក្នុងច្បាប់អភិធម្មជាតិ (Metanatural law) ។ ដូច្នេះ ដើម្បីស្វែងយល់អំពីសច្ចភាពនៃអត្ថិភាពផស្សៈ គេចាំបាច់ត្រូវតែបែកចែកសច្ចភាពជាពីរស្រទាប់ ដែលយើងអាចហៅថា៖ សច្ចធម្មជាតិ និង សច្ចអភិធម្មជាតិ (Two layers of truth Or Natural truth and Metanatural truth) ។ មានរូបមានទុក្ខគឺជាសច្ចធម្មជាតិ ។ ឯរូបដែលគ្មានទុក្ខគឺស្ថិតនៅក្នុងសច្ចអភិធម្មជាតិ ។ តើរូបដែលគ្មានទុក្ខមានសណ្ឋានដូចម្តេច ។ យើងមិនអាចមើលយល់ពាល់ត្រូវឡើយ ដ្បិតអីវាជារូបដែលស្ថិតនៅក្នុងរូប ។ និយាយឲ្យងាយយល់ វាគឺជាវិញ្ញាណក្ខ័ន្ធ ។ នៅពេលជីវិតមនុស្សសត្វផុតរលត់ទៅ វិញ្ញាណក្ខ័ន្ធ ដែលជាសច្ចអភិធម្មជាតិ វារសាត់អណ្តែតទៅនៅក្នុងសុញ្ញាតា ឬភពទទេ ។ រូបនៅក្នុងភពទទេ គឺគ្មានទុក្ខឡើយ ។ នៅត្រង់ចំណុចនេះ វាប្រហែលជាមិនពិបាកយល់ទេ ប្រសិនបើយើងភ្ជាប់វាទៅនឹងពាក្យមួយឃ្លាដែលខ្មែរយើងតែងតែនិយាយបន្ទាប់ពីមាននរណាម្នាក់ស្លាប់៖ "កាត់ផុតទុក្ខហើយ!" ។ នៅក្នុងទិដ្ឋិអភិធម្មសច្ចៈ យើងអាចនិយាយបានថា ការពិតគឺគ្មានការពិតទេ (The truth is: There is no truth) ។ ការអះអាងនេះ បើយើងពិចារណាក្នុងន័យធម្មសច្ចៈ វាហាក់ដូចជាសភាវឡប់ៗ គ្មានហេតុផលជាមូលដ្ឋានឡើយ ។ ក៏ប៉ុន្តែ បើយើងយកចំណុចនេះទៅពិចារណាដោយផ្អែកលើទិដ្ឋិអភិធម្មសច្ចៈ យើងប្រហែលជាអាចមើលឃើញថា អ្វីដែលពិតនៅក្នុងធម្មសច្ចៈ អាចមានភាវប្រែប្រួលនៅក្នុងអភិធម្មសច្ចៈ ។ ឧទាហរណ៍ មានរូបមានទុក្ខនៅក្នុងភពធម្មជាតិ ឬធម្មសច្ចៈ ។ ប៉ុន្តែ រូបដែលនៅក្នុងសុញ្ញាតា ឬអភិធម្មសច្ចៈ (Emptiness) មិនមានទុក្ខទេ ។ សម្រួលឲ្យសាមញ្ញបន្តិច មានរូបមានទុក្ខ គឺត្រឹមត្រូវនៅក្នុងច្បាប់ធម្មជាតិ (Natural law) ។ ក៏ប៉ុន្តែនៅក្នុងច្បាប់អភិធម្មជាតិ (Metanatural law) យើងមិនអាចចាត់ទុក្ខរូបទាំងអស់ថា សុទ្ធតែមានទុក្ខឡើយ ។ ត្រង់ចំណុចនេះ យើងអាចនិយាយថា សច្ចភាពគ្មានភាវដាច់ខាតទេ (There is no absolute truth)។ បើយើងមិនអាចចាត់ទុករូបទាំងអស់ថា សុទ្ធតែមានទុក្ខ តើយើងអាចមានរូបដែលគ្មានទុក្ខដែរឬទេ ។ សំណួរនេះ យើងប្រហែលជាអាចរកចម្លើយឃើញដោយយកពាក្យមួយម៉ាត់មកធ្វើជាបង្អែក៖ កុសលកម្ម ។ រូប ឬជីវិតដែលដិតដាមដោយកុសលកម្ម មិនមានទុក្ខដើរតាមជាមួយឡើយ ។ ប្រការនេះមនុស្សគ្រប់ៗរូបយល់ច្បាស់ណាស់ថា នៅពេលដែលយើងសាងកុសលកម្មទៅលើញាតិសន្តានក្តី អ្នកដទៃក្តី យើងជម្រុះទុក្ខចោលអស់ច្រើនពេកក្តាត់ ។ ចុះអ្នកដែលសាងកុសលកម្មជាប្រចាំរហូតអស់មួយជីវិត តើអាចមានទុក្ខជាប់នៅនឹងខ្លួនដែរទេ ។ ចម្លើយគឺប្រាកដជាគ្មានទេ ។ តែថាឲ្យរលត់ទុក្ខអស់រលីងពីខ្លួននោះ គឺមិនអស់ទេ ។ ទាល់តែជីវិតរលត់ទៅនៅក្នុងសុញ្ញាតា ទើបទុក្ខរលាយអស់រលីញ ។ អ្នកដែលធ្លាប់សិក្សាមហាវេសន្តរជាតត សុទ្ធតែយល់អំពីកុសលកម្មរបស់ព្រះវេសន្តរ នៅក្នុងដំណើរឆ្ពោះទៅរកការត្រាស់ដឹងនិងបរិនិព្វាន ដែលស្ថិតក្នុងជំហានចុងក្រោយនៃការរំលត់ទុក្ខឲ្យអស់ចេញអំពីរូប ។ នៅក្នុងដំណើរត្រាស់ដឹងរបស់ព្រះពុទ្ធ បន្ទាប់ពីបានត្រាស់ដឹងនិងផ្តល់កុសលកម្ម (បង្រៀនអំពីវិធីរំលត់ទុក្ខ) ដល់មនុស្សជាតិអស់កាលជាច្រើនឆ្នាំ ព្រះពុទ្ធក៏នៅតែមានទុក្ខអន្ទោលតាមប្រាណដែរ ។ ទុក្ខចុងក្រោយរបស់ព្រះអង្គគឺឆាន់ចង្ហាន់ដែលមានជាតិពុល (ផ្អូម) ហើយបង្កឲ្យមានអាពាធរហូតដល់រលត់សង្ខារ ។ ដូច្នេះ រូបរបស់ព្រះអរហន្តក្តី ព្រះពោធិសត្វក្តី ព្រះពុទ្ធក្តី មិនអាចរំលាយទុក្ខឲ្យរលត់អស់បានទេ ។ ទាល់តែរូបរលត់ ទើបទុក្ខរលត់អស់ដែរ ។ សុញ្ញាតាគឺជាភពដែលមានរូប ព្រះពុទ្ធ ព្រះពោធិសត្វ ព្រះអរហន្ត និង មនុស្សទូទៅនៅក្នុងនោះ ។ បើនៅក្នុងភពសុញ្ញាតា មានរូបព្រះពុទ្ធ ព្រះពោធិសត្វ ព្រះអរហន្ត និង មនុស្សទូទៅនៅក្នុងនោះ នៅលើភពផែនដីនេះ ក៏គួរតែមានអត្ថិភាពនៃរូបទាំងអស់នេះដូចគ្នា ពីព្រោះរូបដែលនៅក្នុងសុញ្ញាតានោះ រមែងវិលមកកើតនៅលើភពផែនដីនេះជាប្រចាំ ប្រៀបដូចជាភ្លើងដែលឆេះរលត់ៗដូច្នោះដែរ ។ នៅក្នុងភាសាអង់គ្លេសគេហៅសមតិកម្មនេះថា៖ Corollary (បច្ច័យសង្ខារ) ។ ដោយហេតុតែយើងមិនអាចដឹងថា រូបមួយណានៅលើភពផែនដីនេះ មានធម្មធាតុរបស់ព្រះពុទ្ធ ព្រះពោធិសត្វ ឬព្រះអរហន្តនៅក្នុងនោះ ដូច្នេះរូបនីមួយៗសុទ្ធតែមានសក្តានុពលត្រាស់ដឹងបាន ប្រសិនបើរូបនោះលុះនៅក្នុងគន្លងកុសលកម្ម ។ គន្លងកុសលកម្មចាប់ផ្តើមពីការ ភ្ញាក់រលឹក (Awakening) ។ មិនថាអ្នកមាន អ្នកក្រ ឃាតករ ជនពាល ឬក៏ម្នាលមេផ្តាច់ការណាឡើយ ដើម្បីអាចដើរចូលក្នុងគន្លងកុសលកម្មបាន គឺត្រូវភ្ញាក់រលឹកជាមុនសិន ។ ជំហានបន្ទាប់គឺទាន ។ ទានដែលសំខាន់ជាងគេជាទីបំផុតគឺចិត្ត មិនមែនទ្រព្យធនឬបញ្ញាញាណឡើយ ។ ទានដែលចេញពីក្នុងចិត្តនេះមានបួនគឺ៖ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ ការភ្ញាក់រលឹកនិងចិត្ត មេតា ករុណា មុទិតា ឧបេក្ខា គឺជាប្រទីបបំភ្លឺផ្លូវ ឬក៏យន្តការដឹកនាំបុគ្គលឆ្ពោះទៅរកការត្រាស់ដឹង និង ភាវជាអ្នកខ្សត់ទុក្ខ ។ គោលដៅនៃការដាក់ទាន ឬបរិច្ចាគនៅក្នុងគន្លងកុសលកម្មគឺដើម្បីស្រាយចំណងផងទាំងពួងដែលភ្ជាប់រូបយើងទៅនិងទុក្ខរបស់ខ្លួនឯងផង និងរបស់អ្នកដទៃផង ។ គេហៅការបរិច្ចាគ ឬទានប្រភេទនេះថា៖ លះបង់ចោល ឬលះបង់ដោយចិត្តបរិសុទ្ធ (Giving up) ។ លះបង់ចោលនៅទីនេះផ្ទុយអំពី លះបង់ឈប់ធ្វើ ។ គឺយើងលះបង់ដោយគ្មានរំពឹងផលអ្វីឡើយ ។ ដូចនៅក្នុងកំណាព្យខ្មែរមួយល្បះដែលពោលថា៖ "ឱយទានតាំងចិត្តស្មោះ កុំអាឡោះអាល័យស្ងួន ទ្រព្យនេះនឹងនាំខ្លួន ទៅបរលោកពុំសោះសូន្យ" ។ ដំណើរនៅក្នុងគន្លងកុសលកម្មនេះ មិនផ្អែកតែទៅលើការដាក់ទាន ឬបរិច្ចាគតែមួយមុខទេ គេក៏ត្រូវថែរក្សាការពារទ្រព្យដែលខ្លួនសន្សំបានផងដែរ ។ ទ្រព្យដែលត្រូវរក្សាការពារនៅទីនេះ គឺគេសំដៅលើកុសលដែលជាផលចេញអំពីទាន ។ មិនមែនសម្ភារៈឬបញ្ញាញាណដែលនៅជាប់នឹងរូបយើងនោះទេ ។ ខាងក្រោមនេះគឺជាឱវាទរបស់មហាគរុ សន្តិទេវ (Santideva, 8 CE) ពាក់ព័ន្ធនឹងកុសលទាន៖ What is given must no longer be guarded; what is at home must be guarded. What is given is [the cause] for the reduction of craving (triṣṇā); what is at home is the increase of craving. What is given is nonattachment (aparigraha); what is at home is with attachment (saparigraha). What is given is safe; what is at home is dangerous. What is given is [the cause] for supporting the path of awakening; what is at home is [the cause] for supporting Māra [the demonic tempter]. What is given is imperishable; what is at home is perishable. From what is given [comes] happiness; having obtained what is at home, [there is] suffering. (ŚS 19) (អ្វីដែលបានបរិច្ចាគ មិនត្រូវឲ្យនៅជាប់ជំពាក់ទៀតទេ ។ អ្វីដែលជាផលនៃការបរិច្ចាគ គប្បីថែរក្សាឲ្យគត់មត់ ។ អ្វីដែលត្រូវបានបរិច្ចាគ គឺជាហេតុដែលនាំឲ្យរលស់តណ្ហា ។ អ្វីដែលនៅជាប់នឹងខ្លួន គឺជាបច្ច័យនាំឲ្យកើនតណ្ហា ។ អ្វីដែលត្រូវបានបរិច្ចាគ នាំឲ្យចិត្តជ្រះថ្លា ។ អ្វីដែលនៅជាប់ខ្លួន គឺជាចំណងច្រើនប្រការ ។ អ្វីដែលត្រូវបានបរិច្ចាគ គឺសេចក្តីសុខសុវត្ថិភាព ។ អ្វីដែលនៅជាប់ខ្លួន គឺជាទុក្ខសោកអសុវត្ថិភាព ។ អ្វីដែលត្រូវបានបរិច្ចាគ គឺជាហេតុនាំរូបឆ្ពោះទៅរកការភ្ញាក់រលឹក ។ អ្វីដែលនៅជាប់នឹងខ្លួន គឺជាហេតុនាំឲ្យមានពៀរជាមួយនឹងសេចក្តីក្រោធ ។ អ្វីដែលត្រូវបានបរិច្ចាគ មិនអាចរលេះរលួយបាត់បង់ឡើយ ។ អ្វីដែលនៅជាប់នឹងខ្លួន គឺត្រូវរលេះរលួយរលាយទៅនៅថ្ងៃមួយ ។ ចេញអំពីអ្វីដែលត្រូវបានបរិច្ចាគ គឺសុភមង្គល ។ ហួងហែងក្តោបក្តាប់អំណាច បំពានគេឯងពេញមួយនគរ ដើម្បីប្រមូលយកទ្រព្យមកស្រោចស្រពគ្រសារខ្លួន លើគំនរទុក្ខរបស់អ្នកដទៃ គឺជាអពមង្គលដែលមានសេចក្តីទុក្ខ រង់ចាំស្វាគមន៍នៅចុងបញ្ចប់នៃជីវិត) ៕

Friday, October 25, 2024

ចំណីខួរក្បាល

បោះឆ្នោតនៅស្រុកអាមេរិក ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដែលអន់ និង បេក្ខជនដែលអន់ជាង (Bad and Worse) ។ ដូច្នេះ ការរង់ចាំមើលគោលនយោបាយអន្តេអន្តាយអ្វីៗនោះ វាហាក់ដូចជាមិនចាំបាច់ឡើយ ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅស្រុកអាមេរិក គឺជាការបោះឆ្នោតដោយមិនចំពោះ (Indirect election) ។ ប្រការនេះប្រហែលជាមិនសូវមានមនុស្ស ជាពិសេសអ្នកស្រុកក្រៅ យល់ដឹងច្បាស់លាស់ទេ ។ សូម្បីតែពលរដ្ឋអាមេរិកាំងខ្លួនឯង ដែលទៅចូលរួមបោះឆ្នោតនោះ ក៏មិនប្រាកដថាយល់អំពីរបៀបរបបបោះឆ្នោតត្រឹមត្រូវដែរ ។ ដូច្នេះ ខ្ញុំសូមឆ្លៀតឱកាសនេះ លើកយកគោលការណ៍សំខាន់ៗមួយចំនួនមកចែកជូនជាធម្មទាន ។ ជាបឋម ប្រព័ន្ធបោះឆ្នោតអាមេរិកាំងគឺផ្អែកលើគោលការណ៍ "អ្នកឈ្នះយកទាំងអស់" (Winner takes all) ។ មានន័យថា បេក្ខជនឬគណបក្សដែលឈ្នះឆ្នោត សូម្បីត្រឹមតែមួយសន្លឹក គឺទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋនីមួយៗ លើកលែងតែរដ្ឋ ម៉េន និង នេវ៉ាដា ។ ដើម្បីជៀសវាងការស៊ុមគ្រលំគ្នា រដ្ឋនីមួយៗរៀបចំការបោះឆ្នោតដាច់ដោយឡែកពីគ្នា ដោយយោងតាមគោលការណ៍និងបទដ្ឋាននានាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ គ្មានគណកម្មការរៀបចំការបោះឆ្នោតជាតិទេ (National Election Commissioners) ។ មុននឹងការបោះឆ្នោតឈានចូលមកដល់ គណបក្សដែលមានឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ត្រូវជ្រើសរើសតំណាងសន្លឹកឆ្នោត ឬតែងតាំងអង្គបោះឆ្នោតដែលគេហៅថា Electoral colleges or Electors ប្រចាំរដ្ឋនីមួយៗដោយយោងទៅតាមចំនួនសមាជិករដ្ឋសភានិងព្រឹទ្ធសភាប្រចាំរដ្ឋទាំងនោះ ។ ឧទាហរណ៍ រដ្ឋមួយមានសមាជិករដ្ឋសភានិងព្រឹទ្ធសភាចំនួន ១០ គឺមានសន្លឹកឆ្នោត ឬអង្គបោះឆ្នោតចំនួន ១០នាក់ដែរ ។ រដ្ឋនីមួយៗមានសមាជិកព្រឹទ្ធសភា ២រូបស្មើៗគ្នា និងមានសមាជិករដ្ឋសភាយ៉ាងហោចណាស់ក៏ម្នាក់ដែរ ទោះបីមានពលរដ្ឋរស់នៅក្នុងរដ្ឋនោះតែមួយតំបស្វាក៏ដោយ ។ ចំនួនអាសនៈសមាជិករដ្ឋសភាគឺគេបែងចែកដោយយោងតាមចំនួនពលរដ្ឋ ។ រដ្ឋដែលមានពលរដ្ឋរស់នៅច្រើនដូចជារដ្ឋ កាលីហ្វ័នីញ៉ា មានអាសនៈរហូតដល់ទៅ ៥៥ ខណៈរដ្ឋខ្លះមានត្រឹមបួនដប់ ។ ចំនួនសន្លឹកឆ្នោតតំណាង ឬអាសនៈអង្គបោះឆ្នោតសរុបទាំងអស់មាន ៥៣៨ សន្លឹក ។ ដូច្នេះ បេក្ខជនប្រធានាធិបតីណាដែលទទួលបានសន្លឹកឆ្នោតតំណាងចំនួន ២៧០សន្លឹកឡើងទៅ គឺចាត់ទុកថាឈ្នះការប្រកួត ។ នរណាជាតំណាងអង្គបោះឆ្នោត ឬដើរតួនាទីជាអ្នកបោះឆ្នោតតំណាង (Electors)??? រដ្ឋធម្មនុញ្ញអាមេរិកាំងហាមមិនឲ្យសមាជិករដ្ឋសភានិងព្រឹទ្ធសភា រាប់បញ្ចូលទាំងបុគ្គលិករដ្ឋាភិបាលសហព័ន្ធ ដើរតួនាទីជាអ្នកបោះឆ្នោតតំណាងទេ ។ បុគ្គលក្រៅពីនេះ អាចកាន់តួនាទីនេះបាន ។ ជាទូទៅគេតែងតាំងមនុស្សដែលមានភក្តីភាពជាមួយនឹងបក្សជាទីបំផុតនៅក្នុងរដ្ឋនីមួយៗ ឲ្យកាន់តួនាទីជាអ្នកបោះឆ្នោតតំណាង ។ បន្ទាប់ពីទទួលបានការតែងតាំង អ្នកបោះឆ្នោតតំណាងគ្រប់គណបក្សទាំងអស់ ត្រូវទៅចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សាបោះឆ្នោតនៅក្នុងរដ្ឋនីមួយៗ ដើម្បីទទួលបានការទទួលស្គាល់ (Credential) ពីសំណាក់អគ្គលេខាធិការនៃរដ្ឋដែលមានតួនាទីចាត់ចែង និងទទួលស្គាល់លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋរបស់ខ្លួន ។ នេះគឺជាដំណាក់កាលទីមួយនៃអំណាចរបស់អ្នកបោះឆ្នោតតំណាង ។ តំណាក់កាលទីពីរគឺបន្ទាប់ពីការបោះឆ្នោតប្រព្រឹត្តិទៅរួចរាល់ អ្នកបោះឆ្នោតតំណាងទៅប្រជុំគ្នាម្តងទៀត ដើម្បីទទួលស្គាល់គណបក្សដែលឈ្នះឆ្នោត នឹងទទួលបានសន្លឹកឆ្នោតតំណាងពីសំណាក់អគ្គលេខាធិការរដ្ឋ យោងតាមចំនួនអាសនៈនៅក្នុងរដ្ឋនីមួយៗ ។ នៅចុងបញ្ចប់ អ្នកកាន់សន្លឹកឆ្នោតតំណាងទាំងនោះយកសន្លឹកឆ្នោតរបស់ខ្លួន ទៅបោះឲ្យបេក្ខជនប្រធានាធិបតីរបស់បក្សដែលខ្លួនតំណាងឲ្យ ។ គួរកត់សម្គាល់ថា អ្នកកាន់សន្លឹកឆ្នោតតំណាង អាចយកសន្លឹកឆ្នោតដែលខ្លួនកាន់ ទៅបោះឆ្នោតឲ្យបេក្ខជនបក្សផ្សេងក៏បានដែរ ។ គេហៅអ្នកបោះឆ្នោតក្បត់ទំនុកចិត្តប្រភេទនេះថា Faithless electors ។ ប្រការនេះ យើងអាចមើលឃើញថាបេក្ខជនដែលមានលុយរាប់រយលានដុល្លារ អាចយកលុយទៅសូក ឬក៏ សន្យាផ្តល់តួនាទីក្នុងជួររដ្ឋាភិបាលឲ្យពួកអ្នកកាន់សន្លឹកឆ្នោតតំណាង បោះឆ្នោតឲ្យខ្លួនបានដោយងាយ ។ ដើម្បីទប់ទល់បញ្ហានេះ គេមានយន្តការមួយ ដោយផ្តល់សិទ្ធិឲ្យគណបក្សដែលឈ្នះឆ្នោត ដកឬផ្លាស់ប្តូរឈ្មោះអ្នកបោះឆ្នោតតំណាងដែលមិនគោរពតាមឆន្ទៈពលរដ្ឋទាំងនោះ ដោយមិនចាំបាច់មានបែបបទអ្វីឡើយ (Replace at will) ។ មានរដ្ឋចំនួន ៣៨ បានបង្កើតច្បាប់ផ្តន្ទាទោស យ៉ាងហោចណាស់ក៏ពិន័យជាប្រាក់ដែរ ដល់អ្នកកាន់សន្លឹកឆ្នោតតំណាងណា ដែលមិនគោរពតាមឆន្ទៈសន្លឹកឆ្នោតរបស់ពលរដ្ឋ ។ ដូច្នេះ ការសូកប៉ាន់ជាប្រាក់ក្តី ការសន្យាផ្តល់តួនាទីឲ្យអ្នកកាន់សន្លឹកឆ្នោតតំណាងក្តី គឺជាទង្វើឥតប្រយោជន៍ ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានអ្នកកាន់សន្លឹកឆ្នោតតំណាងមួយចំនួន ឆ្កួតគ្រប់គ្រាន់យកសន្លឹកឆ្នោតតំណាងរបស់ខ្លួន ទៅបោះឲ្យអ្នកដទៃទាំងបំពានដែរ ។ នៅពេលពលរដ្ឋអាមេរិកាំងបោះឆ្នោតជ្រើសរើសប្រធានាធិបតី សម្លេងឆ្នោតរបស់ពលរដ្ឋម្នាក់ៗនៅតាមរដ្ឋនីមួយៗ ត្រូវបានគេប្រមូលដាក់មួកណ្តុបហើយរាប់មើលសិន ។ បន្ទាប់ពីរាប់ឃើញថា បេក្ខជន ឬបក្សណាទទួលបានសន្លឹកឆ្នោតច្រើនជាងគេ អគ្គលេខាធិការរបស់រដ្ឋចេញសេចក្តីប្រកាសទទួលស្គាល់លទ្ធផលនិងបេក្ខជនឈ្នះឆ្នោត ។ ជ័យជម្នះនេះជាជ័យជម្នះអន្តរកាល មិនទាន់ផ្លូវការនៅឡើយទេ ។ បន្ទាប់មក អ្នកបោះឆ្នោតតំណាងរបស់បក្ស ឬ របស់បេក្ខជនដែលឈ្នះឆ្នោត ទៅទទួលយកសន្លឹកឆ្នោតតំណាងពីសំណាក់អាជ្ញាធររដ្ឋ ។ ប្រមាណជាពីរខែក្រោយមកទៀតគឺនៅថ្ងៃទី ៦ មករា ទើបអ្នកបោះឆ្នោតតំណាងយកសន្លឹកឆ្នោតតំណាងរបស់ខ្លួន មកបោះម្តងទៀតនៅក្នុងមន្ទីររដ្ឋសភា ដើម្បីទទួលស្គាល់បេក្ខជនឈ្នះឆ្នោត ជាផ្លូវការ ។ នៅចុងបញ្ចប់ ប្រធានាធិបតីដែលឈ្នះឆ្នោត ឡើងស្បថចូលកាន់តំណែងនៅថ្ងៃទី ២១ ខែមករា ។ គួរកត់សម្គាល់ដែរថា បេក្ខជនប្រធានាធិបតីដែលទទួលបានសម្លេងឆ្នោតទូទាំងប្រទេស (Popular votes) ច្រើនជាងគេ មិនប្រាកដថាអាចឈ្នះតំណែងជាប្រធានាធិបតីឡើយ ។ ប្រការនេះគឺដោយសារតែមណ្ឌលបោះឆ្នោតខ្លះ ពលរដ្ឋបោះឆ្នោតឲ្យបក្សណាមួយភ្លូកទឹកភ្លូកដី ។ មណ្ឌលខ្លះទៀត សន្លឹកឆ្នោតមានចំនួនខុសគ្នាត្រឹមបួនប្រាំរយសន្លឹកប៉ុណ្ណោះ ។ ដូច្នេះ សន្លឹកឆ្នោតតំណាងត្រូវបានទៅអ្នកឈ្នះទាំងអស់ ទោះឈ្នះត្រឹមមួយសន្លឹកក្តី ។ ប្រការមួយទៀតគឺករណីរដ្ឋ ម៉េន និង នេវ៉ាដា ដែលខ្ញុំលើកជាករណីលើកលែងនៅខាងលើ ។ រដ្ឋទាំងពីរនេះ ផ្តល់សន្លឹកឆ្នោតតំណាងបេក្ខជន ឬបក្សដែលទទួលបានសម្លេងឆ្នោតគាំទ្រច្រើនបំផុតពីពលរដ្ឋ តែពីរសន្លឹកទេ ។ សន្លឹកឆ្នោតតំណាងដែលនៅសល់ គឺគេផ្តល់ឲ្យដោយយោងតាមលទ្ធផលនៅក្នុងមណ្ឌលនីមួយៗ ។ បេក្ខជនឬបក្សណាឈ្នះ គឺគេប្រគល់សន្លឹកឆ្នោតតំណាងឲ្យបក្សនោះ ។ ដូច្នេះហើយបានជាមានករណី អ្នកដែលទទួលបានសន្លឹកឆ្នោតប្រជាប្រិយ (Popular votes) ច្រើនជាងគេនៅទូទាំងប្រទេស មិនទទួលបានតំណែងជាប្រធានាធិបតី ៕

Monday, October 14, 2024

ចំណីខួរក្បាល

ប្រព័ន្ធអប់រំ (Educational Systems) ប៉ុន្មានថ្ងៃមុន ខ្ញុំបានជជែកវែកញែកនឹងមិត្តក្នុងហ្វេសប៊ុកម្នាក់ ស្តីអំពីសញ្ញាប័ត្រ បាក់កាឡូរ៉េអា (Baccalaureate) ដែលខ្មែរយើងនិយមហៅថា បាក់អង និង បាក់ឌុប នោះ ឃើញថាមានភាពច្រឡំបល់ទល់ពុទ្ធោជាមួយនឹងសញ្ញាប័ត្រមួយនេះ ។ គាត់យល់ផ្សេង ខ្ញុំយល់ផ្សឹង ។ ភាពច្របូកច្របល់នេះកើតចេញអំពីកម្រិតសិក្សានៅសហរដ្ឋអាមេរិក និង នៅស្រុកខ្មែរ ។ នៅសហរដ្ឋអាមេរិក សញ្ញាប័ត្រ បាក់កាឡូរ៉េអា ជាសញ្ញាប័ត្រកម្រិតឧត្តមសិក្សា ដែលត្រូវចំណាយពេលសិក្សាយ៉ាងតិចបំផុត ១៤ឆ្នាំ ។ ឯបាក់កាឡូរ៉េអា នៅស្រុកខ្មែរគឺជាសញ្ញាប័ត្រកម្រិតមធ្យមសិក្សាដែលត្រូវចំណាយពេលសិក្សា ១២ឆ្នាំ ។ មុននឹងខ្ញុំបរិយាយអំពីប្រព័ន្ធអប់រំរបស់ខ្មែរ ខ្ញុំសូមលើកយកប្រព័ន្ធអប់រំអាមេរិកាំងមកបង្ហាញជាគំរូសិន ។ អាមេរិកាំងចែកការអប់រំជាពីរកម្រិតធំៗគឺ មធ្យមសិក្សា និង ឧត្តមសិក្សា ។ នៅកម្រិតមធ្យមសិក្សាគេមា៖ Elemetary, Middle, and High Schools [បឋមសិក្សា មធ្យមសិក្សា (ឬអនុវិទ្យាល័យ) និង មធ្យមសិក្សាជាន់ខ្ពស់ (ឬវិទ្យាល័យ)] ដែលមានរយៈពេលសិក្សាសរុប ១២ឆ្នាំ គឺ៥ឆ្នាំនៅបឋម ៣ឆ្នាំនៅមធ្យម និង ៤ឆ្នាំនៅមធ្យមជាន់ខ្ពស់ ។ គេរៀនអត់ប្រឡងឆ្លងកម្រិតយកសញ្ញាប័ត្រទេ ។ នៅមធ្យមសិក្សាជាន់ខ្ពស់ សិស្សត្រូវសន្សំ ក្រេឌីត តាមរយៈពិន្ទុប្រចាំឆមាសនៃមុខវិជ្ជានីមួយៗឲ្យបានគ្រប់ចំនួនអប្បារមា ។ នៅដំណាច់ឆ្នាំនៃថ្នាក់ទី ១២ ពួកគេទទួលបានសញ្ញាប័ត្រមួយដែលគេហៅថា High School Diploma ។ សិស្សដែលចង់បន្តចូលទៅសិក្សានៅឧត្តមសិក្សា ត្រូវប្រឡងនៅក្នុងកម្មវិធីសាកលមួយ (Entrance Exam) ដែលគេហៅថា SAT (Scholastic Aptitude Test, Or Standardized Test) សម្រាប់សិស្សដែលមានភាសាអង់គ្លេសជាភាសាកំណើត និង TOEFL (Test Of English as a Foreign Language) សម្រាប់សិស្សដែលមានភាសាដទៃជាភាសាកំណើត ឬអ្នកអាណាព្យាបាលប្រើភាសាដទៃនៅក្នុងផ្ទះ ។ ចំណែកនៅឧត្តមសិក្សា គេចែកជាពីរឋានានុក្រមគឺ ឧត្តមសិក្សាថ្នាក់ទាប (Undergraduate School) និងឧត្តមសិក្សាថ្នាក់ខ្ពស់ (Graduate School) ។ និស្សិតឧត្តមសិក្សាដែលចង់រៀនបន្តពីឧត្តមសិក្សាថ្នាក់ទាបទៅឧត្តមសិក្សាថ្នាក់ខ្ពស់ ត្រូវឆ្លងកាត់ការប្រឡងមួយទៀតដែលគេហៅថា GRE (Graduate Record Examinations) ទៅតាមមុខជំនាញនីមួយៗ ។ នៅឧត្តមសិក្សាថ្នាក់ទាបមានសញ្ញាប័ត្រពីរកម្រិតគឺ Associte's Degree (បរិញ្ញាប័ត្រចត្វា) ដែលត្រូវចំណាយពេលសិក្សាបន្ទាប់ពីមធ្យមសិក្សាជាន់ខ្ពស់រយៈពេល ២ឆ្នាំ និង Bachelor's Degree (បរិញ្ញាប័ត្រត្រីយ៍) ដែលត្រូវចំណាយពេល ៤ឆ្នាំ ។ គួរកត់សម្គាល់ថា ប្រព័ទ្ធអប់រំអាមេរិកាំងឲ្យតម្លៃសញ្ញាប័ត្រ បាក់កាឡូរ៉េអា (Baccalaureate) ស្មើនឹង (Bachelor's Degree) ឬយ៉ាងហោចណាស់ក៏ស្មើនឹង (Associte's Degree) ដែរ ។ នៅឧត្តមសិក្សាថ្នាក់ខ្ពស់ មានសញ្ញាប័ត្រពីរកម្រិតទៀតគឺ Master's Degree (បរិញ្ញាប័ត្រទោ) និង Doctoral or PhD Degree (បរិញ្ញាប័ត្រឯក) ដែលមានថេរវេលាសិក្សាបន្ថែមរយៈពេល ពីរ និង បួនឆ្នាំបន្តពីបរិញ្ញាប័ត្រត្រីយ៍ទៅ ។ បើគិតជាចំនួនឆ្នាំ ការសិក្សានៅឧត្តមសិក្សាមានថេរវេលា ៨ឆ្នាំ និងមានសញ្ញាប័ត្រថ្នាក់ឧត្តមសិក្សាចំនួន ៤ កម្រិត ។ សរុបទាំងអស់ ការសិក្សាពីបឋមសិក្សារហូតដល់ចុងបញ្ចប់នៃឧត្តសិក្សាមានថេរវេលា ២០ឆ្នាំគត់ ។ ខ្ញុំមិនដែលបានសិក្សានៅក្នុងប្រព័ន្ធអប់រំខ្មែរ ពីបឋមសិក្សាទៅដល់ឧត្តមសិក្សាទេ ។ ប៉ុន្តែ ផ្អែកលើបទពិសោធខ្លះៗដែលខ្ញុំបានជួប ប្រព័ន្ធអប់រំខ្មែរមានភាពច្របូកច្របល់ច្រើន ។ នៅមុនឆ្នាំ ១៩៧៥ យើងកម្រិតការសិក្សាពីថ្នាក់ទី ១២ ទៅថ្នាក់ទី ១ ដោយបែកចែកវាជាបីកម្រិតគឺ បឋមសិក្សា ថ្នាក់ទី ១២ដល់ទី៧ ។ មធ្យមសិក្សា ថ្នាក់ទី ៦ដល់ថ្នាក់ទី៣ ។ និង មធ្យមសិក្សាជាន់ខ្ពស់ ថ្នាក់ទី ២ដល់ថ្នាក់ទី១ ។ នៅចុងបញ្ចប់នៃកម្រិតនីមួយៗកូនសិស្សត្រូវប្រឡងម្តងដើម្បីទទួលបានសញ្ញាប័ត្រ សឺទីហ្វីកា ឌីប្លូម និង បាក់កាឡូរ៉េអា (Baccalaureate) ។ គួរកត់សម្គាល់ថា មុនឆ្នាំ ១៩៧៥ កូនសិស្សខ្មែរត្រូវប្រឡងសញ្ញាប័ត្រនៅដំណាច់ឆ្នាំថ្នាក់ទី២ម្តង និងថ្នាក់ទីមួយម្តងទៀត ។ គេហៅការប្រឡងនេះថា បាក់អង និង បាក់ឌឺ (Baccalaureate I, and Baccalaureate II) ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ ១៩៧៩ ប្រព័ន្ធអបរំខ្មែរក៏បានត្រឡប់ធាតុដោយចាប់ផ្តើមពីថ្នាកទី ១ ទៅថ្នាក់ទី ១២ វិញ ។ ប៉ុន្តែសម័យនោះដូចជាមិនមានកម្មវិធីបង្រៀនដល់ថ្នាក់ទី ១២ទេ ។ កូនសិស្សរៀនដល់ថ្នាក់ទី ៨ ក៏ប្រឡងឌីប្លូម ហើយចេញទៅរៀនវិជ្ជាជីវផ្សេងៗ ។ ខ្ញុំដឹងមិនសូវច្បាស់លាស់ទេអំពីប្រការនេះ ដ្បិតចាកចេញពីស្រុកខ្មែរហើយនាគ្រានោះ ។ កូនសិស្សដែលមករស់នៅតាមជំរំជនភៀសខ្លួននៅតាមព្រំដែនខ្មែរ ថៃ ក៏ទទួលបានការអប់រំតាមផ្លូវកាត់ដូចគ្នាដែរ ។ យើងរៀនពីថ្នាក់ទី ១ ដល់ទី ៥ ហើយប្រឡងចូលមធ្យមសិក្សាដែលមានកម្មវិធីសិក្សារយៈពេល ៤ឆ្នាំ ។ នៅជំរំជនភៀសខ្លួនខ្មែរ ខៅអ៊ីដាង យើងហៅកម្រិតមធ្យមសិក្សានេះថា Form 1, 2, 3, and Form 4 ។ ឯនៅជំរំជនភៀសខ្លួនខ្មែរនៅតាមព្រំដែន ខ្មែរ ថៃ យើងហៅកម្រិតនេះថា មធ្យមសិក្សាទី១ ទី២ ទី៣ និង ទី៤ ។ បន្ទាប់ពីរៀនដល់មធ្យមសិក្សាថ្នាក់ទី ៤ យើងប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ។ ខ្ញុំធ្លាប់បានរៀនកម្រិត Form 4 កន្លះឆ្នាំនៅខៅអ៊ីដាង ហើយក៏ធ្លាប់ប្រឡងយកសញ្ញាប័ត្រមធ្យសិក្សាបឋមភូមិនៅជំរំជនភៀសខ្លួនខ្មែរនៅ សាយធូ ដែរ ។ នៅខៅអ៊ីដាង យើងបញ្ចប់ការសិក្សាត្រឹម Form 4 ។ ឯនៅជំរំសាយធូ មានការសិក្សាក្រៅផ្លូវការ (Informal learning) បន្តពីមធ្យមសិក្សាបឋមភូមិមួយឆ្នាំពីរទៀត ។ បើគិតពីឆ្នាំ ១៩៩៣ មកដល់បច្ចប្បន្នវិស័យអប់រំខ្មែរសម័យទំនើបបានចាប់បដិសន្ធិឡើងជាង ៣០ឆ្នាំហើយ ។ ប៉ុន្តែ យើងហាក់ដូចជានៅជាប់ (Stuck) ជាមួយនឹងកម្មវិធីសិក្សាដែលត្រូវបានរៀបចំឡើងកាលពី ១០០ឆ្នាំកន្លងទៅ ។ វាប្រហែលជាដល់ពេលដែលមន្ត្រីអប់រំសម័យនេះ កែទម្រង់ប្រព័ន្ធអប់រំខ្មែរឲ្យសុីសង្វាក់ជាមួយនឹងពិភពលោកហើយ ដើម្បីជួយសម្រួលដល់និស្សិតខ្មែរដែលមានឱកាស ឬក៏ត្រូវចេញទៅសិក្សានៅឯបរទេស ។ បើយើងមិនអាចធ្វើកើតនៅក្នុងជីវិតយើងទេ យើងគួររៀបចំជាទម្រង់ដើម្បីឲ្យមនុស្សជំនាន់ក្រោយគេចាត់ចែងបង្កើតជានិយាម (Standards) ប្រាកដប្រជាមួយ ។ បន្ទាប់ពីបានឆ្លងកាត់និងសង្កេតមើលវិស័យអប់រំខ្មែរអស់រយៈពេលជាងកន្លះសតវត្សមកនេះ ខ្ញុំគិតថាយើងគួរលប់បំបាត់ការប្រឡងឆ្លងកម្រិតនៅបឋមនិងមធ្យមសិក្សាចោលឲ្យអស់ ។ នៅរយៈពេល ៤ឆ្នាំចុងក្រោយនៃមធ្យមសិក្សា យកពិន្ទុប្រចាំឆមាសធ្វើជាគោល ហើយឲ្យនិស្សិតប្រឡងយកសញ្ញាប័ត្រដែលមានឈ្មោះថា មធ្យមសិក្សាជាន់ខ្ពស់ (High School Diploma) ។ គ្មាន ឌីប្លូម គ្មានបាក់ឌុបបាក់ដួលអ្វីទៀតទេ ។ និស្សិតដែលប្រឡងធ្លាក់ អាចចូលប្រឡងជាបេក្ខជនក្រៅប្រព័ន្ធ (Former student candidates) នៅឆ្នាំបន្ទាប់ៗទៅមុខទៀតបាន ។ សញ្ញាប័ត្រនិងចំនួនពិន្ទុដែលចេញពីការប្រឡងនេះ គឺជាមូលដ្ឋានសម្រាប់ទទួលអាហារូបករណ៍ ក៏ដូចជាបណ្ណអនុញ្ញាតសម្រាប់ចូលរៀនបន្តនៅកម្រិតឧត្តមសិក្សា ។ សម្រាប់ការសិក្សានៅឧត្តមសិក្សា យើងជ្រើសយកប្រព័ន្ធអប់រំអាមេរិកាំងដែលខ្ញុំរៀបរាប់ខាងលើ យកមកធ្វើជាគំរូតែម្តងទៅ ដ្បិតវាសាមញ្ញ ងាយយល់ ។ មានរឿងពិតមួយដែលខ្ញុំគួរលើកយកមកនិយាយនៅទីនេះ ។ បន្ទាប់ពីប្រឡងជាប់សញ្ញប័ត្រមធ្យមសិក្សាបឋមភូមិនៅក្នុងជំរំសាយធូ ខ្ញុំបានមកបន្តការសិក្សានៅសហរដ្ឋអាមេរិក ។ ខ្ញុំមានឱកាសបានរៀននៅមធ្យមសិក្សាជាន់ខ្ពស់ (High School) ចំនួនមួយឆ្នាំកន្លះ ។ ដោយហេតុតែពេលវេលាខ្លីពេក ខ្ញុំមិនអាចសន្សំក្រេឌីតបានគ្រប់គ្រាន់ដើម្បីទទួលបានសញ្ញាប័ត្រឡើយ ។ នៅឆ្នាំចុងក្រោយនៃការសិក្សា ខ្ញុំបានទៅប្រឡង TOEFL ដើម្បីត្រៀមចូលរៀននៅឧត្តមសិក្សារួចហើយ ។ ប៉ុន្តែ បើគ្មានសញ្ញាប័ត្រមធ្យមសិក្សាជាន់ខ្ពស់ ខ្ញុំមិនអាចចូលរៀននៅឧត្តមសិក្សាដោយយកពិន្ទុ TOEFL ជាគោលបានឡើយ ។ ដោយយល់ច្រឡំថា សញ្ញាប័ត្រ "ឌីប្លូម" នៅមធ្យមសិក្សារបស់ខ្មែរ ស្មើនឹងសញ្ញាប័ត្រ "ឌីប្លូម" មធ្យមសិក្សាអាមេរិកាំង ខ្ញុំបានយកប្រការប្រឡងជាប់សញ្ញាប័ត្រឌីប្លូមនៅស្រុកខ្មែរ ទៅប្រាប់អ្នកគ្រូម្នាក់ ។ គាត់បានជួយអន្តរាគមឲ្យខ្ញុំទៅជួបនាយកសាលា ដើម្បីស្វែងរកមធ្យោបាយដោះស្រាយឧបស័គ្គ ។ បន្ទាប់ពីសួរនាំអំពីមុខវិជ្ជានានាដែលខ្ញុំបានសិក្សានៅឯសាលាក្នុងជំរំជនភៀសខ្លួន លោកនាយកសាលាបានសម្រេចចិត្តផ្តល់សញ្ញាប័ត្រមធ្យមសិក្សាជាន់ខ្ពស់មកឲ្យខ្ញុំ ដើម្បីបានទៅបន្តការសិក្សានៅឧត្តមសិក្សា ។ ថ្វីដ្បិតតែខ្ញុំទទួលបានជោគជ័យជាមួយការយល់ច្រឡំនោះ ខ្ញុំទៅរងកម្មហានិភ័យដូចក្របីជាប់ភក់នៅឯឧត្តមសិក្សា ។ មុននឹងគេអនុញាតិឲ្យយើងរៀននូវមុខវិជ្ជាមួយចំនួន គេតម្រូវឲ្យយើងប្រឡងកម្រិតសិក្សា (Take placement test) ជាមុនសិន ។ បើពិន្ទុយើងមិនដល់កម្រិត គេតម្រូវឲ្យយើងរៀននៅក្នុងកម្មវិធីដែលមិនទទួលបានក្រេឌីតជាមុន (Non-credit courses) ដើម្បីឆ្លងទៅកាន់ការសិក្សាយកសញ្ញាប័ត្រ ។ ថ្នាក់អត់ក្រេឌីតទាំងនេះ យើងត្រូវចំណាយទាំងប្រាក់ ទាំងពេលវេលាដើម្បីសិក្សា ហើយមិនទទួលបានសារប្រយោជន៍អ្វីធំដុំទេ ដ្បិតគេអត់រាប់បញ្ចូលវានៅក្នុងកម្មវិធីសញ្ញាប័ត្រអ្វីមួយឡើយ ។ អ្នកអាចស្រមៃមើលថា និស្សិតរៀនត្រឹម ៨ ឬ ៩ឆ្នាំ ទៅប្រឡងប្រជែងជាមួយនឹងគេរៀនអស់កាល ១២ឆ្នាំ តើយើងអាចឈរជើងបានកម្ពស់ណា ។ បើកុំតែខ្ញុំបានបន្តការសិក្សាមួយឆ្នាំកន្លះនៅមធ្យមសិក្សាជាន់ខ្ពស់អាមេរិកាំង ខ្ញុំមិនដឹងជាទៅភ្លឺនៅឯណាទេ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវប្រឈមជាមួយនឹងការរៀនដោយមិនទទួលបានក្រេឌីតមួយរយៈដែរ ។ ដើម្បីដោះស្រាយបញ្ហាវៃឆ្លាតខុសក្បួនរបស់ខ្ញុំ ខ្ញុំបានទៅរុកគួនទីប្រឹក្សាសិក្សារបស់ខ្ញុំ (College advisor) សុំរៀននៅក្នុងស្ថានភាពមួយដែលភាសាអង់គ្លេសហៅថា៖ In tandum ។ គឺយើងរៀននៅក្នុងមុខវិជ្ជាអត់ក្រេឌីតដែលគេតម្រូវឲ្យយើងរៀនជាមុនផង និងរៀនមុខវិជ្ជាបន្ទាប់ដែលមានក្រេឌីតផង នៅក្នុងពេលតែមួយ ។ ធ្វើដូច្នេះ ខ្ញុំខាតតែប្រាក់ ប៉ុន្តែអាចសន្សំពេលវេលាបានខ្លះ ។ បើខ្ញុំរៀនធ្លាក់ថ្នាក់ណាមួយ ខ្ញុំនឹងខាតប្រាក់និងពេលវេលាទ្វេដង ។ វាជាការប្រថុយប្រថានប្រភេទពូថៅឆែប ។ ជារួម ការប្រឈមនឹងឧបស័គ្គក្នុងស្ថានភាពល្ហល្ហេវដូចជាអ្វីដែលខ្ញុំបានឆ្លងកាត់ គឺជាកត្តាដ៏ធំបំផុតដែលធ្វើឲ្យនិស្សិតលះបង់ការសិក្សានៅឧត្តមសិក្សា (Drop out) ។ វាជាការយកឆន្ទៈទៅប្រយុទ្ធជាមួយនឹងចំណេះដឹង (Will versus knowledge) ។ ការសិក្សានៅក្នុងស្ថានភាពនេះ ផុយស្រួយណាស់ (Very precarious) ។ ពេលយើងសិក្សាដោយផ្អែកលើឆន្ទៈច្រើនជាងចំណេះដឹង យើងងាយនឹងធ្លាក់ទឹកចិត្តជាមួយនឹង ការទុញទាល់ខ្វល់ខ្វាយណាយនឿយនឹងមេរៀននានា ។ នៅក្នុងភាសាខ្មែរ យើងមានពាក្យមួយឃ្លារៀបរាប់អំពីប្រការនេះគឺ៖ "រៀនមិនចេះ" ។ ក៏ប៉ុន្តែ បើយើងពិនិត្យឲ្យបានល្អិតល្អន់បន្តិច វាគឺជាកត្តា៖ "មិនចេះរៀន" ច្រើនជាង ៕

Friday, August 30, 2024

ចំណីខួរក្បាល

CLV (Clever Long-term Vision) "អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុងតំបន់ដល់កម្រិតណាហើយ ។ យើងមានផ្លូវ មានភ្លើងអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដែលមិនធ្លាប់មានពីមុនមក ។ ការលើកឡើងថា ខ្មែរបាត់បង់ទឹកដីនោះវាទៅមិនរួចទេ ដ្បិតយើងមានពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនជាច្រើន ដែលជារបងការពារបូរណភាពទឹកដី មិនអាចឲ្យគេឈ្លានពានបានងាយៗនោះឡើយ" ។ "ដីរបស់យើង វាមិនបាត់បង់ទៅណាទេបង ។ វាគ្រាន់តែដូរម្ចាស់ ដូចនៅកម្ពុជាក្រោមអ៊ីចឹង" ។ ខាងលើនេះ ជាសម្រង់កិច្ចសន្ទនារបស់ជនជាតិខ្មែរពីររូប ម្នាក់រស់នៅក្នុងប្រទេសកម្ពុជា និង ម្នាក់ទៀតរស់នៅឯបរទេស ពាក់ព័ន្ធនឹងការអភិវឌ្ឍរួមគ្នារវាងកម្ពុជា ឡាវ និង វៀតណាម នៅតំបន់ព្រំប្រទល់មុំបី ។ អ្នកទាំងពីរហាក់ដូចជាមានចំណេះដឹងប្រហាក់ប្រហែលគ្នា គ្រាន់តែម្នាក់ជាចាបរស់នៅក្នុងទ្រុង និង ម្នាក់ទៀតជាចាបរស់នៅក្នុងព្រៃ ។ និយាយឲ្យងាយយល់ ម្នាក់រស់នៅក្នុងប្រទេសដែលអាជ្ញាធរវាស់ម៉ែត្រឲ្យគិត និង ម្នាក់ទៀតរស់នៅក្នុងប្រទេសដែលមានសេរីភាពគិតឥតព្រំដែន ។ ថ្វីដ្បិតតែគ្មាននរណាអាចគ្រប់គ្រងការគិតរបស់មនុស្សក៏ពិតមែន ប៉ុន្តែនៅពេលសង្គមមួយគៀបសង្កត់សេរីភាពពលរដ្ឋធ្ងន់ធ្ងរ ពលរដ្ឋមិនអាចគិតឲ្យបានឆ្ងាយហួសពីជើងមុងឡើយ នៅពេលដែលមនុស្សដែលរស់នៅក្នុងសង្គមប្រកបទៅដោយសេរីភាពបរិបូណ៌ គេអាចគិតរហូតដល់ជើងមេឃ ។ នៅពេលប្រជាជាតិមួយ ដែលមានពូជអម្បូរវប្បធម៌និងភក្តីភាពមកលើមាតុភូមិដូចគ្នា គិតខុសគ្នាដូច្នេះ តើប្រជាជាតិពីរ ឬបី ដែលមានវប្បធម៌ទីទៃពីគ្នា ចូលរួមរកសុីអភិវឌ្ឍទឹកដីហ៊ុនគ្នា គិតអំពីការទាញយកសារប្រយោជន៍អំពីការអភិវឌ្ឍនោះ ខុសគ្នាកម្រិតណាទៅ ។ នេះគឺជាប្រធានបទ ដែលខ្មែរយើងគួរលើកយកមកត្រិះរិះគិតទាំងអស់គ្នា មិនថាអ្នកនោះមាននិន្នាការនយោបាយទោរទន់ទៅខាងណាឡើយ ។ ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និង វៀណាម (CLV) វាស្ទើរតែមិនចាំបាច់នរណានិយាយទេថា វៀតណាម ជាអ្នកតាក់តែង ឬបំភ្លឺផ្លូវ (Initiator) ។ ក្រៅអំពីរៀបចំគម្រោង វៀតណាមក៏ជាអ្នកដាក់ដើមទុនច្រើនជាងគេដែរ (Lead Investor) ។ នៅក្នុងគោលការណ៍រកសុីចូលគ្នា អ្នកដែលដាក់ភាគហ៊ុនខ្ពស់ជាងគេ ក៏ជាអ្នកមានឥទ្ធិពលខ្ពស់ ឬទូលំទូលាយជាងគេនៅក្នុងការសម្រេចចិត្តនានា ។ ទុករឿងបច្ចេកទេសនេះមួយឡែក និយាយអំពីការគិតរបស់ខ្មែរនិងយួនដែលជាភាគី ឬក៏ភាគហ៊ុនិក នៃការរកសុីអភិវឌ្ឍន៍ទឹកដីរួមគ្នានេះវិញម្តង ។ ផ្អែកលើការបកស្រាយនានាស្រដៀងគ្នានឹងអ្វីដែលខ្ញុំបានដកស្រង់ដាក់នៅខាងដើមអត្ថបទ ជនជាតិខ្មែរជាច្រើនចាប់ពីនាយករដ្ឋមន្ត្រី រហូតដល់ជនជាតិភាគតិចរស់នៅក្នុងព្រៃមិនដែលស្គាល់អ្វីថាជាការអភិវឌ្ឍផងនោះ គិតថា ការអភិវឌ្ឍនៅតំបន់កន្ទុយនាគរាប់បញ្ចូលខេត្តទាំងបួនរបស់ខ្មែរនៅភាគឦសាន វានឹងធ្វើឲ្យតំបន់នោះរីកចម្រើន ។ អ្វីដែលសំខាន់លើសលប់បំផុត គឺយើងនឹងមានផ្លូវគមនាគមន៍គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ។ នៅពេលដែលយើងមានហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះហើយ វានឹងសម្រួលដល់ការចូលទៅតាំងទីលំនៅរបស់ពលរដ្ឋខ្មែរ នៅក្នុងតំបន់ដាច់ស្រយាលតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីធ្វើជាខែលការពារបូរណភាពទឹកដីកម្ពុជា ។ នៅពេលបានឃើញមន្ត្រីរាជការខ្មែរ រាប់បញ្ចូលទាំងបញ្ញាជននានាផងដែរ បកស្រាយការអភិវឌ្ឍរួមគ្នារវាងកម្ពុជា ឡាវ និង វៀតណាម តាមលម្អានទិដ្ឋិខាងលើនេះ ខ្ញុំស្ទើរតែស្រែកយំ ។ ខ្ញុំលួចសួរខ្លួនឯងថា តើខ្ញុំសិក្សាប្រវត្តិសាស្ត្រខ្មែររហូតដល់ឡប់សតិហើយឬ ។ ប្រភពឯកសារសិក្សាប្រវត្តិសាស្ត្រខ្មែរដែលពួកយើងរៀន គឺចេញមកអំពីកំណត់ត្រារបស់បុព្វបុរសខ្មែរដូចគ្នា ។ ចុះហេតុអ្វីក៏ខ្ញុំមើលឃើញទិដ្ឋភាពផ្ទុយអំពីអ្នកដទៃ ។ ជាបឋម ពលរដ្ឋខ្មែរតាំងតែពីកកើតទឹកដីកម្ពុជាមក មិនដែលមានចំណូលចិត្តទៅរស់នៅក្នុងតំបន់ព្រៃភ្នំទេ ។ បើមិនដូច្នោះទេ តំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា មិនមែនខ្សត់មនុស្សរស់នៅរហូតដល់សព្វថ្ងៃឡើយ ។ ឯរឿងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដើម្បីសម្រួលឲ្យពលរដ្ឋចូលទៅតាំងទីលំនៅ នៅក្នុងតំបន់ដាច់ស្រយាលតាមបន្ទាត់ព្រុំដែន វាគឺជាគំនិតបញ្ច្រាសទិសមួយ ដែលលើកស្ទួយអត្ថប្រយោជន៍វៀតណាមច្រើនជាងខ្មែរ ។ បើពលរដ្ឋខ្មែរគ្មានចំណង់ចំណូលចិត្តនឹងទៅរស់នៅក្នុងតំបន់ព្រៃភ្នំទាំងនោះទេ អ្នកដទៃគេនឹងទៅរស់នៅជំនួសយើងជាក់ជាមិនខាន ។ ក្នុងនាមជាមិត្តមុឺនឆ្នាំ ទំនាក់ទំនងប្រវត្តិសាស្ត្ររវាងខ្មែរនិងយួន មានព្រឹត្តិការណ៍ពីរករណីដែលលេចធ្លោជាងគេ ។ ព្រឹត្តិការណ៍ទាំងពីរនេះ សព្វថ្ងៃមិនមានបង្រៀននៅក្នុងកម្មវិធីសិក្សារបស់ខ្មែរឡើយ ។ ហើយក៏ប្រហែលជាមិនមានមនុស្សច្រើនដែរ ដែលនៅចងចាំ ។ ទីមួយគឺវៀតណាមសុំខ្ចីទឹកដីខ្មែរនៅតំបន់ កំពុបស្រកាត្រីនិងព្រៃនគរ ដើម្បីហ្វឹកហ្វឺនទ័ពទប់ទល់នឹងក្រុមបះបោរ តៃសឺន (The Tyson Rebellion) ។ ទីពីរគឺវៀតណាមសុំឲ្យពលរដ្ឋគេចូលមកធ្វើជំនួញជួញដូរនៅតំបន់ព្រៃនគរ ។ អ្វីៗដែលកើតឡើងបន្តអំពីព្រឹត្តិការណ៍ទាំងពីរនោះមក ខ្មែរយើងមានកម្ពុជាក្រោមជាតឹកតាងស្រាប់ហើយ ។ មិនចាំបាច់ខ្ញុំពណ៌នាវែងឆ្ងាយទេ ។ ប្រវត្តិសាស្ត្រ នៅពេលដែលវាដើរជាន់ដានចាស់ វាអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជាតិមួយ ហើយវាក៏អាចបង្កលាភឲ្យប្រជាជាតិមួយទៀតដែរ ។ វាគឺជាអ្វីដែលភាសាអង់គ្លេសហៅថា៖ Zero sum game (អាមួយចាញ់ អាមួយឈ្នះ) ។ នៅក្នុងករណី CLV ថ្វីដ្បិតតែយើងមិនអាចដឹងអំពីអ្វីដែលនៅពីក្រោយការគិត របស់រដ្ឋាភិបាលវៀតណាមក៏ពិតមែន តែយើងអាចមើលឃើញគោលដៅរបស់គេច្បាស់ក្រឡែត ប្រសិនបើយើងព្យាយាមមើលឲ្យហួសពីជើងមុង ។ វៀតណាមគេយកគោលការណ៍ "ធ្វើជំនួញជួញដូរនៅតំបន់ព្រៃនគរ" មកអនុវត្តិម្តងទៀត ។ ផ្គុំជាមួយនឹងគោលការណ៍នេះ គេក៏យកគំរូរបស់បារាំងដាំកៅស៊ូនៅស្រុកខ្មែរមកអនុវត្តិផងដែរ ។ អ្នកដែលយល់ដឹងប្រវត្តិសាស្ត្រខ្មែរច្បាស់លាស់ អានអត្ថបទដល់ត្រឹមតែចំណុចនេះ ក៏ប្រហែលជាយល់ដល់ចុងបញ្ចប់រួចទៅហើយ មិនចាំបាច់អានរហូតដល់ចប់ទេ ។ យោងតាមលិខិតស្នាមនៃកិច្ចព្រមព្រៀងនិងសេចក្តីថ្លែងនានា ពាក់ព័ន្ធនឹងការរចនាស្ថាបនាដំណើរការនៃការអភិវឌ្ឍទឹកដីរួមគ្នា វាបានបង្ហាញយ៉ាងច្បាស់ថា ខ្មែរផ្តោតទស្សនវិស័យ (Vision) ក្នុងទម្រង់ភូមិសាស្ត្រ (Geography) ។ ឯវៀតណាមគេផ្តោតទស្សនវិស័យក្នុងទម្រង់ប្រជាសាស្ត្រ (Demography) ។ គួរកត់សម្គាល់ថា ខ្ញុំឲ្យនិយមន័យលើពាក្យ "ប្រជាសាស្ត្រ" ដោយផ្អែកលើពាក្យបីម៉ាត់នៅក្នុងភាសាអង់គ្លេស៖ Migration, Settlement, and Integration (ចំណាកស្រុក ជ្រកកោន និង សមាហរណកម្ម) ។ បើយើងប្រៀបធៀបទស្សនវិស័យទាំងពីរ (Visions) នៅក្នុងគម្រោងនេះវិញ រដ្ឋាភិបាលខ្មែរសម្លឹងត្រឹមជើងមុង ។ ឯរដ្ឋាភិបាលវៀតណាម សម្លឹងរហូតដល់ជើងមេឃ ។ នេះគឺភាពខុសគ្នាមួយដែលយើងអាចមើលឃើញ ពាក់ព័ន្ធនឹងគម្រោង CLV ។ តើយើងមើលយល់ដោយរបៀបណា ។ សកម្មភាព! នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាដែលនិយាយថា៖ Action speaks louder than word (សកម្មភាព បង្ហាញអំពីចេតនា) ។ ឧត្តមសេនីយ៍ចក្រភពរ៉ូម៉ាំងមួយរូបនិយាយថា៖ Slow, but sure! (យឺត! ក៏ប៉ុន្តែប្រាកដប្រជា ឬជោគជ័យ) ។ នេះគឺជាវិន័យមួយដែលមេដឹកនាំវៀតណាមបានអនុវត្តិជាច្រើនជំនាន់មកហើយ ។ គួបផ្សំវិន័យនេះជាមួយនឹងវប្បធម៌តស៊ូអត់ធ្មត់ប្រឈមនឹងភាពលំបាកវេទនា វាបានក្លាយទៅជាកត្តាជម្រុញមួយ ជួយឲ្យពលរដ្ឋវៀតណាមជម្នះបាននូវឧបស័គ្គជាច្រើន ដែលរារាំងដំណើរប្រជាសាស្ត្ររបស់ពួកគេចាប់ពីឈូងសមុទ្រតុងកឹង រហូតដល់ចុងជ្រោយខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ។ ប្រជាសាស្ត្រ (Demographic Assimilation) មានទ្រង់ទ្រាយស្រដៀងគ្នានឹងលំហូរទឹក ។ ធម្មជាតិនៃទឹកគឺហូរពីទីខ្ពស់ទៅទីទាប ។ ឯមនុស្សគឺហូរពីទីចង្អៀតទៅទីទូលាយ ។ ចង្អៀតនៅទីនេះគឺយើងសំដៅដល់ ចង្អៀតសេរីភាព ចង្អៀតសេដ្ឋកិច្ច ចង្អៀតទឹកដីសម្រាប់រស់នៅ និង ចង្អៀតចិត្ត (យើងអាចបន្ថែមកត្តាចង្អៀតជាច្រើនផ្សេងទៀត) ។ ធម្មជាតិនៃមនុស្ស នៅពេលប្រឈមនឹងកត្តាចង្អៀត មិនថាចង្អៀតចិត្ត ឬចង្អៀតស្អីផ្សេងទៀតឡើយ តែងតែសម្លឹងប្រមើលមើលទៅឆ្ងាយ ។ គឺឆ្ងាយរហូតដល់ជើងមេឃ ។ មេដឹកនាំវៀតណាមក៏ជាមនុស្សដែរ ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាចង្អៀតដែលពលរដ្ឋខ្លួនប្រឈម គម្រោង CLV គឺជាដំណោះស្រាយមួយដែលចាំបាច់ជាទីបំផុត ។ បើយើងសង្កេតមើលគោលនយោបាយរបស់ប្រទេសវៀតណាមជាមួយនឹងកម្ពុជា វៀតណាមបានចាប់ផ្តើមគម្រោង CLV តាំងតែពី CLV មិនទាន់កើតចេញជារូបរាងម្លេះ ។ ជំហានទីមួយគឺដីសម្បទានសម្រាប់ដាំដំណាំកៅស៊ូដែលមានរយៈពេល ៩៩ឆ្នាំ នៅភាគឦសាននៃប្រទេសកម្ពុជា ។ ការវិនិយោគលើដំណាំកៅស៊ូនេះ វៀតណាមយកគំរូតាមអាណានិគមបារាំងស្ទើរតែទាំងស្រុង ។ គេសាងសង់ភូមិកម្មករស្រដៀងគ្នានឹងភូមិកម្មកររបស់បារាំងនៅចំការកៅស៊ូ ជប់ កាលពីអតីតកាលដែរ ។ អ្នកដែលរស់នៅក្នុងភូមិកម្មករទាំងនោះគឺជាគ្រួសារនៃកម្មករជនជាតិវៀតណាម ។ នៅក្នុងទស្សនវិស័យរបស់រដ្ឋាភិបាលវៀតណាម កម្មករចម្ការកៅស៊ូដែលចូលមកជ្រកកោនក្នុងទឹកដីខ្មែរពីដើមទីនេះ គឺគ្រាន់តែជាបញ្ញើក្អែកតែប៉ុណ្ណោះ ។ អ្វីដែលជាបំណងធំ គឺកូននិងចៅរបស់កម្មករទាំងនោះ ។ រយៈពេល ៩៩ឆ្នាំ មនុស្សអាចបង្កើតកូនបានយ៉ាងហោចណាស់ក៏បីជំនាន់ដែរ ។ ជាគោលការណ៍អន្តរជាតិ យើងកើតនៅទីណាឬក្នុងប្រទេសណា ប្រទេសនោះគឺជា "ភូមិកំណើត" របស់យើង ។ កម្មករ ១០០០គ្រួសារ បើយើងគិតជាមធ្យមក្នុងមួយគ្រួសារអាចបង្កើតកូនបានបីនាក់ យើងយកចំនួននេះគុននឹង ១០០០ រួចគុននឹង ៣ជំនាន់ យើងអាចនឹងរកឃើញអត្រានៃកំណើនពលរដ្ឋខ្មែរដើមកំណើតវៀតណាមជាក់ជាមិនខានឡើយ ។ គួរកត់សម្គាល់ថា កាលជំនាន់សន្ធិសញ្ញាក្រុងប៉ារីស និង អ៊ុនតាក់ គ្រប់គ្រងប្រទេសកម្ពុជា អន្តោប្រវេសជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជានាគ្រានោះ បានយកកត្តាដូនតាពួកគេដែលអាណានិគមបារាំងយកមកធ្វើការងារនៅស្រុកខ្មែរ ជាមូលដ្ឋានដើម្បីបញ្ជាក់អំពីភាវស្របច្បាប់របស់ពលរដ្ឋ ។ ការបង្កើតតំបន់អភិវឌ្ឃ CLV គឺដើម្បីសម្រួលដល់ការចេញចូលរកសុីនិងបោះទុនវិនិយោគនៅក្នុងតំបន់ ។ សម្រាប់ប្រទេសខ្មែរ យើងមិនចាំបាច់ព្រួយទេ ។ កាប់ព្រៃឈូសឆាយធ្វើផ្លូវគមនាគមន៍ឲ្យតែស្អាតទៅ ពាណិជ្ជករវៀតណាមនឹងចូលមកបោះទុន អភិវឌ្ឍនៅក្នុងតំបន់ដាច់ស្រយាលរបស់យើងភ្លូកទឹកភ្លូកដី ។ យ៉ាងយូរ២០ឆ្នាំទៅមុខទៀត ខេត្តរតនគីរី និង មណ្ឌលគីរី នឹងមានអ្វីដែលភាសាអង់គ្លេសហៅថា Skyscraper (អគារខ្ពស់ៗ) ។ ជាថ្មីម្តងទៀត ប្រជាសាស្ត្រក្នុងទម្រង់កម្មករចម្ការកៅស៊ូគឺជាគំរូ គ្រាន់តែមួយដើរតាមបែបបទ កម្មករ មួយទៀតដើរតាមបែបបទ ពាណិជ្ជករ ឬ មួយយកគំរូតាមបារាំង និង មួយទៀតយកគំរូតាមបុព្វការីជនវៀតណាម ដែលធ្លាប់បានអនុវត្តិនៅតំបន់ព្រៃនគរបានជោគជ័យរួចម្តងហើយ ។ ផ្លូវពីរផ្សេងគ្នា ក៏ប៉ុន្តែវាទៅជួបគ្នានៅក្នុងចំណុចតែមួយ ។ ក្រៅអំពីប្រជាសាស្ត្រចូលមកពីខាងក្រៅ យើងនៅមានប្រជាសាស្ត្រចេញពីក្នុងប្រទេសមួយផ្នែកទៀត ។ អន្តោប្រវេសជន ជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ស្របច្បាប់ក្តី មិនស្របច្បាប់ក្តី ភាគច្រើនគឺរស់នៅលើផ្ទះបណ្តែតទឹក និងនៅក្នុងសហគមន៍ដែលមានស្ថានភាពចង្អៀតណែនណាន់តាន់តាប់ ដូចជានៅច្បារអំពៅជាដើម ។ នៅពេល CLV មានហេដ្ឋារចនាសម្ព័ន្ធនិងវិស័យពាណិជ្ជកម្មរីកចម្រើនសមរម្យ ហើយត្រូវការធនធានមនុស្សដើម្បីបម្រើការងារ គួបផ្សំជាមួយនឹងការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលកម្ពុជា ឲ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងតំបន់នោះផង យើងអាចរំពឹងនឹងឃើញកំណើនអន្តោប្រវេសជនវៀតណាម ចូលទៅរស់នៅទីនោះច្រើនជាងខ្មែរ ដ្បិតអី បើវិនិយោគិននៅទីនោះភាគច្រើនមកពីវៀតណាម រឿងអីដែលគេមិនត្រូវការមនុស្សដែលមានពូជអម្បូរនិងវប្បធម៌ដូចគ្នា មកបម្រើកិច្ចការងារពាណិជ្ជកម្មរបស់គេ ។ អំណឹះទៅមុខ តំបន់អភិវឌ្ឍ CLV នៅក្នុងខេត្តទាំងបួននៃភាគឦសានប្រទេសខ្មែរ នឹងកែប្រែមុខមាត់ (Literally!) ។ សម្រាប់ពលរដ្ឋខ្មែរដែលព្រួយបារម្ភអំពីការបាត់បង់ទឹកដី ដោយសារការអភិវឌ្ឍរួមគ្នានេះ វាគ្មានអ្វីដែលត្រូវព្រួយបារម្ភទេ ។ ខ្ញុំហ៊ានអះអាងថា ទឹកដីខ្មែរនៅក្នុងតំបន់នោះ មិនបាត់បង់ទៅណាឡើយ ។ ដូរម្ចាស់ដូចការអះអាងរបស់ខ្មែរម្នាក់ដែលខ្ញុំស្រង់សម្តីនៅដើមអត្ថបទ ក៏អត់ដូរដែរ ។ អ្វីដែលផ្លាស់ប្តូរគឺ ពូជអម្បូរមនុស្សដែលចូលទៅរស់នៅក្នុងតំបន់នោះ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្តែងមួយអំពីប្រជាសាស្ត្រ មកលាតត្រដាងដើម្បីឲ្យឃើញច្បាស់ដូចពន្លឺថ្ឌៃ ។ សារភាពតាមត្រង់ នៅពេលសរសេរអត្ថបទរិះគន់យុទ្ធវិធីប្រជាសាស្ត្ររបស់វៀតណាមនេះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាកំពុងតែស្តោះទឹកមាត់ដាក់លើបាតដៃខ្លួនឯង ពីព្រោះខ្ញុំគឺជាមនុស្សកើតចេញអំពីប្រជាសាស្ត្រទាំងសាច់ទាំងឆ្អឹង ។ ខ្ញុំកើតមកមានស្លាកប្រជាសាស្ត្របិទនៅលើក្បាលតាំងតែពីនៅក្នុងផ្ទៃម្តាយ គ្រាន់តែគ្មាននរណាមើលស្គាល់ ។ កាលពីឆ្នាំប្រហែលជា ១៩០០ បុព្វការីជនរបស់ខ្ញុំបានចាកចេញពីប្រទេសចិន មកជ្រកកោននៅតំបន់ព្រៃនគរ ដែលជាទឹកដីខ្មែរប្រែក្លាយជាតំបន់ស្វ័យតរបស់អាណានិគមបារាំង ។ ព្រឹត្តិការណ៍ ឬកត្តាដែលញ៉ាំងឲ្យបុព្វការីជនរបស់ខ្ញុំមកជ្រកកោននៅក្នុងស្រុកខ្មែរ ប្រហែលជាកើតចេញអំពីបដិវត្តិន៍អ្នកគុននិយម (Boxer Rebellion) នៅប្រទេសចិន ។ វាជាការបះបោរមួយប្រឆាំងនឹងការរុករានទន្ទ្រានកាន់កាប់ទឹកដីចិន ពីសំណាក់ជនបរទេស ។ ដើមឡើយ រាជនីមេម៉ាយ សុីសុី (Empress Dowager Cixi) ដែលជាអ្នកដឹកនាំប្រទេសចិននាគ្រានោះ គាំទ្រការបះបោររបស់ក្រុមអ្នកបដិវត្ត ។ ប៉ុន្តែ ដើម្បីរក្សាសុវត្ថិភាពរាជបាល្ល័ង្គ គាត់ក៏ដូរចិត្តចូលដៃជាមួយពួកបរទេសថ្កោលទោសជនរួមជាតិខ្លួនទៅវិញ ។ មិនដឹងថាបុព្វការីជនរបស់ខ្ញុំពាក់ព័ន្ធនឹងបដិវត្តិន៍នោះដែរ ឬក៏យ៉ាងណាទេ ។ ប៉ុន្តែ ដំណើរចូលមកជ្រកកោនក្នុងប្រទេសខ្មែររបស់គាត់ គាប់ជួនជាមួយនឹងព្រឹត្តិការណ៍នោះ ។ នៅពេលបុព្វការីជនរបស់ខ្ញុំចាប់ផ្តើមកសាងគ្រួសារនៅតំបន់ ព្រៃនគរ យើងមិនដឹងថា តើគាត់មានភរិយាជាជនជាតិចិន ចាម យួន ឬក៏ខ្មែរទេ ។ យើងគ្រាន់តែដឹងថា កូនប្រុសរបស់គាត់ម្នាក់ដែលត្រូវជាជីតាទួតរបស់ខ្ញុំ បានក្លាយជា អុងប៉ាង ហើយមកតាំងទីលំនៅនៅក្នុងស្រុក ត្បួងឃ្មុំ ។ បន្ទាប់មក កូនប្រុសម្នាក់របស់អុងប៉ាងនោះ ដែលត្រូវជាជីតាខ្ញុំ បានមកតាំងទីលំនៅនៅភូមិ ជប់ ។ ផ្ទះរបស់គាត់ស្ថិតនៅនឹងផ្លូវកែងចំពីមុខខ្លោងទ្វារចូលទៅកាន់បរិវេណរោងចក្រកៅស៊ូរបស់បារាំង ។ គឺទីនោះហើយដែលឪពុកខ្ញុំបានចាប់កំណើត ។ បន្តមកទៀត ឪពុកខ្ញុំបានមកភពប្រសព្វជាមួយនឹងម្តាយខ្ញុំនៅភូមិ ជីរោទិ៍ ដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទល់មុខទីក្រុងកំពង់ចាម ។ ឪពុកខ្ញុំមានតួនាទីជាចៅសង្កាត់ជីរោទិ៍ នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ។ ភូមិ ជីរោទិ៍ គឺជាទីកំណើតរបស់ខ្ញុំ ។ បើគិតជាថេរវេលា ដំណើរលីលាប្រជាសាស្ត្ររបស់សាច់សាលោហិតខ្ញុំចំនួន ៤ ជំនាន់ ពីព្រៃនគរមកដល់ត្រើយខាងកើតនៃទីក្រុង កំពង់ចាម ត្រូវការពេលវេលាប្រមាណជា ៩០ឆ្នាំ ។ ជីវិតរបស់ប្រជាជាតិមួយ គឺមិនខុសអំពីជីវិតមនុស្សម្នាក់ឡើយ ។ យើងរមែងជួបនឹងបញ្ហាគ្មានទីបញ្ចប់ ។ បញ្ហាប្រជាសាស្ត្រជនជាតិវៀតណាមចូលមកក្នុងទឹកដីខ្មែរ មិនមែនជារឿងដែលយើងមិនអាចដោះស្រាយបាននោះទេ ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងយើងដោះស្រាយបញ្ហា យើងត្រូវស្គាល់ទ្រង់ទ្រាយរបស់វា ហើយរិះរករូបមន្តសមប្រកបណាមួយមកធ្វើជាគោល ។ នៅផ្នែកខាងលើនៃអត្ថបទនេះ ខ្ញុំបានប្រៀបធៀបប្រជាសាស្ត្រទៅនឹងលំហូរទឹក ។ ធម្មជាតិនៃទឹក គឺវាមានសមត្ថភាព ជ្រាប ជ្រៀតជ្រែក និង ជ្រកកោន ។ គេមិនអាចធ្វើរបងទប់ ឬឃាំងទឹកជាប់ទេ (អត្ថប្បដិរូបសង្កត់ន័យ) ។ ទឹកដែលហូរខ្លាំង វាមានលទ្ធភាពច្រោះកាត់ផ្តាច់ដីទៅជាមួយ (អត្ថប្បដិរូបសង្កត់ន័យ) ។ ក៏ប៉ុន្តែ បើយើងមានអ្វីដែលភាសាអង់គ្លេសហៅថា Ingenuity (ភាពបុិនប្រសប់) យើងអាចទាញយកសារប្រយោជន៍អំពីទឹកបានច្រើនឥតគណនា ។ ពាក់ព័ន្ធនឹងទឹកនៅក្នុងន័យប្រជាសាស្ត្រ វិធីតែមួយគត់ដែលយើងអាចទាញយកសារប្រយោជន៍អំពីទឹក គឺធ្វើឲ្យវាហូរបាចសាចដើម្បីឲ្យលំហូរចុះខ្សោយងាយស្រួលគ្រប់គ្រង ។ មធ្យោបាយមួយដែលអាចធ្វើឲ្យលំហូរទឹកចុះខ្សោយ គឺឧបស័គ្គ (Obstacles) ដូចជាដាក់ដុំថ្មតម្រៀបគ្នាជាច្រើនស្រទាប់ ។ ចំណុចណាអំណោយផល យើងសង់រហាត់ទឹកដើម្បីដងយកទឹកបង្ហូរទៅប្រើប្រាស់តាមសេចក្តីត្រូវ ឬក៏ដាក់កង្ហារឲ្យលំហូរទឹកទាញឌីណាម៉ូបង្កើតឋាមពលអគ្គិសនី (អត្ថប្បដិរូបសង្កត់ន័យ) ។ និយាយឲ្យចំ អនុវត្តិច្បាប់ទម្លាប់ឲ្យបានមធ្យត និង ពង្រឹងវិស័យអប់រំ ជាពិសេសទាក់ទងនឹងវប្បធម៌ អរិយធម៌ និងអក្សាសាស្ត្រ ឲ្យបានរឹងមាំ ។ លំហូរប្រជាសាស្ត្រនៃជនជាតិវៀតណាមមកក្នុងទឹកដីកម្ពុជា គឺជាកត្តាជៀសមិនរួច (Inevitable) ។ សំណួរតែមួយគត់ដែលពលរដ្ឋ ជាពិសេសមេដឹកនាំប្រទេសខ្មែរ ត្រូវលើកយកមកគិតពិចារណាគឺថា តើយើងត្រូវទាញយកសារប្រយោជន៍ អំពីកំណើនពលរដ្ឋប្រជាសាស្ត្រនេះ ដោយរបៀបណា ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយម៉ាត់ដែលគេនិយាយថា៖ Social Fabric (សសៃសូត្រសង្គម) ។ ដើម្បីត្បាញសំពត់ហូលមួយ ដែលមានក្បូរក្បាច់រចនាល្អប្រណិត ដូចជាអ្វីដែលបុព្វបុរសខ្មែរបន្សល់ទុកនៅលើរូបចម្លាក់អប្សរា យើងត្រូវចេះច្នៃយកសសៃសូត្រដែលមានពណ៌ទីទៃពីគ្នា មកផ្គុំឲ្យចេញជាគោម (អត្ថប្បដិរូបសង្កត់ន័យ) ។ កិច្ចការនេះធ្វើទៅបានជោគជ័យឬមិនជោគជ័យ គឺអាស្រ័យលើចំណេះដឹងនិងភាពបុិនប្រសប់ (Knowledge and Ingenuity) ។ នៅក្នុងន័យប្រជាសាស្ត្រក៏ដូចគ្នាដែរ គឺយើងត្រូវការចំណេះដឹងនិងភាពបុិនប្រសប់ ដើម្បីទប់ទល់នឹងបាតុភូត ដ៏គួរឲ្យខ្លាចនេះ ។ បើមិនដូច្នោះទេ វាសនានៃអត្តសញ្ញាណពលរដ្ឋ ក៏ដូចជាប្រទេសខ្មែរ គឺមិនខុសអំពីជនជាតិម្ចាស់ស្រុកនៅទ្វីបអាមេរិកឡើយ ។ ទ្វីបអាមេរិក ជាពិសេសសហរដ្ឋអាមេរិក គឺជាផ្ទាំងទស្សនីយភាពប្រជាសាស្ត្រ ដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ។ វាក៏ជាគំរូដ៏វិសេសវិសាលមួយសម្រាប់សិក្សាអំពីប្រជាសាស្ត្រដែរ ។ នៅក្នុងដំណើរធម្មជាតិនៃប្រជាសាស្ត្រ វប្បធម៌ដែលមិនសូវរឹងមាំ រមែងត្រូវបានស្រូបចូលទៅក្នុងវប្បធម៌ដែលរឹងមាំ (Being absorbed) ។ វប្បធម៌នៅទីនេះគឺសំដៅលើការតស៊ូស្រវាស្រទេញរបស់មនុស្ស នៅក្នុងទម្រង់សសៃសូត្រសង្គម មិនមែនសំណង់ប្រាសាទសីលា ឬក៏សិលាចារឹកឡើយ ។ បើនិយាយអំពីប្រជាសាស្ត្រវិញ វាមានបីទម្រង់ ។ ទីមួយគឺ វប្បធម៌ជនចំណូលថ្មីរលាយចូលទៅក្នុងវប្បធម៌ម្ចាស់ស្រុក ។ ទីពីរគឺ វប្បធម៌ម្ចាស់ស្រុករលាយចូលទៅក្នុងវប្បធម៌ជនចំណូលថ្មី ។ និងទីបីគឺ វប្បធម៌ជនចំណូលថ្មីនិងម្ចាស់ស្រុករស់នៅទន្ទឹមគ្នា (Co-exist side-by-side) ស្រដៀងគ្នានឹងអ្វីដែលយើងអាចមើលឃើញនៅកម្ពុជាក្រោមសព្វថ្ងៃ ។ ត្រង់រស់នៅទន្ទឹមគ្នារបៀបនេះអាចមានរយៈពេលយូរអង្វែងសែងជាតិ ឬក៏យ៉ាងណា គឺអាស្រ័យលើភាពរឹងបុឹងនៃវប្បធម៌នីមួយៗ ។ ប្រជាសាស្ត្រនៅសហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងទម្រង់ទីពីរ ដែលវប្បធម៌ម្ចាស់ស្រុករលាយចូលទៅក្នុងវប្បធម៌ជនចំណូលថ្មីផង និង រលាយបាត់បង់ផង ។ នៅក្នុងករណីប្រទេសកម្ពុជា ជាមួយនឹងប្រជាសាស្ត្រជនជាតិវៀតណាមនាពេលអនាគត បើយើងសង្កេតមើលទម្រង់នានាដែលត្រូវបានអនុវត្តិតាំងតែពីអតីតកាលមក វាជាដំណើរ "ទាត់សំបកកំប៉ុង" តាមបណ្តោយផ្លូវ ។ វៀតណាមអត់រូតរះទេ ក៏ប៉ុន្តែអនុវត្តិគោលការណ៍ប្រជាសាស្ត្រគ្រប់ទម្រង់ រង់ចាំឱកាសអាស្រ័យផល ។ ឆ្មាសក៏ដោយ ឆ្មាខ្មៅក៏ដោយ ឲ្យតែវាចាប់បានកណ្តុរ សម្បុររបស់វាមិនសំខាន់ឡើយ ។ នេះគឺជាអ្វីដែលប្រទេសកម្ពុជាប្រឈមនៅថ្ងៃអនាគត ជាមួយនឹងបញ្ហាប្រជាសាស្ត្រ ។ អរគុណជាអនេកកប្បការ ដែលអានអត្ថបទដ៏វែងអន្លាយនេះ រហូតដល់ចប់ ៕

Thursday, August 15, 2024

ចំណីខួរក្បាល

ដាំបន្លែដោយខ្លួនឯង ពេលមករស់នៅក្នុងផ្ទះបុរី (Townhome) កាលពីបីឆ្នាំមុន យើងមានដីប្រហែល ១០ម៉ែត្របួនជ្រុងនៅខាងក្រោយផ្ទះ ។ យើងសម្រេចច្នៃដីនោះ ដោយកាត់យកប្រមាណជា ៥ម៉ែត្របួនជ្រុងក្រាលឥដ្ឋធ្វើជាកន្លែងអង្គុយលម្ហែ ។ ដីដែលនៅសល់ជុំវិញប្រហែលជា ២ម៉ែត្រកន្លះនៅផ្នែកខាងឆ្វេងដៃនិងខាងក្រោយ និង១ម៉ែត្រកន្លះនៅខាងស្តាំដៃ យើងច្នៃធ្វើជាសួនដាំបន្លែនានា ។ ដីមួយម៉ែត្រកន្លះផ្នែកខាងស្តាំដៃ ខ្ញុំច្នៃធ្វើថ្នាលសម្រាប់ដាំត្រកួន ស្ពៃ និង សាឡាដ ។ ផ្នែកខាងក្រោយខ្ញុំធ្វើទ្រើងពីរជាន់សម្រាប់ដាំ ម្រះ និង ត្រឡាច ។ នៅក្រោមទ្រើងត្រឡាច ខ្ញុំដាំខ្ទឹមសនៅរដូវត្រជាក់ធ្លាក់ទឹកកក ។ ឯដី២ម៉ែត្រកន្លះនៅផ្នែកខាងឆ្វេងដៃ ខ្ញុំលៃដាំម្ទេស ៥ប្រភេទបានប្រហែលជា ៣០ដើម ។ ត្រប់បួនដប់ដើម ។ ប៉េងបោះ ២០ដើម ។ ត្រសក់ពីរជន្លង់ ។ និង សណ្តែកគួពីរជន្លង់ ។ នៅតាមចន្លោះកៀនកោះ ខ្ញុំដាំស្លឹកគ្រៃ ៥គុម្ព ជីរបួនប្រាំមុខ ម្អមពីរកូនកាធុន និងដំណាំខ្លះទៀតដូចជា ក្រូចសើច កន្ទ្រោប ទៀប ស្រកានាគ តាង៉ែន និង ផ្កានានា ដែលខ្ញុំដាំដាក់ក្នុងផើង ។ ដំណាំដូចជាស្រកានាគ ទៀប និង តាង៉ែន ខ្ញុំដាំក្រាន់តែលម្អភ្នែកតែប៉ុណ្ណោះ ។ មិនរំពឹងអាស្រ័យផលទេ ។ ក្រៅអំពីនេះ ខ្ញុំដាំទន្លាប់ពីរដើម និង កន្ទឹម មួយដើមនៅត្រង់ចំណុចកាច់ជ្រុងកម្រាលឥដ្ឋ ដើម្បីផ្តល់ម្លប់ដល់កន្លែងយើងអង្គុយលម្ហែ ។ បើគិតជាថេរវេលា វាទើបតែបានបីឆ្នាំ ។ ដូច្នេះអ្វីៗស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយ ។ ប៉ុន្តែ បើគិតជាភោគផលបន្លែបង្កា ដីតិចតួចនេះអាចផ្គត់ផ្គង់តម្រូវការបានមួយផ្នែកដែរ ដោយមិនចាំបាច់ទៅទិញអំពីផ្សារឡើយ ។ អត្ថបទនេះ ខ្ញុំចង់និយាយអំពីរបៀបដាំនិងថែទាំបន្លែ ។ បច្ចុប្បន្ន ការដាំបន្លែដោយខ្លួនឯងនៅតាមផ្ទះ ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង ។ ហើយក៏មានមនុស្សមួយចំនួន ត្អូញត្អែអំពីការដាំដំណាំមិនសូវទទួលបានលទ្ធផលល្អដែរ ។ ថ្វីដ្បិតតែការដាំដំណាំមិនត្រូវការ ការចំណេះជំនាញជ្រៅជ្រះក៏ដោយ ក៏យើងត្រូវយល់ដឹងអំពីរបៀបដាំនិងថែទាំដំណាំដែរ ទើបរកជោគជ័យឃើញ ។ ក្នុងនាមជាកូនអ្នកចម្ការម្នាក់ ដែលប្រកបរបរដាំបន្លែនៅតាមដងទន្លេមេគង្គជាច្រើនជំនាន់ ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗដល់មនុស្សមួយចំនួន ដែលព្យាយាមដាំបន្លែដោយខ្លួនឯង ។ របៀបដាំដំណាំនេះ ខ្ញុំរៀនអំពីម្តាយខ្ញុំ ។ ម្តាយខ្ញុំក៏រៀនអំពីឪពុកម្តាយគាត់ដែរ ។ វាជាចំណេះដឹងតគ្នា ។ មិនមែនជាចំណេះដឹងដែលខ្ញុំរៀនចេញអំពីសាលាឡើយ ។ ជាបឋម យើងត្រូវស្គាល់ប្រភេទដី ។ នៅអារ្យប្រទេស គេវាស់កម្រិត PH នៃដីដាំដំណាំ ។ ខ្ញុំមិនដែលខ្វល់រឿង ភីអេច ភីអាំងអ្វីទេ ។ ម្តាយខ្ញុំប្រាប់ថា ដីដាំដំណាំអាចមានបីប្រភេទគឺ៖ ដីល្បាយខ្សាច់ ដីកណ្តេង និង ដីច្រេះអាចម៍ដែក ។ ដីល្បាយខ្សាច់គីដីនៅតាមមាត់ទន្លេ ចន្លោះពី ៥០ ទៅ ២០០ម៉ែត្រ ។ ដីកណ្តេងគឺដីបឹង ដែលស្ថិតនៅលើសពី ២០០ម៉ែត្រពីមាត់ទន្លេ ។ អ្នកស្រុកខ្លះហៅដីបឹងថា ដីប្រាំង ។ ឯដីច្រេះអាចម៍ដែកគឺប្រភេទដីឥដ្ឋដែលមានល្បាយគ្រួសថ្មបាយក្រៀមច្រើន ។ ដីប្រភេទនេះសម្បូរនៅខាងខេត្ត កំពង់ធំ និង សៀមរាប ហើយមិនសូវល្អសម្រាប់ដាំបន្លែទេ ។ យើងភ្ជួរតែមួយផាលនង័្គល ទៅដល់ដីច្រេះអាចម៍ដែកហើយ ។ បើជីកឲ្យជ្រៅថែមទៀត យើងនឹងជួបថ្មបាយក្រៀម ។ គឺថ្មនេះហើយដែលបុព្វបុរសខ្មែរយកទៅធ្វើរបងប្រាសាទនានា ។ ការដាំបន្លែនៅតាមបណ្តោយមាត់ទន្លេ មិនជាលំបាកថែទាំណាស់ណាទេ ។ កាលពី ៣០ ឬ ៤០ឆ្នាំកន្លងទៅ យើងគ្មានម៉ាសុីនបូមទឹកនិងបច្ចេកទេសតទុយយោស្រោចស្រព្វដំណាំឡើយ ។ យើងដាំបន្លែដោយពឹងលើរដូវកាលនិងអាកាសធាតុ ហើយទុកឲ្យដំណាំលូតលាស់ទៅតាមសម្មាជីវោរបស់វា ។ គួរកត់សម្គាល់ថា មុនពេលមនុស្សយកវាមកដាំធ្វើជាបន្លែបង្កា រុក្ខជាតិនានាដូចជាត្រឡាច ល្ពៅ ត្រប់ ម្ទេស ជាដើម សុទ្ធសឹងតែជារុក្ខជាតិដុះដោយព្រៃ ។ គ្មាននរណាពូនគុម្ពជ្រុំគល់វាទេ ។ ពីដើមមិញ ដំណាំបន្លែនៅតាមមាត់ទន្លេគឺយើងដាំនៅរដូវទឹកស្រក ឬរដូវរាំងស្ងួត ។ ដោយហេតុតែទឹកទន្លេហូរលិចច្រាំងរៀងរាល់ឆ្នាំ ការដាំបន្លែក៏ត្រូវជ្រើសរើសប្រភេទឲ្យត្រូវទៅនឹងសណ្ឋានដីដែរ ។ កន្លែងខ្លះ មានពំនូកខ្សាច់ ។ កន្លែងខ្លះមានល្បាយខ្សាច់ ។ កន្លែងខ្លះមានដីល្បប់គ្របលើល្បាយខ្សាច់ ។ កន្លែងដែលមានពំនូកខ្សាច់ យើងអាចដាំល្ពៅ ឬ ឃ្លោកនិងត្រឡាចនៅជុំវិញនោះ ដ្បិតដំណាំទាំងបីប្រភេទនេះអាចវារគ្របលើពំនូកខ្សាច់ដែលជាហេតុមិនឲ្យកំដៅជះចេញពីដីខ្សាច់រុកគួនវាបានឡើយ ។ ដីល្បាយខ្សាច់យើងអាចដាំ ត្រសក់ស្រូវនិងឪឡឹក ។ ឯដីដែលមានល្បប់គ្របពីលើ យើងអាចដាំត្រសក់ផ្អ ប៉េងប៉ោះ ម្ទេស និង ត្រប់ ។ ពេលវេលានៃការដាំដុះគឺយើងប្រើទម្ងន់មនុស្ស ។ ចំណុចណាដែលយើងអាចដើរលើបាន គឺអាចដាំបានហើយ ។ យើងត្រូវត្រាំគ្រាប់ត្រសក់និងត្រឡាចឲ្យវាប្រេះមាត់ចាប ឬចេញពន្លកឫសបន្តិចមុននឹងយកទៅដាំ ។ របៀបដាំគឺយើងជីកដោយចបជីកក្នុងទម្រង់ត្រីកោណ ឬបួនជ្រុង ឆ្កឹះយកដីល្បប់ផ្នែកខាងលើចេញ ។ ដាក់គ្រាប់ត្រសក់ ឬត្រឡាច បីឬបួនគ្រាប់ក្នុងមួយរណ្តៅ ។ រួចហើយយកដីល្បាយខ្សាច់លាយអាចម៍គោមួយទូកដៃលប់រណ្តៅ ។ ឯការដាំ ត្រប់ ម្ទេស និង ប៉េងប៉ោះ ក៏មានសណ្ឋានស្រដៀងគ្នាដែរ គ្រាន់តែយើងបណ្តុះកូនត្រប់ ម្ទេស និងប៉េងប៉ោះនៅក្នុងថ្នាល ប្រមាណជាមួយខែមុន ។ កូនត្រប់ម្ទេសនិងប៉េងប៉ោះ ពេលដកចេញពីថ្នាលត្រូវរលាស់ដីចេញពីឫសរបស់វា ។ បន្ទាប់ពីជីករណ្តៅហើយ យើងប្រើឈើបុសបុកក្នុងរណ្តៅនោះជម្រៅប្រមាណពីរថ្នាំងដៃទៀត ។ រូចហើយ យកកូនប៉េងប៉ោះ ត្រប់ ឬម្ទេសមួយដើមដាក់ក្នុងរណ្តៅឈើបុសនោះ ។ បន្ទាប់មក យកដី ឬឆ្កឹះដីល្បាយខ្សាច់នៅមាត់រណ្តៅឈើបុសលប់ឫសកូនដំណាំឲ្យជិត ។ ចុងបញ្ចប់ យកកំសៀវដងទឹកដើរស្រោចកូនដំណាំទាំងនោះមួយច្រូចៗ ។ ការស្រោចទឹកនេះគឹមិនត្រូវឲ្យទឹកប៉ះត្រួយវាទេ ។ កាលពីក្មេង ខ្ញុំធ្លាប់ធ្វើកិច្ចការនេះ ។ ម្តាយខ្ញុំស្រែកទូន្មានខ្ញុំជាប្រចាំ ទោះស្លាប់១០ជាតិក៏នៅតែចាំដែរ ។ យើងដាំកូន ត្រប់ ម្ទេស ប៉េងប៉ោះ នៅពេលល្ងាចហើយស្រោចទឹកវាតែម្តងនេះគត់ ។ ស្អែកឡើង ពេលត្រូវកំដៅថ្ងៃវាស្រឡប់ស្តូក ប៉ុន្តែអត់ងាប់ទេ ។ ពេលកូន ត្រសក់ ត្រឡាច ឃ្លោក ល្ពៅ ប៉េងប៉ោះ ត្រប់ ម្ទេស លាស់ស្លឹកបានពីរឬបី យើងយកចបជីកជ្រុំគល់ ឬគុម្ពវា មួយឬពីរថ្ងៃក្រោយមក យើជម្រះស្មៅ ឬជ្រោយដីតាមបណ្តោយរងរបស់វា ។ ការជ្រោយដីតាមបណ្តោយរងនេះ មានសារសំខាន់ណាស់ ។ វាបំបែកផ្ទាំងដីល្បប់ជាបំណែកតូចៗហើយនិងធ្វើឲ្យវាស្ងួត ។ ដីស្ងួតនៅផ្នែកខាងលើនេះ គឺជាយន្តការទាញទឹកសន្សើមនៅពេលយប់យកទៅផ្គត់ផ្គង់ដីល្បាយខ្សាច់ដែលនៅផ្នែកខាងក្រោម ។ នេះហើយគឺជាវិធីដាំដំណាំបន្លែ ដោយមិនចាំបាច់ស្រោចទឹក ។ ឯការដាំបន្លែនៅលើដីកណ្តេង ឬ ដីបឹង ឬ ដីប្រាំង គេធ្វើតាមវិធីផ្សេង ។ ជាទូទៅ យើងរង់ចាំទាល់តែដីចម្ការរឹងល្មមឲ្យគោដើរលើបាន ទើបភ្ជួរដីនោះហាលឲ្យស្ងួតបន្តិច ។ បន្ទាប់មក យើងយករនាស់ចាក់ដែលមានធ្មេញដែកដូចចម្រូង រាស់លើដីបំណាស់ឲ្យទាល់តែបែកជាដុំៗប៉ុនៗកដៃ ។ ជាមួយគ្នានោះដែរ យើងរាស់នឹងរនាស់ខ្វារចុះឡើងៗ ដើម្បីឲ្យកម្ទេចដីតូចៗធ្លាក់ចុះទៅផ្នែកខាងក្រោម ។ យើងរាស់នឹងរនាស់ចាក់និងរនាស់ខ្វារជាច្រើនដង ដើម្បីបំបែកដីអាចម៍បំណាស់ឲ្យមានល្បាយល្អិតនៅផ្នែកខាងក្រោម ។ មុននឹងចាប់ផ្តើមដាំកូន ម្ទេស ឬ ត្រប់ ដែលជាប្រភេទដំណាំធន់នឹងកំដៅថ្ងៃ យើងភ្ជួរដីនោះត្រឡប់ម្តងទៀត រួចហើយរាស់វាដូចលើកទីមួយដែរ ។ ពេលល្ងាចទើបយើងយកកូនម្ទេសនិងត្រប់ទៅដាំ ដោយវែកដីដុំនៅផ្នែកខាងលើជាទម្រង់សំបុកមាន់ រួចហើយជាន់នឹងថ្លើមជើងឲ្យហាប់បន្តិចទើបយកឈើបុសបុកជារណ្តៅ ដូចជាយើងដាំនៅលើដីល្បាយខ្សាច់តាមមាត់ទន្លេដែរ ។ ការស្រោចទឹកគឺដូចគ្នា ដោយជៀសវាងមិនឲ្យប៉ះត្រួយកូនដំណាំឡើយ ។ យើងអាចស្រោចទឹកកូនដំណាំម្តងទៀតនៅពេលព្រឹកព្រហាម រួចហើយទុកឲ្យវាចាប់ឫសរស់តាមសម្មាជីវោរបស់វា ។ ពេលកូនដំណាំលាស់ខ្ពស់បន្តិច យើងអាចយកចប ឬខ្វែវ ជម្រះពូនគល់ដើម្បីជួយឲ្យសំណើមនៅក្រោមគល់ដំណាំនៅថេរបានយូរ ក៏ដូចជាជួយទាញយកទឹកសន្សើមនៅពេលយប់ មកផ្គត់ផ្គង់កូនដំណាំដែរ ។ ជាទូទៅ ទម្រាំដីបឹងស្ងួតអាចភ្ជួររាស់ដាំដំណាំបាន គឺយើងត្រូវរង់ចាំដល់ខែ មាឃធំ ឬផល្គុន ។ ដូច្នេះ បើមានភ្លៀងកក់ខែម្តងពីរនៅខែចែត្រ យើងអាចរំពឹងទទួលបានផលច្រើន ។ និយាយអំពីការដាំដំណាំនៅក្រោយផ្ទះ ជាពិសេសផ្ទះបុរីនៅក្នុងក្រុង គឺយើងមិនមានជម្រើសច្រើនទេ ។ ដីនៅក្រោយផ្ទះ ដែលភាគច្រើនជាដីដែលគេដឹកយកមកចាក់បំពេញ ជាទូទៅមិនសូវសមប្រកបសម្រាប់ដាំបន្លែបង្កាឡើយ ។ ប៉ុន្តែ យើងអាចច្នៃវាដាំបន្លែបាន ដោយប្រើវិធីលាយល្បាយ ។ បើដីក្រោយផ្ទះយើងសម្បូរខ្សាច់ យើងរកដីកណ្តេងយកមកលាយ ។ បើដីនោះសម្បូរទៅដោយដីកណ្តេងនិងដីឥដ្ឋ យើងរកដីល្បាយខ្សាច់យកមកលាយ ។ ដីនៅក្រោយផ្ទះខ្ញុំជាប្រភេទដីកណ្តេងលាយដីឥដ្ឋ ។ ដាំបន្លែអ្វីក៏មិនសូវល្អដែរ ដ្បិតវាជាំទឹកខ្លាំងពេក ។ ដោយហេតុតែខ្ញុំមិនដឹងជាទៅរកដីល្បាយខ្សាច់ឯណាយកមកលាយបាន ខ្ញុំក៏សម្រេចចិត្តទៅទិញដីជីកំប៉ុស ដែលគេធ្វើអំពីកម្ទេចស្លឹកនិងមែកឈើលក់នៅផ្សារ យកមកលាយ ។ វាមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ប៉ុន្តែខ្ញុំអាចប្រើវិធីឆ្នៃប្រតិដ្ឋនិងចំណេះដឹងរៀនពីដូនតា ដាំបន្លែបានផលគួរសមដែរជាមួយនឹងដីដែលមិនសូវសមប្រកបនេះ ។ អ្វីដែលខ្ញុំអនុវត្តិគឺ បង្អត់ទឹកដំណាំ ។ ខ្ញុំមិនស្រោចទឹកដំណាំខ្ញុំរាល់ថ្ងៃទេ សូម្បីតែត្រកួននិងម្អមដែលជាដំណាំដុះក្នុងស្រែឬក៏បឹង ក៏ខ្ញុំអត់ស្រោចទឹកវារាល់ថ្ងៃដែរ ។ គួរកត់សម្គាល់ថា ដីកណ្តេងឬដីឥដ្ឋពេលត្រូវទឹក វានឹងរលាយជាប់គ្នានៅផ្នែកខាងលើ (on the surface) ដូចនំក្រៀបឬគ្របឆ្នាំ ។ នៅពេលប្រការនេះកើតឡើង សំណើមនៅផ្នែកខាងក្រោមនឹងបង្កឲ្យមានចំហាយក្តៅពេលត្រូវកម្តៅព្រះអាទិត្យ ដែលញាំញីឫសដំណាំនិងធ្វើឲ្យវាក្រិន ។ ដូច្នេះ ត្រូវជ្រុំជ្រោយដីនៅក្បែរគល់ឬចន្លោះរងបន្លែ ជាមួយនឹងកូនរនាស់ផ្លែមួយ ផ្លែពីរ ឬផ្លែបួន ដូចដែលខ្ញុំបង្ហាញនៅក្នុងរូប ជាប្រចាំបន្ទាប់ពីមានភ្លៀងធ្លាក់ ឬក៏សង្កេតឃើញមានដីក្រាំងខ្លាំង ។ តាមចន្លោះជួរត្រកួនក៏ដូចគ្នា ។ គប្បីយកច្បូកម្រាមដៃ ឬក៏ដែកឬឈើប៉ុនម្រាមដៃ ទៅចាក់ឲ្យមានប្រហោងដើម្បីឲ្យចំហាយទឹកហួតឡើងលើផងដែរ ។ ដូចដែលខ្ញុំបានជម្រាបនៅផ្នែកខាងលើរួចហើយ បន្លែបង្កាភាគច្រើនវាដុះតាមព្រៃគ្មាននរណាស្រោចទឹកថែធួនពូនគល់វាទេ ។ បើយើងបារម្ភខ្លាចដំណាំងាប់ យើងអាចកាយដីនៅចន្លោះជួរដើម្បីពិនិត្យមើលថាតើវាស្ងួតដល់កម្រិតណា ។ បើស្ងួតខ្លាំង យើងអាចស្រោចទឹកដោយបង្ហូរទឹកយឺតៗឲ្យចំគល់ដំណាំនីមួយៗ ។ មិនត្រូវបាញ់ទឹកបាចសាចពាលវាលពាសកាលឡើយ លើកលែងតែត្រកួននឹងស្ពៃ ។ កាលពីក្មេង ខ្ញុំធ្លាប់ឮចាស់ៗប្រាប់ថា បើចង់ឲ្យដំណាំលាស់ស្ទុះ ត្រូវបង្អត់ទឹកវាបួនប្រាំថ្ងៃសឹមស្រោចម្តង ។ និយាយអំពីបទពិសោធមួយដែលខ្ញុំធ្វើនៅឆ្នាំនេះ ។ ខ្ញុំដាំកូនម្ទេសចំនួន ៩ដើម ។ កូនម្ទេស ៣ដើមខ្ញុំស្រោចទឹករាល់ថ្ងៃ ។ បីដើមទៀតខ្ញុំអត់ស្រោចទឹកទេ ។ ឯបីដើមចុងក្រោយ ខ្ញុំស្រោចទឹកប្រាំថ្ងៃម្តង ។ នៅតំបន់ខ្ញុំរស់នៅមានការរាំងស្ងួតប្រហែលមួយខែកន្លះ និងមានសុីតណ្ហភាពចន្លោះពី ៣៧ទៅ៤២ អង្សាសេ ជាប្រចាំ ។ ខ្ញុំសង្កេតឃើញថា កូនម្ទេសដែលខ្ញុំស្រោចទឹករាល់ថ្ងៃ វាមានស្លឹកពណ៌បៃតងខ្ចីនិងមានដើមខ្ពស់ល្វន់ល្វត ។ កូនម្ទេសដែលខ្ញុំអត់ស្រោចទឹកសោះ វាមានស្លឹកពណ៌ខៀវចាស់ ដើមទាបតែរឹងបុឹង ។ ឯកូនម្ទេសដែលខ្ញុំស្រោចទឹក ៥ថ្ងៃម្តង វាមានសណ្ឋាននៅចន្លោះកូនម្ទេសទាំងពីរក្រុមខាងលើ ។ កូនម្ទេសទាំងអស់ អត់មានងាប់មួយដើមទេ ។ នេះគឺជាបទពិសោធន៍មួយដែលខ្ញុំរកឃើញសម្រាប់ការដាំដំណាំនៅក្រោយផ្ទះ ៕

Saturday, August 3, 2024

ចំណីខួរក្បាល

យួនធ្វើបាន! កំណត់៖ អត្ថបទនេះ ស្មេរសរសេរជាទម្រង់ផ្គុំផ្ទាំងចំណោទ (Putting together pieces of the puzzle) ។ វាជារឿងរ៉ាវមួយពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសវៀតណាម និង សហរដ្ឋអាមេរិក បន្ទាប់ពីអតីតលោកប្រធានាធិបតី ប៊ីល គ្លីនតុន ទៅធ្វើទស្សនកិច្ចនៅវៀតណាម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញ នៅក្នុងឆ្នាំ ២០០០ ។ មុននឹងសរសេរអត្ថបទនេះ ខ្ញុំសូមនិយាយពាក្យក្នុងចិត្តមួយម៉ាត់ថា៖ យួនឆ្លាត! ត្រង់ឆ្លាតជាងខ្មែរឬមិនជាងខ្មែរ សូមទុកប្រការនេះឲ្យមិត្តអ្នកអានវិនិច្ឆ័យតាមការគួរ ។ នៅដើមទសវត្សឆ្នាំ ២០០០ ខ្ញុំបានទៅកត់ត្រាសរសេររបាយការណ៍ឲ្យគណកម្មាធិការមួយ ដែលទទួលបន្ទុកបំពេញបេសកកម្មឲ្យមូលនិធិអប់រំវៀតណាម (Vietnam Education Foundation, VEF) ។ បច្ចុប្បន្ន មូលនិធីនេះគ្មានអត្ថិភាពទៀតទេ ។ ខ្ញុំបានទៅកត់ត្រារបាយការណ៍ចុងក្រោយឲ្យមូលនិធីនេះនៅឆ្នាំ ២០១៨ ។ មូលនិធិអប់រំវៀតណាម ចាប់ផ្តើមដំណើរការនៅឆ្នាំ ២០០៣ បន្ទាប់ពីរដ្ឋសភាអាមេរិកាំងអនុម័តច្បាប់បង្កើតមូលនិធិនេះឡើង ។ មូលនិធិនេះផ្តល់អាហារូបករណ៍ឲ្យតែនិស្សិតនិងបុគ្គលិកសិក្សានៅក្នុងប្រទេសវៀតណាមមករៀន ឬមកធ្វើកម្មសិក្សានៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ ជនជាតិវៀតណាមដែលរស់នៅក្នុងប្រទេសដទៃ គ្មានសិទ្ធិទទួលអាហារូបករណ៍នេះទេ ។ និស្សិតវៀតណាមកម្រិតអនុបណ្ឌិតនិងមហាបរិញ្ញាប្រមាណជា ៦០០នាក់ និង បុគ្គលិកសិក្សាប្រហែល ៥០នាក់ បានមកសិក្សានៅសហរដ្ឋអាមេរិកនៅក្នុងកម្មវិធីនេះ ។ ឯសហរដ្ឋអាមេរិកក៏បានបញ្ជូនសាស្ត្រាចារ្យប្រមាណ ៤០រូប ទៅបង្រៀននិស្សិតនៅក្នុងប្រទេសវៀតណាមផងដែរ ។ សម្រាប់អ្នកដែលយល់ដឹងអំពីប្រព័ន្ធរដ្ឋបាលអាមេរិកាំង ទំនាក់ទំនងទ្វេភាគីដែលតម្រូវឲ្យរដ្ឋសភាអនុមតិច្បាប់ទទួលស្គាល់ គឺច្រើនតែពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអ្វីមួយ ។ ដូច្នេះ ការបង្កើតមូលនិធីអប់រំវៀតណាម ប្រាកដជាបង្កើតឡើងដើម្បីផ្សះផ្សារអ្វីមួយនៅក្នុងដំណើរនិយាយរកគ្នាវិញរវាងសត្រូវសុីសាច់ហុតឈាមគ្នាកាលពីអតីត ។ នៅពេលយើងនិយាយអំពីអតីតកាលរបស់វៀតណាម ពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិក ប្រទេសទាំងពីរមានសង្គ្រាមវៀតណាមជាចំណង ដែលបានចាប់ផ្តើមនៅចុងទសវត្សឆ្នាំ ១៩៥០ រហូតដល់ដើមទសវត្សឆ្នាំ ១៩៧០ ។ បន្ទាប់ពីបញ្ចប់សង្គ្រាមនៅក្នុងទសវត្សឆ្នាំ ១៩៧០ អាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើវៀតណាមរហូតដល់ឆ្នាំ ២០០០ ។ បើនិយាយអំពីគ្រោះមហន្តរាយនៃសង្គ្រាមមកលើពលរដ្ឋវៀតណាម វាមានវិសាលភាពធំគួរសមដែរ ។ រឿងមួយដែលមិនសូវមាននរណានិយាយពាក់ព័ន្ធនឹងសង្គ្រាមរវាងវៀតណាមនិងសហរដ្ឋអាមេរិក គឺការប្រើសារធាតុគីមីពណ៌ទឹកក្រូច (Agent Orange) ។ សង្គ្រាមបានចប់ទៅយូរហើយ ។ ក៏ប៉ុន្តែឥទ្ធិពលនៃសារធាតុគីមីពណ៌ទឹកក្រូច បានបន្តរុកគួនជិវិតជនសុីវិលស្លូតត្រង់ក្នុងទម្រង់ទារកកើតមកពិការខ្វិនខ្វង់ រហូតដល់សព្វថ្ងៃ ។ នៅក្នុងសង្គ្រាម ខុសនិងត្រូវគឺអាស្រ័យនៅលើទិដ្ឋិរបស់ភាគីទាំងសងខាង ។ កម្រមានភាគីណាមួយទទួលស្គាល់ថាខ្លួនខុសណាស់ ។ ដូច្នេះ ដើម្បីផ្សះផ្សារគ្នាឡើងវិញ ភាគីពាក់ព័ន្ធចាំបាច់ត្រូវតែរកកត្តា ឈ្នះ-ឈ្នះ ណាមួយមកធ្វើជាស្ពាន ។ មូលនិធិអប់រំវៀតណាម អាចជាស្ពាននៃការផ្សះផ្សារនោះ ។ សមាជិកគណកម្មាធិការចាត់ចែងកិច្ចការនៅក្នុងមូលនិធីអប់រំវៀតណាម មានគ្នាប្រមាណជា ១០នាក់ ។ ពួកគេមកប្រជុំធ្វើកិច្ចការងារ ម្តងទៅបីដងក្នុងមួយឆ្នាំ អាស្រ័យលើតម្រូវការនៃបេសកកម្ម ។ ដោយហេតុតែការិយាល័យរបស់ពួកគេនៅក្បែរផ្ទះខ្ញុំ ខ្ញុំត្រូវបានអង្គភាពបញ្ជូនឲ្យទៅធ្វើកិច្ចការជាមួយនឹងគណកម្មាធិការនោះស្ទើរតែជាប្រចាំ ។ នៅក្នុងចំណោមសមាជិកគណកម្មាធិការ គ្មានតំណាងមកពីរដ្ឋាភិបាលវៀតណាមទេ ។ និយាយឲ្យខ្លី រដ្ឋាភិបាលវៀតណាមគ្មានសិទ្ធិលូកដៃនៅក្នុងបេសកកម្មអប់រំនិស្សិតវៀតណាមនេះឡើយ ។ ក្នុងចំណោមសមាសភាពសមាជិកគណកម្មាធិការ ប្រាំឬប្រាំមួយនាក់ជាជនជាតិអាមេរិកាំងដែលមានដើមកំណើតវៀតណាម ។ ក្រៅពីនោះជាជនជាតិអាមេរិកាំងសុទ្ធសាធទាំងអស់ ដែលមានមួយរូបអាចជាតំណាងមកពីបណ្ឌិតសភាជាតិ ។ មួយរូបទៀតជាសាស្ត្រាចារ្យសាកលវិទ្យាល័យ ។ ក្នុងចំណោមអ្នកដែលមានដើមកំណើតវៀតណាម មានម្នាក់ជាបញ្ញាជនកម្រិមហាបរិញ្ញា ម្នាក់តំណាងឲ្យសហគ្រិន និងអ្នកដទៃអាចតំណាងឲ្យអាជីពផ្សេងទៀត ។ គួរកត់សម្គាល់ថា ខ្ញុំប្រើពាក្យ "អាច" ដ្បិតមិនមានលទ្ធភាពស្វែងយល់អំពីកិច្ចការផ្ទៃក្នុងនៃការរៀបចំសមាសភាពគណកម្មាធិការទេ ។ អគ្គលេខាធិការនៃគណកម្មាធិការដែលមានអាយុប្រហាក់ប្រហែលនឹងខ្ញុំដែរ មានដើមកំណើតពីវៀតណាម ។ គាត់ជាមនុស្សម៉េតប្រាយ និងមានឆន្ទៈមោះមុតណាស់នៅក្នុងកិច្ចការងារ ។ ពេលខ្លះ គាត់និងខ្ញុំនិយាយគ្នាលេងពីនេះពីនោះ ប៉ុន្តែមិនពាក់ព័ន្ធនឹងកិច្ចការរបស់គណកម្មាធិការទេ ។ សមាជិកគណកម្មាធិការទាំងអស់គឺធ្វើការដោយស្ម័គ្រចិត្ត មិនទទួលបានប្រាក់កម្រៃសូម្បីតែមួយសេនឡើយ ។ ក្រៅអំពីសមាជិករៀបរាប់ខាងលើ នៅមានសមាជិកសង្កេតការណ៍ពីរក្រុមទៀត ដែលមកពីក្រសួងការបរទេស និង រតនាគារជាតិ ។ ឯរបៀបរៀបចំគណកម្មាធិការនិងធ្វើកិច្ចការងារ គឺគេយកគំរូតាមគណកម្មាធិការរបស់បណ្ឌិតសភាជាតិអាមេរិកាំងស្ទើរតែទាំងស្រុង ។ មូលហេតុដែលខ្ញុំមើលយល់អំពីប្រការនេះ ព្រោះខ្ញុំធ្លាប់បានអង្គុយកត់ត្រារបាយការណ៍ឲ្យបណ្ឌិតសភាជាតិអាមេរិកាំងជិត ៣០ឆ្នាំ ។ ប្រការមួយដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្លាំង ជាមួយនឹងបេសកកម្មរបស់មូលនិធិអប់រំវៀតណាម គឺបញ្ហាអធិបតេយ្យភាព ឬដែនសមត្ថកិច្ចរបស់ប្រទេសវៀតណាម ។ សំណួរមួយចំនួនដែលយើងអាចលើកយកមកពិចារណាគឺថា ហេតុអ្វីបានជាប្រទេសវៀតណាមអនុញ្ញាតិឲ្យសហរដ្ឋអាមេរិក ជាពិសេសជនជាតិអាមេរិកាំងកំណើតវៀតណាម ដែលភាគច្រើនស្អប់និងរិះគន់របបគ្រប់គ្រងរបស់ខ្លួនឥតសំចៃមាត់ ចាត់ចែងមូលនិធិរបស់ខ្លួន ? បើមូលនិធិជាមូលនិធិផ្តាច់មុខសម្រាប់តែនិស្សិតវៀតណាម ថវិកាក៏ជាថវិការបស់វៀតណាមដែរ ។ ប្រការមួយទៀតគឺថា ហេតុអ្វីក៏ជនជាតិអាមេរិកាំងកំណើតវៀតណាម ដែលភាគច្រើនត្រូវបានរដ្ឋាភិបាលក្រុងហាណូយ ធ្វើទុក្ខបុកម្នេញរហូតដល់រត់ចោលស្រុក ស្ម័គ្រចិត្តធ្វើការងារបម្រើផលប្រយោជន៍ឲ្យរដ្ឋាភិបាលអប្រិយនោះ ? នៅឆ្នាំ ១៩៩៧ ឬ៩៨ ខ្ញុំធ្លាប់ទៅកត់ត្រារបាយការណ៍ឲ្យគណកម្មាធិការមួយរបស់បណ្ឌិតសភាជាតិអាមេរិកាំង ដែលសិក្សាស្រាវជ្រាវអំពីផលវិបាកនៃសារធាតុគីមីពណ៌ទឹកក្រូច (Agent Orange) មកលើពលរដ្ឋវៀតណាម ។ កាលនោះគណកម្មាធិការបានអញ្ជើញវេជ្ជបណ្ឌិតវៀតណាមមួយឬពីររូប ដែលធ្វើការងារពាក់ព័ន្ធនឹងការថែទាំគាំពារកុមារពិការខ្វិនខ្វង់ មកផ្តល់សក្ខីកម្មអំពីទ្រង់ទ្រាយនិងលក្ខណៈនៃភាវពិការទាំងនោះ ។ គួរកត់សម្គាល់ថា គេដាក់បន្ទុកសង្ស័យភាវពិការរបស់ទារកនិងកុមារទាំងនោះ ទៅលើសារធាតុគីមីពណ៌ទឹកក្រូច ។ ទុករឿងវេជ្ជសាស្ត្រនយោបាយនេះដោយឡែក ។ បើនិយាយអំពីការសិក្សាស្រាវជ្រាវអំពីសារធាតុគីមីពណ៌ទឹកក្រូច ការភ្ជាប់ទំនាក់ទំនងការទូតរវាងវៀតណាមនិងអាមេរិក និងការបង្កើតមូលនិធិអប់រំវៀតណាម ប្រការទាំងបីនេះហាក់ដូចជាមានទំនាក់ទំនងនឹងគ្នា ។ នៅក្នុងកិច្ចការការទូតអន្តរជាតិរវាងអតីតសត្រូវ មុននឹងគេអាចផ្សះផ្សារគ្នាបាន គឺត្រូវមានការពិភាក្សាក្រោយឆាក (Behind the scene) ច្រើនណាស់ ។ កិច្ចការទាំងនោះ យើងមិនអាចដឹងបានទេ ។ ក៏ប៉ុន្តែ ពាក់ព័ន្ធនឹងបេសកកម្មមូលនិធិអប់រំវៀតណាម បើយើងយកកត្តាទាំងអស់មកផ្គុំគ្នា យើងអាចបង្រួមសមត្តកម្ម (Narrow the hypothesis) មកនៅត្រឹមបីករណី ។ ករណីទីមួយគឺប្រាក់បំណុលដែលអតីតរដ្ឋាភិបាលវៀតណាមខាងត្បូង អាចជំពាក់សហរដ្ឋអាមេរិក ។ ថ្វីដ្បិតតែរដ្ឋាភិបាលវៀតណាមខាងត្បូងបានរលាយបាត់រូបទៅហើយក្តី ប៉ុន្តែបំណុលនោះនៅតែជាបន្ទុករបស់រដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន ។ ដើម្បីដោះស្រាយបញ្ហានេះ ដំណើរដើមទងអាចមានដូចតទៅ៖ រដ្ឋាភិបាលវៀតណាមសងបំណុលមកឲ្យរតនាគារជាតិអាមេរិកាំង ។ រតនាគារជាតិអាមេរិកាំងរក្សាថវិកានេះក្នុងមូលនិធិអប់រំវៀតណាម ។ មូលធិនិអប់រំវៀតណាមប្រើថវិកានេះសម្រាប់តែការអប់រំនិស្សិតវៀមណាម ដែលតម្រូវឲ្យមករៀននៅក្នុងសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក ។ គ្មានភាគីណាមួយទទួលបានសារប្រយោជន៍ដោយផ្ទាល់ (Direct benefits) អំពីប្រាក់បំណុលនេះទេ ។ សាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក ដែលភាគច្រើនដំណើរការក្នុងទម្រង់មូលនិធិដែរនោះ យកថវិកាទៅផ្តល់ឲ្យសាស្ត្រាចារ្យជាទម្រងបៀវត្សរ៍ ។ សាស្ត្រាចារ្យយកប្រាក់បៀវត្សរ៍ផ្ទេរទៅឲ្យនិស្សិតវៀតណាមក្នុងទម្រង់ពុទ្ធិ ។ ឯនិស្សិតវៀតណាមយកពុទ្ធិទៅសម្រួលដល់ការរស់នៅរបស់ជនជាតិវៀតណាម នៅក្នុងទម្រង់កិច្ចការងារនិងអាជីពចិញ្ចឹមជីវិតនានា ។ វាជាដំណើរបត់បែនដ៏វែងអន្លាយមួយ ។ ករណីទីពីរអាចជាការទទួលស្គាល់ផលវិបាកនៃសារធាតុគីមីពណ៌ទឹកក្រូច ។ ក៏ប៉ុន្តែ នៅក្នុងវិស័យសង្គ្រាម គ្មានទេភាគីខុសនិងត្រូវ ។ ដូច្នេះ កាយវិការរបស់ភាគីណាមួយ វាគឺជាសុឆន្ទៈរបស់ភាគីនោះ ។ ឯករណីទីបីអាចនឹងចេញអំពីកត្តាបំណុលនិងកត្តាសារធាតុគីមីពណ៌ទឹកក្រូចរួមគ្នា (The money trail in international politics is not always in a straight line) ។ នៅក្នុងកិច្ចប្រជុំនាឆ្នាំចុងក្រោយ មុននឹងបេសកកម្មមូលនិធិអប់រំវៀតណាមត្រូវបានបិទ គណកម្មាធិការបានលើកយកសមិទ្ធិផលនិងផលវិបាកនានាមកពិភាក្សា ។ និស្សិតណាខ្លះជោគជ័យ ។ និស្សិតណាខ្លះបរាជ័យ ។ និងនិស្សិតណាខ្លះគៀចមិនត្រឡប់ទៅស្រុកវិញ (Missing in action) ។ ខ្ញុំធ្លាប់បានជួបនឹងនិស្សិតអាហារូបករណ៍មូលនិធិអប់រំវៀតណាមម្នាក់ ដែលបានរៀបការនឹងជនជាតិអាមេរិកាំង ដើម្បីបានសិទ្ធិរស់នៅក្នុងសហរដ្ឋអាមេរិក ។ នាងជាសហការីធ្វើការងារជាមួយនឹងអ្នកផ្ទះខ្ញុំ ។ កាលនោះនាងមានផ្ទៃពោះប្រហែលប្រាំខែ ។ ដោយហេតុតែពួកយើងទើបនឹងបិទរោងចក្រផលិតទារក ហើយនៅសល់សម្ភារៈថ្មីៗជាច្រើនសម្រាប់ទារក យើងក៏ផ្តល់សម្ភារៈទាំងនោះទៅឲ្យនាងប្រើប្រាស់ជាជាងបោះវាចោល ។ យើងបានជជែកគ្នាលេងមួយស្របក់ដែរ ប៉ុន្តែខ្ញុំមិនបានប្រាប់នាងអំពីករណីពាក់ព័ន្ធរបស់ខ្ញុំជាមួយនឹងមូលនិធិអប់រំវៀតណាមទេ ។ ទុករឿងនេះមួយឡែក ។ និយាយអំពីនិស្សិតម្នាក់ដែលត្រឡប់ទៅវៀតណាមវិញ ហើយទទួលបានកិច្ចការជាអ្នកគ្រប់គ្រងទឹកកខ្វក់នៅទីក្រុងហូជីមិញវិញម្តង ។ ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានឃើញគាត់នៅក្នុងកម្មវិធីភាពយន្តឯកសារវិទ្យាសាស្ត្ររបស់ទូរទស្សន៍សាធារណៈនៃសហរដ្ឋអាមេរិក ។ គាត់និយាយអំពីវិធីចម្រោះទឹកកខ្វក់ ឬទឹកស្អុយ ដោយប្រើចលនា (Process) ដែលភាសាអង់គ្លេសហៅថា Phytoplankton ។ ខ្ញុំមិនយល់អំពីវិទ្យាសាស្ត្រទេ ប៉ុន្តែយោងតាមអ្វីដែលអតីតនិស្សិតមូលនិធិអប់រំវៀតណាមនោះរៀបរាប់គឺ បន្ទាប់ពីសម្អាតទឹកកខ្វក់តាមរបៀប Phytoplankton រួចហើយ គាត់បង្វែទឹកនោះឲ្យអ្នកស្រែប្រើប្រាស់សិន រួចហើយបង្ហូរវាទៅឲ្យអ្នកចិញ្ចឹមត្រី បង្គា ឬ លៀសគ្រុមមួយតំណាក់ទៀត ទើបឲ្យវាហូរចូលទៅក្នុងសមុទ្រ ។ នៅក្នុងកម្មវិធីទូរទស្សន៍នោះ ខ្ញុំឃើញគាត់និយាយជាមួយនឹងអតីតអ្នកហ្វឹកហ្វឺន ឬសហការីរបស់គាត់នៅសហរដ្ឋអាមេរិក ។ ពួកគេហាក់ដូចជាមានមោទនភាពខ្លាំងអំពីអ្វីដែលកើតចេញអំពីវិធី Phytoplankton នោះ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមនិយាយអំពីពាក្យ "យួនឆ្លាត!" បន្តិច ។ មនុស្សយើងគ្រប់ជាតិសាសន៍ទាំងអស់ កើតមកមានទំហំនិងទម្ងន់ខួរក្បាលប្រហាក់ប្រហែលគ្នា ។ ដូច្នេះ សមត្ថភាពនៃការគិតពិចារណាក៏ប្រហាក់ប្រហែលគ្នាដែរ ។ អ្វីដែលធ្វើឲ្យយើងមានប្រៀបជាងគ្នាគឺបរិយាការសង្គម (Social environment) និងទំនៀមទម្លាប់វប្បធម៌ ។ មនុស្សគ្រប់ជាតិសាសន៍សុទ្ធតែមានភាវស្អប់និងស្រឡាញ់នៅក្នុងផ្នត់គំនិត ។ អ្នកដែលអាចធ្វើកិច្ចការដែលមិនគួរឲ្យជឿ (Extra+ordinary task) បាន គឺអាស្រ័យលើការគ្រប់គ្រងភាវស្អប់និងស្រឡាញ់នៅក្នុងផ្នត់គំនិតនេះឯង ។ នៅក្នុងករណីមូលនិធិអប់រំវៀតណាម មនុស្សមើលមុខគ្នាមិនត្រង់ (Antagonists) បីភាគីជម្នះឧបស័គ្គធ្វើកិច្ចការមួយដែលភាគីនីមួយៗអត់ទទួលបានសារប្រយោជន៍ប៉ុនចុងក្រចក ។ ពួកគេជ្រើសយកមនុស្សធម៌ និងការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកជាធំ ។ ខ្ញុំមិនមែនជាអ្នកជំនាញមើលអត្តចរិតមនុស្ស ឬក៏អត្តចរិតអ្នកនយោបាយទេ ។ ប៉ុន្តែ តាមការសង្កេតអំពីចរិតដឹកនាំរបស់អ្នកនយោបាយវៀតណាម គេមានចរិតបត់បែនខ្ពស់ (Highly flexible) ។ ជាមួយនឹងចិន គេប្រកាន់យកឥរិយាបថមួយ ។ ជាមួយនឹងអាមេរិកាំង គេប្រកាន់យកឥរិយាបថមួយ ។ ជាមួយនឹងខ្មែរ ឬលាវ គេប្រកាន់យកឥរិយាបថមួយផ្សេងទៀត ។ នៅក្នុងឥរិយាបទដាច់ដោយឡែកពីគ្នាទាំងនេះ គេដាក់ឲ្យវាស្ថិតនៅក្រោមឆ័តតែមួយទេគឺ៖ ភាវទន់ភ្លន់ (Non-confrontational or Humble) ។ នៅក្នុងភាសាខ្មែរ យើងហៅភាវទន់ភ្លន់នេះថា៖ "ក្តៅសុីរាក់ ត្រជាក់សុីជ្រៅ" ។ ពាក្យនេះ មិនមានអ្វីគួរឲ្យស្អប់ឡើយ ។ នៅក្នុងវិស័យនយោបាយអន្តរជាតិ បើយើងយល់អំពីចរិតនយោបាយរបស់បដិភាគីយើង យើងមិនសូវលំបាកនឹងត្រួសត្រាយផ្លូវទេ ។ និយាយអំពីនយោបាយអន្តរជាតិ សូមភ្ជាប់ប្រការនេះទៅនឹងរឿង CLV ដែលកំពុងតែធ្វើឲ្យពលរដ្ឋខ្មែររំជើបរំជួលបន្តិចផងចុះ ។ សន្ធិសញ្ញាសហប្រតិបត្តិការអភិវឌ្ឃតំបន់ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ត្រូវបានចុះហត្ថលេខាបង្កើតឡើងតាំងតែពីនាយករដ្ឋមន្ត្រីខ្មែរបច្ចុប្បន្ន មិនទាន់ជ្រុះពន្លៃអស់ពីក្បាលម្លេះ ។ ដូច្នេះ ការលើកយកវាមកត្រួតពិនិត្យសាឡើងវិញ គឺគ្មានអ្វីទាស់ខុសឡើយ ។ គួរជម្រាបពលរដ្ឋខ្មែរឲ្យយល់ច្បាស់លាស់ថា គ្មាននរណាអាចកាត់ទឹកដីដូចកាត់នំឲ្យអ្នកដទៃកើតទេ ។ ហើយក៏គ្មាននរណាអាចលេបទឹកដីដូចលេបគ្រាប់ថ្នាំពេទ្យកើតដែរ ។ មេដឹកនាំខ្មែររាប់សិបជំនាន់មកហើយ រាប់បញ្ចូលទាំងស្តេចជ័យជេដ្ឋាទី ២ មិនដែលមាននរណាកាត់ទឹកដីឲ្យប្រទេសជិតខាងទេ ។ អ្វីដែលធ្វើឲ្យខ្មែរបាត់បង់ទឹកដី គឺការគិតនិងសម្រេចចិត្តខុស ។ ដូច្នេះ ការលើកយកសន្ធិសញ្ញា CLV មកត្រួតពិនិត្យសាឡើងវិញ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រទេសជាតិ ក៏ដូចជាបង្កើនទំនុកចិត្តរបស់ពលរដ្ឋ មកលើការដឹកនាំរបស់យើងដែរ ៕

Friday, July 26, 2024

ចំណីខួរក្បាល

តស៊ូ! កាលពីពីរបីឆ្នាំមុន ខ្ញុំបានប្រាប់មិត្តក្នុងហ្វេសប៊ុកម្នាក់ ឲ្យឈប់ ឬផ្អាកការតស៊ូរបស់គាត់ ។ ពួកយើងជាមនុស្សចម្លែកមិនដែលស្គាល់គ្នាទេពីមុនមក ។ គាត់ផ្ញើសារមកជជែកលេងនិងប្តូរយោបល់គ្នាជាមួយនឹងខ្ញុំ ដោយយល់ថាខ្ញុំជាមនុស្សមានទិដ្ឋិនិងទស្សនវិស័យគួរឲ្យរាប់អានម្នាក់ ។ ឯខ្ញុំក៏យល់ឃើញដូចគ្នា ។ ពេលឭខ្ញុំប្រាប់គាត់ឲ្យឈប់ ឬផ្អាកធ្វើអ្វីដែលគាត់កំពុងធ្វើ គាត់ហាក់ដូចជាស្រងាកចិត្ត ។ មួយរយៈក្រោយមក គាត់ផ្ញើសារមកប្រាប់ខ្ញុំវិញថា អ្វីដែលខ្ញុំប្រាប់គាត់ គឺជាពាក្យបរិសុទ្ធចេញពីក្រអៅបេះដូង ។ ខ្ញុំមិនចាំពិស្តារអំពីយោបល់របស់ខ្ញុំនាគ្រានោះទេ ។ ប៉ុន្តែនៅចាំថា ខ្ញុំប្រាប់គាត់ឲ្យរក្សាសុវត្ថិភាពជីវិតនិងសុខភាពជាចម្បង ហើយលះបង់សកម្មភាពជួយអ្នកដទៃនិងជួយជាតិចោលឲ្យអស់ ។ ពាក្យមួយឃ្លាដែលខ្ញុំសង្កត់ធ្ងន់គឺថា៖ រក្សាព្រៃឲ្យនៅគង់វង្ស មិនព្រួយរឿងខ្វះឧសដុតទេ ។ ត្រូវរង់ចាំឱកាសនឹងតស៊ូឡើងវិញ ។ បើឱកាសមិនទាន់ហុចឲ្យទេ ទោះរង់ចាំរហូតដល់ស្លាប់ ក៏មិនថ្វីដែរ ។ គឺពាក្យមួយឃ្លាចុងក្រោយនេះហើយ ដែលធ្វើឲ្យគាត់ស្រងាកចិត្តនឹងយោបល់ខ្ញុំ ។ សម្រាប់មនុស្ស ដែលពោរពេញទៅដោយឆន្ទៈស្វែងរកសេរីភាពនិងយុត្តិធម៌ជូនសង្គមជាតិ នៅពេលឮនរណាម្នាក់ប្រាប់ឲ្យរង់ចាំឱកាសរហូតដល់ថ្ងៃស្លាប់ក៏មិនថ្វី វាគឺជាពាក្យសម្តីដែលពិបាកលេបជាទីបំផុត ។ ជិវិតគឺជាការតស៊ូ ទោះនៅក្នុងកាលៈទេសណាក៏ដោយ ។ នៅពេលយើងប្រាប់នរណាម្នាក់ឲ្យលះបង់ការតស៊ូ វាគឺជាដំណើរបញ្ច្រាសទិសមួយ ។ បន្ទាប់ពីបានជជែកជាមួយនឹងមិត្តក្នុងហ្វេសប៊ុកនោះមួយរយៈ ខ្ញុំអាចសន្ឋិដ្ឋានបានថា គាត់គឺជាសមាជិកបក្សប្រឆាំង ឬសកម្មជនសង្គមដែលត្រូវបានអាជ្ញាធរខ្មែរតាមធ្វើទុក្ខបុកម្នេញ ។ គាត់កំពុងលាក់ខ្លួនពួនអាត្មានៅស្រុក ថៃ ក្រោមការគាំពាររបស់អង្គការសហប្រជាជាតិ ប៉ុន្តែមិនទាន់ទទួលបានសិទ្ធិជាជនភៀសខ្លួននៅឡើយទេ ។ ក្នុងនាមជាអតីតមនុស្សរត់ចោលស្រុកម្នាក់ ដែលធ្លាប់ទៅជ្រកពួននៅក្នុងស្រុកថៃ ត្រូវអាជ្ញាធរតាមប្រមាញ់ជាប្រចាំ ធ្លាប់រង់ចាំការទទួលស្គាល់ជាជនភៀសខ្លួនពីសំណាក់អង្គការសហប្រជាជាតិ និង ធ្លាប់ជាប់គុកនៅស្រុកថៃ ខ្ញុំយល់ច្បាស់ដូចពន្លឺថ្ងៃអំពីអ្វីដែលមិត្តម្នាក់នោះប្រឈម ។ ការនឹករលឹកញាតិសន្តាននៅឯស្រុកកំណើត និង ដេកសម្រក់ទឹកភ្នែកជូតនឹងដៃអាវដោយស្ងៀមស្ងាត់តែម្នាក់ឯងនាពេលរាត្រី គឺជាអ្វីដែលខ្ញុំនឹកឃើញមុនគេ ។ ដូច្នេះ ការផ្តល់យោបល់ឲ្យគាត់ផ្អាកការតស៊ូ គឺជាប្រតិកម្មចេញពីក្នុងពោះ រួមផ្សំជាមួយនឹងដំណើររឿង សុីសុីហ្វុស (Sisyphus) ដែលជាតួអង្គមួយនៅក្នុងទេវកថាអក្សរសិល្បក្រិច ។ សុីសុីហ្វុស ត្រូវបានព្រះអាទិទេពដាក់ទណ្ឌកម្មឲ្យលីថ្មឡើងភ្នំ ។ នៅពេលគាត់លីដុំថ្មទៅដាក់នៅលើកំពូលភ្នំ ថ្មនោះវារមៀលធ្លាក់មកវិញជាប្រចាំ ដែលជាហេតុនាំឲ្យការតស៊ូលីដុំថ្មរបស់សុីសុីហ្វុស ជាទង្វើគ្មានប្រយោជន៍ ។ ចំណែកយើង ដែលគ្រាន់តែរងកម្មដោយសារការរុកកួនរបស់អាជ្ញាធរអន្យតិរ្ថិយ យើងមានជម្រើសនៅក្នុងការតស៊ូរបស់យើង ។ ការតស៊ូមានពីរប្រភេទគឺ ការតស៊ូដើម្បីរក្សាជីវិត និង ការតស៊ូដើម្បីរក្សាប្រទេសជាតិ ។ ការតស៊ូទាំងពីរនេះមានន័យដូចគ្នា ប៉ុន្តែមានសារសំខាន់មិនដូចគ្នាទេ ។ ដូច្នេះ យើងត្រូវចែកវាឲ្យដាច់ពីគ្នា ។ ជីវិតយើងត្រូវការវត្ថុបីយ៉ាងជាចាំបាច់ដើម្បីរស់គឺ៖ ចំណី ជម្រក និង កំណាត់ដណ្តប់ខ្លួន ។ នៅពេលយើងខ្វះខាតអ្វីមួយនៅក្នុងចំណោមរបស់ទាំងបីនេះ យើងដាច់ខាតត្រូវតែតស៊ូរកវាយកមកគាំពារជីវិត ។ ចំណែកឯការតស៊ូប្រភេទទីពីរគឺជាការតស៊ូស្វែករករបស់មកលម្អជីវិត ចាប់ពីរបស់តូចតាចមាន នាឡិការដៃ ម៉ូតូ ឡាន វីឡា រហូតដល់សេរីភាពនិងការពារប្រទេសជាតិ ។ ការតស៊ូប្រភេទទីពីរនេះ គឺជាការតស៊ូដែលយើងត្រូវជ្រើសរើសពេលវេលា កាលៈទេស និងជាពិសេស ឱកាស ។ គោលការណ៍តែមួយគត់ដែលយើងត្រូវចងចាំនៅក្នុងការតស៊ូប្រភេទទីពីរនេះគឺថា ពេលណាជីវិតស្ថិតនៅក្នុងស្ថានភាព សុីសុីហ្វុស មិនត្រូវចំណាយឋាមពលតស៊ូស្វែងរកជោគជ័យឡើយ ។ យូរនិងឆាប់ យើងគង់តែនឹងធ្លាក់ចូលក្នុងគ្រោះមហន្តរាយ ឬបរាជ័យដូច សុីសុីហ្វុស ដែរ ។ នៅក្នុងភាសាអង់គ្លេសគេនិយាយថា៖ Damn if you do; damn if you don't (តស៊ូក៏ងាប់ ។ មិនតស៊ូក៏ងាប់) ។ នៅក្នុងស្ថានភាពនេះ មនុស្សភាគច្រើនជ្រើសរើសការតស៊ូ ដ្បិតយ៉ាងហោចណាស់ក៏យើងបានបង្ហាញវីរភាពរបស់យើងទុកឲ្យខ្មោចមើលដែរ ។ សំណួរមួយដែលយើងត្រូវពិចារណាគឺថា នៅក្នុងដំណើរឆ្ពោះទៅកាន់ភាពរលត់រលាយ តស៊ូនៅក្នុងស្ថានភាពបរាជ័យ និង រង់ចាំឱកាសតស៊ូដើម្បីជោគជ័យ តើគួរជ្រើសរើសយកមួយណា ។ មិនខុសអ្វីអំពី សុីសុីហ្វុស លីដុំថ្មទៅដាក់លើកំពូលភ្នំ ។ រាល់ពេលដែលដុំថ្មរមៀលចុះមកវិញ គឺវាស្មើនឹងពលីកម្មនៃការតស៊ូមួយ ។ ទង់ជ្វាលានៃពលីកម្មនេះ នឹងបន្តដោតម្តងមួយៗរហូតដល់ថ្ងៃ សុីសុីហ្វុស អស់ជីវិត ។ សម្រាប់អ្នកដែលមិនចាប់អារម្មណ៍ថាខ្ញុំប្រើអត្ថប្បដិរូប សុីសុីហ្វុស នៅទីនេះគឺសំដៅលើប្រទេសជាតិ ។ តើមានកត្តាអ្វីសម្រាប់សម្គាល់ថាយើងស្ថិតនៅក្នុងស្ថានភាព សុីសុីហ្វុស ។ កត្តាដែលងាយសម្គាល់ជាងគេបំផុតគឺនៅពេលណាដែលអជ្ញាធរ ប្រើមធ្យោបាយងើបមួយវាយមួយ ងើបពីរវាយពីរ ឬក៏ គ្រាន់តែនិយាយក៏មិនបាន ។ គឺនៅក្នុងស្ថានភាពនេះហើយដែលយើងត្រូវផ្អាក ឬលះបង់ការតស៊ូ ។ ត្រង់ចំណុចនេះ យើងអាចពិចារណាថា បើយើងមិនតស៊ូអ្វីៗនឹងរឹតតែអាក្រក់ឡើងៗ ។ នៅទីបំផុត ជាតិយើងនឹងស្លាប់ ។ នៅពេលដែលជាតិស្លាប់ គឺស្មើនឹងយើងស្លាប់ ។ តើយើងរក្សាជីវិតរង់ចាំឱកាសបានប្រយោជន៍អ្វី ។ សព្វថ្ងៃ ខ្ញុំជឿថាមានពលរដ្ឋខ្មែរជាច្រើនដែលកំពុងអង្គុយខាំមាត់សង្កត់ចិត្តមិនធ្វើអ្វីឡើយ ពាក់ព័ន្ធនឹងបញ្ហាសង្គមជាតិ ។ សូម្បីតែនិយាយក៏មិននិយាយដែរ ។ មិនមែនអ្នកទាំងនោះមើលមិនយល់អំពីហានិភ័យនានាពាក់ព័ន្ធនឹងសុខុមាលភាពប្រទេសជាតិឡើយ ។ ក៏ប៉ុន្តែ មនុស្សមួយចំនួនស៊ូស្លាប់ដោយមិនបានធ្វើអ្វីមួយដើម្បីទ្រទ្រង់ជាតិ ជាជាងយកជីវិតទៅបង់ម្សៀតជាមួយនឹងកិច្ចការដែលបរាជ័យ ៕

Friday, July 19, 2024

ចំណីខួរក្បាល

ពាក្យពិត ខ្ញុំជាមនុស្សនិយមនិយាយពាក្យពិត ជាពិសេសជាមួយនឹងមនុស្សជិតស្និទ្ធនឹងគ្នា ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំគឺថា ពាក្យពិតរមែងនាំទុក្ខដល់ជីវិតខ្ញុំឥតល្ហែរឡើយ ។ មកដល់តំណាក់កាលនេះនៃជីវិតខ្ញុំ ខ្ញុំនៅមិនទាន់រកឃើញគន្លឹះសម្រាប់និយាយពាក្យពិត ប្រកបដោយសុវត្ថិភាពនៅឡើយទេ ។ ចាប់តាំងពីរឿងនយោបាយរហូតដល់រឿងក្នុងចង្ក្រានបាយ ពាក្យពិតកម្រនឹងនាំសុខផ្លូវចិត្តដល់ខ្ញុំណាស់ ។ មិនតែប៉ុណ្ណោះ សម្រាប់ខ្ញុំ ពាក្យពិតគឺជាកត្តាគំរាមកំហែងមួយ ប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ។ ទោះជាយ៉ាងណាក៏ដោយ ផ្អែកលើបទពិសោធន៍របស់ខ្ញុំក្នុងជីវិតនេះ ពាក្យពិតមានឱជារសជាងពាក្យមិនពិត ។ នៅលើលោកនេះ ប្រហែលជាមិនមែនមានតែខ្ញុំទេដែលរងកម្មជាមួយនឹងពាក្យពិត ។ តើមានប្តីប្រពន្ធប៉ុន្មាននាក់ដែលធ្លាប់ទាស់គ្នាដោយសារតែពាក្យពិតជាមួយនឹងម្ហូបអាហារ ។ "សម្លហ្នឹងសុីកើតទេឯង?" ។ "សុីមិនកើតទេ!" ។ រឿងរ៉ាវបន្តមកទៀតយើងមិនចាំបាច់និយាយឡើយ ។ ភ្នំភ្លើងដែលស្ងប់រាប់រយឆ្នាំក៏ស្រាប់តែផ្ទុះចេញមក ។ សមុទ្រដែលអត់មានរលកសោះក៏ស្រាប់តែមាន ស៊ូណាមី ។ រឿងមួយដែលជាទ្វេគ្រោះ (Dilemma) សម្រាប់ខ្ញុំនៅក្នុងករណីនេះគឺថា តើត្រូវជ្រើសរើសផ្លូវមួយណា៖ និយាយពាក្យពិត ឬ ក៏និយាយកុហក ។ បើនិយាយពាក្យពិត នឹងត្រូវប្រពន្ធខ្ញាល់ ។ បើនិយាយកុហក គាត់រីករាយ ។ ប៉ុន្តែ បើទៅថ្ងៃមុខគាត់ដឹងថាយើងនិយាយកុហក គាត់អាចនឹងខ្ញាល់ទ្វេដង ។ ប្រការមួយទៀតគឺថា នៅពេលយើងកុហកប្រពន្ធ យើងនឹងរស់នៅជាមួយនឹងវិបដិសារី នឹងត្រូវសតិសម្បជញ្ញជេរស្តីគ្មានថ្ងៃល្ហែរ ។ ព្រះពុទ្ធទ្រង់មានពុទ្ធិដីការថា៖ ពាក្យកុហកមិនអាចបាំងបិទជិតជារៀងរហូតទេ ។ ដូច្នេះ និយាយពាក្យមិនពិត ជាទង្វើបរាជ័យតាំងតែពីដើមទី ។ អូនបងៗ ភ្លេចខ្លួនរបូតពាក្យពិតចេញមកប្រុយ ។ ម៉្យាងទៀត នៅពេលយើងកុហកប្រពន្ធអំពីសម្លសុីមិនកើតថា ឆ្ងាញ់ណាស់ យើងត្រូវតែទទួលទានសម្លប្រភេទនោះឲ្យអស់ជាប្រចាំ ព្រោះមិនអាចទុកតម្រុយឲ្យគាត់ដឹងថាយើងកុហកបោកប្រាស់គាត់ឡើយ ។ អ្នកផ្ទះខ្ញុំគាត់ឧស្សាហ៍ព្រមានខ្ញុំអំពីពាក្យពិតនៅក្នុងករណីខាងលើនេះណាស់ ។ គាត់ថា បានតែអត់អីលិឍទេ ទើបសមមុខ ។ មកដល់ពេលនេះ គាត់មិនដែលអនុវត្តិការព្រមានរបស់គាត់មកលើខ្ញុំនៅឡើយទេ ។ ពេលខ្លះគាត់ថា ចាំមើលពេលខ្ញុំចាស់ពពីមពើមធ្វើអីលែងកើត ដឹងគ្នាហើយ ។ សព្វថ្ងៃនេះ ខ្ញុំធ្វើបុណ្យសម្លមួយវែកសណ្តែកមួយចង្កោម សូមឲ្យទេវតាលោកជួយលៃយ៉ាងណាកុំឲ្យខ្ញុំចាស់ពពីមពពើម ។ វិបត្តិពាក្យពិតនៅក្នុងគ្រួសារ ជាពិសេសជាមួយនឹងប្តីប្រពន្ធ ជាហានិភ័យគួរឲ្យខ្លាច ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏វាមិនសូវនាំគ្រោះធ្ងន់ធ្ងរដល់ខ្លួនឯង អ្នកដទៃ និងសង្គមជាតិ ដូចវិបត្តិពាក្យពិតនៅក្នុងវិស័យនយោបាយដែរ ។ នៅក្នុងប្រទេសដែលប្រកាន់យករបបផ្តាច់ការ និងពោរពេញទៅដោយអំពើពុករលួយ ដូចជាប្រទេសកម្ពុជាជាដើម ការនិយាយពាក្យពិតគឺជាវិបត្តិស្លាប់រស់ ។ មន្ត្រីរាជការ ឬក៏សកម្មជនសង្គមដែលហ៊ាននិយាយពាក្យពិត បើមិនបាត់ខ្លួនក៏បាត់តួនាទីដែរ ។ ជាមួយនឹងការបាត់បង់តួនាទី ឱកាសក្នុងការប្រកបរបររកសុីក៏រួមតូចទៅៗជាលំដាប់ ។ ដូច្នេះហើយ យើងកម្រឃើញមនុស្សនិយាយពាក្យពិតនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋរបស់កម្ពុជាណាស់ ។ អ្វីៗគឺសុទ្ធតែល្អទាំងអស់ ។ នៅក្នុងសង្គមខ្មែរដែលមានប្រព័ន្ធដឹកនាំរបៀបអាមីអាថោងនិយម (Patronage system) រាប់រយឆ្នាំកន្លងមកហើយនោះ យើងរងកម្មជាមួយការភ័យខ្លាចនិយាយពាក្យពិតរាប់សិបជំនាន់ ។ ការពោលពាក្យមិនពិតដោយសារការភ័យខ្លាចពាក្យពិតនាំទុក្ខដល់ខ្លួននិងក្រុមគ្រួសារ គឺជាកត្តាតែមួយគត់ដែលបង្កគ្រោះមហន្តរាយដល់សង្គមខ្មែរ តាំងតែពីពេលខ្ញុំដឹងក្តីមករហូតដល់ថ្ងៃនេះ ។ ហើយក៏ប្រហែលជានឹងត្រូវបន្តទៅមុខទៀត ជាច្រើនជំនាន់ផងដែរ ។ ឧទាហរណ៍មួយដែលខ្ញុំនៅចាំច្បាស់ជាងគេគឺរបាយការណ៍មិនពិតរបស់កម្មាភិបាលខ្មែរក្រហម ។ ពលរដ្ឋធ្វើការលើសកម្លាំង អត់បាយក្រហាយទឹក ស្លាប់ពេញប្រទេស ។ ប៉ុន្តែ គ្មាននរណាប្រាប់ប្រមុខរដ្ឋអំពីភាពធ្ងន់ធ្ងរនៃវិបត្តិនោះទេ ។ ជាលទ្ធផល មនុស្សស្លាប់រាប់សែន ឬ រាប់លាននាក់ ។ រឿងមួយទៀតគឺនៅអំឡុងពេលសង្គ្រាម ជាមួយនឹងពួកយួនយៀកកុងនិងខ្មែរក្រហម ។ មេបញ្ជាការខ្លះបំប៉ោងតួលេខកូនទាហានដើម្បីកិបកេងប្រាក់បៀរវត្សទាហានខ្មោច (Ghost soldiers) ។ ជាលទ្ធផល សមរភូមិនិងជីវិតទាហានជាច្រើន ត្រូវបានសត្រូវយកឈ្នះ និងបំផ្លាញចោល ។ សរុបសេចក្តីមក ពាក្យពិតនាំទុក្ខនិងអាចនាំគ្រោះមហន្តរាយដល់ខ្លួន ។ ប៉ុន្តែ យើងមិនត្រូវខ្លាចវាពេកទេ ។ បើមិនហ៊ាននិយាយពាក្យពិតជាមួយនឹងអ្នកដទៃ ជាពិសេសមេដឹកនាំប្រទេសជាតិ យ៉ាងហោចណាស់ ក៏យើងគួរតែមានសេចក្តីក្លាហានគ្រប់គ្រាន់ ក្នុងការនិយាយពាក្យពិតជាមួយនឹងប្រពន្ធកូនដែរ ៕

Friday, May 17, 2024

ចំណីខួរក្បាល

វិបាកព្រែកជីក ហ្វូណន (២) កាលពីពេលថ្មីៗនេះ ខ្ញុំបានសរសេរវិចារណកថាអំពីវិបាកព្រែកជីក ហ្វូណន ដោយមិននិយាយអំពីរឿងនយោបាយរវាងប្រទេសកម្ពុជានិងវៀតណាម ដែលជាប្រទេសពាក់ព័ន្ធ ឬរងផលប៉ះពាល់ដោយសារការជីកព្រែកជីកនេះទេ ។ ដោយហេតុតែមានមិត្តអ្នកអានខ្លះលើកយកប្រការនេះមកនិយាយ និងមើលឃើញដំណើរដើមទងមួយចំនួន ដែលអាចផ្ទុយអំពីការមើលយល់របស់មនុស្សដទៃ ខ្ញុំសូមលើកយកទំនាក់ទំនង ឬទំនាស់នយោបាយរវាងរដ្ឋាភិបាលខ្មែរនិងវៀតណាម ពាក់ព័ន្ធនឹងការជីកព្រែកជីក ហ្វូណន មកវែកញែកចែកជាធម្មទានម្តងទៀត ។ គួរកត់សម្គាល់ថា ខ្ញុំជាមនុស្សរត់ចោលស្រុក និងបានសម្រេចចិត្តមិនត្រឡប់ទៅរស់នៅក្នុងស្រុកខ្មែរទៀតទេ ។ អ្វីៗដែលកើតឡើងនៅក្នុងស្រុកខ្មែរ ក្នុងវិស័យសេដ្ឋកិច្ចក្តី នយោបាយក្តី មិនមែនជាអ្វីដែលខ្ញុំត្រូវឈឺក្បាលវិលមុខឡើយ ។ ក៏ប៉ុន្តែ ក្នុងនាមជាមនុស្សម្នាក់ដែលបានចាប់កំណើតនៅក្នុងស្រុកខ្មែរ ខ្ញុំនៅសល់សតិសម្បជញ្ញ និងបសាទចិត្តខ្លះៗជំពាក់នៅទីនោះ ជាពិសេសជាមួយនឹងពលរដ្ឋខ្មែរ ដែលមានអម្បូរទៀងត្រង់នឹងពូជពង្ស រាប់បញ្ចូលទាំងជាតិសាសន៍ដទៃដែលរស់នៅក្បែរខាងគ្នាផងដែរ ។ មុននឹងខ្ញុំអភិប្រាយវិចារណកថានេះ ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ជាទីបំផុតថា អត្ថបទនេះគ្មានគោលដៅបម្រើផលប្រយោជន៍នយោបាយឲ្យប្រទេស កម្ពុជា ឬ វៀតណាម ឡើយ ។ វាជាធម្មទានទិដ្ឋិ សរសេរផ្អែកលើគោលគំនិតរបស់ទស្សនវិទូជនជាតិអង់គ្លេសឈ្មោះ ចនស្ទូអាត មៀល ដែលពោលថា៖ ក្នុងចំណោមមនុស្ស ១០០នាក់ បើមានមនុស្សម្នាក់មានទិដ្ឋិផ្ទុយអំពីអ្វីដែលមនុស្ស ៩៩នាក់យល់ថាត្រឹមត្រូវ យើងមិនត្រូវចាត់ទុកទិដ្ឋិដែលផ្ទុយនោះ ថាមិនបានការឡើយ ។ មូលហេតុគឺវាអាចមានសច្ចភាពប៉ុនចុងក្រចក (a grain of truth) នៅក្នុងទិដ្ឋិផ្ទុយនោះដែលយើងគិតមិនដល់ ។ ទោះបីជាទិដ្ឋិផ្ទុយនោះ គ្មានសច្ចភាពប៉ុនចុងក្រចកក៏ដោយ ក៏វាអាចជាហ្វ្រាំងជួយទប់កុំឲ្យអ្វីដែលលោក មៀល ហៅថា Majority tyranny (សភាវផ្តាច់ការនៅក្នុងផ្នត់គំនិត) ដឹកនាំយើងឲ្យរមៀលធ្លាក់ជ្រោះទាំងអស់គ្នាលឿនពេកដែរ ។ ពាក់ព័ន្ធនឹងព្រែកជីក ហ្វូណន គ្មាននរណារីករាយត្រេកត្រអាលក្នុងចិត្ត នឹងឃើញព្រែកជីកនេះកសាងបានសម្រេច ជាងរដ្ឋាភិបាលវៀតណាមទេ ។ ខ្ញុំនិយាយម្តងទៀត (Repeat:) គ្មាននរណារីករាយនឹងឃើញព្រែកជីក ហ្វូណន កសាងបានសម្រេចជាងប្រទេសវៀតណាមឡើយ (Nobody is more happy than Vietnam) ។ បើរីករាយនឹងឃើញព្រែកជីកនេះកសាងឡើង ហេតុអ្វីក៏ប្រទេសវៀតណាមជំទាស់និងបង្កឧបស័គ្គដល់កម្ពុជា?? វាគឺជាយុទ្ធសាស្ត្រមួយដែលភាសាអង់គ្លេសហៅថា៖ Reverse Psychology (ចិត្តសាស្ត្របញ្ច្រាសជើង) ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមរំលឹកគុណអ្នកគ្រូ វ៉ា័រ (Ms. Ware) ដែលបានបង្រៀនខ្ញុំអំពីគោលការណ៍ ឬ កលល្បិច "ចិត្តសាស្ត្របញ្ច្រាសជើង" នេះ នៅក្នុងការសិក្សាអក្សរសិល្បអង់គ្លេសនាដើមឆ្នាំ ១៩៨៩ ខណៈខ្ញុំទើបនឹងមកដល់សហរដ្ឋអាមេរិកបានបីអាទិត្យ ។ អ្នកគ្រូបានចែកឋានទៅហើយ ។ ឯគោលការណ៍អក្សរសិល្បដែលគាត់បានបង្រៀនខ្ញុំ ក៏ខ្ញុំភ្លេចស្ទើរតែអស់ហើយដែរ ។ នៅសល់តែគោលការណ៍ "ចិត្តសាស្ត្របញ្ច្រាសជើង" នេះប៉ុណ្ណោះដែលខ្ញុំនៅចងចាំ ។ Reverse Psychology ឬ ចិត្តសាស្ត្របញ្ច្រាសជើង គឺជាល្បិចម៉ែឪបោកប្រាស់កូនក្មេងឲ្យធ្វើអ្វីមួយ ដែលត្រូវជាមួយនឹងគោលបំណងរបស់ពួកគាត់ ដោយធ្វើពុតជាជំទាស់នឹងបំណងរបស់វា ដើម្បីឲ្យវាខឹងនិងជម្នះធ្វើកិច្ចការនោះ ប្រកបដោយឆន្ទៈមោះមុតជាទីបំផុត ។ គ្មានអ្វីដុតឆន្ទៈពលរដ្ឋខ្មែរ ឲ្យគាំទ្រការជីកព្រែក ហ្វូណន ស្មើនឹងការបង្កឧបស័គ្គចេញពីសំណាក់វៀតណាម ដែលជាមិត្តម៉ឺនឆ្នាំផង និងជាសត្រូវសួពូជផងនោះទេ ។ ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងវៀតណាមសព្វថ្ងៃ គឺប្រៀបបាននឹងដៃឆ្វេងហើយនិងដៃស្តាំ ។ អ្វីដែលដៃឆ្វេងធ្វើ ដៃស្តាំដឹងឮមុននរណាៗទាំងអស់ ។ ពេលខ្លះដៃឆ្វេងនិងដៃស្តាំសហការគ្នាដើម្បីធ្វើកិច្ចការអ្វីមួយផងដែរ ។ អត្ថប្បដិរូបរវាងដៃឆ្វេងនិងដៃស្តាំនេះ ហាក់ដូចជាមិនពិបាកយល់ទេ ។ មិនចាំបាច់ខ្ញុំបកស្រាយពិស្តារឡើយ ។ មុនពេលទ្រង់ចូលទីវង្គត ស្តេច សីហនុ បានបន្សល់នូវពាក្យមួយឃ្លា ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងរដ្ឋាភិបាលវៀតណាម៖ "យួនគឺជាសត្វក្រពើ" ។ ថ្វីដ្បិតតែវាជាពាក្យក្រោធគ្រាត វាបានបង្ហាញនូវភាវខកចិត្តដ៏ឈឺចាប់របស់ប្រមុខរដ្ឋមួយរូប ដែលត្រូវបានសម្ព័ន្ធមិត្តដើរខ្សែលើ ឬ បោកប្រាស់ ។ បើគេអាចបោកប្រាស់ស្តេចខ្មែរបាន រឿងអីដែលគេមិនអាចបោកប្រាស់ពលរដ្ឋខ្មែរបាននោះ ។ សំណួរតែមួយគត់ដែលពលរដ្ឋខ្មែរគ្រប់រូប គួរលើកយកមកសួរខ្លួនឯង ពាក់ព័ន្ធនឹងប្រការខាងលើនេះគឺ៖ "តើដល់ថ្ងៃណា ទើបយើងភ្ញាក់ខ្លួន???" តើរដ្ឋាភិបាលវៀតណាមទទួលបានសារប្រយោជន៍អ្វីខ្លះ បន្ទាប់ពីធ្វើបាវខ្សាច់ឲ្យពលរដ្ឋខ្មែរដាល់រំសាយកំហឹង ? ធំធេងណាស់! (Huge!) ។ ទីមួយ បើព្រែកជីក ហ្វូណន អាចកសាងបានជោគជ័យ វៀតណាមចងកម្ពុជាឲ្យក្លាយទៅគូប្រជែងដឹកទំនិញតាមផ្លូវទឹកមួយ ដែលស្ថិតនៅក្នុងស្ថានភាពចាញ់ប្រៀបខ្លួនអង្វែងសែងជាតិ ។ នៅក្នុងករណីដៃឆ្វេងនិងដៃស្តាំ វៀតណាមនឹងទទួលបានអ្នកដឹកនាំនៅស្រុកខ្មែរ ដែលនឹងបន្តដឹងគុណខ្លួនជាច្រើនឆ្នាំទៅមុខទៀត ។ វាជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានចាបពីរដោយមិនបាច់ប្រឹង ។ នៅក្នុងវិស័យគមនាគមន៍ដឹងជញ្ជូន ចាប់ពីការផ្ញើស្រោមសំបុត្រមួយ រហូតដល់ការផ្ញើទំនិញមួយកុងតឹណឺ តម្លៃរបស់វាគឺពាក់ព័ន្ធនឹងកត្តាបី៖ ទម្ងន់ ចម្ងាយ និងថេរវេលាដែលទំនិញទៅដល់គោលដៅ (Weight, Distance, and Time of delivery) ។ ទម្ងន់ ចម្ងាយ និង តម្លៃស្មើគ្នា អ្នកណាបញ្ជូនទំនិញបានឆាប់ជាង នឹងទទួលបានសេវាច្រើនជាង (Preferences) ។ ដឹកជញ្ជូនទំនិញតាមផ្លូវទឹកក៏ដូចគ្នា ។ ផ្លូវណាដែលមានចម្ងាយជិតជាង (ផ្លូវកាត់) អ្នកដឹងជញ្ជូននិងអតិថិជននឹងប្រើផ្លូវនោះ ដ្បិតវាជួយកាត់បន្ថយការចំណាយលើឋាមពល ក៏ដូចជាពេលវេលា ព្រមទាំងតម្លៃដឹកជញ្ជូនផងដែរ ។ ឧបមាថា ព្រែកជីក ហ្វូណន ត្រូវបានកសាងនិងនិងប្រើប្រាស់ ចម្ងាយពីកំពង់ផែ ភ្នំពេញ ទៅកំពង់ផែ ព្រៃនគរ ឬសៃហ្គន និង ពីភ្នំពេញទៅកំពង់ផែ កំពង់សោម តាមរយៈព្រែកជីក ហ្វូណន គឺខុសគ្នាប្រហែលជាមួយភាគបី (ពីភ្នំពេញទៅកំពង់ផែព្រៃនគរ មានចម្ងាយឆ្ងាយជាងពីភ្នំពេញទៅកំពង់ផែកំពង់សោមបន្តិច) ។ ចម្ងាយពីកំពង់ផែព្រៃនគរតាមផ្លូវសមុទ្រវាងក្បាលជ្រោយទឹកខ្មៅ (Ca Mau) ទៅកំពង់ផែកំពង់សោម មានប្រវែងប្រហែលជាបីដងនៃចម្ងាយពីភ្នំពេញទៅព្រៃនគរ ។ បើយើងគូសបន្ទាត់ផ្លូវទឹកតភ្ជាប់ចំណុចកំពង់ផែទាំងបី យើងនឹងបានចម្ងាយផ្លូវទឹកមួយដែលមានទម្រង់ជា ការ៉េ ។ កំពង់ផែព្រៃនគរនៅខាងកើតឈៀងខាងជើង ។ ជ្រោយទឹកខ្មៅនៅខាងត្បូង ។ និងកំពង់ផែកំពង់សោមនៅខាងត្បូងឈៀងខាងលិចភ្នំពេញ ។ ដូច្នេះ ទំនិញដែលត្រូវដឹកចេញពីភ្នំពេញទៅកាន់ទ្វីបអឺរ៉ុប ចុះតាមព្រែកជីហ្វូណនឆ្ពោះទៅកាន់កំពង់ផែកំពង់សោម ជិតជាង ។ ទំនិញដែលត្រូវដឹកចេញពីភ្នំពេញទៅកាន់ប្រទេសចិន កោះតៃវ៉ាន់ កូរ៉េ ជប៉ុន និង សហរដ្ឋអាមេរិក ចុះតាមដងទន្លេមេគង្គឆ្ពោះទៅកាន់កំពង់ផែព្រៃនគរ ជិតជាង ។ នេះគឺជាសំណួរស្លាប់រស់មួយ៖ តើទីផ្សារដឹកជញ្ជូនដ៏ធំបំផុតរបស់កម្ពុជា ស្ថិតនៅទិសខាងជើង ឬខាងត្បូង??? គឺនៅទិសខាងជើងដែលមានប្រទេស ចិន កោះតៃវ៉ាន់ កូរ៉េ ជប៉ុន និង សហរដ្ឋអាមេរិក ស្ថិតនៅក្នុងទិសដៅនោះ ។ និយាយឲ្យចំទៅ វិនិយោគិនអន្តរជាតិភាគច្រើនដែលចូលមកធ្វើពាណិជ្ជកម្មនៅក្នុងស្រុកខ្មែរ គឺមកពីប្រទេស ចិន កោះតៃវ៉ាន់ កូរ៉េ និង ជប៉ុន ។ ទីផ្សារសម្រាប់ផលិតផលដែលពួកគេផលិតនៅស្រុកខ្មែរ ភាគច្រើនគឺដឹកយកទៅលក់នៅស្រុកអាមេរិក ។ យើងមានទំនាក់ទំនងដឹកជញ្ជូនទំនិញទៅកាន់ទ្វីបអឺរ៉ុប មជ្ឈឹមបូព៌ា ឬក៏ឧបទ្វីបឥណ្ឌាតិចតួចទេ ។ ប្រសិនបើទៅថ្ងៃអនាគត ប្រទេសខ្មែរក្លាយទៅជាកូនខ្លាអាសុីផ្នែកខាងនាំភោគផលកសិកម្ម ជាពិសេសស្រូវអង្ករទៅលក់នៅក្រៅប្រទេស ទីផ្សារដ៏ធំជាងគេគឺនៅប្រទេស ចិន កោះតៃវ៉ាន់ កូរ៉េ ជប៉ុន និង តំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិកឯនោះ មិនមែននៅអឺរ៉ុបទេ ។ ឯការដឹកជញ្ជូនទំនិញពីកំពង់ផែភ្នំពេញ គឺជៀសប្រើប្រាស់ដងផ្លូវទឹកទន្លេមេគង្គទៅកាន់កំពង់ផែព្រៃនគរមិនរួចទេ ។ គ្មានពាណិជ្ជករណា ឡប់សតិដឹកអីវ៉ាន់ទាំងទៅទាំងមក វាងមួយចំហៀងមេឃពីចំណុចកំពង់ផែព្រៃនគរ ទៅដល់កំពង់ផែកំពង់សោម ហើយវិលត្រឡប់តាមព្រែកជីក ហ្វូណន មកកាន់កំពង់ផែក្រុងភ្នំពេញវិញឡើយ ។ នៅក្នុងភាសាអង់គ្លេសគេហៅថា Untendable (ធ្វើទៅមិនរួច) ។ ប្រការមួយទៀតដែលត្រូវលើកយកមកគិតគឺ វៀតណាមប្រើផ្លូវទឹកធម្មជាតិ ។ ឯខ្មែរចំណាយថវិកាជិតពីរកោដលានដុល្លារ ដើម្បីបង្កើតផ្លូវទឹកដឹកទំនិញដែលមានតម្រូវការតិចតួច ហើយស្ថិតនៅក្នុងស្ថានភាពចាញ់ប្រៀបគេថែមទៀត ។ ខ្ញុំសូមបញ្ចប់បទបង្ហាញ ត្រឹមនេះចុះ ។ តែមុននឹងបញ្ចប់ សូមលើកយកដំបូន្មានមួយដែលខ្ញុំធ្លាប់ឮចេញពីមាត់របស់គ្រូបង្រៀនម្នាក់៖ នៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជានយោបាយអន្តរជាតិដែរ យើងអាចមានមិត្តតែមួយប្រភេទគត់ គឺមិត្តដែលស្វែករកតែផលប្រយោជន៍រៀងៗខ្លួន ៕

Friday, May 10, 2024

ចំណីខួរក្បាល

វិបាកព្រែកជីក ហ្វូណន ទស្សនវិទូជនជាតិអង់គ្លេស ចនស្ទូអាត មៀល (John Stuart Mill) ពោលថា "មនុស្សម្នាក់ដែលមានជំនឿ មានសារសំខាន់ស្មើនឹងមនុស្ស ៩៩នាក់ ដែលមានត្រឹមតែចំណង់ ឬ ចំណាប់អារម្មណ៍" (One person with a belief is a SOCIAL POWER equal to ninety-nine who have only interests) ។ ការជីកព្រែក ហ្វូណន តភ្ជាប់ផ្លូវទឹកពីទន្លេមេគង្គទៅកាន់សមុទ្រនៅក្នុងប្រទេសកម្ពុជា គឺជាកិច្ចការមួយដែលពលរដ្ឋខ្មែរគ្រប់ៗរូបគួរលើកយកមកត្រិះរិះពិចារណា ។ ប្រទេសកម្ពុជាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលិករដ្ឋាភិបាលទេ ។ ការត្រិះរិះពិចារណាក៏មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់រដ្ឋាភិបាលដែរ ។ វាជាបុព្វសិទ្ធិ (Privilege) របស់ពលរដ្ឋគ្រប់ៗរូប ។ ទោះបីការគិតពិចារណានោះ មិនអាចផ្លាស់ប្តូរប្រការណាមួយនៅក្នុងគោលដៅជីកព្រែក ហ្វូណន ក្តី វាក៏ជាកំណត់ត្រាសម្រាប់មនុស្សនានាទុកធ្វើជាការកត់សម្គាល់នៅថ្ងៃអនាគតដែរ ។ មុននឹងខ្ញុំអភិប្រាយសំណេរនេះ ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ដូចពន្លឺថ្ងៃថា អត្ថបទនេះមិនពាក់ព័ន្ធនឹងរឿងនយោបាយ ជាមួយនឹងបរទេសក្តី ជាមួយនឹងខ្មែរគ្នាឯងក្តី ។ ហើយក៏មិនមានន័យទិតៀនដែរ ។ វាគ្រាន់តែជាការគិតពិចារណារបស់មនុស្សម្នាក់ប៉ុណ្ណោះ ។ គោលដៅចម្បងរបស់ស្មេរគឺ ចែករំលែកការគិតពិចារណា ដើម្បីពង្រីកវិសាលភាពនៃការយល់ដឹង ។ ជាបឋម ព្រែកជីកខ្នាតកូនយក្សដូចជាព្រែកជីក ហ្វូណន គឺជាការវិនិយោគសេដ្ឋកិច្ចរយៈពេលវែង (Long-term Strategic Investment) ។ ដូច្នេះ ទិដ្ឋិនៅក្នុងសំណេរនេះគឺផ្តោតលើវិបាក ដែលនឹងកើតចេញនៅថេរវេលាចាប់ពី៣០ឆ្នាំ ឬកន្លះសតវត្ស (៥០ឆ្នាំ) ឡើងទៅ បន្ទាប់ពីព្រែកជីកនេះកសាងរួចរាល់ ។ ១) គមនាគមន៍៖ គោលដៅចម្បងនៃការវិនិយោគលើព្រែកជីក ហ្វូណន គឺគមនាគមន៍ ។ គមនាគមន៍មានបីប្រភេទគឺ ផ្លូវទឹក ផ្លូវគោក និង ផ្លូវអាកាស ។ បច្ចុប្បន្ន មនុស្សក្នុងពិភពលោករាប់បញ្ចូលទាំងពលរដ្ឋខ្មែរផងដែរ មិននិយមធ្វើដំណើរតាមផ្លូវទឹកទៀតទេ ។ យើងមានកាណូតល្បឿនលឿនដែលបម្រើសេវាដឹកមនុស្សពី ភ្នំពេញ ទៅ សៀមរាប និង ភ្នំពេញ ទៅ ក្រចេះ ជាតឹកតាង ។ មូលហេតុតែមួយគត់ដែលធ្វើឲ្យគមនាគមន៍ដឹកមនុស្សតាមផ្លូវទឹក ដួលដោយមិនបាច់ច្រាន គឺពេលវេលានៃការធ្វើដំណើរ ។ គ្មាននរណាចង់ចំណាយពេលពេញមួយថ្ងៃ ធ្វើដំណើរតាមផ្លូវទឹកពីចំណុច ក ទៅចំណុច ខ នៅពេលដែលគេអាចចំណាយពេលត្រឹមតែ កន្លះថ្ងៃ ឬ កន្លះម៉ោង ធ្វើដំណើរតាមផ្លូវគោក ឬផ្លូវអាកាសនោះទេ ។ ដូច្នេះ សារប្រយោជន៍របស់ព្រែកជីក ហ្វូណន គឺសម្រាប់គមនាគមន៍ដឹកទំនិញតែមួយមុខគត់ ។ ការដឹកទំនិញនេះទៀតសោតក៏មិនប្រាកដថា ឈ្មួញនាវាដែលបម្រើសេវាដឹកទំនិញឆ្លងសមុទ្រពីប្រទេសមួយទៅប្រទេសមួយ ចូលតាមព្រែកជីកហ្វូណនយកអីវ៉ាន់មកទម្លាក់នៅភ្នំពេញ និងដឹកទំនិញពីភ្នំពេញចេញទៅក្រៅវិញដែរ ។ មូលហេតុគឺការលំបាកនិងហានិភ័យ ក្នុងការបើកបរនាវាធំៗនៅក្នុងព្រែកជីក ។ កាលពីក្មេង ខ្ញុំធ្លាប់ចែវទូកក្នុងដងអូរនិងដងព្រែក ។ វាលំបាកវេទនាជាងចែវទូកក្នុងបឹង ឬក្នុងដងទន្លេឆ្ងាយណាស់ ។ ប្រការមួយទៀតគឺទំហំសេដ្ឋកិច្ចរបស់ខ្មែរ ។ តើវាមានទំហំសមល្មមនឹងនាវាធំៗដឹកទំនិញពីក្រៅប្រទេសមកកាន់ក្រុងភ្នំពេញ និងពីក្រុងភ្នំពេញចេញទៅក្រៅប្រទេសដែរទេ ។ ជាទូទៅ នាវាដឹកទំនិញតាមសមុទ្រ មិនចូលទៅក្នុងដៃសមុទ្រ ឬព្រែកជីករាប់រយគីឡូម៉ែត្រទេ ។ គេទម្លាក់ទំនិញតែនៅតាមកំពង់ផែក្នុងឈូងសមុទ្រតែប៉ុណ្ណោះ ។ មានដៃសមុទ្រតែមួយគត់នៅក្នុងពិភពលោក ដែលនាវាដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រប្រើ គឺឈូងសមុទ្រ ឆេសាភីក (Chesapeake Bay) ដែលមានកំពង់ផែ បាល់ទីម័រ (Baltimore Port, U.S.A.) ស្ថិតនៅចុងដៃសមុទ្រនោះ ។ នាវាខូចម៉ាសុីនបុកស្ពានមួយបាក់ខ្ជេចកាលពីពេលថ្មីៗនេះ គឺចេញមកពីកំពង់ផែនោះ ។ សារសំខាន់តែមួយគត់ដែលញ៉ាំងឲ្យនាវាដឹកជញ្ជូន ធ្វើដំណើររាប់រយគីឡូម៉ែត្រចូលមកក្នុងដៃសមុទ្រយ៉ាងឆ្ងាយនេះ គឺវាបម្រើតម្រូវការសេដ្ឋកិច្ចរបស់រដ្ឋចំនួនប្រាំគឺ ម៉ារីឡេន វឺជីញៀ ភេនសុីលវ៉េនញៀ ដែលឡាវ៉័រ និង ញូជឺហ៊្សី (Maryland, Virginia, Pennsylvania, Delaware, New Jersey, U.S.A.) ។ ប្រការមួយទៀតដែលអាចជាផលវិបាកសម្រាប់ព្រែកជីកហ្វូណន គឺសង្វាក់ផលិតកម្មនិងសេវាកម្ម ដែលភាសាអង់គ្លេសហៅថា (Just in Time) ។ វាជាកត្តា "ពេលវេលា" ។ អ្វីៗ រាប់បញ្ចូលទាំងការដឹកជញ្ជូនផងដែរ គឺតភ្ជាប់គ្នាជាប្រព័ន្ធ ។ ដូចដែលយើងបានលើកហេតុផលខាងលើរួចហើយ គ្មាននរណាចំណាយពេលពេញមួយថ្ងៃធ្វើដំណើរពីចំណុច ក ទៅ ខ នៅពេលដែលគេអាចធ្វើដំណើរតាមវិធីផ្សេង ដោយប្រើពេលត្រឹមកន្លះថ្ងៃនោះទេ ។ ការដឹកជញ្ជូនក៏ដូចគ្នា ។ គួរកត់សម្គាល់ថា សេវាកម្មដឹកជញ្ជូននិងគមនាគមន៍នៅក្នុងទីផ្សារសេរី យើងមិនអាចបង្ខំ ឬក៏តម្រូវឲ្យនរណាម្នាក់ប្រើព្រែកជីកយើងបានទេ ។ បើវាមិនរហ័សទាន់ចិត្ត ឬក៏បំពេញតម្រូវការរបស់អ្នកប្រើប្រាស់បានគាប់ប្រសើរ គ្មាននរណាប្រើប្រាស់វាឡើយ ។ នៅក្នុងជីវិតពិត វាខុសអំពីរឿងកុន Field of Dream (តារាងនៃក្តីសង្ឃឹម) ។ If you build it, they will come (ប្រសិនបើយើងកសាងវា ពួកគេនឹងមក) ។ នៅក្នុងវិស័យសេដ្ឋកិច្ច គ្មានរឿងរវើរវាយដូច្នេះឡើយ ។ គេមិនអាចជ្រៀកក្បាលមនុស្សតម្រូវមួកទេ ។ គឺចាំបាច់ត្រូវដេរមួយតម្រូវក្បាលមនុស្ស ។ ២) ថែរក្សា៖ ព្រែកជីកនិងប្រឡាយ ត្រូវការការថែទាំ (Mentainance) ជាប្រចាំ ។ ប្រការនេះ យើងអាចទៅសួរអ្នកស្រែថាតើហេតុអ្វីបានជាគាត់ យកចបទៅកាយដីបាតប្រឡាយបង្ហូរទឹកចូលស្រែជារឿយៗ ។ គាត់នឹងឆ្លើយថា ពីព្រោះកំទេចដីហូរពីទីខ្ពស់មក ធ្វើឲ្យប្រឡាយគាត់រាក់ដែលជាហេតុនាំឲ្យស្ទះលំហូរទឹក ។ នៅក្នុងភាសាអង់គ្លេសគេហៅប្រការនេះថា Silting (កំណរ ឬកករកំទេចដី) ។ ដីសណ្តទន្លេមេគង្គ និង ដីសណ្តនៅតាមបាងទន្លេនានានៅជុំវិញពិភពលោក គឺកើតចេញអំពីអព្ភូតហេតុនេះ ។ ព្រែកជីកក៏ដូចគ្នាដែរ ។ ក៏ប៉ុន្តែ កំណរកំទេចដីនៅបាតព្រែកជីកគមនាគមន៍ ខុសអំពីកំណរកំទេចដីនៅបាតប្រឡាយបង្ហូរទឹកចូលស្រែ ។ គេមិនអាចយកចបទៅកាយកំណរដីនៅបាតព្រែកជីកបានឡើយ ។ ថ្វីត្បិតតែយើងអាចធ្វើទ្វារទឹកទប់ស្កាត់កំណរដីតាមរយៈលំហូរទឹកទន្លេបាន តែយើងមិនអាចធ្វើទ្វារទឹកទប់ស្កាត់ទឹកភ្លៀងដែលធ្លាក់ពីលើមេឃមកបានទេ ។ កំណរដីភាគច្រើនបំផុត គឺកើតចេញពីលំហូរទឹកភ្លៀងនេះឯង ។ ការថែរក្សាព្រែកជីក បើយើងទុករហូតដល់កំណរដីកើនច្រើន គឺមិនខុសអំពីជីព្រែកសាជាថ្មីឡើងវិញឡើយ ។ ៣) ដង្ហើមទឹក៖ ខុសអំពីព្រែកជីក ស៊ុយអេ និង ព្រែកជី ប៉ាណាម៉ា (Suez and Panama Canals) ដែលប្រើទឹកសមុទ្រជាមធ្យោបាយគមនាគមន៍នៅក្នុងព្រែក ព្រែកជីក ហ្វូណន ប្រើទឹកទន្លេមេគង្គ ។ ទន្លេមេគង្គមានទំនប់ទប់ស្កាត់ ទាំងនៅក្នុងគម្រោង ទាំងធ្វើរួចរាល់ មិនតិចជាង ១០ ទេ ។ ទំនប់ផ្នែកខាងក្រោមបំផុតគឺស្ថិតនៅក្នុងប្រទេស លាវ ខាងលើព្រំដែនខ្មែរបន្តិច ។ មាត់ច្រកទទួលទឹករបស់ព្រែកជីក ហ្វូណន គឺស្ថិតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គ ។ សំណួរមួយដែលយើងត្រូវផ្គុំក្បាលគ្នាពិចារណាគឺថា តើទន្លេមេគង្គដែលមានទំនប់បួនដប់ទប់ស្កាត់ អាចមានទឹកគ្រប់គ្រាន់ហូរចាក់មកសមុទ្រទេ ។ សំណួរមួយទៀតដែលយើងត្រូវសួរផងដែរគឺថា នៅក្នុងករណីរាំងស្ងួត (Drought) តើម្ចាស់ទំនប់គេមានចិត្តសម្បុរសគ្រប់គ្រាន់នឹងចែករំលែកទឹក មកបំពេញសេចក្តីត្រូវការរបស់យើងទេ ។ ទឹក សម្រាប់ជីវិតមនុស្ស គឺមានសារសំខាន់ស្មើនឹងខ្យល់អុកសុីហ៊្សេន ។ វាជាបញ្ហាស្លាប់រស់ ។ នៅពេលមនុស្សប្រឈមនឹងបញ្ហានេះ កុំថាឡើយមិត្តដែកថែប ឬមិត្តមុឺនឆ្នាំ សូម្បីតែម៉ែឪ ឬក៏បងប្អូនបង្កើត ក៏ត្រូវតែដណ្តើមគ្នារស់មួយគ្រាសិនដែរ ។ បើមិនជឿខ្ញុំអំពីប្រការនេះទេ សូមទៅសួរមនុស្សដែលធ្លាប់រស់នៅក្នុងជំនាន់ ប៉ុល ពត ។ ពួកគាត់មិនទាន់ស្លាប់អស់នៅឡើយទេ ។ ប្រការមួយទៀតដែលយើងត្រូវលើកយកមកពិចារណា គឺការប្រែប្រួលសីតុណ្ហភាពលើភពផែនដី ។ វាជាកត្តាចក្រវាឡ៍ពាក់ព័ន្ធនឹងប្រព័ន្ធព្រះអាទិត្យ (Solar System) ដែលគ្មានអាទិទេពណាទប់ស្កាត់បានឡើយ ។ កំណើនត្រឹមតែ ២ ឬ ៣ ដឺក្រេ នៅលើភពផែនដី វានឹងបង្កឲ្យមានគ្រោះធម្មជាតិរាប់មិនអស់ឡើយ ។ ចំណុចចុងក្រោយ ដែលយើងគួរលើកយកមកពិចារណាឲ្យបានល្អិតម៉ត់ដូចអាចម៍ទីទុយ គឺ "ទន្លេគ្មានទឹក" ។ ទន្លេ ដែលត្រូវបានគេទប់ គឺមិនសូវមានទឹកហូរនៅក្នុងតំបន់ដីសណ្តទេ ។ ទន្លេ កូឡូរ៉ាដូ ដែលអាមេរិកទប់យកទឹកប្រើប្រាស់សម្រាប់រដ្ឋដែលសម្បូរវាលរហោស្ថាននោះ ស្ទើរតែក្លាយទៅជាអូរទៅហើយ ។ ទឹកដែលហូរធ្លាក់ទៅដល់សមុទ្រ គឹមានបរិមាណតិចតួចស្តួចស្តើងបំផុត ។ ឯទន្លេ លឿង នៃប្រទេសចិនក៏ត្រូវបានគេទប់យកទឹកប្រើប្រាស់ស្រដៀងគ្នាដែរ ។ នៅបាងទន្លេលឿងក្បែរមាត់សមុទ្រគឺរីងស្ងួតតែម្តង ។ នៅទីបំផុត ចិនក៏សម្រេចបំផ្លាញទំនប់នោះចោល ដើម្បីឲ្យទឹកហូរជាប្រក្រតីឡើងវិញ ។ ករណីទន្លេមេគង្គ យើងគ្មានផ្លូវនឹងបញ្ចុះបញ្ចូលឲ្យម្ចាស់ទំនប់បំផ្លាញវាចោល ឬក៏បើកទឹកផ្តល់ឲ្យយើងប្រើប្រាស់ទៅតាមតម្រូវការទេ ដរាបណាគេត្រូវការវាដែរ ។ ទំនប់អស់ទាំងនោះ គេចំណាយប្រាក់វិនិយោគដូចជាព្រែកជីក ហ្វូណន ដែរ ។ គ្មានពេលដែលគេត្រូវលះបង់ផលប្រយោជន៍របស់គេ ដើម្បីផលប្រយោជន៍របស់យើងឡើយ ។ ដូច្នេះ វិបាកធំៗរបស់ព្រែកជីក ហ្វូណន មានពីរ ។ ទីមួយ ខ្សត់អតិថិជន ។ ទីពីរ ខ្សត់ទឹក ។ អរគុណ ដែលចំណាយពេលអានអត្ថបទវិចារណកថានេះ ៕

ចំណីខួរក្បាល

កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...