Thursday, January 9, 2025
ចំណីខួរក្បាល
ប្តូរតួនាទី (Role Reversal)
សព្វថ្ងៃ ខ្ញុំរស់ពឹងលើកម្លាំងញើសរបស់ភរិយាស្ទើរតែទាំងស្រុង ។ ក្រៅតែអំពីមនុស្សជិតដិតពីរបីនាក់ គ្មាននរណាដឹងថាខ្ញុំសុំលុយប្រពន្ធចាយជាប្រចាំទេ ។ សន្តានញាតិនិងមិត្តភក្តិទូទៅ តែងតែគិតថា ខ្ញុំគឺជាអ្នករ៉ាប់រងបន្ទុកគ្រួសារ (Breadwinner) ។ ធាតុពិត សំបកប៉ោតសម្បើមតែសំបកក្រៅប៉ុណ្ណោះ ។ ឯផ្នែកខាងក្នុង គឺទទេស្អាតដូចហោប៉ៅអត់លុយដូច្នោះដែរ ។
នៅពេលប្តីប្រពន្ធចាប់ផ្តើមមានបុត្រធីតា ដើម្បីបង្កើតពូជពង្សវង្សត្រកូលមួយឡើង បញ្ហាប្រឈមមួយដែលយើងលើកយកមកគិតមុខគេបំផុតគឺថា តើយើងថែទាំគាំពារបុត្រធីតា ដោយរបៀបណា ។ ខ្ញុំជឿថាមនុស្សគ្រប់គ្នា ឆ្លងកាត់ថេរវេលានេះមិនដូចគ្នាឡើយ ។ វាអាស្រ័យទៅលើស្ថានភាពគ្រួសារនីមួយៗ ។ មុនពេលបុត្រទីមួយរបស់ពួកយើងកើតមក យើងបានលើកយកកត្តានានាមកពិភាក្សា ហើយសម្រេចចិត្តថា នឹងមើលថែទាំគាំពារកូនដោយខ្លួនឯង ។ យើងពឹងពាក់អ្នកដទៃតែនៅក្នុងករណីចាំបាច់ខ្លាំងតែប៉ុណ្ណោះ ។
សម្រាប់មនុស្សទូទៅដែលមិនមែនជាសេដ្ឋី ការថែទាំគាំពារកូនដោយឯកឯង គឺជារឿងស្មុគស្មាញជាងត្បាញសំពត់ហូល ។ បញ្ហាចម្បងគឺថវិកាសម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ ។ ចំណុចមួយដែលយើងយកមកធ្វើជាគោលការណ៍អនុវត្តិគឺ អ្នកណាមានប្រាក់ចំណូលទាប ត្រូវនៅផ្ទះថែរក្សាកូន ។
កូនប្រុសច្បងរបស់ពួកយើងចាប់កំណើតនៅស្រុកខ្មែរ ហើយមកប្រសូត្រនៅស្រុកអាមេរិក ។ ពេលភរិយាខ្ញុំពរពោះនាយ គាត់មិនមានការងារធ្វើទេ ។ ដូច្នេះ បន្ទាប់ពីកូនប្រសូត្រមក ភរិយាខ្ញុំនៅផ្ទះបំបៅថែកូនអស់រយៈកាលមួយឆ្នាំគត់ ទម្រាំតែគាត់មានឱកាសបានចេញទៅប្រកបការងារ ។ គ្រានោះ ការងាររបស់ខ្ញុំត្រូវបានកាត់បន្ថយមកនៅប្រហែលជា ៣ភាគ៤ នៃថេរវេលាប្រចាំឆ្នាំ ។ ដូច្នេះ ខ្ញុំអាចដកឃ្លាមកមើលថែកូនដោយខ្លួនឯងខ្លះ និងផ្ញើកូនជាមួយនឹងអ្នកជិតខាងម្នាក់ដែលមានកូនតូចដែរ ឲ្យជួយមើលថែនាយពេលខ្ញុំរវល់ ។ យើងធ្វើដូច្នេះបានប្រហែល ៥ខែ អ្នកផ្ទះខ្ញុំក៏ពរពោះកូនមួយទៀត ចំពេលដែលកន្លែងធ្វើការរបស់គាត់ផ្អាកការងារគាត់មួយរយៈ ដោយហេតុតែមិនសូវមានតម្រូវការបុគ្គលិកច្រើន ។ អំឡុងពេលពរពោះកូនទីពីរ អ្នកផ្ទះខ្ញុំបានដាក់ពាក្យរកការងារធ្វើនៅស្ថាប័ននានា ។ មុនពេលកូនទីពីរប្រសូត្រប្រហែលមួយអាទិត្យ មានស្ថាប័នមួយហៅអ្នកផ្ទះខ្ញុំឲ្យចូលទៅសម្ភាសទទួលការងារ ។ មុនថ្ងៃណាត់ទៅសម្ភាសមួយថ្ងៃ កូនទីពីររបស់ពួកយើងក៏ប្រសូត្រមុនថ្ងៃកំណត់ ដែលបង្កឲ្យមានភាពរអាក់រអួលជាមួយកិច្ចសម្ភាសការងារនោះ ។ សំណាងដែរ ស្ថាប័ននោះបានពន្យាពេលសម្ភាសការងារឲ្យអ្នកផ្ទះខ្ញុំចំនួនមួយអាទិត្យ ។ ក្នុងចំណោមបេក្ខជនចំនួនបីនាក់ អ្នកផ្ទះខ្ញុំត្រូវបានគេជ្រើសរើសឲ្យទទួលបានការងារ ។ អ្វីដែលជារឿងរីករាយបំផុតសម្រាប់ពួកយើង ជាពិសេសរូបខ្ញុំ គឺភរិយាខ្ញុំទទួលបានប្រាក់បៀវត្សរ៍ប្រមាណជាពីរដងនៃប្រាក់បៀវត្សត៍របស់ខ្ញុំ ។ ខ្ញុំលួចញញឹមក្នុងចិត្ត ហើយដាក់ឈ្មោះឲ្យកូនស្រីដែលទើបនឹងកើតថា លក្ស្មីកិន្នរី ដ្បិតអីនាងកើតមកនាំយកសំណាងដ៏ធំមួយមកឲ្យឪពុកនាង ។
សំណាង ឬ សំណោក អាស្រ័យលើការវិនិច្ឆ័យរបស់មនុស្សម្នាក់ៗ ។ បន្ទាប់ពីភរិយាអាចរកប្រាក់ចំណូលលើសខ្ញុំទ្វេដង ខ្ញុំចំណាយពេលនៅផ្ទះមើលថែទាំកូនច្រើនជាងចេញទៅប្រកបការងារ ។ រៀងរាល់អាទិត្យ យើងនៅផ្ញើកូនជាមួយនឹងអ្នកដទៃពីរឬបីថ្ងៃដែរ អាស្រ័យលើតម្រូវការនៃការងាររបស់ខ្ញុំ ។ លុះដល់អាសន្នរោគ កូវីដ១៩ រាតត្បាត ខ្ញុំចាប់ផ្តើមធ្វើការងារពីផ្ទះទៅតាមរយៈកម្មវិធី ហ៊្សូម (Zoom) ។ នៅទីបំផុត ខ្ញុំក៏សម្រេចចិត្តជូនដំណឹងទៅស្ថាប័នការងាររបស់ខ្ញុំ សុំសម្រាកអំពីការងារដោយទទួលយកត្រឹមតែការងារណា ដែលខ្ញុំអាចធ្វើតាមរយៈកម្មវិធី ហ៊្សូម នៅក្នុងផ្ទះរបស់ខ្ញុំតែប៉ុណ្ណោះ ។ ធ្វើដូច្នេះ ខ្ញុំអាចនៅមើលថែទាំកូនរបស់ខ្ញុំជាប្រចាំ ដោយមិនចាំបាច់ពឹងពាក់អ្នកដទៃឡើយ ។
ការងារមេផ្ទះ ថាស្រួល ក៏ដូចជាមិនស្រួលណាស់ណាទេ ។ បើនឹងថាលំបាក ក៏ដូចជាមិនលំបាកណាស់ណាដែរ ។ ពេលខ្លះ យើងប្រឈមនឹងសភាព "វិលក្បុង" ម្តងម្កាល ។ កាលវិភាគរបស់ខ្ញុំគឺម៉ោង ៦និង១៥នាទីព្រឹក ដាស់កូនទីមួយឲ្យងើបពីគេង ដុសធ្មេញលាងមុខញ៉ាំអាហារពេលព្រឹកហើយ ជូនវាទៅរៀននៅម៉ោង ៧កន្លះ ។ ដល់ម៉ោង ៨ ចាប់ផ្តើមរៀបចំខ្លួនឲ្យកូនទីពីរទៅរៀន ។ ម៉ោង ៩ ដឹកកូនទីពីរទៅដាក់នៅសាលា ហើយក៏បន្តដឹកភរិយាទៅកាន់ការិយាល័យធ្វើការរបស់គាត់នៅក្នុងក្រុងតែម្តង ។ ខ្ញុំចំណាយពេលប្រហែលមួយម៉ោងនៅក្នុងបេសកកម្មចុងក្រោយនាពេលព្រឹកនេះ ។ នៅម៉ោង ២និង១៥នាទីរសៀល ខ្ញុំទៅយកកូនទីមួយចេញពីសាលាមកផ្ទះវិញ ។ ម៉ោង ៤ល្ងាច ទៅយកកូនទីពីរចេញពីសាលា ។ ម៉ោង ៤កន្លះ ចាប់ផ្តើមភ្ងូតទឹកឲ្យពួកគេ ។ ម៉ោង ៥ល្ងាច ទៅទទួលភរិយាពីចំណតរថយន្តក្រុង ឬ ចំណតរទេះភ្លើងមកផ្ទះវិញ ។ បេសកកម្មចុងក្រោយនេះក៏ត្រូវចំណាយពេលបរឡានមួយម៉ោងដែរ ។ ខាងលើនេះគឺជាការងារចម្បងរបស់បុរសមេផ្ទះនៅក្នុងរយៈពេល ១២ម៉ោង ។ ពេលវេលាដែលនៅសេលសល់ចន្លោះម៉ោង ខ្ញុំដេកអេះពោះ ឬក៏ អេះអីផ្សេង ។ បើកូនមានលំហាត់នៅផ្ទះ (Homeworks) ជួយពន្យល់ពួកគេឲ្យធ្វើកិច្ចការសាលាព្រមទាំងដាំបាយល្ងាយទុកឲ្យភរិយា ។ ពេលខ្លះក៏ភ្លេចដាំបាយដែរ ។ ត្រូវមាត់តែញយ ។
ក្រៅអំពីសភាព "វិលក្បុង" ក៏មានករណី "រត់ខ្វែងដៃខ្វែងជើង" ម្តងម្កាលដែរ ។ នៅថ្ងៃដែលខ្ញុំត្រូវធ្វើការងារតាមរយៈ ហ៊្សូម កាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំគឺថា រត់ខ្វែងដៃខ្វែងជើងមិនចាញ់អ្នកលក់គុយទាវនៅផ្សារ ឌុយមុិច ឡើយ ។ ឧទាហរណ៍ បើខ្ញុំត្រូវធ្វើការចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៥ល្ងាច ខ្ញុំត្រូវធ្វើការងារពេលព្រឹកដូលកាលវិភាគខាងលើ ។ ឯពេលរសៀល ខ្ញុំត្រូវពឹង អាយហ្វូន ឲ្យវាថតរូបនិងសម្លេងចេញអំពីអេក្រង់កំព្យូទ័រទុកឲ្យខ្ញុំ នៅពេលដែលខ្ញុំត្រូវចេញទៅយកកូនពីសាលារៀននៅចន្លោះម៉ោង ២ និង ម៉ោង ៤ ។ បន្ទាប់ពីបញ្ចប់កិច្ចការនៅម៉ោង ៥ ខ្ញុំចេញទៅទទួលភរិយាពីចំណតរថភ្លើង ។ មកដល់ផ្ទះនៅម៉ោងប្រហែលជា ៦ប្លាយ អ្នកផ្ទះខ្ញុំភ្ងូតទឹកឲ្យកូននិងរៀបចំឲ្យពួកគេទទួលទានអាហារពេលល្ងាច ។ ឯខ្ញុំត្រូវបើកមើលសកម្មភាពការងារដែលខ្ញុំថតនៅក្នុង អាយហ្វូន ដើម្បីបំពេញចំណុចចន្លោះដែលខ្ញុំទៅយកកូនពីសាលានោះ ឲ្យបានពេញលេញ ។ ទម្រាំតែធ្វើកិច្ចការផងទាំងពួងចប់ គឺម៉ោងប្រហែល ៨ល្ងាច ។ នេះហើយគឺជាជីវិតការងាររបស់ "បុរស" ឬ "ស្ត្រី" មេផ្ទះ ។ គួរកត់សម្គាល់ថា ការងារ "រត់ខ្វែងដៃខ្វែងជើង" នេះ ក្នុងមួយខែ ខ្ញុំពើបប្រទះតែពីរ ឬ បីដងអីទេ ។ បើធ្វើរាល់ថ្ងៃ ខ្ញុំប្រហែលជាដួលដូចគោដឹកសៀងយូរហើយ ។
ដំណើរជីវិតមនុស្សគ្រប់ៗរូបរមែងបត់បែនតាមកាលៈទេស ។ ក្រៅអំពីភាវ យប់ និង ថ្ងៃ គ្មានអ្វីប្រាកដប្រជា ឬក៏ទៀតទាត់ឡើយ ។ បច្ចុប្បន្ន ការប្រកាន់តួនាទីរបស់ប្តីប្រពន្ធនៅក្នុងរង្វង់គ្រួសារ មិនថាជាជនជាតិខ្មែរ ឬក៏ជនជាតិណាទេ នៅរឹងត្អឹងច្រើន ។ នៅពេលបុរសណាម្នាក់និយាយថា ខ្ញុំនៅផ្ទះមើលថែកូន ហើយឲ្យប្រពន្ធទៅប្រកបការងារចិញ្ចឹមគ្រួសារ មនុស្សភាគច្រើននឹងវាយតម្លៃថា បុរសនោះជាសត្វ ប្លាំងកាស (Horseshoe Crab) ។ តាមពិតជីវិតជាមេផ្ទះ មិនជាស្រណុកសុខស្រួលប៉ុន្មានទេ ។ អ្វីដែលជាសារប្រយោជន៍សម្រាប់ខ្ញុំ នៅក្នុងការប្តូរតួនាទីគ្នានេះ គឺខ្ញុំមានលទ្ធភាពអាចស្វែងយល់ដឹងបានច្រើន អំពីទុក្ខលំបាករបស់បដិភាគីនៃខ្ញុំ ។ ចេញអំពីបទពិសោធនេះ យើងអាចរៀបចំតាក់តែងដំណើរជិវិតនៃគ្រួសារ ប្រកបដោយការយល់ដឹងច្បាស់លាស់ មានតុល្យភាព និង មិនមាននរណាម្នាក់រងបន្ទុកធ្ងន់ធ្ងរពេកឡើយ (We are able to find a fair and proper balance for the life of husband and wife) ៕
Subscribe to:
Post Comments (Atom)
ចំណីខួរក្បាល
ប្តូរតួនាទី (Role Reversal) សព្វថ្ងៃ ខ្ញុំរស់ពឹងលើកម្លាំងញើសរបស់ភរិយាស្ទើរតែទាំងស្រុង ។ ក្រៅតែអំពីមនុស្សជិតដិតពីរបីនាក់ គ្មាននរណាដឹងថាខ្ញុ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង ក្មេងប្រុសនិងសត្វកង្កែប មានក្មេងប្រុសមួយក្រុម បាននាំគ្នាទៅរត់លេង នៅក្បែរមាត់ត្រពាំងមួយ ដែលមានសត្វកង្កែបជាច្រើនរស់នៅ ។ បន្ទាប់ពីពួកគេរត...
-
ឱកាសនៅក្នុងឧបស័គ្គ (Opportunity inside Obstacle) នៅក្នុងរង្វង់ជនអន្តោប្រវេសដែលទៅរស់នៅក្នុងប្រទេសថ្មី មានពាក្យមួយឃ្លាដែលគេតែងពោលថា៖ ជនអន្តោ...
No comments:
Post a Comment