Friday, October 31, 2025
ចំណីខួរក្បាល
កិច្ចព្រមព្រៀង
កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដងច្រើនគ្រាមកហើយដែរ ។ មូលហេតុ ដែលធ្វើឲ្យមនុស្សជាច្រើនរងគ្រោះ គឺដោយសារតែមានជំនឿថា នៅពីក្រោយកិច្ចព្រមព្រៀង មានច្បាប់គាំពារ (Legal Binding or Legal Enforcement) ។ វាគឺជាជំនឿខុស ។ និងខុសធ្ងន់ធ្ងរជាទីបំផុត! នៅក្នុងពិភពលោកយើងនេះ មិនដែលមានរដ្ឋាភិបាលពិភពលោកឡើយ ។ ហើយក៏គ្មានរដ្ឋធម្មនុញ្ញ ឬក៏ ច្បាប់ សម្រាប់ប្រទេសនានា នៅក្នុងពិភពលោក គោរពកោតក្រែងដែរ ។ យើងមានត្រឹមតែអង្គការសហប្រជាជាតិ ដែលមានត្រឹមតែគោលការណ៍ ឬ លក្ខន្តិក (Charter) សម្រាប់ប្រទេសជាសមាជិក អនុវត្តិតែប៉ុណ្ណោះ ។ រាល់ការគោរព និងអនុវត្តិកិច្ចព្រមព្រៀងទាំងអស់ មិនថារវាងប្រទេសពីរ ឬ រវាងជនជាតិពីរនៅក្នុងប្រទេសមួយឡើយ គឺអាស្រ័យលើសុឆន្ទៈ (Goodwill) របស់ភាគីពាក់ព័ន្ធទាំងស្រុង ។ សុឆន្ទៈនេះទៀតសោត ក៏វាស្ថិតនៅក្នុងកណ្តាប់ដៃ របស់ភាគីដែលខ្លាំងជាងគេដែរ (Might makes right) ។
ថ្មីៗនេះ ប្រទេសកម្ពុជានិងថៃឡងដ៍ បានចុះកិច្ចព្រមព្រៀង "ជួញដូរ" សន្តិភាពមួយ (Peace Deal) ដើម្បីបញ្ចប់ទំនាស់ នៅតាមបណ្តោយព្រំដែន ។ នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ យើងឃើញមានប្រធានាធិបតី នៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេសុី ចូលរួមជាសាក្សី ឬ ហត្ថលេខី ។ ពេលឃើញព្រឹត្តិការណ៍នេះ យើងនឹកទៅដល់ព្រឹត្តិការណ៍ស្រដៀងគ្នាមួយទៀត ដែលប្រព្រឹត្តិទៅនៅទីក្រុង ប៉ារីស កាលពី ៣២ឆ្នាំកន្លងទៅ ។ ខ្មែរយើងហៅព្រឹត្តិការណ៍នោះថា កិច្ចព្រមព្រៀង ទីក្រុង ប៉ារីស (Paris Peace Accord) ។ អ្វីដែលខ្ញុំចង់លើកយក មកវែកញែកនៅទីនេះ គឺជំនឿថា នៅក្នុងកិច្ចព្រមព្រៀង មានច្បាប់គាំពារ (Legal Enforcement) ដែលយើងអាចយកមកធ្វើជាយន្តការ ដើម្បីដោះស្រាយបញ្ហានានា ។
នៅក្រោមម្លប់នៃពាក្យ កិច្ចព្រមព្រៀង មានពាក្យមួយចំនួនទៀត ដែលយើងគួរយល់ដឹង ។ ខ្ញុំសូមលើកយកពាក្យចំនួនបួន ដែលយើងឃើញមានប្រើជាញឹកញាប់ មកធ្វើបទបញ្ហាញខាងក្រោមនេះ ដើម្បីលាតត្រដាងអំពីស្មារតី និង មុខងារ នៃពាក្យនីមួយៗ ។
១) Treaty (សន្ធិសញ្ញា) ។ គឺជាកិច្ចព្រមព្រៀង រវាងប្រទេសនិងប្រទេស ។ នៅក្នុងករណីខ្លះ គេក៏អាចប្រើវារវាងជនជាតិពីរ នៅក្នុងប្រទេសតែមួយដែរ ។ ឧទាហរណ៍ សន្ធិសញ្ញារវាងសហរដ្ឋអាមេរិក ជាមួយនិង ជនជាតិដើមម្ចាស់ស្រុក អាមេរិកាំង (Native Americans) ។
២) Agreement (ត្រូវរូវគ្នា) ។ គឺជាកិច្ចព្រមព្រៀង ដែលអាចធ្វើឡើង រវាងប្រទេសនិងប្រទេសផង និង រវាងពលរដ្ឋ នៅក្នុងប្រទេសតែមួយផង ។
៣) Accord (ស្រុះស្រួលគ្នា) ។ គឺជាកិច្ចព្រមព្រៀង រវាងពលរដ្ឋនៅក្នុងប្រទេសមួយ ឬ ទឹកដីមួយ ដើម្បីដោះស្រាយទំនាស់ ។ យើងឃើញមានការប្រើយន្តការ កិច្ចព្រមព្រៀមប្រភេទនេះ បីដងរួចមកហើយគឺ កិច្ចព្រមព្រៀងទីក្រុង ហ្សឺណែវ ដើម្បីដោះស្រាយទំនាស់រវាងបារាំង និង ពលរដ្ឋនៅឧបទ្វីប ឥណ្ឌូចិន ។ កិច្ចព្រមព្រៀងទីក្រុង ប៉ារីស (Paris Peace Accord) នៅក្នុងការដោះស្រាយជម្លោះ ខ្មែរ និង ខ្មែរ ។ និង កិច្ចព្រមព្រៀងទីក្រុង ដេតុន (Dayton Peace Accord) នៅក្នុងការដោះស្រាយជម្លោះបំបែករដ្ឋ នៃពលរដ្ឋដែលរស់នៅក្នុង អតីតប្រទេស យូហ្គោស្លាវី ។
៤) Memorandum of Understanding (ដឹងឮ) ។ គឺជាកិច្ចព្រមព្រៀង ទទួលស្គាល់ចំណុចអ្វីមួយ ដែលប្រទាញប្រទង់ រង់ចាំដំណោះស្រាយផ្លូវការ ដើម្បីឈានទៅរកការស្រុះស្រួល ឬ ត្រូវរូវ គ្នា ។
នៅក្នុងទម្រង់នៃកិច្ចព្រមព្រៀង ទាំងបួនប្រភេទខាងលើនេះ សន្ធិសញ្ញា មានឥទ្ធិពលកាតព្វកិច្ចខ្ពស់ជាងគេ ។ ក៏ប៉ុន្តែ ខ្ញុំនិយាយម្តងទៀត គ្មានច្បាប់គាំពារការអនុវត្តិវាឡើយ ។ អ្វីៗគឺអាស្រ័យនៅលើសុឆន្ទៈ របស់ភាគីដែលមានអំណាច ខ្លាំងជាងគេ ។
សន្ធិសញ្ញាដែលល្បីល្បាញបំផុត នៅលើលោកនេះ គឺអង្គការ ណាតូ ឬ អូតង់ (NATO, North Atlantic Treaty Organization) ។ នៅក្នុងចំណោមប្រទេស ដែលជាភាគីនៃសន្ធិសញ្ញានេះ សហរដ្ឋអាមេរិក មានឥទ្ធិពលខ្លាំងជាងគេ ។ ដូច្នេះ ឧបមាថា ប្រទេសសមាជិកណាមួយ ត្រូវបានសត្រូវឈ្លានពាន បើសហរដ្ឋអាមេរិក សម្រេចចិត្តមិនទៅជួយ វាប្រាកដណាស់ថា សន្ធិសញ្ញា អូតង់ គ្មានប្រយោជន៍អ្វីឡើយ ។ តាមពិត សេណារីយោ (Scenario) នេះ ធ្លាប់កើតមានម្តងរួចមកហើយ នៅអំឡុងពេលសង្គ្រាមលោកលើកទី ២ ។
ឧទាហរណ៍មួយ នៃសភាវទន់ខ្សោយផុយស្រួយ នៅក្នុងកិច្ចព្រមព្រៀងផងទាំងពួង គឺសន្ធិសញ្ញាក្រុង វ៉ឺសៃ (Versailles Treaty) ដែលធ្វើឡើង ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី ១ នាឆ្នាំ ១៩១៩ ។ នៅក្នុងសន្ធិសញ្ញាក្រុង វ៉ឺសៃ ភាគីឈ្នះ ឬមានព្រៀបជាង ដែលគេឲ្យឈ្មោះថា The Big Four គឺប្រទេស បារាំង អង់គ្លេស អុីតាលី និង សហរដ្ឋអាមេរិក បានធ្វើសន្ធិសញ្ញាមួយជាមួយនឹង អាល្លឺម៉ង់ ។ ដើម្បីទប់ស្កាត់កុំឲ្យប្រទេស អាល្លឺម៉ង់ ដើរឈ្លានពានប្រទេសជិតខាងនៅថ្ងៃមុខ បារាំង បានទាមទារដាក់លក្ខខ័ណ្ឌយ៉ាងច្រើន មកលើប្រទេសអាល្លឺម៉ង់ ។ នៅពីក្រោយការព្រួយបារម្ភ និង លក្ខខណ្ឌនានានោះ លោក ហ្សក ខ្លេម៉ង់សូ ដែលជាតំណាងរបស់ប្រទេសបារាំង បានពោលដូច្នេះថា៖ "America is faraway, protected by Ocean. Not even Napoleon himself could touch England. You are both sheltered; we are not." (អាមេរិកនៅឆ្ងាយ ហើយខណ្ឌដោយមហាសមុទ្រ ។ សូម្បីតែ ណាប៉ូឡេអុង ក៏មិនអាចប៉ះពាល់ប្រទេសអង់គ្លេសបានផង ។ អ្នកទាំងពីរមានរបាំងការពារ ។ ឯយើង គ្មានទេ) ។ ការព្រួយបារម្ភរបស់លោក ខ្លេម៉ង់សូ នៅទីបំផុតបានស្តែងចេញមក ឲ្យយើងឃើញច្បាស់ដូចពន្លឺថ្ងៃ អំពីសារប្រយោជន៍នៃសន្ធិសញ្ញា និងសុឆន្ទៈរបស់ភាគីពាក់ព័ន្ធ អំឡុងពេលសង្គ្រាមលោកលើកទី ២ ផ្ទុះឡើង ។ នៅឆ្នាំ ១៩៣៩ បន្ទាប់ពីពង្រឹងវិស័យយោធា និង សេដ្ឋកិច្ចបានរឹងមាំ ប្រទេសអល្លឺម៉ង់ ក្រោមការដឹកនាំរបស់ អាដុល ហុីត្លែរ ក៏ចាប់ផ្តើមវាយលុកឈ្លានពានទន្ទ្រានយកប្រទេសជិតខាង រាប់បញ្ចូលទាំងប្រទេសបារាំង និង អង់គ្លេស ដែលខ្លួនបានចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយ ដោយគ្មានញញើតដៃ ។ ប្រទេស បារាំង និង អង់គ្លេស រងគ្រោះស្ទើរតែស្លាប់តាយហោង ។ ឯអាមេរិកដែលជាសម្ព័ន្ធមិត្ត និង ជាហត្ថលេខីប្រយោល នៅក្នុងសន្ធិសញ្ញាក្រុង វ៉ឺសៃ ដែរនោះ ឈរក្រពាត់ដៃមើលពីត្រើយម្ខាងសមុទ្រ ធ្វើព្រងើយ ។ បើកុំតែសំណាង បានប្រទេស ជប៉ុន ទៅទម្លាក់គ្រាប់បែកលើកំពង់ផែរ ភើល ដើម្បីវាយដណ្តើមយកកោះ ហាវ៉ៃ ដែលជាហេតុនាំឲ្យសហរដ្ឋអាមេរិករងគ្រោះ ដោយសារសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់ ដែរ ប្រទេសបារាំងនិងអង់គ្លេស ប្រហែលជាត្រូវអាល្លឺម៉ង់ វាយប្រហារខ្ទេចដូចបង្អួលបាត់ទៅហើយ ។ នេះគ្រាន់តែជាឧទាហរណ៍មួយ នៃផលវិបាក និងភាវអត់បានការ នៃកិច្ចព្រមព្រៀងនានា ។
មុននឹងបញ្ចប់ប្រធានបទ កិច្ចព្រមព្រៀងនេះ ខ្ញុំសូមលើកយកកិច្ចព្រមព្រៀមមួយចំនួន ដែលប្រទេសខ្មែរបានធ្វើកន្លងមក ។ បន្ទាប់ពីបារាំងដកអាណានិគមចេញពីប្រទេសខ្មែរ យើងមានកិច្ចព្រមព្រៀងចំនួនបីគឺ កិច្ចព្រមព្រៀងទីក្រុង ហ្សឺណែវ កិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស និង ការជួញដូរសន្តិភាពក្រុង កូឡាឡាំពួរ ។ ពលរដ្ឋខ្មែរជាច្រើន យល់ឃើញថា ពាក្យពេចន៍ ឬ អ្វីៗ ដែលមានសរសេរនៅក្នុងកិច្ចព្រមព្រៀង ទាំងអម្បាលម៉ានខាងលើនេះ មានយន្តការច្បាប់ (Legal Mechanism) សម្រាប់ប្តឹងទៅតុលាការអន្តរជាតិ ឬក៏ អង្គការសហប្រជាជាតិ ឲ្យគេជួយរកយុត្តិធម៌ ឬ បង្ខំឲ្យអ្នកបំពារបំពានយើង គោរពអធិបតេយ្យភាព ឬក៏ ឆន្ទៈរបស់យើង ។ ជាថ្មីម្តងទៀត ខ្ញុំនឹងលើកយកព្រឹក្តិការណ៍ជាក់ស្តែង មកធ្វើជាតឹកតាង ជំនួសឲ្យពាក្យពេចន៍ ឬ យន្តការច្បាប់ ដែលគេសរសេរ នៅក្នុងកិច្ចព្រមព្រៀងទាំងឡាយ ។
ចំណុចដែលយើងត្រូវយល់ និងចង់ចាំរហូតដល់ក្ស័យជន្មា គឺថា សកម្មភាព បង្ហាញសច្ចភាព ច្បាស់លាស់ជាងពាក្យពេចន៍ (Actions speak louder than words) ។ កាលសហរដ្ឋអាមេរិក ច្បាំងជាមួយនិងប្រទេសវៀតណាមខាងជើង នៅទសវត្សឆ្នាំ ១៩៦០ កងទ័ពវៀតណាម បានចូលមកបោះមូលដ្ឋានទ័ពនៅក្នុងទឹកដីខ្មែរ ដែលជាការបំពានលើកិច្ចព្រមព្រៀង ហ្សឺណែវ ។ ខ្មែរបានប្តឹងទៅគណកម្មការត្រួតពិនិត្យអន្តរជាតិ (ICC) ដែលត្រូវបានបង្កើតឡើង ដោយកិច្ចព្រមព្រៀង ហ្សឺណែវ ។ គណកម្មការនោះ បានចុះមកត្រួតពិនិត្យ ។ បន្ទាប់ពីត្រួតពិនិត្យហើយ អ្វីៗក៏ចប់ត្រឹមនោះ ។ ឯកងទ័ពវៀតណាម ក៏នៅតែបន្តសកម្មភាពរបស់គេ នៅលើទឹកដីខ្មែរដដែល ។ មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ដែលជាសាក្សី ឬ ជាភាគីចូលរួមដឹងឮ កិច្ចព្រមព្រៀង ហ្សឺណែវ ដែរនោះ ក៏បានទម្លាក់គ្រាប់បែក ប្រយុទ្ធជាមួយនឹងកងទ័ពវៀតណាម នៅក្នុងទឹកដីខ្មែរ យ៉ាងរំភើយទៀតផង ។
និយាយអំពីហត្ថលេខី ឬ សាក្សី នៅក្នុងកិច្ចព្រមព្រៀងនានា យើងក៏គួរតែយល់ដែរថា ប្រទេសហត្ថលេខី មិនមែនជាភាគី នៅក្នុងកិច្ចព្រមព្រៀងឡើយ ។ ពួកគេគឺប្រៀបបានទៅនិង ឪពុកម្តាយ ឬ ញាតិសន្តាន របស់កូនប្រុសកូនស្រី នៅក្នុងពិធីរៀបមង្គលការ ។ បើទៅថ្ងៃមុខ ប្តីប្រពន្ធមួយគូនេះ លែងលះគ្នា គ្មានច្បាប់ឯណាដែលតម្រូវឲ្យពួកគេ ចូលមកធ្វើអន្តរាគម ជួយសង្គ្រោះប្តីប្រពន្ធនោះឡើយ ។ ដូចគ្នាដែរ បើឪពុក ឬ ម្តាយ ឬ ញាតិសន្តានណាមួយ ចូលមកបំផ្លិចបំផ្លាញ សេចក្តីសុខរបស់ប្តីប្រពន្ធមួយគូនោះ ក៏គ្មានច្បាប់ឯណា មករារាំងសកម្មភាពរបស់ពួកគេដែរ ។ បើយើងភ្ជាប់ឧទាហរណ៍ខាងលើនេះ ទៅនឹងទង្វើឈ្លានពានរបស់ប្រទេសសៀម ដែលជាហត្ថលេខីមួយ នៅក្នុងកិច្ចព្រមព្រៀងទីក្រុង ប៉ារីស មកលើប្រទេសកម្ពុជា យើងនឹងយល់អំពីមូលហេតុ នៅពីក្រោយទង្វើអសុឆន្ទៈ ឬ អសីលធម៌ផងទាំងពួង នៅពីក្រោយកិច្ចព្រព្រៀងនានា ។
ឯការជួញដូរសន្តិភាព (Peace Deal) រវាងខ្មែរនិងសៀម នៅទីក្រុង កូឡាឡាំពួរ កន្លងទៅថ្មីៗនេះ វាក៏មិនខុសគ្នាអំពីឧទាហរណ៍ខាងលើប៉ុន្មានដែរ ។ គ្រាន់តែការជួញដូរសន្តិភាពនេះ វាផ្ទុយអំពីពិធីរៀបមង្គលការ ។ បើយើងប្រៀបធៀបការជួញដូរសន្តិភាពនេះ ក្នុងន័យទំនាក់ទំនងគ្រួសារ វាប្រៀបបាននឹងកូនពីរនាក់ឈ្លោះគ្នា ហើយត្រូវបានឪពុក ឬម្តាយ កាន់រំពាត់យកមកគម្រាម ឲ្យឈប់ឈ្លោះគ្នាតែប៉ុណ្ណោះ ។ ការជួញដូរសន្តិភាព ដើម្បីបញ្ឈប់ជម្លោះរវាងខ្មែរនិងសៀម គឺគ្មានសុឆន្ទៈពិតប្រាកដ ចេញអំពីគូជម្លោះឡើយ (Not done in good faith) ។ វាឈប់ឈ្លោះ ដោយសារវាខ្លាចត្រូវរំពាត់ ។ ពេលអ្នកកាន់រំពាត់ទៅបាត់ ពួកវានឹងឈ្លោះគ្នាឡើងវិញ ដដែលជាដដែលទេ ។ អ្នកដែលមានកូន ចាប់ពីពីរនាក់ឡើងទៅ សុទ្ធតែយល់អំពីប្រការនេះ ច្បាស់លាស់ជាទីបំផុត ។ មិនចាំបាច់នរណាពន្យល់ឡើយ ៕
Thursday, August 21, 2025
ចំណីខួរក្បាល
ទុកចិត្ត (Trust)
"កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ ។ កុំទុកចិត្តប្រពន្ធ ថាអត់សាហាយ ។ កុំទុកចិត្តម្តាយ ថាអត់បំណុល" ។
ចម្រើនវ័យនៅក្នុងសង្គមខ្មែរ ខ្ញុំឧស្សហ៍ឮគេនិយាយ ពាក្យខាងលើនេះ ជារឿយៗ ។ ប៉ុន្តែ ខ្ញុំមិនដឹងថា វាមានន័យដូចម្តេច ឲ្យប្រាកដឡើយ ។ សូម្បីតែអ្នកណា ជាអ្នកនិយាយពាក្យនេះ នៅក្នុងសម័យកាលណា ក៏ខ្ញុំមិនដឹងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថា បុព្វបុរសខ្មែរ កត់ត្រា ឬក៏ និទានពាក្យនេះតៗគ្នា រហូតដល់សព្វថ្ងៃ គឺប្រាកដជាកើតចេញ អំពីបទពិសោធជីវិត នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរ ដែលកើតមានច្រំដែលៗ (Repeat itself) អស់ថេរវេលា ជាយូរលង់ណាស់មកហើយ ។
បើយើងសង្កេតមើល កន្សោមពាក្យប៉ុន្មានម៉ាត់ខាងលើនេះ ពាក្យមួយដែលលេចធ្លោជាងគេគឺ "កុំទុកចិត្ត" ។ "ប្រពន្ធ" និង "ម្តាយ" គឺជាបុគ្គលដែលមនុស្សក្នុងលោក ទុកចិត្តជាទីបំផុត ។ បើបុព្វបុរសខ្មែរ ទូន្មានយើង មិនឲ្យទុកចិត្តនិមិត្តរូប នៃទំនុកចិត្តដូច្នេះ វាប្រាកដណាស់ថា គាត់ចង់ដាស់តឿនយើង ឲ្យរៀន ឬចេះពិចារណា ជាមួយនឹងការ "ទុកចិត្ត" ។
នៅពេលឃើញពលរដ្ឋខ្មែរ ជាពិសេសមេដឹកនាំប្រទេសកម្ពុជា សម្តែងសេចក្តីសោមនស្ស ឬ សម្តែងការទុកចិត្ត ទៅលើការជួយជ្រោមជ្រែង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការដោះស្រាយជម្លោះ ឬ សង្គ្រាម រវាងប្រទេសកម្ពុជានិងថៃ ប្រតិកម្មដំបូងបំផុតរបស់ខ្ញុំ (My guts reaction) គឺនឹកទៅដល់ពាក្យខាងលើ ដែលខ្ញុំសរសេរ ជាកិច្ចចាប់ផ្តើមនៃអត្ថបទនេះ ។ ពាក្យណែងណងកម្រងកែវ ដ៏គួរឲ្យចាប់អារម្មណ៍នេះ វាគឺជាការអះអាងមួយ ដែលភាសាអង់គ្លេសហៅថា៖ Timeless (មិនសាបសច្ចភាព) ។
ស្លាកស្នាមដំបៅទំនុកចិត្ត នៅក្នុងប្រវត្តិសាស្ត្រខ្មែរ មានច្រើនរាប់មិនអស់ឡើយ ។ ទុកចិត្តកូនប្រសា ឲ្យរក្សាទឹកដីនៅខាងជើងភ្នំដងរែក វាបង្កើតនគរថ្មីយកទៅគ្រប់គ្រង ។ ទុកចិត្តយួន ឲ្យខ្ចីដីដើម្បីបង្កើតជំរំហ្វឹកទ័ព និងធ្វើជំនួញនៅចុងខាងកើតរាជបុរី វាយកដីម្តុំនោះបាត់ ។ ទុកចិត្តបារាំងឲ្យរក្សាកូសាំងសុីន ឬតំបន់កម្ពុជាផ្នែកខាងក្រោម វាដាក់ទឹកដីនោះលើជើងពាន ហុចឲ្យទៅយួនធ្វើព្រងើយ ។ល។ ដំបៅទំនុកចិត្ត ចុងក្រោយបំផុត គឺចំណាប់ខ្មាំងខ្មែរ២០នាក់ (Hostages) ដែលទាហានសៀមចាប់យកទៅ ។ នៅសល់ ១៨នាក់ មិនទាន់ត្រូវបានដោះលែងនៅឡើយទេ ។
តើខ្មែរគួរទុកចិត្តលោក ដូណាល់ ត្រាំ នៅក្នុងការដោះស្រាយជម្លោះ រវាងសៀមនិងខ្មែរដែរឬទេ??? នេះគឺជាសំណួរតែមួយគត់ ដែលខ្ញុំចង់ឲ្យមិត្តអ្នកអានឆ្លើយ ។ មិនចាំបាច់ឆ្លើយប្រាប់ខ្ញុំ ដោយផ្ទាល់ទេ ។ គឺឆ្លើយទុកនៅក្នុងចិត្ត ។ រីឯចម្លើយរបស់ខ្ញុំគឺ មិនគួរទុកចិត្តលោក ដូណាល់ ត្រាំ នៅក្នុងការដោះស្រាយជម្លោះ សៀមនិងខ្មែរ ឡើយ ។ បើមិនគួរទុកចិត្តលោក ត្រាំ តើគួរទុកចិត្តអ្នកណា? សំណួរនេះ គ្មាននរណាអាចរកចម្លើយឃើញទេ ។ ក៏ប៉ុន្តែ ព្រះពុទ្ធទ្រង់បានផ្តែផ្តាំថា៖ បុគ្គលគ្រប់ៗរូប មានខ្លួនឯងជាទីពំនាក់ ។
ខ្ញុំមិនមែនជាអ្នកវិភាគនយោបាយទេ ។ ហើយក៏មិនមែនជាអ្នកគាំទ្រ បក្សនយោបាយ ឬក៏ អ្នកនយោបាយណាមួយដែរ ។ ខ្ញុំជាមនុស្ស ដែលប្រកាន់គោលការណ៍៖ "ភ្នែកត្រង់" "មាត់ត្រង់" "ចិត្តត្រង់" ។
ក្នុងនាមជាអតីតនិស្សិត ដែលបានសិក្សាអំពីអភិបាលកិច្ច នៃរដ្ឋាភិបាលអាមេរិកាំង និង ជាអ្នកធ្លាប់ចេញចូលធ្វើការងារ ឲ្យមន្ទីរក្រសួងនានា នៅក្នុងរដ្ឋធានី វ៉ាសុីនតោន អស់រយៈកាលជិត ៣០ឆ្នាំ ខ្ញុំមានបទពិសោធច្រើនល្មម នឹងអាចលាតត្រដាងបានខ្លះៗ នូវទ្រង់ទ្រាយ ឬ ចរិតនយោបាយ របស់សហរដ្ឋអាមេរិក ក៏ដូចជា របស់ប្រធានាធិបតីអាមេរិកាំងដែរ ។
ជាទូទៅ យើងអាចចាត់ទុកប្រធានាធិបតីអាមេរិកាំង ជាពីរប្រភេទគឺ៖ ប្រភេទ ស្ទាំង និង ប្រភេទ ឥន្ទ្រី (Hawk and Eagle) ។ ប្រភេទ ស្ទាំង គឺក្រអឺតក្រទម ។ ប្រភេទ ឥន្ទ្រី គឺស្ងប់ស្ងៀម ។ លោក ត្រាំ គឺជាប្រធានាធិបតីប្រភេទ ស្ទាំង ។ ចំណុចរួមមួយនៃចរិតនយោបាយ របស់ប្រធានាធិបតីអាមេរិកាំង ទាំងពីរប្រភេទគឺ ពួកគេមិនងាយនឹងលូកដៃ ទៅជួយដោះស្រាយ ជម្លោះនៅក្នុងប្រទេសដទៃ ដែលមិនប៉ះពាល់ ឬ ពាក់ព័ន្ធដល់សន្តិសុខជាតិ អាមេរិកាំងឡើយ ។ យើងអាចសង្កេតប្រការនេះ ចាប់តាំងពីសង្គ្រាមលោកលើកទី ១ មក ។ បើនិយាយអំពីកត្តាមនុស្សធម៌វិញ ទាល់តែមានមនុស្សស្លូតត្រង់ ស្លាប់រាប់សែននាក់ ក្រោមកណ្តាប់ដៃជនអន្យតិរិ្ថយ ទើបអាចធ្វើឲ្យចិត្តប្រធានាធិបតី អាមេរិកាំង កម្រើក ។ ឆ្អឹងមនុស្ស ដែលស្លាប់ជាមួយនឹងក្តីរំពឹង ថាអាមេរិកាំង នឹងចូលមកជួយសង្គ្រោះ បើរើសយកមកគរជាភ្នំ ប្រហែលជាអាចបង្កើតបានកូនភ្នំមួយ ។ ប្រការនេះ យើងមិនអាចបន្ទោស សហរដ្ឋអាមេរិក ទេ ។ វាកើតចេញអំពីការបរាជ័យ នៃប្រទេសនីមួយៗ ដែលមិនបានយកចិត្តទុកដាក់ អប់រំបង្រៀនប្រៀនប្រដៅ ពលរដ្ឋរបស់ខ្លួន អំពីសារសំខាន់នៃគុណធម៌ (Virtue) ឲ្យបានខ្ជាប់ខ្ជួន ។
សហរដ្ឋអាមេរិក ជាប្រទេស ឯកោនិយម (Isolationism) ។ ប្រធានាធិបតីអាមេរិកាំង រមែងដើរតាមគោលការណ៍ ឯកោនិយម នេះ ជានិច្ចជាកាល ។ នៅពេលប្រធានាធិបតីណាម្នាក់ ដើរចេញពីគោលការណ៍ ឯកោនិយម មកធ្វើអន្តរាគមនៅក្នុងប្រទេស ឬ ជម្លោះនៅក្នុងប្រទេសដទៃ ប្រទេសដែលពាក់ព័ន្ធ គប្បីគិតពិចារណា នៅក្នុងទម្រង់សំណួរ ជាជាងគិតនៅក្នុងទម្រង់ចម្លើយ ដើម្បីតម្រូវតាម សេចក្តីរំពឹងរបស់ខ្លួន ។ ពាក់ព័ន្ធនឹងជម្លោះ ឬ សង្គ្រាម រវាងសៀមនិងខ្មែរ សំណួរមួយដែលពលរដ្ឋខ្មែរ ជាពិសេសមេដឹកនាំវ័យក្មេងរបស់ខ្មែរ ត្រូវលើកយកមកពិចារណា រហូតទាល់តែជ្រុះសក់អស់ពីក្បាលគឺ៖ ហេតុអ្វីបានជាលោក ដូណាល់ ត្រាំ ឈឺឆ្អាលជាមួយនឹងបញ្ហានេះ??? ខ្ញុំមិនផ្តល់ចម្លើយឲ្យទេ ។ តែខ្ញុំសូមបោះ ព្រុយយ៉ុង ឲ្យមួយ ។ លោក ដូណាល់ ត្រាំ ជាម្តាយដែលមានបំណុល ។ បំណុលដ៏ធំបំផុតរបស់គាត់ គឺសង្គ្រាមរវាង រ៉ុស៊្សី និង អ៊ុយក្រេន ។ ការធ្វើអន្តរាគមនៅ អ៊ីស្រាអែល និង ប៉ាលេស្ទីន ក្តី នៅ អាមេនី និង អាហ៊្សឺបៃហ៊្សង់ ក្តី នៅ ឥណ្ឌា និង ប៉ាគីស្ថាន ក្តី នៅ ថៃ និង កម្ពុជា ក្តី វាគឺជាដំណើរដោះបំណុលរបស់គាត់ ។
ពាក់ព័ន្ធនឹងជម្លោះរវាងខ្មែរនិងថៃ យើងក៏គួរតែគិតផងដែរ អំពីកត្តាសម្ព័ន្ធភាព ឬ កូនជឹង ។ ខ្ញុំសូមនិយាយឲ្យត្រង់ដូចបន្ទាត់ទៅចុះ (Let me be blunt) ។ ថៃគឺជាកូនជឹងរបស់អាមេរិក ។ ខ្មែរជាកូនជឹងរបស់ចិន ។ អស់រយៈកាល ជិតមួយសតវត្សកន្លងមកហើយ ថៃតែងតែទុកអាមេរិក ជាមិត្តដែកថែប ។ ឯខ្មែរតែងតែទុកចិន ជាមិត្តដែកថែប ។ ចិននិងអាមេរិក មើលមុខគ្នាមិនចំទេ ។ ដូច្នេះ នៅពេលដែលលោក ដូណាល់ ត្រាំ ចូលមកធ្វើអន្តរាគម នៅក្នុងជម្លោះខ្មែរថៃ តើគាត់នឹងលម្អៀងទៅខាងណា?? ជាថ្មីម្តងទៀត ខ្ញុំមិនផ្តល់ចម្លើយឲ្យទេ ។ ហើយក៏មិនបោះ ព្រុយយ៉ុង ឲ្យដែរ ។ ដ្បិតសំណួរនេះ វាភ្ជាប់មកជាមួយនឹងចម្លើយ ដោយស្វ័យប្រវត្តិ ។
ថ្មីៗនេះ ខ្ញុំឃើញមានយុទ្ធនាការ ចេញពីប្រទេសខ្មែរ ស្នើដាក់បេក្ខភាពលោក ដូណាល់ ត្រាំ ឲ្យទទួលរង្វាន់ ណូបែលសន្តិភាព ។ មិនតែប៉ុណ្ណោះ យើងចង់ដាក់ឈ្មោះផ្លូវជាតិលេខ ៤ ជាផ្លូវ ដូណាល់ ត្រាំ ទៀតផង ដើម្បីជាកិច្ចដឹងគុណដល់គាត់ ។ ដូណាល់ ត្រាំ ជាកូនសិស្សដែលមិនទាន់ធ្វើលំហាត់រួចរាល់ ហើយមិនដឹងថាលំហាត់នោះ ខុសឬត្រូវផង យើងឲ្យពិន្ទុគាត់មុនទៅហើយ ។ នៅក្នុងភាសាអង់គ្លេស គេហៅថា៖ Desperate (អន្ទះសាជ្រួលច្របល់) ។ ប្រការដែលធ្វើឲ្យ សកម្មភាពការទូតរបស់យើង រឹតតែយ៉ាប់ ជាមួយនឹងសហរដ្ឋអាមេរិកថែមទៀតនោះ គឺអាមេរិកបានជួយសាងសង់ផ្លូវជាតិលេខ ៤ តាំងតែពីទសវត្សឆ្នាំ ១៩៥០ ម្លេះ ។ ហេតុអ្វីក៏យើង ទើបនឹងនឹកឃើញគុណស្រ័យរបស់គេ នៅគ្រានេះ ។ យើងមានផ្លូវ រ៉ុស៊្សី ផ្លូវ ម៉ៅ សេទុង ផ្លូវ ហាណូយ ។ ប៉ុន្តែ មិនដែលមានផ្លូវ វ៉ាសុីនតោន ឬ ផ្លូវ អ៊ុយអេស ឬ អាមេរិកាំងឡើយ ។ ក្រៅពីនេះ យើងបានឈូសកម្ទេចអាគារ ដែលសាងសង់ដោយជំនួយអាមេរិកាំង នៅកំពង់ផែររាមចោល ហើយគៀបសង្កត់ប៉ុស្តិ៍វិទ្យុ វីអូអេ និង អាសុីសេរី ដែលជាក្បាលម៉ាសុីន ផ្សព្វផ្សាយវប្បធម៌អាមេរិកាំង ទៅកាន់ពិភពលោក ឲ្យវិនាសអន្តរាយ ។ តើយើងអាងអីនឹងរំពឹងថា ដូណាល់ ត្រាំ នឹងជួយរកយុត្តិធម៌ឲ្យខ្មែរ ពាក់ព័ន្ធនឹងជម្លោះជាមួយនឹងសៀមនោះ ។ ខ្មែរយើងមានពាក្យមួយឃ្លាដែលពោលថា៖ "សម្តីសជាតិ មាយាទសពូជ" ។ ទុករឿងគំនិតមារយាទនេះដោយឡែក កត្តាស្មុគស្មាញបំផុត ដែលត្រូវលើកយកមកគិតគូរជាបន្ទាន់នោះ គឺថា តើយើងត្រូវដើរលើខ្សែរពួរការទូតនេះ (Tight rope walking) ដោយរបៀបណា ដើម្បីកុំឲ្យធ្លាក់បាក់កងាប់ ។
ក្នុងនាមជាពលរដ្ឋអាមេរិកាំងម្នាក់ ខ្ញុំហ៊ានអះអាងថា សហរដ្ឋអាមេរិក មិនជាអាក្រក់ណាស់ណាទេ ។ បើយើងយល់អំពីចរិតនយោបាយទូទៅ របស់ប្រធានាធិបតីអាមេរិកាំងនីមួយៗ យើងអាចទាញយកសារប្រយោជន៍ ឬក៏ គេចវេះពីហានិភ័យនយោបាយបានច្រើន ។ ចំណុចមួយ ដែលខ្ញុំសូមលើកយកមកលាតត្រដាង ឲ្យបានឃើញច្បាស់ដូចពន្លឺថ្ងៃ គឺថា លោក ដូណាល់ ត្រាំ មិនមែនជាអ្នកនយោបាយ ប្រកបដោយបទពិសោធ ជ្រៅជ្រះទេ ។ ឯកត្តា គុណធម៌ សច្ចធម៌ និង យុត្តិធម៌ ក៏មិនមែនជាចំណុចខ្លាំងរបស់គាត់ដែរ ។ គាត់ធ្វើអ្វីៗ តាមតែទំនើងចិត្ត ។ ដូច្នេះ នៅក្នុងកិច្ចអន្តរាគមរបស់គាត់ ដើម្បីជួយដោះស្រាយជម្លោះរបស់ខ្មែរនិងសៀមនោះ យើងមិនត្រូវរំពឹងខ្ពស់ពេកឡើយ (Hope for the best, prepare for the worst) ។ អនុញាតឲ្យខ្ញុំនិយាយ ពាក្យក្នុងចិត្តមួយឃ្លា៖ "បើលោក ដូណាល់ ត្រាំ មានឆន្ទៈនឹងដោះស្រាយជម្លោះរវាង សៀម និង ខ្មែរ គាត់អាចធ្វើកិច្ចការនេះរួចរាល់ត្រឹមតែ ២៤ម៉ោង ប៉ុណ្ណោះ ។ មិនមែនអូសក្រឡា រហូតមកដល់ថ្ងៃនេះទេ" ។ ចំណុចសំខាន់ដែលត្រូវយល់ គឺថា របៀបវារៈ ឬ ការចង់បាន របស់ ដូណាល់ ត្រាំ អាចនឹងមិនសុីសង្វាក់ ជាមួយនឹងរបៀបវារៈរបស់ ខ្មែរ ឬ សៀម ឡើយ ។ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើលោក ត្រាំ អនុញាតិឲ្យសៀមរក្សាទុក របងលួសបន្លា ដែលពួកគេយកមកពង្រាយ នៅតាមបណ្តោយព្រំដែនខ្មែរថៃ ឲ្យនៅនឹងកន្លែង ដើម្បីរក្សាគម្លាត ភាគីទាំងសងខា ក៏ដូចជាជៀសវាង ការប៉ះទង្គិចគ្នាទៅថ្ងៃមុខ ។
ក្នុងដំណើរដោះស្រាយជម្លោះ ឬក៏ ទំនាស់ នៅក្នុងភាសាអង់គ្លេស គេមានពាក្យទូន្មានមួយឃ្លា ដែលពោលថា៖ If you are not at the table, you will be in the menu or on the table (ប្រសិនបើអ្នកមិនត្រូវបានគេអញ្ជើញ ឲ្យចូលរួមសុីបាយជាមួយនឹងគេទេ អ្នកគឺជា មើនុយ ឬក៏ ជាម្ហូបនៅលើតុ) ។ ឧទាហរណ៍ដ៏ច្បាស់លាស់ជាទីបំផុត នៃដំបូន្មាននេះ គឺលោក ហ៊្សេឡិនស្គី និង ប្រទេស អ៊ុយក្រេន ។ នៅក្នុងជំនួបរបស់លោក វ៉្លាឌីមៀ ពូទីន និង លោក ដូណាល់ ត្រាំ នៅ អាឡាស់ស្កា កន្លងទៅថ្មីៗនេះ លោក ហ៊្សេឡិនស្គី គឺជា មើនុយ ។ ឯប្រទេស អ៊ុយក្រេន គឺជាម្ហូបដែលនៅលើតុ ។ ភ្ជាប់ប្រការនេះ ទៅនឹងដំណើរស្វែងរកដំណោះស្រាយ ជម្លោះរវាង សៀមនិងខ្មែរ ខ្ញុំសូមផ្តល់នូវទស្សនផ្ទាល់ខ្លួនមួយ គឺថា៖ មិនត្រូវយកកត្តា យុត្តិធម៌ សច្ចធម៌ និង គុណធម៌ មកដាក់នៅក្នុងសមីការ ដើម្បីគណនាឡើយ ។ លោក ត្រាំ គាត់ប្រើពាក្យ Deal ជាជាង Agreement ។ ត្រូវស្វែងយល់អំពីអត្ថន័យ នៃពាក្យទាំងពីរនេះ ឲ្យបានច្បាស់លាស់ ជាទីបំផុត ។ នៅក្នុងដំណើររកដំណោះស្រាយជម្លោះ ជាលក្ខណៈអន្តរជាតិ គ្មានកត្តា យុត្តិធម៌ សច្ចធម៌ និង គុណធម៌ នៅក្នុងនោះទេ ។ មានតែកត្តា ខាត និង ចំណេញ មួយមុខគត់ ។
ជាកិច្ចបញ្ចប់អត្ថបទនេះ ខ្ញុំសូមភ្ជាប់ជាមួយនូវលិខិតរបស់ទ្រង់ សុីសុវត្ថិ សិរិមតៈ ដែលសរសេរផ្ញើជូន លោកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិក ហ្គាន់ស៊ឺ ឌីន (Gunther Dean) នៅក្នុងខែ មេសា ឆ្នាំ ១៩៧៥ ។ អត្ថន័យជាភាសាខ្មែរ ខ្ញុំបកប្រែត្រួសៗ នៅផ្នែកខាងក្រោម ។
"I thank you very sincerely for your letter and for your offer to transport me towards freedom. I
cannot, alas, leave in such a cowardly fashion. As for you and in particular for your great
country, I never believed for a moment that you would have this sentiment of abandoning a
people which has chosen liberty. You have refused us your protection and we can do nothing
about it. You leave us and it is my wish that you and your country will find happiness under the
sky. But mark it well that, if I shall die here on the spot and in my country that I love, it is too
bad because we are all born and must die one day. I have only committed the mistake of
believing in you, the Americans. Please accept, Excellency, my dear friend, my faithful and
friendly sentiments. Prince Sirik Matak”
"ខ្ញុំសូមថ្លែងអំណរគុណលោក ដោយសុទ្ធចិត្ត ចំពោះការផ្តល់លទ្ធភាព ឲ្យខ្ញុំអាចគេចចេញអំពីគ្រោះភ័យ ។ គួរឲ្យស្តាយណាស់ ខ្ញុំមិនអាចរត់គេច ក្នុងស្ថានភាពកំសាកបែបនេះទេ ។ ចំពោះរូបលោក ជាពិសេសមហាប្រទេស ដ៏មានអំណាចរបស់លោក ខ្ញុំមិនដែលសូម្បីតែគិតទេថា លោកលះបង់ចោលមិត្តភក្តិ ដែលខិតខំតស៊ូក្នុងបុព្វហេតុសេរីភាព ។ លោកបានបដិសេធ មិនការពារពួកយើងតទៅទៀតទេ ។ ហើយយើងក៏គ្មានអ្វី នឹងនិយាយដែរ ។ លោកបានបោះបង់ពួកយើងចោល ។ ខ្ញុំរំពឹងថា លោកនិងមហាប្រទេសរបស់លោក នឹងរកឃើញសុភមង្គល នៅក្រោមផ្ទៃមេឃ ដ៏ធំល្វឹងល្វើយនេះ ។ សូមអនុញាតិឲ្យខ្ញុំ និយាយពាក្យក្នុងចិត្តផងថា ប្រសិនបើខ្ញុំត្រូវស្លាប់នៅទីនេះ ក្នុងវេលានេះ នៅក្នុងប្រទេសដែលខ្ញុំស្រឡាញ់ស្មើជីវិត វាគឺជារឿងអកុសល ដ្បិតមនុស្សគ្រប់ៗរូប ដែលកើតមក ត្រូវតែស្លាប់ទៅវិញ នៅថ្ងៃណាមួយ ។ កំហុស ដ៏គួរឲ្យសោកស្តាយជាទីបំផុតរបស់ខ្ញុំ គឺខ្ញុំជឿទុកចិត្ត លើភាពស្មោះស របស់រដ្ឋាភិបាល និងពលរដ្ឋអាមេរិកាំង ។ សូមឯកឧត្តម ទទួលយកនូវគារវភក្តី ដ៏ជ្រាលជ្រៅអំពីខ្ញុំ ។ ទ្រង់ សិរិ មតៈ ។"
Tuesday, April 1, 2025
ចំណីខួរក្បាល
ដូណាល់ ត្រាំ និង ស្ថានភាពនយោបាយអាមេរិក
ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកមក ភាពច្របូកច្របល់មិនត្រឹមតែកើតមាននៅក្នុងសហរដ្ឋអាមរិកទេ ពិភពលោកស្ទើរតែទាំងមូលក៏រងឥទ្ធិពលនៃការកកូរកកាយរបស់គាត់ដែរ ។ អ្នកតាមដានពត៌មាននយោបាយជាច្រើន បានបញ្ចេញទិដ្ឋិតែរៀងខ្លួនពាក់ព័ន្ធនឹងទង្វើរបស់លោក ដូណាល់ ត្រាំ ។ តែបើយើងប្រៀបធៀបការដឹកនាំរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកនៅគ្រានេះ ទៅនឹងការដឹកនាំរបស់កាត់នៅគ្រាទីមួយនាឆ្នាំ ២០១៦ វិញនោះ វាមិនមានអ្វីខុសគ្នាឡើយ គ្រាន់តែនៅវេលានេះ គាត់ប្រើវិធីកាយកប់ត្រឡប់ជាន់សាហាវជាងមុន (More ruthless) ។
ជាគោលការណ៍ច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញ ប្រធានាធិបតីនៃសហរដ្ឋអាមេរិកត្រូវដឹកនាំរដ្ឋាភិបាលតាមបែបបទក្រុមប្រឹក្សានិយម ។ និយាយឲ្យងាយយល់ ប្រធានាធិបតីត្រូវស្នើច្បាប់ទៅរដ្ឋសភាសុំសេចក្តីអនុមត្តិជាមុនសិន មុននឹងសម្រេចបង្កើត ឬ រំលាយស្ថាប័នណាមួយរបស់រដ្ឋ ។ មូលហេតុដែលត្រូវធ្វើដូច្នេះ ពីព្រោះរដ្ឋសភាជាស្ថាប័នគ្រប់គ្រងនិងចាត់ចែងថវិការជាតិរៀងរាល់ឆ្នាំ ។ វាជាប្រព័ន្ធតុល្យភាពដែលអ្នកតាក់តែងរដ្ឋធម្មនុញ្ញបានចារទុកជាច្រើនរយឆ្នាំមកហើយ ។ ក៏ប៉ុន្តែ លោក ដូណាល់ ត្រាំ អត់អនុវត្តិច្បាប់ទម្លាប់ទាំងនេះទេ គឺគាត់ជ្រើសយកបុរេឯកសិទ្ធិមួយ (Prerogative) ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញជាទម្រង់ក្រឹត្យ ឬហៅជាភាសាអង់គ្លេសថា៖ Executive Orders ។ គួរកត់សម្គាល់ថា ក្រឹត្យ (Rule by decree) គឺជានិតិវិធីច្បាប់របស់ជនផ្តាច់ការ (Tyrant) ។ ចុះហេតុអ្វីក៏វាមកនៅក្នុងរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិកទៅវិញ ។ តាមពិត រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកអនុញ្ញាតិឲ្យប្រធានាធិបតីប្រើក្រឹត្យ នៅក្នុងករណីមានអាសន្ន ឬក៏ ចាំបាច់ណាមួយតែប៉ុណ្ណោះ ។ មិនមែនឲ្យប្រធានាធិបតីយកវាមកប្រើប៉ាតណាប៉ាតណីអនាធិបតេយ្យនោះទេ ។ ក្រឹត្យនេះទៀតសោត គឺត្រូវអនុលោមតាមច្បាប់បញ្ញតិនានាដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ ។ បើវាបំពាន ឬក៏ផ្ទុយអំពីអ្វីដែលមានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញ វានឹងក្លាយទៅជាច្បាប់ព្រៃ ។ គួរកត់សម្គាល់ថា ស្ថាប័ននីតិប្រតិបត្តិ គឺជាអ្នកអនុវត្តិច្បាប់ គ្មានសិទ្ធិបង្កើតច្បាប់ទេ ។ ដូច្នេះ ច្បាប់ដែលកើតចេញអំពីក្រឹត្យ វាគឺជាច្បាប់ឥតខាន់ស្លា (Illegitimate) ។ ក៏ប៉ុន្តែ ដោយហេតុតែភាវស្របច្បាប់ និង មិនស្របច្បាប់នៃក្រឹត្យផងទាំងពួក តម្រូវឲ្យស្ថាប័នតុលាការត្រួតពិនិត្យធម្មនុញ្ញភាពរបស់វា មនុស្សឬក៏ស្ថាប័នទាំងឡាយណាដែលរងផលប៉ះពាល់ ចាំបាច់ត្រូវដាក់ពាក្យប្តឹងទៅតុលាការដើម្បីលុបក្រឹត្យនោះចោលវិញ ។ ដើម្បីធ្វើមោឃភាពទៅលើក្រឹត្យណាមួយ ក្រឹត្យនានាត្រូវឆ្លងកាត់ការជំនំជម្រះក្នុងប្រព័ន្ធតុលាការចំនួនបីស្រទាប់គឺ សាលាដំបូង សាលាឧទ្ធរណ៍ និង តុលាការកំពូល (District Court, Circuit Court, Supreme Court) ។ ប្រការនេះគឺត្រូវការពេលវេលា ។ ហើយតុលាការទាំងបីស្រទាប់នេះ ត្រូវសម្រេចចិត្តជាឯកច្ឆ័ន្ទ ។ បើមានស្រទាប់ណាមួយមានមតិផ្ទុយ ក្រឹត្យនោះនឹងក្លាយទៅជាច្បាប់អនុវត្តិ ។
បច្ចុប្បន្នលោក ដូណាល់ ត្រាំ បានចេញក្រឹត្យជាង ១០០ហើយ ។ គាត់អាចនឹងចេញក្រឹត្យរាប់រយថែមទៀតដើម្បីរុញប្រព័ន្ធតុលាការឲ្យលិចលង់ (Flood the court system or Judiciary Branch) ។ យើងអាចព្យាករណ៍ជាមុនថា ក្រឹត្យ របស់ដូណាល់ ត្រាំ នឹងនៅក្នុងប្រព័ន្ធតុលាការអាមេរិករហូតដល់ថ្ងៃគាត់ស្លាប់ ក៏ដោះស្រាយមិនទាន់អស់ែដរ ។
មុននឹងបរិយាយអំពីហានិភ័យនៃយុទ្ធសាស្ត្រប្រើក្រឹត្យរបស់លោក ដូណាល់ ត្រាំ ខ្ញុំសូមណែនាំមិត្តអ្នកអានឲ្យមើលលទ្ធផលនិងតឹតតាង ដែលបានបន្សល់ទុកកាលគាត់ដឹងនាំប្រទេសអាមេរិកពីឆ្នាំ ២០១៦ ដល់ ២០២០ ជាមុនសិន ។ ផ្អែកលើអ្វីដែលជាសមិទ្ធិផលនៃការដឹកនាំប្រទេសរបស់គាត់នាគ្រានោះ យើងអាចសន្និដ្ឋានបានថា នៅក្នុងអាណតិនេះគាត់នឹងប្រើយុទ្ធសាស្ត្រក្រឹត្យរហូតទាល់តែរយះមេឃរហែកផែនដី ។ រដ្ឋធម្មនុញ្ញអាមេរិកាំងស៊ូបានឬមិនបាន គឺអាស្រ័យលើកត្តាតែមួយគត់៖ ប្រព័ន្ធតុលាការ (Judiciary Branch) ។ គួរកត់សម្គាល់ថា រដ្ឋធម្មនុញ្ញ និង ប្រព័ន្ធតុលាការអាមេរិកាំង អាចតស៊ូទប់ទល់នឹងការជាន់ឈ្លីបំផ្លិចបំផ្លាញរបស់ ដូណាល់ ត្រាំ បានឬមិនបានគឺអាស្រ័យលើភាពក្លាហានរបស់មនុស្សដែលមានតួនាទីអនុវត្តិច្បាប់ទម្លាប់ទាំងអស់នោះ ។ ក្រដាសនិងពាក្យពេចន៍ដែលចារនៅក្នុងរដ្ឋធម្មនុញ្ញដោយឯកឯង គ្មានអំណាចអ្វីឡើយ (Words in the constitution, by themselves, have no teeth or bearing upon a tyrant who is hellbent on destroying it) ។
ដើម្បីសម្រួលដល់ការស្វែងយល់អំពីប្រព័ន្ធតុលាការរបស់អាមេរិកាំង ខ្ញុំសូមលើកយកលក្ខណៈសាមញ្ញមួយចំនួនមកបង្ហាញជាមុន ។ នៅក្នុងសាខាទាំងបីនៃរដ្ឋាភិបាលអាមេរិកាំង ស្ថាប័ននីតិប្រតិបត្តិជាអ្នកអនុវត្តិច្បាប់ និងគ្មានសិទ្ធិបង្កើតច្បាប់ទេ ។ មានតែស្ថាប័នរដ្ឋសភា និង តុលាការតែប៉ុណ្ណោះដែលមានសិទ្ធិបង្កើតច្បាប់ ។ ច្បាប់ដែលចេញពីរដ្ឋសភាគេហៅថា៖ ច្បាប់បញ្ញតិ (Statutory law) ។ ច្បាប់ដែលកើតចេញពីប្រព័ន្ធតុលាការគេហៅថា៖ ច្បាប់អនុមត្តិ (Judiciary law, or case law) ។ Case law (a.k.a. common law) កើតចេញអំពីលទ្ធផលនៃការប្តឹងប្តល់ណាមួយ ។ ច្បាប់ដែលកើតចេញអំពីក្រឹត្យ យើងអាចហៅវាថា៖ ច្បាប់អនុវត្តិ ឬ ច្បាប់ចេញពីមាត់ (Executive orders) ។ ច្បាប់នេះ ថ្វីដ្បិតតែវាអាចធ្វើឲ្យមនុស្សនិងប្រទេសជាច្រើនរងកម្ម ឬរងទុក្ខវេទនា វាមិនមានអាយុយឺនយូរទេ លើកលែងតែលោក ដូណាល់ ត្រាំ អាចធ្វើឲ្យសហរដ្ឋអាមេរិកក្លាយទៅជាប្រទេសស្ថិតនៅក្រោមរបបផ្តាច់ការ ។ ប្រធានាធិបតីថ្មីអាចចេញក្រឹត្យលុប ច្បាប់អនុវត្តិរបស់លោក ដូណាល់ ត្រាំ ដោយគ្រាន់តែចុះហត្ថលេខា ឬសុីញ៉េ តែមួយខ្វោកប៉ុណ្ណោះ ។ ក៏ប៉ុន្តែ អំឡុងពេល ដូណាល់ ត្រាំ កាន់អំណាចរយៈពេល ៤ឆ្នាំ ខាងមុខនេះ ក្រឹត្យរបស់គាត់នឹងបង្កព្យុះភ្លៀងគ្មានថ្ងៃលស់ឡើយ ។
ដូចប្រទេសនានាដែរ ប្រព័ន្ធតុលការអាមេរិកាំងមានបីស្រទាប់គឺ សាលាដំបូង (District Court) សាលាឧទ្ធរណ៍ (Circuit Or Superior Court) និង តុលាការកំពូល (Supreme Court) ។ សាលាដំបូងមានចំនួន ៩៤ ។ សាលាឧទ្ធរណ៍មានចំនួន ១៣ ។ និងតុលាការកំពូល ១ ដែលមានទីតាំងនៅក្នុងរដ្ឋធានី វ៉ាសុីនតោន ។ សាលាដំបូងនិងសាលាឧទ្ធរណ៍ មានទីតាំងស្ថិតនៅរាយប៉ាយទូទាំអសហរដ្ឋអាមេរិក ។ ដើម្បីប្តឹងជំទាស់នឹងក្រឹត្យរបស់ ដូណាល់ ត្រាំ បុគ្គលឬស្ថាប័នដែលរងផលប៉ះពាល់ អាចដាក់ពាក្យប្តឹងនៅសាលាដំបូង ដែលស្ថិតនៅក្នុងតំបន់ខ្លួនរស់នៅ មិនចាំបាច់ធ្វើដំណើរមកកាន់ទីក្រុងវ៉ាសុីនតោនទេ ។ បន្ទាប់ពីចៅក្រមសាលាដំបូងសម្រេចថា ក្រឹត្យណាមួយរបស់ដូណាល់ ត្រាំ មិនស្របច្បាប់ គាត់នឹងបញ្ជូនអាមុីអាថោងដែលភាគច្រើនជាបុគ្គលិករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យយកករណីនេះប្តឹងទៅសាលាឧទ្ធរណ៍ រួចហើយបន្តទៅតុលាការកំពូល ។ ទម្រាំតែក្រឹត្យមួយត្រូវបានទាត់ចោលជាមោឃៈ ដូណាល់ ត្រាំ មានពេលយ៉ាងហោចណាស់ក៏ពីរបីខែដែរដើម្បីអនុវត្តិក្រឹត្យនោះ ។ យើងអាចស្រមៃមើលថា ក្រឹត្យចំនួន ៥០០ ត្រូវការពេលប៉ុន្មានឆ្នាំដើម្បីឲ្យពលរដ្ឋ ឬក៏ស្ថាប័នដែលរងផលប៉ះពាល់តតាំងលុបក្រឹត្យនោះចោលវិញ ។ ហើយគេត្រូវចំណាយប្រាក់និងពេលវេលាអស់ប៉ុន្មាន ។
ចៅក្រមដែលកាន់កិច្ចការនៅក្នុងប្រព័ន្ធតុលាការទាំងបីស្រទាប់នៅសហរដ្ឋអាមេរិក គឺតែងតាំងដោយប្រធានាធិបតី និង ទទួលបានការផ្តល់ទំនុកចិត្តដោយព្រឹទ្ធសភា ហើយមានអភ័យឯកសិទ្ធិ (Immunity) ស្មើនឹងប្រធានាធិបតី ។ អ្វីដែលចៅក្រមទាំងនេះមានលើសពីប្រធានាធិបតីគឺ ពួកគាត់អាចកាន់តំណែងអស់មួយជីវិត ដរាបណាពួកគាត់មិនមានប្រព្រឹត្តិបទឧក្រិត្យធ្ងន់ធ្ងរណាមួយ ។ គ្មាននរណាមានសិទ្ធិដកដំណែងចៅក្រមទាំងនេះទេ ។ នីតិវិធីដកដំណែងចៅក្រមដែលបានប្រព្រឹត្តិបទល្មើស គឺត្រូវឆ្លងកាត់ការកាត់ក្តីនៅក្នុងព្រឹទ្ធសភាដែលភាសាអង់គ្លេសហៅថា៖ Impeachment (អុីមភីចមិន) ដូចគ្នាទៅនឹងការកាត់ក្តីប្រធានាធិបតីដែលប្រព្រឹត្តិបទល្មើសដែរ ។ គឺអភ័យឯកសិទ្ធិនិងភាពឯករាជ្យរបស់ចៅក្រមនេះហើយ ដែលជាក្តីសង្ឃឹម ឬរនាំងផ្លូវ (Guard Rail) ទប់ស្កាត់កុំឲ្យរថយន្តលោក ដូណាល់ ត្រាំ បរខុសផ្លូវ ។ ទោះជាយ៉ាងណាក៏ដោយ រនាំងផ្លូវនេះមិនអាចស៊ូទ្រាំជាមួយនឹងការប៉ះទង្គិចដោយឥតស្រាកស្រាន្តឡើយ ។ ចំណុចខ្លះអាចនឹងបាក់ ។ គួរកត់សម្គាល់ផងដែរថា កាលពីខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅនេះ តុលាការកំពូលបានអនុមត្តិករណីមួយដែលថា អ្វីដែលលោក ដូណាល់ ត្រាំ ប្រព្រឹត្តិ ខុសច្បាប់ក្តី ត្រូវច្បាប់ក្តី នៅក្នុងរយៈកាលដែលគាត់កាន់កិច្ចការជាប្រធានាធិបតី មិនអាចយកមកធ្វើជាសំណុំរឿងដើម្បីដាក់ទោសទណ្ឌគាត់ នៅពេលដែលគាត់ឈប់កាន់ដំណែងទេ ។ មានតែព្រឹទ្ធសភាតែប៉ុណ្ណោះ ដែលមានតួនាទីដាក់ទោសទណ្ឌគាត់ ហើយត្រូវធ្វើនៅអំឡុងពេលដែលគាត់កំពុងកាន់អំណាច ។ ប្រការនេះគឺស្មើនឹងផ្តល់អាវក្រោះដ៏ក្រាស់មួយដល់ ដូណាល់ ត្រាំ ដ្បិតគ្មានថ្ងៃដែលព្រឹទ្ធសភាអាចដាក់ទោសទណ្ឌគាត់កើតទេ ដ្បិតគេត្រូវការសម្លេង ២ភាគ៣ នៃសមាជិកព្រឹទ្ធសភាទាំងអស់ដើម្បីកាត់ទោសគាត់ ។ ភាគច្រើននៃសមាជិកព្រឹទ្ធសាភា មកពីគណបក្សដែលគាំទ្រត្រាំ ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមនិយាយអំពីយុទ្ធសាស្ត្រជនផ្តាច់ការដែលលោក ដូណាល់ ត្រាំ កំពុងអនុវត្តិបន្តិច ។ ខ្ញុំធ្លាប់បានបកស្រាយច្រើនដងមកហើយថា យុទ្ធសាស្ត្របង្កើតរបបផ្តាច់ការគឺគេប្រើវិធីបោចរោមមាន់ទាំងរស់ ។ សម្រាប់អ្នកដែលមិនយល់អត្ថប្បដិរូបនៃពាក្យ បោចរោមមាន់ ខ្ញុំសូមបញ្ជាក់ថា មាន់ តំណាងឲ្យពលរដ្ឋនៅក្នុងប្រទេសមួយ ។ រោមមាន់តំណាងឲ្យសុខុមាលភាពសង្គម ។ លោកដូណាល់ ត្រាំ តែម្នាក់ឯងគ្មានចំណេះជំនាញអ្វីនឹងរៀបចំកិច្ចវិធីបោចរោមមាន់ទាំងរស់នេះទេ ។ គឺមានមនុស្សមួយក្រុមដែលផ្គុំក្បាលគ្នារៀបចំយុទ្ធវិធីនេះ ។ ដូណាល់ ត្រាំ ជាតួឯកនិងជាអ្នកអនុវត្តិរាល់កិច្ចការផងទាំងពួង ។ ជំហានដំបូងៗដែលគេត្រូវធ្វើគឺបង្កើតឲ្យមានមនុស្សមួយក្រុម ដែលភាសាអង់គ្លេសហៅថា៖ Attack dogs and guard dogs (ឆ្កែប្រហារ និង ឆ្កែការពារ) ។ មនុស្សមួយក្រុមនេះមានជាអាទ៍៖ អនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងសន្តិសុខជាតិ ក្រសួងយុត្តិធម៌ និង បុគ្គលពីររូបទៀតដែលមានតួនាទីជាទីប្រឹក្សាសន្តិសុខជាតិ និងទីប្រឹក្សាសេដ្ឋកិច្ចជាតិ (លោក អេឡុន ម៉ាស ជាមនុស្សចុងក្រោយនេះ) ។ គួរកត់សម្គាល់ថា ក្រសួងយុត្តិធម៌ធ្វើការងារក្រោយឆាក មិនសូវចេញមុខជាសាធារណៈទេ ។ ឯលោក អេឡុន ម៉ាស ដើរតួនាទីជាអ្នកចាត់ចែងធនធានមនុស្សស្រដៀងគ្នានឹងសហគ្រាសធំៗ ដែលជួលមនុស្សពីក្រៅមកដើម្បីកំចាត់បុគ្គលិកចោល ។ តួនាទីរបស់អនុប្រធានាធិបតីនិងរដ្ឋមន្ត្រីការបរទេស គឺវាយប្រហារទប់ទល់ជាមួយគូបដិបក្សលើឆាកអន្តរជាតិ ។ មនុស្សក្រៅពីនោះ គឺត្រូវតតាំងនិងវាយប្រហារបុគ្គលឬស្ថាប័នទាំងឡាយណា ដែលបង្កឧបស័គ្គនៅក្នុងប្រទេស ។ រដ្ឋមន្ត្រីក្រសួងការបរទេស អនុប្រធានាធិបតី និង ទីប្រឹក្សាសន្តិសុខជាតិ ក៏មានតួនាទីជាអ្នកការពារប្រធានាធិបតីផងដែរ ។ ពាក្យការពារមួយឃ្លាដែលគេតែងលើកយកមកនិយាយគឺ៖ The buck stops here! (ខ្ញុំតែម្នាក់ឯងគត់ គឺជាអ្នកទទួលខុសត្រូវ!) ។
បន្ទាប់មកគឺបង្កើតឲ្យមានបាតដៃទីបី (Fear factor) ។ ឧក្រិតជនវាយប្រហារមន្ទីររដ្ឋសភាដែលលោក ដូណាល់ ត្រាំ លើកលែងទោសដោយមិនរើសមុខនោះគឺជាបាតដៃទីបី សម្រាប់បំភ័យដល់ចៅក្រមនិងសកម្មជនទាំងឡាយណា ដែលមិនយល់ស្របជាមួយនឹងក្រឹត្យរបស់គាត់ ។ ការលើកលែងទោសឧក្រិតជនដោយមិនរើសមុខនេះ វាជាសារដ៏សំខាន់មួយទៅកាន់ចៅក្រម ក៏ដូចជាជនដៃដល់នានា ។ ឧក្រិតជនដែលបម្រើផលប្រយោជន៍ដូណាល់ ត្រាំ អាចរួចផុតទោសងាយដូចបកចេក ទោះពួកគេសម្លាប់នរណាក៏ដោយ ។ ជារួម ដូណាល់ ត្រាំ យកបុរេឯកសិទ្ធិ (Prerogative) នៃការប្រើក្រឹត្យមកផ្គុំជាមួយនឹងការលើកលែងទោសឧក្រិតជន (Pardon) ហើយភ្ជាប់វាជាមួយនឹងនិទណ្ឌភាពរបស់គាត់ក្នុងនាមជាប្រធានាធិបតី (Presidential immunity) ដើម្បីប្រែក្លាយខ្លួនឲ្យទៅជាស្តេចផែនដីមានអំណាចម្នាក់ ។ នៅក្នុងរយៈពេលបួនឆ្នាំខាងមុខនេះ ពិភពលោក ជាពិសេសសហរដ្ឋអាមេរិកវឹកវរដូចម្តេច យើងនឹងបានយល់គ្រប់ៗគ្នានាពេលដ៏ខ្លី ។
យុទ្ធសាស្ត្របោចរោមមាន់ទាំងរស់ គឺគេបោចរោមណាដែលមិនសូវឈឺជាមុន ។ ជាកិច្ចចាប់ផ្តើម ដូណាល់ ត្រាំ លើកទឹកចិត្ត ឬបង្ខំឲ្យបុគ្គលិករដ្ឋាភិបាលចូលនិវត្តិន៍ ។ បន្ទាប់មកបញ្ឈប់តួនាទីបុគ្គលិកថ្នាក់ទាបឬមិនសូវសំខាន់ ដោយសម្អាងហេតុផលកាត់បន្ថយការចំណាយថវិកាជាតិ ។ បន្ទាប់មកទៀតគឺរំលាយស្ថាប័ន ។ USAID និងវិទ្យុ VOA និង RFA គឺជាស្ថាប័នបម្រើផលប្រយោជន៍អន្តរជាតិច្រើនជាងអាមេរិក ។ ក្រសួងអប់រំជាតិក៏ជាស្ថាប័នមិនសូវសំខាន់ដែរ ដ្បិតប្រព័ន្ធអប់រំអាមេរិកាំងគ្រប់គ្រងដោយរដ្ឋនីមួយៗ ។ គួរកត់សម្គាល់ថា ក្រសួងអប់រំអាមេរិកាំងមិនពាក់ព័ន្ធនឹងកម្មវិធីសិក្សាក៏ដូចជាការចេញសញ្ញាប័នសញ្ញាឃើញ ដូចប្រទេសដទៃទេ ។ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាព ដូណាល់ ត្រាំ ជ្រើសយកការបញ្ជូនជនអន្តោប្រវេសខុសច្បាប់ដែលជាទណ្ឌិត ទៅដាក់ក្នុងពន្ធនាគារនៅប្រទេសទីបីដោយមិនចាំបាច់កាត់ទោសឡើយ ។ កត្តាដែលរៀបរាប់ខាងលើនេះ គឺជារោមមាន់ដែលបោចចេញទៅមិនសូវឈឺ ដ្បិតពលរដ្ឋអាមេរិកាំងដែលរងផលប៉ះពាល់មិនជាច្រើណាស់ណាទេ ។ បើនិយាយអំពីជនរងគ្រោះវិញ បុគ្គលិកដែលបម្រើការនៅ USAID, VOA, and RFA ភាគច្រើនគឺជាជនជាតិអាមេរិកាំងដែលមានដើមកំណើតនៅប្រទេសដទៃ ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ការបោចរោមមាន់នេះវានឹងបន្តរំកិលបន្តិចម្តងៗ រហូតទាល់តែដល់ក្រុមមនុស្សដែលគាំទ្រនិងជួយជ្រោមជ្រែងលោក ដូណាល់ ត្រាំ តែម្តង ។ ទម្រាំតែមាន់មានអារម្មណ៍ថារងារ វាដល់ពេលដែលគេយកវាទៅស្ងោរជ្រក់ហើយ ។
រឿងមួយដែលជាចំអកព្រហ្មលិខិតនៃយុទ្ធនាការបោចរោមមាន់នេះគឺថា ពលរដ្ឋទូទៅគិតថាក្រុមមនុស្សដែលព្យាយាមបង្កើតរបបផ្តាច់ការនេះ គ្មានសមត្ថភាពនិងលទ្ធភាពរកជោគជ័យឃើញឡើយ ។ វាជាសេចក្តីប្រមាទមួយដែលជនផ្តាច់ការចង់បានជាទីបំផុត ។ ពលរដ្ឋប្រមាទពួកគេរឹតតែខ្លាំង ពួកគេរឹតតែត្រេកអរ ។ សូម្បីតែខ្ញុំដែលជាស្មេរ ក៏ស្ថិតនៅក្នុងជ្រោះនៃសេចក្តីប្រមាទនេះដែរ ។ ខ្ញុំនៅមានជំនឿលើរដ្ឋធម្មនុញ្ញ និងភាពក្លាហានរបស់អ្នកអនុវត្តិច្បាប់មុតមាំណាស់ ។ ដូណាល់ ត្រាំ និងស្ម័គ្របក្សពួក មិនអាចធ្វើឲ្យសហរដ្ឋអាមេរិកក្លាយទៅជាប្រទេសផ្តាច់ការបានឡើយ ។ វាជាជំនឿដែលពោរពេញទៅដោយហានិភ័យនិងអ្វីដែលភាសាអង់គ្លេសហៅថា៖ Vulnerability ។ ខាងក្រោមនេះគឺជាសម្រង់សម្តីរបស់មនុស្សម្នាក់ដែលដើរចូលអន្ទាក់នៃរបបផ្តាច់ការ ដោយមិនដឹងខ្លួន៖
First they came for the socialists, and I did not speak out—because I was not a socialist.
Then they came for the trade unionists, and I did not speak out—because I was not a trade unionist.
Then they came for the Jews, and I did not speak out—because I was not a Jew.
Then they came for me—and there was no one left to speak for me.
—Martin Niemöller
ដើមឡើយ ពួកគេកំចាត់ក្រុមសង្គមនិយម ហើយខ្ញុំមិននិយាយប្រឆាំងតវានឹងពួកគេទេ ពីព្រោះខ្ញុំមិនស្ថិតនៅក្នុងក្រុមសង្គមនិយម ។
បន្ទាប់មក ពួកគេកំចាត់ក្រុមសហជីព ហើយខ្ញុំក៏មិននិយាយអ្វីប្រឆាំងនឹងពួកគេដែរ ពីព្រោះខ្ញុំមិនមែនជាសមាជិកសហជីព ។
បន្ទាប់មកទៀត ពួកគេកំចាត់ជនជាតិជីហ្វ ហើយខ្ញុំក៏នៅតែមិននិយាយស្តីអ្វីតតាំងប្រឆាំងនឹងពួកគេទៀត ដ្បិតខ្ញុំមិនមែនជាជនជាតិជីហ្វ ។
នៅទីបំផុត ពួកគេចូលមកកំចាត់ខ្ញុំ ។ គ្មានមនុស្សណាម្នាក់សេសសល់នឹងជួយយកអាសាខ្ញុំឡើយ ៕
Friday, March 7, 2025
ចំណីខួរក្បាល
ដូណាល់ ត្រាំ វិលវិញ (Donald Trump, Revisit)
កាលលោក ដូណាល់ ត្រាំ ឡើងកាន់កិច្ចការជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកលើកទី ១ ខ្ញុំបានសរសេរអត្ថបទរិះគន់មួយចំនួនពាក់ព័ន្ធនឹងគោលនយោបាយ និង សកម្មភាពរបស់គាត់ ជាពិសេសគឺសង្គ្រាមពាណិជ្ជកម្ម (សូមមើលអត្ថបទនៅក្នុងរូបភាពខាងក្រោម) ។ នៅក្នុងសង្គ្រាមពាណិជ្ជកម្មនៅគ្រាទី ១ សេដ្ឋវិទូអាមេរិកាំងបានវាយតម្លៃផលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋអាមេរិកាំងទូទៅ គឺត្រូវចំណាយថវិកាប្រមាណជា ៨០០ដុល្លារ បន្ថែមលើការចំណាយប្រចាំឆ្នាំរបស់ខ្លួន ។ ឯសង្គ្រាមពាណិជ្ជកម្មលើកទី ២នេះ ពលរដ្ឋអាមេរិកាំងត្រូវចំណាយប្រមាណជា ២០០០ដុល្លារ បន្ថែមលើការចំណាយប្រចាំឆ្នាំរបស់ខ្លួន ដោយហេតុតែនៅពេលដែលយើងច្របាច់កគេ គេក៏ច្របាច់កយើងវិញដែរ ។ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម គ្មានទេភាគីចាញ់ ឬឈ្នះ ។ គឺមានតែជនរងគ្រោះ ។ អ្នកដែលទទួលផលអំពីសង្គ្រាមនេះ គឺភាគីដែលមិនពាក់ព័ន្ធនៅក្នុងជម្លោះ ។ វាមិនខុសអំពីសត្វភេពីរក្បាលចែកត្រីគ្នាសុីមិនដាច់ស្រេច យកទំនាស់ទៅពឹងខ្លាត្រីឲ្យជួយដោះស្រាយឡើយ ។
អត្ថបទនេះ ខ្ញុំសូមមិនផ្តោតលើសង្គ្រាមពាណិជ្ជកម្ម និងផលកម្មដែលពលរដ្ឋអាមេរិកាំង និងពលរដ្ឋដទៃនៅក្នុងពិភពលោក កំពុងប្រឈមទេ ។ ខ្ញុំសូមលើកយកបញ្ហាខ្លះៗ ពាក់ព័ន្ធនឹងគោលនយោបាយរបស់ ដូណាល់ ត្រាំ មកវែកញែកចែកជាធម្មទានដល់មិត្តអ្នកអាន ។ តែមុននឹងវែកញែករឿងនយោបាយ ខ្ញុំសូមជម្រាបថា ពាក្យ Tariff គឺមានន័យថាពន្ធ (Tax) ដែលពលរដ្ឋទូទៅត្រូវបង់ មិនមែនសហគ្រាស ឬក៏ប្រទេសដែលលោក ដូណាល់ ត្រាំ កៀបសង្កត់ឲ្យបង់ Tariff នាំចេញទិញចូលនោះទេ ។ វាជាយុទ្ធសាស្ត្របោកប្រាស់ ប្រជាភិថុតិ ឬក៏ល្បែងលេងប៉ាហ៊ី ដែលអ្នកនយោបាយរមែងប្រព្រឹត្តិ ។
មុននឹងខ្ញុំនិយាយរឿងនយោបាយ ខ្ញុំសូមអធ្យាស្រ័យណែនាំខ្លួននិងអត្តចរិតនយោបាយរបស់ខ្ញុំ ឲ្យមិត្តអ្នកអានបានស្គាល់ជាមុន ជៀសវាងការភាន់ច្រឡំនានា (Misunderstanding) ។ ក្នុងនាមជាពលរដ្ឋអាមេរិកាំងមួយរូប ខ្ញុំមិនមែនជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋ ហើយក៏មិនមែនជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដែរ ។ ខ្ញុំគោរពមតិភាគច្រើន និង គាំពារមតិភាគតិច ។ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតតាមបែបបទប្រជាធិតេយ្យ ខ្ញុំតែងតែព្យាយាមបោះឆ្នោតបំបែកអំណាចប្រមូលផ្តុំ ដោយមិនប្រកាន់បក្សពួកឡើយ ។ នៅក្នុងរដ្ឋាភិបាលប្រជាធិតេយ្យ យើងមាននីតិប្រតិបត្តិ នីតិបញ្ញតិ និង ប្រព័ន្ធតុលាការ (Executive, Legislative, and Judiciary) ។ ស្ថាប័ននីតិប្រតិបត្តិ និង នីតិបញ្ញតិ កើតឡើងដោយការបោះឆ្នោត ។ ពេលខ្លះ ស្ថាប័នទាំងពីរធ្លាក់ក្រោមការត្រួតត្រារបស់គណបក្សតែមួយ ។ គឺស្ថានភាពនេះហើយដែលតម្រូវឲ្យខ្ញុំទៅបោះឆ្នោតពាក់កណ្តាលអាណតិ ដើម្បីបង្កើតឲ្យមានតុល្យភាពក្នុងការដឹកនាំប្រទេសជាតិ ក៏ដូចជាដឹកនាំរូបខ្ញុំដែលជាពលរដ្ឋម្នាក់ដែរ ។ ឯរឿងគោរពបូជា ខ្ញុំអត់គោរពបូជាអាទិទេព ឬក៏ បុគ្គលមនុស្សណាមួយឡើយ ។ ខ្ញុំគោរពបូជាគុណធម៌ ។ តើយើងយកអ្វីមកសម្គាល់គុណធម៌ ។ ប្រការនេះមិនពិបាកយល់ទេ ។ ទង្វើ ឬ ជំនឿ ណាដែលមិនបង្កទុក្ខវេទនាដល់ខ្លួនឯង និង អ្នកដទៃ គឺជាគុណធម៌ ។ អាទិទេពក្តី មនុស្សក្តី ដែលប្រកបទៅដោយគុណធម៌ គឺជាវត្ថុសក្ការៈរបស់ខ្ញុំ ។
ខ្ញុំចាប់ផ្តើមសិក្សាអំពីប្រវត្តិសាស្ត្រអាមេរិកាំង តាំងតែពីមិនទាន់ឈានជើងជាន់ទឹកដីនៃសហរដ្ឋអាមេរិកម្លេះ ។ ពេលមកដល់សហរដ្ឋអាមេរិកនៅដើមឆ្នាំ ១៩៨៩ ខ្ញុំមានឱកាសបានចូលទៅសិក្សានៅក្នុងប្រព័ន្ធអប់រំអាមេរិកាំង ហើយក៏បានបន្តសិក្សាចាប់ពីពេលនោះរហូតមកដល់ថ្ងៃនេះ ។ នៅសាកលវិទ្យាល័យ ជំនាញសិក្សារបស់ខ្ញុំគឺ សារពត៌មាន និង វិទ្យាសាស្ត្រនយោបាយ ដោយផ្តោតទៅលើអភិបាលកិច្ចសាធារណរបស់រដ្ឋាភិបាលអាមេរិកាំង ។ ខ្ញុំចាប់ផ្តើមសង្តេតអំពីដំណើរបត់បែននៃអភិបាលកិច្ចរបស់សហរដ្ឋអាមេរិក តាំងតែពីអាណតិទីមួយរបស់លោកប្រធានាធិបតី ប៊ីល គ្លីនតុន រៀងរហូតមកដល់គ្រានេះ ។ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏ជាអ្នកធ្វើការងារឲ្យស្ថាប័នមួយចំនួន ដែលពាក់ព័ន្ធនឹងការធ្វើគោលនរយោបាយរបស់សហរដ្ឋអាមេរិក ។ បើគិតជាថេរវេលា វាមានរយៈពេលប្រមាណជា ៣០ឆ្នាំហើយ ។ សួរថា តើខ្ញូំយល់ដឹងអ្វីៗសព្វជ្រុងជ្រោយទេ ? ចម្លើយគឺ អត់ទេ ។ តែខ្ញុំនឹងព្យាយាមបកស្រាយបំភ្លឺទៅតាមសមត្ថភាពដែលខ្ញុំមាន ។
ដំណើរដឹកនាំប្រទេសអាមេរិកាំងនាគ្រានេះ គឺមានហានិភ័យខ្ពស់ មិនមែនសម្រាប់តែជនជាតិអាមេរិកាំងទេ គឺពិភពលោកទាំងមូល ។ អ្វីដែលខ្ញុំព្រួយបារម្ភជាងគេគឺប្រការដែលអាចមានការព្យាយាមរបស់ ដូណាល់ ត្រាំ ដើម្បីក្រាញអំណាច (The possibility of trying to make the U.S.A. a dictatorship) ។ នៅក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំជឿជាក់ថាគាត់មិនអាចធ្វើទៅរួចទេ ។ ក៏ប៉ុន្តែ ទោះបីជាលទ្ធភាពរបស់គាត់អាចមានត្រឹមតែ ០.០០១ ភាគរយក៏ដោយ ក៏ខ្ញុំនៅតែព្រួយបារម្ភដែរ ។ ជាមួយនរណាខ្ញុំមិនអាចសន្និដ្ឋានទេ ។ តែជាមួយ ដូណាល់ ត្រាំ អ្វីដែលយើងគិតថាមិនអាចទៅរួច គឺអាច ។ គាត់គឺជាមនុស្សក្រអើតក្រទមតាំងតែពីដើមរៀងមក ។ និយាយអំពីភាពក្រអើតក្រទម សូមបង្ហាញអំពីប្រការមួយ (Fact) ស្តីអំពីជោគជ័យនៅក្នុងដំណើរជីវិតពាណិជ្ជកររបស់គាត់បន្តិចផងចុះ ។ ផ្ទុយអំពីរូបភាពជោគជ័យដែលប្រព័ន្ធផ្សព្វផ្សាយអនាធិបតេយ្យ (Fake or Manipulated news) លើកតម្កើង លោក ដូណាល់ ត្រាំ បរាជ័យនៅក្នុងមុខជំនួញរបស់គាត់ច្រើនលើកច្រើនគ្រាមកហើយ ។ វាគ្មានអ្វីភ្ញាក់ផ្អើលទេ ប្រសិនបើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដាំក្បាលចុះនៅក្នុងអាណតិរបស់គាត់ ។
វិលទៅនិយាយអំពីប្រការដែលខ្ញុំព្រួយបារម្ភវិញម្តង ។ ផ្អែកលើទង្វើរបស់ ដូណាល់ ត្រាំ រយៈពេលជិតពីរខែកន្លងទៅនេះ អ្វីៗគឺស្រដៀងគ្នាទៅនឹងទង្វើរបស់ អាដុល ហុីត្លែរ នៅប្រទេសអាល្លឺម៉ងកាលពីឆ្នាំ ១៩៣៩ ពន់ពេកណាស់ ។ គួរកត់សម្គាល់ថា ប្រទេសអាល្លឺម៉ង់នាគ្រានោះ ក៏ជាប្រទេសប្រជាធិបតេយ្យដ៏រឹងមាំមួយដែរ ។ នៅសតវត្សទី ១៩ ជប៉ុនបានបញ្ជូននិស្សិតទៅរៀនអំពីបែបផែនដឹកនាំប្រទេសពីអាល្លឺម៉ង់ ហើយនៅប្រើទម្រង់នោះរហូតដល់សព្វថ្ងៃ ។ បើហុីត្លែរអាចបំផ្លាញរចនាសម្ព័ន្ធប្រជាធិបតេយ្យនៅអាល្លឺម៉ង់បាន រឿងអីដែលយើងហ៊ានទុកចិត្តថា ដូណាល់ ត្រាំ មិនអាចធ្វើបាននៅសហរដ្ឋអាមេរិក ។ ហុីត្លែរ ប្រើពេលមិនដល់មួយឆ្នាំទេ នៅក្នុងការកាច់បំបាក់ស្ថាប័នរដ្ឋនានាឲ្យជ្រកនៅក្រោមឥទ្ធិពលរបស់គាត់ ។ ដូណាល់ ត្រាំ ទម្រាំដល់ពេលបោះឆ្នោតពាក់កណ្តាលអាណតិ មានពេលរហូតដល់ទៅពីរឆ្នាំ ដើម្បីរុះរើស្ថាប័នជាតិនៃសហរដ្ឋអាមេរិក ឲ្យសមប្រកបទៅនឹងតម្រូវការរបស់គាត់ ។ ដូច្នេះ គាត់មានពេលគ្រប់គ្រាន់នៅក្នុងការផ្សងព្រេងរបស់គាត់ ។
អ្វីដែលជាភាពខុសគ្នារវាងអាល្លឺម៉ង់និងសហរដ្ឋអាមេរិក គឺស្ថិតត្រង់ថាពលរដ្ឋអាមេរិកាំងមានសិទ្ធិកាន់កាំភ្លើងគ្រប់ៗគ្នា ជាមួយនឹងពាក្យស្លោកមួយឃ្លាដែលមានន័យថា៖ កុំជាន់ឈ្លីខ្ញុំ (Don't Tread on Me!) ។ វាអាចនឹងល្មេញល្មើបន្តិច សម្រាប់ប្រធានាធិបតី ឬក៏អ្នកនយោបាយណាម្នាក់ ដែលព្យាយាមក្លាយខ្លួនជាជនផ្តាច់ការ ហើយជាន់ឈ្លីសិទ្ធិសេរីភាពរបស់ពលរដ្ឋអាមេរិកាំង ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សល្មេញល្មើអត់ប្រើហេតុផលដូចមនុស្សជាឡើយ (It would be foolish for any president or politician to try to become a tyrant and take away Freedom from the American people. However, a foolish person does not have the same rational thinking like a sane one) ។
ជនផ្តាច់ការ ឬ ដំណើរឆ្ពោះទៅកាន់របបផ្តាច់ការ គេប្រើយុទ្ធសាស្ត្រតែមួយទេគឺ បោចរោមមាន់ម្តងមួយៗ ឬស្ងោរកង្កែបទាំងរស់ដោយដុតភ្លើងថែមអុសម្តងមួយ ។ ខ្ញុំធ្លាប់សរសេរបកស្រាយរឿងនេះរួចម្តងហើយ ។ ដូច្នេះ ជាកិច្ចសង្ខេប ខ្ញុំសូមលើកយកតែកត្តាមួយចំនួនមកបង្ហាញនៅទីនេះ ។ កត្តាបឋមគឺបង្កភាពច្របូកច្របល់និងព្រួយបារម្ភ ។ បន្ទាប់មក គេចាប់ផ្តើមប្រឡេះចំណុចណាដែលមិនសូវរសើប ឬ ឈឺ ។ ល្បឿននៃការប្រឡេះនេះគឺអាស្រ័យលើប្រត្តិកម្មរបស់មហាជន (Reaction of victims) ។ នៅតាមផ្លូវប្រតិបត្តិការណ៍ (Along the way) គេដើរតួជាជនរងគ្រោះ ហើយប្រើប្រព័ន្ធតុលាការកម្ចាត់ជនណាដែលបង្កឧបស័គ្គ ឬនៅទើសផ្លូវគេដើរ ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមដំណើររបស់គាត់ហើយ ។ អ្នកដែលមើលយល់ គួរតែប្រុងប្រៀបរៀបជើងព្រួល ។ អ្នកដែលមើលមិនទាន់យល់ សូមមេត្តាមើលនិងត្រិះរិះពិចារណាតាមការគួរ ។ លទ្ធភាពរបស់ខ្ញុំ គឺបានត្រឹមតែបង្ហាញទិដ្ឋភាពនិងហានិភ័យ ។ ឯដំណោះស្រាយយ៉ាងណាៗ គឺអាស្រ័យលើឆន្ទៈនិងភាពឆ្លាតវាងវៃរបស់យើងម្នាក់ៗ ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិក ប្រៀបបាននឹងភ្នំភ្លើងដ៏ធំមួយ ។ នៅពេលវាផ្ទុះ វានឹងប៉ះពាល់ (Affect) ដល់មនុស្សជាច្រើននៅជុំវិញពិភពលោក ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមនិយាយអំពីទំនាក់ទំនងនយោបាយបរទេសរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេស អ៊ុយក្រេន និង ប្រទេសដទៃនៅក្នុងពិភពលោកបន្តិចផងចុះ ។ ប្រហែលជាមិនមានតែខ្ញុំម្នាក់ទេ ដែលឈឺចាប់ក្នុងចិត្តនៅពេលដែលឃើញលោក ហ៊្សេឡិនស្គី ត្រូវបានប្រធានាធិបតីនៃសហរដ្ឋអាមេរិកនិងសហការី បង្ខំឲ្យចុះហត្ថលេខាដោះដូរធនធានរ៉ែជាមួយនឹងជំនួយយុទ្ធោបករណ៍ ដើម្បីយកទៅតតាំងជាមួយនឹងសត្រូវដែលកំពុងតែព្យាយាមលេបត្របាក់ប្រទេសរបស់ខ្លួន ។ ទង្វើនេះ គេមិនហៅថាជំនួយទេ ។ វាគឺជាការលក់សព្វាវុធ ។ ក្នុងនាមជាមនុស្សគោរពបូជាគុណធម៌មួយរូប គ្មានអ្វីឈឺចាប់ជាងឃើញប្រមុខដឹកនាំរដ្ឋរបស់ខ្លួន ទៅជាន់កដកស្លាបជនរងគ្រោះដែលកំពុងតែត្រដរខ្យល់ ដើម្បីទាញយកផលប្រយោជន៍ឡើយ ។ ក្រៅអំពីពាក្យខ្ពើម (Despicable) ខ្ញុំហាក់ដូចជាមិនអាចរកពាក្យអ្វី មកបរិយាយឲ្យសក្តិសមនឹងទង្វើនេះទេ ។
ក្រៅអំពីការជាន់កដកស្លាប អ៊ុយក្រេន នៅមានរឿងបោះឆ្នោតប្រឆាំងនឹងការថ្កោលទោសប្រទេស រុស៊្សី ពីបទឈ្លានពាន អ៊ុយក្រេន នៅឯអង្គការសហប្រជាជាតិមួយទៀត ។ វាគ្មានអ្វីថោកទាបជាងឃើញប្រទេសដែលជាបិតា ឬជានិមិត្តរូបនៃការតស៊ូដើម្បីសេរីភាព និង អធិបតេយ្យភាព យកស្មារតីនៃបុព្វបុរសរបស់ខ្លួន ដែលបានតស៊ូបូជាជីវិតអល់កាលរាប់រយឆ្នាំកន្លងមកហើយ ក្នុងបុព្វហេតុ សិទ្ធិ សេរីភាព និង អធិបតេយ្យភាព មកជាន់ឈ្លីឲ្យរលាយហិនហោចនៅចំពោះមុខពិភពលោក តែក្នុងរយៈពេលប៉ុន្មានថ្ងៃ ។
នៅក្នុងបទភ្លេងជាតិនៃសហរដ្ឋអាមេរិក មានពាក្យមួយឃ្លាដែលពោលថា៖ ទឹកដីរបស់ជនដែលមានសេរី ភូមិឋានរបស់អ្នកក្លាហាន (Land of the free; home of the brave) ។ ថ្វីដ្បិតតែទង្វើរបស់អ្នកដឹកនាំបច្ចុប្បន្ន ហាក់ដូចជាបានកែប្រែប្រទេសដ៏ពិសិដ្ឋមួយនេះឲ្យក្លាយទៅជា៖ ទឹកដីរបស់ជនពាល ភូមិឋានរបស់ជនកំសាក ក៏ពិតមែន តែទង្វើទាំងនេះមិនឆ្លុះបញ្ចាំងអំពីទឹកចិត្ត និង អត្តចរិតប្រកបដោយគុណធម៌របស់ជនជាតិអាមេរិកាំងឡើយ មិនថាអ្នកនោះជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋ ឬក៏ជាជនជាតិដើម ។ ទង្វើអគុណធម៌ និង ផ្ទុួយអំពីស្មារតីនៃបុព្វបុរសយើង គឺគ្រាន់តែជាភាពឆ្កួតលលារបស់បុគ្គលមួយចំនួន និងការវង្វេងវង្វាន់របស់ពួកយើងក្នុងការជ្រើសរើសអ្នកដឹងនាំប្រទេសតែប៉ុណ្ណោះ ។ ប្រសិនបើសហរដ្ឋអាមេរិកមិនបាក់បែកក្រោមស្នាដៃរបស់ ដូណាល់ ត្រាំ ទេ ពួកយើងប្រាកដជាស្តារកិតិ្តយសនិងកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិកឡើងវិញ ។ We will rebuild our dignity and integrity, once this storm of stupidity moves over!
កំណត់៖ ដើម្បីកុំឲ្យអត្ថបទនេះវែងពេក ខ្ញុំសម្រេចមិនសរសេរអំពីហានិភ័យនៃសង្គ្រាមលោកលើកទី ៣ និង បច្ចេកទេស ឬតិចនិចនានាដែលលោក ដូណាល់ ត្រាំ ប្រើដើម្បីរុះរើ ឬ បំផ្លាញរចនាសម្ព័ន្ធរដ្ឋាភិបាលនៃសហរដ្ឋមេរិកទេ ។ ប្រធានបទទាំងនេះ យើងអាចលើកយកមកជជែកវែកញែកដើម្បីសិក្សានិងប្តូរទស្សនគ្នានៅលើទំព័របញ្ចេញមតិ ឬ ខំមិន ។
Thursday, January 9, 2025
ចំណីខួរក្បាល
ប្តូរតួនាទី (Role Reversal)
សព្វថ្ងៃ ខ្ញុំរស់ពឹងលើកម្លាំងញើសរបស់ភរិយាស្ទើរតែទាំងស្រុង ។ ក្រៅតែអំពីមនុស្សជិតដិតពីរបីនាក់ គ្មាននរណាដឹងថាខ្ញុំសុំលុយប្រពន្ធចាយជាប្រចាំទេ ។ សន្តានញាតិនិងមិត្តភក្តិទូទៅ តែងតែគិតថា ខ្ញុំគឺជាអ្នករ៉ាប់រងបន្ទុកគ្រួសារ (Breadwinner) ។ ធាតុពិត សំបកប៉ោតសម្បើមតែសំបកក្រៅប៉ុណ្ណោះ ។ ឯផ្នែកខាងក្នុង គឺទទេស្អាតដូចហោប៉ៅអត់លុយដូច្នោះដែរ ។
នៅពេលប្តីប្រពន្ធចាប់ផ្តើមមានបុត្រធីតា ដើម្បីបង្កើតពូជពង្សវង្សត្រកូលមួយឡើង បញ្ហាប្រឈមមួយដែលយើងលើកយកមកគិតមុខគេបំផុតគឺថា តើយើងថែទាំគាំពារបុត្រធីតា ដោយរបៀបណា ។ ខ្ញុំជឿថាមនុស្សគ្រប់គ្នា ឆ្លងកាត់ថេរវេលានេះមិនដូចគ្នាឡើយ ។ វាអាស្រ័យទៅលើស្ថានភាពគ្រួសារនីមួយៗ ។ មុនពេលបុត្រទីមួយរបស់ពួកយើងកើតមក យើងបានលើកយកកត្តានានាមកពិភាក្សា ហើយសម្រេចចិត្តថា នឹងមើលថែទាំគាំពារកូនដោយខ្លួនឯង ។ យើងពឹងពាក់អ្នកដទៃតែនៅក្នុងករណីចាំបាច់ខ្លាំងតែប៉ុណ្ណោះ ។
សម្រាប់មនុស្សទូទៅដែលមិនមែនជាសេដ្ឋី ការថែទាំគាំពារកូនដោយឯកឯង គឺជារឿងស្មុគស្មាញជាងត្បាញសំពត់ហូល ។ បញ្ហាចម្បងគឺថវិកាសម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ ។ ចំណុចមួយដែលយើងយកមកធ្វើជាគោលការណ៍អនុវត្តិគឺ អ្នកណាមានប្រាក់ចំណូលទាប ត្រូវនៅផ្ទះថែរក្សាកូន ។
កូនប្រុសច្បងរបស់ពួកយើងចាប់កំណើតនៅស្រុកខ្មែរ ហើយមកប្រសូត្រនៅស្រុកអាមេរិក ។ ពេលភរិយាខ្ញុំពរពោះនាយ គាត់មិនមានការងារធ្វើទេ ។ ដូច្នេះ បន្ទាប់ពីកូនប្រសូត្រមក ភរិយាខ្ញុំនៅផ្ទះបំបៅថែកូនអស់រយៈកាលមួយឆ្នាំគត់ ទម្រាំតែគាត់មានឱកាសបានចេញទៅប្រកបការងារ ។ គ្រានោះ ការងាររបស់ខ្ញុំត្រូវបានកាត់បន្ថយមកនៅប្រហែលជា ៣ភាគ៤ នៃថេរវេលាប្រចាំឆ្នាំ ។ ដូច្នេះ ខ្ញុំអាចដកឃ្លាមកមើលថែកូនដោយខ្លួនឯងខ្លះ និងផ្ញើកូនជាមួយនឹងអ្នកជិតខាងម្នាក់ដែលមានកូនតូចដែរ ឲ្យជួយមើលថែនាយពេលខ្ញុំរវល់ ។ យើងធ្វើដូច្នេះបានប្រហែល ៥ខែ អ្នកផ្ទះខ្ញុំក៏ពរពោះកូនមួយទៀត ចំពេលដែលកន្លែងធ្វើការរបស់គាត់ផ្អាកការងារគាត់មួយរយៈ ដោយហេតុតែមិនសូវមានតម្រូវការបុគ្គលិកច្រើន ។ អំឡុងពេលពរពោះកូនទីពីរ អ្នកផ្ទះខ្ញុំបានដាក់ពាក្យរកការងារធ្វើនៅស្ថាប័ននានា ។ មុនពេលកូនទីពីរប្រសូត្រប្រហែលមួយអាទិត្យ មានស្ថាប័នមួយហៅអ្នកផ្ទះខ្ញុំឲ្យចូលទៅសម្ភាសទទួលការងារ ។ មុនថ្ងៃណាត់ទៅសម្ភាសមួយថ្ងៃ កូនទីពីររបស់ពួកយើងក៏ប្រសូត្រមុនថ្ងៃកំណត់ ដែលបង្កឲ្យមានភាពរអាក់រអួលជាមួយកិច្ចសម្ភាសការងារនោះ ។ សំណាងដែរ ស្ថាប័ននោះបានពន្យាពេលសម្ភាសការងារឲ្យអ្នកផ្ទះខ្ញុំចំនួនមួយអាទិត្យ ។ ក្នុងចំណោមបេក្ខជនចំនួនបីនាក់ អ្នកផ្ទះខ្ញុំត្រូវបានគេជ្រើសរើសឲ្យទទួលបានការងារ ។ អ្វីដែលជារឿងរីករាយបំផុតសម្រាប់ពួកយើង ជាពិសេសរូបខ្ញុំ គឺភរិយាខ្ញុំទទួលបានប្រាក់បៀវត្សរ៍ប្រមាណជាពីរដងនៃប្រាក់បៀវត្សត៍របស់ខ្ញុំ ។ ខ្ញុំលួចញញឹមក្នុងចិត្ត ហើយដាក់ឈ្មោះឲ្យកូនស្រីដែលទើបនឹងកើតថា លក្ស្មីកិន្នរី ដ្បិតអីនាងកើតមកនាំយកសំណាងដ៏ធំមួយមកឲ្យឪពុកនាង ។
សំណាង ឬ សំណោក អាស្រ័យលើការវិនិច្ឆ័យរបស់មនុស្សម្នាក់ៗ ។ បន្ទាប់ពីភរិយាអាចរកប្រាក់ចំណូលលើសខ្ញុំទ្វេដង ខ្ញុំចំណាយពេលនៅផ្ទះមើលថែទាំកូនច្រើនជាងចេញទៅប្រកបការងារ ។ រៀងរាល់អាទិត្យ យើងនៅផ្ញើកូនជាមួយនឹងអ្នកដទៃពីរឬបីថ្ងៃដែរ អាស្រ័យលើតម្រូវការនៃការងាររបស់ខ្ញុំ ។ លុះដល់អាសន្នរោគ កូវីដ១៩ រាតត្បាត ខ្ញុំចាប់ផ្តើមធ្វើការងារពីផ្ទះទៅតាមរយៈកម្មវិធី ហ៊្សូម (Zoom) ។ នៅទីបំផុត ខ្ញុំក៏សម្រេចចិត្តជូនដំណឹងទៅស្ថាប័នការងាររបស់ខ្ញុំ សុំសម្រាកអំពីការងារដោយទទួលយកត្រឹមតែការងារណា ដែលខ្ញុំអាចធ្វើតាមរយៈកម្មវិធី ហ៊្សូម នៅក្នុងផ្ទះរបស់ខ្ញុំតែប៉ុណ្ណោះ ។ ធ្វើដូច្នេះ ខ្ញុំអាចនៅមើលថែទាំកូនរបស់ខ្ញុំជាប្រចាំ ដោយមិនចាំបាច់ពឹងពាក់អ្នកដទៃឡើយ ។
ការងារមេផ្ទះ ថាស្រួល ក៏ដូចជាមិនស្រួលណាស់ណាទេ ។ បើនឹងថាលំបាក ក៏ដូចជាមិនលំបាកណាស់ណាដែរ ។ ពេលខ្លះ យើងប្រឈមនឹងសភាព "វិលក្បុង" ម្តងម្កាល ។ កាលវិភាគរបស់ខ្ញុំគឺម៉ោង ៦និង១៥នាទីព្រឹក ដាស់កូនទីមួយឲ្យងើបពីគេង ដុសធ្មេញលាងមុខញ៉ាំអាហារពេលព្រឹកហើយ ជូនវាទៅរៀននៅម៉ោង ៧កន្លះ ។ ដល់ម៉ោង ៨ ចាប់ផ្តើមរៀបចំខ្លួនឲ្យកូនទីពីរទៅរៀន ។ ម៉ោង ៩ ដឹកកូនទីពីរទៅដាក់នៅសាលា ហើយក៏បន្តដឹកភរិយាទៅកាន់ការិយាល័យធ្វើការរបស់គាត់នៅក្នុងក្រុងតែម្តង ។ ខ្ញុំចំណាយពេលប្រហែលមួយម៉ោងនៅក្នុងបេសកកម្មចុងក្រោយនាពេលព្រឹកនេះ ។ នៅម៉ោង ២និង១៥នាទីរសៀល ខ្ញុំទៅយកកូនទីមួយចេញពីសាលាមកផ្ទះវិញ ។ ម៉ោង ៤ល្ងាច ទៅយកកូនទីពីរចេញពីសាលា ។ ម៉ោង ៤កន្លះ ចាប់ផ្តើមភ្ងូតទឹកឲ្យពួកគេ ។ ម៉ោង ៥ល្ងាច ទៅទទួលភរិយាពីចំណតរថយន្តក្រុង ឬ ចំណតរទេះភ្លើងមកផ្ទះវិញ ។ បេសកកម្មចុងក្រោយនេះក៏ត្រូវចំណាយពេលបរឡានមួយម៉ោងដែរ ។ ខាងលើនេះគឺជាការងារចម្បងរបស់បុរសមេផ្ទះនៅក្នុងរយៈពេល ១២ម៉ោង ។ ពេលវេលាដែលនៅសេលសល់ចន្លោះម៉ោង ខ្ញុំដេកអេះពោះ ឬក៏ អេះអីផ្សេង ។ បើកូនមានលំហាត់នៅផ្ទះ (Homeworks) ជួយពន្យល់ពួកគេឲ្យធ្វើកិច្ចការសាលាព្រមទាំងដាំបាយល្ងាយទុកឲ្យភរិយា ។ ពេលខ្លះក៏ភ្លេចដាំបាយដែរ ។ ត្រូវមាត់តែញយ ។
ក្រៅអំពីសភាព "វិលក្បុង" ក៏មានករណី "រត់ខ្វែងដៃខ្វែងជើង" ម្តងម្កាលដែរ ។ នៅថ្ងៃដែលខ្ញុំត្រូវធ្វើការងារតាមរយៈ ហ៊្សូម កាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំគឺថា រត់ខ្វែងដៃខ្វែងជើងមិនចាញ់អ្នកលក់គុយទាវនៅផ្សារ ឌុយមុិច ឡើយ ។ ឧទាហរណ៍ បើខ្ញុំត្រូវធ្វើការចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៥ល្ងាច ខ្ញុំត្រូវធ្វើការងារពេលព្រឹកដូលកាលវិភាគខាងលើ ។ ឯពេលរសៀល ខ្ញុំត្រូវពឹង អាយហ្វូន ឲ្យវាថតរូបនិងសម្លេងចេញអំពីអេក្រង់កំព្យូទ័រទុកឲ្យខ្ញុំ នៅពេលដែលខ្ញុំត្រូវចេញទៅយកកូនពីសាលារៀននៅចន្លោះម៉ោង ២ និង ម៉ោង ៤ ។ បន្ទាប់ពីបញ្ចប់កិច្ចការនៅម៉ោង ៥ ខ្ញុំចេញទៅទទួលភរិយាពីចំណតរថភ្លើង ។ មកដល់ផ្ទះនៅម៉ោងប្រហែលជា ៦ប្លាយ អ្នកផ្ទះខ្ញុំភ្ងូតទឹកឲ្យកូននិងរៀបចំឲ្យពួកគេទទួលទានអាហារពេលល្ងាច ។ ឯខ្ញុំត្រូវបើកមើលសកម្មភាពការងារដែលខ្ញុំថតនៅក្នុង អាយហ្វូន ដើម្បីបំពេញចំណុចចន្លោះដែលខ្ញុំទៅយកកូនពីសាលានោះ ឲ្យបានពេញលេញ ។ ទម្រាំតែធ្វើកិច្ចការផងទាំងពួងចប់ គឺម៉ោងប្រហែល ៨ល្ងាច ។ នេះហើយគឺជាជីវិតការងាររបស់ "បុរស" ឬ "ស្ត្រី" មេផ្ទះ ។ គួរកត់សម្គាល់ថា ការងារ "រត់ខ្វែងដៃខ្វែងជើង" នេះ ក្នុងមួយខែ ខ្ញុំពើបប្រទះតែពីរ ឬ បីដងអីទេ ។ បើធ្វើរាល់ថ្ងៃ ខ្ញុំប្រហែលជាដួលដូចគោដឹកសៀងយូរហើយ ។
ដំណើរជីវិតមនុស្សគ្រប់ៗរូបរមែងបត់បែនតាមកាលៈទេស ។ ក្រៅអំពីភាវ យប់ និង ថ្ងៃ គ្មានអ្វីប្រាកដប្រជា ឬក៏ទៀតទាត់ឡើយ ។ បច្ចុប្បន្ន ការប្រកាន់តួនាទីរបស់ប្តីប្រពន្ធនៅក្នុងរង្វង់គ្រួសារ មិនថាជាជនជាតិខ្មែរ ឬក៏ជនជាតិណាទេ នៅរឹងត្អឹងច្រើន ។ នៅពេលបុរសណាម្នាក់និយាយថា ខ្ញុំនៅផ្ទះមើលថែកូន ហើយឲ្យប្រពន្ធទៅប្រកបការងារចិញ្ចឹមគ្រួសារ មនុស្សភាគច្រើននឹងវាយតម្លៃថា បុរសនោះជាសត្វ ប្លាំងកាស (Horseshoe Crab) ។ តាមពិតជីវិតជាមេផ្ទះ មិនជាស្រណុកសុខស្រួលប៉ុន្មានទេ ។ អ្វីដែលជាសារប្រយោជន៍សម្រាប់ខ្ញុំ នៅក្នុងការប្តូរតួនាទីគ្នានេះ គឺខ្ញុំមានលទ្ធភាពអាចស្វែងយល់ដឹងបានច្រើន អំពីទុក្ខលំបាករបស់បដិភាគីនៃខ្ញុំ ។ ចេញអំពីបទពិសោធនេះ យើងអាចរៀបចំតាក់តែងដំណើរជិវិតនៃគ្រួសារ ប្រកបដោយការយល់ដឹងច្បាស់លាស់ មានតុល្យភាព និង មិនមាននរណាម្នាក់រងបន្ទុកធ្ងន់ធ្ងរពេកឡើយ (We are able to find a fair and proper balance for the life of husband and wife) ៕
Thursday, December 19, 2024
ចំណីខួរក្បាល
គ្រាប់សណ្តែក មិនដែល
អ្នកដែលសិក្សាវិស័យវេជ្ជសាស្ត្រ ប្រហែលជាធ្លាប់ឮឈ្មោះលោក ហ្គ្រេកហ្គ័រ មិនដែល (Gregor Mendel, 1822-1884) ។ គាត់គឺជាបិតានៃវិស័យជីវវិជ្ជាជាតិពន្ធុ (Genetic Biology) ។ ប៉ុន្តែ សម្រាប់មនុស្សទូទៅ មិនសូវមាននរណាដឹងអំពីកេរ្តិ៍ឈ្មោះរបស់លោក មិនដែល ឡើយ ។
លោក មិនដែល ជាមនុស្សឆ្លាត ប៉ុន្តែមិនសូវចំណាប់ ។ គាត់ទៅរៀននៅសាលាហ្វឹកហាត់អាចារ្យសាសនាគ្រីស្តមួយ ដើម្បីស្វែងរកអាជីពជាគ្រូបង្រៀន ។ គាត់ចូលចិត្តគណិតវិជ្ជា ជាពិសេសការស្វែងយល់អំពីទ្រឹស្តីនានា ។ ក៏ប៉ុន្តែ ពេលគាត់ព្យាយាមប្រឡងធ្វើជាគ្រូបង្រៀន គាត់ប្រឡងធ្លាក់ពីរបីដង ។ មូលហេតុដែលគាត់ប្រឡងធ្លាក់គឺដោយសារតែនៅសម័យនោះ គេតម្រូវឲ្យបេក្ខជនឆ្លើយនូវសំណួរផ្ទាល់មាត់ (Oral Exam) ។ គឺសំណួរផ្ទាល់មាត់នោះហើយ ដែលធ្វើឲ្យគាត់បាត់បង់ឱកាសធ្វើជាគ្រូបង្រៀន ។ បន្ទាប់ពីបរាជ័យជាមួយនឹងការស្វែងរកអាជីពជាគ្រូបង្រៀន លោក មិនដែល ក៏វិលទៅសំណាក់សិក្សាសាសនាគ្រីស្តនៅក្នុងវិហារសិក្សាមួយ (Monastery or Seminary School) ។ សង្គ្រាជនៅទីនោះ បានឲ្យលោក មិនដែល រស់នៅក្នុងអាគារមួយដែលមានក្រោលសេះនៅខាងក្រោមនិងសួនដំណាំនៅខាងមុខ ។ គឺនៅទីនោះហើយដែលលោក មិនដែល រកឃើញនិងបង្ហាញផ្លូវដល់អ្នកសិក្សាជំនាន់ក្រោយអំពីវិស័យជីវសាស្ត្រជាតិពន្ធុ (Genetic Biology) ។
ក្រៅអំពីសិក្សាស្រាវជ្រាវផ្នែកគណិតសាស្ត្រ លោក មិនដែល ក៏ចូលចិត្តដាំដំណាំបន្លែបង្កាដែរ ។ គាត់បានចំណាយពេលយ៉ាងច្រើន ដើម្បីបង្កាត់ពូជដំណាំនិងសង្កេតមើលលទ្ធផលនៃការ បង្កាត់ពូជដំណាំទាំងនោះ ។ នៅក្នុងចំណោមពូជធញ្ញជាតិដែលគាត់យកមកសិក្សា លោក មិនដែល សង្កេតឃើញភាវមិនប្រក្រតីមួយនៅក្នុងគ្រាប់សណ្តែក បារាំង (Peas) ។ គាត់បានយកគ្រាប់ពូជសណ្តែកពណ៌បៃតង និងពណ៌លឿងមកបង្កាត់គ្នា ហើយសង្កេតឃើញថា ផ្លែនៃសណ្តែកកូនកាត់នោះមានគ្រាប់ពណ៌បៃតងទាំអស់ ឬក៏ពណ៌លឿងទាំងអស់ ។ លុះគាត់យកគ្រាប់សណ្តែកពណ៌បៃតងទៅដាំបន្តទៅទៀត ផ្លែនៃសណ្តែកពណ៌បៃតងនោះស្រាប់តែមានគ្រាប់ពណ៌លឿងលាយឡំគ្នា ។ គាត់ជ្រើសយកតែគ្រាប់ពណ៌បៃតងយកទៅដាំបន្តទៅទៀតជាច្រើនជំនាន់ ដើម្បីជម្រុះពូជពណ៌លឿងចេញអំពីគ្រាប់សណ្តែកកូនកាត់នោះ ។ ក៏ប៉ុន្តែ ទោះបីជាគាត់ខំសម្រិតសម្រាំងដាំវាប៉ុន្មានតំណក៏ដោយ ក៏គ្រាប់ពណ៌លឿងនៅតែមានអត្ថិភាព ។ និយាយឲ្យខ្លី គ្រាប់សណ្តែកកូនកាត់ដែលលោក មិនដែល ដាំនោះ វាសុទ្ធមួយជំនាន់ មិនសុទ្ធមួយជំនាន់ ហើយបន្តអព្ភូតហេតុនោះជារៀងរហូតទៅ ។ បើយើងប្រៀបធៀបប្រការនេះទៅនឹងមនុស្សប្តីប្រពន្ធ ដែលមានពណ៌សម្បុរស្បែក មួយស មួយខ្មៅ កូនរបស់ពួកគេអាចមានសម្សុរស ឬខ្មៅ ។ ក៏ប៉ុន្តែ នៅពេលកូនសម្បុរសរៀបការជាមួយនឹងមនុស្សសម្បុរដូចគ្នា ស្រាប់តែបង្កើតកូនមកមានសម្បុរខ្មៅទៅវិញ ដ្បិតហ្សែន ជីដូនឬជីតាដែលមានសម្បុរខ្មៅនោះ បានវិលមកវិញ ។ គេហៅភាវឆ្លាស់គ្នានេះជាភាសាអង់គ្លេសថា៖ Dominant and Recessive Genes ។ អ្នកដែលចង់យល់ពិស្តារអំពីអព្ភូតហេតុនេះ អាចមើលវីឌីអូនៅក្នុង យូធ្យូប ដោយសរសេរពាក្យថា៖ Mendel's Peas ។
ផ្អែកលើអព្ភូតហេតុនៃគ្រាប់សណ្តែក មិនដែល យើងអាចសន្និដ្ឋានថា ជំងឺតពូជ (Hereditary Diseases) ក៏ប្រហែលជាមានទម្រង់ដូចជាគ្រាប់សណ្តែក មិនដែល ដែរ ។ ឧទាហរណ៍ បើម្តាយមានរោគមហារីកសុដន់ កូនអាចនឹងគ្មានទេ ។ ក៏ប៉ុន្តែ ចៅរបស់គាត់អាចមាន ហើយបន្តរំលងជំនាន់តរៀងទៅ ។ ចំណុចនេះ គ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានធាតុពិតខ្លះៗនៅក្នុងការសន្និដ្ឋាននេះ ។
នៅក្នុងដំណើរប្រកបការងារចិញ្ចឹមជីវិតរបស់ខ្ញុំប្រមាណជាជិត ៣០ឆ្នាំកន្លងទៅនេះ ខ្ញុំធ្លាប់បានអង្គុយសង្កេតអ្នកស្រាវជ្រាវផ្នែកជំងឺតពូជ ធ្វើបទបង្ហាញជារឿយៗ ។ ពេលខ្លះគេយករបកគំហើញតាមរយៈ ឌីអិនអេ (Deoxyribronucleic acid) មកធ្វើជាបទបង្ហាញ ។ ម្តងនោះខ្ញុំឃើញគេនិយាយអំពី អាការរោគឆ្លាស់ជំនាន់ស្រដៀងគ្នានឹងអព្ភូតហេតុគ្រាប់សណ្តែក មិនដែល ដែរ ។ ប្រសិនបើការចងចាំរបស់ខ្ញុំមិនច្រឡំបល់ទេ អាការរោគឆ្លាស់ជំនាន់នោះគឺ ពិការញាណអូទីហ្សឹម (Autism Spectrum Disorders, Or ASD) ។ យោងតាមរបកគំហើញនោះ ពិការញាណអូទីហ្សឹម ជាជំងឺបញ្ញាញាណតពូជឆ្លាស់ជំនាន់ដូចគ្រាប់សណ្តែក មិនដែល ដែរ ។ ឧទាហរណ៍ បើខ្ញុំជាមនុស្សពិការញាណអូទីហ្សឹម កូនរបស់ខ្ញុំមិនមានអាការរោគនេះនៅក្នុងជីវិតទេ ។ ក៏ប៉ុន្តែ ចៅរបស់ខ្ញុំអាចមាន ។ វានឹងបន្តឆ្លាស់ជំនាន់ដូច្នេះតរៀងទៅ ។ សំណួរមួយពាក់ព័ន្ធនឹងអូទីហ្សឹមគឺថា តើយើងអាចគេចអំពីអាការរោគពិការញាណតជំនាន់នេះរួចទេ ។ ចម្លើយគឺគេចមិនរួចទេ ដ្បិតមនុស្សមានអត្ថិភាពលើភពផែនដីនេះរាប់រយជំនាន់មកហើយ ។ ឯភាវពិការញាណអូទីហ្សឹមចាប់បដិសន្ធិនៅក្នុងជាតិពន្ធុមនុស្ស (Human genes) ចាប់ពីពេលណាមក ក៏គ្មាននរណាដឹងដែរ ។ សូម្បីតែភាវពិការញាណអូទីហ្សឹមនៅក្នុងជីវិតមនុស្សផងគ្នា ក៏យើងមើលមិនដឹងដែរ លើកលែងតែពិការញាណកម្រិតធ្ងន់ ដែលមានរោគសញ្ញាសុខភាពផ្លូវកាយខ្លះៗ (Physical or characteristic anomaly) ដែលអាចឲ្យយើងមើលយល់ ។ ម៉្យាងទៀត អូទីហ្សឹមកម្រិតមធ្យមនិងស្រាលនៅក្នុងខ្លួនមនុស្សស្រី គ្មាននរណាអាចមើលយល់ឡើយ ដ្បិតវាស្តែងចេញមកក្នុងសភាវទន់ជ្រាយ ដូចជាឆាប់យំ ឆាប់ខឹង ឆាប់ក្និកក្នក់ក្នាញ់ ជាដើម ដែលសង្គមទូទៅចាត់ទុកថាជាភាវៈធម្មជាតិរបស់មនុស្សស្រី (Natural characteristic traits) ។ ក៏ប៉ុន្តែ បើយើងយកគ្រាប់សណ្តែក មិនដែល មកធ្វើជាតឹតតាង ពិការញាណអូទីហ្សឹម អាចកើតមានលើមនុស្សប្រុសនិងស្រីស្មើភាពគ្នា ។
និយាយអំពីការគេចវេះអំពីជំងឺតពូជ មានបុគ្គលមួយរូបឈ្មោះ ហ្វ្រានសុីស ហ្គាលតុន (Francis Galton) យល់ឃើញថា មនុស្សអាចបន្សុទ្ធជាតិពន្ធុ ដើម្បីទ្រទ្រង់ឧត្តមភាពអម្បូររបស់ខ្លួន ក៏ដូចជាលុបបំបាត់នូវជំងឺតពូជផងទាំងពួង ។ លោក ហ្គាលតុន ជាបងប្អូនជីដូនពីរនឹងលោក ឆាល ដាវិន (Charles Darwin) ដែលជាជីវវិទូដ៏ល្បីល្បាញនៅក្នុងពិភពលោក ។ ផ្ទុយអំពីលោក ដាវិន ដែលគ្រាន់តែលើកយកសមតិកម្ម ឬ រូបមន្ត ភាវៈគង់វង្សនៃពូជពង្សសត្តនិករឆ្លាតជាងគេ (Survival of the fittest theory) លោក ហ្គាលតុន បានរុញសមតិកម្មនេះមួយជំហានទៅមុខទៀត ដោយអះអាងថាគេអាចបន្សុទ្ធជាតិពន្ធុមនុស្ស ឬក៏សម្រិតសម្រាំងឲ្យមានតែមនុស្សឆ្លាតវាងវៃ ដោយលុបបំបាត់ប្រភេទមនុស្សខ្សោយៗចេញអំពីរង្វង់នៃអម្បូររបស់ខ្លួន ។ គេហៅការអនុវត្តិនេះថា យូជីនិក (Eugenics) ។ ពេលវាលេចកន្ទុយចេញមក ទិដ្ឋិលេលាអមនុស្សធម៌នេះ មិនសូវមានមនុស្សស្វាគមច្រើនទេ ។ ក៏ប៉ុន្តែ សេដ្ឋីអាមេរិកាំងមួយរូបឈ្មោះ ចន ហាវី ឃេលឡុក (សមាជិកគ្រួសារ Kellogg ដែលផលិតអំបុកឲ្យកូនគេកូនខ្ញុំទទួលទានជាអាហារពេលព្រឹកសព្វថ្ងៃនេះ) បានបង្កើតមូលនិធិមួយ ដើម្បីជម្រុញឲ្យមានចលនាបន្សុទ្ធពូជនៅសហរដ្ឋអាមេរិក ។ នៅចន្លោះឆ្នាំ ១៩០៩ ដល់ឆ្នាំ ១៩៧៩ មនុស្សពិការញាណប្រមាណជាពីរមុឺននាក់នៅក្នុងរដ្ឋកាលីហ្វ័នីញា ត្រូវបានគេក្រៀវដើម្បីផ្តាច់ពូជចេញពីចំណោមពលរដ្ឋអាមេរិកាំង ។ នៅអំឡុងពេលនោះដែរ រដ្ឋចំនួន ៣៣ នៃសហរដ្ឋអាមេរិកបានបង្កើតច្បាប់ អនុញាតិឲ្យយកមនុស្សពិការញាណទៅក្រៀវ ដើម្បីលុបបំបាត់ប្រភេទមនុស្សខ្សោយៗ ចេញអំពីចំណោមពលរដ្ឋអាមេរិកាំង ។ បើនិយាយអំពីជនជាតិដើមអាមេរិកាំងវិញ សម្រង់ស្ថិតិមួយរកឃើញថា មនុស្សចន្លោះពី ២៥% ទៅ ៥០% ត្រូវបានគេក្រៀវ ។ វាគឺជាទង្វើមនុស្សឃាដប្រយោលមួយ ដែលមិនសូវមាននរណាដឹង ។ មិនមានស្ថិតិច្បាស់លាស់ ថាតើមនុស្សប៉ុន្មាននាក់ដែលរងកម្ម ដោយសារតែទិដ្ឋិឆ្កួតៗនេះទេ ។ ក៏ប៉ុន្តែ យើងអាចសន្និដ្ឋានថា ជនរងគ្រោះនៅសហរដ្ឋអាមេរិក ដោយសារគំនិតលោក ហ្គាលតុន នេះ បើមិនដល់រាប់លាន ក៏រាប់សែននាក់ដែរ ។
អ្វីដែលធ្វើឲ្យគំនិតលោក ហ្គាលតុន សាបរលាបគឺទង្វើរបស់ អាដុល ហុីត្លែរ (Adolf Hitler) នៅអំឡុងសង្គ្រាមលោកលើកទី ២ ។ ហុីត្លែរ ចាត់ទុកជនជាតិអាល្លឺម៉ង់ដែលពិការកាយនិងពិការញាណ រាប់បញ្ចូលទាំងជនជាតិ ជីហ្វ និង ជីបសុី (Jews and Gypsy) ថាជាកត្តាដែលបន្ទុចបង្អាក់ភាវៈខ្ពង់ខ្ពស់នៃអម្បូរអារីយាន (Aryan) នៃជនជាតិអាល្លឺម៉ង់ ។ គាត់បានបង្កើតគោលនយោបាយ សម្លាប់មនុស្សអស់ទាំងនោះចោល ។ ទម្រាំតែសង្គ្រាមលោកលើកទី ២ ចប់ និងលោក ហុីត្លែរ ងាប់អន្តរធានទៅ មនុស្សប្រមាណជា ១១លាន់នាក់ ត្រូវបានគេយកទៅសម្លាប់ ដោយផ្ទាល់ផងនិងដោយប្រយោលផង ។ បើយើងពិនិត្យមើល ឬក៏ភ្ជាប់ព្រឹត្តិការណ៍នានា ដែលពាក់ព័ន្ធនឹងសោកនាដកម្មដ៏វែងអន្លាយនេះ ត្រឡប់ទៅក្រោយវិញ ឫសកែវរបស់វាគឺកើតចេញមកអំពីគ្រាប់សណ្តែក ឬ របកគំហើញរបស់លោក មិនដែល នេះឯង ។
ការរកឃើញអ្វីមួយជាលក្ខណៈវិទ្យាសាស្ត្រ វាគឺជាកាំបិតមុខពីរ ។ នៅពេលដែលយើងយករបកគំហើញ ទៅអនុវត្តិដោយគ្មានការពិចារណាល្អិតល្អន់ វានឹងបង្កឲ្យមានគ្រោះមហន្តរាយ ។ ប៉ុន្តែ បើយើងយករបកគំហើញដដែលនោះ ទៅអនុវត្តិដោយមានការពិចារណាល្អិតល្អន់ វាអាចផ្តល់សារប្រយោជន៍ដល់មនុស្សជាតិច្រើនជាងគ្រោះកាច ។ បច្ចុប្បន្ន គោលការណ៍ យូជីនីក មិនទាន់បាត់បង់ប្រជាប្រិយភាពនៅឡើយទេ ។ នៅពេលរាជវង្សានុវង្ស រៀបការជាមួយនឹងរាជវង្ស ឬក៏អ្នកដែលមានអាជីពជាគ្រូពេទ្យរៀបការជាមួយនឹងគ្រូពេទ្យដូចគ្នា ទង្វើនេះគឺជាការអនុវត្តិតាមគោលការណ៍ យូជីនីក ដោយប្រយោល ។ ក៏ប៉ុន្តែ អ្វីដែលជាសារប្រយោជន៍សំខាន់បំផុតនៃ យូជីនីកនិយម គឺការប្រើគោលការណ៍នេះនៅក្នុងការសិក្សាស្រាវជ្រាវអំពី ហ្សែន (Genetic studies) ។ សព្វថ្ងៃ គេមិនយកមនុស្សខ្សោយបញ្ញា ពិការកាយពិការញាណ ខ្វៀនខ្វង់ខ្វិន ឬក៏មានជំងឺប្រចាំត្រកូល ទៅក្រៀវ ឬក៏សម្លាប់ចោលដូចសម័យមុនទៀតទេ ។ គេយកត្រឹមតែ ហ្សែន (Genes) នៃមនុស្សទាំងនេះទៅសិក្សាស្វែងរកប្រភេទ ម៉ូលិគុលមិនប្រក្រតី (Melecular defects) ដែលបង្កឲ្យមានជំងឺពិបាកព្យាបាលនានា ដើម្បីសម្លាប់ហ្សែនចង្រៃនោះចោល ឬក៏ដកហូតវាចេញអំពីជាតិពន្ធុរបស់មនុស្សជាតិ ។ រឿងគ្រាប់សណ្តែក មិនដែល សន្មត់ថាចប់ត្រឹមនេះ ៕
Friday, December 6, 2024
ចំណីខួរក្បាល
ស្មន់ (Inbreeding)
នៅពេលមនុស្សព្យាយាមសង្គ្រោះសត្វព្រៃដែលមានហានិភ័យដាច់ពូជ មនុស្សរមែងស្វែងរកសត្វដែលមានអម្បូរដូចគ្នានោះ យកមកអំពីទីឆ្ងាយដាច់អាល័យ ដើម្បីបង្កាត់ពូជវា ។ មូលហេតុតែមួយគត់ដែលគេធ្វើដូច្នោះ ពីព្រោះមនុស្សបានស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្ររកឃើញថា តំណក្រោយនៃសត្វដែលមានឈាមជ័រដាច់ឆ្ងាយអំពីគ្នា រមែងមានសមត្ថភាពនិងភាវឆ្លាតវាងវៃខ្ពស់ជាងសត្វ ដែលមានមេបាជាសាច់ញាតិនឹងគ្នា ។ នៅក្នុងភាសាអង់គ្លេសគេហៅថា៖ Resilience (ភាវបុិនប្រសប់ក្នុងការថែទាំគាំពារជីវិត) ។ ក៏ប៉ុន្តែ មនុស្សខ្លួនឯងបែរជាខ្ជីខ្ជាក្នុងការអនុវត្តិ នូវអ្វីដែលខ្លួនបានរកឃើញជាលក្ខណៈវិទ្យាសាស្ត្រនេះទៅវិញ ។ ពួកគេមិនសូវរៀបការជាមួយនឹងមនុស្ស ដែលមានឈាមជ័រឆ្ងាយអំពីពូជអម្បូរខ្លួនឡើយ ។ មិនតែប៉ុណ្ណោះ មនុស្សមួយចំនួនថែមទាំងរៀបការជាមួយនឹងសាច់ញាតិរបស់ខ្លួន ដូចជាបងប្អូនជីដូនមួយ ឬជីទួតមួយជាដើម ។ នៅក្នុងសង្គមខ្មែរ ដោយហេតុតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេច ដែលនិយមរៀបការតែនឹងសាច់ញាតិឯង ពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេស ក៏និយមរៀបការតែនឹងសាច់ញាតិឯងដែរ ។ ក្នុងចំណោមសាច់ញាតិខាងឪពុងនិងម្តាយរបស់ខ្ញុំ យើងមានគ្រួសារដែលឪពុកម្តាយជាជីដូនមួយនឹងគ្នា មិនតិចជាង ១០គូឡើយ ។
ផលវិបាកចម្បងនៃស្មន់ (Inbreeding) គឺជំងឺនានាទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ដោយហេតុតែឈាមជ័ររបស់យើង (Gentic blueprint) ចេញមកពីប្រភពតែមួយ ដូច្នេះបើប្រភពនៃជាតិពន្ធុ ឬហ្សែនរបស់យើងនោះ (Gene) មានផ្ទុកជំងឺប្រចាំត្រកូល ដូចជាមហារីកអ្វីមួយ អ្នកតំណក្រោយនឹងបន្តរងគ្រោះដោយសាររោគនោះ ស្ទើរតែជៀសមិនរួចឡើយ ។ ប៉ុន្តែ អ្វីដែលជាកត្តាធ្ងន់ធ្ងរជាងជំងឺផ្លូវកាយ គឺហានិភ័យជាមួយនឹងជំងឺផ្លូវចិត្ត ។ វាពាក់ព័ន្ធនឹងអាកប្បកិរិយា (Character) និងភាពឆ្លាតវាងវៃ (Resilience) របស់មនុស្សគ្រប់ៗរូប ។
ដោយហេតុតែជំងឺផ្លូវចិត្ត ត្រូវបានគាំពារដោយច្បាប់យ៉ាងតឹងរឹង មិនមានការសិក្សាស្រាវជ្រាវទូលំទូលាយអំពីអាកប្បកិរិយា និង ភាពឆ្លាតវាងវៃរបស់មនុស្ស ដែលមានបុព្វការីជនជាស្មន់នឹងគ្នាទេ ។ ក៏ប៉ុន្តែ បើយើងសង្កេតដោយផ្អែកលើប្រវត្តិសាស្ត្រ យើងប្រហែលជាអាចយកកត្តាមួយមកធ្វើជាមូលដ្ឋានដើម្បីស្វែងយល់ ។ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ អម្បូរស្តេចកម្រនឹងនឹងរៀបការជាមួយនឹងអ្នកដទៃក្រៅអំពីពូជពង្សវង្សត្រកូលខ្លួនណាស់ ។ ជាលទ្ធផល ជាតិពន្ធុ ឬហ្សែន របស់រាជវង្សានុវង្ស មិនមានវិសាលភាពធំទូលាយឡើយ ។ បើយើងយកភាវនេះទៅភ្ជាប់ជាមួយនឹងភាពឆ្លាតវាងវៃ (Resilience) យើងប្រហែលជាមើលឃើញថា ហេតុអ្វីបានជារបបរាជានិយមអស់ឥទ្ធិពល និង វិនាសហិនហោចស្ទើរតែអស់ពីពិភពលោក ។ ស្តេចស្ទើរតែទាំងអស់ដែលនៅសេសសល់សព្វថ្ងៃ មិនមានតួនាទីដឹកនាំប្រទេសជាតិដោយផ្ទាល់ទៀតទេ ។ ត្រង់ចំណុចនេះ យើងអាចសួរថា តើកម្រិតឆ្លាតវាងវៃរបស់ស្តេចធ្លាក់ចុះ ឬមួយយ៉ាងណា ទើបបានជាមិនមានលទ្ធភាពដឹកនាំប្រទេសដោយផ្ទាល់ ។ បើធ្លាក់ចុះ តើមកពីមូលហេតុអ្វី ។
ការសិក្សាស្វែងយល់ ទោះបីត្រឹមតែឆ្ងល់អំពីភាពឆ្លាតវាងវៃរបស់មនុស្ស គឺជាប្រធានបទដ៏រសើបផង និង ឈឺចាប់ផង ។ ទាំងគេទាំងខ្ញុំ យើងមិនដឹងថាប្រភពនៃជាតិពន្ធុ ឬ ហ្សែន (Genes) របស់យើង មានពាក់ព័ន្ធនឹងស្មន់ដែរឬយ៉ាងណាទេ ។ ផ្អែកលើតឹកតាងនៅក្នុងរង្វង់ញាតិសន្តានខ្ញុំ ខ្ញុំគិតថា មនុស្សភាគច្រើនប្រហែលជាគេចមិនផុត អំពីប្រការដែលមានបុព្វការីជន ជាស្មន់នឹងគ្នាទេ ។
នៅក្នុងដំណើរផ្ទុយអំពីស្មន់ យើងមានមនុស្សមួយក្រុមដែលជាកូនកាត់ (Hybrid) ។ មនុស្សពាសពេញពិភពលោក ឲ្យតម្លៃមនុស្សប្រភេទកូនកាត់ខុសស្ទើរតែគ្រប់ៗគ្នា ។ យើងហៅពួកគេថា ពាក់កណ្តាល ៗ ។ ឧទាហរណ៍ ពាក់កណ្តាលបារាំង ពាក់កណ្តាលខ្មែរ ។ តាមពិតមនុស្សដែលពូជពង្សឪពុកម្តាយ មានអម្បូរពីរដាច់ដោយឡែកពីគ្នា ពួកគេមានវិសាលភាពជាតិពន្ធុ ឬហ្សែន ពីរដងនៃមនុស្សដែលមិនមែនជាកូនកាត់ ។ ឯភាពឆ្លាតវាងវៃ (Resilience) នៃមនុស្សប្រភេទនេះ យ៉ាងណាៗនោះ ខ្ញុំមិនហ៊ានសន្និដ្ឋានទេ ។
មានរឿងពិតមួយពាន់ព័ន្ធនឹងមនុស្សកូនកាត់ ។ ស្ត្រីជនជាតិជប៉ុនមួយរូបរៀបការជាមួយនឹងជនជាតិអាមេរិកាំងអម្បូរស្បែកស ។ ពេលកូនស្រីគាត់ចម្រើនវ័យទៅរៀននៅបឋមសិក្សា ក្មេងដទៃហៅនាងក្នុងន័យចំអកចំអន់ថា ពាក់កណ្តាល (Half-breed) ។ នាងតូចចិត្តយ៉ាងខ្លាំងដោយហេតុតែកើតមកមានឪពុកម្តាយមិនពេញលេញដូចក្មេងដទៃ ហើយក៏យករឿងដែលក្មេងដទៃហៅនាងចូច្នោះមកប្រាប់ម្តាយនាង ។ ស្ត្រីជប៉ុននោះបានពន្យល់កូនគាត់ថា៖ កូនមិនមែនជាមនុស្សពាក់កណ្តាលទេ (You are not half-breed) ។ កូនគឺជាមនុស្ស ទ្វេភាគ (You are a double-breed) ។ កូនមានអ្វីៗពីរដងនៃក្មេងដទៃ ។ នៅក្នុងរូប ឬ ខ្លួនរបស់កូន កូនមានឈាមជ័រជាជប៉ុនផង និង អាមេរិកាំងផង ។ កូនទទួលផលអំពីវប្បធម៌ជប៉ុនផង និង អាមេរិកាំងផង ។ កូនមានលទ្ធភាពទទួលទានម្ហូបអាហាររបស់ជប៉ុនផង និង អាមេរិកាំងផង ។ ឯភាពឆ្លាតវាងវៃ ក៏កូនមានទ្វេដងដែរ ។ នៅមានប្រការទ្វេដងនេះ ជាច្រើនរាប់មិនអស់ថែមទៀត ។ ស្ត្រីជប៉ុននោះ ប្រហែលជាមិនមែនជាអ្នកវិទ្យាសាស្ត្រទេ ។ គាត់លើកយកប្រការទ្វេដងមកនិយាយប្រាប់កូន គឺដើម្បីកុំឲ្យកូនស្រីគាត់តូចចិត្តនៅក្នុងដំណើរជីវិតរបស់ខ្លួន ដោយសារតែពាក្យ ពាក់កណ្តាល ឬ កូនកាត់ (Half-breed or Hybrid) ។ ក៏ប៉ុន្តែ ប្រសិនបើយើងលើកយកហេតុផលមកពិចារណា ការអះអាងប្រាប់កូនស្រីគាត់របស់ស្ត្រីជប៉ុននោះ ប្រហែលជាមិនខុសទេ ៕
Saturday, November 23, 2024
ចំណីខួរក្បាល
ពុទ្ធសាសនាមជ្ឈឹមមគ្គ (Madhyamaka Buddhism)
ពុទ្ធសាសនាមជ្ឈឹមមគ្គ គឺជាផ្នែកមួយនៃពុទ្ធសាសនាមហាយាន ។ ប៉ុន្តែ និកាយនេះមិនសូវមានមនុស្សយល់ដឹងច្រើនទេ ដ្បិតគម្ពីរដីការទាំងអម្បាលម៉ានពាក់ព័ន្ធនឹងនិកាយនេះ បានបាត់បង់ស្ទើរតែអស់ទៅហើយ ។ ឯកសារដែលសេសសល់ ត្រូវបានអ្នកស្រាវជ្រាវផ្នែកទស្សនវិជ្ជា យកមកវិភាគនិងចងក្រងផ្សាយនៅក្នុងគេហទំព័រមួយ ។ ខ្ញុំសរសេរអត្ថបទនេះ ដោយផ្អែកលើឯកសារនៅក្នុងគេហទំព័រនោះ ។
មជ្ឈឹមមគ្គគឺសំដៅដល់ការបដិបត្តិទិដ្ឋិពុទ្ធសាសនាតាមមាគ៌ាកណ្តាល មិនសេរីនិយមដូចមហាយាន ហើយក៏មិនអភិរក្សនិយមដូចហិនយាន ឬថេរវាទ ដែរ ។ គំរូនៃទស្សននេះគឺកើតចេញអំពីដំណើរជីវិតរបស់ព្រះពុទ្ធ រវាងការរស់នៅក្នុងវាំង និង ការធ្វើទុក្ខរកិរិយា (ព្រះសំរួម) ។ ព្រះពុទ្ធទ្រង់ជ្រើសយកផ្លូវកណ្តាលនៃភាវផ្ទុយគ្នានេះ ទើបស្វែករកការត្រាស់ដឹងឃើញ ។ ថ្វីដ្បិតតែមើលទៅហាក់ដូចជាសាមញ្ញ ក៏ប៉ុន្តែ ទិដ្ឋិមួយចំនួននៅក្នុងមជ្ឈឹមមគ្គមិនសុីសង្វាក់ជាមួយនឹងអ្វីដែលពុទ្ធបរិស័ទ ទទួលស្គាល់ថាជាសច្ចភាពនោះទេ ។ ឧទាហរណ៍ រូប ឬអាត្ម័ន ដែលធ្លាយខ័ន្ធរលាយកាយក្លាយជាផេះផង់ល្អងធូលីទៅហើយនោះ មិនបាត់បង់សូន្យសុងទេ ។ វាទៅស្នាក់នៅក្នុងទីមួយដែលគេហៅថា សុញ្ញាតា ឬ ភពទទេ (Emptiness) ។ បើរូបយើងទៅនៅក្នុងភពទទេ នោះវាគួរតែមានន័យថា គ្មានអត្ថិភាពនៃរូបនៅលើលោកនេះទៀតឡើយ ។ ត្រង់នេះ គេពន្យល់ថា រូបដែលមានអត្ថិភាពក្នុងភពទទេនេះ គឺប្រៀបបាននឹងភ្លើងដែលរលត់ទៅ ។ វាបាត់ពីភ្នែក ច្រមុះ ត្រចៀក ឬ ឥន្ទ្រីយារម្មណ៍ទាំងប្រាំរបស់យើងអស់រលីងហើយ ។ ក៏ប៉ុន្តែ ពេលមានអភូតហេតុអ្វីមួយមកបង្ក (Cause) ភ្លើងនឹងលេចចេញមកភ្លាម ។ ឧទាហរណ៍ ចរន្តអគ្គិសនីនៃកាំរន្ទះដែលបាញ់មកប៉ះនឹងថ្មភ្នំបង្កឲ្យមានផ្កាភ្លើងកើតឡើង ។ នៅពេលផ្កាភ្លើងនោះហោះទៅប៉ះនឹងកំទេចស្លឹកឈើក្រៀម វានឹងបង្កឲ្យមានចំហេះនៃភ្លើងដែលយើងអាចមើលយល់ពាល់ត្រូវនៅក្នុងឥទ្ទ្រីយារម្មណ៍ ។ ដូច្នេះ នៅក្នុងសុញ្ញាតា ឬភពទទេគឺមានអត្ថិភាពនៃភ្លើង ។ ឯរូប ឬអាត្ម័នរបស់មនុស្សដែលបែកធ្លាយរលាយខ័ន្ធទៅក៏ដូចគ្នាដែរ ។ វាអត់បាត់បង់ទៅណាឡើយ ដោយនៅតែរក្សាអត្ថិភាពរបស់វានៅក្នុងភពទទេ ឬ សុញ្ញាតា ។
ពាក់ព័ន្ធនឹងទិដ្ឋិ សុញ្ញាតា ឬភពទទេ មានពាក្យមួយឃ្លាដែលត្រូវបានគេលើកយកមកធ្វើជាគោល៖ "There do not exist, anywhere at all, any existents whatsoever, arisen either from themselves or from something else, either from both or altogether without a cause." (នៅក្នុងចក្រវាឡ៍ គ្មានអ្វីទាល់តែសោះ ដែលអាចមានអត្ថិភាពដោយការផ្គុំរូបធាតុខ្លួនឯងក្តី ជាមួយរូបធាតុដទៃក្តី ឬក៏ទាំងព្រមក្តី ប្រសិនបើមិនមានហេតុបច័យ ឬ ផស្សៈ) ។ ចូរកត់សម្គាល់ពាក្យ without a cause (ដោយគ្មានហេតុបច័យ ឬការភពប្រសព្វ) ។ នៅក្នុងវដ្តនៃបដិច្ចសមុប្បាទ យើងមានពាក្យមួយហៅថា៖ ផស្សៈ (ភពប្រសព្វ) ។ គឺការភពប្រសព្វនេះហើយដែលជាឫសគល់នៃអត្ថិភាពនៅក្នុងភពទទេ ឬនៅក្នុងសុញ្ញាតា ។ គេហៅអត្ថិភាពភពប្រសព្វនេះថា Dependent Origination (ឬ អត្ថិភាពផស្សៈ) ។
អត្ថិភាពផស្សៈ មិនស្ថិតនៅក្នុងច្បាប់ធម្មជាតិទេ (Natural law) ។ វាស្ថិតនៅក្នុងច្បាប់អភិធម្មជាតិ (Metanatural law) ។ ដូច្នេះ ដើម្បីស្វែងយល់អំពីសច្ចភាពនៃអត្ថិភាពផស្សៈ គេចាំបាច់ត្រូវតែបែកចែកសច្ចភាពជាពីរស្រទាប់ ដែលយើងអាចហៅថា៖ សច្ចធម្មជាតិ និង សច្ចអភិធម្មជាតិ (Two layers of truth Or Natural truth and Metanatural truth) ។ មានរូបមានទុក្ខគឺជាសច្ចធម្មជាតិ ។ ឯរូបដែលគ្មានទុក្ខគឺស្ថិតនៅក្នុងសច្ចអភិធម្មជាតិ ។ តើរូបដែលគ្មានទុក្ខមានសណ្ឋានដូចម្តេច ។ យើងមិនអាចមើលយល់ពាល់ត្រូវឡើយ ដ្បិតអីវាជារូបដែលស្ថិតនៅក្នុងរូប ។ និយាយឲ្យងាយយល់ វាគឺជាវិញ្ញាណក្ខ័ន្ធ ។ នៅពេលជីវិតមនុស្សសត្វផុតរលត់ទៅ វិញ្ញាណក្ខ័ន្ធ ដែលជាសច្ចអភិធម្មជាតិ វារសាត់អណ្តែតទៅនៅក្នុងសុញ្ញាតា ឬភពទទេ ។ រូបនៅក្នុងភពទទេ គឺគ្មានទុក្ខឡើយ ។ នៅត្រង់ចំណុចនេះ វាប្រហែលជាមិនពិបាកយល់ទេ ប្រសិនបើយើងភ្ជាប់វាទៅនឹងពាក្យមួយឃ្លាដែលខ្មែរយើងតែងតែនិយាយបន្ទាប់ពីមាននរណាម្នាក់ស្លាប់៖ "កាត់ផុតទុក្ខហើយ!" ។
នៅក្នុងទិដ្ឋិអភិធម្មសច្ចៈ យើងអាចនិយាយបានថា ការពិតគឺគ្មានការពិតទេ (The truth is: There is no truth) ។ ការអះអាងនេះ បើយើងពិចារណាក្នុងន័យធម្មសច្ចៈ វាហាក់ដូចជាសភាវឡប់ៗ គ្មានហេតុផលជាមូលដ្ឋានឡើយ ។ ក៏ប៉ុន្តែ បើយើងយកចំណុចនេះទៅពិចារណាដោយផ្អែកលើទិដ្ឋិអភិធម្មសច្ចៈ យើងប្រហែលជាអាចមើលឃើញថា អ្វីដែលពិតនៅក្នុងធម្មសច្ចៈ អាចមានភាវប្រែប្រួលនៅក្នុងអភិធម្មសច្ចៈ ។ ឧទាហរណ៍ មានរូបមានទុក្ខនៅក្នុងភពធម្មជាតិ ឬធម្មសច្ចៈ ។ ប៉ុន្តែ រូបដែលនៅក្នុងសុញ្ញាតា ឬអភិធម្មសច្ចៈ (Emptiness) មិនមានទុក្ខទេ ។ សម្រួលឲ្យសាមញ្ញបន្តិច មានរូបមានទុក្ខ គឺត្រឹមត្រូវនៅក្នុងច្បាប់ធម្មជាតិ (Natural law) ។ ក៏ប៉ុន្តែនៅក្នុងច្បាប់អភិធម្មជាតិ (Metanatural law) យើងមិនអាចចាត់ទុក្ខរូបទាំងអស់ថា សុទ្ធតែមានទុក្ខឡើយ ។ ត្រង់ចំណុចនេះ យើងអាចនិយាយថា សច្ចភាពគ្មានភាវដាច់ខាតទេ (There is no absolute truth)។
បើយើងមិនអាចចាត់ទុករូបទាំងអស់ថា សុទ្ធតែមានទុក្ខ តើយើងអាចមានរូបដែលគ្មានទុក្ខដែរឬទេ ។ សំណួរនេះ យើងប្រហែលជាអាចរកចម្លើយឃើញដោយយកពាក្យមួយម៉ាត់មកធ្វើជាបង្អែក៖ កុសលកម្ម ។ រូប ឬជីវិតដែលដិតដាមដោយកុសលកម្ម មិនមានទុក្ខដើរតាមជាមួយឡើយ ។ ប្រការនេះមនុស្សគ្រប់ៗរូបយល់ច្បាស់ណាស់ថា នៅពេលដែលយើងសាងកុសលកម្មទៅលើញាតិសន្តានក្តី អ្នកដទៃក្តី យើងជម្រុះទុក្ខចោលអស់ច្រើនពេកក្តាត់ ។ ចុះអ្នកដែលសាងកុសលកម្មជាប្រចាំរហូតអស់មួយជីវិត តើអាចមានទុក្ខជាប់នៅនឹងខ្លួនដែរទេ ។ ចម្លើយគឺប្រាកដជាគ្មានទេ ។ តែថាឲ្យរលត់ទុក្ខអស់រលីងពីខ្លួននោះ គឺមិនអស់ទេ ។ ទាល់តែជីវិតរលត់ទៅនៅក្នុងសុញ្ញាតា ទើបទុក្ខរលាយអស់រលីញ ។
អ្នកដែលធ្លាប់សិក្សាមហាវេសន្តរជាតត សុទ្ធតែយល់អំពីកុសលកម្មរបស់ព្រះវេសន្តរ នៅក្នុងដំណើរឆ្ពោះទៅរកការត្រាស់ដឹងនិងបរិនិព្វាន ដែលស្ថិតក្នុងជំហានចុងក្រោយនៃការរំលត់ទុក្ខឲ្យអស់ចេញអំពីរូប ។ នៅក្នុងដំណើរត្រាស់ដឹងរបស់ព្រះពុទ្ធ បន្ទាប់ពីបានត្រាស់ដឹងនិងផ្តល់កុសលកម្ម (បង្រៀនអំពីវិធីរំលត់ទុក្ខ) ដល់មនុស្សជាតិអស់កាលជាច្រើនឆ្នាំ ព្រះពុទ្ធក៏នៅតែមានទុក្ខអន្ទោលតាមប្រាណដែរ ។ ទុក្ខចុងក្រោយរបស់ព្រះអង្គគឺឆាន់ចង្ហាន់ដែលមានជាតិពុល (ផ្អូម) ហើយបង្កឲ្យមានអាពាធរហូតដល់រលត់សង្ខារ ។ ដូច្នេះ រូបរបស់ព្រះអរហន្តក្តី ព្រះពោធិសត្វក្តី ព្រះពុទ្ធក្តី មិនអាចរំលាយទុក្ខឲ្យរលត់អស់បានទេ ។ ទាល់តែរូបរលត់ ទើបទុក្ខរលត់អស់ដែរ ។
សុញ្ញាតាគឺជាភពដែលមានរូប ព្រះពុទ្ធ ព្រះពោធិសត្វ ព្រះអរហន្ត និង មនុស្សទូទៅនៅក្នុងនោះ ។ បើនៅក្នុងភពសុញ្ញាតា មានរូបព្រះពុទ្ធ ព្រះពោធិសត្វ ព្រះអរហន្ត និង មនុស្សទូទៅនៅក្នុងនោះ នៅលើភពផែនដីនេះ ក៏គួរតែមានអត្ថិភាពនៃរូបទាំងអស់នេះដូចគ្នា ពីព្រោះរូបដែលនៅក្នុងសុញ្ញាតានោះ រមែងវិលមកកើតនៅលើភពផែនដីនេះជាប្រចាំ ប្រៀបដូចជាភ្លើងដែលឆេះរលត់ៗដូច្នោះដែរ ។ នៅក្នុងភាសាអង់គ្លេសគេហៅសមតិកម្មនេះថា៖ Corollary (បច្ច័យសង្ខារ) ។ ដោយហេតុតែយើងមិនអាចដឹងថា រូបមួយណានៅលើភពផែនដីនេះ មានធម្មធាតុរបស់ព្រះពុទ្ធ ព្រះពោធិសត្វ ឬព្រះអរហន្តនៅក្នុងនោះ ដូច្នេះរូបនីមួយៗសុទ្ធតែមានសក្តានុពលត្រាស់ដឹងបាន ប្រសិនបើរូបនោះលុះនៅក្នុងគន្លងកុសលកម្ម ។
គន្លងកុសលកម្មចាប់ផ្តើមពីការ ភ្ញាក់រលឹក (Awakening) ។ មិនថាអ្នកមាន អ្នកក្រ ឃាតករ ជនពាល ឬក៏ម្នាលមេផ្តាច់ការណាឡើយ ដើម្បីអាចដើរចូលក្នុងគន្លងកុសលកម្មបាន គឺត្រូវភ្ញាក់រលឹកជាមុនសិន ។ ជំហានបន្ទាប់គឺទាន ។ ទានដែលសំខាន់ជាងគេជាទីបំផុតគឺចិត្ត មិនមែនទ្រព្យធនឬបញ្ញាញាណឡើយ ។ ទានដែលចេញពីក្នុងចិត្តនេះមានបួនគឺ៖ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ ការភ្ញាក់រលឹកនិងចិត្ត មេតា ករុណា មុទិតា ឧបេក្ខា គឺជាប្រទីបបំភ្លឺផ្លូវ ឬក៏យន្តការដឹកនាំបុគ្គលឆ្ពោះទៅរកការត្រាស់ដឹង និង ភាវជាអ្នកខ្សត់ទុក្ខ ។ គោលដៅនៃការដាក់ទាន ឬបរិច្ចាគនៅក្នុងគន្លងកុសលកម្មគឺដើម្បីស្រាយចំណងផងទាំងពួងដែលភ្ជាប់រូបយើងទៅនិងទុក្ខរបស់ខ្លួនឯងផង និងរបស់អ្នកដទៃផង ។ គេហៅការបរិច្ចាគ ឬទានប្រភេទនេះថា៖ លះបង់ចោល ឬលះបង់ដោយចិត្តបរិសុទ្ធ (Giving up) ។ លះបង់ចោលនៅទីនេះផ្ទុយអំពី លះបង់ឈប់ធ្វើ ។ គឺយើងលះបង់ដោយគ្មានរំពឹងផលអ្វីឡើយ ។ ដូចនៅក្នុងកំណាព្យខ្មែរមួយល្បះដែលពោលថា៖ "ឱយទានតាំងចិត្តស្មោះ កុំអាឡោះអាល័យស្ងួន ទ្រព្យនេះនឹងនាំខ្លួន ទៅបរលោកពុំសោះសូន្យ" ។ ដំណើរនៅក្នុងគន្លងកុសលកម្មនេះ មិនផ្អែកតែទៅលើការដាក់ទាន ឬបរិច្ចាគតែមួយមុខទេ គេក៏ត្រូវថែរក្សាការពារទ្រព្យដែលខ្លួនសន្សំបានផងដែរ ។ ទ្រព្យដែលត្រូវរក្សាការពារនៅទីនេះ គឺគេសំដៅលើកុសលដែលជាផលចេញអំពីទាន ។ មិនមែនសម្ភារៈឬបញ្ញាញាណដែលនៅជាប់នឹងរូបយើងនោះទេ ។ ខាងក្រោមនេះគឺជាឱវាទរបស់មហាគរុ សន្តិទេវ (Santideva, 8 CE) ពាក់ព័ន្ធនឹងកុសលទាន៖
What is given must no longer be guarded; what is at home must be guarded. What is given is [the cause] for the reduction of craving (triṣṇā); what is at home is the increase of craving. What is given is nonattachment (aparigraha); what is at home is with attachment (saparigraha). What is given is safe; what is at home is dangerous. What is given is [the cause] for supporting the path of awakening; what is at home is [the cause] for supporting Māra [the demonic tempter]. What is given is imperishable; what is at home is perishable. From what is given [comes] happiness; having obtained what is at home, [there is] suffering. (ŚS 19)
(អ្វីដែលបានបរិច្ចាគ មិនត្រូវឲ្យនៅជាប់ជំពាក់ទៀតទេ ។ អ្វីដែលជាផលនៃការបរិច្ចាគ គប្បីថែរក្សាឲ្យគត់មត់ ។ អ្វីដែលត្រូវបានបរិច្ចាគ គឺជាហេតុដែលនាំឲ្យរលស់តណ្ហា ។ អ្វីដែលនៅជាប់នឹងខ្លួន គឺជាបច្ច័យនាំឲ្យកើនតណ្ហា ។ អ្វីដែលត្រូវបានបរិច្ចាគ នាំឲ្យចិត្តជ្រះថ្លា ។ អ្វីដែលនៅជាប់ខ្លួន គឺជាចំណងច្រើនប្រការ ។ អ្វីដែលត្រូវបានបរិច្ចាគ គឺសេចក្តីសុខសុវត្ថិភាព ។ អ្វីដែលនៅជាប់ខ្លួន គឺជាទុក្ខសោកអសុវត្ថិភាព ។ អ្វីដែលត្រូវបានបរិច្ចាគ គឺជាហេតុនាំរូបឆ្ពោះទៅរកការភ្ញាក់រលឹក ។ អ្វីដែលនៅជាប់នឹងខ្លួន គឺជាហេតុនាំឲ្យមានពៀរជាមួយនឹងសេចក្តីក្រោធ ។ អ្វីដែលត្រូវបានបរិច្ចាគ មិនអាចរលេះរលួយបាត់បង់ឡើយ ។ អ្វីដែលនៅជាប់នឹងខ្លួន គឺត្រូវរលេះរលួយរលាយទៅនៅថ្ងៃមួយ ។ ចេញអំពីអ្វីដែលត្រូវបានបរិច្ចាគ គឺសុភមង្គល ។ ហួងហែងក្តោបក្តាប់អំណាច បំពានគេឯងពេញមួយនគរ ដើម្បីប្រមូលយកទ្រព្យមកស្រោចស្រពគ្រសារខ្លួន លើគំនរទុក្ខរបស់អ្នកដទៃ គឺជាអពមង្គលដែលមានសេចក្តីទុក្ខ រង់ចាំស្វាគមន៍នៅចុងបញ្ចប់នៃជីវិត) ៕
Friday, October 25, 2024
ចំណីខួរក្បាល
បោះឆ្នោតនៅស្រុកអាមេរិក
ឆ្នាំនេះ ខ្ញុំទៅបោះឆ្នោតមុនថ្ងៃកំណត់ ដ្បិតសម្រាប់ខ្ញុំជម្រើសបេក្ខជនដឹកនាំប្រទេសគឺមានតែពីរប្រភេទតែប៉ុណ្ណោះ៖ បេក្ខជនដែលអន់ និង បេក្ខជនដែលអន់ជាង (Bad and Worse) ។ ដូច្នេះ ការរង់ចាំមើលគោលនយោបាយអន្តេអន្តាយអ្វីៗនោះ វាហាក់ដូចជាមិនចាំបាច់ឡើយ ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅស្រុកអាមេរិក គឺជាការបោះឆ្នោតដោយមិនចំពោះ (Indirect election) ។ ប្រការនេះប្រហែលជាមិនសូវមានមនុស្ស ជាពិសេសអ្នកស្រុកក្រៅ យល់ដឹងច្បាស់លាស់ទេ ។ សូម្បីតែពលរដ្ឋអាមេរិកាំងខ្លួនឯង ដែលទៅចូលរួមបោះឆ្នោតនោះ ក៏មិនប្រាកដថាយល់អំពីរបៀបរបបបោះឆ្នោតត្រឹមត្រូវដែរ ។ ដូច្នេះ ខ្ញុំសូមឆ្លៀតឱកាសនេះ លើកយកគោលការណ៍សំខាន់ៗមួយចំនួនមកចែកជូនជាធម្មទាន ។
ជាបឋម ប្រព័ន្ធបោះឆ្នោតអាមេរិកាំងគឺផ្អែកលើគោលការណ៍ "អ្នកឈ្នះយកទាំងអស់" (Winner takes all) ។ មានន័យថា បេក្ខជនឬគណបក្សដែលឈ្នះឆ្នោត សូម្បីត្រឹមតែមួយសន្លឹក គឺទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋនីមួយៗ លើកលែងតែរដ្ឋ ម៉េន និង នេវ៉ាដា ។ ដើម្បីជៀសវាងការស៊ុមគ្រលំគ្នា រដ្ឋនីមួយៗរៀបចំការបោះឆ្នោតដាច់ដោយឡែកពីគ្នា ដោយយោងតាមគោលការណ៍និងបទដ្ឋាននានាដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ គ្មានគណកម្មការរៀបចំការបោះឆ្នោតជាតិទេ (National Election Commissioners) ។
មុននឹងការបោះឆ្នោតឈានចូលមកដល់ គណបក្សដែលមានឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ត្រូវជ្រើសរើសតំណាងសន្លឹកឆ្នោត ឬតែងតាំងអង្គបោះឆ្នោតដែលគេហៅថា Electoral colleges or Electors ប្រចាំរដ្ឋនីមួយៗដោយយោងទៅតាមចំនួនសមាជិករដ្ឋសភានិងព្រឹទ្ធសភាប្រចាំរដ្ឋទាំងនោះ ។ ឧទាហរណ៍ រដ្ឋមួយមានសមាជិករដ្ឋសភានិងព្រឹទ្ធសភាចំនួន ១០ គឺមានសន្លឹកឆ្នោត ឬអង្គបោះឆ្នោតចំនួន ១០នាក់ដែរ ។ រដ្ឋនីមួយៗមានសមាជិកព្រឹទ្ធសភា ២រូបស្មើៗគ្នា និងមានសមាជិករដ្ឋសភាយ៉ាងហោចណាស់ក៏ម្នាក់ដែរ ទោះបីមានពលរដ្ឋរស់នៅក្នុងរដ្ឋនោះតែមួយតំបស្វាក៏ដោយ ។ ចំនួនអាសនៈសមាជិករដ្ឋសភាគឺគេបែងចែកដោយយោងតាមចំនួនពលរដ្ឋ ។ រដ្ឋដែលមានពលរដ្ឋរស់នៅច្រើនដូចជារដ្ឋ កាលីហ្វ័នីញ៉ា មានអាសនៈរហូតដល់ទៅ ៥៥ ខណៈរដ្ឋខ្លះមានត្រឹមបួនដប់ ។ ចំនួនសន្លឹកឆ្នោតតំណាង ឬអាសនៈអង្គបោះឆ្នោតសរុបទាំងអស់មាន ៥៣៨ សន្លឹក ។ ដូច្នេះ បេក្ខជនប្រធានាធិបតីណាដែលទទួលបានសន្លឹកឆ្នោតតំណាងចំនួន ២៧០សន្លឹកឡើងទៅ គឺចាត់ទុកថាឈ្នះការប្រកួត ។
នរណាជាតំណាងអង្គបោះឆ្នោត ឬដើរតួនាទីជាអ្នកបោះឆ្នោតតំណាង (Electors)??? រដ្ឋធម្មនុញ្ញអាមេរិកាំងហាមមិនឲ្យសមាជិករដ្ឋសភានិងព្រឹទ្ធសភា រាប់បញ្ចូលទាំងបុគ្គលិករដ្ឋាភិបាលសហព័ន្ធ ដើរតួនាទីជាអ្នកបោះឆ្នោតតំណាងទេ ។ បុគ្គលក្រៅពីនេះ អាចកាន់តួនាទីនេះបាន ។ ជាទូទៅគេតែងតាំងមនុស្សដែលមានភក្តីភាពជាមួយនឹងបក្សជាទីបំផុតនៅក្នុងរដ្ឋនីមួយៗ ឲ្យកាន់តួនាទីជាអ្នកបោះឆ្នោតតំណាង ។ បន្ទាប់ពីទទួលបានការតែងតាំង អ្នកបោះឆ្នោតតំណាងគ្រប់គណបក្សទាំងអស់ ត្រូវទៅចូលរួមប្រជុំជាមួយនឹងក្រុមប្រឹក្សាបោះឆ្នោតនៅក្នុងរដ្ឋនីមួយៗ ដើម្បីទទួលបានការទទួលស្គាល់ (Credential) ពីសំណាក់អគ្គលេខាធិការនៃរដ្ឋដែលមានតួនាទីចាត់ចែង និងទទួលស្គាល់លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋរបស់ខ្លួន ។ នេះគឺជាដំណាក់កាលទីមួយនៃអំណាចរបស់អ្នកបោះឆ្នោតតំណាង ។ តំណាក់កាលទីពីរគឺបន្ទាប់ពីការបោះឆ្នោតប្រព្រឹត្តិទៅរួចរាល់ អ្នកបោះឆ្នោតតំណាងទៅប្រជុំគ្នាម្តងទៀត ដើម្បីទទួលស្គាល់គណបក្សដែលឈ្នះឆ្នោត នឹងទទួលបានសន្លឹកឆ្នោតតំណាងពីសំណាក់អគ្គលេខាធិការរដ្ឋ យោងតាមចំនួនអាសនៈនៅក្នុងរដ្ឋនីមួយៗ ។ នៅចុងបញ្ចប់ អ្នកកាន់សន្លឹកឆ្នោតតំណាងទាំងនោះយកសន្លឹកឆ្នោតរបស់ខ្លួន ទៅបោះឲ្យបេក្ខជនប្រធានាធិបតីរបស់បក្សដែលខ្លួនតំណាងឲ្យ ។ គួរកត់សម្គាល់ថា អ្នកកាន់សន្លឹកឆ្នោតតំណាង អាចយកសន្លឹកឆ្នោតដែលខ្លួនកាន់ ទៅបោះឆ្នោតឲ្យបេក្ខជនបក្សផ្សេងក៏បានដែរ ។ គេហៅអ្នកបោះឆ្នោតក្បត់ទំនុកចិត្តប្រភេទនេះថា Faithless electors ។ ប្រការនេះ យើងអាចមើលឃើញថាបេក្ខជនដែលមានលុយរាប់រយលានដុល្លារ អាចយកលុយទៅសូក ឬក៏ សន្យាផ្តល់តួនាទីក្នុងជួររដ្ឋាភិបាលឲ្យពួកអ្នកកាន់សន្លឹកឆ្នោតតំណាង បោះឆ្នោតឲ្យខ្លួនបានដោយងាយ ។ ដើម្បីទប់ទល់បញ្ហានេះ គេមានយន្តការមួយ ដោយផ្តល់សិទ្ធិឲ្យគណបក្សដែលឈ្នះឆ្នោត ដកឬផ្លាស់ប្តូរឈ្មោះអ្នកបោះឆ្នោតតំណាងដែលមិនគោរពតាមឆន្ទៈពលរដ្ឋទាំងនោះ ដោយមិនចាំបាច់មានបែបបទអ្វីឡើយ (Replace at will) ។ មានរដ្ឋចំនួន ៣៨ បានបង្កើតច្បាប់ផ្តន្ទាទោស យ៉ាងហោចណាស់ក៏ពិន័យជាប្រាក់ដែរ ដល់អ្នកកាន់សន្លឹកឆ្នោតតំណាងណា ដែលមិនគោរពតាមឆន្ទៈសន្លឹកឆ្នោតរបស់ពលរដ្ឋ ។ ដូច្នេះ ការសូកប៉ាន់ជាប្រាក់ក្តី ការសន្យាផ្តល់តួនាទីឲ្យអ្នកកាន់សន្លឹកឆ្នោតតំណាងក្តី គឺជាទង្វើឥតប្រយោជន៍ ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានអ្នកកាន់សន្លឹកឆ្នោតតំណាងមួយចំនួន ឆ្កួតគ្រប់គ្រាន់យកសន្លឹកឆ្នោតតំណាងរបស់ខ្លួន ទៅបោះឲ្យអ្នកដទៃទាំងបំពានដែរ ។
នៅពេលពលរដ្ឋអាមេរិកាំងបោះឆ្នោតជ្រើសរើសប្រធានាធិបតី សម្លេងឆ្នោតរបស់ពលរដ្ឋម្នាក់ៗនៅតាមរដ្ឋនីមួយៗ ត្រូវបានគេប្រមូលដាក់មួកណ្តុបហើយរាប់មើលសិន ។ បន្ទាប់ពីរាប់ឃើញថា បេក្ខជន ឬបក្សណាទទួលបានសន្លឹកឆ្នោតច្រើនជាងគេ អគ្គលេខាធិការរបស់រដ្ឋចេញសេចក្តីប្រកាសទទួលស្គាល់លទ្ធផលនិងបេក្ខជនឈ្នះឆ្នោត ។ ជ័យជម្នះនេះជាជ័យជម្នះអន្តរកាល មិនទាន់ផ្លូវការនៅឡើយទេ ។ បន្ទាប់មក អ្នកបោះឆ្នោតតំណាងរបស់បក្ស ឬ របស់បេក្ខជនដែលឈ្នះឆ្នោត ទៅទទួលយកសន្លឹកឆ្នោតតំណាងពីសំណាក់អាជ្ញាធររដ្ឋ ។ ប្រមាណជាពីរខែក្រោយមកទៀតគឺនៅថ្ងៃទី ៦ មករា ទើបអ្នកបោះឆ្នោតតំណាងយកសន្លឹកឆ្នោតតំណាងរបស់ខ្លួន មកបោះម្តងទៀតនៅក្នុងមន្ទីររដ្ឋសភា ដើម្បីទទួលស្គាល់បេក្ខជនឈ្នះឆ្នោត ជាផ្លូវការ ។ នៅចុងបញ្ចប់ ប្រធានាធិបតីដែលឈ្នះឆ្នោត ឡើងស្បថចូលកាន់តំណែងនៅថ្ងៃទី ២១ ខែមករា ។
គួរកត់សម្គាល់ដែរថា បេក្ខជនប្រធានាធិបតីដែលទទួលបានសម្លេងឆ្នោតទូទាំងប្រទេស (Popular votes) ច្រើនជាងគេ មិនប្រាកដថាអាចឈ្នះតំណែងជាប្រធានាធិបតីឡើយ ។ ប្រការនេះគឺដោយសារតែមណ្ឌលបោះឆ្នោតខ្លះ ពលរដ្ឋបោះឆ្នោតឲ្យបក្សណាមួយភ្លូកទឹកភ្លូកដី ។ មណ្ឌលខ្លះទៀត សន្លឹកឆ្នោតមានចំនួនខុសគ្នាត្រឹមបួនប្រាំរយសន្លឹកប៉ុណ្ណោះ ។ ដូច្នេះ សន្លឹកឆ្នោតតំណាងត្រូវបានទៅអ្នកឈ្នះទាំងអស់ ទោះឈ្នះត្រឹមមួយសន្លឹកក្តី ។ ប្រការមួយទៀតគឺករណីរដ្ឋ ម៉េន និង នេវ៉ាដា ដែលខ្ញុំលើកជាករណីលើកលែងនៅខាងលើ ។ រដ្ឋទាំងពីរនេះ ផ្តល់សន្លឹកឆ្នោតតំណាងបេក្ខជន ឬបក្សដែលទទួលបានសម្លេងឆ្នោតគាំទ្រច្រើនបំផុតពីពលរដ្ឋ តែពីរសន្លឹកទេ ។ សន្លឹកឆ្នោតតំណាងដែលនៅសល់ គឺគេផ្តល់ឲ្យដោយយោងតាមលទ្ធផលនៅក្នុងមណ្ឌលនីមួយៗ ។ បេក្ខជនឬបក្សណាឈ្នះ គឺគេប្រគល់សន្លឹកឆ្នោតតំណាងឲ្យបក្សនោះ ។ ដូច្នេះហើយបានជាមានករណី អ្នកដែលទទួលបានសន្លឹកឆ្នោតប្រជាប្រិយ (Popular votes) ច្រើនជាងគេនៅទូទាំងប្រទេស មិនទទួលបានតំណែងជាប្រធានាធិបតី ៕
Monday, October 14, 2024
ចំណីខួរក្បាល
ប្រព័ន្ធអប់រំ (Educational Systems)
ប៉ុន្មានថ្ងៃមុន ខ្ញុំបានជជែកវែកញែកនឹងមិត្តក្នុងហ្វេសប៊ុកម្នាក់ ស្តីអំពីសញ្ញាប័ត្រ បាក់កាឡូរ៉េអា (Baccalaureate) ដែលខ្មែរយើងនិយមហៅថា បាក់អង និង បាក់ឌុប នោះ ឃើញថាមានភាពច្រឡំបល់ទល់ពុទ្ធោជាមួយនឹងសញ្ញាប័ត្រមួយនេះ ។ គាត់យល់ផ្សេង ខ្ញុំយល់ផ្សឹង ។ ភាពច្របូកច្របល់នេះកើតចេញអំពីកម្រិតសិក្សានៅសហរដ្ឋអាមេរិក និង នៅស្រុកខ្មែរ ។ នៅសហរដ្ឋអាមេរិក សញ្ញាប័ត្រ បាក់កាឡូរ៉េអា ជាសញ្ញាប័ត្រកម្រិតឧត្តមសិក្សា ដែលត្រូវចំណាយពេលសិក្សាយ៉ាងតិចបំផុត ១៤ឆ្នាំ ។ ឯបាក់កាឡូរ៉េអា នៅស្រុកខ្មែរគឺជាសញ្ញាប័ត្រកម្រិតមធ្យមសិក្សាដែលត្រូវចំណាយពេលសិក្សា ១២ឆ្នាំ ។
មុននឹងខ្ញុំបរិយាយអំពីប្រព័ន្ធអប់រំរបស់ខ្មែរ ខ្ញុំសូមលើកយកប្រព័ន្ធអប់រំអាមេរិកាំងមកបង្ហាញជាគំរូសិន ។ អាមេរិកាំងចែកការអប់រំជាពីរកម្រិតធំៗគឺ មធ្យមសិក្សា និង ឧត្តមសិក្សា ។ នៅកម្រិតមធ្យមសិក្សាគេមា៖ Elemetary, Middle, and High Schools [បឋមសិក្សា មធ្យមសិក្សា (ឬអនុវិទ្យាល័យ) និង មធ្យមសិក្សាជាន់ខ្ពស់ (ឬវិទ្យាល័យ)] ដែលមានរយៈពេលសិក្សាសរុប ១២ឆ្នាំ គឺ៥ឆ្នាំនៅបឋម ៣ឆ្នាំនៅមធ្យម និង ៤ឆ្នាំនៅមធ្យមជាន់ខ្ពស់ ។ គេរៀនអត់ប្រឡងឆ្លងកម្រិតយកសញ្ញាប័ត្រទេ ។ នៅមធ្យមសិក្សាជាន់ខ្ពស់ សិស្សត្រូវសន្សំ ក្រេឌីត តាមរយៈពិន្ទុប្រចាំឆមាសនៃមុខវិជ្ជានីមួយៗឲ្យបានគ្រប់ចំនួនអប្បារមា ។ នៅដំណាច់ឆ្នាំនៃថ្នាក់ទី ១២ ពួកគេទទួលបានសញ្ញាប័ត្រមួយដែលគេហៅថា High School Diploma ។ សិស្សដែលចង់បន្តចូលទៅសិក្សានៅឧត្តមសិក្សា ត្រូវប្រឡងនៅក្នុងកម្មវិធីសាកលមួយ (Entrance Exam) ដែលគេហៅថា SAT (Scholastic Aptitude Test, Or Standardized Test) សម្រាប់សិស្សដែលមានភាសាអង់គ្លេសជាភាសាកំណើត និង TOEFL (Test Of English as a Foreign Language) សម្រាប់សិស្សដែលមានភាសាដទៃជាភាសាកំណើត ឬអ្នកអាណាព្យាបាលប្រើភាសាដទៃនៅក្នុងផ្ទះ ។ ចំណែកនៅឧត្តមសិក្សា គេចែកជាពីរឋានានុក្រមគឺ ឧត្តមសិក្សាថ្នាក់ទាប (Undergraduate School) និងឧត្តមសិក្សាថ្នាក់ខ្ពស់ (Graduate School) ។ និស្សិតឧត្តមសិក្សាដែលចង់រៀនបន្តពីឧត្តមសិក្សាថ្នាក់ទាបទៅឧត្តមសិក្សាថ្នាក់ខ្ពស់ ត្រូវឆ្លងកាត់ការប្រឡងមួយទៀតដែលគេហៅថា GRE (Graduate Record Examinations) ទៅតាមមុខជំនាញនីមួយៗ ។ នៅឧត្តមសិក្សាថ្នាក់ទាបមានសញ្ញាប័ត្រពីរកម្រិតគឺ Associte's Degree (បរិញ្ញាប័ត្រចត្វា) ដែលត្រូវចំណាយពេលសិក្សាបន្ទាប់ពីមធ្យមសិក្សាជាន់ខ្ពស់រយៈពេល ២ឆ្នាំ និង Bachelor's Degree (បរិញ្ញាប័ត្រត្រីយ៍) ដែលត្រូវចំណាយពេល ៤ឆ្នាំ ។ គួរកត់សម្គាល់ថា ប្រព័ទ្ធអប់រំអាមេរិកាំងឲ្យតម្លៃសញ្ញាប័ត្រ បាក់កាឡូរ៉េអា (Baccalaureate) ស្មើនឹង (Bachelor's Degree) ឬយ៉ាងហោចណាស់ក៏ស្មើនឹង (Associte's Degree) ដែរ ។ នៅឧត្តមសិក្សាថ្នាក់ខ្ពស់ មានសញ្ញាប័ត្រពីរកម្រិតទៀតគឺ Master's Degree (បរិញ្ញាប័ត្រទោ) និង Doctoral or PhD Degree (បរិញ្ញាប័ត្រឯក) ដែលមានថេរវេលាសិក្សាបន្ថែមរយៈពេល ពីរ និង បួនឆ្នាំបន្តពីបរិញ្ញាប័ត្រត្រីយ៍ទៅ ។ បើគិតជាចំនួនឆ្នាំ ការសិក្សានៅឧត្តមសិក្សាមានថេរវេលា ៨ឆ្នាំ និងមានសញ្ញាប័ត្រថ្នាក់ឧត្តមសិក្សាចំនួន ៤ កម្រិត ។ សរុបទាំងអស់ ការសិក្សាពីបឋមសិក្សារហូតដល់ចុងបញ្ចប់នៃឧត្តសិក្សាមានថេរវេលា ២០ឆ្នាំគត់ ។
ខ្ញុំមិនដែលបានសិក្សានៅក្នុងប្រព័ន្ធអប់រំខ្មែរ ពីបឋមសិក្សាទៅដល់ឧត្តមសិក្សាទេ ។ ប៉ុន្តែ ផ្អែកលើបទពិសោធខ្លះៗដែលខ្ញុំបានជួប ប្រព័ន្ធអប់រំខ្មែរមានភាពច្របូកច្របល់ច្រើន ។ នៅមុនឆ្នាំ ១៩៧៥ យើងកម្រិតការសិក្សាពីថ្នាក់ទី ១២ ទៅថ្នាក់ទី ១ ដោយបែកចែកវាជាបីកម្រិតគឺ បឋមសិក្សា ថ្នាក់ទី ១២ដល់ទី៧ ។ មធ្យមសិក្សា ថ្នាក់ទី ៦ដល់ថ្នាក់ទី៣ ។ និង មធ្យមសិក្សាជាន់ខ្ពស់ ថ្នាក់ទី ២ដល់ថ្នាក់ទី១ ។ នៅចុងបញ្ចប់នៃកម្រិតនីមួយៗកូនសិស្សត្រូវប្រឡងម្តងដើម្បីទទួលបានសញ្ញាប័ត្រ សឺទីហ្វីកា ឌីប្លូម និង បាក់កាឡូរ៉េអា (Baccalaureate) ។ គួរកត់សម្គាល់ថា មុនឆ្នាំ ១៩៧៥ កូនសិស្សខ្មែរត្រូវប្រឡងសញ្ញាប័ត្រនៅដំណាច់ឆ្នាំថ្នាក់ទី២ម្តង និងថ្នាក់ទីមួយម្តងទៀត ។ គេហៅការប្រឡងនេះថា បាក់អង និង បាក់ឌឺ (Baccalaureate I, and Baccalaureate II) ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ ១៩៧៩ ប្រព័ន្ធអបរំខ្មែរក៏បានត្រឡប់ធាតុដោយចាប់ផ្តើមពីថ្នាកទី ១ ទៅថ្នាក់ទី ១២ វិញ ។ ប៉ុន្តែសម័យនោះដូចជាមិនមានកម្មវិធីបង្រៀនដល់ថ្នាក់ទី ១២ទេ ។ កូនសិស្សរៀនដល់ថ្នាក់ទី ៨ ក៏ប្រឡងឌីប្លូម ហើយចេញទៅរៀនវិជ្ជាជីវផ្សេងៗ ។ ខ្ញុំដឹងមិនសូវច្បាស់លាស់ទេអំពីប្រការនេះ ដ្បិតចាកចេញពីស្រុកខ្មែរហើយនាគ្រានោះ ។ កូនសិស្សដែលមករស់នៅតាមជំរំជនភៀសខ្លួននៅតាមព្រំដែនខ្មែរ ថៃ ក៏ទទួលបានការអប់រំតាមផ្លូវកាត់ដូចគ្នាដែរ ។ យើងរៀនពីថ្នាក់ទី ១ ដល់ទី ៥ ហើយប្រឡងចូលមធ្យមសិក្សាដែលមានកម្មវិធីសិក្សារយៈពេល ៤ឆ្នាំ ។ នៅជំរំជនភៀសខ្លួនខ្មែរ ខៅអ៊ីដាង យើងហៅកម្រិតមធ្យមសិក្សានេះថា Form 1, 2, 3, and Form 4 ។ ឯនៅជំរំជនភៀសខ្លួនខ្មែរនៅតាមព្រំដែន ខ្មែរ ថៃ យើងហៅកម្រិតនេះថា មធ្យមសិក្សាទី១ ទី២ ទី៣ និង ទី៤ ។ បន្ទាប់ពីរៀនដល់មធ្យមសិក្សាថ្នាក់ទី ៤ យើងប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ។ ខ្ញុំធ្លាប់បានរៀនកម្រិត Form 4 កន្លះឆ្នាំនៅខៅអ៊ីដាង ហើយក៏ធ្លាប់ប្រឡងយកសញ្ញាប័ត្រមធ្យសិក្សាបឋមភូមិនៅជំរំជនភៀសខ្លួនខ្មែរនៅ សាយធូ ដែរ ។ នៅខៅអ៊ីដាង យើងបញ្ចប់ការសិក្សាត្រឹម Form 4 ។ ឯនៅជំរំសាយធូ មានការសិក្សាក្រៅផ្លូវការ (Informal learning) បន្តពីមធ្យមសិក្សាបឋមភូមិមួយឆ្នាំពីរទៀត ។
បើគិតពីឆ្នាំ ១៩៩៣ មកដល់បច្ចប្បន្នវិស័យអប់រំខ្មែរសម័យទំនើបបានចាប់បដិសន្ធិឡើងជាង ៣០ឆ្នាំហើយ ។ ប៉ុន្តែ យើងហាក់ដូចជានៅជាប់ (Stuck) ជាមួយនឹងកម្មវិធីសិក្សាដែលត្រូវបានរៀបចំឡើងកាលពី ១០០ឆ្នាំកន្លងទៅ ។ វាប្រហែលជាដល់ពេលដែលមន្ត្រីអប់រំសម័យនេះ កែទម្រង់ប្រព័ន្ធអប់រំខ្មែរឲ្យសុីសង្វាក់ជាមួយនឹងពិភពលោកហើយ ដើម្បីជួយសម្រួលដល់និស្សិតខ្មែរដែលមានឱកាស ឬក៏ត្រូវចេញទៅសិក្សានៅឯបរទេស ។ បើយើងមិនអាចធ្វើកើតនៅក្នុងជីវិតយើងទេ យើងគួររៀបចំជាទម្រង់ដើម្បីឲ្យមនុស្សជំនាន់ក្រោយគេចាត់ចែងបង្កើតជានិយាម (Standards) ប្រាកដប្រជាមួយ ។ បន្ទាប់ពីបានឆ្លងកាត់និងសង្កេតមើលវិស័យអប់រំខ្មែរអស់រយៈពេលជាងកន្លះសតវត្សមកនេះ ខ្ញុំគិតថាយើងគួរលប់បំបាត់ការប្រឡងឆ្លងកម្រិតនៅបឋមនិងមធ្យមសិក្សាចោលឲ្យអស់ ។ នៅរយៈពេល ៤ឆ្នាំចុងក្រោយនៃមធ្យមសិក្សា យកពិន្ទុប្រចាំឆមាសធ្វើជាគោល ហើយឲ្យនិស្សិតប្រឡងយកសញ្ញាប័ត្រដែលមានឈ្មោះថា មធ្យមសិក្សាជាន់ខ្ពស់ (High School Diploma) ។ គ្មាន ឌីប្លូម គ្មានបាក់ឌុបបាក់ដួលអ្វីទៀតទេ ។ និស្សិតដែលប្រឡងធ្លាក់ អាចចូលប្រឡងជាបេក្ខជនក្រៅប្រព័ន្ធ (Former student candidates) នៅឆ្នាំបន្ទាប់ៗទៅមុខទៀតបាន ។ សញ្ញាប័ត្រនិងចំនួនពិន្ទុដែលចេញពីការប្រឡងនេះ គឺជាមូលដ្ឋានសម្រាប់ទទួលអាហារូបករណ៍ ក៏ដូចជាបណ្ណអនុញ្ញាតសម្រាប់ចូលរៀនបន្តនៅកម្រិតឧត្តមសិក្សា ។ សម្រាប់ការសិក្សានៅឧត្តមសិក្សា យើងជ្រើសយកប្រព័ន្ធអប់រំអាមេរិកាំងដែលខ្ញុំរៀបរាប់ខាងលើ យកមកធ្វើជាគំរូតែម្តងទៅ ដ្បិតវាសាមញ្ញ ងាយយល់ ។
មានរឿងពិតមួយដែលខ្ញុំគួរលើកយកមកនិយាយនៅទីនេះ ។ បន្ទាប់ពីប្រឡងជាប់សញ្ញប័ត្រមធ្យមសិក្សាបឋមភូមិនៅក្នុងជំរំសាយធូ ខ្ញុំបានមកបន្តការសិក្សានៅសហរដ្ឋអាមេរិក ។ ខ្ញុំមានឱកាសបានរៀននៅមធ្យមសិក្សាជាន់ខ្ពស់ (High School) ចំនួនមួយឆ្នាំកន្លះ ។ ដោយហេតុតែពេលវេលាខ្លីពេក ខ្ញុំមិនអាចសន្សំក្រេឌីតបានគ្រប់គ្រាន់ដើម្បីទទួលបានសញ្ញាប័ត្រឡើយ ។ នៅឆ្នាំចុងក្រោយនៃការសិក្សា ខ្ញុំបានទៅប្រឡង TOEFL ដើម្បីត្រៀមចូលរៀននៅឧត្តមសិក្សារួចហើយ ។ ប៉ុន្តែ បើគ្មានសញ្ញាប័ត្រមធ្យមសិក្សាជាន់ខ្ពស់ ខ្ញុំមិនអាចចូលរៀននៅឧត្តមសិក្សាដោយយកពិន្ទុ TOEFL ជាគោលបានឡើយ ។ ដោយយល់ច្រឡំថា សញ្ញាប័ត្រ "ឌីប្លូម" នៅមធ្យមសិក្សារបស់ខ្មែរ ស្មើនឹងសញ្ញាប័ត្រ "ឌីប្លូម" មធ្យមសិក្សាអាមេរិកាំង ខ្ញុំបានយកប្រការប្រឡងជាប់សញ្ញាប័ត្រឌីប្លូមនៅស្រុកខ្មែរ ទៅប្រាប់អ្នកគ្រូម្នាក់ ។ គាត់បានជួយអន្តរាគមឲ្យខ្ញុំទៅជួបនាយកសាលា ដើម្បីស្វែងរកមធ្យោបាយដោះស្រាយឧបស័គ្គ ។ បន្ទាប់ពីសួរនាំអំពីមុខវិជ្ជានានាដែលខ្ញុំបានសិក្សានៅឯសាលាក្នុងជំរំជនភៀសខ្លួន លោកនាយកសាលាបានសម្រេចចិត្តផ្តល់សញ្ញាប័ត្រមធ្យមសិក្សាជាន់ខ្ពស់មកឲ្យខ្ញុំ ដើម្បីបានទៅបន្តការសិក្សានៅឧត្តមសិក្សា ។ ថ្វីដ្បិតតែខ្ញុំទទួលបានជោគជ័យជាមួយការយល់ច្រឡំនោះ ខ្ញុំទៅរងកម្មហានិភ័យដូចក្របីជាប់ភក់នៅឯឧត្តមសិក្សា ។ មុននឹងគេអនុញាតិឲ្យយើងរៀននូវមុខវិជ្ជាមួយចំនួន គេតម្រូវឲ្យយើងប្រឡងកម្រិតសិក្សា (Take placement test) ជាមុនសិន ។ បើពិន្ទុយើងមិនដល់កម្រិត គេតម្រូវឲ្យយើងរៀននៅក្នុងកម្មវិធីដែលមិនទទួលបានក្រេឌីតជាមុន (Non-credit courses) ដើម្បីឆ្លងទៅកាន់ការសិក្សាយកសញ្ញាប័ត្រ ។ ថ្នាក់អត់ក្រេឌីតទាំងនេះ យើងត្រូវចំណាយទាំងប្រាក់ ទាំងពេលវេលាដើម្បីសិក្សា ហើយមិនទទួលបានសារប្រយោជន៍អ្វីធំដុំទេ ដ្បិតគេអត់រាប់បញ្ចូលវានៅក្នុងកម្មវិធីសញ្ញាប័ត្រអ្វីមួយឡើយ ។ អ្នកអាចស្រមៃមើលថា និស្សិតរៀនត្រឹម ៨ ឬ ៩ឆ្នាំ ទៅប្រឡងប្រជែងជាមួយនឹងគេរៀនអស់កាល ១២ឆ្នាំ តើយើងអាចឈរជើងបានកម្ពស់ណា ។ បើកុំតែខ្ញុំបានបន្តការសិក្សាមួយឆ្នាំកន្លះនៅមធ្យមសិក្សាជាន់ខ្ពស់អាមេរិកាំង ខ្ញុំមិនដឹងជាទៅភ្លឺនៅឯណាទេ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវប្រឈមជាមួយនឹងការរៀនដោយមិនទទួលបានក្រេឌីតមួយរយៈដែរ ។ ដើម្បីដោះស្រាយបញ្ហាវៃឆ្លាតខុសក្បួនរបស់ខ្ញុំ ខ្ញុំបានទៅរុកគួនទីប្រឹក្សាសិក្សារបស់ខ្ញុំ (College advisor) សុំរៀននៅក្នុងស្ថានភាពមួយដែលភាសាអង់គ្លេសហៅថា៖ In tandum ។ គឺយើងរៀននៅក្នុងមុខវិជ្ជាអត់ក្រេឌីតដែលគេតម្រូវឲ្យយើងរៀនជាមុនផង និងរៀនមុខវិជ្ជាបន្ទាប់ដែលមានក្រេឌីតផង នៅក្នុងពេលតែមួយ ។ ធ្វើដូច្នេះ ខ្ញុំខាតតែប្រាក់ ប៉ុន្តែអាចសន្សំពេលវេលាបានខ្លះ ។ បើខ្ញុំរៀនធ្លាក់ថ្នាក់ណាមួយ ខ្ញុំនឹងខាតប្រាក់និងពេលវេលាទ្វេដង ។ វាជាការប្រថុយប្រថានប្រភេទពូថៅឆែប ។
ជារួម ការប្រឈមនឹងឧបស័គ្គក្នុងស្ថានភាពល្ហល្ហេវដូចជាអ្វីដែលខ្ញុំបានឆ្លងកាត់ គឺជាកត្តាដ៏ធំបំផុតដែលធ្វើឲ្យនិស្សិតលះបង់ការសិក្សានៅឧត្តមសិក្សា (Drop out) ។ វាជាការយកឆន្ទៈទៅប្រយុទ្ធជាមួយនឹងចំណេះដឹង (Will versus knowledge) ។ ការសិក្សានៅក្នុងស្ថានភាពនេះ ផុយស្រួយណាស់ (Very precarious) ។ ពេលយើងសិក្សាដោយផ្អែកលើឆន្ទៈច្រើនជាងចំណេះដឹង យើងងាយនឹងធ្លាក់ទឹកចិត្តជាមួយនឹង ការទុញទាល់ខ្វល់ខ្វាយណាយនឿយនឹងមេរៀននានា ។ នៅក្នុងភាសាខ្មែរ យើងមានពាក្យមួយឃ្លារៀបរាប់អំពីប្រការនេះគឺ៖ "រៀនមិនចេះ" ។ ក៏ប៉ុន្តែ បើយើងពិនិត្យឲ្យបានល្អិតល្អន់បន្តិច វាគឺជាកត្តា៖ "មិនចេះរៀន" ច្រើនជាង ៕
Friday, August 30, 2024
ចំណីខួរក្បាល
CLV (Clever Long-term Vision)
"អូនឯងគួរតែទៅមើលតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និង វៀតណាម ថាតើវាបានសម្រួលដល់ការរស់នៅរបស់ពលរដ្ឋនៅក្នុងតំបន់ដល់កម្រិតណាហើយ ។ យើងមានផ្លូវ មានភ្លើងអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ដែលមិនធ្លាប់មានពីមុនមក ។ ការលើកឡើងថា ខ្មែរបាត់បង់ទឹកដីនោះវាទៅមិនរួចទេ ដ្បិតយើងមានពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនជាច្រើន ដែលជារបងការពារបូរណភាពទឹកដី មិនអាចឲ្យគេឈ្លានពានបានងាយៗនោះឡើយ" ។
"ដីរបស់យើង វាមិនបាត់បង់ទៅណាទេបង ។ វាគ្រាន់តែដូរម្ចាស់ ដូចនៅកម្ពុជាក្រោមអ៊ីចឹង" ។
ខាងលើនេះ ជាសម្រង់កិច្ចសន្ទនារបស់ជនជាតិខ្មែរពីររូប ម្នាក់រស់នៅក្នុងប្រទេសកម្ពុជា និង ម្នាក់ទៀតរស់នៅឯបរទេស ពាក់ព័ន្ធនឹងការអភិវឌ្ឍរួមគ្នារវាងកម្ពុជា ឡាវ និង វៀតណាម នៅតំបន់ព្រំប្រទល់មុំបី ។ អ្នកទាំងពីរហាក់ដូចជាមានចំណេះដឹងប្រហាក់ប្រហែលគ្នា គ្រាន់តែម្នាក់ជាចាបរស់នៅក្នុងទ្រុង និង ម្នាក់ទៀតជាចាបរស់នៅក្នុងព្រៃ ។ និយាយឲ្យងាយយល់ ម្នាក់រស់នៅក្នុងប្រទេសដែលអាជ្ញាធរវាស់ម៉ែត្រឲ្យគិត និង ម្នាក់ទៀតរស់នៅក្នុងប្រទេសដែលមានសេរីភាពគិតឥតព្រំដែន ។ ថ្វីដ្បិតតែគ្មាននរណាអាចគ្រប់គ្រងការគិតរបស់មនុស្សក៏ពិតមែន ប៉ុន្តែនៅពេលសង្គមមួយគៀបសង្កត់សេរីភាពពលរដ្ឋធ្ងន់ធ្ងរ ពលរដ្ឋមិនអាចគិតឲ្យបានឆ្ងាយហួសពីជើងមុងឡើយ នៅពេលដែលមនុស្សដែលរស់នៅក្នុងសង្គមប្រកបទៅដោយសេរីភាពបរិបូណ៌ គេអាចគិតរហូតដល់ជើងមេឃ ។ នៅពេលប្រជាជាតិមួយ ដែលមានពូជអម្បូរវប្បធម៌និងភក្តីភាពមកលើមាតុភូមិដូចគ្នា គិតខុសគ្នាដូច្នេះ តើប្រជាជាតិពីរ ឬបី ដែលមានវប្បធម៌ទីទៃពីគ្នា ចូលរួមរកសុីអភិវឌ្ឍទឹកដីហ៊ុនគ្នា គិតអំពីការទាញយកសារប្រយោជន៍អំពីការអភិវឌ្ឍនោះ ខុសគ្នាកម្រិតណាទៅ ។ នេះគឺជាប្រធានបទ ដែលខ្មែរយើងគួរលើកយកមកត្រិះរិះគិតទាំងអស់គ្នា មិនថាអ្នកនោះមាននិន្នាការនយោបាយទោរទន់ទៅខាងណាឡើយ ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ និង វៀណាម (CLV) វាស្ទើរតែមិនចាំបាច់នរណានិយាយទេថា វៀតណាម ជាអ្នកតាក់តែង ឬបំភ្លឺផ្លូវ (Initiator) ។ ក្រៅអំពីរៀបចំគម្រោង វៀតណាមក៏ជាអ្នកដាក់ដើមទុនច្រើនជាងគេដែរ (Lead Investor) ។ នៅក្នុងគោលការណ៍រកសុីចូលគ្នា អ្នកដែលដាក់ភាគហ៊ុនខ្ពស់ជាងគេ ក៏ជាអ្នកមានឥទ្ធិពលខ្ពស់ ឬទូលំទូលាយជាងគេនៅក្នុងការសម្រេចចិត្តនានា ។ ទុករឿងបច្ចេកទេសនេះមួយឡែក និយាយអំពីការគិតរបស់ខ្មែរនិងយួនដែលជាភាគី ឬក៏ភាគហ៊ុនិក នៃការរកសុីអភិវឌ្ឍន៍ទឹកដីរួមគ្នានេះវិញម្តង ។
ផ្អែកលើការបកស្រាយនានាស្រដៀងគ្នានឹងអ្វីដែលខ្ញុំបានដកស្រង់ដាក់នៅខាងដើមអត្ថបទ ជនជាតិខ្មែរជាច្រើនចាប់ពីនាយករដ្ឋមន្ត្រី រហូតដល់ជនជាតិភាគតិចរស់នៅក្នុងព្រៃមិនដែលស្គាល់អ្វីថាជាការអភិវឌ្ឍផងនោះ គិតថា ការអភិវឌ្ឍនៅតំបន់កន្ទុយនាគរាប់បញ្ចូលខេត្តទាំងបួនរបស់ខ្មែរនៅភាគឦសាន វានឹងធ្វើឲ្យតំបន់នោះរីកចម្រើន ។ អ្វីដែលសំខាន់លើសលប់បំផុត គឺយើងនឹងមានផ្លូវគមនាគមន៍គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ។ នៅពេលដែលយើងមានហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះហើយ វានឹងសម្រួលដល់ការចូលទៅតាំងទីលំនៅរបស់ពលរដ្ឋខ្មែរ នៅក្នុងតំបន់ដាច់ស្រយាលតាមខ្សែរបន្ទាត់ព្រំដែន ដើម្បីធ្វើជាខែលការពារបូរណភាពទឹកដីកម្ពុជា ។ នៅពេលបានឃើញមន្ត្រីរាជការខ្មែរ រាប់បញ្ចូលទាំងបញ្ញាជននានាផងដែរ បកស្រាយការអភិវឌ្ឍរួមគ្នារវាងកម្ពុជា ឡាវ និង វៀតណាម តាមលម្អានទិដ្ឋិខាងលើនេះ ខ្ញុំស្ទើរតែស្រែកយំ ។ ខ្ញុំលួចសួរខ្លួនឯងថា តើខ្ញុំសិក្សាប្រវត្តិសាស្ត្រខ្មែររហូតដល់ឡប់សតិហើយឬ ។ ប្រភពឯកសារសិក្សាប្រវត្តិសាស្ត្រខ្មែរដែលពួកយើងរៀន គឺចេញមកអំពីកំណត់ត្រារបស់បុព្វបុរសខ្មែរដូចគ្នា ។ ចុះហេតុអ្វីក៏ខ្ញុំមើលឃើញទិដ្ឋភាពផ្ទុយអំពីអ្នកដទៃ ។
ជាបឋម ពលរដ្ឋខ្មែរតាំងតែពីកកើតទឹកដីកម្ពុជាមក មិនដែលមានចំណូលចិត្តទៅរស់នៅក្នុងតំបន់ព្រៃភ្នំទេ ។ បើមិនដូច្នោះទេ តំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា មិនមែនខ្សត់មនុស្សរស់នៅរហូតដល់សព្វថ្ងៃឡើយ ។ ឯរឿងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដើម្បីសម្រួលឲ្យពលរដ្ឋចូលទៅតាំងទីលំនៅ នៅក្នុងតំបន់ដាច់ស្រយាលតាមបន្ទាត់ព្រុំដែន វាគឺជាគំនិតបញ្ច្រាសទិសមួយ ដែលលើកស្ទួយអត្ថប្រយោជន៍វៀតណាមច្រើនជាងខ្មែរ ។ បើពលរដ្ឋខ្មែរគ្មានចំណង់ចំណូលចិត្តនឹងទៅរស់នៅក្នុងតំបន់ព្រៃភ្នំទាំងនោះទេ អ្នកដទៃគេនឹងទៅរស់នៅជំនួសយើងជាក់ជាមិនខាន ។
ក្នុងនាមជាមិត្តមុឺនឆ្នាំ ទំនាក់ទំនងប្រវត្តិសាស្ត្ររវាងខ្មែរនិងយួន មានព្រឹត្តិការណ៍ពីរករណីដែលលេចធ្លោជាងគេ ។ ព្រឹត្តិការណ៍ទាំងពីរនេះ សព្វថ្ងៃមិនមានបង្រៀននៅក្នុងកម្មវិធីសិក្សារបស់ខ្មែរឡើយ ។ ហើយក៏ប្រហែលជាមិនមានមនុស្សច្រើនដែរ ដែលនៅចងចាំ ។ ទីមួយគឺវៀតណាមសុំខ្ចីទឹកដីខ្មែរនៅតំបន់ កំពុបស្រកាត្រីនិងព្រៃនគរ ដើម្បីហ្វឹកហ្វឺនទ័ពទប់ទល់នឹងក្រុមបះបោរ តៃសឺន (The Tyson Rebellion) ។ ទីពីរគឺវៀតណាមសុំឲ្យពលរដ្ឋគេចូលមកធ្វើជំនួញជួញដូរនៅតំបន់ព្រៃនគរ ។ អ្វីៗដែលកើតឡើងបន្តអំពីព្រឹត្តិការណ៍ទាំងពីរនោះមក ខ្មែរយើងមានកម្ពុជាក្រោមជាតឹកតាងស្រាប់ហើយ ។ មិនចាំបាច់ខ្ញុំពណ៌នាវែងឆ្ងាយទេ ។
ប្រវត្តិសាស្ត្រ នៅពេលដែលវាដើរជាន់ដានចាស់ វាអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាជាតិមួយ ហើយវាក៏អាចបង្កលាភឲ្យប្រជាជាតិមួយទៀតដែរ ។ វាគឺជាអ្វីដែលភាសាអង់គ្លេសហៅថា៖ Zero sum game (អាមួយចាញ់ អាមួយឈ្នះ) ។ នៅក្នុងករណី CLV ថ្វីដ្បិតតែយើងមិនអាចដឹងអំពីអ្វីដែលនៅពីក្រោយការគិត របស់រដ្ឋាភិបាលវៀតណាមក៏ពិតមែន តែយើងអាចមើលឃើញគោលដៅរបស់គេច្បាស់ក្រឡែត ប្រសិនបើយើងព្យាយាមមើលឲ្យហួសពីជើងមុង ។ វៀតណាមគេយកគោលការណ៍ "ធ្វើជំនួញជួញដូរនៅតំបន់ព្រៃនគរ" មកអនុវត្តិម្តងទៀត ។ ផ្គុំជាមួយនឹងគោលការណ៍នេះ គេក៏យកគំរូរបស់បារាំងដាំកៅស៊ូនៅស្រុកខ្មែរមកអនុវត្តិផងដែរ ។ អ្នកដែលយល់ដឹងប្រវត្តិសាស្ត្រខ្មែរច្បាស់លាស់ អានអត្ថបទដល់ត្រឹមតែចំណុចនេះ ក៏ប្រហែលជាយល់ដល់ចុងបញ្ចប់រួចទៅហើយ មិនចាំបាច់អានរហូតដល់ចប់ទេ ។
យោងតាមលិខិតស្នាមនៃកិច្ចព្រមព្រៀងនិងសេចក្តីថ្លែងនានា ពាក់ព័ន្ធនឹងការរចនាស្ថាបនាដំណើរការនៃការអភិវឌ្ឍទឹកដីរួមគ្នា វាបានបង្ហាញយ៉ាងច្បាស់ថា ខ្មែរផ្តោតទស្សនវិស័យ (Vision) ក្នុងទម្រង់ភូមិសាស្ត្រ (Geography) ។ ឯវៀតណាមគេផ្តោតទស្សនវិស័យក្នុងទម្រង់ប្រជាសាស្ត្រ (Demography) ។ គួរកត់សម្គាល់ថា ខ្ញុំឲ្យនិយមន័យលើពាក្យ "ប្រជាសាស្ត្រ" ដោយផ្អែកលើពាក្យបីម៉ាត់នៅក្នុងភាសាអង់គ្លេស៖ Migration, Settlement, and Integration (ចំណាកស្រុក ជ្រកកោន និង សមាហរណកម្ម) ។ បើយើងប្រៀបធៀបទស្សនវិស័យទាំងពីរ (Visions) នៅក្នុងគម្រោងនេះវិញ រដ្ឋាភិបាលខ្មែរសម្លឹងត្រឹមជើងមុង ។ ឯរដ្ឋាភិបាលវៀតណាម សម្លឹងរហូតដល់ជើងមេឃ ។ នេះគឺភាពខុសគ្នាមួយដែលយើងអាចមើលឃើញ ពាក់ព័ន្ធនឹងគម្រោង CLV ។ តើយើងមើលយល់ដោយរបៀបណា ។ សកម្មភាព! នៅក្នុងភាសាអង់គ្លេស មានពាក្យមួយឃ្លាដែលនិយាយថា៖ Action speaks louder than word (សកម្មភាព បង្ហាញអំពីចេតនា) ។
ឧត្តមសេនីយ៍ចក្រភពរ៉ូម៉ាំងមួយរូបនិយាយថា៖ Slow, but sure! (យឺត! ក៏ប៉ុន្តែប្រាកដប្រជា ឬជោគជ័យ) ។ នេះគឺជាវិន័យមួយដែលមេដឹកនាំវៀតណាមបានអនុវត្តិជាច្រើនជំនាន់មកហើយ ។ គួបផ្សំវិន័យនេះជាមួយនឹងវប្បធម៌តស៊ូអត់ធ្មត់ប្រឈមនឹងភាពលំបាកវេទនា វាបានក្លាយទៅជាកត្តាជម្រុញមួយ ជួយឲ្យពលរដ្ឋវៀតណាមជម្នះបាននូវឧបស័គ្គជាច្រើន ដែលរារាំងដំណើរប្រជាសាស្ត្ររបស់ពួកគេចាប់ពីឈូងសមុទ្រតុងកឹង រហូតដល់ចុងជ្រោយខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ។
ប្រជាសាស្ត្រ (Demographic Assimilation) មានទ្រង់ទ្រាយស្រដៀងគ្នានឹងលំហូរទឹក ។ ធម្មជាតិនៃទឹកគឺហូរពីទីខ្ពស់ទៅទីទាប ។ ឯមនុស្សគឺហូរពីទីចង្អៀតទៅទីទូលាយ ។ ចង្អៀតនៅទីនេះគឺយើងសំដៅដល់ ចង្អៀតសេរីភាព ចង្អៀតសេដ្ឋកិច្ច ចង្អៀតទឹកដីសម្រាប់រស់នៅ និង ចង្អៀតចិត្ត (យើងអាចបន្ថែមកត្តាចង្អៀតជាច្រើនផ្សេងទៀត) ។ ធម្មជាតិនៃមនុស្ស នៅពេលប្រឈមនឹងកត្តាចង្អៀត មិនថាចង្អៀតចិត្ត ឬចង្អៀតស្អីផ្សេងទៀតឡើយ តែងតែសម្លឹងប្រមើលមើលទៅឆ្ងាយ ។ គឺឆ្ងាយរហូតដល់ជើងមេឃ ។ មេដឹកនាំវៀតណាមក៏ជាមនុស្សដែរ ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាចង្អៀតដែលពលរដ្ឋខ្លួនប្រឈម គម្រោង CLV គឺជាដំណោះស្រាយមួយដែលចាំបាច់ជាទីបំផុត ។
បើយើងសង្កេតមើលគោលនយោបាយរបស់ប្រទេសវៀតណាមជាមួយនឹងកម្ពុជា វៀតណាមបានចាប់ផ្តើមគម្រោង CLV តាំងតែពី CLV មិនទាន់កើតចេញជារូបរាងម្លេះ ។ ជំហានទីមួយគឺដីសម្បទានសម្រាប់ដាំដំណាំកៅស៊ូដែលមានរយៈពេល ៩៩ឆ្នាំ នៅភាគឦសាននៃប្រទេសកម្ពុជា ។ ការវិនិយោគលើដំណាំកៅស៊ូនេះ វៀតណាមយកគំរូតាមអាណានិគមបារាំងស្ទើរតែទាំងស្រុង ។ គេសាងសង់ភូមិកម្មករស្រដៀងគ្នានឹងភូមិកម្មកររបស់បារាំងនៅចំការកៅស៊ូ ជប់ កាលពីអតីតកាលដែរ ។ អ្នកដែលរស់នៅក្នុងភូមិកម្មករទាំងនោះគឺជាគ្រួសារនៃកម្មករជនជាតិវៀតណាម ។ នៅក្នុងទស្សនវិស័យរបស់រដ្ឋាភិបាលវៀតណាម កម្មករចម្ការកៅស៊ូដែលចូលមកជ្រកកោនក្នុងទឹកដីខ្មែរពីដើមទីនេះ គឺគ្រាន់តែជាបញ្ញើក្អែកតែប៉ុណ្ណោះ ។ អ្វីដែលជាបំណងធំ គឺកូននិងចៅរបស់កម្មករទាំងនោះ ។ រយៈពេល ៩៩ឆ្នាំ មនុស្សអាចបង្កើតកូនបានយ៉ាងហោចណាស់ក៏បីជំនាន់ដែរ ។ ជាគោលការណ៍អន្តរជាតិ យើងកើតនៅទីណាឬក្នុងប្រទេសណា ប្រទេសនោះគឺជា "ភូមិកំណើត" របស់យើង ។ កម្មករ ១០០០គ្រួសារ បើយើងគិតជាមធ្យមក្នុងមួយគ្រួសារអាចបង្កើតកូនបានបីនាក់ យើងយកចំនួននេះគុននឹង ១០០០ រួចគុននឹង ៣ជំនាន់ យើងអាចនឹងរកឃើញអត្រានៃកំណើនពលរដ្ឋខ្មែរដើមកំណើតវៀតណាមជាក់ជាមិនខានឡើយ ។ គួរកត់សម្គាល់ថា កាលជំនាន់សន្ធិសញ្ញាក្រុងប៉ារីស និង អ៊ុនតាក់ គ្រប់គ្រងប្រទេសកម្ពុជា អន្តោប្រវេសជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជានាគ្រានោះ បានយកកត្តាដូនតាពួកគេដែលអាណានិគមបារាំងយកមកធ្វើការងារនៅស្រុកខ្មែរ ជាមូលដ្ឋានដើម្បីបញ្ជាក់អំពីភាវស្របច្បាប់របស់ពលរដ្ឋ ។
ការបង្កើតតំបន់អភិវឌ្ឃ CLV គឺដើម្បីសម្រួលដល់ការចេញចូលរកសុីនិងបោះទុនវិនិយោគនៅក្នុងតំបន់ ។ សម្រាប់ប្រទេសខ្មែរ យើងមិនចាំបាច់ព្រួយទេ ។ កាប់ព្រៃឈូសឆាយធ្វើផ្លូវគមនាគមន៍ឲ្យតែស្អាតទៅ ពាណិជ្ជករវៀតណាមនឹងចូលមកបោះទុន អភិវឌ្ឍនៅក្នុងតំបន់ដាច់ស្រយាលរបស់យើងភ្លូកទឹកភ្លូកដី ។ យ៉ាងយូរ២០ឆ្នាំទៅមុខទៀត ខេត្តរតនគីរី និង មណ្ឌលគីរី នឹងមានអ្វីដែលភាសាអង់គ្លេសហៅថា Skyscraper (អគារខ្ពស់ៗ) ។ ជាថ្មីម្តងទៀត ប្រជាសាស្ត្រក្នុងទម្រង់កម្មករចម្ការកៅស៊ូគឺជាគំរូ គ្រាន់តែមួយដើរតាមបែបបទ កម្មករ មួយទៀតដើរតាមបែបបទ ពាណិជ្ជករ ឬ មួយយកគំរូតាមបារាំង និង មួយទៀតយកគំរូតាមបុព្វការីជនវៀតណាម ដែលធ្លាប់បានអនុវត្តិនៅតំបន់ព្រៃនគរបានជោគជ័យរួចម្តងហើយ ។ ផ្លូវពីរផ្សេងគ្នា ក៏ប៉ុន្តែវាទៅជួបគ្នានៅក្នុងចំណុចតែមួយ ។ ក្រៅអំពីប្រជាសាស្ត្រចូលមកពីខាងក្រៅ យើងនៅមានប្រជាសាស្ត្រចេញពីក្នុងប្រទេសមួយផ្នែកទៀត ។ អន្តោប្រវេសជន ជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ស្របច្បាប់ក្តី មិនស្របច្បាប់ក្តី ភាគច្រើនគឺរស់នៅលើផ្ទះបណ្តែតទឹក និងនៅក្នុងសហគមន៍ដែលមានស្ថានភាពចង្អៀតណែនណាន់តាន់តាប់ ដូចជានៅច្បារអំពៅជាដើម ។ នៅពេល CLV មានហេដ្ឋារចនាសម្ព័ន្ធនិងវិស័យពាណិជ្ជកម្មរីកចម្រើនសមរម្យ ហើយត្រូវការធនធានមនុស្សដើម្បីបម្រើការងារ គួបផ្សំជាមួយនឹងការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលកម្ពុជា ឲ្យប្រជាពលរដ្ឋចូលទៅរស់នៅក្នុងតំបន់នោះផង យើងអាចរំពឹងនឹងឃើញកំណើនអន្តោប្រវេសជនវៀតណាម ចូលទៅរស់នៅទីនោះច្រើនជាងខ្មែរ ដ្បិតអី បើវិនិយោគិននៅទីនោះភាគច្រើនមកពីវៀតណាម រឿងអីដែលគេមិនត្រូវការមនុស្សដែលមានពូជអម្បូរនិងវប្បធម៌ដូចគ្នា មកបម្រើកិច្ចការងារពាណិជ្ជកម្មរបស់គេ ។ អំណឹះទៅមុខ តំបន់អភិវឌ្ឍ CLV នៅក្នុងខេត្តទាំងបួននៃភាគឦសានប្រទេសខ្មែរ នឹងកែប្រែមុខមាត់ (Literally!) ។
សម្រាប់ពលរដ្ឋខ្មែរដែលព្រួយបារម្ភអំពីការបាត់បង់ទឹកដី ដោយសារការអភិវឌ្ឍរួមគ្នានេះ វាគ្មានអ្វីដែលត្រូវព្រួយបារម្ភទេ ។ ខ្ញុំហ៊ានអះអាងថា ទឹកដីខ្មែរនៅក្នុងតំបន់នោះ មិនបាត់បង់ទៅណាឡើយ ។ ដូរម្ចាស់ដូចការអះអាងរបស់ខ្មែរម្នាក់ដែលខ្ញុំស្រង់សម្តីនៅដើមអត្ថបទ ក៏អត់ដូរដែរ ។ អ្វីដែលផ្លាស់ប្តូរគឺ ពូជអម្បូរមនុស្សដែលចូលទៅរស់នៅក្នុងតំបន់នោះ ។
មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកឧទាហរណ៍ជាក់ស្តែងមួយអំពីប្រជាសាស្ត្រ មកលាតត្រដាងដើម្បីឲ្យឃើញច្បាស់ដូចពន្លឺថ្ឌៃ ។ សារភាពតាមត្រង់ នៅពេលសរសេរអត្ថបទរិះគន់យុទ្ធវិធីប្រជាសាស្ត្ររបស់វៀតណាមនេះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាកំពុងតែស្តោះទឹកមាត់ដាក់លើបាតដៃខ្លួនឯង ពីព្រោះខ្ញុំគឺជាមនុស្សកើតចេញអំពីប្រជាសាស្ត្រទាំងសាច់ទាំងឆ្អឹង ។ ខ្ញុំកើតមកមានស្លាកប្រជាសាស្ត្របិទនៅលើក្បាលតាំងតែពីនៅក្នុងផ្ទៃម្តាយ គ្រាន់តែគ្មាននរណាមើលស្គាល់ ។
កាលពីឆ្នាំប្រហែលជា ១៩០០ បុព្វការីជនរបស់ខ្ញុំបានចាកចេញពីប្រទេសចិន មកជ្រកកោននៅតំបន់ព្រៃនគរ ដែលជាទឹកដីខ្មែរប្រែក្លាយជាតំបន់ស្វ័យតរបស់អាណានិគមបារាំង ។ ព្រឹត្តិការណ៍ ឬកត្តាដែលញ៉ាំងឲ្យបុព្វការីជនរបស់ខ្ញុំមកជ្រកកោននៅក្នុងស្រុកខ្មែរ ប្រហែលជាកើតចេញអំពីបដិវត្តិន៍អ្នកគុននិយម (Boxer Rebellion) នៅប្រទេសចិន ។ វាជាការបះបោរមួយប្រឆាំងនឹងការរុករានទន្ទ្រានកាន់កាប់ទឹកដីចិន ពីសំណាក់ជនបរទេស ។ ដើមឡើយ រាជនីមេម៉ាយ សុីសុី (Empress Dowager Cixi) ដែលជាអ្នកដឹកនាំប្រទេសចិននាគ្រានោះ គាំទ្រការបះបោររបស់ក្រុមអ្នកបដិវត្ត ។ ប៉ុន្តែ ដើម្បីរក្សាសុវត្ថិភាពរាជបាល្ល័ង្គ គាត់ក៏ដូរចិត្តចូលដៃជាមួយពួកបរទេសថ្កោលទោសជនរួមជាតិខ្លួនទៅវិញ ។ មិនដឹងថាបុព្វការីជនរបស់ខ្ញុំពាក់ព័ន្ធនឹងបដិវត្តិន៍នោះដែរ ឬក៏យ៉ាងណាទេ ។ ប៉ុន្តែ ដំណើរចូលមកជ្រកកោនក្នុងប្រទេសខ្មែររបស់គាត់ គាប់ជួនជាមួយនឹងព្រឹត្តិការណ៍នោះ ។
នៅពេលបុព្វការីជនរបស់ខ្ញុំចាប់ផ្តើមកសាងគ្រួសារនៅតំបន់ ព្រៃនគរ យើងមិនដឹងថា តើគាត់មានភរិយាជាជនជាតិចិន ចាម យួន ឬក៏ខ្មែរទេ ។ យើងគ្រាន់តែដឹងថា កូនប្រុសរបស់គាត់ម្នាក់ដែលត្រូវជាជីតាទួតរបស់ខ្ញុំ បានក្លាយជា អុងប៉ាង ហើយមកតាំងទីលំនៅនៅក្នុងស្រុក ត្បួងឃ្មុំ ។ បន្ទាប់មក កូនប្រុសម្នាក់របស់អុងប៉ាងនោះ ដែលត្រូវជាជីតាខ្ញុំ បានមកតាំងទីលំនៅនៅភូមិ ជប់ ។ ផ្ទះរបស់គាត់ស្ថិតនៅនឹងផ្លូវកែងចំពីមុខខ្លោងទ្វារចូលទៅកាន់បរិវេណរោងចក្រកៅស៊ូរបស់បារាំង ។ គឺទីនោះហើយដែលឪពុកខ្ញុំបានចាប់កំណើត ។ បន្តមកទៀត ឪពុកខ្ញុំបានមកភពប្រសព្វជាមួយនឹងម្តាយខ្ញុំនៅភូមិ ជីរោទិ៍ ដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទល់មុខទីក្រុងកំពង់ចាម ។ ឪពុកខ្ញុំមានតួនាទីជាចៅសង្កាត់ជីរោទិ៍ នៅក្នុងសម័យសាធារណរដ្ឋខ្មែរ ។ ភូមិ ជីរោទិ៍ គឺជាទីកំណើតរបស់ខ្ញុំ ។ បើគិតជាថេរវេលា ដំណើរលីលាប្រជាសាស្ត្ររបស់សាច់សាលោហិតខ្ញុំចំនួន ៤ ជំនាន់ ពីព្រៃនគរមកដល់ត្រើយខាងកើតនៃទីក្រុង កំពង់ចាម ត្រូវការពេលវេលាប្រមាណជា ៩០ឆ្នាំ ។
ជីវិតរបស់ប្រជាជាតិមួយ គឺមិនខុសអំពីជីវិតមនុស្សម្នាក់ឡើយ ។ យើងរមែងជួបនឹងបញ្ហាគ្មានទីបញ្ចប់ ។ បញ្ហាប្រជាសាស្ត្រជនជាតិវៀតណាមចូលមកក្នុងទឹកដីខ្មែរ មិនមែនជារឿងដែលយើងមិនអាចដោះស្រាយបាននោះទេ ។ ទោះជាយ៉ាងណាក៏ដោយ មុននឹងយើងដោះស្រាយបញ្ហា យើងត្រូវស្គាល់ទ្រង់ទ្រាយរបស់វា ហើយរិះរករូបមន្តសមប្រកបណាមួយមកធ្វើជាគោល ។ នៅផ្នែកខាងលើនៃអត្ថបទនេះ ខ្ញុំបានប្រៀបធៀបប្រជាសាស្ត្រទៅនឹងលំហូរទឹក ។ ធម្មជាតិនៃទឹក គឺវាមានសមត្ថភាព ជ្រាប ជ្រៀតជ្រែក និង ជ្រកកោន ។ គេមិនអាចធ្វើរបងទប់ ឬឃាំងទឹកជាប់ទេ (អត្ថប្បដិរូបសង្កត់ន័យ) ។ ទឹកដែលហូរខ្លាំង វាមានលទ្ធភាពច្រោះកាត់ផ្តាច់ដីទៅជាមួយ (អត្ថប្បដិរូបសង្កត់ន័យ) ។ ក៏ប៉ុន្តែ បើយើងមានអ្វីដែលភាសាអង់គ្លេសហៅថា Ingenuity (ភាពបុិនប្រសប់) យើងអាចទាញយកសារប្រយោជន៍អំពីទឹកបានច្រើនឥតគណនា ។ ពាក់ព័ន្ធនឹងទឹកនៅក្នុងន័យប្រជាសាស្ត្រ វិធីតែមួយគត់ដែលយើងអាចទាញយកសារប្រយោជន៍អំពីទឹក គឺធ្វើឲ្យវាហូរបាចសាចដើម្បីឲ្យលំហូរចុះខ្សោយងាយស្រួលគ្រប់គ្រង ។ មធ្យោបាយមួយដែលអាចធ្វើឲ្យលំហូរទឹកចុះខ្សោយ គឺឧបស័គ្គ (Obstacles) ដូចជាដាក់ដុំថ្មតម្រៀបគ្នាជាច្រើនស្រទាប់ ។ ចំណុចណាអំណោយផល យើងសង់រហាត់ទឹកដើម្បីដងយកទឹកបង្ហូរទៅប្រើប្រាស់តាមសេចក្តីត្រូវ ឬក៏ដាក់កង្ហារឲ្យលំហូរទឹកទាញឌីណាម៉ូបង្កើតឋាមពលអគ្គិសនី (អត្ថប្បដិរូបសង្កត់ន័យ) ។ និយាយឲ្យចំ អនុវត្តិច្បាប់ទម្លាប់ឲ្យបានមធ្យត និង ពង្រឹងវិស័យអប់រំ ជាពិសេសទាក់ទងនឹងវប្បធម៌ អរិយធម៌ និងអក្សាសាស្ត្រ ឲ្យបានរឹងមាំ ។
លំហូរប្រជាសាស្ត្រនៃជនជាតិវៀតណាមមកក្នុងទឹកដីកម្ពុជា គឺជាកត្តាជៀសមិនរួច (Inevitable) ។ សំណួរតែមួយគត់ដែលពលរដ្ឋ ជាពិសេសមេដឹកនាំប្រទេសខ្មែរ ត្រូវលើកយកមកគិតពិចារណាគឺថា តើយើងត្រូវទាញយកសារប្រយោជន៍ អំពីកំណើនពលរដ្ឋប្រជាសាស្ត្រនេះ ដោយរបៀបណា ។ នៅក្នុងភាសាអង់គ្លេស មានពាក្យមួយម៉ាត់ដែលគេនិយាយថា៖ Social Fabric (សសៃសូត្រសង្គម) ។ ដើម្បីត្បាញសំពត់ហូលមួយ ដែលមានក្បូរក្បាច់រចនាល្អប្រណិត ដូចជាអ្វីដែលបុព្វបុរសខ្មែរបន្សល់ទុកនៅលើរូបចម្លាក់អប្សរា យើងត្រូវចេះច្នៃយកសសៃសូត្រដែលមានពណ៌ទីទៃពីគ្នា មកផ្គុំឲ្យចេញជាគោម (អត្ថប្បដិរូបសង្កត់ន័យ) ។ កិច្ចការនេះធ្វើទៅបានជោគជ័យឬមិនជោគជ័យ គឺអាស្រ័យលើចំណេះដឹងនិងភាពបុិនប្រសប់ (Knowledge and Ingenuity) ។ នៅក្នុងន័យប្រជាសាស្ត្រក៏ដូចគ្នាដែរ គឺយើងត្រូវការចំណេះដឹងនិងភាពបុិនប្រសប់ ដើម្បីទប់ទល់នឹងបាតុភូត ដ៏គួរឲ្យខ្លាចនេះ ។ បើមិនដូច្នោះទេ វាសនានៃអត្តសញ្ញាណពលរដ្ឋ ក៏ដូចជាប្រទេសខ្មែរ គឺមិនខុសអំពីជនជាតិម្ចាស់ស្រុកនៅទ្វីបអាមេរិកឡើយ ។
ទ្វីបអាមេរិក ជាពិសេសសហរដ្ឋអាមេរិក គឺជាផ្ទាំងទស្សនីយភាពប្រជាសាស្ត្រ ដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ។ វាក៏ជាគំរូដ៏វិសេសវិសាលមួយសម្រាប់សិក្សាអំពីប្រជាសាស្ត្រដែរ ។ នៅក្នុងដំណើរធម្មជាតិនៃប្រជាសាស្ត្រ វប្បធម៌ដែលមិនសូវរឹងមាំ រមែងត្រូវបានស្រូបចូលទៅក្នុងវប្បធម៌ដែលរឹងមាំ (Being absorbed) ។ វប្បធម៌នៅទីនេះគឺសំដៅលើការតស៊ូស្រវាស្រទេញរបស់មនុស្ស នៅក្នុងទម្រង់សសៃសូត្រសង្គម មិនមែនសំណង់ប្រាសាទសីលា ឬក៏សិលាចារឹកឡើយ ។ បើនិយាយអំពីប្រជាសាស្ត្រវិញ វាមានបីទម្រង់ ។ ទីមួយគឺ វប្បធម៌ជនចំណូលថ្មីរលាយចូលទៅក្នុងវប្បធម៌ម្ចាស់ស្រុក ។ ទីពីរគឺ វប្បធម៌ម្ចាស់ស្រុករលាយចូលទៅក្នុងវប្បធម៌ជនចំណូលថ្មី ។ និងទីបីគឺ វប្បធម៌ជនចំណូលថ្មីនិងម្ចាស់ស្រុករស់នៅទន្ទឹមគ្នា (Co-exist side-by-side) ស្រដៀងគ្នានឹងអ្វីដែលយើងអាចមើលឃើញនៅកម្ពុជាក្រោមសព្វថ្ងៃ ។ ត្រង់រស់នៅទន្ទឹមគ្នារបៀបនេះអាចមានរយៈពេលយូរអង្វែងសែងជាតិ ឬក៏យ៉ាងណា គឺអាស្រ័យលើភាពរឹងបុឹងនៃវប្បធម៌នីមួយៗ ។ ប្រជាសាស្ត្រនៅសហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងទម្រង់ទីពីរ ដែលវប្បធម៌ម្ចាស់ស្រុករលាយចូលទៅក្នុងវប្បធម៌ជនចំណូលថ្មីផង និង រលាយបាត់បង់ផង ។ នៅក្នុងករណីប្រទេសកម្ពុជា ជាមួយនឹងប្រជាសាស្ត្រជនជាតិវៀតណាមនាពេលអនាគត បើយើងសង្កេតមើលទម្រង់នានាដែលត្រូវបានអនុវត្តិតាំងតែពីអតីតកាលមក វាជាដំណើរ "ទាត់សំបកកំប៉ុង" តាមបណ្តោយផ្លូវ ។ វៀតណាមអត់រូតរះទេ ក៏ប៉ុន្តែអនុវត្តិគោលការណ៍ប្រជាសាស្ត្រគ្រប់ទម្រង់ រង់ចាំឱកាសអាស្រ័យផល ។ ឆ្មាសក៏ដោយ ឆ្មាខ្មៅក៏ដោយ ឲ្យតែវាចាប់បានកណ្តុរ សម្បុររបស់វាមិនសំខាន់ឡើយ ។ នេះគឺជាអ្វីដែលប្រទេសកម្ពុជាប្រឈមនៅថ្ងៃអនាគត ជាមួយនឹងបញ្ហាប្រជាសាស្ត្រ ។ អរគុណជាអនេកកប្បការ ដែលអានអត្ថបទដ៏វែងអន្លាយនេះ រហូតដល់ចប់ ៕
Thursday, August 15, 2024
ចំណីខួរក្បាល
ដាំបន្លែដោយខ្លួនឯង
ពេលមករស់នៅក្នុងផ្ទះបុរី (Townhome) កាលពីបីឆ្នាំមុន យើងមានដីប្រហែល ១០ម៉ែត្របួនជ្រុងនៅខាងក្រោយផ្ទះ ។ យើងសម្រេចច្នៃដីនោះ ដោយកាត់យកប្រមាណជា ៥ម៉ែត្របួនជ្រុងក្រាលឥដ្ឋធ្វើជាកន្លែងអង្គុយលម្ហែ ។ ដីដែលនៅសល់ជុំវិញប្រហែលជា ២ម៉ែត្រកន្លះនៅផ្នែកខាងឆ្វេងដៃនិងខាងក្រោយ និង១ម៉ែត្រកន្លះនៅខាងស្តាំដៃ យើងច្នៃធ្វើជាសួនដាំបន្លែនានា ។ ដីមួយម៉ែត្រកន្លះផ្នែកខាងស្តាំដៃ ខ្ញុំច្នៃធ្វើថ្នាលសម្រាប់ដាំត្រកួន ស្ពៃ និង សាឡាដ ។ ផ្នែកខាងក្រោយខ្ញុំធ្វើទ្រើងពីរជាន់សម្រាប់ដាំ ម្រះ និង ត្រឡាច ។ នៅក្រោមទ្រើងត្រឡាច ខ្ញុំដាំខ្ទឹមសនៅរដូវត្រជាក់ធ្លាក់ទឹកកក ។ ឯដី២ម៉ែត្រកន្លះនៅផ្នែកខាងឆ្វេងដៃ ខ្ញុំលៃដាំម្ទេស ៥ប្រភេទបានប្រហែលជា ៣០ដើម ។ ត្រប់បួនដប់ដើម ។ ប៉េងបោះ ២០ដើម ។ ត្រសក់ពីរជន្លង់ ។ និង សណ្តែកគួពីរជន្លង់ ។ នៅតាមចន្លោះកៀនកោះ ខ្ញុំដាំស្លឹកគ្រៃ ៥គុម្ព ជីរបួនប្រាំមុខ ម្អមពីរកូនកាធុន និងដំណាំខ្លះទៀតដូចជា ក្រូចសើច កន្ទ្រោប ទៀប ស្រកានាគ តាង៉ែន និង ផ្កានានា ដែលខ្ញុំដាំដាក់ក្នុងផើង ។ ដំណាំដូចជាស្រកានាគ ទៀប និង តាង៉ែន ខ្ញុំដាំក្រាន់តែលម្អភ្នែកតែប៉ុណ្ណោះ ។ មិនរំពឹងអាស្រ័យផលទេ ។ ក្រៅអំពីនេះ ខ្ញុំដាំទន្លាប់ពីរដើម និង កន្ទឹម មួយដើមនៅត្រង់ចំណុចកាច់ជ្រុងកម្រាលឥដ្ឋ ដើម្បីផ្តល់ម្លប់ដល់កន្លែងយើងអង្គុយលម្ហែ ។ បើគិតជាថេរវេលា វាទើបតែបានបីឆ្នាំ ។ ដូច្នេះអ្វីៗស្ថិតនៅក្នុងដំណាក់កាលរៀបចំនៅឡើយ ។ ប៉ុន្តែ បើគិតជាភោគផលបន្លែបង្កា ដីតិចតួចនេះអាចផ្គត់ផ្គង់តម្រូវការបានមួយផ្នែកដែរ ដោយមិនចាំបាច់ទៅទិញអំពីផ្សារឡើយ ។
អត្ថបទនេះ ខ្ញុំចង់និយាយអំពីរបៀបដាំនិងថែទាំបន្លែ ។ បច្ចុប្បន្ន ការដាំបន្លែដោយខ្លួនឯងនៅតាមផ្ទះ ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំង ។ ហើយក៏មានមនុស្សមួយចំនួន ត្អូញត្អែអំពីការដាំដំណាំមិនសូវទទួលបានលទ្ធផលល្អដែរ ។ ថ្វីដ្បិតតែការដាំដំណាំមិនត្រូវការ ការចំណេះជំនាញជ្រៅជ្រះក៏ដោយ ក៏យើងត្រូវយល់ដឹងអំពីរបៀបដាំនិងថែទាំដំណាំដែរ ទើបរកជោគជ័យឃើញ ។ ក្នុងនាមជាកូនអ្នកចម្ការម្នាក់ ដែលប្រកបរបរដាំបន្លែនៅតាមដងទន្លេមេគង្គជាច្រើនជំនាន់ ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗដល់មនុស្សមួយចំនួន ដែលព្យាយាមដាំបន្លែដោយខ្លួនឯង ។ របៀបដាំដំណាំនេះ ខ្ញុំរៀនអំពីម្តាយខ្ញុំ ។ ម្តាយខ្ញុំក៏រៀនអំពីឪពុកម្តាយគាត់ដែរ ។ វាជាចំណេះដឹងតគ្នា ។ មិនមែនជាចំណេះដឹងដែលខ្ញុំរៀនចេញអំពីសាលាឡើយ ។
ជាបឋម យើងត្រូវស្គាល់ប្រភេទដី ។ នៅអារ្យប្រទេស គេវាស់កម្រិត PH នៃដីដាំដំណាំ ។ ខ្ញុំមិនដែលខ្វល់រឿង ភីអេច ភីអាំងអ្វីទេ ។ ម្តាយខ្ញុំប្រាប់ថា ដីដាំដំណាំអាចមានបីប្រភេទគឺ៖ ដីល្បាយខ្សាច់ ដីកណ្តេង និង ដីច្រេះអាចម៍ដែក ។ ដីល្បាយខ្សាច់គីដីនៅតាមមាត់ទន្លេ ចន្លោះពី ៥០ ទៅ ២០០ម៉ែត្រ ។ ដីកណ្តេងគឺដីបឹង ដែលស្ថិតនៅលើសពី ២០០ម៉ែត្រពីមាត់ទន្លេ ។ អ្នកស្រុកខ្លះហៅដីបឹងថា ដីប្រាំង ។ ឯដីច្រេះអាចម៍ដែកគឺប្រភេទដីឥដ្ឋដែលមានល្បាយគ្រួសថ្មបាយក្រៀមច្រើន ។ ដីប្រភេទនេះសម្បូរនៅខាងខេត្ត កំពង់ធំ និង សៀមរាប ហើយមិនសូវល្អសម្រាប់ដាំបន្លែទេ ។ យើងភ្ជួរតែមួយផាលនង័្គល ទៅដល់ដីច្រេះអាចម៍ដែកហើយ ។ បើជីកឲ្យជ្រៅថែមទៀត យើងនឹងជួបថ្មបាយក្រៀម ។ គឺថ្មនេះហើយដែលបុព្វបុរសខ្មែរយកទៅធ្វើរបងប្រាសាទនានា ។
ការដាំបន្លែនៅតាមបណ្តោយមាត់ទន្លេ មិនជាលំបាកថែទាំណាស់ណាទេ ។ កាលពី ៣០ ឬ ៤០ឆ្នាំកន្លងទៅ យើងគ្មានម៉ាសុីនបូមទឹកនិងបច្ចេកទេសតទុយយោស្រោចស្រព្វដំណាំឡើយ ។ យើងដាំបន្លែដោយពឹងលើរដូវកាលនិងអាកាសធាតុ ហើយទុកឲ្យដំណាំលូតលាស់ទៅតាមសម្មាជីវោរបស់វា ។ គួរកត់សម្គាល់ថា មុនពេលមនុស្សយកវាមកដាំធ្វើជាបន្លែបង្កា រុក្ខជាតិនានាដូចជាត្រឡាច ល្ពៅ ត្រប់ ម្ទេស ជាដើម សុទ្ធសឹងតែជារុក្ខជាតិដុះដោយព្រៃ ។ គ្មាននរណាពូនគុម្ពជ្រុំគល់វាទេ ។ ពីដើមមិញ ដំណាំបន្លែនៅតាមមាត់ទន្លេគឺយើងដាំនៅរដូវទឹកស្រក ឬរដូវរាំងស្ងួត ។ ដោយហេតុតែទឹកទន្លេហូរលិចច្រាំងរៀងរាល់ឆ្នាំ ការដាំបន្លែក៏ត្រូវជ្រើសរើសប្រភេទឲ្យត្រូវទៅនឹងសណ្ឋានដីដែរ ។ កន្លែងខ្លះ មានពំនូកខ្សាច់ ។ កន្លែងខ្លះមានល្បាយខ្សាច់ ។ កន្លែងខ្លះមានដីល្បប់គ្របលើល្បាយខ្សាច់ ។ កន្លែងដែលមានពំនូកខ្សាច់ យើងអាចដាំល្ពៅ ឬ ឃ្លោកនិងត្រឡាចនៅជុំវិញនោះ ដ្បិតដំណាំទាំងបីប្រភេទនេះអាចវារគ្របលើពំនូកខ្សាច់ដែលជាហេតុមិនឲ្យកំដៅជះចេញពីដីខ្សាច់រុកគួនវាបានឡើយ ។ ដីល្បាយខ្សាច់យើងអាចដាំ ត្រសក់ស្រូវនិងឪឡឹក ។ ឯដីដែលមានល្បប់គ្របពីលើ យើងអាចដាំត្រសក់ផ្អ ប៉េងប៉ោះ ម្ទេស និង ត្រប់ ។ ពេលវេលានៃការដាំដុះគឺយើងប្រើទម្ងន់មនុស្ស ។ ចំណុចណាដែលយើងអាចដើរលើបាន គឺអាចដាំបានហើយ ។ យើងត្រូវត្រាំគ្រាប់ត្រសក់និងត្រឡាចឲ្យវាប្រេះមាត់ចាប ឬចេញពន្លកឫសបន្តិចមុននឹងយកទៅដាំ ។ របៀបដាំគឺយើងជីកដោយចបជីកក្នុងទម្រង់ត្រីកោណ ឬបួនជ្រុង ឆ្កឹះយកដីល្បប់ផ្នែកខាងលើចេញ ។ ដាក់គ្រាប់ត្រសក់ ឬត្រឡាច បីឬបួនគ្រាប់ក្នុងមួយរណ្តៅ ។ រួចហើយយកដីល្បាយខ្សាច់លាយអាចម៍គោមួយទូកដៃលប់រណ្តៅ ។ ឯការដាំ ត្រប់ ម្ទេស និង ប៉េងប៉ោះ ក៏មានសណ្ឋានស្រដៀងគ្នាដែរ គ្រាន់តែយើងបណ្តុះកូនត្រប់ ម្ទេស និងប៉េងប៉ោះនៅក្នុងថ្នាល ប្រមាណជាមួយខែមុន ។ កូនត្រប់ម្ទេសនិងប៉េងប៉ោះ ពេលដកចេញពីថ្នាលត្រូវរលាស់ដីចេញពីឫសរបស់វា ។ បន្ទាប់ពីជីករណ្តៅហើយ យើងប្រើឈើបុសបុកក្នុងរណ្តៅនោះជម្រៅប្រមាណពីរថ្នាំងដៃទៀត ។ រូចហើយ យកកូនប៉េងប៉ោះ ត្រប់ ឬម្ទេសមួយដើមដាក់ក្នុងរណ្តៅឈើបុសនោះ ។ បន្ទាប់មក យកដី ឬឆ្កឹះដីល្បាយខ្សាច់នៅមាត់រណ្តៅឈើបុសលប់ឫសកូនដំណាំឲ្យជិត ។ ចុងបញ្ចប់ យកកំសៀវដងទឹកដើរស្រោចកូនដំណាំទាំងនោះមួយច្រូចៗ ។ ការស្រោចទឹកនេះគឹមិនត្រូវឲ្យទឹកប៉ះត្រួយវាទេ ។ កាលពីក្មេង ខ្ញុំធ្លាប់ធ្វើកិច្ចការនេះ ។ ម្តាយខ្ញុំស្រែកទូន្មានខ្ញុំជាប្រចាំ ទោះស្លាប់១០ជាតិក៏នៅតែចាំដែរ ។ យើងដាំកូន ត្រប់ ម្ទេស ប៉េងប៉ោះ នៅពេលល្ងាចហើយស្រោចទឹកវាតែម្តងនេះគត់ ។ ស្អែកឡើង ពេលត្រូវកំដៅថ្ងៃវាស្រឡប់ស្តូក ប៉ុន្តែអត់ងាប់ទេ ។ ពេលកូន ត្រសក់ ត្រឡាច ឃ្លោក ល្ពៅ ប៉េងប៉ោះ ត្រប់ ម្ទេស លាស់ស្លឹកបានពីរឬបី យើងយកចបជីកជ្រុំគល់ ឬគុម្ពវា មួយឬពីរថ្ងៃក្រោយមក យើជម្រះស្មៅ ឬជ្រោយដីតាមបណ្តោយរងរបស់វា ។ ការជ្រោយដីតាមបណ្តោយរងនេះ មានសារសំខាន់ណាស់ ។ វាបំបែកផ្ទាំងដីល្បប់ជាបំណែកតូចៗហើយនិងធ្វើឲ្យវាស្ងួត ។ ដីស្ងួតនៅផ្នែកខាងលើនេះ គឺជាយន្តការទាញទឹកសន្សើមនៅពេលយប់យកទៅផ្គត់ផ្គង់ដីល្បាយខ្សាច់ដែលនៅផ្នែកខាងក្រោម ។ នេះហើយគឺជាវិធីដាំដំណាំបន្លែ ដោយមិនចាំបាច់ស្រោចទឹក ។
ឯការដាំបន្លែនៅលើដីកណ្តេង ឬ ដីបឹង ឬ ដីប្រាំង គេធ្វើតាមវិធីផ្សេង ។ ជាទូទៅ យើងរង់ចាំទាល់តែដីចម្ការរឹងល្មមឲ្យគោដើរលើបាន ទើបភ្ជួរដីនោះហាលឲ្យស្ងួតបន្តិច ។ បន្ទាប់មក យើងយករនាស់ចាក់ដែលមានធ្មេញដែកដូចចម្រូង រាស់លើដីបំណាស់ឲ្យទាល់តែបែកជាដុំៗប៉ុនៗកដៃ ។ ជាមួយគ្នានោះដែរ យើងរាស់នឹងរនាស់ខ្វារចុះឡើងៗ ដើម្បីឲ្យកម្ទេចដីតូចៗធ្លាក់ចុះទៅផ្នែកខាងក្រោម ។ យើងរាស់នឹងរនាស់ចាក់និងរនាស់ខ្វារជាច្រើនដង ដើម្បីបំបែកដីអាចម៍បំណាស់ឲ្យមានល្បាយល្អិតនៅផ្នែកខាងក្រោម ។ មុននឹងចាប់ផ្តើមដាំកូន ម្ទេស ឬ ត្រប់ ដែលជាប្រភេទដំណាំធន់នឹងកំដៅថ្ងៃ យើងភ្ជួរដីនោះត្រឡប់ម្តងទៀត រួចហើយរាស់វាដូចលើកទីមួយដែរ ។ ពេលល្ងាចទើបយើងយកកូនម្ទេសនិងត្រប់ទៅដាំ ដោយវែកដីដុំនៅផ្នែកខាងលើជាទម្រង់សំបុកមាន់ រួចហើយជាន់នឹងថ្លើមជើងឲ្យហាប់បន្តិចទើបយកឈើបុសបុកជារណ្តៅ ដូចជាយើងដាំនៅលើដីល្បាយខ្សាច់តាមមាត់ទន្លេដែរ ។ ការស្រោចទឹកគឺដូចគ្នា ដោយជៀសវាងមិនឲ្យប៉ះត្រួយកូនដំណាំឡើយ ។ យើងអាចស្រោចទឹកកូនដំណាំម្តងទៀតនៅពេលព្រឹកព្រហាម រួចហើយទុកឲ្យវាចាប់ឫសរស់តាមសម្មាជីវោរបស់វា ។ ពេលកូនដំណាំលាស់ខ្ពស់បន្តិច យើងអាចយកចប ឬខ្វែវ ជម្រះពូនគល់ដើម្បីជួយឲ្យសំណើមនៅក្រោមគល់ដំណាំនៅថេរបានយូរ ក៏ដូចជាជួយទាញយកទឹកសន្សើមនៅពេលយប់ មកផ្គត់ផ្គង់កូនដំណាំដែរ ។ ជាទូទៅ ទម្រាំដីបឹងស្ងួតអាចភ្ជួររាស់ដាំដំណាំបាន គឺយើងត្រូវរង់ចាំដល់ខែ មាឃធំ ឬផល្គុន ។ ដូច្នេះ បើមានភ្លៀងកក់ខែម្តងពីរនៅខែចែត្រ យើងអាចរំពឹងទទួលបានផលច្រើន ។
និយាយអំពីការដាំដំណាំនៅក្រោយផ្ទះ ជាពិសេសផ្ទះបុរីនៅក្នុងក្រុង គឺយើងមិនមានជម្រើសច្រើនទេ ។ ដីនៅក្រោយផ្ទះ ដែលភាគច្រើនជាដីដែលគេដឹកយកមកចាក់បំពេញ ជាទូទៅមិនសូវសមប្រកបសម្រាប់ដាំបន្លែបង្កាឡើយ ។ ប៉ុន្តែ យើងអាចច្នៃវាដាំបន្លែបាន ដោយប្រើវិធីលាយល្បាយ ។ បើដីក្រោយផ្ទះយើងសម្បូរខ្សាច់ យើងរកដីកណ្តេងយកមកលាយ ។ បើដីនោះសម្បូរទៅដោយដីកណ្តេងនិងដីឥដ្ឋ យើងរកដីល្បាយខ្សាច់យកមកលាយ ។ ដីនៅក្រោយផ្ទះខ្ញុំជាប្រភេទដីកណ្តេងលាយដីឥដ្ឋ ។ ដាំបន្លែអ្វីក៏មិនសូវល្អដែរ ដ្បិតវាជាំទឹកខ្លាំងពេក ។ ដោយហេតុតែខ្ញុំមិនដឹងជាទៅរកដីល្បាយខ្សាច់ឯណាយកមកលាយបាន ខ្ញុំក៏សម្រេចចិត្តទៅទិញដីជីកំប៉ុស ដែលគេធ្វើអំពីកម្ទេចស្លឹកនិងមែកឈើលក់នៅផ្សារ យកមកលាយ ។ វាមិនមែនជាអ្វីដែលខ្ញុំចង់បានទេ ប៉ុន្តែខ្ញុំអាចប្រើវិធីឆ្នៃប្រតិដ្ឋនិងចំណេះដឹងរៀនពីដូនតា ដាំបន្លែបានផលគួរសមដែរជាមួយនឹងដីដែលមិនសូវសមប្រកបនេះ ។ អ្វីដែលខ្ញុំអនុវត្តិគឺ បង្អត់ទឹកដំណាំ ។ ខ្ញុំមិនស្រោចទឹកដំណាំខ្ញុំរាល់ថ្ងៃទេ សូម្បីតែត្រកួននិងម្អមដែលជាដំណាំដុះក្នុងស្រែឬក៏បឹង ក៏ខ្ញុំអត់ស្រោចទឹកវារាល់ថ្ងៃដែរ ។ គួរកត់សម្គាល់ថា ដីកណ្តេងឬដីឥដ្ឋពេលត្រូវទឹក វានឹងរលាយជាប់គ្នានៅផ្នែកខាងលើ (on the surface) ដូចនំក្រៀបឬគ្របឆ្នាំ ។ នៅពេលប្រការនេះកើតឡើង សំណើមនៅផ្នែកខាងក្រោមនឹងបង្កឲ្យមានចំហាយក្តៅពេលត្រូវកម្តៅព្រះអាទិត្យ ដែលញាំញីឫសដំណាំនិងធ្វើឲ្យវាក្រិន ។ ដូច្នេះ ត្រូវជ្រុំជ្រោយដីនៅក្បែរគល់ឬចន្លោះរងបន្លែ ជាមួយនឹងកូនរនាស់ផ្លែមួយ ផ្លែពីរ ឬផ្លែបួន ដូចដែលខ្ញុំបង្ហាញនៅក្នុងរូប ជាប្រចាំបន្ទាប់ពីមានភ្លៀងធ្លាក់ ឬក៏សង្កេតឃើញមានដីក្រាំងខ្លាំង ។ តាមចន្លោះជួរត្រកួនក៏ដូចគ្នា ។ គប្បីយកច្បូកម្រាមដៃ ឬក៏ដែកឬឈើប៉ុនម្រាមដៃ ទៅចាក់ឲ្យមានប្រហោងដើម្បីឲ្យចំហាយទឹកហួតឡើងលើផងដែរ ។ ដូចដែលខ្ញុំបានជម្រាបនៅផ្នែកខាងលើរួចហើយ បន្លែបង្កាភាគច្រើនវាដុះតាមព្រៃគ្មាននរណាស្រោចទឹកថែធួនពូនគល់វាទេ ។ បើយើងបារម្ភខ្លាចដំណាំងាប់ យើងអាចកាយដីនៅចន្លោះជួរដើម្បីពិនិត្យមើលថាតើវាស្ងួតដល់កម្រិតណា ។ បើស្ងួតខ្លាំង យើងអាចស្រោចទឹកដោយបង្ហូរទឹកយឺតៗឲ្យចំគល់ដំណាំនីមួយៗ ។ មិនត្រូវបាញ់ទឹកបាចសាចពាលវាលពាសកាលឡើយ លើកលែងតែត្រកួននឹងស្ពៃ ។ កាលពីក្មេង ខ្ញុំធ្លាប់ឮចាស់ៗប្រាប់ថា បើចង់ឲ្យដំណាំលាស់ស្ទុះ ត្រូវបង្អត់ទឹកវាបួនប្រាំថ្ងៃសឹមស្រោចម្តង ។
និយាយអំពីបទពិសោធមួយដែលខ្ញុំធ្វើនៅឆ្នាំនេះ ។ ខ្ញុំដាំកូនម្ទេសចំនួន ៩ដើម ។ កូនម្ទេស ៣ដើមខ្ញុំស្រោចទឹករាល់ថ្ងៃ ។ បីដើមទៀតខ្ញុំអត់ស្រោចទឹកទេ ។ ឯបីដើមចុងក្រោយ ខ្ញុំស្រោចទឹកប្រាំថ្ងៃម្តង ។ នៅតំបន់ខ្ញុំរស់នៅមានការរាំងស្ងួតប្រហែលមួយខែកន្លះ និងមានសុីតណ្ហភាពចន្លោះពី ៣៧ទៅ៤២ អង្សាសេ ជាប្រចាំ ។ ខ្ញុំសង្កេតឃើញថា កូនម្ទេសដែលខ្ញុំស្រោចទឹករាល់ថ្ងៃ វាមានស្លឹកពណ៌បៃតងខ្ចីនិងមានដើមខ្ពស់ល្វន់ល្វត ។ កូនម្ទេសដែលខ្ញុំអត់ស្រោចទឹកសោះ វាមានស្លឹកពណ៌ខៀវចាស់ ដើមទាបតែរឹងបុឹង ។ ឯកូនម្ទេសដែលខ្ញុំស្រោចទឹក ៥ថ្ងៃម្តង វាមានសណ្ឋាននៅចន្លោះកូនម្ទេសទាំងពីរក្រុមខាងលើ ។ កូនម្ទេសទាំងអស់ អត់មានងាប់មួយដើមទេ ។ នេះគឺជាបទពិសោធន៍មួយដែលខ្ញុំរកឃើញសម្រាប់ការដាំដំណាំនៅក្រោយផ្ទះ ៕
Subscribe to:
Posts (Atom)
ចំណីខួរក្បាល
កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...
-
រឿង តោនិងក្របីព្រៃ តោមួយបានដើរស្វែងរកអាហារ នៅក្បែរមាត់ព្រៃ ។ នៅពេលវាដើរ មកដល់ក្បែរមាត់បឹងមួយ វាបានឃើញក្របីព្រៃឈ្មោលចំនួនបួន កំពុង ឈរស៊ីស...
-
រឿង សត្វលានិងរូបចម្លាក់ បុរសម្នាក់បានផ្ទុករូបចម្លាក់ព្រះពុទ្ធបដិមាករ ដែលធ្វើអំពីឈើមួយអង្គ នៅលើខ្នងលា ដើម្បីដឹកយកទៅដាក់នៅក្នុងព្រះវិហារ ។ ...