Friday, May 24, 2019

ចំណីខួរក្បាល

ល្បិចអ្នកនយោបាយ ហេតុអ្វីបានជាគេប្រើពាក្យ "សង្គ្រាមពាណិជ្ជកម្ម" នៅពេលដែលដៃគូជំនួញគ្រាន់តែមានទំនាស់នឹងគ្នាហើយតម្លើងពន្ធទំនិញ (Tariffs) ទៅវិញទៅមក? ប្រការនេះប្រហែលជាពាក់ព័ន្ធនឹងមនុស្សដែលត្រូវរងគ្រោះ ឬរងកម្មដោយមិនរើសមុខ ។ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលកំពុងប្រព្រឹត្តិទៅនាពេលបច្ចុប្បន្នអាចជះឥទ្ធិពលដល់ពលរដ្ឋជាច្រើននៅជុំវិញពិភពលោក ។ អ្នកដែលរងគ្រោះធ្ងន់ជាងគេគឺអ្នក ក្រ និងអ្នកដែលប្រកបមុខរបរតូចតាច ។ តាមការព្យាករណ៍របស់ក្រុមសេដ្ឋវិទូអាមេរិកាំង ពលរដ្ឋអាមេរិកាំងគ្រប់គ្រួសារ ត្រូវចំណាយប្រាក់បន្ថែមក្នុងការទិញគ្រឿងឧបភោគបរិភោគក្នុងមួយឆ្នាំយ៉ាងហោចណាស់ក៏ ៨០០ដុល្លារដែរ ដែលជាលទ្ធផលនៃការបង្កើនតម្លៃទំនិញពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្មនេះ ។ ចំណែកពលរដ្ឋចិន ដែលជាភាគីម្ខាងទៀតនៅក្នុងជម្លោះនេះ គេមិនដឹងថាត្រូវចំណាយថវិកាបន្ថែមប្រចាំឆ្នាំប៉ុន្មានដែរទេ ។ តើអ្នកណាជាអ្នកទទួលផលនៅក្នុងសង្គ្រាមនេះ? អ្នកបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនគឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ។ គាត់ជាមនុស្ស "ឆ្លាត" ប៉ុន្តែបើយើងមើលអំពីបុគ្គលិកលក្ខណៈរបស់គាត់ វាហាក់ដូចជាមានភាពឡប់ៗនៅក្នុងនោះផងដែរ ។ ខ្ញុំសរសេរពាក្យ "ឆ្លាត" នៅក្នុងមូសិកទន្តគឺសំដៅលើភាពឆ្លាតពីរប្រភេទ៖ ឆ្លាតត្រង់និងឆ្លាតវៀច (ឆ្លាតមានល្បិច) ។ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម គ្មានទេការបង្ហូរឈាម គឺមានត្រឹមតែការបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ ។ អ្នកស្លាប់ក៏ប្រហែលជាគ្មានដែរដរាបណាការតតាំងគ្នាមិនមានភាពយូរអង្វែង ។ ប៉ុន្តែ អ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៍នោះគឺថា តើគេបង្កសង្គ្រាមនេះដើម្បីអ្វី??? បើយើងមើលត្រឹមរូបភាពខាងក្រៅ ឬរូបភាពផ្លូវការ លោកត្រាំង បង្កសង្គ្រាមពាណិជ្ជកម្មជាមួយនិងចិនគឺដើម្បីស្វែងរកតុល្យភាពពាណិជ្ជកម្មសមរម្យមួយនៅក្នុងការធ្វើជំនួញរវាងប្រទេសទាំងពីរ ត្បិតអីប្រទេសចិននាំទំនិញមកលក់នៅសហរដ្ឋអាមេរិកមានចំនួនទឹកប្រាក់ទ្វេដងនៃទំនិញអាមេរិកនាំទៅលក់នៅស្រុកចិន ។ ប្រការនេះកើតមានយូរហើយ ហើយក៏មានការជជែកគ្នាជារឿយៗដែររវាងភាគីទាំងពីរ ។ ប៉ុន្តែ រដ្ឋាភិបាលអមេរិកាំងអាណតិមុនៗ មិនឈានដល់ការធ្វើសង្គ្រាមពាណិជ្ជកម្មទេ ត្បិតមិនចង់ឲ្យពលរដ្ឋអាមេរិកាំងភាគច្រើនប្រឈមនឹងវិបត្តិថវិកា ឬជួបការលំបាកក្នុងការរស់នៅ ។ សង្គ្រាមពាណិជ្ជកម្មរបស់លោកត្រាំ គឺជាយុទ្ធសាស្ត្របាញ់ព្រួញមួយត្រូវចាបពីរ ។ ចំណុចរសើបបំផុត ឬកត្តាដែលនាំឲ្យប្រធានាធិបតីអាមេរិកាំងឈរជើងនៅក្នុងសេតវិមានមិនបានយូរគឺ ពន្ធ (Tax) ។ ប្រធានាធិបតីដែលតម្លើងពន្ធ គឺមិនសូវនៅក្នុងសេតវិមានបានយូរឡើយ ។ ប៉ុន្តែ គេត្រូវការកំណើនចំណូលពីពន្ធ ដើម្បីបំពេញបំណងនានាដែលពលរដ្ឋចង់បាន ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ គេចាំបាច់ត្រូវតែប្រើល្បិចបំភាន់ភ្នែក ។ អ្នកដែលតាមដានគោលនយោបាយរបស់លោកត្រាំ ប្រហែលជានៅចាំថា កាលគាត់ឡើងកាន់តំណែងជាប្រធានាធិបតីភ្លាម គាត់បានចេញច្បាប់កាត់បន្ថយពន្ធបៀវត្សរ៍ និងពន្ធជំនួញ (Corporate Tax) ដើម្បីបន្ថែមចំណូលដល់ពលរដ្ឋនិងបង្កើនការងារ ។ បន្ទាប់ពីនោះ គាត់ក៏ប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយនិងប្រទេសចិន ដោយបង្កើនពន្ធនាំចូលទំនិញពីប្រទេសនេះ ។ សួរថា នៅពេលដែលទំនិញត្រូវបង់ពន្ធខ្ពស់ តើតម្លៃនៃទំនិញនោះត្រូវឡើងខ្ពស់ដែរទេ? វាប្រាកដជាឡើងខ្ពស់ដែរហើយ ។ ចុះនរណាដែលត្រូវរងកម្មចំណាយប្រាក់ទៅលើតម្លៃទំនិញដែលឡើងខ្ពស់នោះ? គឺពលរដ្ឋទូទៅ (Consumers) ។ អ្វីដែលជារឿងគួរឲ្យឈឺចាប់នោះគឺថា ទំនិញដែលឡើងថ្លៃហើយ វាកម្រនឹងធ្លាក់ចុះមកវិញណាស់ ។ បើធ្លាក់ចុះមកវិញ ក៏ធ្លាក់យឺតដែរ ។ អ្នកដែលប្រើម៉ូតូឡាន តែងតែជួបរឿងនេះជាមួយនឹងតម្លៃប្រេងសាំងរឿយៗ ។ សរុបសេចក្តីមក អ្វីដែលលោកត្រាំធ្វើ មិនមែនដើម្បីពលរដ្ឋអាមេរិក (America First) ទេ គឺដើម្បី ត្រាំ (Trump First) ។ គាត់ប្រើល្បិចឲ្យពីមុខ រួចលួចច្បិចយកពីក្រោយ ។ ការតម្លើងពន្ធ (Tariffs) ទៅលើទំនិញនាំចូលពីប្រទេសចិននោះ វាជាមធ្យោបាយខ្ចីដៃអ្នកដទៃឲ្យប្រព្រឹត្តិអ្វីដែលគាត់មិនចង់ឬមិនអាចធ្វើ ។ គាត់កាត់បន្ថយពន្ធពីពលរដ្ឋ រួចហើយខ្ចីដៃពាណិជ្ជករឲ្យតម្លើងពន្ធនោះវិញតាមរយៈទំនិញឡើងថ្លៃមួយផ្នែក ហើយមួយផ្នែកទៀតតាមរយៈពន្ធនាំទំនិញចូល (Tariffs) ។ ពលរដ្ឋភាគច្រើនមិនចាប់អារម្មណ៍ ឬមិនយល់ទេថា សង្គ្រាមពាណិជ្ជកម្មជាមួយនឹងចិន ជាល្បិចតម្លើងពន្ធ ។ មិនតែប៉ុណ្ណោះ ពួកគេនឹងសាទរថាជាគោលនយោបាយបម្រើជាតិ ដ៏ល្អទៀតផង ៕

Thursday, May 16, 2019

ចំណីខួរក្បាល

ទំនាក់ទំនងសង្ខារ(សង្សារ) មនុស្សយើងប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ។ ញាតិមិត្តខ្លះយើងនិយាយរឿងក្នុងចិត្តប្រាប់គ្មានសល់ ។ ប៉ុន្តែ ញាតិមិត្តខ្លះទៀតយើងប្រាប់តែបន្តិចបន្តួចទេ ។ ជាទូទៅញាតិមិត្តដែលយើងស្និទ្ធជាងគេគឺអ្នកដែលទទួលបានទំនុកចិត្ត(Trust)ខ្ពស់បំផុត ។ សេចក្តីគោរពនិងគុណតម្លៃនៃបុគ្គលក៏ជាកត្តាទាញយើងឲ្យមានភាពស្និទ្ធស្នាលដែរ ។ តើយើងបង្កើតភាពស្និទ្ធស្នាលនឹងអ្នកដទៃដោយរបៀបណា? ប្រការនេះ យើងគួរអរគុណដល់អ្នកស្រាវជ្រាវពីររូបគឺលោក ចូសេហ្វ ឡាហ្វ និង ហារីងតុន អុីងហ្គាម (Joseph Luft and Harry Ingham) ។ អ្នកទាំងពីរបានរកឃើញសមតិកម្មមួយដែលគេឲ្យឈ្មោះថា៖ បង្អួចចូហារី (Johari Window) ។ សមតិកម្ម ឬ បង្អួចចូហារី ជាមធ្យោបាយមួយដែលមនុស្សអាចស្វែងរកទំនុកចិត្តនិងបង្កើតភាពស្និទ្ធស្នាលជាមួយនឹងមិត្តភក្តិក៏ដូចជាសាច់សាលោហិតដែរ ។ វាមានសារប្រយោជន៍ជាទីបំផុតសម្រាប់អ្នកស្វែងរកគូស្រករ ។ តាមពិតទៅការប្រាស្រ័យទាក់ទងគ្នា បានអនុញាតិឲ្យយើងអាចបង្កើតភាពស្និទ្ធស្នាលនឹងគ្នារួចទៅហើយ ។ ប៉ុន្តែ អ្វីដែលជាសារសំខាន់គឺភាពរឹងមាំនិងខ្លឹមសារនៃភាពស្និទ្ធស្នាលនោះ ។ កាលរៀនអំពីបង្អួចចូហារីនៅមហាវិទ្យាល័យ ខ្ញុំមិនសូវយល់ឬក៏យកចិត្តទុកដាក់នឹងស្វែងយល់អំពីវាទេ ។ អ្វីដែលជាកត្តានាំខ្ញុំឲ្យវិលទៅមើលនិងស្វែងយល់អំពីបង្អួចចូហារី គឺបន្ទាប់ពីការបរាជ័យផ្ទួនៗក្នុងការទាក់ទងស្នេហាជាមួយនឹងបដិភាគី (Opposite Sex) ។ តាមពិត បង្អួចចូហារីមិនគ្រាន់តែជួយយើងឲ្យយល់អំពីការប្រាស្រ័យទាក់ទងគ្នារវាងសង្សារតែប៉ុណ្ណោះទេ វាជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងទំនាក់ទំនងគ្រួសារក៏ដូចជាសាច់សាលោហិតញាតិមិត្តផងដែរ ។ នៅក្នុងតារាងខាងក្រោមនេះ គេចែកបង្អួចចូហារីជាបួនផ្នែក ។ ខ្ញុំបានសម្រួលរូបភាពបង្អួចនេះដើម្បីឲ្យងាយយល់ ដោយគូសសញ្ញាព្រួញ និងដាក់អក្សរ A, B, C, D ជាចំណុចសម្គាល់ ។ នៅក្នុងចន្លោះនៃផ្នែកនីមួយៗ វាតំណាងឲ្យអត្ថិភាពនៃការយល់ដឹងរបស់បុគ្គល ។ នៅពេលយើងជួបភពប្រសព្វនឹងនរណាម្នាក់ យើងនឹងបង្កើតឲ្យមានទំនាក់ទំនងសង្ខារតាមរយៈការប្រាស្រ័យទាក់ទងគ្នា ។ ទំនាក់ទំនងនេះរឹងមាំឬមិនរឹងមាំគឺអាស្រ័យលើបទបង្ហាញ ។ ដើម្បីបង្កើតនិងបង្កើនទំនុកចិត្ត ដៃគូសន្ទនាចាំបាច់ត្រូវធ្វើបទបង្ហាញ ដែលភាសាអង់គ្លេសហៅថា៖ Disclosure or Self-Disclosure ។ គំនិតសាមញ្ញនៅទីនេះគឺ ខ្ញុំប្រាប់អ្នក អ្នកប្រាប់ខ្ញុំ ។ ទំនាក់ទំនងនៃបទបង្ហាញមានពីរប្រភេទគឺ៖ ប្រាប់ដោយស្ម័គ្រចិត្ត និងប្រាប់ដោយបង្ខំ (Voluntary Disclosure and Forced Disclosure) ។ ឧទាហរណ៍នៃករណីនេះគឺ នៅពេលយើងប្រាប់អំពីចំណង់ចំណូលចិត្តរបស់យើងទៅនរណាម្នាក់ ហើយគេមិនប្រាប់យើងវិញអំពីចំណង់ចំណូលចិត្តរបស់គេ ។ យើងក៏សួរអំពីចំណង់ចំណូលចិត្តរបស់គេដើម្បីឲ្យគេប្រាប់មកយើងវិញ ។ នៅតាមបណ្តោយជួរព្រួញ B => A វាជាចំណុចដែលបុគ្គល (I) ដឹងនិងស្គាល់ជាក់លាក់ ។ នៅតាមបណ្តោចជួរព្រួញ D => A វាជាចំណុចដែលបុគ្គល (you, him, her, them) ដឹងនិងស្គាល់ជាក់លាក់ ។ ចំណុច C គឺជាចំណុចដែលគ្មាននរណាដឹងឬស្គាល់ ។ នៅពេលដែល ខ្ញុំនិងអ្នកជួបស្គាល់គ្នា (I and You meet) យើង (We) បង្កើតបានចំណុចរួមមួយគឺ A តាមរយៈការប្រាប់គ្នាទៅវិញទៅមក ។ យើងប្រាប់គ្នារឹតតែច្រើន ចំណុច A រីករឹតតែធំ ។ ឯចំណុច B, C, D ក៏រួមតូចទៅៗសមមាត្រនឹងការរីករបស់​ A ។ ចំណុច A នេះតំណាងឲ្យការស្គាល់ចិត្តថ្លើមគ្នារវាង ខ្ញុំនិងអ្នក ។ តាមគោលការណ៍បង្អួចចូហារី នៅពេលយើងជួបប្រាស្រ័យទាក់ទងគ្នា យើងបង្កើតឲ្យមានទំនុកចិត្តឬមន្ទិលតាមរយៈបទបង្ហាញ៖ យើងប្រាប់គេ គេប្រាប់យើង ។ តាមរយៈការប្រាប់នេះ Self-diclosures យើងអាចស្វែងយល់អំពីបុគ្គលិកលក្ខណៈរបស់ភាគីទាំងសងខាង ។ ការយល់ដឹងអពីបុគ្គលិកលក្ខណៈរបស់បុគ្គលនេះហើយ ដែលអាចបង្ហាញប្រាប់យើងថាតើមនុស្សដែលយើងស្គាល់នេះអាចទុកចិត្តបានដល់កំរិតណា ។ នៅក្នុងគោលការណ៍សមតិកម្ម ឬ បង្អួចចូហារី យើងគួរស្វែងយល់តាមរយៈបទបង្ហាញ Self-disclosure យ៉ាងហោចណាស់ក៏ ៧៥ភាគរយដែរ មុននឹងវាយតម្លៃទំនាក់ទំនងសង្ខារថាល្អឬអាក្រក់ ។ មានន័យថា យើងត្រូវពង្រីកចំណុច A (ចំណុចស្គាល់គ្នា) ឲ្យបានធំបំផុតដើម្បីពង្រឹងទំនាក់ទំនងសង្ខារឲ្យរឹងមាំ ក៏ដូចជាវាយតម្លៃ ឬសម្រេចចិត្តផ្តាច់និស្ស័យជាមួយនឹងទំនាក់ទំនងសង្ខារនោះ ៕

Monday, May 6, 2019

ចំណីខួរក្បាល

លទ្ធិប្រជាធិបតេយ្យ កាលសម័យប្រើប៊ិកនិងក្រដាស លទ្ធិប្រជាធិបតេយ្យត្រូវបានគេសរសេរបកស្រាយសឹកចុងប៊ិករាប់ភ្លេច ។ លុះដល់សម័យកំព្យូទ័រ វាក៏ត្រូវបានគេសរសេរសឹកក្តាចុចកំព្យូទ័ររាប់មិនអស់ដែរ ។ មនុស្សខ្លះអះអាងថា លទ្ធិប្រជាធិបតេយ្យគួរអនុវត្តដូច្នេះ ។ ខ្លះថាដូច្នោះ ទៅតាមការយល់ឃើញតែរៀងខ្លួន ។ ខ្ញុំគ្មានបំណងរិះគន់នរណាទេនៅក្នុងប្រការនេះ គ្រាន់តែចង់បង្ហាញថា លទ្ធិប្រជាធិបតេយ្យ ក៏មិនខុសអ្វីអំពីព្រះពុទ្ធសាសនាដែរ ។ វាមានគោលដៅជាក់លាក់ពិតប្រាកដ ។ ប៉ុន្តែ មនុស្សដែលមិនយល់អំពីប្រជាធិបតេយ្យ ចេះតែអនុវត្តប៉ាតណាប៉ាតណីទៅ ។ នៅក្នុងព្រះពុទ្ធសាសនា គោលដៅស្នូលគឺ កាត់បន្ថយឬលុបបំបាត់សេចក្តីទុក្ខចេញអំពីជីវិត ។ ឯគោលដៅស្នូលរបស់លទ្ធិប្រជាធិបតេយ្យក៏ដូចគ្នាដែរគឺ កាត់បន្ថយនិងលុបបំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គមមនុស្ស ។ និយាយឲ្យងាយយល់គឺបង្កើតនិងបង្កើនសុភមង្គលនៅក្នុងសង្គម ។ ប្រទេសជាច្រើននៅក្នុងពិភពលោក រាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ អនុវត្តលទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែ បើយើងសង្កេតឲ្យដិតដល់ទៅ មានប្រទេសមិនច្រើនទេដែលអនុវត្តលទ្ធិប្រជាធិបតេយ្យបានសុក្រិត ឬក៏ជិតដល់កម្រិតនៃគោលការណ៍ស្នូលរបស់វា ។ តើអ្វីទៅជាគោលការណ៍ស្នូលនៃលទ្ធិប្រជាធិបតេយ្យ?? វាស្ថិតនៅក្នុងពាក្យ៖ Demos + kratio or Democracy ដែលមានន័យថា៖ អំណាចរបស់ពលរដ្ឋ ។ គោលការណ៍ស្នូលនេះត្រូវបានសម្រួលឲ្យងាយយល់ដោយអតីតប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក អាប្រាហាម លីងកុន នៅឆ្នាំ ១៨៦៣ ដោយថ្លែងយ៉ាងខ្លីថា៖ "រដ្ឋាភិបាលរបស់ពលរដ្ឋ ដើម្បីពលរដ្ឋ និង បង្កើតឡើងដោយពលរដ្ឋ" (Government of the people, for the people, by the people) ។ ខ្ញុំសូមបកស្រាយត្រួសៗអំពីគោលការណ៍និងស្មារតីនៃ "រដ្ឋាភិបាលរបស់ពលរដ្ឋ ដើម្បីពលរដ្ឋ និងបង្កើតឡើងដោយពលរដ្ឋ" ។ ដើម្បីឲ្យពលរដ្ឋអាចបង្កើត គ្រប់គ្រង និង បង្គាប់បញ្ជារដ្ឋាភិបាលបាន លុះត្រាតែពលរដ្ឋមានអំណាច (Power) ។ វាជារឿងមួយស្មុគស្មាញណាស់នៅពេលយើងនិយាយអំពីអំណាច ត្បិតអីរដ្ឋាភិបាលជាស្ថាប័នដែលកាន់អំណាច មិនមែនពលរដ្ឋទេ ។ ដូច្នេះ ដើម្បីរក្សាអំណាចពលរដ្ឋ គេត្រូវមានយន្តការគាំពារជាច្រើន ។ យន្តការគាំពារដ៏ធំនិងចាំបាច់ជាទីបំផុតគឺ សិទ្ធិនិងសេរីភាព ។ សិទ្ធិនិងសេរីភាពខ្លះមិនអាចប៉ះពាល់បានទេ ។ មានន័យថា វាមានតម្លៃស្មើនឹងជីវិតមនុស្ស ។ ឧទាហរណ៍ សិទ្ធិផ្សព្វផ្សាយនិងនិយាយស្តីនៅសហរដ្ឋអាមេរិកត្រូវបានការពារនិងគោរពដូចព្រះអាទិទេព ។ រដ្ឋធម្មនុញ្ញហាមមិនឲ្យសរសេរច្បាប់ប៉ះពាល់ដល់សិទ្ធិនេះឡើយ ។ នៅពេលយើងនិយាយអំពីលទ្ធិប្រជាធិបតេយ្យ គឺយើងនិយាយអំពីការបោះឆ្នោតនិងសន្លឹកឆ្នោតដែលតំណាងឲ្យអំណាចរបស់ពលរដ្ឋ ។ សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលអនុវត្តលទ្ធិប្រជាធិបតេយ្យបានសុក្រិតជាងគេ ។ ខ្ញុំប្រើពាក្យសុក្រិតនៅទីនេះ គឺសំដៅលើការផ្តល់និងរក្សាអំណាចឲ្យពលរដ្ឋ ។ អំណាចដែលបុគ្គលពលរដ្ឋអាមេរិកាំងគ្រប់ៗរូបមាន គឺសន្លឹកឆ្នោតមួយសន្លឹក ។ យើងអាចសួរថា ពលរដ្ឋប្រទេសដទៃដែលបោះឆ្នោតជ្រើសរើសតំណាងខ្លួន ក៏មានសន្លឹកឆ្នោតមួយសន្លឹកដូចគ្នា តើមានអ្វីខុសគ្នាទៅ? ប្រការនេះគឺស្ថិតនៅត្រង់ចំណុចពិសេសមួយដែលគេហៅថា៖ អ្នកឈ្នះយកទាំងអស់ (Winner takes all) ផ្គួបជាមួយនឹងគោលការណ៍បោះឆ្នោតឯកត្តនាម ។ ការបោះឆ្នោតនៅសហរដ្ឋអាមេរិកហាក់ដូចជាមានភាពស្មុគស្មាញពិបាកយល់សម្រាប់អ្នកដែលមិនធ្លាប់រៀនអំពីប្រវត្តិសាស្ត្រអាមេរិកាំង ។ ប៉ុន្តែ បើយើងសង្កេតមើលឲ្យជិតដិតបន្តិច វាជាព្រឹត្តិការណ៍ងាយយល់ជាទីបំផុត ។ ជាបឋម គណបក្សនានានៅស្រុកអាមេរិកគ្រាន់តែជាផ្លាកយីហោតែប៉ុណ្ណោះ ។ ប្រធានបក្សប្រៀបដូចជាទីងមោងចាំស្រែ ។ គាត់គ្មានតួនាទីឬក៏ឥទ្ធិពលក្នុងការតែងតាំងបេក្ខជនឲ្យទៅឈរឈ្មោះបោះឆ្នោតទេ ។ អ្វីៗគឺអាស្រ័យលើពលរដ្ឋជាអ្នកសម្រេច ។ ដើម្បីជ្រើសរើសបេក្ខជន គណបក្សនីមួយៗត្រូវរៀបចំការប្រកួតបោះឆ្នោតក្នុងបក្ស (Intra-Party Competition) ជាមុនសិន ។ អ្នកដែលទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងគេគឺទទួលបានសិទ្ធិទៅប្រកួតជាមួយនឹងគណបក្សដទៃដោយស្វ័យប្រវត្តិ ។ គួរបញ្ជាក់ថា ការប្រកួតនេះគឺបែងចែកតាមមណ្ឌលនីមួយៗ ។ នៅក្នុងមណ្ឌលមួយអាចមានបេក្ខជន ១០ ឬ ២០នាក់ប្រកួតគ្នា ។ អ្នកឈ្នះគឺមានតែម្នាក់ទេដែលត្រូវទៅប្រកួតជាមួយនឹងបក្សដទៃ (Inter-Parties Competition) ។ សម្រាប់ការប្រកួតជ្រើសរើសប្រធានាធិបតីក៏ដូចគ្នាដែរ គ្រាន់តែមណ្ឌលប្រកួតគឺសហរដ្ឋអាមេរិកទាំងមូល ឬទូទាំងប្រទេស ។ គេអនុញាតឲ្យមានការប្រកួតក្នុងបក្សរយៈពេលមួយឆ្នាំ ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីចេញពីបក្សនីមួយៗ ។ បច្ចុប្បន្ន គណបក្សប្រជាធិបតេយ្យមានមនុស្សប្រមាណជា ២០រូបបានប្រកាសបេក្ខភាពប្រធានាធិបតីរបស់ខ្លួនរួចហើយ ។ គេនឹងចាប់ផ្តើមប្រកួតក្នុងបក្សនៅចុងឆ្នាំនេះ ដើម្បីជ្រើសរើសយកបេក្ខជនម្នាក់ទៅប្រកួតជាមួយនឹងបក្សដទៃ ។ គួរកត់សម្គាល់ថា ទាំងការប្រកួតក្នុងបក្ស និងអន្តរបក្ស គឺគេអនុវត្តតាមរូបមន្តអ្នកឈ្នះយកទាំងអស់ ។ ដូច្នេះ សន្លឹកឆ្នោតមួយសន្លឹកអាចផ្តល់ឱកាសឲ្យមនុស្សម្នាក់ធ្វើជាបេក្ខជននិងឈានទៅដល់ការកាន់កិច្ចការនៅក្នុងតួនាទីមួយ ។ ចំណុចនេះហើយដែលជាលក្ខណៈពិសេសរបស់លទ្ធិប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិក ។ ជោគវាសនាឬជោគជ័យរបស់បេក្ខជនប្រធានាធិបតីនៃសហរដ្ឋអាមេរិកក្តី តំណាងរាស្ត្រក្តី អភិបាលរដ្ឋក្តី ក្រុមប្រឹក្សាឃុំសង្កាត់ក្តី គឺអាចអាស្រ័យលើសន្លឹកឆ្នោតតែមួយសន្លឹកគត់ ។ ថ្វីត្បិតតែការឈ្នះឆ្នោតដោយសម្លេងត្រឹមមួយសន្លឹកកម្រកើតមានក៏ដោយ ក៏កត្តានេះបានធ្វើឲ្យមានតុល្យភាពអំណាចរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងអ្នកបោះឆ្នោតម្នាក់ៗ ។ តើគេបង្កើតតុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងអ្នកផ្តល់អំណាចឲ្យគេកាន់ដោយរបៀបណា? ប្រការនេះត្រូវការការបកស្រាយវែងឆ្ងាយ ប៉ុន្តែសូមលើកយកចំណុចសំខាន់ៗមួយចំនួនមកធ្វើបទបង្ហាញ ។ ចំណុចសំខាន់ដ៏ធំបំផុតដែលក្រុមអ្នកស្ថាបនិកសហរដ្ឋអាមេរិកបានធ្វើ គឺការលះបង់អំណាច ឬយកចំណងមកចងតណ្ហាឬឥទ្ធិពលរបស់ខ្លួន ។ នៅពេលដែលសហរដ្ឋអាមេរិករើបម្រាស់រួចនិងទទួលបានឯករាជ្យពីចក្រភពអង់គ្លេស រដ្ឋដែលមានចំនួន ១៣ នាគ្រានោះបានបញ្ជូនអ្នកមុខអ្នកការដែលសុទ្ធសឹងជាអ្នកមានឥទ្ធិពល មានទ្រព្យ មានទាសកររាប់មិនអស់ ទៅប្រជុំគ្នាសរសេររដ្ឋធម្មនុញ្ញថ្មីមួយ ។ ក្នុងចំណោមអ្នកសរសេររដ្ឋធម្មនុញ្ញទាំងនោះ មាននិន្នាការពីរផុសចេញមក គឺក្រុមអ្នកចង់ឲ្យមានអំណាចរដ្ឋាភិបាលទូលំទូលាយ និងក្រុមអ្នកចង់ឲ្យពលរដ្ឋមានអំណាចទូលំទូលាយ ។ ពាក្យស្លោករបស់ក្រុមអ្នកចង់ឲ្យពលរដ្ឋមានអំណាចទូលំទូលាយគឺ៖ រដ្ឋាភិបាលដែលគ្រុបគ្រងតិច គឺជារដ្ឋាភិបាលដែលល្អបំផុត (Government that governs least is government that governs best.) ។ រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិកគឺប្រសូត្រចេញមកអំពីការតតាំងគ្នារវាងក្រុមទាំងពីរនេះឯង ។ កាលពួកគេសរសេររដ្ឋធម្មនុញ្ញដំបូង វាមាន២៧មាត្រា ។ បន្ទាប់ពីធ្វើការសម្រិតសម្រាំងមួយរយៈ ពួកគេកាត់បន្ថយវាមកនៅត្រឹម ៧មាត្រាតែប៉ុណ្ណោះ ។ វាជារដ្ឋធម្មនុញ្ញដ៏ខ្លីជាទីបំផុត ត្បិតអីមាត្រាទី ៤ ដល់ទី៧ មានប្រវែងមិនដល់មួយទំព័រទេ ។ មាត្រាទី ១ ដល់ទី ៣ ដែលមានប្រវែងលើសពីមួយទំព័រនោះ ភាគច្រើនគឺគេសរសេរចងដៃចងជើងអ្នកកាន់អំណាចមិនឲ្យប្រព្រឹត្តិអ្វីលើសពីដែនសមត្ថកិច្ចរបស់ខ្លួនឡើយ ។ គំនិតសាមញ្ញនៅទីនេះគឺ៖ រដ្ឋធម្មនុញ្ញខ្លី ច្បាប់នឹងមានតិច ។ មានច្បាប់តិច សិទ្ធិសេរីភាពរបស់ពលរដ្ឋនឹងសល់ច្រើន ។ សល់សិទ្ធិច្រើន វិសាលភាពនៃអំណាចក៏ទូលំទូលាយដែរ ។ ក្រៅអំពីដាក់កម្រិតឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ (Limited Government) ក៏នៅមានតួនាទីរបស់ស្ថាប័នផងដែរ ។ នៅក្នុងជួររដ្ឋបាលនៃសហរដ្ឋអាមេរិក ស្ថាប័នដើរតួសំខាន់ក្នុងការការពារកុំឲ្យជនផ្តាច់ការមានឱកាសងើបមុខរួច ។ ខ្ញុំសូមមិននិយាយអំពីតុល្យភាពនៃអំណាច (Check and Balance) រវាងនិតិបញ្ញតិ និតិប្រតិបត្តិ និង តុលាការ ទេត្បិតអីប្រការនេះត្រូវបានគេសរសេរបកស្រាយទូលំទូលាយហើយ ។ អ្វីដែលខ្ញុំចង់បកស្រាយនៅទីនេះ គឺភាពឯករាជ្យឬក្លាហាននៃស្ថាប័ននៅក្រោមសាខាមួយនៃរដ្ឋាភិបាល ។ មនុស្សជាច្រើន ជាពិសេសពលរដ្ឋខ្មែរ ដែលរស់នៅក្រោមលទ្ធិប្រជាធិបតេយ្យដូចគ្នា ប្រហែលជាឆ្ងល់ថាតើហេតុអ្វីក៏ក្រសួងយុត្តិធម៌សហរដ្ឋមេរិកហ៊ានតែងតាំងចៅក្រមពិសេសលោក រូបឺត មុល្លឺ ឲ្យទៅស៊ើបអង្កេតលោក ដូណាល់ ត្រាំ ដែលជាចៅហ្វាយនាយរបស់ពួកគេ ។ ដូចគ្នាដែរ ហេតុអ្វីក៏លោក ត្រាំ មិនបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ឈប់ការស៊ើបអង្កេតនោះ? ប្រការនេះពាក់ព័ន្ធនឹងច្បាប់រក្សានិរន្តរភាពស្ថាប័ននិងការពារបុគ្គលនៅក្នុងស្ថាប័ន ។ នៅក្នុងជួររដ្ឋាភិបាលអាមេរិក ប្រធានាធិបតីតែងតាំងរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងឧបអនុរដ្ឋមន្ត្រី ។ តំណែងក្រោមឧបអនុរដ្ឋមន្ត្រីភាគច្រើនគឺជ្រើសរើសចេញពីមហាជនផ្អែកលើចំណេះជំនាញនានា ។ គេហៅបុគ្គលិកទាំងនេះថា ក្រុមការិយាធិបតេយ្យ ។ ពួកគេធ្វើការតាមតួនាទីដោយមិនភ័យអំពីការបាត់បង់តំណែងទេ ត្បិតតំណែងរបស់ពួកគេមិនមកតាមរយៈជើងខោមេឡើយ ។ ប្រធានាធិបតីអាចដកឬបញ្ឈប់តំណែងរដ្ឋមន្ត្រី ឬ អនុរដ្ឋមន្ត្រី ប៉ុន្តែមិនអាចដកតំណែងពីពួកការិយាធិបតេយ្យឡើយ ដរាបណាពួកគេមិនបានប្រព្រឹត្តិអ្វីខុសច្បាប់ ។ ជាទូទៅ រដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីតែងតែសួរយោបល់ពួកការិយាធិបតេយ្យមុននឹងធ្វើកិច្ចការអ្វីមួយ ទោះបីកិច្ចការនោះបញ្ជាចេញមកពីប្រធានាធិបតីដែលជាចៅហ្វាយនាយរបស់ពួកគេក៏ដោយ ។ ផ្អែកលើឯកសារស៊ើបអង្កេតរបស់លោក មុល្លឺ លោក ត្រាំ បានព្យាយាមបញ្ជាឲ្យបញ្ឈប់ការស៊ើបអង្កេតមកលើរូបគាត់ដែរ ប៉ុន្តែមិនត្រូវបានមន្ត្រីក្រោមឱវាទអនុវត្តិតាម ត្បិតខ្លាចមានទោសជាមួយលោក ត្រាំ ប្រសិនបើការសង្ស័យក្លាយជាការពិត ។ នេះក៏ជាប្រការមួយដែរដែលជាកត្តារក្សាអំណាចទុកឲ្យពលរដ្ឋ ។ គំនិតគោលគឺ អំណាចដែលបុគ្គលដឹកនាំរដ្ឋមិនអាចប្រើ វានឹងស្ថិតនៅជាមួយពលរដ្ឋ ។ យន្តការគាំពារអំណាចពលរដ្ឋសំខាន់មួយទៀតរបស់សហរដ្ឋអាមេរិក គឺរូបមន្តអាណតិបោះឆ្នោត ២ ៤ និង ៦ ។ អាណតិរបស់សមាជិករដ្ឋសភាឬតំណាងរាស្ត្រអាមេរិកាំងមានរយៈពេល ២ឆ្នាំ ។ ប្រធានាធិបតី ៤ឆ្នាំ ។ ព្រឹទ្ធសភា ៦ឆ្នាំ ។ រូបមន្តនេះមិនមែនធ្វើឡើងតាមនឹកឃើញនោះទេ ។ មានការជជែកវែកញែកហេតុផលយ៉ាងយូរទម្រាំប្រតិភូសរសេររដ្ឋធម្មនុញ្ញសម្រេចជ្រើសរើសយករូបមន្តនេះ ។ មូលហេតុដែលគេដាក់អាណតិតំណាងរាស្ត្រត្រឹម ២ឆ្នាំ គឺដើម្បីឲ្យពលរដ្ឋអាចសម្តែងឆន្ទៈរបស់ពួកគេបានភ្លាមៗ ដោយមិនចាំបាច់រង់ចាំដល់ចប់អាណតិប្រធានាធិបតី នៅពេលដែលពួកគេចង់តម្រង់ផ្លូវគោលនយោបាយរបស់រដ្ឋាភិបាល ។ ឧទាហរណ៍ថ្មីៗនេះ គឺនៅពេលដែលលោក ដូណាល់ ត្រាំ ឡើងធ្វើជាប្រធានាធិបតីហើយមានបំណងលុបបំបាត់គោលនយោបាយធានារ៉ាប់រងសុខភាពរបស់រដ្ឋព្រមទាំងសាងសង់របងតាមបណ្តោយព្រំដែនភាគខាងត្បូង ដែលជាកិច្ចការពលរដ្ឋភាគច្រើនមិនចង់ឲ្យគាត់អនុវត្តិ គណបក្សរបស់គាត់ដែលកាន់អំណាចទាំងនិតិប្រតិបត្តិនិងនិតិបញ្ញតិ ត្រូវបានពលរដ្ឋបោះឆ្នោតប្តូរឲ្យនៅមានឥទ្ធិពលត្រឹមតែនិតិប្រតិបត្តិតែប៉ុណ្ណោះ ។ ប្រការដែលសមាជិករដ្ឋសភានិងព្រឹទ្ធសភាមានរយៈពេលខុសគ្នាដល់ទៅបីដង គឺដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋបញ្ចេញកំហឹងរបស់ខ្លួនតាមរយៈរដ្ឋសភា ហើយព្រឹទ្ធសភាជាអ្នករំងាប់កំហឹងនោះ ។ ស្ថាប័នមួយទៀតដែលមានបន្ទុករំងាប់កំហឹងនិងតម្រង់ផ្លូវគិតរបស់ ពលរដ្ឋនិងអ្នកនយោបាយ គឺចៅក្រមសហព័ន្ធ (Federal Court judges) ។ ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកភាគច្រើនត្រូវបានតែងតាំងដោយប្រធានាធិបតីនិងផ្តល់សច្ចានុម័តឲ្យដោយព្រឹទ្ធសភា ។ នៅពេលទទួលបានការទទួលស្គាល់ឲ្យចូលកាន់ការងារ ចៅក្រមទាំងនោះអាចកាន់តួនាទីអស់មួយជីវិតដោយមិនភ័យអំពីនរណាដកតំណែងអំពីគាត់ឡើយ ដរាបណាគាត់មិនបានប្រព្រឹត្តិអ្វីខុសច្បាប់ ។ សារសំខាន់ក្នុងការផ្តល់ឱកាសឲ្យសមាជិកបម្រើការងាររដ្ឋខ្លះមានអាណតិយូរអង្វែង គឺដើម្បីជៀសវាងកំហុសធ្ងន់ធ្ងរ ត្បិតអីការសម្រេចចិត្តធ្វើអ្វីមួយនៅពេលកំពុងមានកំហឹងឬចំណង់នោះ អាចខ្វះការពិចារណាឲ្យបានសព្វជ្រុងជ្រោយ ។ ពាក់ព័ន្ធនឹងប្រការនេះ មានការនិទានតៗគ្នាថា ប្រតិភូសរសេររដ្ឋធម្មនុញ្ញពីររូបបានប្រកែកគ្នាតឹងសសៃក ។ ម្នាក់សួរថា ហេតុអ្វីចាំបាច់មានរយៈពេលអាណតិខុសគ្នា ។ ប្រតិភូដែលគាំទ្រឲ្យមានអាណតិខុសគ្នាសួរបកទៅវិញថា ហេតុអ្វីក៏ឯងចាក់ទឹកត្រជាក់ចូលក្នុងចានទ្រនាប់ពែងតែរបស់ឯង? បុរសទីមួយឆ្លើយផូងមកវិញថា៖ ដើម្បីធ្វើឲ្យកំដៅទឹកតែវាធ្លាក់ចុះ (To cool it down!) ។ ប្រតិភូដែលគាំទ្រឲ្យមានអាណតិខុសគ្នាក៏ពន្យល់ថា៖ យើងបង្កើតឲ្យមានអាណតិខុសគ្នាគឺនៅក្នុងគោលបំណងដែលឯងចាក់ទឹកត្រជាក់ចូលក្នុងចានទ្រនាប់ពែងតែនោះឯង (Your point is precisely what we want!) ។ ចាប់តាំងពីសហរដ្ឋអាមិរិកអនុវត្តលទ្ធិប្រជាធិបតេយ្យជាង៣០០ឆ្នាំកន្លងទៅនេះ មិនមានការកែប្រែឬក៏ផ្លាស់ប្តូររបៀបគ្រុបគ្រងជាដុំកំភួនទេ ទាំងរដ្ឋធម្មនុញ្ញ ទាំងរចនាសម្ព័ន្ធដឹកនាំ ។ បានន័យថា វាជាគោលការណ៍អនុវត្តន៍លទ្ធិប្រជាធិបតេយ្យប្រកបដោយជោគជ័យជាទីបំផុត ។ តាមពិតទៅ សហរដ្ឋអាមេរិកមិនដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យទាំងស្រុងទេ ។ គេយកគោលការណ៍នេះមកកែច្នៃឲ្យទៅជារបបមួយដែលពិភពលោកហៅថា៖ សាធារណរដ្ឋ ឬ រដ្ឋសាធារណៈ (Republic) ។ រដ្ឋសាធារណៈប្រៀបដូចជាសួនសាធារណៈដែរ ។ ពលរដ្ឋទាំងអស់ ទាំងអ្នកក្រ អ្នកមាន និងអ្នកសុំទាន មានសិទ្ធិប្រើនិងទទួលអត្ថប្រយោជន៍ដូចៗគ្នា ។ មុននឹងបញ្ចប់អត្ថបទនេះ សូមលើកយកការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមកលាតត្រដាងបន្តិច ។ ផ្អែកលើការសង្កេតរបស់ស្មេរ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាគ្មានសង្ឃឹមនឹងលូតលាស់ឡើយ ។ មូលហេតុដ៏ធំបំផុតដែលខ្មែរអនុវត្តន៍លិទ្ធិប្រជាធិបតេយ្យមិនបានជោគជ័យ គឺទំនៀមទម្លាប់ដែលដិតដាមជាប់ក្នុងខួរក្បាលពលរដ្ឋខ្មែរអស់រយៈពេលរាប់រយឆ្នាំមកហើយ ។ អត្តចរិតទ្រពងតោងក្បិន វាបានសង្កត់សង្កិនពលរដ្ឋខ្មែរឲ្យលុះនៅក្នុងការគោរពបូជាបុគ្គល ជាជាងគោលគំនិត ។ វាថែមទាំងធ្វើឲ្យពលរដ្ឋខ្មែរជាច្រើន ទាំងអ្នកចេះទាំងអ្នកល្ងង់ បាត់បង់ការគោរពនិងឲ្យតម្លៃខ្លួនឯងទៀងផង ។ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃ យើងរមែងឃើញសារថ្លាថ្លែងគោរពកោតសរសើរបុគ្គលដឹកនាំជាតិក៏ដូចជាដឹកនាំគណបក្សនិងស្ថាប័ន ថាប្រកបដោយគតិបណ្ឌិតដូច្នេះឬដូច្នោះ ។ ខ្ញុំមានសំណួរតែមួយគត់សម្រាប់អ្នកដែលចូលចិត្តលើកតម្កើងអ្នកដទៃជាជាងខ្លួនឯង៖ តើបុគ្គលទាំងនោះ គេប្រសើរជាងរូបអ្នកប៉ុណ្ណាទៅ??? លទ្ធិប្រជាធិបតេយ្យត្រូវការការទទួលស្គាល់អធិបតេយ្យភាពនិងសមត្ថភាពរបស់ខ្លួនឯង មុនទទួលស្គាល់អធិបតេយ្យភាពរបស់អ្នកដទៃ ។ ដរាបណាផ្នត់គំនិតនេះមិនត្រូវបានផ្លាស់ប្តូរ ពលរដ្ឋខ្មែរគ្មានវាសនានឹងភ្លក្សរសជាតិលទ្ធិប្រជាធិបតេយ្យពិតប្រាកដនិងយុត្តិធម៌សង្គមសមរម្យមួយឡើយ ៕

Tuesday, April 23, 2019

ចំណីខួរក្បាល

រត់តាមគេ ឬរត់ឲ្យទាន់គេ នៅឆ្នាំ ១៩៨៩ ខ្ញុំបានចុះឈ្មោះរៀនវាយអង្គុលីលេខនៅក្នុងវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក ។ គ្រានោះ កូនសិស្សជាច្រើនរាប់បញ្ចូលទាំងរូបខ្ញុំផង មិនដែលស្គាល់ម៉ាសុីនកំព្យូទ័រទេ ។ ដើម្បីរៀនវាយអង្គុលីលេខបាន សិស្សទាំងអស់ត្រូវឆ្លងកាត់ការសិក្សាអំពីរបៀបប្រើកំព្យូទ័រសិន ។ ខ្ញុំនៅចាំថា សិស្សទាំងអស់ត្រូវបានណែនាំឲ្យបង្កើតអត្តសញ្ញាណ (ID) និងពាក្យសម្ងាត់ (Password) រៀងៗខ្លួនដើម្បីអាចរៀនវាយអង្គុលីលេខនៅលើម៉ាសុីនកំព្យូទ័រទាំងនោះ ។ ខ្ញុំរៀនវាយពាក្យនៅលើកំព្យូទ័រមិនដែលបានគ្រប់ចំនួន ឬក៏ទាន់ពេលវេលាកំណត់នោះទេ ។ ឧទាហរណ៍ គេតម្រូវឲ្យវាយយ៉ាងហោចណាស់ ៤៥ពាក្យក្នុងមួយនាទី ខ្ញុំវាយបានតែត្រឹមតែ ៣០ទៅ៣៥ពាក្យប៉ុណ្ណោះ ។ ប៉ុន្តែ អ្វីដែលខ្ញុំកត់សម្គាល់គឺ ម៉ាសុីនកំព្យូទ័រជាម៉ាសុីនដែលមានសក្តានុពលខ្ពស់បំផុតក្នុងចំណោមម៉ាសុីននានាដែលមនុស្សធ្លាប់បានបង្កើត ។ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ខ្ញុំបានភពប្រសព្វនឹងកំព្យូទ័រម្តងទៀតក្នុងនាមជា បុគ្គលិកបណ្ណាល័យកំព្យូទ័រនៅក្នុងមហាវិទ្យាល័យដែលខ្ញុំកំពុងសិក្សា ។ ម្តងនេះ ខ្ញុំមានឱកាសច្រើនក្នុងការប្រើប្រាស់ម៉ាសុីនកំព្យូទ័រ ហើយក៏មានឱកាសបានរៀនផ្ញើសារអេឡិចត្រូនិក (អុីម៉ែល) មុនគេបំផុតនៅក្នុងចំណោមនិស្សិតរៀននៅមហាវិទ្យាល័យ ។ វាជាបទពិសោធដ៏អស្ចារ្យមួយនៅក្នុងជីវិតខ្ញុំ ។ ថ្វីត្បិតតែខ្ញុំមិនបានរៀនជំនាញខាងកំព្យូទ័រមែនពិត តែកំព្យូទ័រ បានក្លាយជាមិត្តជិតស្និទ្ធរបស់ខ្ញុំចាប់ពីឆ្នាំ ១៩៨៩ មក ។ រត់តាមគេ ឬរត់ឲ្យទាន់គេ គឺខ្ញុំចង់និយាយអំពីសក្តានុពលរបស់កំព្យូទ័រ ។ បច្ចុប្បន្ន ខ្ញុំឃើញនិស្សិតខ្មែរជាច្រើនហាក់ដូចជាស្រវាស្រទេញក្នុងការប្រមូលសៀវភៅយកមកទុកជាឯកសារសិក្សា ។ ខ្ញុំក៏ជាមនុស្សមួយរូបដែលចូលចិត្តរក្សាសៀវភៅដែរ ។ ប៉ុន្តែ ផ្អែកលើបទពិសោធផ្ទាល់ខ្លួន វាគឺជាកំហុសដ៏ធំមួយ ។ សៀវភៅដែលខ្ញុំរក្សាទុកមួយចំនួនមានអាយុប្រមាណជាជាង ៥០ឆ្នាំហើយ ។ ហើយវាក៏ចាប់ផ្តើមរលេះរលួយបណ្តើរៗដែរ ។ ដូច្នេះ ធនធានពលកម្មនិងប្រាក់កាក់ដែលខ្ញុំបានចំណាយទាំងអម្បាលម៉ានក៏ចាប់ផ្តើមបាត់បង់ជាមួយនឹងទំព័រសៀវភៅទាំងនោះដែរ ។ ដើម្បីជៀសវាងការខាតបង់ ទាំងពេលវេលាទាំងប្រាក់កាក់ និស្សិតសម័យនេះគួរសហការគ្នារក្សាឯកសារដែលមានទ្រង់ទ្រាយជា អេឡិចត្រូនិក ឬ ឌីជីថល ។ បើយើងសង្កេតមើលបណ្ណាល័យនៅបស្ចឹមប្រទេស គេបានចាប់ផ្តើមកាត់បន្ថយការរក្សាសៀវភៅជាទម្រង់ក្រដាសតាំងតែពីឆ្នាំ ១៩៩០ មកម្លេះ ។ អ្វីៗគឺត្រូវបានគេបំផ្លែង (Converted) ឲ្យទៅជាសៀវភៅអេឡិចត្រូនិកស្ទើរតែអស់ទៅហើយ ។ បើនិយាយអំពីការប្រើប្រាស់បណ្ណាល័យដើម្បីខ្ចីសៀវភៅយកមកអាននោះ មនុស្សភាគច្រើនមិនទៅបណ្ណាល័យទៀតទេ ត្បិតអីគេអាចខ្ចីឬជួលសៀវភៅ អេឡិចត្រូនិកយកមកអាននៅក្នុងកំព្យូទ័រ ឬក៏ថេបឡេត ដោយមិនចាំបាច់ចេញពីផ្ទះឡើយ ។ ដូច្នេះ វាគ្មានហេតុផលអ្វីដែលយើងគួរប្រមូលសៀវភៅយកមករក្សាទុកនាំឲ្យចង្អៀតផ្ទះនោះទេ ។ ការរក្សាសៀវភៅនៅក្នុងទម្រង់ អេឡិចត្រូនិក គឺត្រូវការពេលវេលាដើម្បីសរសេរចម្លងពាក្យពេចន៍ឡើងវិញនៅក្នុងកំព្យូទ័រ ។ ប្រការនេះ យើងអាចសហការគ្នាចម្លងមួយវគ្គម្នាក់ៗ រួចហើយយកវគ្គទាំងអស់មកផ្គុំគ្នាតាមលេខរៀងឲ្យក្លាយជាសៀវភៅឡើងវិញ ។ បន្ទាប់មក សន្សំវាជា ភីឌីអេហ្វ (Save in PDF, Portable Document File) ។ យើងអាចរក្សាទុកសៀវភៅ ភីឌីអេហ្វ បានរាប់សតវត្សទៅមុខដោយងាយស្រួល ។ ចំណុចមួយដែលយើងត្រូវលើកយកមកពិចារណាគឺ កម្មសិទ្ធិបញ្ញា (Copyrighted) ។ គួរកត់សម្គាល់ថា ច្បាប់កម្មសិទ្ធិបញ្ញា មានមុនការបង្កើតកម្មវិធី ភីឌីអេហ្វ ។ ដូច្នេះ អ្វីៗហាក់ដូចជាស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ។ ជាទូទៅ ការចម្លងឬរក្សាទុកឯកសារណាមួយជាទម្រង់ ភីឌីអេហ្វ សម្រាប់សិក្សាដោយមិនពាក់ព័ន្ធការស្វែងរកកម្រៃ វាហាក់ដូចជាគ្មានការហាមប្រាមទេ ។ ប្រៀបដូចជាយើងទិញសៀវភៅ ហើយឲ្យសៀវភៅនោះទៅមិត្តភក្តិខ្ចីអានដូច្នោះដែរ ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួន ដែលធ្លាប់ចុះបញ្ជីកម្មសិទ្ធិបញ្ញាសៀវភៅរបស់ខ្ញុំជាមួយនឹងបណ្ណាល័យជាតិសហរដ្ឋអាមេរិក (Library of Congress) គេអនុញាតិឲ្យខ្ញុំរក្សាសិទ្ធិសៀវភៅរយៈពេល ៥០ឆ្នាំ ។ ប្រសិនបើខ្ញុំស្លាប់មុខរយៈពេល៥០ឆ្នាំនោះ កម្មសិទ្ធិបញ្ញារបស់ខ្ញុំនឹងអស់សុពលភាពត្រឹមថ្ងៃដែលខ្ញុំស្លាប់ ។ ភរិយាឬកូនរបស់ខ្ញុំអាចដាក់លិខិតស្នើបន្តសុពលភាពក្នុងនាមជាអ្នកស្នងមរតក ។ ប៉ុន្តែ បើគ្មានអ្នកស្នើបន្តសុពលភាពទេ សៀវភៅនោះនឹងក្លាយជាសម្បត្តិសាធារណៈ ដែលគេអាចបកប្រែ ឬចម្លងបោះពុម្ពសាឡើងវិញដោយមិនចាំបាច់សុំសិទ្ធិពីអ្នកនិពន្ធឡើយ ។ ដូច្នេះ យើងអាចយកសៀវភៅដែលមានអាយុកាលលើសពី ៥០ឆ្នាំ ឬសៀវភៅដែលអ្នកនិពន្ធបានទទួលអនិច្ចកម្មទៅហើយ មកចម្លងបោះពុម្ពជា PDF ដើម្បីរក្សាទុកនិងចែកចាយជាសាធារណៈ ។ និយាយឲ្យខ្លី សៀវភៅ ឌីជីថល ឬ ភីឌីអេហ្វ គឺប្រៀបដូចជាចំណេះដឹកដែរ ។ របស់ទាំងពីរនេះ ងាយថែរក្សាទុកដាក់ដូចគ្នា ។ មួយស្ថិតនៅក្នុងអង្គចងចាំកំព្យូទ័រ មួយទៀតស្ថិតនៅក្នុងខួរក្បាល ។ ដើម្បីបង្កើតឬបំផ្លែងឯកសារ (Convert File into PDF) ឲ្យទៅជាសៀវភៅ ឌីជីថល ឬ អេឡិចត្រូនិក កំព្យូទ័រអេប៉ល ម៉ាក់ប៊ុក មានកម្មវិធីធ្វើដូចតទៅ៖ File => Print. On the bottom left of Print Box, Press on Downward arrow next to PDF. Select Save as PDF. The File or Book as PDF digital format is made! គួរកត់សម្គាល់ថា សៀវភៅល្បីៗជាច្រើនត្រូវបានគេចម្លងនិងបង្កើតជា ឌីជីថលប៊ុករួចហើយ ។ ដូច្នេះ ដើម្បីជៀសវាងធ្វើកិច្ចការត្រួតលើគ្នា គប្បីស្រាវជ្រាវនៅក្នុងប្រព័ន្ធ អុីនថឺណិត ពិនិត្យមើលថាតើសៀវភៅដែលយើងចង់ចម្លងធ្វើជាសៀវភៅ ឌីជីថលនោះ មានគេធ្វើរួចហើយឬនៅ ៕

Saturday, April 13, 2019

ចំណីខួរក្បាល

បដិវត្តន៍អត់ពណ៌ ១៧ មេសាកម្ពុជារំដោះ សម្រែកជ័យឃោស កក្រើកមេឃា ដុំពពកខ្មៅរលាយហើយណា រស្មីភ្លឺថ្លា បដិវត្តន៍ចាំងចែង ។ នេះគឺជាវគ្គមួយនៃចម្រៀងបដិវត្តន៍ខ្មែរក្រហមដែលខ្ញុំបានឮដំបូងបំផុតកាលពី ៤៤ឆ្នាំមុន ។ វាបានដក់ជាប់នៅក្នុងការចងចាំរបស់ខ្ញុំរហូតដល់ថ្ងៃនេះ ដោយហេតុតែចម្រៀងនេះផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ជម្លៀសប្រជាជនចេញអំពីទីក្រុងទៅកាន់ជនបទ ។ បដិវត្តន៍និងការធ្វើទុក្ខបុកម្នេញកាប់សម្លាប់ពលរដ្ឋខ្មែរយ៉ាងព្រៃផ្សៃពីសំណាក់ពួកខ្មែរក្រហម ត្រូវបានគេសរសេរកត់ត្រាទុកជាច្រើនមកហើយ ប៉ុន្តែចំណុចសំខាន់មួយចំនួនហាក់ដូចជានៅស្រពិចស្រពិលនៅឡើយ ។ ដើម្បីរំលឹកអំពីអនុស្សាវរីយ៍ដ៏ជូចត់មួយនេះ ខ្ញុំសូមលើកយកកត្តាពាក់ព័ន្ធជាប្រវត្តិសាស្ត្រមួយចំនួនមកលាតត្រដាងនៅក្នុងអត្ថបទនេះ ។ ដើមកំណើតនៃសោកនាដកម្មខ្មែរនៅក្នុងសម័យខ្មែរក្រហម មានប្រភពចេញមកពីវីរជនវៀតណាមមួយរូបឈ្មោះ ហូ ជីមីញ ។ នៅដើមទសវត្សឆ្នាំ ១៩៣០ ហូ ជីមីញ និងឥស្សរជនចិនមួយរូបឈ្មោះ តេង ស៊ាវពីង បានជួបគ្នានាគ្រាដែលពួកគេទៅសិក្សានៅក្នុងប្រទេសបារាំង ។ នៅទីនោះ ពួកគេបានចូលជាសមាជិករបស់អង្គការ ខំមីនថឺន (Comintern OR Communist International) ។ គួរបញ្ជាក់ថា សហភាពសូវៀតដែលទើបនឹងទទួលបានជ័យជម្នះនៅក្នុងបដិវត្តន៍បង្កើតលទ្ធិកុម្មុយនីស្តប្រមាណជាជាងមួយទសវត្សកន្លងទៅ បានបង្កើតអង្គការខំមីនថឺនឡើងដើម្បីផ្សព្វផ្សាយលទ្ធិកុម្មុយនីស្តឲ្យបានទូលំទូលាយ ។ បន្ទាប់ពីទទួលការហ្វឹកហាត់វគ្គនយោបាយនិងបានចូលរួមមហាសន្និបាតនៅទីក្រុងមូស្គូរួច ហូ ជីមិញ បានធ្វើដំណើរទៅដល់ប្រទេសចិន ។ នៅទីនោះ គាត់បានទៅចូលរួមនៅក្នុងមហាសន្និបាតខំមីនថឺនមួយទៀតដែលរៀបចំឡើងនៅតំបន់កង់តុង (Guangdung) នៅក្នុងឆ្នាំ ១៩៣៩ ។ អំឡុងពេលស្នាក់នៅតំបន់កង់តុង ហូ ជីមិញ បានជួបនឹងសកម្មជនវៀតណាមមួយចំនួន ។ ពួកគេបានលបលួចនាំហូ ជីមិញ មកកាន់ទីក្រុងហាណូយហើយក៏បានបង្កើតចលនារំដោះជាតិវៀតណាមចេញពីនឹមអាណានិគមបារាំង ។ គេហៅចលនានោះថា វៀតមិញ (Viet Minh) ដែលមាន ហូ ជីមិញ ឡេ យន់ ផាំ វ៉ាន់ដុង ឡេ ដឹកថូ និង វ៉ូ ង្វៀងយ៉ាប់ ជាស្ថានិកសំខាន់ ។ ក្រោយមក ឡេ ដឹកថូ បានជួបនឹងយុវនិស្សិតវៀតណាមនៅភាគខាងត្បូងមួយរូបឈ្មោះ ផាំ ស៊ុនហួន ដែលជាអ្នកស៊ើបការណ៍ដ៏ចំណានបំផុតនៅក្នុងប្រវត្តិសាស្ត្រវៀតណាម ។ ផាំ ស៊ុនហួនត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសហរដ្ឋអាមេរិកហើយរកឱកាសធ្វើការជាមួយភ្នាក់ងារសារពត៌មានអាមេរិកាំងដើម្បីស៊ើបយកពត៌មាននៅពេលដែលគាត់វិលត្រឡប់មកវៀតណាមវិញ ។ គាត់បានក្លាយជាបុគ្គលសំខាន់មួយរូបនៅក្នុងសង្គ្រាមរវាងវៀតណាមនិងអាមេរិក ។ នៅក្នុងអំឡុងពេលស្របាលគ្នានោះ ប្រទេសខ្មែរក៏មានការរំជើបរំជួលនយោបាយផងដែរ ។ គួរកត់សម្គាល់ថា ឆ្នាំ១៩៣៩ជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី ២ ហើយប្រទេសបារាំងដែលជាអាណានិគមគ្រុបគ្រងប្រទេសយួន លាវ កម្ពុជា និងតំបន់កម្ពុជាក្រោមនោះត្រូវបានយោធាអាល្លឺម៉ង់វាយប្រហារយ៉ាងដំណំ ។ ឆ្លៀតឱកាសនោះ ខ្មែរមួយក្រុមដឹកនាំដោយលោក សឺន ង៉ុកថាញ់ ប៉ាច ឈឺន ប៊ុណ្ណចន្ទ ម៉ុល និងអាចារ្យ ហែម ជៀវ បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យបារាំងផ្តល់សិទ្ធិសេរីភាពឲ្យខ្មែរក្នុងការសម្រេចជោគវាសនារបស់ខ្លួន ។ បារាំងបានចាប់មេបាតុករមួយចំនួន លើកលែងតែលោក សឺន ង៉ុកថាញ់ដែលរត់គេចខ្លួនរួច យកទៅដាក់គុកនៅកោះ ត្រឡាច ។ អាចារ្យ ហែម ជៀវបានស្លាប់នៅទីនោះ ឯអ្នកដទៃទៀតត្រូវបានដោះលែងវិញបន្ទាប់ពី ជប៉ុនវាយលុកយកបានតំបន់អាសុីអគ្នេយ៍ ។ លុះជប៉ុនចាញ់សង្គ្រាមលោកលើកទី ២ បារាំងបានវិលត្រឡប់មកត្រួតត្រាតំបន់ឥណ្ឌូចិនវិញ ហើយអតីតអ្នកទោសដែលជប៉ុនបានដោះលែងពីគុកនៅកោះត្រឡាច មានលោកប៊ុណ្ណចន្ទ ម៉ុល ជាអាទ៍ បាននាំគ្នារត់គេចខ្លួនទៅកទ័ពប្រឆាំងនឹងបារាំងនៅតាមបណ្តោយជួរភ្នំដងរែក ។ ពួកគេហៅចលនានោះថា ខ្មែរឥស្សរៈ ។ នៅឯស្រុកយួនឯនោះវិញ ពួកវៀតមិញបានពង្រីកឥទ្ធិពលរបស់គេនៅអំឡុងពេលបារាំងចាញ់ដៃជប៉ុន ដោយបង្កើតឲ្យមានក្រុមវៀតមិញនៅក្នុងប្រទេសខ្មែរភាគខាងកើតនិងនៅប្រទេសឡាវ ។ នៅក្នុងប្រទេសខ្មែរ គេហៅចលនានោះថា៖ ខ្មែរវៀតមិញ ។ ឯនៅប្រទេសឡាវគេហៅថា៖ ឡាវឥស្សរា ។ ចលនាខ្មែរវៀតមិញនិងខ្មែរឥស្សរៈបានជួបពិភាក្សាគ្នាម្តងពីរដែរដើម្បីសហការគ្នាវាយប្រហារបារាំង ប៉ុន្តែមិនចុះសម្រុងនឹងគ្នាទេ ។ ដល់ចំណុចនេះ ខ្ញុំសូមបើករង្វង់ក្រចកនិយាយអំពីខ្មែរមួយក្រុមដែលទៅសិក្សានៅស្រុកបារាំង ។ ក្រោយសង្គ្រាមលោកលើកទី ២ មូលនិធិរ៉ុកហ្វែល្លឺ (Rockfeller Foundation) បានផ្តល់ថវិកាឲ្យសាកលវិទ្យាល័យប៉ារីស ដើម្បីសាងសង់អគារស្នាក់នៅនិងផ្តល់អាហារូបករណ៍ដល់និស្សិតនៅជុំវិញពិភពលោកមកសិក្សានៅស្រុកបារាំង ។ គេធ្វើរបៀបនេះក្នុងគោលបំណងឲ្យយុវជនដែលមានពូជអម្បូរខុសគ្នាមានឱកាសជួបប្រាស្រ័យទាក់ទងគ្នាដើម្បីកសាងមិត្តភាពនិងបញ្ជៀសកុំឲ្យសង្គ្រាមលោកកើតឡើងទៀត ។ គេដាក់ឈ្មោះអគារស្នាក់នៅទាំងនោះថា៖ ផ្ទះខ្មែរ ផ្ទះវៀតណាម ផ្ទះអាល់ហ្សឺរី ជាដើម ។ល។ នៅឆ្នាំ ១៩៤៩ និស្សិតខ្មែរមួយក្រុមត្រូវបានអនុញាតិឲ្យទៅសិក្សានៅស្រុកបារាំងនាគ្រានោះ ។ ក្នុងចំណោមនិស្សិតទាំងនោះមានជាអាទ៍លោក៖ សាឡុត ស (ហៅ ប៉ុល ពត) អៀង សារី ខៀវ សំផន គាត ឆុន ខៀវ បុណ្ណារី និង អៀង ធីរិទ្ធ ជាដើម ។ល។ បងប្អូនត្រកូល ជួន ដែលជាក្មួយរបស់លោក ប៊ុណ្ណចន្ទ ម៉ុល និងមនុស្សសំខាន់ៗជាច្រើនទៀតនៅក្នុងជួរខ្មែរក្រហមក៏មានមុខនៅទីនោះដែរ ។ និស្សិតខ្មែរទាំងនោះបានបង្កើតក្រុមសកម្មភាពនយោបាយមួយដែលពួកគេហៅថា៖ វង្សម៉ាក្សសុីស (Marxist Circle) ។ លោក កេង វ៉ាន់សាក់ ក៏ធ្លាប់ចូលរួមពិភាក្សាជាមួយនឹងសកម្មជននយោបាយទាំងនោះដែរ ។ គួរកត់សម្គាល់ដែរថា ឆ្នាំ១៩៤៩នេះ ក៏ជាឆ្នាំដែលបារាំងធ្វើស្ថិតិជំរឿនចំនួនពលរដ្ឋនៅកម្ពុជាក្រោមហើយសម្រេចភ្ជាប់ទឹកដីតំបន់នោះឲ្យទៅប្រទេសវៀតណាម ត្បិតជនជាតិវៀតណាមដែលរស់នៅក្នុងតំបន់នោះមានចំនួនច្រើនជាងជនជាតិខ្មែរ ។ នៅឯប្រទេសចិន ពួកកុម្មុយនីស្តក៏ទទួលបានជ័យជម្នះហើយប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោកប្រធាន ម៉ៅ សេទុង ជាអ្នកដឹកនាំ ។ កត្តាចម្បងដែលធ្វើឲ្យអាណានិគមបារាំងនៅឥណ្ឌូចិនក្រឡាប់ចាក់ គឺបរាជ័យនៅសមរភូមិ ឌៀនបៀនភូ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម ។ នៅឆ្នាំ ១៩៥៣ ហូ ជីមិញ និងយុទ្ធមិត្តរបស់គាត់អមដោយជំនួយសម្ភារៈសឹកពីសំណាក់មហាមិត្តចិន បានឡោមព័ទ្ធវាយកំទេចមូលដ្ឋានទ័ពដ៏រឹងមាំមួយរបស់បារាំងនៅតំបន់ឌៀនបៀនភូ ។ បន្ទាប់ពីបរាជ័យនៅឌៀនបៀនភូ បារាំងក៏សម្រេចចិត្តកោះប្រជុំសន្និសិទមួយនៅទីក្រុងហ្សឺណែវ ដើម្បីផ្តល់ឯករាជ្យឲ្យប្រទេស យួន ឡាវ និង ខ្មែរ ។ ក្រុមអ្នកតស៊ូប្រឆាំងនឹងបារាំងទាំងប៉ុន្មាន ដែលមានទឹកដីខ្លះស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន អាចមានកៅអីអង្គុយនៅតុចចារ ។ ក្រុម ហូ ជីមិញ តំណាងឲ្យវៀតណាមនៅភាគខាងជើង ។ ឯភាគខាងត្បូងនិងតំបន់កម្ពុជាក្រោមតំណាងដោយក្រុមលោក ង៉ោ ឌិញយៀម បន្ទាប់ពីស្តេច បៅ ដាយ បានដាក់រាជ ។ ចំណែកឯប្រទេសខ្មែរ ពួកឥស្សរៈ ជាពិសេសខ្មែរវៀតមិញ បានទាមទារអង្គុយក្នុងតុចចារដែរ ប៉ុន្តែត្រូវបានរារាំងដោយគណប្រតិភូខ្មែរដឹកនាំដោយលោក សម សារី ឪពុកលោក សម រង្សី សព្វថ្ងៃនេះ ។ បន្ទាប់ពីការចចារគ្នានៅទីក្រុងហ្សឺណែវ ឧបទ្វីបឥណ្ឌូចិនត្រូវបានបែងចែកជាបួនប្រទេសគឺ៖ វៀតណាមខាងជើង វៀតណាមខាងត្បូង (ដែលមានកម្ពុជាក្រោមនៅក្នុងនោះ) ខ្មែរ និង ឡាវ ។ គួរកត់សម្គាល់ថា អំឡុងពេលដែល ហូ ជីមិញ បង្កើតចលនាវៀតមិញនោះ ពួកគេបានរៀបចំបណ្តាញទូទាំងប្រទេសវៀតណាមទាំងមូល រាប់បញ្ចូលទាំងក្រុមខ្មែរវៀតមិញនៅក្នុងស្រុកខ្មែរផងដែរ ។ ដូច្នេះ សន្និសិទហ្សឺណែវតម្រូវឲ្យសកម្មជនវៀតមិញទាំងនោះទៅរួមរស់ជាមួយនឹងម្ចាស់របស់ពួកគេនៅក្នុងប្រទេសវៀតណាមភាគខាងជើង ។ អ្វីដែលជាមេរៀនចេញអំពីសន្និសិទហ្សឺណែវនោះ គឺថាពួកកុម្មុយនីស្តមិនបានគោរពតាមគោលការណ៍កិច្ចព្រមព្រៀងទេ ។ ភ្នាក់ងារសម្ងាត់របស់ពួកគេនៅតែបន្តសកម្មភាពនៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពប្រទេសដទៃ ដូចជានៅស្រុកខ្មែរជាដើម ។ និយាយអំពីក្រុមនិស្សិតខ្មែរម៉ាក្សសុីសនៅស្រុកបារាំងវិញម្តង ។ បន្ទាប់ពីសិក្សាអំពីការធ្វើបដិវត្តន៍និងពង្រឹងគោលជំហរបានល្អគួរសម ពួកគេបានសម្រេចនាំគ្នាវិលមកស្រុកខ្មែរដើម្បីកែប្រែសង្គមឲ្យបានល្អរុងរឿង ។ ដើមឡើយ គោលដៅរបស់ពួកគេគឺកំចាត់អាណានិគមបារាំងឲ្យវិនាសពីស្រុកខ្មែរ ។ ប៉ុន្តែ ដោយហេតុតែបារាំងបានប្រគល់ឯករាជ្យមកឲ្យខ្មែររួចហើយ ពួកគេក៏សម្រេចផ្តោតការវាយប្រហារទៅលើពួកសក្តិភូមិ នាយទុន ប្រត្តិកិរិយាវិញម្តង ។ និយាយឲ្យចំគឺផ្តួលរំលំរំលាយរាជានិយមចោល ។ អ្នកដែលត្រឡប់មកស្រុកខ្មែរមុនគេនៅដើមទសវត្សឆ្នាំ ១៩៥០ គឺ ប៉ុល ពត ។ អំឡុងពេលនោះ ប្រទេសខ្មែរទើបទទួលបានឯករាជ្យពីបារាំង ហើយស្តេច នរោត្តម សីហនុ ដែលជាប្រមុខរដ្ឋបានអំពាវនាវឲ្យក្រុមខ្មែរតស៊ូប្រឆាំងបារាំងទាំងអស់ដាក់អាវុធចុះចូលជាមួយរដ្ឋាភិបាល ។ ខ្មែរឥស្សរៈនៅភ្នំដងរែកមួយចំនួនដូចជាលោក ដាប ឈួន ប៊ុណ្ណចន្ទ ម៉ុល និង ធម្មបាល ខៀវ ជុំ បានបញ្ឈប់សកម្មភាពហើយវិលមករួមរស់ក្នុងសង្គមខ្មែរវិញ ប៉ុន្តែក្រុមខ្មែរវៀតមិញដែលបង្កើតឡើងដោយ ហូ ជីមិញ នោះ មិនបញ្ឈប់គំនិតតស៊ូរបស់ខ្លួនទេ ។ គួរកត់សម្គាល់ថា នៅពេលដែល ហូ ជីមិញ បញ្ជូន ឡេ យន់ និង ឡេ ដឹកថូ ឲ្យមករៀបចំបណ្តាញវៀតមិញនៅស្រុកខ្មែរ ពួកគេបានជ្រើសយកតំបន់ខេត្ត តាកែវ កំពត និង កំពង់ស្ពឺ ធ្វើជាចំណុចកណ្តាល (Headquarters) ហើយជ្រើសរើសមនុស្សម្នាក់ឲ្យធ្វើជាស្នងការ ។ គេមិនទាន់មានលេខាបក្សទេនៅគ្រានោះ ព្រោះក្រុមខ្មែរវៀតមិញជាបុត្រសម្ព័ន្ធរបស់ ចលនាវៀតមិញដែលមានវៀតណាមនិង ហូ ជីមិញ ជាអ្នកចាត់ចែងការងារ ។ មនុស្សទីមួយដែលកាន់កិច្ចការស្នងការនៃក្រុមខ្មែរវៀតមិញគឺ អាចារ្យ មៀន ដែលយួនអោយដូរឈ្មោះជា សឺន ង៉ុងមិញ ដើម្បីបោកប្រាស់អ្នកតស៊ូដទៃឲ្យទៅចូលរួមជាមួយត្បិតគិតថា សឺន ង៉ុងមិញ និង សឺន ង៉ុងថាញ់ ជាបងប្អូននឹងគ្នា ។ មុខងារជាស្នងការ គ្រោះថ្នាក់ខ្លាំងណាស់ ។ គុកនិងសេចក្តីស្លាប់ស្ថិតនៅក្បែរខ្លួនប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ។ ដើម្បីកាត់បន្ថយហានិភ័យ ខ្មែរវៀតមិញបានបង្កើតតួនាទីមួយហៅថា នីរសារ ដែលជាអ្នកនាំសារពីស្នងការទៅកាន់សមាជិកនានា និងពីសមាជិកនានាមកឲ្យស្នងការ ។ អតីតកម្មាភិបាលខ្មែរក្រហមជាច្រើន រាប់បញ្ចូលទាំងអ្នកដែលមានវាសនាបានមកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ គឺសុទ្ធតែធ្លាប់បានកាន់តួនាទីជា នីរសារ នេះ ។ ស្នងការនិងនីរសារ ជាគន្លឹះស្លាប់រស់របស់ការតស៊ូនៃពួកខ្មែរវៀតមិញ ឬខ្មែរក្រហម ហើយក៏ជាមុខសញ្ញានៃការវាយប្រហាររបស់អាជ្ញាធរដែរ ។ ដោយហេតុតែសកម្មភាពនៃក្រុមខ្មែរវៀតមិញ ជាសកម្មភាពលួចលាក់ ការស្លាប់របស់ស្នងការនិងនីរសារមួយចំនួនក៏ស្ថិតនៅក្នុងភាពអាថ៌កំបាំងដែរ ។ អាចារ្យ មៀន ត្រូវបានគេលួចសម្លាប់បន្ទាប់ពីកាន់កិច្ចការបានមួយរយៈ ។ នៅអំឡុងឆ្នាំ ១៩៥៥ លោក ទូ សាមុត ត្រូវបានតែងតាំងឲ្យធ្វើជាស្នងការ ។ ឯទីតាំងប្រតិបត្តិការណ៍ក៏ត្រូវបានរំកិលមកកាន់ទីក្រុងភ្នំពេញដែរ ។ នៅក្នុងកំឡុងពេលនេះ ប៉ុល ពត និង សុីវ ហេង ដែលត្រូវជាឪពុកមារបស់លោក នួន ជា បានមកចូលរួមជាមួយនឹង ទូ សាមុត ដើម្បីរៀបចំឲ្យមានអង្គការបក្សកុម្មុយនីស្តនៅកម្ពុជា ។ ទូ សាមុត បានក្លាយជាលេខាបក្សនាគ្រានោះ ប៉ុន្តែត្រូវបានគេលួចសម្លាប់យ៉ាងអាថ៌កំបាំងទៀត ។ បន្ទាប់ពី ទូ សាមុត ស្លាប់ សុីវ ហេង ក៏សុំចាកចេញពីចលនាតស៊ូ ។ តំណែងលេខាបក្សក៏ធ្លាក់មកដល់ ប៉ុល ពត ដែលមាន នួន ជា ជាជំនួយការជំនិត ។ នួន ជា ដែលមានភក្តីភាពជាមួយនឹង ប៉ុល ពត ជាងឪពុកមាខ្លួនបានដាក់ការសង្ស័យលើ សុីវ ហេង នៅក្នុងការស្លាប់របស់ ទូ សាមុត និងសកម្មជនដទៃ ។ កិច្ចប្រជុំសម្ងាត់មួយត្រូវបានរៀបចំឡើងនៅក្បែរចំណតរថភ្លើងភ្នំពេញ ដោយមានការជួយជ្រោមជ្រែងពីបងប្អូនត្រកូល ជួន ។ បន្ទាប់ពីកិច្ចប្រជុំនោះ គេក៏សម្រេចឲ្យ ប៉ុល ពត គេចខ្លួនទៅនៅក្នុងព្រៃ ហើយបង្កើតឲ្យមានស្នងការក្រុងភ្នំពេញ ដើម្បីគៀងគរនិស្សិតបញ្ញវ័ន្ត និងមន្ត្រីរាជការឲ្យចូលរួមនៅក្នុងចលនាតស៊ូ ។ លោក កេង វ៉ាន់សាក់ បានជូនដំណើរ ប៉ុល ពត ដោយសម្ងាត់ ។ ពួកគេជិះកាណូតឆ្លងពីខេត្តកំពង់ចាមទៅកាន់ស្រុក ក្រូចឆ្មារ ហើយដាក់ ប៉ុល ពត នៅទីនោះដើម្បីឲ្យពួកនីរសារនាំគាត់ទៅកាន់ការិយាល័យលេខ ១០០ ដែលជាមូលដ្ឋានសម្ងាត់របស់ចលនាយួនវៀតមិញស្ថិតនៅក្នុងស្រុក ស្នួល ។ បន្ទាប់មក ប៉ុល ពត បានទៅជួប ហូ ជីមិញ នៅប្រទេសវៀតណាមភាគខាងជើង ។ ចលនាយួនវៀតមិញ និងខ្មែរវៀតមិញដែលដឹកនាំដោយ ប៉ុល ពត បានសហការគ្នាតស៊ូរហូតដល់ឆ្នាំ ១៩៧៣ ទើបបែកបាក់គ្នា ។ បន្ទាប់ពី ប៉ុល ពត ភៀសខ្លួនទៅនៅក្នុងព្រៃ កិច្ចការនានានៅក្នុងក្រុងត្រូវបានចាត់ចែងដោយ ស្នងការក្រុងភ្នំពេញ ។ មនុស្សទីមួយដែលធ្វើកិច្ចការនេះគឺលោក ដាំ ផេង ។ នៅទសវត្សឆ្នាំ ១៩៦០ ដាំ ផេង ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់បានហើយធ្វើទណ្ឌកម្មយ៉ាងទម្ងន់ដើម្បីស្វែងរកបក្សពួកដទៃ ។ គាត់បានស្លាប់នៅក្នុងគុក ។ លុះ ដាំ ផេង ស្លាប់ទៅ លោក វន វ៉េត ត្រូវបានចាត់តាំងឲ្យធ្វើជាស្នងការក្រុងភ្នំពេញ បន្តទៅទៀត ។ វន វ៉េត ធ្វើជាស្នងការក្រុងភ្នំពេញរហូតដល់ក្រុមខ្មែរក្រហមវាយលុកយកទីក្រុងភ្នំពេញបាននៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ គាត់ជាមនុស្សមានសមត្ថភាពខ្ពស់ក្នុងការបញ្ចុះបញ្ចូលមន្ត្រីរាជការនៅសម័យនោះ ឲ្យទៅចូលរួមក្នុងចលនាតស៊ូខ្មែរក្រហម ។ លោក អុិត សារិន អធិការបឋមសិក្សានិងជាអ្នកសរសេរសៀវភៅ ស្រណោះព្រលឹងខ្មែរ ជាមន្ត្រីមួយរូបក្នុងចំណោមមន្ត្រីជាច្រើននាក់ដែលជឿលើការឃោសនារបស់ វន វ៉េត ។ នៅឆ្នាំ ១៩៧៧ វន វ៉េត ត្រូវបាន ប៉ុល ពត ចោទថាក្បត់បក្សហើយក៏ត្រូវគេចាប់យកទៅធ្វើទណ្ឌកម្មនៅក្នុងគុក ទួលស្លែង ។ គាត់ស្លាប់នៅទីនោះ ។ គួរកត់សម្គាល់ថា វន វ៉េត និង ប៉ុល ពត មានទម្រង់មុខដូចគ្នាស្ទើរតែចាប់ច្រឡំ ។ ពួកគាត់ជាមនុស្សពីររូបដែលយកជីវិតទៅប្រឈមនឹងគ្រោះថ្នាក់ដ៏ធំធេងបំផុតដើម្បីធ្វើបដិវត្តន៍លុបបំបាត់អំពើព្រៃផ្សៃនៅក្នុងសង្គមខ្មែរ ។ នៅទីបំផុត របបគ្រុបគ្រងរបស់ពួកគាត់បានក្លាយទៅជានិមិត្តរូប នៃភាពព្រៃផ្សៃសូម្បីតែយុទ្ធមិត្តដែលធ្លាប់យកជីវិតទៅប្តូរស្លាប់រស់ជាមួយគ្នាក៏មិនអត់អោនឲ្យដែរ ។ សំណួរមួយដែលខ្ញុំធ្លាប់លើកយកមកសួរមនុស្សជំនាន់លោក ប៉ុល ពត ថាតើហេតុអ្វីបានជាមនុស្សសម័យនោះជ្រើសរើសយកលទ្ធិកុម្មុយនីស្តមកធ្វើជាបង្អែកដើម្បីស្វែងរកវឌ្ឃនភាពឲ្យសង្គមខ្មែរ ។ ចម្លើយដ៏សាមញ្ញបំផុតគឺថា លទ្ធិកុម្មុយនីស្តសម័យនោះមានប្រជាប្រីយ៍និងផ្តល់ក្តីសង្ឃឹមដល់អ្នកតស៊ូដូចលទ្ធិប្រជាធិបតេយ្យនាសម័យនេះដែរ ។ ទ្រឹស្តីនិងគោលគំនិតមានភាពល្អឥតខ្ចោះក្នុងការស្វែងរកនិងបង្កើតសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ និង "ធម្ម" ល្អៗដទៃទៀតដែលមនុស្សចង់បាន ។ អ្វីដែលជាកត្តាធ្វើឲ្យការប្រឹងប្រែងបរាជ័យនិងរងគ្រោះមហន្តរាយ គឺសេចក្តីលោភលន់និងភាពវង្វេងវង្វាន់ក្នុងអំណាច ។ ប៉ុល ពតក្តី អ្នកដទៃក្តី យកលទ្ធិកុម្មុយនីស្តមកធ្វើជាគោលការណ៍ក្តី លទ្ធិប្រជាធិបតេយ្យក្តី នៅពេលដែលអំណាចធ្លាក់មកដល់កណ្តាប់ដៃ គឺប្រឈមនឹងភាពឆ្កួតលេលាដូចគ្នា ។ សូម្បីតែស្មេរដែលសរសេរអត្ថបទនេះ ក៏មិនប្រាកដថាអាចគេចរួចអំពីបណ្តាសារនៃអំណាចដែរ នៅពេលដែលអំណាចធ្លាក់មកដល់ដៃខ្លួន ។ លោក ជក អ័រវ៉ែល ដែលជាស្មេរនៃរឿង កាលនោះបដិវត្តន៍មួយ (Animal Farm) បានបង្ហាញច្បាស់លាស់ណាស់អំពីសច្ចៈភាពដ៏គួរឲ្យខ្លាចនេះ ៕

Tuesday, March 26, 2019

ចំណីខួរក្បាល

ធ្លាក់ទឹកចិត្ត (Depression) ខ្ញុំធ្លាប់បានសរសេរជាញឹកញាប់អំពីជម្ងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធសសៃប្រសាទ ឬខួរក្បាល ។ ដោយឡែកជម្ងឺ ធ្លាក់ទឹកចិត្ត (Depression) ដែលអាចរុកកួនមនុស្សគ្រប់រូបដោយមិនរើសមុខ ហាក់ដូចជាមានភាពច្របូកច្របល់នៅក្នុងការយល់ដឹងរបស់មនុស្សទូទៅ ។ តាមពិត ជម្ងឺនេះមិនពិបាកយល់ទេ ។ ជាបឋមពាក្យ Depression មិនគួរប្រែថា បាក់ទឹកចិត្តទេ ពីព្រោះបើយើងយកពាក្យ "បាក់" មកវិភាគ អ្វីដែលបាក់អាចនាំទៅដល់មរណៈ ។ ឧទាហរណ៍ មែកឈើដែលបាក់មិនអាចរស់រានមានជីវិតតទៅទៀតឡើយ ។ ឯដៃជើងមនុស្សក៏ដូចគ្នាដែរ ។ នៅពេលដែលវាបាក់ដាច់ចេញអំពីដងខ្លួន វានឹងខូចបង់ ថ្វីត្បិតតែបច្ចេកវិជ្ជាបច្ចុប្បន្នអាចយកអវៈយវដែលដាច់ចេញទៅ មកតភ្ជាប់នឹងដងខ្លួនវិញបានក៏ដោយ ក៏ប្រតិបត្តិការណ៍ (Function) នៃអវៈយវនោះមិនល្អដូចដើមដែរ ។ វាមិនខុសអំពីកែវដែលបែកនោះទេ ។ គេអាចយកជ័រកាវមកបិទផ្គុំបំណែកទាំងនោះឲ្យកើតជាកែវឡើងវិញ ប៉ុន្តែវាមិនអាចមានភាពរឹងមាំដូចមុនឡើយ ។ "ធ្លាក់" ខុសអំពី "បាក់" ត្រង់ថា នៅពេលដែលយើងលើកវាមកជួសជុលព្យាបាលជាសះស្បើយ វានឹងមានសភាពល្អដូចដើមវិញ ។ ធ្លាក់ទឹកចិត្ត (Depression) ជាចំណុចកណ្តាលនៃរោគ "ទឹកចិត្ត" ដែលមានប្រភពចេញមកពីកង្វល់ (Stress) ។ កង្វល់និងទុក្ខមានសភាពដូចគ្នា ។ វាមានពីរប្រភេទ គឺកង្វល់ដែលអ្នកដទៃដឹង និងកង្វល់ដែលអ្នកដទៃមិនដឹងមិនយល់ ។ កង្វល់ខ្លះ សូម្បីបុគ្គលខ្លួនឯងដែលកំពុងតែខ្វាយខ្វល់នោះក៏មិនដឹងឬយល់ថាខ្លួនកំពុងមានកង្វល់ដោយសារហេតុផលអ្វីផង ។ នេះគឺជាអាថ៌កំបាំងមួយនៃរោគធ្លាក់ទឹកចិត្ត ។ ដើម្បីងាយស្រួលក្នុងការស្វែងយល់ យើងអាចចែករោគសញ្ញាជំងឺ "ទឹកចិត្ត" ជាបីតំណាក់កាល៖ កង្វល់ => ធ្លាក់ទឹកចិត្ត => បាក់ទឹកចិត្ត (Stress => Depression => Breaking Point) ។ កង្វល់និងទុក្ខវាកើតមកនិងរស់នៅជាមួយនឹងរូបមនុស្សជាធម្មតា ។ យើងដោះស្រាយកង្វល់រាល់តែថ្ងៃហើយក៏មិនសូវកត់សម្គាល់អំពីកង្វល់នានាដែរ ។ យើងចាប់ផ្តើមកត់សម្គាល់កង្វល់នៅពេលដែលអំពល់ណាមួយផ្តល់ឧបស័គ្គដល់ជីវិតយើង ឬក៏នាំយើងទៅដល់ការបរាជ័យ ។ ឧទាហរណ៍ ប្រឡងធ្លាក់ ដណ្តឹងកូនគេមិនបាន ឬបែកបាក់គូសង្សារជាដើម ។ល។ នេះគឺជាការចាប់ផ្តើមនៃជំងឺ ធ្លាក់ទឹកចិត្ត ។ នៅត្រឹមចំណុចនេះ ប្រសិនបើយើងអាចរកដំណោះស្រាយឲ្យការប្រឡងធ្លាក់ ឬក៏បាត់បង់គូសង្សារប្រកបដោយជោគជ័យ ជំងឺធ្លាក់ទឹកចិត្តនឹងជាសះស្បើយហើយជីវិតយើងក៏នឹងវិលទៅរកភាពប្រក្រតីវិញដែរ ។ ប៉ុន្តែ នៅពេលដែលកត្តាដែលធ្វើឲ្យយើងធ្លាក់ទឹកចិត្តនេះ មិនត្រូវបានដោះស្រាយទេ វានឹងញាំញីចិត្តយើងរហូតដល់ដំណាក់កាលមួយដែលភាសាអង់គ្លេសហៅថា៖ Breaking Point ឬ បាក់ទឹកចិត្ត ។ ទឹកចិត្តដែលបាក់ ជាទូទៅមានញាតិមិត្តចង្រៃចំនួនពីរចូលមកស្វាគម ។ ទីមួយគឺ កម្រោលចូល (Bipolar disease) ដែលធ្វើឲ្យអ្នកជម្ងឺបាត់បង់ម្ចាស់ការលើទង្វើរបស់ខ្លួន ។ គឺកម្រោលចូលនេះហើយដែលបណ្តាលឲ្យមនុស្សបាក់ទឹកចិត្តធ្វើអត្តឃាត ។ ទីពីរគឺ ស្រឺត (Stroke) ឬដាច់សសៃឈាមដែលអាចបណ្តាលឲ្យអ្នកជំងឺពិការឬមរណាផងដែរ ។ អ្នកដើរដល់ចំណុចបាក់ទឹកចិត្តខ្លះ អាចគ្មានញាតិមិត្តចង្រៃទាំងពីមកស្វាគមចូលរួមដំណើរនៅក្នុងជីវិតទេ ក៏ប៉ុន្តែ ជីវិតហាក់ដូចជាស្ថិតនៅក្នុងភាពសោះកក្រោះ ។ ខាងក្រោមនេះជាតារាងដែលបង្ហាញអំពីដំណាក់កាលនិមួយៗនៃជំងឺ "ទឹកចិត្ត" ។ គោលបំណងនៃការសរសេរអត្ថបទនេះ គឺចង់វែកញែកឲ្យបានជាក់លាក់អំពីភាពខុសគ្នានៃការប្រើប្រាស់ពាក្យ "ធ្លាក់ទឹកចិត្ត" និង "បាក់ទឹកចិត្ត" ៕

Wednesday, March 20, 2019

ចំណីខួរក្បាល

ចម្រៀង ខ្ញុំជាមនុស្សចូលចិត្តស្តាប់ចម្រៀង ប៉ុន្តែខ្ញុំអត់ចេះច្រៀងហើយក៏អត់ចេះលេងភ្លេងប្រគុំតន្ត្រីដែរ ។ ចម្រៀងដែលខ្ញុំចូលចិត្តស្តាប់ជាងគេគឺចម្រៀងរបស់លោក សុីន សុីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា ព្រមទាំងសីល្បករនានានៅក្នុងជំនាន់ជាមួយគ្នានោះ ។ បន្ទាប់ពីពួកខ្មែរក្រហមបំផ្លាញជីវិតអ្នកចម្រៀងសម័យនោះស្ទើរតែអស់រលីងទៅ ខ្ញុំបានបែរមកស្តាប់ចម្រៀងដែលផលិតដោយសីល្បករសម័យថ្មីវិញ ។ ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ គឺថា ចម្រៀងសម័យក្រោយនេះ ស្តាប់ទៅហាក់ដូចជាគ្មានទឹកដមពីរោះរណ្តំដូចចម្រៀងសម័យលោកសុីន សុីសាមុត សោះ ។ បើយើងសង្កេតមើលពាក្យពេចន៍កំណាព្យកាព្យឃ្លោងនៅក្នុងបទចម្រៀងបច្ចុប្បន្ន វាហាក់ដូចជាមិនមានភាពខុសគ្នាឆ្ងាយអំពីចម្រៀងសម័យមុនទេ ។ ហើយសម្លេងមនុស្សសម័យនេះក៏មិនអន់ជាងសម្លេងមនុស្សសម័យមុនដែរ ។ ដូច្នេះ អ្វីដែលនៅសល់គឺយុទ្ធវិធីនៃការតាក់តែងរៀបចំបទភ្លេង ។ ខ្ញុំមិនចេះលេងភ្លេងហើយក៏មិនដែលបានរៀនអំពីតន្ត្រីដែ ។ ដូច្នេះ ការស្វែងយល់របស់ខ្ញុំអំពីមូលហេតុដែលធ្វើឲ្យបទចម្រៀងគ្មានទឹកដម ឬមិនពីរោះនោះ គឺមិនខុសអំពីមនុស្សខ្វាក់យកដៃទៅស្ទាបសត្វដំរីដើម្បីស្វែងយល់អំពីរូបរាងវាឡើយ ។ ទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថាការស្រាវជ្រាវឆៅៗមួយនេះអាចផ្តល់សមត្តិកម្មខ្លះៗដល់មនុស្សមួយចំនួនដែលចង់ស្វែងយល់ដូចខ្ញុំដែរ ។ ចម្រៀងត្រូវការបទភ្លេងដើម្បីភ្ជាប់ទំនាក់ទំនងរវាង រូបារម្មណ៍និងសោតារម្មណ៍ ឲ្យស្អិតរមួតជាមួយគ្នា ។ ការសរសេរបទភ្លេងអមជាមួយនឹងបទចម្រៀងនិមួយៗ គឺលំបាកដូចជាការសរសេរកំណាព្យដែលជាទំនុកច្រៀងនោះដែរ ។ អ្នកដែលគ្មានទេពកោសល្យ មិនអាចធ្វើកើតឡើយ ។ នៅក្នុងក្រិត្យក្រមនៃការសរសេរបទភ្លេង គេត្រូវដើរតាមគោលការណ៍មួយចំនួនដូចជា៖ ខ័ត (Cord) ភីត (Pitch) ណោត (Note) អុកតាវ (Octave) កាដង់ (Cadence) តុង (Tone or Tune) ចង្វាក់ (Rhysm) ជាដើម ។ ខ្ញុំសូមលើកយកចំណុចបីគឺ៖ ណោត អុកតាវ និង កាដង់ មកបកស្រាយនៅទីនេះដើម្បីស្វែងយល់ខ្លះៗ ថាតើហេតុអ្វីបានជាបទចម្រៀងសម័យលោក សុីន សុីសាមុត ស្តាប់ទៅពីរោះចូលចិត្តជាងចម្រៀងនៅសម័យនេះ ។ គេចែកណោតភ្លេងនិមួយៗជាបួនគឺៈ 1, 1/2, 1/3, 1/4 ។ ចំណែក អុកតាវ គឺមានទម្រង់ទ្វេគុណ (2X)។ ឧទាហរណ៍៖ 2x2=4; 4x2=8 8x2=16 etc. ។ រីឯ កាដង់ គឺជាការផ្គុំគ្នានៃណោត ដែលមានចំនួន ៨ណោត ក្នុងមួយកាដង់ ។ គេហៅឈ្មោះណោតនីមួយៗថា៖ ដូ រ៉េ មី ហ្វា សុល ឡា សុី ដូ ហើយសរសេរកាត់ជាតួអក្សរឡាតាំង៖ C D E F G A B C ។ កាដង់ ដែលមានចំនួន ៨នោះ ជាមូលដ្ឋានគ្រឹះនៃបទភ្លេងនិងទំនុកច្រៀងផងទាំងពួង ។ ចម្រៀងដែលពីរោះឬមិនពីរោះ គឺអាស្រ័យលើការគោរពតាមគោលការរបស់កាដង់នេះឯង ។ គួរកត់សម្គាល់ដែរថា គេអាចបំភ្លៃចំនួនណោតនៅក្នុងកាដង់នីមួយៗបានដែរ ។ នៅក្នុងការតាក់តែងកំណាព្យខ្មែរ យើងមានមេកាព្យបទពាក្យ ៨ ដែលសីល្បៈករខ្មែរជំនាន់លោក សុីន សុីសាមុត ចូលចិត្តយកមកតែងធ្វើជាទំនុកច្រៀងណាស់ ។ បទចម្រៀងដែលពីរោះៗបំផុត ភាគច្រើនគឺប្រើគោលការណ៍ពាក្យឬចំនួន ៨ នេះឯង ។ ការប្រើគោលការណ៍ កាដង់ នៅក្នុងបទភ្លេងតែឯកឯងមិនទាន់អាចធ្វើឲ្យចម្រៀងពីរោះស្តាប់ឡើយ ។ អ្នកច្រៀងក៏ត្រូវគោរពតាមគោលការណ៍កាដង់នេះដែរ ដោយអនុវត្តតាមសម្លេងណោត ដូ រ៉េ មី ហ្វា ។ សម្លេងនេះគឺមានលក្ខណៈ ពីទាបទៅខ្ពស់ និង ពីខ្ពស់មកទាប ។ ពីទាបទៅខ្ពស់គឺសម្លេងចាប់ផ្តើមចេញពីប្រភព តំបារពោះត្រង់ចំណុចផ្ទឹត ចុងដង្ហើម ដើមទ្រូង បំពង់ក កន្លើត ក្រអូមមាត់ ខ្ទង់ច្រមុះ និង ថ្ងាស ។ ចំណុចទាំង៨នេះគឺសុីសង្វាក់គ្នាជាមួយនឹងកាដង់ ។ ចម្រៀងដែលពីរោះគឺមានភាពសុីសង្វាក់គ្នារវាងអ្នកច្រៀងនិងអ្នកប្រគុំបទភ្លេងដែលមានកាដង់ជានិយាម ដែលភាសាអង់គ្លេសហៅថា ហាម៉ូនី (Harmony) ។ ក្រៅអំពីភាពសុីសង្វាក់គ្នានេះ ការជ្រើសរើសឧបករណ៍ភ្លេងអមជាមួយនឹងសម្លេងអ្នកច្រៀងក៏ជាកត្តាសំខាន់មួយដែរ ។ តាមការសង្កេតរបស់ខ្ញុំ សីល្បករជំនាន់លោកសុីន សុីសាមុត គាត់និយមប្រើឧបករណ៍ប្រភេទ ផ្លុំ (Wind instrument) និងខ្សែកូត ឲ្យអមបទចម្រៀងមនោសញ្ចេតនា (Sentimental songs) ។ ឧបករណ័វាយដោយចង្កឹះដូចជា ស្គរនិងរនាត (Percussion) គេច្រើនប្រើអមជាមួយនឹងបទចម្រៀងប្រភេទរាំវង់និងរ៉ុក ។ ឯឧបករណ៍ខ្សែដេញដូចជា ចាបុី ហ្គីតា គេប្រើជាមួយនឹងចម្រៀងគ្រប់ប្រភេទ ។ រូបធាតុផ្សំទាំងអស់នេះហើយដែលខ្ញុំគិតថាធ្វើឲ្យបទភ្លេងនិងចម្រៀងសម័យលោក សុីន សុីសាមុត មានភាពពីរោះរងំរន្តំជាប់ដួងចិត្ត ស្តាប់មិនចេះជិនណាយ ។ ដើម្បីជាឧទាហរណ៍ ខ្ញុំសូមជូនចម្រៀងមួយបទ ដែលខ្ញុំគិតថាតាក់តែងរៀបចំគោរពតាមគោលការណ៍កាដង់បានសុក្រិតល្អណាស់ ។ មុននឹងបញ្ចប់ ខ្ញុំសូមលើកយកប្រវត្តិនៃចម្រៀងសម័យខ្មែរមករៀបរាប់បន្តិច ។ តាំងពីបុរាណកាលមក ខ្មែរយើងមិនដែលមានចម្រៀងសម័យទេ ។ វាទើបនឹងកើតមាននៅចុងសតវត្សទី ១៩ ក្នុងរជ្ជកាលព្រះបាទ នរោត្តម ។ បន្ទាប់ពីបង្ខំឲ្យស្តេចនរោត្តមចុះហត្ថលេខាដាក់ប្រទេសកម្ពុជាក្រោមអាណានិគមបារាំងនៅឆ្នាំ ១៨៦៣ បារាំងបានរៀបចំឲ្យព្រះអង្គទៅធ្វើទស្សនកិច្ចនៅក្រុង ហុងកុង និង ប្រទេស ហ្វីលីពីន ក្នុងឆ្នាំ ១៨៧២ ។ ប្រទេសហ្វីលីពីនដែលគ្រានោះស្ថិតនៅក្រោមអាណានិគមរបស់ អេស្ប៉ាញ បានរៀបចំប្រគុំតន្ត្រីនិងតង្វាយស្រីស្អាតមួយរូបដល់ស្តេចនរោត្តម ។ ប៉ុន្តែ ដោយសារការកកស្ទះចរាចរតាមផ្លូវ ព្រះនាងនោះមិនអាចមកជួបស្តេចនរោត្តមបានឡើយ ។ បន្ទាប់ពីទ្រង់សណ្តាប់តន្ត្រីរបស់ហ្វីលីពីននោះ ស្តេចនរោត្តមទ្រង់សព្វព្រះរាជហឬទ័យណាស់ ហើយក៏សុំឲ្យប្រទេសហ្វីលីពីនបញ្ជូនតន្ត្រីករមួយក្រុមមកប្រគុំថ្វាយទ្រង់ស្តាប់នៅក្នុងព្រះរាជវាំងកម្ពុជា ។ ប្រទេសហ្វីលីពីនបានបញ្ជូនតន្ត្រីករមួយក្រុមអមដំណើរស្តេចនរោត្តមមកកម្ពុជានាគ្រានោះ ។ ដោយហេតុតែសម័យនោះមិនមានមធ្យោបាយធ្វើដំណើរចុះឡើងងាយស្រួលដូចសព្វថ្ងៃ តន្ត្រីករហ្វីលីពីនទាំងនោះក៏រស់នៅកកូនពូនចៅនៅក្នុងប្រទេសកម្ពុជារហូតមក ។ គឺក្រុមតន្ត្រីករហ្វីលីពីនមួយក្រុមនោះហើយដែលផ្តល់កំណើតឲ្យតន្ត្រីសម័យខ្មែរបច្ចុប្បន្ននេះ ។ សព្វថ្ងៃ យើងមិនដឹងថាសាច់សារលោហិតរបស់តន្ត្រីករហ្វីលីពីនទាំងនោះ នៅមានសេសសល់ដែរឬទេ ។ ចាស់ៗខ្មែរដែលមានអាយុចាប់ពី ៨៥ឆ្នាំឡើងទៅហើយធ្លាប់រស់នៅក្បែរទីក្រុងភ្នំពេញ អាចនៅចងចាំអំពីក្រុមតន្ត្រីហ្វីលីពីននោះ ។ គេហៅក្រុមភ្លេងនោះថា៖ ភ្លេងម្និល (Manila Music)។

Tuesday, March 12, 2019

ចំណីខួរក្បាល

ទំនាស់វប្បធម៌ (Culture Shock) ទំនាស់វប្បធម៌ (Culture Shock) កើតមាននៅពេលនរណាម្នាក់ចូលទៅរស់នៅ នៅក្នុងសង្គមឬសហគមមួយដែលខុសប្លែកអំពីសង្គមដែលខ្លួនធ្លាប់រស់នៅ ។ ទំនាស់នេះមានសភាពស្រាលឬធ្ងន់គឺអាស្រ័យលើភាពខុសគ្នារវាងវប្បធម៌ ។ យើងអាចចែកភាពខុសគ្នារវាងវប្បធម៌ជាពីរធំៗគឺ វប្បធម៌បុគ្គលនិយម (Individualism) និង វប្បធម៌សមោហនិយម (Collectivism) ។ បណ្តុំនៃវប្បធម៌បុគ្គលនិយមគឺស្ថិតនៅបស្ចិមប្រទេសមានជាអាទ៍ សហភាពអឺរ៉ុបនិងទ្វីបអាមេរិកខាងជើង ។ ឯវប្បធម៌សមោហនិយមភាគច្រើនមាននៅតំបន់មជ្ឈឹមបូព៌ា និងទ្វីបអាសុី ។ កាលខ្ញុំនិរទេសខ្លួនទៅរស់នៅបស្ចិមប្រទេស កត្តាដ៏ធំមួយដែលបង្កឲ្យខ្ញុំមានទំនាស់វប្បធម៌គួរឲ្យចាប់អារម្មណ៍គឺការប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រពៃណីដែលខ្ញុំគិតថាគាប់ប្រសើរ ។ នៅពេលខ្ញុំធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកនៅចុងទសវត្សឆ្នាំ ១៩៨០ ទំនាស់វប្បធម៌ដំបូងបំផុតដែលញាំញីអារម្មណ៍ខ្ញុំគឺការខ្វះភាពអោនលំទោនរបស់ក្មេងទៅកាន់មនុស្សចាស់ និងកង្វះការផ្តល់អាទិភាពឲ្យគ្នារវាងយុវជននិងយុវតី ។ កាលរស់នៅស្រុកខ្មែរ ខ្ញុំត្រូវបានបង្រៀនឲ្យចេះឱនលំទោនគោរពចាស់ទុំដោយកាយវាចាចិត្តគ្រប់កាលៈទេសៈទាំងអស់ និងត្រូវចេះឲ្យអាទិភាពដល់មនុស្សស្រីនៅទីដែលចង្អៀត ។ ប្រការនេះបានធ្វើឲ្យខ្ញុំទើសទាល់យ៉ាងខ្លាំងជាមួយនឹងបងថ្លៃខ្ញុំ ដែលជាក្មេងចម្រើនវ័យនៅសហរដ្ឋអាមេរិក ។ ខ្ញុំមើលឃើញកាយវិការនានាដែលបងថ្លៃខ្ញុំប្រព្រឹត្តិនៅចំពោះមុខម្តាយខ្ញុំ គឺហាក់ដូចជាមានភាពឈ្លើយគួរឲ្យធុញទ្រាន់ ។ ដូចគ្នាដែរ នៅពេលដែលខ្ញុំទៅរៀននៅវិទ្យាល័យ ខ្ញុំមើលឃើញកាយវិការដើរប្រជ្រៀតគ្នានៅលើជណ្តើរក្នុងអគារសិក្សារបស់សិស្សប្រុសស្រីអាមេរិកាំង ហាក់ដូចជាខ្វះសុជីវធម៌ពេកណាស់ ។ គួរបញ្ជាក់ថា កូនសិស្សនៅស្រុកអាមេរិកមិនអង្គុយនៅក្នុងបន្ទប់តែមួយរង់ចាំឲ្យគ្រូបង្រៀនមុខវិជ្ជាផ្សេងៗចូលមកបង្រៀនទេ ។ ពួកគេត្រូវចេញពីបន្ទប់មួយទៅបន្ទប់មួយទៀតដើម្បីរៀនមុខវិជ្ជាផ្សេងៗ ។ ដូច្នេះ នៅពេលកណ្តឹងរោទ៍ចុងម៉ោងម្តងៗ កូនសិស្សចេញពីថ្នាក់ដើរប្រជ្រៀតគ្នាប្រសេចប្រសាចគ្មានខ្វល់អំពីការប៉ះពាល់គ្នារវាងស្រីនិងប្រុសឡើយ ។ ខ្ញុំដែលជាយុវជនគោរពប្រពៃណីនិងសុជីវធម៌ខ្ជាប់ខ្ជួននោះ មិនហ៊ានដើរប្រជ្រៀតជាមួយនឹងសិស្សស្រីៗទេ គឺរង់ចាំទាល់តែរយាលមនុស្សបន្តិចទើបចេញដើរទៅកាន់បន្ទប់រៀនរបស់ខ្ញុំ ។ ជាលទ្ធផល ថ្នាក់មួយដែលនៅដាច់ស្រយាលឆ្ងាយបន្តិច ខ្ញុំទៅរៀនមិនដែលទាន់ពេលទេ ។ អ្នកគ្រូដែលបង្រៀននៅក្នុងថ្នាក់នោះក៏មិនដែលសួរនាំអ្វីអំពីប្រការដែលខ្ញុំមកយឺត រហូតទាល់តែដល់ថ្ងៃមួយដែលយើងពិភាក្សាអំពីវប្បធម៌ទើបខ្ញុំយកចំណុចនោះមកនិយាយ ហើយមនុស្សទាំងអស់ក៏នាំគ្នាសើចគិលឡើង ព្រោះមិននឹកស្មានថាខ្ញុំជាមនុស្សរមទម ឬល្ងង់មិនច្រឡំនឹងគេ ។ និយាយអំពីទំនាស់វប្បធម៌នៅក្នុងផ្ទះវិញម្តង ។ រឿងខ្ញុំធុញទ្រាន់នឹងអត្តចរិតរបស់បងថ្លៃខ្ញុំ បានអូសបន្លាយរហូតដល់ផ្ទះទូលាយក្លាយទៅជាផ្ទះចង្អៀត ។ ខ្ញុំបាននាំម្តាយខ្ញុំចាកចេញឲ្យឆ្ងាយពីទីដ៏ចង្អៀតចង្អល់នោះ ដោយធ្វើដំណើរឆ្លងពីរដ្ឋមួយទៅរដ្ឋមួយ ដើម្បីស្វែងរកកន្លែងដែលយើងអាចរស់ជាមួយនឹងវប្បធម៌ដ៏ល្អផូផង់នៅក្នុងចិត្តរបស់យើង ។ ទៅដល់កន្លែងថ្មី អ្វីៗក៏ហាក់ដូចជានៅតែចង្អៀតដដែល ។ ធាតុពិត គឺចិត្តខ្ញុំទេដែលចង្អៀត ។ វប្បធម៌ឬទំនៀមទម្លាប់នៃការរស់នៅក្នុងស្រុកអាមេរិក មិនចង្អៀតដូចចិត្តខ្ញុំឡើយ ។ កន្លងប្រមាណជា ១០ឆ្នាំក្រោយមក ខ្ញុំមានឱកាសទៅទស្សនកិច្ចនៅកម្ពុជា គឺវិលត្រឡប់ទៅជួបនឹងវប្បធម៌ដ៏ល្អផូផង់របស់ខ្ញុំវិញ ។ នៅក្នុងការប្រាស្រ័យទាក់ទងគ្នារវាងខ្ញុំនិងញាតិមិត្តប្អូនបង ជាពិសេសជាមួយអ្នកដែលមានអាយុច្រើនជាងខ្ញុំនាអំឡុងពេលដែលខ្ញុំនៅស្រុកខ្មែរនោះ ខ្ញុំមានអារម្មណ៍ថាមនុស្សជាច្រើនហាក់ដូចជាបញ្ចេញអកប្បកិរិយាឆ្គងៗ ។ តាមពិត ភាពឆ្គងៗនោះគឺមិនមែនអ្វីក្រៅអំពីទំនាស់វប្បធម៌ឡើយ ។ នៅក្នុងកែវភ្នែកខ្ញុំ អកប្បកិរិយារបស់ញាតិមិត្តចាស់ៗទាំងនោះគឺឆ្គងគួរឲ្យធុញទ្រាន់ ។ ប៉ុន្តែបើយើងនិយាយអំពីអកប្បកិរិយាខ្ញុំនៅក្នុងកែវភ្នែករបស់ញាតិមិត្តចាស់ៗទាំងនោះវិញ គឺមានភាពឈ្លើយគួរឲ្យស្អប់ខ្ពើមដែរ ។ នេះគឺជាសច្ចៈភាពមួយនៃទំនាស់វប្បធម៌ ។ អ្នកដែលចាកចេញពីវប្បធម៌មួយទៅរួមរស់នឹងវប្បធម៌មួយទៀត រមែងជួបប្រទះបញ្ហាអស់ទាំងនេះ ។ នៅក្នុងករណីខ្ញុំដែលវិលត្រឡប់ទៅភពប្រសព្វនឹងវប្បធម៌កំណើតរបស់ខ្លួន ហើយនៅជួបនឹងទំនាស់វប្បធម៌ទៀតនោះ ក្នុងភាសាអង់គ្លេសគេហៅថា Reverse Culture Shock ឬទំនាស់ជាមួយនឹងវប្បធម៌កំណើត ។ វប្បធម៌មានន័យថា ការដាំដុះលូតលាស់តាមសភាវធម្មជាតិ ។ ដូច្នេះ ឥទ្ធិពលនៃវប្បធម៌ដែលជ្រាបចូលទៅក្នុងអកប្បកិរិយាមនុស្ស គឺមិនខុសអំពីទឹកដែលជ្រាបចូលក្នុងដីខ្សាច់នោះឡើយ ។ មនុស្សជាទូទៅ មិនចាប់ភ្លឹកឬក៏មានអារម្មណ៍ដឹងថាអកប្បកិរិយារបស់ខ្លួនស្ថិតនៅក្រោមឥទ្ធិពលនៃវប្បធម៌ឡើយ ។ ការមិនចាប់ភ្លឹក ឬមិនមានអារម្មណ៍យល់ដឹងនេះ បានធ្វើឲ្យមានទំនាស់រាប់មិនអស់នៅក្នុងសង្គមមនុស្ស ។ ឧទាហរណ៍ដ៏សាមញ្ញមួយ គឺប្តីប្រពន្ធ ។ នៅពេលយើងរៀបការចាប់ដៃគ្នាជាគូស្រករ យើងចាប់ផ្តើមមានទំនាស់ទើសទាស់អំពីអកប្បកិរិយាគ្នាទៅវិញទៅមករាប់មិនអស់ ។ ទំនាស់នេះបើនិយាយឲ្យលម្អិតទៅគឺជាទំនាស់វប្បធម៌លំដាប់ម៉ៃក្រូ (Micro-culture) ដែលកើតចេញមកអំពីការភពប្រសព្វរវាងគ្រួសារពីរដែលមានរបៀបរបបរស់នៅខុសគ្នា ។ នៅពេលយើងពង្រីកវប្បធម៌ម៉ៃក្រូរហូតទៅដល់អន្តរវប្បធម៌ (Micro-culture to Macro-culture to Inter-culture) ភាពស្មុគស្មាញនៃទំនាស់វប្បធម៌ក៏កើនឡើងតាមនោះដែរ ។ សូមបញ្ចប់ប្រធានបទនេះត្រឹមនេះចុះ ។ ប៉ុន្តែ មុននឹងបញ្ចប់សូមអនុញាតិផ្តល់នូវកូនគំនិតមួយ ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់ដោះស្រាយទំនាស់វប្បធម៌គឺការទទួលស្គាល់វប្បធម៌ ទោះចូលចិត្តក្តី មិនចូលចិត្តក្តី ៕

Thursday, March 7, 2019

ចំណីខួរក្បាល

ចាប់ចោរត្រូវចាប់មេវា យុទ្ធសាស្ត្រចាប់ចោរត្រូវចាប់មេវា ត្រូវបានគេប្រើរាប់ពាន់ឆ្នាំមកហើយ ទាំងលើវិស័យសឹកសង្គ្រាម នយោបាយ និងការបំបាត់ចោរខ្មួញនៅក្នុងសង្គម ។ វាមានប្រភពចេញមកអំពីយុទ្ធសាស្ត្រចំនួនសាបសិបប្រាំមួយរបស់ប្រទេសចិនសម័យបុរាណដែលគេបាននិទាននិងកត់ត្រាទុករហូតមកដល់សព្វថ្ងៃ ។ ប្រទេសជាច្រើននៅក្នុងពិភពលោក ដែលមានទំនាស់នឹងគ្នាតែងតែយកយុទ្ធសាស្ត្រខ្លះៗក្នុងចំណោមយុទ្ធសាស្ត្រទាំង ៣៦នេះ មកតតាំងដើម្បីយកប្រៀបលើគ្នាទៅវិញទៅមក ។ ដោយឡែក នៅក្នុងប្រទេសកម្ពុជា ការតតាំងគ្នារវាងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ គឺផ្អែកស្ទើរតែទាំងស្រុងលើយុទ្ធសាស្ត្រទាំង៣៦របស់ចិននេះ ។ សព្វថ្ងៃ គណបក្សប្រជាជនកំពុងប្រើយុទ្ធសាស្ត្រ "ចាប់ចោរត្រូវចាប់មេវា" ដើម្បីស្វែងរកជោគជ័យនៅក្នុងការប្រកួត ។ យុទ្ធសាស្ត្រចាប់ចោរត្រូវចាប់មេវា គឺសំដៅលើការកំចាត់សត្រូវដោយបំផ្លាញមេដឹកនាំនិងរចនាសម្ព័ន្ធដឹកនាំ ។ អ្នកដែលធ្លាប់អានឬមើលរឿង សាមកុក របស់ចិនអាចមើលយល់ប្រការនេះច្បាស់លាស់ណាស់ ។ ប៉ុន្តែ អ្វីដែលអ្នកប្រាជ្ញចិនព្រមានពាក់ព័ន្ធនឹងយុទ្ធសាស្ត្រចាប់ចោរ គឺថា គប្បីពិនិត្យមើលឲ្យបានជាក់លាក់ថាតើកូនចោរមានទំនាក់ទំនងនឹងមេវារបៀបណា ។ បើកូនចោរនិងមេចោរមានទំនាក់ទំនងនឹងគ្នាដោយសារភក្តីភាព នោះគេមិនត្រូវប្រើយុទ្ធសាស្ត្រ "ចាប់ចោរត្រូវចាប់មេ" ឡើយ ព្រោះវាជាទង្វើឆ្ពោះទៅរកការបរាជ័យ ។ ភាពខុសគ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជន មិនមានអ្វីគួរឲ្យកត់សម្គាល់ជាដុំកំភួនទេ ។ គណបក្សទាំងពីរប្រតិបត្តិការណ៍នៅក្រោមរូបភាព គ្រួសារនិយមនិងបក្សពួកនិយម ដូចគ្នា ។ កត្តាតែមួយគត់ដែលផ្តល់សារប្រយោជន៍ឲ្យគណបក្សសង្គ្រោះជាតិគឺ អយុត្តិធម៌សង្គម ។ ពួកគេយកចំណុចនេះមកផ្គុំនឹងពាក្យ "មិនយកខ្មែរណាជាសត្រូវ" ដើម្បីប្រមូលផ្តុំផ្គុំឲ្យមានទំនាក់ទំនងគាំទ្រនៅក្នុងចិត្តគំនិត "កូនចោរ" ។ ចំណងផ្លូវចិត្តនេះក៏ជារបាំងគាំពារដ៏មានប្រសិទ្ធភាពផងដែរ ក្នុងការទប់ទល់ជាមួយនឹងទង្វើ "បំបែកហើយគ្រប់គ្រង" (Divide and Conquer) របស់គណបក្សប្រជាជន ។ មកទល់នឹងថ្ងៃនេះ ការតតាំងគ្នារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនគឹស្ថិតនៅក្នុងសភាព "ទ្រឹង" (Stalemate) ។ មេចោរចាប់បានមួយរត់រួចមួយ ប៉ុន្តែកូនចោរហាក់ដូចជានៅរ៉េរ៉មិនព្រមចុះចូលនៅឡើយ ។ តើអ្វីទៅជាមូលហេតុ? មូលហេតុដែលគណបក្សប្រជាជនមិនអាចបង្ក្រាបគណបក្សសង្គ្រោះជាតិបាន មានច្រើន ប៉ុន្តែ សូមលើកយកនូវចំណុចសំខាន់ៗមួយចំនួនមករៀបរាប់នៅទីនេះ ។ ជាបឋម ទាំងលោក សម រង្សី និងលោក កឹម សុខា យល់ច្បាស់លាស់ណាស់ថា បើពួកគេបែកសាមគ្គីគ្នា គោលដៅរបស់ពួកគេនឹងបរាជ័យដោយស្វ័យប្រវត្តិ ។ មិនចាំបាច់លោក ហ៊ុន សែន មករុកគួនទេ ។ ឯសកម្មជនដែលជាប់បំរាមធ្វើនយោបាយក៏ដូចគ្នាដែរ ។ បើដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយ គឺស្មើនឹងចុះចូលជាមួយនឹងសត្រូវហើយថែមទាំងត្រូវកូនចោរឈប់រាប់រកទៀតផង ។ អ្នកនយោបាយដែលគ្មានអ្នកគាំទ្រ និងអ្នកដែលគ្មានសិទ្ធិធ្វើនយោបាយ គឺមួយតំបរនិងបួន "ឌៀតែខ្នូច" ទេ ។ ចំណុចនេះហើយដែលគេមិនសូវឃើញមានមនុស្សជាប់បម្រាមទាំងនោះ ទៅដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយ ព្រោះវាជាទង្វើអត់ប្រយោជន៍ ។ នៅមានចំណុចពាក់ព័ន្ធច្រើនទៀត ប៉ុន្តែ ខ្ជិលបរិយាយណាស់ កុំឲ្យគេថាខ្ញុំបោះ ព្រុយយ៉ុង ឲ្យភាគីណាមួយ ។ មុននឹងបញ្ចប់ សូមលើកយកផ្កាយគ្រោះមួយមកបង្ហាញគណបក្សប្រជាជននិងសម្តេច ហ៊ុន សែន ។ ផ្កាយគ្រោះនោះគឺរូបទាហានលើកកាំភ្លើងវាយកញ្ចឹកកបាតុករម្នាក់ដែលកំពុងអង្គុយលុតជង្គង់ជាប់ចំណងស្លាបសេកនៅខេត្ត ព្រះសីហនុ ។ រូបនោះជានិម្មិត្តរូបនៃអំពើសាហាវឃោឃៅមួយដែលសម្តេច ហ៊ុន សែន និងឥស្សរជនជាច្រើនទៀតនៅក្នុងជួរគណបក្សប្រជាជន ធ្លាប់បានយកជីវិតទៅប្តូរតស៊ូកំចាត់វាចោល ។ អ្នកដែលធ្លាប់រងគ្រោះនៅក្នុងជំនាន់ខ្មែរក្រហមគ្រុបគ្រងប្រទេសកម្ពុជា និងមនុស្សដែលធំដឹងក្តីនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា សុទ្ធតែស្គាល់និងយល់អំពីអត្ថន័យនៃនិម្មិត្តរូបនេះច្បាស់លាស់ណាស់ ។ វាតំណាងឲ្យរបបគ្រុបគ្រងមួយដែលគួរឲ្យស្អប់ខ្ពើមនិងភ័យខ្លាចជាទីបំផុត ។ សុភាសិតខ្មែរមួយពោលថា៖ "សាងគុណមួយរយសំពៅ ទោសមួយចូលទៅរលាយគុណអស់" ៕

Tuesday, March 5, 2019

ចំណីខួរក្បាល

យុទ្ធសាស្ត្រ សាបសិបប្រាំមួយ ចិនបុរាណ បកប្រែរៀបរៀងនិពន្ធដោយលោកបណ្ឌិត ហ្គាហ្វា ពាងម៉េត ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជំពូកទី ១ៈ យុទ្ធសាស្ត្រឈ្នះ ដើម្បីយកជ័យជំនះ មេទ័ពត្រូវអនុវត្តគោលការណ៍៖ ឆ្លងកាត់សមុទ្រដោយមិនឲ្យអធិរាជដឹង បិទបាំងគោលដៅពិតរបស់អ្នក ។ ប្រើល្បិចបង្ហាញគោលដៅមិនពិតរហូតដល់ពេលគោលដៅពិតត្រូវបានសម្រេច (បញ្ឆោតឆ្វេង វាយស្តាំ) ។ ឡោមព័ទ្ធ ហ្វី ដើម្បីជួយសង្គ្រោះ ហ្សៅ នៅពេលប្រឈមនឹងបច្ចាមិត្តដែលមានកម្លាំងរឹងមាំ ចៀសវាងការវាយប្រហារចំពីមុខ ។ វាយចំណុចខ្សោយរបស់បច្ចាមិត្ត ឬវាយប្រហារអ្វីមួយដែលសំខាន់សម្រាប់ពួកគេ ។ សត្រូវមិនអាចមានកម្លាំងខ្លាំងក្លានៅក្នុងគ្រប់កិច្ចការនិងគ្រប់ទីកន្លែងទេ ។ សំណាញ់ការពាររមែងមានចន្លោះប្រហោងត្រង់ណាមួយដែលជាចំណុចខ្សោយ ។ ខ្ចីដៃសត្រូវយកមកប្រើ នៅក្នុងស្ថានភាពដែលអ្នកមិនមានកម្លាំងគ្រប់គ្រាន់ ត្រូវវាយប្រហារដោយប្រើកម្លាំងរបស់អ្នកដទៃ ។ បញ្ឆោតសម្ព័ន្ធមិត្តម្នាក់ឲ្យវាយប្រហារសត្រូវ ។ សូកប៉ាន់មន្ត្រីម្នាក់ឲ្យក្បត់ ។ ប្រើកម្លាំងសត្រូវខ្លួនឯងឲ្យធ្វើការវាយប្រហារ ។ បំផ្លាញកម្លាំងសត្រូវដោយលើកទឹកចិត្តភាគីទីបីឲ្យវាយប្រហារ ។ រង់ចាំនិងសម្រាកយកកម្លាំងខណៈដែលបច្ចាមិត្តបង្ហូរញើសរៀបចំឆាកប្រយុទ្ធ ជ្រើសរើសពេលវេលានិងទីកន្លែងសម្រាប់ប្រយុទ្ធ ។ គប្បីដឹងថា ពេលណានិងនៅទីណាដែលអ្នកត្រូវប្រយុទ្ធ ខណៈបច្ចាមិត្តរបស់អ្នកមិនដឹង ។ បញ្ឆោតបច្ចាមិត្តឲ្យចំណាយឋាមពលទៅលើកិច្ចការអ្វីមួយដែលគ្មានប្រយោជន៍ នៅពេលដែលអ្នកសន្សំតុកកម្លាំងរបស់អ្នក ។ គោលគំនិតគឺត្រៀមលក្ខណៈទ័ពរបស់អ្នកដើម្បីប្រយុទ្ធ ខណៈបច្ចាមិត្តរបស់អ្នកកំពុងសិវែងរកវិធីប្រយុទ្ធ ។ ល្បិចនេះនឹងផ្តល់ប្រៀបយ៉ាងសម្បើមដល់ទ័ពរបស់អ្នក នៅក្នុងការប្រយុទ្ធមួយនៅគ្រាខាងមុខដែលអ្នកជាអ្នករើសពេលវេលានិងទីកន្លែងប្រយុទ្ធ ។ ឆក់ប្លន់ទ្រព្យពីផ្ទះដែលកំពុងឆេះ នៅពេលដែលសត្រូវកំពុងមានជម្លោះផ្ទៃក្នុង ប្រជាជនមានជម្ងឺ ឬទុរ្ភិក្ស ហើយអស់ជំនឿលើពួកអាជ្ញាធរ អំពើពុករលួយនិងបទឧក្រិដ្ឋរីករាលដាលពេញប្រទេស នេះគឺជាពេលវេលាដែលអ្នកត្រូវវាយប្រហារ ។ ប្រមូលផ្តុំពត៌មានផ្ទៃក្នុងអំពីសត្រូវ ។ បើសត្រូវស្ថិតនៅក្នុងស្ថានភាពខ្សោយបំផុត ត្រូវវាយប្រហារឲ្យខ្លាំងហើយបំផ្លាញពួកគេឲ្យខ្ទេចតែម្តង ដើម្បីចៀសវាងបញ្ហានៅថ្ងៃអនាគត ។ បញ្ឆោតឆ្វេង វាយស្តាំ ការវាយឆ្មក់ផ្តល់សារប្រយោជន៍ច្រើន ។ សូម្បីនៅពេលវាយប្រហារទល់មុខគ្នា ការបង្កើតឲ្យមានការភ្ញាក់ផ្អើលអំពីព្រឹត្តិការណ៍វាយឆ្មក់ តែងតែមានសារប្រយោជន៍ ។ អ្នកគប្បីវាយប្រហារកន្លែងណាដែលសត្រូវមិនបានគិតដល់ ។ ត្រូវបញ្ឆោតសត្រូវឲ្យផ្តោតកម្លាំងទៅលើទីតាំងមួយ ខណៈអ្នកវាយប្រហារទីតាំងមួយទៀតដែលមិនសូវមានការការពាររឹងមាំ ។ ជំពូកទី ២ៈ យុទ្ធសាស្ត្រចាក់សត្រូវពីក្រោយខ្នង របៀបប្រហារគូបដិបក្ខមិនឲ្យដឹងខ្លួន៖ បង្កើតព្រឹត្តិការណ៍ដើម្បីបំភ្លៃស្ថានការណ៍ រកមធ្យោបាយកុហកសត្រូវ ។ ធ្វើឲ្យសត្រូវជឿថាមានអ្វីមួយកើតឡើងខណៈដែលឥតមានអ្វីសោះ ។ វិធីសាស្ត្រមួយគឺបង្កើតព្រឹត្តិការណ៍អំពីអត្ថិភាពអ្វីមួយដែលឥតមានសោះ ។ វិធីសាស្ត្រមួយទៀតគឺឃោសនាបំភ្លៃថាគ្មានអត្ថិភាពអ្វីទេ ខណៈដែលមាន ។ ផ្លូវវៀចកុំបោះបង់ ផ្លូវត្រង់កុំដើរហោង បញ្ឆោតសត្រូវដោយប្រើវិធីសាស្ត្រជាក់ស្តែងមួយដែលត្រូវការពេលវេលាយូរដើម្បីសម្រេច ខណៈប្រើយុទ្ធសាស្ត្រផ្លូវកាត់លួចឆ្មក់វាយប្រហារទៅលើពួកគេ ។ នៅពេលដែលសត្រូវផ្តោតអារម្មណ៍ទៅលើការបំភាន់មួយ ពួកគេបាត់បង់ការប្រុងប្រយ័ត្ន ។ ផ្គុំល្បិចនេះជាមួយវិធីសាស្ត្រ (បញ្ឆោតឆ្វេង វាយស្តាំ) ។ ផ្សព្វផ្សាយពត៌មានក្លែងក្លាយដើម្បីទាក់ទាញចំណាប់អារម្មណ៍សត្រូវ ។ យករូបវ័ន្តអ្វីមួយមកធ្វើជាធ្នាក់ ដើម្បីបង្កើនជំនឿទៅលើពត៌មានបំភ្លៃនោះ ។ សត្រូវនឹងចាប់អារម្មណ៍នៅពេលមើលឃើញធ្នាក់ច្បាស់និងយល់ថាជារូបភាពពិត ។ បញ្ចេញសកម្មភាពបញ្ឆោតឲ្យសត្រូវមើលឃើញថា ជាសកម្មភាពឆ្ពោះទៅកាន់គោលដៅពិតប្រាកដ ដើម្បីកុំឲ្យពួកគេសង្ស័យ ។ អង្គុយមើលភ្លើងឆេះឲ្យខ្ទេចខ្ទីសិន ពន្យាពេលចូលប្រឡូកក្នុងសមរភូមិ ។ រង់ចាំទាល់តែសត្រូវនានាប្រយុទ្ធគ្នាទន់ដៃ ។ ឆក់ឱកាសចូលវាយប្រហារសត្រូវទាំងអស់ឲ្យពេញទំហឹង ដើម្បីប្រមូលយកជោគជ័យទាំងមូល ។ ញញឹមលាក់ពិស លុនតួ លុតក្រាប លិឍពង យកចិត្តសត្រូវ ។ នៅពេលទទួលបានការទុកចិត្តពីសត្រូវហើយ ចាត់ការប្រហារពួកគេដោយស្ងៀមស្ងាត់ ។ បូជាដើមបេងដើម្បីថែរក្សានាងនួន មានកាលៈទេសៈដែលតម្រូវឲ្យអ្នកលះបង់គោលបំណងរយៈពេលខ្លី ដើម្បីសម្រេចគោលដៅរយៈពេលវែង ។ នេះគឺជាយុទ្ធសាស្ត្រមួយដែលតម្រូវឲ្យមនុស្សម្នាក់ទទួលរងទុក្ខ ដើម្បីរុញបក្ខពួកដទៃឲ្យផុតគ្រោះភ័យ ។ ឆ្លៀតឱកាសលួចយកពពែមួយ (រុញទូកបណ្តោយទឹក) នៅពេលអ្នកអនុវត្តផែនការណាមួយ ចូរប្រកាន់ឥរិយាបឋទន់ភ្លន់បត់បែនតាមកាលៈទេសៈ ដើម្បីធ្វើសកម្មភាពឆក់យកសារប្រយោជន៍ ។ ឆ្លៀតឱកាសស្វែងរកផលប្រយោជន៍ ទោះតិចក្តីច្រើនក្តី ។ ជំពូកទី ៣ៈ យុទ្ធសាស្ត្រវាយប្រហារ វាយស្មៅបង្អើលពស់ ធ្វើអ្វីមួយដែលគ្មានគោលដៅតែមានភាពអស្ចារ្យ (វាយស្មៅ) ដើម្បីបង្កឲ្យមានប្រតិកម្មអំពីបច្ចាមិត្ត (ពស់ភ័យផ្អើល) ។ ធ្វើឲ្យពួកគេបញ្ចេញផែនការឬទីតាំងរបស់ខ្លួន ឬធ្វើអ្វីមួយគ្រាន់តែបង្អើលសត្រូវក៏បានដែរ ។ បង្កើតសកម្មភាពមួយដែលមិនធម្មតា ដែលចម្លែក និងដែលមិននឹកស្មានដល់ ដើម្បីឲ្យសត្រូវមានការសង្ស័យនិងភ័យព្រួយនៅក្នុងគំនិតពួកគេ ។ ចូរប្រុងប្រយ័ត្ន "កុំធ្វើឲ្យពស់ភ្ញាក់ផ្អើលដោយការ វាយស្មៅ" ពីព្រោះ បើប្រើយុទ្ធសាស្ត្រនេះដោយធ្វេសប្រហែស អាចបញ្ចេញទីតាំងឬគោលបំណងរបស់អ្នកឲ្យបច្ចាមិត្តដឹងទៅវិញ ។ ជញ្ជត់ព្រលឹង យកស្ថាប័នមួយ បច្ចេកវិជ្ជាមួយ វិធីសាស្ត្រមួយ ឬមនោគមវិទ្យាមួយដែលត្រូវបានបោះបង់ចោលយូរហើយ មកបម្រើគោលបំណងរបស់អ្នកវិញ ។ ស្តារអ្វីមួយពីអតីតកាលដោយផ្តល់នូវគោលបំណងថ្មី ឬ ប្រស់ឲ្យរស់ឡើងវិញនូវគំនិតបុរាណ ប្រពៃណី ឬទំនៀមទម្លាប់ ហើយបកស្រាយជាថ្មីដោយផ្តល់ន័យថ្មីឲ្យសមស្របនឹងគោលបំណងរបស់អ្នក ។ បញ្ឆោតខ្លាឲ្យចេញពីរូងភ្នំ មិនត្រូវវាយប្រហារបច្ចាមិត្តនៅក្នុងបន្ទាយដែលមានបណ្តាញការពាររឹងមាំនោះទេ ។ ត្រូវល្បួងគេឲ្យចេញពីទីតាំង ។ ធ្វើដូច្នេះ គឺដើម្បីបំបែកសត្រូវចេញពីមូលដ្ឋាននៃកម្លាំងរបស់ខ្លួន ។ លែងឈ្លូសឲ្យចូលព្រៃ សត្វព្រៃដែលជាប់ក្នុងការឡោមព័ទ្ធ នឹងធ្វើការប្រយុទ្ធស្លាប់រស់ជាចុងក្រោយ ។ ដើម្បីបង្ការហេតុភេទនេះ អ្នកត្រូវធ្វើឲ្យសត្រូវជឿថា គេនៅមានឱកាសរំដោះខ្លួន ។ ឆន្ទៈសត្រូវនៅក្នុងការប្រយុទ្ធតបត នឹងត្រូវបានកាត់បន្ថយព្រោះតែគេមានបំណងរត់ចេញពីការឡោមព័ទ្ធ ។ នៅពេលសត្រូវមើលឃើញថា មិនអាចរំដោះខ្លួនបានទេ ពួកគេនឹងអស់ទឹកចិត្តតស៊ូ ហើយចុះចាញ់ដោយគ្មានការប្រយុទ្ធ ។ បោះចោលដុំឥដ្ឋដើម្បីប្តូរយកត្បូងមរកត បញ្ឆោតគូបដិបក្ខដែលកំពុងមានរបស់សំខាន់នៅក្នុងដៃ ឲ្យជឿថាខ្លួនអាចទទួលបានរបស់ដែលមានតម្លៃជាងនេះមួយទៀត ។ បំភ្លៃឲ្យគេជឿនិងមើលឃើញរបស់មានតម្លៃក្លែងក្លាយនោះ ។ ល្បួងឲ្យបច្ចាមិត្តធ្វើប្រតិកម្ម ។ ធ្វើដូច្នេះ របស់ដែលមាននៅក្នុងដៃបច្ចាមិត្ត និងរបស់ដែលមានតម្លៃក្លែងក្លាយត្រូវបានរបូតបាត់ដូចជា៖ "ទន្សាយក៏រួចត្រីរ៉ស់ក៏រួច" ។ ចាប់ចោរត្រូវចាប់មេវា បើកងទ័ពសត្រូវមានភាពរឹងមាំដោយសារទំនាក់ទំនងជាមួយមេកើយតាមរយៈប្រាក់កាក់ អបិយជំនឿ ឬការគំរាមកំហែង គប្បីផ្តោតសកម្មភាពទៅលើការកំចាត់មេដឹកនាំ ។ នៅពេលមេរលំដួល ទ័ពដែលនៅសេសសល់នឹងបែកខ្ញែក ឬក៏មកចុះចូលនឹងក្រុមយើង ។ ប៉ុន្តែ បើទ័ពសត្រូវរឹងមាំដោយសារមានទំនាក់ទំនងជាមួយមេតាមរយៈភាពស្មោះត្រង់ គប្បីប្រុងប្រយ័ត្ន ព្រោះទ័ពនេះអាចបន្តការប្រយុទ្ធប្រឆាំសងសឹកក្រោយពីមេវិនាសបាត់ទៅ ។ ជំពូកទី ៤ៈ យុទ្ធសាស្ត្របង្កភាពវឹកវរ ដុតឲ្យខ្លោច រោចឲ្យឆៅ ញុះញង់ប្រកូកប្រកាសអះអាងបង្ខូចប្រយោជន៍គូបដិបក្ខដោយប្រការផ្សេងៗ ដូចជា ឃោសនាថានឹងរឹបអូសយកទ្រព្យពីមន្ត្រីពុករលួយមកចែកឲ្យប្រជាពលរដ្ឋ ។ នេះជាវិធីសាស្ត្រប្រយោល៖ មិនវាយប្រហារសត្រូវដោយត្រង់ៗទេ តែវាយប្រហារសមត្ថភាពពួកគេនៅក្នុងការប្រកួតគ្នា ឬក៏ធ្វើសឹកសង្គ្រាម ។ កញ្ជ្រោកទឹកឲ្យត្រីពុល បង្កភាពច្របូកច្របល់ ហើយប្រើភាពច្របូកច្របល់នេះដើម្បីសម្រេចគោលដៅរបស់អ្នក ។ លាបពណ៌ស្លាបរៃ បំភ្លៃជាកំភេម លាក់បាំងលក្ខណៈពិសេសរបស់អ្នក ដើម្បីកុំឲ្យគេមើលស្គាល់ ។ ប្តូរអត្តសញ្ញាណ ឬក្លែងបន្លំខ្លួនធ្វើជាមនុស្សផ្សេង ។ វិធីសាស្ត្រនេះមានប្រយោជន៍សម្រាប់ការរត់គេចពីបច្ចមិត្ត ។ បិទទ្វារវ៉ៃឆ្កែ ដើម្បីចាប់បច្ចាមិត្ត ឬនៅក្នុងការវាយប្រហារគ្នាផ្តាច់ព្រ័ត្ត ត្រូវរៀបចំផែនការដោយប្រុងប្រយ័ត្ន ។ មិនត្រូវប្រញាប់ប្រញាលធ្វើសកម្មភាពពេកទេ ។ មុនពេល "ចូលពិឃាត" ចូរកាត់ផ្តាច់ផ្លូវរត់គេចខ្លួនរបស់សត្រូវ និងកាត់ផ្តាច់ផ្លូវដែលអាចនាំជំនួយពីខាងក្រៅទៅឲ្យពួកគេ ។ ជួញជិត ជាជាងជួញឆ្ងាយ អ្នកមានឱកាសទទួលជោគជ័យច្រើន បើអ្នកឈ្លានពានស្រុកដែលនៅក្បែរអ្នក ។ សមរភូមិដែលនៅជិតអ្នកសម្រួលឲ្យកងទ័ពអ្នកទទួលជំនួយនិងធ្វើការការពារទឹកដីដែលបានសញ្ជ័យ ។ គួរចងសម្ព័ន្ធមិត្តជាមួយប្រជាជាតិដែលនៅឆ្ងាយ ។ កុំឈ្លានពានប្រជាជាតិដែលនៅឆ្ងាយ ។ សុំផ្ទះជ្រក រួចយកតែម្តង រកមធ្យោបាយខ្ចីធនធានពីសម្ព័ន្ធមិត្ត ដើម្បីវាយប្រហារបច្ចមិត្ត ។ នៅពេលបច្ចាមិត្តត្រូវបានកម្ទេចរួចហើយ យកធនធានកម្ចីទាំងនោះមកវាយប្រហារលើសម្ព័ន្ធមិត្តវិញម្តង ។ ជំពូកទី ៥ៈ យុទ្ធសាស្ត្រសុីរូងផ្ទៃក្នុង ច្រេះសុីដែក បញ្ជូនភ្នាក់ងារសម្ងាត់ឲ្យចុះចូលជាមួយនឹងសត្រូវ ដើម្បីរកមធ្យោបាយឆារឆៅនិងរំខានការរៀបចំវិធីសាស្ត្រប្រតិបត្តិការនានា ដូចជា ផ្លាស់ប្តូរច្បាប់ទម្លាប់ ដោយបង្កើតឡើងនូវអ្វីដែលផ្ទុយអំពីរបៀបរបបដែលជាស្តង់ដាររបស់ពួកគេ ។ ធ្វើដូច្នេះ គឺដើម្បីបង្កឲ្យមានភាពរង្គោះរង្គើនៅក្នុងក្បាលម៉ាសុីនដឹកនាំ ដែលជាកត្តាធ្វើឲ្យមនុស្សធម្មតាក្លាយទៅជាកងទ័ពដ៏មានប្រសិទ្ធភាព ។ អារកមាន់បន្លាចស្វា ក្នុងការដាក់វិន័យ គ្រុបគ្រង ឬព្រមានមនុស្សដែលនៅក្រៅបរិវេណពាក់ព័ន្ធ គប្បីនិយាយវាយប្រហារបញ្ឆិតបញ្ឈៀងដាក់មនុស្សដែលមានខ្លួន ។ ធ្វើដូច្នេះ អ្នកដែលមានខ្លួនពាក់ព័ន្ធក្នុងរឿងអាស្រូវ មិនហ៊ានប្រតិកម្មតបតទេ ព្រោះខ្លាចបែកធ្លាយបទឧក្រិដ្ឋ ឬក៏បែកធ្លាយបេសកកម្មសម្ងាត់របស់ខ្លួន ។ ចេះធ្វើភ្លើ ធ្វើពុតជាមនុស្សល្ងីល្ងឺ មនុស្សស្រវឹង ឬមនុស្សឆ្កួត ដើម្បីបង្វែងដានពីចំណាប់អារម្មណ៍របស់សត្រូវ ។ ប្រលោមសត្រូវឲ្យមើលស្រាលលើសមត្ថភាពរបស់អ្នករហូតទាល់តែគេបាត់ការប្រុងប្រយ័ត្ន ។ ពេលនោះហើយដែលអ្នកត្រូវបើកការវាយប្រហារ ។ លួចដកជណ្តើរបន្ទាប់ពីគេឡើងដំបូលផ្ទះផុត (បញ្ឆោតខ្លាឲ្យធ្លាក់ជ្រោះ) បោកបញ្ឆោត ឬលួងលោមអន្ទងបច្ចាមិត្តឲ្យធ្លាក់ខ្លួនចូលទៅក្នុងកន្លែងគ្រោះថ្នាក់ ។ បន្ទាប់មក កាត់ផ្តាច់ទំនាក់ទំនងសត្រូវនិងផ្លូវទៅរកសុវត្ថិភាពរបស់ពួកគេ ។ ដើម្បីរំដោះខ្លួនចេញពីមហន្តរាយ សត្រូវត្រូវប្រយុទ្ធនឹងទ័ពរបស់អ្នកផង និងធម្មជាតិផង ។ យកផ្កាទៅចងលើដើមឈើងាប់ យកផ្កាសិប្បនិម្មិតទៅចងនៅលើដើមឈើងាប់មួយ ដើម្បីបំភាន់ថាដើមឈើនោះនៅលូតលាស់ល្អ ។ តាមរយៈការប្រើសិប្បកោសល្យនិងក្លែងបន្លំ អ្វីមួយដែលគ្មានតម្លៃក៏លេចឡើងជាមានតម្លៃ ។ អ្វីដែលមិនមានគ្រោះថ្នាក់សោះបែរជាមើលទៅហាក់ដូចជាមានគ្រោះថ្នាក់សម្បើមណាស់ ។ និងអ្វីដែលគ្មានប្រយោជន៍ បែរជាមានប្រយោជន៍ទៅវិញ ។ ផ្លាស់ប្តូរតួនាទីរវាងម្ចាស់ផ្ទះនិងភ្ញៀវ (បញ្ញើក្អែក) នៅក្នុងស្ថានភាពដែលអ្នកជាមនុស្សស្ថិតនៅក្រោមចំណុះគេ ដណ្តើមការដឹកនាំ ដោយជ្រៀតចូលឲ្យដល់ទីដៅ ។ ធ្វើពុតជាភ្ញៀវដើម្បីឲ្យគេទទួលអ្នក ។ បន្ទាប់មក អភិវឌ្ឍខ្លួនអ្នកឲ្យក្លាយទៅជាម្ចាស់ផ្ទះវិញម្តង ។ ជំពូកទី ៦ៈ យុទ្ធសាស្ត្រទាល់ច្រក ក្រឡទឹកឃ្មុំ (ល្បិចស្រីស្អាត) បញ្ជូនស្រីស្រស់ស្អាតទៅឲ្យខ្មាំង ដើម្បីបង្កភាពវឹកវរនៅក្នុងជំរំពួកគេ ។ វិធីសាស្ត្រនេះអាចធ្វើឲ្យ៖ ទីមួយ ចៅហ្វាយនាយដែលឈ្លក់នឹងសម្រស់ស្ត្រី លែងយកចិត្តទុកដាក់លើកិច្ចការងារ ហើយបណ្តោយឲ្យការប្រុងប្រយ័ត្នធ្លាក់ចុះក្នុងភាពអនាធិបតេយ្យ ។ ទីពីរ ប្រុសៗនឹងចាប់ផ្តើមមានទំនាស់នឹងគ្នា នៅពេលដែលស្ត្រីដែលគេចង់បានបែរជាទៅស្និទ្ធស្នាលនឹងប្រុសណាម្នាក់ទៀង ។ ទីបី ស្ត្រីឯទៀតនឹងមានការច្រណែន ហើយនាំគ្នាបង្កើតផែនការនិងឧបាយកលផ្សេងៗ ដែលជាហេតុនាំឲ្យស្ថានភាពនៅក្នុងជំរំវឹកវរ ។ យុទ្ធាសាស្ត្របន្ទាយគ្មានទ័ព (សំងំយកពិស) នៅពេលដែលសត្រូវមានចំនួនទ័ពច្រើនហើយស្ថានភាពបង្ហាញថាពួកគេនឹងវាយប្រហារអ្នកឆាប់ៗ មិនត្រូវបង្ហាញឲ្យគេឃើញថា អ្នកកំពុងតែត្រៀមខ្លួនប្រយុទ្ធនោះទេ ។ គប្បីរក្សាភាពស្ងប់ស្ងៀម ឬធ្វើសកម្មភាពឌឺដាក់គូបដិបក្ខ ដើម្បីឲ្យពួកគេគិតថាអ្នាកកំពុងរៀបចំការវាយឆ្មក់ដ៏ធំមួយ ។ វិធីសាស្ត្រនេះល្អប្រសើរ បើអ្នកអាចរក្សាភាពស្ងប់ស្ងៀមនិងធម្មតា ខណៈគូបដិបក្ខគិតថាអ្នកស្ថានការណ៍ភ័យព្រួយ ។ យុទ្ធសាស្ត្របន្ទាយគ្មានទ័ព គួរប្រើតែនៅក្នុងករណីគូភាគីប្រយុទ្ធមានកម្លាំងប្រហាក់ប្រហែលគ្នា ។ គប្បីប្រើយុទ្ធសាស្ត្រនេះម្តងម្កាលតែប៉ុណ្ណោះ ។ ស្វាសុីបាយរួច លាបមាត់ពពែ កាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់បច្ចាមិត្ត ដោយលួចបង្កឲ្យមាននូវភាពរកាំរកូសនឹងគ្នារវាងមិត្តភក្តិ សម្ព័ន្ធមិត្ត ទីប្រឹក្សា គ្រួសារ នាយទាហាន ទាហាន និងប្រជាជន ។ ខណៈសត្រូវជាប់រវល់ដោះស្រាយបញ្ហាផ្ទៃក្នុង សមត្ថភាពវាយប្រហារឬការពាររបស់ពួកគេនឹងទន់ខ្សោយ ។ បង្ករបួសលើខ្លួនឯងដើម្បីបញ្ឆោតសត្រូវ ធ្វើពុតជាត្រូវរបួសមានសារប្រយោជន៍ពីរយ៉ាង៖ ទីមួយ បច្ចាមិត្តគិតថា អ្នកមិនអាចវាយប្រហារគេបានឡើយ ។ ទីពីរ អ្នកអាចបញ្ឆោតឬនិយាយបញ្ចុះបញ្ចូលបច្ចាមិត្តឲ្យជឿថា អ្នកត្រូវរបួសដោយសារជួយគារពារសមិទ្ធិផលរបស់ពួកគេ ។ យុទ្ធសាស្ត្ររត់បណ្តាក់គ្នា ក្នុងការតតាំងជាមួយសត្រូវដែលខ្លាំង គប្បីប្រើវិធីសាស្ត្ររត់បណ្តាក់គ្នាជាខ្សែសង្វាក់ ។ ត្រូវរក្សាដំណើរប្រតិបត្តិគម្រោងផ្សេងៗឲ្យទៅតាមគម្រោងផែនការធំតែមួយ ។ ក្នុងករណីដែលគម្រោងណាមួយបរាជ័យ គប្បីអនុវត្តិគម្រោងបន្ទាប់ទៀតភ្លាម ។ យុទ្ធសាស្ត្រនេះនឹងជួយឲ្យគម្រោងផែបការធំ នៅតែបន្តដំណើរការទៅមុខដោយឥតរអាក់រអួល ។ ប្រសិនបើអ្វីៗទាំងអស់ត្រូវបរាជ័យ រត់យករួចខ្លួនសិន ប្រសិនបើស្ថានភាពបង្ហាញជាក់លាក់ថា សកម្មភាពរបស់អ្នកកំពុងធ្លាក់ចូលក្នុងភាពបរាជ័យ អ្នកគប្បីដកថយហើយប្រមូលផ្តុំគ្នាជាថ្មី ។ នៅពេលដែលអ្នកប្រឈមនឹងបរាជ័យ អ្នកមានជម្រើសបីគឺ៖ ចុះចាញ់ សម្រុះសម្រួល (ចចារផ្អាកប្រយុទ្ធ) ឬ រត់គេចខ្លួន ។ ចុះចាញ់គឺជាបរាជ័យទាំងស្រុង ។ ចចារផ្អាកប្រយុទ្ធ (សម្រុះសម្រួល) គឺបរាជ័យពាក់កណ្តាល ។ ក៏ប៉ុន្តែ រត់គេចខ្លួនមិនមែនជាបរាជ័យទេ ។ ដរាបណាអ្នកនៅមិនទាន់បានចាញ់នៅឡើយ អ្នកនៅតែមានឱកាសតតាំងគ្នាទៀត ។ នេះគឺជាយុទ្ធសាស្ត្រដ៏ល្បីល្បាញបំផុតដែលមានលក្ខណៈអមតៈក្នុងទម្រង់ពាក្យស្លោកចិន ពោលគឺ៖ "នៅក្នុងចំណោមយុទ្ធសាស្ត្រទាំងសាមសិបប្រាំមួយ រត់គេចខ្លួនគឺជាជម្រើសដ៏ល្អបំផុត" ។

Saturday, February 23, 2019

ចំណីខួរក្បាល

វេជ្ជបណ្ឌិតនិងគំនិតម្តាយខ្ញុំ ការបន្តពូជឬបីបាច់ថែទាំទារក មានការផ្លាស់ប្តូរពីជំនាន់មួយទៅជំនាន់មួយ ។ ដើម្បីធានានូវសុវត្ថិភាពរបស់ទារកដែលមាតាបិតាទូទៅស្រឡាញ់ស្មើជីវិតនោះ មនុស្សនៅក្នុងសម័យទំនើបនេះ តែងតែធ្វើតាមរបបគំហើញនិងការណែនាំរបស់អ្នកស្រាវជ្រាវនិងវេជ្ជបណ្ឌិត ។ ប៉ុន្តែ នៅពេលរបបគំហើញណាមួយមិនត្រឹមត្រូវ ការអនុវត្តន៍តាមរបកគំហើញនោះនឹងក្លាយទៅជាមហន្តរាយដ៏ចុកចាប់មួយ ។ ទំនៀមទម្លាប់ដែលមនុស្សធ្វើតៗគ្នា មិនប្រាកដថាមិនល្អនោះទេ ថ្វីត្បិតតែវាមិនផ្អែកលើការស្រាវជ្រាវ ឬក៏របកគំហើញរបស់អ្នកជំនាញ ។ ឧទាហរណ៍ដ៏សាមញ្ញមួយគឺទម្លាប់របស់ម្តាយខ្ញុំ ។ កូនរបស់គាត់ទាំងអស់ដែលកើតមក គឺគាត់ដាក់ឲ្យដេកផ្ងារជានិច្ច ។ មិនតែប៉ុណ្ណោះ ម្តាយខ្ញុំថែមទាំងដាក់ទារកឲ្យដេកនៅក្រោមក្លៀករបស់គាត់ដើម្បីបំបៅដោះទៀតផង ។ គាត់ធ្វើដូច្នោះរហូតទាល់តែមានទារកមួយទៀតកើតមក ទើបរុញកូនបងឲ្យឃ្លាតបន្តិចដើម្បីដាក់ទារកប្អូនឲ្យគេងក្បែរគាត់វិញម្តង ។ ជាលទ្ធផល ទម្រង់លលាដ៍ក្បាលរបស់ពួកយើងផ្នែកខាងក្រោយមានភាពរាបស្មើដូចបន្ទះក្តារ ហើយយើងមានភាពស្និទ្ធិស្នាលជាមួយនឹងម្តាយច្រើនជាងឪពុក ។ នៅពេលខ្ញុំទៅដល់សហរដ្ឋអាមេរិកនៅទសវត្សឆ្នាំ ១៩៨០ ខ្ញុំបានឃើញបងថ្លៃខ្ញុំដាក់ទារកឲ្យដេកផ្កាប់មុខនៅក្នុងគ្រីប (គ្រែកូនក្មេង) ។ ខ្ញុំក៏សួរគាត់ថា ហេតុអ្វីបានជាដាក់កូនង៉ាឲ្យគេងដូច្នេះ ។ គាត់ប្រាប់ខ្ញុំថា ពេទ្យគេប្រាប់ឲ្យដាក់ទារកគេងដូចនេះដើម្បីឲ្យថ្ងាស់វាពយមកមុខនិងកុំឲ្យក្បាលវារាបស្មើនៅផ្នែកខាងក្រោយ ។ ខ្ញុំយកដៃមកស្ទាបក្បាលខ្ញុំផ្នែកខាងក្រោយហើយគិតថា ហេតុតែម្តាយខ្ញុំល្ងង់ទើបមិនដឹងថា ការដាក់ទារកឲ្យដេកផ្ងាធ្វើឲ្យក្បាលវារាបនៅផ្នែងខាងក្រោយ ។ មិនយូរប៉ុន្មាន មានពត៌មានផ្សាយជាញឹកញាប់អំពីទារកស្លាប់ដោយមិនដឹងមូលហេតុ ។ គេហៅការស្លាប់នោះថា Sudden Infant Death Syndrome (SIDS) ។ បន្ទាប់ពីមានការស៊ើបអង្កេតល្អិតល្អន់ គេរកឃើញថាមូលហេតុដែលនាំឲ្យទារកស្លាប់គឺដោយសាការដាក់ឲ្យវាដេកផ្កាប់មុខនាំឲ្យថប់ដង្ហើមព្រោះកវានៅទន់មិនអាចងើបកើត ។ ពេលនោះ ខ្ញុំនឹងទៅដល់ទង្វើរបស់ម្តាយខ្ញុំ ។ ក្បាលខ្ញុំដែលមានទម្រង់រាបស្មើផ្នែកខាងក្រោយរហូតដល់សព្វថ្ងៃជាសក្ខីកម្មនៃភាពឆ្លាតវាងវៃរបស់គាត់ ។ បច្ចុប្បន្ន ទារកទាំងអស់មិនត្រូវបានអនុញាតឲ្យដេកផ្កាប់មុខទេ ។ នៅមានរឿងមួយទៀតដែលខ្ញុំគិតថា អ្នកជំនាញខាងថែរក្សាទារកឆ្លាតមិនដល់ម្តាយខ្ញុំឡើយ ។ ជាគោលការណ៍អនុវត្តន៍នាពេលបច្ចុប្បន្ននៅសហរដ្ឋអាមេរិក ទារកទាំងអស់មិនត្រូវបានអនុញាតឲ្យគេងក្បែរមាតាឬបិតាទេ ។ មូលហេតុដែលគេធ្វើដូច្នេះព្រោះខ្លាចភូយដែលមាតាឬបិតាដណ្តប់នោះ វាទៅគ្របលើច្រមុះទារកនាំឲ្យថប់ដង្ហើមស្លាប់ ឬក៏មាតាបិតាផ្អៀងខ្លួនទៅសង្កត់ដៃជើងទារកនាំឲ្យមានគ្រោះថ្នាក់ ។ គេឲ្យដាក់ទារកគេងនៅក្នុងគ្រីបរបស់វា គឺកូនគ្រែដែលមានរនាំងបាំងជំវិញ ។ ក៏ប៉ុន្តែ នៅពេលទារកកើតចេញមកភ្លាម គេតម្រូវឲ្យដាក់ទារកនោះនៅលើដើមទ្រូងម្តាយសិន ដើម្បីភ្ជាប់ទំនាក់ទំនងរវាងម្តាយនិងកូន ។ គេហៅទង្វើនោះថា៖ Kangaroo Birthing ឬ ឆ្លងទន្លេរបៀបសត្វ កាំងហ្គារូ ។ ការដាក់ទារកនៅលើដើមទ្រូងមាតានោះ គឺគេដាក់តែមួយភ្លែតទេ ។ បន្ទាប់ពីនោះគឺត្រូវដាក់ទារកឲ្យគេងដាច់ដោយឡែក ។ បើយើងសង្កេតមើលអំពីសត្វ កាំងហ្ការូ វាបីបាច់ថែរក្សាកូនរបស់វានៅក្នុងថ្នក់ (Pouch) នៅក្រោមដើមទ្រូងរបស់វា រាប់ខែឯណោះ មិនមែនតែមួយភ្លេតទេ ។ ដូច្នេះ ហេតុអ្វីក៏មនុស្សមិនដាក់ទារកឲ្យគេងនៅក្បែររាប់ខែដែរទៅ? ត្រង់ចំណុចនេះ ខ្ញុំនឹកទៅដល់ទម្លាប់របស់ម្តាយខ្ញុំដែលតែងតែដាក់ទារកឲ្យគេងនៅក្រោមក្លៀករបស់គាត់រហូតទាល់តែមានទារកមួយទៀត ។ បើយើងនិយាយអំពីទំនាក់ទំនងជិតស្និទ្ធរវាងមាតាបិតានិងកូននៅសហរដ្ឋអាមេរិក ផលវិបាកដ៏ធំបំផុតគឺការមិនរស់នៅក្បែរឪពុកម្តាយ ។ យុវជនភាគច្រើនយកលេសទៅសិក្សានៅសាកលវិទ្យាល័យ ដើម្បីចាកចេញឲ្យឆ្ងាយអំពីឪពុកម្តាយ ។ ជាទូទៅ ពួកគេមិនវិលត្រឡប់មករស់នៅក្បែរឪពុកម្តាយវិញទេ ។ គឺទៅរហូតតែម្តង ។ តើវាអាចមកអំពីកង្វះភាពស្និទ្ធស្នាលនឹងគ្នានៅគ្រាដែលពួកគេជាទារកនោះដែរទេ? ការនិយាយថា សាលានៅឆ្ងាយទើបមានមុខវិជ្ជាដែលខ្លួនត្រូវរៀន ឬក៏ការងារដែលស្ថិតនៅជិតឪពុកម្តាយមិនអាចរកបាន គឺគ្រាន់តែជាលេសតែប៉ុណ្ណោះ ។ សហរដ្ឋអាមេរិកមានការអភិវឌ្ឃន៍ស្ទើរតែស្មើគ្នានៅទូទាំងប្រទេស ។ សាលារៀនគ្រប់មុខវិជ្ជានិងការងារអាជីពនៅទីណាក៏អាចរកបានដែរ ។ សូមបង្វែការពិភាក្សាមកនិយាយអំពីរឿងទារកគេងជាមួយឪពុកម្តាយបន្តទៅទៀត ។ មិនទាន់មានការស្រាវជ្រាវណាមួយដែលបញ្ជាក់ថា ទារកដែលគេងជាមួយមាតាបិតាយូរអង្វែង មានភាពស្និទ្ធស្នាលនិងរស់នៅកៀកកិតជិតមាតាបិតាច្រើនជាងទារកដែលមិនបានគេងជិតមាតាបិតានោះទេ ។ ប៉ុន្តែ សម្រាប់ខ្ញុំ ខ្ញុំយល់ថា ទារកដែលមានឱកាសគេងកៀកកិតនឹងមាតាបិតា អាចមានទំនាក់ទំនងល្អជាមួយនឹងមាតាបិតា និងបង្កឲ្យមានការងាយស្រួលក្នុងការណែនាំនៅថ្ងៃអនាគត ។ ទារកដែលទទួលបានការគេងជាប់ជិតនឹងមាតាបិតា អាចមិនងាយនឹងក្លាយជាឧទាមជន (Rebel against parents) នៅពេលដែលពួកគេមានអាយុចន្លោះពី ១៣ ទៅ ១៨ឆ្នាំឡើយ ។ ភ្ជាប់ជាមួយនឹងជំនឿនេះ ខ្ញុំបានសម្រេចធ្វើតាមទម្លាប់ម្តាយខ្ញុំជាជាងអ្វីដែលវេជ្ជបណ្ឌិតបង្គាប់បញ្ជា ពាក់ព័ន្ធនឹងការថែរក្សាទារក ។ ខ្ញុំមានកូនពីរនាក់ ។ នៅពេលពួកគេកើតមក យើងមិនដែលឲ្យពួកគេគេងដាច់ដោយឡែកទេ ។ គឺគេងនៅក្បែរឪពុកឬម្តាយជាប់ជានិច្ច ។ គម្រោងរបស់យើងគឺឲ្យកូនគេងនៅក្បែររហូតដល់ថ្ងៃដែលពួកគេចង់ចាកចេញទៅគេងនៅក្នុងបន្ទប់ដាច់ដោយឡែក ។ ការធ្វើរបៀបនេះ មានផលវិបាកខ្លះៗសម្រាប់យើងដែលជាមាតាបិតា ជាពិសេសនៅពេលដែលទារកទើបនឹងកើតមក ។ ដើម្បីកាត់បន្ថយហានិភ័យនិងការពារគ្រោះថ្នាក់ជាយថាហេតុ ខ្ញុំយកភួយមករុំដោយយកជាយម្ខាងញាត់នៅក្រោមខ្លួនរបស់ខ្ញុំរៀងរាល់ពេលដែលដាក់ទារកឲ្យគេញនៅក្បែរ ។ ខ្ញុំធ្វើដូច្នេះ ដើម្បីកុំឲ្យដៃរបស់ខ្ញុំវាសទៅត្រូវទារក ឬក៏ផ្អៀងទៅសង្កត់ទារកនៅពេលដែលខ្ញុំដេកលង់លក់ ។ បច្ចុប្បន្ន កូនរបស់ខ្ញុំមិនទាន់ចម្រើនវ័យដល់ថ្ងៃប្រកាសលទ្ធផលនៅឡើយទេ (The jury is still out) ។ ប៉ុន្តែ ផ្អែកលើការអភិវឌ្ឃន៍របស់ពួកគេ អ្វីៗហាក់ដូចជាកំពុងប្រព្រឹត្តិទៅ តាមដំណើរដែលយើងចង់បាន ៕

Tuesday, February 19, 2019

ចំណីខួរក្បាល

ធ្វើការទាល់តែងាប់ ឬធ្វើការកុំឲ្យងាប់ (Work to Death Or Work to Live) ព្រះពុទ្ធបរមគ្រូ បានបន្សល់ទុកនូវពាក្យទូន្មានប្រាំបីម៉ាត់ហៅកាត់ថា អដ្ឋង្គិគមគ្គ សម្រាប់ឲ្យមនុស្សដោះស្រាយបញ្ហានានានៅក្នុងជីវិត ។ ពាក្យទាំង៨ម៉ាត់នោះគឺ៖ ១) សម្មាទិដ្ឋិ (យល់ឃើញក្នុងផ្លូវត្រូវ) ២) សម្មាសង្កប្បៈ (ពិចារណាក្នុងផ្លូវត្រូវ) ៣) សម្មាវាចា (និយាយក្នុងផ្លូវត្រូវ) ៤) សម្មាកម្មន្តៈ (ធ្វើការក្នុងផ្លូវត្រូវ) ៥) សម្មាអាជីវៈ (រកសុីក្នុងផ្លូវត្រូវ) ៦) សម្មាវាយាមៈ (ព្យាយាមក្នុងផ្លូវត្រូវ) ៧) សម្មាសតិ (ភ្ញាក់រលឹកក្នុងផ្លូវត្រូវ) និង ៨) សម្មាសមាធិ (តម្កល់ចិត្តក្នុងផ្លូវត្រូវ) ។ ព្រះពុទ្ធទ្រង់ពន្យល់ថា អ្នកដែលចង់បានសុភមង្គល អនុវត្តឬដើរតាមមាគ៌ាទាំង៨នេះ នឹងមានសុភមង្គលហើយ ។ មនុស្សគ្រប់រូបដែលកើតមកក្នុងលោកនេះ សុទ្ធតែចង់បានសុភមង្គល ។ តើមានមនុស្សប៉ុន្មាននាក់ដើរតាមមាគ៌ាទាំង៨នេះ? គ្មាននរណាដឹងទេ ។ ប៉ុន្តែ បើយើងមើលតាមទុក្ខសោកដែលមនុស្សក្នុងលោកជួបប្រទះ យើងអាចសន្និដ្ឋានបានថា មានមនុស្សមិនច្រើនទេដែលអនុវត្តិតាមដំបូន្មានដ៏សាមញ្ញនេះ ។ ជីវិតមនុស្សកើតមកនៅក្នុងលោកនេះ អាចគង់នៅជាធរមានប្រមាណជា ៨០ឆ្នាំ ។ តើនៅអំឡុងពេល៨០ឆ្នាំនេះ យើងត្រូវធ្វើការទាល់តែងាប់ ឬក៏ធ្វើការកុំឲ្យងាប់? នេះគឺជាសំណួរមួយដែលយើងត្រូវឆ្លើយជាលក្ខណៈបុគ្គល ដោយផ្អែកលើស្ថានភាពជីវិតរៀងៗខ្លួន ។ នៅពេលយើងនិយាយអំពីជីវិត ចំណុចសំខាន់បំផុតដែលយើងត្រូវគិតគឺការរកសុី ។ នៅពេលយើនិយាយអំពីការរកសុី យើងត្រូវគិតអំពីពលកម្ម ។ ពលកម្មពាក់ព័ន្ធនឹង ពាណិជ្ជកម្ម សេដ្ឋកិច្ច និងអ្វីៗហូរហែរតាប៉ែលតតទៅទៀត ។ សូមបញ្ជាក់ថាពាក្យ "រកសុី" នៅទីនេះគឺសំដៅលើការវិនិយោគពលកម្ម ដើម្បីស្វែករកអ្វីមួយមកគាំពាររូប ។ ឧទាហរណ៍ និស្សិតដែលទៅសិក្សាក៏រាប់ថាជាការ "រកសុី" ដែរ ។ ប៉ុន្តែ ក្នុងអត្ថបទនេះ សូមផ្តោតការពិភាក្សាលើការរកសុីដើម្បីរកសម្ភារទ្រព្យនិងអំណាច (Material Wealth and Power) តែប៉ុណ្ណោះ ។ ការវិនិយោគពលកម្មដើម្បីរកបញ្ញាសូមទុកមួយអន្លើសិន ។ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច លោក កាល ម៉ាក្ស ដែលជាទស្សវិទូរអាល្លឺម៉ង់ដ៏ឆ្នើមមួយរូបនៅសតវត្សទី១៩ បានចែកមនុស្សជាពីក្រុម ឬវណ្ណៈគឺ៖ វណ្ណៈអធន និងវណ្ណៈមូលធន ។ វណ្ណៈអធនគឺអ្នកដែលប្រកបការងារស្ថិតនៅក្រោមឥទ្ធិពលនៃធនធានរបស់អ្នកដទៃ ។ វណ្ណៈមូលធនគឺអ្នកដែលយកពលកម្មអ្នកដទៃមកធ្វើជាយានសម្រាប់ប្រមូលធន ។ លោក កាល ម៉ាក្សហៅទង្វើរបស់វណ្ណៈមូលធនថា៖ ការកេងប្រវ័ញ្ច (Exploitation) ។ គាត់បានពន្យល់យ៉ាងល្អិតល្អន់អំពីប្រការនេះនៅក្នុងសៀវភៅរបស់គាត់ឈ្មោះ Das Kapital និងនៅក្នុងទ្រឹស្តីកុម្មយនិស្តដែលគាត់បានសរសេរផ្សាយជាមួយនឹងមិត្តម្នាក់ឈ្មោះ ហ្វ្រិដឺរីក ហេហ្គេល ។ នៅក្នុងគំនិតលោក កាល ម៉ាក្ស ការកេងប្រវ័ញ្ចគឺជាអំពើអយុត្តិធម៌ដ៏ធំបំផុតនៅក្នុងសង្គមមនុស្ស ។ ចំណុចនេះ ខ្ញុំឯកភាព ។ ប៉ុន្តែ អ្វីដែលជាកត្តាធ្វើឲ្យខ្ញុំនៅមិនសុខនោះគឺថា មនុស្សជាច្រើន រាប់បញ្ចូលទាំងរូបខ្ញុំម្នាក់ដែរ មានលទ្ធភាពដកខ្លួនចេញអំពីពិភពកេងប្រវ័ញ្ច ហេតុអ្វីក៏នៅតែស្ម័គ្រចិត្តស្ថិតនៅក្នុងស្ថានភាពនេះរហូតដល់ថ្ងៃស្លាប់ ។ នៅក្នុងពិភពកេងប្រវ័ញ្ច វណ្ណៈអធននិងវណ្ណៈមូលធនមានទំនាក់ទំនងនឹងគ្នាតាមរយៈរូបមន្តច្បាប់មេដៃ (Rule of Thumb) ៣៥/៦៥ ។ មានន័យថា នៅក្នុងដំណើរស្វែងរកធនធាន (លុយ) វណ្ណៈអធនទទួលបានតែ ៣៥ភាគរយនៃតម្លៃជាទឹកប្រាក់ដែលពលកម្មខ្លួនផលិតបាន ។ ចំណែក ៦៥ភាគរយដែលនៅសល់គឺត្រូវបានហូរចូលទៅក្នុងហិបប្រាក់របស់វណ្ណៈមូលធន ។ សម្រាប់កសិករនិងពាណិជ្ជករដែលផលិតនិងទិញផលិតផលយកទៅលក់ គេត្រូវស្វែងរកកម្រៃ (Mark-up) ចំនួនប្រមាណជា៣៥ភាគរយផងដែរ ។ នេះគឺជាសច្ចៈភាពមួយនៃការ "រកសុី" និងទំនាក់ទំនងរវាងវណ្ណៈអធន និងមូលធន ។ ចំណុចសំខាន់ដែលគួរចងចាំគឺថា វណ្ណៈអធនប្រឹងឬធ្វើពលកម្មកាន់តែច្រើន កំណើនធនធានរបស់វណ្ណៈមូលធនកើនរឹតតែខ្ពស់ទ្វេដងនៃកំណើនរបស់វណ្ណៈអធន ។ ដើម្បីបង្ហាញអំពីអព្ភូតហេតុនេះ ខ្ញុំសូមលើកយកក្រុមហ៊ុន អាម៉ាហ្សូន (Amazon) និង អ៊ូប៊ឺ (Uber) មកធ្វើជាឧទាហរណ៍ ។ ក្រុមហ៊ុនទាំងពីរនេះ ប្រើរូបមន្ត ៣៥/៦៥ នៅក្នុងការរកសុី ។ សព្វថ្ងៃ ក្រុមហ៊ុនទាំងពីរមានសាខា (Franchises) ជាច្រើននៅក្នុងភិភពលោកព្រមទាំងមានពលកររាប់លាននាក់ធ្វើពលកម្មបម្រើពួកគេដោយស្ម័គ្រចិត្តទៀតផង ។ ពលកររបស់ក្រុមហ៊ុន អាម៉ាហ្សូនភាគច្រើនជាស្មេរសរសេរសៀវភៅ ។ ឯពលកររបស់ក្រុមហ៊ុនអ៊ូប៊ឺគឺអ្នកដែលមានរថយន្តបើកបរ ។ ចំណុចរួមនៃយុទ្ធសាស្ត្ររកសុីរបស់ក្រុមហ៊ុនទាំងពីរគឺ អនាមិក ឯករាជម្ចាស់ការ គ្មាននរណាត្រួត ។ ភាពអនាមិក ឯករាជម្ចាស់ការ និងគ្មាននរណាត្រួតនេះ បានទាក់ទាញមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យស្ម័គ្រចិត្តធ្វើការងារដើម្បីបង្កើនធនធានដុល្លារនៅក្នុងហិបប្រាក់របស់ក្រុមហ៊ុនទាំងពីរនេះ ។ បើគិតមកដល់ពេលនេះ ក្រុមហ៊ុនទាំងពីរបានធ្វើការរកសុីមិនទាន់បានបីទសវត្សនៅឡើយទេ ។ ប៉ុន្តែ ពួកគេបានក្លាយជាក្រុមហ៊ុនដែលមានកំណើនធនធានលឿនបំផុតនៅក្នុងពិភពលោក ព្រមទាំងមានទ្រព្យសម្បត្តិច្រើនលើសលុបផងដែរ ។ ចំណែកធនធានរបស់ពលករដែលស្ម័គ្រចិត្តជួយស្វែងរកទ្រព្យឲ្យក្រុមហ៊ុនទាំងពីររៀងរាល់ថ្ងៃនោះ គ្មានអ្វីកើនគួរឲ្យកត់សម្គាល់ឡើយ ។ រឿងកេងប្រវ័ញ្ចពលកម្មអ្នកដទៃដើម្បីប្រមូលធនធានមិនខុសអ្វីអំការកេងប្រវ័ញ្ចលើសេរីភាពអ្នកដទៃដើម្បីអំណាចនោះទេ ។ នៅក្នុងរបបផ្តាច់ការ ក្រុមជនដែមានតួនាទីខ្ពស់បំផុតនៅក្នុងជួររដ្ឋាភិបាលរមែងទទួលបានភោគផលអំណាចនិងទ្រព្យស្រដៀងគ្នានឹងពួកមូលធនដែរ ។ គាបសង្កត់ត្រួតសិទ្ធិសេរីភាពបុគ្គលក្រោមឱវាទរឹតតែខ្លាំង អំណាចប្រមូលផ្តុំក៏ទទួលបានរឹតតែច្រើនដែរ ។ រូបភាពដែលគួរឲ្យសង្វេករវាងវណ្ណៈអធននិងបុគ្គលិកការិយាធិបតេយ្យរបស់ជនផ្តាច់ការ គឺថាពួកគេខំប្រឹងណាស់ដើម្បី ប្រាក់និងអំណាច ដោយមិនគិតឬក៏មិនខ្វល់ទេថា ៦៥%នៃការខំប្រឹងប្រែងនោះជាទង្វើដើម្បីផ្តល់ប្រយោជន៍ឲ្យអ្នកដទៃ ។ មុននឹងបញ្ចប់អត្ថបទនេះ ខ្ញុំសូមលើកយកច្បាប់មេដៃ (Rule of Thumb) នៃនិយមន័យវណ្ណៈមកបកស្រាយ ។ ដែលហៅថាវណ្ណៈអធនគឺអ្នកធ្វើការដែលគ្មានភាគហ៊ុននៅក្នុងក្រុមហ៊ុន (Non-Shares Holders) ។ អ្នកអាចទទួលកម្រៃរាប់មុឺនដុល្លារក្នុងមួយខែ ប៉ុន្តែបើគ្មានភាគហ៊ុនទេ អ្នកនៅតែជាវណ្ណៈអធន ។ ពួកមូលធនគឺអ្នកដែលប្រើដើមទុន ឬធន ដើម្បីរកនិងបង្កើនធន ។ នៅក្នុងប្រព័ន្ធការិយាធិបតេយ្យនៃរបបផ្តាច់ការក៏ដូចគ្នាដែរ ។ អ្នកដែលស្វែងរកអំណាចឋានៈបុណ្យសក្តិ មានស្ថានភាពដូចគ្នានឹងវណ្ណៈអធន ។ នាយករដ្ឋមន្ត្រីជាមេមូលធនអំណាច ។ រដ្ឋមន្ត្រីជាអ្នកដែលមានភាគហ៊ុននៅក្នុងអង្គភាពអំណាច ។ នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីបង្កើនធនធានអំណាចតាមរយៈការតែងតាំងនិងដកហូតមនុស្សក្រោមអំណាចរបស់ខ្លួន ក៏ដូចជាលើកទឹកចិត្តឲ្យបុគ្គលិកធ្វើការងារដើម្បីផលប្រយោជន៍ខ្លួនផងដែរ ។ បើយើងបង្រួមអ្វីៗទាំងអស់ឲ្យចុះមកដល់កត្តាតូចបំផុត (Narrow it down) បញ្ហាពាក់ព័ន្ធទាំងអស់គឺស្ថិតនៅលើ តណ្ហា (Desire) ។ មនុស្សខ្លះធ្វើពលកម្មផ្តល់អត្ថប្រយោជន៍ ៦៥%ឲ្យទៅអ្នកដទៃ ដើម្បីគាំពាររូប ។ ខ្លះមានគ្រប់គ្រាន់ដើម្បីគាំពាររូបហើយ តែនៅចង់បានទ្រព្យទុកសម្រាប់គាំពាររូបនៅពេលជរា ។ ពេលមានទ្រព្យសល់សម្រាប់គាំពារហើយ ក៏នៅតែមិនស្ងប់ចង់បានរបស់របរសម្រាប់សំញែងអ្នកដទៃផងដែរ ។ ពេលមានរបស់សំញែងគេឯងហើយ នៅចង់ក្លាយខ្លួនជាវណ្ណៈមូលធនទៀតដើម្បីមានឱកាសកេងប្រវ័ញ្ចលើកម្លាំងពលកម្មអ្នកដទៃ ។ នៅក្នុងវិស័យរដ្ឋាភិបាលនិងការិយាធិបតេយ្យក៏ដូចគ្នាដែរ ។ ដើម្បីអំណាចបុណ្យសក្តិនិងឋានៈ មនុស្សប្រឹងប្រែងធ្វើពលិកម្មសព្វបែបយ៉ាង ។ សូម្បីតែក្បត់ឆន្ទៈរបស់ខ្លួនឯងក៏ហ៊ានធ្វើដែរ ។ ជីវិតសត្វលោក ពិតជាស្មោកគ្រោកពេកណាស់!!!

Monday, February 4, 2019

ចំណីខួរក្បាល

ពត៌មានមិនពិត Fake News ពត៌មានមិនពិត (Fake News) កើតមានជាយូរយាណាស់មកហើយ ប៉ុន្តែ ហាក់ដូចជាគ្មាននរណាចាប់អារម្មណ៍ ឬក៏ខ្វល់ខ្វាយនឹងវាទេ ។ ទើបតែពេលថ្មីៗនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក គាត់តែងតែស្រែកថា៖ Fake News!, Fake News! (ពត៌មានមិនពិត ៗ) នៅពេលមានពត៌មានណាមួយផ្សាយប៉ះពាល់ដល់កិត្តិយស ឬអំពីរឿងអាស្រូវរបស់គាត់ ។ ប្រការនេះបានធ្វើឲ្យមេដឹកនាំប្រទេសដទៃ ជាពិសេសមេដឹកនាំផ្តាច់ការ លើកយកពត៌មានមិនពិតមកធ្វើជាប្រធានបទដើម្បីធ្វើច្បាប់រឹតបន្តឹងសិទ្ធិផ្សព្វផ្សាយនិងនិយាយស្តីរបស់ពលរដ្ឋស្លូតត្រង់ ។ បើយើងនិយាយឲ្យចំដំឲ្យត្រូវ ជនខិលខូចដែលលុះនឹងការផ្សាយពត៌មានមិនពិតគឺរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលកុម្មុយនិស្តនិងរបបផ្តាច់ការ ។ រដ្ឋាភិបាលលោកសេរីក៏ផ្សព្វផ្សាយពត៌មានមិនពិតដែរ គ្រាន់តែមិនសូវច្រើន ។ គេហៅការផ្សាយពត៌មានមិនពិតនេះជាភាសាអង់គ្លេសថា៖ Propaganda ដែលខ្ញុំសូមហៅជាភាសាខ្មែរថា៖ ពត៌មានបំភ្លៃ ។ បើយើងពិនិត្យឲ្យជាក់លាក់ទៅ ពាក្យ បំភ្លៃ និង មិនពិត វាមានអត្ថន័យដូចតែគ្នាទេ ។ នៅក្នុងជួររដ្ឋាភិបាលស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោក មានមុខតំណែងមួយដែលគេហៅថា៖ អ្នកនាំពាក្យ ។ អ្នកនាំពាក្យមានរហសនាមមួយផ្សេងទៀតដែលភាសាអង់គ្លេសហៅថា៖ Spin Doctor ។ ពាក្យនេះ យើងអាចបកប្រែជាភាសាខ្មែរថា៖ បណ្ឌិតបំភ្លៃពត៌មាន ។ តួនាទីនៃបណ្ឌិតបំភ្លៃពត៌មាន គឺបកស្រាយពាក្យពេចន៍របស់ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីដែលនិយាយខុស ទៅរកភាពត្រឹមត្រូវ ឬក៏រកមធ្យោបាយកាយកប់លុបវាឲ្យបាត់កុំឲ្យសល់នៅលើប្រព័ន្ធផ្សព្វផ្សាយ ។ ដើម្បីធ្វើដូច្នេះ បណ្ឌិតបំភ្លៃពត៌មានចាំបាច់ត្រូវតែនិយាយបកស្រាយផ្សព្វផ្សាយឲ្យហួសអំពីការពិត ។ ភាសាអង់គ្លេសហៅយុទ្ធសាស្ត្រនេះថា៖ Damage Control ឬយុទ្ធសាស្ត្រ ប៉ះសំពត់រហែក ។ ពត៌មានពិត ឬមិនពិត មិនមែនអាស្រ័យលើនរណាម្នាក់ឲ្យតម្លៃ ឬក៏បកស្រាយវានោះទេ ។ អ្វីៗគឺអាស្រ័យលើការវិនិច្ឆ័យរបស់ពលរដ្ឋ ឬទស្សនិកជន(Audience)ដែលទទួលបាននូវពត៌មានទាំងនោះ ។ ដើម្បីបកស្រាយអំពីប្រការនេះ សូមលើកយកប្រទេសកម្ពុជាមកធ្វើជាឧទាហរណ៍ ។ ប្រមុខនិងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាសប្រាប់ពិភពលោកនិងពលរដ្ឋខ្មែរថា រដ្ឋាភិបាលកម្ពុជាជារដ្ឋាភិបាលដើរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយគោរពសិទ្ធិមនុស្ស ។ ពត៌មាននេះ ត្រូវបានផ្សព្វផ្សាយជាច្រើនទសវត្សមកហើយ ។ ប៉ុន្តែ នៅក្នុងកែវភ្នែកនិងជំនឿចិត្តរបស់មនុស្សដែលទទួលបានពត៌មាននេះ វាហាក់ដូចជាគ្មានធាតុពិតនៅក្នុងការអះអាងនេះឡើយ ។ តើនេះជាពត៌មានមិនពិតឬយ៉ាងណា បានជាខ្វះការទទួលស្គាល់ពីមជ្ឈដ្ឋានអ្នកស្តាប់? ព្រះពុទ្ធទ្រង់ទូន្មានថា៖ សច្ចៈ មិនអាចលាក់បាំងជិតទេ ។ ដូច្នេះ ពត៌មានមិនពិតក៏មិនអាចបាំងបិទធាតុពិតបានដែរ ។ ការស្វែងយល់អំពីពត៌មានមិនពិត មិនពិបាកទេ ។ អ្វីដែលពិបាកនោះ គឺការទទួលបានពត៌មានពិត ។ ដើម្បីទទួលបានពត៌មានពិត វាទាល់តែមានសេរីភាពក្នុងការផ្សព្វផ្សាយនិងបញ្ចេញមតិពេញលេញ ។ សង្គមណាដែលរឹតបន្តឹងសិទ្ធិផ្សព្វផ្សាយនិងនិយាយស្តី សង្គមនោះនឹងសម្បូរទៅដោយពត៌មានមិនពិត ។ ចំណុចសំខាន់ដែលត្រូវចងចាំគឺថា ប្រពភចែកចាយពត៌មានមិនពិតគឺរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលផ្តាច់ការ ៕

Wednesday, January 30, 2019

ចំណីខួរក្បាល

ពុទ្ធសាសនា មហាយាន កាលរៀនប្រវត្តិសាស្ត្រនៅវិទ្យាល័យភ្នំដងរែក លោកគ្រូបានលើកយករឿងមនុស្សខ្វាក់ប្រាំមួយនាក់និងសត្វដំរីមកធ្វើជាឧទាហរណ៍បង្ហាញថា ការសិក្សាអំពីប្រវត្តិសាស្ត្រគឺមិនខុសអំពីមនុស្សខ្វាក់ទៅស្ទាបសត្វដំរីឡើយ ។ ម្នាក់ៗគិតថាសត្វដំរីមានរូបរាងដូចជាអ្វីដែលខ្លួនពាល់ត្រូវ ។ ធាតុពិតវាមិនមែនដូច្នោះឡើយ ។ នេះគឺជាសច្ចៈភាពមួយសម្រាប់អ្នកសិក្សាមុខវិជ្ជានានាពិចារណា ។ នៅទសវត្សឆ្នាំ២០០០ ខ្ញុំបានបកប្រែនិងសរសេរពង្សាវតាខ្មែរ ជាភាសាអង់គ្លេសដើម្បីប្រមូលឯកសារនានាពាក់ព័ន្ធនឹងការឡើងគ្រងរាជរបស់ស្តេចខ្មែរ មកដាក់នៅក្នុងសៀវភៅតែមួយដើម្បីងាយស្រួលដល់ការស្រាវជ្រាវ ។ នៅក្នុងសៀវភៅនោះ ខ្ញុំបានសរសេរសារណាមួយ (Essay) ពណ៌នាអំពីការវិត្តន៍នៃសង្គមខ្មែរ ។ ខ្ញុំបានយកសមតិកម្មជាច្រើនមកអះអាងនៅក្នុងសារណានោះ រួមបញ្ចូលទាំងសមតិកម្មមួយដែលអះអាងថា មូលហេតុដែលខ្មែរនៅសម័យអង្គរអាចពង្រីកទឹកដីនិងឥទ្ធិពលបានធំទូលាយ គឺដោយសារជំនួយចេញអំពីផ្នត់គំនិតនៅក្នុងទំនៀមទម្លាប់នៃសាសនាហិណ្ឌុ ។ ចំណុចនេះ ខ្ញុំខុស ទោះបីមិនខុសទាំងស្រុងក៏ដោយ ព្រោះស្តេចជ័យវរម្ម័នទី៧ ទ្រង់ដើរតាមគោលគំនិតព្រះពុទ្ធសាសនាមហាយាន ។ ដូច្នេះ ដើម្បីពិន័យខ្លួនខ្ញុំនូវកំហុសមួយនេះ ខ្ញុំគិតថាគួរស្វែងយល់ខ្លះៗអំពីពុទ្ធសាសនាមហាយាន ។ ក្នុងពុទ្ធប្រវត្តិ ព្រះពុទ្ធសាសនាមានមូលដ្ឋានចេញអំពីគម្ពីរចំនួនបីដែលពុទ្ធសាសនិកហៅថា៖ ព្រះត្រៃបិដកគឺ វិនយ សុត្តន្ត និង អភិធម្ម ។ បើប្រៀបធៀបគម្ពីរទាំងបីទៅនឹងកំរិតសិក្សា គឺប្រៀបដូចជា បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ។ អភិធម្មគឺស្ថិតនៅក្នុងឧត្តមសិក្សា ។ ឯព្រះពុទ្ធសាសនាមហាយាន គឺផ្អែកលើការបដិបត្តិដោយផ្តោតលើអភិធម្មបិដកនេះឯង ។ ដើមចមដែលនាំឲ្យព្រះពុទ្ធសាសនាមានសាខាមហាយាន គឺដោយសារសាវ័ក(កូនសិស្ស)មួយចំនួនមិនដើរតាមដំបូន្មានរបស់ព្រះពុទ្ធបរមគ្រូ ។ ព្រះពុទ្ធទ្រង់ឈ្វេងយល់ថា អភិធម្មមានអាថ៌ជ្រៅណាស់មិនអាចឲ្យមនុស្សទូទៅយល់បានងាយៗទេ ។ ការស្វែងយល់អំពីទស្សនៈនៅក្នុងអភិធម្ម ត្រូវការចំណេះដឹងខ្ពស់និងពេលវេលាវែង ។ ដូច្នះ គួរផ្តោតការគិតនិងរកដំណោះស្រាយឲ្យបញ្ហា ទុក្ខ នៅក្នុងជីវិតមនុស្សវិញ ទើបប្រសើរ ។ នៅពេលសាវ័ករបស់ទ្រង់សួរអំពីមូលហេតុមិនឲ្យព្យាយាមយករបកគំហើញនៅក្នុងអភិធម្មមកពន្យល់បុថុជ្ជន ព្រះពុទ្ធទ្រង់មិនឆ្លើយទេ ដោយគ្រាន់តែលើកយករឿងមនុស្សដែលត្រូវរបួសជាមួយនឹងព្រួញពិសមកនិទានប្រាប់ទុកជាឧទាហរណ៍សម្រាប់ពិចារណា ។ លុះព្រះពុទ្ធទ្រង់ចូលបរិនិព្វាន សាវ័ករបស់ទ្រង់ខ្លះបានយកចំណុចស្មុគស្មាញជាច្រើននៅក្នុងអភិធម្មមកបកស្រាយ ដែលជាហេតុនាំឲ្យមានទំនាស់ក្នុងការយល់ឃើញអំពីគោលគំនិតនានា ។ ទំនាស់នេះនាំឲ្យកើតមានសង្គាយនា (ការផ្ទៀងផ្ទាត់) ពុទ្ធវចនៈធំៗចំនួនប្រាំលើក ។ គេមិនដឹងថាពុទ្ធសាសនាមហាយានចាប់បដិសន្ធិនៅឆ្នាំណាទេ ប៉ុន្តែក្រោយព្រះពុទ្ធទ្រង់បរិនិព្វានទៅ ព្រះពុទ្ធសាសនាចែកចេញជាបីនិកាយធំៗគឺ ហិនយា មហាយាន និង មជ្ឈឹមមគ្គ ឬ មាគ៌ាកណ្តាល (Madhyamaka) ។ និកាយមជ្ឈឹមមគ្គបានបាត់បង់រូបរាងទៅហើយ នៅសល់តែនិកាយហិនយាន ដែលយើងសព្វថ្ងៃហៅថា ថេរវាទនិងមហាយានតែប៉ុណ្ណោះ ។ បើយើងប្រៀបធៀបព្រះពុទ្ធសាសនាថេរវាទនិងមហាយាន ទៅនឹងលទ្ធិនយោបាយគឺប្រៀបដូចជាក្រុមអ្នកអភិរក្សនិយមនិងសេរីនិយម ។ ពុទ្ធសាសនិកដែលបដិបត្តិតាមលទ្ធិថេរវាទ គឺជាអ្នកដើរតាមការណែនាំរបស់ព្រះពុទ្ធដោយឥតងាករេ ។ ឯអ្នកដែលបដិបត្តិតាមលទ្ធិមហាយាន គឺជាក្រុមដែលដើរតាមការយល់ឃើញរបស់គេនៅក្នុងការសិក្សាអភិធម្ម ។ យើងអាចយកជួរភ្នំហេមពានធ្វើជាខ្សែបន្ទាត់សម្រាប់បែងចែកក្រុមអ្នកបដិបត្តិព្រះពុទ្ធសាសនា មហាយាននិងថេរវាទ ។ នៅភាគខាងជើងនិងខាងកើតជួរភ្នំហេមពានមានជាអាទ៍ ប្រទេសទីបេរ៍ ម៉ុងហ្គោលី ចិន ជប៉ុន និងកូរ៉េ គេចូលចិត្តបដិបត្តិតាមលទ្ធិមហាយាន ។ ផ្នែកខាងត្បូងនិងខាងលិចភ្នំហេមពាន រួមមានប្រទេស ស្រីលង្កា ភូមា និងតំបន់អាសុីអគ្នេយ៍គេនិយមបដិបត្តិតាមលទ្ធិថេរវាទ ។ ភាពខុសគ្នារវាងព្រះពុទ្ធសាសនាមហាយាននិងថេរវាទ គឺស្ថិតនៅលើសំណួរមួយពាក់ព័ន្ធនឹង និព្វាន ។ នៅក្នុងគំនិតរបស់ពុទ្ធបរិស័ទទូទៅ និព្វានគឺបានដល់ចំណុចសូន្យដែលរូបបុគ្កលមិនវិលមកកើតក្នុងវដ្តសង្ខារទៀតឡើយ ។ ប៉ុន្តែ អ្នកដែលបដិបត្តិតាមលទ្ធិមហាយាន គេជឿថា វិញ្ញាណដែលបែកធ្លាយរលាយជាមួយនឹងរូបនោះ មិនបាត់បង់សូន្យសុងទៅទេ ប្រៀបដូចជាភ្លើងដែលរលត់ដូច្នោះដែរ ។ វាស្ថិតនៅក្នុងទីមួយដែលពាល់មិនត្រូវ ទៅមិនដល់ យល់មិនកើត ។ គេហៅការយល់ឃើញនេះថា៖ សច្ចៈស្របគ្នា (Parallel Truth) ។ សម្រាប់អ្នកបដិបត្តិព្រះពុទ្ធសាសនាមហាយាន សច្ចៈមិនមានភាពដាច់ខាតទេ (Truth is not absolute) ។ ឧទាហរណ៍ សច្ចៈដែលចែងថា មានរូបមានទុក្ខនោះ តើមានករណី មានរូបគ្មានទុក្ខដែរឬទេ ។ ចម្លើយគឺ មាន ។ រូបដែលគ្មានទុក្ខ គឺព្រះអរហន្តនិងព្រះពោធិសត្វ ដែលសាងបារមីបុណ្យបានពេញបរិបូរមិនស្ថិតនៅក្រោមឥទ្ធិពលនៃតណ្ហា (Desire) ទៀតទេ ។ ព្រះពោធិសត្វមានបុណ្យ ឬ បុញំ ដែលខ្មែរយើងសរសេរជា បញ្ញា គ្រប់គ្រាន់អាចចម្លងជីវិតទៅកាន់និព្វានបាន ប៉ុន្តែទ្រង់មិនទៅទេ ព្រោះចង់ទុករូបកាយនៅក្នុងវដ្តសង្សារ ដើម្បីជួយត្រួសត្រាយផ្លូវឲ្យមនុស្សលោករំដោះខ្លួនចេញអំពីទុក្ខ ។ នេះគឺជាចំណុចមួយទៀតនៃលទ្ធិមហាយាន ដែលឆ្លើយនឹងសំណួរថា បើមិនចង់ទៅនិព្វាន តើព្រះអ្នកមានបុណ្យអាចត្រឡប់មកកើតជាមួយនឹងមនុស្សលោកវិញដែរឬទេ? យោងតាមពុទ្ធប្រវត្តិ អ្នកដែលចាប់ផ្តើមរុកគួនព្រះពុទ្ធឲ្យពន្យល់អំពីមធ្យោបាយ ឬក៏ផ្លូវកាត់ទៅកាន់និព្វានមុនគេគឺ សារីបុត្ត ។ គ្រានោះ ព្រះពុទ្ធទ្រង់មិនបកស្រាយប្រាប់សារីបុត្ត ថាត្រូវធ្វើដូចម្តេចទេ គ្រាន់តែយករឿងនិទានអំពីមនុស្សត្រូវរបួសដោយគ្រាប់ព្រួញពិសមកឲ្យអ្នកដែលចង់ស្វែងរកផ្លូវទៅនិព្វានឲ្យបានឆាប់រហ័ស យកទៅត្រិះរិះពិចារណា ។ បន្ទាប់ពីព្រះពុទ្ធចូលបរិនិព្វាន ការបកស្រាយគំនិតនានានៅក្នុងអភិធម្មចេះតែមានទំនាស់ជាបន្តបន្ទាប់រហូតដល់មានការធ្វើសង្គាយនាជារឿយៗ ។ លុះដល់សតវត្សទី ២ អ្នកប្រាជ្ញឥណ្ឌាម្នាក់ឈ្មោះ នាគជន (Nagajuna) បានសរសេរក្បួនច្បាប់នៅក្នុងលទ្ធិមាហាយានឡើង ។ គាត់ថែមទាំងបានសរសេរអំពីរបៀបអនុវត្តន៍នានាដែលជាការបដិបត្តិជាន់ខ្ពស់ឆ្ពោះទៅកាន់និព្វានទៀតផង ។ ប៉ុន្តែ សំណេរអំពីផ្លូវទៅកាន់និព្វាននោះ ត្រូវបានបាត់បង់យូរយាណាស់មកហើយ ។ នៅសតវត្សទី ៨ អ្នកប្រាជ្ញឥណ្ឌាមួយរូបទៀតឈ្មោះ សន្តិទេវ (Santideva) បានសរសេរបន្ថែមអំពីគោលគំនិតនៅក្នុងលទ្ធិមហាយាន ។ គឺបុគ្គលទាំងពីររូបនេះហើយដែលជាស្ថាបនិកនៃព្រះពុទ្ធសាសនាមហាយាននិកាយ ។ គួរកត់សម្គាល់ថា ព្រះពុទ្ធសាសនាមហាយាន និង ហិនយានឬថេរវាទ មានគោលដៅចម្បងតែមួយដូចគ្នាគឺ៖ កាត់បន្ថយនិងបំបាត់ទុក្ខអំពីរូបមនុស្ស ។ អ្វីដែលជាភាពខុសគ្នារវាងលទ្ធិទាំងពីរ គឺការអនុវត្តន៍និងរបៀបរបបក្នុងការស្វែងរកដំណោះស្រាយរំដោះទុក្ខ ក៏ដូចជាការបកស្រាយនូវទស្សនៈនានានៅក្នុងគម្ពីរអភិធម្ម ដែលមានចំណុចខ្លះមិនអាចយកទ្រឹស្តី កម្មផល ឬហេតុផល មកធ្វើជាទឡ្ហីករណ៍បានឡើយ ។ ភាពខុសគ្នានៃលទ្ធិទាំងពីរអាចនិយាយបានថា៖ មហាយានឲ្យអាទិភាពលើទ្រឹស្តី ឯថេរវាទឲ្យអាទិភាពលើការអនុវត្តន៍ ។ យើងអាចឲ្យសមតិកម្មសាមញ្ញមួយថា ពុទ្ធសាសនាមហាយាន យកព្រហ្មវិហារធម៌ទាំង៤គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ឯពុទ្ធសាសនាថេរវាទយកចតុរារិយសច្ចៈទាំង៤គឺ ទុក្ខ សមុទយ និរោធ និង មគ្គ មកធ្វើជាមូលដ្ឋានគ្រឹះដើម្បីដោះស្រាយបញ្ហានានាពាក់ព័ន្ធនៅក្នុងសំណួរ រូបំ ទុក្ខំ អនិច្ចំ អនត្តា ។ បើយើងពិនិត្យឲ្យបានជាក់លាក់បន្តិចនោះ ព្រះពុទ្ធសាសនាទាំងមូលមានគោលដៅតែពីរទេ ។ ទីមួយគឺបង្ហាញនិងរកដំណោះស្រាយអំពីបញ្ហា ទុក្ខ ដែលជាកម្មវត្ថុជាប់ជាមួយនឹងរូបមនុស្សសត្វ ។ ទីពីរគឺការវែកញែកស្វែងរកធាតុពិតនៃរូប ឬអាត្ម័ន ។ នៅក្នុងដំណើរស្វែងរក សុខ ដែលជាឱសថព្យាបាលទុក្ខនោះ ទាំងពុទ្ធសាសនាមហាយាននិងថេរវាទ មានយុទ្ធវិធីស្រដៀងគ្នា ។ មេត្តា ករុណា មុទិតា និង ឧបេក្ខា គឺសំដៅដល់ការដឹកនាំចិត្តទៅកាន់ ទាន (បរិច្ចាគ) សីល (សីលធម៌) និង ភាវនា (សមាធិ) ។ ឯចតុរារិយសច្ចៈទាំង៤បង្ហាញអំពីទំនាក់ទំនងរវាង ទុក្ខនិងរូប ហើយផ្តល់ដំណោះស្រាយតាមរយៈការអនុវត្តន៍ដោយយកអដ្ឋង្គិមគ្គ ឬមាគ៌ាទាំង ៨ ជាមូលដ្ឋាន ។ នៅក្នុងការរកដំណោះស្រាយរឿង ទុក្ខ ពុទ្ធសាសនាមហាយាននិងថេរវាទមិនមានទំនាស់អ្វីជាដុំកំភួនទេ ។ ប៉ុន្តែ នៅក្នុងការវែកញែកអំពី រូប និងវិញ្ញាណ ឬព្រលឹង (Soul) មានការខ្វែងមតិគ្នាខ្លះៗ ។ ដូចបានលើកឡើងនៅខាងដើមអត្ថបទ ពុទ្ធសាសនាមហាយានមិនទទួលស្គាល់ថាអាតូមនៃ រូប (self) រលាយបាត់បង់ទាំងស្រុងនៅពេលដែលជីវិតរលត់នោះទេ ។ ហើយរូបទាំងអស់ក៏មិនមែនសុទ្ធតែមានទុក្ខដែរ ។ ដូច្នេះ ទ្រឹស្តី មានរូបមានទុក្ខ មិនអាចចាត់ទុកថាជា សច្ចៈដាច់ខាតឡើយ ។ បើសច្ចៈមិនមែនជាសច្ចៈដាច់ខាត វាត្រូវតែមានលំហសម្រាប់របកគំហើញផ្សេងទៀត (Spaces for new discovery) ។ និព្វានក៏ដូចគ្នាដែរ ។ អាតូមនៃរូបរបស់បុគ្គលដែលឆ្លងទៅដល់ឋាននិព្វាន គឺត្រូវស្នាក់នៅក្នុងទីមួយ ។ បុគ្គលដែលសាងបុណ្យបានដល់ចំណតនិព្វាន បើមិនប្រាថ្នានៅទីនោះ ក៏គួរតែមានទីមួយសម្រាប់ស្នាក់អាស្រ័យដែរ ។ ចំណុចនេះហើយដែលគេយកព្រះពោធិសត្វនិងព្រះអរហន្តមកធ្វើជាតំណាង ។ លោក ស សារុន វែកញែកថា និព្វានមានពីរប្រភេទគឺ៖ សឧបាទិសេសនិព្វាន ឬនិព្វានរស់ និង អនុបាទិសេសនិព្វាន ឬនិព្វានស្លាប់ ។ និព្វានរស់គឺតំណាងឲ្យព្រះពោធិសត្វនិងព្រះអរហន្តនេះឯង ។ មុននឹងបញ្ចប់អត្ថបទនេះ សូមលើកយកកត្តាខ្លះៗនៃពុទ្ធសាសនាមហាយានដែលអាចជាវិភាគទាននៃឥទ្ធិពលរបស់ព្រះបាទជ័យវរម្ម័នទី៧ មកពិភាក្សា ។ ចំណុចកណ្តាលនៃរជ្ជកាលព្រះបាទជ័យវរម្ម័នទី៧ គឺប្រាសាទបាយ័ន ។ ឯកសាររូបភាពប្រវត្តិសាស្ត្រជាច្រើនត្រូវបានចារទុកនៅលើជញ្ជាំងប្រាសាទនោះ ។ រូបភាពដែលលេចធ្លោជាងគេគឺសង្គ្រាមជាមួយនឹងប្រទេសចម្ប៉ា ។ ប៉ុន្តែ ក្រៅពីសង្គ្រាមជាមួយចាម គេមិនឃើញមានចម្លាក់និយាយអំពីសង្គ្រាមជាមួយប្រទេសឬកុលសម្ព័ន្ធដទៃឡើយ ។ យោងតាមពង្សសាវតារខ្មែរ ស្តេចខ្មែរនៅសម័យអង្គរភាគច្រើនធ្វើសង្គ្រាមដើម្បីពង្រីកឥទ្ធិពលនិងទឹកដី ។ សំណួរមួយដែលគួរលើកយកមកពិចារណាគឺថា តើស្តេចជ័យវរម្ម័នទី៧ បង្កើតអាណាចក្រខ្មែរឡើងវិញដោយរបៀបណា បន្ទាប់ពីបានបែកខ្ញែកគ្នានៅគ្រាដែលចាម្ប៍លុកលុយ? ចំណុចនេះខ្ញុំគិតថា រូបព្រហ្មមុខបួននៅលើប្រាសាទបាយ័ននិងនៅលើខ្លោងទ្វារប្រាសាទដទៃទៀត អាចជាគន្លឹះសម្រាប់រកចម្លើយ ។ ព្រហ្មមុខបួនតំណាងឲ្យព្រហ្មវិហារធម៌ទាំង៤គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ ព្រះបាទជ័យវរម្ម័នទី៧ ប្រហែលជាមិនយកផ្លែដាវលំពែងទៅបង្ខំឲ្យកុលសម្ព័ន្ធ ឬរដ្ឋនានាដែលបានបែកខ្ញែកចេញពីនគរកម្ពុជា វិលមករួបរួមគ្នាវិញទេ ។ ព្រះអង្គយក មេត្តា ករុណា មុទិតា និងឧបេក្ខា ទៅពន្យល់និងបញ្ចុះបញ្ចូលកុលសម្ព័ន្ធនិងរដ្ឋទាំងនោះឲ្យរួបរួមគ្នាបង្កើតចក្រភពកម្ពុជាឡើងវិញ ។ មិនមានឯកសារជាក់លាក់បញ្ជាក់អំពីប្រការនេះទេ ។ ប៉ុន្តែ យើងអាចយកកត្តាមួយមកពិចារណាអំពីប្រការនេះ ។ យោងតាមការរកឃើញរបស់អ្នកស្រាវជ្រាវ ព្រះបាទជ័យវរម្ម័នទី៧ បានសង់អាស្រមជាច្រើនតាមបណ្តោយផ្លូវបុរាណមួយដែលឆ្លង់កាត់ចំកណ្តាលនៃមហានគរខ្មែរ ចាប់ពីតំបន់ប្រាសាទវត្តពោធិនៅប្រទេសឡាវសព្វថ្ងៃ ទៅដល់ស្រុកភិម៉ៃនៃប្រទេសសៀម ។ អ្នកខ្លះហៅអាស្រមទាំងនោះថា ផ្ទះភ្លើងឬផ្ទះសំណាក់ ។ ប៉ុន្តែការហៅអគារថ្មទាំងនោះថាជាផ្ទះសំណាក់ ប្រហែលជាមិនត្រឹមត្រូវតាមតួនាទីនៃអាស្រមទាំងនោះទេ ត្បិតជនជាតិខ្មែរតាំងតែពីដើមរៀងមក និយមយកឈើមកធ្វើជាអគារស្នាក់នៅ ។ បើយើងសង្កេតមើលអំពីចម្ងាយរវាងអាស្រមមួយទៅអាស្រមមួយ វាមានចម្ងាយប្រមាណជា ៣០ ទៅ ៤០ គីឡូម៉ែត្រពីគ្នា គឺរយៈពេលមួយថ្ងៃនៃការធ្វើដំណើរដោយថ្មើជើងឬជិះដំរីរបស់មនុស្សសម័យនោះ ។ តួនាទីនៃអាស្រមទាំងនោះ គឺសម្រាប់ឲ្យអ្នកដំណើរចូលទៅអង្គុយភាវនា ឬធ្វើសមាធិវិប្បសនាកម្មដ្ឋានដែលជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ពុទ្ធសាសនាមហាយាន ។ ក្រៅអំពីជាទីតាំងសម្រាប់ភាវនា អគារអាស្រមទាំងនោះក៏ជាមណ្ឌលសម្រាប់ផ្សព្វផ្សាយ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែរ ដែលជាទស្សនទានរួមសម្រាប់ប្រមូលផ្តុំសហគមកុលសម្ព័ន្ធនានាឲ្យរួបរួមគ្នាជាអាណាចក្រដ៏ធំមួយ ។ នៅក្នុងសីលាចារឹកមួយដែលពាក់ព័ន្ធនឹងអភិបាលកិច្ចរបស់ស្តេចជ័យវរម្ម័នទី៧ មានពាក្យមួយឃ្លាដែលសរសេរថា៖ ការឈឺចាប់និងទុក្ខវេទនារបស់ប្រជានុរាស្ត្រ ជាទុក្ខវេទនារបស់ព្រះអង្គ ។ ចំណុចនេះសបញ្ជាក់ថា ព្រះបាទជ័យវរម្ម័នទី៧ មិនប្រើអាជ្ញាក្នុងការពង្រីកឥទ្ធិពលនិងទឹកដីទេ ។ ព្រះអង្គទ្រង់ប្រើបុណ្យ ឬបញ្ញាក្នុងការពង្រីកឥទ្ធិពលរបស់ខ្មែរ ៕ កំណត់ស្មេរ៖ អត្ថបទនេះ ជាពិសេសព្រះពុទ្ធសាសនាមហាយាន សរសេរផ្អែកលើការសិក្សាចេញពីភាសាអង់គ្លេសស្ទើរតែទាំងស្រុង ។ ឯកសារជាភាសាខ្មែរដែលមានបង្កប់នូវទស្សនៈខ្លះៗចេញអំពីព្រះពុទ្ធសាសនាមហាយានឃើញមាននៅក្នុងសំណេរ អរិយធម៌និងវប្បធម៌ខ្មែរ របស់លោក ស សារុន និង បុណ្យ បាប របស់ធម្មបាល ខៀវ ជុំ ។ អ្នកដែលចង់យល់បន្ថែមអំពីទស្សនៈនៅក្នុងព្រះពុទ្ធសាសនាមហាយាន សូមអានសៀវភៅ បុណ្យ បាប របស់ធម្មបាល ខៀវ ជុំ ។

Friday, January 25, 2019

ចំណីខួរក្បាល

ទៅជាមួយគេឯង ឬទៅតាមការយល់ឃើញខ្លួនឯង (Go with the Flow, Or Go with Your Guts) ឆ្លើយតបនឹងសំណួរមួយថាតើហេតុអ្វីបានជាគាត់ពូកែវាយកូនគោលម្លេះ លោក វ៉េន ហ្គ្រេតស្គី (Wayne Gretsky) កីឡាករវាយកូនគោលលើទឹកកក(Hocky)ដ៏ល្បីល្បាញនៅក្នុងពិភពលោកបាននិយាយពាក្យមួយឃ្លាយ៉ាងខ្លីថា៖ ខ្ញុំរត់រំអិលទៅកាន់ចំណុចដែលខ្ញុំគិតថាកូនគោលនឹងរមៀលទៅ មិនមែនទៅកាន់ចំណុចដែលកូលគោលកំពុងរមៀលនោះទេ (I skate to where the puck is going to be, not where it has been) ។ ពាក្យមួយឃ្លានេះត្រូវបានគេយកមកប្រើជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់ស្វែងរកជោគជ័យនៅក្នុងដំណើរជីវិតស្ទើរគ្រប់វិស័យ ។ ការសន្និដ្ឋានថាតើកូនគោលនឹងខ្ទាតឬរអិលទៅកាន់ចំណុចណាប្រហែលជាមិនសូវលំបាកដូចការសន្និដ្ឋានថាតើការវិវឌ្ឍន៍នៅក្នុងវិស័យអ្វីមួយពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង នឹងប្រែប្រួលទៅកាន់ទិសដៅណានោះទេ ពីព្រោះកូនគោលស្ថិតនៅក្នុងតារាងដែលគេហុំព័ទ្ធជិត ឯជីវិតរបស់យើងមានកត្តាជាច្រើនដែលពាក់ព័ន្ធ ។ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ខ្ញុំសង្កេតឃើញមានចរន្តជម្រុញពីរ (Trends) ដែលហាក់ដូចជាកំពុងពេញនិយមខ្លាំងណាស់ ។ ទីមួយគឺការរស់នៅជាលក្ខណៈបុគ្គល (Individual lifestyle) ។ និងទីពីរគឺការជម្រុញឲ្យកូនតូចៗចាប់ផ្តើមការសិក្សាតាំងតែពីអាយុ ៣ ឬ ៤ឆ្នាំ ។ យុវគ្រួសារនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ នៅពេលដែលពួកគេរៀបការហើយ គោលដៅទីមួយសម្រាប់បញ្ជាក់ជីវិតបុគ្គលគឺទិញផ្ទះល្វែងឬខុនដូ ឬក៏សង់កូនវីឡាមួយ ។ ដើម្បីសម្រេចបំណងនេះយុវគ្រួសារខ្លះត្រូវខ្ចីប្រាក់យ៉ាងច្រើនអំពីធនាគារ ។ បន្ទាប់មក នៅពេលពួកគេមានកូន គេនឹងបញ្ជូនកូនឲ្យទៅរៀនតាំងតែពីអាយុ ៣ ឬ៤ឆ្នាំ ។ ទាំងផ្ទះល្វែង ទាំងការបញ្ជូនកូនឲ្យទៅរៀនក្រោមអាយុ សុទ្ធតែជារឿងដែលនាំទុក្ខកង្វល់ច្រើនលើសលុបសម្រាប់ជីវិត ។ ណាមួយត្រូវខំរកប្រាក់មកបង់រំលស់ថ្លៃផ្ទះឲ្យធនាគារ ។ ណាមួយទៀតត្រូវរកប្រាក់មកបង់ថ្លៃសាលាឲ្យកូនរៀននៅថ្នាក់ក្រោមមតេយ្យ(Pre-Kindergarten) ។ តើការរត់តាមចរន្តជម្រុញទាំងពីរនេះ អាចដូចការរត់រំអិលទៅកាន់ចំណុចដែលកូនគោលកំពុងតែរមៀលនោះទេ? កាលពី ២០ ឬ ៣០ឆ្នាំមុន គ្រួសារភាគច្រើននៅសហរដ្ឋអាមេរិកសម្រេចទិញផ្ទះតម្រូវតាមទំហំគ្រួសាររបស់ខ្លួន ។ ម្ភៃឬសាមសិបឆ្នាំក្រោយមក ភាគច្រើននៃគ្រួសារទាំងនោះ ត្រូវរស់នៅជាមួយនឹងផ្ទះដែលមានបន្ទប់សល់ជាច្រើន ត្បិតកូនៗរបស់ពួកគេមិនបានរស់នៅក្នុងផ្ទះនោះទៀតទេ ។ មូលហេតុដែលផ្ទះខ្វះមនុស្សរស់នៅនោះ គឺដោយសារតែកត្តាការងារ ។ បច្ចុប្បន្ន មនុស្សរត់តាមការងារ ។ ការងារខ្លះ មានចម្ងាយរាប់រយគីឡូម៉ែត្រអំពីផ្ទះ ។ ដូច្នេះ យុវជនជាច្រើនសម្រេចជួលឬទិញផ្ទះរស់នៅក្បែរកន្លែងធ្វើការ ។ ឯផ្ទះដែលឪពុកម្តាយបានទិញនិងថែរក្សាជាច្រើនឆ្នាំមកនោះ បានត្រឹមតែជាផ្ទះដែលខ្វះមនុស្សរស់នៅ ។ មិនតែប៉ុណ្ណោះ ពួកគេត្រូវបង់ពន្ធអចលនទ្រព្យនិងសេវាផ្សេងៗរៀងរាល់ឆ្នាំទៀតផង ។ បើផ្ទះនោះស្ថិតនៅក្នុងតំបន់ដែលតម្លៃអចលនទ្រព្យមិនធ្លាក់ចុះ គេអាចលក់ទៅវិញបានចំណេញខ្លះ ។ ប៉ុន្តែ បើវាស្ថិតនៅក្នុងតំបន់ដែលគ្មានទីផ្សារ វានឹងក្លាយទៅជាការវិនិយោគខាតបង់ដ៏ធំមួយ ។ ចំណុចទីពីរដែលខ្ញុំចង់លើកយកមកពិភាក្សានៅទីនេះ គឺការបញ្ជូនកូនឲ្យទៅរៀនមុនអាយុកំណត់ ។ កាលខ្ញុំនៅពីតូច ចាស់ៗបានទាញដៃខ្ញុំដាក់ព័ទ្ធលើក្បាលដើម្បីវាស់មើលថាតើចុងម្រាមដៃខ្ញុំអាចប៉ះចុងត្រចៀកខ្ញុំហើយឬនៅ ដើម្បីកំណត់ពេលវេលាឲ្យខ្ញុំទៅរៀន ។ ជាទូទៅ ក្មេងអាចលើកដៃដាក់ព័ទ្ធលើក្បាលទៅប៉ះចុងត្រចៀកនៅចន្លោះអាយុ ៦ទៅ ៧ឆ្នាំ ។ ខ្ញុំគិតថា ជំនឿរបស់ចាស់ៗខ្មែរយើងអាចត្រឹមត្រូវ ព្រោះថាកុមារអាយុក្រោម៦ឆ្នាំ ត្រូវការរត់លេងច្រើនជាងរៀនសូត្រ ។ ផ្អែកលើបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំត្រូវបានឪពុកខ្ញុំយកទៅ "ផ្ញើ" នៅសាលានៅអាយុប្រមាណជា ៥ឆ្នាំកន្លះ ។ ខ្ញុំប្រើពាក្យផ្ញើ ព្រោះថាសម័យនោះមិនមានសាលាមតេយ្យទេ ។ ខ្ញុំត្រូវបានគ្រូវាយបាតដៃរាល់ថ្ងៃ ព្រោះអត់ទាន់ចេះសរសេរ ក ខ និង ស្រៈ នៅឡើយ ។ ខ្ញុំនៅចាំបានថា នៅពេលខ្ញុំមានអាយុ ៧ឆ្នាំ ខ្ញុំចាប់ផ្តើមយល់និងមានសមត្ថភាពអាននិងសរសេរដោយគ្មានលំបាកអ្វីបន្តិចសោះឡើយ ។ វាអាចជាករណីថា កុមារខ្លះយឺតក្នុងការរៀនសូត្រ ។ ក៏ប៉ុន្តែ ខ្ញុំគិតថាកុមារដទៃក៏អភិវឌ្ឍមិនខុសអំពីរូបខ្ញុំប៉ុន្មានទេ ។ នៅសហរដ្ឋអាមេរិក មានរបកគំហើញមួយដែលអះអាងថា កូនសិស្សដែលមានពិន្ទុទាបភាគច្រើនជាកូនអ្នកក្រដែលមិនមានថវិកាបញ្ជូនកូនឲ្យទៅរៀននៅថ្នាក់មុនមតេយ្យ(Pre-K) ។ ដូច្នេះ គេក៏បង្កើតច្បាប់មួយឈ្មោះថា Head Start ដើម្បីឲ្យកូនអ្នកក្រអាចចូលរៀននៅថ្នាក់មុនមតេយ្យដោយឥតបង់ថ្លៃ ។ កត្តាមួយទៀតគឺអាហារពេលព្រឹក ។ ក្មេងដែលមិនទទួលទានអាហារពេលព្រឹកមុនទៅរៀន ច្រើនតែរៀនខ្សោយ ។ គេក៏ណែនាំឲ្យកុមារញ៉ាំអាហារពេលព្រឹកនៅផ្ទះឬនៅសាលាមុនចូលរៀន ។ របកគំហើញមួយទៀតអះអាងថា ក្មេងដែលគេញមិនឆ្អែត (គេញមិនគ្រប់ម៉ោង) ក៏រៀនខ្សោយដែរ ។ សាលាខ្លះក៏សម្រេចឲ្យក្មេងចូលរៀននៅម៉ោង ៩ នៅពេលដែលសាលាទូទៅឲ្យក្មេងចូលរៀននៅម៉ោង ៨ ។ តើយើងគួរអនុវត្តតាមរបកគំហើញទាំងនេះទេ? សម្រាប់ខ្ញុំ ខ្ញុំគិតថារបកគំហើញទាំងនេះ នៅមានចន្លោះប្រហោងច្រើនណាស់ ។ កុមារឬមនុស្សម្នាក់ៗ មិនមែនជានំឃុកឃី (Cookies) ទេ ។ ពួកគេមានសមត្ថភាពនិងការអភិវឌ្ឍន៍ខុសៗគ្នា ។ កូនខ្ញុំទៅរៀនតាំងពីអាយុពីរឆ្នាំកន្លះ មិនមែនដោយសារខ្ញុំចង់ឲ្យវាទៅរៀនឲ្យបានលឿនមុនគេឯងនោះទេ គឺដោយសារវាមានការយឺតយ៉ាវក្នុងការនិយាយស្តី ។ ដូច្នេះ ក្រសួងសង្គមកិច្ចផ្នែកគាំពារកុមារក៏បានណែនាំឲ្យបញ្ជូនវាទៅហ្វឹកហាត់និយាយ ។ ឥឡូវនេះ កូនខ្ញុំមានអាយុជិត ៦ឆ្នាំហើយ ។ វាចាប់ផ្តើមនិយាយនៅអាយុ ៣ឆ្នាំគត់ ។ មកទល់នឹងពេលនេះ កូនខ្ញុំទើបនឹងចេះនិយាយបានរយៈពេល ២ឆ្នាំ៨ខែតែប៉ុណ្ណោះ ។ ប៉ុន្តែ វាចេះនិយាយហូរដូចទឹក ។ ទាំងពាក្យពេចន៍ ទាំងការរៀបប្រយោគ គឺច្បាស់លាស់ប្រៀបដូចជាមនុស្សចាស់ ។ មិនតែប៉ុណ្ណោះ វាថែមទាំងសួរនាំខ្ញុំឲ្យពន្យល់វាអំពីអត្ថន័យនៃពាក្យនានានៅក្នុងភាសាខ្មែរនិងភាសាអង់គ្លេសឥតឈប់ឈរ ។ វាជារឿងដែលមិនគួរឲ្យជឿ ។ ប៉ុន្តែ នេះគឺជាតថភាពមួយនៃការអភិវឌ្ឍន៍របស់កុមារ ។ ថ្មីៗនេះ ខ្ញុំបាននាំកូនខ្ញុំទៅបំពេញបែបបទពិនិត្យសុខភាពដើម្បីចូលរៀននៅមតេយ្យសាលា ។ គិលានុបដ្ឋាយិការដែលសួរនាំអំពីសាវតាកូនខ្ញុំបានប្រាប់ខ្ញុំថា កូនប្រុសរបស់គាត់ក៏ចាប់ផ្តើមនិយាយនៅអាយុបីឆ្នាំដែរ ។ សព្វថ្ងៃនេះ កូនគាត់កំពុងរៀននៅសាកលវិទ្យាល័យ ហើយមានសមត្ថភាពអាចរៀនចេះនិយាយភាសាបរទេសចំនួនបួនភាសា ។ គាត់បន្ថែមថា រឿងក្មេងក្រចេះនិយាយ គ្មានអ្វីត្រូវព្រួយបារម្មណ៍នោះទេ ប្រសិនបើក្មេងនោះមិនមានរោគសញ្ញាពិការញាណដូចជា អតធីហ្សឹម (Autism or Severe ADHD) ។ នៅពេលទទួលបានពត៌មាននោះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ព្រោះថាកង្វល់និងការប្រឹងប្រែងរបស់ខ្ញុំនិងភរិយា អាចជាទង្វើអត់ប្រយោជន៍ ។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ផ្លូវចិត្តរបស់កូនខ្ញុំទៀតផង ដោយហេតុតែវាត្រូវប្រឈមជាមួយនឹង កង្វល់ ការភ័យព្រួយ និងភាពតក់ស្លុតនានានៅពេលដែលយើងបញ្ជូនវាឲ្យទៅរៀនទាំងក្មេងខ្ចី ។ ខ្ញុំនៅចាំបានថា នៅពេលដែលខ្ញុំបញ្ជូនកូនឲ្យទៅរៀននៅថ្ងៃដំបូងៗ វាមានទឹកមុខស្រងូតស្រងាត់ខ្លាំងណាស់ ។ គ្មាននរណាដឹងថាវាខ្វល់ខ្វាយនិងភ័យព្រួយប៉ុនណាទេ ។ ហើយក៏គ្មាននរណាដឹងដែរថា កង្វល់និងភាពភ័យព្រួយដែលកុមារប្រឈមនៅគ្រាទៅរៀនមុនអាយុកាលនោះ អាចនឹងមានផលអវិជ្ជមានដល់សុខភាពផ្លូវចិត្តយ៉ាងណាដែរ នៅថ្ងៃអនាគត ។ នៅក្នុងភាសាអង់គ្លេសគេហៅផលអវិជ្ជមានផ្លូវចិត្តថា Post Traumatic Syndrome Disorder (PTSD) ។ វាធ្វើឲ្យមនុស្សបាត់បង់ម្ចាស់ការ បន្ទាប់ពីឆ្លងកាត់រឿងរ៉ាវរន្ធត់អ្វីមួយ ។ មុននឹងបញ្ចប់អត្ថបទនេះ សូមនិយាយអំពីរឿងស្ទាក់ចាំកូនគោលក្នុងន័យប្រៀបធៀបបន្តិចចុះ ។ ដប់ ឬ ម្ភៃឆ្នាំទៅមុខ តើការសិក្សានឹងវិវឌ្ឍទៅដូចម្តេច? និស្សិតសាកលវិទ្យាល័យប្រហែលជាឈប់ទៅអង្គុយរៀននៅក្នុងថ្នាក់ទៀតហើយ ។ គ្រូនិងសិស្សប្រើប្រព័ន្ធអុីនថឺណិត តេឡេខន់ហ្វឺរុឹន (Teleconference) នៅក្នុងការហ្វឹកហ្វឺនសិក្សា។ មួយអាទិត្យអាចទៅជួបប្រជុំគ្នាម្តងនៅក្នុងថ្នាក់រៀន ឬក្នុងហាងកាហ្វេ ។ នៅវិទ្យាល័យនិងអនុវិទ្យាល័យក៏អាចមានទម្រង់រៀនស្រដៀងគ្នានេះដែរ ។ នៅបឋមសិក្សាថ្នាក់ទី ១ និងទី២ ប្រហែលជាឈប់ប្រើដីសនិងក្តារឈ្នួនសរសេរ ផ្កាប់ លើក ដាក់ លុប ដូចសម័យមុនទៀតហើយ ។ ខ្មៅដៃ ប៊ិក និងក្រដាស ក៏ប្រហែលជាឈប់ប្រើដែរ ។ អាយផេត ឬ ថាបលេត ជាមួយនឹងប៊ិកសរសេរលើអេក្រង់ និងចូលមកជំនួសប៊ិកនិងក្រដាស ។ ពិន្ទុនិងសញ្ញាប័ត្រក៏ប្រហែលជាលែងសំខាន់ដែរ ។ អ្វីដែលសំខាន់គឺ សមត្ថភាព ។ និយាយដល់ចំណុចនេះ សូមដកស្រង់ប្រសាសន៍របស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជាមកបញ្ចប់អត្ថបទនេះតែម្តងចុះ៖ សញ្ញាប័ត្រ វាគ្រាន់តែជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ ។ មានសញ្ញាប័ត្រ គ្មានសមត្ថភាព វាគ្មានន័យអ្វីទេ ៕

Thursday, January 17, 2019

Food for Thought

Mediocre President When I was studying American Government in college, one particular term that stuck out in my mind was "Mediocre Presidents". Our professor told the class that those presidents were not only incompetent of accomplishing anything of note, even their names were difficult to pronounce and remember. After two years in office, President Donald Trump appears to be clearly heading to join the Mediocre Club. He has already broken the record of having the longest Federal Government shutdown. Whether he knows it or not, most of the people who hurt the most as a consequence of government shutdown are employees of the executive branch, the section in which he oversees. On top of that, the US economic growth is also impacted by the shutdown. Money is lost by the millions each day. All of these are for the sake of building a wall along the US-Mexico border, which President Trump, in his wildest dream, thought that it would keep criminals from coming into the US. The Founding Fathers of the United States had thought and debated for years about how the US government is run. They created a check and balance mechanism to prevent tyrant, the like of Mr. Trump, from imposing his will on the nation. So, for Donald Trump to think that he could bully his way to get the money to build the wall in the annual national budget is quite ludicrous. He had tried it for two years already. It had not succeeded then, and it definitely won't succeed, now. The fact that the people voted to put the opposition in control of the House of Representatives should tell him something about which way to go regarding the wall. Stop dreaming about it! I hope history will be lenient in judging Mr. Trump's performance as a US President. But, from what he has accomplished so far, I doubt it that he could even make it to the Mediocre Club. Most Stupid is probably the grade he will achieves when leaving office.

Thursday, January 10, 2019

ចំណីខួរក្បាល

កង្វល់ បាក់ទឹកចិត្ត និង លទ្ធផល (Stress, Depress, and Results) ថ្មីៗនេះ ឃើញមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពី ជំហឺបាក់ទឹកចិត្ត (Depression) បន្ទាប់ពីមានយុវតីខ្មែរម្នាក់បានធ្វើអត្តឃាតដោយសារតែការញាំញីអំពីជំហឺនេះ ។ ជំងឺបាក់ទឹកចិត្តមានឬសគល់ចេញមកអំពី កង្វល់ ដែលភាសាអង់គ្លេសហៅថា Stress ។ កង្វល់និងទុក្ខមានលក្ខណៈប្រហាក់ប្រហែលគ្នា ។ មនុស្សគ្រប់រូបតែងរស់នៅជាមួយនឹងកង្វល់នៅក្នុងដំណើរជីវិត ហើយតែងរកមធ្យោបាយដោះស្រាយកង្វល់ទៅតាមសមត្ថភាពរៀងៗខ្លួន ។ ជាទូទៅ កង្វល់មិនផ្តល់ផលវិបាកធ្ងន់ធ្ងរមកលើជីវិតមនុស្សទេ ដរាបណាមហិច្ឆិតានិងការតស៊ូរបស់មនុស្សប្រព្រឹត្តទៅធម្មតា ។ ប៉ុន្តែ មានករណីខ្លះមនុស្សស្រាប់តែបាត់បងមហិច្ឆិតានិងការតស៊ូ ដែលជាហេតុនាំឲ្យកង្វល់រុញជីវិតឲ្យស្ថិតក្នុងស្ថានភាពបាក់ទឹកចិត្ត ។ ការសម្គាល់មនុស្សបាក់ទឹកចិត្ត មិនពិបាកទេ ប៉ុន្តែអ្វីដែលពិបាកនោះគឺការស្វែងយល់អំពីមូលហេតុដែលធ្វើឲ្យមនុស្សបាក់ទឹកចិត្ត ។ កត្តាដ៏សាមញ្ញបំផុតសម្រាប់សម្គាល់មនុស្សបាក់ទឹកចិត្តគឺការផ្លាស់ប្តូរអកប្បកិរិយា ។ ឧទាហរណ៍ មនុស្សម្នាក់ដែលធ្លាប់តែរួសរាយជាមួយនឹងមិត្តភក្តិសាច់សាលោហិត ស្រាប់តែឈប់និយាយស្តីប្រាស្រ័យទាក់ទងជាមួយនឹងនរណាទាំងអស់ដោយគ្មានហេតុផល ឬក៏ឈប់ទទួលទានអាហារតាមកាលវេលាដូចសព្វមួយដង ។ នៅពេលមានករណីបែបនេះកើតឡើងលើមនុស្សណាម្នាក់រយៈពេល ១ ឬ ២ អាទិត្យ យើងអាចសន្និដ្ឋានបានថា គេកំពុងតែរងគ្រោះដោយសារជំងឺបាក់ទឹកចិត្ត ។ មុននឹងនិយាយអំពីការព្យាបាលជំងឺបាក់ទឹកចិត្ត គួរកត់សម្គាល់ថា ជំងឺដំកាត់មានពីរប្រភេទគឺ ជំងឺផ្លូវកាយ និង ជំងឺផ្លូវចិត្ត (Physical and Mental Illnesses) ។ បាក់ទឹកចិត្តជាជំងឺផ្លូវចិត្ត ។ ដូច្នេះ ការព្យាបាលដោយថ្នាំសង្កូវមិនសូវល្អដូចការព្យាបាលតាមរយៈយុទ្ធសាស្ត្រផ្លូវចិត្តឡើយ ។ ខ្ញុំប្រើពាក្យ "មិនសូវល្អ" នៅទីនេះមិនមែនមិនឲ្យមនុស្សដែលមានជំងឺបាក់ទឹកចិត្តប្រើថ្នាំសង្កូវនោះទេ គ្រាន់តែចង់ឲ្យអ្នកជំងឺរកយុទ្ធសាស្ត្រព្យាបាលតាមរយៈផ្លូវចិត្តសិនមុននឹងឈានទៅប្រើថ្នាំពេទ្យ ។ វិធីព្យាបាលជំងឺបាក់ទឹកចិត្តដ៏ងាយស្រួលជាទីបំផុតគឺ លើកទឹកចិត្ត ។ ការប្រាស្រ័យទាក់ទងនិងសួរនាំគួបផ្សំជាមួយនឹងឱវាទ ឬយោបល់រកដំណោះស្រាយប្រកបដោយសុភវិនិច្ឆ័យ អាចជួយឲ្យអ្នករងគ្រោះដោយជំងឺបាក់ទឹកចិត្ត ជាសះស្បើយវិញបាន ។ ប៉ុន្តែ នៅពេលដែលការលើកទឹកចិត្តមិនអាចជួយឲ្យអ្នកជំងឺធូស្បើយបាន គេអាចប្រើថ្នាំព្យាបាលដោយមានការប្រុងប្រយ័ត្នជាទីបំផុត ត្បិតថ្នាំខ្លះមានប្រតិកម្ម (Side Effect) ដែលអាចជម្រុញអ្នកជំងឺធ្វើអត្តឃាត ។ ដូចជំងឺផ្លូវចិត្តដទៃដែរ បាក់ទឹកចិត្តជាជំងឺដែលពីបាកស្វែងយល់អំពីមូលហេតុ ។ យើងអាចតភ្ជាប់វាជាមួយនឹងកត្តាដទៃតាមរយៈសមតិកម្មតែប៉ុណ្ណោះ ។ បើយើងទទួលស្គាល់ថា ជំងឺបាក់ទឹកចិត្ត មានឬសគល់ចេញមកអំពីកង្វល់ នោះយើងអាចការពារវាបានដោយការកាត់បន្ថយកង្វល់ ។ កាត់បន្ថយកង្វល់ជារឿងប្រទាំងប្រទើសមួយ ព្រោះវាពាក់ព័ន្ធនឹងមហិច្ឆិតារបស់មនុស្ស ។ ដូច្នេះ សូមមិនបកស្រាយវែងឆ្ងាយទេ គ្រាន់តែចង់ចង្អុលបង្ហាញថា កង្វល់ខ្លះ មិនមានសារប្រយោជន៍ហើយថែមទាំងធ្វើឲ្យខូចសុខភាពផ្លូវចិត្តទៀត ។ ឧទាហរណ៍ ប្រៀបធៀបស្ថានភាពជីវិតយើងជាមួយនឹងអ្នកដទៃ ឬក៏ខ្វល់ខ្វាយអំពីអ្នកដទៃនិយាយដើមខ្លួនជាដើម ។ ខ្មែរមានពាក្យមួយម៉ាត់ថា៖ សន្សំរឿង ។ បើយើងឈប់សន្សំរឿង យើងនឹងកាត់បន្ថយកង្វល់បានយ៉ាងច្រើន ហើយក៏មិនសូវព្រួយអំពីជំងឺបាក់ទឹកចិត្តដែរ ។ គួរកត់សម្គាល់ដែរថា ជំងឺបាក់ទឹកចិត្ត ជាទូទៅមិនបង្កឲ្យមនុស្សធ្វើអត្តឃាតទេ ។ ប៉ុន្តែ បើបាក់ទឹកចិត្តស្ថិតនៅរ៉ាំរ៉ៃយូរ ហើយមានជំងឺមួយទៀតដែលខ្មែរហៅថាកំរោលចូល (Bipolar) មកយាយី វាអាចនាំទៅដល់អស់សង្ឃឹម (Lose Hope) ដែលជាដំណាក់ការចុងក្រោយនាំឲ្យមានការធ្វើអត្តឃាត ។ មុននឹងបញ្ចប់ ខ្ញុំសូមលើកយកផលវិបាកនៃ កង្វល់ (Stress) មកផ្តល់ជាពត៌មានសម្រាប់អ្នកដែលប្រាថ្នាចង់យល់អំពីអំពល់មួយនេះ ។ ករណីទីមួយច្រើនកើតមានលើយុវវ័យនិងមជ្ឈឹមវ័យ ។ ករណីទីពីរច្រើនកើតមានលើមជ្ឈឹមវ័យនិងមនុស្សចាស់ជរា ។ ១) កង្វល់អាចនាំទៅដល់ ការបាក់ទឹងចិត្ត អស់សង្ឃឹម និង អត្តឃាត ។ 1) Stress => Depression => Lose Hope => Suicide. ២) កង្វល់អាចនាំទៅដល់ ការបាក់ទឹកចិត្ត ស្រឺតឬដាច់សសៃឈាម និង ពិការឬស្លាប់ ។ 2) Stress => Depression => Stroke => Disable or Death. ចំណុចដែលត្រូវចាំ៖ កាត់បន្ថយកង្វល់ជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ថែរក្សានិងគាំពារសុខភាពផ្លូវចិត្ត ៕

Wednesday, January 2, 2019

ចំណីខួរក្បាល

ឈ្នះ-ឈ្នះ (Win-Win) ថ្មីៗនេះ ប្រទេសកម្ពុជាទើបនឹងសម្ពោធវិមាន ឈ្នះ-ឈ្នះ (Win-Win Monument) ដែលមានតែមួយគ្មានពីរក្នុងលោក ។ មិនដឹងថា អ្នកដែលផ្តួចផ្តើមគំនិតកសាងវិមាននេះ យល់អំពីអត្ថន័យនិងស្មារតីនៃពាក្យ ឈ្នះ-ឈ្នះ នេះជាក់លាក់ដែរឬទេ ។ ក្នុងនាមខ្ញុំជាអតីតនិស្សិតម្នាក់ដែលធ្លាប់រៀនអំពីអត្ថន័យនៃពាក្យ ឈ្នះ-ឈ្នះនេះ ខ្ញុំសូមលើកយកចំណេះដឹងខ្លះៗមកពណ៌នាដើម្បីជាប្រយោជន៍ដល់សាធារណជន ។ ជាបឋម ពាក្យឈ្នះ-ឈ្នះ មិនដែលមាននៅក្នុងវាក្យសព្ទខ្មែរទេ ។ វាជាពាក្យបរទេសហើយមានប្រភពនិងគោលគំនិតនៅបរទេសដែរ ។ ពាក្យនេះទើបនឹងត្រូវបានបង្កើតឡើងមិនទាន់បានកន្លះសតវត្សផង ។ វាមានប្រភពចេញមកពីវិទ្យាស្ថានមួយដែលមានឈ្មោះថា Institute for Conflict Analysis and Resolution ។ វិទ្យាស្ថាននេះហ្វឹកហ្វឺននិស្សិតឲ្យចេះដោះស្រាយទំនាស់ចាប់ពីទំនាស់គ្រួសាររហូតដល់ទំនាស់ការទូតនិងសង្គ្រាមរាំងជល់ ។ ពាក្យឈ្នះ-ឈ្នះ ដើមឡើយគេប្រើតែនៅក្នុងការដោះស្រាយទំនាស់រវាងប្តីប្រពន្ធតែប៉ុណ្ណោះ ព្រោះយុទ្ធសាស្ត្រឈ្នះ-ឈ្នះនេះ អត់ពាក់ព័ន្ធនឹងការធ្វើសម្បទាន (Compromise) ធំដុំទេ ។ ហើយវាក៏មិនធ្វើឲ្យភាគីណាមួយបាត់បង់អត្ថប្រយោជន៍ដែរ ។ ភាគីពាក់ព័ន្ធរក្សាបាននូវអ្វីៗដែលជាកម្មសិទ្ធិរបស់ខ្លួន ។ ឧទាហរណ៍ ការចំណាយប្រាក់កាក់ដែលជាទំនាស់ប្រចាំត្រកូលរបស់ប្តីប្រពន្ធនោះ គេអាចប្រើយុទ្ធសាស្ត្រតម្លាភាព ដោយដាក់ថវិកាដែលរកបាននៅក្នុងធនាគាររួមគ្នាហើយប្រើក្រេឌីកកាតសម្រាប់ការចំណាយសព្វសារពើ ។ ធ្វើរបៀបនេះភាគីទាំងសង្ខាងអាចត្រួតពិនិត្យរាល់ការចំណាយនានារបស់ភាគីម្ខាងទៀត ។ ប្តីប្រពន្ធក៏អាចដាក់ប្រាក់ក្នុងធនាគារផ្សេងគ្នាហើយបែងចែកកាតព្វកិច្ចទទួលខុសត្រូវការចំណាយនៅក្នុងគ្រួសារផងដែរ ។ ឧទាហរណ៍មួយទៀត ឧប្បមារថា ប្តីប្រពន្ធមួយគូរស់នៅឆ្ងាយអំពីឪពុកម្តាយ ហើយប្តីត្រូវការផ្ញើប្រាក់មកចិញ្ចឹមឪពុកម្តាយនៅឯនាយសមុទ្ររៀងរាល់ខែ ។ ប្រពន្ធអាចជំទាស់នឹងការចំណាយថវិកានេះ ប៉ុន្តែ ប្តីអាចធានាថាភរិយាគាត់មានសិទ្ធិផ្ញើប្រាក់ទៅចញ្ចឹមឪពុកម្តាយនាងដែរនៅពេលដែលកាលៈទេសៈតម្រូវឲ្យនាងធ្វើដូច្នោះ ។ បើភាគីទាំងសង្ខាងយល់ព្រម ដំណោះស្រាយនេះនឹងក្លាយទៅជាដំណោះស្រាយឈ្នះ-ឈ្នះ ។ ឥឡូវនេះ សូមបង្វែអារម្មណ៍មិត្តអ្នកអានមកមើលខ្លឹមសារនានានៅពីក្រោយការស្ថាបនាវិមានឈ្នះ-ឈ្នះរបស់កម្ពុជាវិញម្តង ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំកម្ពុជា វាតំណាងឲ្យសន្តិភាពនិងការវិនាសអន្តរាយរបស់ក្រុមខ្មែរក្រហម ។ ឈប់! ពាក្យឈ្នះ-ឈ្នះ ឬដំណោះស្រាយឈ្នះ-ឈ្នះ មិនអាចធ្វើឲ្យភាគីពាក់ព័ន្ធណាមួយបាត់បង់អត្ថប្រយោជន៍ ឬរលាយបាត់បង់ទេ ។ នៅពេលដែលភាគីណាមួយមិនទទួលបាននូវអ្វីដែលភាគីឈ្នះទទួលបាននោះ គេមិនអាចយកពាក្យឈ្នះ-ឈ្នះមកប្រើឡើយ ។ បើមើលតាមភស្តុតាងជាក់ស្តែង វិមានឈ្នះ-ឈ្នះរបស់កម្ពុជាគឺតំណាងឲ្យត្រឹមជ័យជម្នះតែប៉ុណ្ណោះ ។ មិនអាចឈានជើងទៅដល់ឈ្នះ-ឈ្នះទេ ។ វាខ្ពស់ហួសពេកហើយ ។ ជនបរទេស ដែលយល់និងស្គាល់អត្ថន័យនិងស្មារតីនៃពាក្យឈ្នះ-ឈ្នះនេះ គេនឹងសើចចំអកឲ្យខ្មែរ ដែលចេះតែប្រើពាក្យពេចន៍ប៉ាតណាប៉ាតណីមិនដឹងមិនយល់អំពីអត្ថន័យរបស់វា ៕

ចំណីខួរក្បាល

កិច្ចព្រមព្រៀង កិច្ចព្រមព្រៀង គឺជាពាក្យមួយ ដែលមានអត្ថន័យ ទូលំទូលាយ ។ ហើយវាក៏ជាពាក្យមួយ ដែលបង្កឲ្យមានគ្រោះមហន្តារាយ មកលើមនុស្សជាតិ ជាច្រើនដ...